ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ខែ មេសា ២០០៦


ថ្ងៃសៅរ៍ ទី 30.មេសា 2022.ម៉ោង 8:56
ថ្ងៃទី១ មេសា តាមសំនើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រះមហាក្សត្រនរោត្ដម សីហមុនីបានលាយព្រហត្ថលេខាដកលោក ឃឹម សិលា អភិបាលខេត្ដស្ទឹងត្រែងមកពីគណបក្សហ្វុនស៊ីនប៉ិច ហើយដាក់ជំនួសដោយលោក លោយ សុផាតមន្រ្ដីមកពីគណបក្សប្រជាជន នេះជាអភិបាលខេត្ដហ្វុនស៊ីនប៉ិចទី៦ហើយដែលត្រូវបានដកចេញពីមុខដំណែង សូមរំលឹកថា លោក ស៊ីម សុន អភិបាលខេត្ដសៀមរាប, លោក គុច មុលី អភិបាលខេត្ដអុត្ដមានជ័យ, លោកហេង ចន្ថាអភិបាលខេត្ដបន្ទាយមានជ័យ, លោកលី សុន អភិបាលខេត្ដមណ្ឌលគិរី បានដកចេញពីមុខតំណែងហើយ។
ថ្ងៃទី ៥មេសា មន្រ្ដីជាន់ខ្ពស់របស់ហ្វុនស៊ីនប៉ិច ២រូបទៀតត្រូវដកហូតពីមុខតំណែង គឺសំដេចនរោត្ដម វិជ្ជរ៉ា ត្រូវដកដំណែងពីប្រធានគណកម្មការបរទេស សហប្រតិបត្ដិការអន្ដជាតិ ឃោសនាការ និង ពត៌មាន នៃ រដ្ឋសភា ហើយម្ចាស់ក្សត្រីបានយាងទៅគាល់សំដេចនរោត្ដម សីហនុ នៅព្យុងយ៉ាងកូរេខាងជើង។ លោកម៉ោញ សាផាន ត្រូវដកចេញពីប្រធានគណកម្មការការពារជាតិ អង្កេត និង បោសសំអាត។កកន ៖ ការដកដំណែងរបស់មន្ដ្រីហ្វុនស៊ីនប៉ិច ដូចគេដកកូនស្ពៃដែរ។
ថ្ងៃទី ៧មេសា រដ្ឋសភាបើកសម័យប្រជុំពេញអង្គ មានរបៀបវារៈមួយចំនួន មានការបោះឆ្នោតផ្លាស់ប្ដូរសមាជិករដ្ឋាភិបាលពីរក្រសួង និង បោះឆ្នោតលុបចោលគណកម្មការពីរមកពីគណបក្សហ្វុនស៊ីនប៉ិច អោយទៅគណបក្សសមរង្សីវិញ គឺគណកម្មការទី៤ (មហាផ្ទៃ បោសសំអាត ការពារជាតិ) ដែលមានលោកម៉ោញ សាផាន ជាប្រធាន អោយទៅលោកយឹម សុវណ្ណ តំណាងរាស្រ្ដគណបក្សសមរង្សីមណ្ឌលភ្នំពេញ។ ប្រធានគណកម្មការទី៥ របស់សំដេចនរោត្ដម វិជ្ចរ៉ា អោយទៅលោកសុន ឆ័យវិញ។ នៅអែព្រលានយន្ដហោះអន្ដរជាតិពោធិចិនតុង មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល មានលោកហ៊ុន សែនលោក ស ខេង លោក ហោ ណាំហុងជាដើម ធ្វើដំណើរលើកំរាលព្រហ្មពណ៌ក្រហម ទទួលបដិសន្ឋារកិច្ចលោក វិន យ៉ាប៉ាវ ដែលធ្វើដំណើរមកធ្វើទស្សនកិច្ចចំនួនពីរថ្ងៃនៅកម្ពុជា។
ថ្ងៃទី៨ មេសា ដំណើរវិលត្រលប់ទៅរបស់លោកវិន យ៉ាប៉ៅ ទៅកាន់ស្រុកចិនវិញ ជូនដំណើរដោយមន្រ្ដីជាន់ខ្ពស់ខ្មែរមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាដើម។ កម្ពុជាប្រកាសជំហ៊រទទួលស្គាល់ប្រទេសចិនតែមួយ បដិសេធប្រឆាំងសំនើកោះតៃវ៉ាន់ ដែលចង់បានអែករាជ ផ្ដាច់ខ្លួនពីចិន។ លោកហោ ណាំហុង ប្រកាសប្រាប់ថា ក្នុងទស្សនកិច្ចលោកវិន យ៉ាប៉ៅនៅកម្ពុជា គឺជាការបង្ហាញ នូវ កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរយ៉ាងរឹងមាំតទៅ។ ក្នុងរយៈពីរបីឆ្នាំចុងក្រោយនេះជំនួយរបស់ចិនមានប្រមាណជិត ៧០០លានដុល្លារ ២០០លានសំរាប់សាងសង់ស្ពានពីរ ឆ្លងកាត់ទន្លេសាប និង ទន្លេមេកុងលើ។ ២០០ លានដុល្លារ គឺជាប្រាក់កំចី និង ២០០លានដុល្លារទៀតជាជំនួយអិតចំនង។
ថ្ងៃទី១១ មេសា បន្ទាប់ពីស្ដេចឃុនសេរីវុឌ្ឍ ប្រកាសលាលែងពីដំណែងកាលពីថ្ងៃទី៦ មេសាមក សំដេចនរោត្ដម វិជ្ជរ៉ាបានប្រកាសលាលែងពីដំណែងក្រុមការងារមណ្ឌលភ្នំពេញដែរ។
ថ្ងៃទី១២ មេសា លោកហ៊ុន សែនក្នុងសំសៀកបំពាក់ជាកងយោធាបានជូនដំណើរកងយោធាដោះមីនខ្មែរចំនួន ១៣៥នាក់ដែលជាក្រុមយោធាលើកដំបូង នឹង ត្រូវធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ នៅថ្ងៃទី១៥ មេសាខាងមុខនេះ ក្នុងភារកិច្ចជាក្រុមដោះមីនក្នុងរយពេលមួយឆ្នាំតាមសំនើរបស់អង្ការសហប្រជាជាតិ។ លោកហ៊ុន សែន បានផ្ដល់អនុសាសន៍ជាច្រើនដល់កងយោធាអោយប្រព្រឹត្ដប្រតិបត្ដិខ្លួនអោយបានល្អក្នុងបេសកកម្មរបស់ខ្លួន លោកមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា នាយទាហាន នាយទាហានរង និង ពលទាហានដែលចេញទៅប្រតិបត្ដិការ គឺមិនមែនជាទាហានឈ្លានពាន មិនមែនជាទាហានត្រួតត្រា ហើយក៏មិនមែនជាទាហាស៊ីឈ្នួលដែរ។»
ថ្ងៃទី ១៨ មេសា ពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រិត្ដទៅដោយភាពសប្បាយរីករាយ គួរជាទីពេញចិត្ដប្រជានុរាស្រ្ដខ្មែរគ្រប់រូប គណបក្សហ្វុនស៊ីនប៉ិច ដែលកំពុងតែទទួល នូវ ភាពតានតឹងយ៉ាងខ្លាំង ក្នុងការដកដំណែងពីសមាជិករដ្ឋាភិបាលរបស់ខ្លួន ថ្ងៃនេះអភិបាលរងទីក្រុងភ្នំពេញចំនួន៣នាក់ទៀត គឺ ព្រះអម្ចាស់ ស៊ីសុវត្ដិ ភានុរ័ត្ន, លោកអួចថោង សេង និង លោកម៉ៅ យូរ៉ាន់ត្រូវបានដកហូតពីមុខតំណែង។ នៅទីក្រុងព្យុងយ៉ាង កូរេខាងជើង ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហមុនី ត្រូវបានទទួលយ៉ាងរាក់ទាក់ពីសំនាក់មេដឹកនាំកូរេខាងជើង ព្រះអង្គបានយាងទៅដល់ពីម្សិលមិញក្នុងដំណើរទស្សនកិច្ចចំនួន៣ថ្ងៃ។
ថ្ងៃទី២០ មេសា គណប្រតិភូសភាអឺរ៉ុប លោកម៉ាក តារាបែលា អនុប្រធានទី១ សំរាប់ទំនាក់ទំនងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានអញ្ញើញមកដល់ទីក្រុងភ្នំពេញកាលពីម្សិលមិញ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាចំនួនមួយអាទិត្យ ដើម្បីវាយតំលៃ ស្ថានការគោរពសិទ្ធមនុស្សនៅកម្ពុជា ថ្ងៃនេះលោកបានចូលធ្វើសវនាការជាមួយលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ហើយនិង មានគំរោងការជួបជាមួយអង្គការនានា មានអង្គការសិទ្ធមនុស្សរបស់លោកកឹម សុខា ជាដើមផង។
ថ្ងៃទី ២១ មេសា លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជា នឹង មិនបញ្ជូនកងទ័ពទៅកាន់ប្រទេសអៀរ៉ាក់ទេ ទោះជាមានសំនើទ្វេភាគី ពហុភាគី រឺ សំនើពី អ.ស.ប ក៏ដោយ។ លោកថ្លែងថា ប្រទេសអៀរ៉ាក់ពោរពេញទៅដោយភ្លើងសង្គ្រាម ឃើញតែមនុស្សងាប់ មនុស្សចប់ជំរិត។ ដូច្នេះខ្ញុំមិនអោយពលរដ្ឋកម្ពុជា ដែលជោគជំដោយការឈឺចាប់រាប់ឆ្នាំមកហើយនោះ ទទួលការលំបាកវេទនា ព្រាត់ប្រាសនិរាសដោយសារសង្រ្គាម ដែលកំពុងបន្ដនោះទេ។កសូមបញ្ជាក់ថា កាលពីថ្ងៃ ១០មេសានេះ អែកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ចូសេហ្វ មូសូមែលី Josehp Mussomeli បានជួបស្នើផ្ទល់ជាមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន អំពីលទ្ធភាពកម្ពុជាក្នុងការបញ្ជូនកងទ័ពដែលមិនមែនជាកំលាំងប្រយុទ្ធទៅអៀរ៉ាក់។
ជាមួយគ្នានេះដែរ គណរដ្ឋមន្រ្ដីរដ្ឋសភា បើកកិច្ចប្រជុំកែប្រែច្បាប់បរិហារកេរ ឈប់អោយមានទោសជាប់គុក ដាក់បញ្ជូនទៅកាន់រដ្ឋសភា ដើម្បីអនុម័តច្បាប់ អោយចូលជាធរមានក្នុងពេលឆាប់ៗនេះ។
ថ្ងៃទី ២៣ មេសា ខុទ្ទការល័យសំដេចនរោត្ដម សីហនុ បដិសេធពាក្យដែលលេចលឺថា សំដេចសីហនុ នឹងហក់ចូលមកធ្វើនយោបាយវិញ ការបដិសេធនេះ ធ្វើឡើងក្រោយពីមានសារពត៌មាននៅក្នុងស្រុកជាច្រើនបានចុះផ្សាយថា ទ្រង់រណរិទ្ធ នឹង លាលែងពីគណបក្សហ្វុនស៊ីនប៉ិច ប្រគល់ជូនទៅស្ថាបនិកដើមវិញ ហើយព្រះអង្គ នឹង បង្កើតគណបក្សថ្មីមួយទៀត។
ថ្ងៃទី ២៦ មេសា លោកម៉ាក តារាបែលា អនុប្រធានទី១ នៃគណកម្មការសភាអឺរ៉ុប ទទួលបន្ទុកទំនាក់ទំនងអាស៊ាន បានវាយតំលៃលិទ្ធិមនុស្សនៅកម្ពុជាផ្ទុយគ្នាស្រលះ ពីលោកយ៉ាស្កហ្កាយ គណប្រតិភូអង្គការសហប្រជាតិប្រចាំកម្ពុជា លោកម៉ាក តារាបែលាថា ប្រទេសកម្ពុជាមានស្ថិរភាព និង កំពុងមានដំណើរការតាមលិទ្ធិប្រជាធិប្បតេយ្យវិញទេ លោកនិយាយកាលពីថ្ងៃចន្ទថា ខ្ញុំជឿថាតំណាងអង្ការសហប្រជាតិមិនបានវាយតំលៃសភាពការណ៍ ដោយមិនលំអៀងដូចយើងនោះបានឡើយ។
ថ្ងៃទី ២៧ ក្រុមហ៊ុន ផលិតខ្សែភាពយន្ដថៃ NGR បានធ្វើសន្និសិទកាសែតមួយសូមទោសដល់ប្រជាពលរដ្ឋខ្មែរ ក្រោយពីបានថតខ្សែភាពយន្ដមួយធ្វើអោយប៉ះពាល់ ដល់កិត្ដិយស និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា ខ្សែភាពយន្ដនោះមានចំនងជើងថា ល្បែងខ្មោច Ghost Game ស្ថិតនៅក្នុងសារមន្ទីរលេខ១១ ក្នុងប្រទេសហ្គេមបូដេន Gamebodian។របៀបឆុតឆាកតែងរៀបចំឡើងដូចសារមន្ទីរប្រលៃពូជសាសន៍ គុកទួលស្លែង ស២១ របស់អតីតរបបខ្មែរក្រហម ដែលនៅទីនោះមានមនុស្សរាប់ម៉ឺននាក់ត្រូវគេធ្វើទារុណកម្មយ៉ាងសាហាវបំផុត។