ផែនដី (1)ព្រះបាទអង្គជ័យ ឬ ព្រះបាទត្រសក់ផ្អែម
ថ្ងៃសៅរ៍ ទី16.ធ្នូ 2017.ម៉ោង 7:50

ព.ស. ១៥៤២ គ.ស. ៩៩៨ មហាសករាជ ៩៣០ ចុល្លសករាជ ៣៦០ ឆ្នាំច សំរឹទ្ធស័ក ពញាជ័យ ព្រះជន្ម៤៥០ឆ្នាំ (បើថា ៤៥៣ឆ្នាំ ទើបត្រូវ នឹង រឿងខាងក្រោម) បានឡើងសោយរាជ្យតប្រយូរវង្ស (ប្រែថា ផៅពង្ស, ព្រះញាតិ, ព្រះញាតិវង្ស) ព្រះបាទសេណករាជ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជជ័យ។ ទ្រង់បានលើក ពញាសួស្ដិ៍ ព្រះអនុជជាសម្ដេចព្រះមហាឧបរាជ។ ពញាជ័យ និង ពញាសួស្តិ៍ មានដើមកំណើត ដូចតទៅនេះ៖

ហេតុនេះ ទ្រង់ប្រោសប្រទាន ព្រះរាជ​វិនិច្ឆ័យ​ថា : ក្របី​ដែល​ស្លាប់​នេះ​ ទុក​ជា​កម្ម​របស់​សត្វ​ចុះ​យើង​ នឹង យក​ទោស​ពញា​ជ័យ​មិន​បាន​ទេ​។ ទើប​ទ្រង់​ឲ្យ​ពួក​ជាង​ យក​ដុំ​ក្រាន​នោះ​ទៅ​រំលាយ​មើល​។ ជាង​យក​ទៅ​រំលាយ​ទៅ​ ក៏​ឃើញ​ថា ថ្ម​នោះ​ជា​ដែក​កាយ​សិទ្ធ​ពិត​មែន ទើប​ទ្រង់​ព្រះ​បង្គាប់​ឲ្យ​ក្រុម​ជាង​យក​ដែក​នោះ​ទៅ​ផែ​ ជា​លំពែង​មួយ​ ហើយ​ទ្រង់​ប្រគល់​ឲ្យ​ពញា​ជ័យ កាន់​លំពែង​នោះ​ទុក​ រក្សា​ចំការ​ត្រសក់​នោះ​ ទុក​ជា​ដី​ចំការ​លួង​។ ឯ​លំពែង​នោះ​ សន្មត​ហៅ​ថា លំពែង​ជ័យ​។

ព.ស. ១៥៣៩ - គ.ស. ៩៩៥- ម.ស. ៩១៧ ច.ស.៣៥៧ ឆ្នាំមមែ សប្តស័ក ព្រះ​បរ​មប​ពិត្រ ព្រះ​សេណក​រាជ ទ្រង់​មាន​ព្រះ​ជន្ម​វស្សា​ ៥៩ឆ្នាំ ទ្រង់​សិរី​រាជ​សម្បត្តិ​បាន ៤២ឆ្នាំ ពញា​ជ័យ មាន​ជន្មា​យុ​ជាង ៤៥០​ឆ្នាំ​ ពញា​សួស្តិ៍​ មាន​ជន្មា ៣៥០​ឆ្នាំ​។ គ្រា​នោះ ព្រះ​បរម​បពិត្រ​ អម្ចាស់​ផែន​ដី ​ទ្រង់​មាន​ ព្រះ​រា​ជហ​ឫ​ទ័យ​សង្ស័យ​ថា​ ពញា​ជ័យ ពញា ​សួស្តិ៍​​នោះ​ ដាំ​ត្រសក់​ សម្រាប់​ទុក​តែ​ជា​ដង្វាយ​ទេ​ ឬ​មួយ​គាត់​លប​ដាំ​ឲ្យ​គេ​ខ្លះ​ដែរ​។ លុះ​ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​​ហើយ វេលា​យប់​ស្ងាត់​ ទ្រង់​ក៏​ត្រាស់​ហៅ ​មន្ត្រី​ក្រុម​ស្និទ្ធ​ព្រះ​អង្គ​ ប្រាំ​មួយ​ប្រាំ​ពីរ​នាក់​ ឲ្យ​ចង​ព្រះ​ទីនាំង​អស្សតរ​ (អស្ស​តរ​​ = ​សេះ​ល្អ​, សេះ​លឿន​) ថ្វាយ​ ទ្រង់​គង់​តម្រង់​ទៅ​ចំការ​ត្រសក់​។ ដល់​​ហើយ​ ស្ដេច​ចុះ​ចាក​ព្រះ​ទី​នាំង​ លប​ទៅ​ទៅ​ដល់​គុម្ពោត​មួយ​ ដែល​នៅ​ជា​កណ្ដាល​ចំការ​។ ទ្រង់​គន់​ចាំ​មើល​ ពញា​ជ័យ និង ពញា​សួស្តិ៍ ក្រែង​មាន​ពុត​​លប​លក់​ត្រសក់​នោះ​ដែរ​ឬ​ទេ​។ ក្នុង​រាត្រី​នោះ​ ពញា​ជ័យ​ កំពុង​មើល​មហោ​ស្រព​ដូច​ប្រ​ក្រតី​ ជួន​ជា​ក្រឡេក​ទៅ​ ឃើញ​មនុស្ស​ចូល​ក្នុង​ចំការ​របស់​គាត់​ គាត់​ក៏​ពួយ​លំពែង​ជ័យ​នោះ​ តម្រង់​ទៅ​រក​មនុស្ស​ ដែល​កំពុង​លប​នោះ​ ដោយ​ពុំ​បាន​ដឹង​ថា មនុស្ស​នោះ​គឺ​ ព្រះ​មហាក្ស​ត្រ​សោះ​។

ខណៈ​នោះ លំពែង​ជ័យ ក៏​ត្រូវ​ចំ​លើ​ព្រះ​បរម​បពិត្រ​ បណ្ដាល​ឲ្យ​ទ្រង់​ព្រះ​សុគត​ នៅ​ជើង​ដំបូក​ក្នុង​ចំការ​នោះ​ទៅ​។ ហេតុ​នេះ​ហើយ​បាន​ជា ដំបូក​នោះ​ជាប់​ឈ្មោះ​ហៅ​ថា "ដំបូក​ចាក់​ស្ដេច​" រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ លុះ​ព្រឹក​ឡើង​ សេនា​បតី​មន្ត្រី​ទាំង​ពួង​ បាន​ឮ​ដំណឹង​នេះ​ហើយ​ ក៏​នាំ​គ្នា​ទៅ​លើក​ព្រះ​បរម​សព​ ដាក់​ក្នុង​ព្រះ​កោដ្ឋ​ យក​ទៅ​តំកល់​ទុក​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​។ បន្ទាប់​មក សេនា​បតី​មន្ត្រី​ទាំង​ពួង​ ជំនុំ​គ្នា​ថា​ : ព្រះ​សីហ​កុមារ​ ដែល​ជា​ព្រះ​រាជ​បុត្រ​ នៃ​ ព្រះ​បាទ​សេ​ណក​រាជ​នោះ​ ក៏​ទ្រង់​ក្ស័យ​ព្រះ​ជន្ម​នៅ​ឯ​ស្រុក​លាវ​ មុន​សម្ដេច​ព្រះ​បិតា​ទៅ​ហើយ​, ឥឡូវ​នេះ​ ព្រះ​អង្គ​គ្មាន​ព្រះ​រាជ​បុត្រ​ នឹង ថ្វាយ​សោយ​រាជ្យ​ប្រយូរ​វង្ស​បាន​ទេ​។ លុះ​ជំនុំ​វែង​ឆ្ងាយ​ទៅ​ មន្ត្រី​ទាំង​ពួង​យល់​ឃើញ​ថា​ : ពញា​ជ័យ​, ពញា​សួស្តិ៍ ទាំង​ពីរ​នាក់​នេះ​ អាយុ​ក៏​វែង​ ហើយ​អាវុធ​របស់​គាត់​នោះ​ ក៏​មុត​ក្រៃ​លែង​ លើស​អាវុធ​របស់​ជន​ទាំង​ពួង​។ ពូជ​ពង្ស​របស់​គាត់​ ក៏​ជាប់​ក្នុង​ព្រះ​រាជ​ត្រកូល​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​សព្វ​បណ្ដា​រាស្ត្រ​ទាំង​ឡាយ​ ក៏​ស្រលាញ់​គាត់​ បាន​នាំ​គ្នា​មក​ពីស្រុក​ជិត​ស្រុក​ឆ្ងាយ​ សុំ​ចុះ​ចូល​គាត់​ជា​ច្រើន​ឃើញ​ថា​ គួរ​តែ​យើង​អញ្ជើញ​គាត់​ឲ្យ​ឡើង​សោយ​រាជ្យ​ទៅ​។ លុះ​គិត​ព្រម​គ្នា​ដូ​ច្នេះ​ហើយ ក៏​នាំ​គ្នា​រៀប​ក្បួន​ ដែល​សម្រាប់​ហែ​ព្រះ​មហាក្ស​ត្រ​នោះ​ ទៅ​អញ្ជើញ​ ពញា​ជ័យ ពញា​សួស្តិ៍​ ឲ្យ​មក​សោយ​រាជ្យ​ ជា​តំណ​ប្រយូរ​វង្ស​។ ព្រះអង្គ​ទាំង​ពីរ​ព្រះ​អង្គ​ ប្រ​កែក​មិន​ព្រម ទទួល​រាជ​សម្បត្តិ​ ជា​ស្ដេច​ និង ជា​ឧប​រាជ​សោះ​ទេ​ ព្រោះ​ទ្រង់​ស្ដាយ​ស្ម័គ្រ​ប័ក្ស​ពួក​ និង​ ល្បែង​មហោ​ស្រព​ទាំង​ឡាយ​។

ខណៈនោះ មន្ត្រី​ទាំង​ឡាយ ដឹង​ព្រះ​រាជ​ហ​ឫ​ទ័យ​ហើយ ក៏​ក្រាប​ទូល​អង្វរ​ថា ​: សូម​ឲ្យ​តែ​ព្រះ​អង្គ​ទ្រង់​ព្រម​ទទួល​សោយ​រាជ្យ​ចុះ​ ខ្លួន​ទាំង​អស់​គ្នា នឹង នាំ​ប្រដាប់​ល្បែង​មហោ​ស្រព​ទាំង​ប៉ុន្មាន​ យក​ទៅ​ទុក​ក្នុង​ព្រះ​នគរ​ សម្រាប់​លេង​ថ្វាយ​រាល់​ថ្ងៃ​ ជា​លំហែ​ព្រះ​កាយ​។ ព្រះ​អង្គ​ទាំង​ពីរ​ព្រះ​អង្គ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ក៏​ទទួល​សេច​ក្ដី​អញ្ជើញ ​របស់​សេនា​បតី​ មន្ត្រី​ទាំង​នោះ​​។ សេនា​បតី​មន្ត្រី​ទាំង​នោះ​ អញ្ជើញ​សម្ដេច​ពញា​ជ័យ​ ឲ្យ​គ្រង​រាជ្យ​ (ទទួល​រក្សា​រាជ្យ​ជា​បណ្ដោះ​អាសន្ន​សិន​ ទំរាំ​ដល់​ថ្ងៃ​អភិ​សេក​) ជា​ស្ដេច​ និង អញ្ជើញ​ពញា​សួស្តិ៍​ឲ្យ​គ្រង​រាជ្យ​ ជា​ឧប​រាជ​ ហើយ​ក៏​អញ្ជើញ​ស្ដេច​ត្រាច់​ចុះ​ ព្រះ​ទី​នាំង​នាវា​ព្រម​ទាំង​ក្បួន​ហែ​ ចូល​ស្ថិត​នៅ​ក្នុង​ព្រះ​មហា​នគរ​។ បី​ឆ្នាំ​ក្រោយ​មក​ ទើប​ធ្វើ​ពិធី​រាជ​ភិសេក​តាម​ទំនៀម​។​

លុះ​បាន​សោយ​រាជ្យ​ (បាន​ឡើង​ជាក្ស​ត្រិយ៍​គ្រង​រាជ​ពេញ​ទី​ហើយ​) ហើយ​ព្រះ​បរម​រាជា​ធិរាជ​អង្គ​ជ័យ​ ទ្រង់​ឲ្យ​យក​លំពែង​ជ័យ​នោះ​ ទៅ​តំកល់​ជា​មួយ​នឹង​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​។ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​មហោ​ស្រព​ ផ្លាស់​ប្ដូរ​គ្នា​លេង​ ឲ្យ​អ្នក​ស្រុក​មើល​ជា​ទី​ថ្កើង​ថ្កាន​ ហើយ​ទ្រង់​ត្រាស់​ឲ្យ​សាង​ប្រាសាទ​សួរ​ព្រ័ត្រ​មួយ​ យោល​ទោង​មួយ​ បិទ​ពួន​មួយ​ គ្រប់​ទ្វារ​នគរ​ សម្រាប់​ទត​ល្បែង​។ អស់​រាស្ត្រ​ប្រុស​ស្រី​សុខ​សប្បាយ​ ថ្កើង​ថ្កាន​ ដោយ​បុណ្យ​បារមី​ របស់​ព្រះ​អង្គ​ពន់​ប្រមាណ​ណាស់​។ សេនា​បតី​មន្ត្រី​រាស្ត្រ​ទាំង​ពួង​ ឃើញ​ព្រះ​អង្គ​មាន​បុណ្យ​ មាន​ព្រះ​ជន្ម​វែង​ក្រៃ​លែង​ លើស​ជន​ទាំង​ពួង​ដូច្នោះ​ ក៏​ក្រាប​ថ្វាយ​បង្គំ​ទូល​ សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​បញ្ញត្តិ​ថា ​:​ បើ​មាន​មង្គល​ការ​អ្វី​ៗ​ សូម​ឲ្យ​អ្នក​មង្គល​ការ​នេះ​ឲ្យ​ពរ​ថា​ : "ជ័យ​ហោង​ សួស្ដិ៍​ហោង​" ដើម្បី​ឲ្យ​បាន​សេច​ក្ដី​សុខ​ និង អាយុ​យឺន​យូរ​ វែង​ដូច​ព្រះ​អង្គ​។ ព្រះ​បរម​បពិត្រ​យល់​ថា​​: ការ​សុំ​នេះ​ជា​ប្រយោ​ជន៍​ ដល់​រាស្ត្រ​ប្រជា​របស់​ព្រះ​អង្គ​ផង​ ហើយ​ជា​កិត្តិ​យល​ដល់​ព្រះ​អង្គ​ទៀត​ ដូច្នេះ​ទ្រង់​ក៏​ព្រះ​រាជា​នុញ្ញាត​តាម​សុំ​។ អាស្រ័យ​ហេតុ​នេះ​ហើយ​ បាន​ជា​ក្នុង​មង្គល​ការ​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​ ជន​ទាំង​ពួង​តែង​ឲ្យ​ពរ​ គូ​ស្វាមី​ភរិយា​ថ្មី​ថា ​: "ជ័យ​ហោង​ សួស្ដិ៍​ហោង​" រៀង​រាបដ​រាប​មក​។

ព្រះ​បរម​បពិត្រ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​សោយ​រាជ្យ​បាន​៣​ឆ្នាំ​។​ ក្នុង​ឆ្នាំ​ច សំរឹទ្ធិ​ស័ក​ ព.ស. ១៥៤២​ - គ.ស. ៩៩៨ - ម.ស. ៩១ -ច.ស. ៣៦០ "គឺ​ឆ្នាំ​ដែល​ទ្រង់​ឡើង​សោយ​រាជ្យ​" ព្រះ​អង្គ​ទ្រង់​ពិនិត្យ​តាម​​ក្បួន​ត្រៃ​ភូមិ​ ត្រៃ​ភេទ​ ត្រៃ​យុត​ ត្រៃ​តា (ត្រៃ​ភូមិ​, ត្រៃ​ភេទ​ ឬ​ ត្រៃ​វេទ​, ត្រៃ​យុត​ ឬ​ ត្រៃ​យុគ​, ត្រៃ​យុតា​ ឬ​ ត្រៃ​តា​យុគ​ ទាំង ​៤ នេះ​ជា​ឈ្មោះ​គម្ពីរ​ នៃ​សាសនា​ព្រា​ហ្មណ៍​)​ ទៅ​ឃើញ​ថា​ ក្បួន​តម្រា​ពី​បូរាណ​ទាំង​ប៉ុន្មាន​នោះ​ ជា​ក្បួន​ប្រ​សើរ​ណាស់​ ទ្រង់​ត្រាប់​បង្គាប់​ឲ្យ​ប្រតិ​បត្តិ​តាម​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ទ្រង់​ត្រាស់​បង្គាប់​ដូច្នេះ​ហើយ​ ទ្រង់​ផ្លេក​ព្រះ​នេត្រា​ទត​ទៅ​ យល់​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​ បាត់​ពី​ក្បួន​ពី​តំរា​អស់​ គឺ​បាត់​ទេវ​រូប​២១​ព្រះ​អង្គ​ ព្រះ​ស័ង្ខ​ សំរឹទ្ធិ​មួយ​ ព្រះ​កុណ្ឌី​ សំរឹទ្ធិ​មួយ​ (ប្រដាប់​សម្រាប់​ដាក់​ទឹក​ច្រូច​) ព្រះ​ក្លស់​ សំរឹទ្ធិ​មួយ​ និង​ បុរោ​ហិត​ទាំង​៧​នាក់​។ ទ្រង់​ត្រាស់​សួរ​ក្រុម​រាជ​បណ្ឌិត​ព្រឹទ្ធា​ចារ្យ​ អំពី​ការ​ដែល​បាត់​បង់​ទៅ​នេះ​សព្វ​ប្រការ​។ ក្រុម​ព្រះ​រាជ​បណ្ឌិត​ព្រឹទ្ធា​ចារ្យ​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​ ​: របស់​ពិសេស​ទាំង​នោះ​ បាត់​ក្នុង​កាល​ដែល​លាវ​ និង​ សៀម​ យក​ទៅ​ស្រុក​លាវ​ ស្រុក​សៀម​ គឺ​ក្នុង​ពេល​ដែល​ទឹក​លិច​​ព្រះ​នគរ​។ ហេតុ​នេះ​ហើយ​ បាន​ជា​អន្ត​រាយ​យ៉ាង​ដូច្នេះ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​តូច​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​។ ទ្រង់​ត្រាស់​ថា អញ​បាន​មក​សោយ​រាជ្យ​ត​ប្រយូរ​វង្ស​នេះ​ មិន​បាន​បរិបូណ៌​ ដោយ​គ្រឿង​បញ្ច​ក្សេត្ស​ និង​ ព្រះ​រាជ​គ្រូ​បុរោ​ហិត​ទេ​។​

របស់​ពិសេស​ទាំង​ឡាយ​ អន្ត​រាយ​អស់​ពី​មហាន​គរ​ យ៉ាង​ដូច្នេះ​ហើយ​ បាន​ជា​ផែន​ដី​ខ្សត់​ តូច​ទាប​មក​ តាំង​តែ​ពី​ផែន​ដី​ស្ដេច​ពំនោល​ ស្ដេច​ពាល​ រៀង​មក​ដល់​ព្រះ​បាទ​សេណ​ក​រាជ​ បី​ព្រះ​អង្គ​នោះ​។ ព្រះ​អង្គ​បង់​ខាត​ ព្រះ​កិត្តិ​យស​លើ​ប្រទេស​រាជ​ ដែល​ធ្លាប់​ឡើង​ ស្ដាប់​បង្គាប់​ ហើយ​ប្រ​ទេស​រាជ​ទាំង​នោះ​ បែរ​ជា​ប្រែ​ចិត្ត​ បែក​ចេញ​អស់​ជា​ច្រើន​។​ ឥឡូវ​ដល់​មក​ផែន​ដី​អង្គ​អញ​វិញ​ របស់​ទាំង​នោះ​ក៏​នៅ​តែ​ខក​ខាន​ ហើយ​ព្រះ​នគរ​ ក៏​ទន់​កំលាំង​ពន់​ប្រមាណ​ណាស់​ នឹង​ បាន​គិត​ការ​សង្គ្រាម​ លើក​ទៅ​ធ្វើ​ទោស​ស្ដេច​ទាំង​នោះ​ ក៏​មិន​ងាយ​។ ទ្រង់​ព្រះ​តម្រិះ​ តែ​ម្លោះ​ហើយ​ ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​កន្សែង​ សោក​ស្ដាយ​ពន់​ប្រមាណ​ណាស់​។​

ក្នុងឆ្នាំ កុរ​ឯក​ស័ក ព.ស. ១៥៤៣ គ.ស.​ ៩៩៩ - ម.ស. ៩២១ - ច.ស. ៣៦១ នោះ ​ព្រះ​បរម​នាថ​ បរម​បពិត្រ​ ទ្រង់​ត្រាស់​ប្រឹក្សា​ នឹង​ សម្ដេច​ព្រះ​សុគន្ធា​ធិប​តី​ (សម័យ​ពី​បុរាណ​ គឺ​សម័យ​ដែល​ព្រះ​សង្ឃ​មិន​ទាន់​មាន​គណ​ជា​មហា​និកាយ​ ជា​ធម្ម​យុត្តិ​នោះ​ ព្រះ​សុគន្ធា​ធិប​តី​ ជា​ស្ដេច​នៃ​សង្ឃ​តែ​មួយ​ព្រះ​អង្គ​ឯង​ ក្នុង​ប្រទេស​កម្ពុជា​។ និង សម្ដេច​រាជា​គណៈ​ទាំង​៧​អង្គ​ និង​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​​ក្រុម​ព្រះ​រាជ​បណ្ឌិត្យ​ថា​ តាំង​ពី​ផែន​ដី​ព្រះ​បាទ​សម្ដេច​ អរត្ដ​ពល​​ពា​សោ ​រៀង​មក​ សម្ដេច​អម្រិន្ទ្រា​ធិរាជ​ ទ្រង់​បាន​ទំនុក​បំរុង​ ប្រទេស​កម្ពុជា​ ឲ្យ​មាន​ទទួល​រដ្ឋ​ទាំង​៧​ មាន​សម្ដេច​ព្រះ​រាជ​គ្រូ​បុរោ​ហិត​ទាំង​៧​នាក់​ មាន​មន្ត្រី​រដ្ឋ​៧​ មាន​ព្រះ​ឥន្ទ្រ​គោរព​ការ​ហោ​រា​មួយ​ ឲ្យ​ជួយ​ទំនុក​បម្រុង​ ព្រះ​មហាក្សត្រ​។ ដូច្នេះ​ព្រះ​មហាក្សត្រ​ក្នុង​សម័យ​នោះ​ ក៏​ទ្រង់​ប្រកប​នៅ​ព្រះ​កេរិ៍្ត​ថ្កល់​ថ្កើង​ សម​ជា​ស្ដេច​នៃ​មហា​នគរ​រៀង​មក​។ ដល់​មក​ផែន​ដី​ ព្រះ​បទុម​សូរ្យ​វង្ស​នេះ​ ទ្រង់​បាន​ព្រះ​ត្រៃ​បិដក​ ព្រះ​កែវ​មរ​កត​ ជា​របស់​ពិសេស​ ចូល​មក​ជា​មង្គល​ព្រះ​នគរ​ទៀត​។ ព្រះ​នគរ​ ក៏​ពេញ​ថ្កើង​ថ្កាន​ណាស់​។ កន្លង​មក​ទៀត​៥​ផែន​ដី ​រហូត​មក​ដល់​រាជ​ព្រះ​បាទ​សេណ​ក​រាជ​ ប្រទេស​ខូច​របស់​វិសេស​ទាំង​ ៥​ ប្រការ​គឺ​ ព្រះ​កែវ​មរ​កត​មួយ​ ព្រះ​ត្រៃ​បិដក​ ជា​មង្គល​ព្រះ​នគរ​មួយ​ គ្រឿង​ព្រះ​បញ្ចក្សេត្រ​ ២១​ ​មុខ​ ជា​សិរី​សួស្ដី​ព្រះ​នគរ​មួយ​ ព្រះ​រាជ​គ្រូ​បុរោ​ហិត​ទាំង​៧​នាក់​ សម្រាប់​ប្រក់​ព្រំ​ព្រះ​នគរ​ ជម្រះ​ឧត្បាទ​មួយ​ សម្ដេច​ព្រះ​ឥន្ទ្រ​គោ​រព​ការ​ហោ​រា​ ជា​ភ្នែក​ ជា​ត្រ​ចៀក​ ព្រះ​នគរ​មួយ​។ កាល​បើ​របស់​ទាំង​អស់​នោះ​ វិនាស​អន្ត​រាយ​អស់​ទៅ​ហើយ​ តើ​ព្រះ​ករុណា​ និង​ ព្រះ​បរម​រាជ​វង្សា​នុ​វង្ស​ អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​ទាំង​ឡាយ​យល់​ថា​ដូច​ម្ដេច​? ចំណែ​ក​ឯ​ញោម​វិញ​ (ក្នុង​ពេល​មាន​ព្រះ​បន្ទូល​ជា​មួយ​នឹង​ព្រះ​សង្ឃ​ ព្រះ​មហាក្សត្រ​ខ្មែរ​ក្នុង​សម័យ​បុរាណ​ ទ្រង់​ហៅ​ព្រះ​អង្គ​លោក​ថា​ "ញោម​" មិន​ហៅ​ថា​ខ្ញុំ​ព្រះ​ករុណា​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ទេ​)​ ញោម​យល់​ថា​ :​ អំពី​ព្រះ​កែវ​មរកត​នេះ​ យើង​ នឹង រក​កែវ​មរ​កត​ឯ​ណា​មក​តាង​ជា​តំណាង​ព្រះ​អង្គ​ពុំ​បាន​ទេ​ ព្រោះ​កែវ​មរកត​នេះ​ មាន​តែ​បី​ព្រះ​អង្គ​ ជា​​សម្រាប់​ស្ដេច​ចុល្ល​ចក្រ​។ កែវ​មរកត​ឯ​ទៀត​ កន្ទាន​យក្ស​ ក៏​រក្សា​មាំ​មួន​ណាស់​។ ដូច្នេះ​ ញោម​យល់​ថា ​:​ យើង​ត្រូវ​យក​សំ​រឹទ្ធិ​ ទឹក​ដប់​ មាស​, សំណ​, លង់​ហិន​,​ ស្ពាន់​, ទង់​ហ៊្វា,​ យ៉ាង​ល្អ​បរិ​សុទ្ធ​ មក​វាយ​ពង្រាយ​រំលាយ​ជា​ ១២​ មុខ ហើយ​ឲ្យ​ជា​ង​ពិធី​សាង​តំណាង​ព្រះ​អង្គ​ឡើង​ កុំ​ឲ្យ​តែ​ខាត​ល័ក្ខណ៍​ព្រះ​នគរ​តែ​ប៉ុណ្ណោះ​។ អំពី​ព្រះ​ត្រៃ​បិដក​នោះ​ ញោម​យល់​ថា​ :​ ជា​របស់​ក្រ​ពិត​មែន​ហើយ​ តែ​ដូច​ជា​ងាយ​គិត​បន្តិច​ ព្រោះ​កាល​ព្រះ​ចៅ​ក្រុង​ ស្រី​អយុធ្យា​ ដណ្ដើម​យក​​ព្រះ​ត្រៃ​បិដក​ទៅ​​នោះ​ ព្រះ​ចៅ​ក្រុង​ចម្បា​សក្ដិ​ បាន​លាក់​ព្រះ​ត្រៃ​បិដក​ទុក​៥​ចប់​ ក្នុង​មួយ​មុខ​ៗ​ បើ​យើង​ឲ្យ​ព្រះ​រាជ​ទូត​នាំ​ព្រះ​រាជ​សារ​ទៅ​ចម្លង​ ដោយ​ព្រះ​រាជ​មេត្រី​យើង​ នឹង បាន​ព្រះ​ត្រៃ​បិដក​នោះ​ជា​ប្រាកដ​។ ញោម​យល់​ថា​ ព្រះ​ចៅ​ក្រុង​ចម្បា​សក្ដិ​ ទ្រង់​មុខ​ជា​ពុំ​ទើស​ទាល់​ទេ​។​ អំពី​គ្រឿង​បញ្ច​ក្សេត្រ​គឺ​ ព្រះ​ក្លស់​សំរឹទ្ធិ​១​ និង​ ទេវ​រូប​ ២១​មុខ​ ដែល​បាត់​នោះ​ ញោម​យល់​ថា​ យើង​ត្រូវ​ផ្សំ​សំ​រឹទ្ធិ​ជា​ ១២​មុខ​ ហើយ​សាង​ជា​តំណាង​ព្រះ​អង្គ​ឡើង​វិញ​។​

អំពី​បុរោ​ហិត​ ៧​នាក់​ ដែល​ខឹង​អន់​ចិត្ត​ ហើយ​នាំ​ទាំង​ព្រះ​ឥន្ទ្រ​គោ​រព​ការ​ហោ​រា​ទៅ​ពា​រាណសី​វិញ​នោះ​ ញោម​យល់​ថា ​: កាល​ផែន​ដី​ព្រះ​បាទ​អរត្ដ​ពល​ពាសោ​ ព្រះ​អង្គ​ជ្រើស​រើស​ កូន​បុរោ​ហិត​នោះ​ឯង​ទៅ​តាំង​ជា​ព្រំ​ជៃ​មួយ​ក្រុម​ ជា​​ហ្ម​ថាវ​មួយ​​ក្រុម​ ដូច្នេះ​ ក្នុង​ផែន​ដី​ញោម​នេះ​ ក៏​ត្រូវ​រើស​កូន ព្រំជៃ​, (ព្រំ​ជៃ ​=​ បុរោ​ហិត​ អ្នក​រក្សា​ព្រះ​ខាន់​) ហ្ម​ថាវ​, (ហ្ម​ថាវ ​= អ្នក​ទាក់​ដំរី​ ឬ​អ្នក​រក្សា​ដំរី​ ដែល​ចាស់​ទុំ​ជា​គ្រូ​ឬ​ជា​អធិ​បតី​លើ​អស់​ហ្ម​ដំរី​ក្នុង​ពួក​មួយ​ៗ​)​ មក​តាំង​ជា​ព្រះ​រាជ​បុរោ​ហិត​ឡើង​វិញ​ដែរ​។​ អំពី​ក្បួន​តំរា​ដែល​ក្រុម​បុរោ​ហិត​ ខឹង​ហើយ​ប្រមូល​ដាក់​សំពៅ​ នាំ​ទៅ​អស់​នោះ​ ក៏​ក្បួន​ទាំង​នោះ​ នៅ​មាន​ក្នុង​ព្រះ​ករុណា​ទាំង​៧ ​ព្រះ​អង្គ​ជា​ច្រើន​ដែរ​, ថា​បើ​ព្រះ​ករុ​ណា ​យល់​ដូច​ញោម​ហើយ​ ញោម​ នឹង ឲ្យ​សេ​នា​បតី​ ចាត់​បម្រើ​ឲ្យ​ចេញ​ទៅ​យក​កូន​បារ​គូ​, ព្រំ​ជៃ​, ហ្ម​ថាវ​, នោះ​ឲ្យ​គ្រប់​ចំនួន​ទាំង​៧​នាក់​ មក​ប្រ​គេន​ព្រះ​គុណ​គ្រប់​ព្រះ​អង្គ​ ឲ្យ​តាំង​បង្ហាត់​បង្រៀន​ឲ្យ​បាន​ស្ទាត់​ រួច​ឲ្យ​បួស​​ និង​ ឲ្យ​ឆាន់​ព្រុត​ ជា​បុ​រោ​ហិត​ រក្សា​ព្រះ​ខាន់​ ព្រះ​បញ្ចក្សេ​ត្រ​ត​ទៅ​។

ខណៈ​នោះ​ សម្ដេច​ព្រះ​សុ​គន្ធា​ធិបតី​ ព្រះ​រាជា​គណៈ​ ឋា​នា​នុ​ក្រម​ និង​ សេនា​បតី​ មន្ត្រី​ធំ​ តូច​ ខ្ញុំ​ព្រះ​រាជ​ការ​ ទាំង​ប៉ុន្មាន​ សរ​សើរ​ព្រះ​ទិព្វ​បរិហារ​ ពន់​ប្រមាណ​ ថ្វាយ​ព្រះ​ពរ​ និង ក្រាប​បង្គំ​ទូល​ថា ​:​ ទ្រង់​ព្រះ​ចិន្តា​នេះ​ ត្រូវ​ណាស់​ ថា​ទ្រង់​ ​នឹង ​មាន​ព្រះ​កិត្តិ​យស​ ខ្ពស់​ប្រសើរ​ត​ទៅ​មុខ​ ជា​អង្វែង​ឆ្ងាយ​ទៅ​។​

ព្រះ​បរម​បពិត្រ​ កាល​ព្រះ​អង្គ​ពិនិត្យ​ឃើញ​ថា​ អង្គ​ប្រ​ជុំ​ជំនុំ​យល់​ព្រម​ល្មម​ហើយ​ ក៏ ទ្រង់​ត្រាស់​បង្គាប់​គ្រប់​មុខ​ងារ​ឲ្យ​ធ្វើ​ ឲ្យ​បាន​សម្រេច​តាម​ព្រះ​ឱង្ការ​នោះ​។​ បន្ទាប់​មក​ក្រសួង​សង្ឃ​ និង ក្រសួង​មន្ត្រី​គ្រប់​តំណែង​ ក៏​បាន​ចាត់​ការ​ បាន​សម្រេច​គ្រប់​ទាំង​ ៥​ ប្រការ​តាម​ព្រះ​រាជ​បញ្ជា ​ឥត​មាន​មោះ​មៃ​ឡើយ​។ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​ របស់​ទាំង​៥​ ប្រការ​នេះ​ កើត​មាន​ឡើង​វិញ​។​

ព្រះ​អង្គ​ជ័យ ស្ដេច​ទ្រង់ទ​ស​ពិធ​រាជ​ធម៌​ ប្រសើរ​ណាស់​, អាណា​ប្រជា​នុ​រាស្ត្រ​ក្នុង​ព្រះ​នគរ​បាន​សុខ​ក្សេម​ក្សាន្ត​ ឥត​មាន​សឹក​សត្រូវ​អ្វី​ឡើយ​។​

ក្នុង​ឆ្នាំវក ចត្វាស័ក ព.ស. ១៥៧៦ - គ.ស. ១០៣២ - ម.ស. ៩៥៤ - ច.ស. ៣៩៤ អ្នក​ព្រះ​ម្នាង​ បុប្ផាវ​តី​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ ថ្វាយ​ព្រះ​នាម​ថា​ ​:​ ព្រះ​សិរី​រតន៍​។

ព្រះ​បរម​បពិត្រ​ "ព្រះ​បាទ​អង្គជ័យ​ ឬ ​ព្រះ​បាទ​ត្រ​សក់​ផ្អែម"​ ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫទ័យ​ ប្រោស​ប្រណី​ ព្រះ​រាជ​បុត្រ​ណាស់​។ លុះ​ដល់​ព្រះ​រាជ​បុត្រា​ បាន​ព្រះ​ជន្ម​ ១៧​ វស្សា​ ព្រះ​បរម​បពិត្រ​ ស្ដេច​សោយ​រាជ្យ​បាន​ ៥០​ឆ្នាំ​ ស្ដេច​ក៏​ទ្រង់​ប្រឈួន​ រោគ​ជា​ទម្ងន់​។ ខណៈ​នោះ​ ស្ដេច​ត្រាស់​ហៅ​សម្ដេច​ព្រះ​មហា​ឧប​រាជ​ ឲ្យ​យាង​ទៅ​ជិត​ ទើប​ទ្រង់​ព្រះ​បណ្ដាំ​ថា ​:​ រាជ​សម្បត្តិ​នេះ​ ត្រូវ​ប្អូន​គ្រង​ត​ទៅ​។ បើ​ប្អូន​អស់​បុណ្យ​ទៅ​វេលា​ណា​ សុំ​ប្អូន​ប្រគល់​រាជ​សម្បត្តិ​នោះ​ទៅ​ ចៅ​សិរី​រតន៍ ជា​ក្មួយ​បា​សោយ​រាជ្យ​ត​ទៅ​។ ប្រការ​មួយ​ទៀត​អំពី​ក្បួន​តំរា​សិក្ខា​វិន័យ​ សម្រាប់​ព្រះ​សង្ឃ​ និង ​សម្រាប់​ផែន​ដី​ និង បារ​គូ​បុ​រោហិត​នោះ​ ចូរ​ប្អូន​ត្រួត​ត្រា​ឲ្យ​បាន​ត្រឹម​ត្រូវ​។ តែ​បើ​ប្អូន​ធ្វេស​ប្រ​ហែស​ បណ្ដោយ​ឲ្យ​ឃ្លៀង​ឃ្លាត​ហើយ​ព្រះ​រាជា​ណា​ចក្រ​មុខ​ជា​ពុំ​បាន​សុខ​ក្សេម​ក្សាន្ត​ឡើយ​។​

ទ្រង់​ព្រះ​បណ្ដាំ ចប់​ព្រះ​បន្ទូល​ហើយ​ ព្រះ​បរម​បពិត្រ​ ក៏​ទ្រង់​សុគត​ទៅ​ ក្នុង​ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក​ព.ស. ១៥៩២ - គ.ស. ១០៤៨ - ម.ស. ៩៧០ - ច.ស. ៤១០ ក្នុង​ព្រះ​ជន្មាយុ ​៥០០​ឆ្នាំ​ (បើ​ថា​៥០៣​ឆ្នាំ ទើប​ត្រូវ​ជាង​)​។

វេលានោះ សម្ដេច​ព្រះ​មហា​ឧប​រាជ​ ព្រះ​រាជ​បុត្រា​ សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​ លើក​ព្រះ​បរម​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ ហើយ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ អញ្ជើញ​ សម្ដេច​ព្រះ​មហា​ឧបរាជ​ ពញា​សួស្តិ៍​ ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ​ស្នង​ព្រះ​ជេដ្ឋា​ឡើង​។​

ព្រះរាជ​ពង្សា​វ​តារ​ភាគ​២ ដែល​តម្កល់​ទុក​ ក្នុង​ព្រះ​រាជ​បណ្ណា​ល័យ​លេខ​ គ ៥៣​ ទំព័រ ៦៨ សម្ដែង​ថា ​: ព្រះ​បាទ​ត្រសក់​ផ្អែម​ បាន​ឡើង​សោយ​រាជ្យ​នៅ ​ព.ស. ១៨៣៤ គ.ស. ១២៩០ - ម.ស. ១២១២ ច.ស. ៦៥២ ថ្ងៃទី ១១ ​កើត​ខែ ​ផល្គុន​ ម៉ោង ​៩ ព្រឹក​ ឆ្នាំ​ខាល​ ទោ​ស័ក​ ក្នុង​ព្រះ​ជន្មា​យុ​៧០​ ឆ្នាំ​។​ លុះ​ព្រះ​អង្គ​សោយ​រាជ​សម្បត្តិ​បាន​ ៥១​ឆ្នាំ​ ព្រះ​ជន្មា​យុ ១២០​ឆ្នាំ​ ស្ដេច​សុគត​នៅ​ឆ្នាំ​ រោង​ ទោ​ស័ក ព.ស. ១៨៨៤ - គ.ស. ១៣៤០ - ម.ស. ១៤៦២ - ច.ស. ៧០២។​ ព្រះ​រាជ​ពង្សាវ​តារ​ដដែល​នេះ​ ទំព័រ​៦៤​ តំណាល​ថា​ :​ ក្នុង​ផែន​ដី​ព្រះ​សីហនុ​រាជ​ មាន​តាបស​មួយ​អង្គ​ព្រះ​នាម​ ព្រះ​បទុម​តាបស​ជា​ព្រះ​រាជ​បុត្រា​ព្រះ​បាទ​ចក្រ​ពត្តិ​រាជ​។​ ថា​កាល​ដំបង​គ្រញូង​ ជ្រែក​រាជ្យ​ព្រះ​បិតា​ ព្រះ​អង្គ​ព្រះ​បទុម​តាបស​ ស្ដេច​បាន​ភៀស​ព្រះ​អង្គ​ទៅ​បួស​ជា​មហា​ឥសី​នៅ​ភ្នំ​ខ្ជោល​ "​ ក្នុង​ខែត្រ​កំពង់​ស្ពឺ"​។ ថា​លុះ​ចម្រើន​ឈាន​យូរ​ៗ​ទៅ​ស្ដេច​នឿយ​ណាយ​នឹង​ឈាន​ជា​អផា​សុក​ ក្រៃ​ពេក​។​ ថា​ជួន​ជា​ថ្ងៃ​មួយ​ ជា​ក្រោយ​មក​ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ ឮ​សត្វ​វា​និយាយ​គ្នា​ថា​ ​:​ ព្រះ​តាបស​នេះ​ ជា​អ្នក​ឥត​ភ័ព្វ​ រក​ប្រពន្ធ​កូន​ត​វង្ស​ត្រកូល​គ្មាន​។ អម្បាល​​ព្រះ​ពុទ្ធ​ជា​អម្ចាស់​ ម្ដេច​គង់​ព្រះ​អង្គ​មាន​ប្រពន្ធ​កូន​ ទើប​ព្រះ​អង្គ​ចេញ​ទៅ​សាង​ព្រះ​ផ្នួស​។​ ថា​ព្រះ​តាបស​នោះ​ លុះ​ឮ​សត្វ​និយាយ​គ្នា​ថា​ ឲ្យ​ព្រះ​អង្គ​លោក​ដូច្នោះ​ហើយ​ ស្ដេច​យល់​ថា​ រឿង​ព្រះ​អង្គ​លោក​ត្រូវ​ដូច​ពាក្យ​សត្វ​និយាយ​មែន​ ទើប​ស្ដេច​ចាក​ព្រះ​ផ្នួស​ ពី​តា​បស​ចេញ​មក​មាន​ប្រពន្ធ​។ ថា​ដល់​មក​ឆ្នាំ​ម្សាញ់​ត្រីស័ក​ ព.ស. ១៧៦៥ - ​គ.ស. ១២២១ ម.ស. ១១៤៣ - ច.ស. ៥៨៣ ​ព្រះ​បទុម​តា​បស​នោះ​ មាន​បុត្រ​មួយ​ព្រះ​អង្គ​ ថ្វាយ​នាម​ថា​ :​ ចៅ​តា​។​ លុះ​ព្រះ​កុមារ​ ចៅ​តា​ ចម្រើន​វ័យ​ធំ​ឡើង​ ដឹង​សេច​ក្ដី​ មាន​រូប​ឆោម​ល្អ​ល្អះ​ជ្រះ​ថ្លា ​មាន​ប្រាជ្ញា​ឆ្លាត​ឈ្លាស​ ស្គាល់​ខុស​ត្រូវ​, មាតា​បិតា​ទូន្មាន​ យ៉ាង​ណា​ក៏​ចាំ​បាន​ ទើប​បិតា​ត្រឡប់​ទៅ​បួស​វិញ​។ ចៅ​តា​ក៏​នៅ​ជា​មួយ​នឹង​មាតា​រៀង​មក​។ ថា​ថ្ងៃ​ក្រោយ​ ចៅតា​ លា​មាតា​ទៅ​សួរ​ព្រះ​តា​បស​ជា​បិតា​ នៅ​ព្រៃ​ភ្នំ​។ ថា​លុះព្រះ​តាបស​ បាន​ជួប​នឹង​បុត្រ​ ហើយ​ព្រះ​អង្គ​ក៏​មាន​ពុទ្ធ​ដីកា​ប្រាប់​ពី​ពូជ​ពង្ស​ ដែល​ជា​វង្ស​ក្រស័ត្រ​ តាម​ដំណើរ​សព្វ​គ្រប់​ ហើយ​ទំនាយ​ថា ​៖​ កូន​នឹង​បាន​សោយ​រាជ​សម្បត្តិ​ តំណ​វង្ស​ទៅ​មុខ​ជា​មិន​ខាន​។​ ថា​ពេល​នោះ​ ព្រះ​តាបស​ឲ្យ​ថ្ម​ដែក​មួយ​​ដុំ​ នឹង​គ្រាប់​ត្រសក់​ ៣​ គ្រាប់​ មក​ចៅ​តា​ ហើយ​ប្រាប់​ថា ​:​ ចូរ​ឯង​យក​វត្ថុ​ទាំង​នេះ​ទៅ​ដាំ​ចិញ្ចឹម​ជីវិ​ត និង​រក្សា​ខ្លួន​ចុះ​។ ចៅ​តា ទទួល​យក​ហើយ​ ក៏​លា​ព្រះ​តាបស​ជា​បិតា​មក​នៅ​ នឹង ​មាតា​វិញ​។ លុះ​យូរ​មក​មាតា​ក៏​ដល់​នូវ​ជរា​ភាព​ រួច​ក៏​អនិច្ច​កម្ម​ទៅ​, ចៅ​តា​ ក៏​ធ្វើ​ចំការ​ដាំ​ត្រសក់​ នៅ​ភ្នំ​ជ្រាវ​តែ​ម្នាក់​ឯង​ ​ដរាប​ដល់​មាន​រឿង​ក្របី​ស៊ី​ត្រសក់​នោះ​។​

ព្រះរាជ​ពង្សា​វតារ​ដដែល​នេះ​ ទំព័រ​ទី​ ៦៩ បាន​បន្ថែម​ថា ​: កាល​ព្រះ​បាទ​ត្រសក់​ផ្អែម​បាន​សោយ​រាជ្យ​បាន​ បួន​ឆ្នាំ ​ស្ដេច​រលឹក​ទី​ប្រសូត្រ​ និង ចំការ​ដែល​ដាំ​ត្រសក់​ ក៏​ស្ដេច​យាង​ទៅ​សាង​ព្រះ​រាជ​មន្ទីរ​នៅ​ទី​នោះ​ ហើយ​សន្មត​ហៅ​ថា​ គោក​ព្រះ​រាជ​មន្ទីរ​ នៅ​ជិត​ភ្នំ​ជ្រាវ​​។ ថា​ស្ដេច​បាន​សាង​ ព្រះ​ពុទ្ធ​រូប​បដិ​មាករ​ ច្រើន​ព្រះ​អង្គ​ យក​ទៅ​តម្កល់​ក្នុង​រូង​ភ្នំ​ទុក​ជា​ព្រះ​កេរ្តិ៍​ ហើយ​ទ្រង់​សន្មត​ឲ្យ​ហៅ​ថា​ ​ភ្នំព្រះ​។ ឯ​ចំការ​ត្រសក់​នោះ​ ក៏​នៅ​សព្វ​ថ្ងៃ​។ នៅ​ទី​នោះ​ ទ្រង់​បាន​សាង​ទុក​ជា​ព្រះ​កេរ្តិ៍​ ច្រើន​អន្លើ​ ច្រើន​តំបន់​។ ស្ដេច​ប្រថាប់​នៅ​ទី​នេះ​យូរ​ខែ​ រួច​ស្ដេច​យាង​ត្រឡប់​ទៅ​នគរ​ព្រះ​ខាន់​ជ័យ​ "​ នៅ​ខែ​ត្រ​បារា​យណ៍​" វិញ​។ ទ្រង់​ឲ្យសាង​ប្រាសាទ​នៅ​ទី​នោះ​ តម្កល់​ព្រះ​ខាន់​ជ័យ​ទាំង​៤​ ទុក​ជា​ព្រះ​កេរ្តិ៍​រួច​ស្រេច​ ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ ព្រះ​មហា​នគរ​វិញ​។ ទី​នោះ​ មាន​ឈ្មោះ​ហៅថា​ ភូមិ​ប្រាសាទ​ រហូត​សព្វ​ថ្ងៃ​នេះ​(២)

តាម​ព្រះ​រាជ​ពង្សាវ​តារ​នេះ​ ព្រះ​បាទ​ត្រសក់​ផ្អែម​ បាន​ទទួល​រាជ​សម្បត្តិ​ ត​ពី​ព្រះ​សីហនុ​រាជ​ ដែល​ជា​ព្រះ​រាជ​បុត្រ​ ព្រះ​បាទ​សេណក​រាជ​ ព្រះ​អង្គ​មិន​មែន​ជា​តំណ​ផ្ទាល់​ពី​ព្រះ​បាទ​សេណ​ករាជ​ទេ​។​ ថា​ព្រះ​បាទ​ត្រ​សក់​ផ្អែម​ ទ្រង់​បាន​លើក​ព្រះ​ចន្ទ្រា​វតី​ ព្រះ​រាជ​បុត្រី​ នៃ​ព្រះ​សីហនុ​រាជ​ ជា​ព្រះ​អគ្គម​ហេសី​ ហើយ​ថ្វាយ​ព្រះ​នាម​ជា​ សម្ដេច​ព្រះ​ភគ​វតី​ សិរី​ចន្ទ្រា​មហាក្ស​ត្រី​។ ស្ដេច​មាន​ព្រះ​រាជ​បុត្រា​ នឹង​ព្រះ​អគ្គ​មហេសី​អង្គ​នេះ​ ពីរ​ព្រះ​អង្គ​គឺ​ ព្រះ​បរម​និព្វាន​បាទ​ ប្រសូត​ក្នុង​ឆ្នាំ​រោង ចត្វា​ស័ក​ ព.ស. ១៨៣៦ គ.ស. ១២៩២ ម.ស. ១២១៤ ច.ស. ៦៥៤ និង ព្រះ​សុទ្ធាន​រាជ​ ប្រសូត​ក្នុង​ឆ្នាំ​មមី​ ឆស័ក​ ព.ស. ១៨៣៨ គ.ស. ១២៩៤ ម.ស. ១២១៦ ច.ស. ៦៥៦។

ផែនដីព្រះបាទពញាសួស្តិ៍

សម្ដេច​ព្រះ​មហា​ឧប​រាជ​ ពញា​សួស្តិ៍​ ស្ដេច​ឡើង​សោយ​រាជ្យ​ ស្នង​សម្ដេច​ព្រះ​បរម​ជេដ្ឋា​ធិរាជ​ ទ្រង់​ព្រះ​នាម​ថា​ ព្រះ​បាទ​សម្ដេច​ ​ព្រះ​ឱង្ការ​ ព្រះ​បរម​រាជា​ រាមា​ធិបតី​ ទ្រង់​ប្រទាន​ឲ្យ​ ព្រះ​សិរី​រតន៍​ឡើង​ជា​មហា​ឧប​រាជ​។ ព្រះ​បរម​បពិត្រ​ ស្ដេច​ឲ្យ​ប្រជុំ សាមល​រាជ​ចូល​មក​ធ្វើ​ព្រះ​​មេរុថ្វាយ​ព្រះ​សព​សម្ដេច​ព្រះ​ជេដ្ឋា​ ជា​ឧឡា​រិក​ សន្ធឹក​មហិ​មា​ ៣៧​ថ្ងៃ​ ជា​សូរេច​ការ​បុណ្យ​។

ចាប់​តាំង​ពី​ព្រះ​អង្គ​ បាន​ឡើង​សោយ​រាជ្យ​វេលា​ណា​មក​ ព្រះ​បរម​បពិត្រ​ពញា​សួស​ ព្រះ​អង្គ​ទ្រង់​ប្រ​ព្រឹត្ត​ដោយ​យុត្តិ​ធម៌​ ឥត​មាន​ល្អៀង​ពី​ ព្រះ​រាជ​បណ្ដាំ​ ដែល​សម្ដេច​ព្រះ​ជេដ្ឋា​ ទ្រង់​ផ្ដាំ​ទាំង​ប៉ុន្មាន​ៗ​ ក៏​ទ្រង់​ធ្វើ​តាម​គ្រប់​ជំពូក​។ ព្រះ​អង្គ​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ ឲ្យ​សាង​វត្ត​អា​រាម​ ឲ្យ​ជួស​ជុល​ព្រះ​អា​រាម​ ដែល​ពុក​បាក់​បែក​នោះ​ប្រមាណ​ជាង​ ១០០​ ព្រះ​វិហារ​។ រាស្ត្រ​ប្រជា​ ក្នុង​ព្រះ​រាជា​ណាចក្រ​ បាន​សុខ​សប្បាយ​គ្រប់​គ្នា​, ភ្លៀង​ក៏​ធ្លាក់​ត្រូវ​រដូវ​​រាស្ត្រ​ធ្វើ​ស្រែ​ចំការ​ បាន​ផល​ច្រើន​, ផល​ប្រយោ​ជន៍​ក្នុង​ព្រះ​នគរ​ ក៏​ចម្រើន​ច្រើន​។​

ក្នុង​ឆ្នាំច ទោ​ស័ក ព.ស. ១៦១៤ គ.ស. ១០៧០ - ម.ស. ៩៩២ ច.ស. ៤៣២ ព្រះ​អង្គ​សោយ​រាជ្យ​បាន ២២​ឆ្នាំ មាន​ម្នាក់​ឈ្មោះ ​ជៃ ​បាន​ទៅ​តាំង​សិល្ប៍​នៅ​ភ្នំ​ខ្ជោល​ ហើយ​លើក​ខ្លួន​ជា​អ្នក​មាន​បុណ្យ​។ លុះ​ការណ៍​នេះ​ បាន​ជ្រាប​ដល់​ព្រះ​បរម​បពិត្រ​ហើយ​, ស្ដេច​ក៏​ត្រាស់​ប្រើ​សម្ដេច​ចៅ​ពញា​ចក្រី​, សម្ដេច​ចៅ​ពញា​ក្រឡា​ហោម​ ឲ្យ​លើក​យោ​ធា​ទាហាន​ទៅ​ប្រាប​​ប្រាម​។ សេនា​ទាហាន​ ចាប់​បាន​ខ្លួន​សិល្ប៍​ជៃ​ ហើយ​ក៏​ប្រហារ​ជីវិត​ទៅ​។ លុះ​បាន​ជោគ​ជ័យ​សព្វ​គ្រប់​ហើយ​ មេ​ទ័ព​ទាំង​ពីរ​នោះ​ ក៏​ចូល​មក​ក្រាប​បង្គំ​ទូល​ តាម​កិច្ច​ការ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ប្រទាន​រង្វាន់​ នាយ​ទ័ព​ នាយ​កង​ តាម​គុណ​បំណាច់​ ដែល​ប្រើ​បាន​។ ព្រះ​នគរ​ក៏​បាន​សុខ​ក្សេម​ក្សាន្ត​ត​រៀង​មក​ទៀត​។​

សម្ដេច​ព្រះ​បរម​រាជា​ រាមា​ធិបតី​ ពញា​សួស្តិ៍​ ជា​ស្ដេច​អា​ ឥត​ព្រះ​រាជ​បុត្រ​សោះ​។​ លុះ​ព្រះ​អង្គ​សោយ​រាជ្យ​បាន​ ៤៨​ឆ្នាំ​ ទ្រង់​ប្រឈួន​រោគ​ជា​ទម្ងន់​ ទើប​ព្រះ​អង្គ​ត្រាស់​ឲ្យ​ហៅ​ព្រះ​សិរី​រតន៍​ មហា​ឧប​រាជ​ មក​ផ្ដាំ​ថា​ : រាជ​សម្បត្តិ​នេះ​ ឲ្យ​ចៅ​គ្រប់​គ្រង​ត​ទៅ​​ តាម​ព្រះ​រាជ​បណ្ដាំ ​សម្ដេច​ព្រះ​បរម​ជេដ្ឋា​ ជា​សម្ដេច​ព្រះ​បិតា​ចៅ​។ បើ​ចៅ​សោយ​រាជ្យ​ហើយ​ សូម​ឲ្យ​ចៅ​ ជួយ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ និង​ ការ​ផែន​ដី​ឲ្យ​មាំ​មួន​ តាម​សេច​ក្ដី​ប្រព្រឹត្ត​របស់​សម្ដេច​ព្រះ​វរ​បិតា​នៃ​ចៅ​ កុំឲ្យ​ឃ្លៀង​ឃ្លាត​។​

ទ្រង់​ព្រះ​បណ្ដាំហើ​យ​ សម្ដេច​ព្រះ​បរម​បពិត្រ​ ស្ដេច​សុគត​ទៅ​។ មន្ត្រី​ទាំង​ឡាយ​អញ្ជើញ​ព្រះ​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ហើយ​ ក៏​អញ្ជើញ​ព្រះ​សិរី​រតន៍​ ឲ្យ​ឡើង​សោយ​រាជ្យ​។​

អ្នក​ស្រាវ​ជ្រាវ​សូម​ជំរាប​ថា​ អំពី​ព្រះ​មហាក្សត្រ​អង្គ​នេះ​ ព្រះ​រាជ​ពង្សាវ​តារ​ ដែល​តម្កល់​ទុក​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​នោះ​ ពុំ​បាន​ពណ៌នា​ទេ​។ បើ​តាម​ឯក​សារ​នេះ​ ព្រះ​សន្តតិ​វង្ស​ ជា​តំណ​ពី​ព្រះ​បាទ​ត្រសក់​ផ្អែម​មក​ គឺ​ព្រះ​និព្វាន​បទ​។ ឯក​សារ​ដទៃ​ទៀត​ ដែល​យើង​មាន​ក្នុង​ពេល​ឥឡូវ​នេះ​ "​ក៏​មិន​ឃើញ​មាន​ព្រះ​នាម​ព្រះ​អង្គ​ដែរ​"​។​

ផែនដីព្រះបាទសិរីវីចក្រ

ព្រះបាទ​សិរី​រតន៍​ ព្រះ​រាជ​បុត្រ​ ព្រះ​បរម​រាជា​ពញា​ជ័យ​ ឡើង​សោយ​រាជ្យ​ស្នង​សម្ដេច​ព្រះ​បិតុលា​ (ព្រះ​បិតុលា ​= ​ឪពុកធំ​ ឬ ​ឪពុក​មា ​ខាង​បិតា​ - ព្រះ​បិតុច្ឆា ​=​ ម្ដាយ​ធំ ឬ​ ម្ដាយ​មីង​ ខាង​បិតា​)​ ក្នុង​ឆ្នាំ​ឆ្លូវ​ នពស័ក​ ព.ស. ១៦៤១ - គ.ស. ១០៩៧-ម.ស. ១០៩១-ច.ស. ៤៥៩ ទ្រង់​ព្រះ​នាម​ជា​ព្រះ​សិរី​វីចក្រ​ ព្រះ​ជន្មាយុ​ ៦៧​ឆ្នាំ​។​ ព្រះ​រាជា​អង្គ​នេះ​ ទ្រង់​ប្រ​ព្រឹត្ត​តាម​គន្លង​ សម្ដេច​ព្រះវរ​រាជ​បិតា​ និង សម្ដេច​ព្រះ​បិតុលា​, ព្រះ​រាជ​សីមា​ ក៏​បាន​សុខ​ក្សេម​ក្សាន្ត​។ ក្នុង​ឆ្នាំ​រកា​ឯ​​ក​ស័ក ព.ស. ១៦៨៨ - គ.ស. ១១៤៤ ម.ស. ១០៦៦ - ច.ស. ៥០៦ អ្នក​ព្រះ​ម្នាង​គន្ធ​បទុម​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ ព្រះ​លំពង្ស​។ សម្ដេច​ព្រះ​រាជ​បិតា​ មាតា​ទ្រង់​ព្រះ​ស្នេហា​ណាស់​ ទ្រង់​ឲ្យ​បង្ហាត់​បង្ហាញ​ សិល្ប​សាស្ត្រ​វិជ្ជា​ការ​ផង​ទាំង​ឡាយ​ ដោយ​ប្រពៃ​។ ព្រះ​បរម​បពិត្រ​ស្ដេច​សោយ​រាជ្យ​បាន​ ៦៦​ ឆ្នាំ ព្រះ​ជន្មាយុ​ ១៣៣​ឆ្នាំ ទ្រង់​ប្រ​ឈួន​រោគ​សុគត​ទៅ​។ មន្ត្រី​លើក​ព្រះ​បរម​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្ដេច​ហើយ​ ទើប​អញ្ជើញ​ព្រះ​លំពង្ស​ ជា​​ព្រះ​រាជ​បុត្រ​ ឡើង​សោយ​រាជ្យ​។ (អ្នក​ស្រាវ​ជ្រាវ​សូម​ជំរាប​ថា ​: "​ ព្រះ​នាម​ព្រះម​ហាក្ស​ត្រ​អង្គ​នេះ ​ក៏មិ​ន​ឃើញ​មាន​ក្នុង​ឯក​សារ​ផ្សេង​ៗ​ដែរ​"​)​។

ផែនដីព្រះលំពង្ស

ព្រះ​លំពង្ស​ ជា​ព្រះ​រាជ​បុត្រា​ឡើង​សោយ​រាជ្យ​ ស្នង​ព្រះ​វរ​រាជ​បិតា​ ក្នុង​ឆ្នាំ​មមែ បញ្ច​ស័ក ព.ស. - ១៧០៧ - គ.ស. ១១៦៣ - ម.ស. ១០៨៥-ច.ស. ៥២៥។ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ជា​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរម​លំពង្ស​រាជា​ធិរាជ​។ ព្រះ​អង្គ​យក​ព្រះ​ក្សត្រី​លើក​ជា​អគ្គម​ហេសី​ ទ្រង់​ព្រះ​នាម​ សម្ដេច​ព្រះ​ភគវ​តី​ព្រះ​មហា​ក្សត្រី ចក្រ​ពត្តិ​។ ព្រះ​អង្គ​ឲ្យ​ប្រ​ជុំ​សាមល​រាជ​ មក​សាង​ព្រះ​មេរុ​ ខ្នាត​ធំ​ធ្វើ​បុណ្យ​ ព្រះ​បរម​សព​ សម្ដេច​ព្រះ​វរ​រាជ​បិតា​​បី​ខែ​​។ សូរេច​ហើយ​ ព្រះ​អង្គ​ទ្រង់​ប្រព្រឹត្ត​ តាម​គន្លង​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ដូច្នេះ​ព្រះ​រាជ​សីមា​ អាណា​ខែត្រ​ ក៏​សុខ​រៀង​មក​។ ក្នុង​ឆ្នាំ​ម្សាញ់​ នព​ស័ក​ ព.ស​.​ ១៧៤១​-គ.ស​. ១១៩៧​-​ម.ស. ១១១៩-ច.ស. ៥៥៩ ព្រះ​បរម​បពិត្រ​ សោយ​រាជ្យ​បាន​ ៣៥​ឆ្នាំ​នោះ​ សម្ដេច​ព្រះ​អគ្គម​ហេសី​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ ព្រះ​រាជ​ឱង្ការ​។ លុះ​សោយ​រាជ្យ​មក​បាន ​៥៥​ឆ្នាំ ព្រះ​​ជន្មា​យុ​បាន​៧៥​ឆ្នាំ​ ទ្រង់​ប្រឈួន​រោគ​ សុគត​ទៅ​។ មន្ត្រី​លើក​ព្រះ​បរម​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ហើយ​ អញ្ជើញ​ព្រះ​រាជ​ឱង្ការ​ ជា​ព្រះ​រាជ​បុត្រា​ឲ្យ​ឡើង​សោយ​រាជ្យ​។

ផែនដីព្រះឱង្ការ

ព្រះ​ឱង្ការ​ឡើង​សោយ​រាជ្យ​ ស្នង​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ពី​ឆ្នាំ​ឆ្លូវ​ នព​ស័ក​ ព.ស​.​ ១៧៦១​ -​ ​គ.ស​.​១២១៧​ - ម.ស​.​ ១១៣៩​ - ​ច.ស​. ​៥៧៩​ ព្រះ​ជន្មា​យុ​២០​ឆ្នាំ​ ទ្រង់​ព្រះ​នាម​ សម្ដេច​ព្រះ​បាទ​ព្រះ​រា​​ជ​ឱង្ការ​។​ ព្រះ​អង្គ​យក​ ព្រះ​មង្គល​ក្សត្រី​ ជា​ព្រះ​រាជ​វង្ស​ លើក​ឡើង​ជា​អគ្គម​ហេសី​ ទ្រង់​ព្រះ​នាម​ សម្ដេច​ព្រះ​ភគវ​តី​មង្គល​ក្សត្រី​សិរី​វីចក្រ​ពត្តិ​ ហើយ​ព្រះ​អង្គ​ប្រជុំ​សាមល​រាជ​ ធ្វើ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សព​សម្ដេច​ព្រះ​វរាជ​បិតា​៣​ខែ​ ព្រម​ដោយ​ល្បែង​មហោ​ស្រព​ជា​ឱឡា​រិក​។ ក្នុង​ឆ្នាំ​រកា​សប្ត​ស័ក​ ព.ស. ១៧៦៩ - គ.ស. ​១២២៥ - ម.ស. ១១៤៧ - ច.ស. ៥៤៧ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ស្ដេច​លើក​ព្យូហ​យាត្រា​ នាំ​រាជ​សេវ​កា​មាត្យ​ ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ ទៅ​ទត​ទឹក​ទន្លេ​ធំ​។​ ទ្រង់​ប្រថាប់​នៅ​នគរ​បាន​ជ័យ​ បាន​ការ​ហើយ​ត្រាស់​សួរ​ទៅ​ពញា​មន្ត្រី​វរ​វង្ស​ថា​ : "ម្ដេច​ក៏​ចៅ​ មិន​នៅ​ក្នុង​កំពែង​ប្រាសាទ​នេះ​"​ ចៅ​ពញា​មន្ត្រី​វរ​វង្ស​ ក្រាប​ទូល​ថា ​: ទី​នេះ​ប្រជា​រាស្ត្រ​ប៉ង​ នៅ​ច្រើន​ៗ​គ្នា​ដែរ​ តែ​ចេះ​តែ​ឃើញ​ សម្ដេច​ព្រះ​អយ្យ​កោ​ ស្ដេច​​មក​បណ្ដេញ​ពុំ​ឲ្យ​នៅ​ អ្នក​នៅ​ចេះ​តែ​មាន​ជំងឺ​តំកាត់​ពន់​ប្រមាណ​។​ ក្នុង​ខណៈ​ដែល​សម្ដេច​ព្រះ​នាគ​សេន​មហា​ថេរ​ ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​នោះ​ ព្រះ​អង្គ​បាន​សួរ​ថា​ : "បើ​ញោម​បង្វែរ​ទី​នេះ​ ទៅ​ជា​ព្រះ​អារាម​ តើ​គួរ​ឬ​ទេ​?​" សម្ដេ​ច​ព្រះ​នាគ​សេន​ ថ្វាយ​ព្រះ​ពរ​ថា​ ​:​ "​គួរ"​។ ទើប​ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​សម្ដេច​យល់​ ឲ្យ​សាង​ព្រះ​វិហារ​ សាង​ព្រះ​ពុទ្ធ​រូប​ក្នុង​វត្ត​នោះ​វេរ​ថ្វាយ​ទៅ​ជា​វត្ត​ឲ្យ​សម្ដេច​ព្រះ​នាគ​សេន​ នៅ​​គង់​ចាំ​វស្សា​។ សម្ដេច​ព្រះ​នាគ​សេន​ថ្វាយ​ព្រះ​ពរ​ថា ​:​ ទី​នេះ​ជា​ "ឧត្តុង្គ​ឧត្តម​ ខ្ពស់​ប្រសើរ​ណាស់​ គួរ​សម​តែ​តម្កល់​ព្រះ​ពុទ្ធ​រូប​ ថា​បើ​នឹង​ឲ្យ​ព្រះ​សង្ឃ​គង់​ចាំ​វស្សា​ មាន​សិស្សា​នុ​សិស្ស​ ធ្វើ​ឲ្យ​ឆ្អេះ​ឆ្អាប​នោះ​ ពុំ​បាន​ទេ​"​។ ទើប​ព្រះ​អង្គ​ឲ្យ​ឧក​ញ៉ា​ សម្ដេច​សាង​ព្រះ​អារាម​មួយ​ទៀត​ ជាយ​ខាង​ជើង​នគរ​បាន​ជ័យ​ បាន​ការ​ហើយ​តាំង​នាម​ហៅ​នគរ​តូច​ ឲ្យ​សម្ដេច​ព្រះ​នាគ​សេន​ គង់​ចាំ​វស្សា​ក្នុង​វត្ត​ទាំង​ពីរ​។​ ស្ដេច​ធ្វើ​បុណ្យ​ឆ្លង​ស្រេច​ ក្នុង​ឆ្នាំ​រកា​ សប្ត​ស័ក​។ លុះ​សូរេច​បុណ្យ​ហើយ​ ព្រះ​អង្គ​ព្រះ​រាជ​ដំណើរ​ទៅ​មហា​នគរ​វិញ​ ព្រះ​អង្គ​សោយ​រាជ្យ​រៀង​មក​។​ សម្ដេច​ព្រះ​អគ្គម​ហេសី​សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​សុរិ​យោ​ពណ៌​។ លុះ​ព្រះ​អង្គ​សោយ​រាជ្យ​បាន​៥៨​ឆ្នាំ​ ព្រះ​ជន្ម​បាន​ ៧៨​ឆ្នាំ​ ទ្រង់​ប្រ​ឈួន​សុគត​ទៅ​។​ មន្ត្រី​លើក​ព្រះ​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ហើយ​អញ្ជើញ​ព្រះ​ស្រី​សុរិ​យោ​ពណ៌​ ជា​ព្រះ​រាជ​បុត្រ​ឲ្យ​ឡើង​សោយ​រាជ្យ​សម្បត្តិ​តាម​ប្រ​ពៃ​ណី​។ អ្នកស្រាវជ្រាវ សូមជម្រាបថា : "ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាមក្នុងឯកសារដទៃទៀតដែរ"។

(១) សម្ដេច​ព្រះសង្ឃ​រាជ​ទ្រង់​សព្វ​ព្រះ​ហឫ​ទ័យ ឲ្យ​ប្រើ​ពាក្យ រជ្ជ​កាល​ ជា​ជំនួស​ពាក្យ​ ផែន​ដី​ នេះ​វិញ​។ ប៉ុន្តែ​ការ​កែ​ប្រែ​នេះ​ នឹង​នាំ​ឲ្យ​ពាក្យ​ថ្មី​ឃ្លាត​ចាក​ពី​ច្បាប់​ដើម​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខុស​ពី​ច្បាប់​ដើម​ យើង​សូម​រក្សា​ទុក​ពាក្យ​ ផែន​ដី​នេះ​ឲ្យ​គង់​នៅ​ដដែល​។
(២) (ព្រះ​ជន្ម​ព្រះ​បាទ​ត្រសក់​ផ្អែម​វែង​ហួស​និស្ស័យ​ នឹង ជឿ​បាន​។ សម្ដេច​ព្រះ​សង្ឃ​រាជ​ (ជួន​ណាត) ជា​អម្ចាស់​ដែល​ទ្រង់​ជា​ប្រធាន​នៃ​ក្រុម​ជំនំ​ពិនិត្យ​ឯក​សារ​នេះ​ សព្វ​ព្រះ​ហឫ​ទ័យ​ថា បើ​នឹង​លុប​ ឬ​ នឹង​កែ​ប្រែ​ព្រះ​ជន្ម​ជា​ប្រការ​យ៉ាង​ណា​ទៅ​វិញ​ក្រែង​វា​នាំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ការ​ស្រាវ​ជ្រាវ​នេះ​ថា​ មិន​មែន​ជា​ឯក​សារ​ទៅ​វិញ​ ហេតុ​នេះ​ហើយ​ ទើប​បាន​គណៈ​កម្មការ​ទុក​ព្រះ​​ជន្ម​នេះ​ឲ្យ​គង់​វង្ស​ដូច​ដើម​ទៅ​។​