ព្រឹត្ដិការណ៍ ខែ កញ្ញា ២០០៦


ថ្ងៃសៅរ៍ ទី 4.មិថុនា 2022.ម៉ោង 9:12

ថ្ងៃ ទី១ កញ្ញា អតីត​មេ​ប៉ូលិស​​ក្រុង​​ភ្នំពេញ​ លោក​ហេង ពៅ ដែល​អាជ្ញា​ធរ​ខ្មែរ​តាម​ចាប់​ខ្លួន​​​ជា​​យូរ​មក​ហើយ​នោះ​ ត្រូវ​អាជ្ញា​ធរ​ប៉ូលិស​ក្រុង​សិង្ហ​បុរី​ចាប់​ខ្លួន​ ពី​បទ​ចោទ​ប្រកាន់​ រំលោភ​ច្បាប់​អន្ដោ​ប្រវេស​ ដោយ​ទិដ្ឋា​ការ​របស់​ហេង ពៅ​ត្រូវ​ផុត​កំនត់​កាល​ពី​អា​ទិត្យ​មុន​ គេ​មិន​ដឹង​ថា តើ​អាជ្ញា​ធរ​សិង្ហ​បុរី​ នឹង បញ្ជូន​ហេង ពៅ​ទៅ​ទីណា​នៅ​ឡើយ​ទេ​។​

ការ​ប្រជុំ​បន្ដ​ស្ដី​ពី​ច្បាប់​អែក​ពន្ធ​ភាព​ និង ច្បាប់​សិទ្ធិ​តំណាង​រាស្រ្ដ​បាន​ជជែក​វែក​ញែក​ យ៉ាង​ជំរោង​ជំ​រះ ការ​បោះ​ឆ្នោត​សំរេច​ បាន​ប្រ​​ព្រឹត្ដ​ធ្វើ​ទៅ​ទទឹង​ទទូស​គ្នា​ ក្រុម​តំណាង​រាស្រ្ដ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ដើរ​ចេញ​ គណ​បក្ស​ប្រឆាំង​សម​រង្សី​បាន​នៅ​​ចូល​រួម​រហូត​ដល់​ចប់​។​

ថ្ងៃ ទី ២ កញ្ញា ​អតី​ព្រះ​មហា​ក្សត្រ​នរោត្ដម​សីហនុ​ និង ព្រះ​ជយា​ អម​ព្រះ​រាជ​ដំនើរ​ដោយ​ព្រះ​មហា​ក្សត្រ​នរោត្ដម​ សីហ​មុនី​ យាង​ចេញ​ពី​កម្ពុជា​ ក្នុង​ព្រះ​រាជ​ដំនើរ​យាង​ទៅ​កាន់​ប្រទេស​ចិន​ ក្នុង​ព្រះ​រាជ​បំនង​យាង​ទៅ​ពិនិត្យ​សុខ​ភាព​ គេ​ឃើញ​មន្រ្ដី​ជាន់​ខ្ពស់​ធំ​ៗ​ នៃ រដ្ឋា​ភិបាល​ជា​ច្រើន​រូប​ បាន​បាន​អញ្ជើញ​មក​ជូន​ព្រះ​រាជ​ដំនើរ​ផង​ដែរ​។​ តាម​ព្រះ​រាជ​សារ​ចុះ​ថ្ងៃ​ទី​១​ម្សិល​មិញ​ ព្រះ​មហា​ក្សត្រ​នរោត្ដម​ សីហ​មុនី​ ទ្រង់​អវត្ដ​មាន​នៅ​ក្នុង​ប្រទេស​ចាប់​ពី​ដើម​ខែ​ កញ្ញា ដល់​ពាក់​កណ្ដាល​ខែ​តុលា​ក្នុង​ព្រះ​រាជ​ដំនើរ​ទៅ​ពិនិត្យ​សុខ​ភាព​នៅ​សាធា​រណ​រដ្ន​ចិន​ ហើយ​ នឹង យាង​ទៅ​ធ្វើ​ទស្សន​កិច្ច​ នៅ​ឆេកូ​ស្លូ​វាគី​ និង ទៅ​កាន់​សាធា​រណ​រដ្ឋ​បារាំង​ផង​ដែរ​។​

ថ្ងៃ ទី ៤ ខែ​កញ្ញា រថ​យន្ដ​ដឹក​ប្រអប់​ខ្មៅ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​ របស់​លោក​កឹម​ សុខា ត្រូវ​អាជ្ញា​ធរ​​ប៉ូលិស​ខ័ណ្ឌ​ទួល​គោក​ចាប់​ឃាត់​ បន្ទាប់​ពី​បើក​ចេញ​ពី​ការិ​យាល័យ​បាន​បន្ដិច​ប៉ុណ្ណោះ​ អែ​ខេត្ដ​បាត់​ដំបង​ ក្រុម​អាជ្ញា​ធរ​ប៉ូ​លិស​ក៏​បាន​ធ្វើ​ការ​ឃា​ឃាំង​ពួក​ក្រុម​សិទ្ធិ​មនុស្ស​ ដែល​បំរុង​យក​ប្រអប់​ខ្មៅ ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ ដូច​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ដែរ​។ ទាក់​ទង​ នឹង ការ​ឃា​ឃាំង​ និង ចាប់​ខ្លួន​អ្នក​បើក​រថ​យន្ដ​ដឹក​ប្រអប់​ខ្មៅ​នេះ​ លោក​ចូសេហ្វ​មូសូ​មែលី​ អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​មេ​រិក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ មិន​មែន​ជា​ទង្វើ​របស់​រដ្ឋា​ភិបាល​ទេ​ នោះ​ជា​ការ​​ភ័ន្ដ​ច្រលំ​ នោះ​ជា​កំហុង​ឆ្គង​មួយ​។​

គណ​បក្ស​ថ្មី​សង្គម​​ជាតិ​និយម​ដែល​ទើប​បង្កើត​ របស់​ទ្រង់​​ស៊ីសុវត្ថិ ធម្មិកោ បាន​ចោទ​អាជ្ញា​ធរ​ក្រុង​ភ្នំ​ពេញ និង​ ក្រសួង​មហា​ផ្ទៃ​ថា​ បាន​ហាម​ឃាត់​គណ​បក្ស​ខ្លួន​ មិន​អោយ​លើក​ផ្លាក​សញ្ញា​គណ​បក្ស​ នៅ​ទី​ស្នាក់​ការ​ធំ​នៅ​ក្រុង​ភ្នំ​ពេញ​ឡើយ​។​ការ​ហាម​ឃាត់​នេះ​ ក្រសួង​មហា​ផ្ទៃ​បាន​អះ​អាង​ថា​ គណ​បក្ស​ថ្មី​នេះ មិន​ទាន់​បាន​ទទួល​ស្គាល់​តាម​លក្ខណ​ច្បាប់​នៅ​ឡើយ​​ទេ​។​

ថ្ងៃ ទី៦ កញ្ញា លោក​ទៀង​ ណា​រិទ្ធ​សាស្រ្ដា​ចារ្យ​ប្រវត្ដិ​សាស្រ្ដ​ បង្រៀន​នៅ​សកល​វិទ្យា​ល័យ​សីហនុ​រាជ​ ត្រូវ​នាយក​សាលាបណ្ដេញ​អោយ​គាត់​ឈប់​បង្រៀន​កាល​ពី​ចុង​ខែ​មុន ត្រូវ​អាជ្ញា​ធរ​ប៉ូ​លិស​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ពី​បទ​ចោទ​ប្រកាន់​ថា​ ផ្សាយ​ពត៌​មាន​​មិន​ពិត​។ សូម​បញ្ជាក់​ថា​ លោក​ទៀង​ ណារិទ្ធ​បាន​សរ​សេរ​សៀវ​ភៅ​មួយ​ឈ្មោះ​ថា ទស្សន​វិជ្ជា​នយោ​បាយ​។ ក្នុង​នោះ​លោក​ទៀង​ ណារិទ្ធ​សរ​សេរ​រិះ​គន់​មេ​ដឹក​នាំ​រដ្ឋា​ភិបាល​យ៉ាង​ធ្ងន់​ៗ​ ពី​ការ​សំលាប់​តួ​កុន​នាង​ពិសិដ្ឋ​ ពលិកា, សំលាប់​លោក​អុត្ដម​សេណី​ហូ សុខ ជា​ដើម​។​

ថ្ងៃ ទី៧ កញ្ញា តុលា​ការ​ក្រុង​ភ្នំ​ពេញ​បើក​សវនា​ការ​ជំនុំ​ជំរះ​ក្ដី​ ផ្ដន្ទា​ទោស​ និង ផ្អាក​បណ្ដោះ​អាសន្ន​ចំពោះ​គណ​បក្ស​នយោ ​បាយ​តូច​ៗ​ ចំនួន​៧​ ពី​បទ​ចោទ​ប្រកាន់​ថា​ រំលោភ​ច្បាប់​ស្ដី​ពី​គណ​​បក្ស​នយោ​បាយ​។ តុលា​ការ​បាន​ធ្វើ​សវ​នា​ការ​ផ្ដន្ទា​ទោស​ ដោយ​កំបាំង​មុខ ព្រោះ​ពុំ​មាន​គណ​បក្ស​ណា​មួយ​ នៃ គណ​បក្ស​ទាំង​៧ ចូល​រួម​សវនា​ការ​ឡើយ​ តុលា​ការ​បាន​ផាក​ពិន័យ​គណ​ បក្ស​​នីមួយ​ៗ​ អោយ​បង់​ប្រាក់​ចំនួន​ ៦​លាន​រៀល​ចូល​ថវិការ​រដ្ឋ។ គណ​បក្ស​ទាំង​៧ ដែល​ត្រូ​ចោទ​ប្រកាន់​មាន​៖​
១ - គណបក្ស ស្រ្តីសង្គ្រោះកម្ពុជា ដឹកនាំដោយ លោកស្រី នូ សេនមុំ
២ - គណបក្ស ធម្មាធិបតេយ្យស្រ្តី និង ជាតិ ដឹកនាំដោយ លោកស្រី ពោធិ តី
៣ - គណបក្ស កម្ពុជាអព្យាក្រឹត ប្រជាធិតេយ្យ ដឹកនាំដោយ លោក ជា រិទ្ធី
៤ - គណបក្ស កម្ពុជាថ្មី ដឹកនាំដោយ លោក កែប ស្រល្បឹង
៥ - គណបក្ស ប្រជាធិតេយ្យសេរី សង្គ្រោះជាតិ ដឹកនាំដោយ លោក ចាន់ វ៉ែន
៦ - គណបក្ស ពន្លីសេរីភាព ដឹកនាំដោយ លោក ថាច់ រ៉េន ដែលបាន ស្លាប់ទៅហើយ
៧ - គណបក្ស សេរី បង្រួបបង្រួមជាតិ ដឹកនាំដោយ លោក សំរិត រ៉េត។
អែក​សារ​បាន​អះ​អាង​ថា គណ​បក្ស​នយោ​បាយ​ទាំង​៧​ ខាង​លើ​ គឺ ស្ថិត​នៅ​ក្នុង​ចំនោម​គណ​បក្ស​នយោ​បាយ​សរុប​ ចំនួន​៤១ បង្កើត​ក្នុង​ឆ្នាំ១៩៩៨ ហើយ​គណ​បក្ស​នយោ​បាយ​ ទាំង​៧​នេះ មិន​បាន​ផ្ញើ ​អែក​សារ​ប្រចាំ​ឆ្នាំ​ មក​អោយ​​ក្រសួង​មហា​ផៃ្ទ​​ទេ​។​

ការ​រៀប​ចំបោះ​បង្គោល​ព្រំដែន​ជា​លើក​ដំបូង​ ត្រូវ​បាន​គេ​រៀប​ចំ​បោះ​បង្គោល​បថម​សិលា​រវាង​កម្ពុជា​-​វៀត​ណាម​នៅខេត្ដ​ស្វាយ​រៀង​ត្រង់​ច្រក​បាវិត​ និង ម៉ុក​បាយ​ ការ​សំពោធ​បង្គោល​ព្រំ​ដែន​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា​ដោយ​នាយក​រដ្ឋ​មន្រ្ដី​នៃ​ប្រទេស​ទាំង​ពីរ​។

ថ្ងៃ ទី ៩ កញ្ញា ទ្រង់​រណ​រិទ្ធ​យាង​ចូល​កម្ពុជា​វិញ​។ នៅ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំ​ទ្រ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​មួយ​ចំនួន​ ទ្រង់​មាន​ប្រតិ​កម្ម​ នឹង ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ហាម​មិន​អោយ​ធ្វើ​ការ​ប្រលង​ ប្រ​គួន​ប្រ​ជែង​បវរ​កញ្ញា​នៅ​កម្ពុជា​ថា​ ការ​ប្រ​លង​បវរ​កញ្ញា​នេះ​ គឺ​ជា​ការ​បង្ហាញ​វិស័យ​វប្ប​ធម៌​ និង​ ទេស​ចរណ៍​ដល់​ពិភព​លោក​។​

ថ្ងៃ ទី១៣ កញ្ញា ជន​សង្ស័យ​ខ្មែរ​កម្ពុ​ជា​ក្រោម​បី​នាក់​ ត្រូវ​អាជ្ញា​ធរ​​ប៉ូលិស​កម្ពុជា​ចាប់​ខ្លួន​ ពី​បទ​ចោទ​ប្រកាន់​ថា​ ផ្សាយ​ពត៌​មាន​មិន​ពិត​ កាល​ពី​ថ្ងៃ​ទី ១១ កញ្ញា​ ហើយ​ត្រូវ​បញ្ជូន​ឡើង​តុលា​ការ​ថ្ងៃ​នេះ​ ដើម្បី​ចោទ​ប្រកាន់​ទោស​។ មនុស្ស​បី​នាក់​នេះ​​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ បាន​បាច​ខិត្ដ​ប័ណ្ឌ​កាល​ពី​ខែ​មិថុនា​ ជេរ​ប្រមាថ​មេ​ដឹក​នាំ​រដ្ឋា​ភិបាល​ថា​ បាន​ប្រ​ព្រឹត្ដ​អំពើ​អុក្រិដ្ឋ​កម្ម​ជា​ច្រើន​ លើ​ស​ពី​នេះ​ទៀត​ អាជ្ញា​ធរ​ប៉ូលិស​សង្ស័យ​ថា ជន​កម្ពុ​ជា​ក្រោម​ទាំង​បី​នាក់​នេះ​អាច​មាន​ការ​ពាក់​ពាន់​ នឹង ក្រុម​ចលនា​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ទើប​ នឹង បង្កើត​រដ្ឋា​ភិបាល​នៅ​ក្រៅ​ប្រទេស​ ដែល​មាន​លោក​ថាច់​ ចាន់​ ជា​នាយក​រដ្ឋ​មន្រ្ដី​ឈ្មោះ​ថា​ អុត្ដម​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ក្រោម​។​ លោក​ថាច់ ចាន់ មាន​ប្រសាសន៍​ក្នុង​បទ​សំភាស​មួយ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ថា​៖​ លោក​មិន​បាន​ដឹង​ មិន​បាន​លឺ មិន​បាន​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​បី​នាក់​ ដែល​អាជ្ញា​ធរ​ចាប់​ខ្លួន​នោះ​ទេ​។​

ទ្រង់​ធម្មិកោ និង លោក​សម​រង្សី​ ចូល​អង្គុយ​តុ​មូល​ជា​មួយ​គ្នា​ ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ មេ​បក្ស​ទាំង​ពីរ​រូប​នេះ​កំពុង​​ព្យា​យាម​ស្វែង​រក​សំព័ន្ធ​ភាព​ណា​មួយ​ជា​មួយ​គ្នា​។​

ថ្ងៃ ទី ១៥ កញ្ញា សំដេច​នរោត្ដម​សីហនុ​ អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ដែល​កំពុង​នៅ​ពិនិត្យ​រោគ​ ក្នុង​រយ​ពេល​យូរ​នៅ​ក្រុង​ប៉េ​​កាំង​ បាន​​ចេញ​ព្រះ​រាជ​សារ​បដិ​សេធ​មិន​ទទួល​យក​អំណាច​ណា​​មួយ​ទៀត​ទេ​ ក្រោយ​ពី​ទ្រង់​រណ​រិទ្ធ​ ដែល​មាន​ការ​គាំ​ទ្រ​ភ្លាម​ៗ​ពី​ទ្រង់​ធម្មិ​កោ​ ប្រកាស​ថា​ ចង់​បង្កើត​ចលនា​បង្រួប​បង្រួម​ជាតិ​មួយ​ ហើយ​ប្រ​គល់​អំណាច​ទាំង​អស់​ថ្វាយ​សំដេច​នរោត្ដម​សីហនុ​ ដែល​មាន​ជរា​ភាព​អាយុ ៨៣​វស្សា​ទៅ​ហើយ​ ជា​អ្នក​ដឹក​នាំ​។​ រាជ​សារ​សំដេច​នរោត្ដម​សីហនុ​ ទ្រង់​ព្រះ​សិខិត​ថា​ «ការ​ចូល​និវត្ដន៍​សំរាប់​ជីវិត​ចុង​បញ្ចប់​របស់​ខ្ញុំ​នេះ​ គឺ​គ្មាន​ និង ពុំ​មាន​ផ្លូវ​អែ​ណា​ដែល​ខ្ញុំ​យល់​ព្រម​ទទួល​តំណែង​ជា​នាយក​រដ្ឋ​មន្រ្ដី​ រឺ ជា​ប្រមុខ​រដ្ឋា​ភិបាល​ រឺ ប្រធាន​ព្រឹទ្ធ​សភា រឺ ប្រធាន​សភា​ រឺ មុខ​ងារ​តំណែង​ណា​មួយ​ ទាំង​អស់​ក្នុង​ចូល​និវត្ដន៍​របស់​ខ្ញុំ​​ឡើយ​។​

ចាង​ហ្វាង​កាសែត​មន​សិការ​ខ្មែរ​ លោក​ ដាំ សិទ្ទ ត្រូវ​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ ធ្វើ​សវនា​ការ​ផ្តន្ទា​ទោស​ ពី​បទ​ចោទ​ប្រកាន់​ថា​ ផ្សាយ​ពត៌​មាន​មិន​ពិត​ ដោយ​ផាក​ពិន័យ​ជា​ប្រាក់​ ៨​លាន​រៀល​ និង ត្រូវ​បង់​ផាក​ពិន័យ​ជូន​រដ្ឋា​ភិបាល​ ១០​លាន​រៀល​ទៀត​ រួម​សរុប​ត្រូវ​ជា ​១៨​លាន​រៀល​។​

ថ្ងៃ ទី ១៦ កញ្ញា គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ដែល​កំពុង​ចង់​ស្ដារ​មុខ​មាត់​ឡើង​វិញ​ពី​ការ​ចុះ​អោន​ថយ​ គេ​កំពុង​មើល​ឃើញ​ថា​ កំពុង​បង្ហាញ​ពី​ការ​បែក​បាក់​ងាក​រេ​ចេញ​ពី​គណ​បក្ស​ប្រជា​ជន​ជា​ថ្មី​ ដោយ​ទ្រង់​នរោត្ដម​​រណ​រិទ្ធ​​បាន​ប្រកាស ​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំ​ដែន​ បឋម​សិលា​​នៅ​បវិត​ ម៉ុក​បាយ​ទេ​ ព្រោះ​ការ​ធ្វើ​នោះ​ គឺ ធ្វើ​ដោយ​គ្មាន​សមា​ជិក​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ចូល​រួម​ផង​ទេ​។​

ថ្ងៃ ទី ១៧កញ្ញា ត្រលប់​មក​ពី​បរ​ទេស​ថ្មី​ៗ លោក​ហ៊ុន សែន ស្ថិត​នៅ​ខេត្ដ​កំពុង​ឆ្នាំង​ ខឹង​ច្រលោត​តោត​តូង​យ៉ាង​ខ្លាំង​ ប្រកាស​តប​យ៉ាង​ធ្ងន់​ៗ​ ចំពោះ​អ្នក​ដែល​ចង់​បង្កើត​ចល​នា​រណ​សិរ្ស​បង្រួប​បង្រួម​ជាតិ​ ដោយ​យក​អំណាច​ទាំង​អស់​ថ្វាយ​ទៅ​អតី​ត​ព្រះ​មហា​ក្សត្រ​នរោត្ដម​សីហនុ​ លោក​ហ៊ុន សែន​ប្រកាស​ថា​ «ការ​ដែល​ចង់​យក​អំណាច​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ធម្ម​នុញ្ញ​ គឺ​ជា​ការ​ទំលាក់​រូប​ខ្ញុំ​ពី​មុខ​ដំនែង​នាយក​រដ្ឋ​មន្រ្ដី​ស្រប​ច្បាប់​ ព្រះ​អតីត​ព្រះ​មហា​ក្សត្រ​ទ្រង់​ក៏​បាន​បដិ​សេធ​ភ្លាម​ដែរ​ តែ​ទោះ​ជា​ព្រះ​មហា​ក្សត្រ​យស់​ព្រម​ ក៏​ខ្ញុំ​មិន​អោយ​ដែរ​ នេះ​ជា​ការ​ក្បត់​ឆន្ទ​ប្រជា​រាស្រ្ដ​ ក្រុម​នេះ​គេ​ហៅ​ក្រុម​តាម​ស៊ី​ តាម​ផឹក​ ផ្ដាំ​ទៅ​ប្រយ័ត្ន​ជាប់​ខ្នោះ​ អ្នក​អែង​រក​ក្ដារ​មឈូស​អោយ​ហើយ​ទៅ​ បើ​អ្នក​អែង​ចង់​រំលាយ​រដ្ឋ​សភា​»​។​ភ្លាម​ៗ​នេះ​ដែរ​ លោក​ហ៊ុន​ សែន​ ប្រកាស​ដក​តំណែង​មន្រ្ដី​ហ្វុន​ស៊ីន​ប៉ិច​៤​រូប​ ថ្នាក់​រដ្ន​លេខា​ធិការ​ និង អនុ​រដ្ឋ​លេខា​ធិការ​គឺ​លោក​សេរី កុសល ទេស​រដ្ឋ​មន្រ្ដី​ និង ជា​អនុ​ប្រធាន​ទី​២ នៃ គ្រោះ​មហន្ដ​រាយ​ លោក​ទូច លុច, លោក​នូវ កាស៊ី​, រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្ដិ​ធម៌ លោក​ជា ចាន់​បរិបូរ​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពត៌​មាន​។​

ថ្ងៃ ទី១៨ កញ្ញា បន្ទាត់​ពី​លោក​ហ៊ុន សែន ប្រ​កាស​ពី​ការ​ខឹង​សំបារ​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ទ្រង់​ធម្មិ​កោ និង ទ្រង់​រណ​រិទ្ធ​ពី​ការ​ប៉ុន​ប៉ង​ចង់​យក​អំណាច​ថ្វាយ​ ព្រះ​អតីត​មហា​ក្សត្រ​នរោត្ដម​សីហនុ​មក ព្រះ​អង្គ​បាន​ចេញ​ព្រះ​រាជ​សារ​មួយ​វេលា​ម៉ោង​ ៧​ពេល​ព្រលប់​ «យ៉ាង​ប្រ​ញ៉ាប់»​ សំដែង​ នូវ ​ការ​​កោត​សរ​សើរ​លោក​ហ៊ុន សែន និង​ គំា​ទ្រ​គណ​បក្ស​ប្រជា​ជន​ជា​និច្ច​និរន្ដ​ហើយ​ជា​មួយ​នេះ​ដែរ​ ព្រះ​អង្គ​បណ្ដេញ​ទ្រង់​ធម្មិ​កោ មិន​អោយ​រស់​នៅ​ក្នុង​បរិ​វេណ​រាជ​វាំង​ត​ទៅ​ទៀត​ទេ​ ថែម​ទាំង​កាត់​ផ្ដាច់​ប្រាក់​ខែ​ របស់​ធម្មិ​កោ ដែល​ទទួល​បាន​ក្នុង​១​ខែ ចំនួន​៦០០ ដុល្លារ​ទៀត​ផង​។កកន៖ តើ​​ព្រះ​​អតីត​​ព្រះ​​មហា​ក្សត្រ​ដែល​ប្រញាប់​ចេញ​ព្រះ​រាជ​សារ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ខ្លាច​ប្រមុខ​រដ្ឋា​ភិបាល​ គឺ​លោក​ហ៊ុន សែន រឺ យ៉ាង​ណា?​​ ភាព​ទន់​ជ្រាយ​របស់​ព្រះ​មហា​​ក្សត្រខ្មែរ​ វា​ដូច​ជា​កាត់​សាច់​ខ្លួន​អែង​អោយ​ខ្លា​ស៊ីតែ​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ថា លោក​ហ៊ុន​ សែន​បាន​ប្រកាស​ថា «៦០០ ដុល្លារ​ក្នុង​១​ខែ អីលូវ​ព្រះ​ករុណ​មិន​ទាន់​ផ្ដាច់ ទូល​បង្គំ​សូម​ស្នើ​ព្រះ​អង្គ​ផ្ដាច់​ បើ​មិន​ផ្ដាច់​ទេ​ទូល​បង្គំ​ នឹង ពិនិត្យ​ថវិកា​ឡើង​វិញ​អំពី​បញ្ហា​ហ្នឹង​ បើ​​ចំណាយ​ទៅ​លើ​អ្នក​ដែល​ទើប​បង្កើត​គណ​បក្ស​នយោ​បាយ​ ហើយ​បែរ​ជា​នៅ​ក្នុង​វាំង​ រឺ ស៊ី​ប្រាក់​ខែ​ជា​លេខា​មហា​ក្សត្រ​ អត់​បាន​ទេ​»​។

ថ្ងៃ ទី ១៩ កញ្ញា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន កាល​ពី​ថៃ្ង​ទី ១៨ ម្សិល​មិញ​ បាន​​ចុះហត្ថ​លេខា​ ស្នើ​សុំ​​ប្រមុខ​រដ្ឋ​ស្តី​ទី​តែង​តាំង​មន្រ្តី​ ចំនួន ៩​រូប មាន​ឋានៈ​ជា​ អនុ​រដ្ឋ​លេខា​ធិការ​ អោយ​មាន​តួ​នាទី​ថ្មី​ ក្នុង​បណ្ដា​ក្រសួង​ស្ថា​ប័ន​មួយ​ចំនួន​ដែរ​។​
មន្រ្តីទាំង ៩រូបនោះ រួមមាន ៖
១ - លោក ហែម សាវង្ស ជាអនុរដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្រ្តី
២ - លោក កៅ សុផា ជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌
៣ - លោក លីវ ណេ ជាអនុរដ្ឋលេខាធិការ ក្រសួង ការពារជាតិ
៤ - លោក សាន់ ហៀប ជាអនុរដ្ឋលេខាធិការក្រសួងមហាផៃ្ទ
៥ - លោក ធៀង វណ្ណដារ៉ុង ជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌‌មាន
៦ - លោក ជី សូរណា ជាអនុរដ្ឋលេខាធិការ ក្រសួងការងារ និង បន្តុះបណ្ដាល វិជ្ជាជីវៈ
៧ - លោក ហេង សុខគង់ ជាអនុរដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគម៍
៨ - លោក យ៉េង ម៉ារឌី ជាអនុរដ្ឋលេខាធិការ ក្រសួង មហាផៃ្ទ
៩ - និងលោក គុជ មូលី ជា​អគ្គ​លេខា​ធិការ​រង​ អាជ្ញា​ធរ​កម្ពុជា គ្រប់​គ្រង​សកម្ម​ភាព​កំចាត់​មីន​ និង សង្រ្គោះ​ជន​ពិការ​​ដោយ​សារ​ ​មីន ដែល​មាន​ឋានៈ​ស្មើ​ អនុ​រដ្ឋ​លេខា​ធិការ​។
ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ ចុះ​ហត្ថ​លេខា​ ស្នើ​សុំ​ប្រធាន​រដ្ឋ​សភា​ កោះ​ប្រជុំ​សភា​ ដើម្បី​យល់​ព្រម​​លើ​ការ​តែង​តាំង​ មន្រ្តី ១០​រូប​ ផេ្សង​ទៀត​ ដែល​មាន​ឋានៈ​ ជា​ទេស​រដ្ឋ​មន្រ្តី​ និង ជា​រដ្ឋ​លេខា នៃ ក្រសួង​និង ស្ថាប័ន​​មួយ​ចំនួន​ទៀត​។​
មន្រ្តីទាំងនោះ រួម​មាន លោក លី ធុច តំណាង​រាស្រ្ត​ មណ្ឌល​ពោធិ​សាត់ និង ជា​ប្រធាន​គណៈ​កម្ម​ការ​មួយ​ នៃ សភា ត្រូវ​ចូល​មក​ជំនួស​លោក​ សេរី កុសល​។
២- លោក នូវ សុវត្ថិរ៉ូ ក្រសួងព័ត៌‌មាន ជំនួស លោក ជា ច័ន្ទបរិបូណ៌
៣- លោក ស្រី ច័ន្ទនី ក្រសួងព័ត៌‌មាន ជំនួសលោក ហោ សុភាព
៤- លោក សៀង គឹមហាន ក្រសួងទេសចរណ៍ ជំនួសលោក នុត និនដឿន
៥- លោក មៀច សំអ៊ាន់ ក្រសួងយុត្តិធម៌‌ ជំនួសលោក ទួត លុច
៦- លោក ចាន់ ហួន ក្រសួងយុត្តិធម៌‌ ជំនួសលោក នូវ កាស៊ី
៧- លោក ហេង បូ ក្រសួង ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជំនួសលោក សុខ សាន
៨- លោក ស៊ិន ប៉ូ ក្រសួងធនធានទឹក និងឧតុនិយម ជំនួសលោក តាន់ ស៊ីផាន់
៩- លោក ច័ន្ទ នរ៉ា ក្រសួងពាណិជ្ជកម្មជំនួសលោក ង៉ែត ឆាយលាង
១០ - លោក ទៀ ថេន ក្រសួងអប់រំ យុវជន និងកីឡា ជំនួសលោក ប៉ុក ថន

ព័ត៌‌​មាន​ពី​ប្រភព​ច្បាស់​​ការណ៍​ ពី​ប្រទេស​​ម៉ាឡេស៊ី ទី​ដែល​សំដេច​ក្រុម​ព្រះ​ប្រ​ធាន​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ កំពុង​គង់​សំរាក​នោះ​ អោយ​ដឹង​ថា តាម​ពិត​នៅ​ថៃ្ង​ទី ១៩​ខែ​កញ្ញា​នេះ សំដេច​ក្រុម​ព្រះ​ ក៏​បាន​ទទួល​លិខិត​​របស់​លោក​អគ្គ​លេខា​ធិការ​ ញឹក ប៊ុនឆៃ ដើម្បី​សុំ​ការ​អែក​ភាព​​ពី​ព្រះ​អង្គ​ លើ​ការ​តែង​តាំង​ថ្មី​នេះ​ដែរ​។​

ប្រភព​អោយ​ដឹង​ច្បាស់​ទៀត​ថា លិខិត​លោក​ ញឹក ប៊ុនឆៃ ដែល​ព្រះ​អង្គ​ទទួល​នៅ​ថៃ្ង​ទី ១៩​នេះ គឺ​ជា​លិខិត​ដែល​លោក​ញឹក ប៊ុនឆៃ បាន​សរ​សេរ​ តាំង​ពី​ ថៃ្ង​អាទិត្យ​ ទី​១៧ កញ្ញា ជា​ថៃ្ង​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ប្រកាស​ដេញ​​មន្រ្តី​ជាន់​ខ្ពស់​ បក្ស​ហ្វុន​ស៊ីន​ប៉ិច​នោះ​ម៉េ្លះ។ [វិទ្យុ​អាស៊ី​សេរី]

ថ្ងៃ ១៩ នេះ​ដដែល មេធាវី លោក​ហេង ពៅ សរ​សេរ​ប្រកាស​ក្នុង​​អ៊ី​មែល​ថា លោក​ហេង ពៅ មិន​បាន​សំលាប់​លោក​ចៅ​ក្រម សុក សេដ្ឋា​មុនី​ទេ​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​កាល​ពីម្សិល​មិញ​ថ្ងៃ​ ទី​១៨​កញ្ញា​ តុលាការ​ភ្នំ​ពេញ​បាន​បើក​សវនា​ការ​កាត់​ទោស​ដោយ​កំបាំង​មុខ​ អោយ​លោក​ហេង ពៅ​ ជាប់​គុក​១៨​ឆ្នាំ​ ពី​បទ​បញ្ជា​ និង ផ្សំ​គំនិត​​សំលាប់​លោក​ចៅ​ក្រម​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ លោក​សុក សេដ្ឋា​មុនី​។​

ថ្ងៃ ទី២០ វិទ្យុ​អេហ្វអិម ៩០,៥ មេហ្គា​ហិត (90,5MH) ជា​វិទ្យុ​មួយ​ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​គាំ​ទ្រ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ បាន​បង្ខំ​ចិត្ដ​ និង ធ្វើ​ដោយ​ប្រញាប់​ប្រញាល់​ បិទ​កម្ម​វិធី​ផ្សាយ​បទ​វិភាគ​នយោយ​ផ្សេង​ៗ​ របស់​ខ្លួន​ ដើម្បី​ចៀស​វាង​សង្គ្រាម​ពាក្យ​សំដី​ជា​មួយ​ប្រមុខ​រដ្ឋា​ភិបាល​។ លោក​នរណ​រិទ្ធ អនន្តា​យ៉ា ​ជា​នាយក​វិទ្យុ​តាព្រហ្ម​ (៩០,៥មហ) និង ជា​ប្រធាន​ខុត្ដ​កាល័យ​របស់​សំដេច​នរោត្ដម​រណ​រិទ្ធ​ មាន​ប្រសាសន៍​ថា​ លោក​ត្រូវ​តែ​បិទ​កម្ម​វិធី​វិភាគ​នយោ​បាយ​នៅ​លើ​រលក​ធាតុ​អាកាស​ដើម្បី​រក្សា​សន្ដិ​សុខ​ទូ​ទៅ​។​ សូម​បញ្ជាក់​ថា លោក​ជួរ ជេដ្ឋា​រិទ្ធ​អ្នក​រាយ​ការ​ពត៌​មាន​វិទ្យុ​តា​ព្រហ្ម​នេះ​ ត្រូវ​គេ​បាញ់​សំលាប់​យ៉ាង​សាហាវ​បំផុត​នៅ​មុខ​អគ្គារ​នៃ​វិទ្យុ​ផ្សាយ​សំលេង​នេះ​ នៅ​ពេល​ដែល​លោក​ធ្វើ​ដំនើរ​មក​ធ្វើ​ការ​។​

ថ្ងៃ ទី២២ កញ្ញា សំដេច​ព្រះ​នរោត្ដម​សីហនុ​ ព្រះជន្ម ៨៣ ចូល៨៤ ព្រះ​វស្សា​ អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ បាន​ចេញ​ព្រះ​រាជ​សារ​ថ្មី​មួយ​ទៀត​កាល​ពីម្សិល​មិញ​ថា​ ព្រះ​អង្គ​ឈប់​ធ្វើ​សំរង់​សរ​សេរ​អត្ថ​ចេញ​ផ្សាយ​ត​ទៅ​ទៀត​ហើយ​ ជា​មួយ​នេះ​ព្រះ​អង្គ​ក៏​សំរេច​ព្រះ​ទ័យ​ ឈប់​តែង​និពន្ធ​កុន ច្រៀង​រាំ អ្វី​ទៀត​ដែរ​ ដើម​អោយ​ព្រះ​អង្គ​ស្ថិត​ក្នុង​ឋាន​ជា​មនុស្ស​ចូលនិ​វត្ដន៍ និង ក្នុង​វ័យ​ចាស់​ជរា​។

ថ្ងៃ ទី ២៦ កញ្ញា សំដេច​ក្រុម​ព្រះ​នរោត្ដម​ រណរិទ្ធ សំដែង​ប្រតិ​កម្ម​ប្រឆាំង​ជំទាស់​ជា​លើក​ដំបូង ចំពោះ​ប្រមុខ​រដ្ឋា​ភិបាល​ដែល​ធ្វើ​ការ​រុះ​រើ​មន្រ្ដី​របស់​ព្រះ​អង្គ​ចំនួន​ ១៩​នាក់​ សំដេច​ក្រុម​ព្រះ​​​មាន​បន្ទូល​ថា «គោល​ការណ៍​ ខ្ញុំ​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​ ការ​ធ្វើ​នេះ​មិន​គោ​រព​ នូវ ខ្លឹម​សារ​ជា​វិជ្ជ​មាន​ នៃ កិច្ច​ព្រម​ព្រៀង​ ខ្ញុំ​នៅ​​តែ​មាន​បំនង​ចង់​ថែ​រក្សា​កិច្ច​ព្រម​ព្រៀង​នេះ​ដើម្បី​ផ្ដល់​ នូវ ស្ថិរ​ភាព​ជូន​ប្រទេស​ជាតិ​»​។​ ជា​មួយ​នេះ​ដែរ លោក​នូវ ការស៊ី អតីត​លេខា​ធិការ​ក្រសួង​យុត្ដិ​ធ​ម៌​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​រើ​រុះ​នោះ​ដែរ​ បាន​ដាក់​ពាក្យ​សុំ​លា​លែង​ចេញ​ពី​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ហើយ​ដែរ​ ដោយ​លោក​សំអាង​ថា​លោក​ចង់​ទៅ​រស់​នៅ​ក្នុង​ជីវិត​អព្យា​ក្រិត​វិញ​។

ថ្ងៃទី ២៧ កញ្ញា ការ​សំពោធ​ការ​បោះ​បង្គោល​ព្រំ​ដែន​លេខ​ ១៧១ ជា​លើក​ដំបូង​រវាង​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន​ សែន ​និងលោក​នាយក​រដ្ឋ​មន្រ្ដី​យួន​លោក​ង្វៀន តិន​យុង​ នៅ​ច្រក​ព្រំដែន​ បវិត និង ម៉ុក​បាយ រវាង​​​ខេត្ដ​ស្វាយ​រៀង​ និង ខេត្ដ​តាយ​និញ​ លោក​ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ ទំព័រ​ប្រវត្ដិ​សាស្រ្ដ​របស់​កម្ពុជា​បាន​បើក​ហើយ​ បន្ទាត់​ព្រំដែន​ថ្មី​មួយ​ត្រូវ​បាន​កំនត់​ឡើង​យ៉ាង​ច្បាស់​លាល់​ គឺ​ជា​ព្រំដែន​មួយ​ដែល​ប្រជា​ជន​កម្ពុជា​ បាន​រង់​ចាំ​មក​អស់​កាល​ជា​យូរ​មក​ហើយ​។​

ថ្ងៃ ទី២៨ កញ្ញា បន្ទាប់​ពី​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំនាក់​សំដេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ប៉ុន្មាន​​សប្ដាហ៍ ​​កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​ថៃ្ង​ព្រហស្ប​តិ៏​ទី​២៨ កញ្ញា សំដេច​ក្រុម​ព្រះ​ នរោត្តម​រណ​រិទ្ធិ​ ប្រធាន​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​បាន​មាន​បន្ទូល​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ព្រះ​អង្គ​មាន​គោល​បំនង​ចង់​ជួប​ពិភាក្សា​ជា​មួយ​សំដេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ដោយ​ផ្តោត​ទៅ​លើ​ការ​រំលឹក​ កិច្ច​ព្រម​ពៀ្រង​រវាង​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច និង គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថៃ្ង​ទី ៣០​ខែ​មិថុនា​ ឆ្នាំ ២០០៤កន្លង​ទៅ​ ជុំ​វិញ​ការ​ផ្លាស់​ប្តូរ​តំណែង​មន្រ្តី​ហ្វុន​ស៊ិនប៉ិច​កន្លង​មក​នេះ លោក​អោក សុជាតិ ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​សំដេច​ក្រុម​ព្រះ​នរោត្តម​រណ​រិទ្ធ ទទួល​បន្ទុក​ កិច្ច​ការ​សាធារ​ណៈ ​បាន​មាន​ប្រសាសន៍​ប្រាប់​ថា​ គណ​បក្ស​គ្រោង​ នឹង បើក​សមាជ​មួយ​នៅ​ថ្ងៃ​ទី​ ២០-២២ មីនា ២០០៧ ដើម្បី​រក្សា​ភាព​ល្អិត​ល្អន់​រវាង​សំពន្ធ​ភាព​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ នឹង គណ​បក្ស​ប្រជា​ជន​ដែល​មាន​បញ្ហា​ចំរោង​ចំរាស់​គ្នា​។

ថ្ងៃ ទី៣០ កញ្ញា ទ្រង់​រណ​រិទ្ធ​ប្រធាន​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ មាន​បន្ទូល​ថា​ ព្រះ​អង្គ​ នឹង ធ្វើ​ការ​កែ​ទំរង់​រចនា​សំព័ន្ធ​ថ្មី​ដោយ​តែង​តាំង​ លោក​ឈឹម សៀក​លេង​ជា​អនុ​ប្រធាន និង លោក​ខាន់ សា​វឿន​ ជា​អគ្គ​លេខា​ធិការ​រង​ថ្មី​ ដើម្បី​ទទួល​បន្នុក​រៀប​ចំការងារ​បោះ​ឆ្នោត​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ព្រះ​អង្គ​ទ្រង់​បាន​ហាម​មន្រ្ដី​របស់​ព្រះ​អង្គ​ទាំង​អស់​ កុំ​អោយ​ធ្វើ​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ ព្រះ​អង្គ​បាន​ស្នើ​ កុំ​អោយ​សមា​ជិក​ហ្វុន​ស៊ីន​ប៉ិច​ ចូល​រួម​ចំនែក​បោះ​ឆ្នោត រក​ការ​អនុ​ម័ត​មន្រ្ដី​ជំនួស​ ១៩​នាក់​ដែល​ធ្វើ​ការ​រុះ​រើ​ដោយ​លោក​នាយក​រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​ទី​១៩​មុន​។