គុក កណ្ដុរ និង ភ័យ កេង វ៉ាន់សាក់ |
| ល្ងាចនេះមហាមឃហាក់យំយែក | បានភ្លៀងប្លែកដូចកំពប់ |
| ឆរៗ ឈូៗ មិនឈរឈប់ | ទល់យប់នៅយំមិនស្រាកស្រាន្ដ។ |
| ស្រឹបៗ ភ្នែកបង រលឹមព្រួយ | យំជួយមហាមេឃ អោយសុខសាន្ដ |
| ឈឺចាប់មនុស្សលោកទាំងប៉ុន្មាន | លោកអើយអោយបានរលត់ទៅ។ |
| ស្រឹបៗស្រមៃ ហាក់ឃើញអូន | ស្ងាត់សូន្យក្នុងគុក ទុក្ខជ្រាលជ្រៅ |
| ត្រជាក់ស្រៀតស្រិត នឹកពាលពៅ | ម៉្លេះសមអូននៅព្រួយអែកា។ |
| យូរៗខ្យល់បក់សូរគ្រលួច | តាមកូនបង្អួចហាក់ចរចា |
| ដង្ហោយហៅបង អោយសោកា | ពេលយើងប្រាថ្នាជាមួយគ្នា។ |
| ស្រឹបៗទឹកភ្លៀងជោរជនព្រៀប | ហាក់ហៀបលិចអស់វាលទីធ្លា |
| កណ្ដុរតូចមួយរងា | កំព្រាហែលទឹកមករកបង។ |
| ព្រោះអីលូទឹក លិចគ្មានសល់ | ទឹកដល់កហើយគួរខំផ្សង |
| ហែលមករកទួល ជិតទ្វាររបង | ក្រែងទួលចម្លងផុតក្សិនក្ស័យ។ |
| ឈ្លក់ទឹកក្នុងលូ យូរមកហើយ | បើមិនចេញឡើយ ខានឃើញថ្ងៃ |
| ចេញចុះ! ក្រែងលោជីវិតថ្លៃ | បើក្ស័យគង់បាន ឃើញរស្មី។ |
| កណ្ដុរហែលមកដល់ហើយ | ដល់ត្រើយបានសុខបានសេរី |
| ស្រាប់តែឃើញបងគ្មានឃ្មាតខ្មី | លោតផ្លោតចោលដីភ្លុងក្នុងទឹក។ |
| នឹងចូលលូវិញស្លាប់ដដែល | នឹងហែលមកទួលភ័យពន្លឹក |
| ខ្លាចមនុស្សចាប់ចង វាយវរវឹក | មិនដឹងជានឹកហែលទៅណា។ |
| មុជងើបមុជងើប ហែលទៅមក | ហែលរកស្រោចស្រង់ជីវ៉ា |
| ផុតដៃផុតជើង ផុតប្រាថ្នា | ផ្កាប់ផ្ងារស្រវាអោបជីវិត។ |
| ណ្នើយចុះត្រឡប់មកទួលវិញ | បើយ៉ាងណាមិញក៏មិនពិត |
| ថាមនុស្សឃោរឃៅខំតែគិត | ប្រហារជីវិត សត្វដូចគ្នា។ |
| លើទួលកណ្ដុររលាស់ខ្លួន | ខំពួនធ្វើតូចដូចរងា |
| មើលលិចមើលកើតធ្វើហាក់ជា | កំព្រាស្លូតណាស់សុំតែសុខ។ |
| ធ្វើភ្នែកភ្លិះៗ អង្វរបង | សូរអ្វីម្ដងៗ ធ្លាក់ថ្លើមក្ដុក |
| ភ្នែកនៅលើថ្ងាសត្បុលត្រសុក | សំកុកចាំស្លាប់តាមវាសនា។ |
| ជុំវិញទឹកភ្លៀងលលាមសាយ | ជិតកាយមានមនុស្សចាំប្រហារ |
| ដង្ហើមផុតផើយរកស្រែកថា | «លោកអើយមេត្ដាដល់ខ្ញុំផង!»។ |
| ព្រិចៗទឹកភ្នែកកណ្ដុរយំ | រងំជាមួយព្រួយប្រុសបង |
| មនុស្សសត្វ និង មេឃយំឆ្លើយឆ្លង | យំផ្សងដូចគ្នាសុំតែសុខ។ |
| ប្រសិនកណ្ដុរដឹងថាបង | ជាប់ចងតឹងតែងរែងវិតក្ក |
| ប្រហែលកណ្ដុរអួលណែនចុក | រកសុខជិតបង បានជាគ្នា។ |
| ក្នុងពេលខ្លីនេះឃើញអស់ហើយ | អូនអើយប្រសិនកែវពុំងា |
| បានឃើញភ្នែកស្រស់អូនស្មារលា | ចងពៀរវេរាធ្វើបាបសត្វ។ |
| ដូចមនុស្សលង់ទឹកខំប្រវា | រកតោងទូកក្ដារណារសាត់ |
| មនុស្សលោកគ្រប់គ្នាខំច្រវាត់ | ដូចសត្វចង់រស់ខ្លាចស្លាប់ណាស់។ |
| ឈចាប់ភ័យខ្លាចព្រួយយំយែក | ទឹកភ្នែកមនុស្សសត្វមានដេរដាស |
| ដូចគ្នាខំវៀររើបម្រះ | អោយប្រាសចាកទុក្ខបានសប្បាយ។ |
| ទឹកភ្នែកកណ្ដុរជ្រាបដល់ថ្លើម | ដល់ដួងដង្ហើមហើយសុសសាយ |
| អោយបងគិតដល់ភ័យទាំងឡាយ | ភ័យជិតភ័យឆ្ងាយភ័យលោកា។ |
| ភ័យភ្លើងឆេះផ្ទះភ័យលង់ទឹក | ភ័យភ្លឹកភ័យស្រែកតោងប្រវា |
| បានព្រឹកខ្វហល្ងាចខ្វះអាហារ | កើតភ័យយ៉ាងណាភ័យអត់ឃ្លាន។ |
| ភ័យខ្លាចចោរប្លន់ដុតចាប់ចង | ភ័យរងដំបងវាយបំពាន |
| ភ័យឃើញគ្រប់បែកដុតរុករាន | ទន្ទ្រានសំលាប់ក្មេងចាស់ស្រី។ |
| ភ័យបាត់កូនទៅនៅតែម្ដាយ | ខ្វល់ខ្វាយរលឹកនឹកបេតី |
| ភ័យញ័ររន្ធត់បាត់ស្មារតី | ភ័យបាតសេរីកាយនិងចិត្ដ។ |
| ភ័យព្រាត់គូទៅនៅអែកអែង | ភ័យក្រែងបានហើយមិនថេរឋិត |
| ផ្លាស់ប្ដូរហូរហែទាំងស្នេហ៍ស្និទ្ធ | ប្ដូរកាយប្ដូរចិត្ដភ័យខ្លាចស្លាប់។ |
| ស្លាប់ភ្លាមភ័យយាមយោងកំណើត | ចង់កើតតទៀតឆ្លៀតប្រញាប់ |
| រស់មែនបើក្រជាលំដាប់ | នោះរស់រឺស្លាប់ភ័ដូចគ្នា។ |
| តែមនុស្សមិនព្រមស្លាប់សោះឡើយ | អូនអើយស៊ូរស់ចាស់ជរា |
| ក្នុកខ្ទមភក់ជ្រាំទ្រាំវេទនា | អោយតែការពារជីវិតបាន។ |
| ប្រៀបដូចកណ្ដុរពួនក្នុងលូ | មនុស្សលោកខំស៊ូពួនក្នុងប្រាណ |
| ក្នុងភ័យទុក្ខព្រួយទាំងប៉ុន្មាន | រួចសឹមចង់បានសុខសប្បាយ។ |
| ភ័យកើតឡើតទៀតតាមប្រាថ្នា | បានហើយសង្កាភ័យសោកស្ដាយ |
| ភ័យរស់ភ័យស្លាប់លលាមសាយ | ភ័យបាំងសប្បាយឃើញព្រឹមៗ។ |
| អស់ឱទឹកភ្នែកអ្នកភ្លៀងមក | ហូរយកទុក្ខភ័យទៅរលឹម |
| ស្រឹបៗរលត់បានញញឹម | សង្ឃឹមពិតមែនតែថ្ងៃក្រោយ។ |
| ភ្លៀងមកអស់អោមហាមេឃា | ភ្លៀងជាស្នេហាហូរអំណោយ |
| មកស្រាយស្រោចស្រង់ក្រខ្សត់ខ្សោយ | ភ្លៀងអោយរលាយភ័យមនុស្សលោក។ |
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak)))))))))))))))))))))))))))))))))))))))))) |
គុក កម្មទំលាប់ បញ្ហាអតីតកាល |
| ព្រលឹងមាសអើយ | យូរថ្ងៃណាស់ហើយ | ជញ្ជាំងជុំជិត |
| បងនៅរងទុក្ខ | ក្នុងគុកងងឹត | ហេតុនាំអោយគិត |
| | តែពីខ្លួនអែង។ | |
| អិតជួបអ្នកណា | ខានស្ដាប់វាចា | នៅមួយកន្លែង |
| ដាច់ពីមនុស្សលោក | វិយោគចំបែង | ឃើញតែខ្លួនអែង |
| | គួរអោយខ្លាចណាស់។ | |
| ឈាមហូររសឹប | សរសៃប្រឹបៗ | ជីពចររហ័ស |
| ស្រេកឃ្លានគ្រប់មុខ | សុខទុក្ខជាន់ចាស់ | សោកស្ដាយព្រាត់ប្រាស |
| | អន្ទោលតាមបង។ | |
| ចិត្ដចង់ចងចាំ | រស់ជាផលកម្ម | អង្គុយសាកសង |
| សាកសួរក្នុងគុក | ទល់មុខប្រុសបង | ជាប់ពីរចំណង |
| | គុក និង អាត្មា។ | |
| ជាប់គុករួចបាន | ជាប់នឹងខ្លួនប្រាណ | លុះអស់សង្ខារ |
| ខ្លួនតាមខ្លួនជាប់ | ទំលាប់យ៉ាងណា | អែអង្គអាត្មា |
| | ក៏យ៉ាងនោះដែរ។ | |
| អណ្ដាតជាប់ឆ្ងាញ់ | ចិត្ដជាប់ស្រលាញ់ | ធ្លាប់ជាប់ហូរហែ |
| ដៃជាប់អង្អែល | ជាប់ក្អែលជាស្លែ | ដឹងហើយប៉ុន្ដែ |
| | រកដោះពុំបាន។ ៤០ | |
| ត្រចៀកធ្លាប់ស្ដាប់ | ភ្លេងភ្លាត់សូរស័ព្ទ | អូនសើចកំសាន្ដ |
| ក្លិនជាប់ចងខ្លុះ | ច្រមុះតាមដាន | ពិដោរភុំផាន |
| | ក្រអូបក្រាស់ក្រៃ។ | |
| ភ្នែកធ្លាប់ក្របយក | រូបរាងពន្លក | ព្លឺថ្លើមថ្លៃ |
| ទន់ភ្លន់ស្រៀវស្រើប | សំរើបយប់ថ្ងៃ | ស្រៀវស្រួលស្រមៃ |
| | ឃើញតែស្រីស្រស់។ | |
| មាត់ធ្លាប់និយាយ | ជជែករៀបរាយ | រើសរកសេចក្ដី |
| រឺធ្លាប់ថើបធួន | បំពួនបេតី | បំពេរអូនស្រី |
| | ថាបងស្នេហា។ | |
| ធ្លាប់គគូរធ្លាប់គិត | ធ្លាប់ប្ដូរគំនិត | ដោះស្រាយបញ្ហា |
| ដោះតាមបំណង | ប៉ុនប៉ងលោកា | បានតាមស្នេហា |
| | គូគាប់ពីរនាក់។ | |
| ធ្លាប់ឃើញគ្នីគ្នា | ជិតឆ្ងាយមកជា | សំលាញ់មិត្ដភក្ដិ |
| ធ្លាប់ឃើញកម្មករ | អូរអររាក់ទាក់ | ធ្លាប់ឃើញពីរនាក់ |
| | បងស្នេហ៍អូនស្និទ្ធ។ | |
| អីលូវអូនអើយ | ទំលាប់នេះហើយ | តាមបងប្រកិត |
| ដូចជាស្រមោល | អន្ទោលតាមស្អិត | ជាប់កាយជាប់ចិត្ដ |
| | ជាប់ពេញទាំងខ្លួន។ | |
| ឆ្ងាញ់ជាប់អណ្ដាត | បាយគុកប្រហាត | នាំអោយរុកគួន |
| រើករកយប់ថ្ងៃ | ស្នាដៃនឹមនួន | ឆ្ងាញ់នៅពេញខ្លួន |
| | មិនឆ្អែតសោះឡើយ។ | |
| ដៃនៅអង្អែល | ស្ទាបទៅប្រហែល | ហាក់បះពូកខ្នើយ |
| ពិតមែនតែក្ដារ | មិនថាសោះឡើយ | អោយតែបានស្បើយ |
| | ទំលាប់ធ្លាប់ចង់។ | |
| ម្នាក់អែងស្ងាត់ឈឹង | ក៏នៅរំពឹង | ស្ដាប់តាមចំណង់ |
| លឺសូរសំដី | ស្រស់ស្រីផូរផង់ | ស្រួចស្រើបចិត្ដចង់ |
| | ចងជាប់កាមា។ | |
| ឃើញមានជញ្ជាំង | តែមិនបិទបាំង | រូបរាងកនិដ្ឋា |
| ស្រលូនដូចម្ដេច | បងធ្មេចស្រវា | អោមមែនបះក្ដារ |
| | ក៏អោបតាមធ្លាប់។ | |
| និយាយម្នាក់អែង | ទៅនឹងកំពែង | តេហាក់គូកាប់ |
| បំពេរឆ្លងឆ្លើយ | អោយស្បើយអភ័ព្វ | បាត់ចង់បាត់ជាប់ |
| | គុកធ្លាប់ស្រលាញ់។ | |
| ធុំហើយក្លិនគុក | ឆ្អេះឆ្អាប់គ្រប់មុខ | តែធ្លាប់ធុំឆ្ងាញ់ |
| ពិដោរកនិដ្ឋា | ស្រវាខ្មួលខ្មាញ់ | នឹកឡើងគ្នាន់កក្នាញ់ |
| | ធុំចង់ថើបអូន។ | |
| ស្ងាត់ណាស់គិតណាស់ | ចិត្ដហូរប្ដូរផ្លាស់ | គិតពេញសំនួន |
| ស៊ូជួបជុំមិត្ដ | មិនគិតជាប់ជួន | បើជួបតែខ្លួន |
| | គិតមិនឈរឈប់។ | |
| ទំលាប់អស់នេះ | អូនអើយមិនចេះ | ស្រាកស្រាន្ដរលប់ |
| ធ្លាប់ចិត្ដធ្លាប់សាច់ | មិនបាច់ថ្ងៃយប់ | ធ្លាប់នៅសន្ធាប់ |
| | ក្នុងគុកអាត្មា។ | |
| ឱអូនពុំងា | យើងជាប់គ្រប់គ្នា | ក្នុងគុកតណ្ហា |
| គុកបងពីរជាន់ | នៅវ័ណ្ដវាសនា | តែគុកអាត្មា |
| | គេមានសេរី។ | |
| គេចង់ទៅណា | លោតលេងស្នេហា | បានតាមគប្បី |
| គុកផងខ្លួនផង | គុកបងអប្រិយ | ជាប់អិតសេរី |
| | ផ្កាប់ធ្លាប់បានហើយ។ | |
| ចង់ហើយបានភ្លាម | ឆ្អែតហើយសាច់ឈាម | ធ្លាប់បានធូរស្បើយ |
| នាំអោយលង់លក់ | ទ្រមក់កន្ដើយ | មិនដឹងខ្លួនឡើយ |
| | ថាជាប់ខ្លួនអែង។ | |
| ចង់ហើយមិនបាន | សាច់មិនសុខសាន្ដ | ចិត្ដអែងចំបែង |
| ទប់ជាប់ធ្លាប់ប្រឹង | តេដឹងខ្លយនអែង | ថាជាប់កំពែង |
| | គុកគប់អាត្មា។ | |
| ប្រសិនទំលាប់ | ចង់ភ្លែតយើងផ្គាប់ | ចំណីអាហារ |
| ឆ្អែតមែនសាច់ឈាម | ឆ្អែតភ្លាមកាលណា | កាលនោះតណ្ហា |
| | ចង់កាន់តែខ្លាំង។ | |
| បើយើងបង្អត់ | ទំលាប់ខ្សោយខ្សត់ | លើកគ្នាមកច្បាំង |
| រុករានខ្លាំងឡើង | ហើយយើងតតាំង | ធ្លាប់ខ្សោយកំលាំង |
| | តែមិនរលប់។ | |
| ហេតុនេះបានជា | ក្រពះគ្រប់គ្នា | ស៊ីជុះមិនឈប់ |
| បានស៊ីនៅឃ្លាន | បើគ្មានខំទប់ | ឃ្លានធ្លាយទំនុក |
| | ខាងណាពុំបាន។ | |
| បើចង់កំចាត់ | ទំលាប់អោយបាត់ | ត្រូវធ្វើអោយបាន |
| ទំលាប់មួយទៀត | ទើមឆ្លៀតប្រែប្រាណ | ប្រែអោយសុខសាន្ដ |
| | បានដោយដឹងខ្លួន។ | |
| មានចុះទំលាប់ | តែត្រូវយើងធ្លាប់ | តាំងចិត្ដមាំមួន |
| ទប់ឬបណ្ដោយ | ធ្លាប់អោយសមសួន | ធ្វើជាម្ចាស់ខ្លួន |
| | ដឹកនាំវាសនា។ | |
| កំពែងទំលាប់ | ច្រើនហើយសែនជាប់ | ព្រោះជាសង្ខារ |
| កើតតាមភក្ដី | មេត្រីអាត្មា | រួចបានថ្ងៃណា |
| | ថ្ងៃនោះនិព្វាន។ | |
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak)))))))))))))))))))))))))))))))))))))))))) |