ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី3.កុម្ភៈ 2018.ម៉ោង 7:39
ផែនដីព្រះសុគន្ធបទ
(គ.ស ១៥០៤)
ចៅពញាដំខត្តិយរាជា ជាព្រះរាជបុត្រច្បង ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវរបិតា ពីឆ្នាំជូត ឆស័ក ព.ស. ២០៤៨ - គ.ស. ១៥០៤ - ម.ស. ១៤២៦ - ច.ស ៨៦៦ ក្នុងព្រះជន្មាយុ ២៦ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីសុគន្ធបទ ចក្រពត្តិពង្សវរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធិពិធ្យាស្រ័យ មហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន។
ស្ដេចបានតែងព្រះមេរុ ថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះវរបិតាស្រេចស្ដេចគង់នៅចតុម្មុខស្រុកភ្នំពេញ។
ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស. ២០៤៩-គ.ស. ១៥០៥-ម.ស. ១៤២៧-ច.ស. ៨៦៧ ព្រះអង្គ និង រាជសេវកាមាត្យ ហែព្រះបរមអដ្ឋិ សម្ដេចព្រះវរបិតា ទៅសាងព្រះចេតិយ នៅខាងព្រះធាតុ ខេត្តអាសន្ទុក ប្របព្រះពុទ្ធចេតិយ ធ្វើបុណ្យជាឧឡារិកសន្ធឹកមហិមា បញ្ចុះព្រះបរមអដ្ឋិ សម្ដេចព្រះបិតាស្រេច ស្ដេចត្រឡប់មកចតុម្មុខមង្គលវិញ។ ព្រះអង្គសោយរាជ្យជាសុខមកបាន ៤ឆ្នាំ។
ក្នុងឆ្នាំរោង សំរឹទ្ធស័ក ព.ស. ២០៥២-គ.ស. ១៥០៨-ម.ស. ១៤៣០-ច.ស.៨៧០ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា : ទីទួលបាសាន (ស្រុកសន្ធរ) ដែលសម្ដេចព្រះបរមរាជា ពញាយ៉ាត ជាសម្ដេចព្រះអយ្យកោ សាងមុនម្ដងនោះ ស្រួលណាស់។ បើយើងមានសឹក ទ័យយើងនឹងទទួលសង្គ្រាមបាន ដ្បិតមានបឹងខ័ណ្ឌខាងកើត មានទន្លេខ័ណ្ឌខាងអគ្នេយ៍ មានព្រៃធំខ័ណ្ឌខាងទិសទក្សិណ។ ទ្រង់ព្រះចិន្តាតែម៉្លេះហើយ ស្ដេចទ្រង់ចេញត្រាស់ប្រឹក្សា នឹង អស់ព្រះរាជវង្សានុវង្ស អគ្គសេវកាមាត្យ។ ព្រះរាជវង្សានុវង្ស អង្គអគ្គសេនាមាត្យ ក៏យល់ព្រមតាមព្រះរាជតំរិះ។ ព្រះបាទបរមនាថ បរមបពិត្រកាលបើទ្រង់យល់ថា : អង្គអគ្គសេវកាមាត្យ ព្រមព្រៀងដូច្នេះហើយ ស្ដេចត្រាស់បង្គាប់ឲ្យមុខងារត្រៀមព្រះទីនាំងនាវា និង ទូកជំនិះខ្លះ ឲ្យទៅរាយកាប់ឆ្កា ធ្វើព្រះរាជវាំង ព្រះដំណាក់ ដោយខ្ជីខ្ជាចាំមុនសិន។ លុះដល់បានពិជ័យឫក្ស (ឫក្ស = វេលាមានជោគ មានមង្គល) ហើយ ព្រះអង្គទ្រង់នាំរាជសេវកាមាត្យ ទាំងខាងក្នុងទាំងខាងក្រៅ ចុះព្រះទីនាំងនាវាជលឫទ្ធិ ទៅគង់នៅបាសាន ព្រមដោយមុខមន្ត្រី គិតតបន្ទាយកំផែងតែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ទីខ្ជាសិន។ ប្របាទអ្នកជាអម្ចាស់អង្គនេះ ទ្រង់សព្វព្រះទ័យប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ។
នេះនឹងនិយាយពី ព្រះពិជ័យនាគ ជាមន្ត្រីធំក្នុងខេត្តបាសាន។ អ្នកទៅយកនាងបានជាពលព្រះស្រីរតនត្រ័យ (ពល គឺពួកជនពូជសូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម) ធ្វើជាភរិយា។ កាលក្នុងផែនដី ព្រះបាទសម្ដេច ព្រះធម្មរាជានៅឡើយ នាងបានមានកូនស្រីមួយ ឈ្មោះ ស។ ក្រោយនោះ នាងបានមានគភ៌គ្រប់ខែទៀត ទៀបនឹងប្រសូត្រទារកហើយ។ ថ្ងៃមួយ នាងចុះទៅដោះទុកសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកទៅ។ គ្រានោះមានហេតុជាអស្ចារ្យ នាំឲ្យឃើញថា ទារកនោះមានបុណ្យមែន គឺថា វេលានោះ ស្រាប់តែត្រីពោធំមួយ មកទទួលលេបទារកនោះទៅ ក្នុ���ព���ះបាត់ទៅ។ បន្ទាប់ពីនោះមក ព្រានប្រមង់ម្នាក់ ទៅបង់សំណាញ់ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសលទារក នឹង មានបុណ្យ មិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យសម្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កប់ទៅយល់សប្តិឃើញថា : ដូចជាមានទេវតាតាមមកទូលថា : ព្រឹកនោះឲ្យស្ដេចយាងទៅកំពង់ទឹក ដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ ជាអ្នកមានបុណ្យ មានវាសនាផង។ លុះតើនឡើង សម្ដេចក៏ទ្រង់នូវត្រៃចីវរ ចុះគង់ក្នុងទូកឲ្យសិស្សានុសិស្ស អុំចេញទៅ។ ទ្រង់បិណ្ឌបាត្រ តាមសព្វដង តែព្រះនេត្រ តែងគន់រំពៃមើល ក្រែងមានហេតុអ្វីជាចម្លែក ដ្បិតមានិមិត្តពីយប់មិញនោះ ដូចជាច្បាស់ពេកណាស់។ លុះសិស្ស អុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្ដេចព្រះសង្ឃរាជ ស្ដេចឃើញត្រីពោ ក្នុងទូកព្រានប្រមង់នោះ ធំប្លែក ស្ដេចប្រឹងសង្កេត ទតឲ្យច្បាស់។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះ ក៏បង្កើតឲ្យមានសទ្ធា លើកត្រីពោនោះថ្វាយដល់ព្រះអង្គ។ ព្រះអង្គទ្រង់ទទួលហើយ ក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត។ លុះបិណ្ឌអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្ស ត្រឡប់មកអារាមវិញ។ ខណៈនោះសម្ដេចព្រះសង្ឃរាជ ស្ដេចមានព្រះថេរវាចាថា ត្រីពោនេះជាពោធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វី ក្នុងពោះត្រីនេះជាពុំខានឡើយ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដីកាហើយ ក៏នាំគ្នាយកកាំបិត ទៅវះត្រីនោះ វះទៅឃើញទារកមួយនៅរស់។ ទើបសម្ដេច ឲ្យកូននោះទៅ អាបានមេទាគឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទានេះជាប្ដីប្រពន្ធនឹងគ្នា។ សម័យពីដើម មនុស្សដែលឥតមានបណ្ដាសក្ដិ ឥតបានបួសរៀន បើប្រុសគេហៅ អា បើស្រីគេហៅមេ ជាខ្ញុំរបស់សម្ដេចព្រះសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា។
ព្រះពិជ័យនាគ (គឹម) និង ភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឲ្យនៅ នឹង សម្ដេចព្រះសង្ឃរាជចុះ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះ អាកៅ តែឪពុកម្ដាយហៅថា អាកន រៀងមក។
នេះនឹងនិយាយក្នុងផែនដី ព្រះបាទសម្ដេច ព្រះសុគន្ធបទវិញ។
សម័យថ្ងៃមួយនោះ ព្រះបរមពិត្រ ស្ដេចទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយា មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទ តរៀងទៅ។ ព្រះបរមបពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា : នាងនេះកូនឯងឬ?
ព្រះពិជ័យនាគ ក្រាបទូលថា : នាងនេះហើយ ដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលសួរថា : ស្រីនេះពីណាមក កូនចៅអ្នកណា ដែលឈរនៅខឿនព្រះវិហារនោះ គឺនាង សនេះឯង។
ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យពន់ប្រមាណ តាំងនាមនាង ស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក។ ទ្រង់ព្រះចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បី នឹង យកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញាត្តឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រី ស ឈរ ឬ ខែត្រស្រី ស ឈរ វិញ តែពាក្យនេះយារៗមក ក៏ប្រែក្លាយជាខែត្រ ស្រីសន្ធរ រហូតមកដល់សព្វថ្ងៃនេះ។
បិតាមាតា អ្នកព្រះម្នាង កេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ឯឈ្មោះ កន ដែលជាកូន អ្នកព្រះបិតាពិជ័យនាគនោះ លុះចម្រើនធំឡើង មានចំណេះប្រាជ្ញាឆ្លៀវឆ្លាត បម្រើគ្រូ គ្រូក៏ពេញព្រះទ័យ និង រៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់។ សម្ដេចព្រះមហាសង្ឃរាជ (ព្រះសង្ឃសត្ថា ទ្រង់ប្រិតប្រៀនទាំងអក្សរសាស្ត្រ ទាំងសិល្បសាស្ត្រមន្តវិជ្ជាការ គាថា កៅទណ្ឌ ក្បួនតម្រាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះហើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបានទំនាយឲ្យថា : កន នេះ នឹង បានគ្រងស្រុកថ្ងៃណាមួយជាមិនខាន។
អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុស មានរូបរាងល្អ មានចំណេះវិជ្ជា ប្រាជ្ញា ក៏ពូកែ អាយុ ១៦ឆ្នាំហើយ ក៏នាំខ្លួនកូនទៅក្រាបទូលព្រះបរមបពិត្រ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបថា កនជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណ ឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំងនាយ កន ជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជា កោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ត ចូលពឹងបុណ្យអំណាច អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្តជាច្រើន។
មានថ្ងៃមួយនោះ ព្រះបរមបពិត្រ ទ្រង់ចង់ទតព្រះនេត្រពីសិល្បធ្នូ និងចំណេះវិជ្ជារបស់ ឧកម៉ឺនស្នេហាចមចិត្ត កន ទើបទ្រង់ត្រាស់ឲ្យសំដែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកម៉ឺនស្នេហា ចមចិត្តដំឡើងធ្នូ ចាប់ព្រួញម្ដង ៥ បាញ់ទៅម្ដង ព្រួញចេញទៅត្រូវដើមឈើ ផ្លែឈើទាំង ៥ទិស។ ឧកម៉ឺនសូត្រគាថាបាលី និង ក្បួនតម្រាអ្វីៗ ក៏ឃើញថាស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះ ចេះពីគ្រូណាមក។
ឧកម៉ឺនស្នេហា ចមចិត្ត ក្រាបទូលថា : ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជ កាលនៅជាព្រះសង្ឃសត្ថា។
ខណៈនោះ ព្រះបរមបពិត្រ ស្ដេចត្រាស់ឲ្យនិមន្តព្រះសង្ឃរាជ "សង្ឃសត្ថា" នោះមកទ្រង់តាំងជាសម្ដេចព្រះសុគន្ធាធិបតី សិរីសង្ឃនាយក លើព្រះសង្ឃទាំងអស់។
ឯអស់សេនាបតី មន្ត្រីធំតូចយល់ថា : ព្រះនគរបានក្សេមក្សាន្តហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្តូប ព្រះចេតិយ តាមធនធានតែរៀងរាល់ខ្លួន។ ព្រះបាទបរមបពិត្រ ទ្រង់យល់ថា : អស់នាម៉ឺនសព្វមុខមន្ត្រី កសាងព្រះវិហារ សីមាទុកជាកេរ្តិ៍នោះ ក៏ជាការគួរសមហើយ ឯការនេះពុំបានចម្រើនទេ នឹង រលាយបាត់បង់ទៅវិញ។ ដូច្នេះ គួរអញសាងរូបអញ និង ប្រាសាទមួយទុកក្នុងព្រះនគរបានជ័យបានការ បើអត់���ពីខ���លួនអញទៅ គង់រូបអញនៅ ឲ្យអ្នកផងធ្វើសក្ការបូជា នោះឃើញថា នឹងឋិតថេរជាជាងការទាំងពួង។ ទ្រង់ព្រះតម្រិះតែម៉្លោះហើយ ក៏ចាត់ជាង និង កូនជាងឲ្យទៅសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំផែងនគរបានជ័យបានការ។ អាស្រ័យហេតុនេះហើយបានជាមានរូប ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទនៅទីនោះ តែយារៗមក អ្នកស្រុកហៅថា អ្នកតាសុគន្ធបត្រ សព្វថ្ងៃនេះ។ លុះសាងព្រះរូបនោះរួចស្រេចហើយ ស្ដេចឲ្យធ្វើបុណ្យឆ្លងយ៉ាងធំ សង្គាយនា ៧ថ្ងៃ ទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ។
ឆ្នាំថោះ នពស័ក ព.ស. ២០៥១-គ.ស. ១៥០៧-ម.ស. ១៤២៨-ច.ស. ៨៦៨ ព្រះបរមបពិត្រស្ដេចទ្រង់ព្រះតំរិះ អំពីកិច្ចការរាជការផងទាំងពួង ទ្រង់ឃើញថា ប្រទេសកម្ពុជា ត្រើយខាងលិចនោះឆ្ងាយណាស់ ឆ្ងាយអំពីកិច្ចការត្រួតត្រា គួរជាទីរងាអស់អាណាប្រជានុរាស្ត្រ។ ទ្រង់ព្រះពិចារណាឃើញថា : ចៅពញាចន្ទរាជា ជាព្រះអនុជនោះ មានតំរិះប្រាជ្ញា ល្មមជាទីកក់ក្ដៅ របស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឲ្យ ចៅពញាចន្ទរាជា ឡើងយសជាសម្ដេចព្រះបរមរាជា មហាឧបរាជរាជធិរាជ ហើយព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចឲ្យចេញទៅគង់នៅក្នុងក្រុងចតុម្មុខ មង្គលស្រុកភ្នំពេញ ឲ្យបានជាទីកោតក្រែង អ្នកត្រើយខាងលិច។ សម្ដេចព្រះអនុជ ចន្ទរាជាធិរាជ ថ្វាយបង្គំទទួលព្រះរាជឱង្ការហើយ ក៏លាចេញមក នាំបណ្ដារាស្ត្រជាខ្ញុំក្នុងព្រះអង្គចេញទៅគង់ចតុម្មុខមង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុកបម្រុង អ្នកស្រុកត្រើយខាងលិច ឲ្យបានក្សេមក្សាន្ត ឥតមានកលិយុគ រៀងមកឡើយ។