រងចុកចាប់រហូតដល់អវសាន
ជំពូក១០
ដោយនរោត្ដម សីហនុ
ប្រែសំរួលក្រៅផ្លូវការដោយ សុទ្ធ ប៉ូលីន
និច-សុនជួយសង្គ្រោះលន់-នល់, ការបោកបញ្ឆោតនៃ
កម្មវិធីរបស់ពួកខ្មែរក្រហម, ម៉ៅគាំទ្រពួកហ៊្វុង
ថ្ងៃសុក្រ ទី24.តុលា 2014.ម៉ោង 21:15
ខែឧសភាឆ្នាំ១៩៧០ ជាខែមួយដែលពោរពេញដោយព្រឹត្តិការណ៍។ ខែនេះបានចាប់ផ្តើមឡើង ដោយមានរន្ទះបាញ់ទាំងកណ្ដាលថ្ងៃត្រង់ ដែលបណ្ដាលអោយផ្អើលចលាចល វឹកវររញ្ជួយដល់ពិភពលោកទាំងមូល... មិនត្រឹមតែប៉ុណ្ណោះ ដែលបណ្ដាលអោយមានការបែកបាក់គ្នានៅក្នុងមតិសាធារណជនរបស់ជាតិ(ខ្មែរ)ផង ព្រមទាំងនៅសហរដ្ឋអាមេរិកផង, គឺជាការបែករហែកឃ្លាតចាកគ្នា ខាងផ្លូវសីលធម៌ ខាងផ្លូវចិត្ត ដែលចេះតែមានសភាពធ្ងន់ធ្ងរឡើងៗ ជារៀងដរាបរហូតទៅនៅក្នុងខែ និងឆ្នាំតទៅមុខ។
នៅក្នុងឆ្នាំ១៩៧៩ នៅទីក្រុងប៉េកាំង លោកហេនរី-គីស្សីងគើ្ហរ ហើយនិងខ្ញុំព្រះករុណាខ្ញុំ ដែលទាំងពីរនាក់បានក្លាយទៅជា “ជនចូលនិវត្តន៍” នៅក្នុងបញ្ហានយោបាយរបស់រដ្ឋ, យើងបានជួបគ្នាជាលើកដំបូងបំផុត ដោយសារតែមានការរៀបចំរបស់មិត្តរួមរបស់យើង គឺសាធារណរដ្ឋប្រជាមានិតុចិន។ ខ្ញុំបានរំលឹកចំពោះភ្ញៀវអាមេរិកាំងរបស់ខ្ញុំ អំពីសភាពការណ៍រន្ទះបាញ់កណ្ដាលខែចេត្រ ដែលបានផ្ទុះឡើងនៅខែឧសភា១៩៧០ របស់ប្រធានាធិបតីនិច-សុន ដែលគីស្សីងគើ្ហរ ជាខួរក្បាលមួយដ៏សំខាន់បំផុត, អំពីអន្តរាគមន៍យោធាអាមេរិកាំងទៅជួយខាងលន់ នល់ និង ក្រុមបន របស់វាក្នុងប្រការកុំអោយពួកនេះដួលរលំបះជើង ព្រោះថាបើក្រុមពួកនេះដួលរលំទៅខ្ញុំព្រះករុណាខ្ញុំ នឹងមានលទ្ធភាពអាចវិលត្រលប់ទៅប្រទេសកម្ពុជាវិញ ដើម្បីជួយស្តារសភាពការណ៍ មួយប្រកបដោយគ្រោះថ្នាក់ដល់ស្លាប់ មិនត្រឹមតែទាក់ទងប្រទេសយើងមួយប៉ុណ្ណោះទេ ប៉ុន្តែទាក់ទងនឹងជំហររបស់អាមេរិកាំងនៅក្នុងភពឥណ្ឌូចិនទាំងមូលទៀតផង, ដោយហេតុថា កាលនោះពួកខ្មែរក្រហមមានតិចតួចណាស់ ចំណែកពួកចិននិង ពួកវៀតណាមខាងជើង ក៏មានគោលបំណងក្នុងវេលានោះ អោយប្រទេសកម្ពុជាវិលត្រលប់ទៅសភាពការណ៍ដដែលដូចដើមវិញដែរ «Statu-quo ante»។
លោកគិស្សីងគើ្ហររពេលនោះ ក៏បានថ្លែងប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ខ្លួនលោកក៏ចង់អោយលន់-នល់ ធ្លាក់ និងអោយមានការវិលត្រលប់របស់សម្ដេចសីហនុវិញដែរ, ក៏ប៉ុន្តែលោកបានយល់ថា ពួកក្រុមក្បត់ហើយនិងខ្ញុំព្រះករុណាខ្ញុំ កំពុងតែលេងល្បែងចូលគ្នា ដោយបង្កើតរដ្ឋប្រហារក្លែងក្លាយមួយ “ទំលាក់ស្តេច” ដើម្បីបោកបញ្ឆោតយៀកកុងនិងយៀកណាមខាងជើង។ ខ្ញុំបានឆ្លើយសារភាពពេលនោះទៅភ្ញៀវអាមេរិកាំងថា ប្រាជ្ញាដ៏ខ្លីរបស់ខ្ញុំព្រះករុណាខ្ញុំ មិនអាចយល់បានអំពីទស្សនៈរបស់គាត់បែបនេះទេ។
ទោះជាយ៉ាងណាក្តី, គេអាចយល់បានថា ប្រសិនបើលោកប្រធានាធិបតីនិច-សុន អាចធ្វើការទស្សន៍ទាយ ឬសំលឹងមើលឃើញអនាគតបាន, ដូចម៉ាដាម Solei ឬក៏លោក Jean Viaud, លោកច្បាស់ជាចៀសវាងមិនប្រថុយប្រថាន លោតចូលទៅក្នុងសភាពការណ៍ជួយសង្គ្រោះមួយ ដែលបានក្លាយ២-៣ឆ្នាំក្រោយមកទៅជា “អត្តឃាតកម្មនយោបាយ” មិនត្រឹមតែប៉ុណ្ណោះត្រូវប្រលាក់ប្រលូក ដោយសភាពអាម៉ាស់ថោកទាប នៅចំពោះមុខជាតិរបស់ខ្លួនឯង ។
គេមិនអាចសរសេរប្រវត្តិសាស្ត្រឡើងវិញបានទេ។ ក្នុងប្រការនេះ គេអាចត្រឹមតែយកមកធ្វើការសិក្សាតែប៉ុណ្ណោះ, យ៉ាងហោចណាស់ក៏អាចមើលឃើញជ្រុងជ្រោយខ្លះៗ ដ៏សំខាន់ៗ។ ម៉្លោះហើយ វិភាគព្រឹត្តិការណ៍ដ៏ល្អប្រសើរបំផុតចំពោះខ្ញុំព្រះករុណាខ្ញុំ, នៃខែឧសភាឆ្នាំ១៩៧០នោះ លេចឡើងក្នុងអត្ថបទមួយដ៏ត្រចះត្រចង់ប្រកបដោយការពិត និងដោយវិចារណញ្ញាណ, របស់លោក Jacques Doyon ដែលខ្ញុំព្រះករុណាខ្ញុំ មិនបានស្គាល់ដោយផ្ទាល់ខ្លួននោះទេ គឺអត្ថបទមួយចុះផ្សាយក្នុងកាសែត Le Figaro, នៃថ្ងៃទី២៦ ឧសភាឆ្នាំ១៩៧០, ហើយដែលខ្ញុំព្រះករុណាខ្ញុំសូមដកស្រង់ឃ្លាខ្លះៗ ដូចតទៅនេះ។ ពួកអ្នកតំណាងរាស្ត្រខ្មែរ ដែលបានកាត់ក្បាលសីហនុ, នៅថ្ងៃ១៨មិនាឆ្នាំ១៩៧០, ស៊ីម-វ៉ារ, ឌុក-រ៉ាស៊ី, ទ្រិញ-វ៉ាញ ពួកអ្នកដែលបានណែនាំអោយមានការបោះឆ្នោតទំលាក់ជាឯកច្ឆន្ទ, តើពួកនេះមានបានថ្លឹងថ្លែងអំពីកាយវិការរបស់ខ្លួន រឺទេ? ពីរខែក្រោយមកទើបគេអាចសំលឹងមើលឃើញសភាពធ្ងន់ធ្ងរនៃមហាអន្តរាយ។
បញ្ហាសោកនាដកម្មគឺវាបណ្ដាលមកអំពីអសមត្ថភាពនៃអ្នកដឹកនាំខ្មែរ ដើម្បីយល់អំពីសភាពការណ៍យៀកកុង។ សម្ដេចសីហនុបានបង្ហាញដល់ពួកអ្នកទាំងនេះហើយ តាងនាមនយោបាយរេចុះឡើងរបស់ទ្រង់, ថាបញ្ហានេះវាគឺជាបញ្ហាមួយលំបាកណាស់។ ប្រការដែលសំខាន់សំរាប់សម្ដេចសីហនុ គឺពួកយៀកកុងគេបានទទួលស្គាល់ជាផ្លូវការ នូវគំនូសព្រំដែននៃកម្ពុជា, ដែលពួកព្រៃន គរក្តី, បាងកកក្តី ហើយសូម្បីតែវៀងចន្ទក្តី, ម្នាក់ៗសុទ្ធសឹងតែបានទាមទារទឹកដីមួយចំណែកនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមគូសសំគាល់ដល់មិត្តអ្នកអានទាំងអស់ថា កាសែត Le Figaro គឺជាកាសែតខាងស្តាំ, ក្នុងប្រការនេះជាកាសែតដែលប្រឆាំងកុម្មុយនិស្ត ហើយប្រឆាំងនឹងបដិវត្តន៍។ ម៉្លោះហើយការវិនិច្ឆ័យនៃសារពត៌មាននេះមានតំលៃខ្លាំងណាស់ (ន.សីហនុ)។ ម៉្លោះហើយសម្ដេចសីហនុ អាចទទួលអោយមានការតាំងទ័ពរបស់យៀកកុង នៅក្នុងដីខ្មែរដែលលោកយល់ថា ជាប្រការបណ្ដោះអាសន្ន ដែលមានកំនត់រហូតដល់ការចប់សង្គ្រាមតែប៉ុណ្ណោះ ជាការពិត, ខ្ញុំមិនយល់ព្រមអោយមានទីតាំងយៀកកុងជារៀងរហូតនោះទេ។ ន ស៖
ការយល់ព្រមនេះ គឺជាថ្លៃថ្នូរនៃសេចក្តីសុខសន្តិភាពនៅប្រទេសកម្ពុជា។ ចំពោះរដ្ឋាភិបាលលន់ នល់ ថ្លៃថ្នូរគឺជាសង្គ្រាមទៅ វិញ។ អន្តរាគមន៍អាមេរិកាំងមានផលវិបាកដ៏ជ្រាលជ្រៅក្រៃលែង ដែលគេមិនអាចស្មានបាន។ វាមានទិដ្ធិភាពមួយដែលអន្តរាគ មន៍ មានលក្ខណៈអសីលធម៌ មិនត្រឹមតែប៉ុណ្ណោះ ប្រការនេះបានជំរុញអោយកងទ័ពអាមេរិកាំងទាំងមូល ដែលស្វែងរកប្រសិទ្ធិភាពខាងផ្លូវយោធា អោយប្រព្រិត្តនយោបាយនៃអគ្គីភ័យ។ ការទំលាក់គ្រាប់បែក, ការដើរគៀងប្រមូលប្រជាជន គឺសុទ្ធសឹងតែជាអំពើដែលជំរុញអោយយុទ្ធជនដ៏ច្រើនរាប់ពាន់ម៉ឺននាក់ រត់តម្រង់ចូលជួរប្រយុទ្ធខាងស្តេចសីហនុ។ យោងតាមប្រភពច្បាស់ការណ៍ គេអាចនិយាយបានថា កងទ័ពសីហនុត្រូវបានទទួលជាកងទ័ពរំដោះជាតិ ពីសំណាក់ប្រជាកសិករ, បន្ទាប់ពីមានការហិនហោច ដែលបណ្ដាលឡើងពីកងទ័ពអាមេរិកាំង។ ផលវិបាកដ៏សែនធ្ងន់ធ្ងរមួយទៀត គឺអន្តរាគមន៍នេះ វាបានរៀបចំអោយមានទីតាំង ដ៏សំបើមនៃកងទ័ពវៀតណាមខាងត្បូង។ គេធ្វើហាក់ដូចជាកងទ័ពនេះជារបងចុងគ្រោយរបស់លន់-នល់ ដើម្បីការពារតទល់ នឹងយៀកកុង ដើម្បីកុំអោយដួលរលំខ្លួនឯង ( កកន ខ្ញុំនៅចាំច្បាស់ណាស់ថា នៅពេលដែលសារពត៌មានខ្មែរបានធ្វើការទិតៀន ការលួចប្លន់របស់កងទ័ពវៀតណាមខាងត្បូងខាងលើនេះ លោកអ៊ិន-តាំដែលកាលនោះជាចៅហ្វាយខេត្តកំពង់ចាម បានគំរាមកំហែងពួកអ្នកកាសែតអោយបិទមាត់ដោយប្រការថា “ពួកវៀតណាមខាងត្បូងទាំងនេះគេមកជួយយើង” សុទ្ធ ប៉ូលីន)។ យើងស្ថិតនៅចំពោះមុខសភាពការណ៍សំព័ន្ធបក្សមួយ រវាងកងទ័ពវៀតណាមព្រៃនគរនិងពួកខ្មែរ ដែលអ្នកទាំងពីរនេះគ្មានសេចក្តីស្នេហាចំពោះគ្នា សូម្បីតែបន្តិចបន្តួចតទល់នឹងពួកយៀកកុង។ គឺជាសំព័ន្ធមេត្រីដ៏ប្រកបដោយគ្រោះថ្នាក់បំផុតសំរាប់ប្រទេ សកម្ពុជា ដោយនរណាៗក៏ដឹងដែរថា ក្រុងព្រៃនគរបានទាមទារជាផ្លូវការ តាំងពីឆ្នាំ១៩៦០ មកម៉្លេះ នេះរាប់ត្រឹមតែកោះសមុទ្រខ្មែរស្ទើរតែទាំងអស់ ដែលនៅជាប់ក្បែរនឹងទីក្រុងកំពត។ ចំណែកនៅខាងលិចវិញ ទីក្រុងបាងកកបានសន្យាថា នឹងជួយគាំទ្រប្រទេ សខ្មែរ។ នេះគឺជាមិត្តភាពក្បាលពីរមួយទៀត បើយោងតាមសំដីរបស់ប្រជាកសិករខ្មែរ, ដោយហេតុថា បាងកកតាំងពីឆ្នាំ ១៩៤១ មកម៉្លេះ ដោយមានការគាំទ្រពីប្រទេសជប៉ុន បានវាតយកទឹកដីខ្មែរអស់១,៣ ហើយដែលបានយល់ព្រមត្រលប់ទឹកដីនេះ មកខ្មែរវិញ ទាំងទើសទាំងទាល់នៅក្នុងឆ្នាំ១៩៤៧។ បញ្ហាគំនូសព្រំដែននេះ គឺជាបញ្ហាស្លាប់រស់របស់ប្រទេសកម្ពុជា ហើយសម្ដេចសីហនុលោកបានដឹងច្បាស់ណាស់អំពីរឿងនេះ,លោកដែលបានជួបប្រទះនឹងការលំបាកក្រៃពេក ក្នុងប្រការរឹតចំណងចងបាច់ សាមគ្គីភាពដ៏ស្គមមួយនៃជនជាតិខ្មែរ ដែលជាជនភាគតិច។ សាមគ្គីភាពដែលលោកបានបង្កើតនៅជុំវិញខ្លួនតទល់នឹងពួកយួន គ្រប់និន្នាការ (កកន អ្នកនិពន្ធបានសរសេរ Viet , វៀត គឺយួនកុម្មុយនិស្ត) តទល់នឹងពួកថៃ និងពួកលាវថែមទៀត។ ការយល់សប្តិស្រេកឃ្លានរបស់ពួកបាងកកនិងពួកព្រៃនគរ មិនគឺការចង់បានព្រំប្រទល់តែមួយជា ប្រវត្តិសាស្ត្រ នៅតាមដងទន្លេមេគង្គនោះទេរឺ? ការទទួលស្គាល់ព្រំប្រទល់នៃកម្ពុជា គឺជាបញ្ហាស្លាប់រស់របស់សម្ដេចសីហនុ ព្រមទាំងជាដើមកំនើត នៃការផ្តាច់ចំណងទូត ដ៏ខ្ទរខ្ទារជាច្រើន។ ការប៉ិនប្រសប់នៅក្នុងនយោបាយរបស់ឧត្តមសេនិយ ដឺហ្គោល គឺជាការប្រកាសទទួលស្គាល់ កាលពីឆ្នាំ១៩៦៦ គោរពបូរណភាពទឹកដីកម្ពុជា នៅក្នុងព្រំដែនបច្ចុប្បន្ន ពាក្យដែលមានគំនូសបន្ទាត់ពីក្រោមមានបោះពុម្ពផ្សាយនៅក្នុងកាសែត Le Figaro នៃថ្ងៃទី២៦ឧសភា១៩៧០, បោះពុម្ពជាអក្សរទ្រេត... ន. ស។
នៅក្នុងពេលបច្ចុប្បន្ននេះ យើងស្ថិតនៅលើជំរេច្រាំងនៃការពុះបែងចែកទឹកដីម្តងទៀត ហើយតទៅអនាគតដ៏ខ្លី, បើទោះជាខ្មែរមានទំលាប់នៃការតស៊ូតទល់នឹងរាតត្បាតទឹកដីយ៉ាងណាក៏ដោយ។ ផលវិបាកមួយទៀតរបស់រដ្ឋប្រហារលន់-នល់ ការរាលដាលនៃភ្លើងសង្គ្រាមទៅលើទឹកដីទាំងមូលនៃជ្រោយឥណ្ឌូចិន។ ប្រទេសកម្ពុជាខ្លួនអែង ក៏ចាប់ផ្តើមក្រលេកមើលបន្តិចម្តងៗ ឃើញថារូបខ្លួនកំពុងតែក្លាយទៅជាចំណីភ្លើង។ នៅចុងបញ្ចប់ទៅទិសដៅនៃសង្គ្រាមឥណ្ឌូចិនត្រូវធ្វើដំណើរទៅតាមមាគ៌ាខាងស្តាំ រវាងបាងកក-វៀងចន្ទ-ភ្នំពេញ-សៃហ្គង, ដែលយើងបាននិយាយរៀបរាប់កាលពីរខែកន្លងទៅ។ គឺជាមាគ៌ាអសីលធម៌ ផ្ទុយនឹងធម្មជាតិមាគ៌ានៃពួកយោធានិយម ដែលស្អប់ខ្ពើមកុម្មុយនិស្តជាទីបំផុត សំព័ន្ធមេត្រីនៃពួកប្រយុទ្ធសង្គ្រាមសាសនា នៃ សង្គមជំនាន់ដើមនៅអាស៊ីភាគអាគ្នេយ៍។ រូបារម្មណ៍នេះ, ទិដ្ឋភាពនយោបាយនឹងរៀបចំតទៅអនាគត នូវសេចក្តីស្នេហារវាងប្រទេសសំខាន់ៗពីរ ដែលប្រូអាមេរិកាំងនៅអាស៊ីភាគអាគ្នេយ៍ សេចក្តីស្នេហាព្រៃនគរ-បាងកកដ៏ស្តុកស្តម, តើនរណាអាចដឹងបាន, ដែលហូបតែសំណល់នៃប្រទេសកម្ពុជា និងប្រទេសលាវ។ ហើយតើគេមិនអាចមើលឃើញភ្លើងសង្គ្រាម១០ឆ្នាំតទៅមុខទៀ តទេរឺ នៅពេលដែលអាមេរិកដកទ័ពខ្លួនមួយភាគធំចេញផុតពីភូមិភាគអាស៊ីភាគអាគ្នេយ៍, នៅចន្លោះប្រទេសវៀតណាម ដែលពេលនោះត្រូវរួបរួមគ្នាវិញ ហើយនិងប្រទេសថៃ ?”។
ចាប់តាំងពីចន្លោះឆ្នាំ១៩៧៩ ប្រទេសថៃនឹងត្រូវប្រឈមមុខតទល់នឹងវៀតណាមដែលរួបរួមគ្នា ហើយការការពារខ្លួនរបស់ពួកនេះទល់នឹងពួកយួន គឺការយកទ័ពប៉ុល-ពតមកធ្វើជារបងសាច់ឈាមតែប៉ុណ្ណោះ... ន.ស.។ យោងតាមសារពត៌មាន Chincago Sun Times លោកប្រធានាធិបតីនិចសុនបានថ្លែងទៅកាន់ចៅហ្វាយរដ្ឋអាមេរិកាំងទាំងអស់ ដែលមកប្រជុំគ្នានៅសេតវិមានថា លោកបានបញ្ជូនកងទ័ពអាមេរិកាំងទៅប្រទេសកម្ពុជា ទៅតាមសេចក្តីស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា (ខ្សែកាប AFP... Chincago.. ចុះថ្ងៃ១៣ឧសភា ១៩៧០)។ សេតវិមាន, យោងតាមសារពត៌មាន “Chincago Sun Times ដដែលធ្លាប់តែបានអះអាងយ៉ាងដាច់ខាតថា សហរដ្ឋអាមេរិកបានសំរេចធ្វើអន្តរាគមន៍ពីខ្លួនឯង ក្នុងគោលបំណងកុំអោយប្រលាក់ប្រលូកដល់អព្យាក្រឹតភាពជាផ្លូវការនៃរដ្ឋាភិបាលលន់-នល់។
ដូច្នេះគេអាចឃើញច្បាស់ណាស់ថា, តាំងពីដំបូងទីមកម៉្លេះ ពួករដ្ឋប្រហារនៅភ្នំពេញ ហើយនិងក្រុងវ៉ាស៊ិនតោនមានការត្រូវរ៉ូវគ្នា ដើម្បីបញ្ចប់អព្យាក្រឹតភាពហើយនិងសន្តិភាពនៅប្រទេសកម្ពុជា។ ពួកគេមានការត្រូវរ៉ូវគ្នា ដោយរុញបញ្ចូលប្រទេសកម្ពុជាជាស្ថាពរទៅក្នុងសង្គ្រាមវៀតណាម ដើម្បីធានាជោគជ័យចំពោះអាមេរិកាំងនៅវៀតណាមខាងត្បូង និងចំពោះរបបរណបរបស់ង្វៀង-យ៉ាំងធីវ។
ការរាតត្បាតប្រទេសកម្ពុជាដោយកងកំលាំងទ័ពនៃសហរដ្ឋអាមេរិក-វៀតណាមខាងត្បូងនៅក្នុងខែឧសភា១៩៧០, ជាដើមហេតុមួយនៃការបំផុសបំផុលដល់កំពូលទៅលើពួកបញ្ញវ័ន្ត ហើយនិងទៅលើក្រុមសារពត៌មាននៅភ្នំពេញ។ គឺជារឿងមួយគួរអោយចង់សើច ព្រោះគេចាត់ទុកថា ការរាតត្បាតនេះ ជាចំណាត់ការប្រវត្តិសាស្ត្រមួយ ដែលនឹងលើកដំកើងលោកប្រធានាធិបតីនិច-សុន អោយមានលក្ខណៈសំបើមធំធេង ស្មើនឹងប្រធានាធិបតីមុនៗ ដ៏ធំៗជាងគេនៃសហរដ្ឋអាមេរិក, ស្មើនឹង ហ្សក- វ៉ាស៊ិនតោន ហើយនិងអាប្រាហាម-លិងកិន,មិនស្ទើរទេ! ស្របជាមួយគ្នា ពួកបញ្ញាជន ហើយនិងក្រុមអ្នកកាសែតដដែលដៀលត្មះច្រាស់ឆ្អេះដ៏សំបើមទៅលើស្រុកបារាំងថា ជាអ្នកកាន់ជើងសីហនុ, (Pro-Sihanouk-sic!)៘ ព្រមទាំងទៅលើអ្នកយកការណ៍ពត៌មានបារាំង។ នៅក្នុងប្រការនេះ, លោក Bernard Ullman (AFP) បានសរសេរផ្សាយនៅថ្ងៃទី៧ឧសភា ខ្ញុំព្រះករុណាខ្ញុំ សូមលើកយកអត្ថបទរបស់គាត់ផ្ញើមកពីភ្នំពេញមកផ្សាយទាំងស្រុង៖
ថ្ងៃនេះសារពត៌មានក្នុងស្រុកបានតម្លើងធ្មុងរបស់ខ្លួន ដើម្បីវាយប្រហារទៅលើគោលជំហរបារាំង ទាក់ទង នឹងបញ្ហាសង្គ្រាមស្រុកខ្មែរ ព្រមទាំងបានប្រកាសដោយត្រង់អោយដេញអ្នកសារពត៌មានបារាំងអោយចេញពីទីនេះ។ មានសាស្ត្រាចារ្យម្នាក់ ដែលបានរៀនសូត្រនៅប្រទេសបារាំងបានធើ្វសំណើនៅក្នុងទិន្នានុប្បវត្តិ Le Cambodge ថា ការដកខ្លួនរបស់កម្ពុជាចេញពីឥទ្ធិពលវប្បធម៌បារាំង នឹងអាចធ្វើអោយប្រទេសនេះ មានចំណងរឹងមាំជាមួយនឹងអ្នកជិតខាងរបស់ខ្លួននៅអាស៊ី។ លោកសាស្ត្រាចារ្យ ថាច់-ថ្វាន់ បានសរសេរបន្ថែមទៀតថា វត្តមាននៅប្រទេសកម្ពុជានៃពួកអ្នកបំរើអង្គការសារពត៌មានបារាំង ពុំមានផ្តល់ផលប្រយោជន៍អ្វីទាំងអស់។ លោកបានពោលថា ពួកអ្នកយកការណ៍ពត៌មានទាំងនេះបានធ្វើយុទ្ធនាការឃោសនាប្រឆាំងប្រទេសកម្ពុជា ម៉្លោះហើយពួកអ្នកទាំងនេះ គួរតែត្រូវបន្តេញចេញ។ សារពត៌មានជាភាសាបារាំងមួយទៀត «Le Courrier Phnom Penhois» បានសរសេរថា បើទោះជាប្រទេសបារាំងពុំមានជួយផ្តល់អ្វីដល់យើងក៏ដោយ, ទោះជាជំនួយតាមផ្លូវចិត្តក៏ពុំមានដែរ យើងមានការធានាជំនួយផ្លូវចិត្តពីប្រទេសមួយទៀតដ៏ធំ ដោយសារតែប្រធានាធិបតីនៃប្រទេសនេះមានវិចារណញ្ញាណភ្លឺស្វាង គឺជាសេចក្តីសំដៅទៅសហរដ្ឋអាមេរិក។
សេចក្តីសំរេចពោរពេញដោយសេចក្តីក្លាហានរបស់លោកប្រធានាធិបតីម្នាក់នេះ នឹងច្បាស់ជាលើកដំកើងរូបលោកអោយមានឋានៈស្មើនឹងប្រធានាធិបតីអាមេរិកាំងធំៗមាន ហ្សក-វ៉ាស៊ិនតោន និងអាប្រាហាម-លិងកិន, សារពត៌មាននេះបានបន្ថែម។ ដោយប្រកាសដាក់ទោសបារាំងអំពីបទជួយគាំទ្រនរោត្តម-សីហនុ, ទិន្នានុប្បវត្តិ “ប្រយោជន៍ខ្មែរ” បានស្នើសុំអោយរដ្ឋាភិបាល សើរើឡើងវិញអំពីមិត្តភាពបារាំងខ្មែរ ព្រមទាំងចាត់វិធានការអោយសមស្រប។ តើពួកខ្មែរគួរតែផ្តល់មិត្តភាពទៅដល់ជនជាតិបារាំង ដែលធ្លាប់រស់នៅទីនេះតាំងពីយូរយារណាស់មកហើយនោះ រឺទេ? ទំនាក់ទំនងរវាងពួកស្ថានទូតបារាំងនៅទីនេះ ហើយនិង ខាងអាជ្ញាធរខ្មែរក៏បានមកដល់ទីចប់ មិនត្រឹមតែប៉ុណ្ណោះមានពាក្យចចាមអារាមរាលដាលថា ពួកគេនឹងមានរៀបចំ ធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូតនេះទៀតផង។ [នៅមានត...]