ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី6.ឧសភា 2017.ម៉ោង 8:12
វិភាគទានប្រវត្តិវិទ្យាសន្ធិសញ្ញាបារាំង-ខ្មែរឆ្នាំ១៩៤៩
Le Traité Franco-Khmer de 1949
ដោយ សុទ្ធ-ប៉ូលិន
សន្ធិសញ្ញាបារាំង-ខ្មែរឆ្នាំ១៩៤៩ ដែលបណ្ដាលអោយខ្មែរយើងបាត់បង់ទឹកដីកម្ពុជាក្រោមទៅស្តេចបាវដាយ បានត្រូវរៀបចំឡើងដោយគូភាគីបារាំង-ខ្មែរ តាំងតែពីឆ្នាំ ១៩៤៥ មកម៉្លេះ។ នៅក្នុងអែកសារនេះ ក្រុមភាគីខាងខ្មែរបាននិពន្ធដោយខ្លួនអែង អំពីលក្ខន្តិកៈរដ្ឋបាលនិងភូមិសាស្ត្រនៃកម្ពុជាថ្មី សំរាប់ការបោះឆ្នោតនិងការគ្រប់គ្រងផ្ទៃក្នុង និងដើម្បីទទួលអែករាជ្យមុនពេលដែលបារាំងចាកចេញទៅ នៅក្នុងក្របខណ្ឌនៃកម្ពុជាកណ្ដាលតែប៉ុណ្ណោះ ដោយពុំមានរំលឹកសូម្បីតែមួយម៉ាត់ អំពីវត្តមាននៃកម្ពុជាក្រោម។ គឺមកពីមូលហេតុដូច្នេះហើយ បានជាគេអាចចោទប្រកាន់ដោយសុភនិច្ឆ័យថា សន្ធិសញ្ញាបារាំង-ខ្មែរឆ្នាំ ១៩៤៩ ជាអែកសារកាត់ទឹកដីកម្ពុជាក្រោមទាំងមូលទៅអោយយួន ដោយនៅក្នុងក្របខណ្ឌនៃកម្ពុជាក្រោម មានទឹកដីកោះត្រល់នៅក្នុងនោះដែរ, ដូច្នេះកោះត្រល់បានត្រូវកាត់ដោយភាគីខ្មែរខ្លួនអែង ទៅអោយយួននៅក្នុងឆ្នាំ១៩៤៩ នៅក្នុងរាជ្យព្រះបាទនរោត្តម-សីហនុ នៅក្នុងសម័យមួយដែលហ៊ុន-សែនមិនទាន់បានមកចាប់កំណើតផង។
នៅដើមខែតុលា១៩៤៥, បារាំងបានមកចាប់លោករដ្ឋមន្ត្រីទី១ សឺង-ង៉ុកថាន់យកទៅដាក់មន្ទីរឃុំឃាំងនៅព្រៃនគរ។ នៅពេលជាមួយគ្នានោះ បារាំងក៏បានតែងតាំងរដ្ឋាភិបាលមុនីរេត។ គឺនៅពេលនោះហើយ ដែលមានបង្កើតគណៈកម្មាធិការបារាំង-ខ្មែរ ដើម្បីសរសេរពីលក្ខន្តិកនៃប្រទេសកម្ពុជា ក្នុងពេលដែលបារាំងចាកចញ។
ដើម្បីស្វែងរកមូលដ្ឋាននៃកិច្ចព្រមព្រៀងមួយ គណៈកម្មាធិការសិក្សាចំរុះបារាំង-ខ្មែរមួយក៏ត្រូវបានបង្កើតឡើង។ សមាសភាពមានដូចតទៅនេះ ភាគីខាងខ្មែរមាន ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-មុនីពង្ស, ចាន់-ណាត, ឃឹម-ទិត, ញឹក-ជូឡុង, សុន-វ៉ឺនសៃ។ ភាគីបារាំងមាន Saint-Mleux, Ponge, Roux, Boiffier, Mary។ គណៈកម្មាធិការចំរុះនេះ បានចាប់ផ្តើមកិច្ចការរបស់ខ្លួន នៅថ្ងៃទី២៣ កញ្ញា ១៩៤៥ហើយបានរៀបចំលក្ខន្តិកសំរុះសំរួលមួយ (Modus vivendi) ដែលត្រូវចុះហត្ថលេខានៅថ្ងៃទី ៨មករា ១៩៤៦ (ក្នុងប្រការជួយស្ទួយកម្ពុជាថ្មីអោយមានសន្ទុះ “អ្នកជាតិនិយម” ថ្កុំថ្កើង។ (ដកស្រង់ចេញពីសៀវភៅ Essai sur la Démocratie au Cambodge, par Philippe Preschez- Fondation Nationale des Sciences Politiques-Paris 7ème- Page 149)។
យោងតាមអត្ថបទរបស់លោក Philippe Preschez ខាងលើនេះ យើងឃើញថា ក្រុមអ្នកនិពន្ធលក្ខន្តិកនៃសន្ធិសញ្ញាបារាំង-ខ្មែរ មានឧត្តមគតិ «អ្នកជាតិនិយម» ដ៏ខ្លាំងក្លា។ ម៉្យាងវិញទៀត ក្រុមនេះក៏ជាក្រុមនិពន្ធនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ផងដែរ។
ជំពូកទី៣ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ៖ កិច្ចការសំនេរខាងផ្នែករដ្ឋធម្មនុញ្ញរបស់គណៈកម្មាធិការសិក្សាបារាំង-ខ្មែរមានគំរោងពីរយ៉ាង។ គំរោងទី១ បានធ្វើចប់នៅក្នុងខែកុម្ភៈ១៩៤៦ គឺគ្រាន់តែជាការបកស្រាយរៀបរៀងអោយទៅជាអត្ថបទច្បាប់ក្រមនូវអ្វីៗ ដែលធ្លាប់មានជាប់លាប់ ជាយូរណាស់មកហើយនៅប្រទេសកម្ពុជា ដោយស្វែងរករូបមន្តដ៏ទូលំទូលាយនៅក្នុងសំនេររដ្ឋធម្មនុញ្ញផ្សេងៗ នៃប្រទេសជាច្រើន មានតាំងពីប្រទេសចិន ប្រទេសលីបង់ ប្រទេសអាហ្វក្ហានិស្ថាន។ នៅក្នុងពេលជាមួយគ្នានោះ ព្រះរាជាក៏បានធ្វើដំណើរទៅតាមទិសព្រួញនៃសេរីនិយមផងដែរ នៅក្រោមអិទ្ធិពលនៃក្រុមបញ្ញវ័ន្តខ្មែរដ៏ក្មេងៗ ដោយទ្រង់ប្រកាសថា ទ្រង់មាន ចំណង់ធ្វើប្រជាមតិមួយ អំពីអនាគតរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា សេចក្តីប្រកាសនៅថ្ងៃ ១៣ មេសា ១៩៤៦។ គណៈប្រតិភូ ខាងខ្មែរនៃគណកម្មាធិការនិពន្ធខ្មែរ-បារាំង (ទ្រង់មុនីរេត, ជូឡុង,ឃឹមទិត, វ៉ារកាមែល មិនសូវមាននយោបាយជឿនលឿនប៉ុន្មានទេ ទាក់ទងនឹងលក្ខន្តិកផ្ទៃក្នុងនៃប្រទេសកម្ពុជា, ពួកគេសំដៅតំរង់តែទៅលើ លក្ខន្តិកៈអន្តរជាតិនៃប្រទេសពួកគេតែប៉ុណ្ណោះ (កកន លក្ខន្តិកៈអន្តរជាតិ គឺជាលក្ខន្តិកៈភូមិសាស្ត្រជាមួយនឹងប្រទេសជិតខាង។ (ដកស្រង់ពី Essai sur la Démocratie au Cambodge, Ibidem page 22)។
- យើងមានការសង្កេតពីរយ៉ាងទៅលើអត្ថបទខាងលើនេះ ៖
- ទី១- គេមិនអាចទំលាក់ទោសកំហុសនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅលើបារាំងទេ តែគេត្រូវទំលាក់ទោសទៅលើភាគីខ្មែរនៃគណៈកម្មាធិការបារាំង-ខ្មែរនោះវិញ។ គឺដោយហេតុថា បារាំងជាជនបរទេស ពួកគេមិនអាចស្រលាញ់ទឹកដីខ្មែរជាងជនជាតិខ្មែរនោះទេ។ បើភាគីខាងខ្មែរជាអ្នកសំរេចកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួនទៅហើយ បារាំងក៏មិនអាចធ្វើអ្វីបានដែរ។
- ទី២- មើលពីខាងក្រៅទៅ គណៈកម្មាធិការនិពន្ធបារាំង-ខ្មែរ មានលក្ខណៈស្អាតស្អំណាស់។ ពួកគេបានរៀបចំគំរោងរដ្ឋធម្មនុញ្ញ ពួកគេបានរៀបចំលក្ខន្តិកៈរដ្ឋបាល (Statut administratif) និងលក្ខន្តិកៈភូមិសាស្ត្រពេលដែលបារាំងចាកចេញទៅ។
ដូច្នេះបើគេចង់ស្វែងរកទោសកំហុសរបស់គណៈកម្មាធិការនេះ គេមិនអាចរកឃើញនៅក្នុងកិច្ចការ ដែលគេបានធ្វើយ៉ាងល្អប្រពៃនោះទេ។ ក៏ប៉ុន្តែឧក្រឹដ្ឋកម្មរបស់គេ ចំពោះប្រជាជាតិខ្មែរ គឺមិនស្ថិតនៅក្នុងកិច្ចការដែលពួកគេបានធ្វើ គឺស្ថិតនៅលើកង្វះដ៏ជាក់ស្តែងមួយ គឺមិនបានបញ្ចូលលក្ខន្តិកៈនៃទឹកដីកម្ពុជាក្រោមទៅក្នុងរដ្ឋធម្មនុញ្ញនៃឆ្នាំ១៩៤៧។ ពេលដែលបារាំងចាកចេញទៅ គឺជាពេលដែលបារាំងត្រូវបែងចែកទឹកដីរវាងខ្មែរនិងយួនជាផ្លូវការ។ បើនៅពេលចាប់ផ្តើមដំបូងឡើងនៃសន្ធិសញ្ញាបារាំង-ខ្មែរ ភាគីខាងខ្មែរមិនព្រមបញ្ចូលលក្ខន្តិកៈនៃទឹកដីកម្ពុជាក្រោមទៅក្នុងគំរោងរដ្ឋធម្មនុញ្ញរបស់ខ្មែរទេ គឺវាមានតែភាគីខាងខ្មែរបានសំរេចកាត់ទឹកដីកម្ពុជាក្រោមទៅអោយយួនដោយខ្លួនអែង។
១៩៤៩ ជាឆ្នាំនៃរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ៖ ដើម្បីបិទបាំងឧក្រឹដ្ឋកម្មប៉ុនភ្នំនោះ នៅពីក្រោយសំណុំអែកសារនៃសន្ធិសញ្ញាបារាំង-ខ្មែរ ពួកក្រុមមន្ត្រីវាំង (ក្បត់ជាតិ) បានខំប្រឹង «កកូរទឹកអោយល្អក់» ពោលគឺបានបង្កើតកល្លិយុគនយោបាយនៅក្នុងឆ្នាំ១៩៤៩ ក្នុងប្រការកុំអោយនរណាម្នាក់មើលឃើញការពិត។ សូមអានអត្ថបទមួយទៀតរបស់លោក Philippe Preschez។
ទំនាស់វិវាទរវាងរដ្ឋសភាហើយនិងលោកនាយករដ្ឋមន្ត្រី យ៉ែម-សំបូរ បានក្លាយទៅជារឿងអាឃាតព្យាបាទគ្នាទៅវិញ ទៅមកយ៉ាងខ្លាំងក្លា។ នៅក្នុងសេចក្តីប្រកាសមួយផ្សាយតាមវិទ្យុ លោកនាយករដ្ឋមន្ត្រីទី១ បានចោទប្រកាន់ក្រុមអ្នកតំណាងរាស្ត្រខ្លះ ថាកំពុងតែរៀបចំលក់ស្រុកទេស បន្ទាប់ពីបានលក់គំនរភ្នំអំបិល, ស្រូវអង្ករ និងត្រីសាច់។ ហើយដោយមិនព្រម អនុលោមទៅតាមការគំរាមរបស់រដ្ឋសភា, លោកបានប្រកាសថា “យើងចង់ដឹងណាស់ថា តើប្រទេសកម្ពុជានឹងត្រូវដឹកនាំដោយសមាជិកមួយក្រុមនៃគណបក្សមួយ (គណបក្សប្រជាធិបតេយ្យ) ដែលសូម្បីតែរដ្ឋធម្មនុញ្ញក៏លែងគោរពផងដែរនោះទេ? ( កកន គឺលោកយ៉ែម-សំបូរ ខ្លួនអែងទៅវិញទេ ដែលមិនបានគោរពរដ្ឋធម្មនុញ្ញ)។ សមាជិកម្នាក់នៃគណបក្សភាគច្រើន ក៏បានដាក់ញតិនៃការដកសេចក្តីទុកចិត្ត (Motion de censure) ក្នុងប្រការនៃការបកស្រាយផ្ទុយគ្នាបែបខាងលើនេះនៃរដ្ឋធម្មនុញ្ញ។ លោកយ៉ែម-សំបូរក៏បានថ្លែងថា នឹងស្នើដល់ព្រះមហាក្សត្រ សូមទ្រង់រំលាយរដ្ឋសភា។ រដ្ឋសភាមិនព្រមអនុលោម ចំណែកលោកយ៉ែម-សំបូរក៏បានទទួលពីព្រះមហាក្សត្រ នូវព្រះហត្ថលេខាលើក្រឹត្យរំលាយរដ្ឋសភា។ រដ្ឋសភាខំប្រឹងដកញតិនៃការសួរចំលើយមកវិញដែរ ដោយវិធីបោះឆ្នោតនៅថ្ងៃទី១៧ កញ្ញា ១៩៤៩ ដោយមាន ៥៤សំលេងទល់ នឹង ៧។ ក៏ប៉ុន្តែវាយឺតពេលទៅហើយ។ សញ្ញានៃការស្តាយគ្រោយនេះ ពុំបានជួយរដ្ឋសភាអោយគង់វង់ជីវិតនោះទេ។ ព្រះមហាក្សត្រដែលមានទំនាស់ហរិទ័យជាមួយ នឹង ក្រុមតំណាងរាស្ត្រប្រជាធិបតេយ្យនិយមជ្រុលមួយក្រុម ដែលបានប្រឆាំងនឹងឆន្ទ ព្រះអង្គក្នុងប្រការចុះហត្ថលេខាជាមួយប្រទេសបារាំង លើសេចក្តីព្រមព្រៀងអំពីលក្ខន្តិកៈនៃកម្ពុជាថ្មី (កកន លក្ខន្តិកនៃកម្ពុជាថ្មីនេះ គឺសន្ធិសញ្ញាបារាំង-ខ្មែរដែលលើកថ្វាយទឹកដីកម្ពុជាក្រោមទាំងមូលទៅស្តេចយួនបាវដាយ)ព្រះមហាក្សត្រ ក៏ទ្រង់ព្រះតំរិះថា រដ្ឋសភាពុំមានការទទួលខុសត្រូវ ហើយនៅថ្ងៃទី១៨ កញ្ញាទ្រង់បានប្រកាសថា ក្រឹត្យនៃការរំលាយរដ្ឋសភា មិនអាចដកជំហានថយក្រោយវិញបានទេ។
ការរំលាយរដ្ឋសភានេះ សមស្របនឹងរដ្ឋធម្មនុញ្ញពិតមែន។ ប៉ុន្តែចំណាត់វិធានការជាបន្ទាប់មកទៀត មិនសមស្របទាល់តែសោះ។ ព្រះមហាក្សត្រក៏បានស្នើយ៉ាងភ្លាមប្រញាប់ ទៅដល់ប្រមុខខេត្តទាំងឡាយ អំពីលទ្ធភាពនៃការបោះឆ្នោតសាជាថ្មី ដោយសេរីនិងដោយយុត្តិធម៌ ពួកគេបានឆ្លើយតបមកវិញថា មិនអាចធ្វើបានទេ ដោយមានសកម្មភាពនៃពួកអិស្សរៈ និងក្រុមបក្សសម្ព័ន្ធរបស់គេ គឺពួកយៀកមិញ។ ព្រះមហាក្សត្រនរោត្តម-សីហនុក៏បានសំរេចថា រដ្ឋាភិបាល នឹង ត្រូវធ្វើការគ្រប់គ្រង ជាបណ្ដោះអាសន្នសិន ដោយមានជំនួយពីក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក។ គណបក្សប្រជាធិបតេយ្យក៏បានឆ្លៀតអោកាសនោះ ចោទព្រះកូណាថា បានរំលោភលើរដ្ឋធម្មនុញ្ញ ពីព្រោះក្នុងរដ្ឋធម្មនុញ្ញចែងថា កាលណាមានការរំលាយរដ្ឋសភា ហើយគេត្រូវ អនុវត្តការបោះឆ្នោតសាជាថ្មី នៅក្នុងរយៈពេលពីរខែជាបន្ទាប់ (មាត្រាទី៣៨)។ ព្រះមហាក្សត្រក៏បានឆ្លើយតបវិញថា នៅក្នុងកាលៈទេសៈពិសេស ដែលមិនអនុញ្ញាតអោយមានចំណាត់ការសមស្របនឹងរដ្ឋធម្មនុញ្ញ ហើយម៉្យាងវិញទៀត គឺទ្រង់អង្គអែង ដែលបានផ្តល់អំណោយរដ្ឋធម្មនុញ្ញដល់ប្រទេសជាតិ ម៉្លោះហើយទ្រង់មានសិទ្ធិ និង ព្យួរច្បាប់រដ្ឋធម្មនុញ្ញមួយរយៈពេលសិន ដោយគិតទៅដល់ផលប្រយោជន៍ខ្ពង់ខ្ពស់នៃប្រទេសជាតិ។
ក៏ប៉ុន្តែវិធានការខ្លះទៀតដែលមិនសមស្របនឹងសុភនិច្ឆ័យសោះ (mesures moins justifiées) ក៏បានបង្កើតអោយ មានបរិយាកាសនៃការច្របូកច្របល់។ ដោយមានអសន្តិសុខ ដែលមិនអនុញ្ញាតអោយមានការបោះឆ្នោតសាជាថ្មី លោកយ៉ែម-សំបូរក៏នៅមានឋានៈជាប្រមុខរដ្ឋាភិបាលដដែល។ គឺជាលក្ខណៈផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា បន្ទាប់ពីមានការរំលាយរដ្ឋសភារួចហើយ ព្រះមហាក្សត្រត្រូវតែងតាំងប្រធានរដ្ឋសភា នៅពេលនោះ គឺលោកអៀវ-កើស ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ អោយធ្វើជានាយករដ្ឋមន្ត្រី។ ហើយលោកនាយករដ្ឋមន្ត្រីក្រោយនេះ ក៏ត្រូវតែងតាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីម្នាក់ទៀត ដោយយល់ស្របជាមួយនឹងមន្ទីររដ្ឋសភា ចំណែកសមាជិករដ្ឋាភិបាលទាំងអស់ ត្រូវនៅកាន់មុខតំណែងជាបន្តទៅទៀត ដើម្បីបំពេញកិច្ចការរាល់ថ្ងៃ។ ក៏ប៉ុន្តែមិនដូច្នោះទេ លោកយ៉ែម-សំបូរបែរជាត្រូវទទួលបន្ទុកអោយ បង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី២៩ កញ្ញា ១៩៤៩ ហើយជាការច្បាស់ណាស់ រដ្ឋាភិបាលនេះមិនបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភាទេ (កកន គឺជារដ្ឋាភិបាលដែលចេញរូបរាងឡើង ពីរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ)។
ជាការពិតណាស់, ព្រះមហាក្សត្រចង់ដើរតួសំរុះសំរួលតែប៉ុណ្ណោះ។ នៅពេលរំលាយរដ្ឋសភា ទ្រង់បានប្រកាសជាសាធារណៈថា ព្រះអង្គពុំមានគោលបំណងដើរចេញពីគន្លងច្បាប់ ហើយក៏ពុំចង់ប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។ ក៏ប៉ុន្តែព្រះអង្គដឹងច្បាស់ថា បើទ្រង់បើកសភាចាស់ឡើងវិញ នោះពួកគេ នឹងមិនយល់ព្រមជាដាច់ខាត អនុញ្ញាតអោយព្រះអង្គចុះហត្ថលេខាទៅលើសន្ធិសញ្ញាបារាំង-ខ្មែរឡើយ។ (កកន នេះជាភស្តុតាងយ៉ាងច្បាស់ក្រលែតថា រដ្ឋប្រហារប្រឆាំងរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៤៩ គឺធ្វើឡើងដើម្បីបិទបាំងឧក្រឹដ្ឋកម្មនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅអោយវៀតណាម) ។ (ដកស្រង់ចេញពី Essai sur la Démocratie au Cambodge Ibidem -P.38-29)។
- កាលបរិច្ឆេទនៃឧក្រឹដ្ឋឹកម្មនយោបាយ មុនពេលដែលបារាំងចាកចេញទៅ៖
- ថ្ងៃទី១៨ កក្កដា ១៩៤៧ ព្រះអង្គម្ចាស់ស៊ីសុវត្តិ-យុត្តិវង្ស រដ្ឋមន្ត្រីទី១ខ្មែរជាដំបូង ដែលឡើងកាន់កាប់តំណែង ដោយសារការបោះឆ្នោត (ទើបឡើងបានរយៈពេលបីខែប៉ុណ្ណោះ បានទទួលសេចក្តីស្លាប់ដោយគេបំពុល (ឃាតករគឺលោកយ៉ែម-សំបូរ ដែលមានឋានៈជាលេខាធិការពិសេសរបស់ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្ស)
- ថ្ងៃទី១៤ មករា ១៩៥០ លោកយ៉ែម-សំបូរបានចាត់មេប៉ូលិសឈ្មោះ សេង-ទិប អោយបញ្ជូនមនុស្សទៅពិឃាតលោកអៀវ-កើស ដោយមានការគប់គ្រាប់បែកដៃនៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ បណ្ដាលអោយលោកស្លាប់។
- ថ្ងៃទី២៩ តុលា ១៩៥១ បារាំងបានដោះលែងលោកសឺង-ង៉ុកថាន់ អោយវិលត្រលប់មកភ្នំពេញវិញ។ ថ្ងៃនោះនៅពេល ដែលលោកសឺង-ង៉ុកថាន់បានមកដល់ពោធិចិនតុង មានខ្មែរចំនួន ៥០០០នាក់ បានទៅស្រែកជ័យឃោសអោយលោក។ ប៉ុន្តែនៅថ្ងៃដដែលនោះ យួនយៀកមិញបានពិឃាតលោក Jean De Raymond ដែលជាអាណាព្យាបាលបារាំងនៅប្រទេសកម្ពុជា (មានអំណាចខ្ពស់ជាងព្រះកូណានរោត្តមសីហនុទៅទៀត)។ រួចហើយគេបានទំលាក់ទោសកំហុសនេះ ទៅលើក្រុមសឺង-ង៉ុកថាន់។
ឃាតកម្មទាំងអស់ខាងលើនេះ គឺជាការកកូរព្រឹត្តិការណ៍អោយមានសភាពចលាចលវឹកវរ ដើម្បីកុំអោយជនជាតិខ្មែរណាម្នាក់មើលឃើញថា ពួកគេកំពុងតែបាត់បង់ទឹកដីកម្ពុជាក្រោមរួចទៅហើយ មុនឆ្នាំ១៩៥៣ ដែលព្រះកូណានរោត្តមសីហនុ បានទទួលអែករាជ្យពីបារាំង។
___________________________________________________________
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
កំនត់សំគាល់
ក្រោយពីក្រុងលង្វែកត្រូវបែកបាក់ដោយការវាយលុករបស់សៀម ទឹកដីខ្មែរមួយភាគធំនៅអែនាយភ្នំដងរែកត្រូវបាត់បង់ជាស្ថាពរ។ ប៉ុណ្ណឹងហើយ អ្នកដឹកនាំជាតិខ្មែរនៅតែមិនទាន់ចេះទាញមេរៀនពីការបែកបាក់សាមគ្គីរវាងគ្នាអែងនៅឡើយ។ ជំលោះដណ្ដើមអំណាច ដណ្ដើមរាជសម្បត្ដិមានរិតតែច្រើនឡើង ហើយរិតតែញឹកញាប់ឡើង ជាហេតុបណ្ដាលអោយអ្នកជិតខាង ជាពិសេសជាតិយួនដែលបានក្លាយជាមហាអំណាចមួយក្រោយពីបានច្បាំងឈ្នះប្រទេសចំប៉ានោះ មានអោកាស និង មានលេសដើម្បីអន្ដរាគមន៍ លូកដៃកកូរផ្ទៃក្នុងរបស់ខ្មែរតាមតែអំពើចិត្ដ។
អ្នកដឹកនាំជាតិក្នុងសម័យនោះ ពុំបានយកចិត្ដទុកដាក់ចំពោះវាសនាប្រទេសជាតិ ចំពោះជីវភាពរបស់រាស្រ្ដ គឺថាពុំបានគិតដល់ប្រយោជន៍រួមទេ តែគិតធ្វើយ៉ាងណាអោយតែបានអំណាច បានយសសក្ដិ បានរាជបល្ល័ង្ក បានស្នេហា បានប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ម៉្លោះហើយ ក្នុងការធ្វើអោយសំរេចបំណងរៀងៗខ្លួន គេមិននិយមសំរបសំរួលផ្សះផ្សារាជវង្សានុវង្សទេ គេសុខចិត្ដកែនរាស្រ្ដអោយបង្ហូរឈាមគ្នា រួចរត់ទៅពឹងពាក់បរទេសជិតខាងអោយគេជួយគាំទ្រ អោយគេជួយជំនួយជាទ័ពយកមកជិះជាន់ស្រុកទេសខ្លួន យកមកកាប់សំលាប់តែជាតិអែង។
នៅទីបំផុតខ្មែរទាំងសងខាងត្រូវទ្រុឌទ្រោម អស់ឋាមពលតែរៀងខ្លួន ប្រយោជន៍ត្រូវបានទៅអ្នកជិតខាង ដែលគេតែងតែទារយកសគុណពីជំនួយរស់គេគ្រប់ប្រភេទក្នុងការជួយគាំទ្រស្ដេចខ្មែរដែលកើតវិវាទនឹងគ្នា។ ដោយហេតុនោះ ស្ដេចខ្លះដូចជាអង្គអិម កែវហ្វាទី៣ សុខចិត្ដដាក់ប្រទេសចំនុះសៀម អោយតែសៀមទុកអោយព្រះអង្គបានសោយរាជ្យ ហើយនាំស្ដេចជាគូបដិបក្ខត្រលប់ទៅស្រុកវិញ រឺ សត្ថាទី២ អង្គជី សុខចិត្ដយល់ព្រមអោយពួក យួនមកតាំងអំណាចត្រួតត្រាលើស្រុកខ្មែរ អោយតែពួកនេះព្រមទទួលស្គាល់ព្រះអង្គជាព្រះមហាក្សត្រខ្មែរ និងស្ដេចខ្លះទៀតបានយល់ព្រមលះបង់ទឹកដី អោយបរទេសដូចជាករណីរបស់នារាយណ៍រាជាអង្គតន់ជាដើម។
ក្នុងការដណ្ដើមយកទឹកដីខាងលើនេះ គេសង្កេតឃើញថា យួនបានអនុវត្ដវិធី៣យ៉ាង៖
- វិធីទូត រឺ សន្ដិវិធី : វិធីនេះគេបានយកមកអនុវត្ដមុនគេបង្អស់ ព្រោះពេលនោះទោះបីយួនច្បាំងឈ្នះចាមហើយ តែនៅមិនទាន់លេបអស់ទឹកដីចាមនៅឡើយ។ ស្ដេចយួនបានបញ្ជូនទូតអោយមក សូមអនុញ្ញាតពីស្ដេចខ្មែរ អោយរាស្រ្ដយួនចូលរកស៊ីក្នុងទឹកដីខ្មែរ។ នេះជាវិធីមួយដែលយួនពុំបានប្រើជាមួយចាមទេ ព្រោះជាមួយចាម គេបានបញ្ជូនទ័ពមកវាយឈ្នះសិនទើបបញ្ជូនរាស្រ្ដមកតាមក្រោយ។
- វិធីយោធា : យួនបានប្រើវិធីនេះ ដោយផ្ដល់ជំនួយជាទ័ពដើម្បីជួយច្បាំងស្ដេច មេដឹកនាំខ្មែរ រឺមន្រ្ដីណាដែលបានរត់ទៅពឹងគេអោយជួយ (ករណីរបស់អុកញ៉ានរិន្ទអិមនៅ គ.ស. ១៦៩៩) រឺដោយយកលេសថា ការពារជនជាតិគេមករស់នៅលើដីខ្មែរ ក៏លើកទ័ពមកច្បាំងនឹងខ្មែរ(ការបះបោរប្រឆាំងយួនក្នុងគ.ស ១៧៣០)។
- វិធីចិត្ដសាស្ដ្រ : យួនប្រើវិធីនេះដោយធ្វើការបំបះបំបោរបង្កើតអោយមានចលាចល អោយមានអន្ដិសុខ គេធ្វើយ៉ាងណាអោយរាជការខ្មែរទ្រាំមិនបាន ត្រូវលះបង់ទឹកដីអោយគេទៀត។ វិធីនេះ យួនក៏មានប្រើក្នុងការទទួលស្គាល់ រឺលើកស្ដេចខ្មែរអង្គណាមួយអោយឡើងសោយរាជ្យ (ករណីព្រះនរាយណ៍អង្គតន់)។
គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិយួនគេបានសរសេរក្នុងសៀវភៅប្រវត្ដិសាស្រ្ដរបស់គេថា «ការបញ្ចូលទឹកដីជាផ្លូវការក្នុងផែនទីប្រទេសគេ និង ការដាក់អាជ្ញាធរអោយត្រួតត្រាច្រើន តែបានប្រព្រឹត្ដក្រោយពេលដែលជនជាតិយួនបានទៅនៅកុះករនៅលើទឹកដីនោះហើយ។ ជនជាតិយួនជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការរកស៊ី ហើយម្យ៉ាងទៀតដោយមានវប្បធម៌ មានទំនៀមទំលាប់ខុសគ្នាផង បានជាកន្លែងណាដែលមានជនជាតិយួនទៅនៅហើយ ជនជាតិខ្មែរក៏បោះបង់ចោលទីនោះដើម្បីទៅរស់នៅកន្លែងដទៃវិញ។ មានកន្លែងខ្លះ មានខ្មែរ និង យួននៅលាយលំគ្នាដែរ។ កាលណាមានជនជាតិយួនទៅរស់នៅកន្លែងណាបានច្រើនគ្នាហើយ ពួកស្ដេចង្វៀង ក៏រកមធ្យោបាយដណ្ដើមយកទឹកដីកន្លែងនោះជាផ្លូវការ និង ដាក់អាជ្ញាធរអោយនៅត្រួតត្រាតទៅ។ «កកន កែវឈុន» រហូតមកដល់សព្វថ្ងៃ ដូចដែលយើងគ្រប់គ្នាបានជ្រាបស្រាប់ហើយ លើបញ្ហាព្រៃសម្បទាន ៩៩ឆ្នាំ គួរតែពិនិត្យឡើងវិញ ហើយគួរតែកាត់បន្ថយមកត្រឹមតែ១៥ រឺ២០ឆ្នាំយ៉ាងយូរ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ពីព្រោះថា៩៩ឆ្នាំវាយូរណាស់ ហួសជំនាន់មនុស្សណាទាំងអស់ ហើយនៅលើវិស័យជាច្រើនទៀត ឧទាហរណ៍ដូចជាបញ្ហាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សពួកគ្រួសារនិយមរបស់មេដឹកនាំខ្មែរសព្វថ្ងៃ ល្មមឆ្អែតឆ្អន់គ្រប់គ្រាន់ហើយ ល្មមដល់ពេលអស់លោកចេះឈប់នៃការលោភលន់ទាំងឡាយ ដើម្បីបើកឱកាសអោយជាតិធ្វើដំណើរបានស្រួលផង កុំគិតតែពីបូម គិតតែពីសំនូកសូកប៉ាន់គ្រប់ច្រកគ្រប់ល្ហក។ ម្យ៉ាងមួយទៀត ដើម្បីដោះស្រាយបញ្ហាជាតិធំៗ កុំអោយមានភាពតានតឹង ឧទាហរណ៍ជាក់ស្ដែងគឺបញ្ហាអន្ដោប្រវេស ហើយគឺអន្ដោប្រវេសយួនហ្នឹងតែម្ដង គណបក្សកាន់អំណាច ត្រូវតែជំរុញអនុញ្ញាតអោយគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ចូលរួមចំណែកក្នុងការជំរុញការអនុវត្ដច្បាប់អន្ដោប្រវេសអោយបានយ៉ាងម៉ឹងមាត់ ដើម្បីធ្វើយ៉ាងណាអោយរូបភាពនៃអន្ដោប្រវេសនេះ ធ្វើអោយប្រជាពលរដ្ឋអាចទុកចិត្ដបាន ថាព្រំដែនយើងមិនត្រូវបានបើកចំហរ អោយគេចេញចូលបានដោយស្រេចតែចិត្ដ ដោយមិនមានការត្រួតពិនិត្យតទៅទៀតទេ។