ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី24.មីនា 2018.ម៉ោង 7:20
ផែនដី ព្រះស្ដេចកន (ត)
ផ្នូកផ្នូលនៃដំបូកទាំងបួន លេខ ១៤
លុះអាល័ក្ស ថ្លែងព្រះរាជសារចប់ហើយ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះពិរោធខ្លាំងណាស់ទ្រង់ត្រាស់ថា : អារាជទូតឯង វិលទៅប្រាប់ម្ចាស់ឯងចុះថា : " អញព្រមសម្រាកឲ្យរាស្ត្រធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯង ហៅអញថា ជាបងជាប្អូនឡើយដ្បិតម្ចាស់ឯង នឹង អញនេះ មានជាតិត្រកូលឆ្ងាយពីគ្នាណាស់"។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទាន មានដួងមួយជញ្ជីងសៀមប្រាក់ដួងពីរជញ្ជីងដែលបានមកពីក្រុងអយុធ្យានោះ ហើយប្រទានឲ្យជារង្វាន់រាជទូត ជាគ្រឿងឧបរាជបណ្ណាការ រួចទ្រង់បណ្ដេញឲ្យទៅជាប្រញាប់។
លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ព យកសេចក្ដីក្រាបបង្គំទូលថា :
យើងធ្វើសង្គ្រាម កំពុងតែមានជ័យហើយ ហេតុអ្វីក៏ព្រះអង្គទ្រង់ទទួលសញ្ញា ឲ្យឈប់សង្គ្រាមដូច្នេះ មួយទៀត ខែត្រខាងសត្រូវ នៅច្រើនជាងយើងដែរ គឺថា បានទៅគេនោះជាង ១០ សួនបានមកយើងមិនទាន់ពេញមួយសួនទេ។ បើខាងសត្រូវ ឲ្យកេណ្ឌបណ្ដារាស្ដ្រតាំងពីខែត្រខាងជើង ទល់នឹងស្រុកលាវ ខាងត្បូងទល់ នឹង សមុទ្រ ខាងកើតទល់ នឹង នគរចាម បានមកទាំងអស់ ប្រហែលជាង ១០០០០០០ (ដប់សែននាក់) ទៅហើយ។ ឯខាងយើង យើងវាយទើបបានតែ ៦-៧ ខែត្រ គឺខែត្រមហានគរ ដែលសម្ដេចព្រះបរមរាជាពញាយ៉ាត វាយដណ្ដើមពីសៀមមកវិញ ហើយឲ្យឈ្មោះជា ខែត្រសៀមរាបនេះមួយ ខែត្របាត់ដំបងមួយ និងខែត្រតូចៗ ១២ ឬ ១៣ នេះមួយ។ ម្យ៉ាងទៀត ខែត្រនេះ កាលបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួយកទៅអស់ នៅតែពីរ ឬ បីពាន់នាក់តែប៉ុណ្ណោះ, បើដូច្នេះតើយើងធ្វើដូចម្ដេច នឹងទទួលជ័យពីសត្រូវបាន បើសត្រូវវាកេណ្ឌពលពីក្រុងខែត្រទាំងអស់លើកមកយើង នឹង មិនបង់ការណ៍ទេឬអ្វី។ ទូលព្រះបង្គំយល់ថា : "យើងនឹងរក្សាខ្លួនពិបាកណាស់"។
- សម្ដេចចៅពញាចន្ទរាជា ជាអម្ចាស់ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងឃើញប្រយោជន៍ ៧ប្រការគឺ៖
- ប្រការ១ : មានសុភាបុរាណថា : "ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ" បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធរបស់ឈ្មោះ ដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធវានោះអត់បាយហើយ វាក៏ពុំយកចិត្តទុកដាក់ ក្នុងការធ្វើរាជការ នឹង យើងឡើយ។
- ប្រការ២ : យើងបានខែត្រតូចធំ ចំនួន ១២ ឬ ១៣ ខែត្រនេះ ល្មមទុកជាទីសំណាក់បានហើយ បើយើងមិនទាន់ឲ្យទៅបញ្ចុះបញ្ចូលខែត្រផ្សេងៗទេ ហើយស្រាប់តែលើកទ័ពទៅវាយគេតែម្ដងនោះនឹងខ្ចេចខ្ចំរកាំចិត្ត នៃអាណាប្រជានុរាស្ត្រជាមិនខាន។ លុះតែយើងទៅបញ្ចុះបញ្ចូលលួងចិត្តចៅហ្វាយស្រុក និង បណ្ដារាស្ត្រ ជាមុនសិន ឲ្យចូលចិត្ត នឹង យើងដែលជាព្រះរាជត្រកូល ឬ បើគេមិនចូលចិត្ត នឹង យើងទេ គេបែរជាចូលចិត្តទៅខាងពួកក្បត់ ដែលតាំងខ្លួនជាស្ដេចនោះ ចាំយើងបានចំណាប់កាលណាសុំលើកទ័ពទៅបង្ក្រាប ពួកដែលរឹងទទឹងនោះ ធ្វើឲ្យបានសម្រេចការណ៍ ក្នុងកាលខាងក្រោយ។
- ប្រការ៣ : ខែត្រអាសន្នទុក ជាខែត្រធំមានអាណាខែត្រឡើងក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គ ជាចៅហ្វាយស្រុកនៃខែត្រនេះគាត់មានថ្វីដៃ និង តំរិះប្រាជ្ញាមាំមួនណាស់ ប្រសិនបើយើងខំធ្វើចំបាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គ គេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនឹងនៅជាកណ្ដាលចំណោមគេ នោះយើងពិបាក នឹង រក្សាខ្លួនណាស់។ ហេតុនេះហើយបានជាយើងព្រមបង្អង់ច្បាំង ចាំប្រាប់ប្រាមនូវខែត្រធំៗនេះ និងខែត្រតូចៗត្រើយខាងកើត ទិសខាងជើងនោះ ឲ្យបានមកជារបស់យើងសិន។
- ប្រការ៤ : ខាងព្រះស្ដេចកន ដែលវាតាំងខ្លួនជាស្ដេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និង ចាម៉រ បាយមន់ សែនត្វាន់ តាមទំនៀមព្រះមហាក្សត្រ។ ឯខាងយើង ដែលពេញជាព្រះរាជត្រកូលនោះ យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយយសយើង ជាទ័ពថោកជាងវា។ ទោះបីឈ្នះប៉ុន្មានដងក្ដី ឥស្សរិយយសយើងនោះក៏នៅតែថោកទាបជាងវា។
- ប្រការ៥ : កាលដែលបំរើនៃព្រះស្ដេចកននាំព្រះរាជសារមក ហើយទៅវិញនោះយើងបានផ្ដាំថា បើនឹងចង់ឈប់សង្គ្រាម ឲ្យរាស្ត្រធ្វើស្រែក៏ឈប់តាមចិត្តចុះ។ បើរាស្ត្រកំពុងមានចិត្តត្រេកអរព្រោះបានទៅប្រមូលកូនប្រពន្ធផង ត្រេកអរ នឹង យើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ជាប្រែសំដីវិញ រាស្ត្រកំពុងបាក់ចិត្តស្រលាញ់យើងនោះ ក៏នឹងប្រែចិត្តស្អប់យើង ព្រោះយើងមានវាចាពុំទៀងទាត់។
- ប្រការ៦ : សេនាទាហានខាងយើង មានថ្វីដៃក៏ច្រើននាក់ តែយើងពុំបានឲ្យប្រឡងថ្វីដៃ ឲ្យឃើញជាក់ច្បាស់នៅឡើយ។
- ប្រការ៧ : ខាងយើងពិតជាព្រះរាជត្រកូលមែន តែទើបតាំងខ្លួនថ្មី ពុំទាន់មានទូកចម្បាំងដល់មួយសោះ។ ឯខាងព្រះស្ដេចកនវិញ គេពិតជាក្រៅព្រះរាជត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចម្បាំងក៏ច្រើន។ បើគេលើកទ័ពជើងទឹក មកព័ទ្ធចោមយើងកាលណាយើងគ្មានអ្វីតទល់នឹងគេឡើយ។ ហេតុនេះហើយ បានជាយើងព្រមតាមស្ដេចកន សុំដែលសមតាមគំនិតរបស់យើង។
ឯមន្ត្រី ខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មានបានថ្លែងកោតសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា។ សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿចំពោះព្រះតំរិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំងចៅពញាសួគ៌ាលោកទេព ជាកូនទី៣ របស់ពញាមឿង ឲ្យសម្រេចរាជការ លើចៅហ្វាយស្រុកខែត្ររលាប្អៀរ ខែត្រលង្វែក ហើយព្រះអង្គលើកទ័ពទៅប្រថាប់ នៅបន្ទាយអមរិន្ទបូរវិញ។
ឯព្រះស្រីជេដ្ឋា អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឲ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរ ទិសខាងកើតវិញ។
នេះនឹងនិយាយ អំពីចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក (1) វិញ។
ចៅហ្វាយស្រុក ខែត្រអាសន្ទុក លុះដឹងថា "សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ" ក៏តាំងកេណ្ឌទ័ពគ្រប់ខែត្រ ដែលឡើងខែត្រ អាសន្ទុកនោះ គឺមឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី ក្រកោះ កំពង់ស្វាយ កំពង់ហាវ ប្រាសាទ១០ កោះកែ ស្វាយរលែក គោកសេះ សែន កំពូលពេជ្រ មឿងពោធិ៍រោង ត្រឡែងកែង ងន ឈើទាល ស្រងែ សារនគរ ស្រយូវ ម្លូព្រៃ ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ (2) មឿងទាំង ២៥ នេះ កេណ្ឌបានពល ៨០០០០នាក់ ហើយឲ្យកេណ្ឌទូករាស្ត្រ សម្រាប់ចម្លងកងទ័ពឆ្លងទៅខែត្រក្រគរ ដើម្បី នឹង វាយទ័ពសត្រូវផ្ទប់ពីក្រោយ កុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនរួចបាន។
ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រថាប់ទ័ព នៅបន្ទាយស្រុកអមរិន្ទបូរ (អម្រិន្ទបូរី)។ ក្នុងថ្ងៃមួយនោះ ព្រះអង្គទ្រង់ជ្រាបថា "កងល្បាត នៃចៅពញាឧទ័យធិរាជា កំពុងឲ្យកងទ័ពឆ្លងទន្លេសាប មកខែត្រក្រគរហើយ លុះទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បម្រើសេះ ឲ្យទៅទូលចៅពញាយសរាជា ដែលនៅរក្សា ខែត្រពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំ នៅនឹងកំពង់ដៃទន្លេសាប កុំឲ្យកងទ័ពសត្រូវឡើងគោករួច"។ ឯចៅពញាយសរាជា ជាសម្ដេចព្រះភាគិនេយ្យោ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយ ស្ដេចត្រាស់ឲ្យយកកងទ័ពនាំ រេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំ នៅមាត់ព្រែកទន្លេសាប ពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថា បើកងទ័ពសត្រូវវាថយរត់ទៅ ត្រូវឲ្យតាមបាញ់តាមកាប់ យកជ័យជំនះឲ្យបាន។
សម្ដេចចៅពញាចន្ទរាជា កាលឲ្យបម្រើទៅទូល សម្ដេចព្រះភាគិនេយ្យោ ចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ និង ចៅពញាយោធាសង្គ្រាមពៅ ឲ្យនាំរេហ៍ពល ២០០០០នាក់ទៅបង្កប់ចាំ នៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា "បើឮសូរកាំភ្លើងសន្យាទ័ពហើយ ឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសម្រេចចុះ"។ ចៅពញាទាំងពីរ ក៏ក្រាបថ្វាយបង្គំលា ចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់ លើព្រះទីនាំចក្រពត្តិ គឺទូក-ងសារាយអណ្ដែតនោះ ព្រមដោយទូក-ងផ្សេងៗ ២៥ ទៀតចេញទៅបង្កប់ស្ទាក់នៅព្រែកមាត់ទន្លេសាបចាំទ័ពសត្រូវ។
ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្នទុក្ខ (ខាងព្រះស្ដេចកន) កាលបានទូក និង ទ័ពមកជួបជុំហើយ ក៏ដេញពលឲ្យចុះទូកចេញទៅ ដល់ជិតព្រៃត្រើយខាងលិច។ ខណៈនោះ កងទ័ពចៅពញាយសរាជា ដែលបង្កប់ខ្លួននោះ ក៏តាំងហ៊ោបាញ់កាំភ្លើងធំតូចកងរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជ ជិះទូកកំណែន គ្មានចំណាប់ នឹង បាញ់ ក៏បែកកងទ័ព រត់ទៅពួនក្នុងព្រៃមួយអន្លើ ក្នុងខែត្រអម្រិន្ទបូរ។ នៅទីនោះ កងទ័ពពញាឧទ័យធិរាជទាំងនោះ រត់ទៅជួប នឹង កងទ័ពចៅពញាសេនាសង្គ្រាម។ ទ័ពខាងចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់ កាប់ចាក់ កងទ័ពសត្រូវឥតត្រាប្រណីឡើយ។ កងទ័ពសត្រូវទ្រាំមិនបាន ក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរ ឬបីពាន់នាក់ (3) ។
ឯសម្ដេចចៅពញាចន្ទរាជា ដែលបង្កប់ទ័ពក្នុងព្រៃ លុះ ឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជា រារង់ថយមកនោះ ទ្រង់ក៏ឲ្យទូក-ងទាំង ២៥ និង ទូកព្រះទីនាំងចក្រពត្តិអុំសម្រុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជា និង ចៅមឿង ១០នាក់។ ឯចៅមឿង១១ នាក់ទៀត លោតរត់ដោះគេចខ្លួន ទៅដល់ច្រាំងត្រើយខាងកើតជាមុន។
ឯចៅពញាអធិបតីសេនា និង ចៅពញាយោធាសង្គ្រាម ដែលទៅបង្កប់ទ័ព នៅមាត់ទន្លេសាបត្រើយខាងកើតនោះ លុះឃើញចៅមឿង ទាំង ១១នាក់ រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការ ទម្រាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀល សម្ដេចចៅពញាចន្ទរាជា ព្រះអង្គចេញព្រះរាជដំណើរ ទៅដល់ព្រះពន្លា នៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និង ចៅពញាយោធាសង្គ្រាមពៅ នាំចៅហ្វាយស្រុក ចៅមឿងទាំង ២២ នាក់ និងឈ្លើយ ទាំង ៦០០០០ នាក់ដែលចាប់បាននោះ នាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះ ចៅហ្វាយស្រុក និងចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល ៦០០០០ នាក់ក៏កោតខ្លាចអំណាចបុណ្យព្រះបារមី នៃសម្ដេចពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាតែអស់ជីវិត។
សម្ដេចចៅពញាចន្ទរាជា ទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះ ព្រះអង្គពុំទាន់រកឃើញ នូវក្រុមព្រះបុរោហិតនៅឡើយ នឹង ឲ្យធ្វើសច្ចាប្រណិធាន តាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ ឲ្យក្រុមទាំងអស់នេះ ទទួលថាតាមព្រះអង្គ ៣ ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះ ទទួលទានទឹកពិភទ្ទសច្ចា ទុកជាការស្រេច។ លុះពលទាំងនោះ សុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅ ពញាឧទ័យធិរាជ ជាចៅហ្វាយស្រុក ខែត្រអាសន្ទុក ដែលទើបនឹងសុំចុះចូល ឲ្យនាំចៅមឿងទាំង២២ស្រុក និងរេហ៍ពល ៦០០០០ នាក់ដែលសល់ពីស្លាប់នោះ ឲ្យលើកទៅវាយបន្ទាយ ខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង៣ខែត្រនេះ ឲ្យបាន។
ចៅហ្វាយស្រុកទាំង៣ ខែត្រនេះ ធ្លាប់ខ្លាចថ្វីដៃ នៃចៅពញាឧទ័យធិរាជស្រាប់ លុះឃើញកងទ័ពចៅពញាឧទ័យធិរាជ មកដល់ហើយ ក៏ចុះទូករត់ទៅក្រុងស្រឡប់ពិជ័យព្រៃនគរអស់។ មួយរំពេចនោះ ចៅពញាឧទ័យធិរាជ ចាត់សេនាទាហាន ឲ្យនៅរក្សាខែត្រទាំង៣ ហើយក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូល សម្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះ ដែលខ្លួនយកបានគ្រប់ប្រការ។
សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានរង្វាន់មាស ប្រាក់យសសក្ដិ ដល់សេនាទាហានទាំងនោះ ឲ្យឡើងទីទៃៗពីគ្នា តាមសមគួរហើយ ទ្រង់ផ្ដាំ នឹង ចៅពញាឧទ័យធិរាជថា "ឲ្យការពារសឹកសង្គ្រាម ត្រើយខាងកើត ទិសខាងជើងនេះ ឲ្យជាប់នៅ នឹង បាឯង, ឲ្យបាឯង ខិតខំរក្សាអាណាខេត្ត ព្រមទាំងបញ្ចុះបញ្ចូល ចៅហ្វាយស្រុក និងចៅមឿងទីទៃៗ ឲ្យបានមកជាចំណែកខាងយើងទាំងអស់។"
ចៅពញាឧទ័យធិរាជ និង ចៅមឿង ២១ ខែត្រ ក៏ថ្វាយបង្គំទូលទទួលព្រះបន្ទូលពិសេស ហើយក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន។
ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និង អ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ ចេញទៅនិយាយបញ្ចុះបញ្ចូល ចៅហ្វាយស្រុក និង ចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតី ថ្វីមាត់ទាំងនេះ ទៅបញ្ចុះបញ្ចូលបាន ចៅហ្វាយស្រុកមហានគរ ចៅមឿងសូត្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល និងរហូតរៀងទៅដល់ផុតដែន បានជាច្រើនទៅទិសខាងលិច ជាស្រេចដាច់ខាត មកខាងសម្ដេចបញាចន្ទរាជាទាំងអស់។ ចៅពញា ឧទ័យធិរាជ កាលបានជោគជ័យ ដូច្នេះហើយក៏ធ្វើសំបុត្រក្រាបបង្គំទូល ចូលមកព្រះបាទអ្នកជាអង្គថយទ័ពត្រឡប់មក ខែត្រអម្រិន្ទបូរវិញ។
ក្នុងឆ្នាំជូតអដ្ឋស័កនោះ ព្រះសង្ឃរាជ រាជាគណៈ ឋានានុក្រម និង ព្រះបុរោហិតព្រឹទ្ធាចារ្យ ព្រះរាជវង្សានុវង្ស (4) ដែលរត់ខ្ចាត់ភ្លាត់ ចេញពីក្រុងភ្នំពេញ និង ពីក្រុងបាសាននោះ បានដឹងថា "សម្ដេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ" ក៏ចេញពីព្រៃដែលពួនជ្រកនោះ មកជួបជុំនាយកងទ័ព សុំឲ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា : "ទ្រង់ព្រះករុណាពិសេស ជាអម្ចាស់យើងនេះ ពេញជាព្រះរាជបុត្រាបង្កើត នៃព្រះបាទសម្ដេចព្រះរាជ ឱង្ការ ព្រះធម្មរាជា ដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នាជាពុទ្ធភូមិ វីរិយាធិក ព្រះអង្គម្ចាស់យើងនេះ ពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភក្ដ្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះ បាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់នឹងព្រះរាជានុភាពបានឡើយ។ ព្រះអង្គមានបុណ្យ បានរបស់ត្រកាលពីរយ៉ាងគឺ :"
១. ទ្រង់មានព្រះពិជ័យគជេន្ទ្រ ស សុទ្ធមួយ កាលដែលទើប នឹង បានកំពស់តែ ៦ ហត្ថមកដល់ ឥឡូវនេះកំពស់របស់វា ៧ហត្ថប្លាយ ដំរីនេះ មានដំណឹង (ការចេះដឹង) ច្រើនចំពូកណាស់ គឺ ចំពូកមួយ វាចេះកាន់អាវុធចាក់កាប់ ដូចមនុស្ស ជើងទាំង ៤ ចេះធាក់ផង រងអាវុធបានផង។ ចំពូកពីរ បើមានជំងឺតំកាត់នៅទីណា ក្នុងព្រះនគរ ព្រះករុណាជាអម្ចាស់យើងឲ្យហ្មថៅពិធី សុំទឹកយកទៅជះបាចសាច នៅទីណាដែលមានជំងឺនោះ ជំងឺក្នុងទីនោះ សឹងតែស្ងប់ស្ងាត់បាត់ទៅ។ ចំពូកបី បើរដូវវស្សាហើយ រាំងភ្លៀង ព្រះអង្គ ជាអម្ចាស់យើងឲ្យហ្មថៅ នាំទៅធ្វើពិធីក្នុងទីនោះ ៣ ឬ ៧ថ្ងៃប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូរណ៍។ ចំពូកបួន បើព្រះអង្គជាអម្ចាស់យើង ឡើងគង់នឹងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឲ្យ ឮ សម្លេងក្រអៅហើយនោះ ឲ្យសង្ឃឹមទុកចិត្តចុះថា មុខជាមានជ័យជំនះ ឈ្នះបានដំរីមកជាបរិវារច្រើនជាមិនខានឡើយ។
២. ព្រះអង្គទ្រង់បានទូក-ង ឈ្មោះ សារាយអណ្ដែត មកជាព្រះទីនាំងចក្រពត្តិនោះ ក៏មានបុញ្ញាធិការច្រើនចំពូក គឺចំពូកមួយ បើទូកធម្មតាទៅនគរវត្តនោះ មិនមានខ្យល់រលកទេ កំណត់បីបួនថ្ងៃ ទើបទៅដល់បើខ្យល់រលកផង ទូកធម្មតា ទៅនគរវត្ត ត្រូវប្រើវេលាអស់ ១០ ឬ ១៥ ថ្ងៃ ឯព្រះទីនាំងចក្រពត្តិនោះ ព្រះអង្គទៅបិណ្ឌបាត នៅនគរវត្ត ត្រឡប់មកដល់វត្តយើងវិញ កំណត់តែបាយចង្ហាន់ហុយៗ នៅឡើយ ព្រោះលឿន បីដូចជាទូកទិព្វ។ ចំពូកពីរ បើសេនាទាហាន នឹង ឡើងជិះធ្វើសង្គ្រាម ចំណុះទូក ១២៥ នាក់នោះ ទោះកាំភ្លើង ធ្នូ ស្នា ច្រើនប៉ុន្មានក្ដី ក៏ពុំដែលមកជិតចំណុះទូកនោះឡើយ។ ចំពូកបី បើនឹងលើកទ័ពចេញទៅហើយ គេត្រូវលេងភ្លេងពិធីអូសចេញពីបង្គងនោះ លុះលេងរួចហើយ ឲ្យពិនិត្យមើលពងមាន់ ១២៥ ដែលតាំងថ្វាយទូកនោះ បើបិសាចដែលរក្សាទូកនោះ ឭសូរគាំហ៊ោជាត្រេកត្រអាលនោះអ្នកស្នែងអាចសែងតែ ១៦ នាក់រួចយ៉ាងស្រួល ហើយឲ្យសង្ឃឹមថាមុខតែមានជ័យ, បើពងមាន់នោះមិនបាត់ មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះ មុខជាពុំប្រទះច្បាំហនឹងសត្រូវសោះឡើយ។ របស់វិសេសទាំងពីរប្រការនេះ អស់អាត្មាភាព និង យើងខ្ញុំទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ មហាចក្រ ទៅធ្វើការឯណា ក៏នឹងមានជ័យជំនះ ហើយយើងខ្ញុំទាំងអស់គ្នា មកនៅស្ងៀម ពុំបានធ្វើព្រះរាជពិធីអភិសេក ឲ្យបានរុងរឿងឥស្សរិយយសខ្ពស់ជាឯកព្រះមហាក្សត្រ ឲ្យបានថ្កុំថ្កើង ជាងរាជសត្រូវនោះពុំបានឡើយ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលសូមអញ្ជើញព្រះអង្គ សោយរាជសម្បត្តិ តាមសេចក្ដីពិភាក្សា ហើយយល់ព្រមគ្នាជាឯកច្ឆន្ទ។
ទើបសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា : ព្រះនគរ ក៏ពុំទាន់បានរាបទាបទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើ នឹងរៀបអភិសេក ក្រែងពុំគួរទេដឹង។ ពេលនោះ អស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះវង្សានុវង្ស មន្ត្រីចាស់ទុំ ខ្ញុំព្រះរាជការ ក្រាបបង្គំទូលថា សូមព្រះរាជទាន នឹងរៀបព្រះរាជពិធីជា សង្គ្រាមាភិសេក ថ្វាយជាសុវត្ថិមង្គល គ្រាន់ នឹង គ្រប់គ្រងរាស្ត្រប្រជា ជាបណ្ដោះអាសន្នសិន ប៉ុណ្ណោះទេ បើទ្រង់ច្បាំងឈ្នះបានព្រះនគរស្រេចកាលណា នឹងសូមថ្វាយ ប្រាប្ដាភិសេក (5) ក្នុងកាលនោះ។
ខណៈនោះ សម្ដេចព្រះបរមបពិត្រ ទ្រង់ព្រះរាជានុកូល ចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នាយល់ថាត្រូវតែឲ្យយើងទទួលអភិសេកហើយ ក៏ឲ្យគិតសម្រេចធ្វើតាមក្បួនសង្គ្រាមអភិសេកនោះ ឲ្យបានត្រឹមត្រូវតាមប្រពៃណីចុះ។ មួយរំពេចនោះ ព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញមកចាត់ចែង កេណ្ឌកងកំណែន ឲ្យចាំងដីជម្រះស្មៅ ជាឯលិចបន្ទាយដែលគង់ ឲ្យសង់រោងរាជពិធី តាមពុទ្ធសាសន៍ សេយ្យសាសន៍ (6) ព្រះរាជវ័តិ ឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌម ធ្វើព្រះបុស្បកមានព្រះស្វេតច្ឆត្រគ្រឿងរាជអភិរមសព្វសារពើ។ ចំណែកឯព្រះស្វេច្ឆត្រនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពុំឲ្យធ្វើគ្រប់ ៩ ជាន់ទេ ទ្រង់ឲ្យធ្វើតែ ៥ ជាន់ ហើយទ្រង់ឲ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿងព្រះទីនាំងអស្សតរ ព្រះទីនាំងពីជ័យរិទ្ធិគ្រឿងឧសភរាជ គ្រឿង ព្រះទីនាំងរាជ និង គ្រឿងសេនាទាហាន ឲ្យមានស្លាកពាក់ តែងខ្លួនឲ្យប្រពៃ បម្រុងកាន់ទង់ជាតិ ដើរហែចូលទៅក្នុងរោងព្រះរាជពិធី។
ឯបណ្ដារាស្ត្រជិតឆ្ងាយ ឮថា ព្រះបរមបពិត្រ ទ្រង់រៀបសង្គ្រាមាភិសេកហើយ ត្រេកអរណាស់ ក៏នាំគ្នាយកគោ ក្របី ដំរី សេះ រទេះ ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះមកក្រាបទូលថ្វាយ ច្រើនជាអនេក។
លុះមកដល់ថ្ងៃទី៩ កើត ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស.២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចៅពញាចន្ទរាជា ព្រះអង្គទ្រង់គ្រឿង មហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុងរោងរាជពិធី។ ព្រះរាជគ្រូ ថ្វាយមហាស្វេតច្ឆត្រ ស្ដេចឋិតនៅនាបូព៌ាភិមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រី ក្រាបថ្វាយព្រះរាជមង្គល ព្រះពិធីពរជ័យ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឡើងគ្រងរាជសម្បត្តិ (7) ទ្រង់ព្រះនាមជា"សម្ដេចព្រះបរមរាជា ចន្ទរាជា គ្រងក្រុងកម្ពុជាធិបតី"។
- លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និង មន្ត្រី តាមមានគុណបំណាច់ និង ចំណេះវិជ្ជាដូចតទៅនេះ៖
- ១. ចៅអធិការ សួស្ដិ៍ ជាទីសម្ដេចព្រះសុគន្ធាធិបតី សិរីសោធរសង្ឃនាយក។
- ២. ចៅអធិការ ស្រី ជាទី សម្ដេចមង្គលទេពាចារ្យ។
- ៣. ចៅអធិការ សោម ជាទី សម្ដេចព្រះធម្មលិខិត។
- ៤. ចៅអធិការ លាស់ ជាទីសម្ដេចព្រះពោធិវង្ស។
- ៥. ចៅអធិការ ទន់ ជាទីសម្ដេចព្រះវនរ័ត។
- ៦. ចៅអធិការ សោម ជាទី សម្ដេព្រះមហាព្រហ្មមុនី។
- ៧. ចៅអធិការ ជ័យ ជាទី សម្ដេចមហាវិមលធម្ម
ចៅអធិការ សោម មានបណ្ដាស័ក្ដិស្មើ នឹង ទីក្រឡាហោម, ស្រី ស្មើ នឹង ទីយមរាជ លាស់ ស្មើទីវាំង ទន់ ស្មើទីចក្រី សោម ស្មើទីមហាមន្ត្រី ជ័យ ស្មើទីមហាទេព។ លំដាប់មក ទ្រង់តាំងព្រះរាជាគណៈសម្រាប់ ទោ ត្រី ចត្វា តទៅទៀត។ លុះតាំងទ្រទូងរត្នទាំង ៧ គ្រប់ទាំង ៤ សម្រាប់នោះរួចហើយ ទ្រង់តាំងមន្ត្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញត្តិទុកថា តាំងពីថ្ងៃនេះតទៅ បើ នឹង តាំងសេនាបតីមន្ត្រីក្នុងក្រៅ ឲ្យតាំងដោយរបៀបដូច្នេះ:
បើខ្ញុំរាជការសក្ដិ ៥ ហ៊ូពាន់(8) ឲ្យតាំងជាហ្លួង។ បើ ៤ ហ៊ូពាន់ ឲ្យតាំងជា ឃុនម៉ឺន។ បើ ៣ ហ៊ូពាន់ឲ្យតាំងជាឧកម៉ឺន។ បើ ២ ហ៊ូពាន់ ឲ្យតាំងជាចៈម៉ឺន។ បើមួយម៉ឺន ឲ្យតាំងជា ម៉ឺន បើខ្ញុំរាជការហើយតែពុំទាន់ប្រោសព្រះរាជទាន ឲ្យមានយសសក្ដិទេនោះឲ្យហៅថា នាយ។
មួយទៀត សេនាបតី និង ចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ១០ហ៊ូពាន់ក៏មាន ៩ហ៊ូពាន់ក៏មាន ដល់មកផែនដី ព្រះបាទធនញ្ជ័យគោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទគោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និង មន្ត្រីសក្ដិ ៩ហ៊ូពាន់ ក្នុងវង្សមន្ត្រីរដ្ឋនោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ (9) ទាំង៤ សម្រាប់ បើតាំងឡើង ឲ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឲ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឲ្យតាំងជាទី "ពញា"។ តមក ទ្រង់តាំងព្រះភីលៀង ខាងព្រះអង្គ ទាំង ៥នាក់គឺ៖
- ១. ព្រះទិព្វជាញជ័យ ទេព ឲ្យជាទី សម្ដេចចៅហ្វាទឡ្ហៈ (នាយករដ្ឋមន្ត្រី)។
- ២. ហ្លួងស្នេហានុរ័ក្ស ព្រំ ជាទី ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីខាងក្រសួងយុត្តិធម៌)
- ៣. ហ្លួងវិជិត ព្រះអង្គឲ្យតាំងជាទី ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។
- ៤. ហ្លួងឧត្តមចិន្តា ស្រី ជាទី ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង)។
- ៥. ហ្លួងភក្ដីនុរ័ក្ស កែវ ជាទី ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទាហានជើងគោក)។
- ទ្រង់តាំងខ្ញុំរាជការ ដែលជាកម្សត់ជំនិត និងព្រះអង្គ ទាំង ៥០ នាក់នោះ ជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់គ្នា។ ទ្រង់តាំងចៅពញាយសរាជា ជាទី សម្ដេចព្រះភាគិនេយ្យោយសរាជា។
- ទ្រង់តាំងព្រះភីលៀង សម្ដេចព្រះភាគិនេយ្យោ៖
- ១. ឃុនស្នេហានុរ័ក្ស កែន ជាទី ឧកញ៉ាវង្សាអគ្គរាជ
- ២. ម៉ឺនវិជិតសិទ្ធិរស សម ជាទី ឧកញ៉ាវិបុលរាជ
- ៣. ម៉ឺនភក្ដីនុរ័ក្ស ទេព ជាទី ឧកញ៉ាធម្មាធិរាជ
- ៤. ម៉ឺនវិសេសហឫទ័យ កៅ ជាទី ឧកញ៉ារាជតេជៈ។
- ឯមន្ត្រីក្នុងសេនាទាហាន ក្រៅពីនេះ ទ្រង់តាំង៖
- ១. ចៅពញាសេនរឿងឫទ្ធិ ទ័យ ជាទីសម្ដេចជេដ្ឋាមន្ត្រី
- ២. ចៅពញាជំរង់ស្នេហា ស៊ិន ជាទី ឧកញ៉ា ឯករាជ
- ៣. ចៅពញាសេនាវុធ ស៊ុន ជាទី ឧកញ៉ាបរទេសរាជ
- ៤. ចៅពញាសេនាសមសក្ដិ នូរ ជាទី ឧកញ៉ាស្រីសូទិព្វវាំង
- ៥. ចៅពញាសំដែងអាវុធ មោ ជាទី ឧកញ៉ានរិន្ទ្រាធិបតី។
- (1) ស្រុកសន្ទុក ក្នុងខែត្រកំពង់ធំសព្វថ្ងៃនេះ កាលពីដើម ឈ្មោះ អាសន្ទុកៗ នេះក្លាយមកពីពាក្យថា "អាសន្ន និង ទុក្ខ"។ បានជាស្រុកនេះមានឈ្មោះដូច្នេះ មកពីមានរឿងមួយដំណាលថា កាលនោះ ពញាក្រែក (សាស្ត្រាខ្លះថាដំបងក្រញូង) ទ្រង់ចាត់ទាហានឱ្យដេញចាប់ព្រះបាទ បក្សីចាំក្រុង លុះព្រះរាជកុមារអង្គនេះ ទ្រង់រត់មកដល់ទីនេះ ទ្រង់មាន អាសន្ន ហើយមានទុក្ខទៀត ទើបបានជាស្រុកនេះឈ្មោះ "អាសន្នទុក្ខ" ប៉ុន្តែមកដល់សព្វថ្ងៃនេះឈ្មោះនេះនៅត្រឹមតែសន្ទុកៗវិញ។
- (2) បណ្ដាមឿងទាំងនេះ មឿងខ្លះ ក៏នៅគង់ឈ្មោះនៅឡើយ គ្រាន់តែប្រែ ហៅថា ឃុំ ឬ សង្កាត់ប៉ុណ្ណោះ ខ្លះទៀតក៏ក្លាយឈ្មោះផ្សេងទៅវិញក៏មាន ឧទាហរណ៍ ដូចមឿងគោកសេះ សព្វថ្ងៃនេះ គេហៅថា ឃុំបារាយណ៍ មឿងខ្លះទៀតក៏បាត់ឈ្មោះសូន្យទៅហើយ ដូចជាកោះកែជាដើម។
- (3) បានជាកើតមានឈ្មោះហៅថា "កំពង់ហ្លួង" ក្នុងខែត្រក្រគរ "កំពង់ស្ទាក់បាញ់" ក្នុងខែត្របរិបូណ៍ រៀងមក។ ប៉ុន្តែកំពង់ស្ទាក់បាញ់ នោះយារៗ យូរមក ហៅ "កំពង់រន្ទះបាញ់" ទៅវិញ។
- (4) ព្រះសង្ឃ និង ព្រះរាជវង្សានុវង្សខាងព្រះរាជត្រកូល ដែលបានរត់ចោលវត្ត ចោលដំណាក់ ហើយទៅជ្រកព្រៃក្នុង ពេលដែលស្ដេចកន បានឈ្នះសង្គ្រាមព្រះស្រីសុគន្ធបទ។
- (5) ប្រាប្ដាភិសេក ជាពាក្យសំស្ក្រឹត ប្រែថា "ដែលមានអភិសេកប្រាកដហើយ" បានន័យថា អភិសេកព្រះមហាក្សត្រដែលបានបង្ក្រាបអរិន្ទរាជសត្រូវ ហើយឡើងសោយរាជ្យ។ អភិសេក ព្រះមហាក្សត្រដែលពុំបានធ្វើសង្គ្រាម មុន នឹង សោយរាជ្យទេ ច្បាប់ឱ្យហៅថា មុន្ទាភិសេក ឬ រាជាភិសេក។ ឯសង្គ្រាមាភិសេក គឺអភិសេកក្នុងពេលកំពុងធ្វើសង្គ្រាម។
- (6) សេយ្យសាសន៍ ប្រែថា "សាសនាដ៏ប្រសើរ"។ ក្នុងសម័យបុរាណ ខ្មែរយើងកាន់ព្រហ្មញ្ញសាសនា ហើយហៅព្រហ្មញ្ញសាសនានេះថា "សេយ្យសាសន៍" ឥឡូវនេះ សាមញ្ញជនយល់ថា ពាក្យនេះបានន័យថា សាសនាដទៃក្រៅពីព្រះពុទ្ធសាសនាទៅវិញ។
- (7) គ្រងរាជ្យបានន័យថា ព្រះមហាក្សត្រ បានទទួលរាជសម្បត្តិហើយ តែមិនទាន់បានអភិសេកមែនទែនទេ។ លុះណាតែ ព្រះអង្គបានអភិសេកមែនទែនហើយ ទើបច្បាប់ឲ្យហៅថាមហាក្សត្រអង្គនោះ សោយរាជ្យ។
- (8) ហូពាន់ - ក្បាលពាន់ គឺមន្ត្រីនោះ មានទ័ពរាប់ពាន់នាក់ នៅក្រោមបង្គាប់របស់ខ្លួន។
- (9) ខ្នងពស់ ឬ ជើងគ្រឹះ បើជាមន្ត្រីឈរខែត្រ គឺ ជាស្ដេចត្រាញ់ បើជាមន្ត្រីក្នុងព្រះរាជវាំងគឺសេនាបតី ឥឡូវនេះ ហៅថារដ្ឋមន្ត្រី។