ឯកសារ មហាបុរសខ្មែរ
ព្រះរាជពង្សាវតារខ្មែរ តាមសាស្ដ្រាស្លឹករិត
អ្នកស្រាវជ្រាវ អេង សុត
សមាជិកនៃគណកម្មការប្រវត្ដិសាស្ដ្រ
រក្សាសិទ្ធិ គ្រប់យ៉ាង
ព្រះរាជពង្សាវតារខ្មែរ
តាមសាស្ដ្រាស្លឹករិត
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
![]() |
ថ្ងៃសៅរ៍ ទី29.កញ្ញា 2018.ម៉ោង 17:33
ផែនដីព្រះបរមិន្ទរាជា លេខ៣
នេះ នឹង និយាយពីក្រុងកម្ពុជាធិបតី ឥន្ទបត្តកុរុរដ្ឋធានីវិញ។
កាលក្នុងផែនដី ព្រះបាទសម្ដេច ព្រះបរមខត្តិយា មហាចន្ទរាជា ដែលពាក្យរាស្ត្រទាំងពួង លើកយសព្រះអង្គហៅថា : ព្រះរាជឱង្ការធំនោះ ព្រះអង្គសោយរាជសម្បត្តិ ប្រកបដោយបុញ្ញាធិការមានបុណ្យបារមីណាស់ នោះព្រះបរមិន្ទរាជា កាលមិនទាន់បានសោយរាជ្យនៅឡើយ គឺកាល ព.ស. ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំកុរ ឯកស័ក ព្រះជន្មបាន ២២ វស្សា ព្រះអង្គមានព្រះរាជបុត្រា មួយព្រះអង្គ ទ្រង់ប្រទានព្រះនាមថា : សម្ដេចព្រះសេដ្ឋា។ ក្រោយមកកាល ព.ស. ២០៩៨, គ.ស. ១៥៥៤, ម.ស. ១៤៧៦, ច.ស. ៩១៦ ឆ្នាំខាល ឆស័ក ព្រះជន្មាយុចំរើនបាន ៣៧ វស្សា សម្ដេចសម្ភពព្រះរាជបុត្រា មួយព្រះអង្គ និង ព្រះនាងកេសរមាលា ជាព្រះនាងស្ដាំ ទ្រង់ប្រទាន ព្រះនាមថា ព្រះស្រីសុរិយោពណ៌។
លុះដល់ ព.ស. ២១០២, គ.ស. ១៥៥៨, ម.ស. ១៤៨០, ច.ស. ៩២០ ឆ្នាំមមី សំរឹទ្ធស័ក ស្ដេចសម្ភពព្រះរាជបុត្រាមួយព្រះអង្គ នឹង អ្នកម្នាងកេសរ ទ្រង់ប្រទានព្រះនាមថា ពញានូរ។ កាលព.ស. ២១០៧, គ.ស. ១៥៦៣, ម.ស. ១៤៨៥, ច.ស. ៩២៥ ឆ្នាំកុរ បញ្ចស័ក ព្រះជន្មាយុបាន ៤៦ វស្សា។ នៅមុនពេលសោយរាជ្យនោះមួយឆ្នាំ អ្នកព្រះម៉ែនាងវងសម្ភពបានព្រះរាជបុត្រាមួយអង្គ ទ្រង់ប្រទានព្រះនាមថា ពញាអន។
សម្ដេចព្រះបរមនាថ បរមបពិត្រអម្ចាស់ផែនដី ស្ដេចមានព្រះឱង្ការត្រាស់លើត្បូង ឲ្យមុខមន្ត្រីថ្វាយព្រះមេរុ នូវគ្រឿងធ្វើបុណ្យថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះបិតា ព្រះបរមខត្តិយាមហាចន្ទរាជា។ ឯព្រះមេរុ សសរកំពស់មួយសិនមួយព្យាម (ក្នុងមួយសិនមាន ២០ព្យាមក្នុងមួយព្យាមមាន ៤ហត្ថ ក្នុងមួយហត្ថមាន ០,៥មាត្រ ដូច្នេះក្នុងមួយសិន មួយព្យាម ត្រូវជា ២១ព្យាម ត្រូវជា ៤០មាត្រ។) លុះស្រេចការ ព្រះបាទអ្នកជាអម្ចាស់ផែនដី ព្រមទាំងព្រះរាជវង្ស ក្សត្រា ក្សត្រី មន្ត្រី បរិស័ទ ធំ តូច រៀបចំដង្ហែ ព្រះបរមសពយ៉ាងធំ ចូលព្រះមេរុធ្វើបុណ្យស្នងព្រះតេជគុណសម្ដេច ព្រះបិតា ជាមហោឡារិកអធឹក ពន្លឹករុងរឿង ថ្វាយព្រះភ្លើង បរិច្ចាគព្រះរាជទ្រព្យជាទានដល់ព្រះសង្ឃ ស្មូមយាចកជាសូរេចការឈាបនកិច្ចតាមរាជបវេណី។
លុះចូលឆ្នាំថ្មីព្រះបាទសម្ដេច ព្រះបរមិន្ទរាជាធិរាជ ព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់លើត្បូង រៀបដង្ហែព្រះអដ្ឋិធាតុ ដោយក្បួនព្យូហយាត្រា នាវាដោយជលវិថីរហូតដល់ភ្នំសន្ទុក។ នៅទីនោះស្ដេចធ្វើបុណ្យធំបញ្ចុះព្រះបរមអដ្ឋិធាតុក្នុងព្រះចេតិយ ដែលសម្ដេចព្រះបរមអយ្យកោ ព្រះធម្មរាជា ទ្រង់សាងព្រះបរមពុទ្ធសារីរិកធាតុព្រះមហាស្តូបធំ នូវព្រះធាតុទាំងឡាយស្រេច ស្ដេចត្រលប់ចូលព្រះនគរវិញ។ ទ្រង់សំរាន្តព្រះរាជហឫទ័យជាសុខរៀងមក។
ឯពញាយសរាជា ជាសម្ដេចព្រះរាមអយ្យកោមួយ ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមព្រះជាតិក្សត្រី។ ព្រះជាតិក្សត្រី អង្គនេះមានព្រះរាជបុត្រាមួយព្រះអង្គ និង ព្រះស្រីសុរិយោពណ៌ ទ្រង់ព្រះនាមជ័យជេស្ដា ហើយពញាយសរាជាក៏សុគតទៅ។
នេះនឹងស្រដី នៅឯនគរផាងរិ ផាងរ៉ាងជានគរចាមដែលខ្មែរហៅថា បាញ់តិក បាញ់ត្រាង ដែលយួនហៅថា ជិបថាញ់ជានគរទិសខាងកើត ក្រុងនគរកម្ពុជាធិបតីវិញ។ កាលអំពីដើមរៀងមក នគរនេះមានស្ដេចសោយរាជ្យសម្បត្តិតព្រះវង្ស ជាច្រើនតំណ ហើយជាចំណុះក្រុងកម្ពុជាតាំងអំពីបុរាណក្រស័ត្ររៀងមក។ លុះដល់ពូជបោសោមនគរនេះក៏លែងដាច់ជាចំណុះក្រុងកម្ពុជា ហើយតាំងខ្លួនជានគរឯករាជ្យត្រកូល បោ ជាលំដាប់រៀងៗមកជាច្រើនអង្គ។ ស្ដេចចាមក៏ដាច់ពុំជាចំណុះប្រទេសណាឡើយ។
លុះដល់ព.ស. ២៤៨២, គ.ស. ១៥៣៨, ម.ស. ១៤៦០, ច.ស. ៩០០ ឆ្នាំចរ សំរឹទ្ធិស័ក ស្ដេចចាមជាន់នោះឈ្មោះ បោភិកស័ក ជាស្ដេចសោយរាជ្យក្នុងនគរចាមនោះ ស្ដេចយួនឲ្យអុងខាំតាន់ កាន់ជាមេទ័ពលើកពល ៣០០០០ នាក់ដើរជើងទឹកចូលច្បាំងវាយនគរចាមតាមផ្លូវមាត់សមុទ្ទ។ ទ័ពយួនសំលាប់បោភិនស័កស្លាប់ទៅ។
ស្ដេចចាមដែលសោយរាជ្យតៗ មកបានធ្វើសង្គ្រាម នឹង យួនច្រើនរាជ្យ ច្រើនគ្រាណាស់។ ទីបំផុតទ័ពយួន វាយយកបាននគរចាមហើយអុងខាំតាន់ ក៏ តាំងបោអិនភិរៃឲ្យឡើងសោយរាជ្យ ស្ដេចចំណុះនគរយួន។ លុះដល់ក្រោយមកបោរាត ជាពូជព្រះវង្សចាមគិតនិងលាកស្មើណាជ្វា ក្បត់យួន យួនដឹងទាន់ក៏ ដេញចាប់បោរាតចាម និង លាក់ស្មើណាជ្វា។ អ្នកទាំងពីរនេះ ក៏ផាត់កៀរគ្រួ នាំគ្នាមកតាំងនៅត្រើយខាងលិចទន្លេបាសាក់ ដែលក្នុងខេត្តស្បៀងជិត ប្របដែនក្រុងកម្ពុជាធិបតី ហើយទទួលជាចំណុះ ពញាអរជូន ចៅហ្វាយស្រុកត្បូងឃ្មុំទៅ។ សម្ដេចព្រះបរមិន្ទរាជាជាបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយទ្រង់ប្រោស ឲ្យពញាអរជូនទទួលចាមជ្វាទាំងនោះជាខ្ញុំ នៅក្នុងខ័ណ្ឌសីមាចុះ។ សម្ដេចព្រះបរមិន្ទរាជា បរមបពិត្រជាអម្ចាស់ ស្ដេចសោយរាជសម្បត្តិជាសុខសាន្ត បរិបូណ៌ទៅដោយស្បៀងអាហារឥតខ្វះឡើយ។ ក្រុងកម្ពុជាធិបតី ខេមរាប្រទេស កាលជាន់នោះប្រកបដោយសេចក្ដីសុខសប្បាយ អស់អាណាប្រជានុរាស្ត្រ ក្នុងព្រះនគរប្រកបទៅដោយគ្រឿងល្បែង ភ្លេងរាំជាសុខក្សេមក្សាន្ត សប្បាយណាស់។
លុះកន្លងមកដល់ ព.ស. ២១១៣, គ.ស. ១៥៨១, ម.ស. ១៥០៣, ច.ស ៩៤៣ ឆ្នាំម្សាញ់ ឯកស័ក ព្រះបាទសម្ដេចព្រះបរមិន្ទរាជាធិរាជ ជាអម្ចាស់ ជីវិតលើត្បូង ទ្រង់ព្រះតំរិះអំពីការសង្គ្រាមស្រុកសៀម លាវ ទើបព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យ ជួបជុំព្រះបរមរាជវង្សានុវង្ស អង្គអគ្គសេកោ ព្រិនាមាត្រ ក្រាបបង្គុំគាល់តាមយសសក្ដិតាមតំណែងធំ តូច ទើបមានព្រះរាជឱង្ការថា ក្រុងស្រីអយុធ្យា និង នគរសៀមទាំង ៧ នោះធ្លាប់ចំណុះក្រុងកម្ពុជារៀងមក តែដល់មកផែនដី ព្រះបាទអាទិត្យវង្ស ព្រះអង្គមានព្រះកាណ៌ទិព្វ ព្រះនេត្រានោះ ទ្រង់មានព្រះរាជបុត្រាមួយ នឹង នាងនាគជាពងនោះកើតឡើងជាពញារោង មានមាត់ទិព្វ ហើយខ្ចាត់ទៅនៅស្រុកណោងស្នោ និង សុខោទ័យ។ ព្រះអង្គមានព្រះរាជបុត្រាមួយអង្គទៀតជាមនុស្ស ទ្រង់ព្រះនាម ព្រះបាទបទុមសូរ្យវង្ស ទ្រង់មានព្រះនេត្រ ជាទិព្វទាំងអស់ទ្រង់ ជ្រាបថា : ពញារោងជាសម្ដេចព្រះសេដ្ឋា ខ្ចាត់ទៅនៅស្រុកសុខោទ័យ ដូច្នោះទ្រង់ប្រោសលើកស្រុកនោះ ថាឯករាជ្យ ឲ្យលែងនាំសួយសារ ផ្កាមាស ប្រាក់មកថ្វាយក្រុងកម្ពុជាទៅ។ ពញារោងមានបុណ្យវាយនគរសៀម បានជាចំណុះទាំង ៧នគរ និង ស្រុកលាវខ្លះផង។
លុះដល់ ពញារោងសុគតទៅ ពញាស៊ីសុភ័ណ ជាព្រះរាជបុត្រា ឡើងសោយរាជ្យស្នង ដឹងខ្លួនថា ជាព្រះភាគិនេយ្យោនៃព្រះមហាក្សត្រខ្មែរ ក៏ឲ្យនាំសួយសារផ្កាមាសប្រាក់ មកថ្វាយព្រះបុទមសូរ្យវង្ស ជាសម្ដេចព្រះបិតុលារៀងរាល់រដូវ។ លុះដល់ព្រះបាទបុទុមសូរ្យវង្សសុគតទៅ ក្រុងស្រីអយុធ្យានោះ ត្រូវព្រះចៅសិរីវិជ័យ ស្រុកឆៀងសែនមានបុណ្យមានអំណាចប្រាបប្រាមពូជពញារោងបាន បានជាស្ដេចធំក្នុងនគរសៀមទៅ។ ដល់ចៅឧទងកុមារ បានសោយរាជ្យ ស្ដេចនោះឲ្យលើកទ័ពមកវាយក្រុងកម្ពុជាធិបតីម្ដងហើយ ឲ្យកូនសោយរាជ្យម្ដង។ ដល់មករាជ្យ សម្ដេចព្រះអយ្យកោទូត ស្ដេចដេញសៀមចេញហើយយកបានព្រះនគរវិញ។ ដល់មករាជ្យសម្ដេច ព្រះវររាជបិតា សៀមលើកទ័ពមកដល់នគរវត្តម្ដងទៀត និង ឲ្យពញាអុង លើកទ័ពមកដល់ស្រុកពោធិ៍សាត់ម្ដងទៀត តែសម្ដេចព្រះវររាជបិតា ស្ដេចមានតេជៈបារមីណាស់ ដូច្នេះសៀមក៏បរាជ័យចាញ់ទាំងពីរលើកទៅ។ វាធ្វើយើងច្រើនគ្រាណាស់ហើយ ក្រុងកម្ពុជាយើងឥតមានទោសអ្វី នឹង វាសោះ។
ឥឡូវផែនដីរបស់អញគួរតែគិតសងសឹកសៀមខ្លះទើបបាន តែបើអញសំងំស្ងៀមយូរទៅ មុខជាសៀមយកកូនខ្មែរទៅធ្វើជាខ្ញុំពុំខានឡើយ។ កាលទ្រង់ព្រះតំរិះដូច្នេះហើយ ព្រះករុណាស្ដេចទ្រង់ ឲ្យកេណ្ឌកងទ័ពបាន ៣៣០០០ នាក់មកជួបជុំនៅព្រះរាជធានីលង្វែក។ ទ្រង់ប្រោសឲ្យសម្ដេច ព្រះរាជបុត្រ និង មន្ត្រីក្រុមស្រុក នៅចាំព្រះនគរ។ ទ្រង់ត្រាស់ ព្រះវង្សចំប៉ាធិរាជ ជាមេទ័ពមុខ ឲ្យមុខមន្ត្រីក្រុមទាហាន រៀបពលជាក្បួនទ័ពពិជ័យសង្គ្រាម។
លុះដល់ថ្ងៃ ១កើត ខែបុស្ស ឆ្នាំម្សាញ់ ឯកស័ក ព.ស. ២១១៣, គ.ស. ១៥៦៩, ម.ស. ១៤៩១, ច.ស. ៩៣១ ជាថ្ងៃសុភមង្គល បានឫកល្អហើយ ស្ដេចទ្រង់គ្រឿងប្រដាប់សំរាប់ខត្តិយាវង្ស ទ្រង់សុវណ្ណបញ្ចង្គសំរាប់ រណយុទ្ធរួចជាស្រេច ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រចងសុវណ្ណមណ្ឌល គ្រឿងប្រដាប់សំរាប់គជាគ្រប់គ្រឿង។ លុះបាន វេលាឫក្សពារល្អហើយ ព្រះវហារាធិបតី ក៏គោះគងទូងភេរី ផ្លុំត្រែ ផ្លុំស័ង្ខ ប្រគុំភ្លេងតូរ្យតន្ត្រី ស្ដេចព្រិន្ទាពលាពល បូរាណអានថា : ព្រិន្ធា។ បើជាគុណនាមពាក្យនេះប្រែថា ច្រើន ទាំងអស់ បើជានាមវិញប្រែថា ពួកចំនួនច្រើន។ ក្នុងទីនេះ ព្រិន្ទាពលាពល ប្រែថា លើកពលទៅទាំងអស់។
ព្រមទៅដោយគ្រឿងមង្គលចាមរបៃមន ក្លស់ក្លំ អភិរម្យសែនត្វាន់បាំងសែងព្រះសុរិយាត្រៀបត្រាទង់ជ័យ ប្រពៃទៅដោយចតុរង្គ ព្យូហៈ គជសា ពាជិរិទ្ធិពលសឹកសន្ធឹកទៅដោយទាហានថ្មើរជើង កាន់នូវគ្រឿងអាវុធស្រេច ស្ដេចត្រាប់ដោយមាគ៌ាជាលំដាប់ផ្លូវទៅបស្ចឹមទិស។ ឯព្រះចំប៉ាធិរាជវង្សធំ ជាមេទ័ពមុខលើកទ័ពស្រួច រត់ដល់ស្រុកបស្ចឹមបុរី ជាដែននគរសៀមហើយ ក៏ដេញទ័ពមុខឲ្យចូលវាយលុកបែកបានស្រុកនគរនាយកមួយ វាយស្រុកតូចៗ រៀងតាមផ្លូវទៅ រហូតឥតឈប់ឈរឡើយហើយចាប់បានឈ្លើយសៀមជាច្រើនទៀត។ ឯទ័ពហ្លួងក៏ស្ដេចតាមលំដាប់ទ័ពមុខរៀងៗទៅ។ ចៅហ្វាយស្រុក និង ក្រមការខេត្តខាងសៀមដែលបរាជ័យ ចាញ់ដៃព្រះចំប៉ាធិរាជ ហើយដែលរត់ចូលទៅនោះក៏ខំស្រូត ទៅដល់ក្រុងស្រីអយុធ្យា រួចក៏នាំគ្នាចូលទៅក្រាបបង្គំទូលសម្ដេចព្រះមហាព្រះចៅធម្មារាជា ស្ដេចសៀមឲ្យទ្រង់ជ្រាបគ្រប់ប្រការ។ ស្ដេចសៀមជ្រាបហើយ ទ្រង់ភ័យបារម្ភណាស់ ទ្រង់ប្រជុំអស់សេនាបតី ធំ តូចប្រឹក្សាគ្នាថា : ទ័ពខ្មែរលើកមកម្ដងនេះ យើង នឹង គិតដូចម្ដេច ខណៈនោះ ចៅពញាឥន្ទ្រានគរបាល និង សេនាបតីមន្ត្រីសៀមក្រាបទូលព្រះចៅមហាធម្មរាជាធិរាជថា : ព្រះមហានគរស្រីអយុធ្យា យើងនេះទើបនឹងខូចខាតអន្តរាយថ្មីៗ។ មនុស្សទាំងឡាយ និង កាំភ្លើងតូចធំគ្រឿងសាស្ត្រាវុធនោះសម្ដេច ព្រះចៅហង្សាវតីស្ដេចយក អស់ទៅហើយ យើងគង់នៅឡើយតែមនុស្សសំណល់គ្រួមួយម៉ឺន និង មនុស្សដែលសេសសល់នៅស្រុកក្រៅក៏ច្រើនមែន តែបើយើង នឹង កេណ្ឌឲ្យចូលមកក្នុងពេលឥឡូវនេះក៏ពុំបាន។ មួយវិញទៀតកាំភ្លើង គ្រាប់រំសេវយើងក៏មានតិចឃើញថា យើងតទល់ នឹង ទ័ពខ្មែរពុំបានឡើយ។ ដូច្នេះសូមអញ្ជើញព្រះចៅយូហួរ ស្ដេចគេចថយទៅស្រុកពិស្ណុលោកឲ្យផុតពីទ័ពខ្មែរសិនចុះ។ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់សណ្ដាប់ហើយទ្រង់ព្រម នឹង រៀបចំព្រះរាជដំណើរ និង រត់ទៅស្រុកពិស្ណុលោកតាមសេចក្ដីអញ្ជើញ ពីអង្គប្រជុំហើយ ប៉ុន្តែកាលនោះមានមន្ត្រីម្នាក់ឈ្មោះពង្សពេជ្ររ័ត្ន ជាចៅហ្វាយស្រុកពេជ្របូរីខុស និង សម្ដេចព្រះចៅសៀម។ មន្ត្រីនេះគិតក្បត់លើកទ័ពមកវាយស្ដេចក្រុងសៀមកុំឲ្យស្ដេចសៀមរត់ទៅបាន។
ព្រះចៅមហាធម្មរាជា ជ្រាបថាទ័ពខ្មែរកាន់តែមកជិតណាស់ហើយ ខាងមន្ត្រីសៀមឯណេះក៏ក្បត់រាំងផ្លូវរកយាងទៅមិនរួច ទ្រង់វិតក្កពុំដឹងជាថា នឹង ដោះដៃទៅខាងណាឲ្យរួចបាន។ ខណៈនោះទើបព្រះចៅទ្រង់ត្រាស់សួរ ឃុនទេវរៈជូនថា : ទ័ពខ្មែរម្ដងនេះយើងទៅ រឺ នៅ។ ឃុនទេវរៈជូនក្រាបទូលថា : សូមព្រះមេត្តាប្រោស ទ័ពខ្មែរនេះជាបុណ្យព្រះបារមី នៃព្រះករុណាជាអង្គម្ចាស់ណាស់ហើយ ព្រោះខ្មែរមិនបានកេណ្ឌពលមកច្រើនទេ ព្រោះនគរយើងសោត ក៏មានទឹកទន្លេព័ទ្ធជុំវិញ បើពលខ្មែរតិចសូមស្ដេចកុំចេញពីបន្ទាយឡើយ។ បើពលយើងតិច មិនពេញបន្ទាយទេ ពលខាងខ្មែរក៏តិចដែរ គួរតែស្ដេចគង់នៅទើបល្អ ពុំគួរស្ដេចទៅ ចោលព្រះនគរឡើយ បើកាលណាព្រះអង្គស្ដេចយាងទៅ ហើយការណ៍នេះ ជ្រាបដល់ព្រះចៅក្រុងហង្សាវតីហើយ ព្រះចៅទ្រង់ នឹង និន្ទាបាន ជាមិនខាន។
ព្រះមហាធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ព្រះសណ្ដាប់ឮដូច្នោះហើយទ្រង់យល់ថា : សេចក្ដីដែលឃុនទេវរៈដូន ទូលនេះត្រូវ ទើបទ្រង់ឲ្យចាត់ពល រាយពលរក្សាការពារព្រះនគរគ្រប់ជ្រុងគ្រប់ទិស។ ទីណាដែលមានទឹកព្រែកតូច ពុំបានធំជាទន្លេនោះឲ្យពលបនហង្សាវតីរក្សាទីនោះ។
នេះ នឹង ស្រដីពីទ័ពខ្មែរវិញ។ សម្ដេចព្រះបរមនាថ ព្រះបាទអ្នកជាអម្ចាស់ជីវិតតំកល់លើត្បូង ស្ដេចព្រះរាជដំណើរទ័ពហ្លួងទៅដល់ក្រុងស្រីអយុធ្យានៅក្នុងខាងខ្នើតខែមាឃ។ ទ្រង់ដាក់ទ័ពនៅភូមិមួយធំ ហើយទ្រង់ឲ្យតែងព្រះរាជសារប្រគល់ឲ្យឈ្លើយសៀមនាំយកទៅថ្វាយព្រះចៅក្រុងស្រីអយុធ្យា។ ព្រះចៅក្រុងស្រីអយុធ្យាទ្រង់ត្រាស់ឲ្យសៀមស្រាយ ព្រះរាជសារនេះមើល ដែលមានសេចក្ដីថា : ព្រះរាជសារបវរមង្គល ព្រះបាទសម្ដេច ព្រះរាជឱង្ការព្រះមហាបរមិន្ទបរមរាជារាមាធិបតី សិរីសោភា បវរឥន្ទបត្តកុរុរដ្ឋរាជធានីជាទីភិរម្យឧត្តម ព្រះបរមនិវេសន៍មហាស្ថាន ចំរើនផ្លូវព្រះរាជមេត្រីមកសម្ដេចព្រះមហាធម្មាធិរាជ ព្រះចៅក្រុងទេពមហានគរ រាជធានីធារាវតី ស្រីអយុធ្យា មហាស្ថានជាព្រះជេដ្ឋាធិរាជឲ្យទ្រង់ជ្រាប។ ត្បិតក្រុងកម្ពុជាធិបតីនិងក្រុងទេពស្រីអយុធ្យា ជាប្រទេសដ៏ស្មោះសរសាមគ្គីរសរាជមេត្រី នឹង គ្នា។ ក្រុងកម្ពុជាខេមរាប្រទេសមិនបានមានទោសអ្វី នឹង ស្រីអយុធ្យាស្យាមប្រទេសសោះទេ តែក្រុងស្រីអយុធ្យា តែងលើកទ័ពធ្វើសង្គ្រាម នឹង ខេមរាប្រទេសជាច្រើនគ្រា។
ឥឡូវនេះយើងជាព្រះអនុជ លើកព្យូហទ័ពមកដល់ហើយ បើសម្ដេចព្រះរៀមាព្រមឲ្យស្រុក នគររាជសីមាជួរខាងកើតទៅដល់ បស្ចឹមរហូតទៅដល់សមុទ្រ ជាដែនដីខ្មែរពីដើមដែលសៀម វាយយកមកនោះប្អូននឹងលើកទ័ព ត្រឡប់ទៅវិញមួយរំពេច។ តែថាបើ សម្ដេចព្រះរៀមពុំព្រមប្រគល់ស្រុកទាំងនោះឲ្យមកវិញទេ ប្អូននឹងធ្វើសង្គ្រាមតាមច្បាប់ឥតបង្អែរបង្អង់ឡើយ។
ស្ដេចសៀមជ្រាបហើយ ជំនុំ នឹង អស់មន្ត្រីសេរីជាតិ រួចធ្វើរាជសារប្រគល់ឲ្យបំរើនាំមកថ្វាយព្រះក្រុងកម្ពុជាវិញ។ សម្ដេចព្រះបរមរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រជុំនាយកង នាយទ័ពមកប្រែរាជសារថ្វាយ។ រាជសារនោះមានសេចក្ដីថា : ព្រះរាជសារ សុន្ទរបវរជេដ្ឋាវិមលពល សម្ដេចព្រះសារពេជ្ញវង្កូលសុរិយោត្តម បរមមហាធម្មរាជាធិរាជ ព្រះចៅក្រុងមហានគរបវរធារាវតី ស្រីអយុធ្យាមហាតិលកភពន្វរដ្ឋ រាជធានីបុរីរម្យឧត្តម មហាស្ថានជា ព្រះជេដ្ឋាធិរាជស្នងផ្លូវព្រះរាជមេត្រីមក សម្ដេចបរមរាជា ធិរាជបរមិន្ទ បរមរាជាឥស្សរាធិបតី ក្រុងកម្ពុជាធិបតី សិរិយសោធរមហានគរឥន្ទបត្ថកុរុរដ្ឋ រាជធានី បានជ្រាប។ ដ្បិតយើងបានទទួលរាជសារ ព្រះអនុជាធិរាជ ហើយបានទតឃើញសេចក្ដីសព្វគ្រប់ថា ព្រះអនុជសុំស្រុកទិសខាងកើតនោះ យើង នឹង ឲ្យពុំបាន ដ្បិតមានសម្ដេចព្រះចៅហង្សាវតី មានជ័យទសទិសឥស្សរភាពជាបង្គោល។ ដូច្នេះបើ ព្រះចៅក្រុងកម្ពុជាធិបតី យល់ថា នឹង ធ្វើសង្គ្រាមខានមិនបានក៏សុំធ្វើតាម សព្វរាជហឫទ័យ អធ្យាស្រ័យចុះ។
សម្ដេចព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង លុះទ្រង់ជ្រាបព្រះរាជសារស្ដេចស្រុកសៀមហើយ ស្ដេចក៏ទ្រង់ត្រាស់ឲ្យលើកក្បួនទ័ពរៀបតាម ពិជ័យសង្គ្រាម ដើម្បី នឹង ចូលវាយក្រុងស្រីអយុធ្យា តាមព្រះរាជសារស្ដេចស្រុកសៀម។ លុះវេលាព្រឹកព្រាងភ្លឺច្បាស់ ព្រះអរុណោទ័យ ស្ដេចទ្រង់គ្រឿងយុទ្ធនាធិការ សំរាប់ក្សត្រ ស្រេចស្ដេចគង់លើព្រះទីនាំងគជេន្ទ្រហត្ថី ចងគ្រឿងសុវណ្ណាបាំងព្រះមហាស្វេតច្ឆ័ត្រ ទើបទ្រង់ត្រាស់ឲ្យព្រះចម្បាធិរាជជិះដំរីចំលងសឹកឃុំទ័ព ៧០០០ នាក់ ជាមេទ័ពមុខ ឲ្យព្រះបរិនាយក នឹង នាយរងលើកព្យូហចតុរង្គសេនា រៀបតាមក្បួនពិជ័យសង្គ្រាមស្រេច ទើបស្ដេចរៀបព្រះរាជដំណើរ ចេញក្បួនទ័ពចូលវាយក្រុងស្រីអយុធ្យមហានគរ។
កាលទ័ពលើកទៅដល់ហើយស្ដេចទ្រង់ បញ្ឈរព្រះទីនាំងនៅ វត្តសាមវិហារ។ ទ្រង់ឲ្យរាយដំរីសឹករៀងទៅដល់ តុត្ថីថោងហួសចូលទៅវត្តឆោង។ ទ្រង់ត្រាស់ឲ្យ ព្រះចម្បាធិរាជយកទូកដែលចាប់បានប្រមាណជា ១៥ ចំលងសឹកទៅមុខវត្តមេរុរាជ្ជីការាម ឲ្យពល ៤០០០ នាក់ទៀតជិះទូកចូលទៅច្បាំងវាយបន្ទាយនគរនៅជ្រុងចៅសនុក រួចឲ្យទ័ពខាងជើងគោក បាញ់កាំភ្លើងធំ តូច ជាកោលាហល។ សម្ដេចព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់គ្រឿងសំរាប់រាជ្យរណយុទ្ធឡើងគង់ព្រះរាជយានលើកពលទាហានឡើងក្បាលបន្ទាយទទួលច្បាំង បាញ់គ្នាដោយកាំភ្លើងធំតូចការពារនគរ។ លុះច្បាំងគ្នាដល់ថ្ងៃប្អូនត្រង់ សៀមបាញ់ត្រូវទូកខ្មែរលិចអស់ច្រើន។ កងទ័ពខ្មែរជើងគោកដែលទៅជាមួយគ្នា ក៏ទៅជួយពុំរួចព្រោះទើស នឹង ទឹក ទ័ពទាំង ៤០០០នាក់ក៏ថយវិលមកវិញ។ ព្រះចម្បាធិរាជ ខឹងណាស់ក៏បរដំរីដេញពល ទៅបញ្ឈរនៅមាត់ច្រាំង តាំងបាញ់ចំរុះ។ លុះព្រឹកឡើងព្រះ ចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជឱង្ការ ត្រាស់ឲ្យកេស្សធិកាបុស្សរាជ ដែលជាជំនួយព្រះចម្បាធិរាជ នោះជាមេទ័ពមុខ ជំនួសព្រះចម្បាធិរាជ។ ស្ដេចឲ្យកេណ្ឌពល ធ្វើស្ពាន ចងក្បូនចំលងទ័ពចូលទៅវាយសៀមម្ដងទៀត។
ខាងសៀមក៏បាញ់កាំភ្លើងធំតូចមកលើក្បូន លើស្ពានទ័ពស្រុកខ្មែរយើង ទ័ពខ្មែរយើងឆ្លងពុំបាន។ លុះដល់ថ្ងៃ ក្រោយមកទ្រង់ត្រាស់ ឲ្យលើកទ័ពធំទៅកជាប៉មដាក់កាំភ្លើងធំបាញ់តំរង់ទ្វារបន្ទាយ ហើយទ្រង់ឲ្យចងក្បួនធ្វើស្ពាន កេណ្ឌទូកចំលងទ័ពចូលច្បាំងទៀតតែសៀមវារក្សាបន្ទាយយ៉ាងមាំមួនវាយពុំបាន។ ទ័ពខ្មែរ ក៏ថយមកបន្ទាយវិញ។ ខណៈនោះ ព្រះរាជាអ្នកជាអម្ចាស់ផែនដីកម្ពុជា មានព្រះរាជឱង្ការ នឹង អស់នាម៉ឺនមុខមន្ត្រីថា : នគរសៀមមានទឹកព័ទ្ធជុំវិញ ហើយយើងលើកទ័ពជើងគោកមកនេះមានពល ក៏តិច យើងបន្តសង្គ្រាមទៅទៀតពុំបាន។
ដូច្នេះទ្រង់ត្រាស់ឲ្យកងទ័ពមួយម៉ឺននាក់លើកទ័ពចេញហើយបំបែកគ្នាចូលទៅក្នុងស្រុកតូច-ធំ និគមជនបទចាប់កៀរគ្រួសៀមចាប់ដំរីសេះ យកអស់សម្បត្តិទ្រព្យ ស្បៀងអាហារបានមកជាឈ្លើយច្រើនណាស់។ ទ្រង់មាន ព្រះរាជឱង្ការឲ្យទ័ពក្រោយ ផាត់កៀរគ្រួមក មុនទ័ពហ្លួង ១៥ថ្ងៃ។ លុះដល់ខ្នើត ខែផល្គុន ស្ដេចលើកទ័ពវិលចូល ក្រុងកម្ពុជាធិបតីវិញ។ ព្រះចៅ ក្រុងស្រីអយុធ្យា កាលបើបានឃើញទ័ពខ្មែរដកថយត្រឡប់មក ក្រុងកម្ពុជាវិញហើយក៏ឲ្យចៅហ្វាយស្រុកប្រមូលរាស្ត្រដែលនៅសេសសល់នោះឲ្យចូលមកនៅតាមស្រុកដើមវិញ។ ឯអម្ចាស់ផែនដី ព្រះនគរក្រុងកម្ពុជា ទ្រង់ត្រាស់ឲ្យផាត់កៀរគ្រួសៀម ដែលនៅខេត្តខាងជើង ខេត្តខាងកើតនាំវិលត្រឡប់ចូលមកប្រទេសកម្ពុជាបានចំនួនច្រើនណាស់។ ទ្រង់ត្រាស់ឲ្យរំសាយកងទ័ព ឲ្យចេញទៅនៅតាមទីលំនៅ រៀងៗខ្លួន ហើយទ្រង់មានព្រះរាជកំណត់ឲ្យត្រួតត្រៀមពល អាហារសាស្ត្រាវុធដាក់កំណត់ពេលថា : ដល់ពេលចេញវស្សា ឆ្នាំក្រោយ ទ្រង់នឹ ង លើកទ័ពចូលទៅវាយក្រុងស្រីអយុធ្យាម្ដងទៀត។