ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
ចាងហ្វាងការផ្សាយ លឹម យាន
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី23.ធ្នូ 2017.ម៉ោង 8:27
ផែនដី ព្រះសុរិយោពណ៌
(ពីគ.ស.១២៧៥ ដល់ គ.ស.១៣៤០)
ព្រះសុរិយោពណ៌ ឡើងសោយរាជ្យ ស្នងព្រះវររាជបិតា ក្នុងឆ្នាំថោះត្រីស័ក ព.ស. ១៨១៩ - គ.ស. ១២៧៥ - ម.ស. ១១៩៧ - ច.ស. ៦៣៧ ព្រះជន្មាយុ ២៣ឆ្នាំ ទ្រង់យកព្រះអង្គ មន្ទាពិសី ជាព្រះរាជអនុជផ្សេងមាតា លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ហើយព្រះអង្គឲ្យប្រជុំសាមលរាជ សាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព ព្រះវររាជបិតា។
ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ១៨៤៩ - គ.ស. ១៣០៥ - ម.ស. ១២២៧ - ច.ស. ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះនិព្វានចក្រ (សាស្ត្រាខ្លះថា និព្វានបាទ សាស្ត្រាខ្លះទៀតថា និព្វានបទ)។
ឆ្នាំរការ ឯកស័ក ព.ស. ១៨៥៣- គ.ស. ១៣០៩-ម.ស. ១២៣១ - ច.ស. ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុទ្ធានរាជា។
លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចម្រើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ ឯព្រះសុទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង់រាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ។ ឯសម្ដេចព្រះសុរិយោពណ៌ ជាព្រះវររាជបិតានោះ ព្រះអង្គសោយរាជ្យជាសុខរៀងមកបាន ៦៥ឆ្នាំ ព្រះជន្មបាន៨៨ឆ្នាំ ទ្រង់ប្រឈួនរោគ សុគតទៅ។ មន្ត្រីលើកតម្កល់ព្រះបរមសព ក្នុងព្រះកោដ្ឋស្រេចក៏ព្រមគ្នា អញ្ជើញព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឲ្យឡើងសោយរាជសម្បត្តិ។
"ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាម ក្នុងឯកសារដទៃទៀតដែរ"។
ផែនដីព្រះនិព្វានចក្រ ឬ និព្វានបាទ
(គ.ស ១៣៤០ - ១៣៤៥)
ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បង ឡើងសោយរាជ្យស្នងសម្ដេចព្រះវររាជបិតា ក្នុងឆ្នាំរោង ទោស័ក ព.ស. ១៨៨៤ គ.ស. ១៣៤០ - ម.ស. ១២៦២ - ច.ស. ៧០២ ព្រះជន្មាយុ៣៥ឆ្នាំ។ ទ្រង់ប្រជុំមន្ត្រីធ្វើបុណ្យសម្ដេចព្រះវររាជបិតា មាតារួចហើយ សម្ដេចសោយរាជ្យជាសុខសប្បាយដល់អាណាប្រជានុរាស្ត្ររៀងមកបាន ៥ឆ្នាំ។ ព្រះជន្មវស្សា ៤០ឆ្នាំ ទ្រង់ប្រឈួនរោគសុគតទៅ។ មន្ត្រីលើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋស្រេចហើយ អញ្ជើញព្រះសុទ្ធានរាជា ជាព្រះរាជបុត្រពៅ នៃព្រះបាទស្រីសុរិយោពណ៌ គឺជាព្រះរាជអនុជ ព្រះនិព្វានចក្រ ឲ្យឡើងសោយរាជ្យ។
ផែនដីព្រះសុទ្ធានរាជ
(គ.ស ១៣៤៥)
ព្រះសុទ្ធានរាជ ជាព្រះអនុជ ឡើងគ្រងរាជ្យស្នងសម្ដេច ឬ ព្រះជេដ្ឋា បានតែ៣ខែ ពុំទាន់បានធ្វើរាជាភិសេក និង ធ្វើបុណ្យបរមសព ព្រះវររាជបិតានៅឡើយផង ក៏ទ្រង់អាពាធសុគតទៅ។ មន្ត្រីលើកព្រះសពតម្កល់ ក្នុងព្រះកោដ្ឋហើយ អញ្ជើញព្រះលំពង់រាជា ជាព្រះរាជបុត្រច្បង របស់ព្រះសុទ្ធានរាជា ឲ្យឡើងសោយរាជសម្បត្តិ ជាតំណប្រយូរវង្ស។
ផែនដីព្រះលំពង់រាជា
(ពីគ.ស.១៣៤៦ ដល់ គ.ស.១៣៥១)
ព្រះលំពង់រាជា ជាព្រះរាជបុត្រច្បង នៃ ព្រះបាទសុទ្ធានរាជា ទ្រង់ឡើងសោយរាជ្យ ស្នងព្រះវររាជបិតា ក្នុងឆ្នាំខាល ទោស័ក ព.ស. ១៨៩០ - គ.ស. ១៣៤៦ - ម.ស. ១២៦៨-ច.ស. ៧០៨ ក្នុងព្រះជន្មាយុ៥៤ ព្រះវស្សា។ ព្រះអង្គបានសាងព្រះមេរុ ថ្វាយព្រះភ្លើង ព្រះបរមសពព្រះបាទព្រះសុទ្ធានរាជា ជាសម្ដេចព្រះវររាជបិតា និង ព្រះបរមសព ព្រះបាទសម្ដេចព្រះសុគន្ធចក្រ ជាសម្ដេចព្រះជេដ្ឋា ព្រះអយ្យកោមួយ ក្នុងឆ្នាំនោះឯង។
នាកាលព្រះរាជពិធី រំលាយព្រះសពចប់សព្វគ្រប់ជាសូរេចហើយ សម្ដេចព្រះភគវតី ព្រះសិរីទិព្វមាលីទេវីចក្រពត្តិ ជាព្រះអគ្គមហេសី នៃព្រះបាទសិរីសុគន្ធចក្រ ព្រះអង្គសុំយកព្រះបរមធាតុសម្ដេចព្រះស្វាមី ដើម្បីនឹងដង្ហែទៅបញ្ចុះ នៅនគរបានជ័យ បានការដែលជាស្រុកកេរ្តិ៍របស់ព្រះអង្គ។ សម្ដេចបានឲ្យជាងសាងព្រះបដិមាករមួយ ស្នងព្រះរូបសម្ដេចព្រះស្វាមី ទុកក្នុងគុហាមួយ នៅទីនោះគ្រាន់ជាទីប្រតិបត្តិរបស់ព្រះអង្គជាអចិន្ត្រៃយ៍ទៅ ដោយហេតុថាព្រះអង្គលោកអាឡោះអាល័យ ព្រះស្វាមីពន់ប្រមាណណាស់។
អាស្រ័យហេតុនេះ ព្រះបដិមាករអង្គនេះ បានព្រះនាមថា : ព្រះរូបព្រះបាទបរមសុគន្ធចក្រ តែអ្នកស្រុកហៅយារៗមកថា : អ្នកតាសុគន្ធចក្រទៅវិញ។ អ្នកស្រុករាប់អាន ព្រះរូបនេះណាស់។ ទោះគេទៅបន់ស្រន់សុំការអ្វីៗ ក៏គេរមែងតែងបានដូចសេចក្ដីប្រាថ្នា។
នេះនឹងស្រដី ទៅខាងស្យាមប្រទេស គឺប្រទេសសៀមនោះវិញ។ ប្រទេសសៀមនោះ កាលពីដើមឡើយ ជាប្រទេសចំណុះក្រុងកម្ពុជាធិបតី។ លុះមករាជ្យ ព្រះបាទបទុមសូរ្យវង្ស ដោយទ្រង់យល់ឃើញថា : ពញារោងនោះជាសម្ដេចព្រះជេដ្ឋា ផ្ទាល់នៃព្រះអង្គ ព្រះអង្គក៏លើកប្រទេសចំណុះនោះ ឲ្យឡើងជាប្រទេសឯករាជ្យមួយ និង ឲ្យមានទីក្រុងឈ្មោះ សុខោទ័យ។ ក្នុងគ្រានោះ ពញារោង មានបុណ្យ មានអំណាចណាស់ ព្រះអង្គបានប្រាបប្រាម ស្រុកជិតឆ្ងាយទាំងនោះឲ្យចុះចូលក្នុងអំណាចរបស់ព្រះអង្គ។ ព្រះអង្គលើកស្រុក សុខោទ័យឡើងជានគរធំ ជាប្រទេសឯករាជ្យមួយ។ ព្រះរាជវង្សព្រះអង្គ បានសោយរាជ្យរៀងៗមក ជាច្រើនដំណ។
គ្រាក្រោយពីនោះមក ទើបមានស្ដេចលាវ ខាងស្រុកឈៀងរ៉ាយ ជាយោនក ប្រទេសមួយ (យោនកប្រទេស ជាប្រទេសដើមរបស់ព្រះបាទក្រុងមិលិន្ទ គឺប្រទេសក្រឹក។ ប៉ុន្តែខ្មែរបុរាណ ហៅប្រទេសលាវខាងលិចថា យោនកប្រទេសដែរ) ដែលច្បាំងចាញ់គេ ហើយកៀរគ្រួសារ លើកចុះមកនៅក្នុងដែនដីសៀម។ ស្ដេចលាវនេះ កាលបានប្រាបប្រាម ព្រះរាជត្រកូលពញារោង និង ព្រះរាជវង្សានុវង្សទាំងនោះ ឲ្យចុះចាញ់ព្រះអង្គហើយ ក៏ចុះមកតាំងបន្ទាយនៅស្រុកកំពែងពេជ្រ លើកស្រុកនោះជានគរធំ ហើយប្រែភេទភៀសខ្លួន ប្រើសំដីជាភាសាសៀមវិញ។ ព្រះរាជវង្ស នៃស្ដេចឈៀងរ៉ាយនេះ សោយរាជ្យមកបាន ៤តំណវង្ស ទើបមានរាស្ត្រម្នាក់ឈ្មោះ សែនតុំ បានកូនស្ដេចលាវមកជាភរិយា។ ឈ្មោះនេះ មានបុណ្យណាស់ បានមកដណ្ដើមរាជ្យពួកស្ដេចលាវឈៀងរាយ ហើយសោយរាជ្យក្នុងដែនដីសៀមនោះ។ ស្ដេចជ្រែករាជ្យនេះ បានកសាងព្រះនគរជាថ្មី ដាក់នាមទីក្រុងនោះថាជា ក្រុងទេពបូរី ហើយតាំងខ្លួនឯងជាស្ដេច ទ្រង់នាមជាព្រះសេរីជ័យឈៀងសែន។ ព្រះអង្គសោយរាជ្យបាន ២០ឆ្នាំ ក៏អស់បុណ្យទៅ។
ក្រោយពីព្រះសេរីជ័យឈៀងសែននោះមក ព្រះចៅអ៊ូងទង (សាស្ត្រាខ្លះថាព្រះចៅអង្គនេះទ្រង់ព្រះនាមអ៊ូថោង) ដែលត្រូវជាព្រះរាជបុត្រច្បង នៃ ព្រះសេរីជ័យឈៀងសែននោះ ឡើងសោយរាជ្យជាជំនួសព្រះបិតា។ ព្រះអង្គថយព្រះរាជវាំង មកសាងព្រះនគរ នៅទីណោងស្នោ ដែលនៅជាយខាងត្បូង នៃក្រុងទេពបូរីនោះវិញ ហើយប្រែនាមនគរ ឲ្យហៅថា ក្រុងទេពមហានគរ បវររាជវតី ស្រីអយុធ្យា ជានគរធំ។ ព្រះអង្គមានចៅហ្វាយស្រុក ទាំងធំទាំងតូច ជាច្រើនស្រុក ឡើងចំណុះព្រះអង្គ។ ក្នុងឆ្នាំខាលទោស័ក ព.ស. ១៧១៤-គ.ស.១១៧០-ម.ស. ១០៩២ - ច.ស. ៥៣២ (ឆ្នាំ និងសករាជនេះច្រឡំទេ បើថាឆ្នាំខាលទោស័ក ព.ស. ១៨៩៤ គ.ស. ១៣៥១ - ម.ស. ១២៧៣ - ច.ស. ៧១៣ វិញត្រូវជាង ព្រោះគិតតាមរាជ្យ ព្រះលំពង់រាជា)។
ព្រះចៅអ៊ូថង កាលបានសាងព្រះនគររួចស្រេចហើយ ក៏ឡើងសោយរាជ្យ ហើយទ្រង់ព្រះនាមជា ព្រះចៅរាមាធិបតី ក្រុងស្រីអយុធ្យា។
ឥឡូវនេះយើងខ្ញុំសូមអញ្ជើញ លោកអ្នកអាន មកស្ដាប់ប្រវត្តិវិទ្យា នៃប្រទេសកម្ពុជា តរៀងទៅ។
ព្រះបាទសម្ដេចព្រះលំពង់រាជា ព្រះចៅក្រុងកម្ពុជាធិបតី ក្រោយដែលបានអភិសេក ជាឯកអគ្គមហាបុរសរដ្ឋ ក្នុងប្រទេសកម្ពុជាធិបតីរួចហើយ ព្រះអង្គទ្រង់ប្រោសប្រទានព្រះអនុជ ទ្រង់ព្រះនាមព្រះសុរិយោទ័យ ឲ្យតាំងឡើងជាសម្ដេចព្រះមហាឧបរាជ។ ព្រះមហាឧបរាជ ព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ (សាស្ត្រាខ្លះថា ព្រះសុរិយោវង្ស ជាព្រះរាជបុត្រ ព្រះសុគន្ធចក្រទេ គឺថាព្រះសុរិយោវង្ស ជាព្រះអនុជព្រះអយ្យកាមួយ (ប្អូនជីដូនមួយ) និង ព្រះលំពង់រាជា ព្រះស្រីសុរិយោទ័យ) ព្រះនាមព្រះស្រីសុរិយោវង្ស ព្រះអង្គគង់ជាសុខ ក្នុងរាជសម្បត្តិរៀងមក។
លុះមកដល់ឆ្នាំរោង ចត្វាស័ក ព.ស. ១៧១៦-គ.ស. ១១៧២-ម.ស. ១០៩៤-ច.ស.៥៣៤ (នេះក៏ច្រឡំដែរ បើថាឆ្នាំរោងចត្វាស័ក ព.ស.១៨៦៩-គ.ស.១៣៥៦-ម.ស.១២៧៤-ច.ស.៧១៤ វិញសមជាង) ព្រះចៅរាមាធិបតី ក្រុងស្រីអយុធ្យា មានព្រះទ័យកម្រើកជាខ្លាំង ចង់ឲ្យព្រះនគររបស់ព្រះអង្គធំទូលាយ ក៏តាំងខ្ញាល់នឹងព្រះមហានគរ "ប្រទេសកម្ពុជា" ថាពុំបានទៅចំណុះ ចុះចូលព្រះអង្គ។ លុះទ្រង់កម្រើកព្រះទ័យដូច្នេះហើយ ទើបទ្រង់ព្រះតម្រាស់ត្រាស់ប្រើព្រះរាមាសូ ជារាជបុត្រច្បង ឲ្យឃុំពលមួយម៉ឺននាក់ជាទ័ពធំ ឲ្យព្រះស្រីសុបត្តិ ជាព្រះរាជនត្តា (ចៅ) ឃុំពល ៥០០០នាក់ ជាទ័ពមុខ ហើយឲ្យលើកយ៉ាងស្រូតរូត ប៉ងមកយកក្រុងកម្ពុជាធិបតី បង្ខំវាយកុំឲ្យដឹងខ្លួន។ ព្រះរាមាសូរ ប្រឹងលើកទ័ពស្រូតរូតទាំងយប់ទាំងថ្ងៃ ដើរតាមផ្លូវរាជសីមា។ ពេលនោះ ចៅពញានគររាជសីមា (នគររាជសីមានេះកាលនោះ នៅជារបស់កម្ពុជាយើងនៅឡើយ ពុំបានដឹងជាមុន នឹងគិតកេណ្ឌពលក៏ពុំទាន់ ដូច្នេះហើយ ក៏នាំគ្នាគ្រប់គ្រួរត់ចោលស្រុក ហើយបកសំបុត្រចូលមក ក្រុងមហានគរ) (អង្គធំ) ដើម្បីថ្វាយព្រះករុណា ព្រះលំពង់រាជា ឲ្យទ្រង់បានជ្រាបសព្វសេចក្ដី។ បំរើនាំសំបុត្រមកដល់ ក៏នាំឡើងទៅប្ដឹងសេនាបតី។ សេនាបតីនាំឡើងក្រាបបង្គំទូល ព្រះបរមបពិត្រ។ ព្រះបរមបពិត្រ កាលបានទ្រង់ជ្រាប តាមសំបុត្រនោះ គ្រប់ប្រការហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យជាខ្លាំងណាស់។
សំបុត្រនោះមកដល់នៅវេលាថ្ងៃត្រង់ លុះថ្ងៃរសៀលជិតព្រលប់ កងទ័ពសៀម ក៏លើកមកដល់ព្រះនគរពេញដេរដាសណែនណាន់តាន់តាប់ដែរ ព្រមទាំងប្រដាប់ដោយគ្រឿងសស្ត្រាវុធផ្សេងៗគ្នាប្រុងប្រៀបបោះបន្ទាយរាយចំរូង ក្នុងទីនោះជាបន្ទាន់។
ព្រះបាទសម្ដេចព្រះលំពង់រាជា ស្ដេចបានទ្រង់ជ្រាបថា ទ័ពសៀមលើកមកដល់ដូច្នេះហើយ ក៏ទ្រង់ត្រាស់ប្រើសម្ដេចព្រះមហាឧបរាជ ឲ្យប្រជុំសេនាទាហាន ឲ្យចេញទៅកេណ្ឌអស់រាស្ត្រប្រជា បណ្ដាអ្នកនៅជិតព្រះនគរទាំងប៉ុន្មាន តាំងពីថ្ងៃរសៀលដល់ព្រលប់ ពុំទាន់បានគ្រប់ជាពលពីរសែន "២០០០០០" នៅឡើយទេ តែស្ដេចឲ្យកេណ្ឌមកប្រជុំទុក នៅមុខព្រះលាន ហើយចាត់ចែកគ្រឿងអាវុធ ឲ្យកាន់គ្រប់ៗដៃ។ លុះចាត់ការបានត្រឹមនេះហើយ ទើបទ្រង់ពិភាក្សាសង្គ្រាម ជាមួយនឹងព្រះរាជវង្សានុវង្ស សេនាបតី មន្ត្រីទាំងពួងថា៖
ព្រះនគរយើង បានសុខសប្បាយជាយូរណាស់មកហើយ គ្មានសឹកសង្គ្រាមទេ។ អស់រេហ៍ពល ពុំដែលបានហ្វឹកហ្វឺនហាត់គ្រប់គ្នាផង។ បើដូច្នេះ តើអស់លោកនឹងយល់ថា យើងត្រូវធ្វើដូចម្ដេចខ្លះ?
ខណៈនោះ សម្ដេចព្រះមហាឧបរាជ ក្រាបទូលថា៖
ទ័ពសៀមដែលលើកមកនេះ ស្រូតរូតទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ឈប់ឈរឡើយ រេហ៍ពលរបស់វា កំពុងតែហត់នឿយណាស់ ហើយវាក៏គង់តែមានការធ្វេសប្រហែសខ្លះជាមិនខាន ព្រោះវាប្រមាថខ្មែរយើង ថាដូចជាយើងពុំមែនជាបុរស ជាតិទាហានទេ។ វាទុកយើងជាមនុស្សកំសាកទៀត។ បើដូច្នេះ ទោះបីជាពលយើងពុំស្ទាត់ជំនាញក៏ដោយ តែបើទាហានយើងកំពុងក្លៀវក្លាយ៉ាងនេះហើយ ទូលព្រះបង្គំជាខ្ញុំ សុំយកអាសាចេញទៅវាយទ័ពសៀម កុំឲ្យវាតាំងបន្ទាយ រាយចម្រូង បោះជាប់នៅដីទាន់។ បើយើងធ្វើដូច្នេះ ទ័ពសៀម គង់រសាយដៃ បាក់បែកទ័ព រត់ថយទៅជាពុំខាន។
ព្រះបាទសម្ដេចព្រះលំពង់រាជា ជាព្រះជេដ្ឋា យល់ឃើញថា : ព្រះតម្រិះរបស់ព្រះអនុជនោះត្រឹមត្រូវហើយ ទើបទ្រង់ត្រាស់ឲ្យសម្ដេចព្រះមហាឧបរាជ កាន់ពលប្រាំម៉ឺននាក់ ឲ្យលើកទ័ពចេញទៅវាយទ័ពសៀមភ្លាម។ ព្រះអង្គចាត់ឲ្យកេណ្ឌពល ១៥០០០០នាក់ (ចំនួនទ័ពនេះប្រហែលជាថែមដោយច្រឡំ) ដទៃទៀត ឲ្យមកនៅរក្សាព្រះនគរ។ ខណៈនោះ សម្ដេចព្រះមហាឧបរាជ ទ្រង់ត្រាស់ ឲ្យរៀបក្បួនទ័ព តាមក្បួនស្រេចហើយ ស្ដេចក៏ទ្រង់គ្រឿងគ្រប់ប្រដាប់ សម្រាប់សង្គ្រាមយុទ្ធ ទ្រង់ឡើងគង់ព្រះទីនាំងគជេន្ទ្រ ចងគ្រឿងបវររតន៍ ចងគ្រឿងបវររដ្ឋាយុទ្ធ ទើបស្ដេចលើកពលសេះដំរី អាជានេយ្យ និង ពលថ្មើរជើង ព្រមដោយគ្រឿងសស្ត្រាវុធ ចេញចាកព្រះមហានគរ តាំងពីពេលវេលាព្រលប់ធំទៅ។ លុះទៅដល់យល់ទ័ពសៀម កំពុងតែតាំងបន្ទាយ យ៉ាងប្រញឹកប្រញាប់ដៃគ្រប់គ្នា ព្រះមហាឧបរាជ ក៏ដេញពលអោយចូលចោមមកវាយទ័ពមុខរបស់សៀម បណ្ដាលឲ្យបែកដល់ទៅទ័ពធំ។ ទ័ពធំដែលពុំទាន់ដឹងខ្លួនថា មានទ័ពខ្មែរចូលមកលុកលុយដូច្នេះ ក៏ស្រាប់តែផ្អើលភ្ញាក់ភិតភ័យ គឹកកងកោលាហល រចល់ចាប់គ្រឿងសស្ត្រាវុធ រក្សាខ្លួនទីទៃៗ។
ឯព្រះបាទស៊ីសុបត្តិ ដែលជាមេទ័ពស្រួចនោះ ក៏ក្រឡាស់ប្រាស់ព្រះអង្គ ឡើងគង់ទីនាំងគជេន្ទ្រកៀងកាល់ពលសៀមឲ្យចូលច្បាំង កងទ័ពសៀមប្រកាប់គ្នា នឹង ទ័ពខ្មែរទៅវិញទៅមក យ៉ាងគគ្រឹកគគ្រេង បែកផ្សែង ឮតែសូរអាវុធ។
សម្ដេចព្រះមហាឧបរាជ ស្ដេចបររាជគជេន្ទ្រ ប្រជល់ នឹង ដំរីព្រះស៊ីសុបត្តិ ឥតមានបង្អង់ពេលឡើយ។ ព្រះទីនាំងព្រះមហាឧបរាជ ចាក់ត្រូវដំរីសៀម ដែលបែរឲ្យប្រែទទឹងខ្លួនទៅ ព្រះមហាឧបរាជទ្រង់ក៏កាប់ នឹង ព្រះឆែងដាវ ត្រូវកព្រះស៊ីសុបត្តិ ដាច់កធ្លាក់អំពីខ្នងដំរី មកដល់ដី ទទួលមរណៈភ្លាម។
ទ័ពសៀម ឃើញមេទ័ពរបស់ខ្លួន បរាជ័យដូច្នេះ ក៏បែកទ័ព ប្រាស់យកតែអាយុសព្វៗខ្លួន។ ទ័ពខ្មែរ កាលបើមានជ័យហើយ ក៏ចេញទៅច្បាំង នឹង ទ័ពធំរបស់សៀមទៀត។ ខណៈនោះ ព្រះរាមាសូរ ពុំបានដឹងព្រះអង្គជាមុន កាល់ពលឲ្យចូលច្បាំងក៏ពុំបាន ទើបព្រះអង្គ ឲ្យថយទ័ពត្រឡប់ទៅក្រោយវិញជាប្រញាប់។
សម្ដេចព្រះមហាឧបរាជ កាលព្រះអង្គមានជ័យជំនះសព្វគ្រប់ហើយ ទ្រង់ក៏ចាប់ឃុំពលសៀម និង ប្រមូលគ្រឿងសស្ត្រាវុធ ហើយឲ្យត្រឡប់ចូលព្រះនគរ នាំឡើងក្រាបបង្គំទូលថ្វាយសេចក្ដីដែលមានជ័យជំនះគ្រប់ប្រការ និង ចាប់បានពលសៀម ព្រមទាំងគ្រឿងសស្ត្រាវុធជាច្រើននោះផង។
ព្រះបាទសម្ដេច ព្រះលំពង់រាជា ជាព្រះបរមរាជជេដ្ឋា កាលទ្រង់ជ្រាបពីកិច្ចការសង្គ្រាមគ្រប់ប្រការហើយ ព្រះអង្គទ្រង់ព្រះអំណរណាស់ ទ្រង់ព្រះរាជទាន ព្រះរាជទ្រព្យជាច្រើន ដល់សេនាទាហាន តាមមានគុណបំណាច់តិចច្រើនគ្រប់ៗគ្នា។
ចំណែកឯព្រះរាមាសូរ កាលចាញ់ទ័ពខ្មែរហើយ ក៏ត្រឡប់ផុតពីដែនក្រុងកម្ពុជាទៅ។ លុះឃើញថា ពុំមានកងទ័ពខ្មែរដេញតាមមកទៀតទេ ទ្រង់ក៏បោះបន្ទាយរាយកងទ័ព បញ្ឈប់នៅទីនោះ ហើយទ្រង់ឲ្យបំរើសេះ ចូលទៅក្រុងស្រីអយុធ្យា យកសេចក្ដីក្រាបបង្គំទូលព្រះបិតាគ្រប់ប្រការ ព្រមទាំងសុំកងទ័ព ឲ្យមកជួយទៀត។ ព្រះចៅរាមាធិបតី ក្រុងស្រីអយុធ្យា កាលទ្រង់ជ្រាបថា : ព្រះស៊ីសុបត្តិ ស្លាប់ហើយ ព្រះអង្គតូចព្រះទ័យ ខ្ញាល់ខ្លាំងណាស់ ទើបទ្រង់ត្រាស់ ឲ្យកេណ្ឌកងទ័ព ឲ្យបានច្រើននាំយកទៅថ្វាយព្រះបរមរាជា ជាបងថ្លៃ ឲ្យធ្វើជាមេទ័ពធំ និង ចៅបាសាត ចៅបាអាត ចៅកំបង់ពិសី ទាំង៣ អង្គ ដែលជាព្រះរាជបុត្រា នៃ ព្រះរាមាសូរ ព្រមដោយមុខមន្ត្រី ឲ្យលើកកងទ័ព ទៅសន្ធប់ (លើកកងទ័ពទៅសន្ធប់ នឹង ទ័ពមុន = បានសេចក្ដីថាយកទៅថែមនឹងទ័ពមុន) នឹងទ័ពព្រះរាមាសូរ ហើយឲ្យលើកចូលមកក្រុងកម្ពុជាទៀត។
ក៏ឯប្រទេសកម្ពុជា យើងវិញ កាលបានឈ្នះទ័ពសៀមហើយ ក៏ធ្វេសប្រហែស បើកកងទ័ពឲ្យចេញទៅតាមលំនៅទីទៃៗរបស់ខ្លួន។ លុះទ័ពសៀម លើកកងទ័ព មកដល់ជិត នឹង កំពែងព្រះនគរហើយ ទើបបំរើសេះ នាំសេចក្ដីមកក្រាបបង្គំទូល ឲ្យទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះលំពង់រាជា កាលទ្រង់ទទួលព័ត៌មានពីបំរើសេះកាលណា បានទ្រង់ជ្រាបគ្រប់ការហើយ ក៏ភ្ញាក់ព្រះអង្គយ៉ាងខ្លាំង។ ទ្រង់ព្រះវិតក្កណាស់ ទ្រង់ត្រាស់ដេញរាស្ត្រប្រជា បណ្ដាអ្នកនៅក្រៅកំពែងទាំងប៉ុន្មាន ឲ្យចូលនៅក្នុងកំពែងទាំងអស់ ហើយទ្រង់កេណ្ឌរេហ៍ពល ឲ្យឡើងចាំរក្សានាទីប៉ម សើន ជុំព្រះនគរ។ លុះព្រឹកឡើង ទ្រង់ត្រាស់ប្រឹក្សា នឹង សម្ដេចព្រះមហាឧបរាជ ព្រមទាំងសព្វមុខមន្ត្រីទាំងពួងថា :
ទ័ពសៀមលើកមកម្ដងនេះ ច្រើនលើសជាងទ័ពមុនដប់កំលាំង ពលយើងតិច ហើយយើងឲ្យរំសាយអស់ទៅទៀត។ ដូច្នេះឃើញថា យើង នឹង តតាំងច្បាំងក្នុងពេលឥឡូវនេះ ពុំទាន់បានទេ យើងមានតែកេណ្ឌកងទ័ពស្រុកក្រៅ មកវាយផ្ទប់ទាំងក្នុងទាំងក្រៅ ទើបឈ្នះវាបាន។
លុះព្រះរាជវង្សា សេនាបតី មន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ព្រះបរមបពិត្រ ត្រាស់ប្រើព្រះសុរិយោវង្ស ដែលជាព្រះអនុជ ព្រះអយ្យកោមួយ ជាព្រះរាជបុត្រ ព្រះបាទស្រីសុគន្ធចក្រ ឲ្យចេញទៅកេណ្ឌកងទ័ព គ្រប់ចៅហ្វាយស្រុកក្រៅ ឲ្យលើកមកជួយព្រះមហានគរ។ ព្រះស្រីសុរិយោវង្ស ក៏ថ្វាយបង្គំលាចេញទៅតាមត្រាស់បង្គាប់។
ទ័ពសៀមដែលលើកមកដល់ហើយ ក៏ឈប់ចាំស្ដាប់ការណ៍គ្រប់៣ថ្ងៃ។ លុះដល់បាត់ពុំឃើញកងទ័ពខ្មែរ លើកទ័ពចេញទៅច្បាំងសោះ ក៏ព្រះបរមរាជា ជាមេទ័ពធំ ចាត់ឲ្យព្រះរាមាសូរ ជាមេកង នាំពលចូលវាយទិសខាងជើង ឲ្យចៅបាសាតជាមេកងឃុំពល (ឃុំពល គឺយកពល ឬ នាំពលចូលទៅច្បាំង ឬកាន់បញ្ជាការលើពលមានចំនួន តាមដែលមេទ័ពចែកឲ្យមក) ចូលវាយទិសខាងកើត ឲ្យចៅបាអាត នាំពលចូលវាយទិសខាងត្បូង ឲ្យចៅកំបង់ពិសី ជាមេកង នាំពលចូលវាយពីទិសខាងលិច ហើយឲ្យតាំងបន្ទាយ វាយចោមជុំព្រះនគរ ចំងាយ ៥០ សិនខ្លះ ៦០ សិនខ្លះ។ លុះតាំងបន្ទាយរាយខ្ជាប់មាំមួនហើយ ទើបមេទ័ពសៀមឲ្យលើកចូលតាំងបន្ទាយមួយ ជាប់នៅខាងក្នុងទៀត ឆ្ងាយពីកំពែងព្រះនគរ ២០សិនខ្លះ ៣០សិនខ្លះ។
ព្រះបាទសម្ដេច ព្រះលំពង់រាជា កាលយល់ថា : កងទ័ពសៀមកាន់តែលុករុករានទន្ទ្រានចូលមកជិតណាស់ហើយ នឹង ចាំកងទ័ព ដែលព្រះសុរិយោវង្សទៅកេណ្ឌនោះ ក៏បាត់ស្ងាត់មិនទាន់ឃើញមក ទើបទ្រង់ចាត់ព្យុហយាត្រា សេនារាជយោធាទាហាន ស្ដេចព្រះរាជដំណើរ ចេញធ្វើសង្គ្រាម វាយទ័ពសៀម។ ពលសេនា យោធា ទាហាន ក៏បានតាំង ច្បាំង ប្រកាប់ បោះបាញ់ ចាក់កាប់ស្លាប់ស្មើគ្នាទាំងសងខាង។ ខ្មែរវាយទ័ពសៀម ក៏ពុំបែក សៀមវាយទ័ពខ្មែរក៏ពុំបែក លុះប្រយុទ្ធគ្នា ល្មមដល់ពេលព្រលប់ បញ្ឈប់ទ័ពហើយ ស្ដេចត្រឡប់ចូលព្រះនគរវិញ។
ព្រះរាមាសូរ ឲ្យធ្វើបន្ទាយលើកដីជាប៉មឡើងខ្ពស់ ស្មើនឹងកំពែងព្រះនគរ។ ហើយអូសកាំភ្លើងធំដាក់បាញ់តម្រង់ចូលមកក្នុងព្រះនគរ។ កងទ័ពខាងព្រះមហានគរ "អង្គរធំប្រទេសកម្ពុជា ក៏អូសកាំភ្លើងធំ" មកដាក់គងលើភាគកំផែងបន្ទាយ ហើយបាញ់ទៅវិញទៅមក ឮសូរស័ព្ទសន្ធឹកពន្លឹកមហិមា។ ទ័ពខាងព្រះនគរ លើកចេញទៅវាយទ័ពសៀម ជាច្រើនគ្រា តែពុំមានជ័យជំនះសោះ។ ខាងទ័ពសៀមលើកមកប្លន់ វាយបន្ទាយព្រះនគរវិញ រេហ៍ពលក៏ស្លាប់អស់ជាច្រើនណាស់ដែរ តែក៏យកព្រះនគរពុំបាន។ ខ្មែរ និង សៀមតាំងច្បាំងគ្នាច្រើនដង ច្រើនគ្រា តាំងពីខែមិគសិរ ឆ្នាំរោង ចត្វាស័ករៀងមកដល់ខែចេត្រ ឆ្នាំម្សាញ់ បញ្ចសក ត្រូវជាមួយឆ្នាំប្រាំខែ តែពុំមានខាងណាចាញ់ ខាងណាឈ្នះសោះសឹងតែរបឹងរឹងរូសទាំងសងខាង។ កាលបើសង្គ្រាមនៅនឹងពុំមានជឿន ឬចម្រើនខាងណាដូច្នេះ ទើបព្រះបាទលំពង់រាជា ទ្រង់មានព្រះរាជសារ ឲ្យរាជទូតនាំទៅឲ្យមេទ័ពសៀម ឲ្យនាំយកទៅថ្វាយព្រះចៅបរមរាជា ជាមេទ័ពសៀម។ មេទ័ពធំ ទទួលឲ្យអាល័ក្ស មើលប្រែជាសៀម ដែលមានសេចក្ដីថា :
"នគរកម្ពុជាធិបតី ជាមហានគរ ដែលសៀមធ្លាប់ជាចំណុះរៀងមក ហើយសៀមបានតាំងខ្លួនជាឯករាជ្យ រក្សាខេត្តខ័ណ្ឌ ព័ទ្ធសីមា ដោយខ្លួនរួចទៅហើយ។ ខាងយើង យើងក៏ពុំដែលគុំគួន បង្កបង្កើតជាសត្រូវ នឹង សៀមដល់ម្ដងឡើយ។ ឥឡូវនេះ ហេតុភេទ ប្រការដូចម្ដេច ក៏បានជាសៀមលើកទ័ព មកធ្វើសង្គ្រាម នឹង ខ្មែរ ឲ្យសមណៈ ជីព្រាហ្មណ៍ អាណាប្រជានុរាស្ត្រ ក្ដៅក្រហាយ យ៉ាងដូច្នេះ ឬក៏ប្រាថ្នាការភ័ស្តុផលអ្វី?"
ព្រះបរមរាជា មេទ័ពសៀម ជ្រាបសេចក្ដីហើយ ទើបឲ្យតែងជាព្រះរាជសារ ប្រគល់ឲ្យបំរើនាំមកថ្វាយវិញ ដែលមានសេចក្ដីថា:
"ក្រុងស្រីអយុធ្យា ដែលលើកទ័ពមកនេះ គឺចង់ឲ្យមហានគរ ប្រទេសកម្ពុជាព្រមចំណុះក្រុងស្រីអយុធ្យា។ ថាបើក្រុងកម្ពុជាធិបតី ព្រមចំណុះក្រុងស្រីអយុធ្យាហើយ សៀមនឹងលើកទ័ពត្រឡប់ទៅវិញភ្លាម"
ព្រះបាទបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតផែនដី ក្រុងកម្ពុជា បានទតព្រះរាជសារនេះហើយ ក៏មានព្រះតម្រាស់ ក្នុងទីប្រជុំព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីថា :
"យើងធ្លាប់មានកិត្តិយសខ្ពស់ប្រសើរ បើយើង នឹង ទទួលចំណុះសៀមទៅ នឹង នាំឲ្យខូចកេរ្តិ៍ឈ្មោះអាប់យស នឹង អស់ប្រទេសទាំងពួង ជាមិនខានឡើយ។ ដូច្នេះសៀមឯងកុំសង្ស័យឡើយថា ប្រទេសកម្ពុជា ព្រមចំណុះខ្លួនឲ្យសោះ"។ ទ្រង់ព្រះតម្រាស់ដូច្នេះរួចហើយ ព្រះបរមបពិត្រ អម្ចាស់ជីវិតផែនប្រទេសកម្ពុជា ស្ដេចយាងចេញប្រទក្សិណ ត្រួតត្រារក្សាព្រះនគរជាមាំមួន។
ខាងទ័ពសៀម ក៏ចោមព្រះនគរជុំវិញ ឥតមានបន្ធូរបន្ថយឡើយ។ លុះដល់វស្សានរដូវ (រដូវភ្លៀង) ត្រូវភ្លៀងធ្លាក់មកជោកជាំ ព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងឲ្យពលធ្វើស្រែ យកស្រូវជាស្បៀងអាហារ ទុកសម្រាប់ការសង្គ្រាមទៅអនាគត។
ចំណែក មេទ័ពសៀម គឺព្រះបរមរាជា ព្រះអង្គឲ្យព្រះរាជបំរើ ទៅក្រាបទូល ព្រះចៅរាមាធិបតី ជាម្ចាស់ផែនដីសៀមថា ៖
ការសង្គ្រាម នៅប្រទេសខ្មែរសព្វថ្ងៃនេះ នៅតែរបឹងរឹងរូសទៅវិញ ទៅមក មិនទាន់មានខាងណាជាទន់ជាងខាងណាឡើយ។ ថាបើសៀម នឹង យកស្រុកខ្មែរឲ្យបាននោះបានតែខំប្រឹង ក្នុងគ្រាវេលានេះទេ។ ប្រសិនបើយើងថយទ័ព ត្រលប់ទៅប្រទេសវិញ ទុកឲ្យខ្មែរដឹងខ្លួន ខ្មែរនឹងកេណ្ឌពលពីស្រុកក្រៅ បានមកជួបជុំហើយ នោះសៀមកុំនឹកឡើយថា នឹងបានស្រុកខ្មែរឲ្យសោះ។
ព្រះចៅ រាមាធិបតី យល់តាមសំបុត្រនោះ ឃើញថា ត្រូវហើយ ទើបឲ្យកេណ្ឌកងទ័ព ប្រុងប្រៀបរៀបពលជាច្រើន។ លុះចេញវស្សា ស្ដេចក៏លើកទ័ពមក ដោយព្រះអង្គឯង រហូតមកដល់ជិតមហានគរ។ ខណៈនោះ ស្ដេចឲ្យលើកពលចូលចោមជិតរឹតរឹងប្រឹងធ្វើការលើសដើម។
នេះនឹងស្រដី ឯសម្ដេចព្រះអនុជ ព្រះស្រីសូរិយោវង្ស ដែលទ្រង់ចេញទៅកេណ្ឌកងទ័ពខាងស្រុកក្រៅ។ លុះកេណ្ឌមកពុំទាន់បានជុំគ្រប់ស្រុកគ្រប់ខេត្ត ហើយបានដឹងថា : ទ័ពសៀមលើកមកច្រើនណាស់ ទ្រង់ក៏ប្រជុំពល លើកមកជិតគិតតាំងបន្ទាយចោមទ័ពសៀមវិញ។
ខណៈនោះ សៀម ដឹងហើយ ក៏លើកកងទ័ពបំបែកទៅវាយទ័ព ព្រះស្រីសុរិយោវង្ស បណ្ដាលឲ្យទ័ពខ្មែរបែកបាក់ខ្ចាត់ខ្ចាយអស់។ ទ្រង់ នឹង តាំងលើកមកវិញក៏ពុំបាន ទើបព្រះស្រីសុរិយោវង្ស ស្ដេចរត់ហួសទៅ នឹង នគរលាវលានជាង (ឯកសារដើមសរសេរថា ឡានធាង គឺសរសេរតាមសំនៀងរបស់លាវ។ តែបើសរសេរតាមអក្ខរាវិរុទ្ធខ្មែរត្រូវសរសេរថា "លានជាង" វិញទើបត្រូវ ព្រោះ លានជាង ប្រែ ដំរីមួយលាន ជាឈ្មោះរបស់ស្រុកលាវ គឺស្រុកដែលមានដំរីច្រើន) ចម្បាសក្ដិ។ ឯចៅហ្វាយស្រុកខ្មែរខេត្តក្រៅបានដឹងថា : ទ័ពសៀម ចោមព្រះមហានគរហើយ ក៏កេណ្ឌកងទ័ព គ្រប់ស្រុកលើកចូលមកជួយជាច្រើនកង តែពុំបានមកព្រមគ្នា តែម្ដងទេ។ ស្រុកណាលើកមកដល់មុន ប្រទះនឹងទ័ពសៀម ក៏ច្បាំងគ្នា នឹង សៀមទៅ។ ប៉ុន្តែ ដោយទ័ពសៀមច្រើនជាងខ្មែរ វាក៏លើកវាយទ័ពខ្មែរនោះ ខ្ចាត់ខ្ចាយទៅទីដទៃៗអស់ទៅទៀត។
ព្រះចៅរាមាធិបតី បរពលប្រជុំទ័ពធំ វាយប្លន់ព្រះមហានគរជាច្រើនលើក ច្រើនសាទៀត តែមិនបានការសោះ។ កងទ័ពខ្មែររក្សាបន្ទាយ ក៏បាញ់កាំភ្លើងធំ តូច ធ្នូ ស្នា ពួយ ចាក់ ដោយសស្ត្រាវុធ ដែលមានគ្រប់ដៃ បណ្ដាលឲ្យត្រូវពលសៀម ភ្លូកភ្លឹកស្លាប់ជាច្រើន។ បើគិតតាំងពីសៀមចោមនគរមកនោះគ្រប់មួយខួប គឺ១២ខែហើយ តែសៀមធ្វើការសង្គ្រាមពុំបានចាញ់ឈ្នះសោះ។
ព្រះបាទសម្ដេច ព្រះលំពង់រាជាធិរាជ ស្ដេចទ្រង់ព្រះវិតក្ក នឹង ការសង្គ្រាមណាស់ ក៏បណ្ដាលជាព្រះរោគ មកញាំញីព្រះអង្គជាខ្លាំង ព្រះអង្គក៏សុគតទៅ។ "ព្រះអង្គសោយរាជ្យជាសុខសាន្តបាន៣ឆ្នាំសោយរាជ្យក្នុង ២ឆ្នាំ បូករួមទាំងអស់ត្រូវជា ៥ឆ្នាំ"។
សម្ដេចព្រះមហាឧបរាជ កាលបើឃើញព្រះរាមរបស់ព្រះអង្គទ្រង់សុគតទៅដូច្នេះហើយ ព្រះអង្គក៏ទ្រង់ព្រះកន្សែងសោយសោកជាខ្លាំង។ សោកស្រេច ស្ដេចលើកព្រះបរមសព តម្កល់ទុកក្នុងមហាប្រាសាទ ហើយព្រះអង្គត្រួតត្រាការសង្គ្រាមដូចប្រក្រតី។ ប៉ុន្តែដោយហេតុថា ព្រះគ្រោះនៃមហានគរ នឹង ដល់នូវកលិយុគ ជាទុក្ខវិនាសអន្តរាយ កងទ័ពរេហ៍ពលសាកលប្រជានុរាស្ត្រ មិនអាចទប់ទល់ នឹង សេចក្ដីទុក្ខនេះបាន ក៏យំសោកភ្លឹកចិត្តភិតភ័យ ញាប់ញ័ររាល់រូបកាយ។ សូរស័ព្ទយំយោបំរងំ ពេញទាំងមហានគរ។
ព្រះរាមាធិបតី បានដំណឹងនេះហើយ ហើយយល់ថាជាការណ៍ចំណាប់របស់ព្រះអង្គហើយ ក៏បរពលចូលព្រះមហានគរទៀត។ ព្រះអង្គដាក់ព្រះអាជ្ញាថា បើអ្នកឯណារារត់ ទ្រង់យកទោសកាត់ក្បាលដោយជាបំរាម។ ថាបើអ្នកណាចូលព្រះនគរបានមុខ ទ្រង់នឹងប្រទានរង្វាន់ជាច្រើន។ គ្រានោះសេនាយោធាទាហាន បានឮព្រះបន្ទូលព្រះរាមាធិបតី "ស្ដេចសៀម" ហើយក៏មានចិត្តព្រឺព្រមគ្នាចូលពាក់បង្អោងតោងជណ្ដើរបានរាល់គ្នា ហើយឡើងក្បាលបន្ទាយបានគ្រប់ៗគ្នា។ ខាងទ័ពខ្មែរ កាលបើបានឃើញទ័ពសៀម មានចិត្តក្លាហាន ឡើងដល់ក្បាលបន្ទាយហើយ ក៏ឥតរុញរា រារែកដែរ គឺចូលទៅច្បាំងលើក្បាលបន្ទាយ ព្រះមហានគរ តបតទៅវិញយ៉ាងសាហាវ។ សង្គ្រាមនេះ ឮតែសន្ធឹកសូរស្គរ គងរគាំងត តាំងហ៊ោកញ្ជ្រៀវ សូរកាំភ្លើងកៅទ័ណ្ឌ (ធ្នូសម្រាប់ព្រះទ្រង់រាជ) ធ្នូ ស្នា សស្ត្រាវុធ ជាមហាកោលាហល រចល់ពលសៀមក៏ស្លាប់គរជើងលើគ្នា នៅជើងកំពែង។ ពលខ្មែរក៏ស្លាប់រាប់មិនអស់ដូចគ្នា។ ខណៈនោះ ចៅបាសាត (ព្រះរាជបុត្រទី២ នៃ ព្រះចៅសៀម) បរពលទាហានរុករាន លុកចូលទិសខាងកើត បានដល់មកក្នុងកំពែងព្រះនគរ។ កងទាហានទីទៃ ក៏បានចូលគ្រប់ទិស ចាក់កាប់ សម្លាប់គ្នា ជាច្រឡំបល់ក្នុងព្រះនគរ។ ពលខ្មែរស្លាប់ច្រើនម៉ឺនណាស់ ឈាមក្រហមដាលដាសទាំងទីកំពែងព្រះរាជវាំង។
កាលវេលា ទ័ពសៀមចូលបាននោះ សម្ដេចព្រះមហាឧបរាជ ព្រះអង្គសុគតក្នុងសង្គ្រាមយុទ្ធនោះទៅហើយ ពុំមាននរណាឡើយ ជាមេទ័ពត្រួតត្រា តំណអំពីព្រះអង្គសោះ។ បណ្ដារេហ៍ពល សាកលយោធា ក៏រំសាយដៃ រំលាយគ្នាអស់ទៅ។
ព្រះបរមរាជា ជាព្រះរាជបុត្រ ព្រះបាទសម្ដេចព្រះលំពង់រាជា ព្រះធម្មាសោករាជ ជាព្រះរាជបុត្រសម្ដេចព្រះមហាឧបរាជ និង រាជគ្រូបុរោហិត កាលបើឃើញថា នឹង ទប់ទល់ នឹង ទ័ពសៀមពុំបានហើយក៏បបួលគ្នាយកគ្រឿងសម្រាប់រាជ្យ និង ព្រះខាន់ លំពែងជ័យ គ្រឿងកៅទ័ណ្ឌសម្រាប់ព្រះបញ្ចក្សេត្រនោះ នាំមុខមន្ត្រីរាស្ត្រប្រជាច្រើនម៉ឺននាក់ វាយទម្លាយទ័ពសៀម ត្រាតែបែកហើយរត់រួចចេញទៅ។ គ្រានោះ ព្រះមហានគរ ក៏បែកខូចបានទៅសៀម ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព.ស.១៨៩៧-គ.ស.១៣៥៣-ម.ស.១២៧៥-ច.ស. ៧១៥។
ព្រះរាមាធិបតី (ស្ដេចសៀម) កាលបើមានជ័យជំនះលើខ្មែរហើយ ក៏លើកពលសៀមចូលមកមហានគរ ប្រមូលព្រះរាជទ្រព្យសម្បត្តិ ក្នុងឃ្លាំង យកបញ្ជីគ្រប់ចំនួន ចាប់យករាស្ត្រខ្មែរក្នុងនគរ ដាក់ជាឈ្លើយបានមួយសែនគ្រួ ហើយស្ដេចនាំសេនាទាហាន ចូលទតក្នុងព្រះមហានគរ គ្រប់ប្រាសាទរាជសីមា នៅដំណាក់រោងទង រោងទីរាជឃ្លាំង កំពែងគ្រប់តំបន់ សុទ្ធសឹងប្រដាប់រចនាដោយកែវ ដោយថ្ម ឆ្លាក់ទឹបមាស ឱភាសប្រសើរណាស់។ ព្រះចៅរាមាធិបតី និង សេនាទាហាន ក៏លាន់មាត់សរសើរថា : ប្រាសាទមហានគរនេះ ល្អដូចប្រាសាទក្នុងឋានត្រៃត្រឹង្សា សួគ៌ា ដូចបានល្បីឮរន្ទឺគ្រប់ប្រទេសរៀងមកមែន។ លុះស្ដេចទៅដល់ទីតម្កល់ព្រះសព ព្រះលំពង់រាជា ក៏ព្រះអង្គបង្កើតជាធម្មសង្វេគ ទ្រង់ត្រាស់ឲ្យរៀបថ្វាយព្រះភ្លើង ព្រះសពព្រះបាទលំពង់រាជា និង សម្ដេចព្រះមហាឧបរាជ តាមទំនៀមរបស់ខ្មែរ។ លុះរៀបស្រេចហើយ ទើបស្ដេចរៀបអភិសេកព្រះរាជបុត្រទី១ របស់ព្រះអង្គព្រះនាមព្រះចៅបាអាត ឲ្យសោយរាជ្យក្នុងដែនដី ប្រទេសកម្ពុជា។
ផែនដីព្រះចៅបាអាត "ស្ដេចសៀម
(ពីគ.ស.១៣៥៣ ដល់ គ.ស.១៣៥៥)
ចៅបាអាត ឡើងសោយរាជ្យ នៅមហានគរ ក្នុងឆ្នាំម្សាញ់ បញ្ចស័កនោះ ព្រះអង្គទ្រង់ ព្រះនាមថា ព្រះចៅបាអាតរាជា។ ព្រះចៅរាមាធិបតី ស្ដេចសៀម កាលបើបានរៀបអភិសេក ព្រះរាជបុត្រទី១ របស់ព្រះអង្គរួចហើយ ក៏បានទុកព្រះចៅបាអាតមួយ ចៅកំពង់ពិសីមួយ និងសេនាទាហានសៀមមួយម៉ឺននាក់ ឲ្យនៅជួយធ្វើការរាជការ និង រក្សានគរ។ ទ្រង់តាំងនាម៉ឺនសៀម ឲ្យធ្វើជាចៅហ្វាយស្រុក ស្រុកបស្ចិមមួយ នគររាជសីមាមួយ ស្រុកទាំងពីរ សៀមយកជាប់ទៅ តាំងពីពេលនោះមក។ ព្រះចៅរាមាធិបតី លុះតាំងនាម៉ឺនរួចហើយ ទ្រង់ប្រទានរង្វាន់ ដល់សេនាទាហានតាមសមគួរ។ ស្ដេចត្រាស់ឲ្យផាត់កៀរគ្រួសារខ្មែរ ប្រាំបួនម៉ឺននាក់ ទ្រង់ទុកមួយម៉ឺន ទ្រង់ឲ្យជញ្ជូនយកទ្រព្យ ពិសេសមានតម្លៃ និង មាសប្រាក់សម្រាប់ផែនដី សព្វដំរី សេះ ព្រះរាជទ្រព្យគ្រប់គ្រឿងប្រដាប់ ទ្រង់ឲ្យយកកន្ទេលមាស កន្ទេលប្រាក់ ដាក់រទេះ ផ្ទុកជាស្រេចហើយ ទើបស្ដេចលើកទ័ព មកក្រុងមហានគរវិញ។
ព្រះចៅបាអាត បានសោយរាជ្យ ជាស្ដេចក្នុងប្រទេសកម្ពុជា ទ្រង់បានឲ្យមនុស្សដើរបញ្ចុះបញ្ចូលរាស្ត្រខ្មែរបានមកតាំងជាមន្ត្រី ហើយឲ្យមន្ត្រីខ្មែរ សៀម ចេញប្រាបប្រាម សង្កត់ខែត្រនានា ក្នុងប្រទេសកម្ពុជា តែសង្កត់បានតែខែត្រ ដែលនៅជិតៗប៉ុណ្ណោះ ឯខែត្រធំ តូច នៅត្រើយខាងកើត ខាងជើង ខាងត្បូងនោះ ពុំមកចុះចូលស្ដេចឡើយ។ ចៅហ្វាយស្រុកទាំងនោះ តាំងខ្លួនជាធំតែដោយខ្លួន លើកទ័ពលបកាប់សម្លាប់គ្នា, អស់ប្រជានុរាស្ត្រ កើតវិនាសក្ដៅក្រហាយ ជាកលិយុគ កើតទុក្ខតាំងពីឆ្នាំម្សាញ់បញ្ចស័កនោះរៀងមក។
នេះនឹងស្រដីពីព្រះស្រីសុរិយោវង្ស ដែលព្រះអង្គចាញ់ទ័ពសៀម រត់ទៅប្រទេសលាវ។ ព្រះស្រីសុរិយោវង្ស ដែលស្ដេចទៅគង់នៅក្នុងនគរលាវនោះ លុះមហានគរបែកធ្លាយហើយ ព្រះអង្គក៏ចេញអំពីនគរលាវ មកបញ្ចុះបញ្ចូលសេនាទាហាន ប្រាបប្រាមស្រុកដែលចលាចល ឲ្យបានរាបទាប រហូតទល់ នឹង ស្រុកចំណុះសៀម។
ព្រះចៅបាអាត សោយរាជ្យបាន ២ឆ្នាំ គឺពីឆ្នាំម្សាញ់ បញ្ចស័ក ដល់ឆ្នាំមមែ សប្តស័ក បើរាប់តែក្បាលឆ្នាំ បាន៣ឆ្នាំ ទ្រង់ប្រឈួនហើយសុគតទៅ។ មន្ត្រីខ្មែរសៀម លើកព្រះសពធ្វើបុណ្យ ហើយអញ្ជើញព្រះចៅបាសាត ជាព្រះរាជអនុជ ឲ្យឡើងសោយរាជ្យ ជាជំនួសព្រះរៀម។