ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ព្រឹត្ដិការណ៍ ខែមករា កុម្ភ ២០០៦


ថ្ងៃសៅរ៍ ទី 16.មេសា 2022.ម៉ោង 11:35
ថ្ងៃទី ១មករា ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហមុនី យាងចេញពីភ្នំពេញទៅទីក្រុងប៉េកាំង ក្នុងរយពេលដប់ថ្ងៃ ដើម្បីសួរសុខទុក្ខព្រះបិតា និង ព្រះមាតាព្រះអង្គ។ ដោយលែកពីទីក្រុងប៉េងកាំង សំដេចនរោត្ដមសីហនុ បានចេញព្រះរាជសារត្អូញត្អែថា ព្រះអង្គមិនអាចយាងចូលកម្ពុជាបាន ដោយសារគេប្រមាថមើលងាយ បន្ដុះ បង្អប់ បន្ថោក បន្ទាបកិត្ដិយសរបស់ព្រះអង្គយ៉ាងអយុត្ដិធម៌ ដែលធ្វើអោយព្រះអង្គរបួសក្នុងដួងចិត្ដមិនអាចមើលជាបាន ដោយលែកទៀតគេបានចាក់បទចំរៀងសម័យសាធារណរដ្ឋ ១៩៧០ ជេរមួលបង្កាច់ថា ព្រះអង្គលក់ជាតិ លក់ទឹកដីអោយយៀកកុង ហើយរឿងមួយទៀតដែលព្រះអង្គមិនយល់ព្រមក្នុងរឿងចុះសន្ធិសញ្ញាបន្ថែម។
ថ្ងៃទី ៣ មករា ការឃោសនាបោះឆ្នោតព្រឹទ្ធសភា បានធ្វើឡើងដោយស្ងៀមស្ងាត់អស់រយៈពេលបួនថ្ងៃ ហើយដែលត្រូវធ្វើឡើងរហូតដល់ថ្ងៃ ២០មករា មានគណបក្សនយោបាយ៤ចូលរួម គណបក្សប្រជាជនកម្ពុជា ឃោសនាផ្ដោតទៅលើកសមិទ្ធផលផ្សេងៗដែលបានកសាង គណបក្សហ្វុនស៊ីនប៉ិច ឃោសនាផ្ដោតទៅលើបញ្ហាអន្ដោប្រវេសន៍ គណបក្សសមរង្សីផ្ដោតទៅលើ យុត្តិធម៌សង្គម។ សារជាភាសាខ្មែរមួយសរសេរថា សូមដោះលែងសកម្មជនសិទ្ធិមនុស្ស ត្រូវបានផ្ញើបញ្ជូនតៗគ្នាតាមទូរសព្ទ។
ថ្ងៃ ទី៤ មករា បើទោះជាមានការរិះគន់ពីអង្គការនានា យ៉ាងខ្លាំងយ៉ាងណាក្ដី នៅព្រំប្រទល់ដែនខ្មែរ-លាវ ខេត្ដស្ទឹងត្រែងអាជ្ញាធរប៉ូលិសខ្មែរ បញ្ជាដោយលោកហុក ឡងឌី បានចាប់លោកប៉ា ងួនទៀង ប្រធានស្ដីទី នៃអង្គការសិទ្ធិមនុស្សរបស់លោកកឹម សុខា នៅពេលដែលលោក និង មិត្ដភក្ដិ មានលោកអ៊ូ វិរៈបំរុងឆ្លងដែន។
ថ្ងៃទី ៧ មករា គណបក្សប្រជាជនប្រារព្ធធ្វើបុណ្យជ័យជំនះរបស់គេ មានអិសរជនចូលរួមជាច្រើន។ ក្រុមអង្គការសង្គមស៊ីវិលជាង១០ បានធ្វើការជួបប្រជុំគ្នានៅមុខគុកព្រៃស អុជធូបបន់ស្រន់ និង ធ្វើពិធីលែងសត្វចាប១០០ ក្បាលសូមអោយសហការីរបស់គេ មានលោកកឹម សុខា លោកយ៉េង វិរៈ លោកប៉ាងួន ទៀង លោកម៉ម សូណង់ដូ លោករុង ឈុនជាដើមបានរួចខ្លួនពីការចាប់ដាក់ឃុំឃាំង ការបួងសួងបានប្រព្រឹត្ដទៅអស់រយៈពេល២០នាទី ហើយក្រុមទាំងនេះបានធ្វើដំណើរថ្មើរជើងទៅកាន់វត្ដព្រៃស ដើម្បីធ្វើការអុជធូបបន់ស្រន់ថែមទៀត។
ថ្ងៃទី១០ មករា តាំងពីមានការចាប់ខ្លួនមនុស្សសំខាន់ជាច្រើននាក់មក ប្រទេសទូទាំងពិភពលោក ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស មានការភ្ញាក់ផ្អើល និង រិះគន់យ៉ាងខ្លាំង។ លោក អៀនផលធ័រ នាយកធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងប្រកាសពីទីក្រុងបាងកកថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង សជីពកម្មករ សារពត៌មាន និង អង្គការក្រៅរដ្ឋាភិបាល ដោយប្រើច្បាប់ព្រហ្មទណ្ធ ដើម្បីប្រឆាំង នឹង មតិរិះគន់បញ្ហានយោបាយ វាជាសារមួយធ្វើអោយព្រួយបារម្ភដល់អ្នកវិនិយោគទុននៅកម្ពុជា ហើយធ្វើអោយបាត់ជំនឿលើការប្ដេជ្ញារបស់រដ្ឋាភិបាល ក្នុងការឈានទៅរកអភិបាលការកិច្ចល្អ លោកបានសុំអោយរដ្ឋាភិបាលពិចារណាដោយប្រុងប្រយ័ត្ន។ ដោយលែកពីនេះអង្ការសង្គមស៊ីវិលចំនួន៣០ បានចេញសេចក្ដីថ្លែងការរួមមួយសូមអោយដោះលែងសកម្មជនសិទ្ធិមនុស្សដែលរដ្ឋាភិបាលបានចាប់ឃុំផងដែរ។ ព្រះមហាក្សត្រខ្មែរនរោត្ដមសីហមុនី បានយ៉ាងត្រលប់ពីប៉េងកាំងវិញ។
ថ្ងៃ ទី១១ មករា លោកយ៉េង វិរៈ ត្រូវដោះលែងអោយនៅក្រៅឃុំ ជាបន្ដោះអាសន្ន
ថ្ងៃទី១៣ មករា រដ្ឋមន្រ្ដីយុត្ដិធម៌ប្រទេសសុយអែដ ដែលមកធ្វើទស្សនកិច្ចខ្លីនៅកម្ពុជា បានចូលទៅសួរសុខទុក្ខលោកកឹមសុខា និង លោកប៉ា ងួនទៀង។ ការផ្ទេរតំនែងនាយប៉ូលិស ហេង ពៅ អគ្គនាយកស្នងការប៉ូលិសប្រចាំទីក្រុងភ្នំពេញអោយទៅកាន់ដំនែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបានតែងតាំង លោកទូច នរដ្ឋ នាយកស្នងការប៉ូលិសអោយមកកាន់តំនែងជំនួស។
ថ្ងៃទី១៤ មករា សហគមអឺរុប ធ្វើប្រតិកម្មទៅលើការចាប់ខ្លួនសកម្មជនសិទ្ធមនុស្ស មានលោកកឹម សុខា លោកប៉ា ងួនទៀង សកម្មជនព្រំដែន លោករ៉ុង ឈុន និង អ្នកកាសែត លោកម៉ម សុណង់ដូ ហើយថ្លែសូមអោយដោះលែងសកម្មជនទាំងអស់ ប៉ុន្ដែសូមសំដែងនូវការគាំទ្រក្នុងការដោះលែងលោកយ៉េង វិរៈ។
ថ្ងៃទី១៧ មករា ព្រឹត្ដិការណ៍ដ៏មហាអស្ចារ្យ ដូចជាផ្ការីកពុំជួនកាល បានផ្ទុះឡើងនៅកណ្ដាលទីក្រុងភ្នំពេញ គឺការដោះលែងសកម្មជនប្រជាធិបតេយ្យ៤ រូបអោយនៅក្រៅឃុំ លោក កឹម សុខា, លោកប៉ា ងួនទៀង, លោកម៉ម សូណង់ដូ, លោករុងឈុន, លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនបានធ្វើអន្តរាគម បន្ទាប់ពីលោកគ្រិស្ដុហ្វ័រ ហ៊ីល Chistopher Hill អុបការីរដ្នមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចូលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្ដី នៅផ្ទះរបស់លោក នៅជិតវិមានអែករាជ។ សំរែកជ័យឃោសបានលន់លឺឡើងយ៉ាងអឹងកងនៅពេលដែលសកម្មជនទាំងបួនមិនទាន់ចេញផុតពីពន្ធនាគារផង ចេញពីហ្វូងមនុស្សដ៏ច្រើនកុះករ ចូលរួមដោយអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលនានា និង មានព្រះសង្ឃជាច្រើនអង្គទៀតផង ដែលកំពុងឈរចាំនៅមុខគុកព្រៃស។ នៅអែមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅផ្សារស៊ីលិប សកម្មជនទាំងបួនរូបបានបើកសន្និសិទ្ធកាសែតមួយ ដែលមានមនុស្សជាច្រើនពាន់នាក់បានចូលរួមស្ដាប់។
ថ្ងៃទី ១៩ មករា ថ្ងៃចុងក្រោយ នៃ ថ្ងៃឃោសនាបោះឆ្នោតព្រឹទ្ធសភា គណបក្សសមរង្សីបានធ្វើក្បួនដង្ហែដ៏ធំមួយទៅកាន់រដ្ឋសភា គេបានចាក់បន្ដតាមឃោសនស័ព្ទ នូវសំលេងរបស់លោកសមរង្សី ដែលទូរសព្ទមកពីស្រុកបារាំងទៀតផង ដោយលែកគណបក្ស៣ទៀត ដែលចូលរួមបោះឆ្នោតដែរ គឺគណបក្សប្រជាជន គណបក្សហ្វុនស៊ីនប៉ិច និង គណបក្សប្រជាធិបតេយ្យ ប្រកាសថា នឹង មិនធ្វើការហែក្បួនដូចគណបក្សសមរង្សីឡើយ។
ថ្ងៃទី២២ មករា ការបោះឆ្នោតព្រិទ្ធសភាប្រព្រិត្ដទៅដោយភាពរលូនល្អ។ សហជិពកម្មករ មានគ្នាប្រមាណជា ៣០០នាក់ហើយមាន លោក រ៉ុង ឈុន លោកប៉ា ងួនទៀង និង លោក ស្រីមូ សុខហួ ចូលរួមផង បានដង្ហែយកកំរងផ្កាទៅដាក់នៅទីដែលលោកជាវិជ្ជាត្រូវគេបាញ់ស្លាប់កាលពីពីរឆ្នាំមុន ក្នុងក្បួននេះគេមិនឃើញមានការឃាឃាំង រារាំងពីសំនាក់អាជ្ញាធរប៉ូលិសខ្មែរទេ សូម្បីតែសាលាក្រុងភ្នំពេញពុំអនុញ្ញាតអោយធ្វើក្ដី។
ថ្ងៃទី២៤ មករា លោកហ៊ុន សែន នាយករដ្ឋមន្រ្ដីខ្មែរថ្លែងថា លោក និង លើកលែងការចោទប្រកាន់ទាំងស្រុងចំពោះសកម្មជនប្រជាធិតេយ្យទាំង៥នាក់ ដែលបានដោះលែងអោយនៅក្រៅឃុំកាលពីថ្ងៃ១៧ ការទំលាក់ចោលការចោទប្រកាន់នេះធ្វើឡើងក្រោយពីលោក អ៊ូ វិរៈបានចូលកលព្រះមហាក្សត្រនរោត្ដម សីហមុនី និង ថ្វាយញាត្ដស្នាមមេដាយចំនួន១សែន ៣ម៉ឺនសុំអន្ដរាគមន៍ពីព្រះមហាក្សត្រខ្មែរ បន្ថែមលើនេះទៀត សកម្មជនទាំង៤នាក់ បានធ្វើញាត្ដផ្ទួនៗគ្នា ជូនទៅនាយករដ្ឋមន្រ្ដីហ៊ុន សែនសំដែងសេចក្ដីសោកស្ដាយនូវហេតុការណ៍ ដែលបានកើតឡើង លោកកឹម សុខាក៏បានជួបសន្ទាទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្ដីប្រហែលកន្លះម៉ោងផង។ លោកនាយករដ្ឋមន្រ្ដីបានថ្លែងបន្ដថា លោក នឹងលើកលែងការចោទប្រកាន់ផងដែរ ដល់ជនទាំងឡាយណាដែលចោទប្រកាន់ ហើយសរសេរសំបុត្រមកលោកដូចសកម្មជនទាំងបួននាក់។
ថ្ងៃទី ២៩ មករា ការប្រកាសជាផ្លូវការ នៃ ការបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនទទួលបាន ៧៨៥៤ សំលេង ត្រូវបាន៤៥អាសន គណបក្សហ្វុនស៊ីនប៉ិចបានទទួល ២៣២០ សំលេង ត្រូវបាន ១០អាសន គណបក្សសមរង្សីទទួលបាន ១១៦៥សំលែង ត្រូវបាន ២អាសន គណបក្សប្រជាធិបតេយ្យទទួលបាន ១៣ សំលេង ពុំបានទទួលអាសនទេ។
ថ្ងៃទី ៣០ មករា លោកហ៊ុន សែន ថ្លែងច្រានចោល ការចរចាលើកលែងទោស លោកសមរង្សី របាយការដែលបានផ្ញើជូនលោកដោយព្រះមហាក្សត្រនរោត្ដមសីហមុនី
-----------------------ព្រឹត្ដិការណ៍ ខែកុម្ភ ២០០៦--------------------------
ថ្ងៃទី ១កុម្ភ ការវិលត្រលប់មកដល់វិញ នៃ មេដឹកនាំសជីពកម្មករ លោក ជាមនី នៅអាកាសយានដ្ឋានពោធិចិនតុង ក្នុងហ្វូងមនុស្សប្រមាណជាង ១០០នាក់ដែលមកទទួលលោក លោកជាមនីបានថ្លែងថា លោក នឹង បន្ដកិច្ចការរបស់លោកតទៅទៀត ហើយលោក នឹង ធ្វើការរិះគន់រដ្ឋាភិបាលក្នុងការស្ថាបនាដដែល។ ដោយលែក ក្នុងករណីលោកជាម ចន្នីដែលជាប់គុកយោធាកាលពីខែកុម្ភឆ្នាំទៅមិញ ត្រូវបានគណបក្ស និង មិត្ដភក្ដិរបស់លោកទាំងឡាយបានធ្វើសេចក្ដីអំពាវនាដល់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន អោយលោកដាក់សំនើទៅព្រះមហាក្សត្រ ដើម្បីធ្វើការសុំលើកលែងទោស។
ថ្ងៃទី ៣កុម្ភ ព្រឹត្ដិការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយមិននឹកស្មានបាន គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ធ្វើការតិះទៀនដោយចំអកពីម្សិលមិញ ចំពោះអំនោយទាំងឡាយពីអតីតព្រះមហាក្សត្រ ពីអង្គការសិទ្ធមនុស្ស ជូនលោកជាម ចន្នីលោកបានស្នើសុំទៅព្រះមហាក្សត្រ អោយសំរាលទោសលោកជាម ចន្នីត្រឹម ៤ឆ្នាំ ថ្ងៃនេះរដ្ឋាភិបាលខ្មែរបានប្រកាសដកបន្ដឹងពីអ្នករិះគន់ខ្លាំងៗ ៧រូប មាន លោកកឹម សុខា, លោកប៉ា ងួនទៀង, លោកយ៉េង វិរៈ,លោកម៉ម សូណង់ដូ លោករុង ឈុន លោកជា មនី ព្រះអង្គម្ចាស់ធម្មិកោ។ លោកនាយកមន្រ្ដីបានទូរស័ព្ទទៅសួរសុខទុក្ខលោកជាម ចន្នី នៅក្នុងពន្ធនាគារយោធា ហើយលោកបានសន្យាថា នឹង ជួយអន្ដរាគមអោយលោកជាម ចន្នី មានការលើកលែងទោស មានសេរីភាពទាំងស្រុងនៅមុនពេលចូលឆ្នាំខែមេសាខាងមុខ។
ថ្ងៃ ទី៤ កុម្ភ រដូវផ្ការីកជាថ្មីនៅកណ្ដាលទីក្រុងភ្នំពេញ មានការដោះលែងសកម្មជនប្រជាធិបតេយ្យចំនួន៧នាក់ ការលើកលែងបន្ថោយទោសលោកជាម ចន្នី ជាដើម គឺជាកិរិយាបង្រួបបង្រួមជាតិខ្មែរ ធ្វើអោយមានការសាមគ្គីគ្នា ព្រួតដៃគ្នា កសាងស្រុកទេសអោយរីកចំរើនឡើង នេះគឺជាអិរិយាបទមួយធ្វើអោយប្រជាជន ប្រជាតិសង្ឃឹមញញឹមទុកក្នុងចិត្ដ ហើយទទួចចង់បានគ្រប់ៗគ្នា ភាពត្រូវរូវគ្នារវាងអ្នកនយោបាយខ្មែរ មេដឹកនាំខ្មែរ គឺជាសុខសន្ដិភាពសាមគ្គីភាព យ៉ាងគួរអោយកោតសរសើរក្រៃលែង។ ថ្ងៃនេះលោកសមរង្សីប្រធានបក្សប្រឆាំង និង លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសរសេរសំបុត្រឆ្លើយឆ្លងគ្នាដើម្បីឈានទៅរកដំនោះស្រាយត្រូវរូវគ្នាមួយ។ ចំនែកលោកកឹម សុខាបានចូលកលព្រះមហាក្សត្រនរោត្ដម សីហមុនី និង ធ្វើរបាយការទូល នូវ ភាពប្រែប្រួល នៃ នយោបាយខ្មែរមួយចំនួន ដែលធ្វើអោយព្រះអង្គមានការសព្វព្រះរាជហរិទ័យយ៉ាងខ្លាំងផង។
ថ្ងៃទី៥កុម្ភ ទំនោរទោរទន់ទៅរកគ្នារវាងគណបក្សប្រឆាំងសមរង្សី និង រាជរដ្ឋាភិបាលបន្ទាប់ពីលោកសមរង្សី និង លោកហ៊ុន សែន បានធ្វើការឆ្លើយឆ្លងគ្នាតាមលិខិត អែទ្រង់រណរិទ្ធប្រធានសភា ដែលបានទទួលសំបុត្រឆ្លើយឆ្លងជាមួយសមរង្សីដែរនោះ កំពុងតែរៀបចំប្រគល់អែកសិទ្ធសភាជូនលោកសមរង្សី និងសហសេវិក មានលោកជាម ចន្នី ដែលគេសង្ឃឹមថា នឹងដោះលែងអោយមានសេរីភាពទាំងស្រុងឡើងវិញនៅថ្ងៃស្អែកនេះ។ ដោយមានភ្លើងខៀវពីរាជរដ្ឋាភិបាលខ្មែរ ដូចនេះ លោកសមរង្សីបានថ្លែងពីស្រុកបារាំងដោយទន់ភ្លន់សប្បាយរីករាយថា លោកសប្បាយចិត្ដណាស់ ហើយ នឹង វិលត្រលប់មកកាន់កម្ពុជាវិញក្នុងពេលឆាប់ៗនេះ ហើយលោក នឹង រៀបចំកែទំរង់គណបក្សប្រឆាំងរបស់លោកអោយដូចជាគណបក្សប្រឆាំងប្រទេសប្រជាធិបតេយ្យនានា គណបក្សលោក នឹង ធ្វើការរិះគន់រដ្ឋាដោយស្ថាបនា ដោយធ្វើអោយមានលក្ខណកណ្ដាលជាងមុន។
ថ្ងៃទី ៦ កុម្ភ ព្រះមហាក្សត្រខ្មែរនរោត្តម សីហមុនី លាយព្រហស្ថលេខាលើកលែងទោស លោកសមរង្សី និង លោកដំណាងរាស្រ្ដ ជាម ចន្នី តាមសំនើស្នើសុំពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ ថ្ងៃនេះ លោក ជាម ចន្នីត្រូវដោះលែងអោយមានសេរីភាពទាំងស្រុង ក្រុមសកម្មជនគណបក្សប្រឆាំង និង ក្រុមញាតិមិត្ដបានទៅស្វាគមន៍ ពាក់កំរងផ្កា ជូនលោកជាមចន្នីនៅពេលចេញពីពន្ធនាគារ លោកជាមចន្នីបានចូលទៅថ្វាយបង្គំព្រះជាច្រើនវត្ដ នៅជាយទីក្រុងភ្នំពេញ មុន នឹងចូលមកកាន់កេរហដ្ឋានរបស់លោក។
ថ្ងៃទី ៩កុម្ភ លោក ស៊ាន វិសុទ្ធ ប្រធានការិយាល័យ នៃ អង្គជំនុំជំរះវិសាមញ្ញ តុលាការកម្ពុជាកាត់ទោសខ្មែរក្រហម និងលោកស្រី មីសែល លី ដំណាងអង្គការសហប្រជាជាតិបានធ្វើសន្និសិទ្ធសារពត៌មានមួយស្ដីពីការបើកសាលាក្ដីនេះ។
ថ្ងៃ ១០ កុម្ភ បន្ទាប់ពីការលើកលែងទោសពីព្រះមហាក្សត្រព្រះនរោត្តម សីហមុនី ដែលស្នើឡើងដោយប្រមុខរដ្ឋាភិបាលហ៊ុន សែន ៥ថ្ងៃមក លោកសមរង្សី ប្រធានគណបក្សសមរង្សី ដែលនិរទេសខ្លួនអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ បានត្រលប់ចូលកាន់ប្រទេសកម្ពុជាវិញ។ នៅព្រលានយន្ដហោះពោធិចិនតុង មានសមាជិកសមាជិការប្រមាណជា ៣០០០នាក់ មកទទួលស្វាគមលោក ជាមួយនេះស្ថានទូតសហរដ្ឋ ក៏បានអបអរសាទរ នៃ ស្ថានភាពនយោបាយផ្លាស់ប្ដូរថ្មីៗ នៅកម្ពុជា និង ការវិលត្រលប់របស់លោកសមរង្សីនេះដែរ។
ថ្ងៃទី ១១កុម្ភ ក្បួនធម្មយាត្រាមួយ រៀបចំធ្វើចំនួន៣ថ្ងៃ ដើម្បីសុំសិទ្ធិបញ្ចេញយោបល់អោយបានពេញបរិបូណ៍ និង សុំលុបចោលជាស្ថាពរ នូវ ទោសព្រហ្មទណ្ឌ ពីបទបរិហារកេរ ហែចេញពីវត្ដភ្នំ ទៅកាន់ភ្នំអុដុង រៀបចំដោយសំពន្ធភាពដើម្បីសេរីភាពមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន២៨ ដែលផ្ដួចផ្ដើមធ្វើឡើងដោយប្រធានសិទ្ធមនុស្ស លោកកឹម សុខាមានមនុស្សចូលរួមសុទ្ធតែពាក់បូរពណ៌លឿងជាង១០០នាក់ ក្នុងនោះមាន លោកម៉ម សូណង់ដូ លោករ៉ុង ឈុន លោកស្រីពុងស៊ីហ្គិច បានចូលរួមផងដែរ នេះជាលើកដំបូងហើយ តាំងពីមានបាតុកម្មវាយស្ថានទូតថៃ ដែលរដ្ឋាភិបាលបានអនុញ្ញាតអោយមានក្បួនដង្ហែបាតុកម្មឡើងវិញ។ ជាមួយនេះដែរលោកសមរង្សីដែលទើបត្រលប់មកដល់កម្ពុជាថ្មីនេះ បានចេញបង្ហាញខ្លួនជាសាធារណ ដើម្បីសួរសុខទុក្ខប្រជារាស្រ្ដ។
ថ្ងៃទី ១២ កុម្ភ មានចំងល់គួរអោយភ្ញាក់ផ្អើលមួយ លោកសមរង្សី បានចូលទៅជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅភូមិគ្រិស្ដរបស់លោកនៅតាខ្មៅ ជំនួបបានធ្វើឡើងតាំងមោង ៩:០០ ព្រឹក រហូតដល់ម៉ោង ១៣រសៀលដែលគេមិនអនុញ្ញាតអោយអ្នកកាសែតចូលយកការទេ។
ថ្ងៃទី១៤ កុម្ភ ប្រតិបត្ដិការផ្លេកបន្ទោរ បានប្រតិបត្ដិប្រព្រឹត្ដទៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយតាមគំរោងការណ៍របស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែននេះ បានទទួលស្វាគមន៍ពីគ្រប់មជ្ឈដ្ឋានជាតិអន្ដរជាតិផងដែរ ថ្ងៃនេះលោកនាយករដ្ឋមន្រ្ដីបានប្រកាសយល់ព្រមលុបចោលទោសព្រហ្មទណ្ឌពីបទបរិហារកេរ តាមសំនើសុំពីសកម្មជនសិទ្ធិមនុស្ស និង អង្គការក្រៅរដ្ឋាភិបាលនានា ដែលទើបតែបញ្ចប់បានតែ១ថ្ងៃប៉ុណ្ណោះនូវក្បួនធម្មយាត្រាបីថ្ងៃរបស់ខ្លួនទៅកាន់ភ្នំព្រះរាជទ្រព្យ ជាមួយនេះលោកនាយករដ្ឋមន្រ្ដីក៏ប្រកាសជាសាធារណ យល់ស្របតាមសំនើរបស់មេគណបក្សប្រឆាំងសមរង្សី ធ្វើវិសោធកម្មលើច្បាប់រដ្ឋធម្មនុញ្ញ ២ភាគ៣ មក៥០ បូក១វិញ ដើម្បីអោយគណបក្សឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាលបាន។ កកន៖ ការព្រមព្រៀងធ្វើវិសោធនកម្មរដ្ឋធមនុញ្ញរបស់លោកសមរង្សីពេលនេះ គឺជាការយកចិត្ដហ៊ុន សែនប៉ុណ្ណោះ ហើយលោកសមរង្សីធ្វើអត្ដឃាតនយោបាយខ្លួនអែង ដែលគ្មានវាសនាវិលមកចរចាជាមួយហ៊ុនសែនបានទៀតឡើយ វាដូចជាហុចផ្លែដាវអោយសត្រូវចាក់សម្លាប់ខ្លួនអែងដូច្នោះដែរ។
ថ្ងៃទី១៥ កុម្ភ ជំនួបរវាងលោកសមរង្សី និង ទ្រង់នរោត្ដមរណរិទ្ធ ជាលើកដំបូងក្រោយពីសំពន្ធភាព នៃ គណបក្សទាំងពីរត្រូវបានបែកបាក់គ្នា កិច្ចពិភាក្សាបានផ្ដោតទៅលើការបែងចែកអំនាចគ្នានៅក្នុងការដឹកនាំប្រទេស។
ថ្ងៃទី២០ កុម្ភ លោកហ៊ុន សែនប្រកាសធនាផ្លូវចិត្ដចំពោះគណបក្សហ្វុនស៊ីប៉ិច បន្ទាប់ពីលោកមានសំពន្ធភាពល្អ និង អនុញ្ញាតអោយគណបក្សប្រឆាំងសមរង្សីអាចចូលរួមក្នុងរដ្ឋាភិបាលបាន ហើយមើលទៅ ដូចជាគណបក្សហ្វុនស៊ីនប៉ិច កំពុងតែមានការព្រួយបារម្ភ ខ្លាចគណបក្សកាន់អំនាចបោះបង់ពួកគេចោល។ លោកសមរង្សី បានចូលកល់ព្រះមហាក្សត្រនរោត្ដម សីហមុនី ដើម្បីថ្លែងអំណរគុណចំពោះព្រះអង្គក្នុងការជួយសំរួលក្នុងស្ថានភាពនយោបាយចុងក្រោយ និង បានលាយព្រហត្ថលេខាលើកលែងទោសលោក និង លោកជាមចន្នី អោយរួចផុតពីការចោទប្រកាន់ទោស។
ថ្ងៃទី២១ បើគណបក្សសមរង្សីចូលក្នុងរដ្ឋាភិបាល ទ្រង់រណរិទ្ធ សូមអោយលោកសមរង្សីឆ្លើយ នឹង សំនួរព្រះអង្គ ៣សំនួរទី១ តើលោកសមរង្សី នឹង សូមអោយរដ្ឋាភិបាលចេញពីសហគមអាស៊ានរឺទេ? ទីពីរ បញ្ហានយោបាយចិនតែមួយ ទី៣តើលោកសមរង្សី នឹង សើរើសន្ធិសញ្ញាបំពេញបន្ថែមរឺទេ?។
ថ្ងៃទី ២៣ គណបក្សសមរង្សីបានបែងចែកអោយទទួលជាលើកដំបូងក្នុងគណកម្មការរដ្ឋសភា ដែលគណកម្មការត្រូវបាន៥ទៅគណបក្សប្រជាជន ២បានទៅគណបក្សហ្វុនស៊ីនប៉ិច និង ២ទៀតត្រូវបែងចែកទៅអោយគណបក្សប្រឆាំងសមរង្សី។
ថ្ងៃទី ២៥ ទ្រង់នរោត្ដមរណរិទ្ធ ប្រធានរដ្ឋសភា និង ជាប្រធានគណបក្សហ្វុនស៊ីនប៉ិច បដិសេធសំនើរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន អោយបែងចែកគណកម្មការពីរ ទៅអោយគណបក្សរង្សី។ គណបក្សសមរង្សីដែលមិនបានទទួលមុខនាទីអ្វីមួយនៅក្នុងរដ្ឋសភា ដោយគណបក្សនេះធ្វើពហិការមិនចូលរួមបោះឆ្នោះកញ្ចប់តាំងពីដើមទីមក ចំនែកគណកម្មការដែលជាភាគរបស់គណបក្សសមរង្សីត្រូវបាន ក៏ត្រូវធ្លាក់ទៅលើគណបក្សហ្វុនស៊ីនប៉ិចទាំងអស់។
ថ្ងៃទី២៦ លោកហ៊ុន សែន ប្រកាសបដិសេធពាក្យចរចាមអារាមថា គណបក្សប្រជាជនត្រូវរូវគ្នា ដើម្បីផ្ដួលរំលំរបបរាជានិយម លោកប្រកាសដោយធ្ងន់ៗថា គ្មាននរណាមួយអាចផ្ដួលរបបរាជានិយមទេ ហើយបើចង់ធ្វើសូមអោយកន្លងសពហ៊ុន សែន សិនទៅ។
ថ្ងៃទី២៨ កុម្ភ រដ្ឋសភាបើកអង្គប្រជុំ ក្រោមអធិបតេយ្យភាពទ្រង់រណរិទ្ធ បោះឆ្នោត ១១៤សំលេងលើ ១១៤ គាំទ្រផ្ដល់អភ័យអែកសិទ្ធជូនដំណាងរាស្រ្ត សមរង្សី លោកជា ប៉ូច និង លោកជាម ចន្នីវិញ ជាមួយនេះដែរ រដ្ឋសភាក៏ធ្វើការដកអភ័យអែកសិទ្ធ បណ្ដេញលោកដំណាងរាស្រ្ដខឹម វាសនា (តំណាងរាស្រ្ដគបក្សសមរង្សី ដែលមានរឿងចំរោងចំរាស់គ្នាជាមួយបក្សតាំងពីយូរមកហើយ) ចេញពីដំណាងរាស្រ្ដជាស្ថាព័រដែរ។ លោកហ៊ុន សែនក៏មានវត្ដមានក្នុងកិច្ចប្រជុំនេះដែរ។ លោកប្រធានាធិបតីអិន្ដូនេស៊ី សូស៊ីឡូបាងបាង ធ្វើដំណើរមកដល់ក្រុងភ្នំពេញ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនៅប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងមិត្ដភាព នៃ ប្រទេសទាំងពីរ។