គុកកម្មកិលេស
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី2.មីនា 2019.ម៉ោង 7:59

ជាប់គុកជាប់ចិត្ដ
កេង វ៉ាន់សាក់
ព្រលឹងមាសអើយ ប្រសិនត្រាណត្រើយ នាងនៅងឿងឆ្ងល់
ថាបងជាប់គុកមុខជាប់កលកុនកិច្ចកម្មផល
ការមិនគប្បី។
ព្រលឹងមាសអើយកម្មផលមែនហើយតែមិនដូចស្រី
អាចស្មានថាបងសៅហ្មងអប្រិយគឺកម្មបេតី
ស្រស់ស្រីនេះទេ។
កម្មនេះធ្ងន់ក្រៃជាប់យប់ជាប់ថ្ងៃមកពីបុព្វេ
អោយបងជាប់ចិត្ដនឹងមិត្ដមាសមេបើអូនថាទេ
ក៏បងចាំដែរ។
ព្រលឹងមាសអើយចាំមិនឈប់ឡើយរាប់ថ្ងៃរាប់ខែ
រាប់ឆ្នាំចាំទៀតមិនឆ្លៀតបត់បែរនេះហើយបានតែ
ជាប់គុកស្នេហា។
គុកធំគេដាក់គុកស្នេហ៍បងស្ម័គ្រដាក់អង្គអាត្មា
អោយជាប់ខ្លួនអែងកំពែងតណ្ហាព្រោះអីជីវ៉ា
អូនជាប់ជាមួយ។
ព្រលឹងមាសអើយបើអូនតោះតើយមិនព្រមជាប់ជួយ
ក៏បងស៊ូទ្រាំជាប់ពាំទុក្ខព្រួយស្រលាញ់តែមួយ
មិនចង់ចេញឡើយ។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))
គុក និង កម្មផល
កេង វ៉ាន់សាក់
ព្រលឹងមាសអើយបងប្រាប់អស់​ហើយបើនៅសង្ស័យ
ព្រោះបងជាប់គុករងទុក្ខក្រាស់ក្រៃហើយកែវដោះដៃ
ដកចិត្ដស្នេហា។
អោយបងបានអីលួងលោមស្រស់ស្រីក្រៅពីចិន្ដា
សូមអូនកុំឆ្ងល់កម្មផលទេណាអោយបងអសារ
បាត់បង់សេរី។
កាលបងនៅក្មេងកាលគ្មានអីលេងបងបានចាប់ត្រី
ដាក់ដបចិញ្ចឹមត្រីក្រឹមពីរបីបំបាត់សេរី
មច្ឆាកំសត់។
គ្នាជាប់គុកដបធ្វើមាត់ម្ហបម្ហបហែលហាក់សេនហត់
ចំណីស្នេហ៍ស្នងក៏បងបង្អត់អោយត្រីកំសត់
ព្រាត់ប្រាសគូគ្នា។
អំពើនេះអែងវិលវឹងជាក់ស្ដែងជាពៀរវេរា
អន្ទោលតាមមករិះរក ផ្ដន្ទាអោយយើងព្រាត់គ្នា
ព្រោះតែត្រីក្រឹម។
បានជាលោកថាព្រេងព្រិទ្ធវាសនាគឺយើងចិញ្ចឹម
បណ្ដុះខ្លួនអែងរមែងសន្សឹមហែលដូចត្រីក្រឹម
មកដាក់គុកបង។
ធ្វើបុណ្យបានបុណ្យធ្វើបាប ពីមុនបានវិលមកសង
ស្អប់គេ គេស្អប់មិនចប់សំណងប្រសិនស្នេហ៍ស្នង
គេស្នេហ៍វិញដែរ។
ចុះហេតុដូចម្ដេចបានមិនសំរេចធម៌នេះហូរហែ
បងខំស្នេហាជីវ៉ាណាស់ដែរហេតុអ្វីបានតែ
អូនមិនមេត្រី។
ប្រហែលដូចជាទុច្ចរិតនឹងគ្នានៅនាលោកិយ
មិនចេះបាបសោះចាំអស់ផែនដីជាតិ​ក្រោយទើបស្រី
ស្រលាញ់បងវិញ។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))
ថ្ងៃអាទិត្យក្នុងគុក
កេង វ៉ាន់សាក់
ថ្ងៃនេះថ្ងៃល្អ ថ្ងៃអាទិត្យ បងគិតកាលធ្លាប់មានសេរី
បណ្ដើរអូនលេង តាមវិថី កៀកដៃស្រស់ស្រីសើចញញឹម។
ទាស់តែថ្ងៃនេះបងជាប់គុក ភ្ញាក់ឡើងលុបមុខពីព្រលឹម
មើលតាមប្រហោងភ្នែកព្រឹមៗសង្ឃឹមថាអូនមកជួបបង។
ចាំអើយចាំទៀត ចាំស្រីថ្លៃ ទាល់ថ្ងៃអាទិត្យផុតកន្លង
អាទិត្យពីរបី ក៏បំណងរៀបបងមិនបាត់សង្ឃឹមដែរ។
ឃើញតែអ្នកទោសច្រើនរងួយ មុខព្រួយ អង្គុយរាបហូរហែ
ចាំគេបញ្ចេញដេញដូចឆ្កែអោយជួបញាតិដែរ មួយរំពេច។
ខ្លះបានបារីពីរបីដើម ផុតផើយដង្ហើម យំព្រិចៗ
អាណិតតូគាប់ ដែលមិនភ្លេចខំវេចចំណីផ្ញើតាមមាន។
ខ្លះគ្រាន់ជួបមុខតែប៉ុណ្ណឹង សាច់ឈាមឈប់ឈឹងបាត់ស្រេកឃ្លាន
ឆ្អែតស្នេហ៍គាប់ចិត្ដជាងធនធាន ព្រោះថាមានគេស្នេហា។
កំលាំងចិត្ដនេះ ជួយទ្រទ្រង់ អោយកាយគង់វង់ទ្រាំវាសនា
ជាប់គុកជាប់ចុះ ក៏មិនថាគង់មានថ្ងៃណាឃើញគូគាប់។
ខ្លះទៀតជញ្ជឹងដាក់មុខជ្រប់ គិតទៅថ្ងៃយប់ដែលមានភ័ព្វ
ជួបបុត្រភរិយាជាទំលាប់ក្រែងចាប់ក្រីក្រ ជំនួសគុក។
បានអីចិញ្ចឹមក្រុមគ្រួសារ បានការអែណាធ្វើដោះទុក្ខ
ភ័យក្រែងបានក្រោយរួចខ្វះមុខជាប់គុកល្អជាងមានផ្ទះនៅ។
បានតែសេរី ពោះនៅឃ្លាន គឺគ្មានសេរី ទេពាលពៅ
តែឃ្លានមនុស្សលោកឃ្លានជ្រាលជ្រៅឃ្លានបាយផ្ទះនៅ ឃ្លានសេរី។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))

គុកាមកិលេស(តវគ្គ3)