ព្រឹត្ដិការណ៍ ខែ មិថុនា 2007


ថ្ងៃសៅរ៍ ទី 23.កក្កដា 2022.ម៉ោង 7:46

ថ្ងៃ ទី ១ មិថុនា លោក យ៉ាស្ហ ហ្កាយ​បា​ន​ចេញ​សេច​ក្តី​ថែ្លង​កា​រណ៍​មួយ បន្ទាប់​ពី​ការ​ធ្វើ​ទស្សន​កិច្ច​ អស់​ពេល​បី​ថៃ្ង​នៅ​កម្ពុជា​ថា​ ដំនើរ​រួច​ទោស​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ នៅ​តែ​បន្ត​ជា​ចំណោទ​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ដដែល​ ដែល​ជា​ចំណោទ​​ដល់​ការ​អនុ​វត្ត​ច្បាប់​ជា​ទូ​ទៅ​ លោក​បាន​ថែ្លង​កត់​សំគាល់​ថា​ ពួក​អ្នក​សំលាប់​ មេ​ដឹក​នាំ​សហជីព​កម្មករ​ម្នាក់​ ឈ្មោះ ហ៊ី វុទ្ធី​ កាល​ពី​ខែ​កុម្ភ​កន្លង​ទៅ​ មិន​គប្បី​អោយ​រួច​ខ្លួន​ឡើយ​។​

លោក​ក៏​បាន​រំលឹក​ឡើង​វិញ​ នូវ ការ​រិះ​គន់​​របស់​លោក​ ចំពោះ​ការ​សំរេច​ព្យួរ​ទុក​ដដែល​ កាល​ពី​ខែ​មេសា​ កន្លង​ទៅ​នេះ​ លើ​ការ​ដាក់​ទោស​​ជន​ពីរ​នាក់​ គឺ ប៊ន សំណាង និង សុខ សំ​អឿន​ អោយ​ជាប់​ពន្ធ​នា​គារ​ ២០​ឆ្នាំ​ ដែល​មិន​មែន​ជា​ឃាត​ករ​ សំលាប់​​មេ​ដឹក​នាំ ​សហ​ជីព​កម្ម​ករ​ ជា វិជ្ជា ពិត​នោះ​ ហើយ​បាន​សំដែង​ការ​គាំ​ទ្រ​ ចំពោះ​សេច​ក្តី​អំពាវ​នាវ​ អោយ​មាន​ការ​លើក​លែង​ទោស​ ពី​ព្រះ​មហា​ក្សត្រ​​ផង​ដែរ​ ដោយ​លោក​ មាន​ប្រ​សាសន៍​ថា​ការ​ដាក់​ទោស​បែប​នេះ​ ជា​អំពើ​អយុត្តិ​ធម៌‌​​ក្រៃ​លែង​។

ថ្ងៃទី ២ មិថុនា មេ​ធាវី​របស់​សំដេច​ក្រុម​ព្រះ​នរោត្តម​រណ​រិទ្ធ បាន​អោយ​ដឹង​ កាល​ពី​ថៃ្ង​សុក្រ​នេះ​ថា​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​រណ​រិទ្ធ បាន​ដាក់​ពាក្យ​ប្តឹង​តវ៉ា​ទៅ​អុទ្ធ​រណ៍ ក្នុង​រឿង​ដែល ​តុលាការ​ បាន​កាត់​ទោស​ព្រះ​អង្គ​ អោយ​ជាប់​ពន្ធនា​គារ​ពី​បទ រំលោភ​សេច​ក្តី​ទុក​ចិត្ត​ ដោយ​បាន​លក់​អតីត​ទី​ស្នាក់​ការ​​គណ​បក្ស​ ហ៊្វុន​​​ស៊ិន​ប៉ិច​។​ លោក លីវ សុវណ្ណា មេ​ធាវី​របស់​សំដេច​ក្រុម​ព្រះ​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌‌​មាន​ អា​អេហ្វ​ប៉េ​ ថា​ ការ​​ប្តឹង​ទៅ​អុទ្ធ​រណ៍​នេះ គឺ ក្នុង​គោល​បំនង​ ធ្វើ​ការ​សាក​ល្បង​ថា​ តើ​តុលា​ការ​កម្ពុជា​អនុ​វត្ត​ប្រព័ន្ធ​យុត្តិ​ធម៌‌​ ដោយ​អែក​រាជ្យ​ រឺ​ក៏​នៅ​ក្រោម​អិទ្ធិ​ពល​ ពី​ភាគី​ប្រឆាំង​ នឹង ព្រះ​អង្គ​។​

ថ្ងៃ ទី ៣ មិថុនា លោក​រដ្ឋ​មន្រ្តី​ ក្រសួង​​ព័ត៌‌​មាន​ ខៀវ កាញារីទ្ធ បាន​បញ្ជា​អោយ​ក្រសួង​មហា​ផៃ្ទ​ ធ្វើ​ការ​ប្រ​មូល​យក​ សៀវ​ភៅ​របាយ​ការណ៍​ របស់​គ្លូបាល​វិនេស​ ស្ដី​ពី​សែ​ស្រលាយ​អ្នក​លួច​ជាតិ​ អោយ​អស់​។​

ថ្ងៃ ទី៥ មិថុនា លោក​អភិ​បាល​ខែត្រ​ កំពង់​ចាម​ ដែល​ត្រូវ​ជា​ បង​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ក៏​បាន​ត្រូវ​កាសែត​ក្នុង​ស្រុក​ ស្រង់​ប្រសាសន៍​ថា​ បើ​បុគ្គ​លិក​ គ្លូបល​វីត​នេស​ ហ៊ាន​តែ​មក​កម្ពុជា​ លោក​ នឹង សំពង​អោយ​បែក​ក្បាល​។​

ថៃ្ងទី៦ មិថុនា​នេះ​ អង្គ​ការ​ឃ្លាំ​មើល​ បរិស្ថាន​ពិភព​លោក​ គ្លូបល​វីត​នេស (Global Witness) ដែល​មាន​ទី​ស្នាក់​ការ​ នៅ​ក្រុង​​ឡុងដ៍​ ប្រ​ទេស​អង់​គេ្លស​ បាន​ចេញ​​ប្រកាស​ព័ត៌‌​មាន​ ផ្តន្ទា​ទោស​ការ​សំរេច​ចិត្ត​​របស់​​រដ្ឋា​ភិ​បាល​កម្ពុជា​ ហាម​ឃាត់​ មិន​អោយ​ផ្សព្វ​ផ្សាយ​​របាយ​ការណ៍​ចុង​ក្រោយ​ របស់​ខ្លួន​ ស្តី​ពី​ការ​កាប់​ឈើ​នៅ​កម្ពុជា​ ក៏​ដូច​ជា​ការ​គំរាម​ របស់​បង​ប្រុស​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ថា នឹង​ប្រើ​ហឹង្សា​ទៅ​លើ​បុគ្គ​លិក​​របស់ គ្លូបល​វីនេស​នោះ​ផង​។​

ថ្ងៃទី ៨ មិថុនា បន្ទាប់​ពី​ព្រះ​អម្ចាស់​ធម្មិ​កោ ប្រកាស​ប្រាប់​អ្នក​កាសែ​ត​ពី​ម្សិល​មិញ​ថា ដល់​ពេល​ស្ដេច​ខ្មែរ​ឈប់​ធ្វើ​នយោ​បាយ​ហើយ​នោះ​មក​ ថ្ងៃ​នេះ​សំដេច​នរោ​ត្តម វិជ្ជរ៉ា បាន​ក្លាយ​ទៅ​ជា​សមា​ជិក​រាជ​វង្ស​សែ​នរោត្តម​ទីបី​ ដែល​បាន​សំរេច​ព្រះ​ទ័យ​ចាក​ចេញ​ពី​ឆាក​​នយោ​បាយ​ដ៏​ក្តៅ​គគុក​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។

ថ្ងៃ ទី ១២ មិថុនា អង្គ​ជំនុំ​ជំរះ​វិសា​មញ្ញ ក្នុង​តុលា​ការ​កម្ពុជា​ បាន​អនុម័ត​វិធាន​ផៃ្ទ​ក្នុង​ ដែល​ជា​ជំហាន​បើក​ផ្លូ​វ​អោយ​ដំនើរ​រក​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម​ បាន​ទៅ​មុខ​។ នៅ​ជា​មួយ​គ្នា​នោះ​ដែរ​ អ្នក​ជំនួយ​ផែ្នក​ស៊ើប​អងេ្កត​ ចំនួន ២០​នាក់​ មាន​ទាំង​ខែ្មរ​ និង បរ​ទេស​ផង​ ក៏​បាន​ធ្វើ​ពិធី​ស្បថ​សច្ចា​រួច​ផង​ដែរ​ ដើម្បី​ការ​ចុះ​បំពេញ​ការ​ងារ​ ស៊ើប​អងេ្កត​ រក​ភស្ថុ​តាង​ និង​ការ​ពិត​ ទាក់​ទង​ នឹង ការ​ចោទ​ប្រកាន់​ ការ​សំលាប់​មនុស្ស​ប្រមាណ​ជិត​២​លាន​នាក់​ ក្នុង​អតីតសម័យ​។​

ថ្ងៃ ទី ១៣ មិថុនា លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដឹក​នាំ​គណ​ប្រតិ​ភូ​រដ្ឋា​ភិបាល​មួយ​ក្រុម ចេញ​ដំនើរ​ទៅ​ធ្វើ​ទស្សន​កិច្ច​ ចំនួន​បី​ថៃ្ង​ នៅ​ប្រទេស​ជប៉ុន​។ ជប៉ុន គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ ដ៏​សំខាន់​មួយ​​ ចំពោះ​ការ​ជួយ​ដំនើរ​ការ​ អភិ​វឌ្ឍន៍​កម្ពុជា​ តាំង​ពី​ដើម​ទស​វត្ស​៩០​ រហូត​មក​។ លោក​ Katsuhiro Shinohara អែក​អគ្គ​រាជ​ទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រាប់​​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ថា ក្នុង​ដំនើរ​ទស្សន​កិច្ច​ នៅ​ទី​ក្រុង​តូក្យូ​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ខែ្មរ​ដែល​ធ្លាប់​​ត្រូវ​គេ​ស្គាល់​ច្រើន​ នៅ​ប្រទេស​ជប៉ុន​ នឹង ជួប​គាល់​​ព្រះ​ចៅ​អធិ​រាជ ជប៉ុន អាគី​ហ៊ីតូ ​និង​ជួប​ពិភាក្សា​ជា​មួយ​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ លោក Shinro ABE ផង​ដែរ​។​

កាសែត​ជា​ភាសា​បារាំង​​តែ​មួយ​គត់​ នៅ​​កម្ពុជា កំបូដ​ស័រ (Cambodge Soir) នៅ​ថៃ្ង​នេះ​ បាន​បិទ​ការ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ​ នៅ​គ្រា​ដែល​កូដ​កម្ម​ របស់​ក្រុម​អ្នក​សារ​ព័ត៌‌​មាន​ មិន​ទាន់​បាន​​លទ្ធ​ផល​នៅ​ឡើយ​ទេ​។​ សេច​ក្តី​ថែ្លង​ការណ៍​ របស់​ក្រុម​និពន្ធ​សារ​ព័ត៌‌​មាន​កំបូដ​ស័រ​ បាន​សរ​សេរ​នៅ​ថៃ្ង​ពុធ​នេះ​ថា គេ​មាន​ការ​សោក​សា្តយ​ជា​ខ្លាំង​ ចំពោះ​ការ​បិទ​ការ​ផ្សាយ​ របស់​កាសែត​នេះ​ ក្រោម​លេស​បញ្ហា​ក្ស័យ​ធន​ ប៉ុនែ្ត​ពួក​គេ​នៅ​តែ​ជឿ​ថា ​ការ​បិទ​នេះ​ទាក់​ទង​ នឹង​ មូល​ហេតុ​ នៃ ការ​បនេ្តញ​អ្នក​សារ​ព័ត៌‌​មាន​មួយ​រូប​ ចេញ​ពី​ការ​ងារ​។

ថ្ងៃ ទី ១៤ មិថុនា មន្រ្តី​ទូត​ខែ្មរ​ បាន​ចោទ​បេ​សក​ជន​ អង្គ​ការ​សហ​ប្រជា​ជាតិ​ (អ.ស.ប) ទទួល​បន្ទុក​ ផែ្នក​សិទ្ធិ​​មនុស្ស​ថា​ បាន​ធ្វើ​សេច​ក្តី​រាយ​ការណ៍​​ញុះ​ញង់​ ទាក់​ទង​ នឹង បញ្ហា​សិទ្ធិ​ដី​ធ្លី​ និង ផ្ទះ​សំបែង​។ សូម​ជម្រាប​ថា​ កិច្ច​ប្រជុំ​ត្រី​មាស​ ដែល​ផ្តោត​លើ​សិទ្ធិ​មនុស្ស​តាម​ប្រទេស​នានា​ ក្នុង​នោះ​ រួម​មាន​ទាំង​ប្រ​ទេស​កម្ពុជា​ផង​ ត្រូវ​បាន​គេ​រៀប​ចំ​តាំង​ពី​ថៃ្ង​ទី​១១ និង បញ្ចប់​ទៅ​វិញ​ នៅ​ថៃ្ង​ទី ១៨ មិថុនា ក្នុង​ក្រុង​ហ្សឺ​ណែវ​ប្រ​ទេស​ស្វីស​។​

អែក​អគ្គ​រាជ​ទូត​ខែ្មរ​ ប្រចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ក្រុង​ហ្សឺ​ណែវ​ លោក ឈៀង វុន បាន​ចោទ​លោក​ មី​លូន​​កូ​ថា​រី​ និង​ លោក​យ៉ាស្ហ ហ្កាយ ដែល​ចូល​រួម​ប្រជុំ​ អំពី​រឿង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ថា​មាន​បំនង​ ធ្វើ​អោយ​មាន​ការ​ស្អប់​ពូជ​សាសន៍​ ទាក់​ទង​ នឹង សេច​ក្តី​រាយ​ការណ៍​ ចោទ​អំពី​ ការ​បនេ្តញ​មនុស្ស​ចេញ​ពី​ភូមិ​ ទៅ​​រស់​នៅ​​ក្នុង​កនែ្លង​ថ្មី​​។ លោក ឈាង វុន បាន​អោយ​ដឹង​ថា​ «កនែ្លង​ញុះ​ញង់​នោះ​ គឺ​ស្ថិត​នៅ​ត្រង់​ថា​ គាត់​បាន​ដាក់​ ក្នុង​របាយ​ការ​ណ៍​គាត់​ គាត់​ថា​ អាជ្ញា​ធរ​ភ្នំ​ពេញ​យើង​បាន​ជំលៀស​ប្រ​ជា​ពល​រដ្ឋ​ ដើម្បី​អភិ​វឌ្ឍ​ដី​ពី​កោះ​ពេជ្រ​ ទៅ​ស្ពាន​​វៀត​ណាម​ អា​ហ្នឹង​ធ្ងន់​ធ្ងរ​មែន​ទែន​ គាត់​ភ្ជាប់​រឿង​ជំលៀស​នេះ​ ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា​ អាជ្ញា​ធរ​ហ្នឹង​ធ្វើ​ខុស​។​ ទី​ពីរ គាត់​ភ្ជាប់​ថា​ ស្ពាន​ហ្នឹង​ជា​ស្ពាន​វៀត​ណាម​ វា​ជា​ការ​ញុះ​ញង់​មួយ​ ធំ​ណាស់​ អាច​ធ្វើ​អោយ​​ប្រជា​ពល​រដ្ឋ​យើងខឹង​សម្បារ​ យើង​ដឹង​ហើយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ម្តុំ​ហ្នុង​ មាន​កម្ពុជា​ខែ្មរ​យើង​ មាន​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​មាន​ជន​ជាតិ​ភាគ​តិច​ ចិន​។ល​។​ ហើយ​បើ​យើង​ លើក​ថា​ ស្ពាន​ហ្នឹង​ ជា​ស្ពាន​វៀត​ណាម​ វា​អាច​ទៅ​ជា​​ការ​ញុះ​ញង់​មួយ​ អាហ្នឹង​មួយ​ ទីពីរ​ វា​កែ​ប្រ​វត្តិ​សាស្រ្ត​កម្ពុជា​ផង​»​។

មន្រ្តីអង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ចោទ​ថា​ អាជ្ញា​ធរ​ខែ្មរ​ បាន​រំលោភ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ ទាក់​ទង​ នឹង ការ​បនេ្តញ​អ្នក​ភូមិ​ មួយ​ចំនួន​ អោយ​ទៅ​រស់​នៅ​កនែ្លង​ដែល​មិន​មាន​ការ​ប្រុង​បៀ្រប​រៀប​ចំ​ប្រព័ន្ធ​ អោយ​បាន​ត្រឹម​ត្រូវ​ និង​ ថា ដី​សម្ប​ទាន​ ច្រើន​សិប​ម៉ឺន​ ហិកតា​ ដែល​ប្រ​គល់​​អោយ​ឈ្មួញ​ធ្វើ​ការ​អភិ​វឌ្ឍន​ មិន​បាន​ជួយ​ ដំនើរ​ការ​សេដ្ឋ​កិច្ច​ខែ្មរ​ និង មិន​បាន​ជួយ​សំរាល​បន្ទុក​ នៃ ការ​រីក​ចំរើន​ដល់​ប្រជា​ពល​រដ្ឋ​ខែ្មរ​ នោះ​ទេ​។

ថ្ងៃ ទី ១៥ មិថុនា នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរ​ទេស​ និង សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ មាន​រៀប​ចំពិ​ធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ពៀ្រង​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បចេ្ចក​ទេស​ឆ្នាំ​២០០៥ ដើម្បី​ឈាន​ទៅ​អនុវត្ត​ គំរោង​ចំនួន​៧​ ​ពិធី​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថៃ្ង​ទី​១៤ មិថុនា​ រវាង​លោក​អ៊ុច បូរិទ្ធ​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​បរ​ទេស​ និង សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ និង លោក​ PIUS FISHER អែក​អគ្គ​រដ្ឋ​ទូត​វិសា​មញ្ញ និង ពេញ​​សមត្ថ​ភាព​ នៃ សាធា​រណ​រដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉ង់​ប្រចាំ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​។​

ពិធីចុះហត្ថលេខានោះ មានទឹកប្រាក់ចំនួន ១៤,៥០០,០០០ អឺរ៉ូ សំរាប់អនុវត្តគំរោងជាច្រើនដូចជា
១ -គាំទ្រកំណែទំរង់ការគ្រប់គ្រងដីធ្លី
២-កម្មវិធីអភិវឌ្ឍន៍ជនបទ ជំហានទី២ តំបន់បឹងទនេ្លសាប
៣-ការកំនត់គោលដៅ កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ
៤-កម្មវិធីអភិវឌ្ឍន៍វិស័យឯកជននៅតំបន់ជនបទ
៥-គាំទ្រកំនែទំរង់វិស័យសុខាភិបាល
៦-គាំទ្រសមភាពយេនឌ័រ និង សិទ្ធិរបស់ស្រ្តី និង
៧-មូលនិធិសំរាប់ការសិក្សា និងជំនាញការ
គំរោង ទាំងនេះនឹងត្រូវអនុវត្តរហូតដល់ថៃ្ងទី៣១ ធ្នូ ឆ្នាំ ២០១៣ខាងមុខ។

ថ្ងៃ ទី១៧ មិថុនា ហ្វុន​ស៊ិន​ប៉ិច​គឺ​ជា​ផ្លូវ​ដើម្បី​ឆ្ពោះ​ទៅ​រក​ដំនោះ​​ស្រាយ​អាច​ធ្វើ​អោយ​សំដេច​ក្រុម​ព្រះ​យាង​មក​កម្ពុជា​វិញ​បាន​ សំដេច​ក្រុម​ព្រះ​ក៏​បាន​អោយ​ដឹង​ដែរ​អំពី​ការ​ចរ​ចា​ ជា​​មួយ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​នេះ​ លោក​មុត​ចន្ថា​អ្នក​នាំ​ពាក្យ​គណ​បក្ស​នរោត្តម​រណ​រិទ្ធ​ បាន​និយាយ​ពី​ម្សិល​មិញ​ថា​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​នរោត្តម​រណរិទ្ធ​ សូម​អោយ​បញ្ឈប់​រាល់​ការ​ចរ​ចា​ទាំង​ផ្លូវ​ការ​ និង ក្រៅ​ផ្លូវ​ការ​ ជា​មួយ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ លោក​ថែម​ទាំង​លើក​ឡើង​អំពី​វិធាន​ការ​ដែល​ត្រូវ​ប្រកាន់​យក​ចំពោះ​លោក​អោក សុជាតិ ដែល​ត្រូវ​គេ​ចោទ​ថា​ បាន​ធ្វើ​ការ​ចរ​ចាជា​មួយ​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ ក្នុង​បំនង​រក​ច្រក​អោយ​សំដេច​ក្រុម​ព្រះ​ អាច​យាង​ត្រប់​មក​កម្ពុជា​វិញ​។

ថ្ងៃ ទី១៩ មិថុនា ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន បាន​ធ្វើ​ការ​គូស​បញ្ជាក់​សា​ជា​ថ្មី​ម្តង​ទៀត​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ការ​បេ្តជ្ញា​ចិត្ត​មោះ​មុត​អិត​រា​ថយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង អំពើ​ពុក​រលួយ​។​

ថ្ងៃ ទី ២០ មិថុនា ឆ្ពោះ​ទៅ​រក​ការ​សំអាត​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សំរាប់​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំនាង​រាស្រ្ត​អានត្តិ​ទី​៤ នា​ឆ្នាំ​២០០៨ ខាង​មុខ​នេះ​គណ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប) បាន​ចេញ​ប្រតិ​ទិន​មួយ​ ទាក់​ទង​ទៅ​ នឹង ការ​ត្រៀម​ពិនិត្យ​បញ្ជី​ឈ្មោះ និង ចុះ​ឈ្មោះ​​បោះ​​ឆ្នោត​ឆ្នាំ​២០០៧​ ដែល​ការ​ងារ​នេះ នឹង ចាប់​ផ្តើម​ពី​ថៃ្ង​ទី​២០​ខែមិថុនា រហូត​ដល់​ថៃ្ង​ទី​ ២០​ខែ​សីហា​ឆ្នាំ ២០០៧​។

ថ្ងៃ ទី ២១ មិថុនា មន្រ្តី​ផ្លូវ​ការ​របស់​ប្រទេស​ថៃ​ បាន​និយាយ​ថា​ គេ​ នឹង មាន​ការ​ត្រៀម​ជំទាស់​ នឹង រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​​សើ្ន​សុំ​អង្គការ​យូ​ណេស្កូ​ អោយ​ដាក់​ប្រា​សាទ​ព្រះ​វិហារ​បញ្ចូល​ ជា​បេតិ​ក​ភណ្ឌ​ពិភព​លោក​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​របស់​អង្គ​ការ​កំពូល​មួយ​នេះ​នៅ​ ថ្ងៃ​ ទី​២៤ មិថុនា រហូត​ដល់​ថ្ងៃ​ ទី​២​ កក្កដា​។

សូម​បញ្ជាក់​មាន​រឿង​ចំរោង​ចំរះ​ថា​ មាន​អុត្ដម​សេនី​ថៃ​ម្នាក់​ ឈ្មោះ លោក​អាឌុន​ វីឈៀន​ចា​រឺន​ ប្រធាន​គណ​កម្មា​ធិការ​ ស្តី​ពី​អនុ​សញ្ញា​គ្រប់​គ្រង​​មរ​តក​ជាតិ​ថៃ​ បាន​និយាយ​ថា​ ការ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​បេតិ​ក​ភណ្ឌ​ពិភព​លោក​ តែ​អែក​តោ​ភាគី​នេះ​ ខាង​រដ្ឋា​ភិបាល​ថៃ នឹង មិន​មាន​ការ​យល់​ស្រប​ទេ​ ព្រោះ​ដោយ​សារ​ក្រោយ​ពី​តុលា​ការ​ក្រុង​ឡា​អេ​ បាន​ចេញ​សេច​ក្តី​ សំរេច​អោយ​ភាគី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ឆ្នាំ​១៩៦២​មក​នោះ​ពិត​មែន​ ប៉ុនែ្ត​ខែ្ស​បន្ទាត់​ព្រំដែន​ និង​ រួម​ទាំង​រចនា​សម្ព័ន្ធ​ខាង​ផែ្នក​ប្រវត្តិ​សាស្រ្ត​ដូច​ជា​ប្រាសាទ​ដូន​ទួល​ សា​ត្រាវ និង បុរាណ​ដ្ឋាន​មួយ​ចំនួន​ទៀត​ ដែល​ធ្លាប់​នៅ​លើ​ផៃ្ទ​ដី​តែ​មួយ​របស់​ប្រាសាទ​ ព្រះ​វិហារ​ស្ថិត​នៅ​ខាង​ព្រំ​ដែន​ភាគី​ថៃ​ក្នុង​ខេត្ត​ស៊ីសា​កេត​ ហេតុ​ដូចេ្នះ​ហើយ​បើ​ចង់​អោយ​ត្រឹម​ត្រូវ​តាម​បចេ្ចក​ទេស​ និង​ គោល​ការណ៍​វិទ្យា​សាស្រ្ត​ ករណី​នេះ​គួរ​មាន​ការ​ប្រកាស​ស្នើ​សុំ​ជា​កនែ្លង​បេតិ​ក​ភណ្ឌ​ពិភព​លោក​រួម​គ្នា​តែ​ម្តង​។​

ក្រសួង​សេដ្ឋ​កិច្ច​ និង ហិរញ្ញ​វត្ថុ​បាន​ប្រកាស​អោយ​ដឹង​នៅ​ថៃ្ង​ព្រហស្បតិ៏​នេះ​ថា​ សាធា​រណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺ​ម៉ង់​ បាន​ផ្តល់​ជំនួយ​អិត​សំនង​ ដែល​មាន​ទឹក​ប្រាក់​ជិត ៨​លាន​ដុល្លារ​អាមេ​រិក​ ដល់​រដ្ឋា​ភិបាល​កម្ពុជា​ សំរាប់​គំរោង​ការ​កសាង​បន្តាញ​អគិ្គស​នី​ជន​បទ​នៅ​ក្នុង​ខេត្ត​កំពត​។

ថ្ងៃ ទី ២២ មិថុនា សមា​គម​ព្រះ​សង្ឃ​ខែ្មរ​កម្ពុ​ជា​ក្រោម​ និង សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​ខែ្មរ​ក្រោម​ ព្រម​ទាំង​សមា​គម​ខែ្មរ​ក្រោម​ដទៃ​ទៀត​ កំពុង​ព្យា​យាម​ ហើយ​ដែល​ពួក​គេ​​ធ្លាប់​​បាន​​ធ្វើ​ការ​ស្នើ​សុំ​ដល់​អាជ្ញា​ធរ​ក្រុង​ និង​ក្រសួង​មហា​ផៃ្ទ​ ដើម្បី​ហែ​ក្បួន​ធម្ម​យាត្រា​ម្តង​រួច​ហើយ​ កាល​ពី​ថៃ្ង​ទី​១០​ខែ​មិថុនា​ ដោយ​ គ្រោង​ចេញ​ពី​បរិ​វេណ​វត្ត​ភ្នំ​ដូន​ពេញ​ក្នុង​ក្រុង​ភ្នំ​ពេញ​ទៅ កាន់​ឃុំ​វាំង​ចាស់​ស្រុក​អុដុង្គ​ខេត្ត​កំពង់​ស្ពឺ​ ប៉ុនែ្ត​ត្រូវ​ខក​ខាន​ទៅ​វិញ​ ខណ​អាជ្ញា​ធរ​មិន​ទាន់​អនុញ្ញាត​ច្បាប់​អោយ​។

ថ្ងៃ ទី ២៧ មិថុនា យន្ត​ហោះ​ដឹក​អ្នក​ដំនើរ​មួយ​គឿ្រង​ ផលិត​នៅ​អតីត​សហ​ភាព​សូវៀត​ ប្រភេទ​ AN-24 បាន​ធ្លាក់​ នៅ​ក្នុង​តំបន់​ភ្នំ​បូក​គោ​ ខែត្រ​កំពត​ បណ្តាល​អោយ​មនុស្ស​ ២២​នាក់​ ជិះ​នៅ​លើ​នោះ​ ស្លាប់​ទាំង​អស់​។ មន្រ្តី​ខែ្មរ​បាន​ជូន​ដំនឹង​ថា​ គ្រោះ​ថ្នាក់​ នៃ ការ​ធ្លាក់​យន្ត​ហោះ​ គឺ​ដោយ​សារ​តែ​ អ្នក​បើក​បរ​យន្ត​ហោះ​នា​ពេល​នោះ​ជួប​ប្រទះ​ នឹង ស្ថាន​ភាព​ អាកាស​ធាតុ​មិន​ល្អ​ ដោយ​សារ​តែ​ខ្យល់​ព្យុះ​។​ អ្នក​បើក​យន្ត​ហោះ ​បាន​ព្យា​យាម​បើក​គេច​ពី​ ខ្យល់​ព្យុះ​នោះ​ ដោយ​ការ​ធ្វើ​ដំនើរ​តាម​ផ្លូវ​ផេ្សង​ ដែល​មាន​ភ្នំ​ខ្ពស់​ៗ​ ហើយ​ក្រោយ​មក​ ក៏​ជួប​អុបទ្ទ​វ​ហេតុ​ បុក​ភ្នំ​នោះ​តែ​ម្តង​ទៅ​។ មនុស្ស​ដែល​បាន​ស្លាប់​នោះ​ រួម​មាន​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ ១៣​នាក់​ ជន​ជាតិ​ឆេកូ​៣ នាក់​ ជន​ជាតិ​ យូ​បែ​គិស្ថាន​ ១​នាក់​ និង ជន​ជាតិ​ខែ្មរ ៥​នាក់​។​

ថ្ងៃ ទី ២៨ មិថុនា ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក ជា ស៊ីម បាន​ធ្វើ​ការ​​អំពាវ​នាវ​ កាល​ពី​ព្រឹក​ ថៃ្ង​ ២៨ មិថុនា​នេះ​ អោយ​មន្រ្តី​គណ​បក្ស​គ្រប់​រូប​ ត្រូវ​ធ្វើ​តែ​អំពើ​ល្អ​​ជា​និច្ច​ អោយ​ប្រជា​ជន​មាន​ជំនឿ​ទុក​ចិត្ត​ដើម្បី​ដន្តើម​ជ័យ​ជម្នះ​ ក្នុង​ការ​បោះ​ឆ្នោត​សកល​ នា​ឆ្នាំ​២០០៨ ខាង​មុខ​នេះ​។

លោក ជា ស៊ីម បាន​មាន​ប្រសាសន៍​ថា «ក្នុង​អោកាស​នេះ​ដែរ​ យើង​សូម​បញ្ជាក់​ជា​ថ្មី​ យ៉ាង​អោ​ឡា​រិក​ថា​ គណ​បក្ស​ ប្រជា​ជន​កម្ពុជា​ គាំ​ទ្រ​ជា​អែក​ច្ឆន្ទ​ តែង​តាំង​សំដេច​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ ជា​បេក្ខ​ជន​ សំរាប់​តំនែង​ នាយក​រដ្ឋ​មន្រ្តី​ នៃ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ សំរាប់​នីតិ​កាល​ទី​៤ នៃ​ រដ្ឋ​សភា​ បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ឆ្នោត​។​

អង្គការ​យូណេ​ស្កូ នៅ​ពុំ​ទាន់​ចាត់​ទុក​​ប្រា​សាទ​ព្រះ​វិហារ​ របស់​ខែ្មរ​​ថា​ ​ជា​កេរ​ដំនែល​ បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ឡើយ​ទេ​ នា​កិច្ច​ប្រជុំ​​របស់​​គណ​កម្មា​ធិការ​ បេ​តិក​ភណ្ឌ​ពិភព​លោក​ នៅ​អែ​ប្រ​ទេស​នូវ៉ែល​ហេ្ស​ឡង់ដ៍​កាល​ពី​ថៃ្ង​អង្គារ​មុន​នេះ​។ ពុំ​មាន​ការ​អធិប្បាយ​ពី​ហេតុ​ផល​ នៃ ការ​មិន​ជ្រើស​យក​ប្រា​សាទ​ព្រះ​វិហារ​ ដាក់​ក្នុង​បញ្ជី​ បេ​តិក​ភណ្ឌ​ពិភព​លោក​លើក​នេះ​​ផង​ទេ​។

ថ្ងៃ ទី ៣០ មិថុនា សំដេច​ព្រះ​អគ្គ​មហា​សង្ឃ​​រាជា​​ធិបតី​ ទេព វង្ស បាន​យល់​ព្រម​​តាម​សំនើ​សុំ​ របស់​សំដេច​សង្ឃ​នាយក​ នន្ទ ង៉ែត ក្នុង​ការ​ផ្សឹក​ ភិក្ខុ​ ទីម សាខន ជា​ចៅ​អធិ​ការ​វត្ត​ ភ្នំ​ដិន​ខាង​ជើង​ ក្នុង​ស្រុក​គិរី​វង់​ ខែត្រ ​តាកែវ​ ដោយ​ចោទ​ប្រកាន់​ថា​ ធើ្វ​អោយ​បែក​បាក់​សា​មគ្គី​ ប្រទេស​កម្ពុជា​ ជា​មួយ​ប្រ​ទេស​វៀត​ណាម​ និង បាន​យក​ទី​វត្ត​អារាម​ធើ្វ​ជា​ទី​បញ្ជា​ការ​ សំរាប់់​បំរើ​ចល​នា​ឃោសនា​។​ បន្ទាប់​ពី​ចាប់​ផ្សឹក​ហើយ​ គេ​ក៏​បាន​នាំ​ព្រះ​សង្ឃ​អង្គ​នេះ​ទៅ​បាត់​ មិន​ដឹង​នាំ​យក​ទៅ​ទី​ណា​ឡើយ​។​

នៅប៉ុន្មាន​ម៉ោង​ ក្រោយ​ការ​ចាប់​ផ្សឹក​នោះ​បន្តិច​មក​ សមា​គម​ខែ្មរ​កម្ពុជា​ក្រោម​ និង តំនាង​ព្រះ​សង្ឃ​ខែ្មរ​ក្រោម​ ក្នុង​ប្រ​ទេស​កម្ពុជា​ បាន​ធ្វើ​ការ​តវ៉ា​ជំទាស់​ជា​ខ្លាំង​ ចំពោះ​ការ​ចាប់​ផ្សឹក​ព្រះ​អង្គ​ ទឹម សាខន នោះ​មក​។​នៅ​ជា​មួយ​គ្នា​នោះ​ដែរ​ តំនាង​ព្រះ​សង្ឃ​ខែ្មរ​ក្រោម​ ព្រះ​អង្គ​ យឿង​ ស៊ិន​ បាន​ហៅ​ ការ​ចាប់​ផ្សឹក​​ថា ជា​អំពើ​អយុត្តិ​ធម៌‌​ ព្រះ​អង្គ​មាន​ដីកា​ប្រតិ​កម្ម​សុំ​អោយ​មាន​ការ​រក​យុត្តិ​ធម៌‌​។ ព្រះ​អង្គ​ យឿង ស៊ិន​ បាន​មាន​ដីកា​ថា​ « យើង​ឃើញ​ ស្រាប់​ហើយ​ថា​ វា​មាន​អី​ ដែល​សម​ រំលោភ​សិទ្ធិ​យើង​ពេញ​ទី​ មិន​សម​ទេ​ គឺ​គេ​រំលោភ​សិទ្ធិ​យើង​ដោយ​សារ​អី​ ?​ ដោយ​សារ​​ច្បាប់​ហ្នឹង​ វា​មិន​មាន​អី​ដែល​ថា​ យើង​ត្រូវ​សឹក​នោះ​ គ្មាន​បញ្ហា​ទេ​ ពី​ព្រោះ​ មាន​ទោស​បរា​ជិក​ អែ​ណា​ លោក​មាន​ខុស​អី​ នឹង សិក្ខា​វិន័យ​ លោក​មាន​សំលាប់់​ជីវិត​អែ​ណា​ លោក​មាន​លួច​ប្លន់​អែ​ណា​ហេតុ​អី​បាន​ច្បាប់​ហ្នឹង​ ត្រូវ​ចាប់​ផ្សឹក​? អីលូវ​ អី​ចេះ​ យើង​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់​ សុំ​អោយ​ខាង​វិន័យ​ធម៌‌​ កាត់​សេច​ក្តី​មើល៍​ តើ​ព្រះ​សង្ឃ​អង្គ​ហ្នឹង​ តើ​ត្រូវ​ទោស​អី​ បាន​ដល់​ថ្នាក់​ចាប់​ផ្សឹក​​?​។​