ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ខែ វិច្ឆកា ២០០៦


ថ្ងៃសៅរ៍ ទី 18.មិថុនា 2022.ម៉ោង 8:28
ថ្ងៃ ទី១ វិច្ឆកា អាជ្ញាធរប៉ូលិសខ្មែរបានចាប់ខ្លួនមនុស្ស ៦នាក់ដោយចោទប្រកាន់ថា ប៉ុនប៉ងធ្វើអំពើភរវកម្ម និង វិច្ឆេតកម្ម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន មនុស្សទាំង៦នាក់ដែលគេចាប់បានពីខេត្ដផ្សេងៗពីគ្នា ហើយត្រូវគេបញ្ជូនទៅឃុំឃាំងខ្លួនយ៉ាងសំងាត់បំផុត គ្មាននរណាម្នាក់អាចចូលជួបធ្វើសំភាសបានឡើយ។
ថ្ងៃទី ២ វិច្ឆកា លោកសេរីកុសល ទីប្រឹក្សា និង ជាមន្រ្ដីស្មោះត្រង់ជាមួយទ្រង់រណរិទ្ធអតីតប្រធានហ្វុនស៊ីនប៉ិច ដែលត្រូវសមាជិក ធ្វើសមាជបណ្ដេញចេញពីប្រធានបក្ស ដំលើងដំណែងព្រះអង្គអោយក្លាយជាប្រធានប្រវត្ដិសាស្រ្ដរបស់បក្ស បានដាក់ពាក្យបណ្ដឹងពីរជាផ្លូវការទៅតុលាការក្រុងភ្នំពេញ។ បណ្ដឹងទី១ ប្ដឹងជំទាស់ពីការសំរេចរបស់ក្រសួងមហាផ្ទៃ ដែលបានទទួលស្គាល់សមាជវិសាមញ្ញហ្វុនស៊ីនប៉ិច ដឹកនាំធ្វើដោយអគ្គលេខាធិការញ៉ឹក ប៊ុនឆៃ បណ្ដឹងទី២ ប្ដឹងជំទាស់ នឹង សមាជនោះដោយចោទថា ជាសមាជធ្វើឡើដោយខុសច្បាប់។
ថ្ងៃទី ៥ វិច្ឆកា ព្រះអម្ចាស់ធម្មិកោ គណប្រតិភូគណបក្សសង្គមជាតិនិយម បានដឹកនាំសមាជិកសមាជិការមួយក្រុមចូលកលទ្រង់រណរិទ្ធនៅប្រទេសម៉ាលេស៊ី ទ្រង់ធម្មិកោ និង ទ្រង់រណរិទ្ធបានជួបពិភាក្សាគ្នាយ៉ាងយូរ ផ្ដោតទៅលើការចាត់ចែងរៀបចំនយោបាយថ្មី ហើយដែលទ្រង់ធម្មិកោ មានគោលបំណងយ៉ាងខ្លាំង សុំយាងអោយទ្រង់រណរិទ្ធប្រធានហ្វុនស៊ីនប៉ិចដែលត្រូវគេធ្វើសមាជដកចេញកាលពីថ្ងៃទី១៨ តុលាខែមុន អោយចូលធ្វើជាថ្នាក់ដឹកនាំក្នុងគបក្សថ្មី សង្គមជាតិនិយមរបស់ទ្រង់ ទ្រង់រណរិទ្ធដែលកំពុងស្ថិតនៅក្នុងស្ថានភាពបាត់បង់ជំហ៊រនយោបាយជិតអស់រលឺងទៅហើយ ហើយដែលកំពុងប្រវេប្រវាបង្កើតគណបក្សថ្មីមួយទៀតនោះ មិនទាន់ឆ្លើយតបជាមួយទ្រង់ធម្មិកោ ថាម៉េចនៅឡើយទេ។
ថ្ងៃទី ៩វិច្ឆកា មន្រ្ដីស្និទ្ធ នឹង ទ្រង់រណរិទ្ធ បានអោយដឹងថា គេបានដាក់ពាក្យសុំបង្កើតគណបក្សនរោត្ដមរណរិទ្ធ ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងមហាផ្ទៃបានច្រានចោលពាក្យសុំ ដែលបានដាក់កាលពីដើមសប្ដាហ៍ ដោយសំអាងថា ការប្រើឈ្មោះ និង និមិត្ដរូបសញ្ញាបក្សដោយដាក់រូបព្រះឆាយាលក្ខណ៍របស់ទ្រង់រណរិទ្ធ ហើយដោយពុំមានការលាយព្រហត្ថលេខា រឺ លាយលក្ខណ៍អក្សរបញ្ជាក់ផ្ទាល់នោះ ក្រសួងមហាផ្ទៃពុំមានចេតនាណាមួយក្នុងការរារាំងនោះទេ គឺគ្រាន់តែចង់ធ្វើការអោយបានត្រឹមត្រូវ និង មានការប្រុងប្រយ័ត្នប៉ុណ្ណោះ។
ថ្ងៃ ទី១១ វិច្ឆកា លោកញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស ហ្វុនស៊ីនប៉ិច បានផ្ញើលិខិតជាផ្លូវការចុះថៃ្ងទី៨ ខែវិច្ឆិកា ឆ្នាំ២០០៦នេះ ជូនទៅព្រះរាជអាជ្ញា អមតុលាការក្រុងភ្នំពេញ ប្តឹង ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធិ ពីបទរំលោភសេចក្តីទុកចិត្ត របស់បក្ស។ [ដង្កូវក្នុងសាច់] លិខិតបានចោទថា ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធិ អតីតប្រធានគណបក្សហ្វុនស៊ីនប៉ិច បានចុះហត្ថលេខា លក់ទីស្នាក់ការកណ្ដាលរបស់បក្សជាអត្តនោម័ត អោយទៅក្រុមហ៊ុន លីឈួង សំណង់ និង អាហរ័ណ នីហរ័ណ ក្នុងតំលៃ ៣លាន ៦សែនដុល្លារអាមេរិក កាលពីថៃ្ងទី៥ ខែសីហា ឆ្នាំ២០០៥ ដោយមានលោក ឈឹម សៀកឡេង ជាតំណាងក្នុងការចុះកិច្ចសន្យា ទិញលក់ ទីស្នាក់ការ ដែលនៅកណ្ដាលទីក្រុងភ្នំពេញនោះ។
កាលណោះ ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ អះអាងថា ព្រះអង្គ សំរេចលក់មកពីទីស្នាក់ការមានហុងស៊ុយមិនល្អ បានន័យថា គ្មានរាសីល្អទេ បើទីស្នាក់ការនៅតែតាំងនៅទីនោះ។ [គួរអោយអស់សំណើច ដល់លក់ទីស្នាក់ដែលអះអាងថា ហុងស៊ុយមិនល្អនោះទៅ រត់ទៅរកទីហុងស៊ុយល្អ ស្រាប់តែទ្រង់រណរិទ្ធ ធ្លាក់ខ្លួនកាន់តែខ្លាំង រត់សាត់ត្រាត់សែងត្រែងលែងមានផ្ទះជ្រកតែម្ដង។ ច្រេះវាកើតពីដែក វាក៏ស៊ីដែកវិញ] លោក ញឹក ប៊ុនឆៃ បានអោយដឹងទៀតថា លុះដល់ដើមខែតុលា ឆ្នាំ២០០៥ ព្រះអង្គម្ចាស់ នរោត្តមរណរិទ្ធិ និង លោក ឈឹម សៀកឡេង ចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនដដែលក្នុងការចាក់ដី និង សាងសង់ របងទីស្នាក់ការគណបក្សថ្មី នៅជាយក្រុងភ្នំពេញ ក្នុងទឹកប្រាក់តំលៃ ៣៨ម៉ឺន ដុល្លារអាមេរិក។ ហើយនៅថៃ្ងទី១១ ខែមីនា ឆ្នាំ២០០៦ អ្នកទាំងពីរ ក៏បានចុះកិច្ចសន្យាម្តងទៀត ជាមួយក្រុមហ៊ុនដដែល ក្នុងការសាងសង់អគារទីស្នាក់ការបក្សថ្មី ក្នុងទឹកប្រាក់ តំលៃ ២លាន ២ម៉ឺនដុល្លារ អាមេរិក។ លោកញឹក ប៊ុនឆៃ បញ្ជាក់ថា ការចុះកិច្ចសន្យាទាំងពីរលើកនេះ គ្មានការពិគ្រោះយោបល់ជាមួយគណៈកម្មាធិការនាយក និង ក្រុមប្រឹក្សាជាតិ គ្មានការដេញថៃ្ល គ្មានតំលាភាព។ លោក ញឹក ប៊ុនឆៃ ស្នើសុំអោយតុលាការសំរេចផ្តន្ទាទោសព្រះអង្គម្ចាស់នរោត្តមរណរិទ្ធិ តាមច្បាប់ និង សុំបង្គាប់អោយព្រះអង្គ សងការខូចខាតប្រាក់ចំនួន ៣លាន ៦សែនដុល្លារ អាមេរិក អោយទៅគណបក្សហ្វុនស៊ីនប៉ិចវិញ [វិទ្យុអាស៊ីសេរី]
ថ្ងៃទី ១២ វិច្ឆកា បន្ទាប់ពីមហាសន្និបាតវិសាមញ្ញហ្វុនស៊ីនប៉ិចដកទ្រង់រណរិទ្ធពីប្រធានកាលពីថ្ងៃទី ១៨ តុលាមក ទ្រង់រណរិទ្ធបានយាងចូលមកកម្ពុជាវិញដោយស្ងាត់ៗ តាមច្រកអាកាសយាន្ដដ្ឋានក្រុងសៀមរាប កាលពីម្សិលមិញ ព្រះអង្គកំពុងតែមានបំណងយ៉ាងខ្លាំង ក្នុងការបង្កើតគណបក្សថ្មីមួយទៀត ដើម្បីព្រះអង្គបានចូលប្រលូក ក្នុងលានសមរភូមិនយោបាយម្ដងទៀត ថ្ងៃនេះព្រះអង្គបានយាងទៅសួរសុខទុក្ខប្រជារាស្រ្ដនៅឃុំច្បារមនខេត្ដកំពង់ស្ពី ព្រះអង្គមានបន្ទូលនៅទីនោះថា អាជ្ញាធរពន្យាពេលក្នុងការអនុញ្ញាតអោយព្រះអង្គបង្កើតគណបក្សរណរិទ្ធ ជាលេសដើម្បីកុំអោយគណបក្សថ្មីនេះអាចចូលរួមបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយប៉ុណ្ណោះ។ ទាក់ទង នឹង សំព័ន្ធភាពរវាងគណបក្សសង្គមជាតិនិយមរបស់ទ្រង់ធម្មិកោ ព្រះអង្គមិនបដិសេធឡើយ។
ថ្ងៃទី ១៦ វិច្ឆកា គណបក្សរណសិរ្សជនជាតិខ្មែរ ដឹកនាំដោយលោកសុត ឌីណា បានធ្វើសមាជវិសាមញ្ញប្ដូរឈ្មោះប្ដូរលក្ខន្ដិក បទបញ្ជាផ្ទៃក្នុងផ្សេងៗ គណបក្សត្រូវប្ដូរឈ្មោះទៅជាគណបក្សរណរិទ្ធ សមាជិកសមាជិការដែលចូលរួមសមាជ បានសំរេចថ្វាយអោយទ្រង់រណរិទ្ធឡើងកាន់អំនាចជាប្រធានបក្ស ទ្រង់រណរិទ្ធ ដែលកំពុងតែជួបបញ្ហាបង្កើតគណបក្សថ្មីហើយដែលព្រះអង្គធ្លាប់តែជាប្រធានបក្សដ៏ធំមួយ មានអំនាច ធ្លាប់ជានាយករដ្ឋមន្រ្ដី ហាក់ដូចជាបានលេចធ្លោឡើងនៅក្នុងគណបក្សដ៏តូចស្គមកំព្រឹងមួយនៅថ្ងៃនេះ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនសរសេរសំបុត្រលាលែងពីហ្វុនស៊ីនប៉ិចទេ ហើយព្រះអង្គនៅតែប៉ុនប៉ងប្ដឹងក្រសួងមហាផ្ទៃដែលទទួលស្គាស់សមាជវិសាមញ្ញរបស់ហ្វុនស៊ីនប៉ិចដឹកនាំដោយ ញ៉ឹក ប៊ុនឆៃ កាលពីថ្ងៃ ១៨តុលានោះ ដែលព្រះអង្គចាត់ថាជាអំពើខុសច្បាប់។
ថ្ងៃទី ២០ វិច្ឆកា ប្រធានាធិបតីកូរេខាងត្បូង លោករូមួយុន មកធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជាក្នុងរយពេល ៤ថ្ងៃ ចាប់តាំងពីប្រទេសកូរេ និង ប្រទេសកម្ពុជាធ្វើទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៧មក លោករូមួយុន នឹង ចូលជួប លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗបី ៖
- ចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកអោយអ្នកកាន់លិខិតឆ្លងដែនការទូត និង លិខិតឆ្លងដែនផ្លូវការ នៃ រដ្ឋាភិបាល នៃ ប្រទេសទាំងពីរ ចេញចូលបានដោយមិនបាច់សុំទិដ្ឋាការ
- ពង្រឹង ការវិនិយោគទុនលើវិស័យនានា របស់ក្រុមហ៊ុនកូរេ មកក្នុងទីផ្សារកម្ពុជា
- ចុះហត្ថលេខាលើការសំរបសំរួលប្រាក់កំចី ដែលកម្ពុជាគ្រោង នឹង ខ្ចីប្រទេសកូរេខាងត្បូងដើម្បីយកមកពង្រីកបណ្ដាញពត៌មានរដ្ឋបាល សំរាប់ការិយាល័យរដ្ឋបាលខេត្ដក្រុង។
ដោយលែក ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី កំពុងធ្វើទស្សនកិច្ចនៅប្រទេសបារាំង ក្រោមការទទួលយ៉ាងសែនមហោលារិកពីប្រធានាធិបតី ហ្សាក់ស៊ីរាក់។
ថ្ងៃទី ២៧ វិច្ឆកា ក្រុមសកម្មជនការពារសិទ្ធិមនុស្សជាង ១០០នាក់ ដែលប៉ុនប៉ងទៅបង្ហោះខ្លែងនៅមុខមន្ទីររដ្ឋសភា ដើម្បីទាមទារ ការបញ្ចេញមតិដោយសេរី ត្រូវអាជ្ញាធរប៉ូលិសរារាំង ព្រមទាំងបានរិបអូសយកអុបករផ្សេងៗ មានខ្លែងជាច្រើនទៀតផង ការបង្ក្រាបរារាំង និង រិបអូសយកអុបករទាំងនេះ កើតឡើងពីការមិនចុះសំរុងគ្នារវាងអាជ្ញាធរខណ្ឌដូនពេញ និងដំណាងសង្គមស៊ីវិល លោកប៉ា ងួនទៀង និង ក្រុមសមាជិកសិទ្ធិមនុស្សជាច្រើនទៀត។
ថ្ងៃ ទី ២៨ វិច្ឆកា ក្រសួងមហាផ្ទៃ ដែលមានលោកអុបនាយករដ្ឋមន្រ្ដី ស ខេងជាប្រធាន បានចុះហត្ថលេខាទទួលស្គាល់គណបក្សរណរិទ្ធ ជាផ្លូវការហើយ។ ដោយលែកលោកលឺ ឡាយស្រេង អនុប្រធានទី១ នៃ គណបក្សហ្វុនស៊ីនប៉ិច បានព្រមានថា ការបោះឆ្នោតរកសំលេងគាំទ្រពីប្រជាពលរដ្ឋ ដែល នឹង ប្រព្រឹត្ដទៅក្នុងលំដាប់ជ្រើសរើសឃុំសង្កាត់ខាងមុខនេះ នឹងមិនអាចនាំអោយគណបក្សរាជានិយមទាំងពីរបានជោគជ័យនោះទេ បើសិនជាគណបក្សនយោបាយរាជានិយមទាំងពីរបន្ដការឈ្លោះប្រកែកហែកហួរគ្នាមិនឈប់។
ថ្ងៃទី ២៩ វិច្ឆកា សំដេចសង្ឃរាជ ទេពវង្ស ប្រកាសក្នុងមហាសន្និបាតអនុវច្ឆរសង្ឃនៅទីក្រុងភ្នំពេញ ដែលមានមន្រ្ដីសង្ឃនិមន្ដមកពីគ្រប់ខេត្ដក្រុងចូលរួមផងថា កុំអោយភ្លេចថ្ងៃ ៧មករា ថ្ងៃ៧មករា ជាថ្ងៃដែលនាំអោយមានអ្វីៗ ទាំងអស់ជាថ្ងៃដែលនាំមក នូវ ព្រះពុទ្ធសាសនា ជាថ្មីឡើងវិញ ថ្ងៃ៧មករាជាថ្ងៃដែលព្រះជាម្ចាស់ ដូចអ្វីៗដែលលោកនាយករដ្ឋមន្រ្ដីហ៊ុន សែនប្រកាស ហើយជាមតិយោបល់ដែលមានការគាំទ្រពេញប្រទេស។ ប្រតិកម្ម នឹង ការប្រកាសនេះលោកសមរង្សីប្រធានគណបក្សសមរង្សីថ្លែងថា ព្រះសង្ឃរាជព្រះអង្គមានការយល់ច្រលំ ពុទ្ធចក្រ និង អាណាចក្រ ហើយព្រះអង្គក្លាយជាអ្នកនាំពាក្យគណបក្សកាន់អំណាចតែម្ដង។
ថ្ងៃទី ៣០ វិច្ឆកា លោកនាយករដ្ឋមន្រ្ដីប្រទេសស្រីលង្កា លោករតនាសរិ វិក្រេម៉ាណាយ៉ាកា មកធ្វើទស្សនកិច្ចចំនួន៤ថ្ងៃនៅកម្ពុជា លោកបានចូលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ហើយលោកបានសូមថ្លែងអំណរអរគុណចំពោះប្រទេសកម្ពុជា ដែលជួយបញ្ឈប់ការនាំអាវុធខុសច្បាប់ទៅប្រទេសស្រីលង្កា ដែលអាវុធទាំងនោះធ្លាក់ទៅលើដៃពួកក្រុមអុទ្ទាមខ្លាតាមិល ដែលកំពុងធ្វើសង្រ្គាមប្រឆាំង នឹង រដ្ឋាភិបាលរបស់លោក លោកក៏បានស្នើសុំអោយបន្ដការចរចាគ្នា អំពីចារកម្ម ដោយលោកបានស្នើអោយលោកអុត្ដមសនីយមួយរូប នៃ ប្រទេសស្រីលង្កា បន្ដសហការជាមួយភាគីប្រទេសកម្ពុជា ក្នុងការផ្ដល់ពត៌មានអោយប្រទេសស្រីលង្កា។ លោកហ៊ុន សែនបានឆ្លើយតបជាវិជ្ជមានភ្លាម ដោយប្រគល់ភារកិច្ចនេះជូនទៅលោកទា បាញ់ អុបនាយករដ្ឋមន្រ្ដី និង ជារដ្នមន្រ្ដីក្រសួងការពារជាតិ និង លោកអុត្ដមសនីយផ្កាយមាស ហុក ឡងឌី អគ្គនាយកនគរបាលជាតិ អោយជួយរាំងខ្ទប់កុំអោយអាវុធធ្លាក់ទៅដល់ពួកអុទ្ទាមខ្លាតាមិល និង ពួកបណ្ដាញភរវករ។