ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
ថ្ងៃសៅរ៍ ទី20.មករា 2018.ម៉ោង 13:12
ផែនដីព្រះស្រីសុរិយោទ័យ (ត)
ព្រះបាទសម្ដេចព្រះស្រីរាជាធិរាជ ជាអម្ចាស់ផែនដីឧត្តរទិសនោះ លុះដល់ឆ្នាំជូត សំរឹទ្ធិស័ក ច.ស. ៨៣០ ស្ដេចត្រាស់ឲ្យមន្ត្រី នាំព្រះសុភអក្សរមកសុំព្រះខាន់រាជជ័យមង្គល និងដាវក្រឹសដែកសម្រាប់ជាយានសេះ ដំរី ដែលនៅក្នុងព្រះឃ្លាំង សម្រាប់ផែនដីនោះ។
ព្រះធម្មរាជាបានទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ថា ៖
"របស់ទាំងអស់នេះ ជារបស់សម្រាប់ព្រះមហានគរ មិនគួរឡើយទ្រង់ថ្វាយរបស់ទាំងនេះទៅព្រះស្រីរាជា ជាព្រះជេដ្ឋាទេ"។ ទ្រង់ព្រះតំរាស់នេះចប់ហើយ ទ្រង់ត្រាស់ចាត់អាវក្រឹសដែក ស្រកាពង្រូលជាសម្រាប់ ពលរទេះម្ភៃសម្រាប់ និង មួកដែកពីរ ប្រគល់ឲ្យមន្ត្រីនាំយកទៅក្រាបទូលថ្វាយសម្ដេចព្រះសេរីរាជា។
សម្ដេចព្រះជេដ្ឋា ទ្រង់យល់ដូច្នោះហើយ ទ្រង់ខ្ញាល់ណាស់ ទើបទ្រង់ត្រាស់ថា ៖ ព្រះខាន់ ក៏មិនឲ្យត្រឡប់មកឲ្យ ឯគ្រឿងអាវក្រឹស សម្រាប់ពលរទេះ ដែលឥឡូវនេះ គេលែងប្រើអស់ទៅហើយ។ តមកស្ដេចឲ្យព្រះរាជបម្រើ ទៅកួនសុំច្រើនគ្រា តែសុំពុំបាន។
នេះនឹងនិយាយ អំពីមន្ត្រី ក្នុងក្រុងចតុម្មុខវិញ។
មន្ត្រីទាំងនោះ ដោយស្រឡាញ់អម្ចាស់របស់ខ្លួនណាស់ ក៏អញ្ជើញស្ដេចធម្មរាជាឲ្យឡើងសោយរាជ្យ កាលនោះព្រះអង្គពុំព្រមទទួលសេចក្ដីអញ្ជើញទេ។ លុះដល់ឆ្នាំរកា នពស័ក ព្រះសុរិយោទ័យស្ដេចឡើងសោយរាជ្យ មួយឆ្នាំក្រោយនោះមក ទើបព្រះសេរីធម្មរាជា ស្ដេចព្រមទទួលសោយរាជ្យឡើង។
ផែនដីព្រះធម្មរាជា
(ពីគ.ស.១៤៧៨ ដល់ គ.ស.១៥០៤)
ព្រះធម្មរាជា ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំច សំរឹទ្ធិស័ក ព.ស. ២០២២ - គ.ស. ១៤៧៨ - ម.ស. ១៤០០-ច.ស. ៨៤០ ក្នុងជន្មាយុ២៦ឆ្នាំ ទ្រង់ព្រះនាមជាព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ។ ព្រះអង្គលើកព្រះវង្សក្សត្រីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជាសម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិ។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជវង្សានុវង្ស ស្នំ រក្សាឲ្យមានយសស័ក្ដិ តាមថានានុរូប ដោយសមគួរទាំងប្រុសទាំងស្រី។ ក្នុងឆ្នាំនោះ មានអព្ភូតហេតុបង្កើតជាអស្ចារ្យណាស់ គឺកម្រើកផែនដីជាង ៥ម៉ោង។
ព្រះបាទសម្ដេច ព្រះស្រីរាជា ស្ដេចបានទ្រង់ជ្រាបថា : សម្ដេចព្រះធម្មរាជា ប្រែព្រះទ័យក្បត់ឡើងសោយរាជ្យហើយ ស្ដេចខ្ញាល់ណាស់។ ស្ដេចត្រាស់ឲ្យលើកទ័ពទៅវាយក្រុងភ្នំពេញ។ ប៉ុន្តែលុះទ្រង់ជ្រាបថា : សម្ដេចព្រះសុរិយោទ័យស្ដេចចាត់កងទ័ព ឲ្យទៅសង្កត់ខេត្តស្ទឹងត្រែង កំពង់សៀមហើយ ទើបទ្រង់ឲ្យឈប់ខាន លើកទ័ពទៅវាយស្រុកភ្នំពេញវិញ ហើយព្រះអង្គឲ្យលើកទ័ព ឡើងទៅខែត្រត្រើយខាងកើត ដើម្បីតាំងរក្សា ខែត្រស្ទឹងត្រែង កំពង់សៀម នឹង ធ្វើសង្គ្រាមទល់នឹងព្រះស្រីសុរិយោទ័យវិញ។ ស្ដេចទាំងពីរព្រះអង្គ លើកច្បាំងគ្នាគ្រានោះជាច្រើនក្ដារ តែមិនចាញ់មិនឈ្នះសោះ។ លុះដល់ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀងធ្លាក់រឿយៗ ច្បាំងមិនកើត ទើបព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ស្ដេចថយទ័ពបញ្ឈប់ពលឲ្យធ្វើស្រែទាំងសងខាង។
ផែនដីគ្រានោះបែកជា ៣ភាគ ស្ដេចទាំង៣ព្រះអង្គពុំព្រមចំណុះគ្នាទៅវិញទៅមកសោះ។ ស្ដេចធ្វើសឹកសង្គ្រាម នឹង គ្នា គឺពីឆ្នាំវកអដ្ឋស័ក រៀងមកដល់ឆ្នាំម្សាញ់ បញ្ចស័ក ត្រូវជា១០ឆ្នាំ រេហ៍ពលរាស្ត្រប្រជា ស្លុតស្លាប់អស់ជាច្រើននាក់។ កងទ័ពទាំងសងខាងក៏ញញើតថ្វីដៃគ្នាទៅវិញទៅមកទើបស្ដេចឲ្យបញ្ឈប់សង្គ្រាម ទ្រង់នៅស្ងៀមរក្សាព្រះរាជអាណាខែត្ររបស់ព្រះអង្គគ្រប់ព្រះអង្គ។
ឯព្រះបាទសម្ដេចស្រីរាជានោះ អ្នកព្រះបរមចន្ទារពិសេស សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមចៅពញាឱងរាជា ក្នុងឆ្នាំជូតទោស័ក។ លុះដល់ឆ្នាំកុរ ឯកស័កក្រោយដែលបានធ្វើសង្គ្រាម ៣ឆ្នាំ ហើយនោះព្រះបាទសម្ដេចព្រះស្រីរាជា ស្ដេចត្រាស់បង្គាប់ឲ្យតទូក កេណ្ឌរេហ៍ពល ហ្វឹកហ្វឺនហាត់សេនាទាហានប្រុងប្រៀបស្បៀងអាហារ គ្រឿងសស្ត្រាវុធ នឹង លើកទ័ពទៅវាយសម្ដេចព្រះស្រីសុរិយោទ័យម្ដងទៀត។ លុះសូរេចហើយ ស្ដេចលើកយោធាទាហានឆ្លងទៅច្បាំងគ្នា ទាំងទ័ពទឹក ទ័ពគោកបោះបាញ់ ចាក់កាប់សម្លាប់គ្នាជាច្រើនក្ដារ តែពុំទាន់ចាញ់ឈ្នះរាងចាលម្ខាងៗឡើយ។
ព្រះបាទសម្ដេចព្រះធម្មរាជា កាលទ្រង់ជ្រាបថា : ស្ដេចទាំងពីរព្រះអង្គ ទិសខាងកើតច្បាំងគ្នាទៀតហើយ ទើបទ្រង់ត្រាស់ឲ្យនាយកងទ័ព កេណ្ឌរេហ៍ពលលើកទៅត្រួតត្រា រក្សាព្រះរាជអាណាខេត្តកុំឲ្យកងទ័ពខាងកើត និង ខាងជើងចូលមកធ្វើវឹកវរក្នុងព្រះអាណាខេត្តព្រះអង្គបានឡើយ។
ស្ដេចទាំងពីរព្រះអង្គ ត្រើយខាងកើត និង ខាងជើង ធ្វើសង្គ្រាមនឹងគ្នា ពីឆ្នាំវក អដ្ឋស័ករៀងមកដល់ឆ្នាំម្សាញ់ បញ្ចស័ក ត្រូវជា ១០ឆ្នាំ អស់អាណាប្រជានុរាស្ត្រវិនាស ដោយច្បាំង និងដោយជំងឺតំកាត់ជាច្រើន។ ទើបព្រះបាទសម្ដេចធម្មរាជា ព្រះអង្គយល់ថា ប្រទេសកើតកោលាហលខ្លាំងណាស់សង្គ្រាមក៏រឹតតែខ្លាំងឡើង ចោរខ្មួញ ក៏កម្រើកថ្លើមធំ ប្លន់កាប់ចាក់សម្លាប់គ្នាគ្រប់ស្រុកគ្រប់តំបន់។ ទ្រង់មានព្រះរាជហឫទ័យ ព្រះមហាករុណា អាណិតអាណាប្រជានុរាស្ត្រពន់ប្រមាណ ទើបទ្រង់តែងព្រះសុភអក្សរ ឲ្យព្រះតេជៈអញ្ជើញយកសុភអក្សរនោះចុះទូក ចេញទៅក្រុងទេពបូរីស្រីអយុធ្យា នៅឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២០២៩-គ.ស. ១៤៨៥-ម.ស. ១៤០៧-ច.ស. ៨៤៧។ នោះបើគិតរាជសម្បត្តិ ព្រះមហាក្សត្រទាំង៣ព្រះអង្គ ឃើញថា ព្រះបាទសម្ដេចព្រះសេរីរាជាសោយរាជ្យបាន ២០ឆ្នាំ។ ស្ដេចលើកទ័ពទៅធ្វើសង្គ្រាមនឹងសៀម ហើយត្រឡប់មកវិញ ក្នុងឆ្នាំវក អដ្ឋស័កនេះ ស្ដេចធ្វើសង្គ្រាមនឹងព្រះបាទសម្ដេចព្រះស្រីសុរិយោទ័យ រៀងមកដល់ឆ្នាំម្សាញ់ សប្តស័កនេះ ១០ ឆ្នាំទៀតត្រូវជា៣០ឆ្នាំ។ ស្ដេចគង់នៅក្នុងខែត្រគោកសេះ (ខែត្របារាយណ៍) និង ខែត្រកំពង់សៀម។
ព្រះបាទស្រីសុរិយោទ័យ សោយរាជ្យពីឆ្នាំរកា នពស័ក។ ស្ដេចធ្វើសង្គ្រាម នឹង ព្រះបិតុលា (មាខាងឪពុក) រៀបមកដល់ឆ្នាំម្សាញ់សប្តស័ក នោះត្រូវជា ៥ឆ្នាំ ស្ដេចគង់នៅក្រុងបាសាន (គឺស្រុកស្រីសន្ធរទាំងឆ្វេងទាំងស្ដាំ ទាំងកណ្ដាលសព្វថ្ងៃនេះ)។
ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចសោយរាជ្យពីឆ្នាំច សំរឹទ្ធិស័ក រៀងមកដល់ឆ្នាំម្សាញ់ សប្តស័កត្រូវជា ៨ឆ្នាំ ស្ដេចគង់នៅក្រុងចតុម្មុខ ព្រះអង្គឲ្យបោះទ័ពរាំងទប់តែប៉ុណ្ណោះ ពុំបានលើកទៅច្បាំង នឹង ខាងណាៗឡើយ។
នឹងថ្លែងអំពី ព្រះរាជតេជៈ រាជទូតដែលអញ្ជើញព្រះរាជសារនោះវិញ។ លុះទៅដល់ក្រុងទេពបូរីហើយ។ ព្រះរាជតេជៈរាជទូត ក៏ចូលទៅប្ដឹងសេនាបតី សេនាបតីក៏នាំឡើងក្រាបបង្គំគាល់ ថ្វាយព្រះរាជសារនោះ។ សម្ដេចព្រះចៅចក្រពត្តិឲ្យលាម (បកប្រែ) សារនោះ អាល័ក្សថ្វាយសេចក្ដី ដូចតទៅនេះថា :
"ព្រះរាជសារព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស តម្រង់មហានគរ ក្រុងកម្ពុជាធិបតី សេរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី មន្ទីរលីលាមហាឋាន។
សូមចម្រើនផ្លូវព្រះរាជមេត្រី មកសម្ដេចព្រះមហាចក្រពត្តិ រាជវរឫទ្ធិ បរមិន្ទមហិន្ទរាជឫទ្ធីជីវិត រតនជាញជ័យ នៃ ព្រះចៅក្រុងទេពមហានគរ រាជធារាវតី ស្រីអយុធ្យា មហាតលិក (សៀមអានថា មហាតិឡុក) ពិភពនពរ័តន៍ រាជធានី ឧត្តមមហាឋាន។
សូមទ្រង់ជ្រាប។ដ្បិតក្រុងកម្ពុជា កើតកោលហលក្ដៅក្រហាយ ដល់សមណជីព្រាហ្មណ៍ ទាំងព្រះពុទ្ធសាសនាក៏សៅហ្មង ព្រោះព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះជេដ្ឋា និង សម្ដេចព្រះស្រីសុរិយោទ័យ ជាព្រះភាគិនេយ្យោ នៃ យើងស្ដេចកើតវិវាទ ធ្វើសង្គ្រាម នឹង គ្នាជាយូរយារអង្វែងណាស់ហើយ។
ដូច្នេះ សូមទ្រង់តម្រង់ផ្លូវព្រះរាជមេត្រី អញ្ជើញលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាម ក្រសត្រទាំងពីរព្រះអង្គឲ្យលះលែងបដិបក្សចេញ ដើម្បីឲ្យសមណជីព្រាហ្មណ៍ បណ្ដារាស្ត្រ នឹង បានសេចក្ដីសុខ ដោយព្រះចៅក្រុងសៀមជួយទំនុកបំរុង ព្រះពុទ្ធសាសនា នឹង បានរុងរឿងតទៅ។ ព្រះនគរទាំងពីរ ទុកជាផែនដីមួយជាមួយគ្នា បើព្រះនគរខាងណា កើតសឹកសង្គ្រាម ព្រះនគរម្ខាង នឹង លើកទ័ពទៅជួយគ្នាទៅវិញទៅមក ទុកជាព្រះរៀម ព្រះអនុជ តាមព្រះរាជប្រវេណី។
ឥឡូវនេះ យើងព្រះរៀម ឲ្យព្រះរាជតេជៈ ជារាជទូត និង ឧបទ្ទត នាំចានមាស ៤ ចានប្រាក់ ៤ កុយរមាស ៤ ភ្លុកដំរីយ៉ាងធំ ៤ ក្បាល សំពត់ហូល ៤០ សូត្រ ៤ហាប ជារាជបណ្ណាការ មកថ្វាយសម្ដេចព្រះអនុជជាធិរាជ ជាផ្លូវព្រះរាជមេត្រី សូមព្រះចៅទទួលសម្ព័ន្ធមិត្រ កុំបីឃ្លាត។
- លុះអាល័ក្ស សូត្រសេចក្ដីព្រះរាជសារចប់ហើយ ព្រះចៅចក្រពត្តិ ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់សួរថា :
- ព្រះរៀមនេះឬ ដែលមានព្រះមាតាជាសៀម ?
- លោកអ្នកអានប្រហែលជានៅចាំបានថាព្រះមាតារបស់ព្រះស្រីធម្មរាជានោះនាមស៊ីសាងាមជាតិសៀមសុទ្ធ
- ព្រះរាជតេជៈរាជទូត ក្រាបទូលថា ៖
- ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ជាវង្សសៀម ជាមួយ នឹង ព្រះអង្គហើយ ព្រះអង្គទុកព្រះទ័យស្និទ្ធជាព្រះរៀម ទើបត្រាស់ឲ្យកេណ្ឌកងទ័ព ជើងទឹកទុកបម្រុងថ្វាយ។
លុះដល់ខែអស្សុជចេញវស្សា ស្ដេចត្រាស់បង្គាប់ឲ្យចៅពញាយោធានិករជាមេទ័ពជើងទឹក ឃុំពលពីរម៉ឺននាក់ (២០០០០នាក់) នាំព្រះរាជតេជៈរាជទូតខ្មែរ លើកចូលមកក្រុងកម្ពុជាធិបតីតាមផ្លូវកំពត ពាម បន្ទាយមាស។
"ព្រះរាជពង្សាវតារភាគ៣ ដែលតម្កល់នៅព្រះរាជបណ្ណាល័យលេខ គ ៥៣-៣ មានសេចក្ដីដូច្នេះថែមទៀត " ស្ដេចសៀមឲ្យប្រែព្រះរាជសារថ្វាយ លុះទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ព្រះអំណរណាស់ ដោយមានគំនុំ នឹង ព្រះស្រីរាជា កាលមកវាយស្រុកសៀម កៀរគ្រួយកទៅជាច្រើន។ ទ្រង់មានបន្ទូលថា : យើងលើកទ័ពទៅគ្រានេះ នឹង យកគ្រួយើងមកវិញទាំងអស់។ លុះទ្រង់ព្រះរាជបញ្ជាសេនាបតីមន្ត្រី ឲ្យប្រមូលសេនាទាហានមក ជួបជុំរៀបជាក្បួនព្យូហៈស្រេច ស្ដេចចាត់ពញាយោធា ជាមេទ័ពជើងទឹក ឲ្យនាំពល៣០០០នាក់ ចុះទូកជាមួយ នឹង ព្រះរាជតេជៈរាជទូតខ្មែរចេញមកក្រុងកម្ពុជាធិបតី ទូលសម្ដេចព្រះធម្មរាជា សូមទ្រង់ជ្រាបជាមុន។
លុះដល់ថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលាព្រឹកម៉ោង២ (ម៉ោងបុរាណ ត្រូវម៉ោង ៩កន្លះយើងសព្វថ្ងៃនេះ) ព្រះចៅចក្រពត្រាធិរាជស្ដេចទ្រង់គ្រឿងសង្គ្រាមយុទ្ធ ឡើងគង់ព្រះទីនាំងគជេន្ទ្រប្លាយមង្គលចក្រពត្តិ កំពស់ប្រាំហត្ថមួយចំអាម ទើបស្ដេចឲ្យចៅពញាមហាសេនា សមុហៈក្រឡាហោមជាមេទ័ព ចៅពញាចក្រី ឧកញ៉ាព្រះឃ្លាំងធិបតី ជាប៉ែកឆ្វេងប៉ែកស្ដាំ លើកទ័ពជើងគោក មកប្រទេសកម្ពុជាមហានគរ តាមផ្លូវបាត់ដំបង។
ឯព្រះរាជតេជៈ ជារាជទូត កាលនាំទ័ពជើងទឹក តាមផ្លូវកំពត រហូតមកដល់ភ្នំពេញហើយ អ្នកក៏ចូលក្រាបថ្វាយបង្គំគាល់ ទូលតាមសេចក្ដី ដែលព្រះចៅចក្រពត្តិ យកព្រះទ័យទុកដាក់ លើកទ័ពមកនោះគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់បានជ្រាបហើយ ក៏ចាត់ស្បៀងលៀងកងទ័ពស្រេច ទើបស្ដេចឲ្យសេនាបតីតាំងព្យូហៈទ័ព និង លើកទៅប្រសប់ (គឺលើកទៅជួប) នឹងទ័ពសៀមខាងជើងគោក។ ខណៈនោះ ស្ដេចទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើងគង់ព្រះទីនាំងហត្ថី ចងគ្រឿងគជាហរណៈ បាំងនូវព្រះបរមស្វេតច្ឆ័ត្រឆើតឆាយ ដោយនូវអភិរមសែនត្វាន ទង់ជ័យប្រពៃរន្ទាល ច្រាលឆ្អៅគ្រប់កងគជសារ អស្សាពាជី យោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅ ព្រះលានជ័យ។ លុះបានពិជ័យឫក្សល្អហើយ ហោរាក៏គោះគងទូងស្គរ អ្នកមុខអ្នកការ ក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីយ៍ ភ្លែភ្លៀវលេងស្គរជ័យ ល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅឧត្តរទិស។ ស្ដេចព្រះរាជដំណើរទៅដល់ខែត្រអម្រាគគីរិន្តបូណ៌ (ស្រុកបរិបូណ៌សព្វថ្ងៃនេះ) ស្ដេចបញ្ឈប់កងទ័ព ធ្វើទីប្រថាប់សម្រាប់ក្រសត្រជាពីរឋាន។
តទៅនេះសេចក្ដីក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោម ព្រះចៅចក្រពត្តិ ស្ដេចលើកយោធាសៀម តាមផ្លូវបាត់ដំបង ពោធិ៍សាត់ ក្រុងខ្លុង ចូលមកដល់ខែត្រអម្រាគគីរិន្តបូរណ៌ ជួប នឹង សម្ដេចព្រះធម្មរាជា ស្ដេចសៀមទទួលព្រះអង្គដោយផ្លូវព្រះរាជមេត្រីយ៉ាងធំ សម នឹង ព្រះសិរីយស ព្រះមហាក្សត្ររួមមហាស្វេតច្ឆ័ត្រ។ លំដាប់នោះ ទ្រង់ព្រះតំរិះពីការសង្គ្រាមស្រេចហើយ ស្ដេចទាំងពីរព្រះអង្គ ទុកព្រះទ័យសោមនស្ស គ្មានរង្គាសទាំងសងខាង។ ស្ដេចធម្មរាជា សម្ដេចត្រាស់ហៅព្រះចៅចក្រពត្តិថា ព្រះអនុជ ខាងព្រះចៅត្រាស់ហៅមកវិញថា ព្រះរៀម។
លុះណាត់ការសង្គ្រាមស្រេច ស្ដេចទាំងពីរព្រះអង្គ ក៏លើកទ័ពខ្មែរទ័ពសៀម ឆ្លងទៅត្រើយខាងកើត ចោមបន្ទាយសម្ដេចព្រះស្រីរាជា។
សម្ដេចសិរីរាជា ក្នុងគ្រានោះ កំពុងគង់ប្រថាប់ នៅខែត្រកំពង់សៀម។ លុះព្រះអង្គស្ដេចបានជ្រាបហើយថា សម្ដេចព្រះអនុជាធិរាជ ឲ្យនៅអន្ទងទ័ពសៀមមកច្បាំង នឹង ព្រះអង្គដូច្នេះ ស្ដេចក៏មានព្រះតំរាស់ប្រឹក្សា នឹ ងអស់សេនាបតី មន្ត្រីជាមេកងទ័ពធំតូចថា : ឥឡូវនេះ មានកងទ័ពសៀមខ្មែរលើកមកថែមទៀត ដូច្នេះអស់អ្នករាល់គ្នាយល់ដូចម្ដេច?
ខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ
តាមគំនិតរបស់ទូលព្រះបង្គំជាខ្ញុំនោះ ទូលព្រះបង្គំយល់ថា យើង នឹង ត នឹង គេពុំបានទេ ដ្បិតយើងធ្វើទ័ពមកជិត ១០ឆ្នាំហើយ ពលទាហានកំពុងនឿយហត់ ស្បៀងអាហារសស្ត្រាវុធ ក៏ស្ដួចស្ដើង។ ចំណែកខាងគេវិញ រេហ៍ពលគេក៏ថ្មោងថ្មី ស្បៀងអាហារសស្ត្រាវុធគេ ក៏បរិបូណ៌។ មិនតែប៉ុណ្ណោះសោត ថែមទាំងសម្ដេចព្រះអនុជ ស្ដេចចូល នឹង គេថែមទៀតផង ដែលជាហេតុឲ្យគេកើត ទៅជាពីរកំលាំង។ យើងមុខជាតតាំងច្បាំងពុំឈ្នះគេឡើយ។
ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា ៖
យើង នឹង ស្ដីធ្វើអ្វីឲ្យតែវែង ពួកសៀមនោះ វាធ្លាប់តែចាញ់ថ្វីដៃយើងទេ។ ខាងទ័ពខ្មែរខាងលិច (គឺទ័ពព្រះស្រីធម្មរាជា) ក៏សុទ្ធតែថ្មីៗ ពុំដែលចូលច្បាំងសោះ ហេតុដូច្នេះ សូមស្ដេចជាអម្ចាស់ ស្ដេចកុំព្រួយព្រះទ័យឡើយ។ យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នា ទទួលអាសា ធ្វើការថ្វាយ ត្រាតែអស់ជីវិតរៀងៗខ្លួន។
សម្ដេចព្រះស្រីរាជា បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទ្រង់ព្រះចិន្ដាឈ្វេងយល់ថា : វិស័យជាជាតិទាហាន ចិត្តមនោមានះ មិនដឹងកំលាំងគេកំលាំងឯងជាធម្មតា។ យើង នឹង ស្ដាប់ណាស់ផង ក៏ពុំបាន ទើបទ្រង់ត្រាស់ថា :
"អស់អ្នករាល់គ្នា យកចិត្តឈឺឆ្អាល ជួយយករាជអាសាយើងនោះ យើងអរណាស់ហើយ តែការណ៍ម្ដងនេះធ្ងន់ណាស់។ យើងឃើញថា បើយើងត នឹង គេនោះ មុខជាតពុំបានឡើយ យើងមុខជាស្លាប់មិនខាន។ រាស្ត្រប្រជា សេនា ទាហាន រេហ៍ពលគ្មានប្រយោជន៍អ្វី នឹង តស៊ូជាមួយ នឹង គេបានទេ។ យើងគួរចុះចូលគេទៅវិញ ជាជាង ព្រោះអាណិតអស់រាស្ត្រប្រជា"។ មានព្រះបន្ទូលរួច ស្ដេចត្រាស់ប្រើ ឧកញ៉ាយមរាជ១ ឧកញ៉ាវាំង១ ឲ្យទៅទូលសម្ដេចព្រះធម្មរាជាថា : ព្រះអង្គនឹងលើកលែងសង្គ្រាមយុទ្ធ ដែលបានធ្វើនោះតទៅទៀតហើយ។
សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទើបស្ដេចទាំងពីរព្រះអង្គ ត្រាស់បង្គាប់ឧកញ៉ាទាំងពីរនាក់ ឲ្យទៅអញ្ជើញ ស្ដេចមកជុំទាំង៣ព្រះអង្គ នៅថ្ងៃ ៣កើតខែមាឃ ឆ្នាំម្សាញ់ សប្តស័ក។ ខណៈនោះ ឧកញ៉ាទាំងពីរនាក់ កាលបានឮដូច្នោះហើយ ក៏ត្រេកអរណាស់ ត្រឡប់ទៅក្រាបទូលព្រះសិរីរាជា តាមសេចក្ដីគ្រប់ប្រការ។
អស់មុខមន្ត្រីទាំង ៣កង កាលបានដឹងការណ៍ថា ៖ ក្សត្រទាំង៣ព្រះអង្គជាមេត្រីស្មោះសរត្រេកអរ នឹង គ្នា ដោយស្មោះស្ម័គ្រដូច្នោះ ក៏ចាត់ចែងពលទាំងកង ឆ្លងទៅសង់ព្រះពន្លាជ័យ នៅរោងទង (សូមអភ័យទោសចុះស្រុកនេះ យើងខ្ញុំមិនស្គាល់ទេ យើងបានស៊ើបសួរអ្នកស្រុកកំពង់ចាមដែរ តែមិនប្រទះនឹងអ្នកស្គាល់សោះ។ ប្រហែលជាគេសរសេរមុនឲ្យឃ្លៀងឃ្លាតឆ្ងាយពេក ឬប្រការយ៉ាងណាក៏មិនដឹង)។ លុះដល់កំណត់គ្រប់ថ្ងៃ ១០ រោច ខែមាឃហើយ ព្រះពន្លាក៏បានសង់រួចស្រេច សម្ដេចព្រះស្រីរាជា សម្ដេចព្រះធម្មរាជា ព្រះចៅចក្រពត្តិ ស្ដេចយាងដោយក្បួនហែយ៉ាងធំ ទៅជួបជុំ ព្រមដោយសេនាបតី មុខមន្ត្រីចតុស្ដម្ភ ខ្ញុំរាជការតូចធំ បង្គំគាល់ជាយសបរិវារ ពុំកាន់គ្រឿងអាវុធឡើយ។ ព្រះមហាក្សត្រាធិរាជទាំង៣ ព្រះអង្គក៏ទទួលបញ្ឈប់ការសង្គ្រាម តាមព្រះទ័យព្រះអនុជ។ ទើបព្រះចៅចក្រពត្តិ ទូលសម្ដេចព្រះសិរីរាជា : ខ្ញុំជាអនុជលើកទ័ពមកទាំងនោះ ព្រោះព្រះរៀម និង ព្រះភាគិនេយ្យោ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសម្រេច។ ដូច្នេះ សូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យ ជួយព្រះពុទ្ធសាសនា បំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅជាសុខក្សេមក្សាន្ត។ ខ្ញុំសុំអញ្ជើញ ស្ដេចទៅគង់ក្រុងទេពជាមួយគ្នា នឹង ខ្ញុំជាព្រះអនុជទៅវិញ សោះរវល់។ ឯពញាឱងជាក្មួយនោះ (ព្រះរាជបុត្រព្រះស្រីរាជា) ខ្ញុំសុំជាបុត្រធម៌ នឹងទំនុកបម្រុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ។ ឯមុខមន្ត្រីបណ្ដាជាខ្ញុំ នឹង ចង់ទៅតាមប៉ុន្មានៗ ក៏ទៅតាមស្ម័គ្រចិត្តចុះ។ លុះត្រាស់ប្រាប់រាជការស្រេចហើយស្ដេចត្រឡប់ចូលព្រះពន្លាជ័យវិញ។
នាយកងទ័ពសៀម ដែលបានទទួលណាត់ កិច្ចការទាហាននោះ ក៏ឃុំសម្ដេចព្រះស្រីរាជា ពញាឱងរាជា និង ខ្ញុំរាជការក្នុងក្រៅ ទុកហើយ ទើបឲ្យរាជទូតទៅអញ្ជើញ សម្ដេចព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើត ដើម្បីឲ្យស្ដេចមក នឹង រៀបចំ ឲ្យបានសុខសាន្ត តាមប្រវេណីរៀងទៅ។
សម្ដេចព្រះស្រីសុរិយោទ័យ ទ្រង់បានជ្រាបថា : សៀមចាប់សម្ដេចព្រះបិតុលាបានហើយ ទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់ទៅមុខមន្ត្រីថា : ព្រះធម្មរាជានេះជាមាយើងមែន តែព្រះជន្មវស្សាតិចជាងយើងទេ បើដូច្នេះ គង់តែព្រះចៅរៀបចំឲ្យយើងជាទ្រង់រាជ្យ ជាមិនខាន។ បើមិនដូច្នោះទេ ព្រះចៅ គង់នឹងបែងផែនដីជាពីរ ចែកស្មើគ្នាពុំខាន។ បើដូច្នេះ គួរតែយើងចូលទៅស្ដាប់ការណ៍មើលសិន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ស្ដេចឲ្យលើកកងទ័ព ឆ្លងទៅខែត្រសំរោងទង ចូលដល់ទៅ បានជួប នឹង សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ នៅទីព្រះពន្លាក្រៅបន្ទាយ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទ្រង់ត្រាស់ នឹង ព្រះស្រីសុរិយោទ័យថា ៖
"សម្ដេចព្រះស្រីរាជា និងព្រះអង្គ ជាគូសង្គ្រាមនឹងគ្នា ឥឡូវនេះ យើងនឹងឲ្យតែមួយព្រះអង្គនៅ យកតែមួយព្រះអង្គស្ដេចទៅនេះ ជាអយុត្តិធម៌ណាស់ ហេតុដូច្នេះ សូមអញ្ជើញព្រះក្មួយទៅក្រុងទេព ជាមួយនឹងបិតុលាចុះ"។
ព្រះចៅចក្រពត្តិ ត្រាស់ចប់តែប៉ុណ្ណោះហើយ ក៏ឲ្យទាហានអញ្ជើញ ព្រះស្រីសុរិយោទ័យ ចូលក្នុងបន្ទាយ។ កងទ័ពទាំងឡើយ ដែលហែហមព្រះអង្គមក នឹង ចូលទៅតាមផងពុំបាន ព្រោះទាហានសៀម ដែលកាន់គ្រឿងអាវុធគ្រប់គ្នានោះ ឃាត់មិនឲ្យចូល។ ដូច្នេះ ទាហានរបស់ព្រះស្រីសុរិយោទ័យ ក៏ថយមកចាំស្ដាប់ការណ៍នៅខាងក្រៅ។ លុះបានដឹងថា : សៀមឃុំព្រះអង្គ នឹង យកស្ដេចទៅស្រុកសៀមហើយ ក៏ទាល់គំនិតភិតភ័យ ហើយរត់ត្រឡប់ទៅស្រុកវិញអស់។
ព្រះបាទសម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ ស្ដេចលើកទ័ព នាំក្សត្រទាំងពីរព្រះអង្គ ព្រះរាជដំណើរត្រឡប់ទៅដល់ខែត្រលង្វែក រួចហើយព្រះចៅចក្រពត្តិ ស្ដេចថ្វាយបង្គំលាសម្ដេចព្រះធម្មរាជា លើកទ័ពទៅក្រុងទេពបូរីវិញ។
ព្រះបាទសម្ដេច ព្រះធម្មរាជា ស្ដេចចាត់រាជបណ្ណាការ និង ស្បៀង តាមសមគួរដោយផ្លូវព្រះរាជមេត្រី។ ស្ដេចថ្វាយមកុដមាស យ៉ាងខេមរាប្រទេសមួយ សង្វារមាសបីខ្សែ ព្រះសុព័ណ៌បាទមាសមួយសម្រាប់ ស្វេតច្ឆ័ត្រមួយ ព្រះខាន់ដងខ្លីដងមាសស្រោមមាសមួយ ប្រាក់បីហាប ដំរីមានភ្លុក ៦ក្បាល សេះ២០០ សូត្រ១០ហាប ក្របាស់៥ហាប សំពត់ហូល ៣០០ ព្រែកសូត្រ ១០០ត្បូង រង្គ៣ហាប ថ្មកែវ២០០ដុំ និង គ្រួសៀម ដែលសម្ដេចព្រះស្រីរាជា បានកៀរយកមកមុននោះ លើកថ្វាយទៅវិញទាំងអស់។
ខណៈនោះ ព្រះចៅចក្រពត្តិ ថ្វាយស្នងវិញគឺ មកុដមាសយ៉ាងស្យាមប្រទេសមួយអង្គ ព្រះពានមាសមួយ ទំរង់ព្រះហស្ថ ឆ្លាក់ជារូបគ្រុឌមួយ ព្រះមាលាមួយ ព្រះពានមាសទំរង់ព្រះកាញ្ចនការមួយ (ជើងពានទ្រគ្រឿងទ្រង់ធ្វើពីមាសសុទ្ធ) ព្រះពានទ្រព្រះសុភ័គ (អក្ខរាវិរុទ្ធនៃពាក្យនេះមិនឃើញមាន) ឆ្លាក់ជារូបទេពប្រណម្យមួយ ព្រះសែង (ដាវ) ស្រោមមាស ដងមាសមួយ ស្វេតច្ឆ័ត្រមួយ ព្រះវិកាញ្ចនការ (ថាស) មួយព្រះវិកាញ្ចនវាំងណយ ៥ អង្គ សឹងប៉ាក់មាស ទេសស្រុកជ្វា គ្រឿងព្រះទីនាំង គជេន្ទ្រយុទ្ធពីរសម្រាប់ ស្គរយោងទ័ពមុខមួយគូរ គ្រឿងពិណពាទ្យពីរវង់ ដំរីភ្លុក១០០ គ្រឿងលួង "ប្រអប់ដាក់ថ្នាំជក់ មួយសម្រាប់។ លុះព្រះរាជបណ្ណាការ (ខ្មែរបូរាណយកនាម ធ្វើជាកិរិយាសព្ទសេចក្ដីត្រង់នេះបានន័យថាថ្វាយព្រះរាជបណ្ណាការ) រួចស្រេចហើយ ព្រះចៅចក្រពត្តិក៏ស្ដេចលើកកងទ័ពសៀម ត្រឡប់មកវិញ តាមពោធិ៍សាត់ បាត់ដំបងរៀងទៅ។
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុកស្ដេចត្រាញ់ (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ ហួពាន់ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញាតេជោចៅហ្វាយស្រុកកំពង់ស្វាយ១ ពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រពោធិ៍សាត់១ ពញាស្រីធម្មាតេជោ ចៅហ្វាយស្រុកខែត្របាភ្នំ១ ពញាពិស្ណុលោក ចៅហ្វាយស្រុកខែត្រទ្រាំង១ ពញាអរជូន ចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ១)។ ទាំង៤ និង ចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។
ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ព ទៅតាមផ្លូវពោធិ៍សាត់ បាត់ដំបង មង្គលបូរី ឫស្សីសាញ់ បាត្រង់។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ៣ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័ពណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធជាទម្ងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការរោគ ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើពញាឱងនិងព្រះចៅចក្រពត្តិហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំតម្កល់សពស្រេចស្ដេចលើក ពញាឱង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះសទ្ធានរាជាទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន១៥ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទម្ងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះមេរុ ថ្វាយព្រះភ្លើងរើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាឱង "ព្រះសុទ្ធានរាជា" ឲ្យទៅគ្រងស្រុកសួគ៌លោក។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះជាយា និង ព្រះស្នំក្រមការផងទាំងពួង។
នេះ នឹង និយាយពីប្រទេសកម្ពុជាវិញ ព្រះបាទសម្ដេចព្រះស្រីធម្មរាជា បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបង្ក្រាបរាជសង្គ្រាមនូវសឹកសត្រូវរាបទាបហើយ ស្ដេចទ្រង់ទំនុកបម្រុង ព្រះពុទ្ធសាសនាបានរុងរឿងថ្កើងថ្កាន។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់អស់មុខមន្ត្រី ឲ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ សមណៈជីព្រាហ្មណ៍ ទាំងអាណាប្រជានុរាស្ត្រ ឲ្យបានសុខក្សេមក្សាន្ត។ ទ្រង់មានព្រះទ័យ ប្រកាន់ទសពិធរាជធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់សាលាឆទាន។ ទ្រង់លើកលែង យកពន្ធរាជការខ្លួន និង ពន្ធព្រះរាជធានី ៣ ឆ្នាំ។ ព្រះអង្គឲ្យព្រះរាជឱរសាធិរាជ (កូនប្រុស) សូត្ររៀនធម៌អាថ៌ សាស្ត្រាបាលីគ្រប់ប្រការ។