ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ព្រះរាជពង្សាវតារខ្មែរ
តាមសាស្ដ្រាស្លឹករិត
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី27.តុលា 2018.ម៉ោង 8:23
ផែនដីព្រះបរមិន្ទរាជា លេខ៦
នេះ នឹង និយាយអំពីកងទ័ពលាវ ដែលបែកទ័ពរត់ទៅវិញនោះម្ដង។ ទ័ពលាវ ដែលរត់បែកបាក់ទៅនោះ ខ្លះរត់ក៏រត់ជាប់ទៅជាមួយ នឹង ទ័ពលោកឧបរាជសូរ្យវង្ស ខ្លះទៀតក៏រត់ខ្ចាត់ភ្លាត់ដោយស្រុកដោយភូមិរតាត់រតាយទៅក៏មាន។
ដូច្នេះឧបរាជសូរ្យវង្សទ្រង់ក៏ប្រមូលទ័ពដែលនៅសល់ពីស្លាប់ ហើយរត់រួចនោះលើកវិលត្រឡប់ទៅឯនគរលាវវិញ។ ទ្រង់ឲ្យកេណ្ឌរេហ៍ពលមកបន្ថែមទៀតដើម្បីចាំដល់ពេលចេញវស្សាទៅលាវ នឹង លើកទ័ពវិលត្រឡប់មកសងសឹក នឹង ទ័ពខ្មែរវិញទៀត។ ប៉ុន្តែសេចក្ដីគំនុំរបស់លាវនេះ មិនបានសំរេចទៅវិញទេដោយហេតុថា លាវត្រូវជាប់ធ្វើសង្គ្រាម នឹង សម្ដេចព្រះចៅហ្វាម៉ុងគ្រី នគរហង្សាវតី ដូចមានសេចក្ដីទៅនេះ: សម្ដេចព្រះចៅហ្វាម៉ុងគ្រី ឈ្នះ ១០ ទិស ហើយដែលជាធំជាងស្ដេចទាំងពួងនោះ ស្ដេចចេញជួបជំនុំនឹងព្រះមហា ឧបរាជហើយ នឹង សាមន្តក្សត្រ "ស្ដេចចំណុះ" នៅអស់សេនាបតីមន្ត្រីទាំងពួងថា :
ឆ្នាំមុនយើងលើកព្យូហសង្គ្រាមទៅយកក្រុងស្រីអយុធ្យានគរសៀមនោះ បានមកហើយតែព្រះចៅក្រុងសតនាគនហុត នគរលាវមួយ នគរក្រុងកម្ពុជាខេមរប្រទេសមួយ ពុំទាន់បានមកជាចំណុះយើងសោះ។
ឆ្នាំនេះ យើងគួរតែលើកទ័ពទៅវាយនគរលាវយកជាចំណុះយើងជាមុនសិន។ មួយរំពេចនោះ ទ្រង់ត្រាស់ឲ្យកេណ្ឌទ័ព ក្រុងហង្សាវតី នគរមនមួយ ក្រុងរតនាអាំងវ៉ាត នគរភូមាមួយ ក្រុងស្រីអយុធ្យា នគរសៀមមួយ នគរឆៀងម៉ៃ លាវពោះខ្មៅមួយ នគរប្រែមួយ នគរថៃយ៉ៃមួយ នគរជ្វាប្រទេសមួយ នគរឭប្រទេសមួយ នគរក្រសៃប្រទេសមួយ នគរធញ្ញាវតីប្រទេសមួយ នគរវេសាលីប្រទេសមួយ និង ស្រុកធំ-តូចឯទៀត ដែលគ្មានស្វេតច្ឆ័ត្រ មានតែស្ដេចត្រាញ់រក្សាខេត្តជាច្រើន។ ទ្រង់ឲ្យកេណ្ឌកងទ័ពក្នុងស្រុកទាំងនោះឲ្យបានពល ១៤០០០០០ នាក់។ ដល់ចេញវស្សាស្ដេច នឹង លើកទៅវាយប្រទេសលាវ។ លុះចេញវស្សា ហើយពលយោធាក៏មកជួបជុំ ស្ដេចក៏លើក ព្យូហយាត្រាចេញពី ក្រុងហង្សាវតីទៅដល់តំបន់ណាងបូរជាចុងដែន នគរលានឆាង "លានជាង"។ សម្ដេចព្រះមហាធម្មរាជា "ស្ដេចសៀម" និងព្រះនរេន្ទ្រសូរ ជារាជបុត្រលើកទ័ពហែសម្ដេច ព្រះចៅក្រុងហង្សាវតីរៀងដល់ទីនោះ ក៏ព្រះនរេន្ទ្រសូជារាជបុត្រកើតព្រះរោគពិរោគពិសជាទំងន់។ សម្ដេចព្រះចៅក្រុងហង្សាវតីត្រាស់ឲ្យ ព្រះមហាធម្មរាជានាំព្រះនរេន្ទ្រសូរត្រឡប់ទៅស្រុកស្រីអយុធ្យា នគរសៀមវិញ។ ពួកភូមា ក៏លើកទ័ពបង្ហូតទៅចោមប្រទេសលាវ ព្រោះសមតាមគំរោងការដែលគិតមក។ ព្រះចៅក្រុងសតនាគនហុត ក៏បានទទួលច្បាំងរក្សាព្រះនគរឥតរុញរា។ ប៉ុន្តែ កាលខណៈវេលានោះមានភ្លៀងធំជាខ្លាំងព្រោះជិតចូលដល់វសាន្តរដូវណាស់ទៅហើយ ដូច្នេះ ព្រះចៅក្រុងហង្សាវតីកាលទតឃើញរេហ៍ពលពិបាកខ្លាំងពេក ក៏លើកទ័ពត្រឡប់ទៅព្រះនគរវិញ។
នេះនឹងនិយាយអំពីក្រុងកម្ពុជាធិបតី តទៅទៀត។ ក្នុងឆ្នាំច ឆស័ក ពស.២១១៨, គស.១៥៧៥, មស.១៤៩៦, ចស.៨៣៦ ព្រះបាទសម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ ព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចូលគង់ចុងព្រះរាជារោងរម្យជួបជុំអស់ខ្ញុំរាជការធំ-តូចទើបមានព្រះរាជឱង្ការត្រាស់ពិភាក្សាថា យើងបានចាត់បំរើឲ្យទៅស៊ើបការណ៍នៅប្រទេសលាវបំរើបានមកទូលយើងវិញថា : លាវបានកេណ្ឌកងទ័ពជាច្រើនបំរុង នឹង លើកមកច្បាំង នឹង ព្រះនគរយើង។ ប៉ុន្តែឥឡូវនេះ ព្រះចៅក្រុងហង្សាវតីលើកទ័ពមកធ្វើសង្គ្រាម នឹង ប្រទេសលាវ ហើយខាងនគរសៀមព្រះបាទមហាធម្មាធិរាជា ស្ដេចក៏លើកទ័ពទៅតាមស្ដេចដែរ ទុកកូនឲ្យនៅរក្សាព្រះនគរ។
ការណ៍នេះបានកលគួរដល់យើងហើយគួរយើងទៅធ្វើសង្គ្រាមយកនគរសៀមឲ្យបាន។ មន្ត្រីខ្ញុំរាជការទាំងធំទាំងតូច ក៏យល់ព្រមតាមសព្វព្រះរាជហឫទ័យគ្រប់គ្នា។ លំដាប់នោះទ្រង់បានតាំងចិនម្នាក់ ឲ្យធ្វើជាសង្គ្រាមមន្ត្រី ស្រដីលើអស់ចិនទាំងអស់មានងារជាចៅពញាចិន។ ស្ដេចឲ្យកេណ្ឌពលចិន ១០០០០ នាក់ដាក់ជាទ័ពមុខឲ្យកេណ្ឌពលខ្មែរ ១២០០០០០ នាក់ជាទ័ពធំ។ ទ្រង់ឲ្យរៀបភេត្រាទូកក្ដារគ្រឿងសស្ត្រាវុធកំណត់ទីប្រជុំពលនៅស្រុកពាម បន្ទាយមាស។ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះសេត្ថាធិរាជជាព្រះឱរស និង សម្ដេចចៅហ្វាទឡ្ហៈព្រមទាំងសេនាបតី ក្រុមស្រុករក្សាព្រះនគរ។ លុះដល់ខែកក្ដិក ជាថ្ងៃសួស្ដីសិរីរាជ្យ មហាប្រសើរ ស្ដេចព្រះរាជដំណើរចេញចាក ព្រះមហានគរបវរលង្វែករាជធានី។
កាលស្ដេចយាងដល់ ឡើងសណ្ឋិតគង់លើព្រះពន្លាជ័យរាជាសនៈ នៅស្រុកពាមបន្ទាយមាស ហើយព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតប្រទេសកម្ពុជា ស្ដេចមានព្រះរាជឱង្ការត្រាស់ឲ្យចៅពញាចិន ដែលមានងារជាចិនចាប់តុក ធ្វើជាមេទ័ពឃុំពលចិនខ្មែរ ២០០០០ នាក់ឲ្យឧកញ៉ាក្រឡាហោមជាប៉ែកស្ដាំឃុំពល ១០០០០ នាក់ឲ្យចៅពញា ឱកាសកេសរ ព្រះវង្សធំជាប៉ែកឆ្វេងឃុំពល ១០០០០ នាក់ឲ្យចៅពញាពិស្ណុលោក ឃុំពល ១០០០០ នាក់ដែរជាទ័ពក្រោយ។ ទ្រង់ត្រាស់ឲ្យមន្ត្រីទីចៅពញា ទីព្រះ ទីហ្លួង ទីឃុន ទីម៉ឺន ចូលក្នុងក្បួនទ័ពធំ និង នាយម៉ឺន នាយពាន់ នាយរយទៅដោយកងៗ តាមក្បួនពិជ័យសង្គ្រាមទៅចុះទូកសមុទ្រធំ-តូច មានកាំភ្លើងធំនូវទង់ជ័យទាំង ៦ ពណ៌ប្រកបទៅដោយសព្វយុទ្ធ។
លុះបញ្ចុះពលស្រេចហើយ ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ឥសូរក្សត្រជាអម្ចាស់ជីវិត លើត្បូងទ្រង់ព្រះរាជដំណើរចុះ គង់ព្រះទីនាំងសុវណ្ណនាវាភេត្រារចនាមហិមាទៅដោយគ្រឿងសស្ត្រាវុធវិស្សុតនូវ ស្វេត្រច្ឆ័ត្រ គ្រឿងរតន៍អភិរម្យ ឧត្តមដោយគ្រឿងឥស្សរិយយស។ លុះបានរិក្ស មហាវាយោផាត់ជំនោរមកលើទ័ពហើយ សម្ដេចព្រះបរមិន្ទរាជាធិរាជជាឥសូរក្សត្រ ស្ដេចត្រាស់បង្គាប់ ឲ្យបើកទង់ជ័យតាំងហ៊ោលើកព្យូហយោធា មហានាវា ទ័ពធំ សន្ធឹកសន្ធាប់ទៅដោយបនមាំមួនជាមហាឡាតិរេក មើលប្លែកទៅដោយពណ៌សំលៀកបំពាក់ ដែលពាក់តែងខ្លួនទៅដោយខ្លួនផ្សេងៗគ្នា។ ក្រុមភ្លេងក៏លេងប្រគំនាំទ័ពចេញទៅដោយមហាសមុទ្រទ័ពមុខទៅដល់ស្រុកចន្ទបុរី ក៏លើកវាយចាប់បានចៅហ្វាយស្រុកសៀម និង ឈ្លើយសៀមជាច្រើន។ ទ័ពនេះមានជ័យបានស្រុកតូចៗ រហូតទៅដល់ពាមសមុទ្រ ស្រុកធនបុរីទើបបានប្រទះ នឹង ទូកល្បាតសៀមពីរ។ មួយរំពេចនោះ ចៅពញាចិនចានតុក ទ័ពមុខ ក៏លើកទ័ពដេញទូកល្បាតសៀមរហូតដល់ស្រុកធនបុរី។
កងទ័ពចៅហ្វាយស្រុកសៀមក៏បានចេញមកទទួលច្បាំង។ ចៅពញាចាន់តុកលើកទ័ព មុខមកចេញច្បាំងយ៉ាងស្វាហាប់ ហើយមានជ័យជំនះចាប់បានរាស្ត្រសៀម និង កងរេហ៍ពលទូកក្ដារជាច្រើន។ ចំណែកចៅហ្វាយស្រុកណាដែលរត់រួចខ្លួនទៅនោះក៏ ខំស្រូតរូតចូលទៅទូលព្រះចៅក្រុងស្រីអយុធ្យាឲ្យស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ចំណែកឯទ័ពហ្លួងខ្មែរយើងវិញ ស្ដេចទ្រង់ព្រះរាជដំណើរទៅដល់បាណមប្រជែង ទើបទ្រង់ត្រាស់ឲ្យបោះទ័ពតាំងនៅទីនោះ។
ឯព្រះចៅក្រុងស្រីអយុធ្យា ស្ដេចសៀមកាលដែលបានទទួលដំណឹងពីចៅហ្វាយស្រុកធនបុរីហើយ ស្ដេចក៏ជំនុំ ប្រឹក្សា នឹង អស់មុខមន្ត្រីថា ទ្រង់បានឲ្យកេណ្ឌកងទ័ពលើកមកចាំរក្សាព្រះនគរហើយ ឥឡូវនេះកងទ័ពក៏បានមកដល់ខ្លះហើយ។ ដូច្នេះ តើគួរយើង នឹង លើកទ័ពទៅទទួលច្បាំងក្រៅព្រះនគរ ឬ ចាំច្បាំងនៅក្នុងព្រះនគរ។ អស់មុខមន្ត្រី ស្រដីព្រមគ្នាទូលថា គួរតែព្រះអង្គចាត់ឲ្យរៀបទ័ពទទួលច្បាំងពីក្រៅព្រះនគរសិនកុំអាលឲ្យបច្ចាមិត្រចូលមកដល់ក្នុងព្រះនគរភ្លាម ប៉ុន្តែសូមព្រះអង្គស្ដេចរង់ចាំកេណ្ឌរេហ៍ពលឲ្យមកដល់ជុំគ្នាសិន។ ព្រះធម្មរាជាធិរាជទ្រង់ យល់ថាយោបល់អស់មុខមន្ត្រីនេះត្រូវណាស់ ទើបទ្រង់ឲ្យចាត់កងទ័ពឲ្យព្រះយសរាជធានី ជាមេទ័ពធំឃុំពល ៤០០០ នាក់ឲ្យម៉ឺនរាជាមាត្យ ជាមេទ័ពមុខឃុំពល ៣០០០ នាក់ព្រមដោយទូកដាវកាំភ្លើងគ្រឿងចំបាំងលើកទ័ពមកទទួលច្បាំង នឹង ទ័ពខ្មែរ។ ខណៈនោះ ទូកល្បាតខ្មែរបានដឹងសេចក្ដីនេះហើយ ក៏ចូលទៅក្រាបទូលព្រះករុណា "ព្រះរាជាខ្មែរ" ថា: មានទ័ពសៀមលើកមកចំនួន ៧០០០ នាក់។ មួយរំពេចនោះ ព្រះបរមបពិត្រជាអម្ចាស់ស្ដេចត្រាស់ឲ្យចៅពញាចិនចាន់តុក ឃុំពលខ្មែរចិន ១០០០០ នាក់ចេញទៅច្បាំង នឹង ទ័ពសៀម។
ចៅពញាចិនចន់តុក ទទួលព្រះរាជឱង្ការ ហើយក៏លើកទ័ពទៅដល់ទល់ នឹង ទ័ពសៀមមួយរំពេច។ ខណៈនោះ ទ័ពខ្មែរ ទ័ពសៀមក៏បោកទង់ជ័យតាំងហ៊ោវាយគងទូងស្គរបាញ់កាំភ្លើងធំ-តូច ច្បាំងគ្នាជាសន្ធឹកគឹកកងកោលាហល។ ពញាចិនចាន់តុកជាមន្ត្រីចិន ក៏ពិតមែនតែមានចិត្តក្លាហាន នឹង ការសង្គ្រាមណាស់។ អ្នកចែវទូកចែវចូលទៅប្រជល់ នឹង ទូកម៉ឺនរាជាមាត្យ ហើយបាញ់ចាក់កាប់សំលាប់នូវទ័ពទាំងសងខាង ទៅវិញទៅមក ឥតកោកញញើតដៃសោះឡើយ។
ខាងសៀមក៏ដូចជាខាងខ្មែរសុទ្ធតែរបឹង នឹង របឹងប្រយុទ្ធគ្នាមួយថ្ងៃតាំងពីព្រឹកទល់ល្ងាចឮសូរតែ ដំបង ដាវ លំពែង ប៉ះគ្នាកក្រើកព្រៃបែកទឹកសំពោង។ លុះដល់ព្រះអាទិត្យជិតអស្ដង្គត ម៉ឺនរាជាមាត្យឃើញថាទ័ពខាងខ្លួនទន់ដៃណាស់ហើយ នឹង នៅទ្រាំតស៊ូនឹងទ័ពចិន ខ្មែរតទៅទៀតមិនបានក៏នាំគ្នាលោតចុះទឹកអស់ទៅ។ មួយរំពេចនោះចៅពញាចិនចាន់តុក លើកទ័ពខ្មែរចិនដេញតាមទៅឥតបង្អង់ មិនយូរប៉ុន្មានទ័ពខ្មែរ ក៏វាយត្រូវម៉ឺនរាជាមាត្យដួលនៅ នឹង កន្លែង ហើយចាប់បានខ្លួនទាំងរស់ទៀត។ ទ័ពខ្មែរឃើញដូច្នោះក៏កាន់តែមានចិត្តក្លាហាននាំគ្នាលើកចូលវាយ ទ័ពសៀមឥតមានកោតញញើត ដរាបដល់ទ័ពសៀមរត់បែកបាក់ខ្ចាត់ខ្ចាយអស់។ ឯព្រះយសរាជធានី មេទ័ពសៀមកាលឃើញទ័ពម៉ឺនរាជាមាត្យបាក់ដូច្នេះហើយ ទ្រង់ក៏ភិតភ័យខ្លាំងណាស់ចុះទូកយ៉ាងរហ័សហើយអុំរត់ចូលទៅក្នុងព្រះរាជធានីវិញ។
ពលសៀមស្លាប់ នឹង អាវុធ ស្លាប់ នឹង ធ្លាក់ទឹកក៏ច្រើនចាប់បានទាំងរស់ ក៏ច្រើន សល់រត់ចូលទៅវិញបានតិចណាស់។ ពញាចិនចាន់តុកបានជ័យជំនះហើយ ក៏លើកទ័ពត្រឡប់មកវិញ នាម៉ឺនរាជាមាត្យ នឹង ឈ្លើយសៀមទាំងប៉ុន្មានព្រមទាំងទូកក្ដារ គ្រឿងសស្ត្រាវុធ មកក្រាបបង្គំទូលថ្វាយ ព្រះបាទអ្នកជាអម្ចាស់ ជីវិតលើត្បូងនៅទីបាណាមព្រះប្រដែង។ ព្រះបរមនាថ បរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ដោះព្រះទំរង់មាសត្បូងពេជ្រមួយ ដាវមាសមួយ ព្រះរាជទានឲ្យចៅពញាចិនចាន់តុកជារង្វាន់លើកទឹកចិត្ត។ ចំពោះអស់សេនាទាហានដទៃទៀត ក៏ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានមាសប្រាក់ជារង្វាន់តាមគួរហើយ ស្ដេចមានព្រះរាជឱង្ការថា :
យើងចាប់បានឈ្លើយសៀមតាំងពីស្រុកចន្ទបុរីរៀងមក បើតាមរាប់ទៅក៏បានច្រើនពាន់នាក់ហើយ។ បើយើង នឹង ទុកឲ្យនាវានៅក្នុងក្បួនទ័ពនេះតទៅទៀត ក៏នឹង ជាការកង្វល់ដល់យើងដែរ។ ដូច្នេះត្រូវយើងចាត់ឲ្យចៅហ្វាយស្រុកកំពត កំពង់សោមផាត់កៀរគ្រួទាំងទ័ពជើងទឹក ជើងគោកនាំវិលទៅក្រុងកម្ពុជាធិបតីវិញចុះ។ ទ្រង់ចាត់ការយ៉ាងនេះរួចហើយ ស្ដេចទ្រង់ព្រះរាជដំណើរព្រំនាំលាពល រាជទ័ពដោយជលមាគ៌ាទៅដល់ក្រុងស្រីអយុធ្យាហើយ ទ្រង់តាំងទ័ពនៅតំបន់មួយ មួយអន្លើដោយទ័ពមុខទ័ពក្រោយ ឆ្វេង ស្ដាំ។ ទ្រង់បោះទ័ពនៅទីនោះប្រចាំការតាមក្បួនពិជ័យសង្គ្រាម។ ចំណែកខាងសៀមវិញ កាលបើនាយកងទ័ពឃើញទ័ពខ្មែរទៅដល់ហើយ ក៏ឲ្យពលបិទទ្វារព្រះនគរ ហើយដេញពលឲ្យឡើងប្រចាំការរក្សានាទីសព្វៗខ្លួន។
ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ព្រះរាជាខ្មែរ ទ្រង់ជ្រាបថារេហ៍សៀមបិទទ្វារ ព្រះនគរពុំហ៊ានឲ្យសេនាទាហានចេញទល់ទ័ពដូច្នេះហើយ ទ្រង់ត្រាស់ឲ្យតែងជាព្រះសុភអក្សរ និង សំបុត្រនាយកងទ័ព ហើយឲ្យឈ្លើយសៀមនាំយកទៅក្រុងស្រីអយុធ្យាដើម្បីថ្វាយព្រះចៅធម្មរាជា និង អស់មន្ត្រីសៀមឲ្យជ្រាបសព្វសេចក្ដី។ ព្រះចៅក្រុងស្រីអយុធ្យា កាលបានទទួលសំបុត្រខ្មែរហើយ ក៏ឲ្យប្រែមើលឃើញមានសេចក្ដីថា សុភអក្សរបវរមង្គលវិមលវិចិត្រ សុចរិតព្រឹទ្ធាស្រ័យ ពីមហាចតុរង្គាធិបតីក្រោមល្អងធូលីព្រះបាទ នៃសម្ដេចព្រះបរមិន្ទរាជា បរមនាថ បរមបពិត្រ ព្រះបាទអ្នកជាឥសូរតេជោជ័យជាអម្ចាស់ ជីវិតលើត្បូង ក្រុងកម្ពុជាធិបតី សិរីសោធរ បវរឥន្ទបត្តកុរុរដ្ឋរាជធានី បុរីរម្យឧត្តមរាជនិវេសន៍ដ៏វិសេសមហាស្ថានបានទ្រង់ជ្រាប។
ចំរើនផ្លូវព្រះរាជមេត្រី មកសម្ដេចព្រះធម្មរាជា ដ្បិតក្រុងកម្ពុជាធិបតី មហានគរមេរាប្រទេស និង ក្រុងស្រីអយុធ្យានោះពីអតីតកាលមក ឥតមានទោសពៃសារហេតុទាស់ទែងអ្វី នឹង គ្នាសោះទេមានតែក្រុងកម្ពុជាមានគុណលើក្រុងស្រីអយុធ្យាពីព្រោះថា ពីដើមរៀងមកព្រំដែននៃព្រះនគរក្រុងកម្ពុជាធិបតី កន្លងលើសហួសដែនក្រុងស្រីអយុធ្យានោះ ទិសខាងលិចខាងជើងទល់ នឹង ស្រុកភូមា មន ព្រំដែនខាងកើតខាងត្បូងទល់ នឹង ស្រុកយួន ចាម ចិន។ មិនតែប៉ុណ្ណោះសោតទាំងស្រុកភូមា មន លាវ យួន សៀមនេះ ក៏សឹងធ្លាប់ជាចំណុះក្រុងកម្ពុជារៀងមក ច្រើនផែនដីណាស់ដែរ។ លុះដល់មកផែនដី ព្រះគម្ដែងព្រះបាទបទុមសុរិយាវង្ស ដែលមាននៅព្រះនេត្រព្រះកាណ៌ទិព្វវិសេសនោះ ព្រះអង្គទ្រង់ជ្រាបថា ចៅពញារោងនោះ ត្រូវជាសម្ដេចព្រះបរមនាថ ជេដ្ឋារបស់ព្រះអង្គ ព្រះអង្គទ្រង់លើកស្រុកសៀម និង ស្រុកភូមា ស្រុកមន ស្រុកលាវទិសខាងលិច ខាងជើង ទាំងអស់ និង នគរសៀមទាំង ៥នេះ ថ្វាយទៅព្រះចៅពញារោងទុកជានគរសៀមតែមួយ ព្រោះត្រូវជាព្រះជេដ្ឋា។ ព្រះអង្គទ្រង់ឲ្យប្រទេសសៀមជាប្រទេសឯករាជ្យលែងឲ្យនាំសួយសារតំបារមាស ប្រាក់ ទៅថ្វាយព្រះអង្គទៀត ព្រោះទ្រង់ថ្វាយដាច់ទៅព្រះរោងជាសម្ដេចព្រះជេដ្ឋាហើយព្រះវង្សព្រះរោងបានសោយរាជ្យតមកច្រើនតំណជាសុខរៀងមក ប៉ុន្តែលុះដល់ព្រះចៅឧទងដណ្ដើមយករាជសម្បត្តិជ្រែករាជ្យព្រះរោងទៅស្រុកទាំងនោះត្រូវបានមកប្រទេសកម្ពុជាវិញ ហើយគួរតែសៀមលែងទៅក្រុង តែក្រុងស្រីអយុធ្យានៅតែស្ងៀមព្រងើយមិននាំសួយសារទៅថ្វាយព្រះចៅក្រុងកម្ពុជាធិបតីទាល់តែសោះ។
ទោះបីសៀមធ្វើយ៉ាងនេះក៏ដោយ ក៏ព្រះចៅក្រុងកម្ពុជាទ្រង់មាន ព្រះអធ្យាស្រ័យ ប្រណីមកដល់សៀមដែរ ពុំបានប្រកាន់ទោសសៀមជាប្រការអ្វីឡើយ។ លុះដល់ផែនដី ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជាអង្គនេះ ក៏ស្ដេចពុំប្រកាន់ទោសពៃអ្វី នឹង សៀមទៀតដែរដើម្បីមិនឲ្យសៀមមានសេចក្ដីទើសទាល់ទេ។ ប៉ុន្តែមិនដឹងជារឿងអ្វី ក៏ស្រាប់តែព្រះបរមរាជា ស្ដេចសៀមឲ្យព្រះរាជាធិបតីធ្វើជាទ័ពចោរលើកលបទៅក្រឡុកវាយបែកព្រះមហានគរម្ដងទៅ។ ដល់មកផែនដីព្រះលំពង្សរាជា "ស្ដេចខ្មែរ" ទៀតក៏ព្រះបរមរាជា សៀមលបលើកទៅវាយបែកព្រះនគរជាលើកទីពីរម្ដងទៀត។ កាលស្ដេចសៀមលើក ទ័ពទៅវាយទាំងពីរលើកនេះ សៀមពុំបានចាត់ឲ្យមានព្រះរាជសារទៅណាត់ទ័ព ដើម្បីច្បាំងគ្នាជាមុនសោះ។
ដល់ផែនដីព្រះបរមរាជា ជាសម្ដេចព្រះវរបិតាយើងក៏ព្រះចៅចក្រពត្តិ "ស្ដេចសៀម" លើកទៅវាយមហានគរម្ដងទៀត។ លុះដល់ចាញ់ដៃខ្មែរហើយ ព្រះចៅចក្រពត្តិត្រឡប់ទៅស្រុកវិញ ក៏នៅតែមិនសុខព្រះទ័យសោះ ក្រោយនោះមិនយូរប៉ុន្មាន ស្ដេចក៏ឲ្យព្រះពញាអុងលើកទ័ពទៅវាយក្រុងកម្ពុជាម្ដងទៀតតែលើកនេះសៀមក៏បរាជ័យទៅទៀត។ សម្ដេចព្រះវររាជបិតាចាប់បានឈ្លើយសៀមជាច្រើន ហើយក៏សៀមនៅតែពុំរាងចាល។ ក្រោយមកទៀត ព្រះចៅចក្រពត្តិលើកទ័ពទៅវាយមហានគរដោយព្រះអង្គឯង សម្ដេចព្រះបរមរាជាជាសម្ដេចព្រះវររាជបិតាលើកទ័ពមកទទួលច្បាំង នឹង សៀម សៀមចាញ់ខូចខាតអស់គ្រឿងសស្ត្រាវុធជាច្រើនណាស់ម្លឹងហើយក៏សៀមនៅតែពុំរាងចាលទៀតដែរ។ ឥឡូវនេះ យើងជាសម្ដេចព្រះរាជបុត្រានៃព្រះបាទចន្ទរាជា ដែលត្រូវជាព្រះអនុជព្រះចៅធម្មរាជា "ស្ដេចសៀម" លើកយោធាទាហានមកដល់ជើងព្រះរាជវាំងហើយយើងសូមអញ្ជើញស្ដេចព្រះរៀម លើកយោធាទាហានចេញមកធ្វើយុទ្ធនាធិការឲ្យឃើញថ្វីដៃគ្នាម្ដង។ កាលព្រះអង្គកោតខ្លាចហើយ នឹង ចងជាព្រះរាជមេត្រីដូចដើមនោះសូមឲ្យប្រគល់ស្រុកបស្ចឹមបុរី១ ស្រុកចន្ទបុរី១ ស្រុកនគររាជសីមា១ មកប្រទេសក្រុងកម្ពុជាធិបតីវិញ។
ខាងលិចស្រុកទាំង ៣ នេះត្រូវទុកជារបស់ក្រុងស្រីអយុធ្យា។ ពីត្រឹមស្រុកធំទាំង ៣នេះ ទៅខាងកើតត្រូវទុកជារបស់កម្ពុជាតាមព្រំព្រះនគរ ផែនដីព្រះបាទបទុមសូរ្យវង្ស ដែលចែករំលែកថ្វាយទៅសម្ដេចចៅពញារោងវិញនោះ។ ថាពុំព្រមប្រគល់ឲ្យទេ ថានឹងលើកទ័ពមកកំទេចទ័ពសៀមយកផែនដីសៀមឲ្យបាន ដែលទល់នឹងព្រះនគរហង្សាវតី យកនគរសៀមទាំង ៥ និងនគរលាវដែល សៀមវាយយកបានជាចំណុះនោះទៅជាដែនក្រុងកម្ពុជា តាមព្រំព្រះនគរក្នុងឯនាយដែនដីព្រះអរត្តរាលពារលា "ព្រះកេតុមាលា" នោះឲ្យបានដូចដើមវិញ។ ខណៈនោះ ព្រះចៅសម្ដេចព្រះមហាធម្មរាជា "ស្ដេចសៀម" ស្ដេចបានទ្រង់ជ្រាបព្រះរាជសារ នោះហើយទ្រង់នឹងស្ញើចស្ញើបក្នុងព្រះរាជហឫទ័យណាស់។ ទ្រង់ព្រះរាជតំរិះយល់ថា ព្រះបាទបរមិន្ទរាជា អង្គនេះមានថ្វីដៃក្លាហានដូចព្រះចន្ទរាជា ថាព្រះវររាជបិតាដែរ ដែលឈ្នះលាវ សៀមយើងជាច្រើនគ្រាមកហើយ។
ក៏ឯយើងវិញកាលបើយើងពុំទាន់ខូចខាតទាហាន និង គ្រឿងសស្ត្រាវុធ ព្រោះព្រះចៅក្រុងហង្សាវតីទេ នោះយើង នឹង ស្ញើបអ្វីនូវថ្វីដៃស្រុកខ្មែរតូចមួយប៉ុណ្ណោះនោះ។ ទ្រង់ព្រះតំរិះយល់ឃើញដូច្នោះហើយ ទើបទ្រង់ត្រាស់ប្រឹក្សា នឹង សេនាបតី មន្ត្រីគ្រប់ក្រសួងអំពីកិច្ចការសង្គ្រាម ជាបន្ទាន់តាមកាលវេលា។ មន្ត្រីគ្រប់ក្រសួងក្រាបបង្គំទូលថា : ស្រុកយើងសព្វថ្ងៃ កំពុងតែមានទុក្ខធុរៈ ដោយសារព្រះចៅក្រុងហង្សាវតី ទាំងគ្រឿងសស្ត្រាវុធ សេះដំរីទៀតក៏ព្រះចៅក្រុងហង្សាវតី ផាត់កៀរយកទាំងគ្រួសារអស់ជាច្រើនណាស់ទៅហើយ។ ទូលព្រះបង្គំយើងខ្ញុំយល់ថាព្រះករុណា ក៏គួរតែទទួលជាព្រះរាជមេត្រី នឹង ប្រទេសកម្ពុជា ហើយថ្វាយស្រុកខាងកើតតាមសេចក្ដីសុំរបស់ប្រទេសកម្ពុជាចុះ ទំរាំយើងសន្សំរេហ៍ពល និង ស្បៀងអាហារ គ្រឿងសស្ត្រាវុធបានបរិបូរណ៍កាលណា សឹមយើងគិតការតទៅទៀត។ សម្ដេចព្រះមហាធម្មរាជា ស្ដេចទ្រង់បានព្រះសណ្ដាប់មន្ត្រីប្រឹក្សាអំពីរាជការផែនដីហើយ ព្រមទាំងត្រូវ នឹង ព្រះរាជហឫទ័យទៀតផង ស្ដេចក៏មានព្រះរាជឱង្ការត្រាស់ឲ្យចាងហ្វាងអល័ក្ស តែងព្រះសុភអក្សរតបសេចក្ដីទៅវិញ។
លុះបានព្រះសុភអក្សរហើយព្រះចៅសៀមក៏ទ្រង់ត្រាស់ឲ្យពញាមហាមន្ត្រី ព្រះរាជវរានុកូល អញ្ជើញព្រះរាជសារនោះ ក្នុងឋានៈជាព្រះរាជទូតទាំងពីរនាក់។ រាជទូតទាំងពីរនាក់ ក៏ថ្វាយបង្គំអញ្ជើញ ព្រះរាជសារនោះទៅជូននាយកងទ័ពខ្មែរ នាយកងទ័ពខ្មែរនាំទៅប្ដឹងសេនាបតី សេនាបតីនាំចូលក្រាបបង្គំទូលថ្វាយព្រះបាទបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង។ ខណៈនោះ ព្រះបាទសម្ដេចព្រះបរមិន្ទរាជា ព្រះអង្គទ្រង់ចេញប្រថាប់ក្នុងព្រះសុវណ្ណ ពន្លាជួបជុំសេនាបតី មន្ត្រី នាយកង នាយទ័ព ក្រាបបង្គំគាល់ ជាយសបរិវារ។ ទ្រង់ត្រាស់ប្រឹក្សាការសង្គ្រាមតាមធម្មតា។ លុះទ្រង់ទតឃើញឧកញ៉ាចក្រីមួយ ឧកញ៉ាក្រឡាហោមមួយ ជាសេនាបតិ សំរេចរាជការជើងទឹក ជើងគោកទាំងពីរក្រុម នាំរាជទូតសៀមមកក្រាបបង្គំទូលថ្វាយ ព្រះរាជសារហើយទ្រង់ក៏ត្រាស់ឲ្យប្រែសេចក្ដីនៃព្រះរាជសារដែលមានសេចក្ដីដូច្នេះថា ព្រះរាជសារ សុន្ទរបវររតនមង្គលវិមល វិចិត្រ ក្រៃនៃសម្ដេចព្រះពុទ្ធចៅ ព្រះមហាធម្មារាជាតិលកលោកា មហាធម្មិករាជា ជាព្រះចៅក្រុងធារាវតី ស្រីអយុធ្យា ក្រុងទេពមហានគរបវររាជធានី ជាសម្ដេចព្រះរៀមរាជាធិរាជចំរើនផ្លូវ ព្រះរាជមេត្រីមកសម្ដេចព្រះរាជឱង្ការ ព្រះបាទបរមិន្ទរាជា រាមាធិបតី សិរីយសោធរ បវរខត្តិយមហានគរ ក្រុងកម្ពុជាធិបតីជាព្រះអនុជាធិរាជ បានទ្រង់ជ្រាប។