ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ឧសភា ២០០៦


ថ្ងៃសៅរ៍ ទី 7.ឧសភា 2022.ម៉ោង 8:06
ថ្ងៃទី ៣ ឧសភា ក្នុងពិធីប្រារព្វទិវាសេរីភាពពត៌មាន នៅទីក្រុងភ្នំពេញ សហរដ្ឋអាមេរិកបានគាំទ្រយ៉ាងខ្លាំងចំពោះសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា មន្ដ្រីការទូតបស្ចឹមប្រទេសនានាបាននិយាយថា សេរីភាពសារពត៌មាននៅកម្ពុជានៅដើមឆ្នាំ២០០៦នេះ មានភាពប្រសើរជាងឆ្នាំ ២០០៥ និង ឆ្នាំមុនៗច្រើន។
ថ្ងៃទី ៤ឧសភា ក្រុមអុត្ដមប្រឹក្សាអង្គចៅក្រម ដែលមានព្រះមហាក្សត្រនរោត្ដម សីហមុនីជាប្រធាន បានបើកកិច្ចប្រជុំមួយដោយសំងាត់នៅក្នុងរាជវាំង ដើម្បីអនុម័តបញ្ជីរាយនាម មន្រ្ដីតុលាការ ១៧នាក់ ជាមន្រ្ដីខ្មែរ និង ១២នាក់មន្រ្ដីបរទេស តែងតាំងដោយអ.ស.ប។ ក្នុងមន្រ្ដីទាំង ២៩នាក់នេះ មន្រ្ដី ១៤នាក់ ត្រូវជ្រើសរើសអោយធ្វើជាចៅក្រមតុលាការជាន់ខ្ពស់ សំរាប់កាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
ជាមួយគ្នានេះដែរ លោកហ៊ុន សែន ប្រកាសអោយព្រះសង្ឃខ្មែរ អាចទៅចុះឈ្មោះបោះឆ្នោតបាន បន្ទាប់ពីមានការយល់ព្រមពីសំដេចសង្ឃរាជគណមហានិកាយទេព វង្ស។
ថ្ងៃទី ៨ ឧសភា បន្ទាប់ពីព្រះមហាក្សត្រខ្មែរ លាយព្រហស្ថលេខាតែងតាំងចៅក្រមសាលាក្ដីកាត់ទោសខ្មែរក្រហម ចុះថ្ងៃទី ៧ឧសភា ២០០៦ (រាជក្រិត្យលេខ ន ស រ ក ត ០៥០៦.២១៤)។ គណកម្មការប្រព្រឹត្ដិកម្មដែលជាអង្គការសមាគមចំនួន ២១ បានសំដែងការព្រួយបារម្ភ និង រិះគន់ ចំពោះសមាសភាពចៅក្រម និង ព្រះរាជអាជ្ញាជាតិក្នុងអង្គជំនុំជំរះវិសាមញ្ញនេះ។លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រតិកម្មចំពោះមតិរិះគន់នេះដោយមិនបញ្ចេញឈ្មោះ ដោយសំដីដ៏ក្រោតគ្រាតជាទីបំផុត ដែលទំនងជាវាយប្រហារសំដៅទៅលើលោក ឡៅ ម៉ុងហៃ ថា ជាសត្វធាតុ។
ថ្ងៃទី ១២ ឧសភា នៅឃុំកំបូល ខាងលិចអាកាសយានដ្ឋានពោធិចិនតុង ក្នុងមន្ទីរសាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលទើបសាងសង់ឡើងថ្មីៗនេះ គេនាំគ្នាធ្វើការប្រារព្ធពិធីឡើង អ្នកតាដំបងដែក ទៅតាមជំនឿទំនៀមទំលាប់ខ្មែរ។ លោកស៊ាន វិសុទ្ធ និង លោកស្រីមីសែលី បានអញ្ជើញចូលរួមជាអធិបតេយ្យភាព។ ការរៀបចំរោងអ្នកតានេះ គឺដើម្បីទុកជាវត្ថុសក្ដិសិទ្ធ សំរាប់អោយសាក្សីឡើងស្បថសច្ចា មុន នឹង ឡើងឆ្លើយបំភ្លឺនៅមុខតុលាការ។
ថ្ងៃទី ១៤ ឧសភា ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហមុនី បានយាងទៅធ្វើពីបុណ្យខួបកំនើតរបស់ព្រះអង្គនៅក្នុងវត្ដព្រះពុទ្ធមហាវ័ន ក្នុងភូមិអូរខ្លី ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដែលជាតំបន់ចុងកាត់មាត់ញកមួយ ព្រះអង្គបាននាំយកវត្ថុអំនោយជាច្រើនកញ្ចប់ទៅចែកដល់ជនក្រីក្រនៅទីនោះផងដែរ។
ថ្ងៃទី ១៥ ឧសភា ការមកដល់ នៃ លោកស្រីល្វីស អាបួរ ប្រធានសិទ្ធមនុស្ស នៃ អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងដំនើរទស្សនកិច្ចចំនួនប្រាំថ្ងៃនៅទីក្រុងភ្នំពេញ ដើម្បីដោះស្រាយទំនាស់រវាងកម្ពុជា និង អង្គការសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន ខឹងច្រលោតតោតតូង ប្រកាសវាយប្រហារយ៉ាងខ្លាំងទៅលើលោក យ៉ាសហ្ហាយ ដែលបានធ្វើរបាយការណ៍មួយថា សិទ្ធិមនុស្សនៅកម្ពុជាពុំមានការរីកចំរើនទេ អំណាចបានប្រមូលផ្ដុំទៅលើតែមនុស្សម្នាក់។ លោកស្រីមានគំរោងចូលកលព្រះមហាក្សត្រខ្មែរ ចូលជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ហ៊ុន សែន និង ចូលជួបអង្គសិទ្ធមនុស្សរបស់លោកកឹម សុខាផងដែរ។
ថ្ងៃទី ១៦ ឧសភា ប្រារព្វធ្វើពិធីច្រត់ព្រះនង្គល នៅវាលមេរុ ព្រះមហាក្សត្រខ្មែរ នរោត្ដមសីហមុនី ទ្រង់យាងជាអធិបតីលោកយូ ហុកគ្រី និង ភរិយា ត្រូវបានតែងតាំងជាស្ដេចនាគ និង មេហួ។
ថ្ងៃទី ១៧ ឧសភា មានខិត្ដបណ្ណបាចនៅខណ្ឌទួលគោក ខណ្ឌចំការមន សរសេរវាយប្រហាររិះគន់ធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាល ខិត្ដបណ្ណមានរូបសញ្ញាក្បាលខ្លាបី ហើយសរសេរអក្សរកាត់ ខ រ បានសរសេររិះគន់យ៉ាងខ្លាំងៗទៅលើនាយករដ្ឋមន្រ្ដីហ៊ុន សែនដោយចោទប្រកាន់ថា ជាជនក្បត់ជាតិ ធ្វើអ្វីតាមតែបញ្ជាយួនជាចៅហ្វាយ ដោយបានកាត់ដីអោយយួន ជាមេភ្លើងអស្ថិរភាពសង្គម បង្កើតអោយមានចលាចលក្នុងស្រុកខ្មែរ ដោយចាប់មនុស្សដាក់គុកគ្មានឈប់ឈរ លោកហ៊ុន សែន កំពុងរំលាយរាជវង្ស ជាមនុស្សខូចសរសៃប្រាសាទ និង ពាក់ពាន់ នឹង ស្រីញីទៀតផង។
ថ្ងៃទី ១៨ឧសភា លោកសមរង្សី បានប្រគល់អង្គរក្សចំនួន១២នាក់ និង ឡានមួយជូនទៅរដ្ឋាភិបាលវិញ ឡាន និង អង្គរក្សទាំងនេះ គណបក្សសមរង្សីបានស្នើសុំពីរដ្ឋាភិបាលអោយមកការពារសន្ដិសុខជូនលោកសមរង្សី កាលពីលោកវិលត្រលប់ចូលប្រទេសខ្មែរវិញពីខែកុម្ភ។
ថ្ងៃទី២៣ ឧសភា ការបោះឆ្នោតក្នុងមន្ទីររដ្ឋសភាដកហូតតំណែង លោកញ៉េប ប៊ុនជិន មន្រ្ដីក្រសួងការងារ និង វិជ្ជាជីវៈ មកពីគណបក្សហ្វុនស៊ីនប៉ិច របស់ទ្រង់នរោត្ដមរណរិទ្ធ មាន ៨២សំលេងស្រប ៧សំលេងជំទាស់ ១១សំលេងអុបវាទ ១សំលេងជាមោឃ។ លោកវង សូត្រ មកពីគណបក្សប្រជាជនអតីតរដ្ឋលេខាធិការ ត្រូវបានដាក់ជំនួសលោកញ៉េប ប៊ុន ជិនក្នុងមុខតំណែងនេះ។ នេះជាការបោះឆ្នោតលើកដំបូងបំផុតនៅមន្ទីររដ្ឋសភា ដែលយកច្បាប់បោះឆ្នោត ៥០ បូក១ ដែលទើបកែប្រែនោះមកប្រើ។ លោកហ៊ុន សែន នាយករដ្ឋមន្រ្ដីបានចូលរួមក្នុងការបោះឆ្នោតនេះដែរ លោកបាននិយាយថា ការហូតតំណែងបែបនេះមិនទាន់ចប់អស់ទេ នឹង ត្រូវធ្វើជាបន្ដបន្ទាប់ទៀត។
ថ្ងៃទី ២៦ ឧសភា ការយាងវិលត្រលប់ចូលកម្ពុជាវិញ របស់សំដេចនរោត្ដម សីហនុ និង ព្រះជយា បន្ទាប់ពីនីរទេសខ្លួនព្រះអង្គទៅព្យាបាលរោគ អស់រយពេលជាង៨ខែ នៅបរទេស (ប្រទេសចិន) ព្រះមហាក្សត្រ នរោត្ដមសីហមុនីជាព្រះរាជបុត្រ, លោកហ៊ុន សែន, ប្រធានសភា, ប្រធានព្រិទ្ធសភា និង មន្រ្ដីមកពីគណបក្សធំៗទាំងបី បានយាង និង អញ្ជើញទៅទទួលស្វាគមន៍ព្រះអង្គនៅព្រលានយន្ដហោះពោធិចិនតុង។
រដ្នសភាបើកកិច្ចប្រជុំ កែប្រែច្បាប់រដ្ឋធម្មនុញ្ញមាត្រាទី ៦៣ ពីបទបរិហារកេរ្ដ ពីការជាប់គុក អោយមកធ្វើការបង់ប្រាក់ពី ១លានរៀល ទៅដប់លានរៀល។
ថ្ងៃទី ២៨ ឧសភា លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វុនស៊ីនប៉ិច បានដឹកនាំមន្រ្ដីហ្វុនស៊ីនប៉ិចមួយក្រុមទៅធ្វើទស្សនកិច្ចនៅប្រទេសចិនកុម្មុយនិស្ដ។ ក្រោយពីយាងវិវត្ដន៍ចូលប្រទេសកម្ពុជាបានមួយថ្ងៃ សំដេចនរោត្ដមសីហនុ បានបង្ហាញព្រះភ័ក្រ្ដតាមកញ្ចក់ទូរទស្សនៅកម្ពុជា ព្រះអង្គបានបួងសួងសូមអោយប្រទេសកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន មានសេដ្ឋកិច្ចរឹងមាំ រីកចំរើន និង សូមអោយមានទឹកភ្លៀងបរិបូរសំរាប់ប្រជារាស្រ្ដបានបង្កបង្កើតផលរបរកសិកម្ម។ ព្រះអង្គបានប្រកាសនៅព្រលានយន្ដហោះពោធិចិនតុងថា ព្រះអង្គមិនធ្វើនយោបាយទេ ព្រះអង្គសូមគង់នៅជាមួយចំរៀង បទភ្លេង និង ខ្សែភាពយន្ដរបស់ព្រះអង្គវិញ។
ថ្ងៃទី២៩ ឧសភា ធនាគារពិភពលោក គំរាមថា នឹង រឹបយកប្រាក់ចំនួន ៦៤លានដុល្លារអាមេរិក ដែលគេផ្ដល់ដល់កម្ពុជាសំរាប់ជំនួយគំរោងអភិវឌ្ឍន៍មួយចំនួនបន្ទាប់ពីធនាគារមួយនេះបានរកឃើញ នូវ អំពើពុករលួយយ៉ាងច្រើនសន្ធឹកសន្ធប់ទាក់ទង នឹង ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនេះ។ លោកគាត ឈន់ រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ បានសរសេរលិខិតទៅក្រសួងដែនដីនគរូបន័យកម្ម ក្រសួងអុស្សាហកម្ម រ៉ែ និង ថាមពល និង ក្រសួងអភិវឌ្ឍន៍ជនបទថា ធនាគារពិភពលោកបានព្យួរជាបន្ដោះអាសន្ន នូវ ថវិការ គំរោងកសាងសង់ក្រសួងបី គឺក្រសួងរៀបចំដែនដី ក្រសួងអានាម័យ និង ទឹកស្អាត និង ហេដ្ឋារចនាសំព័ន្ធជនបទ ដោយគេបានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងគំរោងនេះ។
ថ្ងៃទី ៣០ ឧសភា មានលិខិតពីរច្បាប់មានរូបសញ្ញាខុសគ្នា មួយច្បាប់តំណាងអោយសមាជិកហ្វុនស៊ីនប៉ិច ពីប្រទេស (បារាំង កាណាដា សហរដ្ឋអាមេរិក) មួយច្បាប់ទៀតមានរូបសញ្ញាគណបក្សហ្វុនស៊ីនប៉ិចសព្វថ្ងៃ តំណាងអោយអ្នកតស៊ូដើម្បីរាជានិយមពិតប្រាកដ។ លិខិតបានលើកឡើងថា នឹង បង្កើតគណបក្សថ្មីមួយថ្វាយអោយសំដេចក្រុមព្រះរណរិទ្ធគ្រប់គ្រង គឺគណបក្សនរោត្ដមរណរិទ្ធ លិខិតនេះបានវាយប្រហារ ថ្កោលទោសយ៉ាងខ្លាំងក្លា ទៅលើអគ្គលេខាធិការបក្សលោកញ៉ឹកប៊ុនឆៃ និង បក្សពួក ថាជាពួកក្បត់ ហើយចូលជាមួយ ហ៊ុន សែន គណបក្សប្រជាជន។