ព្រឹត្ដិការណ៍ ២០០៤ កក្កដា


ថ្ងៃសៅរ៍ ទី 12.កុម្ភ 2022.ម៉ោង 9:37

ថ្ងៃ ទី១ កក្កដា លោក នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រកាស​ក្នុង​សេច​ក្ដី​ថ្លែង​ការ​មួយ​ថា សមា​សភាព​គណ​រដ្ឋ​មន្រ្តី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ (ស៊ីភីភី) សំរាប់​អាណត្តិ​រាជ​រដ្ឋា​ភិបាល​ថ្មី​ គឺ​មិន​មាន​ផ្លាស់​ប្តូរ​ទេ​ គឺ​រដ្ឋ​មន្រ្តី​អាណត្តិ​ចាស់​នៅ​រក្សា​ដំណែងង​ដដែល​។​

ថ្ងៃទី ៣ កក្កដា កិច្ច​ព្រម​ព្រៀង​ចំនួន​មន្រ្ដី​ក្នុង​សាលា​ក្ដី​កាត់​ទោស​ខ្មែរ​ក្រហម​កំពុង​រង់​ចាំ​រដ្ឋ​សភា​ថ្មី​ផ្តល់​សច្ចា​នុ​ម័ត នៅ​ថ្នាក់​សាលា​ដំបូង​ មាន​ចៅ​ក្រម​ ៥​រូប​ បី​រូប​ពី​ខាង​កម្ពុជា​ និង​ ពីរ​រូប​តែង​​តាំង​ដោយ​ អ,ស,ប នៅ​សាលា​អុទ្ធរណ៍​ចៅ​ក្រម​ ៧​រូប​មាន​ខាង​កម្ពុជា​បួន​រូប និង​ បី​រូប​តែង​តាំង​ដោយ​ អ,ស,ប អែ​ចៅ​ក្រម​ស៊ើប​អងេ្កត​មាន​ពីរ​រូប​ និង ព្រះ​រាជ​អាជ្ញា​ធរ​ពីរ​រូប​ ភាគី​ទាំង​ពីរ​មាន​ចំណែកស្មើគ្នា។

ថ្ងៃ ទី៤ កក្កដា ការ​ចែក​អំណាច​គ្នា​រវាង​ គណ​បក្ស​សម​រង្សី​ និង គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​ កំពុង​មាន​ការ​ប្រទាំង​ប្រ​ទើស​គ្នា​នៅ​ឡើយ​ លោក​សម រង្ស៊ី មាន​ប្រសាសន៍​ថា​ ការ​បែង​ចែក​អំណាច​នោះ​មិន​សំខាន់​ទេ​ ទុក​មួយ​អន្លើ​សិន​បាន​ តែ​គណ​បក្ស​លោក​ នឹង មិន​ចូល​ប្រ​ជុំ​សភា​ទេ បើ​សិន​ជា​នៅ​តែ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​នោះ​លោក​ថ្លៃង​ទៀត​ថា​ លោក​កំពុង​ធ្វើ​សំនើ​ផ្លូវ​ការ​មួយ​ជូន​ទៅ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​បញ្ចៀស​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​នេះ​ ដើម្បី​កុំ​អោយ​ខុស​ នឹង រដ្ឋធ​ម្មនុញ្ញ​ជាតិ​។ ព្រះ​អង្គ​ម្ចាស់​រណ​រិទ្ធ​ ដែល​មុន​យាង​ចេញ​ទៅ​ប្រជុំ​នៅ​ហ្វីល​ពីន​ មាន​បន្ទូល​យ៉ាង​ធ្ងន់​ៗ​ថា «បើ​សិន​គណ​បក្ស​សម​រង្សី​ មិន​បោះ​ឆ្នោត​ជូន​រដ្ឋា​ភិបាល​ ដែល​នឹង​អនុ​ម័ត​តាម​នីតិ​វិធី​លើក​ដៃ ​នៅ​ក្នុង​កញ្ចប់​ជា​មួយ​ នឹង រចនា​សម្ព័ន្ធ​រដ្ឋ​សភា​ព្រម​គ្នា​ទេ​ គណ​បក្ស​នេះ​មិន​បាច់​ចូល​រួម​ក្នុង​រដ្ឋា​ភិ​បាល​ទេ​»​។​

ថ្ងៃទី៦ កក្កដា ពីព្យុងយាង ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ចេញ​រាជ​សារ​មួយ​ថា ទ្រង់ នឹង ដាក់​រាជ​សម្បត្ដិ​ក្នុង​រយ​ពេល​ដ៏ខ្លី​ខាង​មុខ​។​

ថ្ងៃទី ៧ កក្កដា លោក​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន សែន នៃ ប្រទេស​កម្ពុជា​បាន​ថែ្លង​ថា ប្រទេស​កម្ពុជា នឹង មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រ​ទេស​អាស៊ី​-អឺរ៉ុប​ (ASEM) នៅ​ប្រទេស​វៀត​ណាម​នា​ចុង​ឆ្នាំ​នេះ​ទេ​ ប្រសិន​បើ​ប្រទេស​បី​ នៃ​សមា​ជិក​អាស៊ាន​ថ្មី​ណា​មួយ​ មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​រួម​ ដោយ​សារ​ហេតុ​ផល​ផេ្សង​ៗ​ ពិសេស​គឺ​ប្រ​ទេស​ភូមា​តែ​ម្តង​។​

ថ្ងៃ ទី៨ កក្កដា លោក​ជា​សុទ្ធ​ ព្រិទ្ធ​បុរស​ដែល​មាន​អាយុ​ចាស់​ជាង​គេ​ បាន​បើក​កិច្ច​ប្រជុំ​សភា​លើក​ទី​១ អា​នត្ដទី​៣​ ដាក់​ស្នើ​រដ្ឋ​ធម្ម​នុញ្ញប​ន្ថែម​ ដើម្បី​អោយ​មាន​ការ​បោះ​ឆ្នោត​កញ្ចប់​ កិច្ច​ប្រជុំ​មាន​សមា​ជិក​ ៩៦​រូប​ចូល​រួម​​អវត្ដ​មាន ៣​រូប អែ​​សមា​ជិក​គណ​បក្ស​សម​រង្សី​ ២៤​រូប​មិន​បាន​ចូល​រួម​ទេ​។​

លោក​សម​រង្សី​ ថែ្លង​នៅ​ស្នាក់​ការ​កណ្ដាល​គណ​បក្ស​លោក​ថា​ រឿង​សម្ព័ន្ធ​ភាព​អ្នក​ប្រជា​ធិប​តេយ្យ​រឹង​មាំ ​រឺ​ មិន​រឹង​មាំ​​? រឿង​រដ្ឋា​ភិបាល​អាណត្តិ​ទី៣​ នេះ​មាន​គណ​បក្ស​សម​រង្ស៊ី​ រឺ អត់ ហើយ​ហ្វុន​ស៊ីន​ប៉ិច​ និង សម​រង្សី​ ចែក​អំណាច​គ្នា​យ៉ាង​ម៉េច​នោះ​?​ គឺ​ចប់​ហើយ​ មិន​បាច់​និយាយ​ទៀត​ទេ​ ត្រូវ​គិត​អំពី​ភាព​ស្រប​ច្បាប់​ វា​គឺ​ជា​រដ្ឋ​ធម្ម​នុញ្ញ​​ប្រហារ​ ដែល​គណ​បក្ស​ប្រជា​ជន​ និង គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ កំពុង​តែ​បាន​រំលោភ​ រដ្ឋា​ភិបាល​ដែល​អ្នក​ខ្លះ​ហៅ​​រដ្ឋា​ភិបាល​ពីរ​ភាគី​កន្លះ​នោះ​ បាន​បញ្ជាក់​ពី​ថៃ្ង​ទី​៧ កក្កដា​ទៅ​ហើយ​ ការ​ប្រជុំ​ថ្ងៃ​នេះ​ ដើម្បី​អនុ​ម័ត​មាត្រា​ច្បាប់​​ធម្ម​នុញ្ញ​បនែ្ថម​ វា​គ្រាន់​តែ​ជា​ការ​បបួល​គ្នា​ធ្វើ​ច្បាប់​ដើម្បី​ចែក​អំណាច​គ្នា​ បំរើ​ប្រយោជន៍​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ​។ គណ​បក្ស ប្រឆាំង នឹង មិន​ចូល​ក្នុង​រដ្ឋា​ភិបាល​ និង មិន​ចូល​ប្រជុំ​សភា​ នៅ​ថៃ្ង​ទី​៨​កក្កដា​ទេ។

ថ្ងៃ ទី ៩ កក្កដា ឃាត​កម្ម​ដ៏​ចំលែក​មួយ​ពីម្សិល​មិញ​ នៅ​ក្រុង​ភ្នំ​ពេញ បុរស​អន្ទិត​ទើប​សឹក​ពី​បួស​ម្នាក់​អាយុ​២៣​ឆ្នាំ​ ឈ្មោះ​សាម សាមេត​ បាន​សំលាប់​ប្អូន​ជី​ទួត​មួយ​បី​នាក់​ និង​ស្រ្ដី​បំរើ​ម្នាក់​ ប្អូន​អាយុ ៤ ​និង ៨​ ឆ្នាំ​ត្រូ​អារ ក សំលាប់​ អែ​ម្នាក់​ទៀត​កាច់​បំបាក់​ ក ស្រ្ដី​បំរើ​អាយុ​ ៤៥​ត្រូវ​វាយ​សំលាប់​នៅ​ជាន់​ទី​១ ម្ដាយ​ក្មេង​ទាំង​នេះ​ និង​ ក្មេង​ម្នាក់​ទៀត​ត្រូវ​រង​បួស​យ៉ាង​ទំងន់​ បើ​កុំ​តែ​បាន​ក្មេង​ម្នាក់​រត់​រួច​ចេញ​ទៅ​ក្រៅ ​ហៅ​អោយ​គេ​ជួយ​កុំ​អី​ស្លាប់​​ទាំង​អស់​គ្នា​។​

ថ្ងៃទី ១១ កក្កដា ព្រះ​មហា​ក្សត្រ​ខ្មែរ​ នរោត្ដម​សីហនុ ដែល​កំពុង​គង់​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ចេញ​រាជសារ​មួយ​ ស្តី​អំពី​សេច​ក្តី​ស្នើ​ច្បាប់​បនែ្ថម​ ៧​មាត្រា​ នៃ​រដ្ឋ​ធម្មនុញ្ញ​ ដែល​សមា​ជិក​រដ្ឋ​សភា ៩៦​រូប​ នៃ គណ​បក្ស​ប្រ​ជា​ជន​ និង ហ្វុន​ស៊ីន​ប៉ិច​ បាន​អនុ​ម័ត​ដោយ​គ្មាន​វត្ត​មាន​សមា​ជិក​ ២៤​រូប នៃ គណ​បក្ស​សម​រង្សី​ ពី​ថៃ្ង​ចន្ទ​សបា្តហ៍​​មុន​នោះ​ ព្រះ​ករុណា​បាន​ផេ្ទរ​សិទ្ធិ​ជូន​លោក​ជា ស៊ីម ក្នុង​មន​សិការ​សំរេច​ចុះ​ រឺ​ មិន​ចុះ​ហត្ថ​លេខា​ ដើម្បី​ដាក់​ច្បាប់​នេះ​ចូល​ជា​ធរ​មាន​។​

ថ្ងៃទី ១២ កក្កដា ព្រឹទ្ធ​សភា​ផ្តល់​សច្ចា​ប័ន​លើ​ច្បាប់​ធម្ម​នុញ្ញ​បន្ថែម​ ភាព​ចំរោង​ចំរាស់​ មាន​ភាព​តាន​តឹង​ ល្អក់​កករ​ដល់​អ្នក​នយោយ​កម្ពុជា​យ៉ាង​ខ្លាំង​ លោក​ជា ស៊ីម ប្រមុខ​រដ្ឋ​ស្តី​ទី និង ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​ថ្វាយ​លិខិត​មួយ​ដល់​ព្រះ​មហា​ក្សត្រ​ខែ្មរ​ សំដេច​នរោត្តម​សីហនុ​ ដែល​កំពុង​គង់​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដើម្បី​សុំ​ព្រះ​តំរិះ​ពី​ព្រះ​អង្គ​ ដែល​លិខិត​បាន​បញ្ជូន​ថ្វាយ​ព្រះ​មហា​ក្សត្រ​រួច​ហើយ​ ហើយ​ការ​សំរេច​បែប​ណា​នោះ​ នឹង អាស្រ័យ​លើ​ព្រះ​ហរិ​ទ័យ​របស់​ព្រះ​ករុណា​។​

ថ្ងៃ ទី១៣ កក្កដា ការ​ភ្ញាក់​ផ្អើល​ នឹង ភ័យ​ខ្លាច​ដ៏​កត្កមា​មួយ​បាន​កើត​ឡើង​ចំពោះ​ប្រជា​ជន​ដែល​រស់​នៅ​ភ្នំ​ពេញ​ដោយ​មាន​កង​ប្រដាប់​អាវុធ​ ពល​ទាហាន​ ប៉ូលិស ជា​ច្រើន​ ធ្វើ​ការ​លោម​ព័ទ្ធ​មន្ទីរ​រដ្ឋ​សភា​,ផ្ទះ​របស់​លោក​ជា ស៊ីម​ និង​ បិទ​ផ្លូវ​នរោត្ដម​ផង​ លោក​ជា ស៊ីម ដែល​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ ទៅ​ប្រទេស​ថៃ​បាត់​មិន​បាន​ចុះ​ហត្ថ​លេខា​លើ​រាជ​ក្រម​ដាក់​អោយ​ប្រើ​ប្រាស់​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​នោះ​ទេ​ អវត្ដ​មាន​របស់​លោក​ជា​ស៊ីម​ លោក​ញឹក ប៊ុន​ឆៃ​ ជា​អនុ​ប្រធាន​ទី​២ នៃ​ព្រឹទ្ធ​សភា​ ក្នុង​តួនា​ទី​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី បាន​ចុះ​ហត្ថ​លេខា​លើ​ព្រះ​រាជ​ក្រម ដាក់​អោយ​​ប្រើ​ប្រាស់​ច្បាប់​​រដ្ឋ​ធម្ម​នុញ្ញ​បនែ្ថម​ ដើម្បី​ធានា​អោយ​មាន​ប្រ​ក្រតី​ភាព​ នៃ ស្ថាប័ន​ជាតិ មាន​ចំនួន​ ៧មាត្រា​នោះ​​ជា​ស្ថាពរ​។​

ថ្ងៃទី ១៤ កក្កដា លោក​សម​រង្សី​ ដែល​ស្ថិត​នៅ​ខេត្ដ​សៀម​រាប​ពី​ម្សិល​មិញ​ បាន​ថ្លែង​កោដ​សរ​សើរ​លោក​ជា ស៊ីម​ ដែល​មិន​ព្រម​ចុះ​ហត្ថ​លេខា​ដាក់​អោយ​ប្រើ​ធម្ម​​បន្ថែម​ ហើយ​ថា​ ព្រឹត្ដិ​ការណ៍​ថ្ងៃ​ទី​១៣ កក្កដា ម្សិល​មិញ​​ជា​រដ្ឋ​ប្រហារ​ចំតួ​។ លោក​សម​រង្សី​ជា​មួយ​គណ​ប្រតិ​ភូ​មួយ​ក្រុម​ ត្រូវ​ភៀស​ខ្លួន​យ៉ាង​ប្រញាប់​ទៅ​កាន់​ទី​ក្រុង​បាង​​កក​ ប្រទេស​ថៃ​។ ដោយ​សារ​តែ​មាន​ស្ថាន​ការណ៍​នយោ​បាយ​ថ្មី​ៗ​ មួយ​បាន​កើត​ឡើង​ ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​​ចេញ​រាជ​ក្រិត​មួយ​យ៉ាង​ប្រញាប់​ (ក្រោយ​ព្រិត្ដិ​ការណ៍​១​ថ្ងៃ)​ តែង​តាំង​លោក​ហ៊ុន សែន ជា​បេក្ខ​ភាព​នាយក​រដ្ឋ​​មន្រ្តី​ ដើម្បី​អោយ​រៀប​ចំ​គណ​រដ្ឋ​មន្រ្តី​ នៃ រាជ​រដ្ឋា​ភិបាល​ថ្មី​ ដែល​បាន​ជាប់​គាំង​អស់​ពេល​ជាង​១១ ​ខែ គិត​ចាប់​​តាំង​ពី​ថៃ្ង​បោះ​ឆ្នោត​ ២៧​កក្កដា ២០០៣ មក​ហើយ​នោះ​។​

ថ្ងៃ ទី ១៥ កក្កដា ក្រោម​​អធិ​បតី​ព្រឹទ្ធ​បុរស​លោក​ជា សុទ្ធ រដ្ឋ​សភា​នីតិ​កាល​ទីបី​ បាន​បើក​ការ​ប្រជុំ​ដំបូង​ ហើយ​បាន​អនុម័ត​ជា​អែក​ច្ឆ័ន្ទ​ នូវ បញ្ជី​រាយ​នាម​សមា​សភាព​ប្រធាន​-អនុ​ប្រធាន​រដ្ឋ​សភា​ ប្រធាន​-អនុ​ប្រធាន​គណ​កម្ម​ការ​ជំនាញ​ នៃ រដ្ឋ​សភា និង សមា​សភាព​រាជ​រដ្ឋា​ភិបាល​ នៃ ព្រះ​រាជា​ណាច​ក្រកម្ពុជា​ ដោយ​សំលេង​លើស​ពី​ពីរ​ភាគ​បី​ ដែល​កំនត់​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​ អង្គ​ប្រជុំ​ពេញ​អង្គ​បាន​ផ្តើម​ដំនើរ​ការ​ ក្រោយ​ដែល​លេខា​ធិការ​កត់​ត្រា​នៃ​កិច្ច​ប្រជុំ​ពិនិត្យ​ឃើញ​កូរ៉ូម​៩៦ ​រូប ក្នុង​នេះ​ជា​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា ៧២​រូប និង គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​ ២៤​រូប​ ប្រធាន​អង្គ​ប្រជុំ​លោក​ជា សុទ្ធ ក៏​បាន​ដាក់​របៀប​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ លើ​សមាស​ភាព​រចនា​សម្ព័ន្ធ​ដឹក​នាំ​​រដ្ឋស​ភា និង រាជ​រដ្ឋា​ភិបាល​ ក្នុង​ពេល​ជា​មួយ​គ្នា ដោយ​ការ​លើក​ដៃ និង យោង​​លើ​មាត្រា​៦ នៃ​រដ្ឋ​ធម្ម​នុញ្ញ​បនែ្ថម​ ជូន​អង្គ​សភា​ធ្វើ​ការ​អនុម័ត​ ដោយ​គ្មាន​ការ​ពិភាក្សា​ សួរ​ដេញ​ដោល​។

ក្រោយ​ដែល​អង្គ​ប្រ​ជុំ​បាន​លើក​ដៃ​យល់​ព្រម​លើ​របៀប​វារៈ លោ​កជា សុទ្ធ ក៏​បាន​ថែ្លង​យោង​ទៅ​លើ​បញ្ជី​ឈ្មោះ​ ដែល​បាន​ចែក​ជូន​សមា​ជិក​តំណាង​រាស្រ្ត​ទាំង​អស់ ហើយ​លើក​យក​នីតិ​វិធី​ក្នុង​មាត្រា​ទី​៦ នៃ​ធម្ម​នុញ្ញ​បនែ្ថម​ ស្នើ​សុំ​អង្គ​សភា​អនុ​ម័ត ដោយ​លើក​ដៃ និង មិន​មាន​អាន​បញ្ជី​ឈ្មោះ​នោះ​សា​ឡើង​វិញ​ទេ​ សូម​បញ្ជាក់​ថា​ អង្គ​សភា​ទាំង​មូល​បាន​អនុ​ម័ត​លើ​បញ្ជី​ឈ្មោះ ដែល​មាន​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណរិទ្ធ ជា​ប្រធាន​រដ្ឋ​សភា​ និង​ លោក​ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី​ក្នុង​អាណត្តិ​ថ្មី​ ដោយ​សំលេង​អែក​ច័្ឆន្ទ​៩៦ សំលេង លើ​វត្ត​មាន​តំណាង​រាស្រ្ត​ ៩៦​រូប​ ដែល​ចំនួន​នេះ​ប្រធាន​អង្គ​ប្រ​ជុំ​ចាត់​ទុក​ជា​បាន​ការ​ ព្រោះ​លើស​ពី ២/៣ ដែល​កំនត់​ដោយ​រដ្ឋ​ធម្មនុញ្ញ​។​

ថ្ងៃ ទី១៦ កក្កដា គណ​រដ្ឋ​មន្រី្ត​ថ្មី​ នៃ រាជ​រដ្ឋា​ភិបាល​ប្រទេស​កម្ពុជា​ ដែល​រដ្ឋ​សភា​ទើប​តែ​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​​ ពី​ម្សិល​មិញ​ ក្នុង​សំលៀក​បំពាក់​ប្រពៃ​ណី​ជាតិ​ អាវ​កុដិ ក​ត្រង់​ និង សំពត់​ចង​ក្បិន​ហូល​ រឺ​ ផា​មួង​ស្លៀក​តាម​ពណ៌‌​ប្រចាំ​ថៃ្ង​ សមា​ជិក​គណ​រដ្ឋ​មន្រ្តី​ថ្មី​ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន សែន បាន​ចូល​ព្រម​គ្នាជា​មួយ​ នឹង រចនា​សម្ព័ន្ធ​ដឹក​នាំ​រដ្ឋ​សភា​ដែរ​នោះ​ បាន​ស្បថ​ចូល​កាន់​ដំណែង​​កាល​ពី​ព្រឹក​ថៃ្ង​ទី ១៦ កក្កដា​២០០៤​នេះ​ នៅ​​ព្រះ​បរម​រាជ​វាំង​ក្រោម​អធិប​តី​ភាព​សំដេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​គណ និង ព្រះ​អង្គម្ចាស់​​នរោត្តម​រណរិទ្ធ​ ប្រ​មុខ​រដ្ឋ​ស្តី​ទី​ ក្រោយ​ដែល​មាន​ពត៌‌​មាន​ថា​ ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​ព្រះ​អង្គ​បាន​ឡាយ​ព្រះ​រាជ​ក្រឹត្យ​ ប្រកាស​អោយ​ទទួល​ស្គាល់​គណ​រដ្ឋ​មន្រ្តី​ថ្មី​នេះ​ជា​ផ្លូវ​ការ​រួច​មក​ហើយ​។​

ដោយ​លែក អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្សី​ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​បដិ​សេធ​មិន​ទទួល​​ស្គាល់​រដ្ឋា​ភិបាល​ថ្មី​ ដែល​រដ្ឋ​សភា​ទើប​តែ​បោះ​ឆ្នោត​គាំ​ទ្រ​ ជា​កញ្ចប់​រួម​គ្នា​ជា​មួយ​ នឹង រចនា​សម្ព័ន្ធ​ដឹក​នាំ​រដ្ឋ​សភា ​កាល​ពីម្សិល​មិញ​នោះ​ទេ​។​

ថ្ងៃ ទី១៧ កក្កដា ការ​បើក​កិច្ច​ប្រជុំ​គណ​រដ្ឋ​មន្រ្ដី​លើក​ដំបូង​ ដោយ​នាយក​រដ្ឋ​​មន្រ្ដី​ថ្មី​ហ៊ុន សែន ដែល​មាន​ស​មា​ជិក​ ជា​អុប​នាយក​រដ្ឋ​មន្រ្តី ៧​រូប​ ទេស​រដ្ឋ​មន្រ្តី​កាន់​ក្រសួង​នានា​ និង គ្មាន​ក្រសួង​កាន់​១៥​រូប​ និង រដ្ឋ​មន្រ្តី​រដ្ឋ​លេខា​ធិការ​ សរុប​រហូត​ដល់ ១៨៦​រូប​ ដែល​ជា​សមា​ជិក​ដ៏​ច្រើន​លើស​លុប​ក្នុង​រដ្ឋា​ភិបាល​មួយ​ លោក ហ៊ុន សែន បាន​ដាក់​ចេញ​ នូវ កម្ម​វិធី​នយោ​បាយ​ជា​ផ្លូវ​ការ​មួយ​សំរាប់​រដ្ឋា​ភិបាល​ថ្មី​នេះ​ ដែល​លោក​ហៅ​ថា ជា​ការ​ចេញ​បញ្ជា​របស់​មេ​ទ័ព​ មុន​ពេល​មុខ​ព្រួញ​នានា​ចេញ​ប្រ​យុទ្ធ​។ ដោយ​លែក​សំដេចន​រោត្ដម​សីហនុ​ ដែល​កំពុង​គង់​នៅ​ព្យុង​​យ៉ាង​ ទ្រង់​ព្រះ​រាជា​អនុញ្ញាត​អោយ​អ្នក​ដឹក​នាំ​នយោ​បាយ​ក្នុង​ស្រុក​ចូល​គាល់​។​

ថ្ងៃ ទី ២០ សមាជិក​គណ​បក្ស​សម​រង្សី​ ដែល​មាន​ឈ្មោះ​ថា គណ​កម្ម​ការ​លេខ​១៤ (គណ​កម្ម​ការ​យោធា​ស្រ​មោល​របស់​គណ​បក្ស​សម​រង្សី)​ ដែល​ដឹក​នាំ​ដោយ​លោក​ជាម ចន្នី​ តំណាង​រាស្រ្ដ​កំពុង​ចាម​ បាន​រត់​មក​ជ្រក​កោន​​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន និយាយ​បញ្ឆិត​បញ្ឆៀង​ កាល​ពី​ថ្ងៃ​អាទិត្យ​​ថា​ ក្រុម​ជន​ដែល​មាន​ពាក់​ព័ន្ធ​ នឹង ចលនា​កង​ទ័ព​ លោក​មាន​បញ្ជី​ឈ្មោះ​ទាំង​អស់​ហើយ​ ពួក​គេ​គប្បី​ចូល​សារ​​ភាព​ ធ្វើ​ជា​សាក្សី​នៅ​តុលា​ការ នោះ​ទើប​មិន​មាន​ទោស​ពៃ​ ការ​នេះ​មិន​មែន​លេង​សើច​ រឺ​ គំរាម​ផែ្នក​នយោ​បាយ​ទេ​ វា​ជា​បញ្ហា​សន្តិ​សុខ​ជាតិ​ ដែល​មិន​អាច​អត់​អោន​បាន​។​

ថ្ងៃ ទី២១ កក្កដា ពី​ស្រុក​បារាំង​ លោក​សម​រង្សី​ថ្លែង​ប្រកាស​ថា លោក​ នឹង ដឹក​នាំ​សមា​ជិក​តំណាង​រាស្រ្ដ​ គណ​​បក្ស​លោក ចូល​រួម​ក្នុង​សភា​ជាតិ​ ដើម្បី​បន្ត​កិច្ច​ការ​បំរើ​ប្រជា​រាស្រ្ត​ម្ចាស់​ឆ្នោត​ជា​បន្ត​ទៀត​ បើ​ទោះ​ជា​រូប​លោក​ និង សមាជិក​ខ្លះ​មិន​ពេញ​ចិត្ត​ នឹង រដ្ឋ​សភា​ និង រាជ​រដ្ឋា​​ភិបាល​ ដែល​ទើប​បង្កើត​ឡើង​ថ្មី​ៗ​នេះ​ក៏​ដោយ​។

ថ្ងៃ ទី២៣ កក្កដា ការ​ត្រលប់​មក​ដល់​កម្ពុជា​វិញ​យ៉ាង​សៀម​ស្ងាត់​ នៃ លោក​ជា ស៊ីម លោក​ជា​ ស៊ីម ចេញ​ចាក​​ពី​កម្ពុជា​កាល​ពី​ព្រលឹម​ថ្ងៃ​ទី​១៣ កក្កដា​មុន​ ក្នុង​ដំនើរ​ដែល​នាំ​អោយ​មជ្ឈ​ដ្ឋាន​នានា​ មាន​ការ​សង្ស័យ​ ព្រោះ​នៅ​​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ លោក​ នឹង ត្រូវ​ចុះ​ហត្ថ​លេខា​ដាក់​អោយ​ប្រើ​ប្រាស់​ច្បាប់​ធម្ម​នុព្ញា​បនែ្ថម​ ៧​មាត្រា​ សំរាប់​​អាច​​អោយ​រដ្ឋ​សភា​ធ្វើ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​អនុម័ត​រចនា​សម្ព័ន្ធ​ ដឹក​នាំ​រដ្ឋស​ភា និង រដ្ឋា​ភិបាល​ជា​មួយ​គ្នា​តែ​​ម្តង​ ដែល​ច្បាប់​នេះ​កំពុង​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង​។​

ថ្ងៃ ទី ២៥ អាជ្ញា​ធម៌ប៉ូលិស​ខេត្ដ​រតន​គីរី ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​អ្នក​កាសែត​ពីរ​នាក់​ និង មន្រ្ដី​សិទ្ធិ​មនុស្ស​អាដថុក​ម្នាក់​ នៅ​ខណ​ពេល​ដែល​អ្នក​ទាំង​បី​ បាន​ជួប​ប្រា​ស្រ័យ​សួរ​ពត៌‌​មាន និង ព្យា​យាម​នាំ​ពួក​អ្នក​ស្រុក​ភ្នំវៀត​ណាម​លាក់​ខ្លួន​ក្នុង​ព្រៃ ចំនួន​១៧​នាក់​ អោយ​ទៅ​កាន់​អង្គ​ការ​ជន​ភៀស​ខ្លួន​សហ​ប្រជា​ជាតិ​ (UNHCR)

ថ្ងៃ ទី ២៧ កក្កដា តាំងពីថ្ងៃទី ២២ រហូត​មក​ដល់ ថ្ងៃ​នេះ មាន​សមា​ជិក​គណ​បក្ស​សម​រង្សី​ ជា​ច្រើន​នាក់​អះ​អាង​ថា​ ខ្លួន​ជា​សមា​ជិក​គណ​កម្ម​ការ​លេខ ១៤ ចូល​មក​សារភាព​បង្ហាញ​ខ្លួន​​ថា ខ្លួន​ជា​អ្នក​ចាញ់​បោក​គេ​។​

ថ្ងៃ ទី២៨ កក្គដា គណ​បក្ស​សម​រង្សី​ ដែល​កំពុង​ទទួល​ នូវ ​ភាព​គ្រោត​គ្រាត​ដោយ​មាន​បញ្ហា​ជា​ច្រើន​ ហើយ​ ជា​ពិ​សេស​ រឿង​ចោទ​ប្រកាន់​ថា បាន​ជ្រើស​រើស​យោធា​ប្រឆាំង​រដ្ឋា​ភិបាល​ នៅ​អែ​ទី​ក្រុង​បូស្តុន​ រដ្ឋ​មាស្សា​ឈូសិត​ សហ​រដ្ឋ​អាមេ​រិក​អែ​នោះ មាន​បើក​ធ្វើ​​មហា​សន្និ​បាត​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចំនួន​៤​ថ្ងៃ​ ដែល​ក្នុង​នោះ​លោក​ សម​រង្សី ​និង ភរិយា​ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ទៅ​ចូល​រួម​ដែរ​ គេ​ក៏​ឃើញ​ លោក​ស្រី​មួ សុខ​ហួ អតីត​រដ្ន​មន្រ្ដី​កិច្ច​ការ​នារី​ និង ជា​សមា​ជិក​ហ្វុន​ស៊ីន​ប៉ិច​ ដែល​ទំនង​ជា​សុំលា​សែង​ ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​សម​រង្សី​វិញ​ ទៅ​ចូល​រួម​ក្នុង​មហា​សន្និ​បាត​នេះ​ផង​ដែរ​។

ថ្ងៃ ទី ២៩ តាម​ពត៌​មាន​ក្នុង​ស្រុក​ផ្សាយ​អោយ​ដឹង​ថា សហភាព​អឺ​រុប នឹង ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​ ៦៨.៧​លាន​អឺ​រូ ដល់​កម្ពុជា​ សំរាប់​អនុ​វត្ដន​ក្រសួង​នានា មាន​ការ​អភិ​វឌ្ឍន៍​ជន​បទ​ សុខ​ភាព​ អប់​រំ​ជា​ដើម​។​

ថ្ងៃ ទី ៣០ កក្កដា អវត្ដ​មាន​លោក​ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​មួយ​រយៈ ធ្វើ​អោយ​មាន​មន្ទិល​សង្ស័យ​ក្នុង​ចំនោម​ប្រជា​ជន​ច្រើន​នាក់​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​លោក​ជា ស៊ីម បាន​បង្ហាញ​មុខ​ជា​ថ្មី​ក្នុង​ការ​ចូល​រួម​ជា​អធិបតី​ នៃ​អនុ​សំវច្ចរៈ មហា​សន្និ​បាត​សង្ឃ​លើក​ទី​១៣​ នៅ​ភ្នំពេញ​។

ថ្ងៃ ទី ៣១ កក្កដា អ្នកតំណាង​រាស្រ្ត សុន ឆ័យ នៃ​គណ​បក្ស​សម​រង្សី បាន​ប្រាប់​កាសែត​ដែល​គំា​ទ្រ​គណ​បក្ស​នេះ​ថា​ អ្នក​តំណាង​រាស្រ្ត ២៤​រូប​ នៃ គណ​បក្ស​នេះ នឹង ចូល​ប្រជុំ​សភា​ដើម្បី​ពិភាក្សា​ច្បាប់​ ដែល​ជា​ប្រយោជន៍​ដល់​ជាតិ​។​

ថ្ងៃ ទី១ សីហា កាសែ​រស្មី​កម្ពុជា​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣០ កក្កដា​ថា សហ​រដ្ឋ​អាមេ​រិក​បាន​សំរេច​ផ្តល់​ជំនួយ​​អិត​សំនង​ដំបូង​ដល់​រដ្ឋា​ភិបាល​ក្រុង​ភ្នំ​ពេញ​ ដែល​មាន​ចំនួន​ប្រាក់​ដល់ ៣១​លាន​ដុល្លារ​ សំរាប់​កម្ម​វិធី​ទប់​ស្កាត់​​ប្រ​យុទ្ធ​ប្រឆាំង​ជំងឺ​អេដ៍ និង សេវា​សុខ​ភាព​ ហើយ​មួយ​ផ្នែក​ទៀត សំរាប់​បង្កើន​គុន​ភាព​អប់រំ​។

ថ្ងៃ ទី២ សីហា ការ​ត្រលប់​មក​ដល់​កម្ពុជា​វិញ របស់​លោក​សម​រង្ស៊ី​ ប្រធាន​គណ​បក្ស​ប្រឆាំង​ និង ភរិយា បន្ទាប់​ពី​បាន​ចាក​ចេញ​តាំង​ពី​ថៃ្ង​ទី​១៣ កក្កដា មក​ដល់​ព្រលាន​យន្ដ​ហោះ​អន្ដរ​ជាតិ​ពោធិ​ចិន​តុង​ លោក​សម​រង្សី​បាន​ជំរាប​អ្នក​កាសែត​ថា លោក​ប្រកាស​ដេញ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណរិទ្ធ ពី​ឋាន​ប្រធាន​សម្ព័ន្ធ​ភាព​អ្នក​ប្រជា​ធិប​តេយ្យ​ពី​ពេល​នេះ​ទៅ​ ដោយ​សារ​សម្ព័ន្ធ​ភាព​នេះ​ មាន​ការ​បែក​បាក់​ខុស​ពី​ការ​ដែល​បាន​កំនត់​គ្នា​ពី​មុន​ លោក​ស​ម​រង្សី​និយាយ​ថា​ គោល​ដៅ​នៃ​សម្ព័ន្ធ​ គឺ​ត្រូវ​រួប​រួម​សាមគ្គី​គ្នា​ នៃ អ្នក​ប្រ​ជា​ធិប​តេយ្យ បើ​ទោះ​ជា​អ្នក​ខ្លះ​បាន​ក្បត់​​ការ​សន្យា​ពី​មុន​ក្តី​។​

កំនាត់ផ្លូវជាតិ​លេខ​៧ ​ពីទី​រួម​ខេត្ត​ក្រចេះ​ទៅ​ទល់​ នឹង ​ព្រំ​ប្រទល់​ប្រទេស​លាវ​ មាន​ប្រ​វែង​១៨៦​គីឡូ​ម៉ែត្រ​ ក្នុង​ ខេត្ត​ស្ទឹង​ត្រែង​ ត្រូវ​បាន​រដ្ឋា​ភិបាល​ចិន​ផ្តល់​ប្រាក់​កម្ចី​សំរាប់​ការ​ជួស​ជុល​ស្ថាបនា​ ក្រុម​ហ៊ុន​សៀង​ហៃ​ចិន​ ជា​នាក់​​ដេញ​ថ្លៃ​ធ្វើ​ការ​ជួស​ជុល​ ដែល​គេ​ប៉ាន់​ស្មាន​ថា ត្រូវ​ចំណាយ​លុយ​អស់​ប្រមាណ​ចំនួន ៥២០​លាន​យន់ ហើយ​ត្រូវ​​ប្រើ​ពេល​វេលា ៤៤​ខែ​។​

ថ្ងៃ ទី ៣ សីហា សភា​ជាតិ​កម្ពុជា​ បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​លើក​ដំបូង​ ក្រោម​អធិប​តី​ភាព​លោក​ហេង សំរិន​ប្រ​ធាន​ស្ដី​ទី​ ទ្រង់​រណ​រិទ្ធ​អវត្ដ​មាន​ គង់​នៅ​អែ​បរ​ទេស​ ក្នុង​នោះ​គេ​ឃើញ​សមា​ជិក​គណ​បក្ស​សម​រង្សី​ចំនួន​ ២៣​រូប​​ចូល​រួម​ប្រជុំ​ដែរ​​។ រដ្ឋ​សភា​មាន​គណ​កម្មា​ធិការ​ទាំង​អស់ ៩ ហើយ​ដែល​គេ​បាន​ធ្វើ​ការ​បែង​ចែក​អោយ​ទៅ​គណ​​បក្ស​ប្រជា​ជន​ចំនួន​ ៥ ហើយ ៤​បាន​ទៅ​ហ្វុន​ស៊ីន​ប៉ិច​ គណ​បក្ស​សម​រង្សី​ដែល​ធ្វើ​ពហិ​ការ​មិន​ចូល​ប្រជុំ​កាល​ពី​ថ្ងៃ ១៥ កក្កដា​មិន​បាន​ទទួល​ដំនែង​ដឹក​នាំ​ណា​មួយ​ឡើយ​នៅ​ក្នុង​រដ្ឋ​សភា​ ហើយ​ដែល លោក សុន ឆ័យ អ្នក​តំនាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ឡើង​ថែ្លង​តវ៉ា​ថា គណ​បក្ស​ប្រឆាំង​ មាន​អ្នក​បោះ​ឆ្នោត​គាំ​ទ្រ​ជាង​មួយ​លាន​នាក់​ដែរ​ ហើយ​មិន​បាន​ទទួល​មុខ​នាទី​អ្វី​មួយ​ក្នុង​រដ្ឋ​សភា​នោះ​ គឺ​វា​មិន​មាន​តំលា​ភាព​ក្នុង​សង្គម​ឡើយ​ ធ្វើ​ដូចេ្នះ​វា​មិន​ស្រប​ទៅ​ នឹង គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

ថ្ងៃ ទី ៤ លោក​សមរង្សី​ដែល​ទើប​ចូល​មក​ដល់​កម្ពុជា​វិញ​​បាន​មួយ​ថ្ងៃ​ បាន​សរ​សេរ​លិខិត​មួយ​ជូន​ទៅ​សំដេច​ជា ស៊ីម និង ទ្រង់​រណ​រិទ្ធ សុំ​ស្នើ​អោយ​ធ្វើ​សំបុត្រ​រួម​គ្នា​មួយ​សុំ​អង្វរ​ព្រះ​មហា​ក្សត្រ​ កុំ​អោយ​ដាក់​រាជ (សំដេច​នរោត្ដម​សីហនុ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទទូច​សុំ​ដាក់​រាជ្យ​ជា​ញយ​ៗ​មក​ហើយ​)​។

វាជារឿងមួយ​គួរ​អោយ​ចង់​សើច​ខ្លាំង​ណាស់​ ស្រ្ដី​ម្នាក់​មាន​អាយុ ៤៥​ឆ្នាំ មុខ​របរ​រក​ស៊ី​ធ្វើ​ជា​គ្រូ​ទាយ ហើយ​-បាន​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យ​មេ​ត្រីយ៍ ស្រ្ដី​រូប​នេះ​កំនត់​ដឹង​ពេល​ស្លាប់​របស់​ខ្លួន​នៅ​វេលា​​ម៉ោង​១៩ ថ្ងៃ​ទី៣​ សីហា​ ពី​យប់​មិញ​ ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ មនុស្ស​ម្នា​ជា​ច្រើន​ចូល​ទៅ​ចោម​រោម​ដុត​ទៀន​ធូ ថ្វាយ​បង្គំ រង់​ចាំ​មើល​ហេតុ​ការ​ ដែល​ស្រ្ដី​រូប​នេះ​កំពង់​ដេក​ដៃ​ប្រណម​ ជិត​មឈូស​កញ្ចក់​មួយ​លំអ​ដោយ​ទង់​ព្រលឹង​ និង របស់​របរ​រៀប​សក្ការ​ជា​ច្រើន​ទៀត​។ ការ​ដែល​ស្រី​រូប​នេះ​ប្រកាស​កំនត់​ពេល​ស្លាប់​នេះ​ គឺ​គេ​លើក​សំអាង​ថា​ ជា​ការ​ចូល​ព្រះ​បរិនិព្វាន​ របស់​ព្រះ​ពុទ្ធ​អង្គ​ថ្មី​ ប៉ុន្ដែ​ស្រ្ដី​នេះ​មិន​ស្លាប់​តាម​ការ​កំន​ត់​នោះ​ទេ គាត់​បន្ដ​លើក​ពេល​ទៅ​ជិត​ភ្លឺ​ រឺ​ ថ្ងៃ​ក្រោយ​ៗ​ទៀត​ ប៉ុន្ដែ​គេ​នៅ​តែ​ឃើញ​ស្រ្ដី​នេះ​មិន​ស្លាប់​ដដែល​ ៖ នេះ​ហើយ​ជំនឿ​ដ៏​អាក្រក់​បំផុត​របស់​ប្រជា​ជន​ខ្មែរ​ ស្រ្ដី​ម្នាក់​គ្មាន​ការ​ចេះ​ដឹង​ គ្មាន​ការ​រៀន​សូត្រ​ ស្រាប់​តែ​មក​តាំង​ខ្លួន​​ជា​ព្រះ​ពុទ្ធ​ កុហក​មនុស្ស​ម្នាទាំង​ឡាយ​ មាន​ទាំង​អ្នក​បាន​រៀន​សូត្រ​ហើយ​ និង អ្នក​មិន​បាន​រៀន​សូត្រ​ចេះ​ដឹង​ផង​​ដែរ​ អោយ​ចូល​ទៅ​បូជា​គួរ​អោយ​ចង់​សើច​។

ថ្ងៃ ទី ៥ សីហា ព្រះ​ករុណា​ព្រះ​បាទ សមេ្តច​ព្រះ នរោត្តម​សីហនុ​ ព្រះ​មហា​ក្សត្រ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ទ្រង់​បាន​សព្វ​ព្រះ​រាជ​ហរិ​ទ័យ​ តែង​តាំង​ព្រះ​ញាតិ​វង្សា​នុ​វង្ស​ចំនួន ៨​អង្គ​ ជា «សំដេច » តាម​រយៈ​ព្រះ​រាជ្យ​ក្រឹត្យ​ចុះ​ថៃ្ង​ទី២​ សីហា ២០០៤ ដែល​ឡាយ​ពី​ព្រះ​រាជ​វាំង​ឆាង​ស៊ូ​វ៉ុន ប្រទេស​កូរ៉េ​ខាង​ជើង​ សេ្តច​ក្រុម​ហ្លួង​ : ១ - នរោត្តម យុវនាថ ប្រសូតក្នុងឆ្នាំ ១៩៤៣ ២ - នរោត្តម ចក្រពង្ស ប្រសូតឆ្នាំ ១៩៤៥ ៣ - សេ្តចក្រុមឃុន នរោត្តម សីហមុនី ប្រសូតឆ្នាំ ១៩៥៣ ជារាជ​បុត្រ​របស់​សមេ្តច​ព្រះ​រាជ​អគ្គម​ហេសី​​នរោត្តម​ មុនី​នាថ​ សីហនុ ៤ - សេ្តចក្រុមឃុន នរោត្តម នរិទ្រ្ទៈពង្ស បានចូលទិវង្គត់ពីចុង ២០០៣ ៥ - សេ្តចក្រុមឃុន ស៊ីសុវត្ថិ ជីវ័នមុនីរក្ស បច្ចុប្បន្ន ៦ - នរោត្តម អរុណរស្មី ជារាជបុត្រីបង្កើត​របស់​ព្រះ​ករុណា​សំដេច​ព្រះ​នរោត្តម​សីហនុ ដែល​មាតា​ព្រះ​​នាម មានី​វង្ស ផានី​វង្ស ដែល​បាន​សោយ​ទិវង្គត់​ក្នុង​ឆ្នាំ ១៩៧៥ ៧ - នរោត្តម សិរីវុឌ្ឍ ៨ - នរោត្តម វជរ៉ា

ថ្ងៃ ទី ៦ សីហា គណ​រដ្ឋ​មន្រ្ដី​បើក​កិច្ច​ប្រជុំ​ ក្រោម​អធិប​តី​ភាព​លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន ក្នុង​របៀប​វារ​បែង​ចែក​ភារ​កិច្ច​ និង អនុម័ត​ចាយ​ថវិ​ការ​។ លោក​ហ៊ុន សែន​បាន​ផ្ដល់​ទី​ប្រឹក្សា ៤​រូប​ អោយ​ដល់​អុប​នាយក​រដ្ន​មន្រ្ដី ស ខេង ដែល​ទទួល​បន្ទុក​កិច្ច​ការ​ប្រចាំ​ថ្ងៃ និង ជា​នាយក​រដ្ឋ​មន្រ្ដី​ស្ដី​ទី​ ពេល​អវត្ដ​មាន​នាយក​រដ្ន​មន្រ្ដី​ (ហ៊ុនសែន)​ ស្ដេច​ក្រុម​ឃុន​សេរីវុឌ្ឍ​ សហ​ការ​ជា​មួយ​លោក​ស ខេង ទទួល​បន្ទុក​សន្ដិ​សុខ​សង្គម​កិច្ច​ អប់រំ​ វប្ប​ធម៌​។​លោក​អុប​នាយក​មន្រ្តី ​សុខ អាន ទទួល​បន្ទុក​សម្រប​សម្រួល​ការ​ងារ​របស់​គណ​រដ្ឋ​មន្រ្តី​ អុប​នាយក​រដ្ឋ​មន្រ្តី​ និង​ជួយ​នាយក​រដ្ឋ​មន្រ្តី​ ក្នុង​កិច្ច​ការ​កែ​ទំរង់​សំខាន់​ៗ​។ លោក​អុប​នាយក​ លឺ ឡាយស្រេង ជួយ​នាយក​រដ្ឋ​មន្រ្តី​ក្នុង​ការ​ងារ​អភិ​វឌ្ឍន៍​ កិច្ច​ការ​នារី​ ទេស​ចរណ៍ ខាង​ធម្ម​ការ និង សាសនា​។ លោក​អុប​នាយក​ ទៀ បាញ់​ ជួយ​ក្នុង​កិច្ច​ការ​ការ​ពារ​ជាតិ​ មើល​កង​រាជ​អាវុធ​ហត្ថ​ និង ជួយ​សំរួល​កិច្ច​ការ​ក្រសួង​កសិ​កម្ម​ ធន​ធាន​ទឹក​ និង សង្គម​កិច្ច​ លោក​អុប​នា​យក​ ហោ ណាំហុង​ ជួយ​លើ​កិច្ច​ការ ការ​របរ​ទេស​ និង​ សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ សំរប​សំរួល​កិច្ច​ការ​ក្រសួង​​ពាណិជ្ជ​កម្ម​ និង គណៈ​កម្មការ​ទនេ្ល​មេ​គង្គ​។ លោក​អុប​នាយក ញឹក ប៊ុនឆៃ ជួយ​លើ​កិច្ច​ការ​ ការ​ពារ​ជាតិ​ ជួយ​សំ​រប​សំរួល​កិច្ច​ការ​ក្រសួង​សធារ​ណការ​ និង រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​។

ចំនែក​ទេស​រដ្ឋ​មន្រ្តី​វិញ​ លោក យូ ហុកគ្រី ទទួល​បន្ទុក​ដឹក​នាំ​គណកម្មា​ធិការជាតិ​ ដើម្បី​ប្រជា​ជន​ និង ជួយ​នា​យក​រដ្ឋ​មន្រ្តី​លើ​កិច្ច​ការ​ព្រំ​ដែន លោក ហុង ស៊ុន​ហ៊ួត ទទួល​ខាង​ដឹក​នាំ​អាជ្ញា​ធរ​អេដស៍​ លោក ឃី តំាង​លឹម​ទទួល​បន្ទុក​ជា​រដ្ឋ​មន្រ្តី​អម​មហា​អនុ​តំបន់​មេគង្គ​ លោក វ៉េង សិរីវុឌ្ឍ ទទួល​បន្ទុក​ដឹក​នាំ​អាជ្ញា​ធរ​ជាតិ​ទេស​ចរណ៍ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ទេស​ចរណ៍​ សំរាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​ លោក ញឹម វណ្ណ​ដា ទទួល​បន្ទុក​អនុ​ប្រធាន​ទី​១​ គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​លោក តាវ សេង​ហួរ​ ទទួល​បន្ទុក​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ លោក​ សេរី កុសល ទទួល​បន្ទុក​ជា​អនុ​ប្រធាន​ទី​២ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។

ថ្ងៃ ទី១០ សីហា កាសែត​ចុះ​ផ្សាយ​ថ្ងៃ​នេះ​អោយ​ដឹង​ថា សុខ​ភាព​របស់​ព្រះ​មហា​ក្សត្រ​នរោត្ដម សីហនុ​ ដែល​កំពុង​គង់​នៅ​ប៉េ​កាំង មិន​ល្អ​ប្រសើរ​ឡើយ​ ព្រះ​អង្គ​មិន​អាច​យាង​ចូល​រួម​ក្នុង​សន្និ​សិទ​ពុទ្ធ​សាសនា​ពិភព​លោក​​តាម​ការ​សុំ​យាង​នោះ​បាន​ឡើយ​។

ថ្ងៃ ទី ១១ សីហា លោក​នាយក​រដ្ឋ​មន្រ្តី​ នៃ សហភាព​មី​យ៉ាន់​មា​(ភូមា) ឃិន ញួន បាន​អញ្ញើញ​មក​ធ្វើ​ទស្សន​​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​រយ​ពេល​៦​ម៉ោង​ ដោយ​បាន​ជួប​សវនាការ​ជា​មួយ​មន្រ្តី​សំខាន់​ៗ របស់​កម្ពុជា​ ទស្សន​កិច្ច​​នេះ​ធ្វើ​ឡើង​ ដើម្បី​សែ្វង​រក​ការ​គាំ​ទ្រ​មួយ​ ដល់​ប្រទេស​នេះ​ បន្ទាប់​ពី​មាន​ការ​គំរាម​មិន​អោយ​ចូល​រួម​ក្នុង​កិច្ច​​ប្រជុំ​ នៃ ប្រទេស​អាស៊ាន​-​អឺរ៉ុប ហៅ ​ASEM ដែល នឹង បើក​ធ្វើ​នៅ​ប្រទេស​វៀត​ណាម​នៅ​ខែ​តុលា​ខាង​មុខ​។​

ថ្ងៃ ទី១២ សីហា រដ្ឋ​សភា​ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រជុំ​ដាក់​អោយ​អនុ​ម័ត នូវ សមា​ជិក​គណ​កម្ម​ការ​​ជំនាញ​រដ្ឋ​សភា​ទាំង​៩ ដោយ​មិន​មាន​បញ្ជូល​តំនាង​រាស្រ្ត​គណ​បក្ស​សម​រង្សី​ណា​ម្នាក់​ក្នុង​គណ​កម្ម​ការ​នោះ​​ឡើយ​។​ លោក​សម​រង្សី​ ដែល​ចូល​ប្រជុំ​នៅ​ទី​នោះ​ដែរ​ បាន​ឡើង​ថ្លែង​ជំទាស់​ ចំពោះ​ការ​ដែល​គណ​បក្ស​ប្រជា​​ជន​ និង គណ​បក្ស​ហ្វុន​ស៊ីន​ប៉ិច​លប់​តួ​នា​ទី​គណ​បក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​។​

បន្ទាប់​ពី​អោសានវាទ​១៥​ថ្ងៃ​ នៃ​ការ​ប្រមាន​ដាក់​កំនត់​អោយ​ចូល​មក​សារ​ភាព​ខ្លួន​ របស់​លោក​ហ៊ុន​ សែន​ចំពោះ​គណ​កម្មការ​​សមា​ជិក​ទ័ព​ស្រមោល​របស់​គណ​បក្ស​ប្រឆាំង​បាន​ចប់​ផុត​ទៅ​​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថ្ងៃ​នេះ​តុលា​ការ​បាន​កោះ​អញ្ជើញ​សមា​ជិក​ពីរ​នាក់​នៃ​គណ​កម្ម​ការ​នេះ​ គឺ​លោក​ថាច់ ភី និង លោក ខួង ណារ៉េត​អោយ​​ចូល​មក​ស្រាយ​បំភ្លឺ​តាម​ពាក្យ​បន្ដឹង​ របស់​ចារកម្ម​យោធា​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​រើស​ទ័ព​ខុស​ច្បាប់​ប្រឆាំង​​រដ្ឋា​ភិបាល​។​

ថ្ងៃ ទី១៣ សីហា កិច្ច​ប្រជុំ​ប្រចាំ​សបា្តហ៍ របស់​គណ​រដ្ឋ​មន្រ្តី ក្រោម​អធិប​តី​លោក​នាយក​រដ្ឋ​មន្រ្តី​ស្តីទី​ ស ខេង​ កិច្ច​ប្រជុំ​គណ​រដ្ឋ​មន្រ្តី​បាន​លើក​ពិភាក្សា​ នូវ សេច​ក្តី​ព្រាង​ច្បាប់​ សំរាប់​បង្កើត​ក្រសួង​បី​គឺ៖ - ច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ចការងារ មាន ៦មាត្រា - អតីតយុទ្ធជន និងយុវនីតិសម្បទា មាន ៦មាត្រា - ក្រសួងការងារបន្តុះបន្តាលវិជ្ជាជីវ និងក្រសួងកិច្ចការនារី មាន ៦មាត្រា។

ថ្ងៃ ទី១៦ សីហា អគ្គ​លេខា​ធិការ​រង​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​លោក អោក សុជាតិ បាន​ថែ្លង​អោយ​ដឹង​ថា ការ​​ដែល​គណ​បក្ស​សម​រង្ស៊ី ​មិន​មាន​តំនែង​ក្នុង​គណ​កម្មការ​ទាំង​៩ ណា​មួយ​មិន​មែន​មាន​ន័យ​ថា កម្ពុជា​គ្មាន​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ទេ បើ​មាន​ការ​ហាម​មិន​អោយ​ចូល​ប្រជុំ​នោះ​ ទើប​បាន​ខុស​ច្បាប់​ គណ​បក្ស​សម​រង្សី​ មាន​សិទ្ធិ​ពេញ​​ទី​ក្នុង​ការ​បពោ្ចញ​យោបល់​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋ​សភា​ ហេតុ​ដែល​ទុក​តំនាង​រាស្រ្ត​គណ​បក្ស​នេះ​​អោយ​នៅ​ក្រៅ​គណ​កម្ម​ការ​ទាំង​៩ គឺ​ដោយ​សារ​ថា គណ​បក្ស​ប្រឆាំង​មាន​បំនង​មិន​ល្អ ប៉ង​ធ្វើ​អោយ​ខ្វះ​កូរ៉ុម​ ជា​​ការ​បង្អាក់​ការ​ប្រជុំ​ពិនិត្យ​ច្បាប់​នានា​ លោក​ សុជាតិ បាន​ថែ្លង​ដែរ​ថា ប្រសិន​ពួក​គេ​មិន​សុខ​ចិត្ត​អំពី​រឿង​នេះ​ គឺ​​គេ​អាច​ប្តឹង​ទៅ​អង្គ​ការ​សហ​ភាព​អន្តរ​សភា​បាន​។​

ថ្ងៃ ទី ១៧ សីហា គណ​កម្ម​ការ​ក្រុម​ជំនុំ​ជំរះ​កាត់​ក្ដី​​ខ្មែរ​ក្រហម​ត្រូវ​ពន្យា​ពេល​ទៀត​ហើយ​។ ដោយ​លែក​លោក​សម​រង្សី​បំរុង​ធ្វើ​ដំនើរ​ទៅ​គាល់​ព្រះ​មហា​ក្សត្រ​នៅ​ចិន​ លោក​បាន​ធ្វើ​សំភាសន៍​មួយ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ថា​ ចៅ​ក្រម​ស៊ើប​អងេ្កត​ នៃ តុលា​ការ​បារាំង​មាន​គំរោង​កោះ​ហៅ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ទៅ​បំភ្លឺ​រឿង​ក្តី​ ក្រោម​បន្តឹង​របស់​លោក​ អំពី​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក​ មុខ​រដ្ឋ​សភា​កាល​ពី​ខែ​មីនា​ ឆ្នាំ ១៩៩៧។

ថ្ងៃ ទី ១៩ សីហាទ្រង់រណរិទ្ធ​ត្រលប់​ពី​ស្រុក​បារាំង​វិញ ដើម្បី​រៀប​ចំ​ធ្វើ​មហា​សន្និ​បាទ​បក្ស​លើក​ទី ២៥​នៅ​ថ្ងៃ​ទី ១៧​កញ្ញា ខាង​មុខ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​

របាយ​ការណ៍​ពត៌‌​មាន​កាសែត​ឌឺ​ឃែម​បូឌា​ដេលី​ថៃ្ង​នេះ​បាន​លើក​ឡើង​អំពី​ការ​ចំនាយ​ ដ៏​ច្រើន​លើស​លប់​ ទៅ​​លើ​ទី​ប្រឹក្សា ​និង អ្នក​ជំនួយ​ការ​របស់​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​នានា​ ដែល​មាន​នៅ​ត្រៀប​ត្រា អម​ស្ថាប័ន​ក្រសួង​​មន្ទីរ​ របស់​កម្ពុជា​ ហើយ​ដែល​ការ​សិក្សា របស់​មូល​និធិ​រូបិយ​ប័ណ្ណ​អន្តរ​ជាតិ​អោយ​ដឹង​ថា​ ប្រាក់​ជំនួយ​ប្រមាណ​​៤០​ទៅ​៥០%​ បាន​ចំនាយ​ទៅ​លើ​សហ​ប្រតិ​បត្តិ​ការ​បចេ្ចក​ទេស​។

ថ្ងៃ ទី២២ សីហា លោក​អែក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក ឆាល រ៉េ ប្រចាំ​កម្ពុជា បាន​ជួប​សាក​សួរ​ជា​មួយ​ទ្រង់​រណរិទ្ធ​ នូវ បញ្ហា​សំខាន់​ៗ​បី​ គឺ​ទាក់​ទិន​ នឹង ការ​ផ្តល់​សច្ចា​ប័ន​កិច្ច​ព្រម​ព្រៀង​កាត់​ទោស​មេ​ខែ្មរ​ក្រហម​, ការ​ចូល​សមា​ជិក​ភាព​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​, និង​បញ្ហា​ច្បាប់​ចំនាយ​ថវិកា​រជាតិ​ឆ្នាំ ២០០៤​។

ថ្ងៃ ទី ២៣ សីហា ប្រេងសាំង បន្ដ​ឡើងថ្លៃ​គ្រើត​ៗ រហូត​ដល់​៣០០​រៀល​ ធ្វើ​អោយ​ទំនិញ​សព្វ​សារ​ពើ​ក៏​ឡើង​ថ្លៃ​ដែរ​អង្ករ​ពីរ​១០០ ទៅ ១៥០​រៀល គ.ក, ពង​ទា​ពី ៣០០ ទៅ ៤០០-៥០០ រៀល​ក្នុង​១​គ្រាប់​, ត្រី​ឆ្ដោ​ស្រស់ ពី​៦០០០ ទៅ ១០០០០​រៀល​។​

ថ្ងៃទី ២៤ សីហា ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណរិទ្ធ​ប្រធាន​រដ្ឋ​សភា​ ជា​ប្រធាន​គណ​បក្ស​រាជា​និយម​ហ្វុន​ស៊ីន​ប៉ិច​បាន​សព្វ​ព្រះ​ទ័យ​គាំទ្រ​ ក្នុង​ការ​ស្នើ​អោយ​កែ​ប្រែ​រដ្ឋ​ធម្ន​នុញ្ញ​របស់​តំនាង​រាស្រ្ត​ សុន ឆ័យ ដើម្បី​អាច​អោយ​ព្រះ​មហា​ក្សត្រ​ ដែល​គ្រង​រាជ្យ​សម្បត្តិ​អាច​ដាក់​រាជ្យ​បាន​តាម​បុព្វ​សិទ្ធ​ នៃ បុគ្គល​ម្នាក់​ៗ​។

ថ្ងៃ ទី២៥ សីហា អ្នកស្រី មួរ សុខហួរ អតិត​រដ្ឋ​មន្រ្តី​ក្រសួង​កិច្ច​ការ​នារី​ពី​ខាង​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ជា​សាធារណ​ថា​ អ្នក​ស្រី​ នឹង ចូល​រួម​ក្នុង​ជីវ​ភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​សម​រង្សី​​​វិញ​ ដើម្បី​ពង្រឹង​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​របស់​ប្រទេស​កម្ពុជា​ ហើយ​ថា ការ​ដែល​អ្នក​ស្រី​ចាក​ចេញ​នេះ​ក៏​មិន​មាន​ទោ​មនស្ស​ នឹង គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច រឺ នរណា​ម្នាក់​ដែរ​ នៅ​ក្នុង​បក្ស ហើយ​ក៏​មិន​មែន​មក​ពី​មាន​ថ្នូរ​ រឺ​ ដើ​ម្បី​មុខ​តំំនែង​​នោះ​​ដែ​រ​។​

ថ្ងៃ ទី២៦ សីហា ប្រតិភូ​ផែ្នក​ពាណិជ្ជ​កម្ម​ពី​ប្រទេស​ថៃ បាន​ជួប​ នឹង មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​វិនិ​យោគ​ និង ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​អោយ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​កុប​កម្ម​ ដែល​ធ្វើ​អោយ​ខូច​ខាត​ដល់​អ្នក​រក​ស៊ី​ថៃ​នៅ​កម្ពុជា​កាល​ពី​ខែ​មករា ឆ្នាំ ២០០៣។

ថ្ងៃ ទី២៧ សីហា លោកជា ស៊ីម ប្រាប់​អ្នក​កាសែត​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​អានត្តិ​ទី​២​ អាច​ នឹង ពន្យារ​ដល់​ឆ្នាំ ២០០៦ គឺ​ទំនង​ស្រប​ពេល​គ្នា​ នឹង ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តែ​ម្តង​។​

ថ្ងៃ ទី២៩ សីហា​លោក​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន សែន បាន​ចេញ​ដំនើរ​​ទៅ​ចូល​រួម​ក្នុង​សន្និ​សីទ​លើក​ទី​៣ នៃ ​គណ​បក្ស​នយោ​បាយ​នៅ​អាស៊ី​ ដែល​ នឹង ប្រ​ព្រឹត្ត​ទៅ​នៅ​ថៃ្ង​ទី​៣ ដល់​៥ កញ្ញា ២០០៤ និង ធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន ហើយ​ និង​ចូល​បង្គំ​​គាល់​ព្រះ​មហា​ក្សត្រ​ ដែល​កំពុង​គង់​ប្រថាប់​នៅ​ទី​នោះ​ផង​។​

ថ្ងៃ ទី៣១ សីហា សភា​បើក​កិច្ច​ប្រជុំ​ អោយ​សច្ចា​ប័ន​អនុម័ត​ដោយ​មាន​សំលេង​គាំ​ទ្រ ១០៦ លើ ១០៧ ដល់​​កិច្ច​ព្រម​ព្រៀង​ ក្នុង​ការ​ចូល​ជា​សមា​ជិក​ភាព​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO) ដែល​អង្គ​ការ​នេះ​បាន​​ពន្យារ​ពេល​អោយ​រហូត​ដល់​ចុង​ខែ​កញ្ញា​។​