ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី17.កុម្ភៈ 2018.ម៉ោង 8:26
ផែនដីព្រះសុគន្ធបទ (ត)
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ត្រាស់មកឲ្យតឿនយើង ឲ្យយើងចេញមកជាមេកង ធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជបំរើ ឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសា ចាប់ចៅពញាចន្ទរាជាសម្លាប់បាន ទ្រង់ឲ្យជាមាសមួយរយតំលឹង ហើយយើង នឹង ក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះ ជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយ ពុំដឹងឧបាយ ក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។
ព្រះរាជបំរើនោះត្រឡប់វិញ ទៅដល់ហើយ ក៏ចូលទៅក្រាបបង្គំទូលដំណើរ តាមសេចក្ដីព្រះស្ដេចកនផ្ដាំមក។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ ក៏ស្មានថាជាការពិតមែន ទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា : ឲ្យចាត់បំរើស្រីៗ ឲ្យស្ដីលួងលោមព្រះស្ដេចកន ឲ្យចូលមកឲ្យឆាប់ កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ។ អ្នកព្រះស្នំឯក ពុំហ៊ានទូលទាស់ ក៏ចាត់បំរើស្រីស្រដីថា ឲ្យទៅស្រដីលួងលោម បញ្ចុះបញ្ចូលតាមត្រាស់បង្គាប់។ លុះបំរើទៅដល់ជម្រាបថា : អ្នកជាម្ចាស់ បានក្រាបបង្គំទូលសុំ ព្រះរាជទានលើកទោស អ្នកព្រះស្ដេចអស់ហើយ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេច នឹង លើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឲ្យយូរទៅ ការណ៍នេះ នឹង កើតជាសឹកសង្គ្រាមជ័យ ហើយអ្នកជាម្ចាស់ នឹង ជួយលោកពុំរួចទេ។
ព្រះស្ដេចកន ស្ដាប់ហើយក៏នឹកថា ស្ដេចនេះល្ងង់ណាស់។ បើល្ងង់យ៉ាងនេះ គង់នឹងបានរាជសម្បត្តិមកអញហើយ។ លុះគិតដូច្នេះហើយ ព្រះស្ដេចកន ក៏តបជាឧបាយថា : ឲ្យអ្នកបងបង្អង់ទម្រាំតែរាស្ត្រត្រឡប់ទៅស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះ នឹងចូលទៅក្រាបបង្គំគាល់ ព្រះបរមនាថបរមបពិត្រហើយ សូមកុំឲ្យទ្រង់ព្រួយព្រះទ័យឡើយ។ កុំភ័យនឹងខ្ញុំៗមិនក្បត់ទេ។
ស្រីបម្រើទាំងនោះ ត្រឡប់វិលមក យកសេចក្ដីក្រាបបង្គំទូល តាមដំណើរវិញគ្រប់ប្រការ។ ព្រះបរមបពិត្រ ស្ដេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យបង្អង់ស្ដាប់ការណ៍តទៅទៀត។
ព្រះស្ដេចកន កាលបើពួកស្រីបម្រើទាំងនោះ ត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ព ចេញទៅសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ បង្ហាត់សេនាទាហានបានជាច្រើន កើនចំនួនឡើងតែរាល់ថ្ងៃ។ អស់ប្រជានុរាស្ត្រ ដែលជាខ្ញុំរាជការឃើញមានព្រះរាជបំរើ ឲ្យទៅមករកគ្នារឿយៗហើយឮពាក្យប្រកាសរបស់ព្រះស្ដេចកនថា : ព្រះបាទអ្នកជាអម្ចាស់ ត្រាស់ប្រើឲ្យចេញទៅគិតការណ៍ សម្លាប់ចៅពញាចន្ទរាជា ដូច្នេះក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា : លួងព្រះស្ដេចកន ទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះ ឃើញថា ពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់ រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមីឯកស័ក ត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយ ទើបទ្រង់ព្រះចិន្តាថា : ពាក្យដែលឮនេះប្រហែលជាមែន បានជាសម្ដេចព្រះជេដ្ឋាធិរាជ ធ្វើព្រងើយកន្តើយ ឲ្យបំរើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះបើព្រោះតែយើងមួយ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វី ទើបស្ដេចនាំអស់បណ្ដាជាខ្ញុំ៥០នាក់ ដោះរត់ជើងគោកទាំងរាត្រីនោះពីក្រុងចតុម្មុខ ស្រូតរូតចូលទៅក្រុងទេពបុរីទៅ។ លុះស្ដេចទៅដល់ខេត្តពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលទៅសំណាក់អាស្រ័យ នៅផ្ទះតាមឿង(1) មេស្មឹងភ្នំក្រវាញ។ តាមឿងឃើញស្ដេចយាងទៅដល់ហើយក៏អរណាស់ ចុះមកអញ្ជើញស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយ ថ្វាយសោយ តាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី ៨ សេះ ១០ និងកូនប្រុស ៤នាក់ជាខ្ញុំ តាមហែស្ដេចទៅក្រុងទេព។ ព្រះចៅចន្ទរាជា បានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា : តាឯងធ្វើគុណ នឹង យើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាមឿង ឡើងដំរី លើកចេញទៅតាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ត្រីសៀម នាំឡើងក្រាបបង្គំទូល ព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា : យើងនឹងជួយទំនុកបម្រុងដល់អ្នក ហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរ គ្រឿងឧបភោគបរិភោគ សម្រាប់យសស័ក្ដិ និង វាំងដំណាក់ ឲ្យស្ដេចគង់ខាងវត្តប្រណែងធឿន ជាសុខរៀងមក។
ស្ដេចកន ដែលចាត់មេកងទ័ព ឲ្យចេញសង្កត់ខេត្តតូចធំ កេណ្ឌរេហ៍ពលបានមកជួបជុំល្មមជាមាំមួនហើយ លុះបានដឹងថា ចៅពញាចន្ទរាជារត់ទៅស្រុកសៀម ដូចឧបាយដែលខ្លួនគិតដូច្នោះហើយក៏អរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា:
ពីដើមអញញញើតតែ ចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះ អញពុំឃើញនរណា នឹង ក្លាហានចេញតនឹងអញបានឡើយ។ ឥឡូវចៅពញាចន្ទរាជា រត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះគង់ នឹង បានសម្រេច ដោយងាយជាមិនខាន។ ព្រះស្ដេចកនថាហើយ ក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរ ដែនព្រះនគរហ្លួង។
- ចំណែកឯ ព្រះបរមបពិត្រ ដែលស្ដេចរង់ចាំព្រះស្ដេចកន នឹង ចូលមកគាល់នោះ លុះយល់បាត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា :
- ប្អូនឯង ម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ?
- ព្រះម្នាង កេសរបុប្ផា ក្រាបទូលថា :
- ខ្ញុំម្ចាស់ឲ្យបំរើទៅតឿនវា វាថាកុំឲ្យភ័យ នឹង វា វាមិនក្បត់ទេ។ ថាកាលណា វាជូនរាស្ត្រទៅស្រុករួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះ ខ្ញុំម្ចាស់នឹងចាត់បំរើ ឲ្យទៅតឿនវាទៀត។
ចំណែកឯកង ល្បាតព្រះនគរ កាលឃើញថា ព្រះស្ដេចកនលើកកងទ័ពធំមក បោះនៅចុងខេត្តស្រីសឈរដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្ដីនេះ ទៅប្ដឹងចៅពញាយមរាជ, សេនាបតីនេះ ក៏នាំឡើងក្រាបបង្គំទូលថា :
ឥឡូវនេះ ព្រះស្ដេចលើកកងទ័ព មកបោះនៅចុងខែត្រស្រីសឈរ គឺចុងដែនក្រុងហើយ។ កងល្បាតទប់ពុំជាប់ ក៏រត់ចូលមកប្ដឹង។
សម្ដេចព្រះបរមពិត្រ លុះបានទ្រង់ជ្រាបហើយទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា : "អញស្មានថាវា នឹង ចូលមកគាល់បម្រើ នៅជាខ្ញុំរាជការតទៅទៀត មិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ"។
ទ្រង់ត្រាស់តែប៉ុណ្ណេះហើយ ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌកងទ័ព បានចំនួនជាងប្រាំពាន់ប្លាយនាក់ទើបទ្រង់ចាត់ហើយឲ្យនៅចាំរក្សាព្រះនគរពីរពាន់ ចាត់ឲ្យចៅពញាយោធាសង្គ្រាម លើកទៅជាទ័ពមុខ ១០០០នាក់ ចៅពញាចក្រីលើកទៅជាទ័ពធំ២០០០នាក់។ លុះបានឫក្សពារពិលាល្អហើយ ចៅពញាយោធាសង្គ្រាម ក៏លើកទ័ពទៅជាមុន ចៅពញាចក្រី លើកទ័ពធំទៅជាក្រោយ ដោយក្បួនពិជ័យសង្គ្រាម។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខ ទ័ពធំ លើកចេញហើយ ទ្រង់ត្រាស់បង្គាប់មន្ត្រីក្រុម រក្សាព្រះអង្គ ឲ្យទៅអញ្ជើញសម្ដេចព្រះអនុជចន្ទរាជា នឹង ឲ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះមន្ត្រីមហាថៃ (សព្វថ្ងៃហៅក្រសួងមហាផ្ទៃ) ក្រាបទូលថា : សម្ដេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើ ព្រះស្ដេចកនឲ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ។ ព្រះអង្គភ័យណាស់ ក៏ប្រមូលតែបណ្ដាជាខ្ញុំ៥០នាក់ រត់ទៅក្រុងទេពទាំងយប់នោះទៅហើយ។ ព្រះបាទបរមនាថ បរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្ដាយណាស់ ទ្រង់ត្រាស់ថា : មិនគួរជាប្អូនមិនសួរបងសិន មិនគួររត់ចោល ឲ្យបងព្រួយដល់ម៉្លេះទេ។ ត្រាស់ហើយព្រះអង្គយាងចូលទៅខាងក្នុងទៅ។
ចៅពញាយោធាសង្គ្រាម កាលជិះដំរីចេញទៅជាមេទ័ពមុខនោះបានជួប នឹង ទ័ពព្រះស្ដេចកន។ ព្រះស្ដេចកន ក៏បរដំរីចេញចំមុខកងទ័ពនោះ ទើបចៅពញាយោធាសង្គ្រាមស្រែកថា : " យើ អ្នកព្រះស្ដេច ម្ដេចក៏អ្នកឯងមិនកោតក្រែងព្រះចេស្ដាសោះ។ បំណាច់ទ្រង់ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះម្ដេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្តអកតញ្ញូ នឹង ព្រះមហាករុណាទិគុណយ៉ាងនេះ?
ព្រះស្ដេចកន ឮហើយគិតថា : បើអញ នឹង បើកឲ្យចៅពញាយោធាសង្គ្រាមនិយាយវែងទៅទៀតក្រែងកងទ័ពយល់ថាខ្លួនជាមនុស្សក្បត់ ពុំមែនជាត្រាស់ប្រើទេ ទើបឆ្លើយថា :
អ្នកឯង កុំនិយាយការអ្វី ជាជ្រៅខាងក្នុងនោះឲ្យសោះ ទ្រង់ព្រះបណ្ដាំ នឹង ខ្លួនខ្ញុំសព្វគ្រប់ហើយ។
ព្រះស្ដេច កន ថាហើយ ក៏យឹតធ្នូបាញ់ទៅ ត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាម ក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច។
កងទ័ពឃើញនាយបរាជ័យហើយ ក៏បែកទ័ពរត់ទៅរកកងទ័ពធំ។ ចៅពញាចក្រី កាលឃើញទ័ពមុខបែកមកហើយ ក៏កាល់ពលឲ្យចូលតយុទ្ធ នឹង ព្រះស្ដេចកន តែចៅពញាចក្រីទប់ពុំឈ្នះ ទើបថយទ័ពមកជិតព្រះនគរ ហើយបញ្ឈប់កងទ័ពនៅទីនោះ ដើម្បីរាំងទ័ពព្រះស្ដេចកន កុំឲ្យដេញចូលមកទៀត។ ខណៈនោះ ចៅពញាចក្រី ក៏បកសំបុត្រចាត់បម្រើ ឲ្យចូលមកសុំកងទ័ពថែមទៅទៀត។ ព្រះបរមបពិត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទជាម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យប្រជុំសេនាបតី មន្ត្រីបុរោហិតព្រឹទ្ធាចារ្យ អមាត្យទាំងឡាយមកជួបជុំត្រាស់ប្រឹក្សា កិច្ចការរាជាការសង្គ្រាម។ ខណៈនោះ ចៅពញាយមរាជ យកសេចក្ដីក្រាបទូលថា :
ទ័ពអាព្រះស្ដេចកន លើកមកឥឡូវនេះ ប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឲ្យទៅកេណ្ឌកងទ័ពត្រើយខាងលិចមក ក៏មុខជាយូរ ហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមានតែ ១០០០០នាក់ប៉ុណ្ណោះ ទូលព្រះបង្គំយល់ថា មិនសួនការណ៍ នឹង ទទួលតនឹងទ័ពធំ អាព្រះស្ដេចកនបានឡើយ។ ហេតុដូច្នេះហើយ ទូលព្រះបង្គំ សូមអញ្ជើញព្រះអង្គថយ ទាំងគ្រប់គ្រួទៅឯក្រុងចតុម្មុខសិន។ លុះបានទ័ពគ្រប់សព្វហើយ សឹមលើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះ ដោតទុកជាបម្រាមតទៅ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំ នឹង ចៅពញាចក្រីពីរនាក់នេះ នឹងយកអាសាការ (គឺការពារ ឬ កាល់) គ្រប់គ្រួ មិនឲ្យអាព្រះស្ដេចកន វាមកធ្វើអុកឡុកឲ្យអន្តរាយបានឡើយ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះបង្គំ នឹង លើកទ័ពតាមដង្ហែ ទ្រង់ព្រះករុណាទៅជាក្រោយ។
ព្រះពិជ័យនាគនឹកខឹងព្រះស្ដេចកនណាស់ថា ដ្បិតវាទទឹងរឹងនឹងសំបុត្របង្គាប់របស់ខ្លួន ដែលឲ្យចូលមក មិនចូលមកនេះមួយ ថាទ្រង់ប្រោសប្រាណម៉្លេះហើយ នៅតែប្រែចិត្តជាគិតក្បត់វិញនេះមួយ ទើបព្រះពិជ័យ យកសេចក្ដីក្រាបបង្គំទូលថា :
កូនប្រពន្ធញាតិសន្តាន របស់ទូលព្រះបង្គន់ជាខ្ញុំទាំងប៉ុន្មាននោះ សុំឲ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល ១០០០នាក់ ចេញទៅតដៃនឹងអាកន ដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំ ប្រែចិត្តក្បត់ជាមួយនឹងអាកនវិញ សូមឲ្យទូលព្រះបង្គំ ស្លាប់តែនឹងត្រូវគ្រឿងសស្ត្រាវុធ ហើយសូមឲ្យសម្លាប់បុត្រភរិយា ញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ។
ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ឲ្យបុរោហិត អញ្ជើញគ្រឿងអាវុធ មកពិធីសុំទឹកពិភទ្ទសច្ចា ឲ្យព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រ ស្ដេចព្រះរាជទានពល ១០០០នាក់ ឲ្យទៅព្រះពិជ័យនាគ ឲ្យលើកជាក្បួនទ័ពចេញទៅ។
ថ្ងៃ ៥ កើតខែជេស្ឋ ឆ្នាំវកចត្វាស័ក ព្រះបរមបពិត្រ ព្រះអង្គទ្រង់នាំគ្រប់គ្រួហ្លួង និង គ្រប់គ្រួខ្ញុំរាជការ ចុះព្រះទីនាំង និង ទូកទាំងពួង ឆ្លងទៅតាំងទ័ពនៅចតុម្មុខ ស្រុកភ្នំពេញ។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួ ទាំងក្នុងទាំងក្រៅ ទៅឈប់នៅបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឲ្យរកកេណ្ឌកងទ័ព ថែមបានរេហ៍ពលមកដល់២៥០០នាក់។ ខែត្រណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់។ ឯពញាយមរាជ លុះឃើញទ័ពហ្លួង ចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្ដេចកន លើកទ័ពចូលមកសោះក៏ថយទ័ពតាមហែឆ្លងមកចតុម្មុខស្រុកភ្នំពេញដែរ។
ព្រះស្ដេចកន លុះដឹងថា ទ័ពហ្លួងថយចោលក្រុងហើយ ក៏លើកកងទ័ពរហ៍ពល ៥០០០០នាក់ចូលទៅវាយទ័ពចៅពញាចក្រី។ ចៅពញាចក្រី បែកទ័ព ស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្ដេចកនលើកទ័ពទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា។ នាយកនគិតថា : បិតាខ្លួនមកនេះ ប្រាកដជាមកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួន នឹង នៅស្ងៀម ឲ្យបិតានិយាយទៅក្រែងបែកការណ៍ ថាខ្លួនជាមនុស្សក្បត់។ លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏ស្រែកឲ្យកងទ័ពចូលប្រកាប់ នឹង បិតាខ្លួន តែឯបិតានេះ ព្រះស្ដេចកនឲ្យពលចូលចាប់ នឹង ដៃ កុំបីធ្វើឲ្យសៅហ្មងដល់រូបកាយឡើយ។ នាយកងទ័ព និង រេហ៍ពលឮហើយ ក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្ដេចកនមានពលច្រើន ខាងបិតាមានពលតិច។ ពលខាងព្រះស្ដេចកនសម្លាប់ពលខាងបិតាស្លាប់ជាច្រើន។ ព្រះពិជ័យនាគឃើញដូច្នេះ ក៏ទាល់ប្រាជ្ញា នឹង ហាមាត់ស្ដីហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគ នាំរេហ៍ពលដែលសល់ពីស្លាប់នោះរត់តាមថ្នល់ព្រះនគរចេញទៅ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរ ផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្ដេចកន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សម្លាប់រាស្ត្រ ដែលសល់នៅនោះ ហើយដេញព្រះពិជ័យនាគទៀត។ ព្រះពិជ័យនាគ សល់ពលតែ៥០០នាក់ នាំរត់ទៅជ្រកកោនក្នុងព្រះអារាម សម្ដេចព្រះសុគន្ធាធិបតី ឈ្មោះ ហៅ វត្តស្ដីធំជាគ្រូព្រះស្ដេចកន ហើយឲ្យពលបិទទ្វារកំផែនជាន់ក្នុង ចាំទទួលច្បាំង។ កងទ័ពព្រះស្ដេចកន ដែលដេញទៅទាន់ ក៏តាំងចោមព្រះអារាមនោះជាមាំមួន ព័ទ្ធច្រើនជាន់ ច្រើនសង្កាត់។ វេលានោះ មានចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្ដេចព្រះសុគន្ធាធិបតី ទ្រង់ឮអ៊ឹកធឹកហើយទ្រង់ចេញមកទូត។ ឃើញហើយទ្រង់វេទនា នឹង មនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្ដេចព្រះសុគន្ធាចេញមកឲ្យកងទ័ពឈប់ ហើយហៅព្រះស្ដេចកន ឲ្យចូលទៅសំពះសុំទោសបិតា។ លំដាប់តមក ព្រះសុគន្ធាធិបតីប្រាប់ពិជ័យនាគថា : កូនអ្នកឯងនេះ នឹង មានបុណ្យជាព្រះមហាក្សត្រ ក្នុងកម្ពុជានេះហើយ។
ព្រះពិជ័យនាគកាលបានស្ដាប់ថេរវាចាហើយ ក៏ក្រាបទូលថា : បើសម្ដេចមានបន្ទូលដូច្នោះ បុត្រភរិយាញាតិសន្តានរបស់ខ្ញុំព្រះករុណា មិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅ នឹង កាប់ព្រះស្ដេចកន។ តែពេលនោះអស់សេនាទាហាន រេហ៍ពលខាងព្រះស្ដេចកន ព្រួតគ្នាចូលទៅដណ្ដើម ចាប់យកដាវនោះ។ សម្ដេចព្រះសុគន្ធាធិបតី នាំព្រះពិជ័យនាគ យកទៅទុក្នុងព្រះវិហារ។ ក្រោយនោះ សម្ដេចព្រះសុគន្ធាធិបតី ស្ដេចមានថេរវាចា ឲ្យបិតា និងបុត្រ សះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្ដេចឲ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រកល់ដល់កំពស់ស្មើក្បាល ហើយស្ដេចឲ្យពិជ័យនាគ និងព្រះស្ដេចកនឡើងលើគំនរអាវុធទាំងពីរនាក់ ឲ្យបិតា និង បុត្រសត្យសញា(2)។ សម្ដេចព្រះសុគន្ធាធិបតីធ្វើជាអាចារ្យស្រោចទឹក ចំរើនជ័យមង្គលសិរីសួស្ដីឲ្យទាំងពីរនាក់។ ស្រេចហើយ ព្រះស្ដេចកនឲ្យរេហ៍ពលយកគ្រឿងអាវុធនោះទៅធ្វើជាចប ជីកដីលើកជាថ្នល់(3) ថ្វាយសម្ដេចព្រះសុគន្ធាធិបតី ត្រង់ផ្លូវចេញពីព្រះវិហារ ពីអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្ដីធំនោះ ឲ្យឈ្មោះវត្តព្រះថ្នល់ រៀងមកដល់ឥឡូវនេះ។
លុះសុរេចការហើយ ព្រះស្ដេចកន ចាត់ចែងនាយកងទ័ព ឲ្យចេញកេណ្ឌសង្កត់ខេត្តធំតូច ត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំ លើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។
លុះសុរេចការហើយ ព្រះស្ដេចកន ចាត់ចែងនាយកងទ័ព ឲ្យចេញកេណ្ឌសង្កត់ខេត្តធំតូច ត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំ លើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមា ឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។
ព្រះបរមបពិត្រ កាលបានទ្រង់ជ្រាបថា : ព្រះស្ដេចកនលើកទ័ពមកហើយ ក៏ស្ដេចចាត់រេហ៍ពល សកលយោធា លើកចេញទៅទទួលច្បាំង នឹង ស្ដេចកន ៣ថ្ងៃ តែពុំទាន់ឈ្នះចាញ់សោះ។ ព្រះស្ដេចកនយល់ថា : ទ័ពខាងព្រះបរមបពិត្រ របឹងរឹងរូសណាស់ នឹង វាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ ក៏ឲ្យកងទ័ព៥០០០០នាក់ ឆ្លងទៅព័ទ្ធបន្ទាយភ្នំពេញ ពីទិសខាងលិច, ឲ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង។ កងទ័ពព្រះបរមបពិត្រ តែ៣០០០០នាក់ កងទ័ពខាងព្រះស្ដេចកន, នាយកងនាយទ័ពចេះតែកេណ្ឌបញ្ចូលមក បានជួបជុំទាំងមុនទាំងក្រោយ ១២០០០០នាក់ លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូស្នាឧបមាបីដូចជាម្រោមចោមសំបុក ជាសន្ធឹកគឹកកងពន់ប្រមាណ។
ព្រះបាទបរមពិត្រ ស្ដេចចេញកងទ័ពទៅ ក៏ឃើញថា : កងទ័ពព្រះស្ដេចកនច្រើនក្ដាត់ ចោមព័ទ្ធជាបីផ្លូវដូច្នេះហើយ កងទ័ពខាងព្រះអង្គ ក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះ ព្រះអង្គថយទ័ពទៅតាំងនៅខេត្តលង្វែក បន្ថយគ្រប់គ្រួឲ្យទៅឈប់នៅសំរោងសែន ដែនខេត្តអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)។ ស្ដេចចាត់នាយកង នាយទ័ពឲ្យទៅកេណ្ឌកងទ័ពពីខេត្តខាងជើងថែមទៀត។
ស្ដេចកន កាលបានវាយបន្ទាយភ្នំពេញបែកហើយ ក៏ដេញកងទ័ពចូលបន្ទាយ ចាប់អស់រាស្ត្រប្រជា រឹបយកស្បៀងអាហារសស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកធំតូច ឲ្យចេញទៅសង្កត់ខេត្តខាងត្បូង ខាងលិច គឺខេត្តបាទី ព្រៃក្របាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្តបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀ ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូលព្រះស្ដេចកនទាំងអស់ ព្រោះក្នុងវេលានោះ បណ្ដារាស្ត្រចូលចិត្តថា : ព្រះស្ដេចកននេះ ជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រ នាំគ្នាមកថ្វាយបង្គំ ចុះចូលជាច្រើន។
លុះដល់មកឆ្នាំ កុរសប្តស័ក ព.ស. ២០៥៩ - គ.ស. ១៥១៥ - ម.ស. ១៤៣៧ - ច.ស. ៨៧៧ ព្រះស្ដេចកន ចាត់ចែងកងទ័ពជា ៤កង ឲ្យលើកទៅវាយបន្ទាយលង្វែកមួយកង មានរេហ៍ពល ៤០០០០នាក់ ឲ្យលើកទៅនៅបន្ទាយភ្នំពេញមួយកង មានរេហ៍ពល៥០០០០នាក់ ឲ្យលើកទៅខាងផ្លូវទន្លេធំមួយកង មានពល៣០០០០នាក់។ តែខ្លួនព្រះស្ដេចកនឯង មានកងពល ៤០០០០នាក់ត ត្រឡប់ទៅនៅខែត្រស្រីសន្ធរវិញ។
មេទ័ព ដែលព្រះស្ដេចកន ឲ្យទៅវាយបន្ទាយលង្វែកនោះ បានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។ ឯមេទ័ព ដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀមហើយ ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់ កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រែង ដឹងថា មេទ័ពខាងព្រះស្ដេចកន លើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបម្រុងទុក ចាំទទួលច្បាំង ហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតី យកសេចក្ដីក្រាបបង្គំទូល តាមដំណើរ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ថា : ខាងនេះមានកងទ័ពចូលមកចោមរោម ខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះ យើង នឹងចែកកងទ័ពឲ្យទៅជួយខ្លះ កាលណាឡើយទ័ពយើង នឹង ទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា : ពីដើមឡើយ សង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែ ចៅពញាយសរាជា ដែលឧកញ៉ាយមរាជ យកទៅរក្សា តែបុត្រាក៏ទើបតែនឹងបានព្រះជន្ម បួនប្រាំខួបប៉ុណ្ណោះ នឹង រំពឹងលើអ្នកណាក៏ពុំបាន ទើបទ្រង់ត្រាស់ប្រើ ចៅពញាក្រឡាហោម ឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០នាក់ ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំ ឃុំពល ១០០០០នាក់នោះ លើកឆ្លងទៅតាមព្រះរាជបញ្ជា។ ព្រះបរមបពិត្រស្ដេចទុកទាហាន ឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០នាក់ប៉ុណ្ណោះ។
មេទ័ព ដែលព្រះស្ដេចកន ឲ្យលើកទៅចោមទ័ពហ្លួង នៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះ មានតែ២៥០០០នាក់ទេ ក៏មានសំបុត្របកមកសុំកងទ័ព ពីបន្ទាយចតុម្មុខបាន ១០០០០នាក់ទៀតជា ៥០០០០នាក់ ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយ មេទ័ពខាងព្រះស្ដេចកន ក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នា អស់ ៤យប់ ៤ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួង ដែលមានរេហ៍ពលតិច ក្រឡេកមើលទៅខាងកងទ័ពសត្រូវ ដែលផ្លាស់គ្នា ដូចជាគេមានកងទ័ពថែមមកទៀត ព្រះអង្គក៏យល់ថា នឹងទ្រាំទៅទៀតពុំបានឡើយ ទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រូ ទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។
មេទ័ពព្រះស្ដេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវ ដឹងថាទ័ពហ្លួងបែក នឹង ទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មក ប្រកាប់គ្នាយ៉ាងក្លាហាន នឹង ទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយ អន្តរាយបែកទ័ព រត់ត្រឡប់ចូលមកភ្នំពេញវិញ។
ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិ៍សាត់) ជាមេទ័ពឃុំពល ១០០០០នាក់ ទៅឈររក្សាខែត្ររលាប្អៀ ឲ្យចៅពញាយមរាជ ជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជា នាំពល៥០០០នាក់ ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រ លើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក។
ចៅពញាយមរាជ បានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ព ជាប៉ែកមុខប៉ែកក្រោយ ប៉ែកឆ្វេងប៉ែកស្ដាំ ហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជ ក៏បានជួប នឹង ទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នា ជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជ មានកម្លាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជ ក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់ រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមក ចៅពញាយមរាជ ក៏លើកទ័ពទៅក្រាបបង្គំទូល ព្រះបរមបពិត្រ នៅខែត្រអាសន្ទុកថា បានវាយឈ្នះ ហើយយកបានខែត្រទាំងនេះ តាមកិច្ចរាជការ ហើយដើម្បីសូមទ្រង់ជ្រាបគ្រប់ប្រការ។
សម្ដេចព្រះបរមបពិត្រ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់។
ស្ដេចកន តាំងតែពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះ យ៉ាងមាំមួន តែខ្លួនព្រះស្ដេចកន ត្រឡប់ទៅគ្រងស្រុកបាសានវិញ។ តមក ព្រះស្ដេចកន ក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀត បានទ័ពទាំងថ្មីទាំងចាស់ ចំនួនទាំងអស់ដប់ម៉ឺននាក់ ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសម្រេចរាជការមហាក្រស័ត្រសឹក។ ស្ដេចកន ឲ្យធ្វើទង់ពណ៌ក្រហម ប៉ាក់រូបនាគក្បាល៨ សម្រាប់ទ័ព។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច។ ហេតុនេះហើយ បានជាមានពាក្យរាស្ត្រប្រជាហៅថា ស្ដេចកន តាមឈ្មោះពីឪពុកឲ្យខ្លះ តាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះ គឺហៅតាមឈ្មោះដែលគ្រូឲ្យខ្លះ។ មហាឧបរាជកន តែងតាំងមន្ត្រីក្រៅ និង ក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ។ ឯខ្លួនឯងលើកទ័ពឆ្លងទៅបោះ នៅខែត្រកំពង់សៀម។
អស់មុខមន្ត្រី ដែលចៅពញាយមរាជ ឲ្យនៅរក្សាខែត្រទាំងឡាយ ដែលដណ្ដើមយកបាន ពីមេទ័ពស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវ ច្រើនលប់លើសកម្លាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូល ព្រះបរមពិត្រគ្រប់ៗគ្នា។
មហាឧបរាជកន លុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្ជួនហើយ ទើបគិតឧបាយកលចាត់បម្រើឲ្យទៅក្រាបទូល ព្រះបរមបពិត្រ។ លុះបម្រើទៅដល់ ក៏ចូលប្ដឹងសេនាបតី សេនាបតីនាំឡើងគាល់ ព្រះបរមបពិត្រជាអម្ចាស់។ ខណៈនោះ ព្រះបាទស្រីសុគន្ធបទ ស្ដេចកំពុងចេញជួបជុំ រាជសេវកាមាត្យ ជានាយកងខាងទ័ពហ្លួង កាលបើទ្រង់បានជ្រាបថា បំរើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឲ្យដាក់ក្ដីម្ចាស់ និង ញាតិសន្តានវា ៥ប្រការ ធ្វើហាក់ដូចជា នឹង ប្រហារជីវិត ហើយឲ្យចេញមកទទួលបំរើដែលចូលមកក្រាបបង្គំពេលនោះ។ លុះបំរើចូលដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឲ្យអាល័ក្សទទួលសំបុត្រពីបំរើនោះ មកសូត្រថ្វាយ។ សំបុត្រនោះ មានសេចក្ដីថា :
"សូមទ្រង់ព្រះមេត្តាប្រោស ឃុនលួងព្រះស្ដេចធិបតី ទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោស សូមក្រាបថ្វាយបង្គំ ក្រោមល្អងធូលីព្រះបាទសូមទ្រង់ជ្រាប។ដ្បិតទូលព្រះបង្គំ ដែលបានធ្វើការមកទាំងម៉្លេះ មិនបានមានចិត្តប្រទូសរ៉ាយ ដល់ល្អងធូលីព្រះបាទក៏ទេ គឺធ្វើនេះដោយខ្លាចព្រះរាជអាជ្ញា ដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការនោះឲ្យគង់តែជីវិតតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំ មានចិត្តចង់មកនៅជាខ្ញុំ ល្អងធូលីព្រះបាទដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជាអម្ចាស់ពុំប្រោសព្រះរាជទាន។
សេចក្ដីនេះ បើទ្រង់ជាអម្ចាស់ ទ្រង់ព្រះមេត្តាប្រោស អភ័យទោសនោះ សូមព្រះបរមបពិត្រស្ដេចព្រះរាជទាន ម្ដាយ និង ញាតិកា បងប្អូន ទៅទូលព្រះបង្គំជាមុនចុះ ដើម្បីឲ្យទូលព្រះបង្គំបានឃើញមុខ នឹង បំបាត់ទុក្ខ ដោយសារព្រះរាជហឫទ័យ ទ្រង់ព្រះករុណាប្រោស។ ថាបើ ព្រះបរមបពិត្រ ទ្រង់នៅព្រះរាជករុណាមែន ទូលព្រះបង្គំ នឹង រំលាយកងទ័ពទាំងដប់ម៉ឺន ឲ្យត្រឡប់ទៅកាន់ទីលំនៅ តាមស្រុកទេសរៀងៗខ្លួនវិញជាពុំខាន។
គួរ ពុំគួរ សូមទ្រង់ព្រះករុណាប្រោស
- (1) ក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬ ឈ្មោះឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជា ពេជ ដូច្នេះទៅវិញ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅ ទៅកើតជាអ្នកតាចាស់ស្រុក ដែលសៀមហៅអ្នកតាចាស់ស្រុកតាមពាក្យវាថា "ខ្លាងមឿង" ហើយខ្មែរយើងហៅតាមវាយារៗ មកជាឃ្លាំងមឿងដូច្នេះទេឬ?។
- (2) សម័យពីដើមបូរាណចារ្យច្រើនយកនាមមកធ្វើជាកិរិយាសព្ទ។
- (3) សាស្ត្រាខ្លះថាយកអាវុធនោះទៅកប់ហើយយកដីលុបពីលើធ្វើជាថ្នល់។