ព្រឹត្ដិការណ៍ ២០០៤ កញ្ញា


ថ្ងៃសៅរ៍ ទី 19.កុម្ភ 2022.ម៉ោង 11:10

ថ្ងៃ ទី ១កញ្ញា មាន​នាវា​ល្បាត​ នៃ កង​ទ័ព​ជើង​ទឹក​អូស្រ្តា​លី​ពីរ​​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​កំពង់​សោម​កាល​ពី​ថៃ្ង​ទី ៣១​សីហា ម្សិល​មិញ​ ក្នុង​ការ​មក​ដល់​ នៃ នាវា​ទាំង​ពីរ​គឿ្រង​នោះ​ គេ​សងេ្កត​ឃើញ​មាន​ការ​ស្វា​គមន៍​ យ៉ាង​អធឹក​អធម​ ពី​សំនាក់​នាយ​ទាហាន​ និង ពល​ទាហាន​ នៃ​ កង​ទ័ព​ជើង​ទឹក​របស់​កម្ពុជា​។​

ថ្ងៃ ទី២ កញ្ញា លោក​សម​រង្សី​ ជា​ប្រធាន​គណ​បក្ស​ប្រឆាំង​បាន​រៀប​ចំ​ពាក្យ​ប្តឹង​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​រិទ្ធ​ ពី​បទ​ពុក​រលួយ​ ក្នុង​ការ​សាង​សង់​អាគារ​រដ្ឋ​សភា​ថ្មី​ ចំនែក​ព្រះ​អង្គ​ម្ចាស់​ប្រធាន​ហ្វុន​ស៊ិន​ប៉ិច​ ក៏​បាន​អះ​អាង​ថា​ ព្រះ​អង្គ​ប្តឹង​លោក​សម​រង្សី​វិញ​ដែរ​ ពី​បទ​បរិ​ហារ​កេរ្ត​ អំពី​ការ​ដែល​និយាយ​ថា ព្រះ​អង្គ​ទទួល​ប្រាក់​សំនូក​ ៣០​លាន​ដុល្លារ​ និង អុទ្ធម្ភាគ​ចក្រ​មួយ​គឿ្រង​ ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ជា​ថ្នូរ​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​។ ​អែ​លោក​កឹម សុខា ប្រធាន​សិទ្ធ​មនុស្ស​ និង លោក​រុង ឈុន​ប្រធាន​គ្រូប​ង្រៀន​អែក​រាជ​ ក៏​ត្រូវ​តុលា​កោះ​ហៅ​ អោយ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ ក្នុង​នាម​ជា​សាក្សី​ នៅ​ថៃ្ង​ទី​៦​កញ្ញា​២០០៤ ជុំ​វិញ​ពាក្យ​បន្តឹង​លោក​ហ៊ុន សែន ចំពោះ​លោក​សម​រង្ស៊ី​ ពី​បទ​ជេរ​ប្រមាថ និង​បរិហារ​កេរ្ត​លោក​។​

ថ្ងៃ ទី ៣ កញ្ញា លោក Douglas Gardner ប្រធាន​អង្គការ​យូ​អិន​ឌី​ភី​ (UNDP) ប្រចាំ​កម្ពុជា ​បាន​ជំរាប​លោក​អុប​នាយក​រដ្ឋ​មន្រ្តី​ស ខេង ថា យូ​អិន​ឌី​ភី​ នឹង បន្ត​ជួយ​កម្ពុជា​ ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ លើ​គ្រប់​វិស័យ​ និង ជួយ​កៀង​គរ​អន្តរ​ជាតិ​អោយ​ជួយ​ដល់​កិច្ច​នយោ​បាយ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋា​ភិបាល និង បាន​ផ្តល់​អនុសាសន៍​ខ្លះ​អំពី​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​ប្រតិភូ​​បាន​ពិនិត្យ​​បច្ចុប្បន្ន​ភាព​ នៃ ដំនើរ​ការ​សំរាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​រួច​មក​។​
ព្រះអង្គ​ម្ចាស់​នរោត្ដម​សីហ​មុនី​ ព្រះ​រាជ​បុត្រ​របស់​​សំដេច​នរោត្ដម​សីហនុ​ និង ព្រះ​មហេសី​មុនី​នាថ​ បង្ហាញ​ព្រះ​ទ័យ​ថា​ ព្រះ​អង្គ​មិន​ចង់​ឡើង​សោយ​រាជ្យ​ទេ​។​

ថ្ងៃ ទី៤ កញ្ញា ច្បាប់​តព្វ​កិច្ច​យោធា​ ដែល​មាន​ ៦​ជំពូក​ ១៦​មាត្រា តំរូវ​អោយ​ពល​រដ្ឋ​ខ្មែរ​ចាប់​ពី​អាយុ ១៨ ​រហូតដល់​ ៣០ ត្រូវ​ចូល​បំរើ​តព្វ​កិច្ច​យោធា​ចំនួន​១៨ ខែ ត្រូវ​បញ្ជូន​ដល់​គណ​រដ្ឋ​មន្រ្ដី​ហើយ​។

ថ្ងៃ ទី ៥ កញ្ញា សកម្ម​ជន​គណ​បក្ស​សម​រង្សី​ ដើរ​ចែក​ចាយ​ខិត្ត​ប័ណ្ណ​នៅ​ផ្សារ​ធំ​ថ្មី​ ក្នុង​ក្រុង​ភ្នំពេញ អាជ្ញា​ធរ​គ្រប់​គ្រង​ផ្សារ​​ចោទ​ប្រកាន់​ថា​ ជា​ទង្វើ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ការ​ងារ​សន្តិ​សុខ នយោ​បាយ​ និង សន្តាប់​ធ្នាប់​សុវត្ដិ​ភាព​សង្គម​។ សាលា​ក្រុង​ភ្នំ​ពេញ​បាន​ហាម​ប្រាម​ក្រុម​និស្សិត​មួយ​ក្រុម​ មិន​អោយ​ធ្វើ​ការ​ជួប​ជុំ​គ្នា​ធ្វើ​បាតុ​កម្ម​សុំ​បញ្ចុះ​ថៃ្ល​ប្រេង​សាំង​នោះ​ទេ​។​

ថ្ងៃ ទី៦ កញ្ញា ក្នុង​ជំនួប​មួយ​រវាង​នាយក​រដ្ឋ​​មន្រ្ដី​ចិន​ វេន​ជាបាវ (Wen Jaiboa) នឹង លោក​នាយក​រដ្ឋ​មន្រ្ដី​នាយក​រដ្ឋ​មន្រ្ដ​ចិន​ថ្លែង​ថា​ ចិន​ នឹង បន្ត​ប្រឹង​ប្រែង​ជួយ​ដល់​ការ​ថែ​រក្សា​ស្ថិរ​ភាព​ជាតិ​ និង ពង្រឹង​សាមគ្គី​ជាតិ​ ហើយ​ និង អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​កម្ពុជា​ជា​និច្ច​ ចិន​ និង​កម្ពុជា​ គឺ​​ជា​ប្រទេស​ជិត​ស្និទ្ធ​ នឹង គ្នា​មួយ​​។
​ នៅ​អែ​កម្ពុជា​អែ​ណោះ ព្រឹទ្ធ​សភា នៃ​ប្រទេស​កម្ពុជា​បាន​អនុ​ម័ត​ផ្តល់​សច្ចា​ប័ន​ដល់​កិច្ច​ព្រម​ពៀ្រង​ ក្នុង​ការ​ចូល​ជា​សមា​ជិក​ភាព​ ក្នុង​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​​ហៅ​កាត់​ថា WTO នោះ​ហើយ​។​

ថ្ងៃទី ៨ កញ្ញា ព្រះ​មហា​ក្សត្រ​ខ្មែរ​ នរោត្ដម​សីហនុ​ និង ព្រះ​អគ្គ​ហេសី ទ្រង់​គង់​នៅ​និរ​ទេស ដើម្បី​ជៀស​វាង​វិបត្ដិ​នយោ​បាយ បាន​អនុញ្ញាត​អោយ​គណ​ប្រត្ដិភូ​គណ​បក្ស​ប្រជា​ជន​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន​និង​ ប្រធាន​រដ្ឋ​សភា​ទ្រង់​នរោត្ដ​មរណ​រិទ្ធ​ចូល​សវនា​ការ​ ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហរិ​ទ័យ​សុំ​អោយ​មេ​ដឹក​នាំ​នយោ​បាយ​ទាំង​អស់​ឈប់​ធ្វើ​ការ​ប្ដឹង​ផ្ដល់​គ្នា​។​ ទាក់​ទិន​ នឹង បន្ទូល​នេះ​ ប្រធាន​គណ​បក្ស​ប្រ​ឆាំង លោក​សម​រង្សី​ ថ្លែង​ប្រកាស​គាំ​ទ្រ​ភ្លាម​ដែរ​។​

ថ្ងៃ ទី ៩កញ្ញា ហាក់​ដូច​ជា​ផ្ទុយ​ស្រលះ​ពី​ម្សិល​មិញ​នៅ​ទី​ក្រុង​ប៉េកាំង​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​បាន​យល់​ព្រម​ក្នុង​ការ​រៀប​ចំ​ច្បាប់​ស្តី​អំពី​ការ​រៀប​ចំ និង ការ​ប្រ​ព្រឹត្ត​ទៅ​ នៃ ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជ្រើស​រើស​មហា​ក្សត្រ​ថ្មី​ អោយ​ស្នង​រាជ​បន្ត​ពី​ព្រះ​មហា​ក្សត្រ​​សំដេច​ព្រះ​​នរោត្តម​សីហនុ​ ដែល​មាន​ព្រះជន្ម​៨២​ វស្សា​ តែ​ថ្ងៃ​នេះ​ ពេល​ដែល​យាង​ត្រលប់​ពី​ប៉េ​កាំង​មក​ដល់​ព្រលាន​យន្ដ​ហោះ​ពោធិ​ចិន​តុង ទ្រង់​រណ​រិទ្ធ​មាន​បន្ទូ​ប្រាប់​អ្នក​កាសែត​ថា​ អោយ​ឈប់​លើក​ឡើង​រឿង​ស្នង​រាជ​សម្បត្ដិ​ ព្រោះ​ព្រះ​មហា​ក្សត្រ​លោក​នៅ​មាន​ព្រះ​រាជ​សុខ​ភាព​រឹង​មាំ​ណាស់​ អ្នក​លើក​ឡើង​ពី​ស្នង​រាជ​សម្បត្ដិ​ យស់​ថា​​ព្រះ​អង្គ​សុគត​ រឺ​ យ៉ាង​ម៉េច​?​។

រាជរដ្ឋា​ភិបាល​ជប៉ុន​ តំនាង​ដោយ​អែក​អគ្គ​រាជ​ទូត លោក​ហ៊្វុមិ​អាគិ​ តាកា​ហា​ស៊ី បាន​ចុះ​ហត្ថ​លេខា​ផ្តល់​ប្រាក់​កំចី​៤.៣១៣​លាន យ៉េន​ជប៉ុន​ ប្រមាណ​ជា​៣៩,២ លាន​ដុល្លារ​អាមេ​រិក​ ដល់​ប្រទេស​កម្ពុជា​។ ទាក់​ទិន​ នឹង បន្ដឹ​ង​របស់​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន​ សែន ពី​បទ​បរិហារ​កេរ្ដ​ជេរ​ប្រមាណ​ លោក​កឹម សុខា​ប្រធាន​មជ្ឈ​មណ្ឌល​សទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចូល​ទៅ​តុលា ដើម្បី​បំភ្លឺ​តុលា​ការ​។

ថ្ងៃ ទី ១៣កញ្ញារ ការ​បើក​កិច្ច​ប្រជុំ​មហា​សន្និ​បាត​អង្ការ​អន្ដរ​សភា​អាស៊ាន​ហៅ (AIPO) លើក​ទី​២៥ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ នឹង ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថៃ្ង​ទី​១២ ដល់ ១៧​កញ្ញា​ ២០០៤ ដោយ​មាន​សំដេច​ក្រុម​ព្រះ​នរោត្តម​រណរិទ្ធ​ ជា​ប្រធាន​មហា​សន្និ​បាត​។​

ថ្ងៃ ទី ១៨ កញ្ញា បន្ទាប់​ពី​ការ​បិទ​អង្គ​មហា​សន្និ​បាត​លើក​ទី​២៥ នៃ​អង្គ​ការ​អន្តរ​សភា​អាស៊ាន​ នៅ​ទី​ក្រុង​ភ្នំ​ពេញ​មក​ សំដេច​ក្រុម​ព្រះ​​នរោត្តម​​រណរិទ្ធ​​ ប្រធាន​ (AIPO) បាន​មាន​បន្ទូល​បដិ​សេធ​អំពី​ការ​ទិ​តៀន​​លើ​ការ​ចំនាយ​ក្នុង​ការ​រៀប​ចំ​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំ នៃ អង្គ​ការ AIPO នេះ​ បន្ទាប់​ពី​លោក​ងួន ញ៉ិល អនុ​ប្រធាន​ទី​២ រដ្ឋ​សភា​អាន​បញ្ជី​ចំនាយ​របស់​គណ​កម្មា​ធិការ​រៀប​ចំ​ដែល​មាន ៣២៥០០០​ដុល្លារ ចំនាយ​ផែ្នក​សន្តិ​សុខ និង ២៥០០០ ដុល្លារ​ទៀត​ សំរាប់​ការ​ស្នាក់​នៅ​របស់​ប្រតិ​ភូ​ក្នុង​សណ្ឋា​គារ​អាំង​ទែ​កុង​ទីណង់​តាល់​ លោក​ងួន ញ៉ិល បាន​បញ្ជាក់​ដែរ​ថា​ ការ​ចំនាយ​នេះ​មិន​មាន​បញ្ចូល​ការ​វាយ​កូន​គោល​របស់​លោក ហ៊ុន សែន ជា​មួយ​នឹង​សមា​ជិក​ប្រតិ​ភូ​ទេ​។​

ថ្ងៃ ទី២០ កញ្ញា មាន​សេចក្តី​​រាយ​ការណ៍​ពត៌‌​មាន​ថា ចំនួន​ពល​រដ្ឋ​កម្ពុជា​ដែល​មាន​ជាង​ ១៤​លាន​នាក់​សព្វ​ថៃ្ង​អាច​ នឹង ឡើង​ដល់​ ២៩,៦ លាន​នាក់​ នៅ​រវាង​ឆ្នាំ ២០៥០ ​នេះ​ បើ​តាម​ការ​ស្រង់​បាន​ពី​ការ​ព្យា​ករណ៍​របស់​មូល​និធិ​សហ​ប្រជា​ជាតិ​សំរាប់​ប្រជា​ជន​របស់​កាសែត​កំបូដ​ស័រ​។

ថ្ងៃ ទី២១ កញ្ញា លោក ញាណ ផល្លិត មាន​អាយុ ៤៧​ឆ្នាំ និង បាន​សិក្សា​ដល់​ថ្នាក់​ទី​១ ទំនើប​ជាតិ នា​ឆ្នាំ ១៩៧៥មាន​លំនៅ​បច្ចុប្បន្ន​ នៅ​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ ៧​មករា ក្រុង​ភ្នំពេញ បាន​ចេញ​រថ​យន្ត​ម៉ាក " អង្គរ​២០០៤ "​ ថ្មីមួយ​​ទៀត​ បន្ទាប់​​ពី​គាត់​បាន​ចេញ រថយន្ដ​ម៉ាក «អង្គរ​២០០៣​ កាល​ពី​ឆ្នាំ​ទៅ​មិញ​។​

ថ្ងៃ ទី ២២ កញ្ញា មាន​សេច​ក្តី​រាយ​ការណ៍​ពី​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ នឹង ​ជំងឺ​អេដស៍​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ ទូ​ទាំង​ប្រទេស​មាន​អ្នក​កើត​ជំងឺ​អេដស៍​ប្រមាណ​ជា​៥០​នាក់​បាន​ស្លាប់​។

ថ្ងៃ ទី ២៣ កញ្ញា ក្រោយ​ពី​រឿង​កុន​ថៃ បាន​រលប់​បាត់ បន្ទាប់​ពី​កើត​មាន​ព្រឹត្តិ​ការណ៍​កុប​កម្ម​ប្រឆាំង​ថៃ​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០០៣​មក ក្រុម​មន្រ្តី​ប្រទេស​កម្ពុជា​ និង ប្រទេស​ថៃ មាន​គំរោង​រៀប​ចំ​បង្កីត​ទិវា​វប្ប​ធម៌‌​រួម​គ្នា​មួយ ដោយ​ដាក់​បញ្ចាំង​រឿង​កុន​ថៃ លើ​កញ្ចក់​ទូរ​ទស្សន៍​អែក​ជន​ជា​ថ្មី​ឡើង​វិញ​។​
ទាក់​ទិន​ នឹង ប្រសាសន៍​លោក​វ៉ា គឹម​ហុង ប្រធាន​គណ​កម្មា​ធិការ​ព្រំ​ដែន​រដ្ឋា​ភិបាល​ ដែល​បាន​ទូល​ព្រះ​មហា​ក្សត្រ​នរោត្ដម​សីហនុ​ថា ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​ ទំនង​ជា​មាន​ទំហំ​ធំ​ជាង​សម័យ​ឆ្នាំ ១៩៦៣ -១៩៦៩ ទៅ​ទៀត​​ដោយ​សារ​វៀត​ណាម​គេ​ធ្វើ​សម្ប​ទាន​អោយ​នោះ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ឡាយ​លិខិ​មួយ​ជូន​ទៅ​លោក ស៊ាន​ប៉េងសែ នៅ​ប្រទេស​បារាំង​ ជា​ប្រធាន​គណ​កម្ម​ការ​ព្រំ​ដែន​នៅ​ក្រៅ​ប្រទេស​ ហើយ​ដែល​លោក ស៊ាន​ប៉េង​សែ​​បាន​បក​ស្រាយ​ថា គឺ​ជា​ការ​ចំអក​របស់​ព្រះ​មហា​ក្សត្រ​ដល់​លោក វ៉ា​គឹម​ហុង​។

ថ្ងៃ ទី២៤ កញ្ញា មុន​ពេល​ចេញ ដំនើរ​ទៅ​ចូល​ប្រជុំ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​ (អ,ស,ប)លើក​ទី​៥៩​ លោក​អុប​នាយក​រដ្ឋ​មន្រ្តី​ និង ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ហោ ណាំ​ហុង បាន​​និយាយ​ទៅ​កាន់​អ្នក​កាសែត​បែប​ជា​ការ​ព្រមាន​ថា​ ទី​ភ្នាក់​ងារ​សារ​ពត៌‌​មាន​បារាំង​អា​អេហ្វប៉េ​ បាន​ផ្សាយ​មួល​បង្កាច់​ការ​ពិត​ពី​កម្ពុជា​ ដោយ​ភ្នាក់​ងារ​ អា​អេហ្វប៉េ AFP បាន​ផ្សាយ​អត្ថ​បទ​មួយ​ ដោយ​ស្រង់​សំដី​របស់​លោក​មិន​ត្រឹម​ត្រូវ​ លោក​បាន​រំលឹក​បញ្ជាក់​ថា​ លោក​បាន​និយាយ​ថា​ កម្ពុជា​ចង់​កាត់​ទោស​ខែ្មរ​ក្រហម​អោយ​បាន​ឆាប់​ ក៏​ប៉ុនែ្ត​ AFP បែរ​ជា​សរ​សេរ​ថា កម្ពុជា​មិន​ចង់​កាត់​ទោស​ខែ្មរ​ក្រហម​ ដោយ​សារ​មន្រី្ត​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិ​បាល​ មាន​អតីត​ភាព​ ជា​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​។​

ថ្ងៃ ទី២៨ កញ្ញា បន្ទាប់​ពី​តំលៃ​ប្រេង​សាំង​ចេះ​តែ​ឡើង​ទៅ​ៗ លោក​គាត ឈន់ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​ហិ​រញ្ញ​វត្ថុ​ប្រាប់​ថា​ មិន​អាច​ជួយ​អោយ​ចុះ​ថ្លៃ​បាន​នោះ​ ខាង​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ បាន​ចេញ​សេច​ក្តី​ថែ្លង​ការណ៍​មួយ​ សុំ​អោយ​រដ្ឋ​មន្រ្តី​រូប​នេះ​ចុះ​ចេញ​ពី​តំនែង​ ដោយ​ចោទ​ប្រកាន់​ថា លោក​គ្មាន​សមត្ថ​ភាព​ជួយ​រាស្រ្ត​។​

ថ្ងៃ ទី ៣០ កញ្ញា ក្នុង​ដំនើរ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​លើក​ទី​៥៩ នៅ​ទី​ក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អា​មេរិក លោក ហោ ណាំហុង បាន​ជួប​សវនា​ការ​ដាច់​ដោយ​លែក​មួយ​​ជាមួយ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ពី​ថៃ្ង​អង្គារ​ ហើយ​ភាគី​ទាំង​ពីរ​បាន​ផ្តោត​ការ​ពិភាក្សា​ សំខាន់​លើ​បញ្ហា​ការ​កាត់​ទោស​ពួក​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ ក្រោយ​ពេល​ដែល​រដ្ឋ​សភា​កម្ពុជា​ផ្តល់​សច្ចា​ប័ន​ លើ​កិច្ច​ព្រម​ពៀ្រង​ស្តី​ពី​ដំនើរ​ការ​តុលា​ការ​ ក្នុង​ការ​កាត់​ទោស​នោះ​រួច​ហើយ​។​

ថ្ងៃ ទី១ តុលា វិទ្យុ​វីអូ​អេ​រាយ​ការណ៍​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណ​រិទ្ធ​ ប្រធាន​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ និង​ ព្រះ​អង្គម្ចាស់​នរោត្តម​សិរី​វុឌ្ឍ ជា​អគ្គ​លេខា​ធិ​ការ​បក្ស​បាន​ជួប​ប្រជុំ​គ្នា​យ៉ាង​សំងាត់​​តែ​​ពីរ​ព្រះ​អង្គ ដើម្បី​រៀប​ចំ​​បញ្ជី​ឈ្មោះ​មន្រ្តី​ដែល​ នឹង ទទួល​តំណែង​ជា​អភិ​បាល​រង​ខេត្ត​ក្រុង​ ស្រុក​ខណ្ឌ​ សំរាប់​កូតា​គណ​បក្ស​រាជា​និយម​​នេះ​ នៅ​ពេល​ដែល​មន្រ្ដី​របស់​គណ​បក្ស​ប្រជា​ជន​បាន​ចូល​កាន់​ដំនែង​បំពេញ​ការ​ងារ​ទៅ​ហើយ​។​

ក្នុងការ​បែង​ចែក​អំនាច​កុ្នង​រដ្ឋា​ភិបាល​អានត្តិ​ទី​៣​នេះ មាន​មតិ​រិះ​គន់​ថា​ គណ​បក្ស​ទាំង​ពីរ​ (ប្រជា​ជន​កម្ពុជា​និង ហ្វុន​ស៊ិន​ប៉ិច)​ បាន​បំប៉ោង​ទំហំ​រដ្ឋា​ភិបាល​ហួស​មាឌ​ ដែល​នាំ​អោយ​មាន​ការ​ចាយ​វាយ​ថវិកា​ជាតិ​ខ្ជះ​ខ្ជាយ​ព្រោះ​សមា​ជិក​បាន​កើន​លើស​រដ្ឋា​ភិបាល​មុន​ទេ្វ​ដង​ គី​មាន​រហូត​ដល់​ជាង​ ៣៣០​រូប​ ចំពោះ​តាម​ខេត្ត​-​ក្រុង​ វិញ​គណ​បក្ស​ទាំង​ពីរ​បាន​ចែក​១២​ស្មើ​គ្នា​ តែ​ចំនួន​អភិ​បាល​រង​ខេត្ត​-​ក្រុង​អាច​ នឹង ឡើង​ដល់​៦​-៧​ រូប​ដោយ​ការ​បនែ្ថម​ពី​២-៣​ ពី​គណ​បក្ស​ជា​ដៃគូ​មួយ​ៗ​។

ថ្ងៃ ទី៣ តុលា លោក កឹម សុខា​ប្រធាន​មជ្ឈ​មណ្ឌ​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​និយាយ​រឿង​មិន​ពិត អំពី​រឿង​ដែល​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណរិទ្ធ​ ប្រធាន​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច បាន​ទទួល​ប្រាក់​សំនូក​ និង យន្ត​ហោះ​មួយ​ជា​ថ្នូរ​ នឹង ​ការ​ចូល​ក្នុង​រដ្ឋា​ភិបាល​ចំរុះ​ថ្មី​ ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​

ថ្ងៃ ទី ៤ តុលា លោក​សមរង្សី​ មេ​បក្ស​ប្រឆាំង​ ថែ្លង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ វាយ​ប្រហារ​ដោយ​ពាក្យ​សំដី​យ៉ាង​ចាស់​ដៃ​ទៅ​លើ​រដ្ឋាភិ​បាល​ អំពី​ការ​អនុ​ម័ត​ជ្រើស​អនុ​ប្រធាន គ,ជ,ប ថ្មី​ ដោយ​បង្ខំ​អោយ​គេ​លើក​ដៃ​ រដ្ឋ​សភា​បាន​អនុ​ម័ត​ដោយ​ការ​លើក​ដៃ នូវ​កញ្ចប់​រចនា​សម្ព័ន្ធ​ដឹក​នាំ​រដ្ឋ​សភា និង រដ្ឋា​ភិបាល​ វាជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ធម្ម​នុញ្ញ​ គឺ​គ្មាន​ភាព​ថ្លៃ​ថ្នូរ​ទេ​ ការ​រិះ​គន់​ដៀម​ដាម​នេះ​ ទំនង​ជា​សំដៅ​ទៅ​លោក​នាយក​រដ្ឋម​ន្រ្តី​ហ៊ុន​ សែន ហើយ​ជា​ការ​​តប​មក​វិញ​ លោក ហ៊ុន សែន ក៏​បាន​ព្រលះ​សង​វិញ​មិន​បន្តាក់​ដែរ​ ដោយ​ហៅ​ការិះ​គន់​ របស់​លោក​សម​រង្សី​ថា​ បើ​មិន​បាន​ទិតៀន​គេ វាយ​ប្រហារ​គេ​មួយ​ពេល​​ចេញ​ទៅ​វិញ​រន្ទះ​បាញ់​ក៏​ស្អី​ ?​ ។

ទាក់ទង នឹង ការ​ចោទ​ប្រកាន់​ របស់​សម​រង្សី​ចំពោះ​សំដេច​ក្រុម​ព្រះ​រណ​រិទ្ធ​ថា បាន​ទទួល​សំនូក​ពី​លោក​នាយក​រដ្ន​មន្រ្ដី​ហ៊ុន សែន​នោះ​វិញ ព្រះ​អង្គ​ទាម​ទារ​អោយ​លោក​សម​រង្សី​បង្ហាញ​ភស្ដុ​តាង​។

ថ្ងៃ ទី ៥ តុលា ព្រះ​អង្គម្ចាស់​រាជ​ទាយាទ​ប្រទេស​នរ​វេស​ព្រះនាម Haakon Magnus បាន​យាង​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​បួន​ថៃ្ង​ នៅ​ប្រទេស​កម្ពុជា​ ក្នុង​ព្រះ​ឋាន​ជា​អែក​អគ្គ​រាជ​ទូត​សុច្ឆន្ទ​ របស់​កម្ម​វិធី​អភិ​វឌ្ឍន៍​សហ​ប្រជា​ជាតិ​ ហៅ​កាត់​យូ​អិន​ឌី​ភី​ (UNDP) គោល​បំនង​សំខាន់​ នៃ ព្រះ​រាជ​ទស្សន​កិច្ច​ក្សត្រ​អង្គ​នេះ​ គឺ​ដើម្បី​ជួយ​ទ្រ​ទ្រង់​កិច្ច​អភិ​វឌ្ឍន៍ សហ​ស្ស​វត្សរ៍ និង កាត់​បន្ថយ​ភាព​ក្រី​ក្រ​ទូទាំង​ពិភព​លោក​ អោយ​បាន​ពាក់​កណ្ដាល​គិត​ត្រឹម​ឆ្នាំ​ ២០១៥។

ថ្ងៃ ទី៦ តុលា លោក​សម​រង្សី ចូល​គាល់​សំដេច​ក្រុម​ព្រះ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ស្វែង​រក​ដំនែង​នៅ​ក្នុង​គណ​កម្មការ​ទាំង​៩ នៅ​ក្នុង​រដ្ន​សភា សូម​បញ្ជាក់​ថា គណ​កម្ម​ការ​ជំនាញ​រដ្ឋស​ភាទាំង​៩ មាន​សមាជិក៧ រូប​ក្នុង​គណ​កម្មការ​នីមួយ​ៗ ក្រៅ​ពី​ប្រធាន និង អនុ​ប្រធាន​គណ​កម្ម​ការ​ ដែល​មក​ពី​គណ​បក្ស​ទាំង​ពីរ​ នៅ​មាន​សមា​ជិក​៥​រូប​ ដែល​ ៣​រូប​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា និង​ ២​រូប​មក​ពីហ្វុន​​ស៊ិន​ប៉ិច​ ក្នុង​៩ គណ​កម្មការ​នេះ​ គណ​បក្ស​ប្រជា​​ជន​កម្ពុជា​កាន់​កាប់​តំនែង​ប្រធាន​ចំនួន​៥ អែ ៤​គណ​កម្ម​ការ​ទៀត បាន​ទៅ​ហ្វុន​ស៊ិន​ប៉ិច គណ​បក្ស​សម​រង្សី​មិន​​បាន​ទទួល​ដំនែង​ណា​មួយ​ឡើយ​។​

ថ្ងៃ ទី ៧តុលា ព្រះ​មហាក្សត្រ​ខ្មែរ សំដេច​នរោត្ដម​សីហនុ​ ចេញ​រាជ​សារ​មួយ ប្រកាស​ដាក់​រាជ​សម្បត្ដិ​ ព្រះ​រាជ​សារ​ដែល​អាន​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណរិទ្ធ ក្នុង​ភាព​តក់​ស្លុត​បំផុត​ក្នុង​អង្គ​ប្រជុំ​សភា​កាល​ពី​ព្រឹក​មិញ​​នេះ​ សំដេច​នរោត្តម​សីហនុ​ បាន​ប្រគល់​តួ​នាទី​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ជូន​លោក​ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​។

ថ្ងៃ ទី ៩ តុលា ទាក់​ទង នឹង គំរោង​យាង​វិវត្ដ​ មក​​ប្រទេស​កម្ពុជា​វិញ​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្ដម​សីហនុ​លោក​សម​រង្សី​បាន​សរ​សេរ​លិខិត​មួយ​ថ្វាយ​ព្រះ​អង្គ​ថា នឹង​មាន​បាតុ​កម្ម​ប្រឆាំង​ព្រះអង្គ​ និង សំដេច​ព្រះ​រាជ​អគ្គមហេ​សី នៅ​ថៃ្ង​យាង​មក​វិញ​ ហើយ​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​កោះ​ហៅ​លោក​សម​រង្សី​ អោយ​លោក​ចូល​មក​បំភ្លឺ​ ក្នុង​ករណី​នេះ​ កាល​ពី​ម្សិល​មិញ​ ព្រោះ​វា​រឿង​ធ្ងន់​ធ្ងរ​ប៉ះ​ពាល់​ដល់​សន្ដិ​សុខ​ជាតិ​ លោក​សម​រង្សី​មិន​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហា​ផ្ទៃ​ដោយ​ផ្ទាល់​ទេ គ្រាន់​តែ​ដាក់​លិខិត​មួយ ហើយ​បាន​គេច​ខ្លួន​យ៉ាង​ស្ងាត់​ៗ​ទៅ​បរទេស​បាត់​។​

ថ្ងៃ ទី ១៤ តុលា ក្នុង​កិច្ច​ប្រជុំ​ជ្រើស​រើស​សេ្តច​ដំបូង​ នៃ​ព្រះ​រាជា​ណា​ចក្រ​ទី​២ នៃ​កម្ពុជា សំដេច​ព្រះ​បរម​នាថនរោត្តម​​សីហមុនី ព្រះ​រាជ​បុត្រា​ព្រះបាទ​នរោត្តម​សីហនុ និង ព្រះ​ជាយា​នរោត្តម​មុនី​នាថ​សីហនុ​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ ដែល​មាន​សមា​ជិក​៩ ​រូប សំរេច​ជា​អែក​ច្ឆ័ន្ទ​អោយ​ឡើង​គ្រង​រាជ​បន្ត​ពី​បិតា​។​

ការ​ប្រកាស​របស់​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​រាជ​ធានីភ្នំពេញ ថៃ្ងទី១៤ ខែតុលា ឆ្នាំ២០០៤
សេចក្តី​សំរេច​ស្តី​ពី​ការ​ជ្រើស​រើស​ព្រះ​មហា​ក្សត្រ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​
ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ
- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញព្រះរាជក្រមលេខ នស/រតម/១០០៤/០០៣ ចុះថៃ្ងទី១១ ខែតុលា ឆ្នាំ២០០៤ ប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ
-បានឃើញកំនត់ហេតុរបស់គណកម្មការរៀបចំការបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រថ្មី ចុះថៃ្ងព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព,ស ២៥៤៨ ត្រូវនឹងថៃ្ងទី១៤ ខែតុលា ឆ្នាំ ២០០៤
សំរេច :
ប្រការ១ : ត្រូវ​បាន​ជ្រើស​រើស សំដេច​ព្រះ​បរម​នាថ​នរោត្តម​សីហ​មុនី ជា​ព្រះ​មហា​ក្សត្រ នៃ ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ដែល​មាន​ព្រះ​បរម​នាម «ព្រះ​ករុណា ព្រះ​បាទ​សំដេច​ព្រះ​បរម​នាថ​នរោត្តម​ សីហ​មុនី​ សមាន​ភូមិ ជាតិ​សាសនា រក្ខត​ខត្តិយា ខេមរា រដ្ឋ​រាស្រ្ត ពុទ្ធិ​ន្រ្ទា​ធរា មហា​ក្សត្រ​ខេម​រាជ​នា សមូហោភាស​ កម្ពុជ​អែក​រាជ​រដ្ឋបូរណ​សន្តិ សុភ​មង្គលា​សិរិ​វិបុលា​ ខេមរា​ស្រី​ពិរាស្រ្ត​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​»។
ប្រការ២ : ព្រះ​ករុណា ព្រះបាទ​សំដេច​ព្រះ​បរម​នាថ​នរោត្តម​សីហ​មុនី ព្រះ​មហា​ក្សត្រ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ទ្រង់​ប្រា​រព្ធ​ព្រះ​រាជ​ពិធី​សច្ចា​ប្រណិ​ធាន​ មុន​ចូល​គ្រង​រាជ​សម្បត្តិ​។
ប្រការ៣ : ស្ថាប័ន​នីតិ​បញ្ញត្តិ ស្ថា​ប័ន​នីតិ​ប្រតិ​បត្តិ ស្ថា​ប័ន​តុលា​ការ និង អាជ្ញា​ធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ទទួ​ល​បន្ទុក​អនុ​វត្ត​សេចក្តី​សំរេច​នេះ​ តាម​ភារ​កិច្ច​រៀងៗ​ខ្លួន អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ចាប់​ពី​ថៃ្ង​ចុះហត្ថ​លេខា​នេះ​ត​ទៅ​។
ក្រុមប្រឹក្សារាជសម្បត្តិ ហត្ថលេខា និង ត្រា
ជា ស៊ីម
(ចំលងចេញក្រៅផ្លូវការ)

ប្រវត្ដិសង្ខេបព្រះបរមនាថ នរោត្ដ សីហមុនី

ថ្ងៃ ទី១៥ តុលា ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​សមា​ជិក​ទី​១៤៨ នៃ អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO ពេញ​សិទ្ធ​ហើយ​ បន្ទាប់​ពី​រដ្ឋ​សភា ព្រឹទ្ធ​សភា​បាន​ផ្ដល់​សច្ចា​នុម័ន​បាន​ ៣០​ថ្ងៃ​មក​។
បន្ទាប់​ពីលោក​សម​រង្សី​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហា​ផ្ទៃ​ ហើយ​គេច​ខ្លួន​ទៅ​បរ​ទេស​នោះ​ តំនាង​រាស្ដ្រ​​ចំនួន​៦០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​លោក​មេ​បក្ស​ប្រឆាំង​រូប​នេះ​​ជា​ផ្លូវ​ការ​ ទៅ​តុលា​ការ​ក្រុង​ភ្នំ​ពេញ ដោយ​ចោទ​​អំពី​ការ​ផ្តល់​ដំនឹង​មិន​ពិត​ទៅ​ព្រះ​មហា​ក្សត្រ និង ថា​ ជា​ការ​ប្រឆាំង​ការ​យាង​និវត្តន៍​មក​កាន់​មាតុ​ប្រទេស​របស់​ព្រះ​អង្គ​។​

ថ្ងៃ ទី ១៦ តុលា ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណ​មេ​ធាវី អានត្តិ​ទី​៦ សំរាប់​ឆ្នាំ​២០០៤-២០០៦ ក្នុង​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំ​លើក​ទី​៩ ការ​បោះ​ឆ្នោត​ជុំ​ទី​២ លោក សួន វិសាល ដែល​មក​ពី​ក្រុម​អ្នក​ការ​ពារ​ក្តី​កម្ពុជា​ បាន​ទទួល​ ១២៧ សំលេង ទល់​ នឹង លោក​គី​តិច បាន​១០៨​សំលេង​ ក្នុង​ចំនួន​ឆ្នោត​សរុប ២៣៦ សន្លឹក​។

ថ្ងៃ ទី ១៩ តុលា សំដេច​ក្រុម​ព្រះ​នរោត្ដម​រណរិទ្ធ​មាន​បន្ទូល​ថា ការ​ដក​អភ័យ​អែក​សិទ្ធ​លោក​សម​រង្សី​ត្រូវ​ផ្អាក​សិន​ ព្រោះ​ត្រូវ​រៀប​ចំ​ពីធី​ឡើង​សោយ​រាជ​ នៃ ព្រះ​មហា​ក្សត្រ​អោយ​ហើយ​រួច​សិន​។ លោក​ព្រះ​រាជា​អាជ្ញា​រង​ យ៉េត ចរិយា នៃ តុលា​ការ​ក្រុង​ភ្នំពេញ​ បាន​ប្រ​មូល​សំនុំ​រឿង​ ហើយ​សំរេច​ចោទ​ប្រកាន់​លោក​​សម រង្សី​ និង ធ្វើ​លិខិត​ទៅ​សុំ​រដ្ឋ​សភា​ដក​អភ័យ​អែក​សិទ្ធិ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អងេ្កត​ ទាក់​ទិន​ នឹង សំនុំ​រឿង​បី​ គឺ​បន្តឹង​ក្នុង​បទ​បរិហារ​កេរ្ត​លោក ហ៊ុន សែន ពាក់​ព័ន្ធ​ នឹង ឃាត​កម្ម​លើ​មេដឹក​នាំ​សហ​ជីព​ បន្តឹង​បរិ​ហារ​កេរ្ត​ប្រធាន​បក្ស​​ហ្វុន​ស៊ិន​ប៉ិច និង បន្តឹង​ពី​សមា​ជិក​សភា​ ៦០​រូប​ ទាក់​ទិន​ នឹង លិខិត​លោក​សម​រង្ស៊ី​ផ្ញើ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ពី​ថៃ្ងទី​ ៦តុលា ២០០៤ ដែល​ត្រូវ​ចោទ​ថា​ បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​ ជា​មួយ​គ្នា​នេះ​ដែរ​ សមា​ជិក​គណ​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត​គឺ លោក​ជាម ចន្នី តំណាង​រាស្រ្ដ​ខេត្ដ​កំពង់​ចាម​ ចោទ​ប្រកាន់​ពី​បទ​បង្កើត​កង​ទ័ព​ប្រឆាំង​រដ្ឋា​ភិបាល​ និង លោក​ជា ប៉ូច តំណាង​រាស្រ្ដ​ខេត្ដ​ព្រៃ​វែង​ ចោទ​ប្រកាន់​ពី​បទ​បរិ​ហារ​កេរ្ដ ក៏​ត្រូវ​ប្រឈម​មុខ​ នឹង ការ​ដក​អភ័យ​អែក​សិទ្ធ​ដូច​គ្នា​នេះ​ដែរ​។​

ថ្ងៃ ទី២០ តុលា ក្នុង​ដំនើរ​យាង​ត្រលប់​មក​កាន់​មាតុ​ប្រទេស​វិញ​ របស់​ព្រះ​បរម​នាថ​នរោត្ដ​សីហ​មុនី និង ​សំដេច​អូវ​​សំដេច​ម៉ែ ​មាន​ចាត់​ពិធី​រៀប​ចំ​ស្វាគមន៍​ ព្រះ​អង្គ​យ៉ាង​អធិក​​អធម្ម​អស្ចារ្យ​ មាន​មនុស្ស​ជាង ៨​ម៉ឺន​នាក់​​បាន​ទៅ​ឈរ​អម​ផ្លូវ​ចាំ​ទទួល​ព្រះ​អង្គ​តាំង​ពី​ព្រលាន​យន្ដ​ហោះ​ពោធិ​ចិន​តុង​ រហូត​ដល់​បរម​រាជ​វាំង​ មាន​ប្រគុំ​​ភ្លេង​ លេង​ល្ខោន​នៅ​តាម​ចំនុច​សំខាន់​ៗ ដែល​ព្រះ​អង្គ​យាង​កាត់​ផង​។​

ថ្ងៃ ទី ២៤ តុលា រាជ​រដ្ឋា​ភិបាល​បាន​ចេញ​សេច​ក្តី​នែ​នាំ​ ប្រកាស​ផ្សាយ​តាម​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​ ដល់គ្រប់​ក្រសួង​មន្ទីរ​ ស្ថាប័ន​ទាំង​អស់​ ទាំង​ផែ្នក​រដ្ឋ​ និង អែក​ជន​នានា ​សូម​អោយ​មាន​ការ​ដាក់​តាំង​ព្រះ​ឆាយា​លក្ខ​ណ៍​ព្រះ​មហា​ក្សត្រ​ថ្មី​ អោយ​បាន​រៀប​រយ ​ទាំង​ការ​និយាយ​សរ​សេរ​រាជ​ស័ព្ទ​ ត្រូវ​ប្រើ​តាម​ព្រះ​គោរម​ងារ​ដែល​ច្បាប់​បាន​កំនត់​ ព្រះ​មហា​ក្សត្រ​ថ្មី​ត្រូវ​ប្រើ​ថា «សំដេច​ព្រះ​បរម​នាថ​​នរោត្តម សីហ​មុនី» ចំនែក​សំដេច​អូវ​ត្រូវ​ប្រើ​ថា «​សំដេច​ព្រះ​មហា​វីរក្សត្រ​ ព្រះ​វរ​រាជ​បិតា​អែក​រាជ្យ​បូរណ​ភាព​ទឹក​ដី​ និង អែក​ភាព​ជាតិ​ខែ្មរ​»​ អែ​សំដេច​ម៉ែ​ ត្រូវ​ប្រើ​គោរម​ងារ​ជា «សំដេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វរ​រាជ​មាតា​ជាតិ​ខែ្មរ​ ក្នុង​សេរី​ភាព​ សេច​ក្តី​ថៃ្ល​ថ្នូរ​ និង​សុភ​មង្គល​»​។

ថ្ងៃ ទី ២៦ តុលា គណ​កម្មា​ធិការ​រៀប​ចំបុណ្យ​ជាតិ​ អន្តរ​ជាតិ​ បាន​ប្រកាស​អោយ​ដឹង​ថា ព្រះ​រាជ​ពិធី​រាជា​ភិសេក​ព្រះ​មហា​ក្សត្រ​ថ្មី សំដេច​ព្រះ​បរម​នាថ​នរោត្តម​​សីហ​មុនី នឹង ប្រារព្ធ​ឡើង​ក្នុង​ពេល​បី​ថ្ងៃ​បី​យប់​ (២៨-៣០តុលា ២០០៤) តាម​កា​សែត​រស្មី​កម្ពុជា​ចុះ​ផ្សាយ​ថា​ ពិធី​នេះ​ នឹង ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១៥​កើត​ពេញ​បូណ​មី​ ខែ​អស្សុជ​ ឆ្នាំ​វក ឆស័ក ព.ស២៥៤៨ ត្រូវ​ នឹង ថ្ងៃ​ទី​២៨ តុលា ២០០៤ ដោយ​រៀប​ចំ​តាម​បែប​ព្រហ្មញ្ញ​សាសនា​៖<> ពេល​ព្រឹក គឺ​មាន​ក្រុម​បាគូ​រៀប​ចំ​ពិធី​ ហោម​រោង​នៅ​តាម​ទិស​ទាំង​បួន​ ប្រោះ​ព្រំ​ប្រសិទ្ធី​ពុទ្ធ​មន្ត​ ពេល​រសៀល​មាន​រៀប​ពិធី​រាជា​ភិសេក​តាម​ទំលាប់​ ហើយ​ពេល​យប់​មាន​ដុត​កាំជ្រួច​ជូន​មហា​​ជន​ទស្សនា​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ មុខ​វត្ត​បទុម​វត្តី​ នៅ​វត្ត​ភ្នំ និង សួនច្បារសំដេចហ៊ុនសែន។

ថ្ងៃទី ២ នឹង​មាន​ពិធី​ស្រង់​សុគន្ធ​វារី​ ដែល​មាន​សំដេច​ព្រះ​វរ​រាជ​បិតា និង សំដេច​ព្រះ​វរ​រាជ​មាតា​ យាង​ជា​ព្រះ​រាជា​ធិប​តី​ផង​ រួច​ហើយ​មាន​ដង្ហែ​តាម​ព្រះ​ទី​នាំង​ឆ្ពោះ​​មក​​កាន់​ប្រាសាទ​ទេវា​វិនិច្ឆ័យ​ ដើម្បី​ចំរើន​ព្រះ​បរិត្ត​ពី​ព្រះ​សង្ឃ​៥២​អង្គ​ រួច​ហើយ​មាន​ពិធី​សូត្រ​ថ្វាយ​ព្រះ​បរម​ងារ​ដល់​ព្រះ​មហា​ក្សត្រ​ជា​ផ្លូវ​ការ​ ពី​សំដេច​ចៅ​ហ្វា​វាំង​ វរ​វៀង​ជ័យ​ អធី​បតី​ស្រឹង្គារ​ និង ថ្វាយ​គ្រឿង​បញ្ចក​ កធ​ភ័ណ្ឌ​ និង​ ទូល​ថ្វាយ​ទ្រង់​អំពី​រាជ​សម្បត្តិ​ និង សួយ​សារ​អាករ​ នៃ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ នៅ​ពេល​រសៀល​ម៉ោង​១៨​ មាន​បន្លឺ​គង​ ទូង​ស្គរ​ តាម​ទី​វត្ត​អារាម​ ទូរ​ទស្សន៍​ វិទ្យុ ចាប់​ផ្តើម​ផ្សាយ​ មាន​ពិធី​អុជ​កាំ​ជ្រួច និង បើក​អោយ​តំនាង​ព្រះ​រាជា​វង្សា​នុវង្ស​ មន្ត្រី​ព្រឹទ្ធ​សភា​ រដ្ឋស​ភា ​តំនាង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ តុលាការ រាជ​រដ្ឋា​ភិបាល​ យាង​ និង អញ្ជើញ​ថ្វាយ​ព្រះ​ពរ​ជ័យ​ ដោយ​តំកល់​លើ​ជើង​ពាន​ ព្រះ​ឋានន្តរ​ស័ក្តិ​។ បន្ត​មក​ព្រះ​មហា​ក្សត្រ ទ្រង់​ប្រ​ទាន​សព្វ​សាធុ​ការ​ពរ​ដល់​ប្រជា​នុ​រាស្ត្រ​ ព្រះ​រាជ​វង្សា​នុវង្ស​ និង ​​ដល់​នាម៉ឺន​សព្វ​មុខ​មន្ត្រី​។ ព្រះ​មហា​ក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​ និង ដោះ​លែង​ទណ្ឌិត​ នឹង មាន​ពិធី​លៀង​សាយ​ភោជន៍​ដល់​បន្តា​អង្គ​ទូត​ នាម៉ឺន​​សព្វ​មុខ​មន្ត្រី​នៅ​លើ​ព្រះ​ទីនាំង​ច័ន្ទ​ឆាយា​ ហើយ​ពេល​រាត្រី​មាន​សំដែង​សិល្ប​តាម​ទី​សាធា​រណ​ និង ដុត​កាំ​ជ្រួច ដូច​យប់​ដំបូង​ដែរ​។​

ថ្ងៃទី៣ គឺ​ថ្ងៃ​អាទិត្យ​៣០ តុលា ២០០៤ ព្រះ​មហា​ក្សត្រ​ថ្មី​យាង​ទៅ​កាន់​ព្រះ​វិហារ​ព្រះ​កែវ​មរ​កត ដើម្បី​សុំ​ព្រះ​ពរ​ជ័យ​ពី​ព្រះ​បារមី​ព្រះ​បរម​រូប​ និង ព្រះ​អង្គ​ព្រះ​កែវ​ម​រកត​ បន្ទាប់​មក​ទ្រង់​យាង​ស្វា​គមន៍​មហា​ជន​នៅ​ព្រះ​ទីនាំង​ច័ន្ទ​ឆាយា​ ដោយ​មាន​ព្រះ​សូរ​សៀង​ផ្ទាល់​លើក​ដំបូង​ ទៅ​កាន់​ប្រជា​នុរាស្ត្រ​ ក្នុង​អោកាស​នោះ​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​​​រណរិទ្ធ ប្រធាន​រដ្ឋ​សភា និង លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏ នឹង ថ្លែង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​មហា​ក្សត្រ​។​ ហើយ​ និង មាន​កម្ម​វិធី​សំដែង​សិល្ប​ដុត​កាំ​ជ្រួច នៅ​តាម​ទីសា​ធា​រណ​ដូច​រាល់​យប់​ដែរ​។​