ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី31.មីនា 2018.ម៉ោង 7:20
ផែនដី ព្រះស្ដេចកន (ត) លេខ ១៥
ចំពោះមន្ត្រីក្នុងសេនាទាហាន ក្រៅពីនេះទៅទៀត ព្រះបាទសម្ដេចព្រះចន្ទរាជាទ្រង់តាំងឲ្យធ្វើជាចៅហ្វាយស្រុកខ្លះ ជាក្រុមព្រះតម្រួតខ្លះ ជាក្រុមវាំងខ្លះ ជានាយទាហានខ្លះ គ្រប់មន្ត្រីដែលមានគុណបំណាច់ ក្នុងការធ្វើចម្បាំង គ្មានខ្វះចន្លោះ អ្នកណាម្នាក់ឡើយ។
ទ្រង់រាប់រៀបសរសើរពីគុណបំណាច់ នៃចៅហ្វាយពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន ៤នាក់ក្នុងគ្រាដែលព្រះអង្គទ័លសម្បត្តិ ទាំងគ្មានពលសោះ ហើយរត់ទៅក្រុងទេព និង កាលទ័ពសត្រូវ ចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង (នូវ) ប្ដូរជីវិតស្លាប់ ទៅកេណ្ឌបិសាចយកមកជួយ ឲ្យឈ្នះសង្គ្រាមច្រើនគ្រានោះថា : ទ្រង់តាំងកូនពីរនាក់ ឲ្យធ្វើជាសួគ៌ាលោកមួយ សេនាសង្គ្រាមមួយ នោះឃើញថា ពុំទាន់ធួនល្មម នឹង កម្លាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព ទី៣ ជាសម្ដេចចៅពញាយោធានរិន្ទ តាំងចៅពញាសេនាសង្គ្រាម សុខ កូនទី ៤ ជាឧកញ៉ាសួគ៌ាលោក ឲ្យមានអាណាខេត្តឡើង (ខែត្រឡើង គឺ ខែត្រជាចំណុះ) គឺខែត្រក្រគរមួយ ក្រងមួយ ខ្លុងមួយ។
តមក ទ្រង់គិតដល់គុណបំណាច់ នៃពញាមនោមេត្រី គល់ ជាចៅមឿង ស្រុកបាត់ដំបង ដែលកាលសម្ដេចត្រឡប់ពីស្រុកសៀមមកដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី ៥ និង សេះ ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ ១០០០ រទេះ។ ទ្រង់មានបន្ទូលថា : ចៅមឿងនេះ មានសក្ដិស្មើ នឹង សក្ដិ ៦ ហ៊ូពាន់ តែពញាមឿងមានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះទ្រង់លើកឡើងជា ចៅហ្វាយស្រុកធំ មានសក្ដិ ៩ ហ៊ូពាន់ ហើយឲ្យមានចៅមឿង ឡើងស្ដាប់បង្គាប់ ៥ ស្រុក គឺស្រុកមង្គលបូរី១ ទឹកជោរ១ បរត្បូង១ ពាមសីមា១ មោងឫស្សី១ ស្រុកខាងលើទាំង៥ នេះឲ្យឡើងស្ដាប់បង្គាប់នៃចៅមនោមេត្រី ទាំងអស់។
សេចក្ដីសារស័ព្ទ អំពីព្រះកិត្តិយស ពីរោះខ្ពស់ប្រសើរនោះ ផ្សាយចេញទៅដល់ខេត្តនានាថា : ទ្រង់ពុំដែលបកសក្ដិខ្ញុំរាជការ នេះមួយ ថាទ្រង់ពុំអួតអាងថាមានថ្វីដៃនេះមួយ ថាបើអ្នកមានប្រាជ្ញា ស្មារតី មានវោហារ ចេះអធិប្បាយធម៌អាថ៌ នេះមួយ អ្នកប្រាជ្ញរាជបណ្ឌិតដែលចេះដឹងគម្ពីរបាលី ក្បួនតម្រានេះមួយ ទ្រង់ឲ្យស៊ើបរកយកខ្លួន មកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញា ស្មារតីរបស់ខ្លួនទាំងអស់។ ម៉្លោះហើយ អ្នកប្រាជ្ញរាជបណ្ឌិត អ្នកចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យព្រះបារមី នៃព្រះអង្គច្រើនក្រៃពេក។
ក្នុងថ្ងៃមួយនោះ ព្រះបាទសម្ដេច ព្រះចន្ទរាជា ទ្រង់ព្រះតម្រិះថា "តាំងពីយើងបានមកនៅក្នុងខែត្រអម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗ ក៏បានសម្រេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រ ក៏មិត្តមូលចូលមកយកយើងជាទីពុំនាក់ សម្បូរទាំងមនុស្សទាំងសម្បត្តិជាស្ថាននាំឲ្យបានរបស់ចម្លែកអស្ចារ្យ ទាំងសេនាទាហាន ក៏មានបរិបូណ៍"។ លុះទ្រង់ព្រះតម្រិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគីរិន្ទបូរ អម្រិន្ទបូរនោះ ឲ្យឈ្មោះជា "ខែត្របរិបូណ៍" វិញ តាំងពីថ្ងៃនោះរៀងមក។
ក្នុងពេលដែលទ្រង់កំពុងតែតែងតាំង នាម៉ឺនមុខមន្ត្រីនោះ ថ្ងៃរះភ្លឺច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមានឥន្ទធនូ ៧ ពណ៌ ចុះពាសពេញទាំងអាកាស ទាល់តែព្រះអង្គទ្រង់តាំងមន្ត្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់បាត់ទៅវិញ។ ខណៈនោះព្រះបរមបពិត្រ និង សេនាបតី មន្ត្រីធំតូច ខ្ញុំព្រះរាជការ សង្ស័យណាស់ក៏ទ្រង់ត្រាស់សួរហោរា សុំឲ្យទំនាយថ្វាយ។ ហោរាពិនិត្យយល់ឃើញស្រេច ទើបថ្វាយព្យាការណ៍ថា :
សូមទ្រង់ព្រះមេត្តាប្រោស! អព្ភូតហេតុដ៏អស្ចារ្យនេះ ប្រាប់ឲ្យដឹងថា ព្រះអង្គ នឹង មានបុណ្យបារមីជាឱកាសព្រះនគរ ទាំងព្រះខ័នជ័យ និង ទេវរូប ក៏នឹងបានមកជារបស់សម្រាប់ផែនដីវិញមិនខាន។
ព្រះបរមបពិត្រ ទ្រង់ត្រាស់សួរបញ្ជាក់ហោរាថែមទៀតថា : ហេតុអ្វី បានហោរាទាយដូច្នេះ ? តើឃើញហេតុដូចម្ដេចខ្លះ ?
ហោរាក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេតមើលក្នុងហោរាសាស្ត្រទៅ ឃើញមានហេតុ ៧ ប្រការគឺ:
- ប្រការ ១: កាលព្រះអង្គចាប់បដិសន្ធិនោះ សម្ដេចព្រះកន្លោង (សម្ដេចព្រះមាតា) ទ្រង់ព្រះសុបិនឃើញចន្ទគ្រាស ក្នុងថ្ងៃពេញបូណ៌មី។
- ប្រការ ២: ដល់ព្រះអង្គប្រសូត្រមកទៀតនោះ ក៏ប្រសូតក្នុងពេញបូណ៌មី ថ្ងៃនោះក៏មានចន្ទគ្រាសទៀត។
- ប្រការ ៣: ទ្រង់មានព្រះនាមទៀត ក៏ហៅថា ព្រះចន្ទ។
- ប្រការ ៤: កាលសម្ដេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិននិមិត្តឃើញថា ព្រះវររាជបិតានៃទ្រង់ មកហៅព្រះអង្គទៅ កុំឲ្យព្រះអង្គនៅតស៊ូ នឹង នាគ។ ថានាគនេះ លុះតែព្រះចន្ទពីទិសខាងលិចមក ក្នុងថ្ងៃណា ទើបវានោះនឹងរលាយបាត់បង់ទៅវិញ។ ឥឡូវនេះ ព្រះអង្គក៏ស្ដេចមកពីប្រទេសសៀម ជានគរនៅទិសខាងលិចនៃនគរកម្ពុជានេះ គឺត្រូវ នឹង សុបិននិមិត្តនោះមែន។
- ប្រការ ៥: ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទនេះ ជានិមិត្តរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ត្រ។
- ប្រការ ៦: ឥឡូវនេះ ឃើញថា តាំងពីព្រះស្ដេចចូលមកជាន់ផែនដី ក្រុងកម្ពុជាថ្ងៃណាអាណាប្រជានុរាស្ត្រ ក៏ក្សេមក្សាន្តក្នុងចិត្តណាស់។
- ប្រការ ៧: ព្រះនគរនេះ សម្ដេចអម្រិន្ទ្រាធិរាជ ទ្រង់បានឧបត្ថម្ភជួយទំនុកបម្រុង ឲ្យកើតជាមហានគរមក។ ដល់ទ្រង់ព្រះករុណាពិសេស បានគ្រប់គ្រងនគរ ទំនុកបម្រុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទិ្ធ ទាំងតែងតាំងមន្ត្រីខ្ញុំរាជការ ក៏ត្រឹមត្រូវតាមដំណើរនៃអ្នកមានគុណបំណាច់។ ហេតុនេះហើយ ទើបសម្ដេច អម្រិន្ទ្រាធិរាជ ទ្រង់បណ្ដាលជាឥន្ទធនូ ៧ ពណ៌ ពាសពេញទាំងអាកាស ក្នុងវេលាដែលទ្រង់តាំងមន្ត្រីនោះ។ បានសេចក្ដីថា ព្រះឥន្ទ្រាធិរាជ ទ្រង់ប្រទានសព្ទសាធុការពរ ថ្វាយព្រះអង្គឲ្យបានជាកំពូលភព ជាម្លប់កម្ពុជានេះហើយ កុំឲ្យរាស្ត្រស្ដាប់មនុស្សក្រៅពីព្រះរាជត្រកូលឡើយ។
ព្រះបាទសម្ដេចព្រះចន្ទរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះ មានលក្ខណៈ មានគោលចារឹកគ្រប់គ្រាន់ ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់។ ទ្រង់បានចំណាយព្រះរាជទ្រព្យប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជ្យទ្រព្យដល់កងទ័ព ដែលកាប់ឈើធ្វើព្រះវិហារនៅជំរំដែលធ្វើរោងរាជពិធី នៅមាត់ស្ទឹងនោះ។
លុះថ្ងៃក្រោយមក សម្ដេចព្រះបរមបពិត្រ ទ្រង់ជ្រាបថា "ទឹកស្ទឹងនេះ រីងហួតអស់" ទ្រង់សង្ស័យក្នុងព្រះហឫទ័យណាស់ ទើបស្ដេចឡើងគង់លើព្រះរាជទីនាំងអស្សតរព្រមទាំងពួកនិករចេញទៅទតដល់ក្បាលស្ទឹង។ ទ្រង់ឃើញ ទឹកស្ទឹងនោះ ហូរច្រោះដីរូងហូរទៅទិសខាងជើង មានឈើ មានថ្មរលើងរលំ ត្រង់មាត់ស្ទឹងខាងត្បូង។ ទើបទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាធិបតី សម ក្រុមព្រះសុរិយោដីឲ្យប្រមូលរាស្ត្រ ឲ្យបួងសួងអ្នកតា ធ្វើពិធីលើកដីបិទផ្ទៃស្ទឹងនោះ មិនឲ្យហូរទៅទិសខាងជើង។ ទឹកនោះក៏ហូរតាមប្រឡាយ ដែលជីកថ្មី ហើយហូរចុះទៅស្ទឹងធំ ដូចដើមវិញ ហើយក៏ស្ដេចព្រះរាជដំណើរមកបន្ទាយវិញ។
ក្រោយពីនោះ មានស្រីពីរនាក់ មួយឈ្មោះឯម មួយទៀតឈ្មោះអាំ មានប្ដីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្ដី។ នាងឯម សាហាយ នឹង ចៅកៅ ចាក់ចៅលួសជាប្ដីស្លាប់។ នាងអាំ សាហាយ នឹង ចៅគាំកាប់ចៅសោមជាប្ដីស្លាប់។ ពេលនោះ ទីទំនប់ស្ទឹង ក៏ហូរធ្លាយចេញ ចុះទិសខាងជើងដូចជាមុនទៀត។ ចៅហ្វាយស្រុក ក្រមការ ខែត្របរិបូណ៌ចាប់បានអាចោរមេចោរ ទាំងប្រុសស្រី នាំខ្លួនយកទៅក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ត្រាស់ថា អញបិទទំនប់នេះ ព្រោះត្រូវការឲ្យទឹកហូរចេញ ចុះមកក្នុងស្ទឹង ដើម្បីឲ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែ យកស្រូវឲ្យបរិបូណ៌ ពុំគួរឡើយអាចោរមេចោរទាំងពីរ ៤ នាក់នេះទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ។ បើដូច្នោះត្រូវមានទោស ៣ ស្ថានគឺ:
- ១. ត្រូវថាវាទាំង២ នាក់លួចប្រពន្ធគេ
- ២. ត្រូវវាទាំង ៤ នាក់មានទោស ព្រោះបានសម្លាប់មនុស្សពីរនាក់
- ៣. វាទាំង ៤ នាក់ត្រូវមានទោស ថាបង្អត់បាយគេ ទូទៅទាំងខែត្រ។
ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និង ក្រុមព្រះសុរិយោដី ឲ្យយកអាចោរ មេចោរទាំង៤ នាក់នេះ ទៅដាក់ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរ ក៏ថ្វាយបង្គំលានាំមនុស្សចោរ ទាំង ៤នាក់នោះទៅធ្វើពលិការ បួងសួងអាកាសទេវតា អារក្ខទេវតា ហើយសម្រេចទោស អាមេទាំង ៤នាក់ រួចលើកដីលប់ទៅ។ បិសាចខ្មោច អា មេ ទាំង ៤នាក់ និង កូនក្នុងពោះពីរនាក់ ជា៦នាក់ ក៏នៅឃុំរក្សាទំនប់នោះ ទំបន់នោះក៏ជិតជាប់រៀងមកដល់ឥឡូវនេះ។ អស់បណ្ដាអ្នកស្រុក ធ្វើស្រែដោយហេតុទំនប់នេះចម្រើនផលស្រូវជាសព្វឆ្នាំ។ ទឹកស្ទឹងនេះហូរខ្លាំងមក ប្រែះដីនោះជ្រៅ ធំទូលាយ អាចឲ្យចេញចូលទូកបាន អ្នកឈ្មួញ ជួញលក់ ចេញចូល ទៅនៅរកស៊ីតាំងជាផ្ទះផ្សារជាច្រើន។ ហេតុនោះហើយបានជាហៅថា "ផ្សារបរិបូណ៌" តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹងនោះទ្រង់ត្រាស់ឲ្យកងទ័ព និង អ្នកស្រុកធ្វើស្រែ សឹងតែបានចម្រើនផលជាច្រើន សូមប្រកប នឹង មានខេត្តបរិបូណ៌ ដែលទ្រង់ប្រែឈ្មោះនោះ។
លុះមកដល់ឆ្នាំឆ្លូវ នពស័ក ព.ស ២០៦១ - គ.ស. ១៥១៧ ម.ស. ១៤៣៩ ច.ស. ៨៧៩ នោះព្រះបរមបពិត្រ ទ្រង់ត្រាស់ឲ្យរំសាយរេហ៍ពល ឲ្យធ្វើស្រែគ្រប់ខេត្ត ហើយត្រាស់ឲ្យធ្វើព្រះរាជបន្ទូល ព្រះរាជប្រកាស ឲ្យមន្ត្រីប្រើបម្រើឲ្យលបយកទៅបិទ គ្រប់ខេត្តត្រើយខាងលិច។
សេចក្ដីប្រកាសនោះថា បើខេត្តណា មានចិត្តសុចរិតស្មោះត្រង់ នឹង សម្ដេចព្រះឧបរាជដែលជាព្រះរាជត្រកូល ពុំចូល នឹង ពួកអាព្រះស្ដេច កនជាអ្នកងារពលព្រះ (1) ទេ ក៏ចូលទៅសារពិភ័ក្ដីតាំងពីឥឡូវនេះឲ្យហើយទៅ។ តែទុកឲ្យយូរទៅ ដរាបដល់បានរាបទាប ក្នុងព្រះនគរនោះ ព្រះអង្គ នឹង យកទោស ចាត់ទុកជាក្បត់ផែនដី ដូចពួកអាស្ដេច កន ជាប្រាកដ ពុំលែងឡើយ។
កាលនោះ ដោយហេតុតែបុណ្យបារមី របស់ស្ដេចចៅពញាចន្ទរាជាអស់បណ្ដារាស្ត្រទាសកម្មករគ្រប់ភាសាក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញា ស្នេហាមេត្រី នឹង ព្រះបរមបពិត្ររាល់រូបកាយពុំមានខាន។ បណ្ដារាស្ត្រទាសកម្មទាំងនោះ ក៏នាំគ្នាចូលមកថ្វាយបង្គំ សុំសារពិភ័ក្ដិច្រើនស្រុកច្រើនខេត្ត។
នេះនឹងនិយាយអំពីព្រះចៅ ក្រុងស្រឡប់ពិជ័យព្រៃនគរ ទិសខាងកើតវិញ។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នពស័កនោះ សម្ដេចព្រះស្រីជេដ្ឋា ស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតីមន្ត្រីតូចធំ ខ្ញុំព្រះរាជការហើយត្រាស់ថា : ចៅពញាចន្ទរាជា លើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនឡើងជាម្ចាស់ផែនដីទៀត ដូច្នេះ ឲ្យសេនាបតី ចេញសំបុត្រ កេណ្ឌរេហ៍ពលឲ្យមកគ្រប់ខេត្តថា កាលណាចេញព្រះវស្សា ព្រះអង្គ នឹង លើកទ័ពទៅយកខេត្តអម្រិន្ទបូរ ពោធិ៍សាត់វិញឲ្យបាន។
សេនាបតី ទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅ ចៅហ្វាយស្រុកចៅមឿង ចៅបាន ឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំ បានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់ឲ្យកាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ចាត់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ព នៅខេត្តសំរោងទង ឲ្យសម្ដេចចៅហ្វាកៅ ឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។
ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រ ទ្រង់ជ្រាបដោយបម្រើសេះ ពីខេត្តលង្វែកចូលទៅក្រាបបង្គំទូល សព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និង ឧកញ៉ាវង្សាអគ្គរាជ កែ ឲ្យឃុំរេហ៍ពល ២០០០០នាក់លើកចេញទៅ។ ព្រះបរមបពិត្រជាអម្ចាស់ ត្រាស់ឲ្យសម្ដេច ព្រះភាគិនេយ្យោ យសរាជា នៅចាំរក្សាបន្ទាយហើយ ព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០នាក់ លើកទៅតាំងនៅភូមិជ័យសួគ៌ នៅខែត្រលង្វែក រង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញកុនទ្រង់ នឹង លើកទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រី កែវឧកញ៉ាវង្សាអគ្គរាជ កែលើកទ័ពចូលច្បាំងតនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជ លើកទ័ពតនឹងចៅពញាលំពាំង ជាសេនាបតី មេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហាន រេហ៍ពលទាំងសងខាង ចូលប្រយុទ្ធគ្នា ដោយអាវុធវែងខ្លី ជាសន្ធឹក គឹកកង កោលាហល។
ពួកពលស្លុតស្លាប់ ទាំងសងខាង កងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលជាឧកញ៉ាចក្រីឲ្យ ឧកញ៉ានរិន្ទនាយក ព្រះរាជានុកូល ទៅបង្កប់ក្នុងព្រៃនោះ ចំនួនដំរីសឹក ១៤០ នាក់ វាងបាននៅពីក្រោយទ័ពសត្រូវ ហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបាន ក៏បែកទ័ពរត់ទៅ ហើយរត់ទៅនៅ ក្នុងបន្ទាយភ្នំពេញវិញ។
មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រ ទាំងពីរកងក៏លើករហូតទៅវាយ បានបន្ទាយខេត្តបាទីមួយ ខែត្រទ្រាំងមួយ ចាប់បានខ្លួនចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ។ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយ នាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រ ទ្រង់ចាត់ឲ្យទទួលទានទឹកព្រះពិភ័ទ្ទសច្ចា ហើយទ្រង់ព្រះមេត្តាប្រោសលើកលែងខ្លួន និង ឲ្យទៅនៅរក្សាស្រុកខែត្រដូចដើមវិញ។
ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុក ខេត្តទ្រាំង ក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឳម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្តនោះ។
ដល់រដូវទ្វារទសមាស អកអំបុកនោះ អស់មុខមន្ត្រី ខាងសម្ដេចចៅពញាចន្ទរាជាព្រះបរមបពិត្រអម្ចាស់ផែនដី ត្រើយខាងចតុមុខ ទៅធ្វើប្រាសាទគ្រឿងឈើ ប្រក់ស្បូវនៅកំពង់សែត ខេត្តលង្វែក។ លុះដល់សម្រេចហើយ ក៏អញ្ជើញស្ដេច ទៅប្រថាប់ទតប្រណាំងទូក និង លយកន្ទោងធំ ទូកប្រទីបថ្វាយទៅព្រះចង្កូមកែវ ដែលតម្កល់នៅពិភពនាគ និង អុជកាំជ្រួចរន្ទា ថ្វាយទៅចូឡាមណីចេតីយ ដែលតម្កល់ព្រះចង្កូមកែវនៅឋាន ត្រៃត្រឹង្ស ៣ថ្ងៃ។ ទ្រង់ប្រោសព្រះរាជទានឈ្មោះ ភូមិ ជ័យសូរ ដែលព្រះអង្គតាំងបន្ទាយនោះ ឲ្យហៅថា "ភូមិសូរវង្ស"។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា "កំពង់ប្រាសាទ"។ ហេតុនេះហើយ បានមានឈ្មោះហៅថា ភូមិសូរវង្ស, កំពង់ប្រាសាទ រៀងមក។
លុះរួចការបុណ្យទ្វារទសមាសហើយ សម្ដេចព្រះចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និង ឧកញ៉ាក្រឡាហោមគាំ ឲ្យឃុំពល ៣០០០០ នាក់ លើកទៅចោមបន្ទាយខេត្តភ្នំពេញ។ ឧកញ៉ាទាំង ៣នាយ ក៏ថ្វាយបង្គំលា ចេញទៅចាត់ចែងកងទ័ព ព្រមដោយគ្រឿងសាស្ត្រាវុធស្រេចហើយ ក៏លើកចេញទៅចោមវាយបន្ទាយនោះ តាមត្រាស់បង្គាប់។ ខណៈ នោះមេទ័ពខាងស្ដេចកន គឺ សម្ដេចចៅហ្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជមេត្រី ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដី ត្រើយខាងកើតចេញច្បាំង នឹង មេទ័ព នៃអម្ចាស់ត្រើយខាងលិច ជួនឈ្នះជួនចាញ់ ម្ដងម្នាក់ ជាច្រើនដង។ លុះដល់រដូវភ្លៀង រាស្ត្រអត់ឃ្លាន គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាង ឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។
លុះដល់មកឆ្នាំខាល ទោស័ក ព.ស. ២០៧៤, គ.ស. ១៥៣០, ម.ស. ១៤៥២, ច.ស. ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅ មន្ត្រីត្រើយខាងកើត (ខាងស្ដេចកន) ចេញកេណ្ឌមនុស្ស ចុះក្បួនទ័ពលើកច្បាំងគ្នា ដណ្ដើមយកខេត្តត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រាលុះផុតវេលា ក៏រាទ័ពឈប់ទាំងសងខាង។
កាលសង្គ្រាមជាន់នោះ ជ្រាបដល់ព្រះបរមបពិត្រ ជាអម្ចាស់ផែនដី ត្រើយខាងលិច ព្រះចន្ទរាជាទ្រង់យល់ថា។
សង្គ្រាមលើកក្រោយនេះ តាំងពីឆ្នាំ ឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើ ឃុនវិជិតតរង្គពៅ ឲ្យទៅប្រាប់ឧកញ៉ាចក្រី និង ឧកញ៉ាវង្សាអគ្គរាជ ថាឲ្យច្បាំងរត់ថយក្រោយ រហូតដល់ទៅជួបនិងទ័ពឧកញ៉ាក្រឡាហោម ថាឲ្យឧកញ៉ាក្រឡាហោម ក្លែងទង់ជ័យ ជារូបមនុស្ស ថាបើឃើញកងទ័ពសត្រូវបាក់រត់មក ឲ្យធ្វើជាភ្ញាក់ផ្អើល រត់ទៅជាមួយនឹងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ ត្រង់រហូតទៅដល់ ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅ ក៏ទៅប្រាប់មេទ័ពទាំង ៣កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបម្រើទៅនោះ ទ្រង់អនុញ្ញាតឲ្យ ឧកញ៉ាយមរាជព្រំ ជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខ ជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាម ជាប៉ែកឆ្វេង ឧកញ៉ាយោធាមហាសង្គ្រាមទេព ជាប៉ែកស្ដាំ ទៅឃុំពល ២០០០០នាក់ ទៅបង្កប់នៅក្នុងព្រៃមួយ ខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ព សត្រូវនៅបន្ទាយដេញកងទ័ពយើងទាំងបីកងទៅហើយនោះ ឲ្យដេញកងទ័ពយើង ឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាបរទេសរាជសូរ ឲ្យកេណ្ឌទូករាស្ត្រ ផ្សំនឹងទូកចម្បាំងរបស់ខ្លួន ទៅបោះនៅជ្រោយពន្លា។ ថាបើឃើញកងទ័ពសត្រូវលើកចេញមក ឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈទេព ជាកូនទី៣ របស់ពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញកងទ័ពសត្រូវ ដេញតាមឧកញ៉ាវិបុលរាជ និង ឧកញ៉ាប្រទេសរាជមក ឲ្យព័ទ្ធក្រោយពួតគ្នាច្បាំងយកជ័យជំនះឲ្យបាន។
មេទ័ព មេកង ទាំងជើងទឹក ជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅ ធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជលើកកងទ័ព ចូលចោមបន្ទាយភ្នំពេញ បានមួយស្របក់ក៏ថយទ័ពរត់ទៅ។ ចៅពញាតេជោ និង ចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយ នាំកងទ័ពរបស់ខ្លួន ២០០០នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួននោះដល់អូរផ្អរ ក៏ប្រទះឃើញទង់ជ័យទ័ពហ្លួងមួយកងទៀត បែកទ័ពរត់ទៅទៀតដូច្នេះ ទ័ពខាងស្ដេចកន ក៏កម្រើកចិត្តពន់ប្រមាណ។ លុះឃើញ ទង់រូបមករ មេទ័ពទាំងពីរនោះ ក៏សម្គាល់ថាជាទ័ពហ្លួង ចាញ់បែកទ័ពទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលក្ខណ៍ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះ ឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ពីក្រោយ ឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សម្លាប់ទ័ពសត្រូវ ដែលនៅជាកណ្ដាល សត្រូវក៏បែកទ័ពរត់ទៅ។ មេទ័ពខាងសម្ដេចព្រះចន្ទរាជា ចាប់បានចៅហ្វាយស្រុកទាំងពីរ និង ក្រុមសេនាទាហានទាំង ២៣នាក់ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះ ទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីឈ្លើយទាំងនោះ ទុកចាំជួបមេទ័ពគ្រប់កង។
ឯសម្ដេចចៅហ្វាកៅកាលក្រឡេកទៅ ឃើញកងទ័ពទូក បោះនៅជ្រោយចង្វារមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចទៅនោះ ប្រហែលជានឹងបានសម្រេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសម្រេចហើយ មុខតែចៅហ្វាយស្រុកទាំងពីរនោះ នឹង បានគុណគាប់ជាងអញហើយ។ ចៅហ្វាកៅ គិតទៀតថា : "ពីមុនអញអធ្យាស្រ័យឲ្យម្ដងពុំទាន់បានកែខ្លួន, គ្រាម្ដងនេះ ចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀត នោះឃើញថា មិនស្រួលដល់អញជាខ្លាំង"។ សម្ដេចចៅហ្វាកៅ គិតឃើញដូច្នេះហើយទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយឯខ្លួនចៅហ្វាឯង ដេញកងទ័ពឲ្យចុះទូកចម្បាំង ប្រមាណ ៦០ ទៅច្បាំងត នឹង ឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជ ដែលចតទូកនៅជ្រោយចង្វារ។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និង ឧកញ៉ាបរទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមក ឧកញ៉ាទាំងពីរនាក់ ក៏ឲ្យពលថយទូក រត់ទៅដល់ព្រែកព្នៅ។ សម្ដេចចៅហ្វាកៅ ឃើញដូច្នេះក៏ឲ្យចែវទូកដេញតាមទៅ។
សម្ដេចៅពញាទេព កូនចៅពញាមឿង មេទ័ពម្ចាស់ផែនដី ត្រើយខាងលិច កាលឃើញចៅហ្វាកៅ ដេញទ័ពឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់នាយកងនាយទ័ព ឲ្យចេញទូកចម្បាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាបរទេសរាជមេទ័ពអម្ចាស់ផែនដីត្រើយខាងលិច ពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឧឡារិក។ កងទ័ពចៅហ្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវ ទាល់កម្លាំងណាស់ នឹងតទៅទៀតពុំបាន។ ដូច្នេះហើយ ខ្លះក៏លោតទឹកធ្លាក់ស្លាប់ទៅ ខ្លះក៏ត្រូវ នឹង អាវុធស្លាប់ទៅ ខ្លះទៀតពិការជាច្រើន។ ចំណែក ឯចៅហ្វាកៅ ខ្លួនឯងវិញ លោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន។
កងទ័ព ឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយ កាលឃើញកងទ័ពក្នុងបន្ទាយសត្រូវ ចេញដេញមេទ័ពត្រើយខាងលិច អស់ជាច្រើនកងហើយ យល់ជាមានមនុស្សតិចក្នុងបន្ទាយ ក៏ឲ្យពួកសេនារេហ៍ពល កាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធ ទៅឡើងបន្ទាយនោះ។ ខណៈនោះ ចៅពញាលំពាំង ចៅពញាសាលដេញពលឲ្យចូលតទល់ និងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបពញាទាំងពីរ ក៏លោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិច ទទួលចាក់កាប់ស្លាប់ទាំងពីរនាក់នោះទៅ កងទ័ពជើងគោក ជើងទឹក របស់ព្រះបរមបពិត្រ ត្រើយខាងលិច ចាប់បានមន្ត្រីក្រមការ សេនាទាហាន ខាងស្ដេចត្រើយខាងកើត ចំនួន ៨៥នាក់ និង ស្បៀងអាហារសស្ត្រាវុធជាច្រើន ហើយនាំទៅក្រាបទូលថ្វាយ។ ខណៈនោះសម្ដេចព្រះចន្ទរាជា ព្រះបរមបពិត្រ អម្ចាស់ផែនដីត្រើយខាងលិច ទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ព ទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយ ទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា : អាក្បត់ដែលមានទោសធ្ងន់ ៣៥នាក់ ទ្រង់ឲ្យប្រហារជីវិតទាំងអស់ ឃើញថា មនុស្សសល់ពីនោះមានទោសស្រាលល្មម ត្រាស់ឲ្យដាក់ក្ដីទាំង ៥០នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះយកបានខែត្រភ្នំពេញ, សំរោងទង បាទី ទ្រាំង កំពត កំពង់សោម។ ចៅមឿង ដែលឡើងខែត្រទាំងនេះ ដែលនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងខាងលិចចាប់បានខ្លួនទាំងអស់ នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឳម៉ៅ តែប៉ុណ្ណោះ ព្រោះចៅពញាពិស្ណុលោក រត់ទៅប្រមូល ចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះ ឲ្យតាំងបន្ទាយរឹងនៅឡើយ មិនទាន់យកបាន។
សម្ដេច ព្រះស្រីជេដ្ឋា ម្ចាស់ផែនដី ត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា : ចៅពញាចន្ទនេះ កាន់តែទន្ទ្រានបានទីច្រើន ពន់ប្រមាណហើយ មេទ័ព និង នាយកង ដែលយើងប្រើទៅទាំងប៉ុន្មាន ក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដង មិនគិតសងសឹកវិញឲ្យបានសោះ។ ទើបទ្រង់គិតឧបាយកល រើសសេនា ទាហាន ដែលមាននៅជាទំនុកទុកព្រះទ័យបាន ១០០នាក់ ហើយត្រាស់បង្គាប់ថា : "ឲ្យក្លែងរត់ចូលទៅ នៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយ ឲ្យទាហានទាំងនោះ នាំគ្នាលុកសម្លាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបាន យើងនឹងឲ្យអ្នកឡើងយសសក្ដិ ឲ្យទ្រព្យសម្បត្តិ ឲ្យពេញចិត្ត"។ សេនាទាំង ១០០នាក់ នោះថ្វាយបង្គំសុំទទួលអាសាថា "ទូលព្រះបង្គំទាំងឡាយ នឹង ធ្វើឲ្យបានតាមព្រះរាជហឫទ័យ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ឮថា សេនាទាហានព្រមព្រៀងហើយ ទ្រង់ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យលួងជ័យ ជាក្មួយមេបាន (ម្ដាយព្រះស្ដេចកន) ឲ្យធ្វើជាចៅពញា មន្ត្រីតេជះ (មេទ័ព) ឃុំពលទាហានទាំង ១០០នាក់នោះ ទៅចាត់ការឲ្យបានសម្រេច។ លុះទៅដល់បន្ទាយម្ចាស់ផែនដីទិសខាងលិច ទាហានទាំង១០១ នាក់នោះក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការ ទ្រង់ព្រះករុណាពិសេស។
លុះដល់ខ្នើត ខែពិសាខ ព.ស. ២០៦៣, គ.ស. ១៥១៩, ម.ស. ១៤៤១, ច.ស. ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គចុះស្រង់ ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះព្រមទាំងសេនាទាហានស្និទព្រះអង្គជាច្រើន តើសុទ្ធតែដៃទទេគ្មានសស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះ ផ្លាស់សំពត់ចុះងូតទឹកគ្រប់គ្នា។ មន្ត្រីសេនាទាហានស្និទព្រះអង្គទាំងអស់ ក៏ផ្លាស់សំពត់ងូតទឹកតាមព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ត្រីតេជះ និង ទាហាន ១០០នាក់នោះដែលព្រះស្រីជេដ្ឋា ប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ ព្រោះក្រែងគេឃើញកាំបិត ដែលខ្លួនចងជាប់នៅភ្លៅនោះ។ សម្ដេចព្រះបរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់សង្ស័យក្នុងព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់តឿនឲ្យផ្លាស់សំពត់ឲ្យអស់គ្រប់គ្នា។ ពួកអាក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេ ក៏ថ្លស់ទឹកមុខគ្រប់ៗគ្នា។ ទ្រង់យល់ ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី ទ្រង់ រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យណាស់ ទ្រង់ក៏ស្ទុះឡើងពីក្នុងស្ទឹង ទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះសែងដាវទាំងស្រោម។ ឯពួកអាក្បត់ទាំងនោះគិតថា : ការណ៍ម្ដងនេះ បើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា : វាចូលទៅក្រាបទូលដ្បិតថាមានការណ៍ជាសម្ងាត់ នឹងត្រូវក្រាបបង្គំទូល។ ព្រះអង្គទ្រង់ជ្រាបឧបាយហើយ ទ្រង់ព្រះរាជអាវុធជាប់នៅព្រះហត្ថាហើយព្រះអង្គក៏ក្លានៅគុនអាវុធផង។ លុះពួកអាក្បត់ហូតកាំបិត ចូលមកនឹងប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ។ ទ្រង់កាប់ត្រូវអាមន្ត្រីតេជះជាមេជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់ទាំង ១០០ នាក់ទៀត។ ឯអស់ ខ្ញុំរាជការដែលតាមហែ ក៏ផ្អើលឆោឡោឡើង, ខ្លះចូលចាប់ដោយដៃទទេ តែពួកអាក្បត់ចាក់ត្រូវស្លាប់ និង ពិការជាច្រើន។ ខ្ញុំរាជការខ្លះទៀត ស្ទុះទៅដកបានបង្គោលរបង ចូលតនឹងពួកអាក្បត់យ៉ាងអង់អាច។ ពួកអាក្បត់ស្លាប់ ត្រូវចាប់បាន ៣៥នាក់ អាក្បត់ក្រៅពីនោះរត់រួចទាំងអស់ទៅ។ ឯពួកអាក្បត់ដែល និងត្រូវចាប់បាននោះ ទ្រង់ត្រាស់ឲ្យកាត់ក្បាលដោតជាបំរាម ហើយស្ដេចព្រះរាជដំណើរ ត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។
- (1) អ្នកងារបានដល់មនុស្ស ២ ពួក គឺអ្នកធ្វើការតាមកម្រិតច្បាប់ ១ អ្នកមានទោសកំហុស នឹង បទបញ្ញត្តិច្បាប់ ១ អ្នកងារនេះមានច្រើនពួក។ ចំពោះអ្នកងារពលព្រះ គឺអ្នកនោះឯង ធ្វើការជាប្រយោជន៍វត្តអារាមក្នុងពុទ្ធសាសនា។