ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី5.ឧសភា 2018.ម៉ោង 7:13
ផែនដី ព្រះស្ដេចកន (ត) លេខ ១៨
មានព្យុះខ្យល់ រលកបោកខ្លាំង ទូកលង់លិចទាំងត្រាសម្រាប់រាជ្យនោះ បាត់ទៅក្នុងព្រះធរណី បាតទន្លេនៅទីនោះ ក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទាសមកតតែមួយសំយុងទៅត្រង់កន្លែងដែលលង់ត្រានោះ ក៏ពុំដល់ នឹងរកមនុស្សឲ្យមុជតាមទៅ មនុស្សផងឃើញជ្រៅណាស់ ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាច ខុសនឹងព្រះស្ដេចកន ក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់មរណៈទាំង ៣ នាក់នោះទៅ "ព្រោះហេតុនោះ បានជាទីនោះ ហៅអន្លង់ត្រារាជ្យ យារៗមកហៅថា តំបន់អន្លង់រាជ្យ" ទ្រង់ស្រូតព្រះទីនាំងចក្រពត្តិសារាយអណ្ដែតប្រជួសតាមទៅដល់កៀនតាឆឹង។ ឯសម្ដេចព្រះស្រីជេដ្ឋា ទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះ នាំទាហានរួមចិត្តមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះ ហែលឆ្លងទឹក តម្រង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ត ២០នាក់នោះ ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
នេះនឹងនិយាយ អំពីសម្ដេចចៅហ្វាកៅ ដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ ៣ថ្ងៃ យល់សប្ដិឃើញ ខ្យល់កំបុត្រត្បូង កួចទង់ជ័យសម្ដេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះព្រឹកភ្ញាក់ឡើង ភ័យណាស់ និយាយប្រាប់និមិត្តនោះឲ្យសម្ដេចចៅពញាហែង ជាបិតាក្មេក សម្ដេចព្រះស្រីជេដ្ឋាស្ដាប់ហើយ ហៅហោរាមកប្រាប់ហេតុឲ្យទាយ។ ហោរាពិនិត្យទៅឃើញថា : យល់សប្ដិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះទំនាយថា ទ័ពលួងបរាជ័យហើយ ត្រង់ដែលថាឃើញខ្យល់កំបុតត្បូង កួចនាំទៅកណ្ដាលអាកាសនោះថាជាបុណ្យបារមីនៅមាន មានទេវតានាំឲ្យរួចពីចំណោម ត្រង់ដែលភ្លើងធ្លាក់ទឹក នៅកំពង់ចាមនោះថាលួង នឹង រួចដល់ទីនោះ។ សម្ដេចចៅហ្វាកៅ ឮ ហើយភ័យណាស់ក៏ឲ្យសម្ដេចចៅពញាហែង នៅចាំរក្សាបន្ទាយ ហើយផ្ដាំថា ឲ្យខិតខំកេណ្ឌរេហ៍ពល ទុកបម្រុងឲ្យបានច្រើន។ ឯខ្លួនសម្ដេចចៅហ្វាកៅ នាំខ្មាន់ធ្នូ និង ទាហានកាំភ្លើងតូច ១០០០ នាក់ និងព្រះទីនាំងគជេន្ទ្រយុទ្ធ ទៅបោះទ័ពចាំ នៅដូនម៉ៅជាត្រើយទន្លេខាងកើត។
លុះឃើញសម្ដេចព្រះស្រីជេដ្ឋា គង់សេះនាំទាហាន ហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅ ចៅហ្វាកៅ ក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីជេដ្ឋា និង ទាហានរួមមិត្ត ២០នាក់នោះ ដល់ទៅលើមាត់ច្រាំង ល្មមព្រះទីនាំងចក្រពត្តិនោះ ត្រឡប់មកដល់សម្ដេចចៅហ្វាកៅ ឲ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឲ្យព្រះភគិនេយ្យោយសរាជា ឡើងតាមមកបាន។ ព្រះយសរាជា ក៏ត្រឡប់ព្រះទីនាំង មករកទ័ពទូក ដែលតាមទៅជាក្រោយវិញ។ លុះជួបហើយស្ដេចឲ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះ មានខ្យល់ព្យុះខ្លាំងណាស់ ស្ដេចត្រាស់ឲ្យយកអាវុធសឹកទុកសិន ហើយចូលទូកចម្បាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឲ្យសាងវត្តមួយនៅទីនោះទុកជា ព្រះកេរ្តិ៍ ហេតុនោះហើយ បានជាប់ឈ្មោះហៅថា វត្តព្រែកលួងរៀងមកដល់បច្ចុប្បន្នសព្វថ្ងៃនេះ។
ឯសម្ដេចចៅហ្វាកៅ កាលបានទទួលសម្ដេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ ក៏អញ្ជើញស្ដេចផ្ទំ សម្រាកកំលាំង នៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខ្លាំងណាស់ នឹងទ្រាំពុំបាន ទើបសម្ដេចព្រះស្រីជេដ្ឋា ទ្រង់ផ្សងមិនឲ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមកដល់ឥឡូវនេះ។ លុះព្រឹកឡើង សម្ដេចចៅហ្វាកៅអញ្ជើញសម្ដេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំង ពិជ័យគជយុទ្ធ នាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតដល់ទៅភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះ ឈឺស្រុតនៅទីនោះទៅ។ ព្រះស្ដេចកនទ្រង់ធ្វើបុណ្យហើយ ឲ្យកប់ដំរីនោះនៅទីនោះ បានជាជាប់ហៅទួលខ្នប់ព្រះដំរីរៀងមក។
សម្ដេចព្រះស្រីជេដ្ឋា ទ្រង់ពិនិត្យពីព្រះទីនាំង ពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណាទ្រង់សង្ស័យនឹងបុណ្យបារមីព្រះអង្គ ជាពន់ពេក ទ្រង់នឹកថា : កាលខ្លួនអញមានបុណ្យ ត្រូវបានព្រះទីនាំងពីជ័យគជយុទ្ធនោះ គឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរ គឺថាកាលនោះ មានហ្មម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយ ដែលមានកំពស់១០ហត្ថ។ ថ្វាយរួចហើយ ហ្មផៃនោះ ត្រឡប់ទៅវិញបាត់ ពុំដឹងជានៅស្រុកណា ភូមិណាទេ ឲ្យរកខ្លួន នឹង ឲ្យ រង្វាន់ពេញចិត្ត ក៏រកខ្លួនពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញលើកទ័ពដេញព្រះស្រីសុគន្ធបទ ដល់ទៅក្បាលកោះសូទិន ទាំងយប់នោះ ក៏មានឈ្មោះ ចៅឥន្ទ យកសេះនោះមកថ្វាយ ដែលមានកំពស់ ១០ហត្ថ ៤ធ្នាប់ មានកំលាំងហែលទឹក សន្ធឹកដូចរន្ទះ គឺហែលក្នុងថ្ងៃបាន ១០០០ សិន លឿនលើសប្លែកនឹងសេះទាំងពួង។ លុះព្រឹកឡើង រកចៅឥន្ទ ដែលថ្វាយសេះនោះ នឹង ឲ្យរង្វាន់ក៏រកពុំឃើញ។ ព្រះទីនាំងទាំងពីរនេះ ដូចជាទេវតានិម្មិតថ្វាយឥឡូវវិនាសអស់ទាំងពីរទៅហើយ ដូច្នេះឃើញថា បុណ្យបារមីអញ មិនយឺនយូរ ប៉ុន្មានឡើយ។ គិតហើយ ស្ដេចកន ក៏ទ្រង់ព្រះកន្សែងសោកជារ៉ាំរ៉ៃ ក្រៃពេកណាស់។
សម្ដេចចៅហ្វាកៅ យល់សម្ដេចព្រះស្រីជេដ្ឋា ជាក្មួយយំសោកស្ដាយព្រះទីនាំងខ្លាំងពេកដូច្នោះក៏គិតថា : បើអញមិនក្លែងនិយាយ ឲ្យមានតំរេកទេ ឃើញថាសម្ដេចព្រះស្រីជេដ្ឋា នឹង ដល់អស់ព្រះជន្មក្នុងគ្រានេះមិនខាន។ គិតហើយ ចៅហ្វាកៅក៏ក្រាបទូលថា : សូមទ្រង់កំសាន្តព្រះរាជហឫទ័យខ្លះទៅ កុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេក ព្រះទីនាំងនោះ វាស្រុតស្នងព្រះអង្គ ដែលទ្រង់មានព្រះគ្រោះជាទំងន់នោះ។ ឯបុណ្យបារមី ព្រះអង្គនៅមានទៅមុខជាច្រើន ពីព្រោះថា ក្រោយព្រះអង្គលើកទ័ពទៅធ្វើសង្គ្រាម នឹង ព្រះចន្ទរាជានោះ ចៅហ្វាយស្រុកជើងបាក់ដែង នាំដំរី ២ សេះ២ មកចាំក្រាបទូលថ្វាយ ទំហំនិងកំពស់ប្រហែលៗគ្នា នឹងព្រះទីនាំងមុននេះ ហេតុនេះទ្រង់នឹងព្រួយព្រះទ័យស្ដាយអ្វី សេះ ១ ដំរី ១ នោះ។ វាបាត់ទៅតែពីរ យើងបានដល់ទៅបួនឡើងវិញហើយ។
សម្ដេចព្រះស្រីជេដ្ឋា ទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រឺក្នុងព្រះរាជហឫទ័យណាស់ ទ្រង់តម្រង់ព្រះស្មារតីបាន ទ្រង់ក៏ត្រាស់ នឹង សម្ដេចចៅហ្វាថា : យើងនឹងទៅក្រុងស្រឡប់ពិជ័យព្រៃនគរ ឬនឹងទៅក្រុងស្រីសឈរ។ ដ្បិតក្នុងក្រុងស្រីសឈរនោះ យើងមានគ្រប់គ្រួនៅទីនោះច្រើន។
ទើបសម្ដេចចៅហ្វាកៅ ទូលថា : យើងធ្វើការសង្គ្រាមមានជ័យច្រើនដង យើងបានជាស្ដេច ជាចៅហ្វានេះ តាំងពីនៅតតាំងច្បាំងគ្នា នៅស្រីសឈរ ដូច្នេះគួរយើងយកក្រុងស្រីសឈរនោះជាដើមទីយើងត្រូវបញ្ជូនគ្រប់គ្រួ ទៅទុកក្នុងស្រឡប់ពិជ័យព្រៃនគរ យកស្រុកស្រីសឈរជាទីចំបាំង។ បើពុំឈ្នះនៅទីនោះទេ សុំយើងទៅតាំងតនៅក្រុងស្រឡប់ពិជ័យព្រៃនគរម្ដងទៀត ឲ្យបានពីរគ្រា។
សម្ដេចព្រះស្រីជេដ្ឋា ទ្រង់ជ្រាបហើយ ទ្រង់យល់ព្រមហើយ ក៏នាំគ្នាទៅដល់ក្រុងស្រីសឈរ ហើយឲ្យសម្ដេចចៅហ្វាកៅ នាំគ្រប់គ្រួទៅក្រុងពិជ័យព្រៃនគរ ហើយត្រាស់ផ្ដាំនឹងសម្ដេចចៅហ្វាកៅថា : ឲ្យកេណ្ឌរេហ៍ពល ឲ្យបានជាច្រើននៅរក្សាបន្ទាយនោះ។ សម្ដេចចៅហ្វាកៅ ក៏ទទួលធ្វើតាមព្រះរាជបញ្ជាការ។
ឯសម្ដេចព្រះភាគិនេយ្យោយសរាជា កែវនាយក ព្រះអង្គចាំបាត់ ពុំឃើញទ័ពជើងគោកលើកមកព្រះអង្គក៏ឲ្យថយទ័ពទូកទៅភ្នំពេញវិញ ដើម្បី នឹង ស្ដាប់ព្រះរាជាសម្ដេចព្រះបិតុលា រាជាធិរាជ។
សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាម មកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមាករ ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ។ ទ្រង់ត្រាស់ចាត់កងទ័ព ជាច្រើនកង :
- ១. ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ជាមេទ័ពមុខ កាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ២. ឲ្យឧកញ៉ាមនោមេត្រី កាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ៣. ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេង កាន់ពល ១០០០០ នាក់។
- ៤. ចៅពញាមន្ត្រីភ័ក្ដី ជាមេកងទ័ពក្រោយ។
ទាំង ៤កងឃុំពល ៥០០០០ នាក់ លើកជាទ័ពជើងគោកទៅខែត្រកំពង់សៀម ឆ្លងទៅមាត់ឃ្មុង និង ភ្នំពានជាំង ស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាហែងជាឪពុកក្មេកព្រះស្ដេចកន លើកទៅជួយព្រះស្ដេចកនបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត :
- ១. ឧកញ៉ាចក្រី "ទេព" កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ២. ឧកញ៉ាយមរាជ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ៣. ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ៤. ព្រះអង្គឯង ទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
- ៥. ឧកញ៉ាមហាមន្ត្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ហើយ ទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។
ព.ស. ២០៦៨ , គ.ស. ១៥២៤, ម.ស. ១៤៤៦, ច.ស. ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធ នូវគ្រឿងកកុធភណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូ បុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រែស័ង្ខ ក្រុមសុរិយាតូរ្យតន្ត្រីវាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ ព្រះរាជយានព្រមដោយនូវស្វេតច្ឆ័ត្រ ៩ជាន់ និង ចាមរបៃមន សែនត្វាន់ ទង់ឆ័ត្រ លឿង ខៀវ ស ព្រាត ប្រុះឆ្លុះសែងព្រះសុរិយា ស្ដេចយាងទៅគង់ព្រះទីនាំងចក្រពត្តិសារាយអណ្ដែត។ ឯអស់មន្ត្រីសេនារេហ៍ពល សឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខ នៅពីខាងក្រោយ តាមអណ្ដាប់អណ្ដោយ លើកចេញទៅប្រថាប់ទ័ព នៅព្រះប្រសប់ ឈប់ចាំស្ដាប់សូរស័ព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានលើកទៅជួយខាងនោះ។
សេចក្ដីនេះ ឈប់ស្លេះតែប៉ុណ្ណេះ នឹង តាំងនិយាយអំពី ព្រះស្ដេចកន កាលតាំងខ្លួនសោយរាជ្យជាសម្ដេចព្រះស្រីជេដ្ឋា ក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតំរិះថា : គួរគិតរកជ័យភូមិ សាងនគរថ្មី ដ្បិតផ្លាស់វង្សថ្មី។ ទ្រង់ព្រះតំរិះម៉្លោះហើយ ក៏លើកពួករាជសេវកាមហាយោធា តាមមាគ៌ារង្គាត់គន់រកទីជ័យភូមិ ពុំត្រូវព្រះរាជហឫទ័យក្នុងខេត្តស្រីសឈរសោះ។ ស្ដេចទៅឯខេត្តព្រៃវែង ក៏ពុំត្រូវព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ទៅស្ទឹងពាមមេត្រេក ខេត្តបាភ្នំ ទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឲ្យតាំងបន្ទាយវាំងនៅទីនោះ បានជាជាប់ឈ្មោះហៅទីកន្លែង បឹងកំពង់ចៅហ្វា១ កំពង់យមរាជ១ កំពង់ក្រឡាហោម១ កំពង់ចក្រី១ នៅទីនោះ ឯអ្នកស្រុក អំពីស្រុកកណ្ដោលជ្រុំ១ ជើងបាក់ដែង១ រោងដំរី១ ព្រៃនគរ១ គ្រប់ទិស តែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្ណាការ ច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះ ទីភូមិនោះជាមេត្រេកវិញ។ ទ្រង់សាងព្រះនគរបាន ៨ខែ ពុំទាន់ស្រេច ស្ដេចទ្រង់ព្រះតំរិះយល់ជាថ្មីថា : តាំងព្រះនគរនេះ ជិតនៅដែនយួនណាស់ បើយួនលើកមក នឹងពិបាកកេណ្ឌពល តច្បាំងឲ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រមសេនាបតីហើយ ព្រមរាជសេវកាមាត្យា មុខមន្ត្រីព្រះស្នំក្រមការសេនាយោធា ទៅរកទីជ័យភូមិក្នុងខេត្តត្បូងឃ្មុំ។
លុះដល់ទៅទីមួយអន្លើ វាយគងហៅគ្នាវាស់នាទីជីកដី ជាស្នាមភ្លោះ កបន្ទាយតែ ៥ សិនបួនជ្រុង។ នោះមានខ្លះមិនពេញចិត្តថា ដ្បិតតូចខ្លះថា ទីនេះមិនមានជ័យភូមិល្អទេ តែវាយគងហៅប្រជុំគ្នាកាលណា ស្ដីដោយគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះ អ្នកនោះយ៉ាងនោះ កើតជំលោះឈ្លោះដោយគ្នាវឹកវរ។ លុះមានរាស្ត្រទៅនៅ ជាប់ឈ្មោះហៅ ភូមិអាដោលគងជ័យបន្ទាយវរតាមហេតុ ដែលជេរដោលគ្នា និង វាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថា : ត្រូវរកទីកន្លែងមួយទៀត ឲ្យជីកដីធ្វើបន្ទាយ ៤សិនបួនជ្រុង តែមិនទាន់ហើយទេ ទ្រង់ឲ្យឈ្មោះហៅ បន្ទាយស្រឡប់ពិជ័យនគរធ្វើជិត នឹង រួចហើយ ពិគ្រោះទៅយល់ថា តូចទាបណាស់ មិនសមជាក្រុងធំ មិនល្មម នឹង ពលប្រាំពីរប្រាំបីស្បែក នៅបានឡើយ ហើយទីនោះ ទឹកក៏ពុំសូវបរិបូណ៌ ឃើញមានទីខាងត្បូងនោះចំងាយប្រមាណប្រាំមួយប្រាំពីរសិន មានដីទំនាបជ្រាបមានទឹក មានទូលល្អ ជំនុះព្រម ទើបរើពិធីនោះ ទៅតាំងបន្ទាយទៅទីនោះ បណ្ដោយ ២៥ សិន ទទឹង ១៥ សិន កំពស់ ១៥ហត្ថ ជាបន្ទាយស្ដេចគង់។ ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតជាខាងលិច បន្ទាយស្ដេចគង់នោះ ចំងាយពីរសិន ជាបន្ទាយសម្រាប់ចំបាំង ទទឹងបួនសិន បណ្ដោយប្រាំមួយសិន បន្ទាយទាំងពីរនោះ កំពស់ខាងលើបីព្យាម កំរាស់ជើងទេរប្រាំមួយព្យាម កំពស់ម្ភៃហត្ថ ស្នាមភ្លោះ អមបន្ទាយ ដែលស្ដេចគង់នោះ ទទឹងពីរសិនជុំវិញ។ ស្នាមភ្លោះ បន្ទាយចម្បាំងនោះ ទទឹងមួយសិនបីជ្រុង គិតតែជ្រុងខាងជើង ត្បូង ឯក្នុងបន្ទាយស្ដេចគង់ទិសខាងលិច ទិសខាងកើតបន្ទាយចំបាំងនេះដាក់រោងដំរី រោងសេះ រោងព្រះរាជយាន ក្នុងបន្ទាយចំបាំងនោះ ឲ្យតាំងរោងទាហាន ២២ខ្នង និង វែងជុំវិញ ក្នុងបន្ទាយដែលស្ដេចគង់នោះ ឲ្យតាំងកំពែងកែវបី វាស់ជុំវិញហើយឲ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា ១ ដំណាក់ព្រះស្នំ២២ ក្នុងព្រះរាជមន្ទីរធំនោះមានក្រឡាព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច៧ ជាសម្រាប់តែងព្រះអង្គ ទ្រង់គ្រឿងតាមថ្ងៃទាំង ៧។ ប្រាសាទ ព្រះដំណាក់ទាំងប៉ុន្មាន សឹងតែឲ្យលាបម្រ័ក្សណ៍ជាតិហិង្គុល បិទមាសឆ្លុះឈ្លាស រន្ទាលច្រាលឆ្អៅ។ ទ្រង់ឲ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុងសម្រាប់ស្រង់ និង សម្រាប់ព្រះស្នំក្រមការងូតទឹក ខាងមុខកំផែងកែវនោះ។
ទ្រង់ឲ្យជីកស្រះធំមួយ ឲ្យចៅពញាវៀងជីកទិសខាងត្បូង ចៅពញាវាំង ជីកទិសខាងជើងចៅពញាស្រាលជីកទិសខាងកើត ចៅពញាលំពាំងជីកទិសខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាមបួនជ្រុង ហើយទ្រង់ត្រាស់បង្គាប់ ចៅពញាស្រាលគឺទីក្រឡាហោម ឲ្យចាប់ត្រីព្រួល រ៉ស់ ឆ្ដោ ទៅលែងក្នុងស្រះខាងក្នុងខាងក្រៅ តាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះ សម្បូណ៌ត្រី មិនឲ្យខ្ញុំរាជការអត់ឃ្លានហើយក្នុងព្រះរាជវាំងនោះទ្រង់ ឲ្យធ្វើថែវជុំវិញ និងរោង ផ្លូវដើរទៅមកមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឲ្យធ្វើបន្ទាយឆាក់ ទាំង ៨ ទិសសម្រាប់ចំបាំង ហើយឲ្យធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ ១៥ ខ្នង សម្រាប់ដាក់ស្រូវអង្ករ ត្រីងៀតត្រីឆ្អើរ និងភោជនាហារសម្រាប់ចែកចាយ សេនាទាហានរេហ៍ពល មិនឲ្យអត់ឃ្លាន។
សម្ដេចព្រះស្រីជេដ្ឋា អង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គបានព្រះនាង ផាលែង ជាកូនសម្ដេចពញាហែងលើកឡើងជាព្រះស្នំឯក។ ទ្រង់សព្វព្រះទ័យនឹងព្រះស្នំឯកណាស់។ ឲ្យតាំងប្អូនព្រះស្នំឯក ជាស្នងធ្នឹមព្រះនគរ។
ឯបន្ទាយនោះ មានទ្វារធំ ៤ ទ្វារតូចតាមជ្រុងបន្ទាយ ៤។ ទ្វារធំខាងកើតឲ្យឈ្មោះហៅថា ទ្វារចក្រ ឲ្យពញាឆ្លូករាជការនៅរក្សា ជាទ្វារសម្រាប់ ស្ដេចឡើងគង់ព្រះបញ្ជរទតទិសនានា។ ទ្វារធំខាងត្បូងឲ្យឈ្មោះហៅថា ទ្វារស្នងទ្រង់ ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃនៅថែរក្សាត្រួត្រា ហើយជាសម្រាប់ស្ដេច ចេញទតសេនាទាហាន សមថ្វីដៃ។ ទ្វារធំខាងលិច ឲ្យឈ្មោះហៅថា ទ្វាររោង ស្ដេចឲ្យពញារោងរាជភក្ដី នៅត្រួតត្រាសម្រាប់ស្ដេចចេញទតដំរី សេះ ព្រះរាជយាន។ ទ្វារធំខាងជើងឲ្យឈ្មោះហៅថា ទ្វារត្រាច់ ឲ្យពញាត្រាច់សារវន្ត នៅត្រួតត្រា សម្រាប់ស្ដេចនាំព្រះស្នំក្រមការ ចេញទៅប្រពាតព្រឹក្សាទាំងឡាយជាទីកំសាន្តព្រះរាជហឫទ័យ។
ក្នុងកំពែងព្រះវិហារ ស្ដេចសាងវត្ត សាងប្រាសាទមួយហើយយកមាសខ្មៅ សាងព្រះពុទ្ធរូបមួយព្រះអង្គ មានព្រះភ្នែន ១២ធ្នាប់ កំពស់ ២០ធ្នាប់តម្កល់ក្នុងប្រាសាទនោះ។ ទ្រង់តាំងនាមហៅព្រះអង្គខ្មៅ ទ្រង់តាំងនាមចៅអធិការវត្តនោះថា ព្រះអរិយញាណសាគរ អាប៉ោ ប្រគេនរេហ៍ពល ៥០០ នាក់ជាសម្រាប់វត្ត។ ទ្រង់តាំងនាមវត្តនោះហៅថា វត្តប្រាសាទ ខ្លះហៅថា វត្តខ្មៅ។
ឯអ្នកព្រះម្នាង ផាលែងនោះសាងព្រះអារាមមួយខាងជើងបន្ទាយពិជ័យព្រៃនគរ។ លុះសាងរួចហើយ នាងឲ្យជញ្ជូនសព្វទ្រព្យទាំងពួង ទៅគរថ្វាយព្រះស្រីរតនត្រ័យនៅទីនោះ បានជាជាប់ឈ្មោះមកហៅវត្តគរ សព្វថ្ងៃនេះ។ ឯក្រុងពិជ័យព្រៃនគរនោះ ទ្រង់ឲ្យសាងថ្នល់មួយ តម្រង់ទៅខេត្តរោងដំរី ដើម្បីជាសម្រាប់ព្រះអង្គ យាងទៅក្រសាលសមុទ្រ ថ្នល់មួយនៅវត្តព្រះធាតុ ដើម្បីសម្រាប់ស្ដេច ព្រះរាជដំណើរទៅថ្វាយបង្គំ គោរពព្រះបរមធាតុ ព្រះអរហន្តថេរ។
សេចក្ដីនេះ ស្លេះទុកត្រឹមនេះសិន នឹង អធិប្បាយអំពីវត្តព្រះធាតុនេះតទៅ។ កាលផែនដីព្រះបាទអរត្តពលពាសោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្ដេចចៅពញាអរជូន ឲ្យមកគ្រងស្រុកត្បូងឃ្មុំ ជាសាមលរាជធំ។ សន្តតិវង្សពញាអរ គ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះរាជត្រកូលនោះទៅ ដោយព្រះរាជជាន់ក្រោយៗ របស់សម្ដេចចៅពញាអរជូននោះអាឥតបុត្រ នឹង តវង្សនោះក្នុងផែនដីព្រះបាទធម្មាសោករាជ ព្រះអង្គចាត់ព្រះរាជនត្តាមួយព្រះនាមព្រះអង្គកែម ឲ្យមកគ្រងស្រុកត្បូងឃ្មុំ តាំងព្រះនាមជាសម្ដេចចៅពញាអរជូន ព្រះអង្គកែម មានទ្វារ៤ ចៅមឿង ៥ គឺ : មឿងទួលអង្គុញ ងារជាឧកញ៉ារិទ្ធីតេជោ ១ ចៅមឿងព្រៃជើកតួ ងារជាឧកញ៉ាក្រៃសរ សេនាចាប់ជូន១ ចៅមឿងជុំចែ ងារជាឧកញ៉ាមន្ត្រីស្នេហា ១ ចៅមឿងជ្រៃរហា ងារជាឧកញ៉ាចន្ទអន្សា១ ចៅមឿងថ្មគ្រែ ងារជាឧកញ៉ាគីរីពុទ្ធបាទ១។ មានទ្វារ៤ទ្វាររូង ងារជាឧកញ៉ាក្រៃសរសង្គ្រាមរូប ១ ទ្វាររៀលងារជាឧកញ៉ាក្រៃយោធារៀល១ ទ្វារលោ ងារជាឧកញ៉ាក្រៃអនុជិតទ្វាលោ១ ទ្វារកត់ងារជាឧកញ៉ារឿងរង្គ ទ្វារ កត់១។
សម័យថ្ងៃមួយនោះ បណ្ដាអ្នកស្រុកទាំងប៉ុន្មាន ក្រឡេកទៅឃើញព្រះអរហន្តហោះធ្យានលើអាកាស ធ្លាក់មកលិចទៅក្នុងដីបាត់ បែករស្មីជា ៧ពណ៌ ក៏នាំគ្នាឆោឡោជីកដីនោះទៅ ជ្រាបដល់សម្ដេចចៅពញាអរជូនអង្គកែម ព្រះអង្គក៏ទ្រង់សាទរ ចេញមកឃោសនាអស់ក្រមការ ឲ្យជួយជីកដីនោះទៅ ឃើញព្រះបរមសារីរិកធាតុ ហើយក៏ឆោឡោធ្វើសក្ការបូជា ធ្វើព្រះអារាម ធ្វើព្រះវិហារ សីមា ព្រះចេតីយ សុទ្ធសឹងតែពីថ្ម ល្អថ្លៃថ្លា បញ្ចុះព្រះបរមសារីរិកធាតុ រួចតាំងនាមចៅអធិការ វត្តនោះជា សម្ដេចព្រះសិរីធម្មធាតុតាំងនាមវត្តនោះហៅ វត្តព្រះធាតុ បានជាជាប់ហៅវត្តព្រះស្រី ព្រះធាតុរៀងមក។ ព្រះអង្គធ្វើបុណ្យឆ្លង៣ខែ និមន្តព្រះសង្ឃទេសនា តាំងពី ៥០ ជាតិ មកដល់ទសជាតិ ហើយសម្ដេចចៅពញាអរជូនអង្គកែម សព្វព្រះទ័យ នឹង រឿងព្រះមហោសថណាស់ទ្រង់ត្រាស់ឲ្យជីកជាអុងម៉ុង ១ តែអុងម៉ុងនោះតូច ទ្រង់សព្វព្រះទ័យ ទ្រង់ឲ្យជីកមួយទៀត ទំហំទទឹង១៤ ហត្ថ កំពស់១៥ហត្ថ ជម្រៅទទឹងចម្ងាយវែងឆ្ងាយទៅដល់មាត់សមុទ្រដែលនៅស្រុកយួន ជាតំណាងអុងម៉ុងព្រះមហោសថ បានជាអ្នកស្រុកហៅ អុងម៉ុង ព្រះមហោសថរៀងមក។
នេះនឹងនិយាយអំពីសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ផែនដីត្រើយខាងកើត ដែលទ្រង់មកចាត់ឲ្យសម្ដេចចៅហ្វាកៅ នាំគ្រប់គ្រួទៅហើយ ត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរ ទើបបានតែ ១០០០០ នាក់នោះ នាយគយខាងពាមផ្កាយម្រេច ១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ ១ ទាំង ៣ មេគយនេះ យល់កងទ័ពទាំង ៣ផ្លូវ លើកដល់ទៅហើយក៏ភិតភ័យ ឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា : យើ ពញាចន្ទរាជា អញស្មានថា បានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀម រក្សាតែផែនដីដោយខ្លួនឲ្យរាស្ត្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយកយោធាទាហាន តាមមកទៀត។ ខណៈនោះទ្រង់ត្រាស់បង្គាប់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួន បានតែ ១០០០០នាក់ ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួ លើកចោលបន្ទាយបាសាន។ លុះធ្វើដំណើរមកទ័ពព្រះស្រីជេដ្ឋា ក៏មកជួបប្រទះនឹងទ័ពចៅពញាសួគ៌ាលោក "សុខ" កូនពញាមឿង។ ទ័ពទាំងសងខាង ក៏បានច្បាំងគ្នា ពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រី "ទេព" កូនទី៣របស់ពញាមឿង និង ចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង បានដឹងថា : ព្រះស្ដេចកន និង មុខមន្ត្រីរេហ៍ពល រត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើង កំពុងច្បាំងគ្នាជាខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយ បានទាន់កំពុងច្បាំងគ្នា។ មេទ័ពទិសខាងលិចទាំងពីរកង ក៏ដេញពលឲ្យចូលជួយច្បាំង ប្រកាប់គ្នាយ៉ាងសាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធ និងចាប់ព្រះស្ដេចកនទៀត តែស្ដេចកន ខំបរពលវាយទំលាយ តែពុំរួចក៏ថយ កងទ័ព និង គ្រប់គ្រួ ចូលទៅនៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គ ជាក្មួយព្រះស្ដេចកន ឃុំពល ៥០០នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកន ជាប់ចំណោមហើយ នាំពល ៥០០ នាក់នោះ វាយជ្រែកចូលទៅ ក៏ពុំបានទើបស្នាព្រះអង្គជិះសេះ បរជាប្រញាប់ទៅជម្រាបសម្ដេចចៅហ្វាកៅ នៅបន្ទាយពិជ័យព្រៃនគរ តាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ្វាកៅ លុះបានដឹងហើយ ក៏និយាយ នឹង សម្ដេចចៅពញាហែង ជាបិតាក្មេកព្រះស្ដេចកន និងឧកញ៉ាចក្រីជាមា ព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ "ផាលង់" ជាប្អូនថ្លៃព្រះស្ដេចកន ថា : ឲ្យនៅត្រួតបន្ទាយឲ្យមាំមួន កុំឲ្យធ្វេសប្រហែស។ កាលមន្ត្រីទាំង ៣ នាយទទួលពា្យហើយសម្ដេចចៅហ្វាកៅ ក៏ឡើងជិះសេះនាំពល ៥០០០០ នាក់ លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិច កំពុងតែចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋា ព្រះស្ដេចកន នៅលើក្បាលបន្ទាយ ឃើញមានកងទ័ពជ្រែកចូលមក អរណាស់ ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន៣ថ្ងៃហើយក៏នៅតែចេញពុំរួច។
ឯសម្ដេចព្រះឧត្តមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពទៅដល់ភូមិស្វាយ ឫស្សីស្រុកហើយទ្រង់ជ្រាបថា : មេទ័ពទាំង ៣ ចោមបន្ទាយព្រះស្ដេចកន ៣ថ្ងៃហើយពុំបែក ចាប់ខ្លួនពុំបាន ពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយ ទ្រង់ចាត់ឧកញ៉ាមហាមន្ត្រីឲ្យឃុំពល ១០០០០ នាក់ ឲ្យលើកទ័ពទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា : បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬ លើករត់ចេញពីបន្ទាយមក ឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវា ចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ត ឲ្យឃុំពលកាំភ្លើងតូច ២៥០នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះក្នុងផ្លូវរំលោងហើយ ទ្រង់ផ្ដាំថា : ឲ្យព្រួតគ្នាបាញ់ កុំឲ្យខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាមហាទេព ឲ្យឃុំពល ៤០០នាក់ ទៅពួនចាំនៅលើភ្នំពានជាំងថា បើឃើញទ័ពខ្មាំងមកដល់ឲ្យព្រួតគ្នាបាញ់នឹងកាំភ្លើងធំ នឹងព្រួតប្រមៀលដុំថ្ម ទម្លាក់ឲ្យត្រូវពួកខ្មាំង ចាប់ខ្មាំងឲ្យបាន។ មេកង ទាំងបី ក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ឯចៅពញាតេជោ មេទ័ពខាងលិច យល់ទ័ពខ្មាំងវាយផ្ទប់ទាំងពីរខាង នឹង ទ្រាំខាងមុខវាមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកន យល់ឃើញដូច្នេះហើយក៏នាំពលចេញពីបន្ទាយទៅ ទំលាយទ័ពដែលព័ទ្ធចេញបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកង ក៏ដេញពលសត្រូវ ចាក់កាប់ស្លាប់ពលខ្មាំងជាង ១០០០០ ប្លាយនាក់។ ព្រះស្ដេចកន និងចៅហ្វាកៅ ខំបរពលស្រូតរូត ឆ្លងទន្លេតូច ទៅតាមផ្លូវមេសព្រះចន្ទ កាត់តម្រង់ទៅក្រុងពិជ័យព្រៃនគរ។
ពេលនោះសម្ដេចចៅពញាបែន មេទ័ពខាងលិច លើកទៅប្រទះនឹងទ័ពខាងកើត ដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់ពលខ្មាំងស្លាប់ជាច្រើន ហើយសម្ដេចពញាបែន ជិះសេះរាំដាវ ខ បរដេញទៅទាន់ សម្ដេចចៅហ្វាកៅ។ សម្ដេចចៅហ្វាកៅ ឲ្យព្រះស្ដេចកនបរសេះរត់ទៅមុនឯខ្លួនចៅហ្វាកៅ បែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់សម្ដេចចៅពញាបែន ក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ្វាកៅយល់បានការហើយក៏ពួយនឹងលំពែងទៅត្រូវសម្ដេច ចៅពញាបែន ធ្លាក់ពីលើសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកង លើកទៅដល់ក៏បរពលឲ្យចូលច្បាំង។ នោះសម្ដេចចៅហ្វាកៅ ឃើញទ័ពខាងលិចច្រើនលប់កម្លាំង ក៏បរសេះរត់ទៅតាមព្រះស្ដេចកន។ ព្រះស្ដេចកន កំពុងរត់ក្នុងផ្លូវរំលោងលុះឃើញសម្ដេចចៅហ្វាកៅ មកដល់ហើយ ក៏នាំស្រូតទៅ។ មួយរំពេចនោះ ឧកញ៉ាមហាមន្ត្រីយល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទម្លាយទៅ ក៏ពុំរួច នឹងងាកឆ្វេងស្ដាំ ក៏ពុំបាន ព្រោះទើសនឹងច្រាំងខ្ពស់ណាស់ នឹងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញប្រផាប់ជាប់មកដែរ។ ឃុនលួងព្រះស្ដេចកន ភ័យណាស់ទើបប្រឹក្សានឹងសម្ដេចចៅហ្វាកៅថា: យើងម្ដងនេះ នឹងរត់ទៅខាងណា ក៏ពុំបាន ព្រោះសងខាងមានច្រាំងខាន់ ខាងមុខមានទ័ពគេបោះស្កាត់ ខាងក្រោយមានទ័ពគេដេញ នឹងជ្រែកទៅខាងណា ក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំបាន។ ថាតែម៉្លោះហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅ យល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថា បើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាចវាថ្វី។ ថាហើយ ចៅហ្វាកៅ ក៏បរសេះវាយទម្លាយចេញទៅ។ ឯព្រះសុទត្ត យល់ទ័ពខ្មាំងជាប់ចំណោមហើយ ក៏បរពលកាំភ្លើង ២៥០ នៅឈរបាញ់ពីលើមាត់ច្រាំងទៅ ត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ស្រែកប្រកាសថា : បើយើងមិនខំប្រឹង គង់តែស្លាប់នឹងគ្រាប់កាំភ្លើងគេអស់មិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេ យើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់ យើងក៏បានរួចទៅបន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮហើយ ក៏ចូលចិត្តពួតដៃគ្នា ចូលវាយទម្លាយទ័ពមុខត្រាតែរួចចេញមក សល់នៅតែមនុស្ស ៥០០០ នាក់ ក្រៅពីនោះស្លាប់អស់។ ទ័ពទាំងនោះ ក៏ខំស្រូតរូត រត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំង អស់កំលាំងណាស់ ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេព យល់ហើយ ក៏ឲ្យប្រមៀលថ្ម បាញ់នឹងកាំភ្លើង ធ្នូ ស្នា ត្រូវពួកពលព្រះស្ដេចកន ស្លាប់ជាច្រើនទៀត។