ថ្ងៃសៅរ៍ ទី12.មិថុនា 2021.ម៉ោង 10:37
ព្រិត្ដិការណ៍ ឆ្នាំ១៩៧០ -១៩៧៥

ព្រឹត្ដការណ៍ឆ្នាំ១៩៧០
ខែមករា ថ្ងៃទី៦ នរោត្ដម សីហនុ ចេញ​ដំណើរ​ទៅ​កាន់​ប្រ​ទេស​បារាំង​។ ខែ​កុម្ភៈ ថ្ងៃ​ទី​៣ វរ​សេនីយ​អែក អ៊ុំ មា​ណូ​រិន ជា​រដ្ឋ​លេខា​នៃ​កិច្ច​ការ​ពារ​លើ​ផ្ទៃ​ប្រ​ទេស​ និង​ ត្រូវ​ជា​ប្អូន​ថ្លៃ​របស់ សីហនុ​​ ផង​នោះ​ បាន​ចូល​រួម​ក្នុង​ការ​រត់​ពន្ធ​ដ៏​ធំ​មួយ​។ ថ្ងៃ​ទី​១៨ លន់ នល់ ត្រលប់​ពី​ប្រទេស​បារាំង​ចូល​កម្ពុ​ជា​វិញ​។

ខែមីនា ពី​ថ្ងៃ​ទី​៨ ដល់​ទី​៩ មាន​បាតុ​កម្ម​ជា​ច្រើន​នៅ​ស្វាយ​រៀង​ ប្រឆាំង​យួន​ដែល​បំផុស​ដោយ​ពួក​ទាហាន​។ ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៦​ មាន​បាតុ​កម្ម​ជា​ច្រើន​នៅ​ភ្នំ​ពេញ​ប្រឆាំង​យួន​យៀក​កុង​ និង​ ប្រឆាំង​ក្រុង​ហាណូយ​។ ស្ថាន​ទូតយួន​ខាង​ជើង​ និង​ ស្ថាន​ទូត​របស់​រដ្ឋា​ភិបាល​បដិ​វត្ដន៍​បន្ដោះ​អាសន្ន​របស់​យួន​ត្រូវ​បាតុ​ករ​វាយ​កំទេច​។ យួន​ជា​ច្រើន​ក្បាល​ត្រូវ​សំលាប់​។​

ថ្ងៃទី​១២ មីនា បណ្ណា​គារ ហុង ជូ ដែល​ជា​នាក់​ម៉ៅ​ផ្ដាច់​មុខ​លើ​សំភារៈ​សិក្សា​ ដែល​មាន​បិទ​រូប​សីហនុ​នោះ​ ត្រូវ​គេ​វាយ​កំ​ទេច​។ នៅ​ថ្ងៃ​ទី១៥​ រដ្ឋា​ភិបាល​ស្នើ​អោយ​ក្រុង​ហា​ណូយ​ និង​ពួក​យៀក​កុង អោយ​ដក​ថយ​ទាហាន​ចេញ​ពី​ទឹក​ដី​ខ្មែរ​។ រដ្ឋា ភិបាល​ក៏​បាន​លុប​ចោល​ផង​ដែរ​ នូវ កិច្ច​ព្រម​ព្រៀង​ផ្ដល់​យោធុ​បករណ៍​ដល់​ពួក​កុំមុយ​និស្ដ​យួន​តាម​ច្រក​កំពង់​ផែ​ ក្រុង​ព្រះ​សីហនុ​។ សីហនុ​បាន​ថ្កោ​ទោស​បាតុ​កម្ម និង បាន​ស្ដី​បន្ទោស​ដល់​រដ្ឋាភិ​បាល និង​ រដ្ឋស​ភាជាតិ​។ ដោយ​រដ្ឋ​សភា​បាន​ផ្ដល់​ការ​គាំ​ទ្រ​ដល់​បាតុ​ករ​។​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​មហា​ក្សត្រី​យានី រដ្ឋា​ភិបាល​មាន​គំរោង​ នឹង បញ្ជូន​គណ​ប្រតិភូ​មួយ​ក្រុម​ទៅ​ពន្យល់​សភាព​ការណ៍​ដល់​សីហនុ​ តែ​ត្រូវ​ព្រះ​អង្គ​បដិសេធ​មិន​ទទួល​។​ ថ្ងៃ​ទី​១៣ សីហនុ ចេញ​ពី​បារីស​ ទៅ​កាន់​ប៉េ​កាំង​។​ ថ្ងៃ​ទី​១៥ លន់ នល់ សុំ​ជំនួយ​ពី​ទាហាន​យួន​ខាង​ត្បូង​។

ថ្ងៃ​ទី​១៦ មីនា សី​ហនុ បដិ​សេធ​មិន​ត្រលប់​ចូល​ភ្នំ​ពេញ​ដោយ​មក​ពី​វរសេ​នី​អែក អ៊ុំ មា​ណូរិន បរា​ជ័យ​ក្នុង​ការ​​អោយ​គេ​ចាប់ លន់ នល់​។​ បាតុ​កម្ម​ថ្មី​ៗ​ ជា​ច្រើន​ប្រឆាំង​យួន​។ បរា​ជ័យ​កិច្ច​ចចារ​ខ្មែរ​យួន ស្ដី​អំពី​ការ​ដក​ទ័ព​យួន​ហាណូយ​ និង យួន​យៀក​កុង​។​

ថ្ងៃ​ទី​១៧ មីនា អ៊ុំ មាណូ​រិន ត្រូវ​គេ​បង្ខំ​អោយ​ចុះ​ចេញ​ពី​តំនែង​ និង ដាក់​ឃុំ​ក្នុង​ផ្ទះ​។ ថ្ងៃ​ទី​១៨​ នៅពេល​ដែល​រថ​ក្រោះ​ព័ទ្ធ​អគ្គារ​រដ្ឋ​សភា សភា​ទាំង​ពីរ​កោះ​ប្រជុំ​ដោយ​សំងាត់​ ដោយ​បោះ​ឆ្នោត​ក្រោម​ការ​គំរាម​គំហែង​ ជា​អែក​ច្ឆន្ទ និង ដោយ​កំបាំង​មុខ​នូវ​ការ​ទំលាក់​នរោត្ដម សីហនុ​ ពី​តំនែង​ប្រមុខ​រដ្ឋ​។ ចេង​ ហេង ជា​នាក់​បន្ដ​តំនែង​នេះ​។ រដ្ឋា​ភិបាល​ លន់ នល់​ត្រូវ​រៀប​ចំ​ឡើង​វិញ​។ សីហនុ ចេញ​ពី​មូស្គូ​ទៅ​ប៉េ​កាំង​ ដែល​នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ជួប​ នឹង ប្រតិ​ភូ​បក្ស​កុំមុយ​និស្ដ​ខ្មែរ​ ដឹក​នាំ​ដោយ​សាឡុត ស​។

ថ្ងៃ​ទី​១៩ សេច​ក្ដី​ប្រកាស​រដ្ឋ​មាន​ភាព​អាសន្ន​។​ រដ្ឋា​ភិបាល​សហ​រដ្ឋ​អា​មេ​រិក​ចាត់​ទុក​ការ​ទំលាក់ សីហនុ ជា​ការ​ស្រប​ច្បាប់​។ នៅ​ទី​ក្រុង​ភ្នំពេញ​ ការ​ទំលាក់​ សីហនុ​ ត្រូវ​បាន​ទទួល​សាទរ​ដោយ​ក្ដី​រំភើប​ពី​សំនាក់​យុវជន​ និង ជា​ពិ​សេស​ពួក​និស្សិត​ក៏​ដូច​ជា​ពួក​បញ្ញា​វន្ដ​ដែរ​ ដែល​ពួក​គេ​ជឿ​ជាក់​ថា​បដិ​វត្ដន៍​បារាំង​ឆ្នាំ​១៧៨៩​ រស់​ឡើង​វិញ​។ យុវ​ជន​ រាប់​ម៉ឺន​នាក់​បាន​ស្ម័គ្រ​ចូល​បំរើ​កង​ទ័ព​ដែល​តួ​លេខ​ឡើង​ពី​ ៣៥០០០ ដល់​ ១៥០០០០​នាក់ ក្នុង​រយៈ​ពេល​៩​ខែ​ ប៉ុណ្ណោះ​។

ថ្ងៃទី​២០ មីនា មាន​ការ​ឈ្លាន​ពាន​ដែល​មាន​ទ្រង់​ទ្រាយ​ដ៏​ធំ​មួយ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ពី​សំនាក់​ទាហាន​យួន​ខាង ត្បូង​ ដឹក​នាំ​ដោយ​ទាហាន​អាមេ​រិកាំង​។ ថ្ងៃ​ទី​២៣ នៅ​ទី​ក្រុង​ប៉េ​កាំង​ សីហនុ​ បាន​ប្រកាស​បង្កើត​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​ចិន យួន​ខាង​ជើង​ និង រដ្ឋា​ភិបាល​យួន​បដិ​វត្ដន៍​បន្ដោះ​អាសន្ន​។ រណ​សិរ្ស​នេះ​រួម​មាន​ពួក​នាក់​សីហនុ​និយម​ និង ក៏​មាន​ផង​ដែរ​ពួក​កុំមុយ​និស្ដ​ខ្មែរ​។ ហើយ​ក្រោយ​មក​រណ​សិរ្ស​ក៏​បាន​បង្កើត​កង​ទ័ព​របស់​គេ​ភ្លាម​ៗ​ដែរ​គឺ កង​ទ័ព​រំដោះ​ជាតិ​ខ្មែរ​។​

ថ្ងៃទី​២៤ សីហនុ​ អំពាវ​នាវ​អោយ​ទាហាន​បះ​បោរ​ប្រឆាំង​ នឹង របប​លន់ នល់​។ សង្រ្គាម​រាល​ដាល​ដល់​ស្រុក​ខ្មែរ​។ ថ្ងៃ​ទី​២៦ មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ នៅ​កំពង់​ចាម​ បាន​ធ្វើ​បាតុ​កម្ម​គាំ​ទ្រ សី​ហនុ​។ សមា​ជិក​សភា​ពីរ​នាក់​ដែល​ ម្នាក់​ជា​ប្អូន​របស់​ លន់ នល់ ត្រូវ​គេ​សំលាប់​ និង កាប់​ជា​ដុំ​ៗ​ ហើយ​វះ​យក​ថ្លើម​អាំង​ស៊ី​។ ថ្ងៃ​ទី​២៧ ដល់ ២៨​ មាន​បាតុ​កម្ម​ជា​ច្រើន​នៅ​ភ្នំ​ពេញ​សៀម​រាប កំពង់​ចាម​ និង តាកែវ ប្រឆាំង​ នឹង របប​ដឹក​នាំ​ដោយ លន់ នល់​។ ការ​បង្រ្កាប​របស់​រដ្ឋា​ភិបាល​ បាន​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​។ ខៀវ សំផន និង​ហ៊ូ នឹម ចេញ​សេច​ក្ដី​ថ្លែង​ការ​គាំទ្រ សី​ហនុ​។ ថ្ងៃ​ទី​២៩ ខែ​មីនា ក្នុង​នាម សី​ហនុ ទាហាន​យៀក​កុង និង យួន​ខាង​ជើង​ បាន​វាយ​លុក​លើ​ទាហាន​រដ្ឋា​ភិបាល​។​

ខែមេសា ថ្ងៃ​ទី​២០ លន់ នល់ សុំជំ​នួយ​យោធា​អា​មេរិក​។​
ខែ​ឧសភា​ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ សន្និ​សិទ​អន្ដរ​ជាតិ​មួយ​នៅ​ក្រុង ហ្សាកាតា ស្នើ​អោយ​មាន​ការ​ដក​ទ័ព​បរ​ទេស​ទាំង​អស់​ចេញ​ពី​ប្រ​ទេស​កម្ពុជា​។ យន្ដ​ហោះ​យួន​ខាង​ត្បូង​បាន​ទំលាក់​កំទេច​សកល​វិទ្យា​ល័យ​កំពុង​ចាម​។​ ថ្ងៃ​ទី​២៦ សហ​រដ្ឋ​អា​មេរិក​ផ្ដល់​ជំនួយ​យោធា​ដល់​រដ្ឋា​ភិបាល លន់ នល់ ដោយ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​៧​លាន​ដុល្លាកន្លះ​។​

ខែ​មិន​ថុនា សាឡុត ស ត្រលប់​ពី​ហាណូយ​មក​រតន​គីរី​វិញ​ហើយ​បាន​ទៅ​ស្នាក់​នៅ​បញ្ជា​កា​រដ្ឋាន​មួយ​នៅ​ស្រុក​​សន្ទុក (ភាគ​ខាង​កើត​ខេត្ដ​កំពង់​ចាម​ ដែល​មាន​ឈ្មោះ ​តាម​ពាក្យ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ហៅថា​ តំបន់​៣១​)​។

ខែ​សីហា ថ្ងៃ​១៧ តុលា​ការ​សឹក​ក្រុង​ភ្នំ​ពេញ​បាន​កាត់​ទោស​កំបាំង​មុខ មូនិក សីហនុ ដាក់​គុក​មួយ​ជីវិ​ត ដោយ​មូល​ហេតុ​ក្បត់​ជាតិ​។​ ខែ​កញ្ញា ប្រតិ​បត្ដិ​ការ​ចេឡា​ ទី​១​។

ព្រឹត្ដការណ៍ឆ្នាំ១៩៧១
ខែ​មករា ថ្ងៃ​ទី​២១ យន្ដ​ហោះ​ទំលាក់​គ្រាប់​បែក​ទាំង​អស់​របស់​ សាធា​រណ​រដ្ឋ​ខ្មែរ​ត្រូវ​កំទេច​នៅ​ នឹង មូល​ដ្ឋាន​ ដោយ​ពួក​ទាហាន​ជាង​យួន​។ ការ​មក​ដល់​ជា​លើក​ទី​១ ​របស់​ពួក​ខ្មែរ​ ហា​ណូយ​នៅ​ខេត្ដ​ក្រចេះ​។ ពួក​គេ​ត្រូវ​​បែង​ចែក​ពេញ​ផ្ទៃ​ប្រទេស​ដោយ​គណ​បក្ស​កុំមុយ​និស្ដ​ខ្មែរ​។​

ខែកុម្ភៈ ថ្ងៃ​ទី​១៨ ការ​រំលាយ​របប​សង្គម​រាស្រ្ដ​និយម​។ លោក លន់ នល់​មាន​ជម្ងឺ​ខូច​ដៃ និង​ជើង​ឆ្វេង​ហើយ​ត្រូវ​​ចេញ​ទៅ​ព្យា​បាល​នៅ​បរ​ទេស​រហូត​ដល់​ថ្ងៃ​ទី​២០ មេសា​ទើប​ត្រលប់​មក​វិញ​។​

ខែ​មីនា ថ្ងៃទី​១៨ រដ្ឋា​ភិបាល​បោះ​ពុម្ព​សៀវ​ភៅ​ស និយាយ​អំពី​​ការ​ឈ្លាន​ពាន​របស់​ពួក​យៀក​កុង​ និង​ យួន​ខាង​ជើង​។
​ខែសីហា ថ្ងៃទី២០ ការ​ចាប់​ផ្ដើម​ប្រតិ​បត្ដិ​ការ​ចេន​ឡា​ទី​២​។
ខែ​ធ្នូ ថ្ងៃ​ទី​១៧ សេរី​ភាព​នៃ​ជន​ស៊ីវិល​ និង​ សិទ្ធិ​ខាង​នយោ​បាយ​ត្រូវ​បំបាត់​ចោល​។

ព្រឹត្ដការណ៍ឆ្នាំ១៩៧២
ខែ​កុម្ភៈ ថ្ងៃ​ទី​៥ របាយ​ការណ៍​ស្ដី​អំពី​ស្ថាន​ភាព​ភៀស​ខ្លួន​ខ្មែរ​ ត្រូវ​ដាក់​បង្ហាញ​ព្រឹទ្ធ​សភា​អាមេ​រិក ដែល​បាន​បង្ហាញ​ ពាក្យ​អោយ​ដឹង​ថា មាន​ជន​ភៀស​ខ្លួន​គ្មាន​ទី​ជំរក​ចំនួន​ ២​លាន​នាក់​។ ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ដល់​ទី៧​ មេសា មាន​បាតុ​កម្ម​របស់​ពួក​ និស្សិត​សំដែង​ការ​ខក​ចិត្ដ​ចំពោះ​នយោ​បាយ​របស់​របប​​គ្រប់​គ្រង​។ ពួក​ប៉ូ​លិស​បាន​សំលាប់​ និង​ធ្វើ​អោយ​របួស​មនុស្ស​ប្រមាណ ៣០​នាក់​។ ពួក​យុវជន​ជា​ច្រើន​បាន​រត់​ទៅ​ចូល​ខាង​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​។​

ខែ​កញ្ញា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៩ មាន​បាតុ​កម្ម​ប្រកប​ដោយ​អំពើ​ហឹង្សា​ជា​ច្រើន នៅ​តាម​ទី​ក្រុង​នានា​ប្រឆាំង​ នឹង ការ​ឡើង​ថ្លៃ​ទំនិញ​។
ខែ​តុលា ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ នៅ​ពេល​យប់​កង​កុំម៉ង់​ដូ​យួន​ខាង​ជើង​បាន​កំទេច​ ស្ពាន​ជ្រោយ​ចង្វា​ ដែល​ក្រោយ​មក​ត្រូវ​គេ​ហៅ​ស្ពាន​បាក់​ រហូត​ដល់​មាន​ការ​ជួស​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៣​។

ខែ​ធ្នូ ថ្ងៃ​ទី​២២ ស៊ី ង៉ុក មិញ ងាប់​នៅ​ ប៉េ​កាំង​។ ហេតុ​ការ​នេះ​បាន​ធ្វើ​អោយ​ពួក​ខ្មែរ​ ហា​ណូយ​មាន​ការ​ចុះ​ខ្សោ​យ​កាន់​តែ​ខ្លាំង​។ ការ​ធ្វើ​បុណ្យេ​ខ្មាច​ប្រព្រឹត្ដ​ទៅ​នៅ​ហា​ណូយ​។ អៀង​ សារី និង ប្រពន្ធ​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​​បុណ្យ​នោះ​ដែរ​។​

ខែកុម្ភៈ ថ្ងៃ​ទី​៥ របាយ​ការណ៍​ស្ដី​អំពី​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​ខ្មែរ​ ត្រូវ​ដាក់​បង្ហាញ​ព្រឹទ្ធ​សភា​អាមេ​រិក ដែល​បាន​បង្ហាញ​​​អោយ​ដឹង​ថា មាន​ជន​ភៀស​ខ្លួន​គ្មាន​ទី​ជំរក​ចំនួន​ ២លាន​នាក់​។ ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ដល់​ទី​៧ មេសា មាន​បាតុ​កម្ម​របស់​ពួក និស្សិត​សំដែង​ការ​ខក​ចិត្ដ​ចំពោះ​នយោ​បាយ​របស់​របប​​គ្រប់​គ្រង​។ ពួក​ប៉ូលិស​បានសំ​លាប់ និង​ធ្វើអោយ​របួស​មនុស្ស​ប្រមាណ ៣០នាក់។ ពួក​យុវ​ជន​ជាច្រើន​បានរត់ ទៅ​ចូល​ខាង​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​។ មានការច្រលំត្រង់នេះ

ព្រឹត្ដការណ៍ឆ្នាំ១៩៧៣
ពាក់​កណ្ដាល ខែ​កុម្ភ សីហនុ នៅ​ទី​ក្រុង​ហាណូយ។ សីហនុ​ចាប់​ផ្ដើម​ធ្វើ​ទស្សន​កិច្ច​នៅ​តាម​តំបន់​រំដោះ​ ដែល​ត្រូវ​ត្រួត​ត្រា​ដោយ​ពួក​រណសិរ្ស​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ ហូជី​មិញ​។

ខែមីនា ថ្ងៃ​ទី​១៧ ការ​ទំលាក់​គ្រាប់​បែក​នៅ​វិមាន​ចំការ​មន ដោយ​នាយ​ទាហាន​ខ្មែរ​ដែល​ជា​កូន​ប្រសារ​បស់ សីហនុ​។ លន់ នល់ មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។ ប៉ុន្ដែ​មាន​មនុស្ស​ស្លាប់​ ៤៧​នាក់​។ មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​ ជា​ពិសេស​គ្រួសារ​រាជ​វង្ស​។ ថ្ងៃ​ទី​២៣ សីហនុ​ ជា​មួយ​មូនិក នៅ​ភ្នំ​គូលេន​ រួម​ជា​មួយ ហ៊ូ​ យន់ ហ៊ូ នឹម ខៀវ​ សំផន​ សុន សេន និង សាឡុត ស​។ គឺ​ជា​ការ​ជួប​ជុំ​គ្នា​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ពិធី​ខួប​រំលឹក​ឆ្នាំ​ទី​៣ នៃ​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​។​

ខែ​មេសា ថ្ងៃ​ទី​៨ សី​ហនុ ត្រលប់​ទៅ​​ហា​ណូយ​វិញ​។
ខែ​​ឧសភា​ ថ្ងៃ​ទី​២០ គឺ​ជា​ការ​ចាប់​ផ្ដើម​ការ​ធ្វើ​សមូហ​នី​យ​កម្ម​ស្រែ​ នៅ​តាម​តំបន់​ដែល​ត្រួត​ត្រា​ដោយ​ពួក​រណសិរ្ស​ ដែល​បន្ដិច​ៗ​ម្ដង​ ត្រូវ​ត្រួត​ត្រា​ដោយ​ពួក​កុំមុយ​និស្ដ​ខ្មែរ​។​ មាន​ការ​បង្កើត​សហ​ករណ៍​ ការ​លុប​បំបាត់​លុយ​។ ហើយ​ជា​បន្ដើរ​ៗ​ គឺ​ឈាន​ទៅ​ដល់​ការ​កំចាត់​ពួក​សីហនុ​និយម​ និង​ ខ្មែរ​ហា​ណូយ​។ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កុំមុយ​ និស្ដ​យួន​នៅ​ស្រុក​ខ្មែរ​មាន​កាន់​ច្រើន​ ពាក្យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​គេ​ប្រើ​សំរាប់​ហៅ​ពួក​យុទ្ធ​ជន​របស់ ប៉ុល ពត​។​

ខែ​សីហា ថ្ងៃ​ទី​១២ នៅ​ក្នុង​បទ​សំភាសន៍​មួយ អូ​រីយា​ណា​ហ្វា​ឡា​ស៊ី សីហនុ បាន​ប្រកាស​ថា នៅ​ពេល​ណា​ដែល​ពួក​ខ្មែរ​ក្រហម​លែង​ត្រូវ​ការ​ខ្ញុំ​ ពួក​គេ​ នឹង ខ្ជាក់​​ខ្ញុំ​ចោល​ដូច​គ្រាប់​សារី​។ ថ្ងៃ​ទី​១៥ ការ​បញ្ចប់​ការ​ទំលាក់​គ្រាប់​​បែក​ អាមេ​រិកាំង​ចំនួន​៥៣៩១២៩ តោន​។ តួ​លេខ​នេះ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ ជាប់​ចំនាត់​ថ្នាក់​លេខ​មួយ​ជា​ប្រ​ទេស​ដែល​ត្រូវ​រង​នូវ​ការ​ទំលាក់​គ្រាប់​​បែក ចាប់​ពី​សង្រ្គាម​លោក​លើក​ទីពីរ​មក​ (ប្រទេស​ជប៉ុន​ទទួល​ត្រឹម​តែ​១៦០០០០ តោន​រវាង​ឆ្នាំ​១៩៤២ ១៩៤៥)​។

ព្រឹត្ដការណ៍ឆ្នាំ១៩៧៤
ខែ​មករា ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​នាក់​តស៊ូ​ និង នាក់​តស៊ូ នៅ​កោះ​កុង​។ នៅ​ខេត្ដ​ក្រចេះ​ លោក​សង្ឃ​ត្រូវ​បាន​គេ​ផ្សឹក​។ ថ្ងៃ​ទី​២៦ មាន​ការ​បាញ់​រុកែ្កត​យ៉ាង​សំបើម​ដាក់​ទី​ក្រុង​ភ្នំពេញ​។

ខែ​មេសា ថ្ងៃ​​ទី​​៣ ការ​មក​ដល់​នៃ អែក​អគ្គ​រដ្ឋ​ទូត​ថ្មី​អា​មេរិក ហ្សន ហ្គាន​ធី​ ឌីន​។
ខែ​​កក្កដា ថ្ងៃ​ទី​៩ តាម​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ឌីន​ អែក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក លន់ នល់ ស្នើ​អោយ​មាន​ការ​ចរ​ចា​ជា​មួយ​ខ្មែរ​ម្ខាង​ទៀត​ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ​។ ​សីហនុ ​បដិ​សេធ ហើយ​ថែម​ទាំង​ប្រកាស​ថា​ ខ្ញុំ​ចូល​ភ្នំពេញ​ នៅ​ពេល​ណា​ដែល​ប្រជន​ទាំង​អស់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​អស់​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៧៥
ខែ​ម​ករា ថ្ងៃ​ទី​១ ការ​ចាប់​ផ្ដើម​វាយ​លុក​ទូរ​ទៅ​របស់​ពួក​កង​ទ័ព​រំដោះលើ​ទី​ក្រុង​ភ្នំ​ពេញ​។
ថ្ងៃ​​​ទី​​៥ ខែកុម្ភ សេ​វា​កម្ម​ធ្វើ​ដំណើរ​មក​កាន់​ភ្នំ​ពេញ​ទាំង​អស់​ត្រូវ​កាត់​ផ្ដាច់​លើក​លែង​តែ​តាម​ផ្លូវ​អាកាស​។​ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ សន្និ​បាទ​ ពួក​ត​ស៊ូ​ទាំង​ពីរ​ក្រុម ដើម្បី​កំនត់​នយោ​បាយ​ក្រោយ​ពី​បាន​ទទួល​ជ័យ​ជំនះ​ (ជំ​លៀស​ប្រជា​ជន​ពី​ទី​ក្រុង​ លុប​បំបាត់​លុយ និង​ ទំនាក់​ទំនង​ជា​មួយ​យួន​) បង្កើត​បាន​ជា​ការ​ជជែក​គ្នា​យ៉ាង​ខ្លាំង​។​ ក្រដាស​ប្រាក់​ ដែល​បោះ​ពុម្ព​នៅ​ចិន ត្រូវ​បាន​នាំ​មក​ក្នុង​តំបន់​រំដោះ​ដើម្បី​ធ្វើ​ចរា​ចរ​ក៏​មិន​ត្រូវ​បាន​គេ​ប្រើ​ដែរ​។ រណសិរ្ស​ទាំង​ពីរ​នេះ​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​ជន​ក្បត់ ៧​នាក់​ដែល​ត្រូវ​ប្រហារ​ជីវិត​ គឺ៖
១ - លន់ នល់
២ - សិរីមតៈ
៣ - អ៉ិន តាំ
៤ - ចេង ហេង
៥ - សុស ស្ដែន ហ្វែណង់ដេស
៦ - លន់ ណុន
៧ -ឡុង បូរ៉េត។

ខែមេសា ថ្ងៃ​ទី១ លន់ នល់ និង​ក្រុម​គ្រួសារ​រួម​ជា​មួយ​សហ​ការី​ជិត​ស្និទ្ធ​របស់​គាត់​ចាក​ចេញ​ពី​ភ្នំ​ពេញ។ ថ្ងៃ​ទី​៤ នៅ​ពេល​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​របស់​បក្ស​កុំមុយ​និស្ដ​ ហ៊ូ យន់​ ណាយ​ សា​រ៉ាន និង​ ឈូក ជំ​ទាស់​ នឹង ផែន​ការ​ជំលៀស​ប្រជា​ជនពី​​​​ក្រុង និង​ បំបាត់​លុយ​។​

ថ្ងៃទី​១២ អែក​អគ្គ​រដ្ឋ​ទូត​អា​មេរិក ហ្សន​ហ្គា​ធី ឌីន​ និង​បុគ្គ​លិក​ទូត​ទាំង​អស់ ព្រម​ទាំង​ជាតិ​ខ្មែរ​ចំនួន ១៥៦​នាក់​ដែល​​ក្នុង​នោះ​មាន​លោក សូខាំ ខូយ​ផង​ដែរ​ បាន​ចាក​ចេញ​តាម​ឧទ្ធម្ភាគ​ចក្រ​ពី​ទី​ក្រុង​ភ្នំពេញ​។ ថ្ងៃ​ទី​១៥ តា​ខ្មៅ​រលំ​។ ខ្សែ​ក្រវាត់​ការ​ពារ​ទី​ក្រុង​ភ្នំ​ពេញ​ទាំង​អស់​រលាយ​។​

ថ្ងៃ​ទី​១៧ កង​ទ័ព​រំដោះ​ចូល​ភ្នំ​ពេញ​។ នៅ​ថ្ងៃ​ដ​ដែល​ ពួក​កុំ​មុយ​និស្ដ​ខ្មែរ​ក្រហម​ត្រួត​ត្រា​ទូ​ទាំង​ផ្ទៃ​ប្រទេស​។ ការ​ចាប់​ផ្ដើម​ជំលៀស​ប្រជា​ជន​ពី​ទី​ក្រុង និង​ អ្នក​ភូមិ​ដែល​រស់​ក្រោម​ការ​ត្រួត​ត្រា​របស់​សាធា​រណ​រដ្ឋ​ដល់​ចុង​ឆ្នាំ ១៩៧៤​។ កំទេច​រាល់​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បំនង​ប្រ​ឆាំង​ និង អ្នក​ដែល​គ្មាន​លទ្ធ​ភាព​ចេញ​ពី​ក្រុង​។​ ជន​បរ​ទេស​ទាំង​អស់​ត្រូវ​ប្រមូល​ផ្ដុំ​នៅ​បរិ​វេណ​ស្ថាន​ទូត​បារាំង​។​ ជន​ជាតិ​យួន​ចំនួន​២៥០​ពាន់​ នៃចំ​នួន​ ៤០០​ពាន់​នាក់​ ចេញ​ពី​កម្ពុ​ជា​។ សមា​ជិក​រដ្ឋា​ភិបាល​សាធា​រណ​រដ្ឋ​ទាំង​អស់​ត្រូវ​ប្រហារ​ជីវិត​ រួម​ទាំង​សមា​ជិក​គណ​កម្ម​ធិការ​ជាន់​ខ្ពស់​លើក​លែង​តែ សាក់ សិទ្ធ​សាខន​ ដែល​គេច​ខ្លួន​ទាន់​តាម​ឧទ្ធម្ភាគ​ចក្រ​។ ថ្ងៃ​ទី​២៤ ប៉ុល ពត ត្រលប់​ចូល​ ភ្នំ​ពេញ​វិញ​ ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ទី​នេះ​តាំង​ពី​ខែ​ឧសភា ១៩៦៣​។​ ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ សមាជ​ជាតិ​ពិសេស​មួយ​បាន​បើក​ដោយ​មាន​សមា​ជិក​ចំនួន ៣១១​នាក់​ចូល​រួម​ ដែល​ក្នុង​​នោះ​មាន​តំនាង​អង្គ​ការ​ចំនួន​ ១២៥​នាក់ តំនាង​កង​ទ័ព​រំដោះ​ចំនួន​ ១១២​នាក់ (FAPLNK) តំនាង​ព្រះ​សង្ឃ ២០​អង្គ​ តំនាង​រណសិរ្ស​ចំនួន​ (FUNK ៤១) តំនាង​រដ្ឋា​ភិបាល​តស៊ូ​ចំនួន​ GRUNK ១៣​នាក់​ ប្រទេស​កម្ពុ​ជា​ក្លាយ​ជា​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ (DK)​។ សី​ហនុ ត្រូវ​បាន​អះ​អាង​ថា​ជា​ប្រមុខ​រដ្ឋ​ ដោយ​រក្សា​ទុ​ក GRUNK ជារដ្ឋា​ភិបាល​កម្ពុ​ជា​ប្រជា​ធិប​តេយ្យ​។ ថ្ងៃ​ទី​២៧ ការ​ចូល​ទិវង្គត​របស់​មហា​ក្សត្រ​យានីយ៍ កុសមៈ នៅ​ទី​ក្រុង​ប៉េ​កាំង​។ ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ មេសា​កម្មា​ភិបាល​នយោ​បាយ​ និង យោធា​ទាំង​អស់​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ បាន​មក​ជួប​ជុំ​គ្នា​នៅ​ពហុ​កីឡា​ដ្ឋាន​ក្រុង​ភ្នំពេញ​។ គោល​ការណ៍​នយោ​បាយ​ធំៗ​ របស់​របប​ថ្មី​មាន​៨ ចំនុច​ដែល​អាន​ដោយ​ សាឡុត​ស និង នួន ជា​ ​គឺ៖

១ - ជំលៀស​​ប្រជា​ជន​ទី​ក្រុង​ និង បែង​ចែក​ប្រ​ជា​ជន​ជា​២​ផ្នែក ពួក​ដែល​បាន​រស់​ក្នុង​តំបន់​រដោះ និង អ្នក​រស់​នៅ​ទី​ក្រុង​។
២ - បំបាត់ចោលទាំងអស់សេដ្ឋកិច្ចទីផ្សារ។
៣ - បំបាត់ចោលទាំងអស់លុយកាក់
៤ - ផ្សឹកលោកសង្ឃ និង អោយធ្វើស្រែ។
៥ - ប្រហារជីវិតពួក​មន្រ្ដី​នៃ​របប​សាធា​រណ​រដ្ឋ​ចោល​ទាំង​អស់​
៦ - បង្កើត​សហក​រណ៍​ពេញ​ទូ​ទាំង​ប្រទេស​
៧ - បណ្ដេញ​ប្រជា​ជន​យួន​ទាំង​អស់​ចេញ​ពីកម្ពុជា​
៨ - ប្រើ​កង​កំលាំង​យោធា​នៅ​តាម​ព្រំដែ​ន ជា​ពិសេស​ព្រំ​ដែន​ជា​មួយ​យួន​។ នៅ​ក្នុង​មេ​ទិញ​នោះ​ក៏​មាន​វត្ដ​មាន​ម៉ាត់​លី ជា ស៊ីម និង ហេង សំរិន ដែរ​។​

ខែ​មិថុនា ថ្ងៃទី៥ យួន​ចូល​កាន់​កាប់​កោះ ពូឡឺ​វាយ​ខ្មែរ​។​
ខែសីហា ដោយ​មិន​យល់​ស្រប​ចំពោះ​ការ​វាយ​លុក​លើ​ស្រុក​យួន ហ៊ូ យន់ ចុះ​ចេញ​ពី​តំនែង​ ក្រោយ​មក​បាត់​ខ្លួន​តែម្ដង​។​
ថ្ងៃទី ១៨ កក្កដា សារិន ឆាក និង ជួន ប្រសិទ្ធ ធ្វើ​ដំណើរ​ទៅ​កាន់​ព្យុង​យ៉ាង​ ដើម្បី​សុំ​យាង​សេ្ដច​សីហនុ​ចូល​ភ្នំ​ពេញ​តែ​ត្រូវ​ព្រះ​អង្គ​ប្រ​កែក​។​
ថ្ងៃទី ៥ សីហា ទស្សន​កិច្ច​ផ្លូវ​ការ​របស់ ខៀវ សំផន និង អៀង​សារី​នៅ​ប៉េង​កាំង។​
ថ្ងៃទី ១៨ សីហា ប៉ែន នុត និង ខៀវ សំផន នៅ​ប៉េកាំង​ ចិន​សន្យា​ផ្ដល់​ជំនួយ​ដ៏​ច្រើន​ដល់​របប​ថ្មី​នៅ​កម្ពុជា​។​
ថ្ងៃទី២ ខែកញ្ញា សីហនុ ទៅកាន់​ហាណូយ។ ថ្ងៃទី៩ សីហនុ ត្រ​លប់​មក​ភ្នំពេញ​វិញ​ ដែល​ព្រះ​អង្គ​ត្រូវ​ធ្វើ​ជា​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋ​មន្រ្ដី​ ដំណើរ​ទស្សន​ កិច្ច​មួយ​ទៅ​កាន់​ក្រុង​អង្គរ​ ដើម្បី​យក​ធាតុ​មហាក្ស​ត្រយានិយ៍​កុសមៈ ទៅ​ដំកល់​នៅ​ទី​នោះ​ តែ​ត្រូវ​បដិ​សេធ​។​ ថ្ងៃ​ទី​២០ ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​បាន​ទៅ​ដល់​ស្រុក​ថៃ ​បាន​ផ្ញើ​កំនត់​ហេតុ​មួយ​ច្បាប់​ទៅ​អោយ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ និង សំដេច​សីហនុ​ រៀប​រាប់​អំពី​អំពើ​ព្រៃ​ផ្សៃ​នៅ​ក្នុង​ស្រុក​ខ្មែរ​ ចាប់​តាំង​ពី​ថ្ងៃ ១៧​មេសា​មក​។ នៅ​ថ្ងៃ​ ដដែល​សីហនុ​ ចេញ​ដំណើរ​ទៅ ញូ យ៉ក គឺ​ទៅ​កាន់​អង្គ​ការ​សហ​ប្រជាតិ​។ បន្ទាប់​មក​ព្រះ​អង្គ​ក៏​បន្ដ​ទស្សនៈ​កិច្ច​ទៅ​ ប្រ​ទេស​ផ្សេង​ៗ​ចំនួន​១០​ ដែល​ក្នុង​នោះ​មាន​ប្រទេស​បារាំង​ផង​ដែរ​។ បន្ទាប់​មក​ក៏​ត្រលប់​ទៅ​ក្រុង​ ព្យុង​យ៉ាង​។ ថ្ងៃ​ទី៣១ ខែធ្នូ សីហនុ ត្រលប់​មក​ភ្នំ​ពេញ​វិញ​។​