ថ្ងៃសៅរ៍ ទី22.កញ្ញា 2018.ម៉ោង 8:45
ផែនដីព្រះបរមិន្ទរាជា លេខ

 ចៅ​ពញា​អរ​ជូន​ឃើញ​ការណ៍​យ៉ាង​នេះ​ហើយ​នឹក​ខឹង​ណាស់​ ទើប​ឲ្យ​ក្រម​ការ​ចាប់​ម៉ឺន​ឯក​យក​ទៅ​ចាក់​ក​សំលាប់​ចោល​នៅ​ឯ​កៀន​ស្រែ​ក្រៅ​របង​ទៅ​។​ នាង​ទាវ​ឃើញ​គេ​សំលាប់​ប្ដី​ដូច្នេះ​ ក៏​ហៅ​នាង​នោ​ ជា​ភិលៀង​ឲ្យ​យក​កាំ​បិត​កោរ​មក​ឲ្យ​ហើយ​ក៏​លប​ដើរ​ចុះ​ទៅ​ត្រង់​ខ្មោច​ម៉ឺន​ឯក​រួច​អារ​ក​ខ្លួន​ឯង​ស្លាប់​នៅ​ប្រប​គ្នា​នោះ​ទៅ​។​ ចៅ​ពញា​អរ​ជូន​កាល​ក្រោយ​ឲ្យ​ចាប់​ម៉ឺន​ឯក​ទៅ​សំលាប់​នោះ​ ក៏​ឃើញ​ ព្រះ​រាជ​ឱង្ការ​ធ្លាក់​នៅ​លើក​ន្ទេល​ឃើញ​ហើយ​ភ័យ​ណាស់​លាន់​មាត់​ថា ​:​ អញ​គិត​នេះ​ខុស​ហើយ​ព្រោះ​អញ​ពុំ​បាន​សាក​សួរ​ពី​មុន​ឲ្យ​អស់​។ អ្នក​ស៊ី​ការ​ទាំង​ប៉ុន្មាន​ក៏​ភ័យ​ជ្រួល​ច្របល់​រាល់​គ្នា​។ ម៉ឺន​ពេជ​ឃើញ​គេ​សំលាប់​ម៉ឺន​ឯក​ដូច្នោះ​ ភ័យ​ណាស់​បន្លំ​រត់​ ក្នុង​ពេល​ ដែល​អ្នក​ស៊ី​ការ​កំពុង​តែ​ភ័យ​នោះ​ដែរ​។ ម៉ឺន​ពេជ​រត់​ទាំង​ថ្ងៃ​ទាំង​យប់​ទៅ​ក្រាប​បង្គំ​ទូល​ ព្រះ​បរម​បពិត្រ​តាម​រឿង​ដំណើរ​គ្រប់​ប្រការ​។​ ព្រះ​បរម​នាថ​បរម​បពិត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ហើយ​ទ្រង់​ត្រាស់​ថា ​:​ អា​នេះ​ ពេញ​ទី​ជា​ព្រហើន​កោង​កាច​ពន់​ប្រមាណ​ពេក​ នឹង ទុក​វា​ត​ទៅ​ពុំ​បាន​ឡើយ​ត្រូវ​តែ​សំលាប់​វា​ទាំង​ ៧​ជួរ​គោត្រ​ព្រម​ទាំង​មនុស្ស​ដែល​មក​ស៊ីការ​ផង​។​ ត្រាស់​តែ​ប៉ុណ្ណេះ​ហើយ​ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​បង្គាប់​សេនា​ធិ​បតី​មន្ត្រី​ខាង​ជើង​ទឹក​ឲ្យ​រៀប​ក្បួន​ព្យូហ​នាវា​សង្គ្រាម​។​ ស្រេច​ស្ដេច​យាង​ទៅ​គង់​លើ​ព្រះ​ទី​នាំង​មករ​។​ អស់​ពួក​យោធា​ទាំង​ឡាយ​ក៏​លើក​ទង់​ជ័យ​ទូង​ស្គរ​ រគាំង តាំង​ហ៊ោ​ចេញ​ទៅ​។

  នេះ នឹង​ និយាយ​អំពី​អ្នក​មុខ​អ្នក​ការ​មេបា​បណ្ដា​ជា​ភ្ញៀវ​ដែល​រៀប​អាពា​ហ៍​ពិពា​ហ៍​ម៉ឺន​ជូ​វិញ​។​ កាល​ដល់​ពេល​ល្ងាច​ស្វាង​ស្រា​គ្រប់​គ្នា​ហើយ​មេបា​ទាំង​ឡាយ​រក​ហៅ​នាង​ទាវ​មក​ផ្សំ​ដំណេក​ជា​មួយ​ នឹង ម៉ឺន​ជូ​ស្រាប់​តែ​មិន​ឃើញ​នាង​ទាវ​សោះ​។​ លុះ​ឲ្យ​តាម​រក​ទៅ​ក៏​ឃើញ​នាង​ទាវ​ដេក​ស្លាប់​ជា​មួយ​ នឹង ​ម៉ឺន​ឯក​។ ​មេបា​ នឹង ​បណ្ដា​អ្នក​ការ​ទាំង​ឡាយ​ ឃើញ​ព្រឹត្តិ​ការ​ណ៍​យ៉ាង​នេះ​ហើយ​ ក៏​រឹត​តែ​ភ័យ​ណាស់​ទៅ​ទៀត​ ហើយ​គេច​វេះ​ទៅ​ផ្ទះ​ទី​ទៃ​ៗ​រៀង​ខ្លួន​ទៅ​។

 ​ ចំណែក​ចៅ​ពញា​អរ​ជូន​ជ័យ​អ្នក​ភ័យ​ នឹង រឿង​នេះ​ណាស់​គេច​ចោល​បុត្រ​ភរិ​យា​ហើយ​ទៅ​ពូន​នៅ​ភ្នំ​សុពណ៌​កាឡី​។ ព្រះ​បរមប​ពិត្រ​ និង​ សេនា​បតី​មុខ​មន្ត្រី​អាមាត្យ​សេនា​ ទាហាន​ កាល​ទ្រង់​លើក​ព្យូហ​នា​វា​ទៅ​ដល់​មាត់​ឃ្មុង​ហើយ​នោះ​ ទ្រង់​ជ្រាប​ថា​ចៅ​ពញា​អរ​ជូន​ជ័យ​រត់​បាត់​ទៅ​​ហើយ​មួយ​រំពេច​នោះ​ទ្រង់​ចាត់​សេនា​ទាហា​ន​ជា​ ៤​ កង​ គឺ​មួយ​កង​ឲ្យ​ទៅ​តាម​ចាប់​ចៅ​ពញា​អរ​ជូន​ជ័យ​ ពី​​ភ្នំ​សុពណ៌​កាឡី​​មក​វិញ​មួយ​កង​ទៀត​ឲ្យ​ទៅ​ចាប់​បុត្រ​ភរិយា​ព្រម​ទាំង​របស់​ទ្រព្យ​ចៅ​ពញា​អរ​ជូន​ជ័យ​ និង​ ញាតិ​វង្សា​ទាំង​ ៧​ជួរ​គោត្រ​ឲ្យ​ជីក​ដី​កប់​ខ្លួន​ហើយ​វាស់​ នឹង រនាស់​ឈើរ​នាស់​ដែក​ មួយ​កង​ទៀត​ឲ្យ​ទៅ​យក​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​ចូល​មក​ស៊ីការ​នោះ​ ចំងាយ​មួយ​ល្បឺស្គរ​។​ ទ្រង់​ដាក់​ទោស​ដល់​មនុស្ស​ទាំង​នោះ​ក្នុង​ ៣​ឆ្នាំ​ឲ្យ​បង់​ថ្លៃ​ជា​កាស​មួយ​បាត​អង្ករ​មួយ​តៅ​ម្នាក់​ឲ្យ​ចៅ​ហ្វាយ​ស្រុក​ថ្មី​ម្ដង ​ទ្រង់​ត្រាស់​បង្គាប់​ស្រេច​ហើយ​ ព្រះ​បរម​បពិត្រ​ទ្រង់​តំរិះ​ថា​ :​ ស្ដេច​ត្រាញ់​ទាំង​ ៥​នេះ​នឹង​ទុក​កិត្តិ​យស​ឲ្យ​ហៅ​ថា​ ចៅ​ពញា​ ដូច​ពញា​អរ​ជូន​នេះ​ឲ្យ​គង់​យស​ជា​ស្ដេច​ត​ទៅ​ទៀត​មិន​បាន​ឡើយ​ព្រោះ​វា​កំរើក​ចិត្ត​ណាស់​។​ ទើប​ទ្រង់​ត្រាស់​បង្គាប់​តែង​ព្រះ​រាជ​បញ្ជាជា​ថ្មី​ថា ​: ស្ដេច​ត្រាញ់​ទាំង​ ៥​នេះ​អំណើះ​ត​ទៅ​ចុះ​ក្នុង​សំបុត្រ​ ថា​​ឧកញ៉ា​ទាំង​អស់​លើក​លែង​ហៅ​ខ្លួន​ជា​ ចៅ​ពញា​នោះ​ចេញ​ទៅ​ ហេតុ​ដូច​បាន​និយាយ​ខាង​លើ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ស្រុក​ត្បូង​ឃ្មុំ​ និង​ ចៅ​ហ្វាយ​ស្រុក​ទាំង​ឡាយ​ដែល​មាន​ងារ​ជា​ស្ដេច​ត្រាញ់​នោះ​ស្អប់​ពូជ​ម៉ឺន​ឯក​នាង​ទាវ និង ​ពូជ​ចៅ​ពញា​អរ​ជូន​ជ័យ​ទាំង​អស់​គ្នា​។ ព្រះ​បាទ​បរម​នាថ បរម​បពិត្រ​ ជា​​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ដាក់​ទោស​អ្នក​ស្រុក​ត្បូង​ឃ្មុំ​ រួច​ហើយ​ទ្រង់​លើក​ព្យូហ​ នាវា​ត្រឡប់​មក​ក្រុង​លង្វែក​វិញ​ ហើយ​ទ្រង់​គង់​នៅ​ក្នុង​ព្រះ​សិរី​រាជ​សម្បត្តិ​ជា​សុខ​ត​រៀង​មក​។

ឆ្នាំវក​ ចត្វា​ស័ក ព.ស. ២១១៦ (គ.ស. ១៥៧២) ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ព្រះ​សោយ​រាជ្យ​អង្គ​បាន​ ៥​ឆ្នាំ ថ្ងៃ​មួយ ស្ដេច​យាង​ចេញ​ពី​ព្រះ​រាជ​រោង​រម្យ​ជួប​ជុំ​ព្រះ​រាជ​សេវ​កា​មាត្យ​ហើយ​ទ្រង់​ត្រា​ស់​ប្រឹក្សា​ថា ​:​ សៀម​ និង លាវ​ធ្លាប់​ចាញ់​ព្រះ​បារ​មី​សម្ដេច​ព្រះរាជ​បិតា​ជា​រឿយ​ៗ​មើល​ទៅ​វា​មុខ​ជា​ នឹង​ មាន​សេច​ក្ដី​គុំ​គួន​ចំពោះ​យើង​ពុំ​លែង​ឡើយ​ដូច្នេះ​ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ទូក​ចំបាំង​ ត្រូវ​តែ​រក​ដំរី​ សេះ ​និង​ សេនា ទាហាន​ ឲ្យ​បាន​ច្រើន​ដើម្បី​បំរុង​ការ​រក្សា​ព្រះ​រាជ​សីមា​ឲ្យ​បាន​សុខ​ក្សេម​ក្សាន្ត​ត​ទៅ​។​ ថា​បើ​ស្ដេច​ទាំង​ពីរ​នគរ​នោះ​លើក​ទ័ព​មក​កាល​ណា​យើង​មាន​របស់​បំរុង​ទុក​ជា​ស្រេច​។​ ថា​បើ​ស្ដេច​ទាំង​ពីរ​នគរ​នោះ​ពុំ​លើក​ទ័ព​មក​ធ្វើ​អ្វី​យើង​ទេ​ យើង​ត្រូវ​តែ​លើក​ទៅ​វិញ​ព្រោះ​ សៀម​វា​បាន​កៀរ​យក​ គ្រួ​យើង​ទៅ​ជា​ច្រើន​ណាស់​ ក្នុង​ពេល​ដែល​វា​មក​វាយ​បែក​ព្រះ​មហា​នគរ​ "អង្គរ"​ នោះ​។ តែ​អស់​មន្ត្រី​សេនា​បតី​ យល់​ដូច​ម្ដេច​។​ គ្រា​នោះ​ព្រះ​បរម​រាជ​វង្សា​នុវង្ស​អង្គ​អគ្គ​មហា​សេនា​សេនា​បតី​ក្រាប​បង្គំ​ទូល​ថា​ : "ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​នោះ​ត្រូវ​សម​ល្អ​ណាស់​"​។​

 កាល​បើ​អស់​សេនា​បតី​មន្ត្រី​ទាំង​ពួង​យល់​ព្រម​តាម​ព្រះ​រាជ​តំរិះ​ហើយ​ព្រះ​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​ តំកល់​លើ​ត្បូង​ព្រះ​អង្គ​ទ្រង់​ចាត់​ឲ្យ​មុខ​ងារ​ព្រះ​សុរិ​យោដី​ និង​ ក្រុម​មេកា​រ​ ជាង​ឈើ ​ទៅ​សាង​ព្រះ​រាជ​វាំង​ដោយ​គ្រឿង​ឫស្សី​ និង​ ស្បូវ​គង់​នៅ​កំពង់​ក្រសាំង​ក្នុង​ ខេត្ត​សំរោង​ទង​ "សព្វ​ថ្ងៃ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​"​ ជា​អគ្នេយ៍​ភ្នំ​រាជ​ទ្រព្យ​។ ទ្រង់​ឲ្យ​ជាង​លើក​ទូក​ចំបាំង​យ៉ាង​ធំ ​៥០០ ​យ៉ាង​ តូច ៣០០ ទូក​លំហាច ​២០០​ ហើយ​ទ្រង់​ឲ្យ​បង្ហាត់​សេនា​ទាហាន​ជើង​ទឹក​ ជើង​គោក​ទ្រង់​ឲ្យ​រើស​ដំរី​សឹក​ បាន​ ១០០០​ ប្លាយ​ សេះ​ ៥០០០ ប្លាយ​ ក្របី​ ៥០០០​ ប្លាយ​។ សេនា​ទាហាន​បាន​ហាត់​ចំបាំង​លើ​ខ្នង​ដំរី​សេះ​ក្របី​នោះ​គិត​យក​តែ​យ៉ាង​ឯក ២០០០ នាក់​យ៉ាង​ទោ ​២០០០ ​ប្លាយ​នាក់​សេនា​ទាហាន​ខាង​ជើង​ទឹក​ដែល​មុជ​ទឹក​បាន​អស់​រយៈ​ពេល​មួយ​យប់​មួយ​ ថ្ងៃ​នោះ​ចំនួន​ ២៣​​នា​ក់ មុជ​ទឹក​បាន​តែ​ ៣ ​រឺ​ ៤ ​ម៉ោង​នោះ​បាន ​១០០​ ប្លាយ​នាក់​។​ សេនា​ទាហាន​ម្នាក់​ៗ​ គិត​តែ​ហាត់​គុន​ផឹក​ថ្នាំ​គង់​ កាប់​មិន​មុត​ដាល់​មិន​ត្រូវ ​បើ​ត្រូវ​ក៏​មិន​ឈឺ។ លុះ​ក្រម​ការ​ចាត់​ការ​បាន​សំរេច​ហើយ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចេញ​ ព្រះ​រាជ​ប្រកាស​ ប្រាប់​ដល់​ទៅ​ចៅ​ហ្វាយ​ស្រុក​គ្រប់​ខេត្ត ​ឲ្យ​ហ្វឹក​ហាត់​សេនា​ទា​ហាន​ឲ្យ​បាន​ច្រើន​ ហើយ​ឲ្យ​សន្សំ​គ្រឿង​ស្បៀង​អាហារ​នាំ​យក​ដាក់​ក្នុង​ព្រះន​គរ​ និង ក្នុង​ឃ្លាំង​គ្រប់​ចៅ​ហ្វាយ​ស្រុក និង ស្ដេច​ត្រាញ់​ទាំង​ប្រាំ​កុំ​ឲ្យ​ខ្វះ​ខាត​។​​ទ្រង់​ចាត់​សំពៅ​ពីរ​ឲ្យ​ទៅ​ទិញ​កាំ​ភ្លើង​គ្រឿង​សាស្ត្រា​វុធ​អំពី​ប្រទេស​ក្រៅ​មក​ទុក​ក្នុង​ព្រះ​នគរ​ជា​ច្រើន​ក្រៃ​ពេក​។ ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​រោង​ដាក់​ទុក​ព្រះ​ទីនាំង​ និង​ទូក​ចំបាំង​ត្រៀម​តាម​ស្ទឹង​ពញា​ឮ​នោះ​រហូត​ទៅ​ដល់​ខាង​ត្បូង​ពេញ​ទាំង​បឹង​។

 ​ ក្នុង​​គ្រា​​នោះ​ប្រទេស ចិន​ ចាម​ ជ្វា​ យួន​ ចូល​មក​ជ្រក​កោន​ពឹង​បុណ្យ​ព្រះ​បារមី​ថ្វាយ​មាស​ប្រាក់​ និង សារ​បាប់​ទួន​គាត​ខៀន​ព្រៃ​ជា​ច្រើន​។​ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​ត្រាស់​ឲ្យ​ហៅ​ស្ទឹង​បឹង​ពញា​ឮ​នោះ​ថា​ស្ទឹង​រោង​ទូក​ ថា​​បឹង​ត្រង​ប្រាក់​​វិញ អ្នក​ស្រុក​ហៅ​យារ​ៗ​មក​ក៏​ក្លាយ​ទៅ​ជា​ស្ទឹង​ដង​ប្រាក់​ជាប់​ ដល់​មក​បច្ចុប្បន្ន​កាល​នេះ​។​

  ឆ្នាំវក ចត្វា​ស័ក ព.ស. ២១១៦ (គ.ស. ១៨៧២, ម.ស. ១៤៣៩, ច.ស. ៩៣២) ព្រះ​បាទ​បរម​នាថ​បរម​បពិត្រ​ ទ្រង់​ព្រះ​ចិន្តា​យល់​ថា​ : ទិស​ខាង​លិច​ និង ទិស​ខាង​ជើង​នោះ​កាល​ផែន​ដី​សម្ដេច​ព្រះ​វរ​រាជ​បិតា​ព្រះ​អង្គ​ទ្រង់​ចាត់​ធ្វើ​បន្ទាយ​ចាត់​ឲ្យ​សេនា​ទាហាន​ និង​ ចៅ​ហ្វាយ​ស្រុក​រក្សា​ព្រះ​រាជ​សីមា​មាំ​មួន​ណាស់​ ហើយ​នៅ​ឡើយ​តែ​ទិស​ខាង​ត្បូង​ និង ខាង​កើត​ដែល​មាន​ព្រៃ​ជាប់​ នឹង ​សមុទ្រ​ទៅទ​ល់ នឹង ស្រុក​ចាម​ស្រុក​យួន​នោះ​។ ឥឡូវ​នេះ​យួន​ និង ចាម​នៅ​កំពុង​តែ​វិវាទ​ជា​ចម្បាំង នឹង គ្នា​។ ប្រសិន​បើ​ជា​ចាម​ ឬ​ យួន មាន​ជ័យ​ហើយ​ នឹង កំរើក​ចូល​វាយ​ព្រះ​នគរ​កម្ពុ​ជា​នេះ យើង​ពុំ​ទាន់​បាន​ទៅ​ធ្វើ​កំពែង​បន្ទាយ​ ឲ្យ​ជាប់​មាំ​នៅ​ឡើយ​។ ទ្រង់​ព្រះ​ចិន្តា​យល់​ដូច្នេះ​ហើយ​ទើប​ទ្រង់​ព្រះ​ បង្គាប់​ឲ្យ​មុខ​ងារ​រៀប​ព្រះ​ទីនាំង​នាវា​ និង ទុក​ក្បួន​ហែ​ឲ្យ​បាន​គ្រប់​គ្រាន់​។​ លុះ​បាន​ពិជ័យ​ឫក្ស​ហើយ​ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ និង​ រាជ​សេ​វ​កា​មាត្យ​មុខ​មន្ត្រី​ លើក​ព្យុ​ហ​នាវា​ត្រាច់​ចេញ​ទៅដ​ល់​មាត់​សមុទ្រ​ ហើយ​ទ្រង់​តាង​ព្រះ​រាជ​វង្ស​​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ព្រះ​បាទ​អភ័យ​ទោស​ ឲ្យ​ឈរ​រក្សា​មាត់​សមុទ្រ​។​ ទ្រង់​តាំង​ស្រុក​នោះ​ឲ្យ​ហៅ​ថា​ "ស្រុក​ព្រៃ​នគរ​"​។​ ទ្រង់​តាំង​ឲ្យ​សម្ដេច​ព្រះ​អភ័យ​ទោស​នោះ​ឡើង​យស​ មាន​​ឧក​ញ៉ា​ពិជ័យ​សត​មួយ​ទៀត​ជា​រង​ហើយ​ឲ្យ​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ឲ្យ​មុត​មាំ​កាល​ណា​បើ​មាន​ទ័ព​ជើង​ទឹក​ខាង​ចាម​ ឬ​យួន​ចូល​មក​ឲ្យ​ការ​ពារ​ព្រះ​នគរ​ឲ្យ​បាន​មាំ​មួន​។​ លំដាប់​ក្រោយ​មក​ទៀត​ព្រះ​អង្គ​ទ្រង់​លើក​ព្យុហ​នាវា​ ត្រឡប់​មក​ដល់​កោះ​ស្លា​កែត​ទ្រង់​ ឲ្យ​បញ្ឈប់​ព្រះ​ទីនាំង​ប្រថាប់​នៅ​ទី​នោះ​ ១៦​ថ្ងៃ​។​ ចៅ​ហ្វាយ​ស្រុក​ និង ក្រម​ការ​ខេត្ត​ក៏​រៀប​ទទួល​ព្រះ​អង្គ​យ៉ាង​ធំ​គឺ​មាន​ របាំ​ល្បែង​មហោ​ស្រព​លេង​សន្ធឹក​ គឹក​កង​ណាស់​អស់​ចៅ​ហ្វាយ​ស្រុក​ និង ក្រម​ការ​ខេត្ត​ដែល​នៅ​ជិត​ នឹង ទៅ​មក​ទាន់​ក៏​ចូល​មក​ក្រាប​បង្គំ​ថ្វាយ​មាស​ប្រាក់​បណ្ណា​ការ​ជា​ច្រើន​។​

 នៅ​ទី​នោះ​ព្រះ​អង្គ​ទ្រង់​គង់​ព្រះ​ទីនាំង​ទន្សាយ​ស្លឹក​​ ចេញ​ទត​ព្រះ​នេត្រ​ អស់​ទី​នានា​ ទ្រង់​ទត​​ឃើញ​មាន​កំផែង​ជាប់​ដោយ​អន្លើៗ​ និង​ មាន​ព្រះ​ធរណី​ដល់​គោល​រញ៉ា​​ដំរី​ ច្រើន​កន្លែង​ទើប​ទ្រង់​សួរ​អស់​ចាស់​ប្រជា​អ្នក​ស្រុក​ណា​ដែល​បាន​ដឹង​ការណ៍​នេះ​។​ អ្នក​ស្រុក​ក្រាប​បង្គំ​ទូល​ថា ​:​ ការ​ណ៍​នេះ​ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​បាន​ឮ​ចាស់​ៗ​ និយាយ​ត​ៗ​ម​ក​ថា ​"កាល​ផែន​ដី​បឋម​ក្សត្រ​ គឺ​ព្រះ​បាទ​កុមេ​រុ​រាជ​ព្រះ​ថោង​នោះ​ ព្រះ​អង្គ​ទ្រង់​ឈ្នះ​សង្គ្រាម​ព្រះ​បាទ​អស្ស​ចយ​រាជ​ ព្រះ​អង្គ​ចាប់​បាន​ ព្រះ​រាជ​បុត្រ ព្រះ​បាទ​អស្ស​ចយ​រាជ​ទាំង ​៥​អង្គ គឺ​ព្រះ​នាម​ព្រះ​សុរិយោ​វរ្ម័ន​មួយ​ ព្រះ​សុរិ​យង្គ​វរ្ម័ន​មួយ​ ព្រះ​សុរិយា​វរ្ម័ន​មួយ​ ព្រះ​បរមិន្ទ​វរ្ម័ន​ និង​ ព្រះ​សូ​រេន្ទ្រា​វរ្ម័ន​មួយ​។​ ព្រះ​រាជ​បុត្រ​ទាំង​ ៥​ព្រះ​អង្គ​នេះ​សូម​ចុះ​ចាញ់​ព្រះ​បារមី​ ថ្វាយ​ព្រះ​នគរ​ហើយ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​ព្រះ​សុរិ​យោ​វរ្ម័ន​ គ្រប់​គ្រង​ប្រការ​ ឲ្យ​ព្រះ​សុរិ​យង្គ​វរ្ម័ន​គ្រប់​គ្រង​ស្រុក​ទ្រាំង​ ភ្នំ​បាយ៉ង់​កោ ​ឲ្យ​ព្រះ​បរមិន្ទ​វរ្ម័ន​គ្រប់​គ្រង​ស្រុក​ត្បូង​ឃ្មុំ ព្រះ​សុរិ​យា​​វរ្ម័ន​ ដែល​គ្រប់​គ្រង​ស្រុក​ស្លា​កែត ឲ្យ​ព្រះ​សូ​រេន្ទ្រា​វរ្ម័ន​គ្រប់​គ្រង​ស្រុក​ស្ទោង​។ សុរិ​យា​វរ្ម័ន​ ដែល​គ្រប់​គ្រង​ស្រុក​ស្លាកែត​ នោះ​បាន​តាំង​វាំង​ប្រាសាទ​សុទ្ធ​សឹង​តែ​ថ្ម​ និង ឈើ​ជើង​ចាប​ ឈើ​តា​ត្រាវ​មាន​រោង​សេះ ​រោង​ដំរី​ជា​គ្រឿង​លំអ​។ ទ្រង់​តាំង​ពញា​តេ​ជោ​ឲ្យ​ធ្វើ​ទ្វារ​មួយ​នៅ​ មាត់​ទន្លេ​ខាង​ទិស​បស្ចឹម​ជា​ទ្វារ​ព្រះ​នគរ​ប៉ែក​ខាង​លិច​។ ទ្រង់​តាំង​ពញា​ជ័យ​ឲ្យ​សំរេច​ការ​ខាង​ជើង​គោក​។​

 ទ្រង់​តាំង​ពញា​យោ​ឲ្យ​សំរេច​ការ​ខាង​ជើង​ទឹក​ ព្រះ​រាជ​វង្សា​នុ​វង្ស​នៃ​ព្រះ​រាជ​បុត្រ​អង្គ​នេះ​សោយ​រាជ្យ​ត​ៗ​មក​អស់​ជា​ច្រើន​តំណ​។ ស្ដេច​ចាម​ទី​មួយ​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម​នាង​ពៅ​សក់​ក្រអូប​ មាន​រូប​ឆោម​លោម​ពណ៌​ និង ក្លិន​ក្លែប​ក្រអូប​ណាស់​លើស​ស្រី​ទាំង​ឡាយ​។ ស្ដេច​ចាម​ស្រលាញ់​នាង​សក់​ក្រអូប​នេះ​ខ្លាំង​ណាស់​ ទ្រាំ​ពុំ​បាន​ទើប​ទ្រង់​ចូល​ទៅ​រួម​មនោ​រម្យ​ នឹង នាង​នោះ​ទៅ​។​ ក្នុង​ខណៈ​នោះ​ព្រះ​ធរណី​ក៏​កំរើក​ ខ្ទ័រ​ខ្ទារ​អស់​ ៥​ថ្ងៃ​។ ស្ដេច​ចាម​ទ្រង់​សាក​សួរ​ហោរា​អំពី​ព្រឹត្តិ​ការណ៍​ចំឡែក​នេះ​។ ហោរា​ក្រាប​ទូល​ថា​ នៅ​ខ្វះ​តែ ២​ថ្ងៃ​ទៀត​ព្រះ​ធរណី នឹង ស្រូប​ព្រះ​អង្គ​ហើយ​។​ ស្ដេច​ចាម​សួរ​ហោ​រា​ទៀត​ថា​ : បើ​ដូច្នោះ​យើង​គិត​ធ្វើ​ដូច​ម្ដេច​ នឹង បាន​រួច​ហោរា​ទូល​ថា​ ដើម្បី​ឲ្យ​រួច​នោះ​ត្រូវ​តែ​ព្រះ​អង្គ​ធ្វើ​ពិធី​ឆាន់​ព្រុត​ ទើប​បាន​រួច​ខ្លួន​។ មួយ​រំពេច​នោះ​ ស្ដេច​ចាម​ឲ្យ​ហោ​រា​ធ្វើ​ហោម​ ពិធី​រួច​ហើយ​ទើប​ស្ដេច​យាង​ចុះ​ទូក​ព្រះ​ទី​នាំង​មួយ​ ហោរា​ចុះ​ទូក​មួយ​នាំ​ស្ដេច​រត់​ចេញ​ទៅ​បាន​ ២​យប់ ២​ថ្ងៃ​។ ពេល​នោះ​ទឹក​គួច​លិច​ទូក​ហោរា​នោះ​ស្លាប់​ទៅ​។​ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​នេះ​ហៅ​ថា​ស្រុក​លង់​ហោរ​។​

 ព្រះ​រាជ​វាំង​ដែល​ស្ដេច​គង់​នោះ​ត្រូវ​ព្រះ​ធរណី​ស្រូប​ ជា​បន្ទាន់​ ក្នុង​ពេល​ដែល​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​នាវា​ ហេតុ​នេះ​ហើយ​បាន​ជា​កន្លែង​នោះ​ហៅ​ថា​ បឹង​ប្រាសាទ​ឃុំ​ជៃ​យោ ​តែ​យារ​ៗ​មក​ហៅ​ថា​ឃុំ​ទយោ​ ភូមិ​បន្ទាយ​ដែក​រៀង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​។​ ឯ​ស្ដេច​ចាម​ដែល​រត់​ទៅ​នោះ​ កាល​បើ​ឃើញ​ហោរា​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ភ័យ​ណាស់​ទើប​ខំ​ស្រូត​ព្រះ​ទីនាំង​ឲ្យ​ដល់​ស្រុក​ក្រោម​ឯ​នាយ​។ ខណៈ​នោះ​ទួន​ភិន​ ដែល​ត្រូវ​ជា​ព្រះ​អនុជ​ជីទួត​មួយ​ នឹង​ ព្រះ​អង្គ​កាល​បើ​បាន​ដឹង​រឿង​នេះ​ហើយ​ក៏​មក​ទទួល​អញ្ជើញ​ព្រះ​បាទ​សូរិ​យា​វរ្ម័ន​ឲ្យ​គង់​នៅ​ក្នុង​ប្រា​សាទ​នោះ​។​ លុះ​វេលា​យប់​ព្រះ​ធរណី​ក៏​ស្រូប​ទាំង​វាំង​ប្រាសាទ​នោះ​ទៅ​ទៀត​។​ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ហៅ​ប្រាសាទ​ស្រុត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ ទ្រង់​បាន​ជ្រាប​ហើយ​ទ្រង់​ប្រែ​ឈ្មោះ​កោះ​ស្លាកែត​​នោះ​​​ឲ្យ​​ហៅ​​ថា​ខេត្ត​លើក​ដែក​វិញ​។​ ត​មក​ព្រះ​អង្គ​ត្រឡប់​មក​ភ្នំ​ពេញ​ព្រះ​អង្គ​ទ្រង់​ឡើង​គង់​ព្រះ​ទីនាំង​គជេន្ទ្រា​លើ​កព្យូ​ហ​នា​វា​តំរង់​ទៅ​ទន្លេបា​ទី​ទៀត​។​ នៅ​ទីនោះ​ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ប្រាសាទ​ថ្ម​ល្អ​ថ្ងៃ​ថ្លា​។ ​ទ្រង់​ត្រាស់​សួរ​បណ្ដា​អ្នក​ស្រុក​ចាស់​ទុំ​ដែល​បាន​ដឹង​ការណ៍​គ្រប់​ៗ​គ្នា​។ អ្នក​ស្រុក​ក្រាប​បង្គំ​ទូល​ថា ​: ​កាល​ដើម​ផែន​ដី​ ព្រះ​ថោង​កុ​មេ​រុ​រាជ​ ព្រះ​អង្គ​ទ្រង់​ឈ្នះ​ទ័ព​ព្រះ​បាទ​អស្ស​ច័យ​រាជ​ ព្រះ​អង្គ​មាន​បុណ្យ​ទ្រង់​ប្រោស​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​អស្ស​ច័យ​រាជ​ទាំង​ ៥​ ព្រះ​អង្គ​ឲ្យ​គ្រប់​គ្រង​ ស្រុក​ត្បូង​ឃ្មុំ​មួយ​ ស្រុក​បាយ៉ង់​កោ​មួយ​ ក្នុង​ខេត្ត​តា​កែវ​ ​ស្រុក​ភ្នំ​រាជ​ជីសូរ​ ភ្នំ​ជីសូរ​ក្នុង​ខេត្ត​តា​កែវ​មួយ​ កោះ​ស្លា​កែត​មួយ​ ស្រុក​ស្ទោង​មួយ​។​

 ឯ​ស្ដេច​ដែល​គង់​នៅ​ភ្នំ​រាជ​ជីសូរ​នោះ​ព្រះ​អង្គ​ទ្រង់​ បាន​ឲ្យ​សាង​ប្រាសាទ​រាជ​វាំង​ជា​វិការ​នៃ​ថ្ម​នៅ​លើ​ភ្នំ​នោះ​ហើយ​ ទ្រង់​ឲ្យ​សាង​ប្រា​សាទ​ថ្ម​មួយ​នៅ​មុខ​ភ្នំ​ សឹង​មាន​ធ្វើ​ជា​ត្រឡែង​កែង​មាន​ស្រះ​ស្រង់​ថ្លា​ច្បារ​ដំណាំ​។​ ព្រះ​អង្គ​គង់​នៅ​ទី​នោះ​បាន​ ៤​ខែ​។ ត​មក​ដល់​រាជ្យ​ព្រះ​បាទ​សុរិ​យោ​ទ័យ​វរ្ម័ន​ ព្រះ​អង្គ​ទ្រង់​យល់​ថា​ទីនោះ​មាន​ទឹក​ពុំ​បរិបូរ​ណ៍​ ទើប​​ព្រះ​​អង្គ​លើក​គ្រប់​គ្រួ​ឲ្យ​មក​សាង​ប្រាសាទ​នៅ​ទន្លេ​បាទី​វិញ​។ លុះ​ដល់​មក​ផែន​ដី​របស់​ព្រះ​អង្គ​ទើប​ ព្រះ​អង្គ​ទ្រង់​បាន​ត្រាស់​ ឲ្យ​សេនា​ទាហាន​មក​រំលាយ​ស្ដេច​ចាម​ទាំង​នោះ​អស់​ទៅ​ ហើយ​ទ្រង់​ចាត់​ឲ្យ​ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​មក​គ្រង​ស្រុក​ទាំង​ ៥​នោះ​វិញ​។ លុះ​មក​ដល់​ផែន​ដី​ព្រះ​ធនញ្ជ័យ​គោ​រព្យ​រាជ​ស្ដេច​ទាំង​ ៥​ព្រះ​អង្គ​នោះ​ពុំ​ព្រម​ខ្លប​ខ្លាច​ព្រះ​អង្គ​។ សេនា​បតី​បង្គាប់​ ការ​អ្វី​ៗ​មក​ព្រះ​អង្គ​ ព្រះ​អង្គ​ពុំ​សូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​សោះ​។​

 ដូច្នេះ​ហើយ​ទើប​ព្រះ​បាទ​ធនញ្ជ័យ​គោរព្យ​រាជ​ទ្រង់​បន្ថយ​ទី​សម្ដេច​នោះ​ចេញ​ពុំ​ឲ្យ​ហៅ​សម្ដេច​ចៅ​ពញា​ទេ​ ទ្រង់​ឲ្យ​ហៅ​ត្រឹម​តែ​ចៅ​ពញា​​វិញ​ ដូច​ជា​សេនា​បតី​ក្នុង​ព្រះ​នគរ​។​ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ព្រះ​អង្គ​ទ្រង់​ប្រែ​ងារ​ចៅ​ហ្វាយ​ស្រុក​ទាំង​ពីរ​នោះ ជា​ឧក​ញ៉ា​វង្សា​អនុ​ជិត​ ដោយ​​ទ្រង់​គិត​ថា​វង្សា​ គឺ​ពី​ដើម​ជា​វង្ស​ស្ដេច​ចាម​អនុ​ជិត​នោះ​ គឺ​ ព្រះ​អង្គ​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ខ្មែរ​ដែល​ជិត​ដិត​ នឹង ព្រះ​អង្គ​នោះ​ឲ្យ​គ្រប់​គ្រង​ស្រុក​បាទី​នោះ​ត​ទៅ​។​​ លុះ​ព្រះ​បរម​បពិត្រ​ ទ្រង់​រៀប​ចំ​ស្រេច​បាច់​ហើយ​ស្ដេច​លើក​យោធា​ទា​ហាន​ទៅ​ថ្កាន​នៅ​ភ្នំ​បាយ៉ង់​កោ​។ លុះ​ទ្រង់​យាង​ទៅ​ដល់​ស្ទឹង​ស្លា​គូ​ ព្រះ​អង្គ​ឲ្យ​តាំង​ព្រះ​ពន្លា​ហើយ​ព្រះ​អង្គ​ឡើង​គង់​សំរាក​ព្រះហ​ឫទ័យ​ និង សំរាក​កំលាំង​នៃ​សេនា​ទាហាន​នៅ​ទី​នោះ​។ ក្នុង​ខណៈ​នោះ​មាន​បណ្ឌិត​ម្នាក់​ឈ្មោះ​កែវ​ ខ្លួន​តូច​ស្ដើង​រាង​មូល​ ដៃ​ទន់​វែង​ឱប​ប្រណម្យ​សំពះ​ទៅ​ក្រោយ​ខ្នង​បាន​។ កែវ​នេះ​ចេះ​មន្ត​វិជ្ជា​ការ​មាំ​មួន​ណាស់​គាត់​យក​ដែក​សាក់​ ដាក់​ជាតិ​ហិង្គុល​នៅ​បាត​ដៃ​បាត​ ជើង​ធ្វើ​ជា​កង​ចក្រ​ហើយ​ចូល​ទៅ​តាំង​សិល្ប៍​នៅ​ភ្នំ​បាយ៉ង​កោ​បាន ១​ឆ្នាំ​ ៧​​ខែ ៧​ថ្ងៃ រួច​មក​ហើយ​មាន​អ្នក​ស្រុក​ចុះ​ចូល​ជា​ច្រើន​។ កែវ​តាំង​ខ្លួន​ជា​ព្រះ​បាទ​ជាន់​ជុំ​។​

 លុះ​ដឹង​ថា​ព្រះ​បរម​បពិត្រ​ស្ដេច​យាង​មក​ដល់​ស្ទឹង​ស្លា​គូ​ហើយ​ ក៏​គិត​ថា​ព្រះ​អង្គ​មុខ​ជា​ នឹង លើក​ទ័ព​ទៅ​ធ្វើ​ទោស​ខ្លួន​។ កែវ​ក៏​ប្រជុំ​ស្ម័គ្រ​បក្ស​ពួក​បាន​ជា​ច្រើន​ តាំង​ពិធី​ប្រក់​ព្រំ​ពល​ហើយ​តាំង​​ចាត់​នាយ​កង​ នាយ​ទ័ព​ ឲ្យ​ឃុំ​រេហ៍​ពល​ជា​ប៉ែក​ ឆ្វេង​ ស្ដាំ ​មុខ​ ក្រោយ​ចែក​ជា ៣​កង​ហើយ​លប​លើក​ទាំង​យប់​នោះ​ឲ្យ​ចូល​ដេញ​លុក​ទ័ព​ ឧក​ញ៉ា​ពិស្ណុការ​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​ទ្រាំង​ ខ្លះ​ទៀត​ទៅ​ខាង​ពាម​ខាង​បន្ទាយ​មាស​។​ ចៅ​ហ្វាយ​ស្រុក​ទាំង​ ៣​ខេត្ត​នោះ​បាន​ដឹង​ខ្លួន​ទាន់​ក៏​គេច​បាត់​អស់​ទៅ​។​ កែវ​បាន​ឲ្យ​ទ័ព​ទៅ​បង្ក្រាប​ខេត្ត​ឧម៉ោ​ បាសាក់​ ព្រះ​ត្រពាំង​ ក្រមួន​ស​ បាន​ខេត្ត​ជា​ច្រើន​នៅ​ខាង​ជើង​ភ្នំ​បាយ៉ង់​កោ​គាត់​ឲ្យ​ឈ្មោះ​ហៅ​ថា ​: ព្រះ​រាជ​វាំង​ព្រះ​បាទ​ជាន់​ជុំ​។​ ព្រោះហេតុនោះ​ហើយ​បាន​ជា​ហៅ​ភូមិ​នោះ​ថា​ : ភូមិ​ព្រះ​បាទ​ជាន់​ជុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​ទ្រាំង​ បន្ទាយ​មាស​ ពា​ម​ កំពត​ កំពង់​សោម​ បែក​ទ័ព​រត់​ចោល​បុត្រ​ភរិ​យា​ទៅ​ពួន​ព្រៃ​។​ លុះ​ដឹង​ថា ព្រះ​បរម​បពិត្រ​ស្ដេច​យាង​ទៅ​ ប្រថាប់​នៅ​ស្ទឹង​ស្លាគូ​ដូច្នេះ​ ត្រេក​អរ​សោ​មន្ស​ណាស់​ទើប​ នាំ​គ្នា​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ទូល​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ​។

ព្រះ​បរម​នាថ​បរម​បពិត្រ​ទ្រង់​ជ្រាប​ហើយ​ត្រាស់​បង្គាប់​ចៅ​ហ្វាយ​ស្រុក​ទ្រាំង​ ៥​​ខេត្ត​ឲ្យ​ចេញ​កេណ្ឌ​កង​ទ័ព​ ចាត់​ជា​ទ័ព​ មុខ ​ក្រោយ ​ឆ្វេង​ ស្ដាំ ស្រេច​ហើយ​ ឲ្យ​លើក​ទៅ​បង្ក្រាប​ព្រះ​បាទ​ជាន់​ជុំ​។​ ឈ្មោះ​កែវ​ដែល​តាំង​ខ្លួន​ជា​ព្រះ​បាទ​ជាន់​ជុំ​ដេញ​កង​ទ័ព​ឲ្យ​ចេញ​ពី​បន្ទាយ​ច្បាំង​ត​ នឹង ទ័ព​ចៅ​ហ្វាយ​ស្រុក​ទាំង​ ៥​ខេត្ត​នោះ​ដែរ​។ កង​ទ័ព​ចៅ​ហ្វាយ​ស្រុក​ទាំង​ ៥​ខេត្ត​បាន​ចិត្ត​ដោយ​ព្រះ​បរម​បពិត្រ​ព្រះ​អង្គ​ទ្រង់​ប្រថាប់​នៅ​ជិត​ទី​នោះ​ដែរ​ ក៏​ឥត​មាន​សេច​ក្ដី​កោត​ញញើត​ នឹង សត្រូវ​ទាំង​នោះ​ឡើយ​នាំ​គ្នា​បុក​រុក​ចូល​ទៅ​ដល់​ជើង​បន្ទាយ​ហៀប​តែ នឹង យក​បន្ទាយ​បាន​ទៅ​ហើយ​ ប៉ុន្តែ​ព្រះ​បាទ​ជាន់​ជុំ​ ឃើញ​ដូច្នោះ​ ក៏​ឡើង​ទៅ​លើ​បញ្ជា​ក្បាល​បន្ទាយ​ យក​អង្ករ​មក​សែក​មន្ត​វិជ្ជា​ការ​កើត​ជា​ឃ្មុំ​ ឪម៉ាល់ ដេញ​ទិច​កង​ទ័ព​ចៅ​ហ្វាយ​ស្រុក​ទាំង ​៥ ខេត្ត​កង​ទ័ព​ទាំង​នោះ​ ទ្រាំ​ពុំ​បាន​ក៏​រត់​ចោល​ចៅ​ហ្វាយ​ស្រុក​ទាំង ​៥​ខេត្ត យក​រួច​តែ​ខ្លួន​។​ ចៅ​ហ្វាយ​ស្រុក​ទាំង ​៥​ខេត្ត ក៏​យក​ការណ៍​មក​ក្រាប​បង្គំ​ទូល​ព្រះករុណា​។ ព្រះ​ករុណា​ទ្រង់​ព្រះ​មេត្តា​ប្រោស​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា ​:​ សិល្ប៍​ជា​ដំបូង​របស់​កែវ​នេះ​កំពុង​ខ្លាំង​ពូ​កែ​ណាស់​ ​វា​តែង​តែ​មាន​ជ័យ​ជំនះ​ជា​មុន​ដូច្នេះ​ហើយ​។​ លុះ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​ទៅ​ឧក​ញ៉ា​ចក្រី​សំ​ឲ្យ​ធ្វើ​ជា ​មេទ័ព​ ស្ដាំ​ឲ្យ​ ឃុំ​ពល ៥០០០​នាក់​ឲ្យ​សម្ដេច​ព្រះ​ពញា​ទេព​ជា​មេ​ទ័ព​ឆ្វេង​ឃុំ​ពល ៥០០០ ​នាក់​។​ មេ​ទ័ព​ទាំង​ពីរ​ ថ្វាយ​បង្គំ​លា​ចេញ​មក​ចាត់​សេនា​ទាហាន​ជា​មេ​ទ័ព​មុខ​ក្រោយ​ ឆ្វេង​ ស្ដាំ​រួច​ស្រេច​ហើយ​ ក៏​លើក​ទៅ​ព័ទ្ធ​បន្ទាយ​ព្រះ​បាទ​ជាន់​ជុំ​ទៀត​។​

 ព្រះ​​បាទ​​ជាន់​ជុំ​ឃើញ​ហើយ​ក៏​ឡើង​លើ​បញ្ជា​ក្បាល​បន្ទា​យ សំដែង​សិល្ប៍​មន្ត​វិជ្ជា​ការ​កើត​ជា​ឃ្មុំ ឪម៉ាល់​ ដេញ​ទិច​កង​ទ័ព​ហ្លួង​ទាំង​ពីរ​កង​ដូច​មុន​ទៀត​។ កង​ទ័ព​ហ្លួង​ទ្រាំ​ពុំ​បាន​ក៏​ដោះ​ទ័ព​ថយ​ម​ក​វិញ​។ លុះ​មក​ដល់​វាល​ចុង​អង្ករ​មេ​ទ័ព​ហ្លួង​ ឲ្យ​បញ្ឈប់​ទ័ព​ ដើម្បី​ប្រមូល​កង​ទ័ព​ ហើយ​ឲ្យ​តាំង​បន្ទាយ​រាយ​ល្បាត​ តាម​ក្បួន​ពិជ័យ​សង្គ្រាម​ទើប​ធ្វើ​សំបុត្រ​មក​ថ្វាយ​ ព្រះ​បរម​បពិត្រ​តាម​ដំណើរ​ សូម​ឲ្យ​ព្រះ​អង្គ​ថែម​កង​ទ័ព​មក​ទៀត​។​ ក្នុង​គ្រា​នោះ ព្រះ​បរម​បពិត្រ​ប្រថាប់​ទ័ព​នៅ​ឃុំ​គូ​ ខេត្ត​ទ្រាំង​ ជូន​ពេល​ជា​មួយ​គ្នា​នោះ​មាន​ បុរស​ម្នាក់​ឈ្មោះ​សូរ​ បួស​នៅ​វត្ត​ភ្នំ​ជីសូរ​ ទើប​តែ​ចូល​ទៅ​ថ្វាយ​ខ្លួន​ថ្មី​ កាល​បើ​បាន​ដឹង​សេច​ក្ដី​ហើយ​ ក៏​ទូល​សូម​ធ្វើ​ការ​ថ្វាយ​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​ពិសោធ​ន៍​តំរិះ​ប្រាជ្ញា​ និង សិល្ប៍​វិជ្ជា​ ការ​សព្វ​សារ​ពើ​លុះ​ទ្រង់​ យល់​ថា​ល្មម​ធ្វើ​ការ​បាន​ហើយ​ ព្រះ​អង្គ​ ក៏​ឲ្យ​គ្រង​ងារ​ជា​ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ហើយ​​ទ្រង់​ចាត់​យោ​ធា​ទាហាន​ ៥០០​​ នាក់​ឲ្យ​ទៅ​។ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​សូរ​ ទទួល​យក​កង​ទ័ព​ទាំង​ ៥០០​នាក់​នោះ​ទៅ​ចូល​រួម​ជា​មួយ​កង​ទ័ព​ ឧក​ញ៉ា​ចក្រី​ សម្ដេច​ព្រះ​ពញា​។ នៅ​ទី​នោះ​ ឧកញ៉ា​វង្សា​អគ្គ​រាជ​ប្រឹក្សា​ព្រម​គ្នា​ឲ្យ​រើស​ស្រី​ផ្កា​មាស​ពីរ​នាក់​ ដែល​មាន​រូប​យ៉ាង​ល្អ​ៗ​ គឺ​ឈ្មោះ​នាង "ស" មួយ នាង "នួន" មួយ​​ ហើយ​ឲ្យ​រើស​បាន​ចៅ​កៅ នាង​ពេញ​មួយ​ ចៅ​ទិត​នាង​សៅ​មួយ​ ឲ្យ​ធ្វើ​ជា​ ឪពុក​ម្ដាយ​ នាង​ស និង នាង​នួន​នោះ​។​

លុះ​បាន​ហើយ​ "សូរ"​ ក៏​និយាយ​ នឹង ឪពុ​កម្ដាយ​ នាង​ស​ និង នាង​នួន​ ឲ្យ​គិត​ធ្វើ​ឧបាយ​កល​ដល់​ព្រះបាទ​ជាន់​ជុំ​នោះ​ច្រើន​ប្រការ​។ ថា​បើ​ធ្វើ​ឧបាយ​កល​បាន​ហើយ​គាត់​ នឹង ឲ្យ​រង្វាន់​ជា​មាស​ប្រាក់​ឲ្យ​ពេញ​ចិត្ត​។ លុះ​បាន​ទទួល​បណ្ដាំ​ជា​ស្រេច​ ឈ្មោះ​ទាំង ​៤​នាក់​ដែល​ធ្វើ​ជា​ឪពុក​ម្ដាយ​នាង​ស និង នាង​នួន​នោះ​ នាំ​នាង​ទាំង​ពីរ​នាក់​ព្រម​ទាំង​ផលា​នុផល​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​បាទ​ជាន់​ជុំ​។ ព្រះ​បាទ​ជាន់​ជុំ​ចេញ​ពី​ក្នុង​មក​នាង​ទាំង​ពីរ​ ក៏​ថ្វាយ​បង្គំ​ប្រើ​ចុង​ភ្នែក​ ឲ្យ​សម​រម្យ​ជា​ដង្វាយ​សំរាប់​ព្រះ​បាទ​ជាន់​ជុំ​។ ព្រះ​បាទ​ជាន់​ជុំ​ឃើញ​ក៏​ពេញ​ព្រះ​ទ័យ​ណាស់​ ទើប​ត្រាស់​សួរ​ចៅ​កៅ​ នាង​ពេញ​ ចៅ​ទិត្យ នាង​សៅ ​តាម​ដែល​ខ្លួន​ចង់​ដឹង​។ អ្នក​ទាំង ​៤​នាក់​ឆ្លើយ​ថា នាង​ទាំង​ពីរ​ នាក់​នេះ​ជា​កូន​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ខ្ញុំ​ម្ចាស់​សូម​ចូល​មក​ជ្រក​កោន​សុំ​ពឹង​បុណ្យ​ព្រះ​បារមី​ នៃ​ព្រះ​អង្គ​ជា​ម្ចាស់​ ត្បិត​កង​ទ័ព​ហ្លួង​ខាង​ជើង​នេះ​ កំហែង​រឹប​ជាប់​ពន់​ប្រមាណ​ណាស់​។​

ព្រះ​បាទ​ជាន់​ជុំ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ដោយ​សេច​ក្ដី​ស្នេហា​ចំពោះ​នាង​ទាំង​ពីរ​នាក់​នោះ​ ក៏​ទទួល​យក​ទាំង​ប្រញាប់​ព្រម​ទាំង​ទទួល​នាំ​នាង​ទាំង​ពីរ​នាក់​ចូល​ទៅ​ក្នុង​ផង​។ លុះ​វេលា​យប់​ ព្រះ​បាទ​ជាន់​ជុំ​ ក៏​ចូល​ទៅ​សេព​សម្ផស្ស​ នឹង នាង​ទាំង​ពីរ​នាក់​នោះ​តាម​សេច​ក្ដី​ស្នេហា​។ នាង​ទាំង​ពីរ​នាក់​ក៏​តាំង​ ធ្វើ​កិរិយា​សំរើប​រាជ​ហ​ឫទ័យ​។​ នៅ​ពេល​ដែល​ព្រះ​រាជា​ ស្រង់​​ទឹក​ក្ដី​សោយ​ក្ដី​នាង​ទាំង​ពីរ​នាក់​ក៏​យក​ទឹក​ស្មោគ​គ្រោក​មក​លាង​ថ្វាយ​ស្រង់​សោយ​ជា​អចិ​ន្ត្រៃយ៍​។​ លុះ​គ្រប់​ ៧​ថ្ងៃ​ហើយ​នាង​ទាំង​ពីរ​ឲ្យ​ចៅ​កៅ​ នាង​ពេញ​ ចៅ​ទិត​ នាង​សៅ​ ដែល​ក្លែង​ធ្វើ​ជា​មាតា​បិតា​ខ្លួន​នោះ​ទៅ​ជំរាប​មេ​ទ័ព​ហ្លួង​ទាំង​ ៣​កង​។ មេ​ទ័ព​ហ្លួង​ទាំង​ ៣​កង​កាល​បាន​ដឹង​ហើយ​ ក៏​ចាត់​កង​ទ័ព​ឲ្យ​ស្ទាក់​ផ្លូវ​ទាំង ​​៤​ទិស​ហើយ​ឲ្យ​លើក​ ទ័ព​ទៅ​ឡោម​បន្ទាយ​ព្រះ​បាទ​ជាន់​ជុំ​នោះ​ជា ៣​ផ្លូវ​។ ព្រះ​បាទ​ជាន់​ជុំ​នឹក​ស្មាន​ថា​ ខ្លួន​មាន​មហិទ្ធិ​ឫទ្ធិ​ខ្លាំង​ពូ​កែ​ប្រ​សិទ្ធី​បាន​ដូច​ដើម​នៅ​ឡើយ​ ក៏​ឡើង​លើ​បញ្ជា​ហើយ​រាយ​មន្ត​វិជ្ជា​ការ​ដូច​មុន​ទៀត​។

ប៉ុន្តែ​សិល្ប៍​នោះ​ រាយ​ទៅ​មិន​កើត​ដូច​ដើម​សោះ​ទើប​ ព្រះ​បាទ​ជាន់​ជុំ​ ក៏​រត់​ចេញ​ពី​បន្ទាយ​ទៅ​ទិស​ខាង​ត្បូង​ប្រាថ្នា​ឲ្យ​រួច​ខ្លួន​។​ តែ​ពេល​នោះ​គាត់​រត់​ទៅ​ជួប​ នឹង ទ័ព​វង្សា​អគ្គ​រាជ​សូរ​ វង្សា​អគ្គ​រាជ​ ក៏​ឲ្យ​ទាហាន​ដេញ​ចាប់​បាន​ខ្លួន​ ព្រះ​បាទ​ជាន់​ជុំ យក​ដាក់​ទ្រុង​ហើយ​នាំ​មក​ជួប​ជុំ​ទ័ព​។ វង្សា​អគ្គ​រាជ​សូរ​ ក៏​នាំ​ទ្រង់​នោះ​មក​ក្រាប​ថ្វាយ​ព្រះ​បរម​បពិត្រ​ ឲ្យ​​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​បាន​ឲ្យ​ប្រហារ​ជីវិត​ ព្រះ​បាទ​ជាន់​ជុំ​នោះ​​ចោល​ទៅ ​ហើយ​ទ្រង់​បង្វែ​ប្រាសាទ​វាំង​នៅ​ភ្នំ​បាយ៉ង់​កោ​ ភ្នំ​ជីសូរ​ និង​ ទៅ​ទន្លេ​បាទី​នោះ​ឲ្យ​ទៅ​ជា​វត្ត​។​ ទ្រង់​ឲ្យ​និមន្ត​ ព្រះ​សង្ឃ​ទៅ​គង់​ចាំ​ព្រះ​វស្សា​។​ ឯ​នាង​ស នាង​នួន​ ចៅ​កៅ ​នាង​ពេញ​ ចៅ​ទិត​ នាង​សៅ ​ដែល​ទទួល​ធ្វើ​កល​បន្សាប​ ព្រះ​បាទ​ជាន់​ជុំ​នោះ​ ព្រះ​​បរម​បពិត្រ​ ទ្រង់​ព្រះ​ប្រ​ទាន​មាស​ប្រាក់​ស្រែ​ចំការ​ ជា​រង្វាន់​ហើយ​ស្ដេច​ឲ្យ​រួច​ពន្ធ​ ព្រះ​រាជ​​ធានី​ផង​។​ លុះ​ចាត់​ចែង​សំរេច​ដូច​ព្រះ​រាជ​ហឫ​ទ័យ​​ហើយ ព្រះ​អង្គ​លើក​ព្យូហ​បាត​ យាត្រា​​វិល​មក​ព្រះ​រាជ​វាំង​លង្វែក​ ដែល​ជា​ព្រះ​រាជ​ធានី​វិញ​។​

គ្រា​នេះ​ នឹង ស្រដី​ពី​ក្រុង​អយុធ្យា​ នគរ​សៀម​ដូច​ត​ទៅ​ :
ស្ដេច​ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ជា​ស្ដេច​ស្រុក​សៀម​ ស្ដេច​មាន​ដំរី​ស​ឈ្មោល​ ៥ ​ញី ២ ទាំង​អស់​ត្រូវ​ជា​ ៧​។ អស់​សមណៈ​ព្រាហ្មណ៍​ នា​ម៉ឺន​មុខ​មន្ត្រី​ស្យាម​ប្រទេស​ ឃើញ​ព្រះ​រាជា​ខ្លួន​មាន​ បុណ្យ​ដូច្នេះ​ ក៏​ថ្វាយ​ព្រះ​នាម​ទៀត​ថា​ : សម្ដេច​ព្រះ​មហា​ចក្រ​ពត្តិ​រាជា​ធិរាជ​ ព្រះ​ចៅ​ឆាង​ភឿក​ ប្រែ​ជា​ខ្មែរ​ថា​ ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ ស្ដេច​​ដំរី​ស​ ព្រោះ​ព្រះ​អង្គ​មាន​ដំរី​ ៧​។ ស្ដេច​នេះ​មាន​ព្រះ​រាជ​បុត្រា​ ពីរ​ព្រះ​អង្គ​គឺ ព្រះ​រាជ​បុត្រា​ច្បង​ទ្រង់​ព្រះ​នាម​ ព្រះ​នរេន្ទ្រ​សូរ​ ព្រះ​រាជ​បុត្រា​ប្អូន​ព្រះ​នាម​ ឯកា​ទស​រ័ត្ន​។ កាល​នោះ​ដំណឹង​ថា​ ស្ដេច​សៀម​មាន​ដំរីស​នោះ​ បាន​ឮ​ទៅ​ដល់​ស្ដេច​ប្រទេស​ភូមា​ ទ្រង់​ព្រះ​នាម​ព្រះ​ចៅ​ហ្វា​រាំង​ម៉ុង​សូយ​ ដែល​លើក​ទ័ព​មក​វាយ​នគ​រ​មន​ ហើយ​បាន​សោយ​រាជ្យ​ក្នុង​ក្រុង​ហង្សា​វត្តី​។​

 លុះ​ស្ដេច​ជ្រាប​ថា​ នគរ​សៀម​មាន​ដំរីស​ ៧ ដូច្នេះ​ហើយ​ទ្រង់​ក៏​ឲ្យ​ធ្វើ​ព្រះ​រាជ​សារ​មក​ក្រាប​ទូល​សុំ​ដំរី​ឈ្មោល​ពីរ​ ពី​ស្ដេច​សៀម​។​ ស្ដេច​សៀម​ក៏​ទ្រង់​ជំនុំ​ នឹង ព្រះ​រាមេ​សូរ​មួយ​ ពញា​ចក្រី​មួយ​ ព្រះ​សុន្ធោរ​សង្គ្រាម​មួយ​ អំពី​ពាក្យ​សុំ​របស់​ស្ដេច​ភូមា​នេះ​។​ អង្គ​ប្រជុំ​សំរេច​ថា ពុំ​ព្រម​ថ្វាយ​ដំរី​ស​នោះ​ទៅ​ស្ដេច​មន​ទេ​។​

 សម្ដេច​ក្រុង​ហង្សា​វតី​កាល​ទ្រង់​ព្រះ​សណ្ដាប់​ព្រះ​រាជ​សារ​ឆ្លើយ​តប​ដូច្នេះ​ហើយ​ទ្រង់​ពិរោធ​ណាស់​ ទ្រង់​ត្រាស់​ថា​ ឲ្យ​លើក​ពល ៩០០ ០០០​នាក់ មក​ចោម​រោម​ក្រុង​ស្រី​អយុធ្យា​។ ស្ដេច​សៀម​ឃើញ​ពល​ មន​​ច្រើន​មិន​ហ៊ាន​ទទួល​ច្បាំង​ ក៏​សុំ​ទទួល​ជា​ព្រះ​រាជ​រោម​មេត្រី​ នឹង ស្ដេច​មន​នោះ​ទៅ​។ ក្នុង​ការ​ទទួល​ព្រះ​រាជ​មេត្រី​នេះ​ស្ដេច​មន​ ព្រម ​យក​ ដំរី​ស ៤​ និង ព្រះ​រាមេ​សូរ​ ជា​ព្រះ​រាជ​បុត្រ​ច្បង​មួយ​ ចៅ​ពញា​ចក្រី​មួយ​ ព្រះ​សុន្ធោ​រ​សង្គ្រាម​មួយ​ សេះ​ដ៏​ល្អៗ​ដំរី​ដ៏​ល្អ​ៗ និង ទ្រព្យ​មាន​តំលៃ​ជា​ច្រើន​ ហើយ​លើក​ទ័ព​ត្រឡប់​ទៅ​ហង្សា​វតី​វិញ​។ ក្រោយ​ពី​នោះ​យូរ​មក​ សម្ដេច​ចៅ​ហ្វា​រាំង​ម៉ុង​សូយ​សុគត​ទៅ​ អស់​ពួក​មន​ក៏​ក្បត់​ដេញ​កាប់​នា​ម៉ឺន​ភូមា​ នាម៉ឺន​ភូមា​ទប់​មិន​ឈ្នះ​ក៏​រត់​ខ្ចាត់​ខ្ចាយ​អស់​ទើប​ពួក​មន​លើក​ព្រះ​រាជ​វង្ស​ស្ដេច​ខ្លួន​ឲ្យ​ឡើង​សោយ​រាជ្យ​ក្នុង​នគរ​ហង្សា​វតី​វិញ​។​

 ស្ដេច​មន​ថ្មី​នេះ​ព្រះ​នាម​ព្រះ​ចៅ​ចដុកត​។ ដំណឹង​ថា​ មន​បះ​ដេញ​ភូមា​ ហើយ​ផ្លាស់​រាជ្យ​ស្ដេច​ថ្មី​នេះ​ ដឹង​ដល់​សម្ដេច​ចៅ​ហ្វា​ រាំង​ម៉ុង​ត្រី​ ដែល​មាន​នាទី​ជា​ចៅ​ពញា​មហា​ឧបរាជ​ សោយ​រាជ្យ​នៅ​មហា​នគរ​តន​អាង​វ៉ារ​ ស្រុក​ភូមា​ ពញា​មហា​ឧប​រាជ​​នេះ ក៏​លើក​ទ័ព​មក​ច្បាំង​ នឹង​ ស្ដេច​នគរ​ហង្សា​វតី​ ហើយ​បាន​ជ័យ​ជំនះ​លើ​ទ័ព​មន​។​ ស្ដេច​មន​ថ្មី​នេះ​ ក៏​រត់​ទៅ​ក​ជា​ទ័ព​​ក្នុង​​ព្រៃ​ ដើម្បី​ នឹង លើក​មក​ច្បាំង​ទៀត​ តែ​មិន​សំរេច​​ដូច្នេះ​ ព្រះ​អង្គ​ក៏​ទ្រង់​សុវណ្ណ​គត​ ក្នុង​ពេល​នោះ​ទៅ​។ ព្រះ​ចៅ​ហ្វា​រាំង​ម៉ុង​ត្រី​ ក៏​នៅ​សោយ​រាជ្យ​ក្នុង​ ក្រុង​ហង្សា​វតី​នោះ​ ជា​តំណ​ប្រយូរ​វង្ស​ភូមា​ត​រៀង​មក​ទៀត​។ ព្រះ​ចៅហ្វា​រាំង​ម៉ុង​ត្រី​អង្គ​នេះ​ ព្រះ​អង្គ​មាន​បុញ្ញា​ធិការ​ណាស់​ក្នុង​រាជ្យ​ព្រះ​អង្គ​នេះ​មាន​អណ្ដូង​កែវ​ អណ្ដូង​មាស​ អណ្ដូង​ប្រាក់​ អណ្ដូង​ប្រេង​ជា​សំរាប់​ព្រះ​អង្គ​។ ព្រះ​អង្គ​បាន​វាយ​នគរ​ទៀត​ជា​ចំណុះ​ច្រើន​ តែ​ដល់​មក​ពេល​ក្រោយ​ ព្រះ​អង្គ​កើត​វិវាទ​ នឹង ស្ដេច​សៀម​ ទ្រង់​ឲ្យ​លើក​ពល ១០០០០០០​​នាក់ មក​ចោម​រោម​ ក្រុង​ស្រី​អយុធ្យា​។​ សម្ដេច​ចក្រ​ពត្រា​ធិរាជ​ ដែល​មាន​ដំរី​ស​ច្រើន​នោះ​ ទ្រង់​បរាជ័យ​ ហើយ​សុគត​ក្នុង​ចំណោម​នគរ​សៀម​ ក៏​បែក​ក្នុង​ពេល​នោះ​ទៅ​។ ស្ដេច​ភូមា​បាន​ឲ្យ​ផាត់​កៀរ​គ្រួសារ​សៀម​ ហើយ​រឹប​យក​ទ្រព្យ​ព្រម​ទាំង​ចាប់​សម្ដេច​ព្រះ​ មហិន្ទ្រា​ធិរាជ​ ដែល​ជា​ព្រះ​រាជ​បុត្រ​ទី​២​ នៃ​ស្ដេច​សៀម​យក​ទៅ​ ហើយ​ទ្រង់​អភិ​សេក​ ព្រះ​មហា​ធម្ម​រាជា​ធិ​រាជ​ ចៅ​ហ្វាយ​ស្រុក​ពិស្ណុ​លោក​ ដែល​ជា​ព្រះ​សុណិសា​ (កូន​ប្រសា)​ ចៅ​ចក្រ​ពត្រា​ធិរាជ​ស្ដេច​ដំរី​ស​ជា​ស្ដេច​នគរ​សៀម​នេះ​។​

 ស្ដេច​ភូមា​អង្គ​នេះ​បាន​ទុក​គ្រួ ​ជាង​មួយ​ម៉ឺន​នាក់​សំរាប់​ស្រុក​សៀម​ឲ្យ​សៀម​ទទួល​ជា​ចំណុះ​ក្រុង​ហង្សា​វតី​ ហើយ​ទុក​ពល​ មួយ​ម៉ឺន​ឲ្យ​នៅ​រក្សា​ស្រុក​ រួច​ស្ដេច​ភូមា​ផាត់​កៀរ​គ្រួ​ យក​រូប​ព្រះ​គោ និង ​សត្វ​ចតុប្បាទ​ ទ្វេ​បាទ​ ដែល​សៀម​បាន​យក​ពី​កម្ពុជា​ទៅ​ជាន់​មុន​នោះ​ ព្រម​ទាំង​កាំ​ភ្លើង​ គ្រឿង​​អាវុធ​ត្រឡប់​ទៅ​ក្រុង​ហង្សាវ​តី​វិញ​។​ សម្ដេច​ចៅ​ហង្សា​វតី​អង្គ​នេះ ​មាន​​បុណ្យ​ណាស់​ជា​ធំ​លើ​ នគរ​មន​មួយ​ (ហង្សា​វតី)​ នគរ​ភូមា​មួយ​ (តន​អាង​វ៉ារ​)​ នគរ​សៀម​មួយ​ (អយុធ្យា) លាវ​ឆៀង​ម៉ៃ​មួយ (លាននា) នគរ​ជៃ​យ៉ៃ​មួយ​ នគរ​ទៀវ​មួយ​ នគរ​ឭ​មួយ​ នគរ​អញ្ញា​វតី​មួយ​ នគរ​ព្រែ​ក​មួយ​ (ប្រំម៍)​ នគរ​វេសាលី​មួយ​ ស្រុក​ល្វោ​មួយ​ (លព​បុរី​)​ ស្រុក​ខា​បវាយ​មួយ​។ មិន​តែ​ប៉ុណ្ណោះ​សោត​ ស្ដេច​លង្កា​ទ្វីប​បាន​សុំ​ចង​ស្ពាន​មេ​ត្រី នឹង ព្រះ​អង្គ​ ហើយ​ថ្វាយ​បុត្រី​មក​ព្រះ​អង្គ​ជា​ព្រះ​រាជ​ទេពី​ទៀត​ផង​។ ស្ដេច​ភូមា​អង្គ​នេះ​មាន​បុណ្យ​ណាស់​ អាណា​ប្រជា​នុ​រាស្ត្រ​ថ្វាយ​ព្រះ​នាម​ថា​ : សម្ដេច​ព្រះ​រាជ​ហង្សា​វតី​ ល្បី ​​១០ ​ទិស​ (ព្រះ​រៀម​អង្គ​យោ​ធិន​នព្វ​រត្ន​)​។

ព្រះបរមិន្ទរាជា លេខ៣