ព្រឹត្ដិការណ៍ ខែ សីហា ២០០៦


ថ្ងៃសៅរ៍ ទី 28.ឧសភា 2022.ម៉ោង 8:23

ថ្ងៃ ទី១ សីហា អាជ្ញាធរ​ប៉ូលិស​ ប្រដាប់​ដោយ​ខែង​ និង​ ដំបង​ឆក់​ បាន​វាយ​បំបែក​ហ្វូង​មនុស្ស​សកម្ម​ជន​ជាង​១០០​ នាក់​ ដែល​មាន​លោក​ស្រី​ពុង​ស៊ី​ហ្គិច​ ប្រ​ធាន​អង្គ​ការ​លី​កា​ដូ​ ចូល​រួម​ផង​ដែរ​ ដែល​​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ពន្ធ​នាគារ​ PJ ក្នុង​គោល​បំនង​ទាម​ទារ​អោយ​ដោះ​លែង​ សុខ​ សំអឿន​ និង ប៊ន សំណាង​ ដែល​តុលា​កាត់​ទោស​អោយ​ជាប់​គុក​ម្នាក់​ៗ ២០​ឆ្នាំ​។​ បន្ទាប់​ពី​​ពួក​អាជ្ញា​ធរ​ វាយ​រុញ​ច្រាន​អោយ​បែក​គ្នា​ ពួក​សកម្ម​ជន​ទាំង​នេះ​ បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ដ​កោះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទី​ឃុំ​ឃាំង​នោះ​ប៉ុន្មាន​ទេ​ នៅ​ទី​នោះ​ ពួក​គេ​បាន​ធ្វើ​ការ​លែង​ចាប​ ជា​និមិត្ដ​រូប​ នៃ ការ​ដោះ​លែង​អោយ​មាន​សេរី​ភាព​វិញ​។​

ថ្ងៃទី ២ សីហា អង្គការ យូមែនរ៉ាយវច ប្រកាស​សុំ​អោយ​រដ្ឋា​ភិ​បាល​ ឈប់​ដេញ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ចេញ​ពី​ផ្ទះ​សំបែង​។​
គណ​កម្មការ​នាយក​ នៃ គណ​បក្ស​សម​រង្សី​ច្រាន​ចោល​គំនិត​ផ្ដួច​ផ្ដើម​របស់​សំដេច​ក្រុម​ព្រះ​ក្នុង​ការ​បង្កើត​សម្ព័ន​ភាព​អ្នក​​ជាតិ​និយម​ ដោយ​ពួក​គេ​លើក​ឡើង​នូវ​បទ​ពិសោធន៍​ នៃ ការ​ក្បត់​ដ៏​ជូរ​ចត់​របស់​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ បាន​ធ្វើ​មក​លើ​សំព័ន្ធ​​ភាព​កន្លង​មក​​។

ថ្ងៃទី ៥ សីហា ការ​កំនត់​បោះ​បង្កូល​ព្រំ​ដែល​រវាង​ប្រទេស​កម្ពុជា​-វៀត​ណាម​ កម្ពុជា​ថៃ​ ត្រូវ​បាន​អុនុ​ម័ត​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​ នឹង ចាប់​ផ្ដើម​ធ្វើ​នៅ​ខែ​កញ្ញា​ខាង​មុខ​។ រូប​និមិត្ត​សញ្ញា​ជាតិ​ និង គំរូ​អក្សរ​ខ្មែរ​នៃ​បង្គោល​​មេ​ រឺ បង្គោល​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា​-វៀត​ណាម និង កម្ពុជា-​ថៃ​ ដែល​នៅ​ក្នុង​នោះ​រូប​រាង​បង្គោល​ព្រំ​ដែន​មាន​លក្ខណៈ​ដូច​តទៅ​ ៖​
    ចំពោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-​វៀត​ណាម​មាន​ចំនួន​ ៣៥៣​បង្គោល​ដែល​ ត្រូវ​បោះ​តាម​បណ្ដាយ​ព្រំដែន​ដែល​មាន​ប្រវែង​ ១២៧០​គ.ម ផលិត​ជា​ពីរ​ប្រភេទ​គឺ ៖
- ប្រភេទ A ធ្វើពីថ្មក្រានីតទាំងដុល សំរាប់ ច្រកទ្វារអន្តរជាតិ
- ប្រភេទ B ធ្វើពីកំទេចក្រានីតលាយជាមួយនឹងស៊ីម៉ងត៍ ពិសេសដែលក្នុងនោះគឺៈ
    - បង្គោល​ព្រំដែន​ច្រក​អន្តរ​ជាតិ​មាន​កំពស់​បង្គោល​ ២២០០​មិល្លី​ម៉ែត្រ​ ទំហំ​បង្គោល​ ៩០០មិល្លី​ម៉ែត្រ​គុណ និង ៣០០មិល្លីម៉ែត្រ កំពល់=2200mm, បណ្ដោយ = 900mm, ទទឹង=300mm។ គ្រឹះ​បង្គោល​ធ្វើ​ពី​ដែក​បេតុង​ ចាក់​នៅ​ នឹង​ កន្លែង បូក​ពី​ក្រៅ​ដោយ​ថ្ម​ ផ្ទៃ​បាត​ក្រោម​ ២.៨០០ មិល្លីម៉ែត្រ គុណ នឹង ២.៥០០ មិល្លីម៉ែត្រ​បង្គោល​មេ ​រឺ​បង្គោល​នៅ​តាម​ចក្រ​ទ្វារ​អន្តរ​ជាតិ​ មាន​និមិត្ត​សញ្ញា​ជាតិ​កម្ពុជា​ដោយ​យក​រូប​ប្រាសាទ​អង្គរ​វត្ត​កំពូល​៣​ និង ដាក់​ឈ្មោះ “កម្ពុជា” ជា​អក្សរ​ខ្មែរ​ ឆ្លាក់​នៅ​លើ​ថ្ម​ក្រានីត​ជំរៅ​អក្សរ​៨មិល្លី​ម៉ែត្រ​ មាន​លេខ​រៀង​របស់​បង្គោល​ និង នៅ​ផ្នែក​ខាង​ក្រោម​មាន​លេខ​ឆ្នាំ​ ឆ្លាក់​ នៅ​លើ​ថ្មក្រា​នីត​ជំរៅ​៨មិល្លី​ម៉ែត្រ​សរ​សេរ​ជា​អក្សរ​ឡា​តាំង​។​
    - បង្គោល​ព្រំដែន​តូច​មាន​កំពស់​បង្គោល​ទោល​ ១.៥០០​មិល្លី​ម៉ែត្រ​ កំពស់​​បង្គោល​ភ្លោះ​១.៥០០​មិល្លីម៉ែត្រ កំពស់​បង្គោល​បន្ទាប់​បន្សំ​ ១.២៥០មិល្លីម៉ែត្រ ទំហំ​បង្គោល​ទោល ៦១០​មិល្លីម៉ែត្រ គុណ ២៥០មិល្លី​ម៉ែត្រ ទំហំ​បង្គោល​ភ្លោះ​​ ៣៤០​មិល្លី​ម៉ែត្រ​។
    - បង្គោល​នៅ​តំបន់​ទឹក​ជំនន់​មាន​កំពស់​បង្គោល​ ១.៣០០ មិល្លី​ម៉ែត្រ​បូក​ នឹង​ ផ្ទៃ​បាត​បង្គោល ១.៦២០ មិល្លីម៉ែត្រ​ទំហំ​បង្គោល​ ៦១០​មិល្លីម៉ែត្រ ដែល​ធ្វើ​ពី​បេតុង​ និង ដែក​ចាក់​នៅ​ នឹង កន្លែង​។​ អក្សរ​ និង លេខ​បង្គោល​ត្រូវ​ឆ្លាក់​ពន្លេច​លាប​​ពណ៌​ក្រហម​ រី​ ឯ​មុខ​បង្គោល​នៅ​ចំហៀង​ប្រទេស​ណា​ត្រូវ​សរ​សេរ​ឈ្មោះ​ប្រទេស​នោះ​ ហើយ​ខ្លឹម​សារ និង បែប​បទ​អក្សរ​​ត្រូវ​អែក​ភាព​គ្នា​ទៅ​ថ្ងៃ​មុខ​ដោយ​ភាគី​ទាំង​ពីរ​។​
    - ចពោះព្រំដែនកម្ពុជា-ថៃ​ដែល​ត្រូវ​បោះ​តាម​បណ្ដាយ​ព្រំ​ដែន​ប្រវែង​ ៨០៥​គីឡូ​ម៉ែត្រ​ ត្រូវ​ចែក​ចេញ​ជា​ ៣​ប្រភេទ​គឺ​
    - បង្គោល​ប្រភេទ A នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​មាន​កំពស់​ ១,៧១​ម៉ែត្រ គ្រឹះ​បង្គោល ១,៥០​ម៉ែត្រ​ ទំហំ​បាត​​បង្គោល​​១,៣០​ម៉ែត្រ និង ទំហំ​កំពូល​បង្គោល ០,៥០​ម៉ែត្រ​ គុណ​ ០,៣៥​​ម៉ែត្រ​។​
     - បង្គោល​ប្រភេទ​ B មាន​កំពស់​បង្គោល​១,០៦​ម៉ែត្រ គ្រឹះ​បង្គោល​ ០,៨០​ម៉ែត្រ​ ទំហំ​កំពូល​បង្គោល​ ០,៣០​ម៉ែត្រ​ គុណ ០,២០​ម៉ែត្រ​ ទំហំ​បាត​បង្គោល​ ០,៧៨​ម៉ែត្រ​គុណ ០,២០​ ​ម៉ែត្រ​។
    - បង្គោល​ប្រភេទ C កំពស់​បង្គោល​ ០,៦០​ម៉ែត្រ កំពស់​បាត​បង្គោល ០,៥០​ម៉ែត្រ ទំហំ​បង្គោល ០,៤៥​ម៉ែត្រ​គុណ​ ០,៤៥​ម៉ែត្រ ទំហំ​កំពូល​បង្គោល​ ០,៣០​ម៉ែត្រ​ គុណ ០,៣០​ម៉ែត្រ និង ទំហំ​បាត​ក្រោម​បង្គោល ០,៩០​ម៉ែត្រ​ គុណ​០,៩០​ម៉ែត្រ​។
    - ចំពោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​កម្ពុ​ជា​-ឡាវ លទ្ធ​ផល​សរុប​ការ​ងារ​រយៈ​ពេល​៥​ឆ្នាំ នៃ​ការ​ចុះ​ត្រួតពិនិត្យ​បោះ​បង្គោល​បន្តោះ​អាសន្ន​ និង ខណ្ឌ​សីមា​ព្រំ​ដែន​កម្ពុជា​-​ឡាវ ២០០០-​២--​៥ គឺ​បាន​ត្រួត​ពិនិត្យ​ ខ្សែ​ព្រំ​ដែន​បាន​ប្រវែង​ប្រ​មាណ​៤៦៤,៥​គីឡូ​ម៉ែត្រ​ ស្មើ នឹង ៨៦​ភាគ​រយ​នៃ​ខ្សែ​ព្រំ​ដែន​រួម​មាន​ប្រវែង​ប្រមាណ​ ៥៤០​គីឡូ​ម៉ែត្រ​ក្នុង​នោះ​មាន​ខ្សែ​ព្រំដែន​អែក​ភាព​គ្នាមាន​ប្រវែង​ប្រមាណ​ ៣១០,៩៥​គីឡូ​ម៉ែត្រ​។​
    - ខ្សែ​ព្រំ​ដែន​មិន​ទាន់​ឯក​ភាព​គ្នា​មាន​ប្រវែង​ប្រ​មាណ​ជា​ ១៥៣,៥៥​គីឡូ​ម៉ែត្រ​។​ បោះ​បង្គោល​បន្តោះ​អាសន្ន​បាន​ចំនួន​១២១​បង្គោល​។ (អត្ថ​បទ​ដក​ស្រង់​ពី​រស្មី​កម្ពុជា​)​។
    លោក​សន សារ៉ាត​ប្រធាន​​និសិត្ស​ ដើម្បី​លទ្ធិ​ប្រជា​ធិប្ប​តេយ្យ​បាន​ប្រកាស​ថា​ ការ​បង្កូល​ព្រំ​ដែន​ត្រូវ​ឈរ​លើ​អុត្ដម​គតិ​ជាតិ​ជា​ធំ​ បើ​ពុំ​ដូច​នោះ​ទេ​រដ្ឋា​ភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្ដិ​សាស្រ្ដ​។​

ថ្ងៃទី ៦ សីហា សហ​គម​គ្រូ​បង្រៀន​កម្ពុជា​អែក​រាជ​ និង សហ​ជីព​កម្ម​ករ​ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ បង្កើត​ជា​សហ​ពន្ធ​មួយ​ឈ្មោះ​ថា​ សហ​ពន្ធ​សហ​ជីព​ សហ​ពន្ធ​បង្កើត​ឡើង​ដើម្បី​រួម​កំលាំង​គ្នា​អោយ​បាន​រឹង​មាំ​ ក្នុង​ការ​ងាយ​ស្រួល​ ក្នុង​ការ​ការ​ពារ​កម្មករ​ សហ​គម​គ្រូ​បង្រៀន​កម្ពុជា​អែក​រាជ​មាន​គ្នា​ជាង​ ៨​ពាន់​នាក់​ បូក​ជា​មួយ​សហ​ជីព​កម្ម​ករ​មាន​សមា​ជិក​ចំនួន​ជាង​៧​នាក់​ទៀត​។​ សហ​ពន្ធ​សហ​ជីព​ បាន​បង្កើត​គណ​កម្ម​ការ​កណ្ដាល​ចំនួ​ន ១១​រូប​ មាន​ស្រ្ដី​ ៥​រូប​ និង បុរស​៦​រូប​ លោក​រុង​ ឈុន​ ប្រ​ធាន​គហ​គម​គ្រូ​បង្រៀន​កម្ពុជា​អែក​រាជ​ ត្រូវ​បាន​ជ្រើស​តែង​តាំង​ជា​ប្រធាន​ ហើយ​លោក​ ជា មុន្នី​ប្រធាន​សហ​ជីព​កម្មករ​ ត្រូង​បាន​តែង​តាំង​ជា​អគ្គ​លេខា​ធិការ​ និង​ លោក​មាន​ សេង ហាក់ ជា​អគ្គ​លេខា​ធិការ​រង​។
នៅ​លើ​ភ្នំ​គូ​លេន​ ស្រុក​ស្វាយ​លើ​ ខេត្ដ​សៀម​រាប​ ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ បាន​ប្រកាស​ឈ្មោះ​គណ​បក្ស​ថ្មី​របស់​ព្រះ​អង្គ​គឺ​ គណ​បក្ស​រណ​សិរ្ស​សង្គ​ជាតិ​និយម​​។

ថ្ងៃទី ៧សីហា ក្នុង​ការ​បាត់​បង់​ប្រាក់​ចំនូល​ក្នុង​ឃ្លាំង​រដ្ឋ​ វិជ្ជា​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ឈ្មោះ ​Freedom House បាន​ធ្វើ​​ការ​សិក្សា​វាយ​តំលៃ​លើ​ការ​គ្រប់​គ្រង​នៅ​កម្ពុជា​ក្នុង​ការ​គ្រប់​គ្រង​ នៃ ប្រទេស​៣០​ ក្នុង​ពិភព​លោក​។ ការ​សិក្សា​វាយ​តំលៃ​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រី​បណ្ឌិត​ គែ​រិន ប៊ុល បណ្ឌិ​សកល​វិទ្យា​ល័យ​ប្រ​ទេស​អូស្រ្ដ​លី​ថា​ ការ​គ្រប់​គ្រង​របស់​រដ្ន​គឺ​ ៖
- ក្នុងទទួលការខុសត្រូវ និងសំលេងប្រជាពលរដ្ន
- សិទ្ធសេរីភាពប្រជាពលរដ្ន
- ការគ្រប់គ្រងលើក្បួនខ្នាតច្បាប់ទំលាប់
- ការប្រឆាំងអំពើពុករលួយនិងតំលាភាព
ការ​អោយ​ពិន្ទុ​ កម្ពុជា​បាន​ពិន្ទុ​មិន​បាន​ពាក់​កណ្ដាល​ផង​ កម្ពុជា​​មិន​ទាន់​ចាត់​ជា​ប្រទេស​ដែល​គ្រប់​គ្រង​ទៅ​តាម​ក្បួន​ខ្នាត​លទ្ធិ​ប្រជា​ធិប្ប​តេយ្យ​អន្ដរ​ជាតិ​បាន​ឡើយ​។​

ថ្ងៃ ទី ៨ សីហា ក្រុម​មន្រ្ដី​សមា​ជិក​ហ្វុន​ស៊ីន​ប៉ិច​មួយ​ក្រុម​ដែល​តាំង​ខ្លួន​ថា​ ជា​ក្រុម​ភក្ដី​ភាព​ចំ​ពោះ​មេ​ប្រ​ធាន​បក្ស បាន​ប្រកាស​​ជា​សា​ធា​រណ​សុំ​យាង​សំដេច​ក្រុម​ព្រះ​រណ​រិទ្ធ​ ចូល​ប្រទេស​វិញ​ ប្រ​យោជន៍​ដើម្បី​ស្ដារ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​សំរាប់​ជោគ​ជ័យ​ក្នុង​ការ​ងារ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​

ថ្ងៃ ទី១០ សីហា លោក​ថាក់ ស៊ិន​ស៊ី​ណា​វា​ត្រា​ នាយក​រដ្ឋ​មន្រ្ដី​ប្រទេស​ថៃ​ មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ ១​ថ្ងៃ​នៅ​កម្ពុជា​ លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​សំដេច​ហ៊ុន សែន​ ក្នុង​ការ​ធ្វើ​វិនិ​យោគ​ទុន​លើ​ប្រេង​​អុស្ម័ន​ធម្ម​ជាតិ​ ស្ថិត​ក្នុង​សមុទ្រ​ដែល​គេ​ហៅ​ថា​តំបន់​ស​ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ពិភាក្សា​បាន​និយាយ​អំពី​ប្រាក់​កំចី​ ចំនួន​ ៣៤​លាន​ដុល្លារ​ ដែល​មាន​អត្រា​ការ​ប្រាក់​ទាប គឺ ១,៥ % សំរាប់​យក​ទៅ​ធ្វើ​ការ​កសាង​ផ្លូវ​ជាតិ​លេខ​ ៦៧​ ពី​ច្រក​ជាំ​ស្រងាំ​ ភ្ជាប់​ទៅ​តំបន់​អន្លង់​វែង​។​

ថ្ងៃ ទី ១៤ សីហា ក្រុម​គ្រួសារ​រស់​នៅ​តំបន់​ដី​ក្រហម​ចំនួន​ ១៤៦០​គ្រួសារ​ ដឹក​នាំ​ដោយ​មេ​គណ​បក្ស​ប្រឆាំង​សម​រង្សី​ បាន​នាំ​​គ្នា​ធ្វើ​បាតុ​កម្ម​ត​វ៉ា​សុំ​អោយ​មាន​សំនង​សម​ស្រប​ នឹង​ ការ​រុះ​រើ​លំ​នៅ​ដ្ឋាន​ទៅ​នៅ​តំបន់​ផ្សេង​ តំបន់​ដី​ក្រ​ហម​ត្រូវ​រដ្ឋា​ភិបាល​បាន​​ផ្ទេរ​ទៅ​អោយ​ក្រុម​ហ៊ុន​ 7NG ដើម្បី​អភិ​វឌ្ឍន៍ ធ្វើ​ជា​មណ្ឌល​ពាណិជ្ជ​កម្ម​ទំនើប​។​

ថ្ងៃ ទី ១៦ សីហា នៅ​ពេល​ដែល​មាន​ដំនឹង​ថា​ ទ្រង់​រណ​រិទ្ធ​ នឹង យាង​ត្រលប់​មក​កាន់​ប្រទេស​វិញ​ ក្នុង​ពេល​ឆាប់​ៗ​ លោក​នា​យក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន ធ្វើ​ការ​ព្រ​មាន​ដក​តំនែង​មន្រ្ដី​ណា​មួយ​ដែល​ហ៊ាន​ទៅ​ធ្វើ​ការ​ទទួល​ស្វា​គម​ន៍​ នៃ ការ​យាង​ត្រលប់​​របស់​ទ្រង់​រណ​រិទ្ធ​មក​ប្រ​ទេស​វិញ​។​ លោក​ហ៊ុន​ សែន​ប្រកាស​ដោយ​សំលេង​ធ្ងន់​ៗ​ថា កុំ​រវល់​ចំណាយ​សាំង​ ចំណាយ​ពេល​​វេលា​អោយ​សោះ​ ព្រោះ​យើង​មាន​កិច្ច​ការ​កសិ​កម្ម​ច្រើន​ណាស់​​ត្រូវ​ធ្វើ​ ត្រូវ​អភិ​វឌ្ឍន៍​ អែង​ទៅ​ធ្វើ​ការ​ប៉ុន​ម៉ា​ចប​កាប់​។​

មានភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​អោយ​ខេត្ដ​ចំនួន​៥ គឺ​ ខេត្ដ​កំពត, កោះ​កុង, ក្រុង​ព្រះ​សីហនុ, កំពុង​ធំ​,រតន​គីរី​ ត្រូវ​បាន​លិច​លង់​ដោយ​ទឹក​ជំនន់​ ផ្លូវ​ជាតិ​លេខ​ ៤​ត្រូវ​បាន​ដាច់​ជា​ច្រើន​កន្លែង​ បណ្ដាល​អោយ​មាន​ស្ទះ​ចរាចរ​ក្នុង​ការ​ដឹក​​ជញ្ជូន​ ដំណាំ​ស្រូវ​ជា​ច្រើន​រយ​ហិតា​ត្រូវ​បាន​ខូច​ខាត​។​

ថ្ងៃ ទី ១៧ សីហា ថ្វី​ត្បិត​តែ​មាន​ការ​ប្រមាន​ដក​តំនែង​ ពី​លោក​ហ៊ុន​ សែន​យ៉ាង​ណា​ក៏​ដោយ នៅ​ព្រលាន​យន្ដ​ហោះ​ក្រុង​សៀម​រាប​ ទល់​មុខ​ នឹង ទឹក​មុខ​ញញឹម​ញ​ញែម​របស់​សំដេច​ក្រុម​ព្រះ​រណ​រិទ្ធ​ មន្រ្ដី​ហ្វុន​ស៊ីន​ប៉ិច​ ដែល​កំពុង​មាន​ចំរោង​ចំរាស់​ទាស់​ទែង​ខ្វែង​គំនិត​ នឹង គ្នា បាន​​ទៅ​អង្គុយ​ក្រាប​សំពះ​រួម​គ្នា​ ទទួល​ស្វា​គម​ ទ្រង់​រណ​រិទ្ធ​ ប្រធាន​បក្ស​ដែល​បាន​យាង​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​ធ្វើ​ការ​នី​រទេស​ខ្លួន​អែង​អស់​ជាង​ ៥​ខែ​។

ថ្ងៃទី ២១ សីហា អតីត​ព្រះ​វរ​ក្សត្រ​នរោត្ដម​សីហនុ​ ទ្រង់​បាន​ចេញ​ព្រះ​រាជ​សារ​ពីរ​ដោយ​លែក​ពី​គ្នា​ មួយ​ព្រះ​អង្គ​ទ្រង់​លិខិត​ស្ដី​អំពី​អតីត​មេ​ស្នង​ការ​ប៉ូលិស ហេង ពៅ មួយ​ទៀត​ទ្រង់​បាន​ព្រះ​លិត​ខិត​ពី​ ទ្រង់​រណ​រិទ្ធ​ ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​។​ ព្រះ​រាជ​អត្ថ​បទ​ របស់​សំដេច​អូវ​ទ្រង់​បាន​ចារ​ថា​៖ តារា​ធំ​ជា​គេ​បំផុត​ ជា​អចិន្រ្ដៃយ៍ និង មិន​មាន​រណា​អាច​ធ្វើ​ត្រាប់​​​បាន​ គឺ​សំដេច​ហ៊ុន សែន​។ គ្រប់​បែក​បរ​មាណូ​មួយ​ដែល​ចង់​កំទេច​ របប​​បច្ចុប្បន្ន​របស់​យើង​ ប៉ុន្ដែ​មិន​អាច​ទៅ​រួច​ទេ​ មាន​ឈ្មោះ​ថា​ហេង ពៅ ។ ហេង ពៅ​ស្ថិត​ នៅ​ក្រៅ​ប្រ​ទេស​កម្ពុជា​ ហេង​ពៅ​អាច​ទំលាក់​គ្រាប់​បែក​បរ​មាណូ​របស់​ខ្លួន​បាន​ តែ​នៅ​លើ​ក្រដាស​របស់​ L' Express និង លើ​កាសែត​បរ​ទេស​ប៉ុណ្ណោះ​។​ ប្រទេស​កម្ពុជា​មិន​មែន​ជា​ទី​ក្រុង​ហេ​រ៉ូ​សីមា​ រឺ​ណា​ហ្គា​សាគី​ សំរាប់​ហេង​ ពៅ​ ទំលាក់​គ្រប់​បែក​របស់​ខ្លួន​ឡើយ​។​

ចំពោះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​ទ្រង់​ព្រះ​លិខិត​ថា​ ការ​យាង​ត្រលប់​របស់​ទ្រង់​រណ​រិទ្ធ​ចូល​មក​កម្ពុជា​វិញ ចំ​ពេល​ដែល​របប​​កម្ពុជា​បច្ចុប្បន្ន​កំពុង​អភិ​វឌ្ឍន៍​កសិ​កម្ម​ជាតិ​ លើ​ផ្ទៃ​ដី​ជា​ច្រើន​ពាន់​ហិតា​ ទ្រង់​រណ​រិទ្ធ​អាច​ចាប់​ផ្ដើម​បញ្ចេញ​កាយ​ពល​លើ​ដី​​ដ៏​តូច​មួយ​ ជា​មួយ​ នឹង ចប​ជីក រឺ ចប​កាប់​មួយ​។​

ថ្ងៃ ទី ២២ សីហា លឺឡាយ ស្រេង អុប​នាយក​រដ្ឋ​មន្រ្ដី និង ជា​មន្រ្ដី​ក្រសួង​ការ​អភិ​វឌ្ឍន៍​ជន​បទ​ ហើយ​គឺ​ជា​មន្រ្ដី​ជាន់​ខ្ពស់​​ម្នាក់​របស់​ហ្វុន​ស៊ីន​ប៉ិច​ បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ៗ​ ចំពោះ​ប្រធាន​បក្ស​របស់​ខ្លួន​ គឺ​ទ្រង់​នរោត្ដម​រណ​រិទ្ធ លោក​មាន​ប្រសាសន៍​ថា​ ទ្រង់​រណ​រិទ្ធ​គួរ​ណាស់​តែ​លា​លែង​ពី​មុខ​តំនែង​ព្រះ​ប្រ​ធាន​ហ្វុន​ប៉ិច​ចេញ​ទៅ​ ។

ថ្ងៃ ទី២៤ សីហា គណ​ប្រតិ​ភូ​វៀត​ណាម​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​អុប​នាយក​រដ្ន​មន្រ្ដី​អចិន្រ្ដៃយ៍​ ង្វៀង ស៊ីញ​ហ៊ុង​ ធ្វើ​ដំនើរ​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ទស្សន​កិច្ច​ចំនួន​បី​ថ្ងៃ​។ លោក​បាន​ចូល​ជួប​ពិភាក្សា​ជា​មួយ​លោក​អុប​នាយក​រដ្ន​មន្រ្ដី​ និង រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​ហោ ណាំ​ហុង​ ផ្ដោត​ទៅ​លើ​ការ​វិនិ​យោគ​ទុន​ ស្រាវ​ជ្រាវ​ អុស្ម័ន​ប្រេង​កាត​ រ៉ែ​ដែក​ និង​ ប៉ុក​ស៊ីដ​។​

ថ្ងៃទី ២៥ សីហា ក្រុម​សមា​ជិក​សភា​កម្ពុជា​ទទួល​ដោះ​ស្រាយ​ប្រទេស​ភូមា​ត្រូវ​បាន​បង្កើត​ឡើង​ លោក​សុន ឆៃ​ត្រូវ​បាន​ជ្រើស​តែង​តាំង​ជា​ប្រធាន​ ហើយ​មាន​សមា​ជិក​ ២៦​នាក់​ទៀត​ជ្រើស​ចេញ​ពី​គណ​បក្ស​ធំ​ៗ​ទាំង​បី​ លោក សុន​ឆៃ មាន​ប្រ​​សាសន៍​ថា បញ្ហា​ប្រទេស​ភូមា​ ជា​បញ្ហា​ប្រទេស​ក្នុង​តំបន់​ ជា​ពិសេស​ប្រ​ទេស​ក្នុង​សមា​ជិក​សមា​គម​អាស៊ាន​ ដូច​នេះ​បញ្ហា​​ប្រ​ទេស​ភូមា​ លែង​ជា​បញ្ហា​របស់​អាជ្ញា​ធរ​ភូមា​តែ​ម្នាក់​អែង​ទៀត​ហើយ​។​

ថ្ងៃ ទី ២៧ សីហា ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ដិ ធម្មិ​កោ អគ្គ​ប្រតិ​ភូ​គណ​បក្ស​ទើប​បង្កើត​ថ្មី​ គឺ​គណ​បក្ស​រណ​សិរ្ស​សង្គម​ជាតិ​និយម​មាន​បន្ទូល​ដោយ​ទទូច​ ជំរុញ​អោយ​រំលោយ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ដោយ​ព្រះ​អង្គ​អះ​អាង​ថា​ ពេល​នេះ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​លែង​មាន​មេ​ដឹក​នាំ​ទៀត​ហើយ​ ព្រោះ​សមា​ជិក​បក្ស​បាន​រិះ​គន់​សំដេច​ក្រុម​ព្រះ​ជា​ព្រះ​ប្រ​ធាន​អិត​សំចៃ​ទៅ​ហើយ​។​

ថ្ងៃ ទី២៩ សីហា មាន​បាតុ​ភូត​ខ្យល់​កួច​ទឹក​នៅ​ទន្លេ​៤​មុខ (មុខ​វាំង) កើត​ចេញ​ជា​រាង​ក្រងិ ក្រ​ងក់​ដូច​ជា​រាង​ពស់​នាគ​ ហើយ​ជា​រឿង​មួយ​គួរ​អោយ​អស់​សំនើច​ ចំពោះ​ជន​ដែល​ជឿ​ផ្កាប់​មុខ​ទៅ​លើ​អបីយ​ជំនឿ​ បង្កើត​បាន​ជា​ជំនឿ​ដ៏​អស្ចារ្យ​ថា​ គឺ​​ស្ដេច​នាគ​រាជ​ ចុះ​លេង​ទឹក​ អ្នក​រក​ស៊ី​ថត​រូប​ដែល​ថត​រូប​បាតុ​ភូត​នេះ​ បាន​យក​ទៅ​ក្រ​លៃ​កែ​ឆ្នៃ​ផ្សាយ​ជា​ជំនឿ​ ហើយ​ផ្ដិត​​លក់​បាន​ជា​ច្រើន​ពាន់​ម៉ឺន​សន្លឹក​ ក្នុង​តំលៃ​ ១សន្លឹក​ ពី​១០០០ ទៅ ៥០០០​រៀល​។ តាម​ក្រសួង​អុតុ​និយម​ ប្រកាស​ថា​ វា​ជា​បាតុ​ភូត​ខ្យល់​​កួច​ទឹក​ជា​ធម្មតា​ប៉ុណ្ណោះ​។​

ថ្ងៃ ទី ៣១ រដ្ន​សភា​បើក​កិច្ច​ប្រជុំ​លើ​សេច​ក្ដី​ស្នើ​ច្បាប់​អែក​ពន្ធ​ភាព​ គឺ​កំនត់​អោយ​មាន​ប្រពន្ធ​មួយ​ និង ប្ដី​មួយ​ អ្នក​ប្រ​ព្រឹត្ដ​បទ​ល្មើស​ នឹង ច្បាប់​ អាច​ជាប់​ពន្ធ​នា​គារ​ពី ១​ខែ ទៅ​មួយ​ឆ្នាំ​ និង ត្រូវ​ពិន័យ​ជា​ប្រាក់​ច្រើន​រៀល​ទៀត​ផង​ លោក​អេង ឆៃ​អៀង​ មក​ពី​គណ​បក្ស​សម​រង្សី​ បាន​ថ្លែង​ថា គេ​មិន​គួរ​ធ្វើ​ច្បាប់​ដាក់​ទោស​ទៅ​លើ​ស្នេហា​នោះ​ទេ​។​

មន្រ្ដី​លាវ​ម្នាក់​ បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ក្នុង​បំនង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​រួម​ កម្ពុជា-​លាវ​។ ក្នុង​នោះ​លោក​ប៊ូ​សូ​បូ​ហា​វ៉ាន់​ បាន​កោត​សរ​សើរ​ពី​ការ​រីក​ចំរើន​របស់​កម្ពុជា​ លោក​បាន​ពិភាក្សា​ក្នុង​ការ​ប្ដូរ​និស្សិត​ លាវ​-​ខ្មែរ និង​ បាន​ពិភាក្សា​អំពី​រឿង​បោះ​បង្កូល​ព្រំ​ដែន​ដោយ​យក​តាម​ផែន​ទី​ ១ / ១០០.០០០ ផង​ដែរ​​។