ថ្ងៃសៅរ៍ ទី26.ឧសភា 2018.ម៉ោង 7:26
ផែនដី ព្រះបរមខត្ដិយាមហាចន្ទរាជា

គិត​ពីស្ដេច​កន​ សោយ​រាជ្យ​ជា​សុខ​ ជា​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​មក​ដល់​ ព.ស. ២០៦០ គ.ស. ​១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំ​ជូត​ អដ្ឋ​ស័ក​ ត្រូវ​ជា​បួន​ឆ្នាំ​។​ ស្ដេច​កន​ធ្វើ​សង្គ្រាម​នឹង​ព្រះ​អង្គ​ចន្ទ​ ពី​ឆ្នាំ​ជូត​នោះ​ មក​ដល់​ចុល្ល​សក​រាជ ៨៨៦ ឆ្នាំ​វក​ ឆស័កនេះ ត្រូវជា ១២​ឆ្នាំ ​បែក​​ព្រះ​នគរ​ហើយ​រត់​ជ្រក​ព្រៃ​ តាំង​ពី​ឆ្នាំ​វក​ មក​ដល់​ ចុល្លសក​រាជ ៨៨៧ ឆ្នាំ​រកា​ សប្ត​ស័ក​នេះ​មួយ​ឆ្នាំ​ទៀត​ ត្រូវ​នៅ​ក្នុង​រាជ​សម្បត្តិ​បាន​ ១៣ ​ឆ្នាំ ​សុវណ្ណ​គត​ដោយ​អាវុធ​។​

 "ព្រះ​រាជ​ពង្សា​វតា​រ​ភាគ​បី ​របស់​ព្រះ​រាជ​បណ្ណា​ល័យ​លេខ​ គ. ៥៣-៣ មាន​សេច​ក្ដី​ថា ​: ព្រះ​ចន្ទ​រាជា​ ទ្រង់​ចាត់​សេនា​បតី​ឲ្យ​លើក​ទ័ព​ ទៅ​ចោម​បន្ទាយ​ស្រឡប់​ពិ​ជ័យ​នគរ​ទៀត​ ចោម​ព័ទ្ធ​ ៣ ​ខែ តែ​វាយ​មិន​បែក​ ដ្បិត​បន្ទាយ​នោះ​ ធំ​ខ្ពស់​ ហើយ​នៅ​លើ​ភ្នំ​ផង​។​ ទើប​ទ្រង់​តម្រិះ​ថា​ : បន្ទាយ​នេះ​ ធំ​ខ្ពស់​កាល​ណា​នឹង​វាយ​បាន​ងាយ​ មាន​តែ​ធ្វើ​កល​ឧបាយ​ទើប​វាយ​បាន​។​ ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ​ ស្ដេច​ឲ្យ​ចាប់​រាស្ត្រ​អ្នក​ស្រុក​មក​សួរ​ថា ​:​ ឯង​មាន​ញាតិ​សន្តាន​នៅ​ក្នុង​បន្ទាយ​ខ្លះ​ឬ​ទេ​ មនុស្ស​ទាំង​នោះ​ទូល​ថា ​:​ មាន​។​ ទ្រង់​ត្រាស់​ថា​ ​:​ បើ​មាន​ចូរ​ឯង​ទៅ​ប្រាប់​ញាតិ​រាល់​គ្នា​ចុះ​ថា ​:​ ស្ដេច​កន​ វា​នៅ​មាន​បុណ្យ​តែ​ ៣​ ថ្ងៃ​ទៀត​ទេ​ ដល់​ថ្ងៃ​​ជា​គំរប់ ​៤ ស្ដេច​ នឹង ចាប់​យក​មក​កាត់​ក្បាល​ដោយ​ជា​បម្រាម​ពិត​ប្រាកដ​ ឯង​រាល់​គ្នា​ទៅ​ប្រាប់​ញាតិ​សន្តាន​នៅ​ក្នុង​បន្ទាយ​ស្ដេច​កន​ ជា​ឆាប់​។​ រាស្ត្រ​ទាំង​នោះ​ នាំ​គ្នា​ទៅ​ប្រាប់​ញាតិ​សន្តាន​ជា​ប្រញាប់​។​ អ្នក​ទាំង​នោះ​ បាន​ស្ដាប់​ហើយ​ ភិត​ភ័យ​បា​រម្ភ​ណាស់​ ថា​យើង​ នឹង នៅ​ទ្រាំ​ចាំ​ច្បាំង​ពុំ​បាន​ ក៏​នាំ​គ្នា​បើក​ទ្វារ​បន្ទាយ​រត់​ចេញ​មក​។​ កង​ទ័ព​ហ្លួង​ យល់​បាន​ការណ៍​ហើយ​ ក៏​នាំ​គ្នា​វាយ​ទម្លាយ​ចូល​កាប់​សម្លាប់​អាក្បត់​​ ស្លាប់​ពាស​ពេញ​ រួច​លើក​គ្រា​ចូល​ទៅ​ក្នុង​វាំង​ ហើយ​បាន​កាប់​សម្លាប់​នាយ​ទាហាន​ខ្មាំង​ច្រើន​។​ ឯ​ចៅ​ហ្វា​កៅ​ លុះ​ឮ​កលា​ហល​ជា​ខ្លាំង​ ក៏​ចាប់​រាវ​លំពែង​ចេញ​មក​ដល់​មាត់​ទ្វារ​ជាន់​ក្នុង​ប្រទះ​នឹង​ឧក​ញ៉ា​ចក្រី​ ឧក​ញ៉ា​ចក្រី​បាន​ឃើញ​ហើយ​ ក៏​ស្ទុះ​ទៅ​កាប់​នឹង​ដាវ​ដាច់​ក​ ស្លាប់​មួយ​រំពេច​។​ ឧក​ញ៉ា​វាំង​នាយ​ទាហាន​វាយ​ទម្លាយ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​បាន​ ឃើញ​ស្ដេច​កន​កំពុង​អង្គុយ​ ជា​មួយ​ នឹង ស្រី​ស្នំ​ក៏​ពួយ​នឹង​លំពែង​​ ត្រូវ​ដើម​ដៃ​ស្ដេច​កន​ ដួល​ ឧក​ញ៉ា​វាំង​ស្ទុះ​ទៅ​ចាប់​ចង​សេក​ ប្រគល់​ឲ្យ​ទា​ហាន​រក្សា​ទុក​ ក្នុង​វេលា​យប់​នោះ​។​ លុះ​ព្រឹក​ឡើង​មេ​ទ័ព​ ត្រើយ​ខាង​លិច​ ប្រមូល​របស់​ទ្រព្យ​គ្រប់​គ្រឿង​សស្ត្រា​វុធ​ និង​ ស្រី​ដែល​ជា​ប្រពន្ធ​ធំ​តូច​ចំនួន​ ៥០០ ​នាក់​។​ លុះ​យក​បញ្ជី​ស្រេច​ហើយ​ មេ​ទ័ព​ទាំង​នោះ​ ក៏​លើក​ទ័ព​នាំ​ស្ដេច​កន​ និង​ស្រី៥០០​នាក់​ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​នោះ​ យក​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​សម្ដេច​ព្រះ​បរម​បពិត្រ​ទ្រង់​ជ្រាប​ថា​ ចាប់​អា​ខ្មាំង​បាន​ហើយ​ ទ្រង់​ព្រះ​អំណរ​ពន់​ប្រមាណ​ណាស់​ ស្ដេច​ឲ្យ​យក​កូន​ប្រពន្ធ​ស្ដេច​កន​ និង​ស្ម័គ្រ​បក្ស​ពួក​ ដែល​រួម​គំនិត​ទាំង​ប៉ុន្មាន​ ប្រហារ​ជីវិត​ទាំង​អស់​។ ឯ​ស្ដេច​កន​ ស្ដេច​ឲ្យ​បណ្ដើរ​អាក្រោស​៣​ថ្ងៃ​ រួច​ប្រហារ​ជីវិត​បង់​ យក​ក្បាល​វា​ទៅ​ដោត​ នៅ​ប្រប​ផ្លូវ​ទ្វារ​មុខ​បន្ទាយ​ស្រឡប់​ពិ​ជ័យ​នគរ​ កុំ​ឲ្យ​ជន​ទាំង​ពួង​យក​បែប​យ៉ាង​ត​ទៅ​។​

" ក្រោយ​នោះ​ទ្រង់​ប្រកាស​ប្រាប់​អស់​បណ្ដា​រាស្ត្រ​ កុំ​ឲ្យ​ភ្ញាក់​ផ្អើល​ ឲ្យ​ទៅ​នៅ​រក​ស៊ី​តាម​ភូមិ​លំ​នៅ​វិញ​។ កាល​សម្លាប់​ស្ដេច​កន​បាន​នោះ​នៅ​ក្នុង​ឆ្នាំ​រកា​សប្ត​ស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរី​រាជ្យ​សម្បត្តិ​ស្ដេច​កន​ បាន​១៤​ឆ្នាំ​ ព្រះ​ជន្ម​ ៤២​ឆ្នាំ​សុគត​។​

 "សាស្ត្រា​ដទៃ​ទៀត​ ក៏​និយាយ​ថា ​:​ ស្ដេច​កន​ បរា​ជ័យ​ ដោយ​សារ​ចាញ់​សង្គ្រាម​របស់​ព្រះ​អង្គ​ចន្ទ​រាជា​ ប៉ុន្តែ​ជា​ឧបាយ​កល​ ប្លែក​ពី​ខាង​លើ​នេះ​ទៅ​ទៀត​"​។​

ឯ​សម្ដេច​ព្រះ​ភា​គិនេយ្យោ​យស​រាជា​ ជា​កែវ​នាយក​នោះ​ ព្រះ​អង្គ​ប្រាប់​ប្រាម​ សឹក​សង្គ្រាម​បាន​រាប​ទាប​សព្វ​គ្រប់​ហើយ​ ព្រះ​អង្គ​តាំង​ចៅ​ហ្វាយ​ស្រុក​ ឲ្យ​នៅ​រក្សា​ខែត្រ​ខណ្ឌ​ព័ទ្ធ​សីមា​ស្រេច​ ស្ដេច​ត្រឡប់​ទ័ព​ទៅ​ក្រាប​បង្គំ​គាល់​ ព្រះ​បរម​រាជ​បិតុលា​ធិរាជ​។​ ព្រះ​បរម​រាជ​បិតុលា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់​ សម្ដេច​ព្រះ​ភាគិ​នេយ្យា​តាម​មាន​គុណ​បំណាច់​។​

ឯ​សម្ដេច​ព្រះ​ភា​គិ​នេយ្យោ​យស​រាជា​ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ជ័យ​ជេដ្ឋា​ក្នុង​ឆ្នាំ​នោះ​ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​វស្សា​២៩​ឆ្នាំ​ ទ្រង់​ព្រះ​អាពាធ​ សុវណ្ណ​គតត​ទៅ​។​

"ព្រះ​រាជ​ពង្សាវ​តារ​ភាគ​បី​ របស់​ព្រះ​រាជ​បណ្ណា​ល័យ​ថា ​:​ ព្រះ​ភា​គិ​នេយ្យោ​នេះ​ មាន​ព្រះ​ជន្មាយុ​ ៣៣​ឆ្នាំ​ មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ជា​ សុជាតិ​ក្សត្រី​ ទ្រង់​សុគត​ក្នុង​ឆ្នាំ​កុរ​ នព​ស័ក ព.ស. ២០៧១, គ.ស.១៥២៧។

ចំណែក​ឯ​សាស្ត្រា​វត្ត​សិទ្ធ​បូរ​ និង វត្ត​កោ​កាក​ មិន​បាន​និយាយ​ដល់​ ព្រះ​អង្គ​យស​រាជា​នេះ​ទេ​។​ ប៉ុន្តែ​មាន​សៀវ​ភៅ​មួយ​ទៀត​ របស់​លោក​តា​ឌុច​ លោក​យាយ​ពិន​ ដែល​ជា​បិតា​ មាតា​លោក​ឌុច​ស៊ី​ឌឹម​ និយាយ​ថា ​:​ ព្រះ​យស​រាជា​ ស្ដេច​សុវណ្ណ​គត​ក្នុង​សង្គ្រាម​ ក្នុង​ពេល​ដែល​ព្រះ​អង្គ​ ស្ទាក់​វាយ​ចៅ​ហ្វា​កៅ​"។​

សម្ដេច​ព្រះ​រាជ​បិតុលា​ ស្ដេច​ទ្រង់​ស្ដាយ​ពន់​ប្រមាណ​ណាស់​ ទ្រង់​ត្រាស់​ឲ្យ​លើក​ព្រះ​សព​ តម្កល់​​ក្នុង​ព្រះ​កោដ្ឋ​ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខ​ងារ​ ឲ្យ​ទៅ​អញ្ជើញ​ព្រះ​សព​សម្ដេច​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខ​ងារ​ ឲ្យ​ទៅ​អញ្ជើញ​ព្រះ​សព​សម្ដេច​​ព្រះ​ស្រី​សុគន្ធ​បទ​ អំពី​ស្រុក​សំរោង​សែន​ ខេត្ត​អាសន្ទុក​មក​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​សាង​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ រំលាយ​ព្រះ​បរម​សព​តាម​រាជ​ប្រវេណី​។​

ឯ​សម្ដេច​ព្រះ​ឧត្តម​បរម​ខត្តិ​យា​ មហា​ចន្ទ​រាជា​ កាល​ចុល្ល​សក​រាជ​ ៨៨៧​ ឆ្នាំ​វក​ ឆ​ស័ក ដែល​ព្រះ​អង្គ​ត្រឡប់​ពី​ធ្វើ​សង្គ្រាម​ ក្នុង​ខែត្រ​ត្បូង​ឃ្មុំ​​ នឹង​ព្រះ​ស្ដេច​កន​ ហើយ​យាង​ទៅ​ដល់​បន្ទាយ​មាន​ជ័យ​វិញ​នោះ​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ ឧក​ញ៉ា​ពិ​ភ័ក្ដិ​ឥស្ស​រា ​១ ឧក​ញ៉ា​រក្សា​ឥស្ស​រោ​២​ ជា​មេ​ការ​ ឧក​ញ៉ា​ពិភ័ក្ដិ​ទិព្វ​រាជ្យ​ ១​ ឧក​ញ៉ា​ស្រី​សុ​មេធ​រា​ជ​ធិប​តី​ បែន​ ក្រុម​ព្រះ​សុរិ​យោ​ដី ​១​ កេណ្ឌ​រាស្ត្រ​ទៅ​កាប់​ឈើ ​ឲ្យ​មេការ​ទៅ​សាង​ព្រះ​រាជ​វាំង​លង្វែក​ ឲ្យ​ធ្វើ​ឲ្យ​មាំ​មួន​ កុំ​ឲ្យ​ធ្វេស​ប្រហែស​។​ នោះ​ក្រុម​ព្រះ​សុរិ​យោដី​ ក៏​ចេញ​ទៅ​កេណ្ឌ​រាស្ត្រ​ កាប់​ឈើ ​ជញ្ជូន​ថ្ម​ ប្រគល់​ឲ្យ​ក្រុម​មេ​ការ​ ក្រុម​មេការ​ក៏​តាំង​កេណ្ឌ​ជាង​ឲ្យ​ទៅ​សាង​ព្រះ​រាជ​វាំង​ និង បន្ទាយ​រាជ​សីមា​។​ នោះ​ក្រុម​មេការ​ ឲ្យ​ជីក​បុក​ឫស​រៀប​ថ្ម​ ៦​ហត្ថ​ ជុំ​វិញ​បន្ទាយ​ជា ៣​ជ្រុង​ ហើយ​លើក​ដី​ច្រុះ​ក្ដារ​ ធ្វើ​ជា​បន្ទាយ​ខាង​លើ​នោះ​ តម្កល់​ ១៧​ហត្ថ​ កម្រាស់​ខាង​លិច ១០​ហត្ថ ជើង​ទេរ​ក្រោម​ ២២​ហត្ថ​ ជុំ​វិញ​ទាំង​ ៣​ជ្រុង​ "​ព្រោះ​ជ្រុង​ទី​៤ នោះ​គឺ​ទន្លេ​ តាម​យល់​របស់​អ្នក​និពន្ធ​" ៥​ជាន់​ហើយ​មាន​ទ្វារ​ធំ​៨​។​ ទ្វារ​មួយ​ៗ​ មាន​សើន​មួយ​។​ ទាំង​៨​សើន​នោះ​ កំពស់​ ២២​ហត្ថ​ សម្រាប់​ដាក់​កាំ​ភ្លើង​ធំ​។​ ចំ​ជ្រុង​ទាំង​ ៤ កម្ពស់​២៥​ហត្ថ​ សម្រាប់​ដាក់​កាំ​ភ្លើង​ធំ​ដូច​គ្នា​។​ ឯ​លើ​ភាគ​បន្ទាយ​ជុំ​វិញ​នោះ​ទ្រង់​ឲ្យ​ដាក់​សុទ្ធ​តែ​កាំ​ភ្លើង​បាញ់​ច្រូង​ជុំ​វិញ​ទាំង​ ៥​ជាន់​។​ ខាង​មុខ​កំផែង​ ជាន់​ទី​១​ ស្ដេច​ឲ្យ​ធ្វើ​រោង​ដំរី​ រោង​សេះ​។​ ក្នុង​កំផែង​ជាន់​ទី​១​ នេះ​ធ្វើ​ដាក់​សុទ្ធ​តែ​ទាហាន​ កាំ​ភ្លើង​ធំ​។​ ខាង​កំផែង​ជាន់​ទី​២​ តាំង​ថែវ​ ដាក់​សុទ្ធ​តែ​ទាហាន​កាំ​ភ្លើង​តូច​ និង​ធ្វើ​សាលា​ជំនុំ​ដាក់​សាលា​ដំបូង​ខាង​ឆ្វេង​ សាលា​ឧទ្ធ​រណ៍​ខាង​ស្ដាំ​។​ ខាង​ក្នុង​កំផែង​ទី​៣​ តាំង​ថែវ​ដាក់​សុទ្ធ​តែ​ទាហាន​ដាវ​ ផ្គាក់​ ជា​ទាហាន​អាវុធ​ខ្លី​។​ ខាង​កំផែង​ជាន់​ទី​៤​ តាំង​ថែវ​ដាក់​ទាហាន​រក្សា​ព្រះ​អង្គ​រោង​ល្ខោន​ និង​ ព្រះ​ពន្លា​ទត​ល្ខោន​។​ ខាង​ក្នុង​កំ​ផែង​ទី​៥​ តាំង​រោង​ព្រះ​បញ្ច​ក្សេ​ត្រ និង​ដំណាក់​សំរឹទ្ធិ​ ពិ​មាន​សម្រាន្ត​ភិ​​រម្យ​ ក្រុម​បារ​គូ​ បុរោ​ហិត​ និង​ក្រុម​មហា​តលិក​នៅ​ក្នុង​កំផែង​ជាន់​ទី​៥​ នៅ​ទ្វារ​យាម​ ព្រ​លប់​នោះ​ តាំង​ថែវ​ឲ្យ​កំបាំង​ កំពូល ​៥​ ត្រឡែង​កែង​ មាន​ជហ្វា​ដង​ក្ដារ​ សុទ្ធ​តែ​លាប​ម្រ័ក្សណ៍​ ជាតិ​ហិង្គុល​ បិទ​មាស​ ឱកាស​សោ​ភា​ភ្លឺ​ផ្លេក​ពន់​ប្រមាណ​ ហើយ​ធ្វើ​ប្រាង្គ​មហា​ប្រាសាទ​មួយ​កំពូល​ ៥ ​ជា​ប្រាសាទ​សម្រាប់​ព្រះ​មហា​ក្សត្រា​ធិ​រាជ​ផ្ទំ​ សាង​ព្រះ​រាជ​មន្ទីរ​ធំ​មួយ​សម្រាប់​ព្រះ​ស្នំ​ក្រម​ការ​ប្រចាំ​យាម​ ហើយ​ធ្វើ​ប្រា​សាទ​មួយ​ កំពូល​៣​ជាន់​ ជា​សម្រាប់​ព្រះ​រាជ​បុត្រី​ ហើយ​ឲ្យ​ធ្វើ​ព្រះ​ដំណាក់​ ៥​ខ្នង​ សម្រាប់​ព្រះ​មង្គល​ និង​ព្រះ​ស្នំ​ទាំង​៥​ ឲ្យ​ធ្វើ​ព្រះ​ដំណាក់​ ៥​ខ្នង​ទៀត​ជា​សម្រាប់​ព្រះ​ម្នាង​ទាំង​៥​ ឲ្យ​ធ្វើ​ព្រះ​ដំណាក់​ ២​ខ្នង​ទៀត​ ជា​សម្រាប់​អស់​អ្នក​ចេញ​ឈ្មោះ​ ហើយ​ខាង​ក្រោយ​កំផែង​នោះ​ ឲ្យ​តាំង​ឃ្លាំង​ស្រូវ​អង្ករ​ និង​ឃ្លាំង​អំបិល​ ត្រី​១៥​ខ្នង​ ខាង​ត្បូង និង ខាង​ជើង​កំផែង​នោះ​ តាំង​ឃ្លាំង​គ្រាប់​រំសេវ​ ១០​ខ្នង​ខាង​ឦសាន​ព្រះ​រាជ​វាំង​ ឲ្យ​តាំង​ខ្លាង​មឿង​ ទុក​ខាង​មុខ​។​ ប្រាសាទ​ព្រះ​រាជ​មន្ទីរ​តូច​ធំ​ សុទ្ធ​សឹង​ចំលួយ​ចម្លាក់​ ឆ្លាក់​ឆ្លៅ​ លាប​ម្រ័ក្សណ៍​ ជាតិ​ហិង្គុល​ បិទ​មាស​​ ឧភាស​ឆ្អិន​ឆ្អៅ​ ដាំ​នូវ​កញ្ចក់​ ឆ្លូក​ឆ្លុះ​ ចាំង​សែង​ព្រះ​សុរិយា​ ថ្លា​ថ្លៃ​ក្រៃ​ពេក​ណាស់​។​ ហើយ​ស្ដេច​ឲ្យ​ជីក​ស្រះ​ស្រង់​រង​ថ្លា​ សួន​ច្បារ​ផ្កា ​ដំណាំ ​ក្រអូប​ ល្វឹង​ល្វើយ​ ល្អ​ជា​អនេក​ ប្លែក​ត្រកាល​ក្នុង​ព្រះ​នគរ​។​

ព.ស. ២០៧១, គ.ស. ១៥២៧, ម.ស. ១៤៤៩, ច.ស. ៨៨៩ ឆ្នាំកុរ នព​ស័ក នោះ​ក្រុម​ជាង​ ក្រុម​ព្រះ​សុរិ​យោដី​ ដែល​ទៅ​សាង​នគរ​លង្វែក​នោះ​ សាង​ព្រះ​នគរ​ តាំង​ពី ច.ស. ៨៨៧ ឆ្នាំ​រកា​ សប្ត​ស័ក​ ដល់​មក​ ច.ស. ៨៨៩ ឆ្នាំ​កុរ​ នព​ស័ក​ ត្រូវ​ជា​ ៣​ឆ្នាំ ​រួច​ស្រេច​សព្វ​គ្រប់​ហើយ​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​ ទ្រង់​ព្រះ​អំណរ​សោម​នស្ស​ណាស់​។ ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស. ៩០០ ឆ្នាំ​ជូត​ ឯក​ស័ក​ ព្រះ​បាទ​បរមនា​ថ​ បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ព្រះ​អង្គ​នាំ​អស់​ព្រះ​អគ្គ​មហេ​សី​ ស្រី​ស្នំ​ក្រម​ការ​ និង​ព្រះ​បរម​វង្សា​នុ​វង្ស​ អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ខ្ញុំ​ព្រះ​រាជ​ការ​ លើក​ព្យូហ​យាត្រា​ ទាំង​ជើង​ទឹក​ ជើង​គោក​ ចេញ​ចាក​ ព្រះ​បរម​និវេសន៍​ បន្ទាយ​មាន​ជ័យ​ ខែត្រ​ពោធិ៍​សាត់​ ទៅ​គង់​នៅ​ព្រះ​រាជ​និវេសន៍​ បន្ទាយ​លង្វែក​ ជា​ឯក​មហា​ក្រ​ស័ត្រ​។​

នៅ​ក្នុង​ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក​នោះ​ ព្រះ​បាទ​បរម​ខត្តិ​យា​ មហា​ចន្ទ​រាជា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​ចក្រី​ ឧកញ៉ា​រាជ​តេជៈ​ ឲ្យ​បង្គាប់​មន្ត្រី​ខាង​ជើង​គោក​ ឲ្យ​ត្រៀម​ក្បួន​ហែ​ ស្ដេច​ប្រពាត​ព្រៃ​។​ នោះ​ឧក​ញ៉ា​ចក្រី​ ឧក​ញ៉ា​រាជ​តេជៈ​ ក៏​ថ្វាយ​បង្គំ​លា​ចេញ​ ត្រៀម​ដំរី​ សេះ ​រទេះ​ ហើយ​ចាត់​មន្ត្រី​គ្រប់​ក្រុម​ ខ្ញុំ​ព្រះ​រាជ​ការ​ ឲ្យ​តាម​ហែ​ស្ដេច​ទៅ​ប្រពាត​ព្រៃ​។​ ចាត់​ស្រេច​ហើយ​ មន្ត្រី​ទាំង​ពីរ​នាក់​ក៏​នាំ​យក​ទៅ​ត្រៀម​ទុក​ នៅ​មុខ​ព្រះ​លាន​ ព្រះ​បរម​រាជ​វាំង​។​

ដល់​ថ្ងៃ ៥​កើត ខែ​ចេត្រ ឆ្នាំ​ជូត​ វេលា​ព្រឹក​ សម្ដេច​ព្រះ​បរម​នាថ​បពិត្រ​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ នាំ​ព្រះ​អគ្គ​មហេ​សី​ ស្រី​ព្រះ​ស្នំ​ក្រម​ការ​ ចេញ​អំពី​ព្រះ​បរម​រាជ​វាំង​ឡើង​គង់​ព្រះ​ទី​នាំង​ កញ្ចោង​គជេន្ទ្រា​។​ ឯ​ព្រះ​ស្នំ ​ក្រុម​បរិវារ​ ក៏​ឡើង​ជិះ​ជំនិះ​ តាម​ចំណាំ​សព្វ​ខ្លួន​ទី​ទៃ​ៗ​ ស្រេច​ហើយ​ក៏​លើក​ព្យូហ​យាត្រា​ ប្រពាត​ព្រៃ​ចេញ​ទៅ​។​ សូរ​សព្ទ​រទេះ​ សេះ​ ដំរី​ នោះ​ សន្ធោស​ន្ធឹក​ ពន់​ប្រមាណ​។​ លុះ​ដល់​មុខ​ភ្នំ​ត្រៀល​ ក្នុង​ខែត្រ​លង្វែក​នោះ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឈប់​ធ្វើ​ព្រះ​សុវណ្ណ​ព្រះ​ពន្លា​ជ័យ​ឡើង​ គង់​ប្រថាប់​កំសាន្ត​​ព្រះ​ចិន្តា​។​

ខណៈ​នោះ​ព្រះ​ទីនាំង​គង់​ភក្ដី​ ព្រះ​ទី​នាំង​ពិជ័យ​គជេន្ទ្រ​យុទ្ធ​ឈឺ​ ដួល​មួយ​រំពេច​។ អស់​ហ្ម​ប្រកប​ថ្នាំ​ ពុំ​ស្បើយ​ ទ្រង់​ជ្រាប​ដល់​ក្រោម​ល្អង​ធូ​លី​ព្រះ​បាទ​ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​ថា ​:​ ព្រះ​ពិជ័យ​គជេន្ទ្រ​យុទ្ធ​នេះ​ ធ្លាប់​ជិះ​ធ្វើ​សង្គ្រាម​មាន​ជ័យ​ច្រើន​គ្រា​ លុះ​ត្រា​តែ​បាន​សម្រេច​ផែន​ដី​។​ ឥឡូវ​មក​មាន​ជម្ងឺ​ដូច្នេះ​ បើ​នរ​ណាមើ​ល​ជា​ អញ​នឹង​ឲ្យ​ប្រាក់​មួយ​ហាប​ និង​ គ្រឿង​ឧប​ភោគ​បរិ​ភោគ​ ឲ្យ​បរិ​បូណ៍​ ហើយ​នឹង​ឲ្យ​មាន​យស​សក្ដិ​ជា​ចៅ​ហ្វាយ​ស្រុក​ខែត្រ​នេះ​ផង​។​ ខណៈ​នោះ​មាន​តា​ចាស់​ម្នាក់​ ជា​មនុស្ស​កាន់​សីល​ ឈ្មោះ​ពញា​ដែក​ជា​មេស្រុក​ចាស់​ ក្រោយ​មក​លា​ចេញ​ពី​រាជ​ការ​ មក​កាន់​រក្សា​បង់​បត់​ នៅ​ភ្នំ​ត្រៀល​ទូល​ថា​ : ព្រះ​ទី​នាំង​គជេន្ទ្រ​នោះ​ ប្រហែល​ជា​ដើរ​កាត់​មុខ​អ្នក​តា​ហើយ​ បាន​ជា​មាន​ជម្ងឺ​ឈឺ​នេះ​។​

ឯ​អ្នក​តា និង​បង់​បត់​នោះ​កាល​ផែន​ដី​ព្រះ​បរម​រាជា​ ពញា​យ៉ាត​ ស្ដេច​មក​សាង​ព្រះ​នគរ​នៅ​ចតុមុខ​នោះ​ ព្រះ​អង្គ​សាង​រូប​ព្រះ​ទស​មុខ​ ៤ ​និង​ព្រះ​ឥសូរ​ ព្រះ​នារាយណ៍​ និង ព្រះ​យាយ​ទេព​ ច្រើន​ព្រះ​អង្គ ​ទ្រង់​ប្រ​តិស្ឋាន​ ទុក​នៅ​ភ្នំ​ត្រៀល​១​ ភ្នំ​ស្រង់​១​ ទុក​ជា​ទ្វារ​ព្រះ​នគ​រ បង្ការ​សឹក​សង្គ្រាម​សៀម​លាវ​ ពី​ទិស​ខាង​លិច​ ខាង​ជើង​ប្រ​តិស្ឋាន​ នៅ​វត្ត​ស្លា​កែត​១​ ព្រែក​អំពិល​១ ព្រះ​វិហារ​សួគ៌​១​ ទុក​ជា​ទ្វារ​ព្រះ​នគ​រ បង្ការ​សឹក​សត្រូវ​ខាង​យួន​ចាម​ នៅ​ទិស​ខាង​ត្បូង​ ខាង​កើត​។​

ក្នុង​មួយ​ឆ្នាំ​ ព្រះ​អង្គ​តែង​តែ​ នាំ​អង្គ​ព្រះ​កឋិន​ និង​គ្រឿង​សក្ការ​បូជា​ ទៅ​បូជា​ក្នុង​វត្ត​ព្រែក​អំពិល​១​ វត្ត​កៀន​ស្វាយ​ក្នុង​​១​​ កៀន​ស្វាយ​ក្រៅ​១ វត្ត​ត្រៀល​១​ វត្ត​ស្រង់​១​ វត្ត​ព្រះ​វិហារ​សួគ៌​ ជា​ទី​ដំណែល​ព្រះ​បាទ​អញ​ជា​ញ​រាជ​បក្សី​ចាំ​ក្រុង​១​។ ព្រះ​នគរ​ក៏​បាន​សុខ​សប្បាយ​ក្សេម​ក្សាន្ត​​រៀង​មក​។​ ពេល​ល្អង​ធូលី​ព្រះ​បាទ​ មក​សាង​ព្រះ​នគរ​ថ្មី​ ​នៅ​លង្វែក​នេះ​ បាត់​ស្ងាត់​គ្រឿង​សក្ការ​បូជា​នោះ​ អស់​ទៅ​ហើយ​ ព្រះ​ទីនាំង​ក៏​ពាន​មក​លើ​ទី​នេះ​ផង​ បាន​ជា​ព្រះ​ទីនាំង​នោះ​ពុំ​ស្រួល​។ សម្ដេច​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​​​ត្រាស់​ថា​ : បើ​ដូច្នោះ​ ចូរ​តា​ឯង​យក​ទៀន​ធូប​ទៅ​បន់​ស្រន់​ជា​ប្រញាប់​ បើ​ចំ​ពិត​ដូច​សំដី​តា​ឯង​និយាយ​មែន​ យើង​នឹង​ឲ្យ​រង្វាន់​ឲ្យ​ពេញ​ចិត្រ​។​ ខណៈ​ដែល​ពញា​ដែក​ ទទួល​ទៀន​ធូប​ទៅ​កាល​ណា ​ព្រះ​ទី​នាំង​ពិជ័យ​គជេន្ទ្រ​យុទ្ធ​នោះ​ ក៏​សះ​ជា​ មួយ​រំពេច​ ទើប​អស់​ព្រះ​បរម​វង្សា​នុវង្ស​ និង អគ្គម​ហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​រាជ​ការ​ទាំង​ឡាយ​ ក៏​ត្រេក​អរ​លើក​ហត្ថ​ទៅ​លើ ​ហើយ​សរ​សើរ​ព្រម​គ្នា​ថា ​:​ តា​ចាស់​នេះ​ទាយ​ចំ​ពិត​ជា​ត្រូវ​ណាស់​។ សេចក្ដី​នេះ​ ជ្រាប​ដល់​ព្រះ​បរម​បពិត្រ​ ទ្រង់​មាន​ព្រះ​សោម​នស្ស​ណាស់​ ទើប​ទ្រង់​ប្រែ​នាម​ភ្នំ​ត្រៀល​នោះ​ ឲ្យ​ឈ្មោះ​ភ្នំ​ ចំ​ពិត​វិញ​ ហើយ​តាំង​ពញា​ដែក​នោះ​ ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ស្រុក​ និង​ព្រះ​រាជ​ទាន​ប្រាក់​មួយ​ហាប​ សំពត់​អាវ​ ១០០​ មួយ​មុខ​។​ ឯ​ពញា​ដែក​ ទទួល​ហើយ​ ក្រាប​បង្គំ​ទូល​ថ្វាយ​ថា​របស់​អស់​ទាំង​នេះ​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ សូម​ក្រាប​បង្គំ​ថ្វាយ​ដាក់​ក្នុង​ព្រះ​ឃ្លាំង​ ជា​សម្រាប់​ចែក​ចាយ​សេនា​ទាហាន​ចុះ​ ដ្បិត​ពីរ​ឆ្នាំ​ទៀត​ សៀម​នឹង​លើក​ទ័ព​មក​ចោម​ព្រះ​នគរ​ហើយ​។​ ថា​ដែល​ព្រះ​អង្គ​ស្ដេច​ព្រះ​ដំណើរ​មក​ក្រសាល​ព្រៃ​នេះ​ ទំនាយ​ថា ​:​ ព្រះ​អង្គ​នឹង​បាន​របស់​ល្អ​ ទៅ​ទុក​ក្នុង​ព្រះ​នគរ​។​

ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ត្រាស់​ថា​ :​ ម្ដេច​ក៏​តា​ដែក​ឯង​ដឹង​ ហ៊ាន​ទាយ​ដូច្នេះ​។ ទើប​ពញា​ដែក​ក្រាប​ទូល​ថា ​: ដឹ​ងដោយ​ទេវ​តា​ដែល​រក្សា​ភ្នំ​នេះ​ ឲ្យ​និមិត្ត​ប្រាប់​ ហើយ​ទូល​ថា​ :​ តាម​ទេវតា​ប្រាប់​ហេតុ​នោះ​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ត្រូវ​អស់​ជីវិត​ក្នុង​គ្រា​នេះ​ហើយ​ ហើយ​ត្រូវ​ទៅ​នៅ​រក្សា​ភ្នំ​ត្រៀល​ ដែល​ទ្រង់​ប្រែ​ឈ្មោះ​ ចំ​ពិត​នោះ​។​

លុះ​ក្រាប​ទូល​ ចប់​សេចក្ដី​នោះ​ហើយ​ ពញា​ដែក​ ក៏​អស់​ជីវិត​ ក្បែរ​ព្រះ​ទីនាំង​ ក្នុង​មួយ​រំពេច​នោះ​ទៅ​។​

ព្រះ​បាទ បរម​បពិត្រ​យល់​អស្ចារ្យ​ណាស់​ ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​បុណ្យ​រំលាយ​សព​ពញា​ដែក​ហើយ​ឲ្យ​ប៉ាន​រូប​ពញា​ដែក​ ធ្វើ​អាស្រម​ ទុក​នៅ​ភ្នំ​នោះ​ បាន​ជា​ក្នុង​ភ្នំ​នោះ​ ជាប់​ហៅ​ថា​ អ្នក​តា​ដំបង​ដែក​ រៀង​មក​សព្វ​ថ្ងៃ​នេះ​។​

ឯ​ព្រះបាទ​បរម​បពិត្រ​ តាំង​តែ​ពី​ថ្ងៃ​នោះ​រៀង​មក​ ទ្រង់​បញ្ញត្តិ​លើ​ក្រម​ព្រះ​រាជ​ក្រិត្យ​សង្ឃ​ការី​ថា​ :​ ក្នុង​មួយ​ឆ្នាំ​ៗ​ ត្រូវ​រៀប​គ្រឿង​ព្រះ​កឋិន​ ចំនួន​តាម​ព្រះ​ជន្ម​ព្រះ​អង្គ​ នាំ​ទៅ​ថត​គ្រប់​វត្ត​ ដែល​មាន​ទេព​ទេវ​រុក្ខ​ ជា​ទ្វារ​ព្រះ​នគរ​ និង វត្ត​នានា​ ដែល​មាន​សិទ្ធិ​​ស័ក្ដិ​នោះ​រាល់​ឆ្នាំ ​ហើយ​ត្រាស់​ថា ​:​ ឲ្យ​លើក​ព្យូ​ហ​យាត្រា​បា​ត្រាត​ទៅ​ទៀត​។​ ដល់​ទៅ​ភូមិ​ឈើ​ទាល​ប្រឱប​ ជា​ព្រំ​ខែត្រ​សំរោង​ទង​ និង​ខែត្រ​លង្វែក​នោះ​ ទ្រង់​ឲ្យ​ឈប់​ ព្រះ​ទី​នាំង​តាំង​ព្រះ​ពន្លា​។ លុះ​ដល់​ថ្ងៃរ​សៀល​ត្រជាក់​ ស្ដេច​យាង​ព្រះ​បាទា​ ទត​ទៅ​យល់​ដើម​ឈើ​ទាល​មួយ​​ធំ​ខ្ពស់​ក្រៃ​លែង​ នឹង ប្រមាណ​ ហើយ​មាន​ផែន​ថ្ម​មួយ​ផ្ទាំង​ជាប់​នៅ​ ​លើ​បង្កៀប​មែក​ឈើ​ទាល​នោះ​ កម្រាស់​២​ហត្ថ​ ទំហំ​ ៥ហត្ថ​ ៤​ជ្រុង​។ ​ទ្រង់​សង្ស័យ​ណាស់​ ទើប​ត្រាស់​សួរ​អស់​អ្នក​ស្រុក​ចាស់​ទុំ​។​

អ្នក​ស្រុក​ក្រាប​ទូល​ថា ​: "ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​រាល់​គ្នា កើត​ពុំ​ទាន់​ដែរ​ តែ​ឮ​ដោយ​ដូន​តា​និយាយ​ត​មក​ថា ​:​ ថ្ម​នោះ​តាំង​ពី​កាល​ផែន​ដី​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​ព្រហ្ម​ ដែល​ហៅ​ថា​ តា​ព្រហ្ម​"​ ជា​ឈ្មួញ​គោ​ កាល​ពុំ​ទាន់​បាន​សោយ​រាជ​សម្បត្តិ​នោះ​ ព្រះ​អង្គ​នាំ​កូន​ឈ្មួញ​ទៅ​ផ្ទំ​ឃ្វាល​គោ ​ក្រោម​ដើម​ឈើ​ទាល​នោះ​។ វេលា​នោះ​មាន​សត្វ​ត្រកួត​មួយ​ មក​ជុះ​ដាក់​ព្រះ​អង្គ​ ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ​ណាស់​ ក៏​ចាប់​យក​ថ្ម​នោះ​ចោល​ទៅ​ ត្រូវ​សត្វ​ត្រកួត​នោះ​ស្លាប់​ ធ្លាក់​មក​ដល់​ដី​។​

ឯ​ថ្ម​នោះ​ក៏​នៅ​ជាប់​លើ​មែក​ឈើ​ទាល​នោះ​។ សព្វ​ថ្ងៃ​ តែ​ដល់​ថ្ងៃ​៥​កើត ៥​រោច​ ថ្ងៃ​៨ កើត​ ៨​រោច និង​ថ្ងៃ ១៥​កើត និង​១៥​រោច​កាល​ណា​ មាន​គោម​ទៅ​អុជ​លើ​ដើម​ឈើ​ទាល​នោះ​។​ ព្រះ​បរម​នាថ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ឃើញ​អស្ចារ្យ​ ក្នុង​ព្រះ​រាជ​ហឫ​ទ័យ​ពន់​ប្រមាណ​ ទើប​ទ្រង់​នឹក​ពី​ពាក្យ​ ពញា​ដែក​ ក្រាប​បង្គំ​ទូល​ថា​ : ​ទ្រង់​នឹង​បាន​របស់​វិសេស​នោះ​ ប្រ​ហែល​ជា​ថ្ម​ និង ឈើ​នេះ​ឯង​ហើយ​។​ ទ្រង់​ត្រាស់​បង្គាប់​មេ​ស្មឹល​ ឲ្យ​ធ្វើ​ពិធី​សុំ​ថ្ម​ និង​ ឈើ​នោះ​ ៣​ថ្ងៃ​ ហើយ​បង្គាប់​ឲ្យ​រំលំ​ដើម​ឈើ​ទាល​នោះ​ ធ្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង​ទើប​ព្រះ​អង្គ​ឲ្យ​ស្រង់​យក​ថ្ម​ និង​ឈើ​នោះ​ នាំ​យក​ទៅ​ដល់​ក្នុង​បន្ទាយ​ព្រះ​នគរ​ទ្រង់​ឲ្យ​ធ្លាក់​ជា​ព្រះ​បាទ​ព្រះ​៨​​ព្រះ​បាទា​ ឲ្យ​យក​ដើម​ឈើ​ទាល​នោះ​ឆ្លាក់​ធ្វើ​ជា​ព្រះ​រូប​ព្រះ​ពុទ្ធ​អង្គ​ចតុ​ទិស​ ឈម​ព្រះ​ភ័ក្ត្រ​ និង​ ព្រះ​បាទ​បែរ​ចេញ​ទៅ​ចតុ​ទិស​ កម្ពស់​១៨​ហត្ថ​។​ ឯ​ព្រះ​បិដ្ឋិ​​ទល់​គ្នា​។​

រួច​ស្រេច​ ស្ដេច​ប្រ​តិស្ឋាន​ក្នុង​ព្រះ​វិហារ​លួង​ ឲ្យ​ឈ្មោះ​ហៅ​ថា​ ព្រះ​អារាម​ត្រឡែង​កែង​ ហើយ​ទ្រង់​ឲ្យ​សាង​ ទេ​ព្រ័ក្ស​ឃ្លាំង​មឿង​ ហើយ​ឲ្យ​សាង​ព្រះ​រាជ​វាំង​ ស្ដេច​គ្រប់​ព្រះ​អង្គ​ រាជ​វាំង​បុត្រា​ច្បង​ គឺ​សម្ដេច​ព្រះ​រាមា​ធិប​តី​នោះ​ ឲ្យ​សាង​នៅ​ទួល​លាប​ វាំង​ព្រះ​រាជ​បុត្រ​ពៅ​ គឺ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ ឲ្យ​សាង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​។​ ឯ​វាំង​ព្រះ​រាជ​វង្សា​នុវង្ស​តូច​ៗ​ ក្រៅ​អំពី​នោះ​ ទ្រង់​ឲ្យ​សាង​ក្នុង​បន្ទាយ​។​ ឯ​ក្នុង​កំផែង​ដំណាក់​ប្រាសាទ​ទាំង​ប៉ុន្មាន​នោះ​ សឹង​ឲ្យ​ឆ្លាក់​លាប​ម្រ័ក្សណ៍​ ជាតិ​ហិង្គុល​ បិទ​មាស​តាម​បណ្ដា​សក្ដិ​ធំ​តូច​ ពុំ​ឲ្យ​ច្រឡូក​ច្រឡំ​តាម​សក្ដិ​។​ ខាង​មុខ​ព្រះ​នគរ​ដែល​គ្មាន​ភាគ​បន្ទាយ​ជាន់​ខាង​ក្រៅ​នេះ​ ស្ដេច​ឲ្យ​សង់​រោង​ព្រះ​ទីនាំង​នាវា​។ នៅ​នា​កំពង់​ទឹក​នោះ​ទ្រង់​ឲ្យ​យក​ថ្ម​ឥដ្ឋ​ រៀប​ជា​ព្រះ​លាន​ សម្រាប់​នាំ​ដំរី​ សេះ​ ចម្បាំង​ចុះ​លាង​ទឹក​ និង​ ឲ្យ​ធ្វើ​ព្រះ​ដំណាក់​ សម្រាប់​ស្ដេច​ចុះ​លយ​កន្ទោង​ ធំ​ តូច​ ជា​រុង​រឿង​ប្រពៃ​។ ខាង​ក្រៅ​បន្ទាយ​ ក្រៅ​ស្នាម​ភ្លោះ​នោះ​ ទ្រង់​ឲ្យ​ដាំ​ឫស្សី​កម្រាស់​ពីរ​សិន​ពី​ស្នាម​ភ្លោះ​ទៅ​ ទាំង​៣​ជ្រុង​ ជិត​ស្និទ​ណាស់​ ពុំ​ឲ្យ​នរ​ណា​ទៅ​កាប់​កាច់​ឫស្សី​បាន​ឡើយ​។​ ទ្រង់​សាង​ព្រះ​នគរ​មាំ​មួន​ដូច្នេះ​ជា​សូរេច​ហើយ​ទើប​ទ្រង់​មាន​ព្រះ​រាជ​តម្រាស់​ថា​ :​ កាល​ព្រះ​មហាក្សត្រ​ សោយ​រាជ្យ​នៅ​នគរ​ធំ​នោះ​ ត្រាស់​ឲ្យ​ធ្វើ​ស្រែ​វាល​ពល​ ក្នុង​ស្រែ​មួយ​កំណត់​ពល ១០០០០០ នាក់ ដល់​បច្ចុប្បន្ន​ឥឡូវ​នេះ​ អាណា​ប្រជា​នុ​រាស្ត្រ​តិច​ ជាង​ពី​ដើម​ ឲ្យ​ធ្វើ​ស្រែ​វាល​ពល​នោះ​ កំណត់​តែ​ចុះ​ពល ១០០០០ នាក់​ជា​កំណត់​។​

លុះ​ស្រេច​ការ​សាង​ព្រះ​នគរ​ បវរ​និវេសន៍​ មហា​ឋាន​ នោះ​រួច​ស្រេច​ ព.ស. ២០៨២, គ.ស. ១៥៣៨, ម.ស. ១៤៦០, ច.ស. ៩០០, ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ទើប​ស្ដេច​មាន​ព្រះ​តម្រាស់​ត្រាស់​បង្គាប់​ឲ្យ​អស់​ខ្ញុំ​ ក្រម​រាជ​ការ​ ក្រោម​ល្អង​ ធូលី​ព្រះ​បាទ​ទាំង​ធំ​ ទាំង​តូច​ តាំង​ព្រះ​រាជ​ពិធី​សម្ពោធ​ ព្រះ​បរម​រាជ​វាំង​ ស្រេច​ហើយ​ ស្ដេច​ឡើង​ប្រាសាទ​ ព្រះ​រាជ​មន្ទីរ​ ដំណាក់​មាន​ទាំង​ល្បែង​របាំ​មហោ​ស្រព​ ថ្វាយ​ទេយ្យ​ទាន​ ព្រះ​សង្ឃ​ ទ្រង់​បរិច្ចាគ​ ព្រះ​រាជ​ទ្រព្យ​ ឲ្យ​ជា​ទាន​ដល់​ស្មូម​យា​ចក​ គម្រប់​ ៧ ​ថ្ងៃ​ រួច​ឲ្យ​ឆ្លង​ទាំង​ព្រះ​វិហារ​វត្ត​ ត្រឡែង​កែង​ នៅ​មុខ​ព្រះ​បរម​និវេសន៍​ ៣​ ថ្ងៃ​ បញ្ចុះ​សីមា​ អភិ​សេក​ព្រះ​ពុទ្ធ​រូប​ ចតុ​ទ្ទិស​ និង​ព្រះ​ពុទ្ធ​រូប​ដែល​សាង​ដោយ​មាស​ប្រាក់​ ទង់​ហ៊្វា ​ស្ពាន់​ សំរឹទ្ធិ​ ១០​​ ទៀត​កាល​នោះ​ ដាច់​ព្រះ​រាជ​ទ្រព្យ ដោយ​ធ្វើ​​បុណ្យ​ទាន​ ជា​ច្រើន​ អនេក​ឯក​មហោ​ឡា​រិក​ មហា​សប្បាយ​ណាស់​។ ព្រះ​អង្គ​ឡើង​គង់​ក្នុង​ព្រះ​បរម​រាជ​វាំង​ ហើយ​ត្រាស់​តាំង​ សម្ដេច​ព្រះ​សុគន្ធា​មហា​សង្ឃ​រាជា​គណា​ធិបតី​ និង​ទទូង​រដ្ឋ​ទាំង​៧ ​និង មន្ត្រី​រដ្ឋ​ទាំង​៤ សម្រាប់​ និង មន្ត្រី​ក្រៅ​តំណែង​ តែង​តាំង​ឲ្យ​មាន​ក្រុម​គ្រប់​ក្រសួង​មុខ​ងារ​ ជើង​ទឹក​ ជើង​គោក​ ទាំង​ក្រៅ​ក្នុង​ ឲ្យ​សង់​ផ្ទះ​នៅ​ ឲ្យ​មាន​ទទឹង​មុខ​ក្រោយ​ភ្លោះ​ ១.២.៣ ក្ដី សុទ្ធ​តែ​មាន​សម្គាល់​រាល់​រូប​កាយ​ តាម​បណ្ដា​សក្ដិ​ មាន​កំណត់​ដោយ​ខ្លួន​ទី​ទៃ​មិន​ឲ្យ​ច្រឡូក​ច្រឡំ​គ្នា​។ ទ្រង់​តាំង​ស្ដេច​ត្រាញ់​ទាំង​​ ៥​:​

  • ១. ចៅពញា​ឧទ័យ​ធិរាជ​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​អាសន្ទុក​មួយ មាន​ចៅ​មឿង​ស្រុក​ឡើង​ ២៤​ស្រុក​:
    • មឿង​ស្ទោង ​១ ជី​ក្រែង​១ ព្រំ​ទេព​១ ប្រាសាទ​ដប់​១ ព្រៃ​ក្ដី​១ ស្រងែ​១​ ឈើ​ទាល​១ ងន​១ កំពង់​លែង​១ កោះ​កេរ្តិ៍​១ ព្រះ​កាន​១ ពោធិ៍​រោង​១ សេន​១ នគរ​១ ម្លូ​ព្រៃ​១ ជាំ​ក្សាន្ត​១ វារី​សែន​១ ព្រៃ​សំបួរ​១ កំពូល​ពេជ្រ​១ ព្រះ​ប្រសប់​១ ត្បែង​១ ព្រះ​ឃ្លាំង​១ គោក​សេះ​១​។
  • ២. តាំងចៅ​ពញា​សួគ៌ា​លោក នៅ​ស្រុក​ខែត្រពោធិ៍​សាត់ ឲ្យ​មាន​ចៅមឿង​៦ ស្រុក​ឡើង​គឺ​ :
    • ចៅមឿង​ក្រគរ​១ ត្រង​១ ថ្ពង​១ ខ្លុង​១ តាំង​១ សម្រែ​១​។
  • ៣. តាំង​ពញា​អរ​ជូន​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​ត្បូង​ឃ្មុំ​ មាន​ចៅ​មឿង​ឡើង​​ ៥​ស្រុក​ ទ្វារ​ស្រុក ៤​គឺ ​:
    • ចៅ​មឿង​ទួល​អង្គុញ​១ ដំបែ​១​ ភ្នំ​ព្រះ​១ ទ្វារ​លោ​១ ទ្វារ​ភក្ដិ​១​ ជើង​គួរ​១ ចៅ​មឿង​ព្រៃ​ប្រហារ​១ ទ្វារ​រូង​១​ ទ្វារ​រៀល​១​។
  • ៤. តាំង​ចៅ​ពញា​ធម្មា​តេជោ​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​បាភ្នំ​ មាន​ចៅ​មឿង​ឡើង​៧​ ស្រុក​ គឺ​:
    • ចៅ​មឿង​កោះ​១ ចៅ​មឿង​មេ​ចុង​១ មេ​កង​១ ស្វាយ​ទាប​១ រំដួល​១ កណ្ដាល​១​។
  • ៥. តាំង​ចៅ​ពញា​ពិស្ណុ​លោក​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​ទ្រាំង​ មាន​ចៅ​មឿង​៦​ស្រុក​ឡើង​ទៅ​គឺ ​:​
    • ចៅ​មឿង​ពាម​១ ជើង​ព្រៃ​១ ជាន់​ជុំ​១ បន្ទាយ​មាស ​១ ស្រែ​រនោង​១ តា​បួរ​១​។ ឯ​ចៅហ្វាយ​ស្រុក ស័ក្ដិ ​៩ ហ៊ូ​ពាន់ ក៏​ឲ្យ​មាន​ចៅ​មឿង​សម្រាប់​ខេត្ត​ទីទៃ​។

តែង​តាំង​រួច​ហើយ​ សម័យ​ថ្ងៃ​មួយ​នោះ​ ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ចេញ​គង់​ចុង​ព្រះ​រាជ​រោង​រម​ ជួប​ជុំ​ព្រះ​បរម​វង្សា​នុវង្ស​ អង្គ​អគ្គ​សេវ​កា​មហា​មាត្យ​ បុរោ​ហិត​ បណ្ឌិត​កវី​ មន្ត្រី​តូច​ធំ​ ទើប​មាន​ព្រះ​រាជ​បន្ទូល​ មង្គល​ទិព្វ​ពិសេស​ត្រាស់​ថា​ :​ ទំនៀម​ព្រះ​មហា​ក្សត្រ​ខត្តិ​យា​វង្ស​ អំពី​បូរាណ​រាជ​រៀង​មក​ តែង​ទ្រង់​គ្រឿង​អលង្ការ​ កកុធ​ភ័ណ្ឌ​ ចេញ​ឲ្យ​មន្ត្រី​ក្រាប​បង្គំ​គាល់​ជា​ប្រក្រតី​ នោះ​ឃើញ​លំបាក​ណាស់​ ទើប​ត្រាស់​ឲ្យ​ធ្វើ​ព្រះ​សភ័គ​ ប្រវែង​ ៨​ហត្ថ​ ឲ្យ​ពិ​ចិត្រ​រចនា​ ដោយ​សុវណ្ណ​បុប្ផា​ដាំ​ជរ​ ជា​សម្រាប់​ព្រះ​អង្គ​ទ្រង់​ជា​ប្រក្រតី​វិញ​ហើយ​ទ្រង់​ប្រញប្ដិ​ ខាង​របៀប​ក្សត្រី​នោះ​ ព្រះ​រាជ​វង្សា​នុវង្ស​ ជំទាវ​ ខុន​ណាង​ តូច​ធំ​ឲ្យ​ដណ្ដប់​ស្បៃ​ប្រវែង​៨​ហត្ថ​ មាន​ផ្កា​ភ្ញី​ជរ​ ដោយ​ខ័ណ្ឌ​ ដោយ​សែ​សយ​ តិច​ច្រើន​ តាម​បណ្ដា​ស័ក្ដិ​ ធំ​តូច​។ ក្នុង​មួយ​ខ្លួន​ ឲ្យ​មាន​ជា​ ៣​យ៉ាង​ ឬ ៣​សម្រាប់​ សម្រាប់​ស្លៀក​ដណ្ដប់​ដោយ​មាន​ការណ៍​ធំ​តូច​។​

វេលា​កាល​ចូល​គាល់​ ឲ្យ​ដណ្ដប់​ស្បៃ​ដែល​បញ្ញត្តិ​។ ឲ្យ​​សេនា​ទាហាន​ កាន់​ផ្លិត​ស្លឹក​ត្នោត​ ឯ​ផ្លិត​នោះ​ ឲ្យ​បិទ​មាស​រាយ​ផ្កាយ​ជា​ជរ​ប៉ាន់​ប៉ាក់​។​ វេលា​ណា​ចូល​គាល់​ ឲ្យ​ចូល​គាល់​រាល់​ខ្លួន​តាម​ស័ក្ដិ​។​ ព្រះ​បរម​វង្សា​នុវង្ស​ខាង​ក្សត្រា​ឲ្យ​បាំ​ង​ព្រះ​ក្លស់​ គង់​ព្រះ​រាជ​យាន​បិទ​មាស​ ព្រះ​វស្សា​ ដែល​មាន​យស​ជា​ធំ​ ឲ្យ​បាំង​សប្ប​ធន​ជិះ​គ្រែ​ក្រញូង​ មនុស្ស​សែង​៤​នាក់​ បាំង​តាំង​យូ​ក្រអែ​ រាយ​ផ្កាយ​បិទ​មាស​ រំយោល​មាស​យ៉ាង​ច្រើន​។ មន្ត្រី​ធំ​ តូច​ ឲ្យ​បាំង​តាំង​យូ​ ក្រអែ​ លាប​ម្រ័ក្សណ៍​ លាប​ប្រាក់​ និង ​ជាតិ​ហិង្គុល​បិទ​មាស​រំយោល​យ៉ាង​ច្រើន​តិ​ច​ ចុះ​មក​តាម​បណ្ដា​ស័ក្ដិ​ធំ​តូច​។ ឯ​តាំង​យូ ក្រអែ​នោះ​ ធ្វើ​នឹង​ស្លឹក​ត្នោត​ តែ​តម្លោះ​ពុំ​បាន​ ហើយ​ទ្រង់​ព្រះ​ករុណា​ ឲ្យ​ចៅ​ពញា​ឧទ័យ​ធិរាជ​ចៅ​ហ្វាយ​ស្រុក​ខេត្ត​អាសន្ទុក​ ខ្នង​ពស់​១​ ឲ្យ​ចៅ​ពញា​ពិស្ណុ​លោក​ ខេត្ត​ទ្រាំង​១​ ឲ្យ​ចៅ​ពញា​ធម្មា​តេជោ ​ខេត្តបា​ភ្នំ​១ ឲ្យ​ចៅ​ពញាអរ​ជូន​ ស្រុក​ត្បូង​ឃ្មុំ​១ ឲ្យ​ចៅ​ពញា​សួគ៌ា​លោក​ជា​ចៅហ្វាយ​ស្រុក​ខ្នង​ពស់​ ខេត្តពោធិ៍​សាត់​១ ជើង​គ្រុស​ទាំង​៥​ នេះ​ឲ្យ​មាន​ដំរី ​សេះ ​និង​រោង​ពល​ សម្រាប់​ចាំ​ទ្វារ​ សម្រាប់​សែង​បម្រើ​ ដោយ​ចំនួន​តិច​ច្រើន​ និង​ តាម​ស័ក្ដិ​ធំ​តូច​។​

ព.ស. ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំកុរ ឯក​ស័ក​ អស់​មុខ​មន្ត្រី​យល់​ស្ងប់​ស្ងាត់​សឹក​សង្គ្រាម​ហើយ​ ក៏​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ការ​រាជ​ការ​ សម្រេច​គ្រប់​យ៉ាង​ ហើយ​ល្មម​ នឹង រៀប​ប្រាប្ដា​ភិសេក​យ៉ាង​ធំ​ ឲ្យ​ឮ​ព្រះ​នាម​ទូរ​ទ័រ​ទៅ​នានា​ប្រទេស​។ ទើប​ព្រះ​បរម​បពិត្រ​ត្រាស់​តប​វិញ​ថា​ អស់​មុខ​មន្ត្រី​យល់​នេះ​ ក៏​គួរ​ណាស់​ហើយ​ តែ​ព្រះ​ខាន់​រាជ្យ​សម្រាប់​ផែន​ដី រក​ពុំ​ទាន់​ឃើញ​ នឹង​ប្រាប្ដា​ភិសេក​យ៉ាង​ធំ​ពុំ​ទាន់​បាន​។ ខណៈ​នោះ​ពញា​ពិ​ជ័យ​សង្គ្រាម​ សុក​ គាល់​នៅ​ទី​នោះ ​ក្រាប​បង្គំ​ថា​ :​ ព្រះ​ខាន់​ជ័យ​មង្គល​ សម្រាប់​ផែន​ដី​នោះ​ សម្រេច​នៅ​សម្ដេច​ឥសី​ភ័ទ្ទ​សួស​។ កាល​បែក​ព្រះ​នគរ​នឹង​ព្រះ​ស្ដេច​កន​នោះ​ សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​ នាំ​យក​ទៅ​លាក់​បំ​ពួន​ក្នុង​ព្រៃ​ណា​មិន​ប្រាកដ​ តែ​សម្ដេច​ ព្រះ​ឥសី​ភ័ទ្ទ​នោះ​ ស្រុក​កំណើត​នៅ​ខេត្ត​បាទី​ ទី​សំណាក់​នៅ​ខាង​ត្បូង​វត្ត​ភ្នំ​ពេញ​ តែ​សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​សួស​នោះ​អនិច្ច​កម្ម​ទៅ​ហើយ​ ហើយ​ទី​នឹង​លាក់​ព្រះ​ខាន់​នោះ​ មាន​តែ​លាក់​ក្នុង​ព្រៃ​ ទាំង​ពីរ​អន្លើនេះ​ គួរ​ចាត់​បម្រើ​ ឲ្យ​ស្វែង​ព្រៃ​ដើរ​រក​ព្រះ​ខាន់​ និង​​ព្រះ​បញ្ច​ក្សេត្រ​ក្នុង​តំបន់​ទាំង​ពីរ​អន្លើ​។​ ព្រះ​បាទ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ ពញា​ពិជ័យ​សង្គ្រាម​សុក​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ហើយ​ ក៏​បណ្ដាល​ក្នុង​ព្រះ​រាជ​ហ​ឫទ័យ​ឲ្យ​គិត​អំពី​ព្រះ​ខាន់​នោះ​ពន់​ប្រមាណ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ពញា​សង្គ្រាម​សុក​​ថា បើ​ដូច្នោះ​ ចូរ​ឯង​យក​ចិត្ត​ទុក​ដាក់​នាំ​រេហ៍​ពល​ ៥០០​នាក់​ ឲ្យ​មាន​គ្រឿង​កាប់​ឆ្ការ​ព្រៃ​នោះ​ ទៅ​រក​ក្នុង​ព្រៃ​ទាំង​ពីរ​អន្លើ​នោះ​កុំ​ឲ្យ​ខាន​។​ ទើប​ពញា​ពិជ័យ​សង្គ្រាម​ ក្រាប​ថ្វាយ​បង្គំ​លា​ ម្នី​ម្នា​នាំ​រេហ៍ពល​ ៥០០​នាក់​ចុះ​ទូក​មក​ដល់​ខាង​ត្បូង​ភ្នំ​ពេញ​ ឃើញ​ព្រៃ​ស៊ុប​ទ្រុប​​ស្បា​ត​បន្លា ច្រើន​ណាស់​ មន្ទិល​ក្នុង​ចិត្ត​ហើយ​ក៏​ឲ្យ​រេហ៍​ពល​កាប់​ឆ្ការ​ទៅ​ តែ​ពុំ​ឃើញ​ព្រះ​ខាន់​នោះ​ឡើយ​ ឃើញ​តែ​ប្រាសាទ​ថ្ម​មួយ​ នៅ​ទី​នោះ​មាន​ចារឹក​អក្សរ​ថា​ ​: ព្រះ​ចេតិយ ព្រះ​ឧណ្ណា​លោម​។ ពញា​ពិជ័យ​សង្គ្រាម​ ក្រឡេក​មើល​ទៅ​ខាង​លើ ​ឃើញ​កំពូល​មុខ​ព្រហ្ម​ឧត្តម​ប្រសើរ​ណាស់​ ហើយ​គិត​ថា​ :​ ក្រែង​សម្ដេច​ ព្រះ​ឥសី​ភ័ទ្ទ​សួស​ យក​ព្រះ​ខាន់ និង ព្រះ​បញ្ចក្សេត្រ​នោះ​ ទៅ​កប់​ក្នុង​ព្រះ​ចេតិយ​នោះ​ លុះ​បើក​ទ្វារ​នោះ​ចូល​ទៅ​ទៀត​ក៏​ពុំ​ឃើញ​ តែ​ក្នុង​ចិត្ត​ ពញា​គិត​ថា​ទី​នេះ​ជា​ទីវិសេស​ណាស់​ ចាំ​ត្រឡប់​ទៅ​វិញ​ និង​ក្រាប​បង្គំ​ទូល​ ឲ្យ​បាន​ទ្រង់​ជ្រាប​។ គិត​ហើយ​ ពញា​ក៏​នាំ​រេហ៍​ពល ទៅ​ខេត្ត​បាទី​ប្រកាស​ប្រាប់​អ្នក​ស្រុក​ថា ​:​ បើ​នរ​ណា​ដឹង​ឃើញ​ព្រះ​ខាន់​ និង​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​នោះ​ហ្លួង​នឹង​ព្រះ​រាជ​ទាន​ជា​សម្ដេច​ចៅ​ហ្វាទឡ្ហៈ ​សម្ដេច​រាជ​ការ​ផែន​ដី​។​

នេះ​នឹង​និយាយ​អំពី​ ក្រឡា​ពាស​ "សួស"​ នករាត​មួយ​នោះ​យល់​សប្ដិ​ថា​ ឃើញ​តា​ចាស់​ម្នាក់​មក​ប្រាប់​ថា​ :​ ឲ្យ​ទៅ​យក​ព្រះ​ខាន់​ និង​ គ្យង​ព្រះ​បញ្ច​ក្សេត្រ​នៅ​រូង​ដើម​ចំបក់​យក​ទៅ​ថ្វាយ​ហ្លួង​ នឹង បាន​ជា​ធំ​។​ លុះ​ព្រឹក​ភ្ញាក់​ឡើង​ក្រឡា​ពាស​ "សួស" ក៏​និយាយ​ប្រាប់​សប្តិ​ឲ្យ​នាង​រៀប​ជា​ម្ដាយ​ស្ដាប់​ ម្ដាយ​ស្រាយ​និមិត្ត​ថា យល់​សប្ដិ​ទៀប​ព្រឹក​នេះ​ ចំណាំ​តែ​ឆុត​ណាស់​ដូច្នេះ​ ឲ្យ​កូន​ទៅ​ឡើង​មើល​ក្នុង​រូង​ចំបក់​ធំ​នោះ​ឲ្យ​ច្បាស់​មើល​។​ ក្រឡា​ពាស​សួស​ទៅ​ដ​ល់​ហើយ​ឡើង​មើល​នៅ​រូង​ដើម​ចំបក់​នោះ​ឃើញ​ព្រះ​ខាន់​នឹង​គ្រឿង​ព្រះ​បញ្ចក្សេត្រ​នោះ​មែន​ ក៏​អរ​ណាស់​ឃ្មាត​ខ្មីត​ម្រង់​ទៅ​បន្ទាយ​លង្វែក​។​ មក​ដល់​កណ្ដាល​ផ្លូវ​ឃើញ​ពញា​ពិជ័យ​សង្គ្រាម​នាំ​ពល ៥០០​នាក់​ ទៅ​ស៊ើប​សួរ​រក​ព្រះ​ខាន់​នោះ​ហើយ​ ថា​បើ​នរ​ណា​រក​ឃើញ​ ហ្លួង​នឹង​ធ្វើ​ជា​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ផង​ ទើប​ក្រឡា​ពាស សួស ថ្លែង​ប្រាប់​ពញា​ពិជ័យ​សង្គ្រាម​តាម​ដំណើរ​សេច​ក្ដី​គ្រប់​ប្រការ​។ ទើប​ពញា​ពិជ័យ​សង្គ្រាម​ នាំ​ក្រឡា​ពាស​សួស​ ត្រឡប់​មក​ព្រះ​បរម​រាជ​វាំង​យក​សេច​ក្ដី​មក​ក្រាប​បង្គំ​ទូល​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ទ្រង់​ព្រះ​អំណរ​ណាស់​ ត្រាស់​ចាត់​សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​រាជ​ការ​ ឲ្យ​រៀប​គ្រឿង​ហែ​ មាន​ដំរី សេះ ​រេហ៍​ពល​អភិ​រម្យ​សែន​ត្វាន់​ ទៅ​ដង្ហែ​យក​ព្រះ​ខាន់​ និង​ គ្រឿង​ព្រះ​បញ្ចក្សេ​ត្រ​នោះ​មក​។ ព្រះ​អង្គ​ចេញ​ទៅ​ទទួល​ដល់​ក្រៅ​ព្រះ​នគរ​ យក​មក​ដំកល់​ក្នុង​ហោ​បញ្ច​ក្សេត្រ។​ ទ្រង់​ទត​ទស្សនា​ឃើញ​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​នោះ​ ទេវ​រូប​ ១៣​ ព្រះ​អង្គ​ បាត់​១២​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​សម្ដេច​ព្រះ​ធម្ម​រិទ្ធិ​ ជា​សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​ ហើយ​ឲ្យ​ប្រជុំ​រាជា​គណៈ​បារ​គូ​ ស្ដេច​មាឃ​ មក​ធ្វើ​ពិធី​សាង​ទេវ​រូប​ ១២ ​ព្រះ​អង្គ ​បង្គ្រប់​ជា​២៥​ ព្រះ​អង្គឡើង​វិញ​ ទុក​ឲ្យ​សម្ដេច​ព្រះ​ឥសីភ័ទ្ទ​ និង​ ក្រុម​បុរោ​ហិត​ រក្សា​ទុក​ក្នុង​ហោ​ព្រះ​បញ្ច​ក្សេត្រ​ ហើយ​ព្រះ​អង្គ​យា​ងទៅ​តាក់​តែង​ ព្រះ​ចេតិយ​ ព្រះ​ឧណ្ណា​លោម​ នោះ​ជា​ព្រះ​អារាម​តាំង​ចៅ​អធិការ​ បញ្ចុះ​សីមា​ រួច​ចាត់​ឲ្យ​មាន​រេហ៍​ពល​សម្រាប់​វត្ត​ ឲ្យ​នៅ​ថែ​រក្សា​ហើយ​ ព្រះ​អង្គ​ត្រឡប់​មក​ ព្រះ​បរម​រាជ​វាំង​វិញ​។​