ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី30.ធ្នូ 2017.ម៉ោង 13:05
ផែនដីព្រះចៅសាត (ស្ដេចសៀម)
(ពីគ.ស.១៣៥៦ ដល់ គ.ស.១៣៥៩)

ព្រះចៅបាសាត សោយរាជ្យ ស្នងសម្ដេចព្រះជេដ្ឋា ក្នុងឆ្នាំវក អដ្ឋស័ក ព.ស. ១៩០០ - គ.ស. ១៣៥៦ - ម.ស. ១២៧៨ - ច.ស. ៧១៨ ក្នុងព្រះជន្មាយុ ៦២ឆ្នាំ។
កាលព្រះស្រីសុរិយោវង្ស ដែលទ្រង់រត់ទៅស្រុកលាវនោះ ព្រះចៅក្រុងចម្បាសក្ដិ ទទួលទំនុកបម្រុង បានថ្វាយពលលាវ ១៥០០នាក់ និង គ្រឿងសស្ត្រាវុធ ជាច្រើន។ លុះបានហើយ ព្រះអង្គ ក៏លើកទ័ពចុះមកសង្កត់ ស្រុក ខេត្ត ដែលចុះសៀមនោះរៀងមក។
ព្រះអង្គទៅប្រថាប់ ប្រជុំហាត់ហ្វឹកហ្វឺនទ័ពនៅបាសាន (ស្រុកស្រីសន្ធរ)។ ដល់ឆ្នាំកុរ ឯកស័ក ព្រះចៅបាសាត សោយរាជ្យបាន៣ឆ្នាំ ទ្រង់សុគតទៅ។ ពួកនាម៉ឺនមន្ត្រី លើកសពតម្កល់ក្នុងព្រះរាជកោដ្ឋ ហើយអញ្ជើញ ចៅកំបង់ពិសី ជាព្រះអនុជ ឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋាធិរាជ។
ព្រះចៅកំបង់ពិសី
(ពីគ.ស.១៣៥៩ ដល់ គ.ស.????)
ព្រះចៅកំបង់ពិសី ឡើងសោយរាជ្យស្នងព្រះជេដ្ឋាក្នុងឆ្នាំកុរ ឯកស័ក ព.ស. ១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១។ ស្ដេចថ្មីនេះ សោយរាជ្យបានមួយខែ ទទួលពេលនោះព្រះសុរិយោវង្ស ដែលស្ដេចបានប្រជុំទ័ពនៅខេត្តបាសាននោះ បានរិក្សហើយ ព្រះអង្គក៏លើកទ័ព ទាំងជើងទឹក ជើងគោកចេញតាមរយៈ ផ្លូវទៅព្រះមហានគរ (អង្គរធំ)។ ចំណែក ឯសម្ដេចព្រះទេពី ស្ដេចបានចុះព្រះទីនាំងនាវា បណ្ដោយតាមក្រោយកងទ័ព ទៅដល់ទីមួយអន្លើហើយ ក៏សម្ដេចព្រះមហេសីស្ដេចទតទៅឃើញភ្នំមួយ ឈ្មោះភ្នំព្រាយ មានទីរហោឋានល្អជាទីមនោរម្យ។ ស្ដេចចតព្រះទីនាំងនៅទីនោះ ហើយយាងឡើងទៅលើកំពូល ស្ដេចទតឃើញមានសាលាទេវរុក្ខមួយស្ដុកស្ដម្ភប្រពៃណាស់។ ស្ដេចទ្រង់បន់ស្រន់បួងសួងថា : សូមឲ្យព្រះទេវរុក្ខ ដែលស្ថិតនៅក្នុងទីភ្នំព្រាយនេះ ជួយបីបាច់ថែរក្សាកងទ័ព ព្រះស្វាមីរបស់ព្រះអង្គ ឲ្យបានជ័យជំនះផង។ ថាបើព្រះស្វាមីស្រេចការសង្គ្រាមហើយកាលណា ព្រះអង្គ នឹង តាំងតែងសាងឋានទេវរុក្ខ ឲ្យប្រពៃថ្វាយជាពុំខាន។
លុះសម្រេចសង្គ្រាមហើយ សម្ដេចព្រះទេពី ក៏ឲ្យជាងធ្វើថ្វាយ តាមសេចក្ដីដែលបួងសួង ព្រោះហេតុនោះហើយ ទើបបានជាភ្នំព្រាយនោះ ប្រែឈ្មោះមកហៅថា ភ្នំព្រះទេពីរៀងមកវិញ។
កាលព្រះសុរិយោវង្ស ទ្រង់លើកទ័ពចូលទៅវាយព្រះនគរ ក្នុងគ្រានោះ មន្ត្រីខ្មែរដែលនៅក្នុងព្រះមហានគរ ដឹងថាអម្ចាស់របស់ខ្លួន លើកទ័ពមកដល់ហើយ ក៏ពុំបានយកចិត្តទុកដាក់ជួយច្បាំងសៀមឡើយ គឺងាកចិត្តមករកអម្ចាស់របស់ខ្លួន។ កាលព្រះចៅកំបង់ពិសី លើកទ័ពចេញទៅតតាំងច្បាំង នឹង ព្រះស្រីសុរិយោវង្សនោះ ទ័ពខ្មែរដែលនៅជាមួយសៀម ក៏ជួយវាយពីខាងក្រោយ ខ្ទប់កងទ័ពសៀម ឥតសំចៃដៃឡើយ។ កងទ័ពសៀមដែលនៅជាកណ្ដាល នៃកងទ័ពខ្មែរ ត្រូវកងទ័ពខ្មែរបាញ់ ចាក់កាប់សម្លាប់ ស្លាប់ពលសៀមអស់ជាច្រើន ទាំងព្រះចៅកំបង់ពិសី ក៏សុគតក្នុងសង្គ្រាមដែរ។ ព្រះសុរិយោវង្ស ទ្រង់ឲ្យចាប់ឈ្លើយសៀម ក្នុង១០ភាគ បាន ៩ភាគ រត់រួចតែមួយភាគប៉ុណ្ណោះ។ ព្រះអង្គយកនគរវិញបាន ក្នុងឆ្នាំកុរ ឯកស័ក ព.ស. ១៩០៣ គ.ស. ១៣៥៩។ ដោយព្រះតេជានុភាព ដែលទ្រង់បានជ័យជំនះ ហើយព្រះសុរិយោវង្ស ក៏ទ្រង់ឡើងរាជាភិសេក (អភិសេកក្សត្រិយ៍ដែលបានជ័យជំនះ លើសឹកសត្រូវ ហើយបានទទួលរាជ្យ) ជាក្សត្ររក្សាវង្ស តព្រះមហាប្រយូរវង្សរៀងមក។
ផែនដីព្រះសុរិយោវង្ស
(ពីគ.ស.១៣៥៩ ដល់ គ.ស.១៣៦៩)
ព្រះស្រីសុរិយោវង្ស ព្រះអង្គឡើងសោយរាជ្យ ទទួលរាជាភិសេក ក្នុងឆ្នាំកុរ ឯកស័ក ព.ស.១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១ ក្នុងព្រះជន្មាយុ ៤១ឆ្នាំ ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្ស ហើយទ្រង់ប្រទានរង្វាន់ពិសេស ជាយសស័ក្ដិ ទ្រព្យសម្បត្តិ ឲ្យសេនាទាហាន ដែលមានបំណាច់ បានជួយបង្ក្រាប អរិន្ទ (មកពី អរិ = ឥន្ទប្រែថា សត្រូវជាធំ) រាជភ័យរី (ប្រហែលជាបានន័យថា ភ័យ កើតមកពីស្ដេចជាសត្រូវ)។ ព្រះអង្គទ្រង់តាំង សេនាបតី មន្ត្រីគ្រប់តំណែង។ អស់ពួកបរមរាជវង្សានុវង្ស ក៏ចូលមកជួបជុំ ជាបរមសុខរៀងមក។ ព្រះអង្គទ្រង់ព្រះករុណាប្រោសប្រទានព្រះរាជបុត្រ ព្រះសុរិយោទ័យ ជាមហាឧបរាជ ដែលសុគតក្នុងសង្គ្រាមនោះ ដែលត្រូវជាក្មួយព្រះទួត នឹង ព្រះអង្គ ឲ្យឡើងជាទីសម្ដេចមហាឧបរាជ ស្នងព្រះបិតា។
គិតតាំងពីសៀមវាយបានព្រះនគរ ក្នុងឆ្នាំមមី ឆស័ក ដល់មកឆ្នាំ កុរឯកស័ក ត្រូវជា ៦ឆ្នាំ ទើបព្រះបរមពិត្រ ព្រះស្រីសុរិយោវង្ស ស្ដេចបង្ក្រាបរាជសត្រូវបាន ហើយយកបានព្រះនគរវិញ ទ្រង់គង់នៅជាសុខស្ថាពរ (ពាក្យនេះមានតាំងពីបុរាណកាលមក) រៀង។ ទ្រង់ត្រាស់បង្គាប់ ឲ្យចៅពញាចក្រីនាំសេនាទាហានរេហ៍ពល លើកទៅវាយស្រុករាយរង ចុះចូលមកជាស្រុកខ្មែររៀងមក។
នេះនឹងស្រដី ពីក្រុងស្រីអយុធ្យាវិញ។ កាលព្រះរាមាធិបតី (ស្ដេចសៀម) សុគតទៅ ព្រះបរមរាជា ជាបងថ្លៃឡើងសោយរាជ្យ ស្នងព្រះរាមាធិបតី។ ព្រះបរមរាជា សុគតទៅ ព្រះចៅឡាន ដែលជាព្រះរាជបុត្រ ព្រះបរមរាជា ឡើងសោយរាជ្យស្នងព្រះបិតា។ ព្រះចៅឡាន សោយរាជ្យបាន៧ថ្ងៃ ព្រះរាមេសូរដែលជាព្រះរាជបុត្រ ព្រះរាមាធិបតី ចាក់ព្រះចៅឡាន សុគតទៅ ហើយឡើងសោយរាជ្យខ្លួនឯងវិញ។ ដល់ឆ្នាំជូត ទោស័ក។ ព្រះរាមាសូរ លើកទ័ពទៅវាយនគរឈៀងរ៉ាយ ឬ ជាងរ៉ាយ (លាវពោះខ្មៅ)។ ក្នុងពេលដំណាលគ្នានោះ សៀមដែលនៅប្រទល់ដែន ទល់ នឹង ប្រទេសខ្មែរ បានលើកទ័ពមកកំហែងទារយកប្រជានុរាស្ត្រខ្មែរ បានជាងមួយរយភាគយកទៅស្រុកវា។ ចៅហ្វាយស្រុក ក្រមការខេត្តខាងខ្មែរ លើកទ័ពតាមទៅដណ្ដើមពីសៀមមកវិញ។ សៀមក៏លើកពលជាងពីររយពាន់នាក់ មកច្បាំង នឹង ទ័ពចៅហ្វាយស្រុកខ្មែរ។ ចៅហ្វាយស្រុក និង ក្រមការខេត្តខ្មែរតស៊ូ នឹង ទ័ពសៀម ហើយប្ដឹងបកសំបុត្រ ជូនមកលោកសេនាបតី ឲ្យយកសេចក្ដីក្រាបបង្គំទូលព្រះករុណាក៏ទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ព្រះស្រីសុរិយោវង្ស ជាអម្ចាស់ផែនដី ប្រទេសកម្ពុជា កាលទ្រង់ជ្រាបដំណឹងនេះហើយ ក៏បង្គាប់ទៅចៅហ្វាយស្រុក ឲ្យកេណ្ឌរាស្ត្រខេត្ត ទ្រាំងមួយ បាសាក់មួយ ព្រះត្រពាំងមួយ ឪម៉ៅមួយ ក្រមួនសមួយ ទឹកខ្មៅមួយ ពាមកំពតកំពង់សោមមួយ បានពលប្រាំម៉ឺននាក់ ហើយទ្រង់ចាត់ចៅពញា ពិស្ណុលោក ចៅហ្វាយស្រុកទ្រាំង ឲ្យធ្វើជាមេទ័ពធំ ឲ្យចៅហ្វាយស្រុកបាសាក់ ធ្វើជាមេទ័ពមុខ ចូលទៅច្បាំង នឹង សៀម។ ទ័ពនេះឈ្នះសៀមហើយ ក៏លើកទៅវាយស្រុកសំយ៉ែមួយ ស្រុករយងមួយ ស្រុកចន្ទបូរ (ចាន់តាប៊ុន) មួយ ស្រុកជលបូរីមួយ ហើយកៀរគ្រួសៀមបាន ៩០០០នាក់ ទើបលើកទ័ពត្រឡប់មកប្រទេសកម្ពុជាវិញ រួចឡើងទៅក្រាបបង្គំទូលថ្វាយ ព្រះករុណា សូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះករុណា ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រទានរង្វាន់ដល់នាយកង នាយទ័ព ដល់នាយទាហាន និង សេនាទាហាន តាមគុណបំណាច់។ តមក ព្រះករុណា ទ្រង់ព្រះរាជកំណត់ទៅគ្រប់ចៅហ្វាយស្រុកតូចធំ ឲ្យត្រៀមខ្លួនប្រុងប្រៀបរៀបរៀងទៅបង្ហាត់ សេនា ទាហាន ឲ្យមានគ្រប់ខែត្រ ជាទីបង្ការរក្សាព្រះនគរតទៅ។
ព្រះរាមាសូរ ក្រុងទេព ដែលលើកទ័ពទៅវាយស្រុកលាវនោះ កាលបានជ័យជំនះឈ្នះលាវយកបានស្រុកជាងរ៉ាយ ហើយកៀរគ្រួសារលាវបានជាច្រើន ហើយទើបលើកទ័ពត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ លុះមកដល់ហើយ ទ្រង់ជ្រាបថា ខ្មែរលើកទ័ពមកវាយ បានស្រុកបួនដំបន់ ព្រមទាំងកៀរគ្រួយកទៅជាច្រើនទៀតផង។ ទ្រង់ខ្ញាល់ណាស់ ទើបត្រាស់ឲ្យកេណ្ឌកងទ័ព លើកមកធ្វើសង្គ្រាមនឹងខ្មែរ។ លុះដល់ឆ្នាំឆ្លូវ ត្រីស័ក ទ្រង់ត្រាស់បង្គាប់ ចៅពញាជ័យដំរុង ឲ្យធ្វើជាមេទ័ពមុខ ព្រះរាមាសូរ អង្គឯងជាទ័ពហ្លួងលើកមកវាយស្រុកទាំងបួនតំបន់បានទៅវិញ ហើយបំរុង នឹង លើកទ័ពមកវាយមហានគរទៀត។ ប៉ុន្តែនាយគយខ្មែរ ដែលនៅល្បាតព្រំដែន កាលបើដឹងថា ទ័ពសៀមលើកមកហើយ ក៏ចាត់សំបុត្រឲ្យបំរើសេះ ចូលមកប្ដឹងសេនាបតី ឲ្យនាំឡើងក្រាបបង្គំទូលព្រះករុណា សូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះករុណា កាលបើបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យប្រមូលសេនាទាហាន ដែលបានហាត់ហ្វឹកហ្វឺន បំរុងការណ៍ ក្នុងខែត្រជិតៗនោះមកប្រជុំគ្នា ទ្រង់ត្រាស់បង្គាប់ ឲ្យមហាឧបរាជ ធ្វើជាមេទ័ពធំ នាំទាហានជើងទឹក ចេញទៅរាំងទ័ពសៀម។ ព្រះមហាឧបរាជ លើកទ័ពចេញទៅប្រទះនឹងសត្រូវនៅស្ពានញែក ទើបទ្រង់ចាត់ឲ្យតាំងបន្ទាយរាយចម្រូង ទប់ទល់ នឹង ទ័ពសៀមនៅទីនោះ ឥតមានរុញរាឡើយ។ ចៅពញាពិជ័យដំរុង នាយទ័ពមុខ កាលបើឃើញទ័ពខ្មែរមកដល់ហើយ ក៏បរពលឲ្យចូលវាយបន្ទាយខ្មែរ ខ្មែរក៏បរពលច្បាំងទល់មកវិញ។ ចំបាំងពុំទាន់ចាញ់ឈ្នះ ទាំងសងខាងនៅឡើយផងក៏ស្រាប់តែព្រះរាមាសូរ ចាត់ឲ្យធ្វើបន្ទាយឆាក (បន្ទាយឆាក គឺបន្ទាយដែលចាត់ឆែវ ខុសពីទិសដែលត្រូវធ្វើ) ទ័ពឆ្វេងស្ដាំ ហើយបាញ់ផ្ទប់ចូលមក។ ព្រះមហាឧបរាជខ្មែរ ដែលនៅក្នុងចំណោម យល់ឃើញថា ទ័ពសត្រូវលើកថែមមកច្រើនលើសកំលាំងណាស់ នឹង ទ្រាំពុំបានក៏រាថយចុះមកនៅក្នុងពាម គង់ក្នុងព្រះទីនាំងនាវា ដើម្បីឲ្យកទ័ពជើងទឹក លើកទៅជួយកងទ័ពជើងគោក។ ខណៈនោះ ទ័ពសៀមក៏ចោមរោម បាញ់តម្រង់ព្រះទីនាំងនាវា សន្ធាប់យ៉ាងខ្លាំង ឥតសំចៃឡើយ។ មួយស្របក់ក្រោយមក គ្រាប់កាំភ្លើងសត្រូវ ក៏រត់មកត្រូវធុងរំសេវខាងខ្មែរ បែកឆេះធ្លាយហើយត្រូវសម្ដេចព្រះមហាឧបរាជ និង ទាហានក្នុងកងទ័ព ស្លាប់ និង ពិការជាច្រើននាក់។ ទ័ពខ្មែរ ឃើញហេតុដូច្នេះហើយ ក៏ផ្អើលភ្ញាក់បរាជ័យ រត់បែកខ្ញែកប្រាសយកតែអាយុ សព្វៗខ្លួន។ ទ័ពសៀមដេញសន្ធាប់ហើយចាប់បានសម្ដេចព្រះមហាឧបរាជ យកមកទុកបាន៣ថ្ងៃ ព្រះអង្គក៏ទ្រង់សុគតទៅ។
ព្រះបាទសម្ដេច ព្រះសុរិយោវង្ស កាលទ្រង់បានជ្រាបថា : ទ័ពព្រះអង្គបែកហើយ ព្រមទាំងសៀមចាប់បានព្រះមហាឧបរាជទៅទៀតនោះ ស្ដេចក៏លើកសេនាយោធា ជាកងទ័ពធំចេញទៅព័ទ្ធចោមច្បាំងនឹងទ័ពសៀមទៀត។ ទ័ពសៀមរអាដៃអស់កំលាំងច្បាំងតថ្វីដៃនឹងទ័ពសម្ដេចព្រះសុរិយោវង្សពុំបាន ក៏រាថយមកវិញ។ ខណៈនោះ ទ័ពខ្មែរយល់ថា បានការហើយ ក៏ចោមចាក់កាប់សម្លាប់ពួកទ័ពសៀមឥតត្រាប្រណីឡើយ។ សៀមនឹងតតាំងច្បាំងពុំកើត ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយ ហើយបាក់ទ័ពរត់ទៅស្រុកវិញអស់។ ទ័ពខ្មែរចាប់បានឈ្លើយសៀមជាច្រើននាក់ នាំមកក្រាបបង្គំទូលថ្វាយ រួចហើយដេញទ័ពសៀមឲ្យចេញផុតពីដែនដីខ្មែរ ទើបត្រឡប់មកប្រទេសកម្ពុជាវិញ។
ព្រះបាទសម្ដេច ព្រះស្រីសុរិយោវង្ស ព្រះអង្គបង្ក្រាបទ័ពសៀមរាបទាបហើយ ស្ដេចក៏យាងចូលទៅព្រះមហានគរ សោយរាជសម្បត្តិ ប្រកបដោយនូវយុត្តិធម៌ អាណាប្រជានុរាស្ត្រ ក្នុងព័ទ្ធសីមា (ព័ទ្ធសីមា = សីមាមួយយ៉ាងដែលព្រះសង្ឃទុកជាគោលសម្រាប់ កំណត់ព្រំដែន ក្នុងការធ្វើសង្ឃកិច្ចផ្សេងៗ។ ព័ទ្ធសីមាក្នុងទីនេះ គឺព្រំដែនប្រទេសនីមួយៗ។) ក៏បានសុខសប្បាយគ្រប់ៗគ្នា។
កាលនោះ ផែនដីស្រុកខ្មែរ ធំទូលាយណាស់ ទិសខាងលិចទល់នឹងបស្ចិមបូរី ខាងពាយ័ព្យទល់នឹងស្រុកនាងរង នគររាជ ខាងឧត្តរទល់ដល់ស្នាមខ្សាច់ ទិសអីសាន ដល់ស្រុកចន្ទបូរី (គឺចាន់តាប៊ុនសព្វថ្ងៃនេះ) ខាងកើតដល់បារៀដូនណយ ខាងត្បូងផុតសមុទ្រ ទល់នឹងស្រុកយួន ស្រុកចាម។
ព្រះបរមបពិត្រ គង់ក្នុងរាជសម្បត្តិនោះ មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះពញាយ៉ាត។ ព្រះអង្គសោយរាជ្យបាន១០ឆ្នាំ ព្រះជន្មបាន៥១ឆ្នាំ ទ្រង់ប្រឈួនជាទម្ងន់ ពេទ្យថ្វាយព្រះឱសថពុំជាគ្រាន់ ក៏ទ្រង់ព្រះសុវណ្ណគតទៅ។ ខណៈនោះ ព្រះបរមរាជវង្សាសេនាព្រឹទ្ធាមាត្យ អញ្ជើញព្រះបរមរាមា ជាព្រះរាជបុត្រានៃព្រះលំពង់រាជា ជាព្រះភាគិនេយ្យោ នៃព្រះសុរិយោវង្សស្នងព្រះអង្គ តរៀងទៅ។
"សាស្ត្រាខ្លះថា ព្រះសុរិយោវង្សអង្គនេះ ឡើងសោយរាជ្យពី គ.ស. ១៣៥៧ ហើយទ្រង់សោយសុវណ្ណគតទៅវិញនៅគ.ស. ១៣៦៦។"
ផែនដីព្រះបរមរាមា
(ពីគ.ស.១៣៦៩ ដល់ គ.ស.១៣៧៣)
ព្រះបរមរាមា ជាព្រះរាជបុត្រ ព្រះបាទសម្ដេចព្រះលំពង់រាជា ទ្រង់ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំរកា ឯកស័ក ព.ស. ១៩១៣ - គ.ស. ១៣៦៩ - ម.ស. ១២៩១ - ច.ស. ៧៣២ ក្នុងជន្មាយុ ៥២វស្សា។ ព្រះចៅពញាយ៉ាត ដែលជាព្រះរាជបុត្រ ព្រះស្រីសុរិយោវង្សនោះ ក្នុងពេលនោះ ព្រះអង្គគង់នៅជាព្រះកុមារណាស់ នឹង ឡើងទទួលរាជ្យសម្បត្តិស្នងព្រះបិតាពុំទាន់បាន។ ព្រះបរមរាមា កាលបានឡើងសោយរាជ្យហើយ ព្រះអង្គក៏ប្រជុំចៅហ្វាយស្រុកធំ - តូច ចូលមកធ្វើព្រះមេរុ បូជាព្រះបរមសព ជាសូរេចហើយ ព្រះអង្គសោយរាជ្យជាសុខតរៀងមកបាន ៥ឆ្នាំ ទ្រង់ប្រឈួន ជាខ្លាំងក៏សុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះធម្មាសោករាជជាព្រះអនុជ ព្រះអយ្យកោមួយ នឹង ព្រះបរមរាមា ឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា។
ផែនដីព្រះធម្មាសោករាជ
(ពីគ.ស.១៣៧៣ ដល់ គ.ស.១៣៨៣)
ព្រះធម្មាសោករាជ ជាព្រះរាជបុត្រសម្ដេច ព្រះមហាឧបរាជ សុរិយោទ័យដែល សុគតក្នុងបន្ទាយមហានគរ ក្នុងគ្រាធ្វើសង្គ្រាម នឹង សៀម។ ព្រះអង្គត្រូវជាព្រះអនុជជីដូនមួយ នឹង ព្រះបរមរាមា។ ព្រះអង្គឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំឆ្លូវ បញ្ចស័ក គ.ស. ១៩១៧-គ.ស. ១៣៧៣-ម.ស.១២៩៥ - ច.ស. ៧៣៥ ទ្រង់ព្រះនាមជាព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ រាជា។ ទ្រង់ធ្វើបុណ្យព្រះបរមសពរួចហើយ ព្រះអង្គគង់ជាសុខរៀងមកបាន ៣វស្សា។
នេះនឹងនិយាយពីក្រុងទេពបុរីវិញ។ នៅក្រុងទេពបុរី (ប្រទេសសៀម) ព្រះរាមាសូរ សុគតទៅ ព្រះរាជនត្តោ (ចៅ) សោយរាជ្យតៗមក ទើបចៅសាមប្បា បានឡើងសោយរាជ្យ ទ្រង់ព្រះនាមជាព្រះចៅបរមរាជា។ កាលបានឡើងសោយរាជ្យភ្លាម ព្រះរាជាសៀមអង្គនេះ ចង់ឲ្យព្រះនគររបស់ព្រះអង្គ ធំទូលាយឆ្ងាយទៅទៀត ទើបទ្រង់ត្រាស់ឲ្យកេណ្ឌពល ១០០០០នាក់ មកបង្ហាត់បង្រៀន ហ្វឹកហ្វឺនតាមគ្រឿងចម្បាំងគ្រប់ប្រការ។
លុះដល់មកឆ្នាំមមែ ឯកស័ក ព្រះចៅបរមរាជា ត្រាស់ឲ្យព្រះឥន្ទរាជា ជារាជបុត្រធ្វើជាមេទ័ពមុខលើកមកលុកលុយមហានគរ (ស្រុកខ្មែរ)។ ព្រះអង្គឯង ធ្វើជាមេទ័ពហ្លួង លើកទ័ពធំ ព្រមដោយសេនា ពល សេះ ដំរី យាត្រាប្រាបប្រាមស្រុកខ្មែរ តាមរយៈផ្លូវ ចូលមកដល់ក្រុងមហានគរ។ លុះមកដល់មហានគរកម្ពុជាហើយ ព្រះចៅបរមរាជា ក៏បញ្ជាទ័ព ឲ្យចូលចោមវាយបន្ទាយគ្រប់ទិស ឥតបង្អែបង្អង់ឡើយ។
ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាបថា ទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពលឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ពរក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជាវង្សទាំងបីព្រះអង្គ និង សម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។
ព្រះចៅ បរមរាជា "ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរ ក៏បាញ់ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។
គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា៧ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះ នាយអឿន១ នាយលាន១ នាយឆាន់១ នាយដេត១ នាយកៅ១ នាយឌី១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា :
" ទ័ពសៀម ដែលនិងគិតការវាយយកមហានគរនោះ តាមដោយកំលាំងយុទ្ធសាស្ត្រ ឃើញថាពុំងាយ នឹង យកបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ ទាំង ៦នាក់ សុំយកអាសា នឹង ទៅស្លង់កាំភ្លើងធំ របស់មហានគរ ដែលដាក់មុខចាំផ្លូវថ្នល់ទាំងប៉ុន្មាននោះឲ្យបានសិន។ ថាបើស្លង់កាំភ្លើងនោះបានហើយទំនើង (ទំនើង , ធ្វើបានតាមចិត្ត , ស្រេចនូវចិត្តចង់ធ្វើអ្វីក៏ធ្វើបានឥតទើសទាស់ឡើយ) តែកាំភ្លើងរបស់យើង បាញ់ចូលទៅ សេនាទាហានអាវុធខ្លីរបស់យើង ក៏នឹងចូលពានបន្ទាយខ្មែរលុះបានដោយងាយ។ ព្រះចៅរាមា ស្ដេចសៀមបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់។ ទ្រង់ត្រាស់ថា បើចៅទាំង ៦នាក់ ទទួលអាសាទៅស្លង់កាំភ្លើងបាននោះ សម្រេចការសង្គ្រាមកាលណាយើង នឹង ឲ្យរង្វាន់ ដល់ចៅឲ្យពេញចិត្ត, ត្រាស់តែម៉្លោះហើយ ក៏ក្លែងធ្វើជាទ្រង់ព្រះពិរោធណាស់ ហើយមានបន្ទូលថា : ម្សិលមិញអញឲ្យឯង ឡើងវាយបន្ទាយមហានគរ ម្ដេចក៏ឯងនាំពលរេហ៍រត់ថយក្រោយមកវិញ។ កំហុសរបស់ឯងនេះ ត្រូវអញយកទោស ឲ្យពេញច្បាប់។ តមកទើបទ្រង់ត្រាស់ឲ្យចងរ៉ាវ (ចងរ៉ាវ = ឲ្យមនុស្សដែលមានទោសដេកផ្កាប់មុខ រួចចងដៃទាំងពីរ ជើងទាំងពីរ ហើយទាញសន្ធឹងឲ្យតឹងភ្ជាប់ នឹង ស្នឹងទាំងបួនទិស) វាយខ្នងទាហានទាំង ៦នាក់នោះ ៥០ខ្វាប់ម្នាក់ ហើយឲ្យលាក់ថ្ងាស ជាជើងក្អែក គ្រប់ទាំង ៦នាក់។ ទ្រង់ត្រាស់បង្គាប់ឲ្យលែងវាចោលទៅ ដើម្បីជាបំរាម ដល់ទាហានទាំងឡាយតទៅ។ លុះដល់ជិត នឹង អាធ្រាត្រទាហានទាំង ៦នាក់នោះ ក៏លបលួចរត់ទៅជួប នឹង កងល្បាតខ្មែរ ដែលកំពុងតែល្បាត។ កងល្បាតខ្មែរចាប់ដាក់ក្ដី ហើយយកទៅជូនសម្ដេចចៅហ្វាទឡ្ហៈ ដែលនៅត្រួតទ្វារកំផែងខាងកើត។ សម្ដេចចៅហ្វាទឡ្ហៈ បានសួរទៅទាហានទាំង ៦នាក់នោះ តាមដំណើរ។ ទាហានទាំង ៦នាក់ ឆ្លើយថា : ខ្លួនជាទាហានសៀម រត់មកសុំចុះចូល នឹង ទ័ពខ្មែរ សម្ដេចចៅហ្វាទឡ្ហៈ ឮហើយ ក៏នាំខ្លួនទាំង ៦នាក់ ទៅក្រាបទូលថ្វាយព្រះបរមបពិត្រ សូមស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រត្រាស់សួរថា ហេតុអ្វី បានជាឯងបែកខ្នង បែកថ្ងាស ហើយចូលមកក្រាបយំ យ៉ាងដូច្នេះ។
ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖
ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។ មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតម្រាស់ថា : ព្រឹកនេះ ទ្រង់នឹងឲ្យសម្លាប់ទូលព្រះបង្គំទាំង ៦នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។
កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា :
ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥នាក់ នាំយកភូឃុំ ១៥នាក់មកសម្លាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅ ទាហានទាំងនោះប្រាប់ថា : នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។
ព្រះបរមបពិត្រ និង សេនាបតី ពិនិត្យសេចក្ដីរបស់មន្ត្រីខ្មែរនេះសព្វគ្រប់ទៅ ឃើញថា ត្រូវនឹងពាក្យទាហានទាំង ៦នាក់នោះមែន, ដូច្នេះ ទ្រង់ក៏ជឿចម្លើយរបស់ទាហានទាំង ៦នាក់នោះណាស់ ទើបទ្រង់ឲ្យដោះក្ដី ឲ្យនៅមើលជំងឺខ្លួនឲ្យបានសះជា។ បណ្ដាទាហានទាំង ៦នាក់នោះ ទាហានពីរនាក់ស្លាប់ដោយជម្ងឺបែកខ្នងនោះទៅ នៅសល់តែ ៤ នាក់មិនស្លាប់ទេ។ ទាហានសៀមទាំង ៤នាក់នោះ កាលបើមើលជំងឺខ្លួនបានសះជាហើយ ក៏សំដែងខ្លួនជាអ្នកក្លាហាន ចេញជួយទាហានខ្មែរ ច្បាំងនឹងទាហានសៀមរឿយៗ។ កាលទ្រង់ទតឃើញទាហានទាំង ៤នាក់នោះ មានចិត្តក្លាហានណាស់ ទ្រង់ក៏ប្រទានយសសក្ដិ ប្រាក់រង្វាន់ជារឿយៗ ហើយទុកព្រះទ័យលើទាហានសៀមទាំងនោះរៀងមក។ ទាហានសៀមទាំង ៤នាក់ដែលគិតកលនោះ លុះយល់ថា បានការណ៍ហើយ ក៏សរសេរសំបុត្រចងនឹងព្រួញ បាញ់ចេញទៅទូលថ្វាយ ព្រះចៅបរមរាជា តាមដំណើរដែលខ្លួនបានធ្វើការណ៍មកនោះ។ តមកទាហានទាំង៤នាក់នោះ ក៏លបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់។
ព្រះចៅ បរមរាជា ទ្រង់ជ្រាបតាមសំបុត្រនោះហើយ ក៏លើកទ័ពធំប្រជុំចូលមករោមព្រះមហានគរទាំង ៤ទិស។ ទាហាន កាលឃើញទ័ពសៀម ចោមព្រះមហានគរគ្រប់ទិសហើយ ក៏អុជកាំភ្លើងធំបាញ់សំដៅទៅទ័ពសៀម តែបាញ់ពុំចេញ ទើបទទួលច្បាំងតែនឹងកាំភ្លើងតូច និងធ្នូ ស្នា សស្ត្រាវុធផ្សេងៗ។ ទ័ពសៀមស្លុតស្លាប់វិនាសពាសពេញសងខាងថ្នល់ទាំង ៤ទិស។ សៀមចូលវាយតាំងអំពីព្រឹក លុះដល់រសៀល ក៏នៅតែវាយទំលាយព្រះមហានគរពុំបាន ទើបសៀមទាំង ៤នាក់ លាក់ខ្លួនពួនអាត្មា លួចបើកទ្វារបន្ទាយទិសខាងលិច។ មួយរំពេចនោះ ទាហានខ្មែរឃើញហើយ ក៏ស្ទុះទៅកាប់សៀមទាំង ៤នាក់នោះស្លាប់ភ្លាមមួយរំពេច។ ទ័ពសៀមឃើញទ្វារបន្ទាយរបើក ក៏ស្ទុះចូលទៅក្នុងមហានគរ។ លុះបានចំណាប់ហើយ ក៏បោះបាញ់ កាប់ចាក់គ្នា ច្រឡំបល់ក្នុងព្រះនគរ គ្រប់ទិសទាំង៤។ សម្ដេចព្រះធម្មាសោករាជ ជាអម្ចាស់ផែនដី ព្រះអង្គដល់នូវកាលទិវង្គតទៅ ទ័ពខ្មែរក៏បាក់បែកខ្ចាត់ខ្ចាយខ្លះក៏ទទួលសាពិភ័ក្ដិនឹងទ័ពសៀម។ សៀមមានជ័យជំនះ វាយបែកព្រះមហានគរ ក្នុងឆ្នាំ វកទោស័ក ព.ស. ១៩២៤ - គ.ស. ១៣៨០-ម.ស. ១៣០២- ច.ស. ៧២៤។ លុះបានជ័យជំនះហើយ ព្រះបរមរាជា ស្ដេចសៀម ក៏លើកអស់សេនា យោធា ទាហាន ចូលក្នុងនគរចាប់ ពញាកែវ ពញាទ័យ ដែលជាព្រះរាជបុត្រ នៃ ព្រះបាទធម្មាសោករាជ និង មន្ត្រីសេនាទាហានច្រើន។ អស់ប្រជានុរាស្ត្រ រត់រួចបានមួយសួន គេចាប់បាន៣សួន។ បន្ទាប់មក ព្រះបរមរាជា ស្ដេចសៀម ទ្រង់ក៏អភិសេក ព្រះឥន្ទរាជា "ពញាក្រែក" ជាព្រះរាជបុត្រ ឲ្យសោយរាជ្យសម្បត្តិ ក្នុងប្រទេស ក្រុងកម្ពុជាធិបតី។
ផែនដីព្រះឥន្ទរាជា (ស្ដេចសៀម)
(ពីគ.ស.១៣៨០)
ពញាព្រែក ជារាជបុត្រ របស់ព្រះបរមរាជា "ស្ដេចសៀម"។ ទ្រង់ឡើងសោយរាជ្យ នៅមហានគរ ក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩២៨ - គ.ស. ១៣៨៤ ក្នុងជន្មាយុ ២៥ឆ្នាំ។ ពញាព្រែក ទ្រង់ព្រះនាមជា សម្ដេចព្រះឥន្ទរាជារាមាធិបតី ខ្លះហៅថា ព្រះឥន្ទកុមារ។
- មានសម័យថ្ងៃមួយនោះ ព្រះបរមរាជា ជាព្រះបិតា នៃ ព្រះឥន្ទកុមារ ចេញទតប្រាសាទប្រសើរមហាឋានគ្រប់អន្លើ។ ទ្រង់ឃើញមានប្រាសាទ និង រោងទង ធ្នឹមថែវ ខ្វាត់ខ្វែងច្រើនជាន់ ច្រើនអន្លើទើបទ្រង់ត្រាស់សួរមន្ត្រីខ្មែរថា៖
- ទីនេះ ខ្វាត់ខ្វែង ច្រើនជាន់ ច្រើនអន្លើ តើទីកន្លែងព្រះរាជបុត្រ ឬ ជាទីកន្លែងព្រះអគ្គមហេសី ឬ ជាទីអ្វី?
- មន្ត្រីខ្មែរ ក្រាបទូលថា៖
- ទីនេះ ហៅថា ប្រាសាទមួយរយហាសិបប្រាំ (១៥៥) ល្វែង និង រោងទង រោងជួង ដំណាក់ពិសេស ស្រះស្រង់រងថ្លា សួនច្បារ ផ្កាដំណាំ និង កំផែង ខ្វាត់ខ្វែង ច្រើនថ្នល់ច្រើនថ្នាក់នេះ ជាសម្រាប់ព្រះរាជបុត្រក្សត្រគ្រប់នគរជាចំណុះ ដែលព្រះអង្គតែងយកព្រះរាជបុត្រ ឲ្យមកនៅបម្រើ តាងព្រះអង្គគ្រប់នគរ។
- ព្រះបរមរាជាត្រាស់សួរទៀតថា ប្រាសាទ និង ទីកន្លែងទាំងនេះ កើតពីផែនដីណាមកដល់ផែនដីណា?
- មន្ត្រីខ្មែរក្រាបទូលថា ប្រាសាទនេះ កើតកាលពីផែនដី ព្រះបាទទេវាវង្សអស្ចារ្យ ដែលទ្រង់មានព្រះហស្ថទិព្វ ទ្រង់ចាប់វត្ថុអ្វី វត្ថុនោះក៏កើតជាមាសប្រាក់ អាចចែកចាយដល់អាណាប្រជានុរាស្ត្រក្នុងព្រះនគរបាន។ បណ្ដាក្សត្រទាំងឡាយ គ្រប់នគរនោះ កាលទ្រង់បានជ្រាបថា ព្រះបាទទេវាវង្សអស្ចារ្យ ព្រះអង្គកាន់សីលសោយព្រុត ហើយមានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះកេតុមាលា ដែលជាព្រះរាជបុត្ររបស់ព្រះឥន្ទ្រាធិរាជដែរនោះ ក៏នាំសួយសារអាករមកថ្វាយ ព្រះបាទទេវាវង្សអស្ចារ្យ ហើយនាំព្រះរាជបុត្រ របស់ព្រះអង្គគ្រប់ព្រះអង្គ ឲ្យមកនៅគាស់បម្រើ លួងលោមព្រះរាជកុមារ ព្រះកេតុលា គ្រប់ៗនគរ។ អាស្រ័យហេតុនោះហើយ បានជាព្រះទេវាវង្សអស្ចារ្យ ស្ដេចឲ្យសាងប្រាសាទ ថ្វាយព្រះរាជបុត្រ នៃ ស្ដេចចំណុះទាំងនោះគង់នៅ។
- ព្រះបរមរាជាសួរតទៅទៀតថា ក្រឡាបន្ទំ សម្រាប់ព្រះមហាក្សត្រ និង ព្រះរាជបុត្រនោះ នៅត្រង់ណា?
- មន្ត្រីក្រាបទូលថា ព្រះមហាក្សត្រ គង់នៅប្រាសាទបាយ័ន។ ព្រះរាជបុត្រ គង់ក្រសាលនៅប្រាសាទ ពិមានអាកាស។
- ស្ដេចសៀមសួរទៀតថា : កាលព្រះកេតុមាលា ឡើងសោយរាជ្យនោះ ព្រះអង្គនៅឯណា?
- មន្ត្រីក្រាបទូលថា : កាលព្រះកេតុមាលា ឡើងសោយរាជ្យនោះ ព្រះឥន្ទ្រទ្រង់បញ្ជាឲ្យព្រះវិស្សកម្មទេវបុត្រ ច្យុតមកកើតជា ចៅចិត្រកុមារ ឲ្យធ្វើជាមេជាង ឲ្យទេវតា ៥០០អង្គ មកកើតជាកូនជាងសាងប្រាសាទនគរតូចថ្វាយគង់ ហើយទ្រង់សាងប្រាសាទ តម្កល់ព្រះខាន់មួយ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀត ឈ្មោះហៅថា បឹងមាលា សម្រាប់ស្ដេចគង់លំហើយព្រះគ្រោះ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀតឈ្មោះ តាព្រហ្ម សម្រាប់ថ្វាយបង្គំព្រះមានគុណ។ ស្ដេចឲ្យសាងប្រាសាទ កោះកែវមួយ ប្រាសាទនគរពិជ័យមួយ។
- ស្ដេចសៀមសួរទៀតថា ស្ដេចដើម ដែលសាងនគរនោះទ្រង់ព្រះនាមអ្វី?
- មន្ត្រីក្រាបទូលថា ក្សត្រដើមគេបង្អស់នោះ គឺព្រះបាទកម្ពុជនាគរាជ ព្រះអង្គនិម្មិតថ្វាយព្រះបាទកមេរុរាជ ជារាជសុណិសា។ ក្រោយមកព្រះបាទ កមេរុរាជ ក្រែងអត់ពីព្រះអង្គទៅ នឹង វិនាសបាត់កេរ្តិ៍ព្រះចៅ ទើបទ្រង់ឲ្យសាងប្រាសាទជាថ្មីឡើងវិញ។
- ស្ដេចសៀមត្រាស់សួរទៀតថា ផែនដីណា បង្វែរនគរតូចទៅជាវត្ត? ស្ដេចនោះសាងអ្វីខ្លះ ?
- មន្ត្រីក្រាបទូលថា ព្រះមហាក្សត្រ ដែលបានបង្វែរ នគរតូច ទៅជាវត្តនោះ ទ្រង់ព្រះនាមព្រះបាទ បទុមសុរិយោវង្ស។ ព្រះអង្គនេះ ស្ដេចបានសាងព្រះកែវមរកត ព្រះត្រៃបិដក ចូលមកក្នុងព្រះនគរ ទើបព្រះអង្គបង្វែរប្រាសាទនគរតូចទៅជាវត្តសម្រាប់តម្កល់ព្រះត្រៃបិដក។

ព្រះអង្គឲ្យសាងប្រាសាទមួយទៀត។ សម្រាប់តម្កល់ព្រះកែវមរកត រួចព្រះអង្គស្ដេចទៅជួសជុលព្រះមហានគរ ហើយទ្រង់សាងដំណាក់ភ្នំព្រះសុមេរុ និង សក្ដេបព៌តមួយ សាងស្រះព្រះពិស្ណុការ និង បាណកយក្សមួយ សាងប្រាសាទ និង ព្រះរាជដំណាក់ ព្រះបាទយុតេ និង លំអងរំចេកមួយ។ ប្រាសាទទាំងប៉ុន្មាននេះ សុទ្ធសឹងតែធ្វើដោយថ្ម ល្អប្លែកៗគ្នា ដោយយ៉ាងៗ។
ព្រះបរមរាជា ស្ដេចព្រះរាជដំណើរតទៅទៀត ទ្រង់ទតព្រះនេត្រទៅឃើញប្រាសាទមួយមានគ្រឿងសក្ការបូជាច្រើន ទើបទ្រង់ត្រាស់សួរថា ទីនេះហេតុអ្វី បានជាមានគ្រឿងសក្ការបូជាច្រើនម៉្លេះ ?
មន្ត្រី ក្រាបទូលថា ទីនេះ ជាទីតម្កល់ព្រះគោ ដែលបញ្ចុះក្បួនតំរាក្នុងពោះនោះ។
ព្រះបរមរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ថា ស្ដេចខេមរាប្រទេសនេះមាន បុណ្យបារមីណាស់ ទើបទ្រង់ត្រាស់សួរទៀតថា ស្ដេចដែលថយព្រះតេជានុភាព បណ្ដាលឲ្យគ្មានបុត្រក្សត្រ មកនៅគាល់បម្រើនោះ ពីត្រឹមអង្គណាមក ?
មន្ត្រីក្រាបទូលថា ពីត្រឹមផែនដី ស្ដេចអាលសោ សេណករាជ រៀងមកដល់ផែនដី ព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិ៍។ ពីត្រឹមព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិ៍រៀងមកទៀត ព្រះមហាក្សត្រនោះ មានតេជានុភាពត្រឹមត្រូវឡើងវិញ ទាល់តែមកដល់សម្ដេចព្រះចៅ មកវាយបែកព្រះនគរ។ ថារបស់សម្រាប់នគរទាំងប៉ុន្មាននេះ សុទ្ធសឹងតែប្រសិទ្ធីធំមាំមួនណាស់។
ព្រះចៅបរមរាជា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ តមកទ្រង់ត្រាស់ឲ្យមន្ត្រី ៨នាក់ រក្សាព្រះនគរជាមួយ នឹង ព្រះឥន្ទរាជា ជាព្រះរាជបុត្រ។ ព្រះអង្គឲ្យនិមន្តព្រះពុទ្ធរូបមាស ប្រាក់ សំរិទ្ធិ កែវ រូបព្រះគោ រូបសត្វទីទៃជាច្រើន និង ព្រះសង្ឃសមណៈ ឲ្យនាំយកទាំង ពញាកែវ ពញាទ័យ ជាព្រះរាជបុត្រ នៃព្រះបាទធម្មាសោករាជ និង ទ្រង់ឲ្យកៀរគ្រួខ្មែរ បាន៧ម៉ឺននាក់ ហើយឲ្យលើកទ័ពទៅក្រុងស្រីអយុធ្យាវិញ។
ព្រះឥន្ទរាជា នៅគ្រប់គ្រងកម្ពុជា ស៊ើបបានព្រះខាន់ និង គ្រឿងព្រះបញ្ចក្សេត្រហើយ ទ្រង់គិតនឹងឲ្យនាំយកទៅស្រុកសៀម។ ខណៈនោះ ក៏បង្កើតជាអស្ចារ្យ មហាវាយោ ព្យុះធំ រងំខ្ទ័រ ផ្គរ អសនីបាញ់គ្រប់ទិស។ ក្នុងរាត្រីយប់នោះ ស្ដេចផ្ទំស្កល់ទៅ ទ្រង់សុបិនឃើញថា ព្រះមហាក្សត្រខ្មែរ អំពីបូរាណមក មកឈរពីលើក្រឡាព្រះបន្ទំ របស់ព្រះអង្គ ហើយត្រាស់កំហែងថា បើឯងយកព្រះខាន់នេះទៅ ខ្លួនឯងនឹងស្លាប់ ដោយឫទ្ធិអាវុធព្រះខាន់នេះពុំខានឡើយ។ ហេតុនេះហើយ បានជាស្ដេចសៀមខាននាំព្រះខាន់ នឹងគ្រឿងបញ្ចក្សេត្រទៅស្រុកសៀម ដោយខ្លាចព្រះតេជៈ នៃព្រះមហាក្សត្រអំពីបូរាណ។
ឯសម្ដេចចៅពញាយ៉ាត ជាក្សត្រខត្តិយវង្ស ដែលស្ដេចទ្រង់ចេញរួចពីចំណោមសៀមហើយរត់ចាកព្រះនគរទៅនោះ ព្រះអង្គទៅតាំងបញ្ចុះបញ្ចូលមន្ត្រីរាស្ត្របានជាច្រើន។ ទ្រង់ព្រះចិន្តា រកទីជ័យភូមិ ដែលនឹងតាំងជាក្បួនទ័ព សព្វទីកន្លែង តែមិនបានសោះ។ ក្រោយមកទ្រង់ឃើញថា ស្រុកកោះបាសាន "ស្រីសន្ធរ" សព្វថ្ងៃនេះ មានជ័យភូមិល្អ គួរឲ្យតាំងជាបន្ទាយមាំមួនបាន។ ទ្រង់ជ្រាបថា កាលព្រះបាទគម្ដែង អញប្រដាញ់រាជបក្សីចាំក្រុង ក៏ស្ដេចមកតាំងព្រះអង្គនៅស្រុកនេះដែរ។
លុះមន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ស្ដេចក៏លើកទ័ពទៅតាំងបន្ទាយជាមាំមួន នៅខេត្តកោះបាសាននោះ។ ឯអស់អាណាប្រជានុរាស្ត្រ ខេត្តក្រៅទាំងប៉ុន្មាន ដែលបាន ឮដំណឹងថា សម្ដេចចៅពញាយ៉ាត ស្ដេចយាងមកតាំងទីបន្ទាយ នៅខេត្តកោះបាសានហើយ ក៏នាំគ្នាមកចុះចូលគ្រប់ៗខេត្ត។ ចំណេរខាងក្រោយមក ព្រះបរមបពិត្រ ស្ដេចត្រាស់ប្រឹក្សា រកមនុស្សឯណាឲ្យបន្លំចូលទៅនៅធ្វើជាខ្ញុំរាជការ ព្រះឥន្ទរាជា "ស្ដេចសៀម" ដើម្បីនឹងគិតការលុកស្ដេចសៀមនោះឲ្យបាន។
ខណៈនោះ មានអាមាត្យពីរនាក់ ឈ្មោះ ពេច១ ពៅ១ ជាបងប្អូនបង្កើតនឹងគ្នា កាលបានឮព្រះតម្រាស់នេះហើយ ក៏ចូលថ្វាយបង្គំសុំខ្លួនទទួលអាសា ធ្វើការថ្វាយតាមបន្ទាល់។ សម្ដេចចៅពញាយ៉ាត ទ្រង់មានព្រះអំណរណាស់ ទើបទ្រង់ចាត់ប្រើទៅអាមាត្យទាំងពីរនាក់ក៏ថ្វាយបង្គំលា នាំស្ម័គ្រប័ក្សពួក ១០នាក់ ចូលទៅដល់មហានគរ។ ដល់ហើយ ក៏រកពឹងមន្ត្រីសៀម ឲ្យនាំខ្លួនទាំងពីរនាក់ និង ស្ម័គ្រប័ក្សពួក១០នាក់ទៀត ជា១២នាក់នោះ ឡើងក្រាបបង្គំទូលថា ខ្មែរទាំង ១២នាក់នេះ មានចិត្តសាពិភ័ក្ដិ (សាពិភ័ក្ដិ = ការត្រឡប់សះសានឹងគ្នា ហើយទំនុកបំរុងគ្នាទៅ។ ឧ.- មនុស្សពីរនាក់នេះពីដើមទាស់គ្នា ឥឡូវវាមានសាពិភ័ក្ដិ នឹង គ្នាវិញហើយ។ ស្ម័គ្រមកសុំចូលធ្វើរាជការ ស្នងព្រះតេជគុណលុះអស់ជីវិតរៀងៗខ្លួន។ ព្រះឥន្ទរាជា ពេលនោះស្ដេចកំពុងប្រថាប់នៅមុខព្រះសាទលើថ្ម ជាទីកណ្ដាលវាល លុះទ្រង់បានព្រះសណ្ដាប់ពាក្យនេះហើយ ក៏សព្វព្រះទ័យណាស់ ទើបត្រាស់ថា៖
តាំងអំពីយើងមកឈរស្រុកខ្មែរនេះ ជិត៣ខែហើយ គ្មានឈ្មោះណាឡើយស្ម័គ្រចិត្តចូលមកនៅផង។ ទើបតែថ្ងៃនេះ យើងឃើញចៅទាំង ១២នាក់ មកសាពិភ័ក្ដិជាមុនគេ គួរយើងឲ្យរង្វាន់ចៅ ឲ្យដល់ចិត្ត។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះសម្រួល បង្គាប់មុខងារព្រះឃ្លាំង ឲ្យយកសំពត់ខោអាវ មកប្រទាន។ ឯនាយមហាមាត្រទាំងពីរនាក់ ពេលនោះក៏ក្រាប ថ្វាយបង្គំខិតចូលទៅជិត ហើយហូតកាំបិតស្នៀត ដែលចងនៅផ្នួងសក់នោះ ស្ទុះទៅចាក់ព្រះឥន្ទរាជា ត្រូវព្រះឱរាមួយកាំបិត។ ព្រះចៅឥន្ទរាជា ស្រែកថាឲ្យចាប់ បានតែមួយព្រះឱស្ឋប៉ុណ្ណោះ ក៏ដួលចុះហើយសុគត ក្នុងឆ្នាំរោងបញ្ចស័កនោះទៅ។ ខណៈនោះ អស់ពួកទាហាន រក្សាព្រះអង្គ ស្ទុះព្រមគ្នាចូលចោមចាប់ កាប់សម្លាប់មហាមាត្យពីរនាក់ និង ស្ម័គ្រប័ក្សពួក ១០នាក់នោះ។ មហាមាត្យទាំង ១២នាក់ ក៏ស្ទុះទៅចាប់យកព្រះសែង និង គ្រឿងអាវុធ ពីក្រុមរក្សាព្រះអង្គនោះ ចូលតដៃប្រថុយជីវិត កាប់សម្លាប់មន្ត្រី និងសេនាទាហានសៀមបានប្រមាណមួយរកយប្លាយនាក់។ មហាមាត្យទាំង ១២នាក់នោះ រោយដៃអស់កំលាំង ដោយហេតុថាទាហានសៀមច្រើន លើសលប់កម្លាំងពេក និង តស៊ូទៅទៀតពុំបាន សៀមក៏សម្លាប់ទាំង ១២នាក់នោះក្នុងខណៈនោះទៅ។ មន្ត្រីសៀមទាំងនោះ ក៏រៀបចំព្រះសពដាក់ក្នុងព្រះកោដ្ឋស្រេច ចាត់ឲ្យបម្រើទៅក្រាបទូល ព្រះចៅក្រុងស្រីអយុធ្យា តាមផ្លូវរាជការ។
ឯសម្ដេចចៅពញាយ៉ាតរាជា ព្រះអង្គត្រៀមពលរួចជាស្រេច។ ក្រោយមហាមាត្យទាំង ១២នាក់ចេញទៅនោះ ព្រះអង្គក៏លើកទ័ពបណ្ដោយតាមក្រោយមក។ លុះមកដល់ហើយ ស្ដេចឃើញមន្ត្រី និង ទាហានសៀម កំពុងជ្រើមជ្រួលរមួលគ្នាដូច្នេះ ក៏ទ្រង់ចូលចោមវាយ ព្រះមហានគរភ្លាមមួយរំពេច។ ពួករាស្ត្រខ្មែរ ក្នុងព្រះនគរ ក៏កាប់សម្លាប់សៀម គ្មានញញើតដៃឡើយ ហើយបើកទ្វារចេញមកទទួលកងទ័ពព្រះអង្គ។ ខណៈនោះ សម្ដេចចៅពញាយ៉ាត ព្រះអង្គក៏លើកក្បួនទ័ពចូលក្នុងព្រះនគរកាប់សម្លាប់ទ័ពសៀម និង ចាប់បានទុកជាឈ្លើយ ជាច្រើន។ បន្ទាប់មក ស្ដេចចូលប្រាសាទ ទតព្រះនេត្រទៅយល់ស្ត្រីសៀមម្នាក់ ជាអ្នកម្នាង ព្រះឥន្ទរាជា មានរូបឆោមលោមពណ៌យ៉ាងល្អ កំពុងក្រាបយំ ទៀបកោដ្ឋស្ដេចសៀម ទើបសម្ដេចព្រះពញាយ៉ាត ក៏ទ្រង់សួរថា ឯងឈ្មោះអី ជាកូនចៅអ្នកណា? នាងស្រីនោះ ក្រាបថ្វាយបង្គំ ឱនចោលកន្ទុយភ្នែកមើលព្រះអង្គ ហើយដាក់មុខក្រាបទូលថា ខ្ញុំម្ចាស់ឈ្មោះ ស៊ីសាងាម ជាកូនឃុនទ្រង់ដាន់មុន ដែលត្រូវជាជីដូនមួយនឹងពញាតេជោក្រុងទេព។ ព្រះឥន្ទរាជា ជាព្រះរៀមជីដូនមួយ បានសុំខ្ញុំម្ចាស់មកធ្វើជាព្រះម្នាង។
ព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចទ្រង់ជ្រាបពីវង្សត្រកូល និង ពីរូបរាងលោមពណ៌ ម្នាងស្រីសៀមនេះហើយ ក៏សព្វព្រះទ័យ នឹង អ្នកស៊ីសាងាមនោះណាស់។ ស្ដេចទ្រង់យកអ្នកម្នាងនោះ ទុកជាព្រះស្នំឯក។
កាលសម្ដេចព្រះចៅពញាយ៉ាតរាជា ស្ដេចបង្ក្រាបរាជសត្រូវសៀមបានរាបទាបហើយ ព្រះអង្គក៏ចាត់ទាហាន ឲ្យចេញទៅរក្សាគ្រប់ខេត្តទីទៃៗ ជាមាំមួន។ ខណៈនោះ សម្ដេចព្រះសុគន្ធារាជាគណៈឋានានុក្រមបម្រុងរាជគ្រូបុរោហិត និង ព្រះបរមរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូច ធំខ្ញុំរាជការ ជំនុំព្រមទាំងអញ្ជើញ សម្ដេចចៅពញាយ៉ាត ដែលគ្រងរាជ្យ ឲ្យឡើងសោយរាជ្យជាលំដាប់មក។