ថ្ងៃសៅរ៍ ទី5.មិថុនា 2021.ម៉ោង 9:02
ព្រិត្ដិការណ៍ ឆ្នាំ១៩៦៦ -១៩៦៩

ព្រឹត្ដការណ៍ឆ្នាំ១៩៦៦
ខែមករា យួន​ខាង​ជើង​បាន​បង្កើត​កង​អែក​ភាព​មួយ​អោយ​ឈ្មោះ​ថា ប៉េ​៣៦ ជា​អ្នក​ទទួល​ហ្វឹក​ហាត់​ទាហាន​ខ្មែរ​។ កង​អែក​ភាព​នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យួន ឡេ ឌុក​ថ​។ ថ្ងៃ​ទី​១៤ សំដេច​ណូ​រិន​ដេត ក្នុង​នាម​សំដេច​សីហនុ បាន​ថ្លែង​ប្រឆាំង​ចំពោះ​ការ​ទំលាក់​គ្រាប់​បែក​របស់​ពួក​អា​មេរិ​កាំង​លើ​ដី​ខ្មែរ​ ដែល​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់​។​

ខែកុម្ភៈ ថ្ងៃ​ទី៥​ ការិ​យា​ល័យ​ជា​ច្រើន​នៃ​អង្គ​ការ​អាមេ​រិកាំង​មួយ​ឈ្មោះ មូនិ​ធិ​អាស៊ី ដែល​មាន​មុខ​ងារ​ស្រដៀង​គ្នា​ នឹង ពួក​សេអ៊ី​អា​ដែរ​នោះ ត្រូវ​បាន​បិទ​ទ្វារ​។

ខែ​មីនា ថ្ងៃ​ទី​១៩ ការ​ចាប់​ផ្ដើម​នៃ​ជំនួយ​យោធា​សូ​វៀត​។
ខែ​មិថុនា ថ្ងៃ​ទី​១២ រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​ពី​ភ្នំ​ពេញ​ទៅ​ប៉ោយ​ប៉ែតត្រូវ​រង​នូវ​ការ​វាយ​ប្រហារ​។ បើ​តាម​​ការ​សិន្និដ្ឋាន​ គឺ ជា​ពួក​កុំមុយ​នីស្ដ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ មូល​ សម្បតិ្ដ ជា​អ្នក​វាយ​ប្រហារ​។

ខែ​កក្កដា ពី​ថ្ងៃ​ទី៣១ ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ឧទ្ធម្ភាគ​ចក្រ​អាមេ​រិកាំង​ជា​ច្រើន​ បាន​បាញ់​ប្រហារ​លើ​ភូមិ​ខ្មែរ​មួយ​​ឈ្មោះ​ភូមិ​ថ្លុក​ត្រាច​ ដែល​បណ្ដាល​អោយ​មាន​វត្ដ​មាន​នៃ​គណ​កម្មា។ធិការ​ត្រួត​ពិនិត្យ​អន្ដរ​ជាតិ​នៅ​ទី​នោះ​។

ខែ​សីហា ការ​ចរ​ចា​ខ្មែរ​យួន​ (យួន​ខាង​ជើង​ និង​ រណសិរ្ស​រំដោះ​យួន​ខាង​ត្បូង​) លើ​ការ​កំនត់​ព្រំដែន​។ ការ​ចរ​ចា​នេះ​ មាន​ការ​បរា​ជ័យ​ជា​ថ្មី​ទៀត​។ ថ្ងៃ​ទី​១០ សហ​រដ្ឋ​អា​មេរិក​សំដែង​ការ​សោក​ស្ដាយ​ ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​ការ​បាញ់​រះ​ពី​យន្ដ​ហោះ​របស់​​អា​មេរិ​កាំង ដោយ​ពន្យល់​ថា នៅ​ក្នុង​ផែន​ទី​នៃ​ទ័ព​អាកាស​អាមេរិ​ក មិន​បាន​បញ្ជាក់​ថា ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ឡើយ​។ ថ្ងៃ​ទី​១៣ សំដេច​សីហនុ​ លុប​ចោល​ដំណើរ​ទស្សន​កិច្ច​របស់​វាល​រិល​ហា​រី​មែន ដោយ​ហេតុ​ថា សេច​ក្ដី​ប្រកាស​របស់​អា​មេ​រិក​ថា ភូមិ​នេះ​មិន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​គឺ​ ជា​ការ​បង្ហាញ​ច្បាស់​ថា​ អាមេ​រិកាំង​​ មាន​បំនង​ចង់​ផ្ដាច់​ភូមិ​នេះ​ពី​ទឹក​ដី​កម្ពុ​ជា​។

ខែ​កញ្ញា ថ្ងៃ​ទី​១ ការ​បោះ​ឆ្នោត​សភា​ធម្មនុញ្ញ​។ គឺ​ជា​លើ​ទី​១​ហើយ​តាំង​ពី​ឆ្នាំ ១៩៥៥ ដែល​កៅ​អី​៨២ របស់​សភា​មាន​បេក្ខ​ជន​ដល់​ទៅ ៤១៥​នាក់​ ចង់​បាន​ហើយ​ដែល​អ្នក​ទាំង​នេះ​ សុទ្ធ​តែ​ឈរ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​បក្ស​សង្គម​រាស្រ្ដ​និយម​តែ​មួយ​ប៉ុណ្ណោះ​។​ ទោះ​បី​ជា​មាន​យុទ្ធ​នា​ការ​បន្ដុះ​បង្អាប់​យ៉ាង​ខ្លាំង​ពី​សំនាក់​សារ​ពត៌​មាន​ក៏​ដោយ​ ក៏​ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម​ត្រូវ​បាន ​ជាប់ ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​។

ខែ​តុលា ថ្ងៃទី​២៥ រដ្ឋា​ភិបាល​សង្គម​ទី​២២ គឺ​រដ្ឋា​ភិបាល លន់ នល់។ ថ្ងៃ​ទី២៦ ការ​បង្កើត​រដ្ឋា​ភិបាល​ប្រឆាំង​មួយ​ដោយ​សីហនុ​។​

ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ ការ​សម្ពោធន៍​ស្ពាន​មុនី​វង្ស​ថ្មី​នៅ​ភ្នំពេញ​ គឺ​ ជំនួស​ស្ពាន​ដែល​បាន​សាង​សង់​នៅ​ឆ្នាំ​១៩២៨​ ដោយ ហ្គុស្ដា​វេ​អែ​ហ្វល ហើយ​ដែល​ត្រូវ​បាក់​ស្រុត​នៅ​ឆ្នាំ ​១៩៦៤​។ ក្នុង​ខែ​វិច្ឆិកា​នេះ ការ​វិល​ត្រលប់​របស់​ឈ្មោះ សាឡុត ស និង គណ​ប្រតិ​ភូ​បក្ស​កុំមុយ​និស្ដ​កម្ម​ករ​មក​កាន់​មន្ទីរ​១០០​។ គណ​ចាត់​តាំង​បក្ស​កុំមុយ​និស្ដ​កម្ម​ករ​រៀប​ចំការ​ប្រជុំ​ពិសេស​មួយ​។ សេច​ក្ដី​សំរេច​ចិត្ដ​ពីរ​ ត្រូវ​បាន​ធ្វើ​ឡើង​ គឺ​បក្ស​កុំមុយ​និស្ដ​កម្ម​ករ ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​បក្ស​កុំមុយ​និស្ដ​កម្ពុជា​ ដែល​ធ្វើ​អោយ​គណ​បក្ស​នេះ​ មាន​លក្ខណ​ស្វ័យ​ភាព​ពេញ​​លេញ​ និង ដោយ​សង្រ្គាម​នៅ​យួន​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើង​នោះ​ អគ្គ​បញ្ជា​ការ​ដ្ឋាន​របស់​បក្ស​កុំមុយ​និស្ដ​​កម្ពុជា​ ត្រូវ​ចាក​ចេញ​ពី​មន្ទីរ​១០០​ ទៅ​កាន់​ភាគ​អីសាន​នៃ​ប្រ​ទេស​កម្ពុជា​គឺ ខេត្ដ​រតន​គីរី​។ ថ្ងៃ​ទី​១៨ សំដេច​សីហនុ​​បង្កើត​ពាក្យ​ ខ្មែរ​ក្រហម​ សំរាប់​ហៅ​ពួក​កុំមុយ​និស្ដ​ខ្មែរ​។ ថ្ងៃ​ទី​២២​ ខិត​ប័ណ្ណ​ខ្មែរ​ក្រហម​បាន​និយាយ​​វាយ​ប្រហារ​ស្ដេច​សីហនុ​ចំ​ៗ​តែ​ម្ដង​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៧
ខែ​មករា ថ្ងៃ​ទី៦​ សី​ហនុ ចេញ​ទៅ​ប្រ​ទេស​បារាំង​សំរាប់​រយ​ពេល​ពីរ​ខែ​។ លន់ នល់ ឆ្លៀត​អោ​កាស​អវត្ដ​មាន​សំ​ដេច​សីហនុ​ បាន​រៀប​ចំ​ប្រពន្ធ​ប្រមូល​ស្រូវ​ដោយ​ពួក​យោធា​មួយ​ ដោយ​ពួក​នេះ​បង់​ថ្លៃ​ទិញ​ស្រូវ​តែ​មួយ​ភាគ​បី​នៃ​ តំលៃ​នៅ​ទី​ផ្សារ​សេរី​តែ​ប៉ុណ្ណោះ​។ ការ​នេះ​ធ្វើ​ទៅ​ដោយ​មាន​ទាំង​អំ​ពើ​ហឹង្សា​ និង ពេល​ខ្លះ​មាន​ដល់​អំពើ​ឃាត​​កម្ម​ផង​ក៍​មាន​។ ដើម្បី​ធ្វើ​យុទ្ធ​នា​ការ​នេះ លន់ នល់ បាន​ទៅ​ស្នាក់​នៅ​ក្នុង​ខេត្ដ​បាត់​តំបង​ ដែល ពី​មុន​ក្នុង​អំលុង​ឆ្នាំ ១៩៤៦ ដល់ ១៩៥៣ គាត់​ធ្លាប់​កាន់​ការ​ជា​ចៅ​ហ្វាយ​ខេត្ដ​នៅ​ទី​នោះ​។​

ខែកុម្ភៈ ថ្ងៃ​ទី​​២៤ ដល់​​ថ្ងៃ​ទី៣ ខែ​មីនា​ កង​ទ័ព​អាមេ​រិក​កាំង និង យួន​ខាង​ត្បូង​ចូល​កាន់​កាប់​ភូមិ​ច្រក​ក្រាញ​ (ខេត្ដ​កំពង់​ចាម)​ ដោយ​ដេញ​ប្រជា​ជន​ខ្មែរ​អោយ​ចេញ​អស់​ពី​ភូមិ​។

ខែមីនា ថ្ងៃ​ទី៩​ ការ​យាង​ត្រលប់​មក​កម្ពុ​ជា​វិញ​របស់​ស្ដេច​សីហនុ ដោយ​ព្រះ​អង្គ​ឃើញ​ថា​ មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើង​។ ខិត​ប័ណ្ណ​ប្រកាស​ប្ដឹង​បរិ​ហារ​ការ​ប្រមូល​ស្រូវ​ និង អំពើ​ហឹង្សា​របស់​ពួក​ទាហាន​ និង តិះ​តៀន​នយោ​បាយ​និយម​អាមេរិក​របស់ លន់ នល់​។ ថ្ងៃ​ទី​១១ មហា​បាតុ​កម្ម​ដ៏​ធំ​មួយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​រៀប​ចំ​ដោយ​ពួក​ឆ្វេង​និយម​ដែល​មាន​ ខៀវ សំផន ជា​មេ និង​ពួក ឆ្វេង​និយម​នៅ​ក្នុង​គណ​បក្ស​សង្គម​។​ មាន​ការ​ទាម​ទារ​អោយ លន់ នល់ ចុះ​ចេញ​ពី​តំនែង​។ ថ្ងៃ​ទី​៣០ សមា​ជិក​រដ្ឋា​ភិបាល​ពីរ​រូប​គឺ ម៉ៅ សារី អុប​នាយក​រដ្ឋមន្រ្ដី​ និង ជា​រដ្ឋ​មន្រ្ដី​ទទួល​បន្ទុក​ការ​សំរប​សំរួល​ សេដ្ឋ​កិច្ច​ និង ឌុក រ៉ាស៊ី ជា​រដ្ឋ​លេខា​នៃ​ក្រសួង​ផែន​ការ​ត្រូវ​ស្ដី​បន្ទោស​ចាប់​ពិរុទ្ធ​ដោយ​សភា​ជាតិ​។​

ខែ​មេសា ថ្ងៃ​ទី​២ ការ​បះ​បោរ​របស់​កសិ​ករ​នៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ដ​បាត់​ដំបង​ ដែល​គេ​អោយ​ឈ្មោះ​ថា ការ​បះ​បោរ​នៅ​សំលូត​។ ទាហាន​ជា​ច្រើន​ត្រូវ​បាន​គេ​សំលាប់​។​ មនុស្ស​រាប់​រយ​នាក់​ចូល​ព្រៃ​។ បន្ទាប់​ពី​បាន​ទទួល​ការ​ទាម​ទារ​របស់​កសិករ​ថា ជា​ការ​ត្រឹម​ត្រូវ​ និង អំពើ​ពុក​រលួយ​របស់​អាជ្ញា​ខេត្ដ​រួច​មក​ សីហនុ បាន​ចោទ​ប្រកាន់​ពួក​ កុំមុយ​និស្ដ​ថា​ ជា​នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បះ​បោរ​នេះ​។ ការ​បង្រ្កាប​មាន​ភាព​សាហាវ​យង់​ឃ្នង​ គឺ​ភូមិ​​ជា​ច្រើន​ត្រូវ​រង​ការ​ទំលាក់​គ្រាប់​បែក​ពី​យន្ដ​ហោះ​ មាន​ការ​សំលាប់​កសិ​ករ​យ៉ាង​​រង្គៀល​ ដូច​ជា​រុញ​ទំលាក់​ពី​លើ​ភ្នំ​ចុះ​​ក្នុង​ជ្រោះ​ជា​ដើម​។ ហេតុ​ការ​នេះ​ចេះ​តែ​ធ្វើ​បន្ដ​រហូត​ដល់​ខែ​សីហា​។ ថ្ងៃ​ទី​២២ សីហនុ​ ចោទ​ប្រកាន់​ជា​សាធារ​ណ​ចំពោះ​ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម ថា​បាន​ញុះ​ញង់​អោយ​មាន​​ការ​បះ​បោរ​នៅ​សំលូត​ព្រម​ទាំង​បាន​គំរាម​ថា នឹង បញ្ជូន​ពួក​គេ​ទៅ​អោយ​តុលា​ការ​សឹក​ទៀត​ផង​។​ ថ្ងៃ​ទី​២៤​ ខៀវ​ សំផន និង ហ៊ូ យន់ ចូល​ព្រៃ​។ គោល​បំនង​នៃ​ពួក​សមា​ជិក​សភា​ស្ដាំ​និយម​ ដែល​ចង់​ដក​អភ័យ​អែក​សិទ្ធិ​ហ៊ូ នឹម ត្រូវ​បរា​ជ័យ​។ ថ្ងៃ​ទី​៣០ លន់ នល់ ចុះ​ចេញ​ពី​តំនែង​។​

ខែ​ឧសភា ថ្ងៃ​ទី​១ រដ្ឋា​ភិបាល​សង្គម​ទី​២៣​ គឺ​រដ្ឋា​ភិបាល​សីហនុ​។ សឺន សាន ជា​នាយក​រដ្ឋ​មន្រ្ដី​។ និស្សិត​ចំនួន​ ១៥០០០ នាក់​បាន​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ប្រឆាំង​តវ៉ា​នឹង ការ​សន្និដ្ឋាន​ថា មាន​ឃាត​កម្ម​មួយ​លើ​រូប ខៀវ សំផន និង ហ៊ូ នឹម​។ បាតុ​កម្ម​នេះ​មាន​រយ​ពេល​ជា​ច្រើន​ថ្ងៃ​។ ថ្ងៃ​ទី​៩ ប្រទេស​កម្ពុជា​ បាន​ស្នើ​ទៅ​សហ​គម​អន្ដរ​ជាតិ​ អោយ​ទទួល​ស្គាល់​ព្រំ​ដែន​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​ កំនត់​នៅ​ក្នុង​ផែន​ទី ដែល​បាន​ប្រើ​នៅ​ឆ្នាំ​១៩៥៤​។ ថ្ងៃ​ទី​៣១ ពួក​យៀក​កុង​ព្រម​ទទួល​ស្គាល់​នូវ​ព្រំ​ប្រទល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៤​។​

ខែ​មីនា ជា ស៊ីម ហេង សំរិន​ចូល​ព្រៃ​។​
ខែ​ឧសភា ថ្ងៃ​ទី​២២ ការ​បើក​ការិ​យា​ល័យ​តំនាង​អចិន​ត្រៃយ៍​ របស់​យួន​យៀក​កុង​ប្រចាំ​នៅ​កម្ពុជា​។
ខែ​មិថុនា ថ្ងៃ​ទី​៨ សាធា​រដ្ឋ​ប្រជា​ធិប​តេយ្យ​យួន​ខាង​ជើង​ ព្រម​ទទួល​ស្គាល់​ព្រំ​ប្រទល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៥៤។ ខែ​មិថុនា ថ្ងៃ​ទី​១៣ ការ​សំរេច​ចិត្ដ​ធ្វើ​ខេមរ​យាន​កម្ម ជា​បន្ដើរ​ៗនៅ​ភូមិ​សិក្សា​កំរិត​ពីរ និង កំរិត​បី។ ថ្ងៃ​ទី២​៤ ការិយា​ល័យ​តំនាង​យួន​ខាង​ជើង​នៅ​ភ្នំ​ពេញ​ឡើង​ថាន​ជា​ស្ថាន​ទូត​។ ថ្ងៃ​ទី​២៨ ក្រុម​និស្សិត​បាន​វាយ​ កំទេច​ទី​ស្នាក់​ការ​កាសែត​ស្ដាំ​និយម​មួយ​ឈ្មោះ ​ខ្មែរ​អែក​រាជ្យ​របស់​លោក​ស៊ឹម​វ៉ា​។

ខែ​កញ្ញា ថ្ងៃ​ទី​២ សីហនុ បាន​ហាម​ឃាត់​សមា​គម​មិត្ដ​ភាព ខ្មែរ ចិន ដែល​ដឹក​នាំ​ដោយ ហ៊ូ នឹម និង ភោគ ឆាយ ដោយ​សមា​គម​នេះ​បាន​ដើរ​ចែក​ចាយ​កូន​សៀវ​ភៅក្រ​ហម​ របស់​ ម៉ៅ​សេ​ទុង​។ ថ្ងៃ​ទី​១១ ការ​បិទ​គ្រប់​កាសែត​ទាំង​អស់​ លើក​លែង​តែ​កាសែត​ប្រចាំ​ថ្ងៃ​ចំនួន​៤ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​ពត៌​មាន​។ សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាត់​ទាំង​ស្រុង​។ ការ​ជាវ​កាសែត​ឈ្មោះ លើ​ម៉ុង ត្រូវ​ធ្វើ តាម​រយ​ប៉ូលិស​។ សមា​គម​និស្សិត​ដែល​ដឹក​នាំ​ដោយ​ ភោគ ឆាយ ត្រូវ​រំលាយ​។ ថ្ងៃ​ទី​៣០ ក្នុង​ពេល​ធ្វើ​ការ​ប្រជុំ​មួយ​ក្នុង​មណ្ឌល​របស់ ហ៊ូ នឹម សីហនុ​បាន​ប្រកាស​ថា ហ៊ូ នឹម មាន​មុខ​ជា​យួន រឺ ​ចិន ការ​ចោទ​នេះ ត្រូវ​សហ​គម​ជាតិ​បដិ​សេធ​ចោល​។​

ខែ​តុលា ថ្ងៃ​ទី​៥ សីហនុ​ចាត់​ទុក ហ៊ូ នឹម ជា​ជន​ក្បត់​ អាច​បញ្ជូន​ទៅ​តុលា​ការ​សឹក និង ត្រូវ​ប្រហារ​ជីវិត​ទៀត​ផង​។ ថ្ងៃ​ទី​៧ ហ៊ូ នឹម រត់​ចូល​ព្រៃ​នៅ​ភ្នំ​ក្រវាញ​។ មាន​ការ​ចាប់​ក្រុម​គ្រូប​ង្រៀន និង និស្សិត​ជា​ច្រើន​នាក់​។ មនុស្ស​ជា​ច្រើន​ត្រូវ​គេ​វាយ​ដំ​។ ថ្ងៃ​ទី​២៥ សីហនុ​ ផ្ដាន់​​ទា​ទោស​ពួក​ខ្មែរ​​ក្រហម​ និង ពួក​ខ្មែរ​ខៀវ​។ និស្សិត​ និង គ្រូប​ង្រៀន​រាប់​ពាន់​នាក់​រត់​ចូល​ព្រៃ​។ ខែ​ធ្នូ ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ សមាជ​លើក​ទី​២៤ របស់​សង្គម​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៨
ខែ​មករា ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១២ ដំណើរ​ទស្សន​កិច្ច​របស់ លោកឆេស​ទ័រ​បូល អែក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក​ប្រចាំ​ប្រទេស​អិណ្ឌា​ និង ជា​បេ​សក​ជន​ ពិសេស​របស់​ប្រធានា​ធិប​តី​អា​មេ​រិក មក​កាន់​កម្ពុ​ជា។ សីហនុ ទាម​ទារ​អោយ​សហ​រដ្ឋ​អាមេ​រិក​ទទួល​ស្គាល់​ព្រំ​ដែន​ប្រ​ទេស​កម្ពុ​ជា​។ ហើយ​ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​សកម្ម​ភាព​យោធា​ ជាយ​ថា​ហេតុ​របស់​ពួក​អា​មេ​រិកាំង​នៅ​លើ​ទឹក​ដី​កម្ពុជា​។ កិច្ច​សន្ទនា​រវាង​ បូល និង សីហនុ​ គឺ​ជា​ដើម​ហេតុ​នៃ​សង្រ្គាម​ពាក្យ​សំដី​លើ​បញ្ហា​ថា តើ​សីហនុ​ផ្ដល់​សិទ្ធិ​ទំលាក់​គ្រាប់​បែក​ រឺ អត់ ដល់​ក្រុម​បេ​៥២​ របស់​អា​មេ​រិកាំង​ អោយ​ទំលាក់​តាម​ព្រំ​ដែន​ខ្មែរ​។​ ថ្ងៃ​ទី​១៥ បេ​សក​កម្ម​របស់​ អង្គ​ការ​សហ​ប្រជា​ជាតិ​មួយ​ ទទួ​បន្ទុក​​លើ​ការ​ស្នើ​អោយ​មាន​កា​រិយា​ល័យ​ជា​ច្រើន​នៅ​ តាម​ព្រំ​ដែន​ខ្មែរ​ ថៃ ត្រូវ​ដក​ខ្លួន​ចេញ​ដោយ​គ្មាន​ការ​អ្វី​ឡើយ​។​ ក្នុង​ចំនោម​សមា​ជិក​របស់​គេ​ទាំង​អស់​គឺ មាន​ជន​ ជាតិ​ជប៉ុន​ឈ្មោះ​ យ៉ា​ស៊ូ​ស៊ី អាកា​ស៊ី ដែល​គាត់​បាន​ក្លាយ​ជា​នាក់​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​អង្គ​ការ​សហ​ប្រជា​ ជាតិ​នៅ​កម្ពុជា នៅ​រវាង​ឆ្នាំ​១៩៩២ ទៅ​ឆ្នាំ​១៩៩៣​។ ថ្ងៃទី​១៧ សមា​សភាព​របស់​ពួក​កុំមុយ​និស្ដ​ខ្មែរ​ បាន​វាយ​ប្រហារ​ប៉ុស្ដ​រដ្ឋា​ភិបាល​មួយ​នៅ​​បាណន់​ក្នុង​ខេត្ដ​បាត់​ដំបង​ ព្រម​ទាំង​រឹប​អូស​បាន​អាវុធ​ចំនួន​ ៣២​ដើម​ទៀត​ផង​។​ សកម្ម​ភាព​នេះ​ត្រូវ​អប​អរ​សា​ទរ​ដោយ​ពួក​ខ្មែរ​ក្រហម​ ហើយ​ក៏​ជា​ការ​ចាប់​ផ្ដើម​នៃ ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ និង ក៏​ជា​ថ្ងៃ​ដែល​ពួក​គេ​កំនត់​ថា​ ជា​ថ្ងៃ​បង្កើត​ កង​ទ័ព​បដិ​វត្ដន៍​រំដោះ​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ សកម្ម​ភាព​ផ្នែក​សង្រ្កាម​ឈ្លប​មាន​កើត​ឡើង​ជា​ប្រចាំ​។ ពួក​កុល​សម្ពន្ធ​ភ្នំ​នៅ​ តាម​ខេត្ដ​រតន​គីរី​ និង មណ្ឌល​គីរី​ ជា​ខេត្ដ​ជិត​ខាង​យួន​នោះ​ ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​ឧទ្ទាម​យ៉ាង​ឆាប់​រហ័ស​ ហើយ​ រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​។ ថ្ងៃ​ទី​៣១​ រដ្ឋា​ភិបាល​សង្គម​ទី ២៤​ គឺ រដ្ឋា​ភិបាល​ ប៉ែន នុត​ ដែល​គេ​អោយ​ឈ្មោះ​ថា​ រដ្ឋា​ភិបាល​ចុង​ក្រោយ​។

ខែ​កុម្ភៈ ថ្ងៃ​ទី​១៩ ការ​ព្រម​ទទួល​យក​ជំនួយ​សេដ្ឋ​កិច្ច និង យោធា​របស់​សហ​រដ្ឋ​អា​មេ​រិក​វិញ។ ថ្ងៃ​ទី​២៥ ពួក​ឧទ្ទាម​បាន​វាយ​ប្រហារ​ក្នុង​ពេល​តែ​មួយ​ក្នុង​បណ្ដា​ខេត្ដ​ចំនួន​៦​ គឺ​ខេត្ដ​បាត់​ដំបង​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ តា​កែវ កំពត កោះ​កុង​។ មាន​នាក់​ភូមិ​ចំនួន ១០០០០​នាក់​បាន​ចុះ​ចូល​តាម​ពួក​ឧទ្ទាម។

ខែ​ឧសភា ថ្ងៃ​ទី​១៣ លន់ នល់ ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​រដ្ឋា​ភិ​បាល​វិញ​ គាត់​មាន​តំនែង​ជា​រដ្ឋ​មន្រ្ដី​ការ​ពារ​ជាតិ​ និង​ ជា​អគ្គ​អធិការ​នៃ​កង​ទ័ព​ជាតិ​។

ខែកក្កដា ថ្ងៃទី២៥ សន្និបាទសង្គមលើកទី២៥។
ខែតុលា ថ្ងៃ​ទី​២៩ សម្ពោធ​ អាកាស​យាន​ដ្ឋាន វាល​បែក​ចាន នៅ​ខេត្ដ​បាត់​ដំបង​។ ថ្ងៃ​ទី​៣១ សម្ពាធ សកល​វិទ្យាល័យ​បាត់​ដំបង​។​
ខែធ្នូ ថ្ងៃ​ទី​៥ លន់ នល់ ជា​នាយក​រដ្ឋ​មន្រ្ដី​ ដោយ​រក្សា​តំនែង​ ក្រសួង​ការ​ពារ​ និង អគ្គ​អធិការ​នៃ​កង​ទ័ព​ជាតិ​ដដែល​។

ព្រឹត្ដការណ៍ឆ្នាំ១៩៦៩
ខែកុម្ភៈ ថ្ងៃ​ទី​៩ ការ​ទំលាក់​គ្រាប់​បែក​ជា​លើក​ទី​មួយ​របស់​យន្ដ​ហោះ​បេ​៥២ របស់​អា​មេ​រិកាំង​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​។
ខែ​មីនា ថ្ងៃទី២ ជា​លើក​ទី១ ដែល​សីហនុ រិះ​គន់​ការ​បោះ​ទីតាំង​របស់​ពួក​យៀក​កុង​នៅ​តាម​ព្រំ​ដែន​ខ្មែរ​។ ថ្ងៃ​ទី​១៨ ការ​ចាប់​ផ្ដើម​នៃ​ការ​ទំលាក់​គ្រាប់​បែក​យ៉ាង​សំងាត់​របស់​អាមេ​រិក ដែល​មាន​រយ​ពេល ១៤​ខែ​ក្នុង​ទឹក​ដី​កម្ពុជា​។ ប្រតិ​បត្ដិ​ការ​នេះ​មាន​ឈ្មោះ​ថា មឺ​នុយ​។ ដើម្បី​លាក់​កំបាំង​នូវ​បេ​សក​កម្ម​នេះ​ចំពោះ​សាធា​រណ​មតិ​ និង​ មហា​សន្និ​បាទ សភា​អាមេ​រិកាំង​ នៃ រដ្ឋការ​លោក និច សុន បាន​កែ្លង​អែក​សារ​ជា​ផ្លូវ​ការ​ជាច្រើ​ន​។ ថ្ងៃ​ទី​២៥ ប៉ុស្ដ​យាម​នៅ​រមាស​ហែក​ (ខេត្ដ​ស្វាយ​រៀង) ត្រូវ​ទទួល​រង​ការ​វាយ​ប្រយុទ្ធ​ពី​ពួក​កុំមុយ​និស្ដ​ខ្មែរ​ប្រហែល​​ចំនួន​៦០​នាក់​។ ថ្ងៃ​ទី​២៩ សីហនុ បាន​បង្ហាញ​នូវ​ផែន​ទី​លំអិត​ មួយ​នៃ​ទីតាំង​របស់​ពួក​យួន​ខាង​ជើង​ និង​ យួន​យៀក​កុង​។ កកន ​: ទំរាំ​​ស្ដេច សីហនុ​ ដឹង​ខ្លួន​ខុស ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​កង​ទ័ព​យៀក​កុង​នោះ​ ស្ថាន​ភាព​ទ័ព​​យៀក​កុង​ បាន​រីក​រាល​ដាល​ពាស​ពេញ​ផ្ទៃ​ស្រុក​​ខ្មែរ​ទៅ​ហើយ​​ ហើយ​​មាន​​ស្ថាន​​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​មិន​​អាច​​សង្គ្រោះ​​បាន​​ទៀត​​ឡើយ​!...​

ខែ​មេសា ថ្ងៃ​ទី​១១ ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​អាមេ​រិក​ត្រូវ បាន​ស្ដារ​ឡើង​វិញ​ជា​ផ្លូវ​ការ​។ ថ្ងៃ​ទី១៤ មេសា ដល់ ១២ ខែ​ឧសភា​ យន្ដ​ហោះ​ នៃ​ ទ័ព​អាកាស​អា​មេ​រិក​ជា​ច្រើន​ បាន​រោយ​ម្សៅ​គីមី​ដែល​ធ្វើ​អោយ​ស្លឹក​ឈើ​ជ្រុះ​អស់​ពី​ដើម​នៅ​លើ​ផ្ទៃ​ដី​ចំនួន ៨៥០០០ ហិក​តា​ នៅ​ក្នុង​ស្រុក​មេ​មត់ និង​ ស្រុក​ពញា​កែ្រក​ ក្នុង​ខេត្ដកំពង់​ចាម​។​ ថ្ងៃ​ទី​២៦កង​ខេមរ​ភូមិន្ទ​ បាន​វាយ​លើ​ទី​តាំង​ឈរ​ជើង​របស់​ពួក​កុំមុយ​និស្ដ​ខ្មែរ​នៅ​ក្នុង​ខេត្ដ​រតន​គីរី​។ ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ដល់​ថ្ងៃ​ទី១៤​ ខែឧសភា យន្ដ​ហោះ​នៃ​ទ័ព​អាកាស​អាមេ​រិក​បាន​រោយ​ម្សៅ​គីមី​ដែល​ធ្វើ​អោយ​​ស្លឹក​ឈើ​ជ្រុះ​អស់​ពីដើម​ នៅ​លើ​ផ្ទៃ​ដី​ចំការ​កៅ​ស៊ូចំនួន ១៥០០០​ហិក​តា​។​

ខែ​ឧសភា​ ថ្ងៃ​ទី១១ សេច​ក្ដី​ប្រកាស​អំពី​ការ​មាន​ទំនាក់​ទំនង​ការ​ទូត​ជា​ប្រក្រតី​ឡើង​វិញ​ ជា​មួយ​សហ​រដ្ឋ​អាមេ​រិក​។
ខែ​កក្កដា ថ្ងៃទី​២៨ ប្រ​ទេស​កម្ពុជា​ ក្លាយ​ជា​សមាជិក​ របស់​មូល​និធិ​នៃ​រូបីយ​វត្ថុ​អន្ដ​រជាតិ​។ ថ្ងៃ​ទី​៣០ ឧត្ដម​សេនីយ​អែក ញឹក ជូឡុង បាន​ផ្ទេរ​កិច្ច​បញ្ជា​ការ​កង​ទ័ព​ទៅ​អោយ​ លន់ នល់​។

ខែ​សីហា ថ្ងៃទី១ ការ​ចុះ​ចេញ​ពី​តំនែង​របស់​រដ្ឋា​ភិបាល​ ប៉ែន នុត។ ថ្ងៃ​ទី​១៤ រដ្ឋា​ភិបាល​សង្គម​ចុង​ក្រោយ​ រឺ ហៅ​ថា​រដ្ឋា​ភិបាល ស្រោច​ស្រង់​ជាតិ​របស់​ លន់​ នល់​។ ឧប​នាយក​រដ្ឋ​មន្រ្ដី​គឺ ទ្រង់​ស៊ីសុវត្ដ សិរី​មត ជា​សម្ព័ន្ធ​មិត្ដ ជា​មួយ​អាមេ​រិក​ហើយ​ដែល​ជា​សត្រូវ​ នឹង ជា​ជីដូន​មួយ​របស់​សីហនុ​។

ខែតុលា ថ្ងៃទី​២៣ លន់ នល់ ចេញ​ដំណើរ​ទៅ​ព្យា​បាល​ជំងឺ​នៅ​ប្រទេស​បារាំង​។ សិរីមតៈ ដឹក​នាំ​ប្រទេស​។
ខែ​ធ្នូ ថ្ងៃ​ទី​២៦​ តាម​សំនើ​របស់ សិរីមត រដ្ឋ​មន្រ្ដី​មួយ​ចំនួន​ដែល​ស្មោះ​ត្រង់​ចំពោះ​ សីហនុ បាន​ចុះ​ចេញ​ពី​តំនែង​ រដ្ឋា​ភិបាល​នៅ​មាន​ដំណើរ​ការ​ដដែល​។