ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ព្រះរាជពង្សាវតារខ្មែរ
តាមសាស្ដ្រាស្លឹករិត
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី20.តុលា 2018.ម៉ោង 10:02
ផែនដីព្រះបរមិន្ទរាជា លេខ៥
ព្រះបរមបពិត្រ ទ្រង់បានជ្រាបហើយ ទ្រង់មានអំណរណាស់។ ពេលនោះចៅហ្វាយស្រុកគោកខណ្ឌមួយ ស្រុកធ្លងលីញមួយ ស្រុកឆ្លូង ស្រុកស្រឡៅមួយ ពញាអរជូនខាងត្បូងឃ្មុំមួយ ចៅហ្វាយស្រុកទន្លេរពៅមួយបានធ្វើសំបុត្រ ចាប់បំរើឲ្យនាំទៅដល់កំពង់ក្រសាំង ដែលនៅឯលិច ស្រុកនគរវត្តឲ្យយកទៅជូនសេនាបតីដើម្បីឡើងក្រាបបង្គំទូលព្រះករុណាថា : ស្ដេចនគរលាវ កំពុងតែឲ្យកេណ្ឌកងទ័ពធំ និង ទ័ពរទេះសេះ ដំរី ច្រើនណាស់បំរុង នឹង លើកមកវាយក្រុងកម្ពុជាធិបតី យើងក្នុងពេលឆាប់ៗនេះហើយ។ សូមទ្រង់ជ្រាប ក្រោមល្អងធូលីព្រះបាទ។
ព្រះបរមបពិត្របានទ្រង់ជ្រាប តាមសំបុត្ររបស់ចៅហ្វាយស្រុកទាំងនោះហើយ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ នឹង អស់នាយកងនាយទ័ពទាំងនោះថា : យើង នឹង ទៅវាយក្រុងស្រីអយុធ្យា ក្នុងពេលនេះពុំទាន់បានឡើយព្រោះឥឡូវនេះលាវវាលើកទ័ពមកវាយយើងមុនហើយ បើដូច្នេះត្រូវតែយើងទទួលវាយលាវសិន។ ព្រះបរមបពិត្រ ទ្រង់ត្រាស់តែប៉ុណ្ណោះ ទើបត្រាស់ឲ្យសេនាបតីធ្វើសំបុត្របង្គាប់ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកនោះឲ្យកេណ្ឌរាស្ត្រខេត្តខាងជើង ហើយចាំទទួលច្បាំង នឹង លាវនៅទីស្រុកអាសន្ទុកនោះឲ្យពញាអរជូនចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ កេណ្ឌរាស្ត្រខេត្តខាងកើត ហើយចាំទទួលច្បាំង នឹង លាវនៅស្រុកសម្បុកុលសម្បូណ៍។ ឯទ័ពហ្លួងស្ដេចព្រះរាជដំណើរ ត្រឡប់មកក្រុងលង្វែករាជធានីវិញ។ ឈ្លើយសៀមដែលចាប់បានមកទាំងប៉ុន្មាននោះទ្រង់ត្រាស់ឲ្យចែកទៅស្រុកធំតូចទាំងឡាយក្នុងប្រទេសកម្ពុជា។ គោ ក្របី ដំរី សេះ សព្វសម្បត្តិដែលបានមកទាំងប៉ុន្មានទ្រង់ប្រោសព្រះរាជទាន ចែកអស់នាយកងនាយទ័ពមិនឲ្យខ្វះកន្លះដល់ម្នាក់ឡើយ។
ហេតុនេះហើយបានជាកងទ័ពខំធ្វើការរាជការ ឆ្លងព្រះតេជគុណរៀងរាល់ឆ្នាំមានជ័យជំនះជាទីពេញចិត្តណាស់។ តមក ព្រះបរមបពិត្រទ្រង់មានព្រះរាជឱង្ការ ត្រាស់ឲ្យចេញកេណ្ឌកងទ័ពមកថែមឲ្យគ្រប់ចំនួនជាង ១០០០០០ នាក់។
នេះនឹងស្រដីខាងទ័ពលាវវិញ។ ព្រះចៅក្រុងស្រីសតនាគនហុត កេណ្ឌពលបាន ១៥០០០០នាក់ ទ្រង់ឲ្យពញាឧបរាជ និង នាម៉ឺនធំ-តូចឃុំពល ៥០០០០ នាក់ជាទ័ពជើងទឹកឲ្យលើកមកតាមផ្លូវទន្លេធំ។ ស្ដេចលាវលើកពល ១០០០០០ នាក់មកដោយព្រះអង្គឯងជាទ័ពជើងគោក។ ក្នុងទ័ពនោះមានដំរីសឹក ៥០០ សេះសឹក ១២០០។ ទ្រង់ពញាឧបរាជសូរ្យវង្សជាមេទ័ពមុខឲ្យ ពញាសុរិន្ទខាំងហ្វា ជាប៉ែកខាងស្ដាំឲ្យពញាមហេជាប៉ែកខាងឆ្វេង ឲ្យពញាមើឡិកជាទ័ពក្រោយ ឲ្យពញានគរនៅរក្សាស្រុក។
លុះបានឫក្សឧត្តមនៅខែមាឃ ឆ្នាំមមី ទោស័ក ព្រះចៅក្រុងស្រីសតនាគនហុត ទ្រង់គ្រឿងអម្ពរសព្វប្រដាប់ប្រដាតាមមាំឡាន ប្រទេសរចនាដោយសាភេតរិស័យឡើងគង់លើដំរីសឹក លើកក្បួនទ័ពជើងទឹក ជើងគោកជាសន្លឹកពន្លឹកណាស់តាមផ្លូវដើររយ : រៀងរហូតមកដល់ក្រុងកម្ពុជាធិបតី។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកដែលជាមេទ័ពខាងខ្មែរកាលបានឃើញកងទ័ពលាវធំហួសប្រមាណពុំហ៊ានចេញទទួលចំបាំង ហើយក៏ផាត់កៀរគ្រួវិលថយចូលមកបន្ទាយខេត្តអាសន្ទុកវិញ។
កងទ័ពទឹកលាវ សម្ដេចព្រះឧបរាជលាវលើកទ័ពមកដល់ជួខោនហើយទ្រង់ ក៏រំលៀកទូកចុះទ័ពមកដល់ស្រុកសម្បុក។ ពញាអរជូនឃើញទ័ពលាវច្រើនលើសលប់ជាងចំនួនទ័ពរបស់ខ្លួន ក៏ថយមកចាំទទួលច្បាំងនៅបន្ទាយត្បូងឃ្មុំ។ ខាងឯខ្មែរ ក្រុងលង្វែករាជធានីវិញ ព្រះបាទសម្ដេចក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់ឲ្យសម្ដេចព្រះសត្ថាធិរាជជាព្រះរាជឱរសនៅរក្សាព្រះនគរ។ ទ្រង់ឲ្យប្រជុំពលយោធាជាប្រញាប់បានពល ១០០០០០ នាក់។ ទ្រង់ចាត់ឲ្យចៅហ្វាទឡ្ហៈជាមេទ័ពខាងជើងទឹក ឧកញ៉ាក្រឡាហោមជាមេទ័ពមុខ ព្រមដោយទូកក្ដារគ្រឿងសស្ត្រាវុធចំនួនពល ៣០០០០ នាក់ឲ្យលើកទ័ពទៅទទួលច្បាំង នឹង ឧបរាជលាវនៅផ្លូវទន្លេធំ។ ទ័ពហ្លួងជើងគោកមានពល ៧០០០០ នាក់មានដំរី ៣០០ សេះ ៨០០។ ទ្រង់ឲ្យចំលងពលទៅត្រើយខាងកើតស្រេច ទើបសម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចាត់ឲ្យលើកព្យូហចតុរង្គ រៀបចំដំណើរក្បួនទ័ពឲ្យប្រញាប់រៀងទៅ។ ឯស្ដេចលាវ កាលលើកទ័ពមកដល់ស្រុកសន្ទុកហើយ ទ្រង់ចាត់ឲ្យទ័ពលាវចូលវាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជ ក៏ដេញពលឲ្យឡើងលើទីបន្ទាយចាំទទួលច្បាំង នឹង ទ័ពលាវ។ ទ័ពទាំងពីរខាងបាញ់កាំភ្លើងតគ្នាទៅវិញទៅមក ឮសន្ធឹកសន្ធាប់កក្រើកអស់ប្រថពី។ កងទ័ពទាំងសងខាងក៏ស្លាប់ដូចគ្នាដែរ។ ខាងពលលាវស្លាប់ច្រើនណាស់ ទើបស្ដេចលាវឲ្យធ្វើបន្ទាយកិលបរព្រះទីនាំង ដេញពលឲ្យចូលច្បាំងដូចរលកក្នុងមហាសមុទ្រ។ ពលលាវចូលមកដល់បន្ទាយខ្មែរហើយក៏តាំងឡើងប្រកាប់គ្នា នឹង ទ័ពខ្មែរលើបន្ទាយខ្មែរ។
ពលខ្មែរទទួលច្បាំងពុំបានក៏បែកទ័ពស្លាប់វិនាសអស់ជាច្រើនណាស់។ កូនរបស់ចៅពញាឧទ័យធិរាជស្លាប់ក្នុងបន្ទាយ ខ្លួនចៅពញារត់ទំលាយចំណោមទ័ពលាវបាន។ ទ័ពលាវមានជ័យជំនះចាប់បានទ័ពខ្មែរ ដែលបែកបន្ទាយយកទៅធ្វើជាឈ្លើយបានជាច្រើន។ ពញាឧទ័យធិរាជពេលរត់ចេញពីចំណោមទ័ពលាវរួចហើយ ក៏រត់មកប្រទះនឹងទ័ពហ្លួងកណ្ដាលផ្លូវ ក៏ចូលក្រាបថ្វាយបង្គំថ្លែងទូលរាជកិច្ចថ្វាយ នូវទោសានុទោសរបស់ខ្លួន សព្វគ្រប់ប្រការ ខណៈនោះ អម្ចាស់ផែនដីប្រទេសកម្ពុជាមានព្រះរាជតំរាស់ត្រាស់ប្រារព្ធថា : ទ័ពលាវមានចំនួនច្រើនលើសកំលាំងទ័ពចៅហ្វាយស្រុកជាច្រើនណាស់។ ចៅហ្វាយស្រុកក្រៅ នឹង ទទួលច្បាំងផងពុំបានឡើយ។ ទ្រង់ព្រះរាជទានទោសដល់ចៅពញាឧទ័យធិរាជ។ លំដាប់នោះ អម្ចាស់ផែនដីខ្មែរ ស្ដេចលើកក្បួនទ័ពតទៅទៀត។ លុះដល់តំបន់កំពង់ស្វាយ ក្នុងខេត្តអាសន្ទុក។ ទ្រង់ត្រាស់ឲ្យតាំងទ័ពតាមក្បួនពិជ័យសង្គ្រាមក្នុងទីជ័យភូមិដ៏ល្អ។
ខាងលាវវិញ ស្ដេចលាវ ក៏ឲ្យលើកសេនាពលានុពលតាមក្បួនពិជ័យសង្គ្រាម។ ព្រះចៅលាងជាង "ស្ដេចលាវ" បានប្រឹក្សា នឹង អស់សេនាទាហាន ពញាលាវទាំងឡាយថា : ទ័ពយើងមានច្រើនជាងទ័ពខ្មែរ។ ដូច្នេះវេលាស្អែកនេះ យើងត្រូវលើកក្បួនទ័ពតាំងពីយប់ ហើយឲ្យទៅភ្លឺនៅមុខបន្ទាយខ្មែរ រួចហើយយើងបរពលចូលទៅវាយទ័ពខ្មែរដោយងាយជាប្រាកដ។ អស់នាយកង នាយទ័ពក៏យល់ដូចព្រះរាជបញ្ជាការ។
លុះវេលាព្រឹកឡើង ម្ដេចព្រះចៅក្រុងស្រីសតនាគនហុត ព្រះអង្គទ្រង់គ្រឿងប្រដាប់សំរាប់ម៉ាឡានប្រទេសសុវណ្ណពិចិត្ររតនា ហត្ថាក៏ទ្រង់កង្វេរ ដាវខ ជាអាវុធរួចស្រេចហើយ ទើបឡើងគង់លើព្រះទីនាំងគជេន្ទ្រចុះប្រេង ចងគ្រឿងសឹកមានមន្ត្រីជិះកណ្ដាល ជិះកន្សៃគ្រប់ប្រការ។ អស់សេនា ពញាលាវ ជិះដំរីសឹក ២០០ មុខ ២០០ ក្រោយចោមរោមតាមក្បួនទ័ពដំរី។ ឯពលនៅជើងដំរី ៣០០០នាក់ ស្ដេចឲ្យពាក់អាវលឿងកាន់កាំភ្លើង លំពែង ដាវ អមជើងព្រះទីនាំងគជេន្ទ្រ។ ពញារាជសូរ្យវង្សទ្រង់គ្រឿង ជិះដំរីសឹក ជួបជុំពល ដំរី សេះ និងពលថ្មើរជើងមូលមកហើយក៏លើកចេញទៅជាទ័ពមុខ។ ពញាសុរិន្ទខាំងហ្វាជិះដំរីសឹកឃុំពល ដំរី សេះ នឹងពលថ្មើរជើងលើកទៅជាទ័ពក្រោយ។ ឲ្យពញាសែន្យខាំងហ្វា លើកចេញទៅជាទ័ពស្រួចមុខគេបង្អស់។ ចំនួនពលលាវ កាលនោះ ១០០០០០ នាក់ប្រដាប់ព្រមដោយទង់ជ័យកាំភ្លើង ដាវ គ្រឿងសឹក គ្រឿងចំបាំងផ្សងៗគ្នា។ លុះបានឫក្សល្អហើយ ទ័ពភ្លេងក៏តាំងវាយគង ទូងស្គរដេញប្រគុំភ្លេងតាមប្រទេសលាវ តាំងហ៊ោដោតទង់ជ័យហើយលើកទ័ពចេញទៅ។
ឯខាងទ្រង់ព្រះករុណាពិសេសជាអម្ចាស់ជីវិតលើត្បូង "ព្រះរាជាខ្មែរយើង" ឮសន្ធឹកក្បួនទ័ពឡើយ ទ្រង់ក៏ប្រជុំអស់មហាសេនា សេនានាយកមុខមន្ត្រីធំ តូច គាស់ស្ដាប់ព្រះរាជឱង្ការ ត្រៀបត្រាក្រោមល្អងធូលីព្រះបាទកុដមាសឱកាសពិភាក្សាការរណង្គរាជភេរី។ ទើបទ្រង់ ត្រាស់ព្រះបរមរាជបរិហារថា : ការណ៍ទ័ពម្ដងនេះ ជាការណ៍ធំលើសធម្មតា។ លាវមានទ័ពច្រើនជាងយើងហើយ។ ការណ៍សឹកក្សត្រនេះ បើម្ដេចម្ដាគង់ នឹង ដឹងគ្នាវេលាព្រឹកនេះជាមិនខាន ទើបទ្រង់ត្រាស់ឲ្យចៅពញាឧទ័យធិរាជឃុំពល ៣០០ នាក់ មានគងមានស្គរជាច្រើន សែងវាងទៅឲ្យហួសទ័ពលាវ។ ទ្រង់ផ្ដាំថា : ឲ្យមើលថា បើឮសូរកាំភ្លើងម្ដង ត្រូវឲ្យទ័ពវាយគងទូងស្គរគាំងហ៊ោដុតផ្ទះ ភូមិរាស្ត្រដែលរត់ចោលឲ្យឃើញផ្សែងហុយទ្រលោមឡើង។ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រី ចៅពញាធម្មាតេជោឃុំពល ១០០០០ នាក់ដែលមានដំរីសឹក សេះសឹក ក្របីសឹក លើកទ័ពទៅទាំងយប់ រកព្រៃឈប់បង្អង់ចាំមើល បើទ័ពច្បាំងគ្នាជាប់ដៃហើយឲ្យលើកសំរុកវាយលុកពីខាងក្រោយដើម្បីឲ្យខូចក្បួនរបស់នាយកងទ័ពលាវ។
ឧកញ៉ាចក្រី និងចៅពញាធម្មាតេជោ ក្រាបថ្វាយបង្គំលា លើកទ័ពចេញទៅតាមព្រះរាជបង្គាប់។ ឯទ័ពធំស្ដេចឲ្យរៀបបៀបប្រុង ក្នុងយប់នោះឲ្យស្រេច។ លុះព្រឹកបំព្រាងរៀបស្វាយអាកាស នាយកង នាយទ័ពក៏រៀបចំទ័ពតាមក្បួនពិជ័យសង្គ្រាមរង់ចាំវេលា។ សម្ដេចព្រះបរមរាជាធិរាជ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់គ្រឿងឥស្សរក្សត្រប្រដាប់ដោយសុវណ្ណរ័ត្ន អលង្កតវិកូសិតវិចិត្ររាជវិល័យសំរាប់ចូលពិជ័យរណង្គយុទ្ធស្រេច ទើបស្ដេចទ្រង់ព្រះសែងដាវរាជអាវុធឡើងគង់លើព្រះទីនាំងគជេន្ទ្រមង្គល ដែលដល់ឈ្នះដំរីលាវចុះប្រេងមុខក្រោយ ចងទៅដោយគ្រឿងភូផានសោភ័ណសំរាប់សឹក បាំងព្រះមហាស្វេតច្ឆ័ត្រមានសេនាជិះកណ្ដាល កាន់កន្ទុយក្ងោកសំរាប់បោកបង្គាប់ពលទ័ពមានមន្ត្រីជិះកន្សៃគជេន្ទ្រជ័យ កាន់នូវអាវុធប្រយ័ត្នពីខាងក្រោយ។
ទ្រង់ចាត់ពលឲ្យរវាំងចតុរង្គបាទ គឺរក្សាជើងព្រះទីនាំងគជេន្ទ្រទាំង ៤ ដោយខ្លួនតាមមុខងារ។ អស់មុខមន្ត រីរាជពលករ តែងខ្លួនជិះដំរីសឹកពន្លឹកត្រៀបត្រា ជិះគជសារមុខក្រោយ ឆ្វេង ស្ដាំ ចោមរោមព្រះទីនាំង ប្រចាំការណ៍តាមក្បួនរាជគជសង្គ្រាមយុទ្ធ។ ទើបអស់ពួកពលសកលយោធា តែងខ្លួនតាមពិណ៍ទីទៃៗ អម្ចាស់ផែនដី ស្ដេចចាត់សូរ្យសេន្យរសនី ពលដំរី ពលសេះ ពលថ្មើរជើងក្នុងកងទ័ពហ្លួង។ ទ្រង់ចាត់ឲ្យចៅពញាមហាសេនាជាទ័ពស្រួច ទ្រង់ចាត់ឲ្យចៅពញាយោធាសង្គ្រាម ឲ្យជិះដំរី ឃុំពលជាទ័ពមុខបង្អស់បន្ទាប់នោះ ស្ដេចឲ្យឧកញ៉ាយមរាជ និង សេនាបតីដទៃទៀត ឃុំពលជាទ័ពមុខទ័ពក្រោយទ័ពប៉ែកឆ្វេងស្ដាំ។ ទ្រង់ចាត់ឲ្យឧកញ៉ាសាមន្តរាជ និង មុខមន្ត្រីជានាយកងនាយទ័ពឲ្យលើកទ័ពតាមក្រោយមកតាមព្យូហយាត្រារួចជាស្រេច។ លុះព្រឹកព្រាងស្រឡះ រះដួងអរុណោទ័យរស្មី ក្រហមរន្ទាលច្រាលឆ្អៅនៅទិសបូព៌ ព្រះហោរាធិបតីក៏គោះគង វាយភេរី ជីព្រាហ្មណ៍ ថ្វាយស្លុតី ថ្វាយទឹកស័ង្ខជ័យ មង្គលភ្នាក់ងារ ផ្លុំត្រែ ស័ង្ខ តាំងសុរិយាតន្ត្រី ទើបស្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជឱង្ការត្រាស់ឲ្យមន្ត្រី ដែលជិះដំរីកណ្ដាលទ័ព កាន់កន្ទុយមយូរា បក់បោកកន្ទុយក្ងោកឲ្យចេញទៅមុខ។ ឯដំរីចំលងសឹកឲ្យតាំងរៀបតំរូវត្រូវតាមក្បួនគជេន្ទ្រសង្គ្រាម។ អ្នកជិះកណ្ដាលដំរីថ្វាយបង្គំរាំកន្ទុយក្ងោកបោកបង្គាប់ទ័ពតាមក្បួន។ អស់ពលសេះ ពលថ្មើរជើង ក៏បោកទង់តាំងហ៊ោយកជ័យហើយទើបស្ដេចព្រះរាជដំណើរចេញក្បួនទ័ពជាសន្ធឹកសន្ធាប់មហិមា។ អស់មហាចតុរង្គ យោធា ក៏រាបដោយគ្រឿងសហា នានាអាវុធ។
ភ្នាក់ងារបើកក្លស់ក្លំអភិរម្យវិជ្ជនីផាត់បាំងសេតរាំងសែងព្រះសុរិយាត្រៀបត្រាទៅដោយចាម៉រ បៃម៉ន សែនត្វាន់កំណាត់ក៏ត្ររួតគ្រឿងរាជអាវុធបវិស្សុតវិសេសផ្សេងៗ សន្ទឹទៅដោយភ្លេង ព្រះទីនាំងគជេន្ទ្រ ព្រះពុទ្ធបដិមាករ ព្រះឥសូរ ព្រះនារាយណ៍ ទេវរូបក៏ចេញនាំមុខ ព្រះទីនាំងជាលំដាប់ទៅ។ ពញាមហាសេនា ពញាយោធាសង្គ្រាម លើកទ័ពទៅប្រទះ នឹង ទ័ពលាវដែលមានព្រះឧបរាជសូរ្យវង្សជាមេទ័ពមុខក៏បោះទង់ជ័យប្រជល់គ្នារវាងទ័ពមុខ នឹង ទ័ពមុខខ្មែរ ក៏បោះទ័ពទល់គ្នារាយរាលខ្លួន។ លុះទ័ពហ្លួងខ្មែរ ទ័ពហ្លួងលាវមកដល់ទល់ជុំហើយទ័ពមុខក៏បោកទង់ជ័យ តាំងហ៊ោទូងស្គរបាញ់កាំភ្លើងធំ-តូច ចូលប្រកាប់ប្រចាក់គ្នាទៅមកជាសន្ធឹកពន្លឹកកោលាហលរេហ៍ពលសាកលយោធា លាវ ខ្មែរប្រកាប់គ្នាដូចជាព្យុះសង្ឃរា រលកសាគរមហាសមុទ្រពេនទៅពេនមកជាគឹកកង រំពង បីដូចជាផែនដីកំរើកញាប់ញ័រ។ កាលនោះទ័ពខ្មែរប៉ែកស្ដាំដេញប្រកាប់ទ័ពលាវ ទ័ពលាវទ្រាំមិនបានក៏ថយ។ ព្រះចៅក្រុងឝ្រីសតនាគនហុត ទតឃើញដូច្នោះ ក៏ឲ្យពលពាក់អាវលឿង ៣០០០ នាក់ចេញដេញកាល់ពលឲ្យចូល ទទួលទ័ពខ្មែរ ទ័ពខ្មែរទ្រាំងពុំបានក៏រាថយមកវិញដែរ។ សម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចទតទស្សនាការ ឃើញទ័ពខ្មែរថយដូច្នោះ ក៏ទ្រង់បរព្រះទីនាំង នាំដំរីសឹកចូលកាល់ពលហើយ ទ្រង់ឲ្យកាត់ក្បាលនាយរេហ៍ពល ដែលថយទាំង ៥នាក់ឲ្យនាយមហាក្សត្រនាំក្បាលទៅស្រែកឃោសនាឲ្យពលដឹង។ អស់ពលខ្មែរឃើញហើយខ្លាច ព្រះរាជអាជ្ញា ក៏ត្រឡប់ចូលទៅប្រកាប់ទ័ពលាវជាច្រឡំបល់។ ព្រះបរមបពិត្រ ស្ដេចបរពលចូលច្បាំងដោយព្រះអង្គឯង។
ក្រោយនោះ ពញាឧទ័យធិរាជវាយគងទូងស្គរតាំងហ៊ោដុតផ្ទះអ្នកស្រុកហើយរត់ចូលសំរុកមក។ ទ័ពក្រោយរបស់លាវ បានឃើញផ្សែងហុយទ្រលោមឮសូរសំរែក និង ស្គរគង រគាំងខ្លាំងណាស់ ក៏រត់មកទូលស្ដេចលាវ។ ខាងឯឧកញ៉ាចក្រី ពញាធម្មាតេជោ "ទ័ពខាងខ្មែរ" ដែលបង្កប់ទ័ពសេះ ដំរី ក្របី និង ពលថ្មើរជើងនៅក្នុងព្រៃនោះ កាលបើបានឮគង ឮស្គរហើយ ក៏នាំពលចូលសំរុក គ្រលុកច្បាំងខ្ទប់ពីក្រោយទៀត។ ទ័ពលាវមើលទៅ ទ្រាំពុំបានក៏បែកបាក់រត់ខ្ចាត់ខ្ចាយអស់។
ព្រះចៅក្រុងឝ្រីសតនាគនហុត កាវដំរីរត់ឥតបង្អង់។ កាលទ័ពលាវបែក នឹង ទ័ពខ្មែរ ខ្មែរដេញតាមកាប់សំលាប់ពលលាវ ស្លាប់រៀងរាយតាមផ្លូវ តាមព្រៃ។ សាកសពជាច្រើនអនេកពេកពន់ប្រមាណ ស្លាប់ស្អុយពាសពេញទាំងផែនដី។ ពញាឧទ័យធិរាជ និង ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលជាមេទ័ពបង្កប់បានលើកទ័ពស្កាត់ពីមុខ ទ័ពលាវដែលនៅគាល់ក្រោយទ័ពហ្លួង។ ព្រះចៅឝ្រីសតនាគនហុត កាលដែលរត់បាក់ទ័ពនៅទីនោះ ទ្រង់ឲ្យពញាសេន្យខាំងហ្វា និង សេនាទាហាន រេហ៍ពលទាំង ១០០០០ នាក់ដឹងយល់ថា បើ នឹង រត់ក៏ពុំរួចច្បាំងបើកផ្លូវចេញទៅក៏មិនបានទៀតទើបពញាសេន្យខាំងហ្វា ប្រឹក្សាយល់ព្រម នឹង សេនាទាហានតូចធំ ថាយើងមកជាប់ចំណោមក្នុងព្រៃនេះមួយយប់ ពីរថ្ងៃហើយ គួរតែយើងចូលជ្រកកោន នឹង ស្ដេចខ្មែរឲ្យរួចជីវិតទៅវិញទើបល្អជាង។ គិតហើយក៏ប្រកាសគ្រប់សេនាយោធាឲ្យមូរទង់ជ័យ ចងគ្រឿងសាស្ត្រាវុធនាំរេហ៍ពល និង រទេះសេះដំរីទៅចូលក្រាបបង្គំថ្វាយអម្ចាស់ផែនដី ខ្មែរសុំជាចំណុះចុះព្រះបារមី។
ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ជីវិតលើត្បូងទ្រង់ត្រាស់សួរថា : ឯងនេះមន្ត្រី ឬ ជាព្រះវង្សស្រុកណា ពញាសេន្យខាំងហ្វាក្រាបទូលថា : ទូលព្រះបង្គំជាខ្ញុំ ជាព្រះវង្សស្រុកឆៀងរ៉ាយ "ជាងរាយ"។ ថាព្រះចៅឝ្រីសតនាគនហុត ព្រះអង្គកេណ្ឌយកទូលព្រះបង្គំយើងខ្ញុំមកឲ្យធ្វើជានាយកងទ័ពក្រោយ។ ព្រះបាទបរមនាថ បរមបពិត្រ កាលបើបានឮថា ពញាសេន្យខាំងហ្វាជាព្រះរាជវង្សដូច្នោះហើយ ព្រះអង្គក៏មានមេត្តាឲ្យពញាសេន្យខាំហ្វា គ្រប់គ្រងខេត្តគោកសេះ ដែលនៅជាចំណុះ ខេត្តអាសន្ទុក ហើយទ្រង់ឲ្យប្រែឈ្មោះ គោកសេះ នោះឲ្យហៅថា "បានលាវឆៀងរ៉ាយ" "ប្រែថា ស្រុកលាវឆៀងរ៉ាយ" តែជាយូរៗមកពាក្យ បានលាវឆៀងរ៉ាយនេះ ក៏ដាច់អស់ពាក់កណ្ដាលទៅ នៅសល់តែពាក្យដើមនិងពាក្យចុងទៅ ហៅថា បារាយណ៍ ទៅវិញក្លាយរហូតមកដល់សព្វថ្ងៃនេះ។ ទ្រង់បានឲ្យពលលាវ ១០០០នាក់នៅក្នុងខេត្តនោះ។ ក្រៅអំពីនោះ ទ្រង់ត្រាស់បង្គាប់សេនាទាហានឲ្យផាត់កៀរពលលាវឲ្យទៅនៅខេត្តខាងត្បូង និង ខាងលិចទាំងអស់ហើយ ទ្រង់ឲ្យផ្លាស់ងារមន្ត្រីខេត្តគោកសេះ ដែលធ្លាប់ហៅថា ឧកញ៉ាមន្ត្រីសីហនាថនោះ មកជាពញាសេន្យខាំងហ្វាវិញ។
លំដាប់តនោះមកស្ដេចម្ចាស់ផែនដីខ្មែរទ្រង់បង្គាប់ ពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកមួយ ឧកញ៉ាមហាសេនាមួយ ឧកញ៉ាយោធាសង្គ្រាមមួយឲ្យលើកទ័ពដេញទ័ពព្រះចៅឝ្រីសតនាគនហុត ដែលរត់ទៅទីនោះឲ្យផុតដែលក្រុងកម្ពុជាធិបតី។ មេទ័ពទាំង ៣នាក់នេះចាប់បានឈ្លើយលាវ និង គោ ក្របី សេះ ដំរី ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើនមក ក្រាបទូលថ្វាយព្រះបាទអ្នកជាម្ចាស់។ ព្រះបាទបរមនាថ បរមបពិត្រទ្រង់ព្រះអំណរណាស់ទ្រង់ប្រោសប្រទានពលលាវ ជាឈ្លើយនោះទៅមន្ត្រីសេនាទាហាន តាមមានគុណបំណាច់ តិចច្រើនរួចហើយ ព្រះអង្គត្រាស់ឲ្យរៀបពិធីការ សង្គ្រាមជើងទឹកទៀតព្រោះកាលទ្រង់ត្រាស់ប្រើសម្ដេចចៅហ្វាទឡ្ហៈ ឲ្យលើកទ័ពជើងទឹកទៅរួបរួម នឹង ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំត នឹង ទ័ពឧបរាជសូរ្យវង្សនោះ ទ្រង់ពុំទាន់បានជ្រាបថាមានជ័យ ឬ បរាជ័យនៅឡើយ។ ខណៈនោះ ព្រះបរមបពិត្រអ្នកជាអម្ចាស់ ព្រះអង្គលើកទ័ពជើងគោកឆ្លងទៅបោះនៅខេត្តក្រចេះ ទ្រង់ឲ្យកាប់ឫស្សី និង រុះផ្ទះអ្នកស្រុកជាក្បួនបោះយុថ្កាពេញទន្លេរួចហើយ ទ្រង់ឲ្យជញ្ជូនចំបើង ស្បូវ ស្មៅ ផ្ទុកពេញក្បួននោះ។ លុះផ្ទុករួចហើយ ទ្រង់ចាត់បំរើឲ្យទៅប្រាប់សម្ដេចចៅហ្វាទឡ្ហៈ ឲ្យនាំទ័ពចៅហ្វាយស្រុកចូលច្បាំង នឹង ទ័ពលាវកុំបីបង្អែបង្អង់ឡើយ។ ក្រោយមកនោះទ័ពខ្មែរ និង ទ័ពលាវ បានបាញ់គ្នាដោយកាំភ្លើង និង ធ្នូ ស្នា យ៉ាងជ្រួលច្របល់។ ដល់ថ្ងៃ ដែលទ្រង់បានណាត់សន្យាហើយព្រះបរមបពិត្រ ឲ្យដកយុថ្កាក្បួនទាំងនោះ ឲ្យដុតក្បួននោះបណ្ដែតតាមខ្សែទឹក ដ៏មានភ្លើងហុយទ្រលោមយ៉ាងខ្លាំង។ ទ័ពលាវកាលបើឃើញក្បួនភ្លើងឆេះ ព័ទ្ធពីខាងក្រៅកាន់តែក្ដៅឡើងៗទ្រាំពុំបានខ្លះលោតចុះទឹកក៏មានខ្លះលោតឡើងគោកក៏មាន។ នរណាលោតឡើងគោកមកត្រូវ នឹង ទ័ពឧកញ៉ាធម្មាតេជោសោមដែលបង្កប់ទ័ពនៅលើគោកនោះ ក៏ត្រូវទ័ពឧកញ៉ាធម្មាតេជោដេញកាប់ចាក់ចាប់យកជាឈ្លើយ និង យកគ្រឿងសស្ត្រាវុធជាច្រើន។
ឧកញ៉ាធម្មាតេជោសោមក្រោយដែលនាំឈ្លើយលាវមក ក្រាបបង្គំថ្វាយព្រះបរមបពិត្រក្នុងពេលដែលព្រះអង្គលើកទ័ពទៅបោះនៅគោះគោកខ្សាច់។ ខណៈនោះ ស្ដេចទតយល់នាយទ័ព នាយកង ខាងជើងទឹកព្រមទាំងគ្រឿងសស្ត្រាវុធដែលចាប់បានពីក្នុងទ័ពលាវ មានប្រមាណច្រើនណាស់ ទ្រង់មានព្រះអំណរណាស់។ ក្នុងពេលនោះទ្រង់ទតព្រះនេត្រមើលទៅឃើញឈ្លើយម្នាក់រូបរាងស្អាតបាតល្អ ទ្រង់ត្រាស់សួរពូជពង្សវង្សាវតារ របស់ឈ្លើយនោះតាមដំណើរ។ ឈ្លើយក៏ឆ្លើយទូលថា : ទូលព្រះបង្គំឈ្មោះចៅរៀមជារាជបុត្រា នៃ ព្រះឧបរាជសូរ្យវង្ស។ សម្ដេចព្រះបរមនាថ បរមបពិត្រទ្រង់ព្រះសណ្ដាប់ចំលើយចៅរៀមនេះហើយ ក៏ទ្រង់ព្រះមេត្តាករុណាប្រោសឲ្យរួចជីវិតហើយទ្រង់ព្រះរាជទានលាវឈ្លើយ ២០០នាក់ឲ្យទៅរកទទួលក្នុងកោះគោកខ្សាច់នោះ។ ទ្រង់បានឲ្យប្រែឈ្មោះកោះគោកខ្សាច់នោះមកឲ្យហៅថា កោះចៅរៀមវិញហេតុនោះហើយបានជាកោះនោះមានឈ្មោះថា កោះចៅរៀម " តាំងពីខែជេស្ឋ ឆ្នាំរកា បញ្ចស័ក ពស.២១១៧, គស.១៥៧៣, មស.១៤៩៥, ចស.៩៣៥ នោះតរៀងទៅ។ នៅឆ្នាំរកា បញ្ចស័កនោះព្រះបរមនាថ អ្នកជាម្ចាស់ផែនដី ព្រះអង្គមានជ័យជំនះឈ្នះទ័ពលាវ ទាំងជើងទឹកជើងគោកជាស្ថាពរ។ ទ្រង់ចាប់បានទូកក្ដារ ស្បៀងអាហារ គ្រឿងសស្ត្រាវុធជាច្រើន។ ពលលាវស្លាប់ក្នុងសង្គ្រាមនោះ ក៏ច្រើនណាស់ចាប់បានជាឈ្លើយដែលនៅរស់ ២០០០០ ប្លាយនាក់បានដំរី ២០០ ប្លាយ គូបានសេះ ៤០០ ប្លាយគូបានរទេះគោ ក្របី ជាច្រើន។ នាម៉ឺនលាវស្លាប់ក្នុងទ័ព ក៏ច្រើននាក់គឺពញាសូរិន្ទខាំងហ្វាមួយ ពញាសុរិន្ទបរហ្វៃមួយ ពញាឱបុណ្យមួយ ពញាចំប៉ាសាក់មួយ និង ឃុនម៉ឺនជាច្រើនទៀត។
ខាងខ្មែរ ស្លាប់ពញាយោធាសង្គ្រាមមួយ ស្លាប់ក្នុងសង្គ្រាមលាវនេះ (សាស្ត្រាបុរាណទីទៃៗទៀត ពុំបាននិយាយថា ពញាយោធាសង្គ្រាម ស្លាប់ក្នុងសង្គ្រាមនោះទេ មានតែសស្ត្រាវត្តកំពង់ត្រឡាចក្រោម មួយប៉ុណ្ណោះ ដែលបាននិយាយថា ពញាយោធាសង្គ្រាមស្លាប់ក្នុងពេលសង្គ្រាមនោះ) ពញាពន្ននាសក្ដាមួយព្រមទាំងនាម៉ឺនព្រះ និង ម៉ឺនជានាយខ្លះទៀតជាច្រើនដែរ។ ពលខ្មែរស្លាប់ក្នុងពេលនោះអស់មួយសួនពលលាវ ស្លាប់ ៥ សួន។ ខ្មែរបានគ្រឿងឧបភោគបរិភោគរបស់ស្ដេចលាវគ្រឿងអលង្ការ ដែលព្រះអង្គតែមួយ ដាវប្រាក់មួយ កូបដំរីដែលស្ដេចគង់ គ្រឿងភ្លុកប្រដាប់មាសមួយកន្ថោរមាសមួយ ទៀនមាសមួយ កុណ្ឌីមាសមួយ ដាវមាសមួយ និង គ្រឿងឯទៀតជាច្រើន។ លុះការសង្គ្រាមបានជ័យជំនះបានជាស្ថាពរហើយ ព្រះបរមនាថ អ្នកជាអម្ចាស់ជីវិតលើត្បូង ស្ដេចលើកទ័ពទឹក ទ័ពគោកធ្វើព្រះរាជដំណើរត្រឡប់មកព្រះរាជនិវេសន៍ រាជធានីលង្វែកវិញ។
ទ្រង់ឲ្យធ្វើបុណ្យសម្ពោធឆ្លងការណ៍ដែលមានជ័យជំនះ លើរាជបច្ចាមិត្រយ៉ាងឧឡារិក។ ឯពញាធម្មាតេជោ ចៅហ្វាយស្រុកបាភ្នំដែលធ្វើការក្លាហានក្នុងសង្គ្រាមនេះ សម្ដេចអ្នកជាអម្ចាស់ ទ្រង់ប្រទានឈ្លើយលាវ ៨០០០ នាក់ឲ្យទៅនៅស្រុកបាភ្នំសល់អំពីនោះ ទ្រង់ចែករំលែកឲ្យទៅនៅគ្រប់ស្រុកធំ-តូច។ រីឯនាយកង នាយទ័ពដែលមានបំណាច់ចំពោះរាជការ ក៏ទ្រង់ប្រទានយសសក្ដិ និង គ្រឿងឧបភោគបរិភោគរាល់ខ្លួនតាមធំតូច។ រាស្ត្រណាដែលស្លាប់ដោយសារសង្គ្រាម ព្រះបាទអ្នកជាអម្ចាស់ ក៏ទ្រង់ព្រះករុណាប្រោសដល់បុត្រភរិយាដែរ។ ពលណាដែលស្លាប់ក្នុងសង្ក្រាម ទ្រង់ព្រះករុណាប្រោសតាមគុណបំណាច់មិនឲ្យខ្វះ។ ទ្រង់ព្រះរាជទាន ឈ្លើយលាវដែលចាប់បាននោះ ៥០០ នាក់ឲ្យមកនៅជាពលសំរាប់វត្តភ្នំពេញ ទ្រង់ចែកមកវត្តឧណ្ណាលោម ៦០០ នាក់ ហើយឈ្លើយលាវដែលចាប់បានមកនោះទ្រង់ឲ្យហៅថា "លាវបាក់ទូក" ព្រោះព្រះអង្គទ្រង់ឈ្នះសង្គ្រាមខាងជើងទឹក និង ដុតភ្លើងឲ្យបែកបាក់ទូកអស់ជាច្រើនបានជាទ្រង់ឲ្យឈ្មោះថា: "លាវបាក់ទូក" ។ ភូមិករដែលលាវទាំងនោះនៅ ក៏មានឈ្មោះថា : "ភូមិបាក់ទូក" រហូតមកដល់សព្វថ្ងៃនេះ។