ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី27.មករា 2018.ម៉ោង 8:18
ផែនដីព្រះផែនដីព្រះធម្មរាជា (ត)
ឆ្នាំមមី អដ្ឋស័ក ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះរាជឱរស (គឺព្រះស្រីសុគន្ធបទ) បានរៀនព្រះត្រៃបិតក ចាំចប់គ្មានទើសទាល់។ ខណៈនោះ ព្រះបរមបពិត្រជាព្រះបិតា ស្ដេចទ្រង់ឆ្លងព្រះរាជកុសល និមន្តព្រះសង្ឃទេសនា បរិច្ចាគព្រះរាជទ្រព្យ ធ្វើទេយ្យទានច្រើនណាស់។ ទ្រង់សម្ដែងព្រះធម្មចក្រ ប្រទានជាសណ្ដាប់ ដល់សេវកាមាត្យទាំងឡាយ រាល់ថ្ងៃឧបោសថ ពុំដែលដាច់។ ស្ដេចតាំងព្រះរាជហឫទ័យ ប្រាថ្នាជាពុទ្ធភូមិទៅអនាគត។
ឆ្នាំរោង អដ្ឋស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះអង្គសោយរាជ្យបាន ១៩ឆ្នាំ ព្រះមែយ្យ (ពាក្យសៀម ពាក្យសម្រាប់ហៅព្រះអគ្គមហេសី ឬ ស្នំឯក) ទេពបុប្ផា ជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលាចន្ទ្រគ្រាស ដូច្នេះក្រុមបារគូ បុរោហិត ហោរាចារ្យ ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ព្រះចន្ទរាជា ស្ដេចបានជំទាវវារ (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយាចៅពញាយមរាជ ពិភ័ក្ដិរក្សាព្រះអង្គទំនុកបម្រុងជាសុខរៀងមក។
សម្ដេចព្រះធម្មរាជា អម្ចាស់ផែនដី តាមព្រះទ័យ ដែលស្ដេចតាំងប្រាថ្នាជាព្រះពុទ្ធភូមិទៅអនាគត ទ្រង់ប្រជុំសម្ដេចព្រះសុគន្ធាធិបតី ជារាជាគណៈ មុខមន្ត្រី កវីជាតិមកជួបជុំហើយមានព្រះរាជឱង្ការថា: ព្រះបរមសារីរិកធាតុ នៃ ព្រះពុទ្ធជាអម្ចាស់ ដែលព្រះបាទស្រីធម្មាសោករាជ និង ព្រះមោគ្គល្លីបុត្តតិស្សត្ថេរ ធ្វើបុណ្យសង្គាយនាសាងព្រះវិហារចេតីយ ៨៤០០០នោះ ប្រាថ្នាឲ្យព្រះពុទ្ធសាសនា គង់វង្សនៅគ្រប់ ៥០០០ ព្រះវស្សា។ លោកបានចែក ព្រះបរមសារីរិកធាតុនោះ នៅទីភ្នំសន្ទុក ទុកជាសក្ការៈបូជា ឲ្យបានគ្រប់គ្រាន់ ៥០០០ព្រះវស្សា តើព្រះករុណាគ្រប់ព្រះអង្គ និង ព្រះបរមរាជវង្សានុវង្ស ព្រះអគ្គមហាសេនា សេនាបតី មន្ត្រីធំតូច ខ្ញុំរាជការទាំងឡាយ យល់ដូចម្ដេច?
ខណៈនោះ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជា ជារាជគណៈ និង ព្រះវង្សា សេនាបតី មន្ត្រីទាំងឡាយ ថ្វាយព្រះពរក្រាបទូលថា ៖
ព្រះបាទ អ្នកជាអម្ចាស់ ដែលមានព្រះរាជហឫទ័យ ភ្នកប្រាថ្នាចង់បានបុព្វនិស្ស័យជាពុទ្ធភូមិហើយមានប្រាថ្នា កសាងព្រះចេតិយនេះ ឃើញថាសមគួរតាមព្រះរាជឱង្ការណាស់។
លំដាប់តពីនោះមក ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ដល់ខ្ញុំរាជការគ្រប់ក្រសួង ឲ្យចេញទៅកេណ្ឌរាស្ត្រធ្វើការនោះ តាមត្រាស់បង្គាប់។ ក្រោយបម្រើចេញទៅកេណ្ឌរាស្ត្រ ឲ្យធ្វើការនោះមក ព្រះបរមបពិត្រ ស្ដេចនាំរាជសេវកាមាត្យក្នុងក្រៅព្រះរាជដំណើរ ទៅខេត្តអាសន្ទុក ហើយទ្រង់ចាប់ការស្ថាបនា (ពាក្យនេះមានតាំងពីបូរាណកាលមក) កជាព្រះចេតិយនៅតំបន់ភូមិខ្វាវនេះ។ អស់មុខមន្ត្រីមេការទាំងឡាយ កេណ្ឌកូនជាងសាងព្រះមហាស្តូបព្រះចេតិយធំ និង ចេតិយតូចៗ ជាបរិវារ រចនាដោយថ្ម តកំផែងខ្វាត់ខ្វែង ឲ្យជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារ មានត្រីសូល៍កំពូលប្រាំ។ តាមកំពែង និង ព្រះលានព្រះអារាមនោះ សឹងឆ្លាក់ឆ្លោវជាភាពមនុស្ស គ្រុឌនាគ សត្វមហឹង្សា គោក្របី និង ក្បាច់ភ្ញីផ្កា វល្លិ រចនាថ្លៃថ្លាប្រពៃ ហើយសាងព្រះពុទ្ធរូបបន្ទុំ និង សណ្ឋិតជាច្រើនអង្គ មានសីមា និង របៀងរោងទង ក្លោងទ្វារកំពូលមុខព្រហ្ម សុទ្ធសឹងឆ្លាក់ឆ្លោវដោយថ្ម កកំផែងខ្វាត់ខ្វែង ជុំវិញសឹងថ្មបាយអ ថ្មគ្រាម ក្រាលថ្មល្អិត ហើយមានរូបសិង្ហតោរាជសីហ៍ ដំរីយក្ស ដាក់គ្រប់ទ្វារ។ ព្រះអង្គឲ្យជីកស្រះរៀបថ្មក្នុងទីនោះទៀត។ ក្នុងព្រះចេតិយធំនោះ ព្រះអង្គ ដំកល់ព្រះបរមសារីរិកធាតុ រៀបថ្មជាទីបរិមណ្ឌល។ ទ្រង់ឲ្យធ្វើប្រាសាទទង់ដែងតម្កល់លើមន្ទីរ ក្នុងប្រាសាទនោះ មានស្តូបដល់បីជាន់ស្តូបជាន់ក្រៅរចនាពីប្រាក់ ស្តូបជាន់បន្ទាប់ធ្វើពីទង់ហ៊្វា ស្តូបជាន់ក្នុងរចនាពីមាស ប្រដាប់ដោយត្បូង។ ក្នុងនោះ ព្រះអង្គបានរោយរាយ ខ្លឹមចន្ទន៍ក្រិស្នា និង គ្រឿងសុគន្ធពិដោរ តម្កល់ព្រះបរមសារីរិកធាតុស្រេចហើយ ស្ដេចត្រាស់បង្គាប់ឲ្យយកព្រះមកុដ ព្រះសង្វាមហារាជពាហុរតនៈ (គ្រឿងអលង្ការធ្វើដោយរតនវត្ថុ មានមាសជាដើម សម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃ ឬ ត្រង់ដើមដៃ) សម្រាប់ទ្រង់នោះ ទៅរចនាជាមហាស្វេតច្ឆ័ត្រ រាយឱភាសសោភា បូជាហើយ ស្ដេចរចនាឲ្យមានតំណាងរូប ព្រះអរហន្តគាល់ជាបរិវារ រចនាសុទ្ធតែពីមាសប្រាក់។ ទ្រង់យកព្រះ ពានព្រះស្រី (ជើងពានសម្រាប់ដាក់ស្លាបារីថ្វាយព្រះរាជា) កុណ្ឌី ព្រះទំរង់ ព្រះពានរង ព្រះពស្ត្រសុវណ្ណកាញ្ចីរេត ដោយមាសធ្វើសក្ការបូជា។ ចំណែក ព្រះអគ្គមហេសី នៅព្រះរាជវង្សានុវង្ស និង សេវកាមាត្យទាំងពួង ក៏ធ្វើសក្ការបូជាដោយទ្រព្យមានតំលៃផ្សេងៗ សាងព្រះចេតិយ និង ព្រះវិហារសីមានោះពីរឆ្នាំប្លាយ ទើបរួចស្រេច ទើបស្ដេច ឲ្យហែព្រះបរមសារីរិកធាតុ ពីព្រះមហានគរវត្ត មកធ្វើបុណ្យឆ្លង។ នាម៉ឺនសព្វមុខមន្ត្រីទាំងឡាយ ក៏រៀបក្បួនទៅដង្ហែ ព្រះបរមសារីរិកធាតុមកថ្វាយ តាមទ្រង់ព្រះរាជបញ្ជា ជាប្រញាប់។
ព្រះពុទ្ធសករាជ ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំថោះ សប្តស័ក (ព្រះរាជពង្សាវតារ ព្រះរាជបណ្ណាល័យថា : ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំរោង អដ្ឋស័ក) ថ្ងៃ១១ កើត ខែ អាសាធ ទ្រង់ចាត់មុខក្រសួង ឲ្យរៀបពិធីបុណ្យឆ្លង ព្រះបរមសារីរិកធាតុ តម្កល់ក្នុងព្រះស្តូបមាសក្នុងព្រះចេតិយធំ។ ក្រោយនោះ ស្ដេចឲ្យហែព្រះបរមអដ្ឋិ ព្រះស្រីរាជា និង ព្រះអដ្ឋិព្រះស្រីសុរិយោទ័យ ព្រះអដ្ឋិ នៃ ព្រះមហាក្សត្រទាំងពីរព្រះអង្គនេះ។ តាមព្រះរាជពង្សាវតារ ដែលតម្កល់នៅព្រះរាជបណ្ណាល័យថា : ព្រះបាទស្រីធម្មរាជា ស្ដេចចាត់ព្រះរាជតេជៈ ឲ្យទៅសុំស្ដេចសៀម នាំយកមកធ្វើបុណ្យបូជាហើយ ដំកល់នៅភ្នំពេញ ពីថ្ងៃ១០ កើត ខែបុស្ស ឆ្នាំកុរត្រីស័ក ព.ស. ២០៣៥ - គ.ស. ១៤៩១ ពីព្រះបរមរាជាវាំងចតុម្មុខ មកបញ្ចុះក្នុងព្រះចេតិយបន្ទាប់ស្រេច រួចស្ដេចទ្រង់បព្វជ្ជា ជាភិក្ខុក្នុងព្រះពុទ្ធសាសនា។ ព្រះឧបជ្ឈាយ៍ ថ្វាយព្រះនាមក្នុងឆាយាថា : ព្រះគោណសាមីផលា ភីរមបរមវីរិយោធិក ពោធិសម្ភារ មហាបរិបាល ឥន្ទប្រស្ថ សំរឹទ្ធិ។ ស្ដេចគង់ក្នុងភេទ ជាភិក្ខុភាវៈ ៣ថ្ងៃហើយ ទ្រង់លាចាកសិក្ខាបទ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទាន បណ្ដារាស្ត្រជាអនេកអនន្តពន់ពេក។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឲ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សម្រាប់បោសច្រាសសំអាត។ ទ្រង់តាំងឲ្យមានមេពីរនាក់ជានាយត្រួតត្រារក្សា។ អាស្រ័យហេតុនេះហើយ បានជាមានពលព្រះស្រីរតនត្រ័យ តាំងពីនោះរៀងមក។ ស្ដេចទ្រង់ជ្រួចទឹកស្នោទក (ទក្សិណោទក គឺទឹកដែលចាក់ដោយដៃស្ដាំ) ហើយទ្រង់មានព្រះរាជតំរាស់ថា : សូមទេពនិករ អមរមេឃ ឥន្ទព្រហ្មដែលមានទិព្វសោត ទិព្វចក្ខុ ជួយជាសាក្សី ពេជ្ជញាណ ដ្បិតខ្ញុំបានវេរដីស្រែ មនុស្សសត្វទាំងអស់នេះឧទ្ទិសថ្វាយ ព្រះបរមសារីរិកធាតុ និង ព្រះស្រីរតនត្រ័យ សូមព្រះពុទ្ធសាសនា ឋិតឋេរថីរកាល ដរាបដល់គ្រប់ ៥០០០ ព្រះវស្សា។
ព្រះស្រីធម្មរាជា ស្ដេចឲ្យឆ្លាក់រាជសករាជ នៅផែនថ្មទុកជាចារិក កុំឲ្យបាត់។ ទ្រង់ធ្វើបុណ្យឆ្លង៣ខែ ទើបស្រេចការព្រះរាជកុសល រួចស្ដេចព្រះរាជដំណើរ ត្រឡប់មកក្រុងចតុម្មុខភ្នំដូនពេញវិញ។
"សាស្ត្រា វត្តកំពង់ត្រឡាចក្រោម មានសេចក្ដីលើសពីឯកសារ ដទៃទៀតដូច្នេះថា : ព្រះស្រីធម្មរាជា មុននឹងលើក ព្យូហៈយាត្រាចូលទៅក្រុងចតុម្មុខនោះ ស្ដេចបានធ្វើព្រះរាជដំណើរ ទៅទតនគរពិជ័យ បាអា (ប្រហែលជា វត្តនគរនៅកំពង់ចាមទេដឹង)។ លុះដល់ហើយ ទ្រង់ប្រថាប់នៅក្នុងកំពែងប្រាសាទនោះ ទ្រង់ទតព្រះនេត្រសព្វគ្រប់ ទ្រង់សរសើរថា : ព្រះបាទអរិដ្ឋពលពាហនោ មានបុណ្យបារមី ពន់ប្រមាណណាស់ ស្ដេចសាងព្រះរាជវាំង គ្រាន់ជាទីមកក្រសាលម្ដងៗទេ តែស្ដេចធ្វើសុទ្ធតែពីថ្ម កទាំងកំផែង ស្រះស្រង់រងថ្លា មានទាំងទន្លេសម្រាប់ ព្រះស្នំក្រុមបរិពារ អុំទូកលេងសប្បាយ គប្បីតែស្ដេចប្រទេសរាជ ១០១ មកជាចំណុះមែន។
សម័យថ្ងៃមួយនោះ ព្រះអង្គរតនមាលី ព្រះរាជបុត្រី នៃ សម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹកទន្លេធំ ឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរ ទៅជាមួយដែរ។
ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទីកំពង់ចាម ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។
នេះ នឹង និយាយពីក្រពើមួយនៅព្រែកឆ្លូង ថាក្រពើនោះ មានក្បាល ៥ហត្ថ សាហាវហានក្លាក្រឡាខ្លួនបាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅលេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេកឃើញព្រះរាជបុត្រី ព្រះនតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រីចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំ ពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតម្រង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះវររាជមាតាបិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់កាំភ្លើងបង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់ច្បូក ធ្នូ ស្នា ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។
ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហ្មចូលទាក់ក្រពើនោះ លុះត្រាតែបាន យកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥អង្គ សំរឹទ្ធិ ៥អង្គ ទង់ហ៊្វា ៥អង្គ ទង់ដែង ៥អង្គ។ ព្រះអង្គឲ្យសាងចេតិយ តម្កល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះអថ័ន (មកពីពាក្យ សំស្ក្រឹត អថវ៌ន ប្រើជាឈ្មោះ មន្តអាគមពួកមួយសម្រាប់សូតសែកហៅ ឬ បណ្ដេញភូតបីសាចជាដើម និង ពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ) ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធ នឹង អស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចម្រើនដល់ព្រះរាជបុត្រី។ លុះសម្រេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ"។
លុះដល់ឆ្នាំមមែ ឯកស័ក ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧកញ៉ាសួគ៌ាលោក ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ប្ដឹងចូលមកអ្នកឧកញ៉ាចក្រី សេនាបតី ឲ្យនាំសេចក្ដីក្រាបបង្គំទូល សូមទ្រង់ជ្រាប។
ដ្បិតភ្នាក់ងារក្លោងទាក់ដំរីភ្លុកសបានមួយ កំពស់បួនហត្ថប្លាយ សម្បុរឆ្នាំងថ្មី ប្រកបដោយគជលក្ខណៈបរិបូណ៌។
អ្នកឧកញ៉ាចក្រី ក៏នាំឡើងក្រាបបង្គំទូល តាមសេចក្ដីសំបុត្រគ្រប់ប្រការ ទើបទ្រង់ព្រះរាជបញ្ជាឲ្យនាំដំរីចូលមកថ្វាយ។ លុះស្ដេចចេញទតដំរី យល់បរិសុទ្ធប្រាកដមែន ទ្រង់សោមនស្ស សព្វព្រះទ័យក្រៃពេក។ ស្ដេចព្រះរាជទានរង្វាន់ហ្មដែលទាក់បាននោះ មាសមួយតឹងកូនដៃ ប្រាក់មួយតឹងកូនដៃ និង របស់ឯទៀតជាច្រើន។ ឯអ្នកដែលជួយទាក់នោះ ជាពលកម្លោះ ស្ដេចព្រះរាជទានដល់ពលទាំងនោះ តាមគួរទ្រង់ប្រោសមិនឲ្យត្រូវកំណែនរាជការអ្វីឡើយ។
ថ្ងៃក្រោយ ទ្រង់ចាត់មុខក្រសួងឲ្យរៀបពិធីមង្គល ព្រះរាជទាននាមដំរីសនោះថា ព្រះស្វេតមង្គលរាជហត្ថិពិជ័យឆទ្ទន្ត។ ទ្រង់ព្រះរាជទានគ្រឿងប្រដាប់សឹងមាស ទ្រង់ឲ្យធ្វើរោងប្រក់ស្បូវអំបែងបិទមាស សម្រាប់ទ្រង់ដំរីនោះ។ លុះដល់ឆ្នាំចចត្វាស័ក ព្រះស្វេតមង្គល រាជហត្ថី ឈឺយូរថ្ងៃហើយ ក៏ស្រុតទៅ "ស្រុតប្រែថាស្លាប់ ពាក្យនេះ សម្រាប់និយាយចំពោះតែដំរី"។
ថ្ងៃ ១០ កើត ខែពិសាខ ឆ្នាំច ចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះបាទសម្ដេច ព្រះមហាធម្មរាជា ទ្រង់យាងទៅប្រពាត ភ្នំព្រះរាជទ្រព្យ ខេត្តសំរោងទង សេនាបតី មន្ត្រីខ្ញុំរាជការ គ្រប់ក្រុម ហែហមអមព្រះអង្គជាច្រើន ហើយទ្រង់ព្រះរាជបញ្ជាកេណ្ឌរាស្ត្រ ជីកស្រះនៅកៀនភ្នំ យកទឹកដាក់ជាទាន សាងព្រះរាជកុសល។ វេលាគ្រានោះ មានព្រះគ្រោះមួយបង្កើតជាព្រះរោគក្នុងព្រះអង្គ ទើបស្ដេចព្រះរាជដំណើរត្រឡប់មក ក្រុងដូនពេញវិញដោយព្រះរោគរឹតតែខ្លាំងឡើងៗ ឯស្រះដែលជីក ក៏ពុំទាន់ហើយ។
សម្ដេច ព្រះមហាធម្មរាជា ព្រះអង្គសោយរាជសម្បត្តិ កាលស្រុកកំពុងកើត ចលាចល បាន ៨ឆ្នាំ ស្ដេចប្រាប្ដាភិសេក បាន ១៩ឆ្នាំ រួមជា ២៧ឆ្នាំ ព្រះជន្ម៦៤ឆ្នាំ ទ្រង់ព្រះអាពាធ រឹតតែធ្ងន់ណាស់។ ទ្រង់ឲ្យនិមន្តព្រះរាជាគណៈមកចម្រើនព្រះពុទ្ធគុណ ធម្មគុណ សង្ឃគុណ ថ្វាយរាល់វេលា។
ថ្ងៃ ១០ រោច ខែជេស្ឋ ឆ្នាំជូត ឆស័ក ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់សោយព្រះទិវង្គតទៅ។ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេច។ ទើបអញ្ជើញចៅ ពញាដំខត្តិយ៍ ជាព្រះរាជបុត្រាច្បង ឲ្យឡើងសោយរាជសម្បត្តិតាមព្រះប្រវេណី។