ឧបសម្ព័ន្ធទី១
ភារកិច្ចរបស់អាជ្ញាធរបណ្ដោះអាសន្ន
នៃ អង្គការសហប្រជាជាតិ នៅកម្ពុជា
UNTAC

ជំពូក ក នីតិក្រមរួម


ថ្ងៃសៅរ៍ ទី11.វិច្ឆកា 2021.ម៉ោង 13:00

១​ - ស្រប​តាម​មាត្រា​ទី ៦ នៃ កិច្ច​ព្រម​ព្រៀង​ អុនតាក់ នឹង​ អនុវត្ត​អំណាច​ចាំបាច់​ ដើម្បី​ធានា​ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​នេះ​ ដោយគិត​ទាំង​អំណាច​ដែល​ទាក់​ទង​ទៅ​ នឹង ការ​រៀប​ចំ​ និង ការ​ដឹក​នាំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង ​ត្រឹម​ត្រូវ​ ព្រម​ទាំង​ទិដ្ឋ​ភាព​ទាំង​ឡាយ​ នៃ ប្រ​ទេស​កម្ពុជា​ ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​។​​​

២ - យន្ដការ​ខាង​ក្រោម​នេះ​ នឹង ​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ ទាក់​ទង​ នឹង ​ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​នេះ​ ដែល​អាច​កើត​មាន​ឡើង​ រវាង​កំណាង​ពិសេស​ របស់​លោក​អគ្គ​លេខា​ធិ​ការ​ និង ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ SNC
ក - អេស​អិន​ស៊ី SNC​ ត្រូវ​ជូន​មតិ​ណែ​នាំ​ដល់​អ៊ុន​តាក់​ UNTAC ដែល​ត្រូវ​គោរព​តាម​មតិ​ណែ​នាំ​នេះ​ ដរាប​ណា​មាន​កុង​សង់​ស៊ុស​ ក្នុង​ចំណោម​សមា​ជិក​ SNC ហើយ​ដរាប​ណា​មតិ​ណែ​នាំ​នោះ​ វា​ស្រប​ នឹង ​ទិស​ដៅ​​ នៃ​ កិច្ច​ព្រម​ព្រៀង​នេះ​។
ខ - បើ​គ្មាន​កុង​សង់​ស៊ុស​ ក្នុង​ចំណោម​សមា​ជិក​ SNC នោះ​ ទោះ​បី​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ អស់​លទ្ធ​ភាព​របស់​ប្រ​ធាន​ (សំដេច​នរោត្ដម​ សីហនុ​ ជា​ប្រធាន​)។ SNC មាន​សិទ្ធិ​ធ្វើ​សេច​ក្ដី​សំរេច​ ស្ដី​ពី​ការ​ជូន​មតិ​ណែ​នាំ​ដល់​ UNTAC ដោយ​យក​ចិត្ដ​ទុក​ដាក់​ គិត​គូរ​ទាំង​ស្រុង​ទៅ​ដល់​ទស្សន​ទាំង​ឡាយ​ ដែល​បាន​សំដែង​នៅ​ក្នុង​ SNC ។ UNTAC នឹង ​គោរព​តាម​មតិ​ណែ​នាំ​នោះ​ ក្នុង​ករណី​មតិ​ណែ​នាំ​នោះ​ សម​ស្រប​ទៅ​ នឹង​ ទិស​ដៅ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។
គ - បើ​សិន​ជា​សំដេច​នរោត្ដម​សីហនុ​ ប្រធាន​ អេស​អិន​ស៊ី​ តំណាង​ស្រប​ច្បាប់​ នៃ អធិបតេយ្យ​ភាព​កម្ពុជា​ មិន​អាច​សំរេច​បាន​ក្នុង​ករណីណា​មួយ​នោះ​ សិទ្ធិ​ នៃ​ សេចក្ដី​សំរេច​របស់​សំដេច​ នឹង ​ផ្ទេរ​ទៅ​អោយ​តំណាង​ពិសេស​ របស់​អគ្គ​លេខា​ធិការ​ អ.ស.ប. ។ តំណាង​ពិសេស​ នឹង ​ធ្វើ​សេច​ក្ដី​សំរេច​ចុង​ក្រោយ​ ដោយ​យក​ចិត្ដ​ទុក​ដាក់​ គិត​គូរ​ទាំង​ស្រុង​ ទៅ​ដល់​ទស្សន​ទាំង​ឡាយ​ ដែល​បាន​សំដែង​ឡើង​នៅ​ក្នុង​ SNC។
ឃ - សិទ្ធិ​អំណាច​ណា​ដែល​ទាក់​ទិន​ នឹង ការ​អនុវត្ដ​ កិច្ច​ព្រម​ព្រៀង​នេះ​ ដែល​បាន​ប្រគល់​អោយ​ អេស​អិន​ស៊ី​ តាម​កិច្ច​ព្រមព្រៀង​ នឹង​ ត្រូវ​អនុវត្ដ​ដោយ​ កុង​សង់​ស៊ុស​ រឺ បើសិន​មិន​អាច​សំរេច​បាន​ កុង​សង់​ស៊ុស​នោះ​ទេ​ សិទ្ធិ​អំណាច​នោះ​ នឹង ត្រូវ​អនុវត្ដ​​ដោយ​ប្រធាន​ អេស​អិន​ស៊ី​ ដោយ​យោង​តាម​នីតិ​ក្រម​ ដែល​បាន​រៀប​រាប់​​ខាង​លើ​។ ក្នុង​ករណី​ ដែល​សំដេច​នរោ​ត្ដម​សីហនុ​ ប្រ​ធាន​អេស​អិន​ស៊ី​ តំណាង​ស្រប​ច្បាប់​ នៃ​ អធិបតេយ្យ​ភាព​កម្ពុជា​ មិន​អាច​សំរេច​បាន​ ក្នុង​ករណី​ណា​មួយ​នោះ​ សិទ្ធិ​សំរេច​របស់​សំដេច​នេះ​ នឹង​ ត្រូវ​ផ្ទេរ​ទៅ​អោយ​តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​ធិ​ការ​ អ.ស.ប. ដែល​អាច​ប្រ​កាន់​យក​ នូវ ​វិធាន​ការ​ចាំ​បាច់​នានា​។
ង - ក្នុងករណី​ទាំង​អស់​ តំណាង​ពិសេស​របស់​អគ្គ​លេខា​ធិ​ការ​ អ.ស.ប. នឹង កំណត់​ថា​ តើ​មតិ​ណែនាំ​ រឺ​ វិធាន​ការ​របស់​ SNC ស្រប​ទៅ​ នឹង ​កិច្ច​ព្រម​ព្រៀ​រឺ​ទេ?។

៣ - តំណាងពិសេស​ នៃ ​លោក​អគ្គ​លេខា​ធិការ​ រឺ ប្រតិភូ​របស់​គាត់​ ត្រូវចូល​អង្គ​ប្រជុំ​ទាំង​ឡាយ​របស់​ SNC ហើយ​ត្រូវ​ជូន​ដល់​សមា​ជិក​ SNC អំពី​រាល់​ពត៌​មាន​ចាំ​បាច់​ទាំង​អស់​ អំពី​បណ្ដា​សេច​ក្ដី​សំរេច​របស់​ UNTAC​

ជំពូក ខ រដ្ឋបាលស៊ីវិល

១ - ស្របតាម​មាត្រា​ទី៦ នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ អង្គ​ការ​ស្ថា​ប័ន​ និង ការិយា​ល័យ​រដ្ឋ​បាល​ទាំង​អស់​ ដែល​មាន​តួ​នាទី​ក្នុង​វិ​ស័យ​ការ​បរទេស​ ការ​ពារ​ជាតិ​ ហិរញ្ញ​វត្ថុ​ សន្ដិ​សុខ​សាធារណ​ និង ឃោស​នា​ការ​ នឹង ត្រូវ​ដាក់​អោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ ដោយ​ផ្ទាល់​របស់​អ៊ុន​តាក់​ ដែល​ត្រូវ​ត្រួត​ពិនិត្យ​តាម​ការ​ចាំ​បាច់​ ដើម្បី​ធានា​អព្យា​ក្រិត​ភាព​មួយ​ដ៏​ហ្មត់​ចត់​។
ក្នុង​ន័យ​នេះ​ តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​ធិការ​ ត្រូវ​កំណត់​ថា​ អ្វី​ដែល​ចាំ​បាច់​ ហើយ​គាត់​អាច​ចេញ​បទ​បញ្ជា​ទៅ​ដល់​បណ្ដា​អង្គ​ការ​ស្ថា​ប័ន​ និង​ ការិយា​ល័យ​រដ្ឋ​បាល​ខាង​លើ​នេះ​។ បទ​បញ្ជា​ទាំង​នេះ​អាច​បញ្ចូន​ចេញ​ទៅ​ចំពោះ​ភាគី​កម្ពុជា​ទាំង​អស់​ ហើយ​អាច​ជា​បទ​បញ្ញាត្ដិ​ចំពោះ​ភាគី​កម្ពុជា​ទាំង​ផង​។​​

២ - ស្រប​តាម​មាត្រា​ទី៦ នៃ​កិច្ច​ព្រម​ព្រៀង​ តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​ធិការ​ ដោយ​មាន​ការ​ពិ​គ្រោះ​ជា​មួយ​ អេស​អិន​ស៊ី​ ត្រូវ​កំណត់​ថា​ តើ​អង្គ​ការ​ស្ថា​ប័ន និង​ ការ​រិយា​ល័យ​រដ្ឋ​បាល​ណា​ទៀត​ ដែល​អាច​ជះ​អិទ្ធិ​ពល​ផ្ទាល់​ ដល់​លទ្ធ​ផល​ នៃ​ ការ​បោះ​ឆ្នោត​។ អង្គ​ការ​ស្ថា​ប័ន​ និង ​ការរិយា​ល័យ​រដ្ឋ​បាល​ទាំង​អស់​នេះ​ ត្រូវ​ដាក់​នៅ​ក្រោម​ការ​ពិនិត្យ​ រឺ ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​របស់​ អ៊ុន​តាក់​ ហើយ​ត្រូវ​គោរព​តាម​ការ​ណែ​នាំ​ទាំង​ឡាយ​របស់​ អ៊ុន​តាក់​។

៣ - ស្រប​តាម​មាត្រា​ទី៦ នៃ​កិច្ច​ព្រម​ព្រៀង តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​ធិការ​ ដោយ​មាន​ការ​ពិ​គ្រោះ​ជា​មួយ​ អេស​អិន​ស៊ី នឹង​ ពិនិត្យ​មើល​ថា​ តើង​អង្គ​ការ​ស្ថា​ប័ន​ និង ការ​រិយា​ល័យ​រដ្ឋ​បាល​ណា​ អាច​បន្ដ​ប្រ​តិ​បត្ដិ​ការ​ត​ទៅ​ទៀត​ ដើម្បី​ធានា​ដល់​ជីវភាព​​ធម្មតា​ប្រ​ចាំ​ថ្ងៃ​ នៅ​ប្រ​ទេស​កម្ពុជា​ ហើយ​បើ​សិន​ចាំ​បាច់​ ដោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ អ៊ុន​តាក់​ តាម​ការ​ដែល​អ៊ុន​តាក់​យល់​ថា​ចាំ​បាច់​។

៤ - ស្រប​តាម​មាត្រា​ទី៦ នៃ​កិច្ច​ព្រម​ព្រៀង សិទ្ធិ​អំណាច​របស់​តំណាង​ពិសេស​ នៃ​ លោក​អគ្គ​លេខា​ធិការ​ ត្រូវ​មាន​អំណាច​ដើម្បី៖
ក - តែង​តាំង​បុគ្គ​លិក​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ នៅ​ក្នុង​អង្គ​ការ​ស្ថា​ប័ន​ និង ​ការិយា​ល័យ​រដ្ឋ​បាល​ របស់​ភាគី​កម្ពុជា​ទាំង​អស់​ ដែល​ នឹង​ មាន​សិទ្ធិ​ចូល​ទៅ​ទាក់​ទង​ ដោយ​គ្មាន​ការ​ហាម​ឃាត់​ ជា​មួយ​រាល់​កិច្ច​ប្រ​តិ​បត្ដិ​ការ​ផ្នែក​រដ្ឋ​បាល​ និង ពត៌​មាន។
ខ - ទាមទារ​អោយ​ប្ដូរ​ទៅ​កន្លែង​ថ្មី​ រឺ​ អោយ​ដក​ហូត​ នូវ ​បុគ្គ​លឹក​ណា​មួយ​របស់​បណ្ដា​អង្គ​ការ​ស្ថាប័ន​ និង ការរិយា​ល័យ​រដ្ឋ​បាល​នេះ​។

៥ - ក - ផ្អែកទៅ​លើ​ពត៌​មាន​ ដែល​ចែង​នៅ​ក្នុង​មាត្រា​ទី​ ១ កថា​ខ័ណ្ឌ​ ៣ នៃ​ ឧប​សម្ព័ន្ធ​ ២ តំណាង​ពិសេស​របស់​អគ្គ​លេខា​ធិការ​ ក្រោយ​ពី​មាន​ការ​ពិ​គ្រោះ​ជា​មួយ​ភាគី​កម្ពុជា​ នឹង ​កំណត់​ នូវ​ ប៉ូ​លិស​ ស៊ី​វិល​ ជា​ចាំ​បាច់​ ដើម្បី​អនុ​វត្ដ​ច្បាប់​នៅ​កម្ពុជា​។ ក្នុង​ករណី​នេះ​ ភាគី​កម្ពុជា​ទាំង​អស់​សន្យា​ និង​ គោរព នូវ​ការ​កំណត់​ដែល​ធ្វើ​ឡើង​ ដោយ​តំណាង​ពិសេស​របស់​លោក​អគ្គ​លេខា​ធិ​ការ​។​
ខ - ប៉ូ​លិស​ស៊ី​វិល​ទាំង​អស់​ នឹង​ ប្រតិ​បត្ដិ​ការ​ក្រោម​ការ​ពិនិត្យ​មើល​ រឺ ត្រួត​ពិនិត្យ​របស់​ អ៊ុនតាក់​ ដើម្បី​ធានា​ការ​រក្សា​ច្បាប់​ និង សណ្ដាប់​ធ្នាប់​ ដោយ​ប្រសិទ្ធិ​ភាព​ និង មិន​លំ​អៀង​ ហើយ​សិទ្ធិ​មនុស្ស​ និង សេរីភាព​ជា​មូល​ដ្ឋាន​ ត្រូវ​បាន​គោរព​ទាំង​ស្រុង​។ ដោយ​​មាន​ការ​ពិ​គ្រោះ​ជា​មួយ​ SNC អ៊ុនតាក់​ត្រូវ​ពិនិត្យ​មើល​ នូវ​ ដំណើរ​ការ​អនុ​វត្ដ​ច្បាប់​ និង តុលា​ការ​ដទៃ​ទៀត​ នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ ដែល​ចាំ​បាច់​ ដើម្បី​ធា​នា​សំ​រេច​ នូវ ​ទិស​ដៅ​ទាំង​នោះ​។​

៦ - បើ​តំណាង​ពិសេស​របស់​លោក​អគ្ក​លេខា​ធិការ​យល់​ថា​ ចាំ​បាច់​ដោយ​មាន​ការ​ពិនិត្យ​ ពិ​​​​គ្រោះ​ជាមួយ​ អេស​អិន​ស៊ី​ អ៊ុន​តាក់​ នឹង​ ស៊ើប​អង្កេត​​ការ​ប្ដឹង​ត​វ៉ា​ នឹង ការ​ចោទ​ប្រកាន់​ ស្ដី​ពី​សកម្ម​ភាព​ ដែល​រចនា​សម្ព័ន​រដ្ឋ​បាល​ ដែល​មាន​ហើយ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ដែល​មិន​សម​ស្រប​ រឺ​ ដែល​ប្រ​ឆាំង​ នឹង​ បណ្ដា​ទិស​ដៅ​ នៃ​ ដំណោះ​ស្រាយ​នយោ​បាយ​រួម​នេះ​។ អ៊ុន​តាក់​ ក៏​ត្រូវ​មាន​អំណាច​ស៊ើប​អង្កេត​បែប​នេះ​ តាម​គំនិត​ខ្លួន​ផ្ទាល់​ដែរ​។ នៅ​ពេល​ចាំ​បាច់​ អ៊ុន​តាក់​ នឹង ​ចាត់​វិធាន​ការ​កែ​តំរូវ​ដ៏​សម​ស្រប។​

ជំពូក គ មុខ​ងារខាងយោធា

១ - អ៊ុនតាក់​ នឹង ពិនិត្យ​ តាមដាន​មើល​ និង បញ្ជាក់​មើល​ ការ​​ដក​កង​កំលាំង​បរ​ទេស​ ការ​ឈប់​បាញ់​ និង​ បណ្ដា​វិធាន​ការ​ទាក់​ទង​​ទាំង​ឡាយ​ ស្រប​តាម​ឧបសម្ព័ន​ទី២ រួម​មាន​៖
ក - បញ្ជាក់​ការ​ដក​កង​កំលាំង​ ទី​ប្រឹក្សា​ និង បុគ្គ​លឹក​យោ​ធា​បរ​ទេស​ គ្រប់​ប្រ​ភេទ​ទាំង​អស់​ ព្រម​ទាំង​អាវុធ​គ្រាប់​រំសេវ​ សម្ភារ​របស់​គេ​ចេញ​ពី​កម្ពុជា​ និង ​ការ​មិន​វិល​ត្រលប់​របស់​គេ​ចូល​កម្ពុជា​វិញ​។
ខ - ទាក់ទង​ជា​មួយ​រដ្ឋា​ភិបាលប្រទេស​ជិត​ខាង​ ស្ដី​ពី​ព្រិត្ដិ​ការណ៍​ណា​ដែល​កើត​ឡើង​នៅ​ក្នុង​ រឺ​ នៅ​ជិត​ទឹក​ដី​ខ្លួន ​ដែល​បណ្ដា​ល​អោយ​គ្រោះ​ថ្នាក់​ ដល់​ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​នេះ។
គ - តាម​ដាន​ ការ​បញ្ឈប់​ជំនួយ​យោ​ធា​បរ​ទេស​ ដល់​ភាគី​កម្ពុជា​ទាំង​អស់​។
ឃ - ស្វែង​រក​ និង​ រឹប​អូស​យក​កន្លែង​លាក់​គ្រឿង​សព្វា​វុធ​ និង ភស្ដុ​ភារ​ខាង​យោ​ធា​ ដែល​លាក់​ទុក​ទូ​ទាំង​ប្រទេស​។
ង - ជួយ​បោស​សំអាត​មីន​ និង ​ដំណើរ​ការ​កម្ម​វិធី​ហាត់ហ្វឹក​ហ្វឺន​ អំពី​ការ​បោស​សំអាត​មីន​ និង កម្មវិធី​យល់​ដឹង​ពីមីន​ ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជា​។

២ - អ៊ុនតាក់​ និង ​ពិនិត្យ​មើល​ការ​ប្រមូល​ផ្ដុំ​ និង ការ​ដាក់​ទី​តាំង​ឡើង​វិញ​ នៃ កង​កំលាំង​ទាំង​អស់​ នៅ​កន្លែង​ជំរុំបន្ទាយ​ ដែល​បាន​កំណត់​ច្បាស់​លាស់​ ដោយ​ផ្អែក​ទៅ​លើ​ប្រតិ​ទិន​ ប្រតិ​បត្ដិ​ការ​មួយ​ ដែល​ត្រូវ​បាន​ព្រម​ព្រៀង​ស្រប​តាម​ ឧបសម្ព័ន្ធ២ ។​

៣ - បន្ទាប់​កង​កំលាំង​ចូល​ទៅ​ក្នុង​ជំរុំ​បន្ទាយ​ អ៊ុន​តាក់​ នឹង ផ្ដើម​ដំណើរ​ការ​ត្រួត​ពិនិត្យ​ និង កាត់​បន្ថយ​សព្វា​វុធ​ ដូច​ដែល​បាន​បញ្ជាក់​ក្នុង​​ឧបសម្ព័ន

៤ - អ៊ុន​តាក់ ត្រូវ​ចាត់​វិធាន​ការ​ចាំ​បាច់​ ស្ដី​ពី​ដំណើរ​ការ​ រីសាយ​បណ្ដើរ​ៗ​ នូវ កង​កំលាំង​យោ​ធា​ នៃ បណ្ដា​ភាគី​ ស្របតាមឧបសម្ព័ន២​។

៥ - អ៊ុន​តាក់​ ត្រូវ​ជួយ​តាម​ដែល​ចាំ​បាច់​ ដល់គណ​កម្មការ​ កាក​បាទ​ក្រហម​អន្ដរ​ជាតិ​ ក្នុង​ការ​ដោះ​លែង​​ឈ្លើយ​សឹក​ និង ជន​ស៊ីវិល​ជាប់​ឃុំ​ឃាំង​ទាំង​អស់​។

ជំពូក ឃ ការ​បោះឆ្នោត

១ - អ៊ុនតាក់​ ត្រូវ​រៀប​ចំ​ និង ដឹក​នាំ​ការ​បោះ​ឆ្នោត​ ដែល​ចែង​ក្នុង​ភាគ​២ នៃ​ កិច្ច​ព្រម​ព្រៀង​នេះ​ ស្រប​តាម​ជំពូក​នេះ​ និង​ ឧប​សម្ព័ន្ធទី៣។
២ - អ៊ុនតាក់​ អាច​ពិគ្រៅ​ជា​មួយ​ អេស​អិន​ស៊ី​ អំពី​ការ​រៀប​ចំ​ និង ​ការ​ដឹក​នាំ​ដំណើរ​ការ​បោះ​ឆ្នោត​។ ៣ - ក្នុង​ការ​អនុ​វត្ដ​ នូវ ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ សិទ្ធិ​អំណាច​ច្បាស់​លាស់​របស់​អ៊ុន​តាក់​ រួម​មាន​ដូច​ត​ទៅ​នេះ៖
ក - ដោយ​មាន​ការ​ពិ​គ្រោះ​ជា​មួយ​ SNC បង្កើត​ច្បាប់​ទំរង់​បែប​បទ​ និង​ វិធាន​ការ​រដ្ឋ​បាល​ទាំង​ឡាយ​ដែល​ចាំ​បាច់​ សំរាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង ត្រឹម​ត្រូវ​នៅ​កម្ពុជា​ រាប់​ទាំង​ការ​អនុ​ម័ត​ នូវ​ ច្បាប់​បោះ​ឆ្នោត​ និង ​បទ​បញ្ជា​ សីល​ធម៌​រួម​ផងដែរ​ ដែល​អាច​ចាត់​ចែង​អំពី​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ធ្វើ​យ៉ាង​ណា​អោយ​សម​ស្រប​ នឹង ​ការ​គោរព​សិទ្វិ​មនុស្ស​ និង ហាម​ឃាត់​បង្ខិត​បង្ខំ​ រឺ ការ​អូស​ទាញ​តាម​មធ្យោ​បាយ​ហិរញ្ញ​វត្ថុ​ ដើម្បី​អិទ្ធិ​ពល​ទៅ​លើ​ចំណូល​ចិត្ដ​របស់​អ្នក​បោះ​ឆ្នោត​។​
ខ - ផ្អាក រឺ​ លុប​បំបាត់​ចោល​ ដោយ​មាន​ការ​ពិគ្រោះ​ជា​មួយ​ SNC នូវ​បទ​បញ្ញត្ដិ​ច្បាប់​ ដែល​មាន​ស្រាប់​ណា​ដែល​អាច​ធ្វើ​អោយ​បរា​ជ័យ​ដល់​កម្ម​វត្ថុ​ និង ​គោល​បំណង​ នៃ ​កិច្ច​ព្រម​ព្រៀង​នេះ​។
គ - តាក់​តែង​ និង ​ អនុវត្ថ​កម្មវិធី​​មួយ​ អប់រំអ្នក​​បោះ​ឆ្នោត​​ រួម​មាន​ទិដ្ឋ​ភាព​ទាំង​អស់​ នៃ​ ការ​បោះ​ឆ្នោត​ ដើម្បី​គាំ​ទ្រ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​។
ឃ - តាក់​តែង​ និង អនុវត្ថ​ប្រពន្ធ​ចុះ​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​មួយ​ ដែល​ជា​ដំណាក់​កាល​ទី​១ នៃ​ដំណើត​ការ​បោះ​ឆ្នោត​ ដើម្បី​ធា​នា​អោយ​អ្នក​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ មាន​ឱ​កាស​ទៅ​ចុះ​ឈ្មោះ និង ​រៀប​ចំ​ត​ទៅ​ទៀត​ នូវ​ បញ្ជី​ចុះ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​ ដែល​បាន​បញ្ជាក់​ហើយ​។
ង - តាក់តែង​ និង អនុវត្ថ​ប្រពន្ធ​ចុះ​ឈ្មោះមួយ​ នៃ​ គណ​បក្ស​នយោ​បាយ​ និង បញ្ជី​បេក្ខ​ជន​។
ច - ធានា​ការ​ចូល​ទាក់​ទង​ ដ៏​សម​រម្យ​ ជា​មួយ​ប្រពន្ធ​ឃោសនា​ រួម​ទាំង​កាសែត​ ទូរ​ទស្សន៍​ និង វិទ្យុ​ សំរាប់​គណ​បក្សនយោ​បាយ​ទាំង​អស់​ ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​។
ឆ - អនុម័ត​ និង អនុ​វត្ត​វិធាន​ការ​ទាំង​ឡាយ​ ដើម្បី​តាមដាន​ និង ​ សំរួល​ការ​ចូល​រួម​ របស់​ប្រ​ជា​ជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ យុទ្ធ​នា​ការ​ឃោស​នា​នយោ​បាយ​ និង ទំរង់​បែប​បទ​ នៃ​ ការ​បោះ​សន្លឹក​ឆ្នោត។
ជ - តាក់​តែង​ និង អនុវត្ថ​ប្រពន្ធរបៀប​របប​បោះ​ឆ្នោត​ និង វិធី​បោះ​សន្លឹក​ឆ្នោត​ ដើម្បី​ធានា​អោយ​អ្នក​ ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​ មាន​លទ្ធ​ភាព​បោះ​ឆ្នោត​។​​
ឈ - ដោយ​ពិគ្រោះ​​ជាមួយ​ SNC បង្កើត​​អោយ​មាន​ការ​រៀប​ចំ​ សំរប​សំរួល​គ្នា​ ដើម្បី​សំរួល​ដល់​វត្ថ​មាន​ នៃ​ អ្នក​សង្កេត​ការ​ណ៍​បរ​ទេស​ ដែល​ចង់​មក​អង្កេត​យុទ្ធ​នា​ការ​ឃោសនា​ និង ការ​​បោះ​ឆ្នោត​។
ញ - ដឹក​នាំ​ទូ​ទៅ​ នៃ​ការ​បោះ​ឆ្នោត​ និង ការ​រាប់​សន្លឹក​ឆ្នោត​។
ដ - ពិនិត្យ​មើល​ និង ស៊ើប​អង្កេត​អំពី​ការ​ប្ដឹង​​តវ៉ា​ ស្ដី​អំពី​ភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​បោះ​ឆ្នោត​ ព្រមទាំង​ នឹង ចាត់​វិធាន​ការ​កែ​តំរូវ​ដ៏​សម​ស្រប​។
ឋ - កំណត់ថា តើ​ការ​បោះ​ឆ្នោត​ប្រព្រិត្ដ​ទៅ​ដោយ​ សេរី ​ត្រឹម​ត្រូវ​រឺ​ទេ​ ហើយ​បើ​សេរី​ និង ​ត្រឹម​ត្រូវ​ហើយ​ចេញ​សេច​ក្ដី​បញ្ជាក់​ បញ្ជី​ឈ្មោះ​អ្នក​ដែល​ជាប់​ឆ្នោត​ត្រឹម​ត្រូវ​។​
៤ - ក្នុង​ការ​អនុវត្ដ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ដូច​មាន​ចែង​ក្នុង​ជំពូក​នេះ UNTAC ត្រូវ​បង្កើត​ប្រពន្ធ​ការ​ពារ​មួយ​​ ដើម្បី​ជួយ​ខ្លួន​អោយ​ធានា​ថា​ គ្មាន​ការ​លួច​បន្លំ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ រួម​ទាំង​ការ​រៀប​ចំ​អោយ​បណ្ដា​តំណាង​កម្ពុជា​ ចូល​សង្កេត​បែប​បទ​ចុះ​ឈ្មោះ​ និង បោះ​ឆ្នាត​ ព្រម​ទាំង​បង្កើត​យន្ដ​ការ​របស់​ UNTAC មួយ​ សំរាប់​ទទួល​ពាក្យ​បណ្ដឹង​ និង សំរេច​អំពី​ការ​ប្ដឹង​តវ៉ា។
៥ - ប្រតិទិន​ សំរាប់​ដំណាក់​កាល​ផ្សេងៗ​ នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ ត្រូវ​កំណត់​ដោយ​ UNTAC ដោយ​​មាន​ការ​ពិគ្រោះ​ជាមួយ​ SNC ដូច​ដែលមាន​ចែង​ក្នុង​កថា​ខ័ណ្ឌ​ទី២ នៃ​ជំពូក​នេះ​។ ដំណើរ​ការ​បោះ​ឆ្នោត​ មាន​រយ​ពេល​មិន​លើស​ពី​ ៩ខែ​ ចាប់​ពី​ពេល​ផ្ដើម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។
៦ - ក្នុង​ការ​រៀប​ចំ​ និង ​ដឹក​នាំ​ដំណើរ​ការ​បោះ​ឆ្នោត​ UNTAC ត្រូវ​ខិត​ខំ​គ្រប់​បែប​យ៉ាង​ ដើម្បី​ធា​នា​ថា​ ប្រពន្ធ​ និង បែប​បទ​ ដែល​បាន​អនុម័ត​នោះ​ គឺ គ្មាន​លំ​អៀង​ជា​ដាច់​ខាត​ ទន្ទឹម​គ្នា​ នឹង ការ​រៀប​ចំ​ប្រ​តិ​បត្ដិ​ការ​​ទាំង​ឡាយ​ ខាង​ផ្នែក​រដ្ឋ​បាល​ ត្រូវ​អោយ​ងាយ​ស្រួល​ និង ប្រសិទ្ធិ​ភាព​បំ​ផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​។​

ជំពូក ង សិទ្ធិមនុស្ស

ស្រប​តាមមាត្រ​ទី១៦ UNTAC ត្រូវ​រៀប​ចំបែប​បទ​ទាំង​ឡាយ​សំរាប់​ ៖
ក - ការ​តាក់​តែង​ និង ការ​អនុវត្ដ​កម្ម​វិធី​អប់​រំ​ អំពី​សិទ្ធិ​មនុស្ស​មួយ​ ដើម្បី​ជំរុញ​ការ​គោរព​ និង ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស។
ខ - ការ​ឃ្លាំ​មើល​ជា​ទូ​ទៅ​អំពី​សិទ្ធិ​មនុស្ស​ និង ការ​ប្រកាន់​យក​ នូវ ​វិធាន​ការ​កែ​តំរូវ​ នៅ​ទី​ណា​ដែល​សម​ស្រប​។
គ ការ​ស៊ើប​អង្កេត​ ការ​ប្ដឹង​តវ៉ា​ អំពី​សិទ្ធិ​មនុស្ស​ និង ​ការ​ប្រ​កាន់​យក​ នូវ វិធាន​ការ​កែ​តំរូវ​​នៅ​ទី​ណា ដែល​សម​ស្រប​។