ថ្ងៃសៅរ៍ ទី2.មិថុនា 2018.ម៉ោង 7:34
ផែនដី ព្រះបរមខត្ដិយាមហាចន្ទរាជា 22

លុះ​រួច​ស្រេច​ហើយ​ ទើប​ទ្រង់​ចាត់​មន្ត្រី​៣​នាក់​ និង​ សេនា​ទាហាន​ ៥០​នាក់​ឲ្យ​អញ្ជើញ​ព្រះ​រាជ​សារ​ ទៅ​ថ្វាយ​ព្រះ​សិទ្ធាន​រា​ជា​ នៅ​បន្ទាយ​ស្ទឹង​ដូន​កែវ​ ត្រើយ​ខាង​លិច​។​ កង​ទ័ព​សៀម​ឃើញ​សួរ​ដឹង​សេច​ក្ដី​ហើយ​ ទៅ​ទូល​ព្រះ​សទ្ធាន​រាជា​ ព្រះ​សិទ្ធា​ន​រាជា​ឲ្យ​នាំ​រាជ​ទូត​ចូល​គាល់​ក្នុង​បន្ទាយ​ ទ្រង់​ទទួល​ទត​ព្រះ​រាជ​សារ​ ជ្រាប​សេច​ក្ដី​គ្រប់​ប្រការ​ស្ដេច​ខ្ញាល់​ណាស់​ មាន​ព្រះ​បន្ទូល​ថា ​:​ ព្រះ​ចន្ទ​រាជា​ មើល​ងាយ​យើង​ ក្រែង​យើង​ពុំ​ហ៊ាន​ ឯ​យើង​ជា​ក្សត្រ​ដ៏​ប្រ​សើរ​ បើ​នឹង​ប្រជល់​ដំរី​នោះ​ យើង​ចូល​ចិត្ត​ណាស់​ហើយ​។​ ទ្រង់​មិន​តប​រាជ​សារ​វិញ​ទេ​ ផ្ដាំ​ផ្ដែ​នឹង​រាជ​ទូត​ថា​ :​ ដែល​ម្ចាស់​ឯង​ សុំ​ប្រជល់​ដំរី​នោះ​ យើង​គាប់​ចិត្ត​ណាស់​ យើង​មិន​បាន​តប​ព្រះ​រាជ​សារ​ទៅ​វិញ​ទេ​ ឯង​ទូល​ម្ចាស់​ឯង​ថា​ ដល់​ថ្ងៃ​ ៦​រោច​ ខែ​ផល្គុន​ ឆ្នាំ​វក​ នេះ​ឲ្យ​រៀប​ចុះ​ នឹង​ប្រ​ជល់​ដំរី​ព្រះ​អង្គ​ នឹង ព្រះ​អង្គ​ នៅ​វាល​ព្រះ​ម្លូ​ ក្នុង​ខេត្ត​ពោធិ៍​សាត់​។​

ឯ​ព្រះ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់​មក​បន្ទាយ​មាន​ជ័យ​វិញ​ ហើយ​ក្រាប​បង្គំ​ទូល​គ្រប់​ប្រការ​។​ សម្ដេច​ព្រះ​បរម​បពិត្រ​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។​ ទើប​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​តម្រាស់​ត្រាស់​ នឹង នាយ​ទ័ព​ថា ​:​ ពញា​អុង ​គង់​តែ​នឹង​ចាញ់​យើង​។​ បន្ទាប់​មក​ ស្ដេច​ឲ្យ​បង្ហាត់​ដំរី​ មាន​ថ្វី​ភ្លុក​ ថ្វី​ជើង​ ស្ទាត់​ជំនាញ​ក្នុង​ការ​សង្គ្រាម​បាន​ ៥០​ ប្រដាប់​ដោយ​គ្រឿង​អាវុធ​។ ស្ដេច​ឲ្យ​រៀប​គជេន្ទ្រ​ឰ​រា​រឹទ្ធិ​កម្ពស់​ ៦​ហត្ថ​ ទុក​សម្រាប់​ថ្វាយ​ជា​ព្រះ​ទីនាំង​គង់​ និរ​ភិត​គ​ជា​ ជា​ព្រះ​ទីនាំង​រង​ កំចាត់​មារា​ ជា​ព្រះ​ទីនាំង​ព្រះ​ប្រដាប់​ដោយ​ស្វេត​ឆ័ត្រ​ ចាម​របៃ​មន​ សែន​ត្វាន់​ បាំង​សែង​សុរិ​យា​។ ចាត់​ឲ្យ​ឧក​ញ៉ា ​"ម៉ម"​ កាន់​ពល​ ៥០០០​នាក់​ ជា​ទ័ព​មុខ​ ឧក​ញ៉ា​ក្រឡា​ហោម​ ​"កែវ"​ កាន់​ពល​ ៥០០០ ​នាក់​ ជា​ទ័ព​ប៉ែក​ខាង​ស្ដាំ ឧក​ញ៉ា​រាជ​តេជៈ​ "សុខ"​ កាន់​ពល​ ៥០០០ ​នាក់​ ជា​ទ័ព​ប៉ែក​ឆ្វេង​។​

លុះ​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ទ្រង់​គ្រឿង​ តាម​ក្បួន​ពិជ័យ​សង្គ្រាម​ស្រេច​ ហោ​រា​ថ្វាយ​ឫក្ស​បុរោ​ហិត​ថ្វាយ​ស្លុត​ជ័យ​មង្គល​ ស្ដេច​ចេញ​ប្រថាប់​លើ​កើយ​វេលា​ព្រឹក​ម៉ោង​ ៧​ ស្ដេច​ឡើង​គង់​ព្រះ​ទី​នាំង​គជេន្ទ្រ​ឰ​រា​រឹទ្ធិ​។ ឧក​ញ៉ា​សួគ៌ា​លោក​ ​ជិះ​ម៉ឺន​ពេជ្រ​ អម​ស្ដាំ​ ឧក​ញ៉ា​ធិរាជ​វង្សា​ជិះ​ម៉ឺន​​កែវ​អម​ឆ្វេង​ ព្រះ​រាជ​វរា​នុ​កូល​ ព្រះ​រាជ​ភក្ដី​ ជិះ​ដំរី​អម​ក្រោយ​។​ មន្ត្រី​ក្រៅ​ពី​នោះ​ជិះ​ដំរី​មុខ​ក្រោយ​ ឆ្វេង​ស្ដាំ​ ជា​លំដាប់​លំដោយ​ ណែន​ណាន់​តាន់​តាប់​។​

ទើប​សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ចាប់​ព្រះ​សុវណ្ណ​ភិង្គារ​ កុណ្ឌី​មាស​ ច្រូច​ទឹក​ស្នោ​ទក​លើ​ផែន​ប្រឹថ​ពី​ ទ្រង់​អធិដ្ឋាន​ថា​ :​ ខ្ញុំ​ចេញ​ធ្វើ​សង្គ្រាម​ នឹង ពញា​អុង​នេះ​នឹង​លោភ​ក៏​ទេ​ គឺ​ស្ដេច​ស្រុក​សៀម​ប្រកប​ដោយ​លោភ​ចេតនា​ សូម​ឲ្យ​ខ្ញុំ​មាន​ជ័យ​ជំនះ​ នឹង បាន​ញ៉ាំង​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​ថ្កើង​រុង​រឿង​ត​ទៅ​ សូម​ឲ្យ​ទេព​តា​ ដែល​មាន​ទិព្វ​សោត​ ​ទិព្វញ្ញាណ​ជួយ​ជា​បន្ទាល់​ខ្ញុំ​ ឲ្យ​ឃើញ​អស្ចារ្យ​ក្នុង​គ្រា​នេះ​។​ ទើប​ស្ដេច​ឲ្យ​គោះ​គង ទូង​ភេរី​ ប្រគុំ​តូរ្យ​តន្ត្រី ​៣​ បទ​យក​ជ័យ​ ស្ដេច​លើក​ព្យូហ​យាត្រា​ ចេញ​ពី​បន្ទាយ​មាន​ជ័យ​ ជា​ទី​រុង​រឿង​ដោយ​បារមី​ សូរ​ស័ព្ទ​ជើង​ពល​ថ្មើរ​ជើង​ និង ពល​សេះ ​ដំរី​ ខ្ទ័រ​ផែន​ដី​ ដូច​ជា​នឹង​ភ្លូក​ប្រឹថ​ពី​ ធូលី​ហុយ​ត្រឡប់​ ងងឹត​អ័ព្ទ​អស់​ទិសា​ដោយ​អំណាច​ដែល​ទ្រង់​អធិដ្ឋាន​ ក៏​បណ្ដាល​ជា​អស្ចារ្យ​ មាន​ខ្យល់​កួច​ធូលី​នោះ​ហុយ​ហើរ​ឡើង​ទៅ​លើ​អាកាស​វេហា​ស៍ ទៅ​មុខ​ទង់​ជ័យ​ធំ​តូច​ក៏​បក​លឿន​ទៅ​មុខ​ទាំង​អស់​។​ ឯ​ព្រះ​ទីនាំង​គជេ​ន្ទ្រ​ដែល​ស្ដេច​គង់​ និង​ ដំរី​ទាំង​ប៉ុន្មាន​ក៏​ស្រែក​ជញ្ជួច​ខ្ទ័រ​ខ្ទារ​ ហាក់​ដូច​ជា​នឹង​ស្ទុះ​បោល​ចូល​។​

ចំណែក​ព្រះ​សិទ្ធាន​រាជា​ "ពញា​អុង"​ លុះ​ដល់​ថ្ងៃ​កំណត់​សន្យា​ហើយ​ ស្ដេច​ទ្រង់​គ្រឿង​តាម​ក្បួន​ពិជ័យ​សង្គ្រាម​ស្រេច​ ស្ដេច​ចាត់​កង​ទ័ព​ មុខ​ក្រោយ​ឆ្វេង​-​ស្ដាំ​ លើក​ចេញ​ពី​បន្ទាយ​ស្ទឹង​ស្វាយ​ដូន​កែវ​មក​ប្រទះ​នឹង​ទ័ព​ឧក​ញ៉ា​ចក្រី​ជា​ទ័ព​ស្រួច​។​ ឧក​ញ៉ា​ចក្រី​ក៏​នាំ​ពល​ទទួល​ច្បាំង​ បាន​ពីរ​បី​ល្បើ ធ្វើ​ហាក់​រា​ទ័ព​ថយ​ចាំ​ទ័ព​ហ្លួង​មក​ដល់​។ កង​ទ័ព​សៀម​ស្មាន​ថា​ទ័ព​ខ្មែរ​តិច​ ក៏​ដេញ​ចូល​មក​ នោះ​ឧក​ញ៉ា​សួគ៌ា​លោក​ ឧក​ញ៉ា​ធិរាជ​វង្សា​ ក៏​តឿន​ពល​ឆ្វេង​ស្ដាំ​ ចូល​ប្រកាប់​ប្រចាក់​ពុំ​រុញ​រា​។​ ឯ​ព្រះ​ទី​នាំង​គជេន្ទ្រ ​ដែល​ព្រះ​សិទ្ធាន​រាជា​គង់​នោះ​ ជ្រុល​ហួស​ដល់​ទ័ព​ហ្លួង​ទើប​សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​អង្រន់​ព្រះ​ទីនាំង​ ចូល​ប្រជល់​ដំរី​នឹង​ព្រះ​សិទ្ធាន​រាជា​រាជា​ព្រះ​សិទ្ធា​រាជា​ក៏​ញាក​ព្រះ​​ទីនាំង​ទទួល​រង​បាន​ ពីរ​បី​ល្បើ​ ពួក​ទាហាន​កាំ​ភ្លើង​ បាញ់​ត្រូវ​ព្រះ​ទីនាំង​ព្រះ​សិទ្ធាន​រាជា​ ជា​ដំណំ​ស្លុត​ស្ទើរ​នឹង​ដួល​ នោះ​សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ចាក់​ព្រះ​សិទ្ធាន​រាជា​ ត្រូវ​ឆ្អឹង​ជំនីរ​បណ្ដាល​ឲ្យ​សុគត​លើ​ដំរី​ កណ្ដាល​រឿណ​រង្គ​ ក្នុង​ឆ្នាំ​វក​ អដ្ឋ​ស័ក​។​

កង​ទ័ព​សៀម​ ក៏​បែក​រត់​ខ្ចាត់​ខ្ចាយ​អស់​។ ទ័ព​ខ្មែរ​ដេញ​សង្កិន​សម្លាប់​បាន​ពញា​មហា​មន្ត្រី​១ ពញា​ពហុល​ទេព​១​ ពញា​ពិជ័យ​នរង្គ​១ ពញា​រាម​លក្សណ៌​១ ពល​ប្រមាណ​ ជា​ពាក់​កណ្ដាល​ ត្រូវ​ចាប់​បាន​ឈ្លើយ​ និង​ ដំរី សេះ ព្រម​ទាំង​គ្រឿង​ឥស្សរិយ​យស​របស់​ព្រះ​សិទ្ធាន​រាជា​ គឺ​ព្រះ​ពាន​មាស​ ធំ​តូច​ និង​គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​ នាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​។​ ស្ដេច​ចាត់​នាយ​កង​ទ័ព​ ឲ្យ​នាំ​សេនា​ទាហាន​ដេញ​ទ័ព​សៀម​ ដែល​ឈរ​រក្សា​ ខែត្រ​ខាង​ជើង​រហូត​ដល់​រអាង​សិលា​រត់​ទៅ​អស់​។​ ក្រោយ​នោះ​ ស្ដេច​ធ្វើ​ឲ្យ​ព្រះ​រាជ​ឱង្ការ​ ប្រាប់​ទៅ​ឧក​ញ៉ា​ក្រឡា​ហោម​ដែល​ទល់​ទ័ព​ជើង​ទឹក​ សេច​ក្ដី​ថា​ ​: ពញា​អុង​ចាញ់​ព្រះ​បារមី​យើង​ សុគត​លើ​ខ្នង​ដំរី​​ទៅហើយ​ ឲ្យ​ពញា​ក្រឡា​ហោម​ ខំ​ធ្វើ​ការ​យក​ជ័យ​ជំនះ​ឲ្យ​បាន​។ ឧក​ញ៉ា​ក្រឡា​ហោម​បាន​ដឹង​សេច​ក្ដី​ ក៏​ប្រាប់​អស់​នាយ​កង​ទ័ព​ ឲ្យ​បាន​ដឹង​រាល់​គ្នា​ ហើយ​លើក​ទ័ព​ចូល​លុក​ពញា​វាំង​សាន​ ក្នុង​វេលា​យប់​កណ្ដាល​អធ្រាត្រ​ ច្បាំង​គ្នា​រហូត​ដល់​ភ្លឺ​។ ទ័ព​សៀម​ ក៏​បែក​ខ្ចាត់​ខ្ចាយ​រត់​ត្រឡប់​ទៅ​វិញ​ខ្លះ​ ចាប់​បាន​ជា​ឈ្លើយ​ខ្លះ​ ព្រម​ទាំង​ទូក​ចម្បាំង​ និង​គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​។​

ឯ​សម្ដេច​ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ កាល​ទ្រង់​ធ្វើ​សង្គ្រាម​ នឹង ចៅ​ពញា​អុង​បាន​ជ័យ​ជំនះ​ហើយ​ ស្ដេច​លើក​ទ័ព​ត្រឡប់​ចូល​ក្នុង​បន្ទាយ​មាន​ជ័យ​ខែត្រ​ពោធិ៍​សាត់​វិញ​ ហើយ​ស្ដេច​ឲ្យ​បញ្ជូន​សៀម​ឈ្លើយ​ទាំង​នោះ​ ទៅ​នៅ​ជិត​ភ្នំ​ចង្កាង​ ក្នុង​ខែត្រ​ពោធិ៍​សាត់​ខ្លះ​ នៅ​ខែត្រ​បរិបូណ៌​ឲ្យ​រក្សា​ព្រះ​វិហារ​វត្ត​ព្រះ​ពុទ្ធ​លាយ​លក្ខណ៍​ខ្លះ​។​ ទ័ព​សៀម​ខ្លះ​ ដែល​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​ ក៏​ទូល​ស្ដេច​សៀម​តាម​រឿង​គ្រប់​ប្រការ​។ ស្ដេច​សៀម​ នឹក រអា​កោត​ខ្លាច​ព្រះ​ចេស្ដា​ មិន​ហ៊ាន​ឲ្យ​លើក​ទ័ព​មក​ទៀត​ឡើយ​។​ សៀម​ និង ខ្មែរ​ ក៏​ឈប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​។​ ក្រោយ​នោះ​ ស្ដេច​ឲ្យ​អញ្ជើញ​សព​ពញា​អុង​ ដាក់​ព្រះ​ស្ថាន​រួច​ ស្ដេច​ឲ្យ​ធ្វើ​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​ដោយ​សម​គួរ​ រើស​អដ្ឋិ​ធាតុ​ដាក់​កោដ្ឋ​មាស​ សាង​ព្រះ​ចេតិយ​បញ្ចុះ​ទុក​នៅ​ទី​នោះ​។​ ស្ដេច​ទ្រង់​សាង​ព្រះ​វិហារ​មួយ​នៅ​ក្បែរ​ដើម​ពោធិ៍​ បដិមា​ករ​មាស​ ទ្រង់​ព្រះ​ភ្នែន​ជា​សមាធិ​ ពីរ​ព្រះ​អង្គ​ប្រតិស្ថាន​ទុក​ក្នុង​ព្រះ​វិហារ​នោះ​។​ ស្ដេច​ទ្រង់​បាន​សាង​ សាលា​ កុដិ​ និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​ មក​គង់​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​ វេរ​ប្រគេន​សង្ឃ​រួច​ស្រេច​ ស្ដេច​ទ្រង់​បញ្ញត្តិ​ឲ្យ​ហៅ​ថា​ ​វត្ត​ពោធិ៍​មាន​បុណ្យ​។​ វត្ត​នោះ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​។​ ទ្រង់​តាំង​ចៅ​អធិការ​ ងារ​ជា​ព្រះ​ពោធិ​វង្ស​។​

ថ្ងៃ​ក្រោយ​ស្ដេច​លើក​ពល​យោធា​ ពាលា​និករ​ ត្រឡប់​មក​ព្រះ​រាជ​វាំង​លង្វែក​វិញ​។​ ស្ដេច​គង់​ជា​សុខ​សប្បាយ​ គ្មាន​សត្រូវ​មក​បៀត​បៀន​ ព្រះ​នគរ​បាន​ឡើយ​។​ ទ្រង់​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌​ ស្ដេច​សោយ​រាជ​សម្បត្តិ​សម្បូរ​។​ គ្រប់​មហា​ជន​ច្រើន​សាសន៍​ ចូល​មក​ពឹង​បារមី​ បាន​សេច​ក្ដី​ក្សេម​ក្សាន្ត​។​ (សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ មាន​សេច​ក្ដី​ដូច​ត​ទៅ​)​ "ពី​ក្រោម​បែរ​ក្បាល​ផ្អៀង​ សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​បាន​ចំណាប់​​ស្ដេច​កាប់​ នឹង ព្រះ​សែង​ដាវ​ ត្រូវ​ព្រះ​អង្សា​ "ស្មា"​ ចៅ​ពញា​អុង​រាជា​ ព្រះ​អង្គ​សុវណ្ណ​តា​លោក​ ដាច់​ចង្ហូត​ស្ពាយ​ឆៀង​ ក៏​ដល់​ព្រះ​វិលា​ល័យ​ក្ស័យ​ព្រះ​ជន្មាយុ​ នៅ​នាក​ដំរី​ ព្រះ​ទីនាំង​គជេន្ទ្រ​។

កាល​​ព្រះ​មហាក្សត្រ​ ស្ដេច​ធ្វើ​ការ​សង្គ្រាម​មាន​ជ័យ​ហើយ​ សេនា​បតី​ មន្ត្រី យោធា​ទាហាន ក៏​មាន​ចិត្ត​អំណរ​តាំង​ហ៊ោ​ចូល​ច្បាំង​ សម្រុក​គ្រលុក​ កាប់​ទ័ព​សៀម​ឥត​សំចៃ​ដៃ​ឡើយ​។ ទ័ព​សៀម​ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​អន្ត​រាយ​ក្នុង​វេលា​រាត្រី​នោះ​ ទើប​ព្រះ​បរម​បពិត្រ​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​ចៅ​ពញា​មហា​សេនា​ ចៅ​ពញា​យោធា​សង្គ្រាម​ ចៅ​ពញា​សួគ៌ា​លោក​ ចៅ​ហ្វាយ​ស្រុក​បាត់​ដំបង​ ចៅ​ហ្វាយ​ស្រុក​នគរ​វត្ត​ និង​ ចៅ​ហ្វាយ​ស្រុក​បរិបូណ៌​ ឲ្យ​ឃុំ​ពល​ដេញ​តាម​ទ័ព​សៀម​ឲ្យ​ដល់​ផុត​ដែន​កម្ពុជា​។​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​ក៏​មាន​ជ័យ​ជំនះ​ ដោយ​ព្រះ​បញ្ញា​ធិការ​ចេស្ដា​នុភាព​។​ វេលា​នោះ​ទ័ព​ខ្មែរ​ចាប់​បាន​សៀម​ឈ្លើយ​ ១០០០០ ប្លាយ​នាក់​ បាន​ដំរី​ ៩០ ​ប្លាយ​ បាន​សេះ ៤៥០ បាន​ដាវ​កាំភ្លើង​ គ្រឿង​សស្ត្រា​វុធ​ រទេះ​គោ ​គ្រឿង​ស្បៀង​អាហារ​នូវ​គ្រឿង​បរិ​ភោគ​ ឧប​ភោគ​ជា​ច្រើន​។​ ឯ​ពល​សៀម​ស្លាប់​នៅ​ទី​ចម្បាំង​ ខ្មោច​រាយ​រៀង​តាម​ផ្លូវ​ប្រមាណជា ២០០០០ នាក់​ប្លាយ​។​ ក្រោយ​មក​សម្ដេច​ព្រះ​បរម​បពិត្រ​ ស្ដេច​ឲ្យ​នាំ​ព្រះ​សព​ពញា​អុង​ ដាក់​លើ​ព្រះ​ទីនាំង​ ដែល​ពញា​អុង​គង់​មក​ធ្វើស​ង្គ្រាម​ទើប​ស្ដេច​លើក​ក្បួន​ទ័ព​ចូល​មក​បន្ទាយ​មាន​ជ័យ​វិញ​"​។​

ខាង​ទ័ពជើង​ទឹក​ ពញា​យម​រាជ​ លើក​ពល​សៀម​មក​ដល់​ស្រុក​កំពត​ មក​ដល់​ច្បាំង​ នឹង ចៅ​ពញា​ពិស្ណុ​លោក​ ចៅ​ពញា​អធិ​ក​វង្សា​ កង​ទ័ព​ខ្មែរ​មាន​ជ័យ​ ទ័ព​សៀម​បរា​ជ័យ​ ចាញ់​រត់​ទៅ​ស្រុក​សៀម​វិញ​។ ខ្មែរ​យក​ដាវ​ កាំ​ភ្លើង​ គ្រឿង​សស្ត្រា​វុធ​បាន​ជា​ច្រើន​។​

ទ័ព​គោក ដែល​សល់​ពល​ប្រមាណ​ជា ៥០០០០ ប្លាយ​នាក់​នោះ​រត់​វិល​ទៅ​ទួល​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​វិញ​។ ស្ដេច​សៀម​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ក្រែង​ថ្វី​ព្រះ​ហស្ថ​ សម្ដេច​ព្រះ​បរម​រាជា​ណាស់​ស្ដេច​ក៏​លែង​លើក​សឹក​សង្គ្រាម​ត​ទៅ​ទៀត​។​

លុះ​ដល់​ថ្ងៃ​ក្រោយ សម្ដេច​ព្រះ​មហាក្ស​ត្រា​ធិរាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​ចេញ​ជួប​ជុំ​អគ្គ​មហា​សេនា​ ពល​ទ័ព​ធំ​តូច​ ទ្រង់​ត្រាស់​ព្រះ​រាជ​បរិហា​រ​ថា​ :​ ព្រះ​សព​ចៅ​ពញា​អុង​រាជា​នេះ​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ?​

ទើប​អស់​មុខ​មន្ត្រី​ ធំ តូច ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ថា ​:​ ចៅ​ពញា​អុង​រាជា​ ជា​សម្ដេច​ព្រះ​រៀម​ក៏​មែន​ តែ​ព្រះ​អង្គ​នាំ​ទ័ព​សៀម​ មក​បំផ្លាញ​ក្រុង​កម្ពុជា​ ខេមរា​ប្រ​ទេស​ ឲ្យ​ទៅ​ជា​ឈ្លើយ​សៀម​ ឥឡូវ​នេះ​ទ្រង់​បរាជ័យ​ក្ស័យ​ព្រះ​ជន្ម​ទៅ​ហើយ ដូច្នេះ​ទូល​ព្រះ​បង្គំ​យល់​ថា​ :​ គួរ​តែ​បញ្ចុះ​ព្រះ​សព​នេះ ​ឲ្យ​តែ​សម​គួរ​បាន​ហើយ​។​

​ទើប​ព្រះ​ករុណា​ពិសេស​ បរម​រាជា​ធិរាជ​ ជា​ម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា ​:​ បំណាច់​ជា​ខត្តិយ​ត្រកូល​ រៀង​ប្រយូរ​វង្ស​ យើង​ត្រូវ​ធ្វើ​តាម​ទំនៀម​សម​គួ​រ​ចុះ​។​

ទើប​ទ្រង់​ព្រះ​រាជ​ដំណើរ​ ទៅ​ស្រង់​​ព្រះ​សព​ ចៅ​ពញា​អុង​ ដាក់​ក្នុង​ព្រះ​ផែន​រតនា​ស្រេច​ ហើយ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​ខ្ញុំ​ ក្រោម​ល្អង​ធុលី​ព្រះ​បាទ​ មក​ធ្វើ​ព្រះ​មេរុ​ខ្នាត​តូច​ តម្កល់​ព្រះ​សព​។​ លុះ​ស្រេច​ហើយ​ ព្រះ​បរម​បពិត្រ​សិត​សាង​ព្រះ​អារាម​ ឲ្យ​កេណ្ឌ​មនុស្ស​កាប់​ឈើ​ប្រុង​គ្រឿង​ព្រះ​វិហារ​ ទើប​ទ្រង់​ត្រាស់​ នឹង អស់​ខ្ញុំ​រាជ​ការ​ថា ​:​ យើង​ធ្វើ​សង្គ្រាម​ម្ដង​នេះ​ ជា​ការ​ធំ​លើស​លែង​សព្វ​គ្រារ​ហូត​ដល់​ស្ដេច​ចេញ​សម​យុទ្ធ​នឹង​ហត្ថី​ ប្រជល់​ដំរី​ ដូច្នេះ​ ស្ដេច​នឹង​សាង​ព្រះ​វិហារ​ ទុក​ជា​ព្រះ​កេរ្តិ៍​ ព្រះ​យស​ត​ទៅ​។​ ទ្រង់​ត្រាស់​ឲ្យ​ជា​ទង​ យក​ព្រះ​ពាន​ព្រះ​ស្រី​ធំ​ ទៅ​សាង​ជា​ព្រះ​ពុទ្ធ​បដិ​មារ​មួយ​អង្គ​ ឲ្យ​យក​ព្រះ​ពាន​ព្រះ​ស្រី​ធំ​ ជា​របស់​ចៅ​ពញា​អុង​ ដែល​រើស​បាន​នៅ​ព្រះ​ទីនាំង​គ​ជេន្ទ្រ​ ​កាល​សុគត​នោះ​ ឲ្យ​ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ ហើយ​ទ្រង់​ឲ្យ​រៀប​រាជពិ​ធីសង្គ្រា​មា​​ជយា​ សេដ្ឋា​។

លុះ​ដល់​ភ្នាក់​ងារ​រៀប​ចំ​ស្រេច​ព្រះ​មហា​រាជ​គ្រូ ​ក៏​អញ្ជើញ​សម្ដេច​ ស្ដេច​ព្រះ​បរម​ក្សត្រ​វិសុទ្ធ​មកុដ​ កម្ពុជា​ធិបតី​ គង់​លើ​មហា​ពិជ័យ​មណ្ឌល​ ថ្នាក់​បន្ទាប់​សម្ដេច​ព្រះ​បរម​រាជ​បុត្រា​ធិរាជ​ ថ្នាក់​​ក្រោម​ជាន់​ទី​​បី​​សេនា​បតី​ ឯ​រាជ​សេវ​កាមាត្យ​ ជាន់​ក្រោម​រៀប​ចតុ​រង្គ​កាល​។​​ លុះ​បាន​ឫក្ស​ជា​ពេលា​ល្អ ​ព្រះ​មហា​រាជ​គ្រូ​បុរោ​ហិត​ ហោរា​ចារ្យ​ ​ក៏គោះ​គង​ ទូង​ស្គរ​តូរ្យ​តន្ត្រី​ ថ្វាយ​ទឹក​ក្លស់​ ទឹក​ស័ង្ខ មុទ្ធា​ភិសេក​ ស្រេច​តាម​កិច្ច​ព្រះ​រាជពិ​ធី​ ជា​សុវត្ថិ​មង្គលា​ការ​ តាម​ការ​ប្រាប​អរិន្ទ​រាជ​សត្រូ​វ មា​នជ័យ​ហើយ​ ហើយ​ប្រទាន​រង្វាន់​សេនា​ទាហាន​រាល់​ខ្លួន​ស្រេច​ ស្ដេច​ចូល​ព្រះ​ពន្លា​វិញ​។​ ថ្ងៃ​ក្រោយ​មាន​សំបុត្រ​មក​ថា​ ទ័ព​ទឹក​មាន​ជ័យ​ជំនះ​។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ព្រះ​សោម​នស្ស​ ប្រីតា​ភិរម្យ​ណាស់​ សប្បាយ​យ៉ាង​ឆ្អែត​ឆ្អន់​បាត់​ឃ្លាន​បាយ​។ វេលា​នោះ ​ជាង​សាង​ព្រះ​វិហារ​រួច​ស្រេច​ ប្រក់​ស្បូវ​អម្បែង​បិទ​មាស​ជហ្វា​ដង​ក្ដារ​ ជញ្ជាំង​ក្ដារ​ព្រម​ទាំង​សាលា​កុដិ​។​

ឯព្រះ​ពោធិ៍​ ដែល​ស្លាប់​ហើយ​រស់​វិញ​ នៅ​មុខ​ព្រះ​វិហារ​នោះ​ ទ្រង់​ឲ្យ​លើក​ខឿន​ បិទ​មាស​ដើម​ពោធិ៍​ព្រឹក្ស​ លុះ​ស្រេច​ការ​ព្រះ​វិហា​រ​មែន​ទែន​ហើយ​ ស្ដេច​និមន្ត​ព្រះ​សង្ឃ​មក​គង់​ ទ្រង់​ឲ្យ​រៀប​ក្បួន​ដង្ហែ​ព្រះពុ​ទ្ធ​រូប​ទាំង​ពីរ​ព្រះ​អង្គ​ ចូល​ប្រ​តិស្ឋាន​ទន្ទឹម​គ្នា​ក្នុង​ព្រះ​វិហា​រ​។ ទ្រង់​ត្រាស់​ឲ្យ​យក​ស្វេត្រ​ច្ឆ័ត្រ​ ៩​ជាន់​ ដែល​តាំង​លើ​ព្រះ​ទីនាំង​គជេន្ទ្រ​ សម្រាប់​ទ្រង់​ មក​បាំង​ថ្វាយ​ព្រះ​ពុទ្ធ​រូប​ផង​។ ព្រះ​អង្គ​ឲ្យ​យក​ស្វេត្រច្ឆ័ត្រ​ ៥​ជាន់​ ដែល​តាំង​នៅ​លើ​ព្រះ​ទីនាំង​ចៅ​ពញា​អុង​រាជា​ មក​បាំង​ថ្វាយ​ព្រះ​ពុទ្ធ​រូប​ ដែល​យក​ពាន​ចៅ​ពញា​អុង​សាង​នោះ​ ដាក់​ខាង​ឆ្វេង​ ហើយ​ហែ​ព្រះ​សព​ ចៅ​ពញា​អុង​រាជា​ចូល​មេរុ​ ស្ដេច​ធ្វើ​បុណ្យ​ សាង​ព្រះ​រាជ​កុសល​ឆ្លង​ព្រះ​វិហារ​ អភិសេក​ព្រះ​ តាម​ព្រះ​ពុទ្ធា​នុញ្ញាត​ហើយ​ ទ្រង់​សន្មត់​ដើម​ពោធិ​ ជា បូព៌​និមិត្ត​នោះ​ ឲ្យ​ឈ្មោះ​ថា​ : ព្រះ​ពោធិ​មាន​បុណ្យ​។ ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​ បូជា​ព្រះ​សព​​ចៅ​ពញា​អុង​រាជា​ ជា​ព្រះ​រៀម​អយ្យ​កោ​មួយ​ ហើយ​បញ្ចុះ​ព្រះ​អដ្ឋិ​ទៅ​ក្នុង​ព្រះ​ចេតិយ​ នៅ​ក្នុង​វត្ត​នោះ​ ទ្រង់​ឲ្យ​កេណ្ឌ​ពល​ ជា​សម្រាប់​ សម្រេច​ការ​។ ទ្រង់​ត្រាស់​ឲ្យ​ត្រួត​ត្រៀម​ក្បួន​ទ័ព​កៀរ​ឈ្លើយ​សៀម​ នឹង ត្រឡប់​ចូល​មក​ក្នុង​ព្រះ​នគរ​ លុះ​ដល់​ថ្ងៃ​កំណត់​ ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​គជេន្ទ្រ​ ចង​កញ្ចោង​ចតុ​ម្មុខ​ ចេញ​ក្បួន​ទ័ព​ ពី​បន្ទាយ​មាន​ជ័យ​ ខែត្រ​ពោធិ៍​សាត់​។ ស្ដេច​យាង​ដល់​ខេត្ត​ក្រគរ​ ស្ដេច​មាន​ព្រះ​ឱង្ការ​ត្រាស់​ថា ​:​ កាល​យើង​ធ្វើ​ចម្បាំង​ នឹង អា​កន​នោះបា​នលើក​ទ័ព​មក​បោះ​តាំង​បន្ទាយ​​នៅ​ខែត្រពោធិ៍​សាត់​ រៀង​មក​ដល់​ឧដុង្គ​។​

ឥឡូវ​នេះ​គួរ​យើង​ចាត់​ឲ្យ​ធ្វើ​ព្រះវិហារ​ ជា​គុល​ និង​ ជា​កេរ្តិ៍​ត​ទៅ​អនា​គត​ដែរ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​សាង​ព្រះ​វិហារ​គ្រឿង​ឈើ ​ប្រក់​ស្បូវ​ជញ្ជាំង​ក្ដារ​ និមន្ត​ព្រះ​សង្ឃ​មក​គង់​ចាំ​ព្រះ​វស្សា​ ទ្រង់​ប្រទាន​នាម​វត្ត​នោះ​ហៅ​ថា​វត្ត​ហ្លួង​ ក្នុង​ខែត្រ​ក្រគ​រ ទ្រង់​ប្រគេន​ឈ្លើយ ​៤០​នាក់​ជា​ពល​។​ លុះ​អភិ​សេក​ស្រេច​ ស្ដេច​យាង​មកដ​ល់ខែត្រ​ក្រង​ ទ្រង់​ឲ្យ​សាង​ព្រះ​វិហារ​មួយ​ទៀត​ នៅ​ទី​ដែល​កាល​ទ្រង់​តាំង​បន្ទាយ​ទ័ព​ ធ្វើ​ដោយ​គ្រឿង​ឈើ​សុទ្ធ​ ប្រក់​ស្បូវ​ជញ្ជាំង​ក្ដារ​ និមន្ត​ព្រះ​សង្ឃ​មក​គង់​ចាំវស្សា​ ឲ្យ​ហៅ​ថា​ វត្ត​ហ្លួង​ទ្រង់​ប្រគេន​ឈ្លើយ​៣០​នាក់​ ជា​ពល​សម្រាប់​វត្ត​។​ លុះ​អភិសេក​ឆ្លង​ស្រេច​ ស្ដេច​យាង​មក​ដល់​ស្រុក​ខ្លុង​។​ នៅ​ទី​នេះ​ ទ្រង់​សាង​ព្រះ​វិហា​រ​មួយ​ទៀត​។​ លុះ​ឆ្លង​រួច​ស្រេច​ហើយ​ ស្ដេច​ចម្លង​ទ័ព​មក​ដល់​ស្រុក​បរិបូណ៌​ នៅ​ទី​នេះ​ប្រគេន​ឈ្លើយ​ ៥០​នាក់​ជា​ពល​សម្រាប់​ប្រតិបត្តិ​វត្ត​ ព្រះ​ពុទ្ធ​លាយ​ល័ក្ខណ៍​ សារាយ​អណ្ដែត​ ចង្ហាន់​ហុយ​។​

នេះនឹងនិយាយ អំពីព្រះពុទ្ធលាយល័ក្ខណ៍ សារាយអណ្ដែត។
ក្នុង​គ្រា ព.ស. ២១០០, គ.ស. ១៥៥៦, ម.ស. ១៤៧៨, ច.ស. ៩១៨ ឆ្នាំ​រោង​ អដ្ឋ​ស័ក​នោះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ​លាយ​ល័ក្ខណ៍​ លោក​គង់​ទូក​សា​រាយ​អណ្ដែត​នោះទៅ​ បិណ្ឌ​បាត្រ​ឯ​នគរ​វត្ត​ ព្រម​ដោយ​នូវ​ព្រះ​ភិក្ខុ​សាម​ណេរ​ ជា​សិស្សា​នុសិស្ស​។ លុះ​ត្រឡប់​មកវិញ​ លោក​អុំ​ពាន​ទៅ​លើ​អន្លង់​ឆ្លាម​ឆ្លាម​កាត់​ទូក​ព្រះ​ទីនាំង​ចក្រ​ពត្តិ​ សារាយ​អណ្ដែត​នោះ​ ដាច់​ជា​ពីរ​កំណាត់​ខាង​កន្សៃ​ ស្លាប់​មនុស្ស​ ៤៦​នាក់​ នៅ​ខាង​ក្បាល​ និង​កណ្ដាល​នោះ​ មាន​តែ​ចៅ​អធិការ​ និង​បរិស័ទ​ ៨៥​នាក់​មក​ដល់​ត្រើយ​ ឈប់​ហើយ​ ទើប​ទឹក​ហូរ​ចូល​លិច​ទូក​-ង​ ព្រះ​ទីនាំង​នោះ​ទៅ។​ ព្រះ​បាទ​បរម​បពិត្រ​ទ្រង់​ជ្រាប​ ទ្រង់​រំពឹង​ដោយ​ទិព្វ​ញ្ញាណ​យល់​ថា ​ទូក​នេះ​ ជា​សម្រាប់​ចម្បាំង​ប្រាប​ប្រាម​រាជ​សត្រូវ​ ឥឡូវ​តាំង​ពី​ពេល​នេះ​ត​ទៅ​អស់​រាជ​សត្រូវ​ហើយ​ បាន​ជា​ទេវតា​ឲ្យនិ​មិត្ត​ដូច្នេះ​។​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​តែ​ប៉ុណ្ណេះ​ចប់​ហើយ​ ស្រាប់​តែ​ឮសូរ​តូរ្យ​តន្ត្រី​ទាំង​៨ទិ​ស ​បណ្ដា​​ខ្ញុំ​រាជកា​រ​ដែល​ក្រាប​បង្គំ​គាល់​ទាំង​ប៉ុន្មាន​ក៏​សឹង​សរ​សើរ​ព្រះ​ប្រាជ្ញា​បារមី​គ្រប់​ៗ​គ្នា​។​ ទើប​ព្រះ​បរម​បពិត្រ​ ទ្រង់​ត្រាស់​បង្គាប់​ក្រុម​មុខ​ងារ​ឲ្យ​ទៅ​តាម​យក​កន្សៃ ​ទូក​​សារាយ​អណ្ដែត​ ដែល​ដាច់​លិច​នោះ​ បាន​មក​វិញ​ហើយ​។ ទ្រង់​ឲ្យ​កាត់​ទូក​សារាយ​អណ្ដែត​ ខាង​ក្បាល​ឲ្យ​ប្រវែង​ខាង​កន្សៃ​ សាង​រូប​ព្រះ​មហា​អានន្ទ​ ព្រះ​សារី​បុត្រ​។​

លុះសាង​ជា​សូរេច​ហើយ​ ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​អភិសេក​ ទេស​នា​ ឆ្លង​ ៧​ថ្ងៃ​ជា​សូរេច​ការ​បុណ្យ​នោះ​។ ស្ដេច​លើក​ព្រះ​រាជ​ដំណើរ​មក​ដល់​ខេត្ត​រលា​ប្អៀរ​។​ នៅ​ទី​នោះ​ទ្រង់​ឈប់​ កសាង​ព្រះ​វិហា​រមួយ​នៅ​ទី​បន្ទាយ​ដែល​កាល​ធ្វើ​ទ័ព​នោះ​។​ ទ្រង់​ចេញ​ព្រះ​រាជ​ទ្រព្យ​ជួល​រេហ៍​ពល​ឲ្យ​លើក​ដី​ខឿន​ព្រះ​វិហារ​។ ការ​សាង​ព្រះ​វិហារ​វត្ត​នោះ​ ធ្វើ​ល្អ​ជាង​ព្រះវិហារ​វត្ត​ក្រគរ​ វត្ត​ខ្លុង​ វត្ត​ត្រង​។ ទ្រង់​ត្រាស់​ឲ្យ​សាង​ព្រះ​ពុទ្ធ​រូប​ឈើ​ស្នង​ព្រះ​អង្គ​ មួយ​ព្រះ​អង្គ​ កម្ពស់​ស្មើ​ព្រះ​អង្គ​ ទ្រង់​សណ្ឋិត​កណ្ដាល​។​ ទ្រង់​ឲ្យ​សាង​ព្រះ​ពុទ្ធ​រូប​ឈើ​មួយ​ព្រះ​អង្គ​ទៀត​ស្នង​ព្រះ​អង្គ​សម្រាប់​ព្រះ​អគ្គ​មហេសី​ ព្រះ​ភគវតី​ ស្រី​ទាវ​ធីតា​ កម្ពស់​ស្មើ​ព្រះ​អង្គ​ សណ្ឋិត​ម្ខាង​ទ្រង់​សាង​ព្រះ​ពុទ្ធ​រូប​ឈើ​មួយ​ព្រះ​អង្គ​ទៀត​ ស្នង​ព្រះ​អង្គ​ សម្ដេច​ព្រះ​ស្រី​ទេវី​ក្ស​ត្រីយ៍ ​ជា​សម្ដេច​ព្រះ​រាជ​បុត្រី​ កម្ពស់​ស្មើ​ព្រះ​អង្គ​សណ្ឋិត​ម្ខាង​ទៀត​។​ លុះ​ស្រេច​ការ​ហើយ​ ទ្រង់​ឲ្យ​និមន្ត​ព្រះ​សង្ឃ​មក​គង់​ចាំ​វស្សា​ រៀប​អភិសេក​ឆ្លង​ស្រេច​ ស្ដេច​ថ្វាយ​ឈ្លើយ​សៀម​ ៥០​នាក់​ ជា​ពល​រក្សា​ព្រះ​វិហារ​។​ រួច​ស្រេច​ហើយ​ ស្ដេច​លើក​ទ័ព​លួង​ត្រឡប់​ចូល​មក​ក្រុង​លង្វែក​ រាជ​ធានី​មហាន​គរ​វិញ​។​

ឯ​​អស់​ឈ្លើយ​សៀម​ដែល​ចាប់​បាន​ទាំង​ប៉ុន្មាន​ទ្រង់​ចែក​រំលែក​ឲ្យ​ទៅ​នៅ​ស្រុក​ធំ​ តូច​ ទី​ទៃៗ​គ្នាហើ​យ​ស្ដេច​ សោយ​រាជ​សម្បត្តិ​ ជា​សុខ​ក្សេម​ក្សាន្ត​ត​រៀង​មក​ ឥត​មាន​អរិន្ទ​រាជ​សត្រូវ​នូវ​បច្ចា​មិត្ត​មក​បៀត​បៀន​ ក្នុង​ខេត្ត​ខណ្ឌ​ ព័ទ្ធ​សីមា​អាណា​ចក្រ​ ក្រុង​កម្ពុជា​ធិប​តី​ឡើយ​។ កាល​នោះ​ ចិន​ យួន​ ចាម​ ជ្វា ចូល​មក​ពឹង​ព្រះ​រាជ​សម្ភារ​បារមី​ព្រះ​អង្គ​ជា​ច្រើន​។​

ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ព្រះ​អង្គ​នេះ​មាន​ក្នុង​របា​ក្សត្រ​សំដែង​ថា ទ្រង់​មាន​ព្រះ​រាជ​បុត្រា​ពី​រ​ព្រះ​អង្គ​ ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​គឺ​៖​
១. ព្រះនាម សម្ដេចរាមាធិបតី
២. ព្រះនាម សម្ដេចព្រះបរមិន្ទរាជា
៣. ព្រះនាម សម្ដេចព្រះមហាទេវីក្សត្រីយ៍

ឯ​សម្ដេច​ព្រះ​រាមា​ធិបតី​នោះ​ ព្រះ​អង្គ​តាំង​ឲ្យ​ជា ឧប​យោ​វរាជ​ ក្សត្រ​កម៉្លោះ​ដែល​មាន​ឋានៈ​ ជា​ឧប​រាជ​ទី​១ ឫ​ឧប​រាសាំ មាន​វាំង​នៅ​ទួល​ខាង​ខេត្ត​លង្វែក​ មាន​រោង​សេះ រោង​ដំរី​ គង​យាម​។​ ឯ​ព្រះ​បរ​មិន្ទា​ធិប​តី​នោះ​ ទ្រង់​តាំង​ជា​មហា​ឧប​រាជ​ ព្រះ​រាជា​បន្ទាប់​ គង់​ក្នុង​បន្ទាយ​លង្វែក​។​

ឯ​ព្រះ​មហា​ឧប​យោ​វរាជ​នោះ​ មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ព្រះ​អង្គ​ចន្ទ​មូលី​ មាន​រូប​រាង​ស្អាត​ស្អាត​ល្អ​ប្រ​ពៃ​។ នា​ក្នុង​ឆ្នាំ​រោង អដ្ឋ​ស័ក​នោះ​ សម្ដេច​ព្រះ​រាមា​ធិ​បតី​ មហា​ឧប​យោ​វ​រាជ​ ព្រះ​អង្គ​ចង់​រួម​ប្រតិ​ព័ទ្ធ​ នឹង ព្រះ​រាជ​បុត្រី​នោះ​ ពន់​ប្រមាណ​ណាស់​។ មាន​មួយ​ថ្ងៃ​ព្រះ​អង្គ​ចេញ​គង់​ចុង​ព្រះ​រាជ​រោង​ដូច​ប្រក្រ​តី​ ទើប​ព្រះ​អង្គ​ត្រាស់​ជា​ឧបាយ​សួរ​អស់​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ថា​ : បើ​យើង​ គេ​ដាំ​សារ​ពើ​ដំណាំ ​បាន​ផល​ផ្លែ​ឡើង​ នឹង ឲ្យ​អ្នក​ដទៃ​ស៊ី​ប្រសើរ​ ឬ ស៊ី​ខ្លួន​ឯង​ប្រសើរ​ជាង​ ខណៈ​នោះ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ពុំ​យល់​ឧបាយ​ ក៏​ក្រាប​ទូល​ថា ​:​ ទទួល​ព្រះ​រាជ​ទាន​ខ្លួន​ឯង​ប្រសើរ​ជាង​។​

សម្ដេច​ព្រះ​មហា​ឧប​យោវ​រាជ​ ព្រះ​អង្គ​ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់​ ទ្រង់​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​វិញ​ ទ្រង់​ចូល​រួម​ប្រតិ​ព័ទ្ធ​ នឹង ព្រះ​អង្គ​ចន្ទ​មូលី​ ជា​ព្រះ​រាជ​បុត្រី​អស់​ ៧​ថ្ងៃ​ក៏​ស្រាប់​តែ​ ឮ​លាន់​ខ្ទ័រ​ខ្ទារ​ទាំង​ព្រះ​រាជ​វាំង​​ ហាក់​ នឹង រលើង​រលំ​ព្រះ​រាជ​វាំង​។ នោះ​ព្រះ​អង្គ​ស្ទុះ​ចេញ​មក​ក្រៅ​ ឃើញ​ជា​ស្រុត​ព្រះ​រាជ​វាំង​។​ ព្រះ​អង្គ​ស្រែក​ហៅ​ក្រុម​មន្ត្រី​សេះ​ ឲ្យ​ចង​គ្រឿង​មង្គល​ស្សតរ​នោះ​ ស្ទុះ​បោល​រួច​ទាំង​គ្រឿង​ទៅ​ គង់​នៅ​តែ​សេះ​មួយ​ នៅ​ជិត​ខាង​ព្រះ​អង្គ​ឈ្មោះ​អា​ខ្នារ​។ ទ្រង់​ក៏​ត្រាស់​បង្គាប់​ឲ្យ​ចង​គ្រឿង​អាខ្នារ​នោះ​ ហើយ​ក៏​ឡើង​គង់​បរ​ទៅ​ទិស​បស្ចឹម​។ លុះ​ដល់​វាល​មួយ​អន្លើ​ ព្រះ​ធរណី​ស្រូប​ទាំង​ព្រះ​អង្គ​ទាំង​អាខ្នារ​សេះ​នោះ​ទៅ​ បាន​ជា​មាន​ឈ្មោះ​ហៅ​បឹង​អាខ្នារ​ស្រុត​ តែ​យារ​ៗ​មក​ ហៅ​ថា​ ខ្នារ​ស្រុត​រៀង​មក​ មាន​សណ្ឋាន​វែង​ពី​ខាង​កើត​ទៅ​ខាង​លិច​នៅ​ក្នុង​ខែត្រ​លង្វែក​សព្វ​ថ្ងៃ​នេះ​។​

ឯ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ មហា​ឧប​រាជ​ សម័យ​ថ្ងៃ​មួយ​ ព្រះ​អង្គ​ស្ដេច​ទៅ​ថ្វាយ​បង្គំ​ព្រះ​ចេតិយ​នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ តាម​រដូវ​ទ្វារ​ទស​មាស​ ចូល​ឆ្នាំ​ លុះ​មក​ដល់​ភូមិ​តា​ដុង​ នោះ​ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​យល់​អ្នក​ទេព​ជា​បុត្រី​ព្រះ​ដុង​ អ្នក​ជៃ​នោះ​មាន​នូវ​រូប​ល្អ​ពន់​ប្រមាណ​។ ទ្រង់​ពេញ​ព្រះ​ស្នេហា​ណាស់​ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​ ទៅ​សុំ​ពី​ព្រះ​ដុង្គ​អ្នក​ជៃ​ ប៉ុន្តែ​ព្រះ​ និង​ អ្នក​ទាំង​ពីរ​នេះ​ មិន​ព្រម​ថ្វាយ​​ទេ​ ថា​ឲ្យ​ទ្រង់​លើក​ជា​ថ្នល់​ ហើយ​ឲ្យ​អ្នក​ផ្លូវ ប្រុស​មួយ ស្រី​មួយ​ដើរ​កាន់​បណ្ណា​ការ​ភ័ស្តុ​ភារ​ ពី​បន្ទាយ​លង្វែក​ទៅ​ដល់​ភូមិ​គាត់​ ទើប​ព្រម​ថ្វាយ​។​

សម្ដេច​ព្រះ​បរមិន្ទ​បរម​រាជា​ ទ្រង់​ពិរោធ​ណាស់​ គិត​ នឹង លើក​សេនា​យោធា​ទៅ​ចាប់​ តែ​ខ្លាច​ទ្រង់​ជ្រាប​ ដល់​សម្ដេច​ព្រះ​វរ​រាជ​បិតា​ គិត​ថា​ នឹង ឲ្យ​លើក​ផ្លូវ​ទៅ​ជា​ថ្នល់​ទៅ​ក៏​មិន​គួរ​ ព្រោះ​ហេតុ​តែ​ស្រី​មួយ​ទៅ​ឲ្យ​នឿយ​ដល់​អាណា​ប្រជា​នុ​រាស្ត្រ​ គិត​ថា​ នឹង ឲ្យ​ចាស់​ទុំ ទៅ​និយាយ​ចែ​ចង់​អ្នក​ទេព​នោះ​ ចាស់​ទុំ​ចូល​ភូមិ​ព្រះ​ដុង​អ្នក​ជៃ​ពុំ​បាន​ ព្រះ​ដុង​ អ្នក​ជៃ​គាត់​ចាំ​យាម​មាំ​មួន​ណាស់​។​ ទ្រង់​ព្រះ​ស្នេហា​​ក្រៃ​ពេក​ រហូត​ដល់​ជា​ដួល​ដំ​ជា​ព្រះ​រោគ​ ខាន​ចូល​គាល់​ព្រះ​វរ​បិតា​ ច្រើន​ថ្ងៃ​។​

សម្ដេច​ព្រះ​បរម​រាជា​ ជា​សម្ដេច​ព្រះ​វរ​បិតា​ យល់​បាត់​ព្រះ​រាជ​បុត្រ​ដូច្នេះ​ ទ្រង់​ត្រាស់​សួរ​មន្ត្រី​ ខ្ញុំ​រាជ​ការ​គ្រប់​គ្នា ​មន្ត្រី​ខ្ញុំ​រាជ​ការ​ ក៏​យក​សេច​ក្ដី ​ក្រាប​បង្គំ​ទូល​គ្រប់​ប្រការ​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ទ្រង់​ជ្រាប​ ទ្រង់​ព្រួយ​ព្រះ​រាជ​ហ​ឫ​ទ័យ​ នឹង ព្រះ​រាជ​បុត្រ​ណាស់​ ទ្រង់​ត្រាស់​ថា​ :​ ចៅ​រាមា​ធិបតី​ កូន​ច្បង​នោះ​ វា​ប្រព្រឹត្ត​បទ​ទុច្ចរិត​ ​ព្រះ​ធរ​ណី​ស្រូប​ស្លាប់​ ស្រុត​អស់​ទាំង​ព្រះ​រាជ​វាំង​ទៅ​ហើយ​ នៅ​ឡើយ​តែ​ព្រះ​បរមិន្ទ​មួយ​នេះ​ អញ​គិត​តែ​នឹង​ឲ្យ​សោយ​រាជ្យ​ស្នង​អញ​ ព្រោះ​មាន​តំរិះ​ប្រាជ្ញា​ ចិត្ត​ក៏​សុច​រិត​ល្អ​ ពុំ​គួរ​ព្រះ​ដុង​ អ្នក​ជៃ​រឹង​ទទឹង​ឡើយ​។​ ដូច្នេះ​ គួរ​ឲ្យ​សេនា​ទាហាន​ ទៅ​ចាប់​យក​ខ្លួន​មក​ធ្វើ​ទោស​ តាម​បទ​ព្រះ​អយ្យ​ការ​។​

ក្នុង​ខណៈ​នោះ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជា​ ក្រាប​បង្គំ​ទូល​ថា ​:​ ព្រះ​ដុង​អ្នក​ជៃ​នេះ​ មាន​គុណ​បំណាច់​ នឹង ផែន​ដី​​ច្រើន​ណាស់​។ កាល​ព្រះ​អង្គ​ ជា​អម្ចាស់​ផែន​ដី​ស្ដេច​ព្រះ​ដំណើរ​ទៅ​ស្រុក​សៀម​នោះ​ ព្រះ​ដុង​ អ្នក​ជៃ​នោះ​ សទ្ធា​ចំណាយ​ឲ្យ​ទ្រព្យ​សម្បត្តិ​ ស្រូវ​ អង្ករ​របស់​ខ្លួន​ ចិញ្ចឹម​អាណា​ប្រជា​នុ​រាស្ត្រ ​ទុក​ចាំ​ល្អង​ធូលី​ព្រះ​បាទ​ ច្រើន​ណាស់​។​ ដល់​ទ្រង់​ត្រឡប់​មក​ពី​ស្រុក​សៀម​ហើយ​ ធ្វើ​សង្គ្រាម​នឹង​ព្រះ​ស្ដេច​កន​ និង​ ពញា​អុង​រាជា​ទៀត​ ក៏​នាយ​ឃ្លាំង​ទៅ​ខ្ចី​ស្បៀង​អាហារ​ព្រះ​ដុង​អ្នក​ជៃ​ ច្រើន​ម៉ឺន​ថាំង​ណាស់​ ពុំ​ទាន់​បាន​សង​គាត់​ផង​។​ ព្រះ​អង្គ​ពុំ​ទាន់​លើក​គុណ​បំណាច់​ឲ្យ​គាត់​សោះ​ ហើយ​ស្រាប់​តែ​យក​ទោស​នេះ​ពុំ​គប្បី​ទេ​ មួយ​ទៀត​ខាង​យើង​វិញ​ បន្ទាយ​សីមា​ បី​បួន​ជាន់​ កសាង​បាន​ ចុះ​គ្រាន់​តែ​ថ្នល់​ពីរ​ប៉ុណ្ណោះ​ ម្ដេច​ក៏​ធ្វើ​មិន​កើត​ គួរ​តែ​សាង​ទុក​ឲ្យ​មាន​ ជា​ព្រះ​កេរ្តិ៍​ ឲ្យ​ចំពោះ​ព្រះ​ដុង​អ្នក​ជៃ​ ដែល​មាន​គុណ​បំណាច់​នោះ​ កុំ​បី​ខាន​។ ព្រះ​បាទ​ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​មន្ត្រី​ក្រាប​បង្គំ​ទូល​ដូច្នោះ​ ទ្រង់​ត្រូវ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​កេណ្ឌ​រាស្ត្រ​មក​ លើក​ជា​ថ្នល់​ ប្រុស​មួយ​ ស្រី​មួយ​ហើយ​ឲ្យ​ឧកញ៉ា​ មហា​មន្ត្រី​មហា​ទេព​នាំ​បណ្ណា​ការ​ភ័ស្តុ​ភារ អ្នក​ផ្លូវ​ប្រុស​ ដើរ​ថ្នល់​មួយ ឲ្យ​ជំទាវ​មហា​មន្ត្រី​ មហា​ទេព​ នាំ​បណ្ណា​ការ​ជា​អ្នក​ផ្លូវ​ស្រី​ ដើរ​ថ្នល់​មួយ​ ទៅ​ដណ្ដឹង​អ្នក​ទេព​បុត្រី​ព្រះ​ ដុង​អ្នក​ជៃ​ថ្វាយ​ព្រះ​ទេពី​ សម្ដេច​​ព្រះ​មហា​ឧប​រាជ​ ហើយ​តាំង​ព្រះ​ដុង​ ជា​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ ​តាំង​អ្នក​ជៃ​ ជា​ជំទាវ​ទេវី​សោភី​ លក្ខ​ណា ​មហា​ក្សត្រី ​បាន​ជា​មាន​ឈ្មោះ​ហៅ​ថា​ ស្រុក​ឧដុង្គ​ មេ​ជៃ​រៀង​មក​ តែ​យារ​ៗ​មក​ហៅ​ស្រុក ឧដុង្គ​មាន​ជ័យ​ ថ្នល់​ប្រុស​ ថ្នល់​ស្រី​វិញ​ លុះ​ដល់​ឥឡូវ​នេះ​។​

សម្ដេច​ព្រះ​មហា​ឧប​រាជ​ទ្រង់​ព្រះ​ស្នេហា​នឹង​អ្នក​ព្រះ​ម្នាង​ទេព​បុប្ផា​នោះ​ណាស់​ ទ្រង់​តាំង​ព្រះ​នាង​ជា​សម្ដេច​ព្រះ​ទេ​ពី​ តាម​ហា​ទេវី​សោភី​ក្សត្រី​។

ព.ស. ២០៩០, គ.ស. ១៥៤៦, ម.ស. ១៤៦៨, ច.ស. ៩០៨ ឆ្នាំមមី អដ្ឋស័ក ព្រះ​បាទ​បរម​រាជា​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ គឺ​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ព្រះ​អង្គ​ស្ដេច​ទៅ​គង់​នៅ​ក្នុង​ព្រះ​ពន្លា​ ជើង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ពីរ​ឆ្នាំ​ប្លាយ​ ព្រះ​អង្គ​សាង​ព្រះ​ពុទ្ធ​សេយ្យាសន៍​មួយ​ព្រះ​អង្គ​ សាង​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​មួយ​ព្រះ​អង្គ​ សុទ្ធសឹង​តែ​សាង​អំពី​ថ្ម​តម្កល់​ទុក​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ហើយ​ ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​សាង​ព្រះ​អារាម​មួយ​នៅ​ខាង​កើត​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ តាំង​នាម​ហៅ​ថា​វត្ត​បឋម​កេរ្តិ៍​ស្រះ​បឋម​កេរ្តិ៍​ ស្ដេច​ប្រាថ្នា​ឲ្យ​បាន​ជា​ព្រះ​កេរ្តិ៍​ជា​អង្វែង​ទៅ​ឯ​អនាគត​។ សាង​ស្រេច​ក្នុង​រវាង​២​ឆ្នាំ​ ទ្រង់​ឲ្យ​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​មក​តាំង​ធ្វើ​បុណ្យ​សង្គាយ​នា​ ធ្វើ​បុណ្យ​ឆ្លង​ ៧​ថ្ងៃ ចំណាយ​ព្រះរាជ​ទ្រព្យ​ ជា​ទេយ្យ​ទាន​នោះ​អស់​ទៅ​ជា​ច្រើន​ នឹង គណ​នា​ពុំ​បាន​ឡើយ​។ សាង​កុសល​ នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​នោះ​រួច​ហើយ​ ព្រះ​អង្គ​ត្រឡប់​ព្រះ​រាជ​ដំណើរ​ចូល​មក​គង់​ក្នុង​ព្រះ​បរម​រាជ​វាំង​លង្វែក​វិញ​។​ ព្រះ​អង្គ​សោយ​រាជ្យ​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​អាណា​ប្រជា​នុរាស្ត្រ​ ទាស​កម្ម​ករ​ក្នុង​ព្រះ​រាជ​វាំង​ សឹង​ ជា​សុខ​ក្សេម​ក្សាន្ត​ប្រពៃ​ពន់​ប្រមាណ​ណាស់​ ឥត​មាន​សត្រូវ​បៀត​បៀន​ព្រះ​នគរ​ព្រះ​អង្គ​នេះ​សោះ​ឡើយ​។​

ព.ស. ២១០៤, គ.ស.១៥២០, ម.ស. ១៤៨២, ច.ស. ៩២២ ឆ្នាំវក ទោស័ក ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ឱង្ការ​ព្រះ​មហា​ចន្ទ​រាជា​ធិ​រាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ សម័យ​ថ្ងៃ​មួយ​នោះ​ ទ្រង់​​នឹក​អំពី​​ទី​កន្លែង ព្រះ​បឋ​មក្សត្រ​ ព្រះ​បរម​រាជា​ សួស​ "ត្រសក់​ផ្អែម​"​ នោះ​ លុះ​ស្វាង​ព្រះ​សម័យ​ ព្រះ​បរម​ក្សត្រ​ថ្លៃ​ ស្ដេច​ចេញ​គង់​ព្រះ​រាជ​រោង​រម​ ជួប​ជុំ​ព្រះ​រាជ​វង្សា​មាត្យា​ភិមុខ​មន្ត្រី ​ហើយ​ប្រឹក្សា​ថា​ សម្ដេច​ព្រះ​បរម​បិតា​ និង​ ព្រះ​បរម​រាជ​មាតា​ យើង​ក៏​បាន​ធ្វើ​បុណ្យ​ស្នង​ព្រះ​តេជ​គុណ​គ្រប់​ទ្វារ​ទស​មាស​រាល់​ឆ្នាំ​ហើយ​ នៅ​ឡើយ​តែ​ទី​កន្លែង​ ដែល​សម្ដេច​ព្រះ​សោភា​វតី ​ជា​សម្ដេច​ព្រះ​អយ្យ​កោ​ គឺ​ព្រះ​បរម​រាជា​អង្គ​ជ័យ​ អង្គ​សួស​ ជា​បឋ​មក្សត្រ​ ដែល​ប្រសូត្រ​នៅ​ជើង​ភ្នំ​ជ្រាវ​នោះ​ ពុំ​ទាន់​បាន​ធ្វើ​បុណ្យ​ឆ្លង​ ព្រះ​តេជ​គុណ​នៅ​ឡើយ​ ដូច្នេះ​តើ​អ្នក​រាល់​គ្នាយ​ល់​ថា​ គួរ​ធ្វើ​ដូចម្ដេច​ ឯ​ខ្លួន​យើង​យល់​ថា​ គួរ​ធ្វើ​ព្រះ​រាជ​មន្ទីរ​មួយ​នៅ​ទី​ដែល​សម្ភព​នោះ​ហើយ​ នឹង ធ្វើ​បុណ្យ​សង្គាយ​នា​ នៅ​ទី​នោះ​ឲ្យ​ជាប់​ជា​ព្រះ​កេរ្តិ៍​ត​ទៅ​ តើ​អ្នក​រាល់​គ្នា​យល់​ដូច​ម្ដេច​។​​

ខណៈ​នោះ​ ព្រះ​បរម​វង្សានុ​វង្ស​ អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​ ក្រាប​បង្គំ​ទូល​ថា ​:​ ទ្រង់​ព្រះ​តម្រិះ​នេះ​ជា​ប្រសើរ​ណាស់​ហើយ​ ដើម្បី​ នឹង ទុក​ជា​ព្រះ​កេរ្តិ៍​ថ្វាយ​ ព្រះ​មហា​ក្សត្រ​ក្រោយ​។​ បាន​ទ្រង់​ជ្រាប​ទី​កន្លែង​ និង​ ព្រះ​រាជ​ត្រកូល​ផង​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​យល់​មន្ត្រី​ព្រះ​ព្រៀង​ហើយ​ ទើប​ព្រះ​អង្គ​លើក​ព្យុ​ហ​យាត្រា​ ទៅ​ប្រ​ថាប់​នៅ​ជើង​ភ្នំ​ជ្រាវ​​​ ហើយ​ឲ្យ​សាង​ប្រាសាទ​ ព្រះ​រាជ​មន្ទីរ​ នៅ​ទី​សម្ភព​នោះ​ ហើយ​ និមន្ត​ព្រះ​សង្ឃ​ទេសនា​ សង្គាយ​នា ១​ខែ​ ១៥​ថ្ងៃ​។​ ឆ្លង​បុណ្យ​រួច​ស្រេច​ តាំ​ង​នាម​ទី​នោះ​ឲ្យ​ហៅ​ថា ប្រាសាទ​គោក​ព្រះ​រាជ​មន្ទីរ​ ជាប់​ឈ្មោះ​រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ លុះ​សម្រេច​ការ​បុណ្យ​ហើយ​ ព្រះ​អង្គ​លើ​ក​ព្យុ​ហ​យាត្រា​ត្រឡប់​មក​ព្រះ​នគរ​លង្វែ​ក​វិញ​។​ ទ្រង់​សោយ​រាជ្យ​ ជា​សុខ​រៀង​មក​ ដ៏​អង្វែង​។​

ព.ស. ២១១១, គ.ស. ១៥៦៧, ម.ស. ១៤៨៩, ច.ស. ៩២៩ ឆ្នាំ​ថោះ នពស័ក ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​គ្រង​រាជ្យ​បាន​ ១៣​ឆ្នាំ​ សោយ​រាជ្យ​បាន​ ៣៩ ​ឆ្នាំបូ​ក​រួម​ទាំង​អស់​​ ៥២​ឆ្នាំ​ ព្រះ​ជន្ម ​៨៧ ​ឆ្នាំ​ព្រះ​ឈួន​រោគ​ជា​ទម្ងន់​ ព្រះ​រាជ​បុត្រា​ ព្រះ​បរម​វង្សា​ យក​ហ្ម​ប្រកប​ថ្នាំ​មិន​ជា​ទ្រង់​ព្រះ​សុវណ្ណ​គត​ទៅ​។ ​សម្ដេច​ព្រះ​រាជ​បុត្រា​ប្រជុំ​ជំនុំ​ព្រះ​រាជ​វង្សា​នុវ​ង្ស​ អង្គ​អគ្គម​ហាសេនា​ សេនា​បតី​មក​លើក​ព្រះ​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ហើយ​ សម្ដេច​ព្រះ​សុគន្ធា​ធិបតី​មហា​សង្ឃ​រាជា​ រាជា​គណៈ​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ទាំង​ឡាយ​ អញ្ជើញ​សម្ដេច​ព្រះ​មហា​ឧបរាជ​ជា​ព្រះ​រាជ​បុត្រា​ឡើង​សោយ​រាជ​សម្បត្តិ​។​

ក្រៅ ក្នុង ព.ស. គ.ស. ម.ស. ច.ស. ឆ្នាំប្រចាំស័ក ជន្មដើម សិរីរាជ សិរីជន្ម វាំង
៤៥ ២១១០ ១៥៦៦ ១៤៨៨ ៩២៨ ខាល អដ្ឋស័ក ២៩, ៤៥ ១១ ៥៦ លង្វែក

សម្ដេច​ព្រះ​មហា​ឧបរាជ​ ជា​ព្រះ​រាជ​បុត្រា​ ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​ស្នង​សម្ដេច​ ព្រះ​វរ​រាជ​បិតា​ធិរាជ​ ទ្រង់​ព្រះ​នាម​ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ឱង្ការ​ព្រះ​បរមិន្ទ​ បរម​រាជា​ធិ​រាជ​ ហើយ​ព្រះ​អង្គ​លើក​ អ្នក​ព្រះ​ម៉ែ​នាង​ ទេព​បុប្ផា​ជា​បុត្រី​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ដុង​ ទ្រង់​ព្រះ​នាម​ សម្ដេច​ព្រះ​អគ្គម​ហេសី ​ព្រះ​ភគវ​តី​ សិរិ​ទេព​ធីតា​មហា​ចក្រ​ពត្តិ​ឧត្តម​បរម​រតនា​ រាជ​ធារ​សោ​ភី​ លក្ខ​ណា​មហា​ក្សត្រី​ ព.ស. ២០៩៩ - គ.ស. ១៥៥៥ - ម.ស. ១៩២៩ - ច.ស. ៩២៩ ឆ្នាំ​ថោះ ​សំរិទ្ធស័ក​នោះ​ សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ឲ្យ​សាង​ព្រះ​មេរុ​ ធ្វើ​បុណ្យ​ព្រះ​សព​ព្រះ​បិតា​ ៣ ​ខែ​ ជា​ឱឡា​រិក​ សន្ធឹក​ពន់​ប្រមាណ​ដល់​ខែ​ផល្គុន​ ក្នុង​ឆ្នាំ​ថោះ​សំរិទ្ធិ​ស័ក​។ ឯ​សម្ដេច​ព្រះ​អគ្គ​មហេសី​ ស្រី​ទេព​ធិតា​ មហា​ចក្រ​ពត្តិ​ សម័យ​មួយ​នោះ​ភ្នក់​ព្រះ​ទ័យ​ គិត​ចង់​សាង​ព្រះ​វិហារ​មួយ​យប់​នោះ​ ទ្រង់​សុបិន​និមិត្ត​ឃើញ​ សម្ដេច​អម្រិន្ទ្រា​ធិ​រាជ​ មក​ចង្អុល​កន្លែង​ឲ្យ​សាង​ព្រះ​វិហារ​ជា​អគ្នេយ៍​ព្រះ​បរម​រាជ​វាំង​ លុះ​តើន​ឡើង​ ព្រះ​អង្គ​ចេញ​ទៅ​ឃើញ​ផែន​ដី​មួយ​អន្លើ​ ជា​អគ្នេយ៍​ព្រះ​បរម​រាជ​វាំង​ ផ្សាយ​រស្មី​បី​ពណ៌​ ភ្លឺ​ដូច​ផ្លេក​បន្ទោរ​ ហើយ​ឃើញ​ទាំង​ចារឹក​ថ្ម​ទី​នោះ​ផង​ ទើប​សម្ដេច​ព្រះ​អគ្គម​ហេសី​ ស្រី​ទេព​ធី​តា​យក​សេច​ក្ដី​ក្រាប​ទូល​សម្ដេច​ព្រះ​បរម​បពិត្រ​ និង​ ជម្រាប​ព្រះ​មាតា​បិតា​ៗ ​យល់​ព្រម​​ហើ​យ​ ចាត់​ឲ្យ​កេណ្ឌ​នាយ​ជាង​ កូន​ជាង​ បាន​ជា​ច្រើន​ ឲ្យ​សាង​ព្រះ​អា​រាម​ ជីក​ស្រះ​តែង​ឃ្លាំង​មឿង​ជា​ស្រេច​ហើយ​ នៅ​ខ្វះ​តែ​ថ្ម​ល្អិត​ល្អ បរិសុទ្ធ​ និង​ព្រះ​ពុទ្ធ​រូប​នោះ​ទើប​ ព្រះ​បរម​បពិត្រ​ នាំ​ព្រះ​អង្គ​ធំ​ដ៏​ជា​សម្ដេច​ព្រះ​អគ្គម​ហេសី​ សិរី​ទេព​ធីតា​ និង​ ព្រះ​ស្នំ​ក្រម​ការ​ចេញ​ទៅ​ជួប​ជុំ​ព្រះ​បរម​វង្សា​នុវង្ស​ បារ​គូ​ បុរោ​ហិត​ ព្រឹទ្ធា​ចារ្យ​ អគ្គម​ហា​សេនា​ សេនា​បតី​ មន្ត្រី​គ្រប់​ក្រុម​ តាំង​បួង​សួង​ទេវ​តា​ ទាំង ​៨​ទិស​ ៣​ថ្ងៃ​ លុះ​ក្នុង​រាត្រី​មួយ​នោះ​ មាន​ហេតុ​អស្ចារ្យ​ពន់​ប្រមាណ​ក្នុង​ព្រះ​នគរ​ខ្ទារ​ខ្ទ័រ​បី​ដូច​ជា​សព្ទ​សូរ​តូរ្យ​តន្ត្រី​ ជុំ​ព្រះ​បរម​រាជ​វាំង​ ព្រះ​ចន្ទ​ពេញ​បូណ៌​មី​ភ្លឺ​ច្បាស់​ស្រឡះ​អាកាស​​ជន​ទាំង​ឡាយ​ ក្រឡេក​មើល​ទៅ​ឯ​នភា​ល័យ​ ឃើញ​រស្មី​​ផ្សាយ​ចេញ​ ៧​ពណ៌​ ដេរ​ដាស​ទាំង​អាកាស​ ផ្លេក​ភ្លឺ​ហាក់​ដូច​ផ្លេក​បន្ទោរ​ មាន​ស្រមោល​ហាក់​បី​ដូច​ជា​ទេវ​តា​ទេវ​បុត្រ​ ហោះ​ចាក​អំពី​ព្រះ​រាជ​វិមាន​ប្រមាណ​ជា​ ៨​ម៉ោង​ ទើប​បាន​សូរ​សព្ទ​អស្ចារ្យ​ទាំង​នោះ​ បាត់​ស្ងាត់​ទៅ​វិញ​។​ លុះ​ព្រឹក​ឡើង​ ព្រះ​បាទ​បរម​នាថ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះ​អង្គ​ និង​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ ស្រី​ទេព​ធី​តា​ ព្រះ​ស្នំ​ក្រម​ការ​ចេញ​ទៅ​ប្រថាប់​នៅ​ព្រះ​ពន្លា​ ទី​ដែល​ នឹង សាង​ព្រះវិហារ​នោះ​ ស្រាប់​តែ​ឃើញ​ថ្ម​ល្អិត​ល្អ​ មាន​ពណ៌​ឆ្លុះ​ឆ្លារ​ផ្សេង​ៗ​ នោះ​ព្រះ​បរម​បពិត្រ​ និង​ សម្ដេច​ព្រះ​អគ្គ​មហេ​សី​ស្រី​ទេព​ធីតា​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ដុង​ នឹង​អ្នក​ជំ​ទាវ​ទេវិ​នារី​សោ​ភ័ណ​ ជៃ​​យល់​ព្រ​ម​ថា​ជា​ សម្ដេច​អម្រិន្ទ្រា​ធិរាជ​ ជួយ​ឧ​បត្ថ​ម្ភ​ទ្រង់​ព្រះ​អំណរ​ណាស់​ត្រាស់​ឲ្យ​ជាង​រចនា​ថ្ម​នោះ​ ជា​ព្រះ​ពុទ្ធ​រូប​ធំ​ ទ្រង់​សណ្ឋិត​លើក​រតន​បល្ល័ង្ក​ តាំង​ត្រង់​ព្រះ​ឥន្ទ្រា​ធិ​រាជ​ថ្វាយ​និមិត្ត​នោះ​ ឲ្យ​នាម​តាម​នាម​ ព្រះ​អគ្គ​មហេ​សី​ នឹង សម្ដេច​អម្រិន្ទ្រា​ធិ​រាជ​ឲ្យ​និមិត្ត​ ហៅ​ថា​វត្ត​ព្រះ​ឥន្ទ​ទេព​។​​

ព.ស. ២១១០ - គ.ស. ១៥៦៨ - ម.ស.១៤៩០ - ច.ស. ៩៣០ ឆ្នាំ​មមី​ទោ​ស័ក​ សម្ដេច​ព្រះ​ភគ​វតី​ស្រី​ទេព​ធីតា​ ជា​បុត្រី​សម្ដេច​ចៅ​ដុង​ ជំទាវ​ទេវី​ នារី​សោ​ភ័ណ​ ជៃ​ ភ្នក​ព្រះ​រាជ​ហ​ឫ​ទ័យ​ ចង់​សាង​ព្រះ​កឋិន​ទាន​ ហែ​ទៅ​វត្ត​នៅ​ប្រាសាទ​នគរ​វត្ត​ ក៏​ក្រាប​ទូល​លា​ សម្ដេច​ព្រះ​ភស្ដា​សម្ដេច​ព្រះ​ភស្ដា​ក៏​ព្រម​ព្រះ​រាជ​ហឫ​ទ័យ​នឹង​ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ជា​មួយ​ផង​​ ទើប​ត្រាស់​បង្គាប់​មន្ត្រី​ជើង​ទឹក​ ឲ្យ​ត្រៀម​ការ​តាម​ទំនៀម​។​

ព្រះបរមិន្ទរាជា លេខ១