ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី6.មករា 2018.ម៉ោង 8:16
ផែនដីព្រះបាទពញាយ៉ាត
(ពីគ.ស.១៣៥៦ ដល់ គ.ស.១៣៥៩)

សម្ដេចព្រះពញាយ៉ាត ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំច ចត្វាស័ក ព.ស. ១៩២៦-គ.ស.១៣៨២ ម.ស. ១៣០៤ - ច.ស. ៧៤៤ ក្នុងព្រះជន្មាយុ ៥១ វស្សា ព្រះអង្គទ្រង់ព្រះនាមជាព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមញាតិ រាជាធិរាជ ព្រះអង្គទ្រង់ទសពិធរាជធម៌ ទំនុកបម្រុងព្រះពុទ្ធសាសនាណាស់។ អាណាប្រជានុរាស្ត្រ បានសេចក្ដីសុខឥតសឹកសត្រូវរៀងមក។
លុះដល់មកឆ្នាំថោះ នពស័ក ព.ស. ១៩៣១ - គ.ស. ១៣៨៧ - ម.ស. ១៣០៩- ច.ស. ៧៤៩ ព្រះអង្គឋិតនៅក្នុងសុវណ្ណរតន៍ សិលាមហាប្រាសាទ គិតតាំងពីព្រះអង្គគ្រងរាជ្យ ២ឆ្នាំ សោយរាជ្យ ៥ឆ្នាំត្រូវជា៧ឆ្នាំ។ សម័យថ្ងៃមួយព្រះអង្គចេញគង់ក្នុងព្រះរាជរោងរម្យ ព្រមទាំងព្រះបរមរាជវង្សានុវង្ស សេវកាមាត្យ សេនាបតី មន្ត្រីតូច - ធំ ខ្ញុំរាជការ ក្រាបបង្គំគាល់ត្រៀបត្រា ទើបព្រះអង្គ មានព្រះរាជឱង្ការ ត្រាស់ថា៖
ក្រុងកម្ពុជាមហានគរ ជាគូសត្រូវ នឹង ក្រុងទេពនគរ តាំងពីដើមរៀងមក មិនមានស្រុះស្រួលគ្នាឲ្យបានមាំមួនសោះ។ ក្រោយមក សៀមកៀរយកគ្រួខ្មែរទៅជាច្រើនខែត្រ ខែត្រដែលនៅជាផែនដីរបស់យើង ក៏វាផាត់កៀរគ្រួយកអស់ទៅជាច្រើនដែរ អាណាប្រជានុរាស្ត្រដែលសល់នៅ ក៏ពុំធួនល្មម នឹង ភូមិស្រុកសោះ ប្រជាជន ក្នុងមហានគរ ក៏មានចំនួនតិច។ បើយើង នឹង គិតលើកទ័ពទៅវាយយកខែត្រទាំងនោះមកវិញ ក៏ពុំបាន ដ្បិតគេតែងតាំង រក្សាបន្ទាយមាំមួនណាស់ ជាយូរមកហើយ។ ខាងយើងទៀត ក៏យើងទើបនឹងរួចពីធ្វើសឹកសង្គ្រាម សេនាទាហានក៍កំពុងនឿយហត់។ ស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍។ បើសៀមលើកមក យើងនឹងយកខែត្រណាជារបាំងខាងក្រៅ ក៏គ្មានដែរ។ នៅក្នុងក្រុងនេះ កំពែងក៏មាននាទីធំទូលាយ តែប្រជារាស្ត្រ ស្ដើងស្ដួច ពុំធួននឹងការរាជការ នៃព្រះមហានគរលួងឡើយ។ បើសៀមដឹងហើយ នឹងលើកមកយាយីយើង ក៏យើងពិបាកនឹងទប់ទល់ដែរ ដែលជាទីលំបាកដល់សមណៈ ជីព្រាហ្មណ៍។ ដូច្នេះ គួរតែយើងនឹងថយពីទីនេះ ទៅតាំងព្រះនគរ នៅខែត្របាសានវិញ ទើបគួរ។ បើសៀមវាលើកមក យើងនឹងបានទ័ពចេញទៅទទួល តាមរយៈ តាមវត្តដោយខែត្រ ទម្រាំតែដល់ទៅទីក្រុង យើងក៏ល្មមប្រុងប្រៀបសេនាទាហានចេញទាន់ មិនបង់ការទេ។
សេចក្ដីនេះ តើអស់អ្នករាល់គ្នា យល់ថាដូចម្ដេច?
អស់ខ្ញុំរាជការធំ - តូច ក្រាបថ្វាយបង្គំទូលថា : បពិត្រព្រះសម្មតិទេវាវង្ស សេចក្ដីដែលទ្រង់ព្រះតម្រិះនេះ ឃើញថា គួរដូចព្រះរាជបរិហារណាស់។
ព្រះបរមបពិត្រ ព្រះអង្គទ្រង់ព្រះសណ្ដាប់ អស់មុខមន្ត្រី យកសេចក្ដីក្រាបបង្គំទូលយ៉ាងនេះហើយទើបមានព្រះរាជឱង្ការ ព្រះរាជទាន ព្រះរាជកំណត់ឲ្យអស់សេនាបតី មន្ត្រីគ្រប់ក្រសួង កេណ្ឌពួកពល កសិករ ទាំងជើងទឹក ទាំងជើងគោក ទៅរៀបចំ នាំព្រះរាជទ្រព្យ នូវអស់គ្រួប្រជានុរាស្ត្រ ទាស កម្មករ ទាំងអស់។ លុះដល់មកឆ្នាំថោះ នពស័ក ព.ស. ១៩២៦ គ.ស. ១៣៨២ កាលបានឫក្សមង្គលល្អហើយ ព្រះបាទសម្ដេចព្រះបរមបពិត្រ ស្ដេចចេញចាកព្រះមហាប្រាសាទ រតនសីលាមហាឋាន ស្ដេចចុះទៅប្រថាប់លើព្រះទីនាំងនាវា រាជពាហនៈ។ ព្រះហោរាធិបតី គោះគងទូងរាជភីរី ថ្វាយបង្គំឫករាជព្យូហៈ អគ្គមហានោនិករ ទូកយោង ទូកបោ ពលជើងទឹក ជើងគោក ក៏ស្រែកព្យោមា តាំងហ៊ោយកជ័យ លើកចេញចាកមហានគរ ភ្នាក់ងារក៏បើកបាំងមហា ស្វេតច្ឆ័ត្រ អភិរមរាជ (អភិរម ឬ អភិរំ = ឆត្ររួតមានរំភាយដូចក្លស់ សម្រាប់ប្រើជាគ្រឿងរុងរឿង ក្នុងក្បួនហែនៃព្រះរាជពិធីណាមួយ) សម្រាប់ព្រះមហាក្សត្រ កំចាត់ព្រះសូរ្យឆាន ឧត្តមពណ្ណរាយ ព្រមដោយនូវទូកយោង ទូកព្រះសង្ឃ ទូកព្រះរាជវង្ស និង ទូកព្រះទីនាំងអគ្គមហេសីស្រីស្នំ ព្រហ្មចារី សេនាបតី មន្ត្រីតូច - ធំ ខ្ញុំព្រះរាជការ អាមាត្យ សេវកា ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិត កវី និង ទូកជំទាវ នាងខុនណាង ហែបណ្ដោយក្រោយតាមលំដាប់ ទៅដោយវិថី លុះទៅដល់ខែត្របាសានហើយ ស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យបោះយុថ្កា គង់នៅកោះបាសាន ឲ្យខ្ញុំព្រះរាជការ តាំងកសាង ព្រះរាជនិវេសន៍ ព្រះរាជរោង ព្រះរាជមន្ទីរ និង រោងព្រះរាជរថ រោងសេះ ដំរី និង កំផែងខ្វាត់ខ្វែង បែរមុខព្រះរាជវាំងទៅខាងកើត យកទន្លេធំមុខព្រះរាជវាំង ទុកជាកំពង់មួយ។
អស់នាម៉ឺនសព្វមុខមន្ត្រី អាណាប្រជានុរាស្ត្រ ទាសកម្មករ ក៏តាំងសង់រោង សង់ផ្ទះ នៅទីនោះតែរាល់ខ្លួន លុះរួចស្រេចហើយ ស្ដេចឡើងគង់ក្នុងព្រះរាជវាំងថ្មី តាំងនាមព្រះនគរ ហៅថាព្រះវាំងថ្ម។
នេះនឹងនិយាយពីក្រុងលាវវិញ៖
ក្នុងឆ្នាំមមី សំរិទ្ធិស័ក ព.ស. ១៩២២ - គ.ស. ១៣៧៨-ម.ស. ១៣០០ - ច.ស. ៧៤០ មានទឹកជោរជន់នៅប្រទេសលាវជាធំ។ ទឹកហូរខ្លាំងរបេះមាត់ច្រាំង បាក់ដើមគគីរមួយធំក្រៃលែង និង ដើមគគីរទាំងពួងជាច្រើន។ ក្នុងដើមគគីរធំនោះ មានព្រះពីរព្រះអង្គ មានព្រះភក្ដ្រឈមជាបួនទិស ជាប់នឹងដើមគគីរនោះ ហូរចុះមកទន្ទឹមនឹងព្រែកពាក់ព្រ័ត្រ (ព្រែកពាក់ព្រ័ត្រ គឺព្រែកលាភសព្វថ្ងៃនេះ) រសាត់ច្រាសទឹកទៅលើរួចរសាត់បណ្ដោយទៅក្រោមវិញ។ រសាត់ទៅរសាត់មក ៧ថ្ងៃ។ ក្នុងគ្រានោះមានស្ត្រីម្នាក់ ជាអ្នកមានធំ ជាឧបាសិកាក្នុងវត្តលង្កា ឈ្មោះដូនពេញ។ កាលដឹងសេចក្ដីនេះហើយ ដូនពេញក៏ហៅបរិវារចុះទូក ឆ្លងទៅពិនិត្យមើល។ លុះពិនិត្យទៅឃើញដូចថ្មកែវពរ មានព្រះពីរព្រះអង្គជាប់ នឹង ដើមនោះ។ ដូនពេញ និង បរិវារ នាំគ្នាលើកថ្មកែវនោះចេញពីដើមគគីរ តែលើកមិនរួចទើបនាំគ្នាអន្ទងយកដើមគគីរនោះ ឲ្យមកចតភ្ជាប់នឹងមាត់ច្រាំង រួចបបួលគ្នាលើកថ្មកែវនោះទៀត តែលើកនៅតែពុំបាន។ ដូនពេញ និង បរិវារ ចង់បានព្រះទាំងពីរព្រះអង្គនោះណាស់ តែលើកអស់ចំណេះ អស់កម្លាំងហើយ ទាំងបរិវារ នឹង ធ្វើការនោះក៏ពុំកើត ទើបទៅពិតទូលព្រះថេរវត្តព្រះធម្មលង្កា។ ព្រះចៅអធិការអង្គនេះ ក៏ទទួលយកអាសា ហើយទៅតាំងពិធី៧ថ្ងៃ យកសរសៃអម្បោះ អន្ទងដើមគគីរនោះ យោងទៅជាប់នឹងព្រែកបង្កង។ ខណៈនោះ លោកព្រះធម្មលង្កា យកព្រះពុទ្ធរូបនោះបានហើយ លោកឲ្យព្រះដែលមានព្រះភក្ដ្របួននោះ មួយព្រះអង្គទៅ ដូនពេញ ឲ្យនាំមកកោះឫស្សីកែវ (គឺក្រុងភ្នំពេញយើងសព្វថ្ងៃនេះ)។ លោកព្រះធម្មលង្កា ទុកមួយព្រះអង្គ ដើម្បីសាងព្រះអារាមមួយនៅព្រែកបង្កង។ ព្រះបួនមុខដែលបានមកដូនពេញនោះ ហៅថាព្រះបង ព្រះដែលតម្កល់នៅព្រែកបង្កងហៅថា ព្រះប្អូន។
ដូនពេញ តាំងតែពីបានព្រះបួនមុខនោះមក ក៏តាំងនាំស្ម័គ្រប័ក្សពួកជិតឆ្ងាយ ជញ្ជូនដីលើកជាភ្នំកជាព្រះអារាមមួយ តម្កល់ព្រះចតុមុខនោះ អស់រាស្ត្រទាំងពួងដឹងឮហើយ ក៏ចុះចូលមកជួយជញ្ជូនដីនោះជាអចិន្ត្រៃយ៍។
ព្រះបាទបរមបពិត្រ ពញាយ៉ាត ព្រះអង្គគង់នៅព្រះរាជវាំងថ្ម។ ក្នុងគ្រានោះទឹកលិចរាជធានីជ្រៅក្រៃលែង។ អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នឹងសាងជាព្រះនគរពុំបាន។ លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យ មកសាងព្រះរាជវាំងនៅភូមិឫស្សីកែវ។ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុងរាជវាំង។ ទីដែលចៅពញាតេជោ ឲ្យរាស្ត្រជីកដីនោះ ធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះហៅ បឹងតេជោ រៀងមក។ ទ្រង់ត្រាស់បង្គាប់ ចៅពញារាជាមេត្រីផ្លុង ចៅហ្វាយស្រុកកោះឫស្សីកែវ (តាមព្រះរាជពង្សាវតារ ដែលតម្កល់ទុក នឹង ព្រះរាជបណ្ណាល័យក្រុងភ្នំពេញ មានសេចក្ដីថា : ឧកញ៉ាផ្លុង នេះជាចៅហ្វាយស្រុកខេត្តបាទី ដែលមានងារជាឧកញ៉ាវង្សាអនុជិត ទៅវិញទេ) ឲ្យជីកព្រែកទម្លាយទឹក ពីបឹងពោងពាយមក កុំឲ្យនៅឆ្អេះឆ្អាបស្អុយល្អក់។ ព្រោះហេតុនេះហើយ បានជាមានពាក្យហៅថា ព្រែកពាមផ្លុង រៀងមក។ រួចហើយទ្រង់ត្រាស់ឲ្យធ្វើស្ពាន រៀបផ្លូវក្រាលថ្មល្អស្រេច ទើបទ្រង់តាំងព្រះរាជពិធី ស្ថាបនាព្រះរាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ សម្រាប់ស្នំស្រឹង្ការស្រាប់ស្រេច។ ទ្រង់ឲ្យតាំងមុខ ព្រះរាជវាំងបែរទៅបូព៌ាទិស ហើយទ្រង់ឲ្យលើកដីទប់ តាំងជាសើនជាបន្ទាយក្រៅទៅទិសឧត្តរ តាំងពីមាត់ទន្លេនៅខាងលិច។ ទ្រង់ឲ្យជីកជាអូរ ជាអូរអមប៉មកំពែង ហើយឲ្យលើកបន្ទាយព័ទ្ធជាវង់ ខាងទិសបស្ចិម ត្រឹមតែទិសទក្សិណ។ ទ្រង់ឲ្យទុកបឹងតេជោជាទីធ្វើស្រែ ក្នុងព្រះនគរ តទៅដល់ទិសនិរតី ហើយកាត់ត្រង់ទៅឯកើតដល់មាត់ទន្លេ ត្រឹមព្រែកតាកែវ។ ទ្រង់ឲ្យលើកដីជាបន្ទាយ តាមឆ្នេរមាត់ទន្លេ ជាកំពែងព្រះនគរជុំវិញទល់នឹងមុខព្រះលាន។
ឯទីព្រះវិហារទាំងប៉ុន្មាន ទ្រង់ឲ្យបូកកំបោររៀបឥដ្ឋ ព្រមទាំងសាងព្រះវិហារ ចេតិយ កុដិ សាលា បានជាច្រើន ទ្រង់ឲ្យកសាងខ្លោងមឿងមួយ (ខ្លោងមឿង គឺអ្នកតាចាំស្រុក។ យើងសព្វថ្ងៃច្រើននិយាយថា ឃ្លាំងមឿង) ឈ្មោះអ្នកតាប្រាជ្ញ តាំងនៅជាអគ្នេយ៍ព្រះរាជវាំង ខាងវត្តពាមផ្លុង។ លុះស្រេចការហើយ ស្ដេចឡើងគង់លើព្រះរាជនិវេសន៍ថ្មី តាំងនាមទន្លេបួនមុខ ហៅថា ទន្លេចតុមុខ។ លុះសម្រេចការកសាងហើយ ទ្រង់តាំងប្រទាននាមព្រះនគរ ជាក្រុងចតុមុខសកលកម្ពុជាធិបតី ជាខត្តិយាមហានគរ។ អស់សមណជីព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីប្រជានុរាស្ត្រ និង ឈ្មួញជួញប្រែក្នុង ក្រៅប្រទេស ក៏ចូលមកជាក្រាស់ក្រួន មួនមាំសមដោយភោគសម្ប័ទ ជាសុខសប្បាយ ទាំងស្បៀងអាហារសព្វសារពើ ក៏បរិបូរណ៍ មិនអត់ឃ្លាន។ ព្រះពុទ្ធសាសនាក៏រុងរឿង ដោយព្រះបរមពោធិសម្ភារព្រះបារមី ដែលស្ដេចទ្រង់ នូវព្រះមហាសុចរិត ទសពិធរាជធម៌ មហាប្រសើរ។ អស់អរិន្ទរាជសត្រូវពាលោចោរកំណាច ក៏កោតក្រែងស្ញប់ស្ញែងខ្លាចព្រះបារមី ឥតបីនឹងកម្រើកឡើយ។ ប្រទេសចិន យួន ចាម ជ្វា ក៏នាំគ្រឿងបណ្ណាការ មកក្រាបទូលថ្វាយ សូមពឹងព្រះបុណ្យបារមីជាច្រើន។
ព្រះបាទ សម្ដេចព្រះបរមរាជាពញាយ៉ាត រាជាធិរាជ មានព្រះរាជបុត្រ បី ព្រះអង្គ សម្ភព នឹង អ្នកម្នាងទេវី ទ្រង់ព្រះនាមនារាយណ៍រាជា សម្ភព នឹង អ្នកម្នាងបទុមកេសរ ទ្រង់ព្រះនាមព្រះសេរីរាជា សម្ភព នឹង ព្រះមេនាងស៊ីសាងាម ទ្រង់ព្រះនាមព្រះធម្មរាជា។ ព្រះអង្គទ្រង់ព្រះករុណាប្រោស ព្រះរាជទាន ព្រះរាជឥស្សរិយយស ដល់ព្រះរាជបុត្រទាំង បី ព្រះអង្គ ស្មើគ្នា តាមលំដាប់ បង និងប្អូន។
ព្រះអង្គគ្រងរាជ្យ ក្នុងពេលធ្វើសង្គ្រាម មួយឆ្នាំ ទ្រង់សោយរាជ្យក្នុងព្រះមហានគរ ១៥ឆ្នាំ ទ្រង់ចតគង់ក្នុងព្រះរាជវាំងបាសាន មួយឆ្នាំ ទ្រង់មកគង់ក្នុងព្រះនគរដែលសាងថ្មី៣០ឆ្នាំ បូករួមទាំងអស់ត្រូវជា ៤៧ឆ្នាំ ព្រះជន្ម ៧៨ឆ្នាំ ក៏ទ្រង់ដល់នូវជរារោគ ហើយសុគតទៅ។ ព្រះរាជបុត្រ និង មន្ត្រីលើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ ទើបអញ្ជើញព្រះនារាយណ៍រាជា ជាព្រះរាជបុត្រច្បង ឲ្យសោយរាជសម្បត្តិ ជាតំណព្រះរាជវង្សមក។
ផែនដីព្រះនារាយណ៍រាជា
(ពីគ.ស.១៤២៧ - គ.ស.១៤៣៣)
ព្រះនារាយណ៍រាជា ស្ដេចឡើងសោយរាជ្យ ស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស.១៩៤៤-គ.ស. ១៤២៧-ម.ស. ១៣៤៩-ច.ស. ៧៨៩ ក្នុងព្រះជន្មាយុ៣៣ វស្សា ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនារាយណ៍រាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិកមហារាជាធិរាជ បរមបពិត្របណ្ឌិតជាឥសូរ គង់ចតុម្មុខមង្គល សកលកម្ពុជាធិបតី បវរឥន្ទបត្តបូរីរដ្ឋមហារាជធានី បូរីរម ឧត្តម ព្រះរាជនិវេសន៍ វិសេសមហានគរ តមក។ ព្រះអង្គទ្រង់ឲ្យធ្វើព្រះមេរុធំ កំពូល៤ កំពស់៣ សិន ១០ ព្យាម ១ ហត្ថ ១ ចំអាម (កំពស់ទាំងកំពូលផង) មានទាំងមេរុជ្រែក មេរុទិសស្រេចហើយ ស្ដេចរៀបដង្ហែ ព្រះបរមសពចូលព្រះមេរុធ្វើបុណ្យ ៧ថ្ងៃ។ លុះថ្វាយព្រះភ្លើងជាសូរេចបុណ្យហើយ សម្ដេចព្រះមាលាទេវី ជាសម្ដេចព្រះវររាជជននី ព្រះអង្គសាងព្រះវាំង នៅព្រះវិហារ ឪផ្រឹង។
សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គគង់ព្រះយានុកាមាត្យ ព្រមដោយមន្ត្រី ក្រុមរក្សាព្រះអង្គ ដើម្បីស្ដេចទៅគាល់ សម្ដេចព្រះវររាជជននីនាថ។ ខណៈនោះ ស្ដេចទតព្រះនេត្រ យល់ដូនពេញ និងស្ម័គ្រប័ក្សពួកគាត់ ជាងរយពាន់នាក់ នាំគ្នាដឹកដីរែកជញ្ជូន ឥតឈប់ឈរ ទើបទ្រង់ត្រាស់សួរថា : អ្នកទាំងនោះគេធ្វើអ្វីហ្ន៎ ? មន្ត្រីរក្សាព្រះអង្គ ដែលដើរកាន់គ្រឿងហែអមព្រះទីនាំងនោះក្រាបទូលថា :
(សូមទ្រង់ព្រះមេត្តាប្រោស ដូនពេញនេះ បានព្រះចតុម្មុខមួយព្រះអង្គ មកជាសម្បត្តិដ៏មានតម្លៃរបស់គាត់។ ឥឡូវនេះ គាត់ឃោសនាអ្នកស្រុក ឲ្យមកជួយលើកដីឲ្យបានខ្ពស់ ដើម្បីនឹងតាំងព្រះអារាមព្រមទាំងចេតិយ តម្កល់ព្រះចតុម្មុខនោះ)។
ព្រះបាទបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះចិន្តាថា : (ដូនពេញនេះ ជារាស្ត្រពិត តែគាត់គិតកសាងកុសលនេះល្អប្រសើរណាស់ គួរតែអញជាក្សត្រ ចូលជួយកសាងផង)។ តាំងថ្ងៃនោះមក សម្ដេចព្រះនារាយណ៍រាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំ ក្រុមស្រឹង្ការ នាម៉ឺនសព្វមុខមន្ត្រី លើកដៃទៅជញ្ជូនដីនោះ លើកឡើងឲ្យបានជាភ្នំ។ អាស្រ័យហេតុនោះហើយ ទើបបានជាអាណាប្រជានុរាស្ត្រ ទាំងស្រុកក្រៅស្រុកក្នុង ស្រុះស្រួលបបួលគ្នា ទៅជួយជញ្ជូនដីនោះ លើកឡើងបានជាភ្នំមែន។ សម្ដេចព្រះនារាយណ៍រាជា ទ្រង់បានសាងព្រះចេតិយមួយធំ បញ្ចុះព្រះបរមសារីរិកធាតុនិងព្រះចតុម្មុខនោះ។ ដើម្បី នឹង មិនអោយរាជសត្រូវប្រាថ្នាយកព្រះនគរបាន ទ្រង់ឲ្យយកដើមគគីរនោះ កាត់រំលែកជាពីរកំណាត់ គឺមួយកំណាត់ទ្រង់ឲ្យសាងជារូបតំណាងព្រះចតុម្មុខ ទុកលើភ្នំនោះ ហើយទ្រង់ឲ្យសាងព្រះអារាមមួយ តម្កល់ព្រះតំណាងនោះ។ គគីរមួយកំណាត់ទៀត ទ្រង់ឲ្យធ្វើជារូបតំណាងព្រះ ៤មុខ ដែលនៅវត្តព្រែកបង្កង។ ឯព្រះរូបព្រះចតុម្មុខនោះ ទ្រង់អាយ័តឲ្យនៅជាប់តែនឹងព្រះអង្គចៅអធិការ។ ទ្រង់ព្រះបណ្ដាំថា : "ព្រះពុទ្ធរូបអង្គនេះ វិសេសណាស់ បើស្រុកមានភប់ភាន់បណ្ដាលអោយមានរាជសត្រូវ ឲ្យកប់សន្ធប់ ព្រះអង្គ ព្រះពុទ្ធរូបនោះកុំឲ្យគេយកបាន"។ ព្រះអង្គតាំងនាមវត្ត ដែលលើកនោះ ឲ្យហៅថា វត្តភ្នំពេញ តាមនាមដូនពេញ ហើយទ្រង់ប្រែឈ្មោះខេត្តកោះឫស្សីកែវនោះ ឲ្យហៅថា ខេត្តភ្នំពេញតរៀងមក។
ឆ្នាំជូត ចត្វាស័ក ព.ស. ១៩៧៦-គ.ស. ១៤៣២-ម.ស. ១៣៥៤-ច.ស. ៧៩៤ ព្រះបរមបពិត្រ ស្ដេចសាងព្រះចេតិយមួយ នៅចង្កេះភ្នំពេញ រួចហើយធ្វើបុណ្យសង្គាយនា ៧ថ្ងៃ បញ្ចុះព្រះបរមធាតុ សម្ដេចវររាជបិតា (ព្រះបាទពញាយ៉ាត)។ លុះសូរេចហើយ ព្រះអង្គសោយរាជ្យ រក្សាអាណាប្រជានុរាស្ត្រ ជាសុខក្សេមក្សាន្ត ទាំងព្រះសង្ឃសមណជីព្រាហ្មណ៍ ឥតមានមោះមន្ទិលឡើយ។ ព្រះអង្គមាន ព្រះរាជបុត្រាមួយ ព្រះអង្គ ទ្រង់ព្រះនាមព្រះសុរិយោទ័យ។
លុះព្រះអង្គសោយរាជ្យបាន ៦ព្រះវស្សា ព្រះជន្ម៣៩ព្រះវស្សា ទ្រង់ប្រឈួនជាទម្ងន់ហើយសុគតទៅ។ ព្រះបរមរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតម្កល់ក្នុងព្រះកោដ្ឋស្រេច ទើបអញ្ជើញព្រះសេរីរាជា ជាព្រះអនុជបន្ទាប់នោះឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា។ សាស្ត្រាវត្តកំពង់ត្រឡាចក្រោម មានដាក់សេចក្ដីដូចតទៅនេះថា : "រាជពង្សាវតារ ដែលសម្ដែងព្រះនាមស្ដេច និង សករាជស្ដេចនោះ គឺតែងតាមអក្សរថ្ម ដែលស្ដេចព្រះសុគន្ធាធិបតី ព្រះនាមប៉ាន បានចម្លងយកមកពីអក្សរថ្មនៅមហានគរ និង តាមរបាក្សត្រ ស្ដេចក្នុងព្រះរាជត្រកូល អស់ក្នុងអក្សរថ្មតែប៉ុណ្ណោះ។ អំពីនេះ នឹង សំដែង តាមលំអានព្រះរាជពង្សាវតារ ដែលអ្នកប្រាជ្ញជាន់មុនចារឹកទុកមកនោះ ទុកជាលំដាប់តទៅ តែបើតាមសករាជក្នុងអក្សរថ្មនោះ ឃើញលឿនលើសទៅលើតែលើសនោះ ខ្ញុំយល់ថា : ព្រោះពុំបានកាត់បច្ចុប្បន្ន ហេតុនោះសូមអ្នកប្រាជ្ញទាំងឡាយពិចារណាតម្រង់សេចក្ដីទៅ។
ផែនដីព្រះសេរីរាជា
(សាស្ដ្រាខ្លះថា ព្រះរាជាអង្គនេះព្រះនាមស្រីរាជា)
(គ.ស.១៤៣៣)
ព្រះស្រីរាជា ឡើងសោយរាជ្យ ស្នងព្រះជេដ្ឋា ក្នុងឆ្នាំកុរត្រីស័ក ព.ស.១៩៧៧-គ.ស. ១៤៣៣ ម.ស. ១៣៥៥-ច.ស. ៧៩៥ ក្នុងព្រះជន្មាយុ៣០ ព្រះវស្សាទ្រង់ព្រះនាម ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះសេរីរាជារាមាធិបតី ធម្មិកវរោត្តម បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់មុខងារ ឲ្យសាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព សម្ដេចព្រះជេដ្ឋា ៧ថ្ងៃ។ លុះសូរេចហើយ ទ្រង់សោយរាជ្យជាសុខរៀងមក។
មកដល់ឆ្នាំរកា បញ្ចស័ក ព.ស. ១៩៩៥-គ.ស. ១៤៥៣-ម.ស. ១៣៧៥-ច.ស. ៨១៥ ព្រះអង្គសោយរាជ្យ ជាសុខរៀងមកបាន២០ឆ្នាំ។ លុះស្ដេចទ្រង់ជ្រាបថា : ស្រុកសៀមកើតចលាចល (សេចក្ដីភ្ញាក់ផ្អើល, ជ្រួលជ្រើម, តែក្នុងទីនេះ ពាក្យនេះបានន័យថា មានចម្បាំងរាំងជល់ក្នុងស្រុក) ទើបព្រះអង្គទ្រង់ចេញគង់ចុងព្រះរាជរោងរមជួបជុំ ព្រះបរមរាជវង្សានុវង្ស អង្គអគ្គសេវកាមាត្យទាំងពួង ក្រាបបង្គំគាល់ជាយសបរិវារ។ ខណៈនោះ ស្ដេចមានព្រះរាជឱង្ការត្រាស់ប្រឹក្សាថា :
នគរក្រុងកម្ពុជាយើងនេះ សៀមលើកទ័ពមកវាយពីរគ្រាហើយ កៀរគ្រួយើងយកទៅជាច្រើនរហូតដល់សម្ដេចព្រះវររាជបិតា ស្ដេចថយមកគង់ក្នុងចតុម្មុខនេះ ទើបបានបរិបូរណ៍ជាសុខរៀងមក។ ឥឡូវនេះ សៀមកំពុងកើតកង្វល់ ដោយហេតុថា ឃុនវរវង្សក្បត់សម្លាប់ព្រះចៅយ៉តហ្វា ហើយឡើងសោយរាជ្យ។ មុខមន្ត្រីប្រជានុរាស្ត្រទាំងឡាយ ពុំទាន់រៀបរយដូច្នេះ គួរយើងលើកទៅសងសឹកវិញ។ យើងគង់បានជ័យជំនះពុំខាន ដ្បិតស្រុកសៀមពុំទាន់រៀបទាបនៅឡើយ។
ខណៈនោះ ព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី ពុំទាន់បានឆ្លើយថាជាអ្វីផង ក៏ស្រាប់តែពួកសេនាទាហានក្រាបទូលថា : កាលសៀមលើកមកចោម បែកព្រះនគរនោះ ព្រោះថា យើងខ្ញុំទូលព្រះបង្គំជាខ្ញុំនៅឆ្ងាយ មកជួយមិនទាន់។ ឥឡូវនេះ ពួកទូលព្រះបង្គំជាខ្ញុំនៅជុំព្រៀបព្រមទាំងសេនា ទាហាន ឯក ទោ ត្រី ចត្វា ក៏ល្មម នឹង ទទួលអាសា ធ្វើការឲ្យបានសម្រេចថ្វាយ។