ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកម្ពុជា
ដោយកែវ ឈុន
****************************************
ថ្ងៃសៅរ៍ ទី 22.មករា 2022.ម៉ោង 6:43
ព្រឹត្ដិការណ៍ ខែមករា កុម្ភ ២០០៤

ថ្ងៃទី១ មករា មានអ៊ីមែលមួយចំនួនប្រាំទំព័រផ្ញើចូលវេបសៃធេព្រះមហាក្សត្រនរោត្ដមសីហនុ សូមអោយកូរេបញ្ជូនទ័ពមកការពារ នរោត្ដមសេរីវុឌ្ឍ នៅពេលអវត្ដមានព្រះមហាក្សត្រយាងទៅកាន់ប្រទេសចិន ទ្រង់សេរី វុឌ្ឍមានសត្រូវគ្រប់ទិសទី។
ថ្ងៃទី២ មករា ទ្រង់រណរិទ្ធមានប្រតិកម្មជាលើកដំបូង តាំងពីថ្ងៃទី៥ វិច្ឆកាប្រជុំកំពូល ព្រះអង្គស្នើអោយ ហ៊ុន សែនលប់ចោលសិទ្ធិសញ្ញា ចុះដោយរដ្ឋាភិបាលកម្ពុជា ក្នុងសម័យដែលយួនចូលលុកលុយកម្ពុជា ឆ្នាំ១៩៨០ ហើយព្រះអង្គស្នើអោយមានក្រសួងអន្តោប្រវេស៍ និង ព្រំដែនផង។
ថ្ងៃទី ៣ មករា លោកសមរង្សី អនុប្រធានទី១ និង សេ្ដចក្រុមឃុនសេរីវុឌ្ឍ អនុប្រធានទី២ នៃសម្ព័ន្ធភាពប្រជាធិបតេយ្យ ដែលទើបបង្កើតថ្មី បានធ្វើដំនើរទៅប្រទេសបារាំង ដើម្បីចូលគាល់ទូលថ្វាយរបាយការណ៍ផ្សេងដែលទើបសំរេចពីការប្រជុំថ្មីៗ ដល់ទ្រង់រណរិទ្ធ និង ដើម្បីរិះរកច្រកដោះស្រាយវិបត្ដនយោបាយដែលជាប់គាំងអស់រយពេលជាង៥ខែមកហើយ។
ថ្ងៃទី ៦ មករា កាសែតក្នុងស្រុករាយការណ៍ថា គណៈកម្មាធិការការពារអ្នកកាសែតក្នុងតំបន់ បានសរសេរក្នុងរបាយការណ៍ស្តីពីសេរីភាពសារពត៌មាន ក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ ដោយចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមានសេរីភាពសារពត៌មានជាងគេ ក្នុងចំនោមប្រទេស១០ ក្នុងអាស៊ីអាគ្នេយ៍។ យោងតាមការស្រង់របាយការណ៍នោះ គណកម្មការការពារអ្នកកាសែត ដែលធ្វើសំរង់លើប្រទេស១៦៦ ក្នុងចំនោមប្រទេស១០នៃអាស៊ាន កម្ពុជាស្ថិតនៅចំនាត់ថ្នាក់ទី៨១ ថៃនៅទី៨២, ម៉ាឡេស៊ីទី១០៤, អិណ្ដូនេស៊ីទី១១០, ហ្វីលីពីនទី១១៨ ,សិង្ហបុរីទី១៤៤ វៀតណាមទី១៥៩, លាវទី១៦៣ និង ភូមាទី ១៦៤។
ថ្ងៃទី៧ មករា គណបក្សប្រជាជនរៀបចំបុណ្យខួបលើកទី២៥ឆ្នាំ នៃ ជ័យជំនះ ៧មករា អាជ្ញាធរបានខ្ទប់ស្កាត់មិនអោយមានបាតុកម្មប្រឆាំង នឹង បុណ្យខួបនេះ ហើយចាប់បាតុករ ៤នាក់ទៅឃុំខ្លួន។ សំដេចនរោត្ដមសីហនុ ទ្រង់មានព្រះរាជបំនងចុះទតព្រំដែនខ្មែរជាប់ជាមួយប្រទេសវៀតណាម ដែលមានប្រវែង ១២៧០គីឡូម៉ែត្រ។
ថ្ងៃ ទី៨ អ្នកស្រុក ភូមិខ្លាងាប់ ដែលស្ថិតនៅជាប់ខ្សែព្រំដែនថៃ ក្នុងឃុំពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ បាននាំគ្នារុះរើផ្ទះសំបែងខិតចូលមកនៅជ្រៅក្នុងទឹកដីកម្ពុជាវិញ ទង្វើទាំងនេះ ធ្វើឡើងដោយមានការភ័យព្រួយអំពីសន្ដិសុខ ដែលអ្នកភូមិទាំងនោះរស់នៅប្រឈមមុខ នឹង ទាហានឈុតខ្មៅថៃ ខ្លាចទាហាថៃនេះចូលមកធ្វើបាបសំលាប់ ចាប់រំលោភ ដូចភូមិដូងនៅស្រុកម៉ាឡៃនោះដែរ។
ថ្ងៃ ទី ១២ មករា ក្រោយពីមានជំនួបមួយជាមួយគណប្រតិភូចិនកាលពីថ្ងៃទី៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសប្រកាន់យកនយោបាយចិនតែមួយដដែល។
ថ្ងៃទី ១៣មករា ក្នុងជំនួបសវនាការជាមួយលោក ហោ ណាំហុង ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាអ្នកតំនាងមូលនិធិ សំរាប់លើកស្ទួយសិទិ្ធកុមាររបស់សហប្រជាជាតិ ហៅកាត់ «យូនីសេហ្វ» បានប្រកាសផ្តល់ជំនួយប្រមាណ ៨សែនដុល្លារអាមេរិក បនែ្ថមទៀត ដល់កុមារក្នុងប្រទេសកម្ពុជាសំរាប់ឆ្នាំ ២០០៤។
ថ្ងៃទី ១៥ មករា លោកសមរង្សី អនុប្រធានទី១ នៃសម្ព័ន្ធភាពប្រជាធិបតេយ្យ បានសំដែងសេចក្ដីរំភើបចិត្ដជាខ្លាំង ក្នុងការបានទទួលការគាំទ្រនយោបាយ និង ហិរញ្ញវត្ថុ ពីសមាជិកសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ ដល់សម្ព័ន្ធប្រជាធិបតេយ្យ។ ដោយលែក ជប៉ុនប្រកាសថា នៅតែផ្ដល់ជំនួយដល់កម្ពុជាដដែល។
ថ្ងៃ ទី១៦ មករា មន្រ្ដីគណកម្មការវប្បធម៌ប្រទេសកម្ពុជា បានធ្វើសន្និសិទកាសែតមួយ ដើម្បីកាត់បន្ថយនូវអរិភាពរវាងប្រទេសថៃ។ សូមបញ្ជាក់ថា កាលពី ថ្ងៃទី ២៩ ខែមករា ២០០៣ មានកុបកម្មមួយយ៉ាងធំឈានដល់អំពើហិង្សា ដុតបំផ្លាញស្ថានទូតថៃ និង អគារពាណិជ្ជកម្មនានារបស់ថៃ នៅភ្នំពេញ។
ថ្ងៃ ទី១៧ មករា លោក នួន ជា ក្នុងវ័យ៧៧ឆ្នាំ អតីតមេខែ្មរក្រហមជាបងធំទី២ និង ជាសមមិត្តជិតស្និទ្ធរបស់បងធំទី១ ប៉ុល ពត ហើយដែលកំពុងរស់នៅជួបជុំគ្រួសារ ក្នុងលំនៅតូចមួយក្នុងទីក្រុងប៉ៃលិនបានសារភាពប្រាប់សារពត៌មានអេភីថា លោកពិតជាបានធ្វើអោយមានកំហុសក្នុងការមិនបានប្រើគតិបណ្ឌិត ត្រួតពិនិត្យមើលអោយឃើញពីភាពខុស រឺ ត្រូវ នៃ ទង្វើនាសម័យខ្លួនដឹកនាំនោះមែន លោកបានសារភាពថា លោកមានកំហុសលើបញ្ហានេះ តែបានបដិសេធថា លោកមិនមែនជាអ្នកបញ្ជាផ្ទាល់ ក្នុងការសំលាប់ដ៏រង្គៀលនោះទេ។
ថ្ងៃ ទី ២០ មករា ក្នុងសេចក្តីថែ្លងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កម្ពុជាដែលកាសែតក្នុងស្រុកស្រង់មកផ្សាយអោយដឹងថា កម្ពុជា-ជប៉ុន បានសំរេចចុះហត្ថលេខាលើពិធីសារផ្តល់ជំនួយមានទឹកប្រាក់២២៧ លានយ៉េន ដល់កម្ពុជា។ ពិធីចុះហត្ថលេខាគ្រោង នឹង ធ្វើនៅថៃ្ងទី២០ មករា ២០០៤នេះ ជាមួយនឹង លោករដ្ឋមន្រ្តីក្រសួងការបរទេស ហោណាំហុង និង លោកអែកអគ្គរាជទូត ហ៊្វូមីអាគី តាកាហាស៊ី ដែលជាតំនាងអោយរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា។ តាមសេចក្តីប្រកាសនោះមានបញ្ជាក់ថា ប្រាក់ជំនួយនោះ សំរាប់អនុវត្តលើកម្មវិធីសំខាន់ចំនួនពីរ គឺ១៥៣លានយ៉េន សំរាប់អាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និង ៧៤លានយ៉េនទៀត សំរាប់គូរប្លង់លំអិត នៃ កម្មវិធីកែលំអប្រព័ន្ធទឹកស្អាតក្នុងទីក្រុងសៀមរាប។
ថ្ងៃទី ២១មករា សមាជិកហ្វុនស៊ីនប៉ិចខេត្ដកន្ដាលចំនួន ២១៦ បានធ្វើញាត្ដិមួយថ្វាយដល់សំដេចក្រុមព្រះរណរិទ្ធដែលកំពុងគង់នៅស្រុកបារាំង ក្នុងញាត្ដិបានសំដែង នូវ ការមិនសប្បាយក្នុងការធ្វើសម្ព័ន្ធភាព ជាមួយគណបក្សសមរង្សី ដែលពួកគេចោទប្រកាន់ថា ធ្វើអោយបែកបាក់ផ្ទៃក្នុងបក្ស ញាត្ដិក៏បានបង្ហាញផងដែរ នូវ ការមិនពេញចិត្ដដែលបក្សត្រូវដឹកនាំដោយអគ្គលេខាធិការបក្ស គឺស្ដេចក្រុមឃុនសេរីវុឌ្ឍ។
ថ្ងៃទី ២២ មករា ការបាញ់សំលាប់ដ៏សាហាយកន្ដាលក្រុងភ្នំពេញ ទៅលើលោក ជា វិជា្ជ ប្រធានសហព័ន្ធសហជីពសេរីកម្មករ ដោយឃាតករមិនស្គាល់ពីរនាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ បាញ់ដោយកាំភ្លើងកា៥៩ បីគ្រាប់ បន្តាលអោយស្លាប់ នឹង កនែ្លងកើតហេតុ ជិតវត្តលង្កា លោកជា វិជ្ជា ដែលជាទូទៅគេដឹងថា គាំទ្រ និង ជិតស្និទ្ធជាមួយគណបក្សសមរង្សី។
ថ្ងៃទី ២៤ អង្ការស្បៀងពិភពលោកហៅកាត់ WFP បានប្រកាសផ្ដល់ជំនួយដល់កម្ពុជា នូវ ទឹកប្រាក់ចំនួន ៤៧លានដុល្លារ លោកសៀង ឡាប្រេស អនុរដ្ឋលេខាធិការក្រសួងការបរទេសប្រាប់អោយដឹងថា ជំនួយនេះនិងផ្ដល់ អោយដល់ជនក្រីក្រតោកយាកនៅកម្ពុជាចំនួន ២.៥លាននាក់ ក្នុងនោះមានស្រ្ដី ៥២% ក្នុងឃុំចំនួន ៣៣៥ នៃ ខេត្ដចំនួន១៥។
ថ្ងៃទី ២៥មករា ពិធីដងែ្ហសពលោកជា វិជ្ជា ប្រធានសហជីពកម្មករល្បីល្បាញម្នាក់ ខាងដឹកនាំធ្វើបាតុកម្មប្រឆាំង នឹង ការរំលោភនានា ពីសំនាក់និយោជិករោងចក្រកាត់ដេរ បានប្រព្រឹត្ដរៀបចំឡើងដោយមានសភាពរៀបរយ និង មានសភាពស្ងប់ស្ងាត់ជាធម្មតា ពិធីដងែ្ហសពទៅបូជា បានចេញដំនើរពីទីស្នាក់ការសហជីពសេរីកម្មករទីតំកល់សពធ្វើបុណ្យ ឆ្ពោះទៅឈាបនដ្ឋានមុខវត្តបុទុមវត្តី ដោយមានអ្នកហែហមជាច្រើនពាន់នាក់ ជាកម្មករ និស្សិត អ្នកនយោបាយ ដោយមានកាន់ផ្កា ទៀន ធូប និង ពាក់ក្រនាត់ខ្មៅ កម្មករជាច្រើនបានកាន់រូបថតលោកភ្ជាប់ នឹង កំរងផ្កា មានការថែ្លងវិយោគកថា ពីតំនាងមកចូលរួម ជាកិច្ចសំដែងការរំលែកទុក្ខដល់គ្រួសារសព ពីការឈឺចាប់ និង ជំរុញអោយបង្កើនចលនាទាមទារអោយមានសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យបន្ត។ លោក ជា វិជ្ជា អាយុ៣៦ឆ្នាំ ត្រូវជនអុក្រិដ្ឋមិនទាន់រកឃើញលបបាញ់សំលាប់ ពេលកំពុងអានកាសែតនៅតូបលក់ខាងលិចវត្តលង្កាក្រុងភ្នំពេញកាលពីព្រឹកថៃ្ងទី ២២មករា ២០០៤ លោកជាស្ថាបនិករបស់សហជីពកម្មករសេរី នៃព្រះរាជាណាកម្ពុជាដំបូង ហើយជាញឹកញាប់តែងប្រឈមជាមួយ នឹង អាជ្ញាធរ ដែលការពារខាងសន្តិសុខនៅពេលមានក្បួនបាតុកម្មម្តងៗនោះ។
ថ្ងៃទី ២៧ មករា នាយករដ្ឋមន្រ្ដីថ្មីប្រទេសម៉ាឡេស៊ី លោក អាប់ឌុល្លា អាម៉េត បាដាវី មកធ្វើទស្សនកិច្ចនៅកម្ពុជា គេមិនឃើញមានការចុះកិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំងពីរលើកិច្ចការណាមួយជាផ្លូវការទេ។
ថ្ងៃទី ២៨ មករា មានល្បីលឺថា សកម្មជននយោបាយ ៥រូបទៀតកំពុងរងគំរាមសំលាប់ គឺមានលោកសមរង្សី ប្រធានគណបក្សសមរង្សី និង ជាអនុប្រធានសម្ព័ន្ធភាពប្រជាធិបតេយ្យ ស្ដេចក្រុមឃុនសេរីវុឌ្ឍ លោកអេង ឆៃ អ៊ាង អគ្គលេខាបក្សសមរង្សី លោកកឹម សុខា នាយកប្រតិបត្ដិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោករុង ឈុន ប្រធានគ្រូបង្រៀនអែករាជ។ លោកហ៊ុន សែន ប្រកាសផ្ដល់រថក្រោះម្នាក់មួយៗ ក្នុងការពារសុវត្ថិភាព។
ថ្ងៃទី ២៩ មករា លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដាក់ពាក្យប្ដឹងលោកសមរង្សី ពីបទបរិហារកេរ និង ជេរប្រមាថ ហើយទាមទារជម្ងឺចិត្ដរហូតដល់ ៥លានដុល្លារ។ បន្ដឹងផ្អែកទៅលើសំដីរបស់លោកសមរង្សីដែលនិយាយប្រាប់កាសែតកាលពីថ្ងៃ ២៧ មករាវេលាម៉ោង ៩:៤៥ ថា លោកហ៊ុន សែន មានគំរោងសំលាប់ថ្នាក់ដឹកនាំនយោបាយ និង សង្គស៊ីវិលចំនួន ៥នាក់ រួមមានទាំងរូបលោកផង។
ថ្ងៃទី ២ កុម្ភៈ ចំណតយន្តហោះកងកេង នៃក្រុងព្រះសីហនុ ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ចំផ្លូវបំបែកចុះទៅមូលដ្ឋានទ័ពជើងទឹករាម ស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ខណ្ឌព្រៃនប់ ត្រូវបានធនាជួលជុលដោយក្រុមហ៊ុនអារិស្ដុន នឹង ដាក់អោយប្រើប្រាស់ឡើងវិញនៅបំនាច់ខែមីនា ២០០៤ខាងមុខ។
ថ្ងៃ ទី៣ កុម្ភៈ ក្នុងសន្និសិទកាសែតមួយកាលពីម្សិលមិញ លោកសមរង្សីប្រធានបក្សសមរង្សីបាននិយាយប្រាប់ពួកសារពត៌មានកាសែតថា លោក នឹង ប្ដឹងលោកហ៊ុន សែន ពីបទអុក្រិដ្ឋ ដោយចោទប្រកាន់ថា លោកហ៊ុន សែនជាមេគំនិតបង្កអោយមានការបោកគ្រាប់បែកក្នុងបាតុកម្មនៅមុខរដ្ឋសភា កាលពីខែមីនា ឆ្នាំ១៩៩៧ ដែលកាលនោះមានមនុស្សស្លាប់ ១៦នាក់ របួស១២០នាក់។ លោកសមរង្សីទាមទារអោយមានការសងជំងឺចិត្ដ នូវ ទឹកប្រាក់ចំនួន៥០លានដុល្លារ និង សូមអោយដាក់ទោសលោកហ៊ុន សែន អោយជាប់គុក ពី១០-២០ឆ្នាំថែមទៀត
ថ្ងៃទី ៤ កុម្ភ លោកសមរង្សីប្រធានបក្សប្រឆាំង និង ស្ដេចក្រុមឃុនសេរីវុឌ្ឍ បានធ្វើដំនើរចេញពីកម្ពុជាឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីចូលជួបពិភាក្សាជាមួយព្រះអង្គម្ចាស់នរោត្ដមរណរិទ្ធ ប្រធានបក្សហ្វុនស៊ីនប៉ិចក្នុងការចាប់ផ្ដើមចរចាគ្នាឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកច្រកចេញ នៃ ការបង្កើតរដ្នាភិបាលថ្មីមួយ។
ថ្ងៃទី៦ កុម្ភៈ ដើម្បីបើកផ្លូវ អោយមានកិច្ចចរចាបន្ដអំពីការជាប់គាំងបញ្ហានយោបាយអស់ពេលជាង ៦ខែមកហើយនោះ លោកហ៊ុន សែនប្រកាសដកពាក្យបន្ដឹងដែលប្ដឹង ទ្រង់រណរិទ្ធនោះវិញ ដោយមានភ្លើងខៀវហើយនោះ ទ្រង់នរោត្តមរណរិទ្ធ បានយាងចូលមកកាន់កម្ពុជាវិញក្រោយពីអវត្ដមាន ព្រះអង្គអស់ជាងបីខែមក។
ថ្ងៃទី៨ កុម្ភៈ អង្គរក្សពីរនាក់យាមភូមិគ្រិះលោកហ៊ុន សែននៅជិតវិមានអែករាជ្យ បាញ់គ្នាស្លាប់កាលពីយប់មិញ។ សូមបញ្ចាក់ថា សមាជិករង្គរក្សលោកហ៊ុន សែនបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ហើយដែលរហូតមកដល់សព្វថ្ងៃមានគ្នាប្រមាណ ២០០០នាក់ សំរាប់រក្សាសន្ដិសុខផ្ទាល់របស់លោក។
ថ្ងៃទី ៩ កុម្ភៈ ក្នុងជំនួបអស់រយពេលមួយម៉ោងជាមួយលោកនាយករដ្ឋមន្រ្ដី លោកអគ្គលេខាធិការរងញឹក ប៊ុនឆៃ នៃគណបក្សហ្វុនស៊ីនប៉ិច បានប្រកាសអោយដឹងថា លោកហ៊ុន សែនយល់ព្រមអោយបន្ដកិច្ចចរចារដ្ឋសភា និង រដ្ឋាភិបាលថ្មីឡើងវិញ។
ថ្ងៃទី ១១ កុម្ភ ប្រតិភូសហព័ន្ធនារីប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ហា ធីឃៀត ដែលជាសមាជិកាគណមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និង ជាសមាជិករដ្ឋសភា បានមកទស្សកិច្ចប្រទេសកម្ពុជាចំនួន៤ ថ្ងៃលោកស្រីបានចូលជួបសវនាការជាមួយអភិបាលក្រុងភ្នំពេញ លោកកែប ជុតិមា ហើយលោកស្រីបានសរសើរ អំពីការអភិវឌ្ឍន៍ របស់រាជធានីនេះ ទាំងសន្តាប់ធ្នាប់ និង សោភ័ណភាព។ ទស្សនកិច្ចលោកស្រីនៅកម្ពុជា គឺ ជាការរិតចំណងមិត្តភាពនៃប្រទេសទាំងពីរផង រវាងនារីវៀតណាម និង នារីកម្ពុជាផង ហើយនិង ដើម្បីពង្រឹងពង្រីកការអភិវឌ្ឍន៍ សេដ្ឋកិច្ច នៃប្រទេសទាំងពីរអោយរីកចំរើន។
ថ្ងៃទី ១៤ កុម្ភ អយ្យការអមតុលាការភ្នំពេញបានចេញដិកាចុះពីថៃ្ងទី ៩កុម្ភៈ កោះអញ្ជើញមេដឹកនាំគណបក្សប្រឆាំងសម រង្សី អោយទៅឆ្លើយបំភ្លឺអំពីករណីពាក្យបន្តឹងរបស់លោកដាក់កាលពីថៃ្ងទី ២កុម្ភៈ ដែលបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការទាក់ទិន នឹង ការបោកគ្រាប់បែកនៅមុខរដ្ឋសភាកាលពី ខែមីនា ឆ្នាំ ១៩៩៧។
ថ្ងៃទី ១៦ កុម្ភ លោក ខៀវ សំផន អតីតប្រធានរដ្ឋ នៃ របបកម្ពុជាប្រជាធិបតេយ្យ (ខែ្មរក្រហម) ប្រកាសថា លោកមានមេធាវីបារាំងម្នាក់ ឈ្មោះ Jacqes Verges ដែលបានស្គាល់គ្នាជាយូរឆ្នាំមកហើយ ស្ម័គ្រចិត្តជួយលោក ដោយមិនយកប្រាក់ ក្នុងការតតំាងពីបទអុក្រិដ្ឋប្រល័យពូជសាសន៍ ក្នុងអំលុងពេលកាន់អំនាចពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ លោក Jacqes Verges បានមកស្នាក់នៅផ្ទះ លោកខៀវ សំផន ចំនួន៤ថ្ងៃ នៅទីក្រុងប៉ៃលិន។
ថ្ងៃទី ១៧ កុម្ភ ស្ថានីយវិទ្យុអ៊ែហ្វអឹម ៩០មេហ្គាហឺត បានបញ្ឈប់ការផ្សាយរបស់វិទ្យុសំលេងប្រជាធិបតេយ្យ នៃ មជ្ឈមណ្ឌលសិទិ្ធមនុស្សរបស់លោកកឹម សុខា ចាប់ពីថៃ្ងច័ន្ទទី ១៦ កុម្ភៈ នេះទៅ បន្ទាប់ពីមានរឿងជំលោះទាក់ទង នឹង ការកាន់កាប់កម្មសិទ្ធរបស់ស្ថានីយនេះមក កម្មវិធីសំលេងប្រជាធិបតេយ្យ នៃ មជ្ឈមណ្ឌលសិទិ្ធមនុស្ស បានផ្សាយតាមស្ថានីយវិទ្យុបី គឺស្ថានីយអែហ្វអិម ៩០ , ស្ថានីយអែហ្វអឹម ១០៥ និង ស្ថានីយវិទ្យុឃ្លាំងមឿង។
ថ្ងៃទី ១៨ កុម្ភ គណបក្សហ្វុនស៊ិនប៉ិច ធ្វើបុណ្យរំលឹកខួមលោក អោម រាដ្ឋសាឌី នៅវត្ដកោះ ក្នុងស្រុកបាទី ខេត្ដតាកែវ លោកអោមរាដ្ឋសាឌី ជាទីប្រឹក្សាគណបក្សហ្វុនស៊ីនប៉ិច ហើយជាក៏ទីប្រឹក្សារបស់ទ្រង់រណរិទ្ធផងដែរ លោកត្រូវឃាតករ បាញ់សំលាប់កន្ដាលថ្ងៃត្រង់ នៅមុខភោជនីយដ្ឋានមួយក្នុងខ័ណ្ធចំការមន ក្រុងភ្នំពេញ កាលពីថ្ងៃ ទី១៨ កុម្ភៈ ឆ្នាំទៅមិញ(២០០៣)។
ថ្ងៃទី ២៧ កុម្ភៈ បន្ទាប់ពីបរាជ័យ នៃ ការចូលរួមបោះឆ្នោតកាល ពីថ្ងៃទី ២៧ កក្កដា ២០០៣ មក ស្ដេចក្រុមឃុននរោត្ដមចក្រពង្ស ប្រកាសអោយដឹងថា គណបក្សចក្រពង្សព្រលឹងខ្មែររបស់ព្រះអង្គ នឹង ចូលរួបរួមជាមួយគណបក្សហ្វុនស៊ីប៉ិច ព្រះអង្គទ្រង់មានបន្ទូលអោយដឹងទៀតថា ការចូលរួមគ្នានេះ ដោយព្រះអង្គទ្រង់ទតឃើញថា គណបក្សហ្វុនស៊ិនប៉ិចជាគណបក្សមួយចេះការពារទឹកដីខ្មែរ និង ប្រឆាំង នឹង អំពើពុករលួយដូចគណបក្សរបស់ព្រះអង្គដែរ។
ថ្ងៃ ទី ២៨ កុម្ភ វិទ្យុ FM90 MH បានចាក់ផ្សាយឡើងវិញ បន្ទាប់ពីមានរឿងក្ដីក្ដាំដន្ដើមកម្មសិទ្ធគ្នា ហើយតុលាការក្រុងភ្នំពេញ បានសំរេចកាត់ក្ដីប្រគល់ស្ថានីយវិទ្យុនេះអោយទៅម្ចាស់ដើមវិញ។