ព្រឹត្ដិការណ៍ ខែ កក្កដា ២០០៦


ថ្ងៃសៅរ៍ ទី 21.ឧសភា 2022.ម៉ោង 8:56

ថ្ងៃទី២ ក្កកដា ប្រជា​ជន​ចំនួន​ប្រមាណ​១៦៨ គ្រួសារ​ដែល​រស់​នៅ​ផ្ដុំ​ពេទ្យ​មុនី​វង្ស​ ត្រូវ​អាជ្ញា​ធរ​ប៉ូលិស​ខ្មែរ​ បញ្ជា​ដោយ​អុត្ដ​សេនី​ផ្កាយ​មាស៤​ ហុក ឡងឌី ចូល​ទៅ​រុះ​រើ​ផ្ទះ​សំបែង​ ដោយ​ប្រើ​ហឹង្សា​ទៀត​ផង​ បង្ខំ​ផ្ដិត​មេ​ដៃ ​អោយ​ចេញ​ទៅ​រស់​នៅ​ភូមិ​ស្រែ​អំពិល​ ស្រុក​អង្គ​ស្នួល​ ខាង​លិច​ក្រុង​ភ្នំ​ពេញ​ប្រមាណ​ ៣៥​គ.ម​។ ក្នុង​ចំនោម​គ្រួសារ​ទាំង​នោះ​ មាន​គ្រួសារ​នគរ​បាល​ចំនួន​ ៥២​គ្រួសារ​ ក្រៅ​ពី​នោះ​ជា​គ្រួសារ​ប្រជា​ជន​ និង បុគ្គ​លិក​រាជ​រដ្ឋា​ភិបាល​ផ្សេង​ៗ​។​

គណបក្ស​សម​រង្សី​បាន​បណ្ដេញ​សមា​ជិក​បក្ស​ឃុំ​សង្កាត់​របស់​ខ្លួន​ចំនួន​ ២៤​រូប​ មក​ពី​ខេត្ដ​ក្រុង​ចំនួន​១០​ ទូ​ទាំង​ប្រ​ទេស​អោយ​ឈប់​ពី​មុខ​ងារ​របស់​ខ្លួន​ ក្នុង​បទ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ ស៊ី​សំនូក​ ក្នុង​ការ​លក់​អុត្ដម​គតិ​ និង ប្រ​ព្រឹត្ដ​ផ្ទុយ​ទៅ​ នឹង លក្ខន្ដិកៈ​នានា​របស់​បក្ស​។​

ថ្ងៃទី ៣ កក្កដា ចៅ​ក្រម​ខ្មែរ​៣០​នាក់​ និង អន្ដរ​ជាតិ​ ១៧​នាក់​ ដើម្បី​កាត់​ទោស​មេ​ខ្មែរ​ក្រហម​ នាំ​គ្នា​ទៅ​ធ្វើ​ពិធី​ស្បថ​ នៅ​ប្រា​សាទ​ព្រះ​កែវ​មរកត​ ក្នុង​ព្រះ​រាជ​វាំង​ ក្រោម​អធិប្ប​តេយ្យ​ភាព​លោក​អុប​នាយក​រដ្ឋ​មន្រ្ដី​ សំដេច​គង់ សំអុល​, សំដេច​សង្ឃ​​រាជ​​គ​ណមហា​និកាយ នួន ង៉ែត និង សំដេច​​សង្ឃ​​រាជ​គណ​ធម្ម​យុត​ ប៊ូ គ្រី មុខ​រូប​សំណាគ​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្ដម​។ ចៅ​ក្រម​ទាំង​៣០ រូប​ នឹង ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​ ១០​កក្កដា​ខាង​មុខ​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​តា ម៉ុក កំពុង​មាន​ជំងឺ​ជា​ទំងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។​

ថ្ងៃទី៤ កក្កដា មន្រ្ដីហ្វុន​ស៊ីន​ប៉ិច​ ដែល កំពុង​ដឹក​នាំ​គណ​បក្ស​ដែល​គ្មាន​វត្ដ​មាន​ទ្រង់​រណ​រិទ្ធ​ប្រធាន​បក្ស​ កំពុង​ប្រឈម​មុខ​ នឹង ​ការ​ស្នើ​សុំ​ពី​ផ្ទៃ​ក្នុង​គណ​បក្ស​ អោយ​សុំ​លា​លែង​ពី​មុខ​ដំនែង​ក្នុង​រដ្ឋា​ភិបាល​។ លោក​ញ៉ឹក ប៊ុន ឆៃ​អគ្គ​លេខា​បក្ស​ ហើយ​មាន​តំនែង​ក្នុង​រដ្ឋា​ភិបាល​ជា​អុប​នាយក​រដ្ឋ​មន្រ្ដី​ កំពុង​តែ​ត្រូវ​ទទួល​ស្នើ​សុំ សូម​អោយ​ប្រធាន​បក្ស​ចាត់​វិធាន​ការ​រារាំង​អគ្គ​លេខា​ធិការ​បក្ស​កុំ​អោយ​មាន​មុខ​នាទី​ណា​មួយ​ក្នុង​រដ្ឋា​ភិបាល​។​ លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២ កក្កដា​ ដែល​មាន​ចំនារ​របស់​ទ្រង់​រណ​រិទ្ធ​ប្រធាន​បក្ស​ផង​នោះ​ បាន​សុំ​អោយ​ថ្នាក់​ដឹក​នាំ​ហ្វុន​ស៊ីន​ប៉ិច​ ធ្វើ​ការ​ពិចារ​ណា​ពិនិត្យ​លើ​សំនើ​នេះ​។​

ថ្ងៃទី ៦កក្កដា លោក​អ៊ឹម សួស្ដី ប្រធាន​គណ​កម្មា​ធិការ​រៀប​ចំ​បោះ​ឆ្នោត​ បាន​ប្រកាស​ក្នុង​សន្និ​សិទ្ធ​កា​សែត​មួយ​ថា​ ចំនួន​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូ​ទាំង​ប្រទេស​ដែល​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​នៅ​ថ្ងៃ​ ១​មេសា​ ២០០៧ នឹង មាន​ចំនួន​លើស​ឆ្នាំ​ ២០០២ ចំនួន ៩២​នាក់​។​ ការ​កើន​ឡើង​នេះ​ គឺ​បណ្ដាល​មក​ពី​កំនើន​ប្រជា​ជន​បាន​កើត​ឡើង​ជា​ច្រើន​ផង​ដែរ​។​

៥,៦ កក្កដា ៩ឆ្នាំមុន មាន​ព្រឹត្ដិ​ការណ៍ ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​គ្នា​មួយ​នៅ​ចំ​កណ្ដាល​បេះ​ដូង​កម្ពុជា​ គឺ​ទី​ក្រុង​ភ្នំ​ពេញ​ កើត​ចេញ​ពី​គណ​បក្ស​ប្រជា​ជន​របស់​លោក​យក​រដ្ឋ​មន្រ្ដី​ទី​២ និង គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​របស់​ទ្រង់​រណ​រិទ្ធ​នាយក​រដ្ឋ​មន្រ្ដី​ទី​១​។​អ្នក​ចាញ់​ គឺ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ហើយ​ដែល​មាន​មន្រ្ដី​ជាន់​ខ្ពស់​ជា​ច្រើន​បាន​បូជា​ជីវិត​ក្នុង​ព្រឹត្ដិ​ការណ៍​នេះ​។ ប្លែក​ណាស់​ចំ​ពោះ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ មិន​ហ៊ាន​ប្រារព្ធ​ធ្វើ​បុណ្យ​ អុទ្ទិស​កុសល​ ជូន​ដល់​វិញ្ញាណ​ខន្ធ​មិត្ដ​រួម​អាវុធ​ខ្លួន​អែង​ទេ តែ​គួរ​អោយ​អស់​សំនើច​ គណ​បក្ស​សម​រង្សី​អែ​ណោះ បែរ​ជា​នាំ​គ្នា​ធ្វើ​បុណ្យ​ទក្ខិ​ណា​នុប្ប​ទាន​ អុទិ្ទស​កុសល​ជូន​ដល់​វិញ្ញាណ​ខន្ធ​មន្រ្ដី​ហ្វុន​ស៊ីន​ប៉ិច​ ដែល​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ថ្ងៃ​ ៥, ៦​កក្កដា ១៩៩៧ ទៅ​វិញ​។​

ថ្ងៃទី ៧កក្កដា សហ​ចៅ​ក្រម​ជាតិ​១៧​នាក់​ និង អន្ដរ​ជាតិ​ ១០​នាក់​ នៃ អង្គ​ជំនុំ​ជំរះ​វិសា​មញ្ញ​ ដើម្បី​​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រ​ហម ដែល​បាន​ធ្វើ​សិក្ខា​សាលា​មួយ​ អស់​រយ​ពេល​៤​ថ្ងៃ​កន្លង​មក​ បាន​ប្រ​កាស​រួម​ថា​ ដំណើរ​ការ​នៃ​សាលា​ក្ដី​បាន​ចាប់​ផ្ដើម​ហើយ​ ដើម្បី​ស្រាវ​ជ្រាវ​រក​យុត្ដិ​ធម៌​ជូន​ជន​រង​គ្រោះ​ ការ​កសាង​សំនុំ​រឿង​ នឹង ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​ និង ដាក់​ជូន​អង្គ​ជំនុំ​ជំរះ​វិសា​មញ្ញ​ នឹង កើត​មាន​យ៉ាង​ពិត​ប្រាកដ​ ដែល​ប្រជា​រាស្រ្ដ​ខ្មែរ​បាន​រង់​ចាំ​អស់​កាល​ជា​យូរ​មក​ហើយ​។​ សូម​បញ្ជាក់​ថា​ ក្នុង​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ រឺ​ ចាប់​ខ្លួន​មេ​ខ្មែរ​ក្រហម​ណា​ម្នាក់​ ក្រៅ​ពី ឌុច និង តា​ម៉ុក​ដែល​កំពុង​មាន​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ឡើយ​។​

នៅ​ពេល​ដែល​សមា​ជិក​ជាន់​ខ្ពស់​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​កំពុង​មាន​ការ​ប្រេះ​ឆា​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ សមា​ជិក​រាជ​វង្ស​បាន​នាំ​គ្នា​បង្កើត​គណ​បក្ស​ថ្មី​មួយ​ ដែល​លិច​លឺ​មក​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​។​ ព្រះ​អម្ចាស់​ស៊ីសុវត្ថ​ ធម្មិ​កោ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​ ជា​មួយ​ នឹង ព្រះ​អង្គ​ម្ចាស់​ក្សត្រី​នរោត្ដម​ វិជ្ជរា​ មាន​បន្ទូល​កាល​ពី​ថ្ងៃ​ទី​៤ កក្កដា​ថា​ មាន​អិស្សរ​ជន​គណ​បក្ស​មួយ​ចំនួន​ បាន​ចូល​គាំ​ទ្រ​ គឺ​គណ​បក្ស​របស់​លោក​ស៊ុត​ ឌី​ណា, លោក​គៀង​ សុគន​, អែក​អុត្ដម​សឺន សូប៊ែតរ​។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​នរោត្ដម​វិជ្ជរា​ ទ្រង់​មាន​បន្ទូល​ថ្ងៃ​នេះ​ក្នុង​បទ​សំភាស​មួយ​តាម​វិទ្យុ​អាស៊ី​សេរី​ថា​ «មិន​មែន​ខ្ញុំ​ទេ​ គឺ​ព្រះ​អម្ចាស់​ធម្មិ​កោ​ ដែល​មាន​គំនិត​ ហើយ​លោក​បាន​ជជែក​ជា​មួយ​ខ្ញុំ​ ពី​គំរោង​ការ​បង្កើត​គណ​បក្ស​ថ្មី​ ដែល​មាន​បន្ទាត់​នយោ​បាយ​ល្អ​ ជា​ពិសេស​ គឺ​ចង់​បង្រួប​បង្រួម​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​មើល​ឃើញ​ថា​ មិន​អនុ​វត្ដន៍​ទៅ​តាម​គោល​ការណ៍​ គណ​បក្ស​រាជា​និយម​ ដែល​បាន​បង្កើត​ដោយ​សំដេច​នរោត្ដម​សីហនុ​កាល​ពី​ឆ្នាំ​១៩៨០​»​។

ថ្ងៃទី ១០ កក្កដា រដ្ឋ​សភា​ខ្មែរ​ បាន​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​ សមា​សភាព​គណ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ៩​នាក់​ មក​ពី​គណ​បក្ស​ប្រជា​ជន​ ៥​នាក់​ មក​ពី​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ២​នាក់​ និង មក​ពី​គណ​បក្ស​សម​រង្សី​ ២​នាក់​ ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​មាន​តំណាង​រាស្រ្ដ​ចំនួន​៩៩​នាក់​ ចូល​រួម​ មាន​៩២​សំលេង​គាំ​ទ្រ​ ២​សំលេង​មិន​យល់​ព្រម​ និង​ ៤សំលេង​ជា​មោឃ​។​ បញ្ជី​រាយ​នាម​ជា​ផ្លូវ​ការ​មាន​ ៖ :
- លោកអ៊ឹម សួស្ដី ប្រធាន
- លោកស៊ីន ជំបូ អនុប្រធាន
- លោកស្រីកុយ វេត សមាជិក
- លោកឃ្លោក ប៊ុតឌី សមាជិក
- លោកហាវាន ស៊ីវិល័យ សមាជិក
- លោកមាន សទិ សមាជិក
- លោកអែក សុផាត សមាជិក
- លោកសោម ចាន់ឌីណា សមាជិក
- លោកម៉ៅ សុធារិទ្ធ សមាជិក

ក្រុម​អ្នក​ច្បាប់​ នៃ អង្គ​ជំនុំ​ជំរះ​កាត់​ទោស​ខ្មែរ​ក្រហម​ បាន​បើក​ការិ​យា​ល័យ​ចូល​ធ្វើ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ស្រប​ពេល​នេះ​ដែរ​ សំដេច​នរោត្ដម​សីហនុ​ មាន​បន្ទូល​ម្ដង​ទៀត​នៅ​ក្នុង​វេប​សាយ​ធេ​​របស់​ព្រះ​អង្គ​ ហើយ​ដែល​ព្រះ​អង្គ​ធ្លាប់​មាន​បន្ទូល​មក​ជា​រឿយ​ៗ​មក​ហើយ​ថា​ ព្រះ​អង្គ​មិន​គាំ​ទ្រ​តុលា​ការ​កាត់​ទោស​មេ​ខ្មែរ​ក្រហម​ដែល​មាន​អយុ​ចាស់​ជរា​ពីរ​បី​នាក់​នោះ​ទេ​ ថវិ​ការ​ចំនួន​ច្រើន​លើស​លុប​ អាច​យក​ទៅ​អភិ​វឌ្ឍន៍​ កាត់​បំបាត់​ភាព​ក្រី​ក្រ​​របស់​​ប្រជា​រាស្រ្ដ​ដែល​កំពុង​រង​ទុក្ខ​វេទ​នា​យ៉ាង​ខ្លោច​ផ្សា​។​

ថ្ងៃទី ១២ កក្កដា ទ្រង់​នរោ​ត្ដម​រណ​រិទ្ធ​ប្រធាន​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច ដែល​កំពុង​គង់​នៅ​ប្រទេស​បារាំង​ បាន​តែង​តាំង​ទី​ប្រឹក្សា​ព្រះ​អង្គ​ ៤​រូប​ ដើម្បី​ជួយ​កិច្ច​ដឹក​នាំ​បក្ស​។ លោក​អោក សុជាតិ​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ពិសេស​ ទទួល​បន្ទុក​ពត៌​មាន​ និង កិច្ច​ការ​បរ​ទេស​ បាន​ប្រាប់​អោយ​ដឹង​ពី​ទី​ប្រឹក្សា​បី​រូប​ទៀត​ថា​ លោក​សេរី កុសល ទទួល​បន្ទុក​ការ​ងារ​នយោ​បាយ​ លោក​ហេង​ ចន្ថា ទទួល​បន្ទុក​ការ​ងារ​យុវ​ជន​ លោក​ទូត លុច ទទួល​បន្ទុក​ការ​ងារ​ និង​កសិ​កម្ម។

មន្រ្ដី​ធនា​គារ​ពិភព​លោក​ បាន​ចូល​ជួប​ប្រជុំ​ជា​មួយ​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន​។ លោក​ហ៊ុន​ សែន​បាន​ជជែក​ត​វ៉ា​បដិ​សេធ​ថា​ លោក​ទទួល​យក​មិន​បាន​ទេ​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ មាន​ក្រសួង​៥​ ក្នុង​រដ្ឋា​ភិបាល​របស់​លោក​បាន​ប្រ​ព្រឹត្ដ​អំពើ​ពុក​រលួយ​ ទាក់​ទង​ នឹង ការ​ប្រើ​ប្រាស់​ប្រាក់​កំចី​របស់​ធនា​គារ​នេះ​។​

ថ្ងៃ ទី១៣ កក្កដា លោក​ហោ ណាំហុង អុប​នាយក​រដ្ឋ​មន្រ្ដី​ និង រដ្ឋ​មន្រី្ដ​ក្រសួង​ការ​បរ​ទេស​ខ្មែរ​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ស្រុក​ចិន​ រហូត​ដល់​ថ្ងៃ​ទី​១៦ កក្កដា តាម​ការ​អញ្ញើញ​របស់​រដ្ឋ​មន្រ្ដី​ការ​បរ​ទេស​ចិន​ លោក លី ស្សាវ​ហ្សីង​ ក្នុង​គោល​បំនង​ពង្រឹង​មិត្ដ​ភាព​ចិន​ - កម្ពុជា អោយ​កាន់​តែ​មាន​ភាព​ជិត​ស្និត​គ្នា​ខ្លាំង​ឡើង​ទៀត​។​

ការទទួល​មរណ​ភាព​ នៅ​ទី​ក្រុង​បារី​ របស់​លោក​សុស្តែន ហ្វែន​ង់ដេស​ ក្នុង​អាយុ ៨៣​ឆ្នាំ​ ជា​អគ្គ​សេនា​ធិ​ការ​កង​ទ័ព​ជាតិ​ក្នុង​សម័យ​សាធា​រណ​រដ្ឋ​ លោក​លន់ នល់ ១៩៧០ -១៩៧៥​។

ថ្ងៃ ទី១៥ កក្កដា រដ្ឋ​មន្រ្ដី​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ចម​ ប្រសិទ្ធ និង មន្រ្ដី​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេ​រិក​ទទួល​បន្ទុក​ផ្នែក​ពាណិ​ជ្ជ​កម្ម​ បាន​ធ្វើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ ទិហ្វា TIFA (Trade Investment Framework Agreement ) ដែល​ នឹង ជំរុញ​អោយ​អ្នក​វិនិ​យោគ​ទុន​ធំ​ៗ​ នៅ​សហ​រដ្ឋ​អាមេ​រិក​ អោយ​មក​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុ​ជា​។ ក្នុង​ការ​ចុះ​ហត្ថ​លេខា​ លោក​អនុ​ប្រធាន​ ​តំណាង​ពាណិជ្ជ​កម្ម​ ស.រ.អា លោក​អែក​អគ្គ​រដ្ឋ​ទូត​ Karan Bhatia បាន​ទទួល​នូវ​ការ​ស្វាគមន៍​ ក្នុង​ការ​បញ្ចូល​កម្ពុជា​ជា​សមា​ជិក​ក្នុង​កិច្ច​ព្រម​ព្រៀង​ ទិហ្វា ដូច​ជា​គ្រួសារ​តែ​មួយ​ដូច​​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ឡាយ​ដែរ​។​

ថ្ងៃទី ១៦ កក្កដា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ តាម៉ុក មេ​ខ្មែរ​ក្រម​ជាន់​ខ្ពស់​ម្នាក់​ដែល​គេ​ចាប់​យក​ទៅ​ដាក់​គុក​យោធា​អស់​​ជិត​៧ ឆ្នាំ​មក​ហើយ​​ៗ កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់​ជាង​មួយ​អាទិត្យ​មក​ហើយ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ មិន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ​​។ តាម៉ុក​ភ្លឹក​បាត់​ស្មារតី​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។​ ទាក់​ទង​ នឹង មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែរ​ កាល​ពី​ថ្ងៃ​ទី ១២​កក្កដា​មាន​ល្បី​លិច​លឺ​ដំនឹង​ថា​ លោក​ខៀវ សំផន​បាន​រត់​គេច​ចេញ​ពី​ផ្ទះ​បាត់​។​

ការ​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​ នៃ គំរោង​ការ​បង្កើត​គណ​បក្ស​ថ្មី​មួយ​របស់​ព្រះ​អង្គ​ម្ចាស់​ស៊ីសុ​វត្ដិ ធម្មិ​កោ​។​ ក្នុង​អង្គ​ប្រជុំ​មាន​គណ​បក្ស​បី​ចូល​រួម​ប្រជុំ​ជា​មួយ​ គឺ​គណ​បក្ស​រណ​សិរ្ស​ជន​ជាតិ​ខ្មែរ​ គណ​បក្ស​អែក​ភាព​ខ្មែរ​ និង គបក្ស​អំណាច​ប្រជា​ពល​រដ្ឋ​ តែ​ព្រះ​អង្គ​មិន​បាន​លាត​ត្រដាង​ប្រាប់​ពី​ឈ្មោះ​គណ​បក្ស​ថ្មី​នេះ​ទេ​។​

ថ្ងៃទី ១៩កក្កដា លោក​មួ គឹម​សាន ប្រ​ធាន​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ និង ខេត្ដ​ ត្រូវ​គេ​ចាប់​ខ្លួន​តាម​​ដិការ​តុលា​ការ ពី​បទ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ នឹង អំពើ​ពុក​រលួយ​ កិប​គេង​បំបាត់​លុយ​ធនា​គារ​ពិភព​លោក​ ចំនួន​ទឹក​លុយ​ ​៨៤​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​។ នេះ​ជា​លើ​ដំបូង​បង្អស់​ចំពោះ​មន្រ្ដី​ដែល​ជាប់​ពាក់​ព័ន្ធ​ នឹង អំពើ​ពុក​រលួយ​ត្រូវ​គេ​ចាប់​ខ្លួន​។​

លោក​អុត្ដម​នាវី​ វិលី​យ៉ាម​ ហ្វា​ល្លុង​ William Fallon មេ​បញ្ជា​ការ​យោធា​សហ​រដ្ឋ​អាមេ​រិក​ប្រចាំ​នៅ​តំបន់​អាស៊ី​បាស៊ី​ហ្វិក​ និង អិណ្ឌា មក​ធ្វើ​ទស្សន​កិច្ច​ចំនួន​ពីរ​ថ្ងៃ​នៅ​កម្ពុជា​។​ ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​វិស័យ​យោធា​ រវាង​កម្ពុជា និង អា​មេ​រិក​។

ថ្ងៃទី ២១កក្កដា ការ​ចូល​មរណ​ភាព​របស់​តាម៉ុក​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ វេលា​ម៉ោង​៥​ភ្លឺ​ ក្នុង​ជន្មាយុ​៨០ ​ឆ្នាំ ខ្មោច​តាម៉ុក​ ត្រូវ​គេ​ដឹក​បញ្ជូន​តាម​រថ​យន្ដ​ក្រសួង​សុខា​ភិបាល​ អម​ដោយ​មន្រ្ដី​យោធា​មួយ​ចំនួន​ ទៅ​កាន់​តំបន់​អន្លង់​វែង​ ជា​ទី​កន្លែង​មូល​ដ្ឋាន​ទ័ព​ខ្មែរ​ក្រហម​ចុង​ក្រោយ​ ដែល​តាម៉ុក​ឈរ​ជើង​នៅ​ទី​នោះ​​មុន​ ​នឹង ត្រូវ​រដ្ឋា​ភិបាល​ចាប់​ខ្លួន​។​ តាម៉ុក​ជា​មេ​បញ្ជា​ការ​ខ្មែរ​ក្រហម​ម្នាក់​ដែល​ល្បី​ថា​ កាច​សាហាវ​បំផុត​ក្នុង​ការ​ប្រ​ព្រឹត្ដ​អំពើ​អុក្រិដ្ឋ​ ក្នុង​សម័យ​ឆ្នាំ​១៩៧៥-​១៩៧៩​។​ បន្ទាប់​ពី​​បុល ពត ស្លាប់​នៅ​ឆ្នាំ​១៩៩៨​ តាម៉ុក​ត្រូវ​គេ​ចាប់​ខ្លួន​នៅឆ្នាំ​ ១៩៩៩ យក​ទៅ​ឃុំ​ក្នុង​ពន្ធនា​គារ​យោធា​។ តាម៉ុក​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​ ២៩​មិថុនា​ ដែល​ក្នុង​នោះ​តាម៉ុក​ បាន​ភ្លឹក​ស្មារ​តី​ម្ដង​ទៅ​ហើយ​។​

ថ្ងៃទី ២៥ កក្កដា លោក​ចូហ្សែ មួសូ​មេ​លី Jeseph Mussomeli អែក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក​ប្រចាំ​កម្ពុជា​ បាន​ប្រកាស​គាំ​ទ្រ​អោយ​ធ្វើ​ការ​កាត់​ទោស​មេ​ខ្មែរ​ក្រហម​អោយ​បាន​ឆាប់​ៗ​ បន្ទាប់​ពី​មេ​ខ្មែរ​ក្រហម​តាម៉ុក​ស្លាប់​ ហើយ​ដែល​អតីត​ព្រះ​មហា​ក្សត្រ​សំដេច​នរោត្ដម​សីហនុ​ប្រកាស​មិន​គាំ​ទ្រ​តុលាការ​នេះ​ជា​រឿយ​ៗ​មក​។ លោក​ចូហ្សែ​ មួសូ​មេ​លី មាន​ប្រសាសន៍​ថា​ មែន​ហើយ​ជន​ក្រី​ក្រ​ត្រូវ​ការ​អាហារ​បរិ​ភោគ​ និង​ ថ្នាំ​សង្កូវ​ព្យា​បាល​សុខ​ភាព​ តែ​មនុស្ស​ត្រូវ​ការ​អ្វី​ៗ​ផ្សេង​ៗ​ទៀត​ដែល​សំ​ខាន់​ដូច​អាហារ​បរិ​ភោគ​នោះ​ដែ​រ គឺ​យើង​ត្រូវ​ការ​យុត្ដិធម៌​ ព្រោះ​យើង​ខក​ខាន​មិន​បាន​ទទួល​យុត្ដិ​ធម៌​ក្នុង​រយ​ពេល​ដ៏​យូរ​​លង់​មក​ហើយ​។

    ថ្ងៃទី ២៧ កក្កដា នៅ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ព្រះ​អម្ចាស់​ធម្មិ​កោ បាន​ប្រកាស​សម័្ពន​ភាព​នយោ​បាយ​មួយ​ឈ្មោះ ​សង្គម​ជាតិ​និយម​ ព្រះ​អម្ចាស់​ខ្លួន​អែង​មាន​តួនាទី​ជា​អគ្គ​ប្រតិភូ​ និង មាន​គណ​បក្ស​តូច​ៗ​មួយ​ចំនួន​ទៀត​ចូល​រួម​គឺ​ ៖
- គណបក្សរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ មានលោកគៀត សុគន្ធ ជាប្រធាន
- គណបក្សអែកភាពខ្មែរ មានលោកខៀវ ដារ៉ា ជាប្រធាន
- គណបក្សរណសិរ្សជនជាតិខ្មែរ មានលោកសុត ឌីណា ជាប្រធាន
- គណបក្សមហានគរ មានលោកសែម សម្បត្ដិជាប្រធាន
- គណបក្សកសាងជាតិ មានលោកលេង សេង ជាប្រធាន
     ព្រះអង្គម្ចាស់​ធម្មិ​កោ​មាន​បន្ទូល​ថា សម្ព័ន​ភាព​ សង្គម​ជាតិ​និយម​ នេះ​មិន​មែន​ជា​ឈ្មោះ​គណ​បក្ស​ថ្មី​នេះ​ទេ​ ឈ្មោះ​គណ​​បក្ស​ នឹង ប្រកាស​នៅ​ថ្ងៃ​ក្រោយ​ទៀត​។ ព្រះ​អម្ចាស់​ធម្មិកោ​ ក៏​សូម​អោយ​គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ រំលាយ​ខ្លួន​មក​ចូល​ នឹង ព្រះ​​អង្គ​ផង​ដែរ​។​
    ទាក់​ទង​ នឹង អំពើ​ពុក​រលួយ​ មន្រ្ដី​ខេត្ដ​រតន​គិរី​ ១១​នាក់​ត្រូវ​តុលា​ប្រកាស​សាល​ក្រម​ ផ្ដន្ទា​ទោស​អោយ​ជាប់​គុក​ម្នាក់​ៗ​ពី ៥​ឆ្នាំ​ ទៅ ៧​ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ បាន​ប្រព្រិត្ដ​អំពើ​ពុក​រលួយ​ទទួល​សំនូក​ អោយ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​អុទ្យាន​ជាតិ​ វរ​ជ័យ​តំបន់​កន្ទុយ​នាគ​។​

ថ្ងៃទី ២៨ កក្កដា មន្រ្ដី​ហ្វុន​ស៊ីន​ប៉ិច ចំនួន​ ១៧២នាក់ បាន​ប្រកាស​ផ្ដាច់​ខ្លួន​ ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ទទួល​ស្វា​គមន៍​ដោយ​លោក​ជំទាវ​ម៉ែន សំអន​ ទន្ទឹម​គ្នា​នេះ​គណ​ប្រតិភូ​ហ្វុន​ស៊ីន​ប៉ិច​មួយ​ក្រុម​ ដែល​មាន​លោក​អគ្គ​លេខា​ធិការ​ញឹក ប៊ុន​ឆៃ​ផង​ កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​សំដេច​ក្រុម​ព្រះ​នៅ​ប្រទេស​ម៉ាលេ​ស៊ី​ ក្នុង​គោល​បំនង​យាង​ព្រះ​អង្គ​អោយ​ចូល​មក​កម្ពុជា​វិញ​។​

ថ្ងៃទី ៣១ កក្កដា លោក​ហេង ពៅ អតីត​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ដែល​បាន​ប្ដូរ​អោយ​ទៅ​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​​មហា​ផ្ទៃ​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​ និង ជា​ទី​ប្រឹក្សា​លោក​ហ៊ុន​ សែន​ផង​ ត្រូវ​បាន​គេ​ដក​ហូត​ពី​មុខ​តំនែង​អស់​រលីង​កាល​ថ្ងៃ​ទី​២៧​ថ្មី​ៗ​នេះ​។​ បន្ទាប់​ពី​មាន​សេច​ក្ដី​រាយ​ការ​ថា មាន​ដិកា​តុលា​ការ​អោយ​ចាប់​ខ្លួន​ កង​អាជ្ញា​ធរ​ប៉ូលិស​បាន​ចូល​ទៅ​ឆែក​​ឆេរ​គេ​ហដ្ឋាន​របស់​លោក​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ថ្ងៃ​នេះ​ ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ជាប់​ពាក់​ព័ន្ធ​ នឹង រឿង​ឃាត​កម្ម​ជា​ច្រើន​​រឿង​ តែ​លោក​អុត្ដម​សេនី​ផ្កាយ​មាស​ពីរ​ហេង ពៅ​ ពុំ​បាន​ស្ថិត​នៅ​ក្នុង​គេ​ហដ្ឋាន​ទេ​ លោក​បាន​ចេញ​ទៅ​បរ​ទេស​បាត់​តាំង​​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ម៉្លេះ​។

ការចុះហត្ថលេខា ទ្វេ​ភាគី​រវាង​កម្ពុជា និង សាធារណរដ្ឋ​កូរេ លើ​អនុស្សន​ពីរ​ គឺ​ការ​បង្កើត​អោយ​មាន​គណ​កម្មា​ធិការ​​ទ្វេ​ភាគី និង អនុស្សន​លើ​សហ​ប្រតិ​បត្ដិ​ការ​រួម​លើ​វិស័យ​វប្ប​ធម៌​។