ថ្ងៃសៅរ៍ ទី2.មិថុនា 2018.ម៉ោង 7:34
ផែនដី ព្រះបរមខត្ដិយាមហាចន្ទរាជា ២១

នេះនឹងនិយាយ អំពីក្រុងទេពបុរី ស្រីអយុធ្យា ប្រទេសសៀមវិញ។

សម្ដេច​ព្រះ​ចៅ ​ចក្រ​ពត្រា​ធិ​រាជ​ សម័យ​ថ្ងៃ​មួយ​នោះ​ ចេញ​គង់​ចុង​ព្រះ​រោង​រម​ជួប​ជុំ​អគ្គ​មហា​សេនា​ សេនា​ធិប​តី​ មន្ត្រី​តូច​ធំ​​ខ្ញុំ​រាជ​ការ​ ក្រាប​បង្គំ​គាល់​ តាម​តំណែង​ទើប​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ប្រឹក្សា​ថា​ ចៅ​ពញា​ចន្ទ​រាជា​ បាន​ត្រឡប់​ទៅ​ក្រុង​កម្ពុជា​ ប្រាប​សឹក​សង្គ្រាម​បាន​ជា​ធំ​នោះ​ព្រោះ​ដោយ​អំណាច​រេហ៍​ពល​ ស្បៀង​អាហារ​គ្រឿង​សាស្ត្រា​វុធ​ ដំរី​សេះ​ របស់​យើង​ឲ្យ​ទៅ​។​ ឥឡូវ​បាន​សម្រេច​ហើយ​ តែ​ពុំ​ឃើញ​ឲ្យ​នាំ​សួយ​សារ​ មក​ថ្វាយ​យើង​នៅ​ឡើយ​។​ ដូច្នេះ​ យើង​គួរ​លើក​ទ័ព​ទៅ​ប្រាប​ប្រាម​ ឬ​ធ្វើ​ដោយ​ប្រការ​​ដូច​ម្ដេច​ ទើប​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​រាជ​ការ​ ទទួល​ព្រះ​រាជ​បរិ​ហារ​ ប្រឹក្សា​យល់​ព្រម​ ក្រាប​បង្គំ​ទូល​ថា ​:​ កាល​ចៅ​ពញា​ចន្ទ​រាជា​ ទទួល​ព្រះ​រាជ​ឱង្ការ​ទៅ​ទាក់​ដំរី​ស​ ហើយ​មាន​ពុត​ត្បុត​រត់​ទៅ​ស្រុក​នោះ​ យើង​បាន​ឲ្យ​បម្រើ​ទៅ​តាម​យក​ខ្លួន​មក​នោះ​ ពញា​ចន្ទ​រាជា​បាន​សញ្ញា​ថា​ បើ​ខ្លួន​បាន​សម្រេច​ព្រះ​នគរ​កាល​ណា ​នឹង​ នាំ​សួយ​សារ​មក​ក្រាប​ទូល​ថ្វាយ​។ ឥឡូវ​នេះ​ ពញា​ចន្ទ​ បាន​សម្រេច​ហើយ​ តែ​កន្តើយ​ព្រ​ងើយ​ទៅ​នេះ​ គួរ​តែ​យើង​លើក​យោធា​ទា​ហាន​ទៅ​ប្រាប​ប្រាម​ឲ្យ​ដឹង​ថ្វី​ដៃ​។​ តែ​ថា​ ធ្វើ​ដូច្នេះ​ ដូច​ជា​ទាស់​នឹង​ច្បាប់​ទំនៀម​ទៅ​ហើយ​ ព្រោះ​ដែន​ដី​ក្រុង​កម្ពុជា​នេះ​ ពី​ដើម​ជា​ឯក​រាជ្យ​ដែរ​ តែ​ក្រោយ​មក​បាន​ពឹង​បារ​មី​ផែន​ដី​ក្រុង​ទេព​នេះ​ជា​ច្រើន​ដង​ មាន​ទាំង​ខ្លួន​ពញា​អុង​ សុវណ្ណ​ខៈ​លោក​ នៅ​ជា​តួ​យ៉ាង​សព្វ​ថ្ងៃ​នេះ​ស្រាប់​។ ដូច្នេះ​ ទូល​ព្រះ​បង្គំ​យល់​ថា​ គួរ​តែ​មាន​ព្រះ​រាជ​សារ​ឲ្យ​ទៅ​រំលឹក​ម្ដង​សិន​ បើ​កាល​ណា​ឃើញ​ថា​ ចៅ​ពញា​ចន្ទ​ រឹង​ទទឹង​ សឹម​យើង​លើក​ទៅ​ធ្វើ​ទោស​ឲ្យ​បាន​សម្រេច​។​

ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ទ្រង់​ព្រះ​សណ្ដាប់​អស់​មន្ត្រី​ទៅ​ ទ្រង់​យល់​ផ្លូវ​ត្រូវ​សេច​ក្ដី​ហើយ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​តែង​ព្រះ​រាជ​សារ​ ចាត់​ឲ្យ​ចៅ​ពញា​មហា​ទេព​ មហា​មន្ត្រី​ និង ព្រះ​រាជ​វរា​នុ​កូល​ ជា​រាជ​ទូត​ ឧប​ទូត​ ត្រី​ទូត​ អញ្ជើញ​ព្រះ​រាជ​សារ​នោះ​ មក​ដល់​ក្រុង​កម្ពុជា​ធិបតី​។ ទូត​ទាំង​៣​នាក់​ មក​ដល់​ក្រៅ​បន្ទាយ​នគរ​ក៏​ឲ្យ​បម្រើ​ទៅ​ប្ដឹង​សេនា​បតី​ តាម​ជើង​សារ​ ដែល​ចៅ​ហ្វាយ​ស្រុក​ពោធិ៍​សាត់​ បញ្ជូន​មក​នោះ​គ្រប់​ប្រការ​។​

ក្នុង​ខណៈ​នោះ​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ និង​សេនា​បតី​ទាំង ​៤ សម្រាប់​នាំ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​សព្វ​គ្រប់​ហើយ​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ ស្ដេច​ត្រាស់​ថា ​:​ ជាតិ​អាសៀម​នេះ​ ចិត្ត​វា​លាមក​ អាក្រក់​ពន់​ប្រមាណ​ណាស់​ បាន​ជា​កាល​ផែន​ដី​ ប្រឋម​ក្ស័ត្រ​ ខត្តិ​យា​វង្ស​ត​ម្រង​រាជ្យ​ ក្នុង​មហា​នគរ​នោះ​រៀង​មក​ ទ្រង់​ឲ្យ​សាង​ប្រាសាទ​រាជ​ដំណាក់​ជាន់​ក្រៅ​ ចាំ​ទទួល​ព្រះ​រាជ​ទូត​គ្រប់​ប្រទេស​ច្រើន​តំបន់​នោះ​ ឥឡូវ​ សៀម​វា​ឲ្យ​រាជ​ទូត​វា អញ្ជើញ​ព្រះ​រាជ​សារ​វា​មក​នេះ​ ត្រូវ​យើង​ឲ្យ​ធ្វើ​ព្រះ​រោង​ ព្រះ​ពន្លា​ ទទួល​ព្រះ​រាជ​សារ​នោះ​ ក្រៅ​កំផែង​ព្រះ​នគរ​ដែរ​។ អគ្គម​ហា​សេនា​ សេនា​បតី​ ទទួល​ព្រះ​រាជ​ឱង្ការ​ហើយ​ ចាត់​មន្ត្រី​ក្រុម​មេការ​ ឲ្យ​កេណ្ឌ​រាស្ត្រ​ ធ្វើ​ព្រះ​រោង​ ព្រះ​ពន្លា​ រាយ​ទ័ព​ទាហាន​ ឲ្យ​ចាំ​រក្សា​ ច្រើន​សង្កាត់​ កំណត់​តែ​ ៣​ថ្ងៃ​៣ យប់​ក៏​រួច​ដូច​ព្រះ​រាជ​បញ្ជា​ការ​ ទើប​ក្រុម​មេ​ការ ក៏​យក​សេច​ក្ដី​ចូល​ទៅ​ប្ដឹង​សេនា​បតី​ សេនា​បតី​យក​សេច​ក្ដី​ នាំ​ឡើង​ក្រាប​បង្គំ​ទូល​ ទ្រង់​ជ្រាប​គ្រប់​ប្រកា​រ​។​ សម័យ​ថ្ងៃ​នោះ​ ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​ចិន្តា​ថា ​:​ រាជ​ទូត​សៀម​មក​នេះ​យើង​ ​នឹង ចេញ​ទទួល​វា​ ឲ្យ​រួស​រាន់​ពេក​ ហាក់​ដូច​ជា​យើង​កោត​ខ្លាច​វា​ខ្លាំង​ណាស់​ ទើប​ទ្រង់​ត្រាស់​បង្គាប់​លួង​រាជា​មាត្រ​ មហា​មាត្យ​ថា​ :​ ឲ្យ​ទៅ​ប្រាប់​រាជ​ទូត​សៀម​ថា​ ឲ្យ​វា​រង់ចាំ​ ១៥​ថ្ងៃ​ទៀត​ ព្រះ​ករុណា​នឹង​ចេញ​ទទួល​។​ តែ​ស្ដេច​បាន​អាយ័ត​រាជា​មាត្យ​ មហា​មាត្យ​ថា​ :​ ឲ្យ​ចាត់​ស្បៀង​អាហារ​ នាំ​យក​ទៅ​ឲ្យ​វា​ឲ្យ​បរិ​បូណ៍​។​ ព្រះ​រាជ​បម្រើ​ទាំង​ពីរ​ ក៏​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​គ្រប់​ប្រការ​។​

ក្រោយ​នោះ​១៥​ថ្ងៃ ​ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​ទ្រង់​គ្រឿង​អលង្ការ​ មហា​ឧត្តម​ ព្រម​ទាំង​ព្រះ​បរម​វង្សា​នុវង្ស​ និង អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​រាជ​ការ​ចាំ​ដង្ហែ​ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ប្រថាប់​នៅ​ព្រះ​ពន្លា​កាក​។ លង់​លុះ​ព្រឹក​ព្រាង​ហើយ​ ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ចេញ​ទៅ​គង់​លើ​ ព្រះ​រាជ​ហា​នុកា​មាត្យ​មាស​ ឱកាស​ឧត្តម​ ព្រះ​បរម​វង្សា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ ហែ​ស្ដេច​ចេញ​ប្រថាប់​ លើ​ព្រះ​ពន្លា​កាក​ខាង​ជើង​បន្ទាយ​ព្រះ​នគរ​ ១០​សិន​ប្លាយ​។​ រាជ​ទូត​សៀម​ទាំង ​៣ ​ក៏​ក្រាប​ថ្វាយ​បង្គំ​ ថ្វាយ​ព្រះ​រាជ​សារ​។​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ត្រាស់​ឲ្យ​លាម​ ប្រែ​សេច​ក្ដី​ អា​លក្ស​ ប្រែ​ថ្វាយ​ថា ​: ​​

ព្រះ​រាជ​សារ​ សុន្ទរ​បវរ​សេដ្ឋា​ មហា​វិមល​ ពលា​ការ​ សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ព្រះ​ចៅ​ក្រុង​មហាន​គរ​ បវរ​ធារា​វតី​ ស្រី​អយុធ្យា​ មហា​រដ្ឋ​រាជ​ធានី​ បុរី​រម្យ​ ឧត្តម​មហា​ឋាន​ ជា​សម្ដេច​ព្រះ​បិតុលា​ធិ​រាជ​។​
បម្រើ​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​ សម្ដេច​ព្រះ​បរម​រាជា​ រាមា​ធិបតី​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ ជា​សម្ដេច​ព្រះ​អគិ​នេយ្យោ​។
បាន​ទ្រង់​ជ្រាប​។

ដ្បិត​ក្រុង​កម្ពុ​ជា​នេះ​ កាល​ពី​ដើម​ តាំង​ពី​ផែន​ដី​ព្រះ​លំពង់​រាជា​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុរិ​យោ​វង្ស​នោះ​ សៀម​បាន​វាយ​បែក​មហាន​គរ​ ពីរ​បី​ដង​ ហើយ​បាន​យក​មហាន​គរ​នេះ​ ជា​ចំណុះ​ទៀត​។​ ក្រោយ​មក​ទៀត​ ក្នុង​ផែន​ដី​ ព្រះ​បាទ​សម្ដេច​ព្រះ​ធម្ម​រាជា​ ព្រះធម្ម​រាជា​ក៏​មាន​ព្រះ​រាជ​សារ​ ទៅ​ដល់​យើង​ឲ្យ​សង្គ្រោះ​ព្រះ​អង្គ​ផង​។​ យើង​ក៏​បាន​ជួយ​ បាន​យក​ទាំង​សម្ដេច​ព្រះ​ស្រី​រាជា​ ព្រះ​សុរិ​យោ​ទ័យ​ ទៅ​ទុក​ក្នុង​ក្រុង​យើង​ ហើយ​រាជ​សម្បត្តិ​ខ្មែរ​ ក៏​យើង​ឲ្យ​ស្រេច​ ជា​របស់​សម្ដេច​ព្រះ​ធម្ម​រាជា​ ជា​ព្រះ​បិតា​របស់​សម្ដេច​ព្រះ​ក្មួយ​។​ ចំពោះ​ព្រះ​ក្មួយ​ទៀត​ កាល​ភិត​ភ័យ​ក្នុង​គ្រា​ អា​ព្រះ​ស្ដេច​កន​ វាយ​បែក​ព្រះ​នគរ​​នោះ​ សម្ដេច​ព្រះ​ក្មួយ​ ក៏​បាន​រត់​ចូល​ទៅ​ពឹង​ បុណ្យ​បារមី​ក្រុង​ទេព​បុរី​ ស្រី​អយុធ្យា​ដែរ​ ក្រុង​ទេព​បូរី​ ក៏​ចាត់​ពល​ថ្មើរ​ជើង​ និង​ ពល​សេះ​ដំរី​ ឲ្យ​ជូន​សម្ដេច​ព្រះ​ក្មួយ​ត្រឡប់​មក​ក្រុង​កម្ពុ​ជា​ ហើយ​ព្រះ​ក្មួយ​បាន​សន្មត់​ នឹង ម៉ឺន​ពេជ្រ​ពិចិត្ត​ថា ​: តែ​ព្រះ​ក្មួយ​ បាន​សម្រេច​ព្រះ​នគរ​កាល​ណា​ ព្រះ​ក្មួយ​ នឹង នាំ​សួយ​ទៅ​ថ្វាយ​យើង​ជា​ព្រះ​បិតុលា​។ ឥឡូវ​ព្រះ​ក្មួយ​សម្រេច​ព្រះ​នគរ​ហើយ​ ម្ដេច​ឡើ​យ​ក៏​ពុំឃើញ​នាំ​សួយ​សារ​ ផ្កា​មាស​​ទៅ​ថ្វាយ​យើង​តាម​ទំនៀម​ ដូច្នេះ​ឲ្យ​ព្រះ​ក្មួយ​ ចាត់​ឲ្យ​នាំ​សួយ​សារ​ ផ្កា​មាស​ ប្រាក់​ ទៅ​ថ្វាយ​យើង​ជា​ព្រះ​បិតុលា​ ឲ្យ​ត្រឹម​ត្រូវ​តាម​ទំនៀម​។​

ព្រះ​បរម​នាថ​ បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ធិរាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​សេច​ក្ដី​ក្នុង​ព្រះ​រាជ​សារ​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ តែ​ទ្រង់​ខំ​សង្កត់​អត់​ទុក​ក្នុង​ព្រះ​រាជ​ហឫ​ទ័យ​ ហើយ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សម្រួល​ ក្អាក​ក្អាយ​​ ទើប​ទ្រង់​ត្រាស់​ថា​ ក្រុង​កម្ពុជា​ធិបតី​ មហា​ឥន្ទ​បត្ត​បុរី​នេះ​ កាល​ដើម​ឡើយ​ជា​នាយ​​លើ​នគរ​នានា​ទាំង​អស់​ ទាំង​អា​សៀម​នេះ​ ក៏​តាំង​នាំ​សួយ​សារ​ មក​ក្រាប​ទូល​ថ្វាយ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ ក្នុង​មហាន​គរ​នេះ​ ពុំ​ដែល​ខាត​ខាន​មួយ​រដូវ​ឡើយ​។​ លុះ​ក្រោយ​មក​ ដល់​ផែន​ដី​ ព្រះ​បទុម​សូរ្យ​វង្ស​ ព្រះ​អង្គ​មាន​ព្រះ​នេត្រ​ទិព្វ​ ទ្រង់​យល់​ថា​ : ពញា​រោង​នោះ​ ជា​ព្រះ​រៀម​ផ្ទាល់​ព្រះ​អង្គ​រួម​ព្រះ​មាតា​មួយ​ បែក​ទៅ​នៅ​ស្រុក​​ សុខោ​ទ័យ​ ក៏​ទ្រង់​តាំង​ឲ្យ​ជា​ឯក​រាជ្យ​នៅ​ ក្នុង​ស្រុក​នោះ​ ឲ្យ​សៀម​ទាំង​៧​ស្រុក​ឡើង​ស្ដាប់​បង្គាប់​ សម្ដេច​ព្រះ​ជេដ្ឋា​។​ ទ្រង់​ខ័ណ្ឌ​ព្រំ​បុរី​ ត្រឹម​នគរាជ​សីមា​។​ លុះ​ឥត​ពី​ព្រះ​រោង​ទៅ​ស្រុក​សៀម​ក៏​នៅ​ឲ្យ​នាំ​សុវណ្ណ​បុប្ផា​តម្បារ​ផ្កា​មាស​ មក​ក្រាប​ទូល​ថ្វាយ​ ជា​ចំណុះ​ស្រុក​មហា​នគរ​ ត​មក​ទៀត​។​ លុះ​ដល់​ស្រុក​សៀម​កើត​សង្គ្រាម​ នឹង​លាវ​ពោះ​ខ្មៅ ​លាវ​នោះ​តាំង​ជា​ ​ព្រះមហា​ក្សត្រ​ហើយ​បាន​បង្ក្រាប​ព្រះ​រាជ​ត្រកូល​ពញា​រោង​បាន​ ក៏​តាំង​ខ្លួន​ជា​ឯក​រាជ្យ​។​ លុះ​ដល់​មក​ផែន​ដី​ សម្ដេច​ព្រះ​បរម​រាជា​ សៀម​ឡើង​រាជ្យ​ ជា​សម្ដេច​ព្រះ​រាមា​ធិបតី​ សៀម​លើក​ទ័ព​មក​ធ្វើ​សង្គ្រាម​ នឹង ព្រះ​បរម​រាជា​ តែ​ពុំ​បាន​ធ្វើ​តាម​ទំនៀម​ព្រះ​មហា​ក្សត្រ​ គឺ​ឲ្យ​សំបុត្រ​ចុត​ហ្មាយ​ មក​ប្រាប់​ជា​មុន​ថា​ សុំ​ធ្វើ​សង្គ្រាម​ទេ​។ ស្រាប់​តែ​ឲ្យ​លប​លើក​ជា​ទ័ព​ មក​ចោម​បំបែក​មហា​នគរ​ ដោយ​ខ្មែរ​ពុំ​ដឹង​ខ្លួន​។ ជ័យ​ជំនះ​នឹង​រាប់​ថា​ មាន​រិទ្ធី​អានុ​ភាព​ក៏​ពុំ​បាន​។ កាល​យើង​ទៅ​នៅ​ស្រុក​សៀម​ ៩​ឆ្នាំ​នោះ​ទៀត​យើង​បាន​សុំ​ឲ្យ​កង​ទ័ព​មក​ជួយ​យើង​ច្រើន​ដង​ ក៏​ព្រះ​ចៅ​ចក្រ​ពត្តិ​ ពុំ​ឲ្យ​កង​ទ័ព​ នឹង​ស្បៀង​អាហារ​យើង​សោះ​។​ ហេតុ​តែ​ កុសល​ផង​របស់​ក្រុង​កម្ពុជា​ធិបតី​ មិន​ឲ្យ​ប្រទេស​យើង​ទាប​ថោក​ ក៏​បណ្ដាល​ឲ្យ​ព្រះ​ចៅ​ចក្រពត្តិ​ ចាញ់​ឧបាយ​កល​យើង​ឲ្យ​យើង​ទៅ​ទាក់​ដំរីស​​ យើង​ក៏​រត់​មក​ច្បាំង​បាន​ ដោយ​បញ្ញា​ធិការ​ និង​ តម្រិះ​ប្រាជ្ញា​ បុណ្យ​វាស​នា​របស់​យើង​ទៅ​។​ តើ​ព្រះ​ចៅ​ចក្រ​ពត្តិ​ មាន​ឲ្យ​អ្វី​ជា​កម្លាំង​មក​ ក៏​បាន​ជា​ឲ្យ​មក​តាម​ទារ​ សួយ​សារ​ដូច្នេះ​ ឥឡូវ​នេះ​ បើ​យើង​ព្រម​ថ្វាយ​ ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ​។ ទ្រង់​ត្រាស់​តែ​ម៉្លោះ​ហើយ​ ក៏​ទ្រង់​ឲ្យ​អាលក្ស​តែង​ព្រះ​រាជ​សារ​ ប្រគល់​ឲ្យ​ព្រះ​រាជ​ទូត​ទាំង​ ៣​នាយ​ នាំ​ត្រឡប់​ទៅ​ក្រុង​ទេព​បុរី​ ស្រី​អយុធ្យា​វិញ​។ ព្រះ​រាជ​ទូត​ទាំង​៣​ នាក់​ បាន​ឮ​ព្រះ​បរិ​ហារ​ត្រាស់​កណ្ដាល​ជំនុំ​ ជា​សេច​ក្ដី​ផ្ទុញ​ផ្ទាល់​ដូច្នោះ​ ក៏​នឹង​ក្រេវ​ក្រោធ​ពន់​ប្រមាណ​ តែ​ពុំ​ហ៊ាន​ឆ្លើយ​ទាស់​ព្រះ​រាជ​ឱង្ការ​ ព្រោះ​សេច​ក្ដី​ដែល​ព្រះ​អង្គ​ត្រាស់​ទាំង​ប៉ុន្មាន​នោះ​ ជា​សេច​ក្ដី​សុច​រិត​ ពិត​ត្រង់​ប្រាកដ​ទាំង​អស់​ ក៏​ថ្វាយ​បង្គំ​ទទួល​ព្រះ​រាជ​សារ​ហើយ​ នាំ​ត្រឡប់​ទៅ​ក្រាប​ទូល​ថ្វាយ​ព្រះ​ចៅ​ចក្រពត្តិ​វិញ​។​

ស្ដេចសៀម ឲ្យសៀមប្រែព្រះរាជសារទៅ មានសេចក្ដីថា :

"ព្រះ​រាជា​សុន្ទរ​ បវរ​ ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​បរម​រាមា​ មហា​ចន្ទ​រាជា​ធិ​រាជ​ រាមា​ធិប​តី​ សិរីយ​សោធរ​ បវរ​វង្ស​កូល​ កំពូល​កម្ពុជា​ មហា​ឥន្ទ​បត្ត​បុរី​រម្យ​ ឧត្តម​កុរុ​រដ្ឋ​ រាជ​ធានី​។
ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​ តប​មក​សម្ដេច​ ព្រះ​ចៅ​ចក្រ​ពត្តិ​ ព្រះ​ចៅ​ក្រុង​ទេព​បូរី​ ស្រី​អយុធ្យា​ ជា​សម្ដេច​ព្រះ​បិតុលា​
បានទ្រង់ជ្រាប។

 ដ្បិត​យើង​ជា​ក្មួយ បាន​ឃើញ​ព្រះ​រាជ​សារ​ មើល​ឃើញ​សេច​ក្ដី​ទាល់​ច្រើន​ប្រការ​ណាស់​ ពុំ​ត្រូវ​តាម​ប្រវេណី​ អំពី​បុរាណ​រាជ្យ​រៀង​មក​ទេ​។ ឯ​ក្រុង​កម្ពុជា​ធិបតី​ មហា​នគរ​នេះ​ ជា​នគរ​ធំ​ ឧត្តម​ប្រសើរ​ណាស់​ ក្រុង​ស្រី​អយុធ្យា​ ធ្លាប់​តែ​ជា​ចំណុះ​ចុះ​ចូល​ ថ្វាយ​សួយ​សារ​រៀង​មក​ ច្រើន​ផែន​ដី​។​ កាល​យើង​ធ្វើ​សង្គ្រាម​នឹង​អា​ព្រះ​ស្ដេច​ កន​ នោះ​ទៀត​ ក៏​សៀម​ពុំ​បាន​ជួយ​កម្លាំង​សឹក​អ្វី​សោះ ​នឹង ឲ្យ​នាំ​សួយ​សារ​មក​ថ្វាយ​សម្ដេច​ព្រះ​បិតុលា​នេះ​ មិន​គួរ​។​ យើង​បាន​ជំនុំ​យល់​ព្រម​ នឹង ព្រះ​វង្សា​នុវ​ង្ស ​អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ទាំង​ប៉ុន្មាន​ទៅ​យល់​ថា​ សៀម​ពុំ​បាន​មាន​គុណ​ជួយ​អ្វី​សោះ​ទេ​មាន​តែ​លប​លើក​ជា​ទ័ព​ចោរ​ប្លន់​រាស្ត្រ​យក​ព្រះ​នគរ​ ពុំ​មាន​ព្រះ​រាជ​សារ​ណា​ត់​សង្គ្រាម​ តាម​ប្រវេណី​ក្រ​ស័ត្រ​ហើយ​កំហែង​កៀរ​គ្រួ​ខ្មែរ​ ប្រែ​ទុច្ច​រិត​ខ្លាំង​ណាស់​ នឹង​ជឿ​ស្ដាប់​យក​ជា​ទីពឹង​ពុំ​គួរ​។​"​

សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ទ្រង់​ព្រះ​សណ្ដាប់​ចប់​ ទ្រង់​ព្រះ​ពិ​រោធ​ណាស់​ ទ្រង់​ត្រាស់​ថា​ :​ ពញា​លង្វែក​ និយាយ​ត​មក​យើង​ ក្នុង​ព្រះ​រាជ​សារ​នេះ​ ឃើញ​ថា​ ជា​សេច​ក្ដី​ព្រហើន​ភ្លើន​ព្រះ​រាជ​អាជ្ញា​ខ្លាំង​ណាស់​ ដូច្នេះ​មាន​តែ​យើង​គិត​ធ្វើ​សង្គ្រាម​ នឹង​ពញា​លង្វែក​ឲ្យ​ឃើញ​ថ្វី​ដៃ​ម្ដង​។​ ខ្មែរ​ធ្លាប់​បែក​នគរ​ នឹង ដៃ​សៀម​ ពីរ​បី​ដង​ហើយ​ នៅ​តែ​ពុំ​ទាន់​រាង​ បើ​យើង​ឈ្នះ​បាន​ព្រះ​នគរ​ម្ដង​នេះ​ទៀត​ យើង​ នឹង កៀរ​យក​រាស្ត្រ​ឲ្យ​អស់​ពី​នគរ​វា​ មក​ទុក​ក្នុង​នគរ​យើង​ឲ្យ​ស្យាម​ប្រទេស​នេះ​រាង​ចាល​ថ្វី​ដៃ​យើង​ត​ទៅ​។ តើ​អស់​សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​ យល់​ដូច​ម្ដេច​ សេនា​បតី​ មន្ត្រី​ទាំង​ពួង​ ក៏​ថ្វាយ​បង្គំ​ក្រាប​ទូល​ថា​ ទ្រង់​ព្រះ​តម្រិះ​នេះ​ យើង​ខ្ញុំ​ទូល​ព្រះ​បង្គំ​យល់​ថា​ត្រូវ​ព្រម​ៗ​គ្នា​។

ព្រះ​បាទ​ចក្រ​ពត្តិ​រាជា​ធិ​រាជ​ បាន​ទ្រង់​ព្រះ​សណ្ដាប់​ អស់​មុខ​មន្ត្រី​ យក​សេច​ក្ដី​ក្រាប​បង្គំ​ត្រូវ​នឹង​ព្រះ​តំរិះ​នោះ​ ពេញ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទើប​ទ្រង់​ត្រាស់​ឲ្យ​​កេណ្ឌ​កង​ទ័ព​។​​ លុះ​បាន​រេហ៍​ពល​ មក​ជួប​ជុំ​ហើយ​ នៅ​ ព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ ឆ្នាំ​ខាល​ទោ​ស័ក​ សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្តិ​ រាជា​ធិរាជ​ ត្រាស់​ចាត់​មេ​កង​ទ័ព​មុខ​ក្រោយ​ ឆ្វេង​ស្ដាំ ​ស្រេច​ សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ទ្រង់​គ្រឿង​សម្រាប់​ពិ​ជ័យ​យុទ្ធ​នា​ស្រេច​ ស្ដេច​ឡើង​គង់​ព្រះ​ទី​នាំ​គជេន្ទ្រ​ឈ្មោះ ​ប្លាយ​មង្គល​ទ្វីប​ហើយ​ក៏​ឲ្យ​គោះ​គង​ ទូង​ភេរី​ លើក​យោធា​ មុខ​ក្រោយ​ ឆ្វេង​ស្ដាំ ​តាម​ក្បួន​ពិជ័យ​សង្គ្រាម​ដើរ​។​ ទ័ព​ធំ​មក​ ត្រូវ​នគរ​រាជ​សីមា​ និង​ មហា​នគរ​។​

ឯ​ព្រះ​បាទ​បរម​បពិត្រ​ ឧត្តម​បរម​ខត្តិយា​ មហា​ចន្ទ​រាជា​ធិរាជ​ ក្រោយ​រាជ​ទូត​សៀម​ត្រឡប់​ទៅ​វិញ​នោះ​ ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​នឹង​អស់​មុខមន្ត្រី​ថា​ :​ កាល​មុន ពញា​ដែក​ទាយ​ថា :​ ពីរ​ឆ្នាំ​ទៀត​ សៀម​នឹង​លើក​ទ័ព​នោះ​ ឃើញ​ហេតុ​ថា​ត្រូវ​ នឹង ទំនាយ​ដែក​ហើយ​។ ពញា​ដែក​នោះ​ ដូច​ជា​មាន​ទេវ​តា​សណ្ថិត​មាត់​ ប្រសិន​ណា​បើ​គាត់​នៅ​រស់ យើង​នឹង​តាំង​គាត់​ជា​ហោរា​ក៏​បាន​។​ ​​

ឧកញ៉ា​ចក្រី ទេព​ ក្រាប​ទូល​ថា ​:​ ពញា​ដែក​នោះ​ កាល​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់​ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ស្រុក​លង្វែក​ និង​ ប្រាក់​មួយ​ហាប​ ហើយ​និង​សំពត់​អាវ​ ១០០ មួយ​មុខ​នោះ​គាត់​មិន​ទទួល​ទេ​។ គាត់​ថា​ឲ្យ​ចែក​សេនា​ទាហាន​ចុះ​ សំដី​នេះ​ ឃើញ​ថា​គាត់​គ្មាន​ចិត្ត​លោភ​សោះ​ បើ​ទុក​ជា​គាត់​រស់​នៅ​ក៏​ពុំ​ព្រម​ចូល​ធ្វើ​រាជការ​ដែ​រ​ ដែល​គាត់​ទៅ​ជា​បិសាច​ បាន​ជា​គូ​នឹង​បិតា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នេះ​ ឃើញ​ប្រសើរ​ជាង​។​

 ព្រះបរម​នាថ​ បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់​ ទើប​ទ្រង់​ត្រាស់​បញ្ញត្តិ​មុខ​ងារ​ថែម​ទៀត​ថា​ : ឲ្យ​ព្លី​ការ ឲ្យ​គ្រប់​រដូវ​ចូល​ឆ្នាំ​ និង​ ចេញ​ចូល​វស្សា​ ហើយ​និង​ភ្ជុំ​បិណ្ឌ ​នៅ​កន្លែង​ពញា​មឿង​ និង​ ពញា​ដែក​នោះ​ កុំ​ឲ្យ​ខ្វះ​ខាត​ឡើយ​ ហើយ​ទ្រង់​ត្រាស់​បង្គ្រាប់​ឲ្យ​សម​ហាត់​ សេនា​ទា​ហាន​ទុក​បំរុង​រាជការ​ កុំ​ឲ្យធ្វេស​ប្រហែស​។​

ឯ​បំរើ​សេះ​ ខាង​ក្រុង​កម្ពុ​ជា​ ដែល​ឲ្យ​ទៅ​ស៊ើប​កិច្ច​រាជ​ការ​ ក្នុង​ក្រុង​ទេព​នោះ​ដឹង​ថា​ សៀម​ឲ្យ​កេណ្ឌ​រេហ៍​ពល​ មក​ត្រៀម​ទ័ព​ហើយ​ ក៏​ប្រញាប់​មក​ប្ដឹង​សេនា​បតី ​សេនា​បតី​​នាំ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ ព្រះ​បាទ​ជា​អម្ចាស់​។​ ស្ដេច​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កង​ទ័ព​ តាម​ជន​បទ​តូច​ធំ​ថែម​ទៀត​។​ លុះ​មក​ជួប​ជុំ​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​ សម្ដេច​ព្រះ​រាមា​ ជា​ព្រះ​ឱរសា​ធិ​រាជ​ និង សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ ​នៅ​ចាំ​ក្រោយ​ព្រះ​មហា​នគរ​ ចាត់​ដូច្នេះ​រួច​ហើយ​ ទើប​ទ្រង់​ត្រាស់​អស់​មុខ​មន្ត្រី​តូច​ធំ​ថា​ បើ​យើង​ចាំ​ទទួល​ទ័ព​សៀម​ក្នុង​ព្រះ​នគរ​នោះ​ ឃើញ​ថា​ អស់​រាស្ត្រ​ ដែល​នៅ​តាម​ផ្លូវ​មុខ​សឹក​ នឹង​ ទៅ​ជា​ឈ្លើយ​សៀម​ ប្រាស​វិនាស​ពី​ភូមិ​លំ​នៅ​អស់​ពុំ​ខាន​។​ ដូច្នេះ​ អញ​យល់​ថា​ យើង​ត្រូវ​លើក​ទ័ព​ទៅ​ទទួល​ទ័ព​សៀម​ នៅ​ទី​ប្រទល់​ដែន​ទើប​ជា​។​ ​​

នោះអស់​មុខ​មន្ត្រី​ ក៏​ក្រាប​ទូល​ថា​ ទ្រង់​ព្រះ​តំរិះ​យល់​សេច​ក្ដី​ ទ្រង់​ព្រះ​មហា​ករុណា​ដល់​ប្រ​ជា​នុ​រាស្ត្រ​នេះ​ ជា​ត្រឹម​ត្រូវ​ណាស់​។​ ​​

 ទើប​ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ព្រះ​រាជ​គ្រូ​បុរោ​ហិត​ និង​ ក្រុម​ពិជ័យ​រាជ​ហោរា​ តាំង​ព្រះ​រាជ​ពិធី​ប្រក់​ពល​ស្រេច​ លុះ​បាន​ឫក្ស​ជា​ពេលា​ល្អ​ហើយ​ សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ផែន​ដី​ ស្ដេច​ទ្រង់​គ្រឿង​អលង្ការ​សំរាប់​រាជ្យ​ ចេញ​រណ​យុទ្ធ​ឡើង​គង់​លើ​ព្រះ​ទី​នាំង​ពិជ័យ​គជេន្ទ្រ​យុទ្ធ​កុញ្ជរ​ក្លា​ខ្លាំង​បាំង​នូវ​បវរ​ស្វេត្រ​ច្ឆ័ត្រ​ មាន​ជាន់​ ៧​ ដោយ​ពុំ​ទាន់​ប្រាប្ដា​ភិសេក​នៅ​ឡើយ​ ហើយ​ទ្រង់​ចាត់​ឲ្យ​អស់​អគ្គ​សេនា​ចតុ​រង្គ​ ជា​ទ័ព​មុខ​ក្រោយ​ ឆ្វេង​ស្ដាំ ព្រម​ដោយ​គ្រឿង​អភិ​រម្យ​រាជ​នានា​ និង​ដាវ​ កាំ​ភ្លើង​ គ្រឿង​ប្រដាប់​សម្រាប់​យុទ្ធ​ទង់​ជ័យ​ ប្រពៃ​ថ្លៃថ្លា​ និង​សេះ​សឹក​ សន្ធឹ​ក​មហិមា​។​ នោះ​ព្រះ​ពិជ័យ​រាជ​ហោ​រា​គោះ​កង​ ទូង​ភេរី​ ព្រះ​រាជ​គ្រូ​បុរោ​ហិត​ ថ្វាយ​ទឹក​ស័ង្ខ​ ប្រាប្ដា​ភិសេក​ហែ​ទង់​ជ័យ​ផ្លុំ​ត្រែ​ស័ង្ខ​ សុរិ​យា​តន្ត្រី​ ដំណើរ​ក្បួន​ទ័ព​ចេញ​អំពី​ព្រះ​នគរ​ តាម​រយៈ​ផ្លូវ​ទៅ​ដល់​ស្រុក​ពោធិ៍​សាត់​។​ ​​

ឯ​ទ័ព​សៀម​ លុះ​មក​ដល់​ស្រុក​នាង​រង​ ក៏​រំលង​មក​ដល់​ស្រុក​មហា​នគរ​វត្ត​។​ ចៅ​ហ្វាយ​ស្រុក​នគរ​វត្ត​ កេណ្ឌ​បាន​ពល ៥០០០​នាក់​ ចេញ​ទទួល​ច្បាំង​នឹង​ទ័ព​មុខ​។ សៀម​បាន​ច្បាំង​ដោយ​អា​វុធ​វែង​ខ្លី​ពល​ស្លុត​ស្លាប់​ទាំង​សង​ខាង​ តែ​ពល​ខ្មែរ​ ឃើញ​ពល​សៀម​ច្រើន​ណាស់​ លប់​កម្លាំង​នឹង​ទប់​ទល់​ពុំ​បាន​ ក៏​រត់​បែក​ទ័ព​ចេញ​ទៅ​ទី​ទៃ​។ ទើប​ចៅ​ហ្វាយ​ស្រុក​មហា​នគរ​ ឃើញ​កង​ទ័ព​ខ្លួន​ បែក​ទ័ព​រត់​ចោល​ខ្លួន​ដូច្នោះ​ក៏​នាំ​តែ​ទាហាន​រួម​ចិត្ត​ចំនួន​ ៥០​នាក់​ រត់​ទៅ​ដល់​ខេត្ត​ពោធិ៍​សាត់​ ជួប​នឹង​ទ័ព​ហ្លួង​ ត្រេក​អរ​ណាស់​ ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់​ ក្រាប​ទូល​តាម​ហេតុ​សព្វ​សេច​ក្ដី​ ហើយ​ថា​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ រត់​ចោល​ស្រុក​នេះ​មាន​ទោស​ដល់​ជីវិត​ ស្រេច​នៅ​ព្រះ​ករុណា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ព្រះ​មេត្តា​ប្រោស​។​ ​​

ព្រះបាទ​ បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ យល់​ថា ទ័ព​សៀម​ជា​ទ័ព​ក្រស័ត្រ​ ពល​ក៏​ច្រើន​ត្រាស់​តែ​ម៉្លោះ​ហើយ​ ក៏​តឿន​ឲ្យ​គ្រប់​នាយ​កង​ទ័ព​ ឲ្យ​លើក​ចេញ​ពី​ខែត្រ​ពោធិ៍​សាត់​ ទៅ​ទល់​ដែន​ស្រុក​នគរ​វត្ត​។ ទ្រង់​ត្រាស់​ឲ្យ​តាំង​ទ័ព​ នៅ​មាត់​វាល​ខាង​លិច​រង់​ចាំ​ស្ដាប់​ជើង​សឹក​ ព្រះ​ចៅ​ចក្រ​ពត្តិ​។​ ​​

ឯ​ព្រះ​ចៅ​ចក្រ​ពត្តិ​ លុះ​ចៅ​ហ្វាយ​ស្រុក​មហា​នគរ​រត់​ទៅ​ហើយ​ ក៏​ឲ្យ​លើក​កង​ទ័ព​ចូល​ទៅ​ក្នុង​បន្ទាយ​មហា​នគរ​ ហើយ​ទ្រង់​ទត​អស់​ប្រាសាទ​ រាជ​រដ្ឋ​ខ្មែរ​។​ ទ្រង់​យល់​ល្អ​ត្រកាល​ណាស់​ទ្រង់​ត្រាស់​សរ​សើរ​ថា ​:​ ស្រុក​នេះ​គប្បី​ជា​ស្រុក​ សម្ដេច​អម្រិន្ទ្រា​ធិ​រាជ​សាង​ថ្វាយ​ព្រះ​បាទ​ អរត្ត​ពល​ពា​លោ​ ជា​ព្រះ​បុត្រ​មែន​ សម​ជា​ស្រុក​មហា​នគរ​ មាន​ក្សត្រា​ធិ​រាជ​ ១២១​ជា​ចំណុះ​មែន​។ ស្ដេច​កំពុង​តែ​ត្រាស់​សសើរ​ដូច្នេះ​ កង​ល្បាត​សេះ​ចូល​ទៅ​ក្រាប​ទូល​ថា​ ទ័ព​ស្ដេច​ខ្មែរ​លើក​មក​តាំង​បន្ទាយ​ នៅ​មាត់​វាល​ខាង​លិច​ចំងាយ​ប្រមាណ ​៥០ ​សិន​។ ឯ​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​អស់​នាយ​កង​ទ័ព​ឲ្យ​ប្រុង​ខ្លួន​គ្រប់​គ្នា​។​ លុះ​ព្រឹក​ឡើង​ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​រៀប​ក្បួន​ទ័ព​មុខ​ក្រោយ​ ឆ្វេង​ស្ដាំ និង​ដំរី​ សេះ​សឹក​ ជា​សន្ធឹក​ពន្លឹក​មហិ​មា​ ឲ្យ​ទាហាន​ពាក់​អាវ​ក្រហម​ មួក​ក្រហម​ ដែល​មាន​ចៅ​ពញា​មហា​សេនា​ ជា​មេ​កង​ទ័ព​មុខ​។ ឯ​ទ័ព​ឆ្វេង​ឲ្យ​ព្រះ​សន្ធរ​សង្គ្រាម​ជា​មេ​កង​ រេហ៍​ពល​ពាក់​ អាវ​ខៀវ​ មួក​ខៀវ​​ប៉ែក​ស្ដាំ​ឲ្យ​ចៅ​ពញា​ព្រះ​ឃ្លាំង​ធិប​តី​ជា​មេ​កង​ រេហ៍​ពល​ ពាក់​អាវ​បៃ​តង​មួក​បៃ​តង​។​ ឯ​ទ័ព​ក្រោយ​ឲ្យ​ចៅ​ពញា​ចក្រី​ ជា​មេ​កង​រេហ៍​ពល​ ពាក់​អាវ​ខ្មៅ ​មួក​​ខ្មៅ​។ ឯ​ទ័ព​ហ្លួង​ រេហ៍​ពល​ពាក់​អាវ​លឿង​ មួក​លឿង​។​ លុះ​បាន​នព​​ឫក្ស​ហើយ​ សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ទ្រង់​គ្រឿង​សុវណ្ណ​រាជ​ភូសា​ ព្រះ​មណី​រតន៍​ សង្វារ​ប្រដាប់​ដោយ​មណី​រតន៍​ សំរាប់​រាជ​សង្គ្រាម​ ស្រេច​ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​ ប្លាយ​មង្គល​ទ្វីប​ ​ចុះ​ប្រេង​ បាំង​នូវ​ស្វេត្រ​ច្ឆ័ត្រ​ ៩​ជាន់​ គង់​នៅ​លើ​រយាង​បិទ​មាស​ឱភាស​សោភា​ ហើយ​ឲ្យ​មន្ត្រី​ម្នាក់​នៅ​ជិះ​ជា​កណ្ដាល​ កាន់​កន្ទុយ​ក្ងោក​ ឲ្យ​មន្ត្រី​ម្នាក់​ទៀត​ជិះ​កន្សៃ ​វាយ​ខ្ជែង​ ឲ្យ​អស់​នាយ​កង​ នាយ​ទ័ព​ជិះ​ដំរី​ សេះ​ សឹក​ ហើយ​វាយ​គង​ទូង​ស្គរ​សុរិ​យា​តន្ត្រី ​ប្រគុំ​រងំ​រអើក​កក្រើក​ លើក​ទ័ព​តំរង់​ទៅ​ទ័ព​ស្ដេច​ខ្មែរ​។​ ​​

ឯ​ព្រះ​ចៅ​ក្រុង​ខេម​រាប្រ​ទេស​ វិសេស​ខត្តិ​យា​មហា​ចន្ទ​រាជា​ធិ​រាជ​ ក្នុង​វេលា​យប់​នោះ​ ព្រះ​អង្គ​ត្រាស់​ប្រាប់​ឲ្យ​ប្រុង​ខ្លួន​ គ្រប់​នាយ​កង​ទ័ព​។ លុះ​ព្រឹក​ឡើង​ ទ្រង់​ចាត់​សម្ដេច​ព្រះ​រាមា​ ជា​ព្រះ​រាជ​បុត្រា​ច្បង​ ឲ្យ​ធ្វើ​ជា​មេទ័ព​មុខ​ គង់​ព្រះ​ទីនាំង​ពិជ័យ​កុញ្ជរ​បវរ​ហត្ថី​ ឲ្យ​ចៅ​ពញា​សួគ៌ា​លោ​ក​សុខ​ កូន​ពញា​មឿង​ទី៣​ ជា​មេ​ទ័ព​មុខ​បង្អស់​ ឧក​ញ៉ា​ចក្រី​ទេព​ កូន​ពញា​មឿង​ទី​៤​ ជា​មេ​កង​ទ័ព​ ប៉ែក​ស្ដាំ ​ឲ្យ​ឧក​ញ៉ា​យម​រាជ​សួស​ ជា​មេ​កង​ទ័ព​ ប៉ែក​ឆ្វេង​ ឲ្យ​សម្ដេច​ព្រះ​សុទត្ត​ ជា​មេ​កង​ក្រវែល​ក្រោយ​។ លុះ​បាន​ដល់​ឫក្ស​ល្អ​ហើយ​ ព្រះ​រាជ​គ្រូ​ហោ​រា​ចារ្យ​ អញ្ជើញ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ បរម​នាថ​បរម​បពិត្រ​ជា​អម្ចាស់​ព្រះ​អង្គ​ចូល​ស្រង់​ទឹក​មន្ត​ភិសេក​ហើយ​ ព្រាហ្មណ៍​ថ្វាយ​ទឹក​ស័ង្ខ​ រួច​ទ្រង់​គ្រឿង​សិរី​រាជ្យ​ អលង្ការ​ បវរ​ពិ​ចិត្រ​ ពិភិត​ភូសា​ សម្រាប់​ទ្រង់​រាជ​រណ​យុទ្ធ​ ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​កុញ្ជរ​ គជ​សារ​សឹក​ពន្លឹក​ចុះ​ប្រេងម​ហិមា​ គង់​នៅ​លើ​រយាង​ទិព្វ​មាស​ បោះ​បាំង​នូវ​ស្វេត្រ​ច្ឆ័ត្រ​ មាន​មន្ត្រី​ជិះ​កណ្ដាល​ កាន់​កន្ទុយ​មយូរា​ សម្រាប់​ឲ្យ​សញ្ញា​ទ័ព​ ហើយ​បង្គាប់​ឲ្យ​មន្ត្រី​ម្នាក់​ ជិះ​កន្សៃ​សម្រាប់​វាយ​ខ្ជែ​។​ ឯ​អស់​មន្ត្រី​ខ្ញុំ​រាជ​ការ​ដែល​ជា​សេនា​ទាហាន​ ធំ​តូច​ ក៏​ជិះ​ដំរី​ សេះ​សឹក​ រាល់​ខ្លួន​តាម​ពួក​តាម​កង​ ជា​អធិ​កពន្លឹក​ដោយ​ក្លស់​ ក្លំ អភិ​រម្យ​ សែន​ត្វាន់​ កាន់​នូវ​ទង់​ជ័យ​ ប្រ​ពៃ​ថ្លៃ​ថ្លា សស្ត្រា​វុធ​។​ លុះ​ព្រះ​សុរិ​យា​រឿង​រះ​ ស្រឡះ​នភា​កាស​ ស្ដេច​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​រាជ​បុត្រា​ គឺ​សម្ដេច​ព្រះ​រាមា​ធិប​តី​ ចេញ​ទ័ព​មុខ​ ទាហាន​ក៏​គោះ​គង​ ទូង​ភេរី​តាំង​ហ៊ោ ​ដំណើរ​ពេល​ទៅ​ជា​មុន​​ ឯ​ព្រះ​ទីនាំង​គជេន្ទ្រ​ ក៏​ស្រែក​។​ ​​

 "សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ ដែល​យើង​បាន​ចម្លង​ តាំង​ពី​ដើម​រហូត​មក​ដល់​ត្រឹម​នេះ​ បាត់​អស់​មួយ​កណ្ឌ​ គឺ​កណ្ឌ​ទី​១៧​ កណ្ឌ​ដែល​សំដែង​អំពី​សង្គ្រាម​ រវាង​ព្រះ​បរម​ខត្តិយា​ មហា​ចន្ទ​រាជា​ នឹង ព្រះ​ចៅ​ចក្រ​ពត្តិ​ (ស្ដេច​សៀម​) និង​ដែល​សំដែង​អំពី​សង្គ្រាម​រវាង​សម្ដេច​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​និង​ចៅពញា​អុង​ ដែល​ជា​ព្រះរាជ​បុត្រ​ធម៌​ស្ដេច​សៀម​ទៀត​។​ ​​

 ឯ​ព្រះ​រាជ​ពង្សា​វតារ​ របស់​ព្រះ​រាជ​បណ្ណា​ល័យ​ មាន​និយាយ​ត្រង់​នេះ​ដែរ​ តែ​ខ្លី​ណាស់​ គឺ​គ្រាន់​តែ​និយាយ​ថា​ ស្ដេច​ស្រុក​សៀម​ឲ្យ​រាជ​សារ​មក​សុំ​ដំរី​ ទ្រង់​ពុំ​ព្រម​ថ្វាយ​។ ស្ដេច​សៀម​ខ្ញាល់​ណាស់​ លើក​កង​ទ័ព​មក​ច្រើន​។ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​លើក​សេនា​ទាហាន​ ទៅ​ទទួល​ច្បាំង​ នៅ​មហា​នគរ​វត្ត​។​ ទ័ព​សៀម​បរាជ័យ​ រត់​ខ្ចាត់​ខ្ចាយ​អស់​។ ទ័ព​ខ្មែរ​ដេញ​តាម​ទាល់​តែ​ផុត​ដែន​ហើយ​ ទ្រង់​លើក​ទ័ព​ត្រឡប់​មក​បន្ទាយ​មាន​ជ័យ​វិញ​។​ ​​

ព្រះរាជពង្សាវតា ភាគ ៣ គ. ៥៣-៣

លុះ​​ដល់​ឆ្នាំ​វក​ អដ្ឋ​ស័ក​ ព្រះ​ធម្ម​រាជា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ នឹក​ខ្ញាល់​នឹង​សម្ដេច​ព្រះ​បរម​រាជា​ហើយ​ទ្រង់​ប្រឹក្សា​ នឹង សេនា​បតី​ ខ្ញុំ​រាជការ​ទាំង​ពួង​ថា ​... យើង​សុំ​ដំរី​ស​ អំពី​ព្រះ​ចន្ទ​រាជា​ ព្រះ​ចន្ទ​រាជា​ពុំ​ព្រម​ឲ្យ ​មិន​ព្រម​នាំ​រាជ​សារ​មក​ថ្វាយ​ ជា​ចំណុះ​យើង​ យើង​ឲ្យ​លើក​កង​ទ័ព​ទៅ​ច្បាំង​ក៏​ចាញ់​ត្រឡប់​មក​វិញ​។ ឥឡូវ​​ឮ​ដំណឹង​ថា​ ក្រុង​កម្ពុជា​ កើត​សឹក​ពុំ​ទាន់​បាន​រាប​ទាប​ គួរ​យើង​ឲ្យ​លើក​ទ័ព​ទៅ​ម្ដង​ទៀត​ចុះ​ទើប​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ត្រាស់​ឲ្យ​ហៅ​ ព្រះ​សិទ្ធាន​រាជា​ គឺ​ចៅ​ពញា​អុង​ ពី​ស្រុក​សុវណ្ណ​ខាត់​ លោក​មក​គាល់​ហើយ​ត្រាស់​ថា​ ឥឡូវ​នេះ​ យើង​ឲ្យ​អ្នក​លើក​ទ័ព​ ទៅ​វាយ​ស្រុក​ខ្មែរ​ បើ​វាយ​បាន​យើង​នឹង​ឲ្យ​អ្នក​សោយ​រាជ្យ​នៅ​ទី​នោះ​។​ ចៅ​ពញា​អុង​ក៏​ថ្វាយ​បង្គំ​ ទទួល​អាសា​​គ្រប់​ប្រការ​ ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​មក​។ ទើប​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​ឲ្យ​កេណ្ឌ​ពល​បាន​ ៩០០០០​នាក់​ លុះ​បាន​ឫក្ស​ហើយ​ ព្រះ​សិទ្ធាន​រាជា​ នឹង​មន្ត្រី ​ច្រើន​នាក់​លើក​ទ័ព​ជើង​គោក​ ចេញ​ពី​ក្រុង​ស្រី​អយុធ្យា​ ចូល​មក​ក្នុង​ដែន​ក្រុង​កម្ពុជា​ធិបតី​។ ចាត់​ឲ្យ​ពញា​វាំង ​"សាន"​ លើក​ទ័ព​ជើង​ទឹក​ ៥០០០០ នាក់​ចូល​មក​កាត់​ផ្លូវ​កំពត​។​ ​​

ចំណែក​ព្រះ​សិទ្ធាន​រាជា​ វេលា​ដែល​លើក​ទ័ព​ចេញ​មក​ ស្ដេច​ហាម​សេនា​ទាហាន​ថា​ កុំ​ឲ្យ​ដំណឹង​ថា​ព្រះ​ចៅ​លើក​ទ័ព​មក​ព្រះ​អង្គ​ឯង​ កុំ​ឲ្យ​ឮ​ថា​ ឈ្មោះ​យើង​ឲ្យ​សោះ​តែ​នរ​ណា​មិន​ធ្វើ​តាម​ នឹង​យក​ទោស​ដល់​ជីវិត​។ ឯ​ចៅ​ហ្វាយ​ស្រុក​ទល់​ដែន​ ជើង​ទឹក​ ជើង​គោក​ ឮ​រន្ទឺ​ថា ស្ដេច​សៀម​លើក​ទ័ព​មក​នោះ​ ពុំ​បាន​ត​តាំង​ច្បាំង​ឡើយ​ ហើយ​ប្រមូល​គ្រួ​រត់​ចូល​ព្រៃ​អស់​ទៅ​។ ទើប​​ចាត់​បម្រើ​ ឲ្យ​នាំ​យក​សេច​ក្ដី​ចូល​មក​ក្រាប​បង្គំ​ទូល​​ សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ហើយ​ត្រាស់​បង្គាប់​ឲ្យ​ ឧកញ៉ា​ក្រហោម​ "កែវ"​ កេណ្ឌ​រេហ៍​ពល​ខែត្រ​បាសាក់​ ព្រះ​ត្រពាំង​ ក្រមួន​ស និង​បាទី​ បន្ទាយ​មាស​ បាន​ ៦០០០០​នាក់ ចុះ​ទូក​ចម្បាំង​ ទៅ​ទទួល​​ច្បាំង​នឹង​ទ័ព​​ ពញា​រាជ​វាំង ​"សាន"​ ខាង​ជើង​ទឹក​។ ឲ្យ​កេណ្ឌព​លពី​ខេត្ត​ត្បូង​ឃ្មុំ​ កំពង់​សៀម​ កំពង់​ស្វាយ​ បាភ្នំ ​ព្រៃ​វែង​ និង​ សំរោង​ទង​ បាន​ពល ២០​០០០០​នាក់​ ដំរី​ ៥០០​ និង​ សេះ ​៥០០០​។​ ​​

ថ្ងៃ ៧ រោច ខែ​មាឃ ឆ្នាំ​វក អដ្ឋ​ស័ក វេលា​បាន​ឫក្ស​ហើយ​ ស្ដេច​ឡើង​គង់​ ព្រះ​ទីនាំង​គជេន្ទ្រ​ព្រម​ដោយ​សេនា​និករ​ លើក​ព្យូហ​យាត្រា​ ចេញ​ពី​ព្រះ​រាជ​វាំង​លង្វែក​ តាម​រយៈ​ផ្លូវ​ ដរាប​ដល់​បន្ទាយ​មាន​ជ័យ​ ខែត្រ​ពោធិ៍​សាត់​។ ស្ដេច​បោះ​ទ័ព​ប្រថាប់​ នៅ​ក្នុង​បន្ទាយ​នោះ​។ វេលា​នោះ​មាន​ឧប្បត្តិ​ហេតុ​ជា​អស្ចារ្យ​ មាន​ពោធិ៍​មួយ​ដើម​ ​នៅ​ទី​នោះ ដែល​សុគត​យូរ​ឆ្នាំ​កន្លង​មក​ហើយ​ ត្រឡប់​ជា​លូត​លាស់​រស់​ឡើង​វិញ​។ ក្រម​ការ​បាន​ឃើញ​ហេតុ​នេះ​ហើយ​ ក៏​យក​សេច​ក្ដី​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង​។ ព្រះ​អង្គ​ជ្រាប​ហើយ​ ទ្រង់​ព្រះ​សោម​នស្ស​ណាស់​។ ស្ដេច​យក​គ្រឿង​សក្ការៈ​ ទៅ​បូជា​ដើម​ពោធិ៍​នោះ​ ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ត្រាស់​ នឹង នាយ​ទ័ព​ថា ​:​ ដើម​ពោធិ៍​ ដែល​សុគត​យូរ​ឆ្នាំ​ហើយ​ ត្រឡប់​ជា​រស់​ឡើង​វិញ​នេះ​ត្រូវ​លើ​យើង​ជា​វង្ស​ព្រះ​មហាក្សត្រ​ ដ៏​ប្រសើរ​ក្នុង​ខេម​រាជ​ប្រទេស​។ ​អា ​"កន"​ វា​ជ្រែក​រាជ្យ​យើង​បាន​ដោះ​ខ្លួន​ទៅ​នៅ​ប្រទេស​ដទៃ​។​ យើង​ចូល​មក​វិញ​បាន​បង្ក្រាប​អា "កន"​ សម្លាប់​ចោល​រាប​ទាប​ហើយ​។​ ​​

ឥឡូ​វ​ សៀម​ប្រើ​ពញា​អុង​ ឲ្យ​លើក​ទ័ព​មក​ទៀត​ គង់​តែ​នឹង​ចាញ់​បារមី​យើង​មិន​ខាន​។ ពញា​អុង​ជា​ព្រះ​រៀម​យើង​ ពុំ​សូវ​ស្ទាត់​ជំនាញ​ក្នុង​ការ​សង្គ្រាម​ឡើយ​ ធ្លាប់​តែ​សុខ​។ វេលា​នេះ​ យើង​ចង់​ចេញ​ប្រជល់​ដំរី​នឹង​ពញា​អុង​ តែ​ព្រះ​អង្គ​ នឹង ​ព្រះអង្គ ព្រោះ​ជាតិ​ជា​ក្សត្រ​ដូច​គ្នា​ តើ​អស់​អ្នក​ទាំង​ពួង​យល់​ដូច​ម្ដេច​។ នាយ​កង​ទ័ព​ទាំង​ពួង​ ​ក៏យល់​ព្រម​តាម​ព្រះ​រាជ​តំរិះ​នេះ​ ទើប​ទ្រង់​ព្រះ​រាជ​បញ្ជា​ព្រះ​សន្ធរ​យស​ឲ្យ​តែង​ព្រះ​សុភ​អក្សរ​ទៅ​ដល់​ពញា​អុង​ថា​:​ ​​

ព្រះ​បាទ​សម្ដេច​ ព្រះបរម​រាជា​ រាមា​ធិបតី​ សិរី​សរិ​យោ​វង្ស​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ចម្រើន​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​ ព្រះ​សិទ្ធាន​​រាជា​ ជា​សម្ដេច​ព្រះ​រៀម​ ដែល​ជា​ព្រះ​រាជ​បុត្រ​ធម៌​ស្ដេច​សៀម​។​ ខ្ញុំ​ជា​អនុជ​ គិត​ស្មាន​ថា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ លើក​ទ័ព​ចេញ​មក​ នឹង ​ព្រះ​អង្គ​ឯង​ ខ្ញុំ​ជា​អនុជ​ ក៏​ចាត់​កង​ទ័ព​មក​ចាំ​ទទួល​។ លុះ​មក​ដល់​ទី​នេះ​ហើយ​ ទើប​ដឹង​ថា​ព្រះ​រៀម​។​ សម្ដេច​ព្រះ​រៀម​ យាង​មក​នេះ​ គឺ​ប្រាថ្នា​យក​មហា​ស្វេត្រ​ឆ័ត្រ​ ក្រុង​កម្ពុជា​ ថ្វាយ​ស្ដេច​សៀម​ ប្រយោ​ជន៍​ នឹង មិន​ឲ្យ​វង្ស​ក្រស័ត្រ​ក្រុង​កម្ពុជា​នៅ​ជា​ឯក​រាជ្យ​ ព្រោះ​សៀម​ប្រកប​តែ​ដោយ​នូវ​លោភ​ចេតនា​ ប្រាថ្នា​ឲ្យ​ក្រុង​កម្ពុជា​នៅ​ក្នុង​អំណាច​របស់​ខ្លួន​។​ ឥឡូវ​ព្រះ​រៀម​ លើក​ទ័ព​មក​នេះ​ បើ​ខ្ញុំ​អនុជ​ នឹង ត​យុទ្ធ​ ដោយ​នូវ​សេនា​ទាហាន​ បើ​ទុក​ជា​ឈ្នះ​ ឬ​ចាញ់​ ក៏​មិន​ប្រសើរ​ដែរ​ ព្រោះ​យើង​ទាំង​ពីរ​ជា​មហា​ក្រស័ត្រ​ មាន​វង្ស​តែ​មួយ​ជា​មួយ​គ្នា​ ហើយ​តាំង​ព្រះ​ទ័យ​ថា​ នឹង​យក​ជ័យ​ជំនះ​ដោយ​សព្វ​ខ្លួន​។​ ខ្ញុំ​អនុជ​ សុំ​ប្រជល់​ដំរី​ តែ​ព្រះ​អង្គ​ នឹង ព្រះ​អង្គ​ ឲ្យ​នាយ​កង​ នាយ​ទ័ព​មើល​ អំណើះ​ត​ទៅ​ គ្មាន​ក្រស័ត្រ​ណា​ហាន​ក្លា​ ចេញ​ប្រជល់​ដំរី​ ដូច​ជា​ខ្ញុំ​អនុជ​ និង ព្រះ​រៀម​ឡើយ​។​ បើ​ព្រះ​រៀម​មាន​ជ័យ​ជំនះ​ ខ្ញុំ​អនុជ​ នឹង ថ្វាយ​ព្រះ​មហា​ស្វេត​ឆ័ត្រ​ បើ​ព្រះ​រៀម​បរាជ័យ​ឲ្យ​ថយ​ទៅ​ប្រាប់​ស្ដេច​សៀម​ កុំ​ឲ្យ​លោភ​ ពី​ព្រោះ​ក្រុង​សៀម​ និង​ ក្រុង​កម្ពុជា​ធិបតី​ មាន​ខ័ណ្ឌ​សីមា​ដោយ​ឡែក​ពី​គ្នា​ តាំង​ពី​បុរាណ​រៀង​មក​។ បើ​សម្ដេច​ព្រះ​រៀម​ជ្រាប​ហើយ​ ទ្រង់​ពុំ​សព្វ​ព្រះ​ទ័យ​ នឹង ប្រជល់​ដំរី​ទេ​ ឲ្យ​ស្ដេច​ត្រឡប់​ទៅ​ស្រុក​សៀម​វិញ​ ហើយ​ឲ្យ​ស្ដេច​សៀម​រើស​នាយ​ទ័ព​ ក្នុង​វង្ស​ក្រស័ត្រ​ឲ្យ​ចេញ​មក​ប្រជល់​ដំរី​ ឲ្យ​ឃើញ​ថ្វី​ដៃ។​ បើ​ព្រះ​រៀម​ សព្វ​ព្រះ​ទ័យ​ សុំ​ឲ្យ​ឆ្លើយ​កំណត់​ថ្ងៃ​ និង វេលា​ទៅ​ដល់​ខ្ញុំ​អនុជ​។​ ​​