ព្រឹត្ដិការណ៍ ខែ ធ្នូ ២០០៦


ថ្ងៃ ទី៤ ធ្នូ លោក​ប៊ីល គ្លិនតុន អតីត​ប្រធាន​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក​អញ្ជើញ​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ លោក​បាន​ចូល​ជួប​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន ហើយ​បាន​ចុះ​ហត្ថ​លេខា​លើ​មូល​និធិ​ប៊ីល គ្លិន​តុន ក្នុង​ការ​ជួយ​ទប់​ស្កាត់​ និង ប្រយុទ្ធ​ប្រ​ឆាំង​ នឹង ជំងឺ​អេដ៍​។​

ថ្ងៃទី ៦ ធ្នូ លោក​ហេង ពៅ អតីត​ស្នង​ការ​ប៉ូ​លិស​ក្រុង​ភ្នំពេញ​ ដែល​រដ្ឋាភិ​បាល​កម្ពុជា​កំពុង​ចោទ​ប្រកាន់​អំពី​បទ​អុក្រិដ្ឋ​កម្ម​ជា​ច្រើន​ករណី​ ហើយ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​លេ​ស៊ី​ និង កំពុង​ជាប់​ពន្ធនា​គារ​នៅ​ទី​នោះ​ដោយ​ទិដ្ឋា​ការ​របស់​គាត់​បាន​ផុត​កាល​កំនត់​ ត្រូវ​អាជ្ញា​ធរ​ប្រទេស​ហ្វាំង​ឡង់​ផ្ដល់​សិទ្ធិ​អោយ​ទៅ​ជ្រក​កោន​នៅ​ទី​នោះ​ អាជ្ញា​ធរ​ក្រុង​ហែល​ស៊ីន​ស្គី​​បាន​ផ្ដល់​ទិដ្ឋា​កា​រ និង សំបុត្រ​យន្ដ​ហោះ​ទៅ​អោយ​លោក​ហេង ពៅ​ក្នុង​ការ​ធ្វើ​ដំណើរ​។​

ថ្ងៃទី ៨ ធ្នូ លោក​ហោ ណាំ​ហុង អុប​នាយក​រដ្ឋ​មន្រ្ដី​ និង ជា​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​កម្ពុជា មាន​ប្រតិ​កម្ម​ធ្ងន់​ៗ​ ចំពោះ​ប្រ​ទេស​ហ្វាំង​ឡង់​ ដែល​ព្រម​ទទួល​យក​លោក​ហេង ពៅ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ ចាត់​ទុក​ជា​អុក្រិដ្ឋ​ជន​ លោក​ហោ ណាំ​ហុង​បាន​ថ្លែង​ថា​ ប្រទេស​ហ្វាំង​ឡង់​ តែង​ទទួល​យក​អុក្រិដ្ឋ​ជន​ ដូច​ជា​លោក សុខ យឺន​ជា​ដើម​ ប្រទេស​កម្ពុជា​ នៅ​មាន​អុក្រិដ្ឋ​ជន​រាប់​ពាន់​នាក់​ទៀត​ បើ​អាជ្ញា​ធរ​ប្រទេស​ហ្វាំង​ឡង់​ ចង់​បាន​ប្រទេស​កម្ពុជា​ នឹង បញ្ជូន​ទៅ​អោយ​បន្ថែម​ទៀត​។
លោក​សេរី កុសល អគ្គ​លេខា​ធិការ​រង​គណ​បក្ស​នរោត្ដម​រណ​រិទ្ធ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​លោក​ដាំ សិទ្ធ ចាង​ហ្វាង​កាសែត​មន​សិការ​ខ្មែរ​ អំពី​បទ​បរិ​ហារ​កេរ្ដ​ ត្រូវ​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ចេញ​ដិការ​អញ្ជើញ​អោយ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ​ខាង​មុខ​។​

ថ្ងៃ ទី៩ ធ្នូ ម្ចាស់​ក្សត្រី​មារី រណ​រិទ្ធ អគ្គ​មហេសី​ស្រប​ច្បាប់​របស់​ទ្រង់​រណ​រិទ្ធ​ បាន​ដាក់​ពាក្យ​ប្ដឹង​ព្រះ​ស្វាមី​ពី​បទ​សហាយ​ស្មន់​ជា​មួយ​នាង​រាំ​របាំ​អប្សរា​អ៊ុក ផលា​ រហូត​ដល់​មាន​បុត្រ​មួយ​ព្រះ​អង្គ​។ យោង​តាម​ច្បាប់​អែក​ពន្ធ​ភាព​ ស្វាមី​ព្រះ​អម្ចាស់​ក្សត្រី​ គឺ​ទ្រង់​រណ​រិទ្ធ​ អាច​ប្រឈម​មុខ​ នឹង ការ​ជាប់​ពន្ធ​នាគារ​ពី​ ១ខែ ដល់​មួយ​ឆ្នាំ​ និង ត្រូវ​បង់​ប្រាក់​ពី​ ២០០​ពាន់​រៀល​ ទៅ​១លាន​រៀល​ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​កំហុស​។​
ទាក់​ទង​ នឹង ទ្រង់​រណ​រិទ្ធ​ដដែល​ គណ​កម្មការ​អចិន្ដ្រៃ​រដ្ឋ​សភា​បាន​ប្រជុំ​ដក​ព្រះ​អង្គ និង ​លោក​ឈឹម សៀក​លេង​ពី​មណ្ឌល​​កំពង់​ចាម​។​

ថ្ងៃ ទី ១២ ម្ដង​ទៀត​ហើយ​សំដេច​នរោត្ដម​សីហនុ​ ដែល​កំពុង​ប្រថាប់​នៅ​ទី​ក្រុង​ប៉េ​កាំង​បាន​ប្រកាស​សរ​សើរ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ ក្នុង​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​ក្នុង​វេប​សាយ​របស់​ព្រះ​អង្គ​ដែល​មាន​ការ​បក​ប្រែ​ក្រៅផ្លូវ​ការ​ដូច​ត​ទៅ​
១ -គេ​ត្រូវ​សរ​សើរ​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ​សំដេច​ហ៊ុន​ សែន និង លោក​ជំទាវ​ សំដេច​ជា ស៊ីម និង​លោក​ជំទាវ​ សំដេច​ហេង សំរិន និង លោក​ជំទាវ​ និង គណ​បក្ស​ប្រជា​ជន​ចំពោះ​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ និង គួរ​អោយ​ចាប់​អារម្មណ៍​ នៃ ​នយោ​បាយ​នៅ​កៀក​ជាប់​ នឹង ប្រជា​រាស្ត្រ​តូច​តាច​ខ្មែរ​ក្នុង​ក្រប​ខណ្ឌ​ នៃ ការ​តស៊ូ​ប្រឆាំង​នឹង​ភាព​ក្រី​ក្រ​។​
២ -ក្នុង​ក្រប​ខណ្ឌ​ នៃ ការ​តស៊ូ​ប្រឆាំង​ នឹង ភាព​ក្រី​ក្រ​នោះ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​ជូន​ពរ​អោយ​គណ​បក្ស​ប្រជា​ជន​ និង ​បណ្តាមេ​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​អាច​ដោះ​ស្រាយ​បាន​បន្តិច​ម្តង​ៗ​ នូវ​បញ្ហា​ទាំង​ឡាយ​របស់​បណ្តា​ជន​ក្រី​ក្រ​ដូច​ជាៈ​
ក -ផ្តល់ រឺ ចែកផ្ទៃដីដាំដុះដល់បណ្តាពួកអ្នកគ្មានដី ។
ខ -ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តាម​កន្លែង​ដែល​មាន​ការ​កាប់​ព្រៃ​ឈើ​អស់​ ពី​ព្រោះ​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នេះ​ម៉្យាង​អាច​ទាក់​ ទាញ​ទឹក​ភ្លៀង​អោយ​ធ្លាក់​ស្រោច​ស្រប់​ដី​ចំការ​ និង ដី​ស្រែ​ហើយ​ម៉្យាង​ទៀត​ធ្វើ​ការ​រា​រាំង​កុំ​អោយ​មាន​ការ​ហូរ​ដឹ​ចាក់​ក្នុង​បឹង​បួរ​ និង ខ្សែ​ទឹក​ស្អាត​ទាំង​ឡាយ​សំរាប់​ប្រជា​រាស្ត្រ​តូច​តាច​ និង ធ្វើ​អោយ​មាន​ត្រី​កាន់​​តែ​ច្រើន​ ៘ សំរាប់​ជា​អាហារ​របស់​ប្រជា​រាស្ត្រ​តូច​តាច​។
៣ -សម័យ​សង្គម​រាស្ត្រនិយម​មាន​ផ្ទៃ​ដី​របស់​ជាតិ​យើង​គ្រប​ដន្តប់​​ដោយ​ព្រៃ​ឈើ​ជាង​ ៧៣​ភាគ​រយ​។ បង​ប្អូន​ខ្មែរលើ​និង ជន​ជាតិ​ភាគ​តិច​ដទៃ​ៗ​ទៀត​ ជា​ម្ចាស់​ នៃ ផ្ទៃ​ដី​ព្រៃ​ព្រឹក្សា​ និង ​ទឹក​។ ពួក​អ្នក​អត់​ការ​ងារ​ធ្វើ​ (អតីត​និស្សិត)​ ត្រូវ​បាន​ស្នើ​អោយ​ក្លាយ​ខ្លួន​ទៅ​ជា​កសិករ​ទទួល​ការ​ជួយ​អុបត្ថម្ភ​ ពី​ការិយា​ល័យ​ នៃ រាជ​សហ​ករណ៍​ រឺ ពី​ខ្លួន​ផ្ទាល់​ និង ពី​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា​ដែល​ផ្តល់​ដល់​ពួក​គេ​នូវ​ដី ផ្ទះ​ សត្វ​ពាហនៈ​ មាន់ ទា និង អុបក​រណ៍​សំរាប់​ធ្វើ​ការ​ងារ​ស្រែ​ចំការ​។
អុស្សា​ហូប​នីយ​កម្ម​ គឺ​ជា​កត្តា​សំខាន់​បំផុត​មួយ​ នៃ ជោគ​ជ័យ​ ក្នុង​ការ​តស៊ូ​ជួយ​ដល់​ជន​រួម​ជាតិ​យើង​ដែល​ស្វែង​រក​ការ​ងារ​ធ្វើ​។​ ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​វែង​ពេក​ទេ​ ពី​ព្រោះ​ចំពោះ​អ្វី​ដែល​សង្គម​រាស្ត្រ​និយម​ រឺ​ គណ​បក្ស​ប្រជា​ជន​បាន​ខិត​ខំ​ធ្វើ​ក្នុង​អុស្សា​ហូប​នីយ​កម្ម​របស់​ប្រទេស​ ​គឺ​សុទ្ធ​តែ​គួរ​អោយ​សរ​សើរ​។
ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី​ បាន​អោយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ដឹង​ថា​ បណ្តា​មេ​ដឹក​នាំ​ នៃ សាធា​រណ​រដ្ឋ​បារាំង​បាន​ធ្វើ​ការ​សរ​សើរ​យ៉ាង​ខ្លាំង​ចំពោះ​របប​ខ្មែរ​បច្ចុប្បន្ន​ (គណ​បក្ស​ប្រជា​ជន​ និង សំដេច​ហ៊ុន​សែន)​ ដែល​ជា​អ្នក​នាំ​អោយ​មាន​ការ​រីក​ចំរើន​ដ៏​ធំ​ធេង​ជា​បន្ត​បន្ទាប់​ក្នុង​គ្រប់​វិស័យ​ នៃ ការ​កសាង​ជាតិ​របស់​យើង​ និង នៃ​ការ​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា​ទូ​ទៅ​។ [កាសែតកោះសន្តិភាព]

ថ្ងៃ ទី១៣ធ្នូ សភាព​អឺរ៉ុប​ក្រោម​កិច្ច​ផ្ដួច​ផ្ដើម​សំរាប់​សិទ្ធិ​មនុស្ស​ និង ប្រជា​ធិប​តេយ្យ បាន​ចុះ​ហត្ថ​លេខា​សំរេច​ផ្ដល់​ថវិការ​ចំ​នួន​២លាន​អឺរូ​ ស្មើ​ នឹង ២,៦ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​អោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន ៩ និង អន្ដរ​ជាតិ​ចំនួន​មួយ​។​

ថ្ងៃ ទី ១៥ធ្នូ រដ្ឋ​សភា​អនុម័ត​ច្បាប់​ថវិការ​សំរាប់​ឆ្នាំ ២០០៧ បន្ទាប់​ពី​បាន​ប្រ​ជុំ​ពិភាក្សា​គ្នា​អស់​ពេល​ជា​ច្រើន​ថ្ងៃ​ ច្បាប់​នេះ​មាន​ ៥​ជំពូក ១៧​មាត្រា​។​ គណ​ប្រតិ​ភូ​ចិន​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​លី ជិនហ័រ បាន​មក​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​។

ថ្ងៃ ទី១៦ ធ្នូ ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​នរោត្ដ​ម​ សីហ​មុនី​ បាន​យាង​ចូល​រួម​ការ​តាំង​ពិពរ​វត្ថុ​បុរាណ​នៅ​ទី​ក្រុង​បូន​ នៃ ប្រទេស​អាល្លឺ​ម៉ង់​។

ថ្ងៃទី១៨ ធ្នូ អែក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ជប៉ុន​ប្រកាស​ជួយ​សង់​ស្ពាន​នៅ​អ្នក​លឿង​ ដែល​ជា​ជំនួយ​អិត​ចំនង​ដល់​ប្រ​ទេស​កម្ពុជា​​។
ថ្ងៃ​ទី ២០ ធ្នូ តាម​សេចក្ដី​រាយ​ការ​មួយ​អោយ​ដឹង​ថា​ ទ្រង់​រណ​រិទ្ធ​ប្រធាន​គណ​បក្ស​រណ​រិទ្ធ ត្រូវ​ប្រឈម​មុខ​ នឹង ការ​ចាប់​ខ្លួន​ទាក់​ទង​ នឹង បណ្ដឹង​របស់​គណ​បក្ស​ហ្វុន​​ស៊ីន​​ប៉ិច ដែល​ប្ដឹង​ព្រះ​អង្គ​ថា​ បាន​លក់​ទី​ស្នាក់​ការ​គណ​បក្ស​ស្ថិត​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ដោយ​ចិត្ដ​អែង​ ដើម្បី​យក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​។​
ធនាគា​អេ​ឌី​ប៊ី ផ្ដល់​ប្រាក់ ៧,៨ លាន​ដុល្លារ ដើម្បី​ជួយ​អភិវឌ្ឍ​ឃុំ​សង្កាត់​នៅ​កម្ពុជា​។​

ថ្ងៃទី ២២ លោក​ហេង ពៅ អតីត​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ដែល​អាជ្ញា​ធរ​ខ្មែរ​បាន​ចោទ​ប្រកាន់​អំពី​អំពើ​អុក្រិដ្ឋ​កម្ម​ជា​ច្រើន​ករណី​ ហើយ​បាន​រត់​ភៀស​ខ្លួន​ និង ត្រូវ​អាជ្ញា​ធរ​ប្រទេស​ម៉ា​លេ​ស៊ី​ចាប់​ដាក់​គុក​ ហើយ​អាជ្ញា​ធរ​ប្រទេស​ហ្វាំង​ឡង់​ធនា​អោយ​ទៅ​ជ្រក​កោន​នៅ​ប្រទេស​គេ​នោះ​ ត្រូវ​ប្រទេស​ម៉ា​លេ​ស៊ី​បញ្ជូន​មក​កម្ពុជា​វិញ​ នៅ​ពេល​ដែល​មក​ដល់​កម្ពុជា​តុលាការ​បាន​ធ្វើ​ការ​សួរ​រួច​ក៏​បញ្ជូន​ទៅ​ដាក់​គុក​ក្នុង​បន្ទប់​ពិ​សេស​មួយ​នៅ​គុក​ព្រៃ​ស​។

ថ្ងៃទី ២៥ ជប៉ុន​សំរេច​ផ្ដល់​ទឹក​ប្រាក់​ចំនួន ១.២០០ យេន​ដល់​កម្ពុជា​ ជា​ជំនួយ​អិត​ចំនង​ សំរាប់​គំរោង​ការ​លើ​ថវិការ​ប្រចាំ​ឆ្នាំ​ ២០០៧។

ថ្ងៃទី ២៦ លោក​ស្រីមួ សុខហួរ អតីត​ក្រសួង​កិច្ច​ការ​នារី​ ត្រូវ​គណ​បក្ស​សម​រង្សី​បោះ​ឆ្នោត​តែង​តាំង​អោយ​ធ្វើ​ជា​អគ្គ​លេខា​ធិការ​បក្ស ការ​បោះ​ឆ្នោត​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​ មាន​ ៤០​សំលេង​ប្រឆាំង​ និង ៦០​សំលេង​ស្រប​។