ថ្ងៃសៅរ៍ ទី19.មិថុនា 2021.ម៉ោង 9:22
ព្រិត្ដិការណ៍ ឆ្នាំ១៩៧៦ -១៩៨០

ព្រឹត្ដការណ៍ឆ្នាំ១៩៧៦
ខែ​មករា ដំនើរ​ទស្សន​កិច្ច ខៀវ សំផន សីហនុ និង មូនិក នៅ​ខេត្ដ​កំពង់​ចាម​។ ខែ​កុម្ភៈ ខៀវ សំផន ប៉ែន នុត សីហនុ និង មូនិក ទៅ​កាន់ ស៊ីសុផុន ខេត្ដ​បាត់​ដំបង​ (ដែល​នៅ​ទី​នោះ​ពួក​គេ​ទទួល​ រដ្ឋ​មន្រ្ដី​ការ​បរ​ទេស​ថៃ ឆាទី​ឆ័យ ឈួន​ហាវ៉ាន់) សៀម​រាប អង្គរ និង កំពង់​ធំ។ ក្នុង​ដំនើរ​ទស្សនៈ​កិច្ច​នៅ​សៀម​រាប​នេះ មាន​ការ​លេច​លឺ​នូវ​ការ​បក​ស្រាយ​ថា មាន​ការ​ចង់​ធ្វើ​រដ្ឋ​ប្រហារ​។​

ខែ​មេសា ថ្ងៃ​ទី​២ សីហនុ ចុះ​ចេញ​ពី​តំនែង​ប្រមុខ​រដ្ឋ​។ ខៀវ សំផន ក្លាយ​ជា​ប្រមុខ​រដ្ឋ ចំនែក​សីហនុ​ ត្រូវ​ជាប់​ឃុំ​ក្នុង​ប្រាសាទ​ខេម​រិន្ទ​ សមា​ជិក​គ្រួ​សារ​បស់​ព្រះ​អង្គ​ជា​ច្រើន​ត្រូវ​បាត់​ខ្លួន​។ ថ្ងៃ​ទី​៤ នៅ​ទី​ក្រុង​បារីស​ ជន​ភៀស​ខ្លួន​ខ្មែរ​ និង ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ស្រុក​បារាំង​ បាន​ថ្លែង​ប្រាប់​អង្គ​ការ​សហ​ប្រជា​ជាតិ អង្គការ​សិទ្ធិ​មនុស្ស​ អង្គ​ការ​លើក​លែង​ទោស​អន្ដរ​ជាតិ​ នូវ​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម​។ គ្មាន​ប្រតិ​កម្ម​អ្វី​ពី​អង្គ​ការ​នេះ​ទ​។ ថ្ងៃ​ទី​៦ ប៉ែន នុត ចុះ​ចេញ​ពី​តំនែង​ជា​នាយក​រដ្ឋ​មន្រ្ដី​ រាជ​រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុ​ជា​ក៏​ត្រូវ​រលាយ​។ ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ សម័យ​ប្រជុំ​លើក​ទី​១ និង មាន​តែ​ម្ដង​គត់​របស់​សភា​ដំនាង​កម្ពុជា​ ដែល​មាន​ឈ្មោះ នួនជា ជា​ប្រធាន​ ឈ្មោះ​នេះ​ជា​មនុស្ស​លេខ​២ របស់​អង្គ​ការ​។ ក្នុង​ពេល​ប្រជុំ​ សាឡុត ស សំរេច​ចិត្ដ​បញ្ចេញ​ឈ្មោះ ប៉ុល ពត អោយ​គេ​ស្គាល់​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៧៧
ខែ​កុម្ភ មាន​ការ​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត។ ប្រតិ​កម្ម​តម​វិញ គឺ​មាន​ការ​បង្រ្កាប​យ៉ាង​ខ្លាំង​ពេញ​ប្រទេស​។ មាន​ការ​ចាប់​ខ្លួន​រដ្ឋមន្រ្ដី សូ ឌីម​។ ថ្ងៃ​ទី​៧ ឆ្លើយ​តប​ទៅ​នឹង​ការ​ត​វ៉ា​របស់​ថៃ រដ្ឋា​ភិបាល​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ​បាន​ប្រកាស​ថា ភូមិ​ទាំង​បី​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​វិធាន​ការណ៍​ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ប្រជា​ធិប​តេយ្យ​ធ្វើ​លើទឹក​ដី​របស់​ខ្លួន​ផ្ទាល់​នេះ​វាជា​អធិ​បតេយ្យ​ភាព​នៃ​កម្ពុជា​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ប្រជា​ធិប​តេយ្យ ទទួល​ស្គាល់​នូវ​ការ​សំលាប់​រង្គៀល​ប្រជា​ជន​ជា​វិធី​សាស្រ្ដ​របស់​រដ្ឋា​ភិបាល​។

ខែមេសា ថ្ងៃ​ទី​១០ ការ​ចាប់​ខ្លួន ហ៊ូ នឹម រដ្ឋ​មន្រ្ដី​ក្រសួង​ពត៌​មាន​។
ខែ​ឧស​ភា ពី​ថ្ងៃ​ទី ១៥ ដល់ ថ្ងៃទី ២៣ កម្ពុជា​ប្រជា​ធិប​តេយ្យ​វាយ​ចូល​ភូមិ​យួន​នៅ​ខេត្ដ គៀន ហ្សៀង និង អាន​ហ្សៀង​។ នៅ​គ្រប់​តំបន់​ទាំង​អស់​របស់​កម្ពុជា​ប្រជា​ធិតេយ្យ​ ពួក​កម្មា​ភិបាល​អំពាវ​នាវ​ការ​រំដោះ​ទឹក​ដីក​ម្ពុជា​​​ក្រោម​។​

ខែ​មិថុនា ថ្ងៃទី២០ ហ៊ុន សែន មាន​បំនង​រត់​ចូល​ស្រុក​យួន​ប៉ុន្ដែ​ត្រូវ​រុញ​ច្រាន​អោយ​ថយ​ក្រោយ​ជា​មួយ​សហ​សេវិក​របស់​គាត់​ដែល​រួម​ទាំង អុង ផន ផង​ដែរ​ ត្រូវ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ខែ​។
ខែ​កក្កដា ថ្ងៃ​ទី​៦ ការ​ប្រហា​ជីវិត​ ហ៊ូ នឹម​។
ខែវិច្ឆិកា ស ភឹម លេខា​បក្ស​តំបន់​ខាង​កើត បាន​បង្កើត​អង្គ​ការ​ផ្ដាច់​ខ្លួន​មួយ​ឈ្មោះ​កង​ទ័ព​បដិ​វត្ដន៍​កម្ពុជា​ពិត​។

ព្រឹត្ដការណ៍ឆ្នាំ១៩៧៨
ខែ​កុម្ភៈ ថ្ងៃទី៦ ដល់​ថ្ងៃ​ទី​១០ មីនា គណ​កម្ម​ការ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​កោះ​ប្រ​ជុំ​នូវ​ទីក្រុង​ហ្សឺ​ណែវ ធ្វើ​ការ​ពិភាក្សា​យ៉ាង​យូរ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប្រជា​ធិប​តេយ្យ។ នាក់​យក​ការ​ពិសេស​មួយ​ត្រូវ​បាន​តែង​តាំង​។ គេ​ត្រូវ​ធ្វើ​ការ​សិក្សា​អោយ​បាន​ស៊ី​ជំរៅ​នូវ​រាល់​ការ​ប្រព្រឹត្ដ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​របប​កម្ពុជា​។​

ខែមេសា ថ្ងៃ​ទី២១ ប្រធានា​ធិប​តី​អាមេរិ​ក ជីមី ខាទ័រ ថ្កោល​ទោស​រដ្ឋា​ភិបាល​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ​របស់ ប៉ុល ពត ជា​នាក់​ប្រព្រឹត្ដ​បទ​ល្មើស រំលោភ​សិទ្ធិ​មនុស្ស​អា​ក្រក់​បំផុត​ ក្នុង​សម័យ​បច្ចុប្បន្ន​ក្នុង​ពិភព​លោក​នេះ​។ ថ្ងៃ​ទី​២២ ការ​បង្កើត​ទាហាន​ប្រឆាំង​ នឹង ​របប ពុល ពត នៅ​ស្រុក​យួន។ ខែ​មិថុនា​ការ​ចាប់​ខ្លួនឈ្មោះ ផឿង​ រដ្ឋ​ មន្រ្ដី​ក្រសួង​ចំការ​កៅ​ស៊ូ​។​

ខែ​មិថុនា ថ្ងៃ​ទី​៣ ការ​ធ្វើ​អត្ដ​ឃាត​របស់ ស ភឹម​។ មាន​ការ​សំលាប់​ប្រជា​ជន​យ៉ាង​សំបើម គឺ​មាន​ជាង​ ១០០០០០​នាក់​។ ប្រជា​ជន​ទាំង​អស់​ត្រូវ​ជាប់​សង្ស័យ​ គឺ ត្រូវ​គេ​ចោទ​ប្រកាន់​ថា​មាន​​ក្បាល​យួន​ខ្លួន​ខ្មែរ​។ ហេង សំរិន រត់ ទៅ​ស្រុក​យួន​។ មាន​ការ​ជំលៀស​ប្រជា​ជន​យ៉ាង​ធំ​ជា​លើក​ទី៣​។ ថ្ងៃ​ទី​១១ មាន​ការ​ចាប់​ខ្លួន​ឈ្មោះ ញឹម​ រស់​។

ខែសី​ហា អនុ​គណ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​លើក​យក​កិច្ច​ពិភាក្សា​ ខែកុម្ភ មីនា មកពិ​និត្យ​ម្ដង​ទៀត​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​។ គេ​បាន​ស្ដាប់​សាក្សី​ជា​ច្រើន​រាយ​ការណ៍​អំពី​ការ​ប្រល័យ​ពូជ​សាសន៍ ដែល​កំពុង​ប្រព្រឹត្ដ​ មាន​រដ្ឋា​ភិបាល​ជា​ច្រើន​ប្រទេស​ដូច​ជា អូស្រ្ដា​លី កាណា​ដា ចក្រ​ភព​អង់​គេ្លស ណូវ៉ែល​ហ្សឺ​ឡង់​ សហ​រដ្ឋ​អា​មេ​រិក បាន​ផ្ដល់​ភស្ដុ​តាង​ផ្ទាល់​របស់​ពួក​គេ បន្ថែម​របាយ​ការណ៍​បាន​ធ្វើ​សេច​ក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​ថា ជា​ការ​ប្រល័យ​ពូជ​សាសន៍​។ ប៉ុន្ដែ​ប្រទេស​ស្វីស​ អិណ​ដូនេ​ស៊ី​ និង​ជប៉ុន​ភ្ជាប់​ចំនង​ការ​ទូត​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ ប្រជា​ធិប​តេយ្យ។ ខៀវ សំផន និង សីហនុ ធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ដ​កណ្ដាល​។

ខែ​កញ្ញា ថ្ងៃទី២៨ ខៀវ សំផន ទទួល​បាយ​ល្ងាច​ដល់​សីហនុ ប៉ែន នុត សារីន​ចក និង ឌួង សំអុល​។

ព្រឹត្ដការណ៍ឆ្នាំ១៩៧៩
ខែ​មករា ថ្ងៃទី​១ ពួក​ខ្មែរ​ក្រហម​នាំ​សីហនុ​ទៅ​កាន់​ខេត្ដ​បាត់​ដំបង បន្ទាប់​មក​ទៅ​ស៊ីសុផុន​។ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​រណសិរ្ស​របស់ ហេង សំរិន បាន​ធ្វើ​សន្និ​បាទ​។ ថ្ងៃ​ទី​២ កុំម៉ង​ដូ​យួន​ក្រុម​ដែល​មាន​ភារ​កិច្ច​រំដោះ​សីហនុ​ត្រូវ​កំទេច​។ ថ្ងៃ​ទី​៣​ក្រុង​ស្ទឹង​ត្រែង​ត្រូវ​រំដោះ​។ អៀង​ សារី ស្នើ​អោយ​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​បើក​កិច្ច​ប្រជុំ​។ ថ្ងៃ​ទី៤ ខែមករា យួន​ត្រួត​ត្រា​ប៉ែក​ខាង​កើត​នៃ​ទន្លេម​គេង្គ​ទាំង​អស់​។ ថ្ងៃ​ទី​៥ ខែ​មករា រំដោះ​ក្រុង​តាកែវ​។ ទាហាន​យួន​មក​ដល់​នាក់​លឿង​។ សីហនុ​ត្រលប់​ចូល​ភ្នំ​ពេញ​។ ពេល​ល្ងាច​សីហនុ ជួប ប៉ុល ពត នៅ​អតីត​វិមាន​រេ​ស៊ីដង់​ ស៊ុប៉េ​រីយឺ​បារាំង​ (ដែល​នៅ​ឆ្នាំ១៩៩៣ ក្លាយ​ជា​ទី​ចាត់​ការ​ធំ​របស់​អ៊ុន​តាក់)​។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ព្រះ​អង្គ​បាន​ជួប ប៉ុល​ ពត ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​១៩៧៣​មក។ នៅ​មេ​មត់ ពួក​សមា​ជិក​រណ​សិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ បើក​សន្និ​បាទ​មួយ​ដែល​ពួក​គេ​ចាត់​ទុក​ជា​សន្និបាទ​លើក​ទី៣ នៃ​ចលនា​កុំមុយ​និស្ដ​កម្ពុជា​។ សន្និ​បាទ​នេះ ធ្វើ​អោយ​បក្ស​ប្រជា​ជន​បដិ​វត្ដន៍​កម្ពុជា​មាន​ជីវិត​ឡើង​វិញ​​ហើយ​គេ​តែង​តាំង​ ប៉ែន សុវណ្ណ ជា​លេខា​បក្ស​ទី១​។​ ​ថ្ងៃ​ទី​៦ រំដោះ​ក្រុង​កំពង់​ចាម​។ ការ​ចេញ​ដំនើរ​របស់ សីហនុ និង​ ក្រុម​គ្រួសារ ប៉ែន នុត និង​ក្រុម​គ្រួសារ​តាម​ជើង​ យន្ដ​ហោះ​ដែល​បញ្ជូន​មក​អោយ​ដោយ​រដ្ឋា​ភិបាល​ចិន​។​

ថ្ងៃទី​៧ ខែមករា ការ​ចេញ​ដំនើរ​នៃ​រថ​ភ្លើង​ចុង​ក្រោយ​របស់​ពួក​ខ្មែរ​ក្រហម​ ដែល​មាន អៀង សារី ទៅ​ជា​មួយ​ដែរ​។ ទាហាន​យួន និង កង​ទ័ព​រណសិរ្ស​​ចូល​កាន់​កាប់​ក្រុង​ភ្នំ​ពេញ​។ «របប​ខ្មែរ​ក្រហម​មាន​រយៈ​ពេល​៣ឆ្នាំ​ ៨​ខែ ២០​ថ្ងៃ រួម​ជា​ថ្ងៃ​ទាំង​អស់​មាន​ចំនួន​ ១៣៧៥​ថ្ងៃ​។ ក្នុង​មួយ​ថ្ងៃ​ៗ​ ជា​មធ្យម​មាន​មនុស្ស​ស្លាប់​ចំនួន​ ១១៥០​នាក់​។​» គួរ​បញ្ជាក់​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក ៧០% នៃ​ប្រទេស​កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​ខ្មែរ​ក្រ​ហម​។ មាន​ន័យ​ថា ប្រជា​ជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​រង​នូវ​របប​ផ្ដាច់​ការ​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​៩​ឆ្នាំ​។ ថ្ងៃ​ទី​១១ សីហនុ នៅ​អែក​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ថ្លែង​ការ​ផ្ដន់​ទា​ទោស​ការ​ឈ្លាន​ពាន​ របស់​យួន​ក្នុង​នាម​ជា​នាក់​នាំ​ពាក្យ​របស់​ខ្មែរ​ក្រហម​។ អៀង សារី ទៅ​ដល់​ប៉េ​កាំង ទទួល​បាន​ជំនួយ ៥​លាន​ពី​ចិន​ ដើម្បី​បន្ដ​ការ​ប្រយុទ្ធ​តស៊ូ​ ថ្ងៃ​ទី​១២ ការ​បង្កើត​របប​សារ​ធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុ​ជា​។ ថ្ងៃ​ទី​១៣ ក្រុម​ប្រឹក្សា​សន្ដិ​សុខ​ទាម​ទា​អោយ​មាន​ការ​ដក​ថយ​កង​ទ័ព​បរ​ទេស​ ហើយ​ចាត់​ទុក​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ជា​រដ្ឋា​ភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។ ថ្ងៃ​ទី​១៤ នៅ​ទី​ក្រុង​ញូយ៉ក​ សីហនុ គេច​ខ្លួន​ពី​ការ​គ្រប់​គ្រង​របស់​គណ​ប្រតិ​ភូ​កម្ពុជា​ប្រជា​ធិប​តេយ្យ ហើយ​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោ​បាយ​។ នៅ​អូតា​ប៉ាវ ប្រទេស​ថៃមាន​ការ​ចាប់​ផ្ដើម​ការ​យោគ​យល់​គ្នារ​វាង​ចិន និង ថៃ គឺ​កិច្ច​ព្រម​ព្រៀង​សំងាត់​រវាង​បាង​កក​ប៉េកាំង​ ដើម្បី​គាំ​ទ្រ​ពួក​ខ្មែរ​ក្រហម​។​ ថៃ​អនុញ្ញាតិ​អោយ​ពួក​ខ្មែរ​ក្រហម​ប្រើ​ប្រាស់ ទឹក​ដី​របស់​គេ​ធ្វើ​ជា​មូល​ដ្ឋាន​។ លើស​ពី​នេះ​ ថៃ​ជួយ​សំរួល​រាល់​ការ​បំពាក់​គ្រឿង​បរិក្ខា​ និង ការ​ហ្វឹក​ហ្វឺន​ទាហាន​ ខ្មែរ​ក្រហម​។​ ផ្ដល់​មធ្យោ​បាយ​ឆ្លង​កាត់​ ស្នាក់​នៅ​ និង ធ្វើ​ដំនើរ​ដល់​ពួក​មេ​ខ្មែរ​ក្រហម​។ អតីត​មូល​ដ្ឋាន​ទ័ព​អាមេរិ​កាំង​នៅ តា​ឃ្លី​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ប្រតិ​បត្ដិ​ការ​យ៉ាង​សំខាន់​បំផុត​ សំរាប់​សហ​ប្រតិ​បត្ដិ​ការ​យុទ្ធ​សាស្រ្ដ​របស់​ចិន ជា​មួយ​ប្រ​ទេស​អាស៊ី​អា​គេ្នយ៍​មួយ​នេះ​។ ថ្ងៃ​ទី​១៧ មករា ទាហាន​យួន​ទៅ​ដល់​ព្រំដែន​ថៃ​។ ខ្មែរ​ក្រហម​បាន​បាត់បង់​កំលាំង​ប្រយុទ្ធ​ជាង ៤០០០០​នាក់​។ ពួក​នេះ​ត្រូវ​ស្ថិត​នៅ​រាយ​ប៉ាយ​តាម​ជួរ​ភ្នំដង​រែក និង​ភ្នំ​ក្រវាញ​។ ពួក​នេះ​បាន​គៀរ​ប្រជា​ជន​ទៅ​ជា​មួយ​ជាង ១០​ម៉ឺន​នាក់​។ ថ្ងៃ​ទី​២១​ ថៃ​ប្រកាស​ទទួល​ស្គាល់ កម្ពុជា​ប្រជា​​ធិប​តេយ្យ​។ ថ្ងៃ​ទី​២៥ សីហនុ ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​៣០ លោក​ប្រធានា​ធិប​តិបារាំ​ង ហ្សិ​ស្កា​ដេ​ស្ដាំង​ ដាក់​លក្ខ​ខ័ណ្ឌ​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​ នឹង ការ​ស្នើ​សុំ​សិទ្ធ​ជ្រក​កោន​​នយោ​បាយ​ជា​យថា​ហេតុ​ពី​សំនាក់​សីហនុ​។ ចុង​ខែ​កុម្ភៈ តាម​ការ​ស្នើរបស់​ តេង សោ​ពេញ សីហនុ ​ទៅរស់​នៅ​ក្រុង​ប៉េកាំង​។

ខែ​មេសា ថ្ងៃ​ទី​១៧ គុក​ទួល​ស្លែង​ត្រូវ​ដាក់​ជាសារ​មន្ទីរប្រល័យ​ពូជ​សាសន៍​។ ខែ​មេសា ឧសភា ជន​ស៊ីវិល​កម្ពុជា​ រាប់​ពាន់​នាក់​ដែល​បាក់​កំលាំង​ ហេវ​ហត់​នោះ​បាន​នាំ​គ្នា​ទៅ​ផ្ដុំ​នៅ​ព្រំ​ដែន​ថៃ​។ សភាព​ច្របូក​ច្របល់​បាន​កើត​មាន​ឡើង​។ ជា​ទូ​ទៅ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ត្រូវ​ទាហាន​ថៃ​រុញ​ច្រាន​អោយ​ត្រលប់​ថយ​វិញ​ ទោះ​បី​ជា​ពួក​គេ​មាន​ការ​ ព្រួយ​បារម្ភ​ខ្លាច​ធ្លាក់​ចូល​កន្ដាប់​ដៃ​ពួក​ខ្មែរ​ក្រហម​ម្ដង​ទៀត​ក៏​ដោយ​។​

ខែ​ឧសភា ថ្ងៃ​ទី​២០ សី​ហនុ ចេញ​ពី​ប៉េ​កាំង​ទៅ​ព្យុង​យ៉ាង។
ខែ​មិថុនា ថ្ងៃ​ទី​២ សីហនុ ទាត់​ចោល​គំនិត​នៃ​ការ​សហ​ប្រតិ​បត្ដិ​ការ​ជា​មួយ​ពួក​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​៨ ទាហា​ថៃ​បាន​ដឹក​ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន​ជិត ៤៥០០០​នាក់​តាម​រថ​យន្ដក្រុង​ចេញ​ពី​តំបន់​ជិត​ព្រះ​វិហារ​ មាន​​ការ​គំរាម​កំហែង​ដោយ​អាវុធ បង្ខំ​អោយ​ជនភៀស​ខ្លួន​ដើរ​កាត់​ចំការ​មីន​។ មាន​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ត្រូវ​ទទួល​គ្រោះ​ថ្នាក់​។​

ខែសីហា ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​១៩ តុលា​ ការ​ប្រជា​ជន​បដិវត្ដន៍​នៅ​ទី​ក្រុង​ភ្នំពេញ ប្រកាស​កាត់​ទោស​ប្រហា​ជីវិត កំបាំង​មុខ​ប៉ុល ពត អៀង សារី ពី​បទ​ប្រល័យ​ពូជ​សាសន៍​។​

ខែ​កញ្ញា ថ្ងៃ​ទី​៩ នៅ​អែ​សន្និ​សិទ​នៃ​ចល​នា​មិន​ចូល​បក្ស​សម្ព័ន្ធ ផាម វ៉ាន់​ដុង មេ​ដឹក​នាំ​យួន​បាន​ប្រកាស​ថា ស្ថាន​ការ​នៅ​ស្រុក​ខ្មែរ​មិន​អាច​ប្រែ​ក្រឡាស​បាន​ឡើយ​។ ​អាសន​របស់​ប្រទេស​កម្ពុជា​ត្រូវ​អោយ​នៅ​ទំ​នេរ​។ ថ្ងៃ​ទី​២៤ ការ​ចូល​បវ​សេន​កាល​លើក​ទី​មួយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៤​។

ខែតុលា ថ្ងៃទី​១២ ជំនួប​រវាង ប៉ែន សុវណ្ណ និង ប្រេស​ណែវ​នៅ​មូស្គួ​។ ខែ​វិច្ឆិកា ថ្ងៃ​ទី១៤​ នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ មាន​ការ​បោះ​ឆ្នោត​ដោយ​មាន​ ៩១សំលេង​ស្រប​ ២១​សំលេង​ប្រឆាំង នឹង ២៩​សំលេង​អនុប​វាទ ចំពោះ​ការ​ផ្ដន់​ទា​ទោស​ការ​ឈ្លាន​ពាន​របស់​យួន និង ទាម​ទារ​អោយ​យួន​ដក​ថយ​។ កម្ពុជា​ប្រជា​ធិប​តេយ្យ​ នៅ​រក្សា​កៅ​អី​កម្ពុ​ជា​នៅ​អែ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដដែល​។ អគ្គ​លេខា​ធិការ​នៃអង្គ​ការ​សហប្រ​ជាជាតិ​ ត្រូវ​បាន​គេ​អេញ្ជីញ​អោយ​រៀប​ចំ​ប្រតិ​បត្ដិ​ការ​អន្ដរ​ជាតិ​ជួយ​សង្រ្គោះ​មួយ​។

ព្រឹត្ដការណ៍ឆ្នាំ១៩៨០
ខែកុម្ភ ថ្ងៃទី២៩ ស្ថាន​ទូតអា​មេរិក​នៅ​បាងកក ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​កុំ​អោយ​សាធារណ​រដ្ឋ​កម្ពុជា​ប្រជា​មានិត​ មាន​សេ្ថរ​ភាព​បាន និង​ ប្រឆាំង​យួន​យ៉ាង​សំងាត់​។ ជំនួយ​បុគ្គ​លិក​ស្ថាន​ទូត​អាមេរិ​កាំង​នៅ​​ទី​នោះ​ឡើង​ដល់ ១២៦​នាក់ (កាល​ពី​ឆ្នាំ​១៩៧៥ មាន​តែ ៤៨​នាក់​ប៉ុណ្ណោះ)​។

ថ្ងៃទី​២០ ខែ​មីនា​កំលាំង​យួន​វាយ​លុក​តំបន់​ដែល​ត្រួត​ត្រា​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ឡើយ​ ហើយ​ថែម​ទាំង​ឆ្លង​ព្រំ​ដែន​ថៃ​ទៀត​សកម្ម​ភាព​នេះ​ រិត​តែ​ធ្វើ​អោយ​ពួល​អាន​ស៊ាន​មាន​ការ​ក្ដៅ​ក្រហាយ​ និង បំផ្លាញ​ចោល​នូវ​ការ​ខំ​ប្រឹង​​ប្រែង​របស់​រដ្ឋ​មន្រ្ដី​ការ​បរទេស​យួន ង្វៀន កូ​ថាច់ ដែល​មាន​បំនង​ចង់​អោយ​ពួក​អាស៊ាន​ជួយ​គាំ​ទ្រ​ជំហរ​របស់​ខ្លួន​ ដូច​ប្រទេស​អិណ្ដូន​ស៊ី​នោះ​។​