ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី18.កុម្ភៈ 2017.ម៉ោង 9:15
ក្រោយថ្ងៃ១៨មិនា១៩៧០ កម្ពុជាធ្លាក់ចូលក្នុងមហាអន្តរាយ!
អត្ថបទដកស្រង់ចេញពីសៀវភៅសិក្សាស្រាវជ្រាវ «Cambodge,
Le Chemin de l'Apocalypse»
បោះពុម្ពផ្សាយជាភាសាបារាំង
នៅក្នុងសារពត៌មាន“អង្គរបូរី” ១៩៩៨ ប្រែសំរួលដោយ
សុទ្ធ-ប៉ូលិន * ថ្ងៃទី៣ កក្កដា ២០០៥
ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះសោះ បន្ទាប់ពីមានការទំលាក់សំដេចសីហនុពីមុខដំណែង សង្គ្រាមបានចូលមកសន្ធិតដល់មាត់ទ្វារនៃប្រទេសខ្ញុំរួចទៅហើយ ដែលកំពុងតែដេកលក់។ សង្គ្រាមនេះវាមកដល់លឿនពន់ប្រមាណ លឿនហួសហេតុពេកណាស់ ដែលគេមិនអាចសន្និដ្ឋានបានថា វាកើតឡើងដោយអែងៗ។ សង្គ្រាមនេះដែលហក់មកដល់ប្រទេសកម្ពុជាដូចរន្ទះបាញ់កណ្ដាលថ្ងៃត្រង់ ដោយជនជាតិខ្មែរគ្មានទាំងមានពេលរៀបចំខ្លួនប្រឈមមុខទៀតផង ជារឿងមួយមិនគួរអោយយល់បានសោះ អុបមាថា, បើយោងតាមគំនិតអ្នកផង កំហុសនៃការបង្កបង្កើតកល្លិយុគ វាបណ្ដាលមកពីអុត្តមសេនិយលន់-នល់ (ការកាប់សំលាប់យួន) ក៏បណ្ដាលមកពីអ្នកអង្គម្ចាស់ស៊ីសុវត្ថិ -សិរិមតៈ (ការទំលាក់ស្តេចសីហនុ)។ ។
ប៉ុន្តែរឿងនេះ គេអាចយល់បានស្រួលណាស់ហើយលេចឡើងយ៉ាងច្បាស់ត្រលែតទៀតផង បើអុបមាថាសង្គ្រាមនេះ វាបានផ្ទុះឡើងតាមឆន្ទៈរបស់វៀតណាមខាងជើង។ គឺពីព្រោះថា សង្គ្រាមនេះបានរៀបចំធ្វើំឡើងយ៉ាងល្អិតល្អន់ តាមផែនការរបស់ហូ-ជីមិញ។ ដោយហេតុថា សង្គ្រាមបានហក់មកដល់ប្រទេសកម្ពុជាភ្លាមមួយរំពេជ ប្រកបដោយល្បឿននៃសេះប្រណាំង បន្ទាប់ពីថ្ងៃ១៨មិនា ១៩៧០ គឺមកពីថ្ងៃនេះជាថ្ងៃជ្រើសរើសរបស់ពួកយួនឈ្លានពាន។ សង្គ្រាមនីមួយៗ មិនដែលកើតឡើងដោយចៃដន្យនោះទេ។ ពួកវៀតណាមកុំមុយនិស្តមានល្បិចកល ហើយពូកែធ្វើការគន់គូរអស្ចារ្យ ពួកគេពុំមានពឹងផ្អែកទៅលើការហេងស៊យ សូម្បីតែបន្តិចបន្តួចក៏គ្មានផង។ គួរជ្រាបថា នៅពេលនោះ ពុំមានកងទ័ពអាមេរិកាំងនៅប្រទេសកម្ពុជានៅឡើយទេ ហើយបើថ្ងៃក្រោយមក កងទ័ពនេះបានរត់ចូលមកយ៉ាង “ប្រផាប់ប្រភីង” ក្នុងទឹកដីកម្ពុជា ដែលត្រូវឡោមព័ទ្ធជុំជ៉ិំតដោយពួកកុំមុយនិស្តទៅហើយ គឺព្រោះតែលោកប្រធានាធិបតី និចសុន បានចូលអន្ទាក់របស់គេ។ ហើយនៅក្នុងពេលជាមួយគ្នា ដែលពួកអាមេរិកាំងបានត្រូវចាញ់បញ្ឆោតនោះ សារពត៌មានបរទេសទាំងអស់បានត្រូវបង្វិលខួរក្បាលអស់រលីងរួចទៅហើយដែរ។ ទោះជាយ៉ាងណាក្តី ពួកអាមេរិកាំងកំពុងតែស្វះស្វែងរកច្រកចេញពីអិណ្ឌូចិន ចំនែក ពួកវៀតណាមវិញ បានជ្រើសរើសយកដំណោះស្រាយយោធារួចទៅហើយ នៅប្រទេសកម្ពុជា គឺនយោបាយធ្វើសង្គ្រាម។ ពោលគឺពួកគេបានធ្វើសេចក្តីសំរេចតាំងពីយូរណាស់មកហើយ ពុំមែនចេះតែដើរផ្សងព្រេង (ចូលមកក្នុងស្រុកខ្មែរ) ដោយងងិតងងល់ ទាំងខ្វាក់នោះទេ ។
ដើម្បីមានលទ្ធភាពបង្កើតសឹកសង្គ្រាមបាននៅប្រទេសកម្ពុជា គេត្រូវមានកត្តាសំខាន់ពីរយ៉ាង ដូចនៅក្នុងគណិតសាស្ត្រដូច្នោះអែង គឺកត្តាចាំបាច់ (Une condition nécessaire) និងកត្តាគ្រប់គ្រាន់ (Une condition suffisante) ពួកវៀតណាមមានកត្តាចាំបាច់រួចទៅហើយ ដោយហេតុថាពួកគេមានកងកំលាំងសំរាប់ប្រយុទ្ធ ២០០,០០០នាក់ នៅក្នុងទឹកដីកម្ពុជា។ ក៏ប៉ុន្តែពួកគេក៏មាននៅក្នុងកន្ដាប់ដៃ នូវកត្តាគ្រប់គ្រាន់ផងដែរ គឺសំដេចសីហនុ មេដំបែនៃលទ្ធិកុំមុយនិស្តអាស៊ីកិត្តិនាមអន្តរជាតិ ល្បិចកលគ្រប់បែបយ៉ាង។ សំដេចសីហនុមិនត្រឹមតែបានដើរតួជាឈ្នាន់របស់ពួកយួនប៉ុណ្ណោះទេ គាត់នេះក៏ធ្លាប់ធ្វើភ្នាក់ងារ ប្រកបដោយបញ្ញាញាណរបស់វៀតណាមកុំមុយនិស្តថែមទៀត (តាំងពីកាលណាមក ខ្ញុំគ្រាន់តែអាចសន្និដ្ឋានប៉ុណ្ណោះ ប្រហែលតាំងពីសម័យទាមទារអែករាជ្យនៃឆ្នាំ១៩៥៣ មកម៉្លេះ ប៉ុន្តែនេះជារឿងសំរាប់សរសេរសៀវភៅមួយទៀត)។ រហូតដល់ចុងចប់ សំដេចបានធ្វើ អោយជនជាតិខ្មែរទាំងមូល ស្ថិតនៅក្នុងសភាពអិតគ្រឿងអាវុធការពារខ្លួន។ ដោយត្រូវដងត្រូវផ្លែ ជាមួយនឹងផាំ-យ៉��ំង��ដុងគ្រប់ជំហាន ស្តេចសីហនុបានបង្វិលខួរក្បាល តាំងពីរដ្ឋាភិបាលស្រោចស្រង់ជាតិ ពួកបណ្ដាមុខមន្ត្រី និង ពួកអ្នកចេះដឹងខ្មែរទាំងអស់ ដើម្បីអោយពួកគេធ្លាក់ចូលទៅក្នុងសំណាញ់របស់យួនឈ្លានពាន គឺដូចតែសត្វត្រី ដែលល្មមដល់ពេលយកទៅចៀនបរិភោគដូច្នោះអែង។
នៅថ្ងៃទី២០មិនា១៩៧០, ប្រជាជនទាំងឡាយនៅទីក្រុងភ្នំពេញ មានសេចក្ដីភិតភ័យញាប់ញ័រផ្អើលស្រលាំងកាំង នឹង សេចក្តីស្លាប់របស់លោកវរសេនិយអែកសេង-ស៊ុនថៃ អគ្គនាយកនៃទីចំនាត់ការ (Transmission) នៃកងទ័ពខ្មែរដែលត្រូវគេធ្វើឃាតដោយអាថ៌កំបាំង។ គឺជានាយទាហានជាន់ខ្ពស់ទី១ ដែលបានត្រូវគេសំលាប់ បន្ទាប់ពីថ្ងៃទី១៨មិនា១៩៧០។ ពួកអ្នកគាំទ្រស្តេចសីហនុបានចោទថា គឺពួកលន់-នល់ដែលបានប្រព្រឹត្តឃាតកម្មនេះ ដោយមកពីហេតុថា លោកលន់-នល់ ស្អប់លោកសេង-ស៊ុនថៃ។ ចំនែកពួកគាំទ្រអុត្តមសេនិយលន់-នល់បានចោទថា ជាទង្វើរបស់ពួកស្តេច ដោយហេតុថា សេង-ស៊ុនថៃមានខ្សែអាត់សំងាត់ដែលជាបញ្ជារបស់ស្តេចសីហនុ អោយពិឃាតពួករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលន់-នល់ទាំងអស់ ជាពិសេសគឺអ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ។ ប៉ុន្តែមានពាក្យចចាមអារាមផ្សេងទៀតដែលបានចោទថា គឺពួកយៀកកុងទៅវិញទេ ជាអ្នកសំលាប់រូបលោក ដោយហេតុថា លោកសេង-ស៊ុនថៃមានជីវិតរស់នៅអបាយមុខ។ គាត់ចូលចិត្តដើរលេងកំសាន្តសប្បាយនៅក្នុងរង្គសាល ហើយមានចិញ្ចឹមស្រីកំណាន់យៀកណាមជាច្រើននាក់ទៀតផង។
ប៉ុន្តែហេតុអ្វីបានជាគេជ្រើសរើសយករូបលោកសេង-ស៊ុនថៃ ដែលជានាយទាហានមួយរូបពុំមាននរណាស្គាល់ផង? ហេតុអ្វី បានជាគេមិនបានចាត់ការលោកសុស្តែន-ហ៊្វែរណង់ដែស រឺ ក៏លោកអ៊ុំ-ម៉ាណូរិនវិញទៅ ដែលជាសសរទ្រូងទាំងពីរអង្គនៃរបបផ្តាច់ការនិយមរបស់ស្តេចសីហនុ? ឃើញថា រដ្ឋប្រហារនេះលេចឡើងជារឿងកំប្លែំងសុទ្ធសាធ (!!)។ ថ្ងៃទី២៣, ២៤, ២៥មិនា, ពួកជនជាតិខ្មែរហាក់ដូចជានៅដេកលក់ស្កប់ស្កល់នៅឡើយ។ ទិវារាត្រីបានកន្លងទៅដោយស្ងាត់ស្ងៀម។ ក្នុងប៉ុន្មានថ្ងៃនេះ គ្មានអ្វីកើតឡើងសោះនៅប្រទេសកម្ពុជា។ លោកអុត្តមសេនិយលន់-នល់គ្មានបានធ្វើអ្វី ទាំងអស់ ក៏ប៉ុន្តែនរណាៗក៏បានសរសើររូបលោកថា ជាអ្នកមានជោគជ័យក្នុងប្រការបានធ្វើ បដិវត្តន៍មួយដោយគ្មានបង្ហូរឈាម។ ក្រៅតែពីការវាយប្រហារទៅលើពួកយួនដោយពាក្យសំដីំ ពួករដ្ឋមន្ដ្រីរបស់លន់-នល់ ដោយភ័យខ្លាចសំដេចសីហនុ យាងត្រលប់មកវិញ ក៏នៅពួកសំងំក្នុងប៊ុយរ៉ូរបស់ខ្លួន ដូចសត្វដែលសំងំនៅក្នុងរូង។ ចំពោះពួកជនដែលគេចោទថា បានធ្វើរដ្ឋប្រហារ គឺជាអាកប្បកិរិយាមួយដ៏ចំលែកពន់ពេក។
រំពេជនោះ, នៅថ្ងៃទី២៦មិនា មហន្តរាយក៏ស្រាប់តែលាន់សូរខ្លាំងប្រហែលគ្នា នឹង គ្រាប់បែកដែលគេពន្យារពេលអោយផ្ទុះ ពោលគឺ មានបាតុកម្មប្រឆាំង នឹង រដ្ឋាភិបាល និង ការបះបោរដ៏កាចសាហាវមួយនៅខេត្តកំពង់ចាម ដែលបំផុសបំផុល ឡើងដោយពួកភ្នាក់ងារយៀកកុង។ នៅក្នុងការិយាល័យរបស់ខ្ញុំនៅភ្នំពេញ ខ្ញុំបានស្តាប់សេចក្តីរាយការណ៍របស់អ្នកដំណើរ (ពីរបីថ្ងៃក្រោយមក)ដោយសេចក្តីស្លុតរន្ធត់បះសក់ព្រោង។ គឺហាក់ដូចជាពួកយៀកកុងបានធ្វើការសងសឹកចំពោំះពួកយើងវិញ ដោយសងថ្នូរមួយជា១០០ដូច្នោះអែង។ ពួកបាតុករមានគ្នាច្រើនខ្នាន់ខ្នាប់ប្រមាណជា១សែននាក់ ជិះទូកឆ្លងទន្លេមេគង្គ ឡើងខ្មៅងងិត ពីទន្លេបិទមកកំពង់ចាមក្រុង។ នៅក្រោមក្រសែភ្នែកដ៏ស្រលាំងកាំងហួសចិត្តនៃពួកយោធា ដែលបានទទួល បង្គាប់ពីអគ្គមេបញ្ជាការ “មិនអោយធ្វើការបង្ក្រាបទៅលើប្រជាពលករ ដោយប្រើគ្រឿងអាវុធ”, ពួកក្រុមបះបោរដែលតាំងខ្លួនថា ជាពួកក្រុមសីហនុនិយមក៏បានកាប់សំលាប់បងប្រុសលោកអុត្តមសេនិយលន់-នល់ ឈ្មោះ លន់-និល នៅចំការកៅស៊ូ ជប់ មិនឆ្ងាយប៉ុន្មានពីទន្លេបិទ ហើយក៏បានវះពោះពុះដើមទ្រូងអ្នកតំំណាងរាស្ត្រពីរនាក់ផងដែរ គឺលោកគឹម-ផុន និងលោក សុស-សាអុន នៅមុខសាលាខេត្តកំពំង់ចាម។ នៅក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះសោះ ដោយរដ្ឋាភិបាលលន់-នល់ពុំទាន់ មានលទ្ធភាពធ្វើអ្វីទាំងអស់ សន្តិភាពនៃប្រទេសកម្ពុជាក៏បានធ្លាក់រមៀលចូលទៅក្នុងសេចក្តីវិនាសអន្តរាយរួចជាស្រេច។ ពួកក្រុមប្រជាកសិករ ដែលប្រដាប់ដោយកាំបិតផ្គាក់គ្រប់ដៃ ហើយដែលត្រូវគេបញ្ច្រកស្រាស្រវឹង ទោះមិនដឹងខ្លួនក៏ដោយ មានក្របខណ្ឌយួនជាអ្នកនាំអាទិ ក៏ត្រូវបានកើនចំនួនរីកធំប៉ោងឡើងដូចទឹកជំនន់ ហើយនៅថ្ងៃទី២៧មិនាក៏បានធ្វើ ដំនើរឆ្ពោះមករដ្ឋធានីភ្នំពេញដែលកំពុងតែក្លាយទៅជាទីក្រុងដែលពួកកុំមុយនិស្តឡោមព័ទ្ធ។ នៅទីបំផុំត លោកអុត្តមសេនិយលន់-នល់ក៏បានសំរេចបញ្ជាអោយលោកស្រី-យ៉ា វរសេនិយទោផ្នែកកងឆ័ត្រយោងអោយបំបែកការឡោមព័ទ្ធនៃពួកក្រុមបះបោរនៅចុងស្ពានជ្រោយចង្វារ ដោយធ្វើការបាញ់រះទៅលើពួកប្រជាជន ដែលកំពុងឆេះរោលរាលដោយហឹង្សា។ នេះគឺជាការឡោមព័ទ្ធដ៏មហាបិសាចរបស់ពួកយៀកកុង។
នៅពេលនោះ សភាពត្រឹមត្រូវស្របច្បាប់នៃ “រដ្ឋាភិបាលស្រោចស្រង់ជាតិ” របស់លោកអុត្តមសេនិយលន់-នល់ (ការបំផុសបំផុលប្រជាពលករអោយងើបឡើងធ្វើបាតុកម្មដេញយួនឈ្លានពាន តាមបង្គាប់បញ្ជារបស់ស្តេចសីហនុ) ក៏ត្រូវបានទទួលបរាជ័យធ្លាក់ទឹកទាំងស្រុង។ ប្រទេសកម្ពុជាបានរមៀលធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលរួចទៅហើយ។ គឺការបាញ់រះ ឡើងលើនេះអែង គ្រាប់កាំភ្លើងដ៏ពិតប្រាកដ ហើយដែលគេមើលឃើញទាំងកណ្ដាលថ្ងៃត្រង់ គ្រាប់កាំភ្លើងដែលហោះហើរ ច្រវាត់ដោយភ័យខ្លាច និងដោយខ្វាក់ ដែលបានចិញ្ចឹមការឃោសនារបស់ខ្មាំងយួន ដែលបានចោទរបបលន់-នល់ថា ជារដ្ឋការ “ឃាតករហ្វាស៊ីស្ត” ទៅលើប្រជាជនខ្លួនអែង។ ប៉ុន្តែការសំលាប់ដ៏រង្គាលព្រៃផ្សៃផ្សេងៗទៀត ដែលប្រព្រឹត្តទៅលើប្រជាជនស៊ីវិលខ្មែរក្តីយួនក្តី ពុំមែនជាស្នាដៃរបស់រដ្ឋការសាធារណ រដ្ឋអណ្ដែតទឹកនោះទេ។ គឺដូចជានាវាមួយឃ្លេងឃ្លោងរក កលនឹងលិច, រដ្ឋាភិបាលនេះ ក៏ដូចជាអគ្គមេបញ្ជាការរបស់ខ្លួនដ៏ទន់ភ្លន់ និងយល់សប្តិយល់សូង ដែលចេះតែពីរត់តាមក្រោយ ព្រឹត្តិការណ៍ប៉ុណ្ណោះ គឺមិនត្រឹមតែមិនមែនជារដ្ឋាភិបាលព្រៃផ្សៃប៉ុណ្ណោះទេ ថែមទាំងពុំមានមធ្យោបាយ និង ពេលវេលាគ្រប់គ្រាន់ ដើម្បីព្រឹត្តិការណ៍៍ពិឃាតរ���្គា���ឆ្គួតៗ ទៅលើប្រជាជនវៀតណាមកាតូលិកផងទៀត។ ពីព្រោះការប្រហារជីវិតមនុស្ស ទាំងហ្វូងទាំងហ្វាយនេះ ដែលកើតមានឡើងភ្លាមបន្ទាប់ពីការទំលាក់ស្តេចសីហនុ ក៏បានបង្កើតអោយមានសេចក្តីខ្ពើមរអើម ហួសប្រមាណពីសំណាក់ក្រុមបញ្ញាវ័ន្តឆ្វេងនិយមអន្តរជាតិ ចំពោះរដ្ឋាភិបាលលន់-នល់ ដោយគេបានសន្និដ្ឋានថា អុក្រឹដ្ឋកម្ម នេះ វារាលដាលចេញមកពីបាតុកម្មវាយស្ថានទូតយួនកុំមុយនិស្តទាំងពីរ។
ក៏ប៉ុន្តែនៅក្នុងប្រការដែលថា ពួកយួនដែលត្រូវ សំលាប់នៅក្នុងជួរដំបូង និង ជួរទី២ គឺសុទ្ធសឹងតែជាពួកវៀតណាមកាតូលិក ព្រមទាំងពួកប្រឆាំងនឹងកុមុយនិស្តទៀតផង។ ការប្រហារទាំងនេះក៏បានប្រទាញជាលទ្ធផលចុងចប់ នូវអមិត្តភាពដ៏ជ្រាលជ្រៅពីពួកស្តាំនិយមថែមទៀត។ តែក្នុងពីរបីថ្ងៃប៉ុណ្ណោះសោះ លោកអុត្តមសេនិយលន់-នល់បានប្រទាញអោយធ្លាក់មកលើខ្លួនលោក នូវការផ្តន្ទាទោសរបស់ពិភពលោកទាំងមូល។ រឿងនេះ វាច្បាស់ជាពុំមែនរូបលោកទេដែលជាបុព្វហេតុដើម។ រដ្ឋាភិបាលរបស់លោកមានការភិតភ័យបារម្ភ តែចំពោះការវិលត្រលប់មកវិញរបស់សំដេចសីហនុ ហើយមានអាកប្បកិរិយាត្រឹមតែលាក់ខ្លួនពួនសងំតែប៉ុណ្ណោះអែង។ ខ្ញុំសូមលើកយកអត្ថបទខ្លះៗរបស់ «Réalités Cambodgiennes» សារពត៌មានរដ្ឋប្រចាំសប្តាហ៍៍ ជាភាសាបារាំង ចេញផ្សាយនៅថ្ងៃ ៥មេសា ១៩៧០ នៅក្រុងភ្នំពេញ ដែលលាតត្រដាងបង្ហាញអំពីព្រឹត្តិការណ៍កើតឡើងនៅប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃ ១៨មិនា១៩៧០, ដើម្បីគ្រាន់តែបង្ហាញថា វាមានពេលវេលាអសកម្មភាពមួយរយៈដ៏ធំំ (un temps mort) បន្ទាប់ពីរដ្ឋប្រហារ ដែលគេបានចោទអុត្តមសេនិយលន់-នល់ ថាជាអ្នកបានប្រព្រឹត្ត។ ដូច្នេះគេបានវិនិច្ឆ័យបានក្នុងភាពក្តៅៗ នូវសកម្មភាពនៃរដ្ឋាភិបាលមួយ ដែលគេចាត់ទុកថាជា “បដិវត្តន៍៍” ហើយដែលត្រូវមានលទ្ធភាពបង្កើតស្ថាប័ននៃសាធារណរដ្ឋ។ គេបាន សង្កេតឃើញថា លោកអុត្តមសេនិយអគ្គមេបញ្ជាការកងទ័ព ព្រមទាំងនាយកនៃរដ្ឋាភិបាលបានស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់ និង អសកម្មនៅចំពោះមុខទំហំំធំំធេងនៃព្រឹត្តិការណ៍កំបុតត្បូង រីអែចំណាត់ការទាំងប៉ុន្មាន វាវិលចេញមកពីពួកខាងម្ខាងទៅវិញសោះ គឺសំដេចសីហនុនិងពួកយៀកកុង។
គេបានសង្កេតឃើញផងដែរថា រយៈពេលពីរសប្តាហ៍បានកន្លងផុតទៅហើយ បន្ទាប់ពីការទំលាក់សំដេចសីហនុពីមុខតំណែង ក៏ប៉ុន្តែនៅក្នុងទំព័រពាណិជ្ជកម្មមួយនៃ Réalités Cambodgiennes (ដែលជាសារពត៌មានរបស់រដ្ឋាភិបាល) ចុះថ្ងៃ ទី៤មេសា ១៩៧០ មានបង្ហាញរូបសំដេចសីហនុព្រះប្រមុខរដ្ឋ និង រូបព្រះមហាក្សត្រីយានីកុសុមៈ ជាព្រះមាតាជាតិ។ ព្រឹត្តិការណ៍ដ៍តូចមួយនេះ ដែលគេអាចមើលរំលងបានយ៉ាងស្រួល (ប្រហែលបើគេមិនផ្តោតអារម្មណ៍៍) បានធ្វើអោយផ្ទុះលេចចេញឡើងនៅក្នុងស្ថានភាពលក្ខណៈដ៏សែនកំសត់អស្ចារ្យ អំពីសេចក្តីស្មោះត្រង់ និង សភាពអិតទោសពៃរ៍ របស់រដ្ឋាភិបាល លន់-នល់ ទាក់ទងនឹង “រដ្ឋប្រហារនៃថ្ងៃ១៨មិនា១៩៧០”។
រដ្ឋាភិបាលនេះ មិនដែលបានទទួលយល់ព្រមយកពាក្យថា “រដ្ឋប្រហារ” នោះឡើយ តែបាននិយាយថាជា “ព្រឹត្ដិការណ៍នៃថ្ងៃទី១៨មិនា” ។ ម៉្លោះហើយដោយលោកអុត្តមសេនិយមិនមែនជាអ្នកដើមចម នៃរដ្ឋប្រហារ លោកក៏មិនបានធ្វើពិធី “កាប់សំលាប់យួន” ជាមួយគ្នានោះផងដែរ។ អុក្រិដ្ឋកម្មទាំងពីរមុខនេះ មិនមែនរូបលោកទេជាអ្នកប្រព្រឹត្ត។ ដោយហេតុថា ព្រឹត្តិការណ៍ទាំងពីរនេះត្រូវចងជាប់គ្នា ជាបុព្វហេតុចាំបាច់ ដែលជំពាក់វាក់វិនគ្នា ចាក់ស្រេះបណ្ដាលអោយមានសង្គ្រាមប្រល័យពូជសាសន៍ខ្មែរ ម៉្លោះហើយគឺជារឿងព្រឹត្ដិការណ៍ដែលបានត្រូវរៀបចំឡើំង យ៉ាងល្អិតល្អន់ ដោយកងកំលាំងតែមួយដែលគេមើលមិនឃើញ ហើយដែលតែងលាក់ខ្លួនគ្រប់ពេលវេលា នៅពីក្រោយខ្នងសំដេចសីហនុ គឺពួកវៀតណាមកុំមុយនិស្ត។
អុក្រិដ្ឋកម្មតែងតែផ្តល់ចំណេញទៅអ្នកប្រព្រឹត្ត ហើយសង្គ្រាមនេះមិនបានផ្តល់។ ចំណេញទាល់តែសោះទៅដល់ជនជាតិខ្មែរ។ ពួកយួនខាងជើងបានបាញ់ប្រហារពួកវៀតណាមកាតូលិកទំលាក់ទឹករួចហើយ ក៏លើកយកអុក្រឹដ្ឋកម្មនេះទំលាក់ទៅលើលោកលន់-នល់, ភ្លាមបន្ទាប់ពីបាតុកម្ម (វាយស្ថានទូតយួន) នៃថ្ងៃទី១១មិនា ១៩៧០, ជាសញ្ញាអោយកងទ័ពយួនចូលលុកលុយរាតត្បាតប្រទេសកម្ពុជា ពីព្រោះគឺជាសញ្ញាមួយដ៏ពិតប្រាកដណាស់ (!!)។ គឺទំនាក់ ទំនង សភាពជំពាក់វាក់វិនរវាងព្រឹត្តិការណ៍ពីរដែលផ្ទុះឡើងនៅពេលតំណាលគ្នា ការទំលាក់សំដេចសីហនុពីមុខតំណែង និងការសំលាប់យួននេះហើយ គឺជាបរិយោសាន, ចំនុចចុងក្រោយ, គន្លឹះដសំខាន់ជាងគេបំផុតនៅ ក្នុងមហាអាថ៌កំបាំងនៃប្រវត្តិសាស្ត្រ១៨មិនា, ជាកូនសោរសំរាប់មួលបើកគ្រប់ច្រកទ្វារនៃសេចក្តីពិត ហើយដែលបានរបូតគេចផុតពីក្រសែភ្នែករបស់ខ្ញុំចំនួនក្បែរ ៣០ឆ្នាំមកហើយ។ ទំនាក់ទំនងខាងលើនេះបានបង្ហាញអោយឃើញថា របាំរេរាំសំរាប់ប្រល័យពូជសាសន៍ នៅប្រទេសកម្ពុជា បានត្រូវគ្រោងរៀបចំឡើងយ៉ាងម៉ត់ចត់ក្រៃលែងដោយពួកជនជាតិយួន។ ចំនែកជនជាតិខ្មែរទាំងអស់ គ្រាន់តែបានធ្លាក់ចូលក្នុងល្បិចកលរបស់គេ (គឺបានធ្លាក់ចូលក្នុងអន្ទាក់របស់ស្តេចសីហនុ ដែលគ្រាន់តែជាទីងមោងរបស់ ផាំយ៉ាំងដុង)។
យើងអាចធ្វើការសន្និដ្ឋានបានថា ប្រសិនបើគ្មានការដួលរលំសំដេចសីហនុនោះទេ ប្រទេសចិនច្បាស់ជាមិនអនុញ្ញាត អោយពួកយួនកុំមុយនិស្តធ្វើសង្គ្រាមទៅលើជនជាតិខ្មែរសោះឡើយ។ ប៉ុន្តែសង្គ្រាមនៅប្រទេសកម្ពុជា គឺជា“ព្រឹត្តិការណ៍៍ ប្រវត្តិសាស្ត្រ” ចាំបាច់ត្រូវតែបង្កើតឡើង យោងតាមបណ្ដាំហូ-ជីមិញ។
យួនមិនអាចចៀសវាងមិនធ្វើសង្គ្រាមនេះបានទេ ពីព្រោះយួនវាត្រូវការសង្កើតសហព័ន្ធកុំមុយនិស្តអិណ្ឌូចិនមួយដ៏រឹងប៉ឹងមាំមួន ដើម្បីទប់ទល់នឹងប្រទេសចក្រពត្តិចិន។ ម៉្លោះហើយការដួលរលំរបស់សំដេចសីហនុ ដែលមើលទៅហាក់ដូចជាគ្រោះថ្នាក់នយោបាយ ជាចំណង់នៃព្រហ្មលិខិត តាមពិត គឺជាចំណង់របស់ជនជាតិយួនសោះ។ ព្រឹត្តិការណ៍នេះមិនអាចបង្កើតឡើង ផ្ចុងផ្តើមដោយថៅកែណាម្នាក់ក្រៅពីជនឈ្មោះ ផាំ-យ៉ាំងដុង នោះអែង។ ព្រឹត្ដិការណ៍នៃការដួលរលំខាងលើនេះ ដែលដើរស្របតាមខ្សែគោលការណ៍នយោបាយរបស់ជនជាតិយួន ក៏បានយកជ័យជំនះទៅលើការរារែករបស់ប្រទេសចិន ក្នុងប្រការរុញច្រានប្រទេសកម្ពុជា អោយធ្លាក់ច���លក្ន���ងថ្លុកឈាមនៃវិនាសកម្ម។