ព្រឹត្ដិការណ៍ មិថុនា ២០០៦


ថ្ងៃសៅរ៍ ទី 14.ឧសភា 2022.ម៉ោង 9:00

ថ្ងៃទី ៣មិថុនា លោក​យឹម សុវណ្ណ ប្រ​ធាន​គណ​កម្ម​ការ​ទី​៤ មហា​ផ្ទៃ​ ការ​ពារ​ជាតិ​ អង្កេត​ និង បោស​សំ​អាត​បាន​សុំ​ស្នើ​អោយ​ធនា​គារ​ពិភព​លោក​ និង ក្រ​សួង​៣ គឺ​ក្រ​សួង​អុស្សា​ហកម្ម​ រ៉ែ​ និង ថាម​ពល​ មាន​លោក​ សុយ សែម​ជា​រដ្ឋ​មន្រ្ដី​​ក្រ​សួង​អភិ​វឌ្ឍន៍​ជន​បទ​ លោក​លឺ ឡាយ​ស្រេង​ ជា​រដ្ឋ​មន្រ្ដី​ និង​ ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​ន័យ​កម្ម​ ផ្ដល់​អែក​សារ​ពី​ភាព​មិន​ប្រ​ក្រតី​ទាក់​ទង​ នឹង ថវិ​ការ​ចំនួន​ ៦៤​លាន​ ៥​សែន​ដុល្លារ​។​ ដោយ​លែក លោក​សុន ឆៃ​បាន​ស្នើ​សុំ​អោយ​លោក​ សូ ឃុន​រដ្ឋ​មន្រ្ដី​ក្រ​សួង​ប្រៃ​សណីយ៍ គម​នា​គម​ អោយ​មក​ស្រាយ​បំ​ភ្លឺ​ នៅ​ភាព​មិន​ប្រ​ក្រ​តី​ខ្លះ​ ដូច​ជា​នៅ​ឆ្នាំ ១៩៩៥​ រដ្ឋ​បាន​ទទួល​ថវិ​ការ​ចំនួន​៦០​លាន​ដុល្លារ​ ហើយ​សព្វ​ថ្ងៃ​បាន​ទទួល​តែ​ ២០​លាន​ដុល្លារ​ប៉ុណ្ណោះ​ ពី​ប្រពន្ធ​ទូរ​ស័ព្ទ​ សូម្បី​សព្វ​ថ្ងៃ​មាន​អ្នក​ប្រើ​ទូរ​សព្ទ​កើន​ឡើង​យ៉ាង​សន្ធឹក​សន្ធប់​។​

ថ្ងៃទី ៤មិថុនា នៅ​ក្នុង​រាជ​វាំង​ អតីត​ព្រះ​មហា​ក្សត្រ​នរោត្ដម សីហនុ ដែល​ទើប​យាង​ត្រលប់​ពី​ប្រទេស​ចិន​ បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជ​មួយ​ ដើម្បី​ទទួល​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន​ សែន​ និង សមា​ជិក​រដ្ឋា​ភិបាល​មួយ​ចំនួន​ សំដេចន​រោត្ដម​សី​ហនុ​ ទ្រង់​កោត​សរ​សើរ​ដល់​លោក​ហ៊ុន​ សែន​ថា​ ជា​វិរៈ​បុរស​ស្នេហា​ជាតិ​ដ៏​ខ្លាំង​ក្លា​មួយ​រូប​ ដែល​ចូល​រួម​ធ្វើ​ការ​រំដោះ​ជា​តិ​រួម​គ្នា​ដើម្បី​ប្រឆាំង​បរ​ទេស​ឈ្លាន​ពាន​ និង ពួក​​ធ្វើ​រដ្ឋ​ប្រហារ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក​ តាម​ការ​អំពាវ​នាវ​របស់​ព្រះ​​អង្គ​។​

ក្រសួង​ហិរញ្ញ​វត្ថុ​ខ្មែរ​បាន​សំរេច​ជា​អែក​តោ​ភាគី​ផ្ដល់​ថវិ​ការ​​អោយ​ក្រសួង​បី​ ដែល​ទាក់​ទង​ថា​ មាន​ភាព​មិន​ប្រ​ក្រតី​ក្នុង​ការ​ប្រើ​ថវិ​ការ​ដែល​ផ្ដល់​ដោយ​ធនា​គារ​ពិភព​លោក​ ដោយ​សំអាង​ថា​ ធនា​គារ​ពិភព​លោក​មិន​បាន​ផ្ដល់​អែក​សារ​ច្បាស់​លាស់​ក្នុង​ភាព​មិន​ប្រ​ក្រតី​នេះ​។

នៅ​វាល​មេរុ​ ខ្មែរ​កម្ពុ​ជា​ក្រោម​ដឹក​នាំ​ដោយ​លោក ថាច់ សេដ្ឋា បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​ទី​៥៧​ ដែល​បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ អោយ​ទៅ​ប្រ​ទេស​វៀត​ណាម​កាន់​កាប់​ (បារាំង​កាត់​ដី​កម្ពុ​ជា​ក្រោម​អោយ​វៀត​ណាម​ នៅ​ថ្ងៃ​ទី​ ៤​មិថុនា​១៩៤៩) មាន​ព្រះ​សង្ឃ​ ១៩៤០​អង្គ​ ចូល​រួម​ក្នុង​ពិធី​នេះ​។នៅ​សហ​រដ្ឋ​អាមេ​រិ​ក​ មាន​ខ្មែរ​ក្រោម​ចំនួន​ ៨០​នាក់​ មក​ពី​ប្រទេស​នា​នា​ និង រដ្ឋ​នានា​នៅ​សហ​រដ្ឋ​អាមេ​រិក​ បង្កើត​រដ្ឋា​ភិបាល​ក្រៅ​ស្រុក​មួយ​ឈ្មោះ​ថា រដ្ឋា​ភិបាល​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​ប្រ​ឆាំង​ការ​គ្រប់​គ្រង​​វៀត​ណាម​បច្ចុប្បន្ន​ លោក​ថាច់​ ចន្ទ​ មក​ពី​ប្រទេស​កាណា​ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្ដី​។​

ថ្ងៃទី ៦​មិថុនា មន្រ្ដី​ហ្វុន​​ស៊ីន​ប៉ិច​ពីរ​រូប​បាន​ចោទ​វាយ​ប្រហារ​គ្នា​ដោយ​ត្រង់​ៗ​តែ​ម្ដង​ លោក​ញឹក ប៊ុន​ឆៃ អគ្គ​លេខា​បក្ស​ដែល​កំពុង​ដឹក​នាំ​បក្ស​តាំង​ពី​ទ្រង់​រណ​រិទ្ធ​បាន​និរ​ទេស​ខ្លួន​ទៅ​បរ​ទេស​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ក្បត់​ហ្វុន​​ស៊ីន​ប៉ិច​ចូល​រួម​ជា​មួយ​ហ៊ុន សែន លោក​បាន​វាយ​ប្រហារ​ទៅ​លើ​ទ្រង់​នរោត្ដម​ចក្រ​ពង្ស​ ដែល​គាំ​ទ្រ​ដោយ​លោក​សេរី​កុសល​ និង លោក​ជា​ចាន់​បរិបូរ​ ដែល​ទ្រង់​បាន​និយាយ​ថា​ ការ​បង្កើត​គណ​បក្ស​ថ្មី​ គណ​បក្ស​នរោត្ដ​រណ​រិទ្ធ គឺ​ជា​កិច្ច​ការ​មួយ​យ៉ាង​ត្រឹម​ត្រូវ​។​

ក្រុមអាជ្ញាធរ​ប៉ូលិស​ បាន​ចូល​ទៅ​រុក​រើ​ ផ្ទះ​អ្នក​ភូមិ​សំបុក​ចាប​ជាង​ ២១១​គ្រួសារ​ដេញ​បង្ខំ​អោយ​ឡើង​ឡាន​ដឹក​យក​ទៅ​​ដាក់​នៅ​ភូមិ​អណ្ដូង ឃុំ​រការ ខណ្ឌ​ដង្កោ​ខាង​លិច​ភ្នំ​ពេញ​។​

ថ្ងៃទី ៨ មិថុនា បន្ទាប់​ពីធនា​គារ​ពិភព​លោក​បាន​ផ្ដល់​អែក​សារ​អំពី​អំពើ​ពុក​រលួយ​ ដែល​ទាក់​ទង​ នឹង ក្រសួង​បី​ មន្រ្ដី​ក្រសួង​សេដ្ឋ​កិច្ច​ និង ហិរញ្ញ​វត្ថុ​ បាន​សន្យា​ថា​ និង សង​ប្រាក់​ចំនួន​ ៧​លាន​ ៦​សែន​ដុល្លារ​ទៅ​ធនា​គារ​ពិភព​លោក​តាម​ការ​ទាម​ទារ​​នោះ​​ហើយ ហើយ​សន្យា​ថា នឹង​ ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន​មន្រ្ដី​ពាក់​ពាន់​ក្នុង​រឿង​អំពើ​ពុក​រលួយ​ទាំង​នោះ​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់​។​

ថ្ងៃទី ១០ មិថុនា ព្រះ​អម្ចាស់​ស៊ី​សុវត្ដិ​ ធម្មិ​កោ​ លេខា​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្ដម​សីហនុ​ មាន​គំរោង​យាង​ចូល​ប្រលូក​ក្នុង​នយោ​បាយ​ ព្រះ​អង្គ​មាន​គំរោង​បង្កើត​គណ​បក្ស​ថ្មី​មួយ​ ដែល​មាន​គោល​នយោ​បាយ​ សីហនុ​និយម​ ដើម្បី​ដន្ដើម​យក​ជ័យ​ជំនះ​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០០៨​ខាង​មុខ​។​

ថ្ងៃទី ១០ មិថុនា ព្រះ​មហា​ក្សត្រ​ខ្មែរ​ នរោត្ដម​សីហ​មុនី យាង​ទៅ​កាន់​ទី​ក្រុង​បាង​កក​ ក្នុង​ដំនើរ​យាង​ចូល​រួម​បុណ្យ​ខួប​ដ៏​ធំ​​គំរប់​ ៦០​ឆ្នាំ​ នៃ​ការ​ឡើង​សោយ​រាជ​របស់​ព្រះ​មហា​ក្សត្រ​ថៃ​ ភូមិ​ផល​អាប់​ឌុល​យ៉ា​ដេត​ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៧៨​ ព្រះ​វស្សា​ហើយ​ដែល​ប្រ​ជា​ជន​ថៃ​ គោរព​ព្រះ​អង្គ​ ស្មើ​ នឹង ព្រះ​អាទិ​ទេព​។​

ថ្ងៃទី ១១ អ្នក​ទោស​នៅ​ក្នុង​គុក​ព្រៃ​ស ចំនួន​១២​នាក់​ បាន​ហែក​គុក​ ដោយ​រណារ​អារ​ចំរឹង​ដែក​គុក​រត់​ចេញ​បាន​ដោយ​សុវត្ដិ​ភាព​ អ្នក​រត់​រួច​ទាំង​១២​នាក់​ មាន​ហង់ វុឌ្ឍី ហៅ​យម​រាជ​ អតីត​មេ​ប៉ូលិស​ក្រុង​ភ្នំ​ពេញ​ ជាប់​ពាក់​ពាន់​ នឹង អំពើ​ឃាត​កម្ម​ជា​ច្រើន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។

ថ្ងៃទី១២ នៅ​ក្រសួង​ការ​បរ​ទេស​ខ្មែរ​ លោក​អុប​នាយក​រដ្ឋ​មន្រ្ដី​ និង រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​ហោ ណាំ​ហុង​ បាន​ចុះ​ហត្ថ​លេខា​ទទួល​ប្រាក់​ជំនួយ​ពី​អែក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ នូវ ទឹក​ប្រាក់​ចំនួន​ ៥៩​លាន​ដុល្លារ​ ជា​ជំនួយ​អិត​ចំនង​ ដើម្បី​ធ្វើ​ការ​អភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន​៥​ ជា​ពិសេស​ការ​ស្ថា​បនា​ផ្លូវ​ជាតិ​លេខ​១​ ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ព្រៃ​នគរ​។

ថ្ងៃទី ១៥ មិថុនា ទាក់​ទង​ នឹង អំពើ​ពុក​រលួយ​ដែល​ចោទ​ប្រកាន់​ដោយ​ធនា​គារ​ពិភព​លោក​ នូវ ទឹក​ប្រាក់​ប្រ​មាណ​ជាង​ ៧​លាន​ដុល្លារ​ លោក​ហ៊ុន សែន ធ្វើ​ប្រតិ​កម្ម​ជា​លើក​ដំបូង​ក្នុង​ពិធី​សំពោត​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ថា​ លោក​មិន​ទទួល​យក​បាន​ទេ​ លោក​ហ៊ុន​ សែន​ថែម​ទាំង​ព្រមាន​គណ​បក្ស​ប្រឆាំង​សម​រង្សី​ដោយ​ច្រលោត​ថា​ កុំ​ស្រ​មើ​ស្រ​មៃ​ថា​ បាន​ចូល​ធ្វើ​រដ្ឋា​ភិ​បាល​នៅ​ឆ្នាំ​ ២០០៨​ខាង​មុខ​នេះ​អោយ​សោះ គណ​បក្ស​ប្រជា​ជន​មាន​គណ​បក្ស​ហ្វុនស៊ីន​ប៉ិច​ជា​ដៃ​គូ​ហើយ​ គណ​បក្ស​ប្រឆាំង​ស្ថិត​នៅ​ជា​បក្ស​ប្រឆាំង​អស់​មួយ​ជីវិត​។​

ថ្ងៃទី ១៦ មិថុនា នៅ​ខណ្ឌ​ដង្កោ ខាង​លិច​រាជ​ធានី​ភ្នំ​ពេញ គេ​ប្រទះ​ឃើញ​មាន​ត្រាក់​ជា​ច្រើន​សន្លឹក​ បាច​តាម​ផ្លូវ​ រិះ​គន់​យ៉ាង​ធ្ងន់​ៗ​ថា​ លោក​ហ៊ុន សែន​ជា​មេ​ខ្លោង​ន នៃ អំពើ​ពុក​រលួច​ ធ្វើ​អោយ​ប្រជា​រាស្រ្ដ​មាន​ភាព​ក្រី​ក្រ​។

ថ្ងៃទី ១៨ មិថុនា មាន​មនុស្ស​ស្លាប់​ ១០​នាក់​នៅ​ក្នុង​ពន្ធ​នាគារ​ខេត្ដ​បាត់​តំបង​ ក្នុង​ការបះ​បោរ​របស់​អ្នក​ទោស​ប្រមាណ ​៤០ ​នាក់​ចង់​រត់​គេច​ហើយ​បាន​ចាប់​អនុ​រក្ស​ម្នាក់​ធ្វើ​ជា​ចំនាប់​ខ្មាំង​។​

ថ្ងៃទី ២១ មិថុនា ទាក់​ទង​ នឹង អំពើ​ពុក​រលួយ​ក្នុង​ទឹក​ប្រាក់​ចំនួន​ ៧លាន​៦​សែន​ដុល្លារ​ លោក​ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្ដង​​ទៀត​ នៅ​ចំពោះ​មុខ​អិស្សរ​ជន​សំខាន់​ៗ​ មាន​អគ្គ​រដ្ឋ​ទូត​ អ្នក​វិនិ​យោគ​ទុន​ធំ​ៗ​នៅ​កម្ពុ​ថា​ លោក​មិន​សង​ប្រាក់​អោយ​ធនា​គារ​ពិភព​លោក​ទេ​ បើ​ធនា​គារ​មួយ​នេះ​មិន​ព្រម​យក​អែក​សារ​មក​ដាក់​លើ​តុ​បង្ហាញ​នោះ​ទេ​។​ កាល​ពី​ថ្ងៃ​អាទិត្យ​ធនា​គារ​ពិលោក​ប្រកាស​ថា​ ខ្លួន​បាន​ប្រគល់​អែក​សារ​សព្វ​គ្រប់​អស់​ហើយ​ ជូន​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ ហើយ​ដើម្បី​រក្សា​ការ​សំងាត់​ ខ្លួន​មិន​អាច​ប្រគល់​ នូវ អែក​សារ​ណា​មួយ​អោយ​លើស​ពី​នេះ​បាន​ទេ​។​

ថ្ងៃទី ២២ មិថុនា មន្រ្ដី​ជាន់ខ្ពស់ហ្វុន​​ស៊ីន​ប៉ិច​ប្រកាស​ថា​ យ៉ាង​ហោច​ណាស់​មាន​មន្រ្ដី​ហ្វុន​​ស៊ីន​ប៉ិច​១២​នាក់​ កំពុង​រុញ​ច្រាន​ទ្រង់​រណ​រិទ្ធ ប្រធាន​ប្រវត្ដិ​សាស្រ្ដ​បក្ស​ អោយ​ទៅ​ជា​ប្រធាន​កិត្ដិ​យស​វិញ​ ក្នុង​រឿង​ចំរោង​ចំរាស់​នេះ​ ​ធ្លាយ​ចេញ​មក​ពី​មន្រ្ដី​ហ្វុន​​ស៊ីន​ប៉ិច​ ១​នាក់​ រឺ​ក៏​ពីរ​នាក់​ដែល​អះ​អាង​ថា​ ខ្លួន​បាន​លឺ​ផ្ទាល់​ត្រចៀក​។ ទ្រង់​នរោត្ដម​ ចក្រ​ពង្ស​អគ្គ​ធិការ​បក្ស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​បាន​ប្រាប់​អោយ​ដឹង​ថា​ មាន​មន្រ្ដី​ហ្វុន​​ស៊ីន​ប៉ិច​យ៉ាង​តិច​ ៧​នាក់​ បាន​ធ្វើ​កិច្ច​ប្រជុំ​សំងាត់​ស្វែង​រក​ការ​ទំលាក់​ទ្រង់​រណ​រិទ្ធ​ ពីរ​ដង​នៅ​ទី​ក្រុង​សៀម​រាប​។​

ថ្ងៃទី ២៤មិថុនា លោក​សម​រង្សី​ប្រធាន​គណ​បក្ស​សម​រង្សី​ បាន​ដឹក​នាំ​គណ​ប្រតិ​ភូ​មួយ​ក្រុម​ទៅ​ចូល​ប្រជុំ​ នៅ​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលី​ពីន​ ហើយ​លោក​ គឺ​ជា​បេក្ខ​ភាព​ដែល​បាន​ទទួល​ពាន​រង្វាន់​សេរី​ភាព​ ប្រចាំ​ឆ្នាំ​២០០៦​ ដែល​ប្រគល់​ជូន​ដោយ​អង្គ​ប្រជុំ​។​ សេច​ក្ដី​ថ្លែ​ងការ​របស់​គណ​បក្ស​សម​រង្សី​ចុះ​ថ្ងៃទី ២៤​ មិថុនា​នេះ​បាន​ថ្លែង​អោយ​ដឹង​ថា​ ការ​ប្រគល់​រង្វាន់​សេរី​ភាព​ដល់​លោក​សម​រង្សី​នេះ​ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​នយោ​បាយ​ចំនួន​ ៨០ ជា​គណ​បក្ស​ដែល​មក​ពី​ ៦០​ ប្រ​ទេស​នៅ​ជុំ​វិញ​ពិ​ភព​លោក​។​ សូម​រំលឹក​ថា​ អ្នក​ដឹក​នាំ​នយោ​បាយ​ដែល​បាន​ទទួល​រង្វាន់​សេរី​ភាព​ នៃ អង្គ​ការ​ប្រជា​​​​​ធិប​តេយ្យ​សេរី​អន្ដរ​ជាតិ​នោះ​ មាន​ លោក​ស្រី កូរ៉ាហ្សន​អា​គីណូ ​អតីត​ប្រធា​នា​ធិប​តី​ប្រ​ទេស​ហ្វី​​លី​​ពីន​, លោក​វាក្លា​វ​ ហា​វេល​ ប្រធា​នា​ធិប​តី​ប្រទេស​ឆេ​កូ​ស្លូ​វាគី​, លោក​ស្រី​ម៉ារី​ រូប៊ិន​សុន​ មក​ពី​ប្រទេស​អៀរ​ឡង់​, លោក​ស្រី អោង សាង​ស៊ូជី​ ប្រ​ធាន​គបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។​

ថ្ងៃទី ២៨ មិថុនា ក្នុង​ទិវា​បុណ្យ​រំលឹក​ខួប​ទី​៥៥ នៃ​គណ​បក្ស​ប្រជា​ជន​ សំដេច​ជា ស៊ីម​ ប្រធាន​គណ​បក្ស​ប្រជា​ជន​ និង ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​ប្រកាស​គាំ​ទ្រ​សាលា​ក្ដី​កាត់​ទោស​មេ​ខ្មែរ​ក្រហម​ លោក​ក៏​ប្រកាស​អោយ​ដឹង​ទៀត​ថា​ គណ​បក្ស​ប្រជា​ជន​ នៅ​តែ​ធ្វើ​សហ​ប្រតិ​បត្ដិ​ការណ៍​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណ​បក្ស​ហ្វុន​​ស៊ីន​ប៉ិច​ ដើម្បី​ពង្រឹង​ភាព​ដៃ​គូ​នយោ​បាយ​ និង យុទ្ធ​សាស្រ្ដ​ចតុ​កោណ​របស់​រដ្ឋា​ភិបាល​ សំរាប់​អានត្ដិ​ទី​៣​។ ភ្លាម​នោះ​ លោក ស៊ុត ឌី​ណា ​ប្រធាន​គណ​បក្ស​រណ​សិរ្ស​ជន​ជាតិ​ខ្មែរ​មាន​ប្រតិ​កម្ម​តប​វិញ​ថា​ គណ​បក្ស​ប្រជា​ជន​ ជា​គណ​បក្ស​កើត​ចេញ​ពី​គណ​បក្ស​ខ្មែរ​ក្រហម​រណប​បរ​ទេស​ ជា​ពិសេស​រណប​ប្រទេស​យួន​។​

ថ្ងៃទី ២៩ មិថុនា តាម៉ុក​ក្នុង​អាយុ ៨២​ឆ្នាំ​ មេ​បញ្ជា​ការ​ខ្មែរ​ក្រហម​ដែល​កំពុង​ជាប់​ពន្ធ​នា​គារ​យោធា​ ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ជា​ទំងន់​ មិន​បរិ​ភោគ​អាហារ​ចំនួន​ជាង​១០​ថ្ងៃ​មក​ហើយ​ ត្រូវ​គេ​ដឹក​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​។​