ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី24.កុម្ភៈ 2018.ម៉ោង 9:37
ផែនដីព្រះសុគន្ធបទ(ត)
សម្ដេចព្រះស្រីសុគន្ធបទ ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះពិរោធណាស់ ស្ដេចត្រាស់ឲ្យចៅពញាឧទ័យធិរាជ ជាចៅហ្វាយស្រុកអាសន្ទុក ធ្វើសំបុត្រតប ហើយប្រគល់ឲ្យបំរើវិញ។ បំរើបានសំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះ ដល់សម្ដេចមហាឧបរាជ កន។ សម្ដេចមហាឧបរាជ កន បើកស្រោមសំបុត្រមើល មានសេចក្ដីថា:
អ្នកចៅពញា ឧទ័យធិរាជ អគ្គមហាសេនា សេនាធិបតី ចៅហ្វាយខែត្រអាសន្ទុក ខាងក្រុមមហានគរ។
"ឲ្យមកដល់ ឃុនលួងព្រះស្ដេចធិបតី" ឲ្យបានដឹង។ដ្បិតក្នុងសំបុត្រឃុន ក្រាបទូលទៅព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងនោះ មានសេចក្ដីថាសូមឲ្យទ្រង់ព្រះរាជទានគ្រប់គ្រួ និង ម្ដាយមកឲ្យឃុនជាមុននោះ ពុំត្រឹមត្រូវតាមទំនៀមទេ។ បើឃុនមានចិត្តស្លូតត្រង់មែន គួរឃុនរៀបខ្លួនរំលាយកងទ័ព ចូលតែខ្លួនទៅក្រាបបង្គំទូល គាល់ព្រះបាទអ្នកជាអម្ចាស់ ទើបត្រូវតាមសណ្ដាប់ អម្ចាស់ និង ខ្ញុំ។ បើឃុនប្រែចិត្តលែងក្បត់ មកប្រកាន់ចិត្តកតញ្ញូហើយរំលាយទ័ពចោលទៅនោះ យើង នឹង ជួយបង្គំទូលសុំទោសឲ្យឃុន។ បើឃុនប្រឹងរឹងទទឹង មិនចូលទៅគាល់ទេ យើងនឹងឲ្យសម្លាប់ម្ដាយឃុន និង គ្រប់គ្រួទាំងអស់ ឲ្យស្លាប់ពុំត្រាប្រណីឡើយ"។
ស្ដេចកន មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក លុះអានចប់សេចក្ដីហើយ យល់ពុំដូចគំនិតរបស់ខ្លួន ក៏ឲ្យបំរើនាំសំបុត្រនោះទៅជូនព្រះពិជ័យនាគ ជាបិតាឲ្យបានដឹងផង។ ព្រះពិជ័យនាគ កាលបើបានដំណឹងថា មានសំបុត្រពីចៅពញាឧទ័យធិរាជ មកដូច្នេះ ក៏ស្ទុះរត់ទៅ ប្រុងនឹងទទួលសំបុត្រនោះ ហើយ នឹង ដើម្បីសុំមហាឧបរាជកន កុំឲ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅដល់ទន្ទឹមនឹងទ្វារ ក៏ភ្លាត់ជើងដួលទៅត្រូវនឹងចុងដាវ ដែលដាក់នឹងដៃកែវ ចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះ សន្លប់បាត់ស្មារតី ក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះ ឃើញហើយក៏គ្រាហ៍ព្រះពិជ័យនាគ ទៅដាក់ឲ្យដេកនៅលើគ្រែ ហើយឲ្យបម្រើទៅថ្វាយដំណឹង ដល់មហាឧបរាជកន តាមដំណើរគ្រប់ប្រការ។
មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក បានជ្រាបថា បិតាត្រូវអាវុធ មានរបួសជាទម្ងន់ណាស់ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះដល់មកបន្ទាយក្នុងព្រះនគរ ក៏ល្មមនឹងពេលដែលព្រះពិជ័យនាគអនិច្ចកម្មទៅដែរ។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក ដឹងថាបិតាក្ស័យហើយ ក៏ទ្រង់វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការសង្គ្រាម ដើម្បីធ្វើបុណ្យសពបិតា ឲ្យបានជាឧឡារិក។
ចំណែកឯ សម្ដេចព្រះស្រីសុគន្ធបទ កាលទ្រង់ជ្រាបថា ព្រះពិជ័យនាគ ក្ស័យជីវិតហើយ ហើយព្រះស្ដេចកន ថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះ ទ្រង់ក៏ត្រាស់បង្គាប់ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខេត្តអាសន្ទុក ឲ្យលើកកងទ័ព ទៅវាយយកបន្ទាយលង្វែក ខែត្រកំពង់សៀមឲ្យបានហើយឲ្យលើកទៅវាយយកខែត្រត្បូងឃ្មុំទៀត។ ទ្រង់ឲ្យចៅពញាក្រឡាហោម លើកទ័ពទៅវាយយកបន្ទាយភ្នំពេញ។
ចៅពញាឧទ័យធិរាជ ចៅហ្វាយខែត្រអាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ាលោក ជាមេទ័ពហ្លួងទាំង៣នាក់នោះ បានទទួលព្រះរាជបញ្ជាហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនាទាហានរេហ៍ពល ១០០០០នាក់ ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ។ ក្នុងគ្រានោះមេទ័ពខាងមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឲ្យឡើងច្បាំង រក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្ដឹង ទៅដល់មហាឧបរាជកន។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ក្រសឹកកាលបានដឹងថា ព្រះបរមបពិត្រ ស្ដេចចាត់មេទ័ពហ្លួងឲ្យមកវាយទ័ពខ្លួនដូច្នោះ ក៏ស្រើបស្រួល ជាសេចក្ដីក្សេមក្សាន្ត ទើបចាត់ភោជឲ្យលៀងសេនាទាហានយ៉ាងធំ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាថា :
មហាឧបរាជយើង លោកធ្វើបុណ្យបិតានោះ បើមើលមុខលោកទៅឃើញថា លោកមានទុក្ខជាទម្ងន់ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផង គឺទើបតែនឹងមកសង្គាយនា ហើយមានសំបុត្រប្ដឹងមកថា មានទ័ពចោមបន្ទាយនោះ លោកត្រឡប់ជាស្រើបស្រួលសប្បាយទៅវិញ។ ដូច្នេះ តើមានហេតុដូចម្ដេច ទើបបានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ?
មហាឧបរាជកន ឮហើយឆ្លើយថា : អ្នកចាំពុំច្បាស់ទំនៀម ព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះមួយ ពេលគេធ្វើបុណ្យសពបិតាគេនេះមួយ ទោះបីម្ដេចម្ដាក៏គេតែងតែឈប់ធ្វើសង្គ្រាម កំណត់មួយរយថ្ងៃសិនដែរ ឥឡូវនេះ ស្ដេចនេះធ្វើល្មើស នឹង បទព្រះអយ្យការយ៉ាងនេះហើយ នោះយើងយល់ថា ស្ដេច នឹង អស់បុណ្យជាពិត ហើយផែនដី នឹង បានមកយើង ដូចទំនាយលោកគ្រូទាយឲ្យយើងមិនខាន។
នាយកនថាតែប៉ុណ្ណេះហើយ ហេតុតែជាបុណ្យ ក៏បណ្ដាលឲ្យឃើញអស្ចារ្យ ជានាគមួយហោះព័ទ្ធរោងបុណ្យនោះ ៣ជុំ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ ក៏ទះដៃតាំងហ៊ោថា : បន្ទូលព្រះមហាឧបរាជនោះ ពិតដូចទំនាយហើយ។
ចាប់តាំងពីនោះមកមន្ត្រីសេនាទាហាន ក៏ព្រមព្រៀងគ្នា ប្រឹងខំធ្វើការទ្វេមួយជាប្រាំ។ ពេលនោះ សេនាទាហាន ដែលជាមេកំណែន កេណ្ឌរេហ៍ពល បានពីខែត្រខាងកើត ១២០០០០នាក់ ហើយនាំមកថ្វាយស្ដេចកន។ មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក យល់ថា ពលជួបជុំហើយ ទើបតាំងនាយកៅជាប្អូនម៉ែបាន ដែលត្រូវជាមាខ្លួនបង្កើត ឲ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈ ហើយឲ្យឃុំពលមួយម៉ឺនប្រាំពាន់ លើកទៅជួយមេទ័ពរបស់ខ្លួន ដែលតាំងបន្ទាយនៅភ្នំពេញ ត នឹង ទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួង តាំងពីឧកម៉ឺនកែវ ជាចៅពញាក្រឡាហោម ឲ្យឃុំពល ១៥០០០នាក់ ឲ្យជួយមេទ័ពខ្លួន ដែលតាំងបន្ទាយនៅលង្វែក ត នឹងទ័ពចៅពញាសួគ៌ាលោក ជាមេទ័ពហ្លួង។ ឯខ្លួនមហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក ឯងវិញឃុំពល ៤០០០០នាក់ លើកទៅជួយមេទ័ពខ្លួន ដែលតាំងបន្ទាយនៅខែត្រកំពង់សៀមត នឹង ទ័ពចៅពញាឧទ័យធិរាជ។ ខណៈនោះ មេទ័ព និង ខ្លួនមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក លើកទៅដល់បន្ទាយទាំង៣ហើយក៏ចូលត នឹង មេទ័ពហ្លួង ទាំង៣ផ្លូវ បានចូលតតាំងច្បាំងគ្នា តាំងពីអាវុធវែង រហូតដល់អាវុធខ្លី ចូលប្រកាប់គ្នា កងទ័ពពីក្នុងបន្ទាយ ក៏បើកទ្វារបន្ទាយ វាយផ្ទប់មកកងទ័ពហ្លួង នៅកណ្ដាលចំណោម។ កងទ័ពហ្លួងត្រូវ នឹង អាវុធវែងខ្លី ស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង៣ ផ្លូវ ក៏បែកទ័ព រត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្ដេចព្រះបរមបពិត្រ ទ្រង់ប្រោសប្រណីដល់មេទ័ពទាំង៣ នាក់ មិនឲ្យមានទោសឡើយ ទ្រង់ប្រោសឲ្យធ្វើរាជការរៀងរាល់ខ្លួនតទៅទៀត។
សម្ដេចព្រះស្រីសុគន្ធបទ ទ្រង់អាណិត លើកទោសមេទ័ពទាំង៣ ហើយទ្រង់ត្រាស់បង្គាប់ ឲ្យមន្ត្រីចេញទៅកេណ្ឌកងទ័ពពីខេត្តស្ទឹងត្រងមួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្ត ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញមួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិសាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្តបូណ៌មួយ រលាប្អៀរមួយ ទាំង១៥ ខេត្តនេះ បានពលតែ៥០០០០នាក់ ព្រោះរាស្ត្រខ្លាចចំបាំង រត់ចូលព្រៃអស់ជាង ១០០០០០០នាក់ បានតែ ១០០០០០នាក់ រួមទាំងទ័ពហ្លួង ដែលកេណ្ឌនៅខេត្តជិតៗនោះផង។
មហាឧបរាជកន យល់ឃើញថា បានការហើយ ក៏លើកទ័ពទាំងពីរផ្លូវ ត្រូវជាបីផ្លូវ នឹង ទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្តអាសន្ទុក ហើយឲ្យឈប់ទ័ពតាំងបន្ទាយ ប្រជុំនាយកងទ័ព មកប្រឹក្សាការសង្គ្រាមថា : ទ័ពយើងដែលលើកទៅនេះ បានពិជ័យឫក្សល្អណាស់។ បើយើង នឹង លើកទៅវាយយកជ័យជំនះកាលណា ប្រាកដជាយើង នឹង បានដោយងាយ ក្នុងកាលនោះ តែស្លាប់រេហ៍ពលទាំងសងខាងខ្លះ ពុំខានឡើយ។ បើយើងមាន ជ័យជំនះកាលណា ប្រាកដជាហ្លួងឲ្យសម្លាប់ម្ដាយយើង និង ញាតិសន្តានយើង ស្លាប់អស់ឥតប្រយោជន៍។ ដូច្នេះ យើងយល់ថាយើងត្រូវគិតឧបាយកល យកម្ដាយ និង ញាតិសន្តានយើងឲ្យបាន ហើយឲ្យមានជ័យជំនះផង។ ដូច្នេះតើអស់កងសេនាទាហានយើងនេះ នរណា នឹង អាចទទួលអាសាយើង យកកេរ្តិ៍ឈ្មោះទុកតទៅ។ អស់នាយកងទ័ព សួរថា :
ឧបាយកល មហាឧបរាជនោះ ដូចម្ដេច?
មហាឧបរាជ ថ្លែងប្រាប់ថា : កាលផែនដី សម្ដេចព្រះបរមរាជា ពញាយ៉ាតនោះ ព្រះអង្គតែងប្រើឧបាយ មនុស្សដប់ពីរនាក់ ឲ្យចូលទៅលុកព្រះឥន្ទកុមាររាជា (ស្ដេចសៀម)។ ឧបាយនោះ ក៏នៅជាពុំសូវជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើ នរណាទទួលអាសាយើង យើង នឹង ឲ្យរង្វាន់ ឲ្យយសសក្ដិឲ្យពេញចិត្ត ហើយយើង នឹង ចិញ្ចឹមកូនចៅ ផៅសន្តាន តទៅ ៧ ជួរគោត្រ។ ខណៈនោះ មានម្នាក់ឈ្មោះ ឱកម៉ឺនសូរិន្ទកែវ ជាកូនរបស់ចៅពញាយោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹង សម្ដេចព្រះស្រីសុគន្ធបទថា ទ្រង់ប្រើចៅពញាយោធាសង្គ្រាម ជាបិតាខ្លួន ទៅឲ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្ដេចធិបតី បាញ់សម្លាប់ ហើយមិនបានតាំងចិញ្ចឹមកូនចៅ ឲ្យកាន់នាទីបិតាតទៅ ក៏រត់ពីសម្ដេចព្រះស្រីសុគន្ធបទ ទៅនៅពឹងបុណ្យ មហាឧបរាជ កន បំណងប៉ងតែ នឹងសងសឹកឈាមបិតាវិញ តែប៉ុណ្ណោះ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឱកម៉ឺនកែវ ក៏វារចូលទៅសំពះ ហើយនិយាយថា:
ខ្ញុំប្របាទម្ចាស់ ទទួលអាសាមហាឧបរាជ ឲ្យបានសម្រេច។
មហាឧបរាជកន កាលបានស្ដាប់ ឱកម៉ឺនកែវ សុំខ្លួនហើយ ក៏យល់ថា បានការ ទើបហៅឱកម៉ឺសូរិន្ទកែវ ឲ្យទៅទីស្ងាត់ រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ។ ឱកម៉ឺនសូរិន្ទកែវ សំពះគំនាប់ហើយថា ឧបាយរបស់មហាឧបរាជនេះ ខ្ញុំប្របាទម្ចាស់ នឹង ធ្វើឲ្យបានសម្រេច តែទាហានពីររយនាក់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំប្របាទម្ចាស់ សុំយកខ្លួន ចៈម៉ឺនចែចុងរ៉ាក់សោម ជាក្រុមរបស់ខ្ញុំប្របាទម្ចាស់ ឲ្យឃុំទាហានក្រុមខ្ញុំប្របាទនោះទៅផង ដ្បិតមនុស្សនេះជាទំនុកទុកចិត្ត របស់ខ្ញុំប្របាទម្ចាស់។
មួយរំពេចនោះ មហាឧបរាជកន ក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ ៤០ជញ្ជីង ប្រគល់ឲ្យទៅឱកម៉ឺនសូរិន្ទកែវ ឲ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំង ឱកម៉ឺនសូរិន្ទកែវឲ្យគ្រងទីយមរាជ។ ស្ដេចកន ប្រាប់ថែមទៀតថា : បើឱកម៉ឺនសូរិន្ទកែវ ទៅហើយធ្វើបានដូចប្រាថ្នានោះ ខ្លួនឧបរាជកន នឹង ឲ្យឱកម៉ឺនសូរិន្ទកែវ ឡើងស៊ប់ក្នុងទីយមរាជ ហើយ នឹង ឲ្យរង្វាន់ឲ្យពេញចិត្តទៀត កុំឲ្យថប់បារម្ភអ្វី ថាឯទាហានពីររយនាក់ ដែលឯងបានរើស ព្រមទាំង ចៈម៉ឺនចែចុងរ៉ាក់ ជាទាហានរួមចិត្តរបស់ឯងទៅនោះ ក៏ឲ្យយកតាមចិត្តចុះ។ ស្ដេចកន និយាយចប់ត្រឹមនេះហើយ ក៏ស្ទុះទៅយកមាស ២០០ជញ្ជីង និង ប្រាក់ ៤០០ជញ្ជីង ឲ្យទៅឱកម៉ឺនសូរិន្ទកែវទៀត។ ហើយផ្ដាំថា ឲ្យយកមាស និង ប្រាក់នោះ ទៅចែកម៉ឺនចែចុងរ៉ាក់សោម ជាសំលាញ់ឯង និង កូនទាហានពីររយនាក់នោះ ទុកជាស្បៀងតាមផ្លូវចុះ។
ឱកម៉ឺនសូរិន្ទកែវ ទទួលរង្វាន់ និង បណ្ដាំសព្វគ្រប់ហើយ ក៏សំពះលាថយទៅ ទីសំចតរបស់ខ្លួនរួចហើយឱកម៉ឺនសូរិន្ទកែវ ក៏ហៅចៈម៉ឺនចែចុងរ៉ាក់ និង កូនទាហានរួមចិត្ត ចូលទៅក្នុងព្រៃស្ងាត់ ចែកមាស ចែកប្រាក់នោះ រួចទើបប្រាប់ឧបាយ តាមមហាឧបរាជ កន ផ្ដាំមកគ្រប់ប្រការ។
ចៈម៉ឺនចែចុងរ៉ាក់ និង ទាហានទាំងពីររយនាក់ បានទទួលរង្វាន់ហើយ ក៏និយាយថា : យើងតាំងចិត្តថា នឹងធ្វើរាជការ ពុំស្ដាយជីវិតទាំងម៉្លេះ ក៏ព្រោះតែប្រយោជន៍ និង គុណ ទុកតកេរ្តិ៍ ឲ្យកូនចៅ។ គ្រានោះ យើងបានដូចប្រាថ្នា ហើយត្រូវយើងប្រុងប្រៀបខ្លួន រាល់ខ្លួនធ្វើការឲ្យបានសម្រេចការតាមបង្គាប់របស់លោកមហាឧបរាជ។
ចៈម៉ឺនចែចុងរ៉ាក់ និង ប័ក្សពួក យល់ព្រមគ្នាទាំងអស់ហើយ ក៏ចូលទៅដេកដំណាក់ តាមនាទីរបស់ខ្លួន។ ព្រឹកឡើងមហាឧបរាជកន ធ្វើជាដើរត្រួតកងទាហានគ្រប់នាទីទាំងអស់។ លុះដល់ទៅនាទីម៉ឺនសូរិន្ទកែវ មហាឧបរាជកន ឃើញឈ្មោះនេះ ដេករាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួន ពុំបានត្រួតត្រាឲ្យបានដិតដល់។ ខណៈនោះ មហាឧបរាជកន បង្គាប់ឲ្យភូឃុំ ចាប់យកខ្លួន ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជនោះ ដាក់ក្ដីវាយខ្នង៣០ ខ្វាប់ ឲ្យបណ្ដើរអាក្រោស ឲ្យគ្រប់៣ ថ្ងៃ ហើយឲ្យសម្លាប់ចោលក្នុងពេលនោះ។
ក្នុងគ្រានោះ មហាឧបរាជកន និង ចៅពញាឧទ័យធិរាជ បោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា។ លុះភូឃុំ បណ្ដើរអាក្រោស ឱកម៉ឺនសូរិន្ទកែវ ទៅមុខបន្ទាយចៅពញា ឧទ័យធិរាជហើយ ក៏បោះឈើបំណង នឹង សម្លាប់ ឱកម៉ឺន សូរិន្ទកែវ ហើយបង្គាប់ឲ្យ ឱកម៉ឹនសូរិន្ទកែវ ភាវនា។ ខណៈនោះ ចៈម៉ឺនចែចុងរ៉ាក់សោម និង ទាហាន រួមចិត្តពីររយនាក់ ឃើញថាដល់សន្មតហើយ ក៏តាំងហ៊ោចេញពីក្នុងព្រៃមក ដេញពួកភូឃុំដែលបណ្ដើរ ឱកម៉ឺនសូរិន្ទកែវនោះ ហើយដោះក្ដី ឱកម៉ឺនសូរិន្ទកែវ ចេញពីបង្គោល រួចនាំគ្នារត់ទៅរកបន្ទាយ ចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជ ក្រឡេកឃើញហើយសាកសួរទៅ ឱកម៉ឺនសូរិន្ទកែវ និង ចៈម៉ឺនចែចុងរ៉ាក់សោម ព្រមទាំងទាហានទាំងពីររយនាក់ដោយចង់ដឹង។ មនុស្សទាំងនេះ ក៏ឆ្លើយត្រូវសេចក្ដីគ្នាថា ខ្លួនដើរយាមល្បាតរាល់ថ្ងៃរាល់យប់។ ថាយប់ម្សិលមិញនេះ ឱកម៉ឺនសូរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃ ក៏ព្រះស្ដេចកន ដែលតាំងខ្លួនជាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹកនោះចេញមក ដើរត្រួតត្រាបន្ទាយ ឃើញក៏ចាប់ទោសឲ្យយកមកសម្លាប់ ហេតុនេះហើយបានជា ពួកខ្ញុំប្របាទម្ចាស់ ទាំងពីររយនាក់នេះអាណិតអាសូរ វេទនាដល់ជាតិត្រកូល ឱកម៉ឺន សូរិន្ទកែវ ដែលជាកូនចៅពញាយោធាសង្គ្រាម ស្លាប់ដោយមានគុណបំណាច់ នឹង ផែនដីនោះផង។ ខ្ញុំប្របាទទាំងអស់គ្នា ខំដណ្ដើមយកខ្លួន ឱកម៉ឺនសូរិន្ទកែវ មកសុំជ្រកបុណ្យអំណាចព្រះតេជគុណ សូមធ្វើរាជការ សងសឹកបិតា ក្នុងបុណ្យព្រះតេជគុណតទៅ។
ចៅពញា ឧទ័យធិរាជសួរថា : ចៅពញាយោធាសង្គ្រាម ដែលអាព្រះស្ដេច កន បាញ់ធ្លាក់ពីក្បាលដំរីនោះ ឬ ជាបិតារបស់ឯង។
ឱកម៉ឺនឆ្លើយថា : បាទនុះឯងហើយ វាបាញ់បិតាខ្ញុំប្របាទស្លាប់ ហើយវាចាប់យកខ្លួនខ្ញុំប្របាទយកទៅរាប់អានបញ្ចុះបញ្ចូល រួចក៏ឲ្យចូលទៅធ្វើរាជការនឹងវា។ ឥឡូវនេះខ្ញុំប្របាទម្ចាស់ បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើអាយុជីវិត ធ្វើរាជការក្នុងព្រះតេជគុណ ដើម្បីគិតសម្លាប់ ព្រះស្ដេចកន សងឈាមបិតាខ្ញុំប្របាទ ឲ្យបានវិញ។
ចៅពញា ឧទ័យធិរាជ បានស្ដាប់ចម្លើយ អស់ទាំងពីររយនាក់នោះហើយ ឃើញថា ឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនា នឹង ទៅដល់ចៅពញាយោធាសង្គ្រាម ដ្បិតជាភ្នាក់ងារខ្ញុំព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា : សំដីបោកប្រាសនេះ ជាសំដីពិតប្រាកដណាស់ ទើបមានប្រសាសន៍ថា :
ការណ៍នេះ បើអ្នកស្លូតត្រង់ ស្មោះចំពោះ នឹង ព្រះបរមបពិត្រ ជាម្ចាស់មែន យើង នឹង ជួយទំនុកបម្រុង ក្រាបបង្គំទូលព្រះអង្គ ឲ្យបានសេចក្ដីគាប់ ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះ តាមច្បាប់អាជ្ញាសឹក នឹង ខានដាក់ក្ដី នាំខ្លួនឯងទាំងអស់គ្នា ទៅថ្វាយព្រះអង្គពុំបានឡើយ។
ចៅពញាឧទ័យធិរាជ ថាហើយក៏បង្គាប់ នាយកងនាយទ័ពឲ្យដាក់ឈ្មោះ ទាំង ២០២ នាក់ហើយចាត់បម្រើឲ្យនាំខ្លួនទាំង ២០២ នាក់នោះ ទៅក្រាបបង្គំទូលថ្វាយ ព្រះបរមបពិត្រ ដែលស្ដេចគង់នៅ ក្នុងបន្ទាយស្ទឹងសែន។
ទាហានទាំង ២០២នាក់ បានទៅដល់ព្រះអង្គហើយ ក៏ក្លែងធ្វើជាក្រាបយំ អណ្ដឺតអណ្ដករអាក់រអួលពន់ប្រមាណ។
សម្ដេចព្រះស្រីសុគន្ធបទរាជា ពេលនោះ ព្រះអង្គចេញគង់ ចុងព្រះរាជរោងរម្យ ជួបជុំអស់នាម៉ឺនសេនាបតី មន្ត្រីតូចធំខ្ញុំរាជការ នៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបម្រើ ចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចម្លើយទាហាន ទាំង២០២នាក់នោះ ទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហានក្រុមមឿង ទាហានរក្សាព្រះអង្គ និង ក្រុងមហាផ្ទៃ ឲ្យពិចារណាសួរកត់យកចម្លើយ ហើយឲ្យយកទៅសូត្ររាយការណ៍ ថ្វាយទ្រង់ព្រះសណ្ដាប់។ មន្ត្រីទាំង៣ក្រុម ក៏ធ្វើតាមព្រះរាជបង្គាប់។ លុះឃើញថាចម្លើយរបស់ទាហានទាំង ២០២នាក់នោះ ត្រូវដូចចម្លើយក្នុងសំបុត្រ ចៅពញាឧទ័យធិរាជហើយ ទ្រង់ព្រះអាសូរ ដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏ឲ្យលើកទោសដោះក្ដី ទាហានទាំង២០២នាក់នោះចេញ។ ទ្រង់ទុកអ្នកទាំងនោះ ជាមន្ត្រីក្នុងទាហាន រក្សាព្រះអង្គតទៅ។ បន្ទាប់មក ទ្រង់ព្រះរាជទានប្រាក់ ឱកម៉ឺនសូរិន្ទកែវ ៥ជញ្ជីង ឲ្យចៈម៉ឺនចែចុងរ៉ាក់សោម ៤ ជញ្ជីង ឲ្យទាហានទាំង ២០០នាក់ ៥តម្លឹងៗម្នាក់។
មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ក្រសឹក កាល ឱកម៉ឺនសូរិន្ទកែវគ្រងងារជាយមរាជ រត់ចេញទៅហើយនោះ ក៏លើកកងទ័ពទៅចោមវាយ បន្ទាយចៅពញា ឧទ័យធិរាជ យ៉ាងសាហាវ។ ចៅពញា ឧទ័យធិរាជ ក៏ឲ្យកងទ័ពទទួលតតាំងច្បាំង តាំងពីព្រឹកលុះដល់ថ្ងៃរសៀល ជិតព្រលប់ទើបឈប់។ កងទ័ពខាងចៅពញាឧទ័យធិរាជ ស្លាប់អស់ជាច្រើន។ ចៅពញា ឧទ័យធិរាជយល់ថា នឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ ក៏នាំកងទ័ពដោះថយទៅស្ទឹងសែន ហើយឲ្យរៀបព្រះទីនាំងនាវា ទូកចំណុះ និង ទូកចម្លង ត្រៀមទុក ដើម្បី នឹង អញ្ជើញព្រះបរមបពិត្រ ឲ្យស្ដេចនាំគ្រប់គ្រួទៅគង់ ទៅនៅឯខែត្រពោធិ៍សាត់វិញ។
នៅវេលាយប់នោះ សម្ដេចព្រះស្រីសុគន្ធបទ ជាអម្ចាស់ផែនដី ស្ដេចចូលក្រឡាព្រះបន្ទំ ទ្រង់សុបិននិមិត្តឃើញថា : ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែន ថាវេលានោះមាននាគរាជមួយមកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា ឥតមានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះស្ដេចឃើញ ដូចជាសម្ដេចព្រះវររាជបិតា មកដាស់ហៅព្រះអង្គថា ឯងទៅនៅ នឹង អញ ថាស្ដេចនាគរាជនោះ កុំឲ្យឯងត នឹង វាអី ថាវានោះដល់កំណត់ព្រះចន្ទ រះមកពីទិសខាងលិចកាលណា វាក៏រលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណោះហើយ ក៏តើនចាកក្រឡាព្រះបន្ទំ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅ ត្រាស់ហៅព្រះបុរោហិត និង ហោរាមកថ្វាយព្យាករណ៍។ ព្រះហោរាធិបតី ថ្វាយព្យាករណ៍ថា : ការណ៍ដែលព្រះអង្គនិមិត្ត ឃើញនាគខាំពាំព្រះអង្គ នាំទៅក្នុងទឹកស្ទឹងសែននោះ ត្រូវត្រង់ស្ដេចកន នាំអ្នកជាមកប្រមាថព្រះអង្គបាន។ ថាត្រង់ដែលឃើញសម្ដេច ព្រះវររាជបិតា មកស្រែកហៅព្រះអង្គនោះ ទំនាបថា ព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើ ចៅពញាឧទ័យធិរាជ ឲ្យរៀបព្រះទីនាំង ឲ្យថយទៅខេត្តពោធិ៍សាត់នោះ ឃើញថាត្រូវណាស់ សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាងលិច នឹងរលាយរូបនាគនោះ ទំនាយថា អ្នកមានបុណ្យក្នុងព្រះត្រកូល នឹង ចេញមកពីទិសបស្ចិម មកប្រាមប្រាប ឲ្យរលាយព្រះស្ដេច កននេះ ពុំខានឡើយ។
កាលដែលហោរាទំនាយថ្វាយនោះ ត្រូវជាថ្ងៃ ១៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស.២០៥៦ គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើគិតពីត្រឹមកាលដែលព្រះអង្គ ព្រះស្រីសុគន្ធបទស្ដេចសោយរាជជាសុខនោះ បាន៥ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន ៤ឆ្នាំ បូករួមទៅត្រូវជា៩ ឆ្នាំ ព្រះជន្មវស្សា ៣៤ឆ្នាំ។
ក្នុងគ្រាដែលហោរា កំពុងព្យាករណ៍នោះ ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចែចុងរ៉ាក់សោមមួយ នាំទាហានទាំងពីររយនាក់ ចូលទៅស្រែកថា មានការណ៍ធំណាស់ សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់តើនឡើង ទើបតែនឹងគង់ស្រង់ព្រះអង្គ ទាហានទាំងពីរកាយនេះ កាប់ត្រូវព្រះអង្គជាទម្ងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គ ឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅ កូនទាហានទាំងពីររយនាក់នោះ ទទួលកាប់ចាក់គ្នាជាឧឡារិក ឮសូរសន្ធឹកនេះ ដល់ទៅចៅពញាយមរាជ ដែលជាបិតាលៀង នៃ ចៅពញាយសរាជា ជាព្រះរាជបុត្រ តែចៅពញាយមរាជ លើកទៅជួយពុំទាន់ ព្រះបរមបពិត្រ ក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជ អញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់៣០នាក់ ស្លាប់ខាងទ័ពហ្លួងជាង ១០០នាក់។
ចំណែកឯ មហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា : ចៅពញា ឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវ រត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំង នឹង ទ័ពអាស្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជា ចុះទូកចែវរត់ទៅ។ លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជ ក៏សុំយកដំរីសេះ ពីចៅហ្វាយស្រុកនោះមក ដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិក រៀបដាក់ស្នែងបញ្ចុះសព នៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជា ចូលទៅក្រុងទេព។
នេះនឹងស្រដីអំពី សម្ដេចព្រះឥសីភ័ទ្ទសួស្តិ៍ថា : កាលដែលបន្ទាយសំរោងសែន បែកទ័ពនោះសម្ដេចព្រះឥសីភ័ទ្ទ ព្រមគ្នា នឹង ស្ម័គ្របក្សពួក អញ្ជើញយកព្រះខាន់រតនមង្គល ព្រះលំពែងជ័យ និង គ្រឿងព្រះបញ្ចក្សេត្រ ចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ គាត់គិតថា : បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅ មុខជាសៀមមិនឲ្យអញត្រលប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទ ក៏ធ្វើជាចូលទូក ទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំង នាំចៅពញាយសរាជា ហួសទៅសម្ដេចព្រះឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះ ចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅ យកតែព្រះខាន់រាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរ នោះ ឲ្យអាសូរជាខ្ញុំវេចស្ពាយ រត់ទៅដល់ចុងខេត្តបាទី។ (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះ នៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទ ក៏នាំគ្នានឹងអាសូរជាខ្ញុំ ពួនពាក់លាក់ខ្លួន មិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខាន់រាជ្យ នឹង ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុក នៅក្នុងរន្ធ នៃ ប្រហោងដើមចំបក់មួយ។
ចំណែកឯ ចៅពញាយសរាជា ជាព្រះរាជបុត្រ ព្រះស្រីសុគន្ធបទនោះ ព្រមទាំងបណ្ដាជាខ្ញុំ ក្រុមមហាតលិក នាំព្រះអង្គរត់ទៅដល់ស្រុកសៀមហើយ ក៏ចូលទៅនៅ នឹង សម្ដេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួល ទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយ ក្លែងឧបាយក្បត់ផែនដី។ ទ្រង់ថ្លែងសេចក្ដី ពីសម្ដេចព្រះវររាជបិតា ក្ស័យព្រះជន្មនៅស្ទឹងសែន សព្វគ្រប់ប្រការ។
សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានសេចក្ដីអាល័យ សម្ដេចព្រះជេដ្ឋាណាស់។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេច ដែលវាចេញក្បត់ផែនដី ទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គ ទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជា មហាឧបរាជ ស្ដេចនាំចៅពញាយសរាជ ចូលគាល់សម្ដេចព្រះមហាចក្រពត្តិ "ស្ដេចសៀម" ទូលរឿងសព្វគ្រប់ហើយ ទូលពីសម្ដេចព្រះរៀមសុគតគ្រប់ប្រការ រួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្ដេច ប្រហារជីវិតឲ្យបាន។
ព្រះមហាចក្រពត្តិ ទ្រង់ប្រារព្ធ នឹង ក្រស័ត្រទាំងពីរព្រះអង្គ ហាក់ដូចជាឈឺឆ្អាលណាស់ ថាចាំយើងចាត់សេនាទាហាន ឲ្យលើកទៅជួយបង្ក្រាប អាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។
រីឯ មហាឧបរាជ កន ភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ្វាកៅ ត្រូវជាមា និង នាយកងនាយទ័ព លើកទៅសង្កត់ខែត្រ ឲ្យរាបទាបទាំងអស់ គឺខាងជើងទល់នឹងនគរលាវ ខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយ ចៅហ្វាកៅ ក៏តាំងចៅហ្វាយស្រុក ឲ្យនៅរក្សាខែត្រយ៉ាងមាំមួន រួចទើបត្រឡប់មករក មហាឧបរាជកនវិញ។
មហាឧបរាជ ភូសម្រេចការរាជការ មហាក្រស័ត្រសឹក បានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ្វាកៅជាមាឲ្យជាធំ សម្រេចរាជការខាងទាហាន។
ក្រៅពីនោះ តាំងឲ្យជា សេនាបតី មន្ត្រីធំតូច តាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយ មហាឧបរាជកន ក៏ប្រកាសថា : បើអ្នកណារកព្រះខាន់រាជ្យមកថ្វាយបាន មហាឧបរាជ នឹង ឲ្យរង្វាន់ ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកន ឲ្យធ្វើព្រះខាន់ថ្មី វិចិត្រ រចនាដោយសុវណ្ណរតន៍ រួចស្រេចហើយ សម្ដេចចៅហ្វាកៅ និង អស់សេនាបតីមន្ត្រីតូចធំ ខ្ញុំព្រះរាជការជំនុំព្រមគ្នា រៀបចំពិធី ប្រាប្ដាភិសេក មហាឧបរាជ ឲ្យឡើងសោយរាជសម្បត្តិ គ្រប់គ្រងក្រុងកម្ពុជាធិបតី តទៅ។