ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី11.កុម្ភៈ 2017.ម៉ោង 7:45
បាតុកម្មថ្ងៃ១១ មីនា ១៩៧០
សភាពច្របូកច្របល់នៅក្នុងមនោសញ្ចោតនា
La confusion des sentiments
ដោយ សុទ្ធ-ប៉ូលិន
យើងបានទទួលដំណឹងអំពីបាតុកម្ម (នៃថ្ងៃទី៨មីនា) នៅខេត្តស្វាយរៀង... តែនៅថ្ងៃទី៩មីនាទៅហើយ តាមរយៈ “AKP” (ទីភ្នាក់ងារពត៌មានខ្មែរ)។ លោកលី អេង អភិបាលកាសែត «នគរធំ» បានស្នើសុំបោះពុម្ពផ្សាយរូបគ្លីសេមួយដ៏សំខាន់បង្ហាញអំពីខ្មែរកាប់យួននៅសម័យទ្រឿង-មិញយ៉ាំង។ ទាំងរូបគំនូរ ទាំងគ្លីសេ, លោកលី-អេង បានបង្គាប់អោយគេធ្វើ ដើម្បីលំអអត្ថបទប្រវត្តិសាស្ត្ររបស់លោកសាស្ត្រាចារ្យនួន-ឃឿន, ប៉ុន្តែវាយឺតពេលបន្តិចទៅហើយពីព្រោះអត្ថ បទចេញផុតរួចកាលណា ទើបគាត់បានទទួលគ្លីសេនោះមក។
លោកលី-អេងក៏បានសុំសេចក្តីអនុញ្ញាតពីខ្ញុំ ដើម្បីបោះផ្សាយគ្លីសេនេះ នៅក្នុងសារពត៌មាន «នគរធំ» ស្របគ្នាជាមួយនឹងពត៌មានបះបោរនៅខេត្តស្វាយរៀង។ ខ្ញុំក៏បានផ្តល់សេចក្តីយល់ព្រម ដោយមានការរារែកក្នុងចិត្ត ពីព្រោះវាជាទង្វើផ្ទុយពីសីលធម៌នៃវិជ្ជាជីវៈសារពត៌មាន (Ethique) ដោយយករូបភាព បង្ហាញពីកល្លិយុគអតីតកាល មកតុបតែងលំអព្រឹត្តិការណ៍បច្ចុប្បន្ន។ ក៏ប៉ុន្តែខ្ញុំក៏បានកំចាត់វិប្បដិសារីនេះ យ៉ាងឆាប់រហ័សទៅវិញ ហើយក៏ពុំបាននឹកស្មានទាល់តែសោះថា គ្លីសេរបស់លោកលី-អេង អាចមានអិទ្ធិពលយ៉ាងក្រលាប់ចាក់ ទៅលើប្រជាពលរដ្ឋខ្មែរដែលគេកំពុងកេណ្ឌអោយបះបោរប្រឆាំងយួន ហើយដែលកំពុងតែមានសភាពរំជើបរំជួលច្របូកច្របល់ពន់ប្រមាណ។ គ្លីសេនេះបានចុះផ្សាយនៅថ្ងៃទី១០មីនា ហើយនៅពេលល្ងាចថ្ងៃនោះ ពោលគឺនៅនាទីចុងក្រោយទៅហើយ ទើបយើងបានដឹងដោយមានមនុស្សនិយាយតមាត់គ្នាថា គេកំពុងរៀបចំអោយមានបាតុកម្មប្រឆាំងយួននៅភ្នំពេញ នៅវេលាព្រឹកស្អែក។ មើលទៅទំនងដូចជាអុត្តមសេនីយ៍លន់-នល់មានកំលាំងទឹកចិត្ត ដោយសារបាតុកម្មដ៏តូចដែលបានកើតឡើងនៅខេត្តស្វាយរៀង ក៏ប៉ុន្តែបាតុកម្មនៅទីក្រុងភ្នំពេញនេះ ហាក់ដូចជាកំពុងមានដំណើរប្រព្រឹត្តទៅដោយលួចលាក់ គឺហាក់ដូចជាមានការទាញខ្សែពីចំងាយពីព្រះប្រមុខរដ្ឋ រឺ ក៏ហាក់ដូចជាអ្នកផ្ចុងផ្តើមរៀបចំ មានការភ័យព្រួយអំពីផលវិបាក ពីព្រោះដំនើរការនេះបានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីហួសពេកណាស់ រកតែខ្ញុំឆ្លៀតអោកាសផ្តល់ពត៌មានតាមរយៈកាសែតរបស់ខ្ញុំមិនទាន់ផង។ ខ្ញុំមិនទាំងជឿថែមទៀតផង ថាបាតុកម្មនៅភ្នំពេញនេះ ជា ពត៌មានពិត។
នៅថ្ងៃស្អែកឡើង ពេលព្រលឹមស្រាងៗ, ខ្ញុំក៏បានឈរលាយឡំក្នុងនាមជាអ្នកសង្កេតការណ៍, ជាមួយនឹងក្រុមបាតុករ២០ - ៣០នាក់ ដែលទើបចាប់ផ្តើមជួបជុំគ្នានៅមហាវិថីមុនីវង្ស, នៅចំពីមុខវិទ្យាល័យព្រះយុគន្ធរ។ នៅក្នុងចិត្តរបស់ខ្ញុំពេលនោះ ខ្ញុំមានជំនឿថា បាតុកម្មម្តងនេះក៏ជាបាតុកម្មទី២ សន្តិនិយម... ហើយក៏ប្រហែលគ្មាននរណាចាប់អារម្មណ៍ប៉ុន្មានផងទេ។ ពួកអ្នកកំពុងឈរនៅទីនោះ គឺជាក្រុមនិស្សិតជំនាន់ខ្ញុំ (ពីអាយុ២៥ឆ្នាំទៅ៣០ឆ្នាំ) ដែលលើកបដាជាភាសាខ្មែរ អង់គ្លេស និងបារាំង ថ្កោលទោសអំពីវត្តមានយៀកកុងនៅក្នុងទឹកដីកម្ពុជា «Vietcong go home» «បរាជ័យពួកចោរប្លន់ទឹកដី», «Le pays Khmer n'est pas le pays du Vietcong»... ហើយនិងបដាមួយយ៉ាងធំទូលំទូលាយ ដែលហាក់ដូចជាការប្រឹងប្រែងផ្សះផ្សារព្រះបិតាជាមួយនិងកូនចៅនៃ «សង្គមរាស្ត្រនិយម» «សំដេចព្រះប្រមុខរដ្ឋមិនអនុញ្ញាតអោយមាន ការតាំងនៅរបស់ពួកយៀកកុងចោរប្លន់ទឹកដីនោះទេ»។ ប្រសិនបើមានស្នាមម្រាមដៃចាត់ចែងរបស់លោកលន់-នល់ នៅក្នុងសកម្មភាពទាំងនេះ, គេមិនអាចមើលឃើញបានទេ។ ពួកអ្នកដឹកនាំបាតុកម្ម ច្រើនតែជាពួកជនស៊ីវិល ពួកក្រុមសាស្ត្រាចារ្យអនាមិក ដែលពាក់អាវស ដើម្បីអោយច្រលំជាមួយនឹងកូនសិស្ស។ នៅពេលនោះអិតមានវត្តមាននៃពួកយោធាទេ។ ហើយទោះបីជាមានពួកទាហាន ដែលស្លៀកពាក់បន្លំជាស៊ីវិល ក៏ពុំមានពួកនាយទាហានជាន់ខ្ពស់ដែរ។ បើតាមការសង្កេតរបស់ខ្ញុំៗពុំបានឃើញនាយទាហានស័ក្តិ១ រឺ ស័ក្តិ២មកទីនោះផងទេ។ គឺជាការរៀបចំល្អិតល្អន់គ្មានខ្ចោះ តែចង់បង្ហាញតាំងពីដំបូងទីថា បាតុកម្មនេះមានលក្ខណអហឹង្សា និង សន្តិនិយម។ ទាំងនេះហើយជាស្លាកស្នាម (ស្នាដៃ) របស់អុត្តមសេនីយ៍លន់-នល់, បុគ្គលម្នាក់ដែលមិនចេះនិយាយស្តី... ហើយដែលមិនចង់បញ្ចោញមុខមាត់។
«ប្រជាជនខ្មែរទាំងនេះ ដែលហៀបនឹងដាច់ខ្យល់ស្លាប់ទៅហើយ ក៏នៅតែនឹកភ្នកទៅដល់គ្រួសារស្តេចទាំងនេះទៀត ដែលធ្លាប់បានធ្វើទុក្ខបុកម្នេញពួកគេជាយូរសតវត្សមកហើយ សតវត្សនៃសង្គ្រាមស៊ីវិល និង សង្គ្រាមបរទេស ដែល ពួកក្រុមសមាជិកប្រខាំគ្នាដណ្ដើមអំណាច និង រាជបល្ល័ង្កមិនចេះចប់មិនចេះហើយ ដោយ ពុំមាននឹកភ្នកអានិត អាសូរដល់ហ្វូងប្រជាពលករក្រីក្រនោះទាល់តែសោះ។ គឺអំពីពូជស្តេចនេះហើយ ដែលប្រជាពលរដ្ឋកំពុងរង់ចាំសេចក្តីសង្គ្រោះ»។
ភក្តីភាពនៃប្រជាជនខ្មែរនេះ មិនមែនជាលទ្ធផលនៃការសិក្សាប្រវត្តិវិទ្យាបច្ចុប្បន្ននោះទេ។ គឺជាសេចក្តីអធិប្បាយ អំពីប្រជាជនខ្មែរក្នុងសម័យទ្រឿង-មិញយ៉ាំងដោយលោក Adhémard Leclère ដែលស្ថិតនៅក្នុងចំនោមពួករ៉េស៊ីដង់ និងប្រវត្តិវិទូនៃកម្ពុជាមុនគេ កាលក្នុងសម័យប្រូតិចតូរ៉ាបារាំង។ ក៏ប៉ុន្តែភក្តីភាព និង សេចក្តីស្មោះត្រង់ចំពោះស្តេចនេះ វាត្រូវចំ នឹង ហ្វូងពលរដ្ឋខ្មែរនៅព្រឹកថ្ងៃទី១១មីនា១៩៧០នោះតែម្តង។
ប្រមាណជាម៉ោង៩ព្រឹកប៉ុណ្ណោះ ពួកក្រុមបាតុករបាន រីកធំប៉ោងឡើង ១ជា១០០ តែក្នុងមួយប៉ព្រិចភ្នែក។ ក្រុមនេះកាន់តែរីកធំឡើងដូចទឹកជំនន់ ហើយនៅពេលដែលហ្វូងប្រជាបាតុករដ៏ចង្អៀតណែនប៉ែសចាប់ផ្តើមធ្វើចលនា ពោលគឺដើរចុះតាមមហាវិធីមុនីវង្សទៅទិសខាងត្បូង ឆ្ពោះតំរង់ទៅស្ថានទូតវៀតណាមខាងជើង គឺហាក់ដូចជាពស់នាគរាជមួយដ៏ធំសំបើម ដែលវារលូនទៅកិនអ្វីៗ សព្វយ៉ាងអោយខ្ទេចម៉ដ្ឋនៅតាមមាគ៌ារបស់ខ្លួន។ ខ្ញុំបានសង្កេតឃើញថា នៅក្នុងថ្ងៃនោះ ប្រជាពលរដ្ឋនៅភ្នំពេញបានឆ្លើយតប នឹង សេចក្តីអំពាវនាវ ដ៏មិនចំពោះរបស់ស្តេចសីហនុតែម្តង (ដែលធ្វើឡើងតាមរយលោកលន់-នល់) ពីព្រោះវាមានពួកនិស្សិតក្មេងៗ ពីអាយុ១៦ ទៅ ១៨ឆ្នាំ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកាន់រូបថតរបស់សំដេចសីហនុ និង ព្រះមហាក្សត្រីយានីកុសុមៈគ្រប់ដៃ។ យោងតាមលក្ខណៈខាងក្រៅ បាតុកម្មអ្វីក៏ដោយនៅប្រទេសកម្ពុជា គឺជាទង្វើក្រៅផ្លូវការទាំងអស់ ប៉ុន្តែតាមការពិតវិញ គឺជាបាតុកម្មរៀបចំឡើងដោយរាជរដ្ឋាភិបាលទាំងស្រុង ពីព្រោះថាអ្វីៗក៏មិនអាចធ្វើបាន ដោយគ្មានសេចក្តីអនុញ្ញាត ពីសំដេចសីហនុនោះដែរ។ ពួកប្រជាពលរដ្ឋតូចតាចទាំងនេះ ពួកអ្នករាជការ ពួកកូនសិស្សទាំងនេះ គឺបានរត់ឆ្ពោះតំរង់ មកយកអាសារព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម គឺសំដេចសីហនុ ដែលពួកគេចាត់ទុកថា ជាអ្នកបើកបរនាវាកម្ពុជាឆ្ពោះទៅរកសេចក្តីសង្គ្រោះ គឺមិនមែនរត់ឆ្ពោះតំរង់ទៅរកលោកលន់-នល់នោះទេ។ បើទោះជាមានការល្វីងជូរចត់ និង សេចក្តីខកចិត្តយ៉ាងណាក្តី ហ្វូងប្រជាជនទាំងនេះនៅតែមានជំនឿផ្កាប់មុខ ទៅលើសំដេចសីហនុដដែល។ អ្វីៗដែលធ្វើអោយពូកគេរត់មកមានចំនួនច្រើនដល់ម៉្លេះ គឺសេចក្តីព្រួយបារម្ភរន្ធត់តក់ស្លុតគ្មានរសាយអំពីគ្រោះថ្នាក់យួន ក៏ប៉ុន្តែដូចធម្មតាសព្វមួយដង ពួកគេនៅតែចាត់ទុកសំដេចសីហនុ ជាទេវតាកំពូលដែលអាចរំដោះពួកគេចេញផុតពីក្រញ៉ាំមរណៈនៃពួកចោរយៀកកុងឈ្លានពាន។ នៅម៉ោងប្រមាណជា១១ព្រឹកប៉ុណ្ណោះ ពួកក្រុមបាតុករបានក្លាយទៅជាសមុទ្រមនុស្សរួចទៅហើយ ពួកគេបានកើនចំនួនដ៏អស្ចារ្យនៅក្នុងថ្ងៃនោះ ឡើងរហូតដល់៤៥០០០នាក់។
ដោយដើរប្រជ្រៀតចូលក្នុងហ្វូងប្រជាជន ខ្លួនខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំជាដៃជើង រឺ ជាសមាជិកម្នាក់របស់ពួកគេផងដែរ។ ហ្វូងប្រជាពលករទាំងនេះ មានលក្ខណៈសន្តិនិយមនិងអហឹង្សា។ ខ្លួនខ្ញុំក៏ដូច្នោះដែរ គឺមានលក្ខណៈត្រេកអរសប្បាយ និង ពោរពេញដោយសេចក្តីសង្ឃឹម។ យុវជនប្រុសស្រីទាំងនេះ ដែលពាក់អាវស ក៏ដូចជាហ្វូងបុប្ផានៃប្រជាជាតិរបស់យើង។ ចំនែកខ្ញុំក៏ដូច្នោះដែរ ខ្ញុំកំពុងប្រៀបធៀបខ្លួនអែង នឺង បុប្ផាមួយនៃក្រុមបញ្ញាជនប្រឆាំងយួន ខ្ញុំកំពុងស្រមើស្រមៃដោយរំភើបញាប់ញ័រ ជាសករាជមួយថ្មីកំពុងតែបើកទ្វារចំហសំរាប់រូបយើងទាំងអស់ដែលត្រូវធ្វើការរួបរួមគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិមាតុភូមិ នៅពីក្រោយព្រះអគ្គមគ្គុទ្ទេសក៍របស់យើង។ ខ្មែរយើង នឹង បង្ហាញដល់ជនជាតិយួន អោយឃើញថា យើងបានក្លាយទៅជាមនុស្សដឹងក្តី ប្រកបដោយកំលាំងមាំមួន និង វិចារញ្ញាណរួចសព្វគ្រប់ហើយ។ ពេលនោះ យើងភ្លេចអស់ហើយអំពីការចាយវាយខ្ជះខ្ជាយ និងទង្វើអិតន័យទាំងប៉ុន្មានរបស់សំដេចសីហនុ។ មហាបាតុកម្ម បានធ្វើដំនើរមកឈប់នៅមុខស្ថានទូតយួនខាងជើង ហ្វូងមនុស្សក៏ចាប់ផ្តើមស្រែកថ្កោលទោសដ៏ទ្រហឹងអឺងកង «បរា ជ័យយៀកកុង... យៀកកុងត្រូវដើរចេញពីទឹកដីខ្មែរ »។
ប៉ុន្តែក្នុងរំពេជនោះ មន្តស្នេហ៍ទាំងប៉ុន្មានដែលបានអមដំនើរពួកយើង តាំងពីពេទ្យចិនរហូតមកទីនេះ ក៏ស្រាប់តែរលាយបាត់អស់។ គឺប្រហែលគ្នា នឹង យើងរសាត់ចេញពីសុបិន្តមួយដ៏ល្អ ហើយក៏បានមកដល់មាត់ទ្វារនៃហឹង្សារបស់ប្រែតអសុរកាយ។ ខ្ញុំបានសង្កេតឃើញមនុស្សមួយក្រុម នាំមុខដោយ គឹម-កេត ជនដៃដល់ម្នាក់របស់លោកស័ក្តិ៤ថាច់-ប៉ូច កំពុងតែវាយសំរុកចូលទៅក្នុងស្ថានទូត អ្នកខ្លះឡើងតាមជញ្ជាំង ហើយគាស់ទ្វារចូលទៅ។ ពួកគេព្រួតគ្នាវាយតប់កំហែងកំហល់ ទៅលើពួកយួនបីបួននាក់ដែលនៅចាំយាម ដេញតាមបន្ថោកបន្ទាបពួកនេះយ៉ាងកាចសាហាវ។ ចំនែកខ្លួនខ្ញុំវិញ ពេលនោះខ្ញុំខំប្រឹងអត់ដង្ហើម។ ពីជនរងគ្រោះ ខ្ញុំមិនចង់ប្រែក្លាយតួនាទីជា «ពេជ្ឈឃាត» បែបដូចនេះទេ ពោលគឺធ្វើឡើងទាំងកណ្ដាលថ្ងៃត្រង់។ គឺពីព្រោះថា អ្នកសង្កេតការណ៍បរទេស ច្បាស់ជាមិនអាចភ្លេចបានអំពីទង្វើ «ភេរវកម្ម និង ទារុណកម្ម» របស់ជនជាតិខ្មែរនោះទេ។ ពួកក្រុមគឹម-កេតនេះ មិនមែនជាពួក «សុភាពបុរស» អ្វីទេ គឺជាពួកក្រុមថ្នាក់ទាប អិតការងារធ្វើ ហើយចង់បង្ហាញមុខមាត់ ពួកគេមិនយល់ថាអ្វីជានយោបាយនោះឡើយ។ ម៉្យាងវិញទៀត ពួកគេនឹកស្មានថា សំដែងនូវអំពើល្អ ដោយមានមនុស្សមួយភាគ ស្រែកហ៊ោរក្រេវៗអបអរសាទរចំពោះពួកគេស្មើ នឹង វិរបុរស។ ពួកនេះទំនងដូចជាពួកត្រីងៀតឆ្លៀតពង ពួកនេសាទក្នុងទឹកល្អក់ ប៉ុន្តែតាមពិតគឺជាពួកជនស្រវឹង នឹង ទង្វើរបស់ខ្លួនអែង។ ទោះជាយ៉ាងណាក៏ដោយ មហាជនដោយភាគច្រើនស្ថិតនៅក្នុងលក្ខណៈស្ងៀមស្ងាត់។
នៅមិនឆ្ងាយពីខ្លួនខ្ញុំប៉ុន្មាន ជនម្នាក់បានបញ្ចោញយោបល់ថា៖ គឹម-កេត នេះចំលែកណាស់ វាមានប្រពន្ធយួន... ហើយអីលូវនេះបែរជាមកវាយពួកយួន។ គឹម-កេត ជាខ្មែរកម្ពុជាក្រោមម្នាក់ មាឌធំខ្ពស់ មានសក់រួញអង្គារដី មានពុកមាត់កោងខុបដូចដងធ្នូ។ គឺជាបុរសរូបស្អាតម្នាក់។ ខ្ទង់ច្រមុះទ្រវែង ប្រកបដោយរន្ធធំៗ និង ញាប់ញ័រធ្វើអោយទំរង់មុខរបស់គាត់ស្រដៀង នឹង ជនជាតិជ្វា (នៅក្នុងឆ្នាំ១៩៧០ គឺគឹម-កេតនេះដដែល ដៃទាំងសង្ខាងយួរក្បាលខ្មាំងសត្រូវ ដែលអនុញ្ញាតអោយគេថតរូបចុះផ្សាយ នៅក្នុងទស្សនាវដ្តីអាមេរិកាំង)។
យុវជនមួយចំនួនបានស្ទុះស្ទារទៅតាមក្រោយគន្លងគឹម-កេត ផ្លោះចូលទៅក្នុងស្ថានទូតតាមបង្អួច យកអែកសារទាំងពំនូកចេញមក ព្រមជាមួយប្រាក់ដុល្លារអាមេរិកាំងផង។ ពួកគេនៅមិនទាន់ប៉ះពាល់លុយនៅឡើយទេ (ដោយយកដាក់ហោ ប៉ៅ) ពួកគេនៅស្អាតស្អំនៅឡើយ។ ប៉ុន្តែការប្លន់រឹបអូសប្រមែប្រមូលបានចាប់ផ្តើមឡើងហើយ ជាមួយគ្នានឹងការកំហែងកំហល់ ដែលអិតមានស្គាល់ព្រំដែន។ ទាំងនេះខ្ញុំនឹកគិតក្នុងចិត្តក្រៀមក្រំ នឹងច្បាស់ជាជំនួយលើកកំលាំងចិត្ត ដល់ការឃោសនារបស់យួនខាងជើងជាពុំខាន។ ពួកយៀកកុងនឹងច្បាស់ជាបន្តធ្វើអំពើហឹង្សាតាមពីក្រោយជំហានរបស់យើង ហើយទំលាក់ទោសកំហុសទាំងប៉ុន្មានមកលើជនជាតិខ្មែរយើងជាចាំបាច់។
ខ្ញុំបានឈរសំលឹងមើលទាំងអៀនខ្មាស់ នូវទិដ្ឋិភាពនៃការលួចប្លន់ នៃទង្វើអនាធិបតេយ្យរបស់ហ្វូងប្រជាជនដ៏ធំសំបើម ដែលខ្ញុំប្រៀបអុបមាទៅ នឹង កូនរបស់ខ្ញុំផ្ទាល់ ហើយដែលបណ្ដាលអោយខូចខាតល្អក់ពណ៌ចំពោះទិវាប្រវត្តិសាស្ត្រនៃបដិវត្តន៍របស់យើងអស់រលីង។ ខ្ញុំបានឈរសំលឹងមើលព្រឹត្តិការណ៍ទាំងនេះ ហាក់ដូចជាមេធ្មប់របេះក្បាច់ម្នាក់ ដែលខកសេចក្តីសង្ឃឹម រឺ បើពុំដូច្នោះទេ ខ្ញុំមានអារម្មណ៍ប្រហែលគ្នា នឹង Meursault តួអង្គ «l'étranger» របស់ Albert Camus) ដែលបន្ទាប់ពីបានទាញកៃផ្ទួនៗច្រើនដង បាញ់កាំភ្លើងរេវ៉ុលវែរ នៅកណ្ដាលពន្លឺសូរិយាក្តៅហែងចាំងខ្វាក់ភ្នែកទៅលើ សាកអសុភរបស់ជនអារាប់ម្នាក់ដែលគ្មានកំរើក ខ្ញុំមានជំនឿថា ខ្ញុំទើបនឹងបានគោះទ្វារឋាននរកអោយរបើកឡើង។
នៅពេលនោះ បើទោះជាកងទ័ពលោកលន់-នល់ ក៏ពុំមានសមត្ថភាពធ្វើអន្តរាគមន៍ ដើម្បីទប់ទល់ នឹង អំពើហឹង្សារបស់ប្រជាជនផងដែរ វៀរលែងតែគេបាញ់ប្រហារត្រង់ៗ ទៅលើក្រុមនិស្សិតតែម្តង។ ទាំងនេះហើយគឺផលវិបាកនៃបាតុកម្មមួយ ដែលគេទាញខ្សែពីចំងាយ។ ពួកអ្នកទទួលខុសត្រូវមិនបានមកឈរនៅទីនោះ ដើម្បីត្រួតពិនិត្យលើកំហឹងរបស់ប្រជាពលករនោះឡើយ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា រដ្ឋអំនាចខ្មែរកំពុងតែរបូតធ្លាក់ជាសំងាត់ទៅក្នុងកន្ដាប់ដៃ នៃហ្វូងប្រជាជនអនាធិបតេយ្យ។ ខ្ញុំខំប្រឹងទប់ទល់ នឹងខ្លួនអែង ដោយរឹងគ្រញែងខ្លួន ដោយមកនឹកគិតថា ខ្ញុំក៏មិនអាចវិលត្រលប់បកថយក្រោយបានដែរ ព្រមទាំងសំរេចថា បាតុកម្មអ្វីក៏ដោយនៅប្រទេសកម្ពុជា តែងតែក្លាយនៅចុងចប់ទៅ ជាជំនោរកំហឹងដ៏ភ្លូកក្រលាប់។ ម៉្លោះហើយខ្ញុំក៏ខំប្រឹងសំរបខ្លួនយ៉ាងជិតដិតបំផុត ជាមួយនឹងគោលជំហរជាមូលដ្ឋាននៃប្រជាជនទាំងនេះ ដែលជាគោលជំហររបស់ខ្ញុំផងដែរ ពោលគឺប្រឆាំងយ៉ាងដាច់ខាត ដោយគ្រប់មធ្យោបាយ មិនអោយមានវៀតណាមូបនិយកម្មនៃប្រទេសកម្ពុជា តាមរយៈពួកយៀកកុងនោះឡើយ។
បន្តិចក្រោយមក ហ្វូងមនុស្សដ៏សំបើមក៏ធ្វើចលនាត្រលប់បញ្ច្រាស់ទិសទៅវិញ គឺដើរតំរង់ទៅរកស្ថានទូតវៀតកុងដែលនៅអែនាយឆ្ងាយឆ្ពោះទៅទិសខាងជើង នៅម្តុំប្រជុំជន Downtown) នៃទីក្រុងភ្នំពេញតែម្តង។ នៅពេលដែលពួកគេបាន ដើរមកដល់ផ្លូវបែក មហាវិថីមុនីវង្សជាមួយនិងរុក្ខវិថី Charles De Gaulle, ពួកពុលក្តួចមួយក្រុមដែលនៅជុំវិញខ្ញុំ ក៏ចង់ដើរតាមផ្លូវក្រោយនេះ ដើម្បីទៅថ្កោលទោសស្ថានទូតចិន ដែលនៅចំងាយប្រមាណ៨០០ម៉ែត្រពីទីនោះ។ ប៉ុន្តែពួកនេះ បានប្តូរគំនិតវិញយ៉ាងរហ័សរហួន ដោយអ្នកផងដឹងថា ស្ថានទូតចិនមានលក្ខៈដូចបន្ទាយ ហើយមានរបងព័ទ្ធជុំវិញដូចកំពែង។
ប្រហែលជាថ្ងៃត្រង់ ពួកអ្នកដឹកនាំក្បួនចលនារបស់យើង ក៏បានដើរមកដល់ស្ថានទូតយៀកកុង។ ទីកន្លែងនេះ រឹតតែស្រួលវាយប្រហារជាងស្ថានទូតវៀតណាមខាងជើងទៅទៀត ពីព្រោះជាអាគារមួយដ៏ស្តើងស្គម ដែលស្ថិតនៅចំកណ្ដាល ទីប្រជុំជនអ្នកជំនួញតែម្តង។ ជាពិសេស គេអាចចូលទៅដល់រានហាលនៃស្ថានទូតតែម្តង ដោយគ្រាន់តែសួរឡើងតាម ដំបូលផ្ទះរបស់អ្នកជិតខាងតែប៉ុណ្ណោះ។ ម្តងនេះពួកបាតុករកាន់តែស្រវឹងភ្លើតភ្លើន ចំនែកទង្វើលួចប្លន់កាន់តែកើនចំនួនឡើងជាលំដាប់។ ប្រការនេះបានចាប់ផ្តើមឡើង ដោយបាតុករមួយចំនួន បានវាយសំរុកចូលស្ថានទូត។ បន្ទាប់មក ក៏មានអ្នកដើរលំហែកាយ ពួកអ្នកធាក់ស៊ីក្លូ ពួកមនុស្សមកពីខាងក្រៅបាតុកម្មសុទ្ធសាធ ដែលចូលលាយឡំជាមួយនឹងពួកនិស្សិត ដើម្បីមកប្រមែប្រមូលបោសសំអាតគ្មានអោយសល់។ ពួកគេបានចូលទៅដល់ការិយាល័យនៃស្ថានទូត ហើយមិនយូរប៉ុន្មាន ក៏បានចូលទៅដល់ឃ្លាំងប្រាក់របស់យៀកកុង។ ពួកគេបានប្រមូលយកប្រាក់ដុល្លារអាមេរិកាំង មកបាចសាចនៅត្រង់រានហាល។ ពួកអ្នកខ្លះ ក៏ដុតក្រដាស់ប្រាក់ទាំងនេះ ដែលជាសញ្ញានិមិត្តរូបនៃអំពើពុករលួយ គឺហាក់ ដូចជាដេញខ្មោចអោយចេញពីរូបកាយជនខ្មែរ ពោលគឺមិនត្រូវយកដីកម្ពុជាទៅដូរជាមួយប្រាក់ដុល្លារសោះឡើយ។ ពួកអ្នកខ្លះទៀត តាមអ្នកផងប្រាប់ខ្ញុំ គឺបានលួចយកប្រាក់នេះញាត់ក្នុងហោប៉ៅតែម្តង។
ខ្ញុំបានចាកចេញពីកន្លែងពុលក្តួចយ៉ាងប្រញាប់ ហើយក៏បានវិលត្រលប់មកការិយាល័យសារពត៌មានរបស់ខ្ញុំវិញ។ រូបខ្ញុំតែមួយស្ថិតនៅក្នុងស្ថានភាពហេងហាង រារែកបែកជាពីរ ម្ខាងស្រវឹង ម្ខាងមានការសោកស្តាយ។ ជានិច្ចជាកាល ខ្ញុំតែងតែមាន «ចិត្តពីរ» (សេចក្តីភ័យខ្លាចញញើតញញើម) ម៉្យាងខ្ញុំហាក់ដូចជាមានការធូរស្បើយ ប៉ុន្តែម៉្យាងវិញទៀត ខ្ញុំហាក់ដូចជាមានការសង្ស័យ ពោលគឺមិនច្បាស់លាស់ចំពោះអនាគតនៃប្រទេសរបស់យើង។ ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា ពួកខ្មែរអ្នកជាតិនិយមបានប្រព្រឹត្តកំហុសមួយ ដែលមិនអាចកែកុនបាន គឺធ្វើអោយពួកយៀកកុងលេចឡើងជាជន រងគ្រោះ។ ចំពោះក្រុមអ្នកសារពត៌មានដែលមកពីប្រទេសខាងលិច រឿងបញ្ហាដែលយៀកកុងលេបត្របាក់ទឹកដីខ្មែរ គឺ ជាប្រការ «អរូបិយ» ដែលពួកគេមើលមិនឃើញទេ ក៏ប៉ុន្តែការលួចប្លន់ស្ថានទូតនៅចំពោះមុខ “កាមេរ៉ា” នៃពិភពលោកទាំងមូលតែម្តង វាជារឿងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ជារឿងមួយដែលត្រូវទទួលការផ្តន្ទាទោស។
ខ្ញុំគ្មានមោទនភាពទាល់តែសោះ ចំពោះការវាយប្រហារទៅលើស្ថានទូតទាំងពីរនេះ ចំនែកកំលាំងទឹកចិត្តប្រយុទ្ធតស៊ូរបស់ខ្ញុំ បានធ្លាក់ដល់សូន្យ។ ប៉ុន្តែតើខ្ញុំត្រូវធ្វើយ៉ាងណាទៅ ខ្ញុំមិនអាចដាក់ទោសពិន័យទៅលើពួកក្រុមបាតុករ ដែលបានងើបឡើងតាមសេចក្តីអំពាវនាវស្នេហាជាតិរបស់ពួកខាងយើងនោះទេ (ពួករដ្ឋាភិបាលលន់-នល់)។ នៅពេលអារម្មណ៍ធូរស្បើយខ្ញុំក៏ ចាប់ផ្តើមសរសេរអត្ថបទប្រកាន់គោលជំហរកណ្ដាល ពោលគឺយករួចខ្លួន «កំហឹងដ៏ត្រឹមត្រូវនៃប្រជាជនខ្មែរ ចំពោះការឈ្លានពានដែលមិនអាចទ្រាំទ្របានរបស់វៀតណាមខាងជើង»។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានមកគិតឃើញថា គេត្រូវតែ មកដល់ការចុងចប់បែបដូចនេះអែង។ ពួកវៀតណាមខាងជើង មិនត្រូវមានវត្តមានលើទឹកដីនៃប្រទេសយើងនោះទេ។
នៅពេលល្ងាចឡើង ខ្ញុំបានបំភ្លេចចោលទាំងអស់ អំពីការខកចិត្តទាំងប៉ុន្មាន។ ក្រុងភ្នំពេញទាំងមូលមានការត្រេកអរសប្បាយ។ គឺជាសេចក្តីសប្បាយរបស់ប្រជាពលករដែលឆ្លងតាមគ្នា ដ៏ជ្រាលជ្រៅ និង ដ៏គួរអោយស្រវឹង ហាក់ដូចជាគេប្រារព្វធ្វើពិធីបុណ្យជាតិ។ គឺជាសេចក្តីរីករាយពេញចិត្ត ពេញថ្លើម ការធូរស្រាលនៃប្រជាជាតិមួយទាំងមូល ដែលនឹកស្មានថា បានរំដោះរួចពីសេចក្តីទុក្ខបុកម្នេញពីសំណាក់ពួកយៀកកុង។ គឺជាការគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ចំនួនជនជាតិខ្មែរ ដ៏ច្រើនអិតគណនា ដែលមករួមប្រជុំនៅចំពោះមុខមន្ទីររដ្ឋសភាជាតិ ដើម្បីស្តាប់សំលេងេរបស់អ្នកនយោបាយ យើង ដែលគាំទ្រក្រុមបាតុករដោយគ្មានសំចៃ។ នៅក្នុងរដ្ឋសភា ពួកអ្នកតំណាងរាស្ត្រស្ទើរតែទាំងអស់ បានឡើងម្នាក់ម្តង ៗ មកកាន់វេទិកា ដើម្បីថ្កោលទោសធ្ងន់ធ្ងរ ទៅលើវត្តមានយៀកកុងនៅក្នុងទឹកដីរបស់យើង ព្រមទាំងទទួលស្គាល់អំពី សេចក្តីបារម្ភតក់ស្លុត ដែលកាន់តែរីកធំឡើងរបស់ប្រជាជនខ្មែរ។ សំនួនវោហារដ៏ក្បោះក្បាយស្រវឹង នឹង ខ្លួនអែងទាំងនេះ ដែលមានសំលេងខ្លាំងដូចរន្ទះ បានត្រូវចាក់ផ្សាយតាមវិទ្យុជាតិ។ អ្នកតំណាងរាស្ត្រ ដាញ់-សាង ជាអុទាហរណ៍ មនុស្សម្នាក់របស់ទ្រង់ស៊ីសុវត្ថិ-សិរិមតៈ ក៏បានថ្កោលទោសយ៉ាងខ្លាំង ដោយវាយបញ្ឆិតទៅលើនយោបាយខ្វាក់ និងអិត ទទួលខុសត្រូវ (នយោបាយរបស់សំដេចសីហនុ) ដែលបានអនុញ្ញាតអោយមានទីតាំងជាស្ថាពររបស់យៀកកុង។ ការវាយប្រហារតាមពាក្យសំដី ដែលកំពុងតែឡើងសរសៃក ក៏បានក្លាយទៅជាសង្គ្រាមវាចាប្រកបដោយគ្រោះថ្នាក់។
*** នៅក្នុងសៀវភៅ Cambodge du sourire à l'horreur របស់លោក Jean Morice បានសរសេរអំពីបាតុកម្មនៃថ្ងៃទី១១ មីនា១៩៧០ «នៅពេលថ្ងៃរសៀល ពួលក្រុមនិស្សិតបានមករួមប្រជុំនៅពីមុខសភាជាតិ ដើម្បីដាក់ញតិមួយ ទាមទារសាជាថ្មីអោយមានបណ្ដេញពួកយៀកកុង ដែលតាំងនៅក្នុងទឹកដីខ្មែរ។ នៅពេលល្ងាចឡើង ពួកអ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ ដែលរួមប្រជុំគ្នានៅក្នុងមហាសន្និបាតវិសាមញ្ញ បានបោះឆ្នោតជាអែកច្ឆ័ន្ទ ដើម្បីធ្វើញតិមួយ មានសេចក្តីថា៖
- គាំទ្រទាំងស្រុងចំពោះបាតុកម្មដែលធ្វើឡើងដោយប្រជាជននិងក្រុមនិស្សិត
- ស្នើសុំដល់រដ្ឋាភិបាល អោយធ្វើចំណាត់ការ ដែលតំរូវដោយកាលទេស ដើម្បីជាសេចក្តីបញ្ជាក់ ដល់រដ្ឋាភិបាលបដិវត្តន៍នៃវៀតណាមខាងត្បូង (យៀកកុង) និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតុនៃវៀតណាម (យួនខាងជើង) អំពីខ្សែបន្ទាត់នយោបាយ ដែលប្រទេសកម្ពុជាត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនគ្រប់កាលទេស ក្នុងនាមជាប្រទេសអព្យាក្រឹត្យពិតប្រាកដ។
- ស្នើសុំទៅរដ្ឋាភិបាល អោយធ្វើចំនាត់ការដ៏ខ្លាំងក្លា (ដកស្មៅទាំងរិស) និងដ៏ប្រញាប់ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
ប៉ុន្តែសង្គ្រាមមិនទាន់បានផ្ទុះនៅឡើយទេនៅកម្ពុជា។ សភាពការណ៍មិនត្រលប់ក្រោយពិតមែន ក៏ប៉ុន្តែក៏មិនមែនមានន័យថា មិនអាចកែកុនបាននោះដែរ។ ប្រជាពលរដ្ឋខ្មែរទើបនឹងភ្ញាក់រលឹកពីដំនេក ម៉្លោះហើយពួកគេមិនទាន់យល់ ពីអ្វីៗទាំងអស់ ដោយពួកគេសំលឹងមើលឃើញតែសភាពក្រលាប់ក្រលើតនៃព្រឹត្តិការណ៍ដែលរមៀលចុះឡើង ប្រហែលគ្នានឹងដំនក់ទឹកនៅលើស្លឹកឈូក។ ជនជាតិខ្មែរដឹងថាប្រទេសជាតិ កំពុងឆ្លងកាត់គ្រោះអាសន្ន តែពួកគេពុំបានដឹងទេ អំពីការរាលដាលដូចទឹកបាក់ទំនប់ នៃសង្គ្រាមអាមេរិកាំង-យួន ចូលមកក្នុងទឹកដីកម្ពុជា សង្គ្រាមដែលស្តេចសីហនុ កំពុងចង់បានជាទីបំផុត ដោយព្រះអង្គទទួលជួយពួកយួនយៀកកុងអោយមានទីជំរកអចិន្រ្ដៃ នៅលើទឹកដីកម្ពុជា ព្រះអង្គ កំពុងប្រឹងប្រែងស្វះស្វែងពេញទំហឹង ក្នុងប្រការបានទទួលភោគផលចំណេញពីសង្គ្រាម ទ្រង់ចង់បានចំនែកកេរ្តិ៍ឈ្មោះ និង ជោគជ័យរបស់យៀកមិញ គឺចំនែកដ៏ធំជាងគេសំរាប់រាជសីហ៍ (ដើម្បីត្រួតត្រានៅលើប្រទេសបី គឺមរតកទាំងមូលរបស់ ហូ-ជីមិញ នៅលើអិណ្ឌូចិន រឺ «ព្រះបាទធម្មឹកស្តេចសតូចស្តើងសោយរាជ្យនគរបី» បន្ទាប់ពីមានជោគជ័យនៃការប្រយុទ្ធ តស៊ូរបស់ពួកគេ តទល់នឹង «ចក្រពត្តិនិយមអាមេរិកាំង»។
ប្រជាជនខ្មែរដ៏អភ័ព្វក៏អាចដើរមួយជំហានត្រលប់ថយក្រោយវិញដែរ នៅល្ងាចថ្ងៃទី១១មីនា១៩៧០។ យ៉ាងហោចណាស់ ក៏ពួកគេអាចសន្សំពេលវេលា សន្សំកំលាំងប្រុងប្រៀបរៀបចំខ្លួនអោយបានរួចជាស្រេច មុននឹងលោតចូលទៅប្រយុទ្ធនៅក្នុងសង្គ្រាមមួយដ៏មហាខ្លោចផ្សារ។ ប្រការនេះគឺស្ថិតនៅក្នុងការរៀបចំរបស់អុត្តមសេនីយ៍លន់-នល់ ដែលជាមនុស្សម្នាក់មានអំនត់អត់ធន់ ប្រហែលនៅក្នុងចំនោមពួកយើងរាល់គ្នា លោកជាបុគ្គលដែលមានអំនត់អត់ធន់ច្រើនជាងគេទាំងអស់! ក៏ហាក់ដូចជារឿង «ស្រីស្រស់ដែលដេកលក់នៅក្នុងព្រៃជ្រៅ La Belle au bois dormant) ប្រជាជនខ្មែរក៏អាចដេកលក់ត្រលប់ទៅវិញបានបន្តិចទៀតដែរ ល្គឹកណាបើលោកលន់-នល់ នាយករដ្ឋាភិបាលអាចមានលទ្ធភាពចាក់ថ្នាំងុយដេកដល់ពួកគេ។ ក៏ប៉ុន្តែគឺសំដេចសីហនុ ដែលមិនបានទុកអោកាសអោយគាត់បានបំពេញកិច្ចការនេះទាល់តែសោះ។
ប្រទេសកម្ពុជានៃថ្ងៃទី១១មីនា១៩៧០ គឺគ្រាន់តែជានាវាមួយ ដែលព្រះប្រមុខរដ្ឋទ្រង់បានបើកបរយ៉ាងលឿនស្លេវ តំរង់ទៅបុកជល់នឹងថ្មស្រួច។ លោកលន់-នល់ពុំមែនជាអ្នកកាច់ចង្កូតទេ ថ្វីបើគេយករូបគាត់ទៅចងភ្ជាប់នឹងចង្កូតក៏ដោយ។ គឺសំដេចព្រះប្រមុខរដ្ឋ ដែលបានដាស់ស្មារតីប្រជាពលរដ្ឋខ្លួនអែង អោយភ្ញាក់ពីដំនេក ដើម្បីគ្រាន់តែបោះបង់ពួកគេចោលទៅក្នុងវាសនាដ៏មហាអភ័ព្វ។ មកទល់ពេលនេះទង្វើនយោបាយទាំងប៉ុន្មាន ពុំមែនជារបស់អុត្តមសេនីយ៍លន់-នល់ នាយករដ្ឋាភិបាលនោះឡើយ ដោយលោកអុត្តមសេនីយ៍ គាត់គ្រាន់តែបានគោរពទាំងងងិតងងល់ តាមបង្គាប់បញ្ជា ព្រះមហាក្សត្ររបស់គាត់ ដែលមានលក្ខណៈជាទេវរាជ។ គឺសំដេចដែលបានរុញច្រានលោកអុត្តមសេនីយ៍ តាំងពីការ ដួលរលំនៃរដ្ឋាភិបាលទី១ របស់គាត់ នៅពាក់កណ្ដាលឆ្នាំ១៩៦៧ អោយជ្រើសរើសយកមាគ៌ានៃសឹកសង្គ្រាម ទោះដោយសំងាត់ក្តី ទោះដោយចំហក្តី គឺបានជំរុញអោយគាត់ប្រឆាំងទប់ទល់នឹងគ្រោះថ្នាក់យៀកកុង អោយបង្ហាញដល់ប្រជាជនខ្មែរ អំពីវៀតណាមូបនិយកម្មដ៏យង់ឃ្នង និងដ៏ជាក់ស្តែងនៃកម្ពុជា។
នៅល្ងាចថ្ងៃទី១១មីនា១៩៧០ ប្រជាជាតិខ្មែរដែលមិនបានដឹងពីវាសនាអាក្រក់របស់ខ្លួន ដែលមិនបានដឹងពីគ្រោះថ្នាក់ ដល់ស្លាប់ ដែលកំពុងរង់ចាំពួកគេ ដែលមិនបានដឹង ពីគោលបំណងក្បត់ជាតិនៃព្រះអគ្គមគ្គុទ្ទេសក៍ដ៏កំពូល ប្រជាជាតិខ្មែរបានរអិលមកដល់មាត់ជ្រោះនៃមហន្តរាយរួចទៅហើយ។ ថ្ងៃដែលពលរដ្ឋខ្មែរបានងើបឡើងយ៉ាងច្រើនសំបើម ដើម្បីបង្ហាញពីទឹកចិត្តអិតលាក់លៀម តស៊ូប្រឆាំងនឹងពួកយួនកុម្មុយនិស្ត គឺជាទិវាចុងក្រោយនៃសន្តិភាពរបស់យើង។
(អត្ថបទដកស្រង់ចេញពី «មាគ៌ានៃមហាអន្តរាយ» )