ថ្ងៃសៅរ៍ ទី8.ឧសភា 2021.ម៉ោង 11:52
ព្រិត្ដិការណ៍ ឆ្នាំ១៩៤៦ -១៩៥១

ព្រឹត្ដការណ៍ឆ្នាំ១៩៤៦
ថ្ងៃទី៤ ខែមករា ការ​ចុះ​ហត្ថ​លេខា​នៃ​កិច្ច​ព្រម​ព្រៀង​បណ្ដោះ​អាសន្ន​បារាំង​ខ្មែរ​។ ការ​បញ្ចប់​អណា​ព្យា​បាល​បារាំង​ នៅ​ស្រុក​ខ្មែរ​។ ស្វ័យ​ភាព​ផ្នែក​រដ្ឋ​បាល ប៉ុន្ដែ​វត្ដ​មាន​នៃ​ស្នង​ការ​បារាំង​ ទី​ប្រឹក្សា​បារាំង​តាម​ក្រសួង​ និង ខេត្ដ​នៅ​​រក្សា​ដដែល​។ ផ្នែក​ការ​ពារ​ជាតិ​ និង កិច្ច​ការ​បរ​ទេស​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​បារាំង​ដែរ​។ ប្រ​ទេស​កម្ពុជា​នៅ​តែ​ជា​រដ្ឋ​សមា​ជិក​នៃ​សហ​ព័ន្ធ​បារាំង​ដដែល​។ ខែ​មករា នៅ​បារីស មាន​ការ​បង្កើត​ឡើង​នូវ​សមា​គម​និសិត្ស​ខ្មែរ​មួយ​ដែល​មាន​ឈ្មោះ អៀ​ស៊ី​ចូវ ជា​​ប្រធាន​។​ គាត់​កាន់​តំនែង​នេះ​រហូត​ដល់​ឆ្នាំ ១៩៥០​។

ខែ​មេសា ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ដំបូង​បង្អស់​នៅ​កម្ពុជា​គឺ គណ​បក្ស​ប្រជា​ធិប​តេយ្យ ដឹក​នាំ​ដោយ ស៊ីម វ៉ា, ឈាន វ៉ម, និង អៀវ កើស​។ គណ​បក្ស​នេះ​មាន​សមា​ជិក​ជា​បញ្ញ​វន្ដ​ ល្បី​ៗ​ជា​ច្រើន​ចូល​រួម​។ ថ្ងៃ​ទី​១០ ខែ​មេសា​ រូម៉ាំង​វឹក​ទ័​រេ​ប៉ណា​វែ ជា​ស្នង​ការ​សាធា​រ​ណ​រដ្ឋ​។

ខែមិ​ថុនា ទ្រង់​ ស៊ី​សុ​វត្ដិ យុទ្ធ​វង្ស បន្ទាប់​បាន​ចូល​ជា​សមា​ជិក​គណ​បក្ស​សង្គម​និយម​បារាំង​រួច​មក ក៏​យាង​ត្រលប់​ចូល​ប្រ​ទេស​កម្ពុជា​វិញ​ ហើយ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រ​ធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។

ថ្ងៃទី៧ ខែ​សីហា ពួក​អិស្សរៈ​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន​ ៣០០​នាក់ ដឹក​នាំ​ដោយ​ ដាប ឈួន ជា​អតីត​ពល​បាល​ត្រី​ខ្មែរ​នៃ​កង​ទ័ព​សៀម​ នរោត្ដម ចន្ទ​រង្សី ជា​ស្ដេច​បះបោរ​ និង សឹង ង៉ុក​មិញ​ បាន​ចូល​វាយ​លុក​កាន់​កាប់​សៀម​រាប​អង្គរ​អស់​៦​ថ្ងៃ​។ នាយ​ទាហាន​បារាំង​ចំនួន ៧​នាក់​ត្រូវ​បាន​សំលាប់​។​

ថ្ងៃទី​១ ខែ​កញ្ញា ការ​បោះ​ឆ្នោត​តាម​លក្ខណ​ប្រជា​ធិតេយ្យ​លើក​ទី​១​នៅ​កម្ពុជា គឺ​ការ​បោះ​ឆ្នោត​សភា​ធម្ម​នុញ្ញ​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ឈ្នះ​បាន​សំលេង​ភាគ​ច្រើន​លើស​លប់​នៅ​ក្នុង​សភា​។ ហើយ​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ខ្លាំង​ ក្នុង​ការ​ប្រឆាំង​អាណា​និគម និង​ទាម​ទារ​អោយ​មាន​នវូប​នីយ​កម្ម​ប្រទេស​ជាតិ​។​

ថ្ងៃ​ទី១៧ ខែ​វិច្ឆិការ ការ​សំរេច​លុប​ចោល​អនុ​សញ្ញា​បារាំង ​សៀម នៃ​ក្រុង​តូក្យូ​ ឆ្នាំ១៩៤១​។ បណ្ដា​ខេត្ដ​ដែល​សៀម​ បាន​កាន់​កាប់​តាំង​ពី​​ឆ្នាំ​១៩៤១ ត្រូវ​ប្រគល់​អោយ​កម្ពុជា​វិញ​។ សិទ្ធិ​សញ្ញា​បារាំង​សៀម​នៃ​ឆ្នាំ​១៩៣១​ ត្រូវ​នៅ​ជា​ធរ​មាន​ដដែល​។ គឺ​បាន​ន័យ​ថា ប្រទេស​សៀម​នៅ​តែ​រក្សា​ឆ្មាំ​ការ​ពារ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ជា​អែក​កតោ​ភាគី​។​ ថ្ងៃ​ទី១៥ ខែ​ធ្នូ រដ្ឋា​ភិបាល យុទ្ធ​វង្ស​។

ព្រឹត្ដការណ៍ឆ្នាំ១៩៤៧
ថ្ងៃទី៧ ខែ​មករា ដេ​បាតឺ​ម៉ង់​នៃ​រដ្ឋ​អាមេ​រិក​បាន​បដិ​សេធ​មិន​បញ្ជូន​អនុស្ស​រណ​ របស់​អិស្សរៈ​ដែល​ទាម​ទារ​អែក​រាជ​ភាព​នៃ​ប្រទេស​នៅ​អិណ្ឌូ​ចិន​ ទៅ​អោយ​អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​។

ថ្ងៃទី៦ ខែឧសភា ការ​ប្រ​កាស​អោយ​ប្រើ​រដ្ឋ​ធម្ម​នុញ្ញ​។ ប្រ​ទេស​កម្ពុ​ជា​ក្លាយ​ជា​ប្រទេស​កាន់​សទ្ធិ​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​។ ថ្ងៃ​ទី ២០ ខែឧសភា ឡេ​អុង មារី​អាដុល​ប៉ា​ស្កាល​ពី​ញុង​ជា​ស្នង​ការ​សាធារ​ណរដ្ឋ​។ ថ្ងៃ​ទី​១១ ខែ​កក្កដា ការ​សោយ​ទិវង្គត​ ដោយ​អិត​ព្រៀង​ទុក​របស់​ទ្រង់ ស៊ីសុវត្ដិ ​យុទ្ធ​វង្ស។ ថ្ងៃ​ទី​២៥ ខែ​កក្កដា រដ្ឋា​ភិបាល​ ស៊ីសុវត្ដិ វិច្ឆ័យ​វង្ស​។ ថ្ងៃ​ទី​២១ ខែ​ធ្នូ ការ​បោះ​ឆ្នោត​សភា​ធម្ម​នុញ្ញ។ សំលេង​ភាគ​ច្រើន​លើស​លប់​បាន​ទៅ​ខាង​ពួក​ប្រជា​ធិប​តេយ្យ​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៤៨
ថ្ងៃទី២ ខែ មករា រដ្នា​ភិបាល ឈាន វ៉ម​។ ថ្ងៃ​ទី​១ ខែ​កុម្ភ នៅ​បាត់​ដំបង មាន​ការ​បង្កើត​គណ​កម្មា​ធិការ​រំដោះ​ប្រជា​ជន​ខ្មែរ​ដែល​ដឹក​នាំ​ដោយ ដាប ឈួន​។ គណ​កម្មការ​នេះ​មាន​កំលាំង​ទ័ព​ចំនួន ៨០០​នាក់​។ មាន​ទំនាក់​ទំនង​ជា​មួយ​ពួក យៀក​មិញ​ ក្រោយ​មក​ក៏​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​។ ថ្ងៃ​ទី​១៥ ខែ​សីហា រដ្ឋា​ភិបាល​ ប៉ែន នុត​។ ថ្ងៃ​ទី​២០ខែ​តុលា​លុយ​សេ្យង​វាំង​សង់​លូ​បេ ​ជាស្នង​ការ​សាធារ​ណ​រដ្ឋ​ស្ដី​ទី​។

ព្រឹត្ដការណ៍ឆ្នាំ១៩៤៩
ខែ​កុម្ភ គណ​កម្មា​ធិការ​រំដោះ​ប្រជា​ជន​ខ្មែរ ក្លាយ​ជា​គណ​កម្មា​ធិការ​ជាតិ​ខ្មែរ​ដើម្បី​រំដោះ​ បើ​បក​ប្រែ​ទៅ​ឃើញ​ថា​ មាន​ន័យ​ខុស​ឆ្ងាយ​ពី​យៀក​មិញ​។ កប្ស​ថ្មី​នេះ​ដឹក​នាំ​ដោយ​ ប៉ុក ឃុន​។ ថ្ងៃ​ទី​១២ ខែ​កុម្ភ រដ្ឋា​ភិបាល​ យ៉ែម ​សំបូរ​។ ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ហ្សង់​ ឡេ​អុង​ហ្រ្វង់​ស័រ​ ម៉ារី​ដឺ​វ៉ាយ​ម៉ុង​ ជា​ស្នង​ការ​សាធា​រណ​រដ្ឋ​។ ខែ​មីនា ដល់​ខែ​មិថុនា​ ភាព​តាន​តឹង​ចេះ​តែ​មាន​កាន់​តែ​ខ្លាំង​ឡើង​រវាង​ក្រុម​ផ្សេង​ៗ​នៃ​ពួក​អិស្សរៈ​បដិវត្ដន៍ ​រឺ ពួក​ដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ពួក យៀក មិញ រវាង​ពួក​អិស្សរៈ​ អ្នក​ជាតិ​និយម​ឆ្វេង​ និង​ អ្នក​ជាតិ​និយម​ស្ដាំ ​រហូត​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​។ ការ​បង្កើត​នូវ​គណ​កម្មា​ធិការ​ដំបូង​មួយ​ ដើម្បី​បង្កើត​បក្ស​ប្រជា​ជន​បដិវត្ដន៍​កម្ពុជា​ (ជា​គណ​បក្ស​កុំមុយ​និស្ដ)​។

ថ្ងៃទី​១៨ ខែកញ្ញា សីហនុ រំលាយ​សភា​ជាតិ​ ហើយ​បាន​គិត​ថ្ងៃ​សំរាប់​បោះ​ឆ្នោត ចំពោះ​ការ​បោះ​ឆ្នោត​ដែល​បាន​ព្រាង​ទុក​សំរាប់​ខែ​វិច្ឆិការ​។ ថ្ងៃ​ទី​២០ ខែ​កញ្ញា​ រដ្ឋា​ភិបាល​ អៀវ​ កឹស​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​តែ​មុខ​ស្ដេច​ប៉ុណ្ណោះ​។ ថ្ងៃ​ទី​២៩ ខែ​កញ្ញា រដ្ឋា​ភិបាល យ៉ែម​ សំបូរ​។

ថ្ងៃទី១ ខែ​តុលា ដាប ឈួន ចុះ​ចូល​រដ្ឋា​ភិបាល​។ គាត់​មាន​សេរី​ភាព​ក្នុង​ការ​គ្រប់​គ្រង​មួយ​ភាគ​ធំ នៃ​ ដំបន់​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​។ គាត់​គឺ​ជា​ស្ដេច​ត្រាញ់​សង្រ្គាម​មួយ​យ៉ាង​ពិត​ប្រាកដ​។

ថ្ងៃទី៨ ខែ​វិច្ឆិការ សិទ្ធិ​សញ្ញាបា​រាំង​ខ្មែរ​។ ប្រទេស​កម្ពុជា ជា​រដ្ឋ​អែក​​រាជ្យ​ដោយ​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​សហ​ភាព​បារាំង​។ សិទ្ធិ​សញ្ញា​នេះ​ក៏​បញ្ជាក់​ដែរ​ថា​ប្រទេស​កម្ពុជា​គ្មាន​សិទ្ធិ​លើ​ដែន​ដី​កូសាំង​ស៊ីន​ឡើយ​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៥០
ថ្ងៃ​ទី​១៤ ខែ​មេសា ឃាត​កម្ម​លើ​រូប​លោក អៀវ កឹស មេ​ដឹក​នាំ​កាន់​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ និង ប្រធាន​សភា​ជាតិ​។ ថ្ងៃ​ទី​១០ ខែ​មិនា​ មហា​បាតុ​កម្ម​នៅ​តាម​ចំការ​កៅ​ស៊ូ​នៅ​ជប់​។ ពី​ថ្ងៃ​ទី១២​ ដល់​ថ្ងៃ​ទី​២២ ខែ​មិនា សិក្ខា​សាលា​នៅ​​ហា​ទៀង​យួន​ខាង​ត្បូង​ ប្រតិ​ភូ​ខ្មែរ​កុំ​មុយ​និស្ដ​ខ្មែរ​ដឹក​នាំ​ដោយ​ សឹង ង៉ុក​មិញ និង​ប្រតិ​ភូ​យួន​ដឹក​នាំ​ដោយ​ ឡេឌុកថ​​។ ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ខែ​មេសា នៅ​កំពុង​សោម​លើ​ មាន​សន្និ​បាទ​លើក​ទី១​ នៃ​ពួក​អ្នក​តស៊ូ​ខ្មែរ​ដែល​មាន​សមា​ជិក​ចូល​រួម​ចំនួន​២០០​នាក់​ ដែល​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ចំនួន​១០៥​ អង្គ​ផង​ដែរ​ បាន​សំរេច​បង្កើត​រណ​សិរ្ស​រួប​រួម​​អិស្សរ​មួយ​ដឹក​នាំ​ដោយ​សឹង​ ង៉ុក​មិញ​។ ជា​រចនា​សម្ព័ន្ធ​ត្រៀប​ង្កើត​រដ្ឋា​ភិបាល​ដោយ​បង្កើត​អោយ​មាន​ ជា​គណ​កម្មា​ធិការ​មជ្ឈឹម​បណ្ដោះ​អាសន្ន​ រំដោះ​ប្រជា​ជន​មួយ​។ គណ​កម្មា​ធិ​ការ​នេះ​ដឹក​នាំ​ដោយ សឹង ង៉ុក​មិញ​ ចាន់​ សម័យ ជា​អនុ​ប្រធាន​ ស៊ីវ​ ហេង​ ជា​អនុ​ប្រធាន​ និង​រដ្ឋ​មន្រ្ដី​ការ​ពារ​ជាតិ​ ទូសា​មុត​ជា​អនុ​ប្រធាន​ សឹន ភុករតនា​ និង​ ណុន សួន​។ ទង់​ជាតិ​ពណ៌​ក្រហម​ដែល​ផ្ទៃ​កណ្ដាល​ មាន​រូប​ប្រាសា​ទ​អង្គរ​វត្ដ​កំពូល​ប្រាំ​ ពណ៌េ​លឿង​ ត្រូវ​បាន​ អនុ​ម័តជា​​សញ្ញា​​នៃ​រណសិរ្ស​។ ថ្ងៃ​ទី​១៩ ខែ​មិនា រណ​សិរ្ស​រួប​រួម​អិស្សរ ប្រកាស​ការ​គ្រប់​គ្រង​ទឹក​ដី​ចំនួន​២/៣ នៃ​ប្រទេស​។ ក្នុង​នាម​រណ​សិរ្ស​រួប​រួម​អិស្សរ​ និង​គណ​កម្មា​ធិការ​មជ្ឈឹម​បណ្ដោះ​អាសន្ន​រំដោះ​ប្រជា​ជន​ សឹង ង៉ុក មិញ​ប្រកាស​អែក​រាជ្យ​ភាព​នៃ​ប្រទេស​កម្ពុជា​។ នៅ​អែ​ទី​ក្រុង​បារី​ស​មាន​ការ​បង្កើត​ជា​ក្រុម​ម៉ាក​ស៊ីស​នៃ​និសិត្ស​​ខ្មែរ​ ដែល​មាន​សមា​សភាព​ចូល​រួម​ដូច​ជា អៀង សារី ខៀវ ធីរិទ្ធ ហ៊ូ យន់, កេង វ៉ានសាក់, ជួន មុំ, សាឡុត ស, ម៉ៃ ម៉ាន, ម៉ៃ ផាត, រដ្ឋ សាមឿន​។ ការ​គិត​គូ​អំពី​រឿង​ជាតិ​និយម និង ប្រឆាំង​រាជា​និយម មាន​រិត​តែ​ខ្លាំង​ឡើង​ ជាង​រឿង​សង្គម​និយម​។ បន្ទាប់​ពី​ការ​ត្រលប់​មក​វិញ​នូវ​ឈ្មោះ សាឡុតស គេ​ឃើញ​មាន​ឈ្មោះ កែវ​ មាស​, ខៀវ សំផន ក៏​មក​ចូល​រួម​ក្នុង​ចលនា​នេះ​ដែរ​។​ថ្ងៃទី៣ ខែឧសភា រដ្ឋាភិបាលដឹកនាំបន្ដោះអាសន្នដឹកនាំដោយសីហនុ។ថ្ងៃទី១ ខែមិថុនា រដ្ឋាភិបាល ស៊ីសុវត្ដិ មុនីវង្ស

ថ្ងៃទី១៤ ខែតុលា ប្រ​ទេស​កម្ពុ​ជា​ចុះ​ហត្ថ​លេខា​ក្នុង​ អនុសញ្ញា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ១៩៤៨ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​ការ​ពារ និង ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ថ្ងៃ​ទី​១ ខែ​វិច្ឆិការ នៅ​បារីស សមា​គម​និសិត្ស​ខ្មែរ​បាន​ជ្រើស​រើស​ វ៉ាន់ ម៉ូលី​វ៉ាន់ ជា​ប្រធាន​។ ថ្ងៃ​ទី​២២ ខែ​វិច្ឆិការ​ មាន​ការ​ជួប​គ្នា​រវាង​ ស៊ីវ ហេង​ រណ​សិរ្ស​រួប​រួម​អិស្សរ​ សផា​នុវង្ស​ លាវ​ និង​ តុង ថាំង​ យៀក​មិញ​។ កិច្ច​ប្រជុំ​នេះធ្វើ​ឡើង​ដើម្បី​កែ​ប្រែ​បក្ស​កុំ​មុយ​និស្ដ​អិណ្ឌូ​ចិន​ អោយ​ទៅ​ជា​អង្គ​ការ​បក្ស​កុំមុយ​និស្ដ បី​ស្វ័យ​យ័ត្ន​តាម​ប្រទេស​ ប៉ុន្ដែ​នៅ​តែ​សហ​ប្រតិ​បត្ដិ​ការ​គ្នា​ដដែល​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៥១
ថ្ងៃទី១ ខែមករា រដ្ឋា​ភិបាល ស៊ីសុវត្ដិ មុនិ​ពង្ស។ ថ្ងៃ​ទី​៨ ខែ​កុម្ភ កម្មា​ភិបាល​ខ្មែរ​ចំនួន​ ៩​រូប​នៃ​បក្ស​កុំមុយ​និស្ដ​អិណ្ឌូ​ចិន​ បាន​ជួប​ប្រជុំ​គ្នា​ជា​មួយ​យួន​ ឡេ ឌុក​ថ ដោយ​បាន​សំរេច​ចិត្ដ​បង្កើត​ បក្ស​ប្រជា​ជន​បដិ​វត្ដន៍​ខ្មែរ​។ ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភ សន្និបាត​បក្ស​កុំមុយ​និស្ដ​អិណ្ឌូ​ចិន​លើក​ទី​២​។ បក្ស​អិណ្ឌូ​ចិន​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា បក្ស​កម្មករ​យួន​។ សេច​ក្ដី​ប្រកាស​នេះ​ត្រូវ​បាន​គេ​ធ្វើ​នៅ​​កិច្ច​ប្រជុំ​របស់​​បក្ស​ប្រជា​ជន​បដិ​វត្ដន៍​ខ្មែរ​ កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​គេ​យក​មក​ពិភាក្សា​គ្នា​ ថា​ត្រូវ​ធ្វើ​នៅ​ ថ្ងៃ​ទី​១៩ ខែ​កុម្ភ​ រឺ ថ្ងៃ​ទី​២៨ ខែ​មិថុនា រឺ ថ្ងៃ​ទី​៣០ ខែ​កញ្ញា​។

ថ្ងៃទី៣ ខែមិនា រដ្ឋា​ភិបាល អ៊ុំ ឈៀង​ ស៊ុន​។ ថ្ងៃ​ទី​១១ ខែ​មិនា​ ចលនា​កុំមុយ​និស្ដ​នៅ​ប្រ​ទេស​កម្ពុជា​នៅ​ លាវ​ និង នៅ​យួន​ បាន​ជួប​​ប្រជុំ​គ្នា​នៅ​ស្រុក​យួន​ និង បាន​ធ្វើ​កម្ម​វិធី​នយោ​បាយ​រួម​គ្នា​មួយ​។ ថ្ងៃ​ទី ១៤ ខែ​ឧសភា រដ្ឋា​​ភិបាល​ អ៊ុំ ឈៀង​ស៊ុន​ (ទី២)។ ថ្ងៃ​ទី​៨ ខែ​មិថុនា​ កំនើត នរោត្ដម​សេរី​វុឌ្ឍ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា​ សីហនុ​ ប្រសិទ្ធ​នាម​អោយ​ពួក​អិស្សរ​ជា​ពួក​ខ្មែរ យៀក​មិញ​។

ថ្ងៃទី​៩ ខែ​កញ្ញា ការ​បោះ​ឆ្នោត​សភា​ធម្ម​នុញ្ញ​។ បន្ទាប់​ពី​បាត់​រូប​រាង​អស់​រយៈ​ពេល​២៣​ ខែ​មក សភា​ធម្ម​នុញ្ញ ក៏​មាន​រូប​រាង​ជា​ថ្មី​ឡើង​វិញ​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​បាន​ទទួល​សំលេង​ច្រើន​លើស​លប់​នៅ​ក្នុង​សភា​។ ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ការ​បង្កើត​គណ​កម្មា​ធិការ​បណ្ដុះបណ្ដាល​ និង ឃោសនា​ដែល​ជា​ការ​ពិត​ទៅ​ជា​ គណ​កម្មា​ធិការ​មជ្ឈឹម​ បណ្ដោះ​អាសន្ន​ របស់​បក្ស​ប្រជា​ជន​បដិ​វត្ដន៍​ខ្មែរ​។ ប្រធាន​គណ​បក្ស​កុំមុយ​និស្ដ​កម្ពុជា​គឺ សឹង​ ង៉ុកមិញ ទូសា​មុត អនុ​ប្រធាន ស៊ីវ ហេង អគ្គ​លេខា​។ គណ​បក្ស​នេះ​មាន​សមា​ជិក ១០០០​នាក់​។

ខែ​តុលា ថ្ងៃ​ទី​១៣ រដ្ឋា​ភិបាល ហ៊ុយ កន្ទុល គឺ​ជា​រដ្ឋា​ភិបាល​ប្រជា​ធិប​តេយ្យ​ទី​១ ដែល​មាន​សមាស​ភាព​រួម​គ្នា​។ ថ្ងៃ​ទី​២៩ បន្ទាប់​ពី​ជាប់​ឃុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ឆ្នាំ​១៩៤៥ នោះ​មក​ សឹង ង៉ុក​ថាញ់​ បាន​រួច​ត្រលប់​មក​ភ្នំ​ពេញ​វិញ​។ មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​ រួម​ទាំង​នាយក​រដ្ឋ​មន្រ្ដី​ និង​ សមា​ជិក​រដ្ឋា​ភិបាល​ជា​ច្រើន​នាក់​បាន​រង់​ចាំ​ទទួល​ សឹង ង៉ុក​ថាញ់​ នៅ​ព្រលាន​យន្ដេ​ហាះ​ពោធិ​ចិន​តុង​។ នៅ​ថ្ងៃ​នោះ​ដែរ ហ្សង ដឺ​វ៉ាយ​ម៉ុង​ ស្នង​ការ​សាធា​រណ​រដ្ឋ​ត្រូវ​បាន​គេ​សំលាប់​។ ថ្ងៃ​​បន្ទាប់​ឧត្ដម​សេនីយ៍​ អ៊ី​វេដហ្គូ​ ត្រូវ​តែង​តាំង​ជា​ស្នង​​ការ​សាធារណ​រដ្ឋ​។ នៅ​បារីស​ ហ៊ូ យន់ ក្លាយ​ជា​ប្រធាន​សមាគម​និសិត្ស​ខ្មែរ​។ នៅ​ក្នុង​គណ​កម្មា​ធិការ​របស់​ គាត់​ឃើញ​មាន​ អៀង​ សារី សាឡុតស, ជួន មុំ, ខៀវ សំផន, កេង វ៉ាន់សាក់​។