ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ខែ មករា-កុម្ភ ២០០៧


ថ្ងៃសៅរ៍ ទី 2.កក្កដា 2022.ម៉ោង 7:46
ថ្ងៃ ទី២ មករា តំនាងមកពីគណបក្សប្រឆាំងសមរង្សី គឺលោកកែវ រ៉េមី បានស្នើសុំអោយបង្កើតច្បាប់ការពារប្រមុខរដ្ឋាភិបាល បន្ទាប់ពីអតីតមេដឹកនាំប្រទេសអៀរ៉ាក់ត្រូវគេកាត់ទោស និង សំលាប់ដោយព្យួរកកាលចុងឆ្នាំនេះមក លោកកែវរ៉េមី និយាយថា ការធ្វើជាមេដឹកនាំយូររមែងតែងតែមានកំហុសដោយចៀសមិនរួច។
ថ្ងៃទីទី ៣ មករា លោកជីកេង ប្រធានតុលាក្រុងភ្នំពេញ បានកាត់ក្ដី អោយទ្រង់រណរិទ្ធចាញ់ក្ដីលើប្ដឹងមួយចំនួនដែលព្រះអង្គដាក់ប្ដឹងគណបក្សហ្វុនស៊ីនប៉ិច។
ថ្ងៃទី ៥មករា ទ្រង់រណរិទ្ធ មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមដិការតុលាការកោះអញ្ជើញខ្លួននោះទេ សូមបញ្ជាក់ថាទ្រង់រណរិទ្ធត្រូវ លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វុនស៊ីនប៉ិចប្ដឹងថា បានលក់ទីស្នាក់ការគណបក្សដោយចិត្ដអែង ហើយក្រៅពីនេះនៅមានបណ្ដឹង ពីបទសហាយស្មន់ទៀតផង។ មានពាក្យចចាមអារាមថា ទ្រង់រណរិទ្ធកំពុងស្វែងរកសិទ្ធិជ្រោកកោននយោបាយតាមស្ថានទូតធំៗនានា ដូចជាស្ថានទូតអាមេរិក ស្ថានទូតអាល្លឺម៉ង់ កាណាដាជាដើម។
ថ្ងៃ ទី៧មករា គណបក្សប្រជាជនកម្ពុជាបានប្រារព្ធទិវាជ័យជំនះ៧មករា លើរបបប៉ុលពត។ នៅក្នុងអោកាសនោះគណបក្សប្រជាជនកម្ពុជា រៀបចំមីទីញដ៏ធំមួយនៅទីស្នាក់ការធំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ នេះគឺជាខួបអបអរ អនុស្សាវរីយ៍លើកទី២៨ហើយ ដែលរបបប៉ុលពតត្រូវបានផ្ទួលរំលំ។ ប៉ុន្តែគណបក្សដ៏ទៃទៀតមិនបាន រៀបចំប្រារព្ធទិវា៧មករានេះទេ ហើយមានទស្សនៈផ្សេងៗគ្នាអំពីអត្ថន័យថ្ងៃ៧មករានេះ។
ថ្ងៃទី ៨មករា លោកហ៊ុន សែនប្រកាសថា លោកមិនចូលវិវត្ដទេ ហើយលោក នឹង នៅកាន់អំនាចរហូតដល់អាយុ ៩០ឆ្នាំបើប្រជាពលរដ្ឋនៅតែបោះឆ្នោតអោយលោក។
ថ្ងៃទី ៩ លោកម៉ម ប៊ុននាង មន្រ្ដីជិតស្និតបំផុតរបស់ទ្រង់រណរិទ្ធ លោកជាអ្នកធ្លាប់ជួយអុបត្ថមថវិការយ៉ាងសំខាន់មួយរូប ហើយបានគាំទ្រគបក្សរណរិទ្ធដែលទើបបង្កើតថ្មី បានលាចាកចោលព្រះអង្គហើយនៅថ្ងៃនេះ លោកម៉ម ប៊ុន ដែលចូលទៅគាំទ្រគណបក្សហ្វុនស៊ីនប៉ិចវិញ ត្រូវបានតែងតាំងដោយរាជក្រិត្យ ចុះហត្ថលេខាប្រថាប់ត្រា ដោយលោក ជា ស៊ីមប្រមុខរដ្ឋស្ដីទី តំនាងព្រះមហាក្សត្រ ជាទីប្រឹក្សាអមរដ្ឋាភិបាល ដែលមានឋានៈស្មើ នឹង រដ្នមន្រ្ដី។
ថ្ងៃទី ១២ មករា លោកហ៊ុន សែនចាកចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ និង កិច្ចប្រជុំនានាទៀតជាមួយមេដឹកនាំប្រទេសធំៗមួយចំនួនក្នុងតំបន់អាស៊ី។
ថ្ងៃទី ១៦ មករា គណបក្សចំនួន ៦ ដែលចូលរួមបោះឆ្នោតឃុំសង្កាត់បាននាំគ្នាទៅចាប់លេខរៀង ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃ១មេសាខាងមុខ។
ថ្ងៃទី ១៧ មករា តុលាខេត្ដបាត់ដំបងបានចាប់អុត្ដសនី ៣រូប មកពីគណបក្សប្រឆាំង និង គណបក្សហ្វុនស៊ីនប៉ិច លោកផ្កាយពីរអ៊ុត សាខន, លោកផ្កាយមួយម៉ែន សារ៉នមកពីគណបក្សហ្វុនស៊ីនប៉ិច និង លោកផ្កាយមួយ គៀង សាវន មកពីគណបក្សសមរង្សី ត្រូវគេចោទប្រកាន់ថា បង្កើតក្រុមប្រដាប់អាវុធដើម្បីប្លន់។ ការចាប់ខ្លួនធ្វើឡើងក្រោយពីចាប់បានក្រុមប្លន់ប្រដាប់វុធចំនួន ៧នាក់ ដែលធ្វើការប្លន់អស់ជាច្រើនលើកច្រើនសារមកហើយ។
ថ្ងៃទី ២០ សំដេចនរោត្ដមសីហនុ អតីតព្រះមហាក្សត្រខ្មែរដែលគង់នៅប៉េកាំងជាប្រចាំ បានចេញព្រះរាជសារមួយយ៉ាងគួរអោយភ្ញាក់ផ្អើល ព្រះអង្គទ្រង់ព្រះលិខិតថា មានក្រុមអិស្សរជនមួយក្រុម គឺក្រុមរាជវង្សស៊ីសុវត្ថិ កំពុងរៀបចំផ្សំគំនិតគ្នា ដើម្បីទំលាក់ព្រះមហាក្សត្របច្ចុប្បន្នព្រះបាទនរោត្ដមសីហមុនី ដ៏មានប្រជាប្រីយភាព បរិសុទ្ធ ស្អាតស្អំ ដើម្បីយករាជបល្ល័ង្គថ្វាយព្រះអង្គម្ចាស់មួយអង្គសែ ស៊ីសុវត្ថិ ជាអ្នកគ្រងរាជសម្បត្ដិវិញ។
ថ្ងៃ ទី២១ មករា សំដេចនរោត្ដសីហនុ ដែលកំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំង បានចេញរាជសារមួយដែលព្រះអង្គទ្រង់ព្រះលិខិតថា មានអិស្សរជនមួយក្រុម គឺក្រុមសែស៊ីសុវត្ថិ កំពុងរៀបចំផ្សំគំនិត ដើម្បីទំលាក់ព្រះមហាក្សត្របច្ចុប្បន្នគឺព្រះបាទនរោត្ដម សីហមុនី ដ៏មានប្រជាប្រីយភាព ស្អាតស្អំបំផុត ដើម្បីអោយព្រះអម្ចាស់មួយអង្គសែស៊ីសុវត្ថិក្លាយជាព្រះមហាក្សត្រ។
ថ្ងៃទី ២២មករា លោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណប្រតិភូមមួយក្រុមទៅធ្វើទស្សនកិច្ចនៅរុស្សី។ដោយលែកប្រេងសាំងនៅកម្ពុជាបានចុះថ្លៃបន្ដិច រដ្ឋាភិបាលប្រកាសបើកចំហ អោយមានការនាំប្រេងសាំងចូលមកអោយកាន់តែច្រើន ដើម្បីអោយមានការប្រគួនប្រជែង តំលៃប្រេងសាំង នឹង មានការចុះថោក។
ថ្ងៃទី ២៧មករា រឿងចំរោងចំរាស់មួយទៀតកើតឡើងទៀត អតីតព្រះមហាក្សត្រខ្មែរនរោត្ដមសីហនុ បានចេញរាជសារមួយទៀត ចោទប្រកាន់លោកខែក វ៉ាន់ឌី បុត្រប្រសា ជាស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រីបុប្ផាទេវីបុត្រីរបស់ព្រះអង្គបានទូលព្រះមហាក្សត្រព្រះបាទនរោត្ដម សីហមុនីថា គណបក្សប្រជាជនមិនពេញចិត្ដ នឹង ព្រះមហាក្សត្រសព្វថ្ងៃនេះទេដោយព្រះអង្គជឿស្ដាប់តែតាមបីតារបស់ព្រះអង្គច្រើនពេក។ រឿងនេះធ្វើអោយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែនខឹងច្រលោតតោតតូង ទាមទារអោយលោកខែក វ៉ានឌីស្រាយបំភ្លឺក្នុងរឿងនេះ លោកខែកវ៉ានឌី បានសរសេរលិខិតសុំទោសមួយជូនទៅលោកហ៊ុន សែន ហើយដែលគាត់បានអនុគ្រោះទោសអោយនៅថ្ងៃនេះ។
ថ្ងៃទី២៨ មករា សំដេចសីហនុ បានស្នើសុំអោយគេដឹកនាំស្រ្ដីខ្មែរ ដែលគេបោះបង់ចោល នៅកោះតៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាលេស៊ី ថៃ វៀតណាម អោយវិលត្រលប់មកកាន់កម្ពុជាវិញ ដោយព្រះអង្គធនាជាអ្នកចេញសោហ៊ុយក្នុងការដឹកជញ្ជូនពួកស្រ្ដីទាំងនោះ។
ថ្ងៃទី ២៩មករា រដ្ឋាភិបាលប្រទេសកម្ពុជាបានស្នើសុំអោយប្រទេសរុស្សីលុបចោលបំនុលចំនួន ១.៥០០លានដុល្លារអាមេរិក ដែលកម្ពុជាបានជំពាក់នាសម័យកម្ពុជាប្រជាមានិត។
-----ព្រឹត្ដិការណ៍ កុម្ភ ២០០៧-----
ថ្ងៃ ទី២ កុម្ភ រាជសារមួយចេញដោយសំដេចសីហនុ ព្រះអង្គទ្រង់ព្រះលិខិតថា វាដល់ពេលហើយសំរាប់រាជវង្សទាំងឡាយឈប់ធ្វើនយោបាយ។
ថ្ងៃទី៦ កុម្ភ លោកស្រីមិសេលិន កាលមីរៃ ប្រមុខរដ្ឋាភិបាលសហព័ន្ធស្វីស បានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាចំនួនពីរថ្ងៃ ក្នុងពិធីបុណ្យខួបគំរប់ ៥០ឆ្នាំ នៃទំនាក់ទំនងស្វីសកម្ពុជា លោកស្រីបានបានចូលទៅធ្វើទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានលោកវិជ្ជបណ្ឌិត បេអាដ រិកនើរ ជនជាតិស្វីសជាស្ថាបនិក លោកស្រីក៏អញ្ចើញទៅខេត្ដសៀមរាបផងដែរ ដើម្បីទៅមើលមន្ទីរពេទ្យកុមារ និង ប្រាសាទបន្ទាយស្រីផង ដែលរដ្ឋាភិបាលស្វីសជាអ្នកធ្វើការជួសជុលប្រសាទនេះឡើងវិញ។
ថ្ងៃទី ៩ កុម្ភ កប៉ាល់សហរដ្ឋអាមេរិកឈ្មោះ USS GARY បានចូលមកចតនៅកំពុងផែព្រះសីហនុ នេះជាការចូលមកចតជាលើកដំបូង តាំងពីមានសង្គ្រាមបានយាយី នៃ ប្រទេសកម្ពុជាកាលពីជាង ៣០ឆ្នាំ ផ្លាយមុន ការចូលមកចត នៃ នាវាដែលមានកងពលនាវិកចំនួន ២២៤នាក់នេះ គឺធ្វើឡើងដើម្បីពង្រឹកកិច្ចសហប្រតិបត្ដិការរវាងកងទ័ពជើងទឹក នៃ ប្រទេសទាំងពីរ។
ថ្ងៃទី ១២កុម្ភ ប្រទេសម្ចាស់ជំនួយដែលបានសំដែង នូវ ការខកចិត្ដ និង បន្ទោសចំពោះរាជរដ្ឋាភិបាលកម្ពុជាថា មានការយឺតយាវក្នុងការធ្វើអោយចេញច្បាប់ប្រឆាំង នឹង អំពើពុករលួយថ្មីនេះ បានប្រកាសផ្ដល់ជំនួយអិតចំនងដល់រដ្ឋាភិបាលកម្ពុជា នូវ ទឹកប្រាក់ចំនួន ១៤លានដុល្លារសហរដ្ឋអាមេរិក។
ថ្ងៃទី ១៩ កុម្ភ លោក លន់ រិទ្ធ កូនប្រុសអតីតប្រធានាធិបតី លន់ នល់ មានអាសយដ្ឋាននៅសហរដ្ឋអាមេរិក បានបង្កើតគណបក្សមួយឈ្មោះ គណបក្សសាធារណរដ្ឋខ្មែរ ដែលក្រសួងមហាផ្ទៃបានទទួលស្គាល់រួចស្រេចហើយ ថ្ងៃនេះអគ្គលេខាធិការបក្ស លោកញ៉ិន ព្រះ បានប្រកាសអោយដឹងជាសាធារណថា គណបក្សរបស់លោក នឹង ចូលរួមប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ២០០៨ ខាងមុខនេះ។
ថ្ងៃទី ២១ កុម្ភ ទាហានឈុតខ្មៅថៃប្រមាណ១៥០នាក់ ប្រដាប់ដោយអាវុធ បានចូលមករុះរើផ្ទះអ្នកស្រុកអស់ជាច្រើនខ្នង នៅភូមសមាគម ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្ដអុត្ដរមានជ័យ។
ថ្ងៃ ទី២៣ កុម្ភ ពត៌មានដ៏មហាភ្ញាក់ផ្អើលមួយបានផ្ទុះឡើងនៅទីក្រុងភ្នំពេញ នាង ពៅបញ្ញាពេជ្រ ជាកញ្ញាអ្នកចំរៀងដ៏មានប្រជាប្រិយភាពល្បីម្នាក់ទៀតហើយ ត្រូវឃាតករពីរនាក់បាញ់នាងចំនួនពីរគ្រាប់ ដែលមួយគ្រប់ត្រូវក្រង់ក និង មួយគ្រាប់ទៀតត្រូវស្មាធ្លាយចេញត្រង់ចង្កេះ នាងត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចារីនៃប្រទេសវៀតណាមជាបន្ទាន់។
ថ្ងៃទី ២៤ កុម្ភ ក្រោយពីការបាញ់ប្រហារទៅលើនាងពៅ បញ្ញាពេជ្រ បានមួយថ្ងៃ លោក ហ៊ី វុទ្ធី ប្រធានសហជីពសេរីកម្មករនៅរោងចក្រកាត់ដេរសាន់តិច ត្រូវឃាតករបាញ់សំលាប់នៅពេលដែលគាត់ចេញពីធ្វើការ។
ថ្ងៃទី ២៧ កុម្ភ ព្រះសង្ឃកម្ពុជាក្រោមជាច្រើនអង្គ បានព្យាយាមប្រមូលផ្ដុំគ្នានៅជិតស្ថានទូតវៀតណាម នៅក្នុងក្រុងភ្នំពេញ ដើម្បីទាមទារអោយអាជ្ញាធម៌វៀតណាម បញ្ឈប់ការចាប់ផ្សឹកព្រះសង្ឃនៅខេត្ដឃ្លាំងកម្ពុជាក្រោម ដែលអាជ្ញាធម៌វៀតណាមបានចាប់ផ្សឹកអស់ចំនួន៣អង្គ ហើយកំពុងប៉ុនប៉ងចាប់ផ្សឹកបន្ដទៀត ក្រោយពីព្រះសង្ឃទាំងនេះ ធ្វើបាតុកម្ម ទាមអោយអាជ្ញាធម៌វៀតណាម បញ្ឈប់ការហាមឃាត់ព្រះអង្គ មិនអោយចេញដើរបិណ្ឌបាត។ ការប្រមូលផ្ដុំព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើឡើង នៅពេលដែលប្រធានាធិបតីវៀតណាម កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា តែការប្រមូលផ្ដុំរបស់ក្រុមព្រះសង្ឃទាំងនេះ ត្រូវរារាំងដោយកងប៉ូលិសកម្ពុជាចំនួន ២០០នាក់មិនអោយធ្វើការជួបជុំគ្នាបានឡើយ។
ថ្ងៃទី ២៨កុម្ភ ធម្មយាត្រាមួយទៀតរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សរបស់លោកកឹម សុខា បានរៀបចំធ្វើនៅថ្ងៃនេះដោយដំនើរថ្មើរជើង ចាប់ចេញដំនើរពីចំនុចវត្ដភ្នំ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ដក្នុងខេត្ដសៀមរាប គេឃើញមានវត្ដមានអិស្សរជនគណបក្សប្រឆាំង មានលោកសមរង្សីជាដើមបានចូលរួមដំនើរនេះដែរ។