ព្រឹត្ដិការណ៍ ខែ មីនា - មេសា 2007


ថ្ងៃសៅរ៍ ទី 9.កក្កដា 2022.ម៉ោង 7:40

ថ្ងៃ ទី១៣ មីនា តុលាការក្រុងភ្នំពេញ បានកាត់ទោស និងផ្តន្ទាទោស សមេ្តចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ និងជាអតីត ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៊ិច ឲ្យជាប់គុក 18ខែ ក្រោមបទ រំលោភសេចក្តីទុកចិត្ត ក្នុងការលក់ ទីស្នាក់ការកណ្តាល គណបក្សហ្វ៊ុនស៊ិនប៊ិច កាលពីខែសីហា ឆ្នាំ 2005 កន្លងទៅ ការផ្តន្ទាទោសនោះ ផែ្អកលើមាត្រា 46 នៃច្បាប់អ៊ុនតាក់​។
លោក សៅ មាជ ជាចៅក្រមជំនុំជម្រះទោស បានអាន សាលក្រមនោះ ហើយបាន ផាកពិន័យ សមេ្តចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យសងជំងឺចិត្ត លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សហ្វ៊ុនស៊ិនប៊ិច ជាដើមបណ្តឹងនោះ នូវទឹកប្រាក់ចំនួន 15 ម៊ឺនដុល្លារអាមេរិក ហើយបានបង្គាប់ឲ្យ ព្រះអង្គ ប្រគល់រាល់កម្មសិទ្ធិ ទាំងអស់ របស់គណបក្ស ហ៊្វុនស៊ិនប៊ិច ឲ្យទៅដើមបណ្តឹង ដើម្បីកាន់កាប់ ជាកម្មសិទ្ធិ។

ថ្ងៃ ទី១៦ មីនា យុទ្ធនា​ការឃោសនា រក​សំលេង​ឆ្នោត​សំរាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ បាន​ចាប់​ផ្តើម​នៅ​ថៃ្ង​សុក្រ​នេះ​ ដោយមាន​គណ​បក្ស​នយោ​បាយ​នានា​ ត្រៀម​ធ្វើ​ការ​ដងែ្ហ​ក្បួន​ និង ចុះ​ទៅ​ឃោ​សនា​តាម​កនែ្លង​នានា​ជា​ច្រើន​នោះ​ផង​ដែរ​។ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ គណ​បក្ស​សម​រង្សី​បាន​អោយ​ដឹង​ថា​ គេ​ នឹង ត្រៀម​ដងែ្ហ​ក្បួន​ដ៏​ធំ​មួយ​ តាម​វិថី​នានា​។ រី​អែ​មន្រ្តី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​អោយ​ឲ្យ​ដឹង​ថា នៅ​ថៃ្ង​ដំបូង​គណ​បក្ស​នេះ​មិន​បាន​ធ្វើ​ ពិធី​ដងែ្ហ​អ្វី​ធំ​ដុំ​នោះ​ទេ​ ប៉ុនែ្ត នឹងមាន​ពិធី​ចាត់​ចែង​ឃោ​សនា​ តាម​សាខា​បក្ស​ប្រចាំ​ឃុំ​ និង សង្កាត់​នីមួយ​ៗ​។ ចំនែក​អែ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​វិញ​ នឹង មាន​ពិធី​ដងែ្ហ​ខ្លះ​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ​ និង មាន​ការ​ចុះ​ឃោ​សនា​ នៅ​តាម​ខេត្ត​ជា​ច្រើន​។

ថ្ងៃ ទី ១៩ មីនា ២០០៧ តុលា​ការ​ខ្មែរ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទ្រង់​នរោត្តម​រណរិទ្ធិ ពី​បទ​ផិត​ក្បត់​ ចំពោះ​ការ​ដែល​ព្រះ​អង្គ​សហាយ​ស្មន់​ជាមួយ​ នឹង នាងរាំ​របាំម្នាក់។ប្រសិន​បើ​តុលា​ការ​រ​ក​ឃើញ​ថា ព្រះ​អង្គ​មាន​ទោស​នៅ​ក្រោម​ច្បាប់​ឯក​ពន្ធ​ភាព​ថ្មី​នោះ​ ព្រះ​អង្គ​អាច​ជាប់​ពន្ធនា​គារ​ដល់​ទៅ​មួយ​ឆ្នាំ​។ទ្រង់​​រណ​រិទ្ធិ​ ឥឡូវ​នេះ​កំពុង​ស្នាក់​នៅ​អឺ​រ៉ុប​ ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ តុលា​ការ​បាន​កាត់​ទោស​ទ្រង់​ដោយ​កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធ​នាគារ​ ១៨​ ខែ​ពី​បទ​គៃ​បន្លំ​ ក្នុង​ការ​លក់​ទី​ស្នាក់​ការ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​។ ភរិយា​ដើម​របស់​ព្រះ​អង្គ​បាន​ដាក់​ពាក្យ​បណ្តឹង ពី​បទ​ផិត​ក្បត់​នេះ។ នេះ​ជាឆាក​ល្ខោន​នបាយ​មួយ ​ដែល​រៀប​ចំ​ឡើង​ដោយ​គណ​បក្ស​កាន់​អំណាច​ ដែលមាន​តុលាការជា​ឧបករណ៍​នយោ​បាយ​អយុត្ដិ​ធម៌របស់​ខ្លួន ​​​ដែល​ជំរុញ​អោយ​ទ្រង់​រណ​រិទ្ធ​ ធ្លាក់​នរក​ទាំង​រស់​តែ​ម្ខង​ វា​ក៏​ជា​មេ​រៀន​មួយ​ដ៏​សក្ដិ​សម​ណាស់​​ សំរាប់​ស្ដេច​ដ៏មហាគគ្រិច​អង្គ​​នេះ​​។ ទ្រង់​រណរិទ្ធ​ដែល​មាន​ព្រះ​ជន្ម ៦៣​ឆ្នាំ​នោះ​ បាន​ទទួល​ស្គាល់​ទំនាក់​ទំនង​ស្នេហា​របស់​ព្រះ​អង្គ​ ជាមួយ​នាង​របាំ​នោះ​ជា​សាធា​រណៈ ហើយ​ថែមទាំងមាន​​បុត្រ​ប្រុស​អាយុ​ ៣ឆ្នាំ​មួយ​ជា​មួយ​ នឹង នាង​ទៀត​ផង​។

ថ្ងៃ ទី ៣០ មីនា ពិធី​ឃោ​សនា​បោះ​ឆ្នោត​ប្រឹក្សា​ឃុំ​សង្កាត់​ ចំនួន ១៥​ថ្ងៃ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​​នេះ​គណ​កម្មាធិ​ការ​ជាតិ​ រៀប​ចំបោះ​ឆ្នោត​ (គ,ជ,ប) ធ្វើ​ការ​វាយ​តំលៃ​ថា​ ដំនើរ​ការ​ឃោ​សនា​ចាប់​ពី​ថៃ្ង​ទី១​៦ ខែ​មីនា​មក​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ទោះ​បី​ជា​មាន​ចំនុច​អស​កម្ម​ខ្លះ​ក្តី​ គណ​បក្ស​ធំ​ៗ​ទាំង​បី បាន​ធ្វើ​ពិធី​ហែ​ក្បួន​បញ្ចប់​ នៃ ការ​ឃោ​សនា​យ៉ាង​គគ្រឹក​គ្រគ្រេង​ គណ​បក្ស​ធំ​ៗ នីមួយ​ៗ​ ធ្វើ​ការ​ហែ​ក្បួន​សុទ្ធ​តែ​មាន​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​រាប់​ពាន់​នាក់​ ការ​ផ្ញើ​សារ SMS ត្រូវ​ហាម​ឃាត់​ ចាប់​តាំង​ពី​ម៉ោង ២៤ ថ្ងៃ​ទី​៣០ រហូត​ដល់​ថ្ងៃ​ ទី ១​មេសា​ ម៉ោង ១៥ ​រសៀល​ ដើម្បី​ជៀស​វាង​កុំ​អោយ​មាន​ការ​ផ្ញើ​សារ​បោះ​ឆ្នោត​អោយ​គណ​បក្ស​នេះ​ គណ​បក្ស​នោះ​។​

------------- ព្រឹត្ដិការណ៍ មេសា ២០០៧ -------------

ថ្ងៃ ទី១ មេសា ប្រជាពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ សំរាប់​ អានត្តិ​​ទី​២​ ប្រមាណ​ជាង​ ៧,៧លាន​​នាក់ បាន​អញ្ជើញ​ទៅ​កាន់​ការិ​យា​ល័យ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ឃុំ​-​សង្កាត់​របស់​ខ្លួន​ ដែល​ការ​ដំនើរ​ការ​បោះ​ឆ្នោត​នេះ​ ត្រូវ​បាន​មេ​ដឹក​នាំ​គណ​បក្ស​ធំ​ៗ​បង្ហាញ​ថា​មាន​ភាព​ល្អ​ប្រ​សើរ​ ព្រោះ​ពល​រដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​ ចាប់​ពី​ម៉ោង ៧:០០ ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​៣ : ០០ រសៀល​ប្រកប​ដោយ​ភាព​រីក​រាយ​។​

ថ្ងៃ ទី ២ មេសា លទ្ធ​ផល​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ដាច់​នាំ​មុខ​គេ ដែល​តាម​​ប្រ​កិត​ៗ​ ដោយ​គណ​បក្ស​សម​រង្សី​ ហើយ​ដែល​ចាញ់​ដាច់​ឆ្ងាយ​សែន​ឆ្ងាយ​ ពី​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ និង គណ​ប​ក្ស​រណ​រិទ្ធ​។ នៅ​ភ្នំ​ពេញ លទ្ធ​ផល​ក្រៅ​ផ្លូវ​ការ​បាន​អោយ​ដឹង​ថា​ ក្នុង​ចំនោម​សង្កាត់​ទាំង​៧៦​ គណ​បក្ស​ប្រជា​ជន​​កម្ពុជា​បាន​ឈ្នះ​ដាច់​ ៧៣​ឃុំ​​សង្កាត់​ អែ ៣​ឃុំ​សង្កាត់​ទៀត​ត្រូវ​បាន​នាំ​មុខ​ដោយ​គណ​បក្ស​សម​រង្សី​ ហើយ​ទូ​ទាំង​១៦២១ ឃុំ​សង្កាត់​ គណ​បក្ស​ប្រជា​ជន​ ឈ្នះ​បាន​ ១៥៩២ គណ​បក្ស​សម​រង្សី​បាន​ ២៧ គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​បាន​ ២ គណ​បក្ស​រណ​រិទ្ធ មិន​បាន​ទទួល​សូម្បី​​មួយ​ឃុំ​សង្កាត់​ទេ​។​

ក្នុងសេច​ក្តី​រាយ​ការណ៍​របស់​កាសែត​ស្រលាញ់​ខែ្មរ​​ផ្សាយ​ថា​ គណ​បក្ស​សម​រង្សី​ដន្តើម​បាន​ឃុំ​សង្កាត់​ទាំង​អស់​ប្រ​ហែល​២៨​ បើ​ប្រៀប​ធៀប​ទៅ​ការ​បោះ​ឆ្នោត​អានតិ្ត​មុន​ គណ​បក្ស​នេះ​ដន្តើម​បាន​តែ​ ១៣​ឃុំ​សង្កាត់​ប៉ុណ្ណោះ​ហើយ​គណ​បក្ស​សម​រង្សី​អាច​ នឹង ដន្តើម​បាន​ឃុំ​សង្កាត់​ប្រ​ហែល​ដល់​ទៅ​ ៣០​អែ​ណោះ​។​
បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌‌​មាន​ចិន​ស៊ីន​ហួរ​បាន​រាយ​ការណ៍​ថា​ កាល​ពី​យប់​ថៃ្ង​អាទិត្យ​ គណ​បក្ស​សម​រង្សី​បាន​ប្រកាស​ថា​ ខ្លួន​ដន្តើម​បាន​ឃុំ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បាន​ពី​២០​ ទៅ​ ២២​ភាគ​រយ​ ចំនែក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​សារ​ភាព​ថា​ បាន​បាត់​បង់​ឃុំ​ទាំង​អស់​ប្រ​ហែល​ ២០​ភាគ​រយ​។​

ថ្ងៃ ទី ៣ មេសា លោក​ហ៊ុន សែន ថ្លែង​ប្រកាស​ថា​ គណ​បក្ស​ប្រជា​ជន​ នឹង មិន​បោះ​បង់​ចោល​គណ​បក្ស​ហ្វុន​​ស៊ីន​ប៉ិច​ទេ​ បើ​ទោះ​បី​គណ​បក្ស​នេះ​ពុំ​បាន​ទទួល​សំលេង​ឈ្នះ​ឆ្នោត​ឃុំ​សង្កាត់​យ៉ាង​ណា​ក៏​ដោយ​ លោក​ហ៊ុន​ សែន បាន​ប្រើ​យុទ្ធ​សាស្ដ្រ​បំបែក​បំបាក់​ហ្វុន​ស៊ីន​ប៉ិច​ អោយ​បែក​ជា​ដុំ​តូច​ៗ​ រួច​ស្រេច​ហើយ​ ហើយ នឹង ពុំ​មាន​អ្វី​ផ្លាស់​ប្ដូរ​នៅ​តាម​​រដ្ឋ​បាល​កន្ដាល​នោះ​ទេ​ ការ​ថ្លែង​ប្រកាស​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ និង លោក​សម​រង្សី​ដែល​ពោល​អះ​អាង​ថា​ ត​ទៅ​នេះ​ នឹង មាន​តែ​គណ​បក្ស​ពីរ​ប៉ុណ្ណោះ​ ដែល​​ប្រកួត​ប្រ​ជែង​ជា​មួយ​គ្នា ​គឺ គណប្ស​ប្រជា​ជន​កម្ពុជា និង គណ​បក្ស​សម​រង្សី​របស់​លោក​។

ថ្ងៃ ទី ៤ មេសា ព្រះ​មហា​ក្សត្រ នៃ ប្រ​ទេស​ប្រ៊ុយ​ណេ បាន​យាង​ធ្វើ​ ព្រះ​រាជ​ទស្សន​កិច្ច​ នៅ​កម្ពុ​ជា ចំនួន​បួន​ថ្ងៃ​ តាម​ការ​យាង​ របស់​ព្រះ​មហា​ក្សត្រ​ នៃ ប្រ​ទេស​កម្ពុជា គឺ​ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​អង្គ នឹង យាង​ទៅ​ខេត្ដ​សៀម​រាប​ ក្នុង​ព្រះ​រាជ​បំនង​ទៅ​ធ្វើ​ការ​ទស្សនា​ប្រាសាទ​អង្គរ​វត្ដ​ ដ៏​ល្បី​ល្បាញ​ផង​ដែរ​។

ថ្ងៃ ទី ៥ មេសា បន្ទាប់​លទ្ធ​ផល​ នៃ ការ​បោះ​ឆ្នោត ឃុំ​សង្កាត់​បង្ហាញ​ថា​ គណ​បក្ស​សម​រង្សី​ បាន​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​ពីរ​ លោក​សម​រង្សី​មាន​បំនង​ដ៏​ធំ​ក្នុង​ការ​ដន្ដើម​ជ័យ​ជំនះ​ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨​ ខាង​មុខ​លោក​ប្រកាស​អំពាវ​នាវ​ សូម​អោយ​អ្នក​ប្រជា​ធិប​តេយ្យ​ទាំង​អស់​ចូល​មក​រួម​គ្នា​ជា​កំលាំង​តែ​មួយ​ ហើយ​មាន​គណ​បក្ស​សម​រង្សី​ជា​ស្នូល​កន្ដាល​ នៃ កំលាំង​សម្ព័ន្ធ​នេះ​ លោក​ស្រី​មួ សុខហួ អគ្គ​លេខា​ធិ​កា​បក្ស​ដែល​លោក​សម​រង្សី​ប្រគល់​អោយ​ធ្វើ​ការ​ទំនាក់​ទំនង​ក្នុង​កិច្ច​ការ​នេះ​ មិន​ទាន់​បង្ហើប​ប្រាប់​អោយ​ដឹង​ថា​ តើ​លោក​ស្រី​បាន​ទៅ​ធ្វើ​ការ​ចរ​ចា​ជា​មួយ​គណ​បក្ស​ណា​មួយ​នៅ​ឡើយ​ទេ​។​

ថ្ងៃ ទី ៦ មេសា លោក​កឹម សុខា​បាន​ប្រាប់​រស្មី​កម្ពុជា​នា​រសៀល​ថៃ្ង​ទី​៦​ខែ​មេសា​ថា ខ្ញុំ​ នឹង លា​លែ​​ង​ចេញ​ពី​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ចាប់​តាំង​ពី​ថៃ្ង​ទី ១​អុឧស​ភា​ទៅ ដើម្បី​ចូល​ប្រលូក​ជា​ថ្មី​ នៅ​ក្នុង​ឆាក​នយោ​បាយ​​ ក្នុង​បំនង​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ ជ្រើស​រើស​អ្នក​តំនាង​រាស្រ្ត​ក្នុង​ឆ្នាំ​២០០៨​។

ថ្ងៃ ទី ៨ មេសា ការ​យាង ព្រះ​រាជ​និវត្តន៍​ ពី​ទី​ក្រុង​ប៉េ​កាំង មក​ដល់​ ព្រះ​រាជ​ធានី​​ភ្នំ​ពេញ​វិញ របស់​អតីត​​ព្រះ​មហា​ក្សត្រ ព្រះ​បាទ នរោត្តម សីហនុ និង ព្រះ​អគ្គ​មហេ​សី បន្ទាប់​ពី​ទ្រង់​ បាន​អវត្ត​មាន​ ពី​ប្រទេស​ រយ​ពេល​៧​ខែ​មក​។ ការ​យាង​និវត្តន៍​មក​វិញ​ នៃ​អតីត​​ព្រះ​មហា​ក្សត្រ​ ត្រូវ​បាន​ទទួល​ស្វា​គមន៍ និង អំនរ​សាទរ​ ពី​ពល​រដ្ឋ​ធម្ម​​តា មន្រ្តី​រាជ​ការ​ អ្នក​នយោ​បាយ និង មជ្ឈ​ដ្ឋាន​សង្គម​ស៊ីវិល​ជា​ខ្លាំង​។​

ថ្ងៃ ទី ៩ មេសា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​ខ្លាំង​ៗ​ ចំពោះ​​ការ​ប្រកាស​ថ្មី​ៗ​នេះ​ របស់​លោក​សម រង្សី​ដែល​បាន​អំពាវ​នាវ​ សុំ​អោយ​គណ​បក្ស​ផេ្សង​ៗ​ទៀត​ ចូល​រួម​​បង្កើត​ក្រុម​ អ្នក​ប្រជា​ធិប​តេយ្យ​ ដើម្បី​យក​ជ័យ​ជំនះ​ លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុង​អោ​កាស​ ការ​ប្រកួត​ប្រ​ជែង​ ការ​បោះ​ឆ្នោត​សាកល​ឆ្នាំ​ក្រោយ​នេះ​។​ លោក​ហ៊ុន សែន មាន​ប្រសាស​ថា​ ៖

«ប្រ​ហែលជា​ម៉ៃ្ងៗ​ គិត​តែ​ពី​ធ្វើ​ម៉េច​ ផ្តួល​គណ​បក្ស​ប្រជា​ជន​​អោយ​បាន​ អែង​នេះ កំពុង​តែ​បបួល​គ្នា​ គិត​ពី​រឿង​ធ្វើ​ម៉េ​ច​ បង្កើន​ស្រូវ​អោយ​បាន​ ធ្វើ​ម៉េច​ បង្កើន​ឈើ​អោយ​បាន​ ហើយ​​អែ​ណោះ នាំ​គ្នា​ធ្វើ​ម៉េច​ ផ្តួល​គណ​បក្ស​ប្រជា​ជន​ អោយ​បាន​ ឆ្នាំ​២០០៨​។ ហៅ​ អ្នក​ប្រជា​ធិប​តេយ្យ​ អ្នក​រាជា​និយម​ ចូល​គ្នា​មក​ ហើយ​ រឿង​ដដែល​ ជា​ដដែល​ អា ៩៨ បោះ​ឆ្នោត ក៏​អ៊ី​ចឹង​ អា ២០០៣ បោះ​ឆ្នោត​ក៏​អ៊ី​ចឹង​ អីលូវ​ អ៊ី​ចឹង​ទៀត​ហើយ​ អីលូវ​​ឃើញ​តែ​ហៅ​គ្នា​ អ្នក​ខ្លះ​គេ​ថា គេ​តាំង​ខ្លួន​គេ​ជា​ភ្នំ​ ត្រូវ​តែ​ជា​​ស្នូល​ដឹក​នាំ​ ហើយ​អ្នក​ខ្លះ​ថា​ ទេ​ខ្លួន​ជា​ខ្សាច់​មែន​​ តែ​ខ្សាច់​នៅ​លើ​ភ្នំ​ អ្នក​ខ្លះ​ថា ខ្ញុំ​ជា​ស្មៅ ជើង​ក្រាស់​មែន​ តែ​ស្មៅ​ហ្នឹង​ វា​នៅ​លើ​ភ្នំ​ដែរ​។ ធ្វើ​ម៉េច​យក​ឈ្នះ​លើ​ គណបក្ស​ប្រជា​ជន​​អោយ​បាន​ វា​ទៅ​ជា​អ៊ី​ចេះ​ អែង​កំពុង​ថា​ ធ្វើ​ម៉េច​ យក​ឈ្នះ​លើ​ភាព​ក្រី​ក្រ យក​ឈ្នះ​លើ​ភាព​​អស​កម្ម​នានា​ ដែល​បាន​ និង កំពុង​កើត​នេះ​ ហើយ​គេ​គិត​ថា​ ធ្វើ​ម៉េច​ ធ្វើ​ម៉េច​យក​ឈ្នះ​ លើ​គណ​បក្ស​ប្រជា​ជន​អោយ​បាន​ ឆ្នាំ​២០០៨... ខ្ញុំ​ថា​ ពួក​នេះ​បើ​មិន​បាន​គិត​ពី​ការ​ផ្តួល​គណ​បក្ស​ប្រជា​ជន​ ប្រ​ហែល​ជា រន្ទះ​បាញ់​។ ពី​មុន​មាន​មួយ​នោះ​ ខ្ញុំ​ថា​អោយ​ដែរ​ ម៉េច​មិន​បាន​ជេរ​គេ​ រន្ទះ​បាញ់ រឺ​អី​»​។

ថ្ងៃ ទី ១២ មេសា តុលាការ​សាលា​ឧទ្ធ​រណ៍ នៃ​ប្រទេស​កម្ពុជា​ បាន​ប្រកាស​សាល​ក្រម​ សំរេច​បន្ត​ឃុំ​ខ្លួន​ ប៊នសំណាង​ និង សុខ សំអឿន សំរាប់​រយ​ពេល​ ២០​ឆ្នាំ ដោយ​តំ​កល់​ទុក​សាល​ក្រម​ កាត់​ទោស​របស់​ តុលា​ការ​ក្រុង​ភ្នំ​ពេញ​កាល​ពី​ថៃ្ង​ទី១​ ខែ​សីហា ឆ្នាំ ​២០០៥ កន្លង​ទៅ​នោះ​ ចាត់​ទុក​ថា​ ជា​បាន​ការ ក្រោម​បទ​ចោទ​ប្រកាន់​ អ្នក​ទាំង​ពីរ​ ថា​បាន​សំលាប់​ លោក​ ជា​ វិជ្ជា ប្រ​ធាន សហ​ជីព​សេរី​​កម្ម​ករ​កម្ពុជា​ កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ​​។​

ថ្ងៃ ទី ១៣ មេសា មុន នឹង ចេញ​ដំនើរ​ទៅ​កាន់​បរទេស​ លោក​កឹម​សុខា​បាន​ធ្វើ​បទ​សំភាសន៍​ ជា​មួយ​វិទ្យុ​វីអូ​អេ​ថា​ លោក​ នឹង ​បង្កើត​គណបក្ស​មួយ​ ឈ្នោះ​ «គណ​បក្ស​សិទិ្ធ​មនុស្ស» ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨ ខាង​មុខ​នេះ​។​

ថ្ងៃ ទី ១៦ មេសា លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ការ​រើស​យក​មេ​ភូមិ​ ដែល​មាន​ប្រជា​ជន​ ក្នុង​ភូមិ​ បោះ​ឆ្នោត​រើស​យក​ តាម​អែ​កត្តនាម​ វា​ នឹង បង្ហាញ​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ថ្នាក់​ទាប​ ហើយ​​វា​កាត់​បន្ថយ​​ការ​ចាត់​តាំង​មេ​ភូមិ ដោយ​គណ​បក្ស​នយោ​បាយ រឺ រើស​យក​មេ​ភូមិ ដោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​គ្មាន​អ្នក​ភូមិ​ ចូល​រួម​រើស​។ លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ថា «ព្រោះ​នៅ​តាម​​ភូមិ​នីមួយ​ៗ​ ជួន​កាល​ មាន​ចាស់​ទុំ​ មាន​អាចារ្យ​វត្ត​ មាន​គ្រូប​ងៀ្រន​ មាន​ព្រឹទ្ធា​ចារ្យ​អី​ លោក​មិន​មែន​ជា​សមា​ជិក​​គណ​បក្ស​ណា​ទេ​ លោក​ចង់​ឈរ​ឈ្មោះ​ អោយ​បាន​ធ្វើ​ជា​មេ​ភូមិ​ គេ​គោរព​ទូ​ទាំង​ភូមិ​ គេ​គោរព​ទាំង​អស់​ ទោះ​ជា​ អត់​មាន​គណបក្ស​ ក៏​មិន​អី​ដែរ​ ដូចេ្នះ​គណ​បក្ស​សម​រង្សី​ នឹង រៀប​ចំ​អោយ​មាន​ ការ​បោះ​ឆ្នោត​ ទូលំ​ទូលាយ​បែប​នេះ​ ហ្នឹង​ហើយ​គេ​ហៅ​ថា លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​ ចាប់​ពី​ថ្នាក់​ភូមិ​ឡើង​ទៅ​។

ថ្ងៃ ទី ១៧ មេសា អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​អំពាវ​នាវ​ដល់​ក្រុម​មន្រ្តី​អាមេ​រិក អោយ​លុប​ចោល​ការ​ផ្តល់​ទិដ្ឋា​ការ​ជូន​លោក​អុត្តម​សេនីយ៍​ហុក ឡង​ឌី​ អគ្គ​ស្នង​ការ​ប៉ូលិស​ជាតិ​ ដែល​ត្រូវ​បាន​រដ្ឋ​ការ​អាមេ​រិក​ អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ ដើម្បី​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ អំពី​ការ​ប្រឆាំង​ នឹង អំពើ​ភេរ​វ​​កម្ម​។​

ថ្ងៃ ទី ២០ មេសា ក្បួន​បាតុ​កម្ម​ព្រះ​សង្ឃ​ បាន​និមន្ត​អង្គុយ​ ស្មិង​ស្មាធិ​សូត្រ​ធម៌‌​ នៅ​មុខ​ស្ថាន​ទូត​​វៀត​ណាម​ប្រចាំ​ក្រុង​ភ្នំ​ពេញ​ បន្ទាប់​មក​បាន​អង្គុយ​ ស្មិង​ស្មាធិ​សូត្រ​ធម៌‌​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ និង នៅ​មុខ​ស្ថាន​ទូត​ សហ​រដ្ឋ​អា​មេ​រិក មិន​រវល់​ចំពោះ​ការ​បង្រ្កាប​របស់​ប៉ូ​លិស​ឡើយ​ ហើយ​ជា​មួយ​គ្នា​នោះ​ ព្រះ​អង្គ​បាន​លើក​បដា​ ដែល​មាន​ខ្លឹម​សារ​ ថា «ជយោ ​! កម្លាំង​សាមគ្គី​ របស់​ខែ្មរ​ក្រោម»​។​

យ៉ាង​ហោច​ណាស់​ មាន​ព្រះ​សង្ឃ​ ៦​អង្គ​ រង​របួស​ នៅ​ក្នុង​ការ​បង្រ្កាប​របស់​អាជ្ញា​ធរ​ក្រុង​ភ្នំ​ពេញ​ នៅ​ខណ​ដែល​ព្រះ​សង្ឃ​ ប្រ​ហែល​ ៦០​អង្គ​ បាន​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​ការ​ទាម​ទារ​អោយ​អាជ្ញា​ធរ​​វៀត​ណាម​ ដោះ​លែង​ព្រះ​សង្ឃ​បី​អង្គ​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ និង ទាម​ទារ​អោយ​មាន​ការ​គោរ​ព​សិទ្ធិ​ពល​រដ្ឋ​ខែ្មរ​ក្រោម​។​

លោក ហុក ឡងឌី ធ្វើ​ដំនើរ​ទៅ​ចូល​រួម​ប្រជុំ​ នៅ​ក្រុង​វ៉ា​ស៊ីន​តោន​តាម​គំរោង​ នៃ ការ​អញ្ជើញ​ របស់​ FBI​។​
ថ្ងៃ ទី ២១ មេសា លោក​កែវ​ ពុទ្ធ​រស្មី​ ប្រ​ធាន​គណ​បក្ស​​ហ្វុន​ស៊ីន​ប៉ិច​ អម​ដោយ​អនុ​ប្រធាន​ទាំង​២​រូប​បាន​ដឹក​នាំ​ធ្វើ​សិក្ខា​សាលា​រយ​ពេល​២​ថៃ្ង​ នៅ​ទី​ស្នាក់​ការ​កន្តាល​គណ​បក្ស​នា​ក្រុង​ភ្នំ​ពេញ​ (ថៃ្ង​ទី​២១​-​២២​ខែ​មេសា​)​ ក្នុង​គោល​ដៅ​ដើម្បី​ជ្រោង​គណ​បក្ស​នេះ​អោយ​កាន់​តែ​រឹង​ប៉ឹង​ឡើង​វិញ​ និង ការ​រឹត​ចំនង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សិក្ខា​សាលា​មាន​សមា​ជិក​សំខាន់​ៗ​ ចូល​រួម​ចំនួន​ ៣៦០​នាក់​ ចូល​រួម​។​

ថ្ងៃ ទី ២២ មេសា មន្រ្តី​ជាន់​ខ្ពស់​ គណ​បក្ស​ហ្វុនស៊ីន​ប៉ិច​ បាន​ថែ្លង​នៅ​ថៃ្ង​នេះ​ ដោយ​គាំ​ទ្រ​ដល់​គំនិត​ចង់​អោយ​មាន​ការ​រួប​រួម​ ចលនា​អ្នក​រាជា​និយម​។ លោក លឺ ឡាយ​ស្រេង​ អនុ​ប្រធាន​ទី​មួយ​ គណ​បក្ស​ហ្វុន​ប៉ិច​ បាន​មាន​ប្រសាសន៍​ប្រាប់​ វិទ្យុ​អាស៊ី​សេរី​ថា​ ការ​បែក​បាក់​របស់​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច នា​ពេល​កន្លង​មក​នេះ​ បាន​ធ្វើ​អោយ​ការ​គាំ​ទ្រ​គណ​បក្ស​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ការ​រួប​រួម​គ្នា​វា​ប្រ​សើរ​ជាង​ការ​បែក​គ្នា​ ពី​ព្រោះ​ការ​បែក​គ្នា​រវាង​គណ​បក្ស​ហ្វុន​ស៊ីន​​ប៉ិច​ជា​មួយ​ នឹង ខាង​នរោត្តម​រណ​រិទ្ធ​ លទ្ធ​ផល​ឃើញ​ហើយ​ លទ្ធ​ផល​គឺ​ចាញ់​ៗ​ តាំង​ពី​រង្សី​ទៀត​ ចាញ់​តទៅ​ទៀត​ និង រហូត​ទៅ​ដល់​មាន​ការ​លំបាក​ជា​ច្រើន​។ ការ​ប្រកាស​របស់​លោក​ លឺ ឡាយ​ស្រេង​​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​​ការ​អំពាវ​នាវ​​របស់​ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធម្មិ​កោ ​អគ្គ​ប្រតិភូ​ គណ​បក្ស​រណ​សិរ្ស​ សង្គម​ជាតិ​និយម​ ដែល​ចង់​អោយ​មាន​ ការ​រួម​ធ្លុង​តែ​មួយ​ នៃ​គណ​បក្ស​ មាន​និន្នា​ការ​រាជា​និយម​ ហើយ​បន្ទាប់​មក​ នឹង រួម​ជា​​មួយ​ អ្នក​ប្រជា​ធិប​តេយ្យ​ដទៃ​ទៀត​។

ថ្ងៃ ទី ២៣ មេសា លោក ហ៊ុន សែន មាន​ប្រតិ​កម្ម​តប​ទៅ​ គបក្ស​សម​រង្សី​​ ដែល​ចង់​បោះ​ឆ្នោត​ជ្រើស​រើស​មេឃុំ​​សង្កាត់​ដោយ​គ្មាន​គណ​បក្ស​ថា​ គឺ​ជា​ការ​ចង់​បំបែក​រដ្ឋ​ រឺ​ ធ្ធើ​អប​គមន៍​ក្នុង​ប្រទេស​កម្ពុជា​។

ថ្ងៃ ទី ២៤ មេសា ការ​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ទូ​ទាំង​ប្រទេស​ ជា​ផ្លូវ​ការ​ ដោយ​ គ.ជ.ប. គណ​បក្ស​ប្រជា​ជន​ឈ្នះ​បាន​ ១៥៩១ គណ​បក្ស​សម​រង្សី​បាន​ ២៨ គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​បាន​ តែ​២ ឃុំ​សង្កាត់​ប៉ុណ្ណោះ​។​
ព្រះ​អម្ចាស់​ ស៊ីសុ​វត្ថ​ធម្មិ​កោ ប្រកាស​រំលាយ​គណ​បក្ស​សង្គម​ជាតិ​និយម​របស់​ព្រះ​អង្គ​ ដើម្បី​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​រាជា​និយម​រណ​រិទ្ធ​ ក្នុង​គោល​បំនង​រួប​រួម​អ្នក​ប្រជា​ធិប​តេយ្យ និង ដើម្បី​ស្វែង​រក​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំនាង​រាស្រ្ដ​ នៃ អានត្ដិ​ទី​៤ ដែល​ នឹង ត្រូវ​ប្រ​ព្រឹត្ដ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០០៨​ខាង​មុខ​។​

ថ្ងៃ ទី ២៥ មេសា ប្រធាន​រដ្ឋ​សភា​ ប្រ​ទេស​វៀត​ណាម​ លោក ង្វៀង​ភូចុង នឹង ដឹក​នាំ​ គណ​ប្រតិ​ភូ​វៀត​ណាម​ មក​ដល់​កម្ពុជា​​នៅ​​ថៃ្ង​ពុធ​នេះ ​ដើម្បីបំ​ពេញ​ទស្សន​កិច្ច​ ចំនួន​ ៣​ថៃ្ង​។ លោក​ ង្វៀង​ភូចុង​ និង ប្រ​តិ​ភូវៀត​ណាម​ គ្រោង​ នឹង ចូល​គាល់​​ព្រះ​មហា​ក្សត្រ​ខែ្មរ​ ព្រះ​បរម​នាថ​ នរោត្តម​សីហ​មុនី​ និង​ ជួប​ពិភាក្សា​​ជា​មួយ​​មេ​ដឹក​នាំ​ខែ្មរ​​ជាន់​ខ្ពស់​​អែ​ទៀត​។​

ដំនើរ​ទស្សន​កិច្ច​ ប្រធាន​រដ្ឋ​សភា​វៀត​ណាម​ ត្រូវ​គេ​កត់​សំគាល់​ថា​ បាន​ធ្វើ​​នៅ​ក្រោយ​ស្ថាន​ភាព​បង្រ្កាប​ របស់​អាជ្ញា​ធរ​ ដែល​ប៉ុន្មាន​ថៃ្ង​មុន​នេះ​ បាន​ប្រើ​អំពើ​ហិង្សា​​ដាក់​ទៅ​លើ​ព្រះ​សង្ឃ​ខែ្មរ​ក្រោម​ ដោយ​សារ​តែ​ការ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​ នឹង អាជ្ញា​ធរ​ក្រុង​ហា​ណូយ​ ដែល​គេ​ចោទ​ថា​ បាន​គៀប​​សង្កត់​ លើ​សិទ្ធិ​សេរី​ភាព​ និង​ ជំនឿ​សាសនា​ ពល​រដ្ឋ​ខែ្មរ​ក្រោម​ នៅ​ក្នុង​អតីត​​ទឹក​ដី​ខែ្មរ​​កម្ពុ​ជា​ក្រោម​នោះ​។​

ថ្ងៃ ទី ២៦ មេសា មេ​ដឹក​នាំ​គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​ ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធម្មិ​កោ នៅ​ថៃ្ង​ព្រហស្បតិ៍​​នេះ​ បាន​អំពាវ​នាវ​ អោយ​មាន​ការ​បង្រួប​បង្រួម​ជា​មួយ​គណ​បក្ស​រាជា​និយម​​ជា​ធ្លុង​មួយ​​​ នៅ​ក្នុង​​ការ​ប្រ​កួត​ដន្តើម​សន្លឹក​ឆ្នោត​ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ នា​ឆ្នាំ ​២០០៨​ខាង​មុខ​នេះ​ ក្នុង​សន្និ​សិទ​កាសែត​មួយ​ព្រះ​អង្គ​មាន​បន្ទូល​ថា​ «ហេតុ​ដែ​ចង់​បង្រួប​បង្រួម​ ដោយ​សារ​យើង​ឃើញ​ថា​ កំលាំង​រាជា​និយម​ ជា​ស្នូល​ នៃ សង្គម​ខែ្មរ​ ហើយ​ត​ទៅ​មុខ​ទៀត​ ខ្ញុំ​មាន​ឆន្ទ​ និង អុត្តម​គតិ​ ចង់​បង្រួប​បង្រួម​គណ​បក្ស​ ដែល​មាន​និន្នា​ការ​​នយោ​បាយ​ បែប​ប្រជា​ធិប​តេយ្យ​សេរី​និយម​ក្នុង​គណ​បក្ស​ធំ​តែ​មួយ​ ដូច​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​កាល​ពី​ឆ្នាំ ​១៩៩៣ ក្នុង​យុទ្ធ​សាស្រ្ត​ «មួយ​ទល់​​ នឹង មួយ​»​​។ គោល​​​​ការណ៍​របស់​ខ្ញុំ​ គឺ​ ខ្ញុំ​ចង់​អោយ​ឆ្នាំ​ ២០០៨​មាន​គណ​បក្ស​តែ​មួយ​ធំ ​ទៅ​ត​ទល់​​ជា​​មួយ​ នឹង គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ ការ​ប្រកួត​ប្រ​ជែង​ការ​បោះ​ឆ្នោត​សកល»​។

ថ្ងៃ ទី ២៨ មេសា មាន​រឿង​ចំរោង​ចំរាស់​ជា​ច្រើន​ ក្នុង​គណ​មេ​ធាវី​ខ្មែរ​ ពី​រឿង​ការ​ចុះ​ឈ្មោះ​មេ​ធាវី​បរ​ទេស​ដែល​មាន​តំលៃ​រហូត​ដល់​ ៤៩០០ ដុល្លារ​សហ​រដ្ឋ​អា​មេរិក​ ដែល​តំលៃ​នេះ​ពួក​មេ​ធាវី​បរ​ទេស​ទាំង​ឡាយ​ត្អូញ​ត្អែ​ថា​ វា​មាន​តំលៃ​ខ្ពស់​ហួស​ប្រមាណ​ ការ​ចរ​ចា​គ្នា​ត្រូវ​ស៊ី​ពេល​វេ​លា​អស់​រយ​យ៉ាង​យូរ​។ ក្រុម​ប្រឹក្សា​គណ​មេ​ធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ នៅ​ព្រឹក​ថៃ្ង​សៅរ៍​នេះ​ បាន​សំរេច​​ជាផ្លូវ​ការ​ លើ​តំលៃ​ចុះ​ឈ្មោះ​មេធា​វី​បរ​ទេស​ដោយ​តំរូវ​អោយ​បង់​ថៃ្ល​សរុប​ រួម​តែ​មួយ​លើក​ ក្នុង​ទឹក​ប្រាក់​ ៥០០​ដុល្លារ​ សហ​រដ្ឋ​អា​មេ​រិក​ ដើម្បី​​ទទួល​បាន​សិទ្ធិ​ប្រកប​វិជ្ជា​ជីវ​ រឺ​ ការ​ពារ​ក្តី​​នៅ​អង្គ​ជំនុំ​ជំរះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​។​

ថ្ងៃ ទី ៣០ មេសា សំដេច​ក្រុម​ព្រះ​ នរោត្តម​ រណ​រិទ្ធ ប្រធាន​គណ​បក្ស​​នរោត្តម​ រណ​រិទ្ធ បាន​សរ​សេរ​លិខិត​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខែ្មរ​ នរោត្តម សីហ​មុនី​ និង ជា​ព្រះ​ប្រធាន​អុត្តម​ក្រុម​ប្រឹក្សា​ នៃ អង្គ​ចៅ​ក្រម​ ដើម្បី​​សុំ​ព្រះ​អង្គ​ប្រទាន​យុត្តិ​ធម៌‌​ ចំពោះ​អ្វី​ដែល​តុលា​ការ​ក្រុង​ភ្នំ​ពេញ​បាន​កាត់​ទោស​អោយ​សំដេច​ក្រុម​ព្រះ​​ជាប់​ទោស​១៨​ខែ​ ក្រោម​បទ​រំលោភ​សេច​ក្តី​ទុក​ចិត្ត​ ​លក់​ទី​ស្នាក់​ការ​គណ​បក្ស​​ហ្វុន​ស៊ីន​ប៉ិច​នោះ​។

ផែ្អក​តាម​លិខិត​ របស់​សំដេច​ក្រុម​ព្រះ​នរោត្តម​ រណរិទ្ធ​ ចុះ​ថៃ្ង​ទី ២៨​ខែ​មីនា​ ហើយ​ត្រូវ​បាន​មន្រ្តី​ទី​ប្រឹក្សា​ របស់​ព្រះ​អង្គ​ បាន​ទំលាយ​អែក​សារ​នោះ​ អោយ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថៃ្ង​ច័ន្ទ​នេះ​ លិខិត​នោះ​ បាន​រៀប​រាប់​ ទូល​ថ្វាយ​ នូវ​ចំនុច​សំខាន់​ៗ​ ចំនួន​បី​ និង​ ភ្ជាប់​ជា​មួយ​ នូវ ការ​បក​ស្រាយ​ពី​អ្នក​អែក​ទេស​ច្បាប់​នៅ​អែ​បរ​ទេស​។​

ចំណុចទី1 លិខិត​នោះ បាន​ចោទ​ប្រកាន់​ថា​ ព្រះ​រាជ​អាជ្ញា​​អម​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ លោក សុខ កល្យាណ ជា​ម្ចាស់​បណ្តឹង​អាជ្ញា​ មិន​បាន​លើក​យក​ភស្តុ​តាង​ មក​បង្ហាញ​ អោយ​គ្រប់​ធាតុ​ផ្សំ​ នៃ បទ​ល្មើស​​នោះ​ទេ​។ ចំណុច​ទី​2 ការ​ផ្តន្ទា​ទោស​ មក​លើ​ព្រះ​អង្គ​​សំដេច​ក្រុម​ព្រះ​ អំពី​បទ​​រំលោភ​សេច​ក្តី​ទុក​ចិត្ត​ តាម​មាត្រា​ទី​ 46​ នៃ ច្បាប់​ព្រហ្ម​ទណ្ឌ​ អន្តរ​កាល​ សម័យ​អ៊ុន​តាក់​ គឺ​ខុស​ នឹង គតិ​ច្បាប់​ទាំង​ស្រុង​ និង ចំណុច​ទី 3​ ចុង​ក្រោយ​ លិខិត​បាន​បន្ត​ថា​ លោក ទូច បូរ៉ា ដែល​ជា​មេ​ធាវី​ ជា​អ្នក​ឯក​ទេស​ច្បាប់​ នៅ​ប្រទេស​អូស្រ្តាលី​ ក៏​បាន​វិភាគ​​ឃើញ​ថា​ ការ​លើក​យក​បទ​ល្មើស​ រំលោភ​សេច​ក្តី​ទុក​ចិត្ត​ មក​ផ្តន្ទា​ទោស​​មក​លើ​ ព្រះ​អង្គ​ សំដេច​ក្រុម​ព្រះ​ នរោត្តម រណរិទ្ធ ជា​អំពើ​ រំលោភ​លើ​​គតិ​ច្បាប់​ នៃ មាត្រា​ទី​ 46​ នោះ​​ផង​ដែរ​​។