កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២៣ តុលា ១៩៩១
ប្រែសំរួលក្រៅផ្លូវការ
កែវ ឈុន
****************************************
III. ការព្រមព្រៀងលើការប្រកាន់យកគោលការណ៍
នយោបាយរួម ដែលជំពាក់ជំពិនគ្នា នៃ ជំលោះកម្ពុជា


ថ្ងៃសៅរ៍ ទី6.វិច្ឆកា 2021.ម៉ោង 9:26
បណ្ដាប្រទេសដែលចូលរួមសន្និសិទទីក្រុងបារីស ស្ដីពីកម្ពុជា គឺ អូស្ដ្រាលី ប្រុយណេ ដារូស្សាឡាម កម្ពុជា កាណាដា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋបារាំង សាធារណរដ្ឋអិណ្ឌា សាធារណរដ្ឋអិណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសង្ហបូរី រាជាណាចក្រថៃឡង់ សហភាពសាធារណរដ្ឋ សង្គមនិយមសូវៀត ចក្រភពអង់គ្លេស អៀរឡង់ខាងជើង សហរដ្ឋអាមេរិក សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋសង្គមនិយមយូហ្គោស្លាវី។
នៅចំពោះវត្ដមាន នៃ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ
ដើម្បីថែរក្សា និង ការពារអធិបតេយ្យភាព អែករាជ្យ បូរណភាព និង ភាពមិនអារំលោភបាន នៃ ដែនដីអព្យាក្រិតភាព និង អែកភាពជាតិរបស់កម្ពុជា។
ដោយចង់ស្ដារឡើងវិញ និង ថែរក្សាសន្ដិភាពនៅកម្ពុជា ជំរុញអោយមានរួបរួមជាតិ និង ធានាអោយប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិស្វ័យសំរេច តាមរយការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវ។
ដោយជឿជាក់ថា មានតែដំណោះស្រាយ នយោបាយមួយ សំរាប់ជំលោះកម្ពុជាទេ ទើបបានដំណោះស្រាយមួយយុត្ដិធម៌ និង យូរអង្វែង ហើយនឹង រួមវិភាគដល់សន្ដិភាព និង សន្ដិសុខក្នុងតំបន់ និង អន្ដរជាតិ។
ដោយស្វាគមន៍អែកសារក្របខ័ណ្ឌ ថ្ងៃទី ២៨ សីហា ១៩៩០ ដែលបានព្រមព្រៀងទាំងស្រុង ដោយភាគីកម្ពុជាធ្វើជាមូលដ្ឋាន សំរាប់ដំណោះស្រាយ នៃ ជំលោះកម្ពុជា ហើយបន្ទាប់មក ត្រូវបានយល់ព្រមព្រៀជាអែកច្ឆ័ន្ទ ដោយក្រុមប្រឹក្សាសន្ដិសុខ តាមសេចក្ដីសំរេចចិត្ដលេខ ៤៥.៣ ចុះថ្ងៃទី ១៥តុលា ១៩៩០។
ដោយកត់សំគាល់ ការបង្កើតឡើង នូវ ក្រុមប្រឹក្សាជាន់ខ្ពស់ ដែលនៅក្នុងទូទាំងដំណាក់កាលអន្ដរកាល ជាដំណាងដំកល់ អធិប្បតេយ្យភាព និង អែកភាពជាតិ ហើយដែលតំណាងកម្ពុជានៅបរទេស។
ដោយស្វាគមន៍ ការជ្រើសតាំងជាអែកច្ឆ័ន្ទ នូវ សំដេចនរោត្ដមសីហនុ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅប៉េកាំងថ្ងៃទី ១៧កញ្ញា ១៩៩១។
ដោយទទួលស្គាល់ថា តួនាទីទូលំទូលាយ របស់អង្គការសហប្រជាជាតិ ទាមទារអោយបង្កើតអាជ្ញាធរបណ្ដោះអាសន្ន របស់អង្គការសហប្រជាជាតិមួយនៅកម្ពុជា «អ៊ុនតាក់» ដោយមានផ្នែកយោធា និង ផ្នែកស៊ីវិល ដែល នឹង បំពេញភារកិច្ចដោយគោរពទាំងស្រុងដល់អធិបតេយ្យភាពរបស់កម្ពុជា។
ដោយកត់សំគាល់ នូវ សេចក្ដីថ្លែងការណ៍ នៅពេលចប់កិច្ចប្រជុំ ដែលបានប្រព្រិត្ដទៅនៅហ្សាកាតា ថ្ងៃទី ៩-១០ កញ្ញា ១៩៩០ នៅបារីសថ្ងៃទី២១-២៣ ធ្នូ ១៩៩០ នៅប៉ាតាយ៉ាថ្ងៃទី ២៦-២៩ សីហា ១៩៩១ ព្រមកិច្ចប្រជុំនៅហ្សាកាតា ថ្ងៃទី ៤-៦ មិថុនា ១៩៩១ និង នៅញូយកថ្ងៃទី ១៩ កញ្ញា ១៩៩១។
ដោយស្វាគមន៍សេចក្ដីសំរេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិលេខ ៧១៧ ១៩៩១ ចុះថ្ងៃទី ១៦តុលា ១៩៩១ ស្ដីពីកម្ពុជា។
ដោយទទួលស្គាល់ថា ប្រវត្ដិសាស្ដ្រថ្មីៗ ប្រកបដោយសោកដាដកម្មរបស់កម្ពុជា ទាមទារអោយមានវិធានការណ៍ពិសេស ដើម្បីធានាការពារសិទ្ធិមនុស្ស និង ការមិនវិលត្រលប់មកវិញ នៃ នយោបាយ និង អំពើប្រព្រិត្ដពីអតីតកាល ដែលបានព្រមព្រៀងដូចតទៅនេះ៖
ភាគទី១
ដំណាក់អន្ដរកាល
មាត្រាទី១ : ដើម្បីបំរើវត្ថុបំណង នៃ កិច្ចព្រមព្រៀងនេះ ដំណាក់អន្ដរកាល ត្រូវចាប់ផ្ដើមពីពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយត្រូវបញ្ចប់នៅពេលដែលមានសភាធម្មនុញ្ញ ដែលបានជាប់ឆ្នោតតាមរយ នៃ ការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវ ដែលរៀបចំឡើង និង បញ្ចាក់ដោយអង្គការសហប្រជាជាតិ បានអនុមតិរដ្ឋធម្មនុញ្ញ ហើយបានក្លាយខ្លួនអែង ទៅជាសភានីតិបញ្ញាត្ដិ រួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង។
អាជ្ញាធរបណ្ដោះអាសន្ន នៃ អង្គការសហប្រជាជាតិនៅកម្ពុជា
មាត្រាទី២ : ១ - ហត្ថលេខីទាំងឡាយ ស្នើក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប. អោយបង្កើតអាជ្ញាធរបណ្ដោះអាសន្ន នៃ អ.ស.ប. មួយនៅកម្ពុជា ចាប់ពីពេលនេះតទៅ ហៅថា «UTAC»ដោយរួមមានទាំងផ្នែកយោធា និង ផ្នែកស៊ីវិល ដែលស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គលេខាធិការ នៃ អង្គការសហប្រជាជាតិ។ ដើម្បីសំរេចគោលបំណងនេះ លោកអគ្គលេខាធិការ នៃ អ.ស.ប. ត្រូវចាត់តំណាងពិសេសម្នាក់អោយបំពេញភារកិច្ចក្នុងនាមលោក។
២ - ហត្ថលេខីទាំងឡាយ ក៏ស្នើថែមទៀត ដល់ក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប. អោយប្រគល់ដល់អុតាក់ នូវតួនាទីភារកិច្ចមួយ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ហើយត្រូវពិនិត្យការអនុវត្ដភារកិច្ចនេះអោយបានជារៀងហូរហែ តាមរយរបាយការណ៍ទៀងទាត់ ធ្វើដោយលោកអគ្គលេខាធិការ។
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់
មាត្រាទី៣ : ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (ចាប់ពីពេលនេះទៅ ហៅថា «SNC») ជាអង្គការស្របច្បាប់ និង ជាប្រភព នៃ អំណាចតែមួយគត់ ដែលតំណាងដំកល់អធិបតេយ្យភាព អែករាជ និង អែកភាព នៃ កម្ពុជា ក្នុងដំណាក់កាលអន្ដរកាល។
មាត្រាទី៤ : បណ្ដាសមាជិក SNC នឹង ត្រូវសន្យាអោយមានការចាត់តាំង ការពារដោយសេរី និង ត្រឹមត្រូវរៀបចំឡើង និង ដឹកនាំដោយសហប្រជាជាតិ ធ្វើជាមូលដ្ឋានសំរាប់រៀបចំរដ្ឋាភិបាលថ្មី និង ស្របច្បាប់។
មាត្រាទី៥ : នៅទូទាំងដំណាក់កាលអន្ដរកាល SNC ជាដំណាងកម្ពុជានៅក្រៅប្រទេស ហើយត្រូវកាន់កាប់អាសនកម្ពុជានៅអែ អ.ស.ប. នៅអង្គការជំនាញទាំងឡាយរបស់ អ.ស.ប. និង នៅក្នុងស្ថាប័នអន្ដរជាតិ និង នៅក្នុងបណ្ដាសន្និសិទអន្ដរជាតិផ្សេងៗទៀត។
មាត្រាទី៦ : អាស្រ័យហេតុនេះ SNC ប្រគល់អំណាចទាំងអស់ ដែលចាំបាច់អោយ UTAC ដើម្បីធានាការអនុវត្ដកិច្ចព្រមព្រៀងនេះ ដូចមានពិពណ៌នា នៅក្នុងឧបសម្ព័នទី១ស្រាប់។
ដើម្បីធានាអោយមានបរិយាកាស នយោបាយអព្យាក្រិតមួយ សំរួលដល់ការបោះឆ្នោតទូទៅ ដោយសេរី និង ត្រឹមត្រូវ គេត្រូវដាក់បណ្ដាភ្នាក់ងារ ស្ថាប័ន និង ការិយាល័យរដ្ឋបាលណា ដែលអាជជះឥទ្ធិពល ដោយផ្ទាល់ទៅលើលទ្ធផល នៃ ការបោះឆ្នោត អោយស្ថិតក្រោមការពិនិត្យមើល រឺ ត្រួតពិនិត្យដោយផ្ទាល់របស់អង្គការសហប្រជាជាតិ។ ក្នុងក្របខ័ណ្ឌនេះ គេត្រូវចាប់អារម្មណ៍ពិសេស ទៅលើកិច្ចការងារការបរទេស ការពារប្រទេស ហរិញ្ញវត្ថុ សន្ដិសុខសាធារណៈ និង ឃោសនាការ។ ដើម្បីឆ្លុះបញ្ចាំងអោយឃើញសារសំខាន់ នៃ បញ្ហានេះ អូតាក់ ចាប់បាច់ត្រូវធ្វើការត្រួតពិនិត្យតាមដែលចាំបាច់ ដើម្បីធានាអព្យាក្រិតភាពម៉ើងម៉ាត់ នៃ បណ្ដាស្ថាប័ន ដែលទទួលខុសត្រូវ លើវិស័យទាំងនេះ។ អង្គការសហប្រជាជាតិ ដោយមានការពិគ្រោះជាមួយ SNC ត្រូវពិនិត្យកំនត់មើលថា តើភ្នាក់ងារណា ស្ថាប័នណា និង ការិយាល័យណា ដំណើរការសកម្មភាពទៅទៀត ដើម្បីធានា ជីវភាពប្រចាំថ្ងៃធម្មតានៅក្នុងប្រទេស។
មាត្រាទី៧ : ទំនាក់ទំនង SNC និង UNTAC និង ជាមួយរចនាសម្ព័នរដ្ឋបាល ដែលមានស្រាប់មានចែងក្នុងឧបសម្ព័ន្ធទី១
ការដកកំលាំងបរទេស និង ការពិនិត្យបញ្ជាក់
មាត្រាទី៨ : ពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមានភ្លាម រាល់កងកំលាំងទីប្រឹក្សា និង បុគ្គលិកយោធាទាំងឡាយណា ដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងសព្វាវុធគ្រាប់រំសេវ និង សម្ភាររបស់គេ ត្រូវដកចេញពីកម្ពុជា និង មិនត្រូវត្រលប់មកវិញទេ។ ការដកកំលាំង និង ការមិនត្រលប់នេះ នឹង ត្រូវស្ថិតក្រោមការត្រួតពិនិត្យ បញ្ជាក់របស់ អុនតាក់ ស្របតាមឧបសម្ព័ន្ធទី២។
ការឈប់បាញ់គ្នា និង ការបញ្ឈប់ នូវ ជំនួយយោធាពីខាងក្រៅ
មាត្រាទី៩ : ការឈប់បាញ់គ្នា ត្រូវចាប់អនុវត្ដ ចាប់តាំងពីពេលដែលកិច្ចព្រមព្រៀង ចូលជាធរមាន។ គ្រប់កងកំលាំងទាំងអស់ត្រូវដោះដៃឈប់បាញ់គ្នាភ្លាម ហើយត្រូផ្អាកឈប់ធ្វើសកម្មភាព ប្រទូស្ដរាយគ្នាទាំងអស់ និង ឈប់ដាក់ពង្រាយទ័ពចល័តទ័ព រឺ ធ្វើសកម្មភាពទាំងឡាយណា ដែលនាំអោយព្រីកដែនដី ដែលខ្លួនត្រួតត្រា រឺ ក៏ដែលអាចនាំទៅរកការប្រយុទ្ធគ្នាជាថ្មី។
ហេតុនេះ បណ្ដាហត្ថលេខី ស្នើដល់ក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប. អោយស្នើទៅលោកអគ្គលេខាធិការ អោយជួយឧបត្ថម្ភ សំរួលដល់ដំណើរការនេះ រហូតដល់ពេលដែលផ្នែកយោធារបស់ អុនតាក់ អាចមានលទ្ធភាពពិនិត្យមើលតាមដាន និង បញ្ជាក់អំពីការឈប់បាញ់គ្នានេះ។
មាត្រាទី១០ : នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ត្រូវបញ្ឈប់ជាបន្ទាន់ នូវ ជំនួយយោធាបរទេសទាំងអស់ ទៅអោយភាគីកម្ពុជាទាំងអស់។
មាត្រាទី១១ : ទិសដៅនៃការរៀបចំផ្នែកយោធា ក្នុងដំណាក់កាលអន្ដរកាល គឺត្រូវធ្វើអោយស្ថានការណ៍សន្ដិសុខមានស្ថិរភាព និង កសាងទំនុកចិត្ដគ្នា រវាងបណ្ដាភាគីក្នុងជំលោះ ដើម្បីពង្រីកគោលបំណង នៃ កិច្ចព្រមព្រៀងនេះ និង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ នៃ ការវិលត្រលប់ទៅរកសង្គ្រាមវិញ។
បទបញ្ញាត្ដិលំអិត ស្ដីពីការត្រួតពិនិត្យ កាតតាមដាន និង បញ្ជាក់អំពីការឈប់បាញ់គ្នា និង វិធានការពាក់ពាន់ រួមទាំងការបញ្ជាក់ អំពីការដកទ័ពបរទេស និង ការប្រមូលផ្ដុំការដាក់ក្នុងបន្ទាយ និង ការដោះស្រាយជាចុងក្រោយ នៃ កងកំលាំងកម្ពុជាទាំងអស់ ព្រមទាំងសព្វាវុធរបស់គេ នៅក្នុងដំណាក់កាលអន្ដរកាល មានចែងក្នុងឧបសម្ព័ន្ធទី១ ជំពូក គ និង ឧបសម្ព័ន្ធទី ២។
ភាគទី២
ការបោះឆ្នោត
មាត្រាទី១២ : ប្រជាជនកម្ពុជាត្រូវមានសិទ្ធសំរេចពីអនាគតនយោបាយរបស់ខ្លួន តាមរយការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវ ដើម្បីរើសសភាធម្មនុញ្ញមួយ ដែលត្រូវព្រាង និង អនុមតិរដ្ឋធម្មនុញ្ញកម្ពុជាមួយថ្មី ស្របទៅតាមមាត្រាទី ២៣ រួចត្រូវក្លាយខ្លួនទៅជា សភានីតិបញ្ញាត្ដិ ដែលត្រូវបង្កើតរដ្ឋាភិបាលកម្ពុជាមួយថ្មី។ ការបោះឆ្នោតនេះ ធ្វើឡើងក្រោមការឧបត្ថម្ភដឹកនាំរបស់ អ.ស.ប. ក្នុងបរិយាកាសនយោបាយអព្យាក្រិតមួយ ដោយគោរពពេញលេញដល់ អធិបតេយ្យភាពជាតិរបស់កម្ពុជា។
មាត្រាទី១៣ : អុនតាក់ UNTAC ត្រូវទទួលខុសត្រូវចំពោះការរៀបចំ និង ដឹកនាំការបោះឆ្នោតទាំងនេះ ដោយផ្អែកលើប្រការទាំងឡាយ ដែលអាចមានចែងក្នុងឧបសម្ព័ន្ធទី១ ជំពូក ឃ និង ឧបសម្ព័នទី ៣។
មាត្រាទី១៤ : ហត្ថលេខីទាំងអស់ ត្រូវប្ដេជ្ញាគោរពលទ្ធផល នៃ ការបោះឆ្នោតទាំងនេះ នៅពេលណាដែលអង្គការ សហប្រជាតិបានបញ្ជាក់ថា ការបោះឆ្នោតនោះ បានប្រព្រឹត្ដទៅដោយសេរី និង ត្រឹមត្រូវហើយ។
ភាគទី៣
សិទ្ធិមនុស្ស
- មាត្រាទី១៥ : ១ - មនុស្សគ្រប់រូបនៅកម្ពុជា និង ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែង នៅកម្ពុជាទាំងអស់ ត្រូវមានសិទ្ធិ និង សេរីភាព ដែលចែងក្នុង សេចក្ដីប្រកាសជាសាកលពីសិទ្ធិមនុស្ស និង ក្នុងបណ្ដាកិច្ចព្រមព្រៀងអន្ដរជាតិទាំងឡាយ ដែលពាក់ពាន់ នឹង សិទ្ធិមនុស្ស។
- ២ - ដើម្បីសំរេចទិសដៅនេះ:
- ក - ប្រទេសកម្ពុជាសន្យានឹង៖
- - ធានាគោរព និង ប្រតិបត្ដិតាមសិទ្ធិមនុស្ស និង សេរីភាព ជាមូលដ្ឋាននៅកម្ពុជា។
- - គាំទ្រសិទ្ធិរបស់ពលរដ្ឋទាំងអស់ ក្នុងការធ្វើសកម្មភាព ដែលជំរុញ និង ការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន។
- ចាត់វិធានការ ដ៏មានប្រសិទ្ធិភាព ដើម្បីធានាថា នយោបាយ និង អំពើប្រព្រឹត្ដក្នុងអតីតកាល មិនត្រូវបានអនុញ្ញាតិអោយវិលត្រលប់មកវិញជាដាច់ខាត។
- ចូលរួមកិច្ខព្រមព្រៀងជាអន្ដរជាតិទាំងឡាយ ដែលពាក់ពាន់សិទ្ធិមនុស្ស។
- ខ - ហត្ថលេខីផ្សេងៗ ទៀត នៃ កិច្ចព្រមព្រៀងនេះ សន្យាថា ជួយជំរុញ និង លើកទឹកចិត្ដដល់ការគោរព និង ប្រតិបត្ដិតាមសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាននៅកម្ពុជា ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអន្ដរជាតិទាំងឡាយ និង សេចក្ដីសំរេចទាំងឡាយរបស់មហាសន្និបាត អ.ស.ប. ដែលទាក់ទង នឹង បញ្ហានេះ ដើម្បីជាពិសេសការពារទប់ទល់ នឹង ការកើតឡើងវិញ នៃ ការរំលោភសិទ្ធិមនុស្សជាថ្មីទៀត។
មាត្រាទី១៦ : ក្នុងដំណាក់កាលអន្ដរកាល អុនតាក់ UNTAC ត្រូវទទួលខុសត្រូវ បណ្ដុះបណ្ដាលបរិយាកាសមួយ ធានាដល់ការគោរពសិទ្ធិមនុស្ស ដោយផ្អែកលើការដែលមានចែងក្នុង ឧបសម្ព័ន្ធទី ១ ជំពូក ង។
មាត្រាទី១៧ : ក្រោយពីរយកាលអន្ដរកាល គណកម្មការ អ.ស.ប. ស្ដីពីសិទ្ធិមនុស្ស គប្បីបន្ដតាមដានដិតដល់ពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ហើយបើចាំបាច់មានរួមទាំងការតែងតាំង អ្នកកំណត់ពិសេសម្នាក់ ដែលត្រូវធ្វើរបាយការណ៍ ប្រចាំឆ្នាំស្ដីពីលទ្ធផល នៃ ការរកឃើញរបស់ខ្លួនទៅជូនគណកម្មការ និង មហាសន្និបាត។
ភាគទី៤
ការធានាអន្ដរជាតិ
មាត្រាទី១៨ : កម្ពុជាសន្យាថា នឹង ថែរក្សា ការពារ ហើយហត្ថលេខីអែទៀតៗ សន្យាថា ទទួលស្គាល់ និង គោរពចំពោះអធិបតេយ្យភាព អែករាជ បូរណភាព និង ភាពមិនអាចរំលោភបាន នៃ ដែនដី អព្យាក្រិតភាព និង អែកភាពជាតិ នៃ កម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងមួយដាច់ដោយលែក។
ភាគទី៥
ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែង
មាត្រាទី១៩ : ចាប់ពីកិច្ចព្រមព្រៀងនេះចូលធរមាន គេត្រូវខិតខំប្រឹងប្រែង ដើម្បីបង្កើតអោយមានលក្ខណសម្បត្ដិ នយោបាយសេដ្ឋកិច្ច និង សង្គមនៅក្នុងប្រទេសកម្ពុជា ដែលនាំសំរួលអោយដល់ការវិលត្រលប់ ដោយស្ម័គ្រចិត្ដ និង ការចូលមកក្នុងសង្គមជាតិវិញ ដោយសុខដុមរម្យនា នៃ ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែងកម្ពុជា។
មាត្រាទី២០ :
១ - ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែងកម្ពុជា ដែលស្នាក់នៅក្រៅកម្ពុជា ត្រូវមានសិទ្ធិវិលត្រលប់មកប្រទេសកម្ពុជាវិញ និង រស់នៅដោយសុវត្ថិភាព សន្ដិសុខ និង ភាពថ្លៃថ្នូរ ដោយគ្មានការសំលុតកំហែង រឺ ការគៀបសង្កត់បែបណាមួយឡើយ។
២ - ហត្ថលេខីទាំងឡាយ សូមស្នើចំពោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អោយជួយសំរួលដល់ការធ្វើមាតុភូមិនិវត្ដន៍ នៃ ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែងកម្ពុជា អោយប្រកបដោយសុវត្ថិភាព និង ភាពថ្លៃថ្នូរ ក្នុងក្របខ័ណ្ឌជាភាគមួយ នៃ ដំណោះស្រាយនយោបាយរួម ដែលប្រព្រឹត្ដទៅក្រោមអំណាចទូទៅរបស់តំណាងពិសេស នៃ លោកអគ្គលេខាធិការស្របតាមសេចក្ដីណែនាំ និង គោលការណ៍ស្ដីពីមាតុភូមិនិវត្ដន៍ នៃ ជនភៀសខ្លួន និង ជនផ្លាស់ប្ដូរទីកន្លែងដូចដែលមានចែងក្នុងឧបសម្ព័ន្ធទី ៤។
ភាគទី៦
ការដោះលែងឈ្លើយសឹក និង ជនស៊ីវិលជាប់ឃុំ
មាត្រាទី២១ : ការដោះលែងឈ្លើយសឹក និង ជនស៊ីវិលជាប់ឃុំទាំងអស់ ត្រូវសំរេចក្នុងពេលដ៏ឆាប់បំផុតតាមដែលអាចធ្វើទៅបាន ក្រោមការដឹកនាំរបស់គណកម្មាធិការ កាកបាទក្រហមអន្ដរជាតិ «CIR» ដោយមានការសំរបសំរួល ជាមួយតំណាងពិសេសរបស់អគ្គលេខាធិការដោយមានជួយឧបត្ថម្ភ តាមការដែលចាំបាច់អំពីអង្គការមនុស្សធម៌អន្ដរជាតិ សមស្របផ្សេងៗទៀត និង ហត្ថលេខីទាំងឡាយ។
មាត្រាទី២២ : ពាក្យថា «ជនស៊ីវិលជាប់ឃុំឃាំង» គឺសំដៅលើគ្រប់បុគ្គល ដែលមិនមែនឈ្លើយសឹក ហើយដែលបានរួមចំណែក ដោយប្រការណាមួយក៏ដោយដល់ការតស៊ូដោយអាវុធ រឺ ការតស៊ូនយោបាយ ហើយត្រូវបានចាប់ខ្លួន រឺ ឃាត់ខ្លួនដោយភាគីណាមួយ ដោយសារការរួមចំណែករបស់ខ្លួននោះ។
ភាគទី៧
គោលការណ៍សំរាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា
មាត្រាទី២៣ : បណ្ដាគោលការណ៍ជាមូលដ្ឋាន ដោយរួមទាំងគោលការណ៍ ស្ដីពីសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន ក៏ដូចជាគោលការណ៍ស្ដីពីលក្ខន្ដិករបស់កម្ពុជា ជាប្រទេសអព្យាក្រិតមួយ ហើយដែលត្រូវបញ្ចូល ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថ្មីនោះ គឺមានចែងនៅក្នុងឧបសម្ព័ន្ធទី៥។
ភាគទី៨
ការស្ដារ និង កសាងឡើងវិញ
មាត្រាទី២៤ : បណ្ដាហត្ថលេខីស្នើដ៏ទទូច អោយសហគមន៍អន្ដរជាតិផ្ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំរាប់ការស្ដារ និង កសាងប្រទេសកម្ពុជាឡើងវិញ ដូចមានចែងនៅក្នុងសេចក្ដីប្រកាសដោយលែកមួយ។
ភាគទី៩
បទបញ្ញាត្ដិចុងក្រោយ
មាត្រាទី២៥ : ដោយចិត្ដស្មោះត្រង់ និង ស្មារតីសហប្រតិបត្ដិការ បណ្ដាហត្ថលេខីទាំងឡាយ ត្រូវដោះស្រាយដោយសន្ដិវិធី នូវ រាល់ទំនាស់ដែលទាក់ទង ដល់ការអនុវត្ដកិច្ចព្រមព្រៀងនេះ។
មាត្រាទី២៦ : ហត្ថលេខីទាំងឡាយស្នើសុំរដ្ឋដទៃផ្សេងទៀត អង្គការសហប្រជាជាតិ និង អង្គការដទៃទៀត អោយចូលរួមសហការ និង ជួយឧបត្ថម្ភក្នុងការអនុវត្ថកិច្ចព្រមព្រៀង និង ក្នុងការបំពេញភារកិច្ចរបស់អុនតាក់ UNTAC។
មាត្រាទី២៧ : ហត្ថលេខីទាំងឡាយត្រូវធ្វើសហប្រតិបត្ដិការដ៏ពេញលេញ ជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាដល់ការអនុវត្ដ ភារកិច្ចរបស់គេ ដោយរួមទាំងការផ្ដល់បុព្វសិទ្ធិ និង អភ័យអែកសិទ្ធិទាំងឡាយ និង ដោយធានា និង ជួយសំរួលដល់សេរីភាព ក្នុងការធ្វើដំណើរ និង ការទាក់ទងគ្នាក្នុងទឹកដី និង ឆ្លងកាត់ទឹកដីរៀងៗខ្លួន។
ក្នុងការបំពេញភារកិច្ចរបស់ខ្លួន អុនតាក់ ត្រូវអនុវត្ដដោយគោរពដោយសមស្រប នូវ អធិបតេយ្យភាព នៃ រដ្ឋទាំងអស់ដែលនៅជិតកម្ពុជា។
មាត្រាទី២៨ : ១ - បណ្ដាហត្ថលេខីទាំងឡាយ ត្រូវធ្វើដោយស្មោះស្ម័គ្រ នូវ រាល់ការតព្វកិច្ច ដែលមានសន្យានៅក្នុងកិច្ចព្រមព្រៀងនេះ ហើយត្រូវធ្វើសហប្រតិបត្ដិការពេញលេញ ជាមួយអង្គការសហប្រជាជាតិ រួមទាំងការផ្ដល់ពត៌មាន ដែលអុនតាក់ ត្រូវការក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
២ - ការចុះហត្ថលេខា តាំងនាមអោយប្រទេសកម្ពុជា ដោយបណ្ដាសមាជិក SNC ត្រូវបានចាត់ទុកដូចជាការសន្យាគោរពដោយភាគី និង កងទ័ពកម្ពុជាទាំងអស់ចំពោះប្រការទាំងឡាយ នៃ កិច្ចព្រមព្រៀងនេះ។
មាត្រាទី២៩ : ដោយមិនធ្វើអោយប៉ះពាល់ដល់បុព្វជិតរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ហើយយោងតាមករណីរបស់ លោកអគ្គលេខាធិការសហប្រធានទាំងពីរ នៃ សន្និសិទប៉ារីសស្ដីពីកម្ពុជា ក្នុងករណីដែលមានការរំលោភ រឺ ការគំរាមគំហែង និង មានការរំលោភដល់កិច្ចព្រមព្រៀងនេះ និង ត្រូវធ្វើការពិគ្រោះគ្នាដ៏សមស្របនានា ដល់ការគោរពសន្យាទាំងនេះ
មាត្រាទី៣០ : កិច្ចព្រមព្រៀងនេះ នឹង ចូលជាធរមានចាប់តាំងពីពេលចុះហត្ថលេខានេះទៅ។
មាត្រាទី៣១ : កិច្ចព្រមព្រៀងនេះ នឹង ត្រូវបើកចំហរសំរាប់ការចូលរួម របស់រដ្ឋទាំងអស់។ អែកសារផ្លូវការ នៃ ការចូលរួម ត្រូវតំកល់ទុក ជាមួយរដ្ឋាភិបាល នៃ សាធារណរដ្ឋបារាំង និង រដ្ឋាភិបាល នៃ សាធារណរដ្ឋអិណ្ឌូណេស៊ី។ ចំពោះរដ្ឋនីមួយៗ ដែលយល់ព្រមចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងត្រូវចូលជាធរមានបញ្ញត្ដិ ចាប់តាំងពីពេលតំកល់អែកសារផ្លូវការសុំចូលរបស់ខ្លួន។ បណ្ដារដ្ឋដែលបានសុំចូល ត្រូវជាប់បញ្ញាត្ដិទៅ នឹង ការតព្វកិច្ចដូចគ្នា នឹង បណ្ដាហត្ថលេខីដទៃទៀតដែរ។
មាត្រាទី៣២ : ច្បាប់ដើម នៃ កិច្ចព្រមព្រៀងនេះ ដែលអត្ថបទធ្វើជាភាសាចិន អង់គ្លេស បារាំង ខ្មែរ និង រស្សី មានតំលៃដូចគ្នា នឹង ត្រូវតំកល់រក្សាទុកជាមួយរដ្ឋាភិបាលសាធារណរដ្ឋបារាំង និង រដ្ឋាភិបាលសាធារណរដ្ឋអិណ្ឌូណេស៊ី ដែល នឹង ផ្ញើនូវច្បាប់ចំលងត្រឹមត្រូវតាមច្បាប់ដើម ទៅជូនរដ្ឋាភិបាល នៃរដ្ឋផ្សេងៗទៀត ដែលបានចូលរួមនៅក្នុងសន្និសិទក្រុងបារីស ស្ដីពីកម្ពុជា និង ជូនទៅអគ្គលេខាធីការអង្គការសហប្រជាជាតិ។
ដើម្បីជាសក្ខីភាព បណ្ដាប្រតិភូពេញសមត្ថកិច្ច ដូចមាននាមខាងក្រោម ដែលបានទទួលសិទ្ធិត្រឹមត្រូវហើយនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ធ្វើនៅបារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបមួយ ១៩៩១