ពណ៌នាផ្សេងៗ

ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ថ្ងៃសៅរ៍ ទី11.មីនា 2017.ម៉ោង 9:33
សេចក្តីប្រកាសសាធារណរដ្ឋខ្មែរ
ដោយអ៊ិន-តាំ ប្រធានរដ្ឋសភា
ដកស្រង់ចេញពី “អ្នកជាតិនិយម”
ឆ្នាំទី១២
លេខ៥៣០ សប្តាហ៍៍១២-១៨ តុលា ១៩៧០ ទំព័រ៦-៧
ប្រជារាស្ត្រខ្មែរ ជាជនជាតិមួយស្នេហាសន្តិភាពយ៉ាងខ្ជាប់ខ្ជួនតាំងតែពីបុរាណកាលមក ដោយបានបង្កើតជាសង្គមមនុស្សមួយនៅលើដែនដីសុវណ្ណភូមិ ហើយបានរស់នៅក្រោមការត្រួតត្រានៃជនមួយក្រុម ដែលមានវណ្ណៈជាស្តេចកាន់អំណាចផ្ទាល់ខ្លួន ជាសម្បូរណ៌ាជ្ញាសិទ្ធិរាជ។ អំណាចនេះត្រូវបន្តពូជធារពីមួយទៅមួយ តាំងពីច្រើនសតវត្សមកដល់សម័យសីហនុ។ ក្រុមនេះគេដណ្ដើមគ្នាឡើងសោយរាជ្យ រហូតដល់ហ៊ានយកទឹកដីដូររាជ្យនោះក៏មាន។ ដើម្បីអោយគេនៅក្នុងវង្សបានយូរគេត្រូវបំបែករាស្ត្រ បំបែកមន្ត្រីអោយម្នាក់និយាយដើមម្នាក់អាក្រក់។ ពួកគេណាមួយដែលមិនបានសោយរាជ្យ គេត្រូវបានទទួលបុព្វសិទ្ធិពិសេស ចាប់តាំងពីកំនើតមក។ គេបង្កើតពាក្យសំរាប់និយាយរវាងគ្នាគេក្តី ជារាជស័ព្ទផ្សេង ដោយឡែកពីភាសារាស្ត្រ ក្នុងគោលគំនិតតាំងខ្លួនជាអាទិទេពជាទីសក្ការៈរបស់រាស្ត្រ។
- តាំងពីជំនាន់ដើម រាស្ត្រខ្មែរដោយបន្សាបនូវពិសសាហាវនៃអំនាចផ្តាច់ការរបស់ស្តេច ដោយមធ្យោបាយបង្កើតជាប្រពៃណីមួយ អោយស្តេចគោរពនូវច្បាប់ដែលហៅថា “ទសពិធរាជធម៌” ដែលមានលក្ខណៈជាធម្មនុញ្ញតូចមួយមាន១០មាត្រាប៉ុណ្ណោះ ហើយដោយផ្អែកទៅលើគោលមនុស្សធម៌ យុត្តិធម៌តាមអុត្តមគតិនៃព្រះពុទ្ធសាសនា។ អែទសពិធរាជធម៌ទាំង ១០គឺ៖
- ទាន : ការអោយអំនាច ដើម្បីដោះស្រាយបពា?ជាវីភាពទន់ខ្សោយរបស់រាស្ត្រ,
- សីល : កាន់អំពើយុត្តិធម៌ចំពោះសង្គមជាតិ ដោយបើកអោយមានសមភាព សេរីភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គលដល់រាស្ត្រ,
- បរិច្ចាគ : បដិសេធចោលនូវអស្មិមានះ អាត្មានិយមអោយអស់ចេញពីសន្តានចិត្តរបស់ខ្លួន,
- អាជីវ : ប្រកាន់សច្ចៈទៀងត្រង់,
- មទ្ទវ : មានអិរិយាបថស្លូតបូតសុភាពរាបសារដោយកាយវាចា,
- តប : រក្សាលីលប្រាំចាំសីលប្រាំបី,
- អកោធ : មិនធ្វើអោយអ្នកផងក្តៅក្រហាយដោយសារខ្លួន,
- ៨អវិហឹសា : មិនបៀតបៀនព្យាបាទអ្នកដទៃអោយវិនាស ដោយសារកំហឹងរបស់ខ្លួន,
- ខន្តី : មានចិត្តអំនត់អត់ធន់,
- អវិរោធ : មិនជិះជាន់ច្បាប់ គឺមិនយកច្បាប់មកទ្រាប់អង្គុយ
- ក៏ប៉ុន្តែ ប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរបានអោយយើងដឹងថា ទោះបីមានច្បាប់ទសពិធទាំង១០យ៉ាងខាងលើនោះ តំរូវអោយស្តេចគោរពតាមក៏ពិតមែន តែច្បាប់នេះអាស្រ័យទៅលើចិត្តស្តេចតែខ្លួនអែង បើស្តេចនោះមានអាងធម៌២យ៉ាងគឺ៖
- - ហិរិ : សេចក្តីខ្មាស់អៀនក្នុងការប្រព្រឹត្តអំពើអាក្រក់១
- - អោត្តប្ប : សេចក្តីខ្លាចតក់ស្លុតចំពោះអំពើអាក្រក់១
- ទើបអាចប្រព្រឹត្តទៅតាមទសពិធរាជធម៌នោះបាន ប៉ុន្តែតាមការពិត គេឃើញស្តេចមិនប្រព្រឹត្តតាមទសពិតរាជធម៌ទេដោយមកពីគ្មានហិរិៈ និងអោត្តប្បៈនៅក្នុងខ្លួននោះអែង។
- ដោយស្តេចនីមួយៗ តគ្នាមិនបានកាន់ទសពិធរាជធម៌នេះហើយ បានជាបណ្ដារាស្ត្រមានសេចក្តីក្តៅក្រហាយ រងទុក្ខដោយសារស្តេចជិះជាន់ ហើយរកមធ្យោបាយជាអាវុធ កំចាត់អំពើជិះជាន់របស់ស្តេចមិនបាន ក៏នាំគ្នាបង្កើតពាក្យប្រទេចផ្តាសា បញ្ឆិតបញ្ឆៀងដៅលើជនណាមួយផ្តេសផ្តាសពេកថា “អាចំកួតហ្លួង” ។ ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញអោយឃើញទៀតថា មានរាស្ត្របានសាកល្បងងើបប្រឆាំង នឹង អំណាចផ្តាច់ការរបស់ស្តេចជាហូរហែ ប៉ុន្តែគ្រប់តែពេលត្រូវគេបង្ក្រាបយ៉ាងសាហាវ ការវិវត្តន៍របស់មនុស្សលោក ចេះតែមានដំនើរទៅមុខអិតថយក្រោយ ប្រជារាស្ត្រខ្មែរក៏ដូចជាប្រជារាស្ត្រទូទៅនៅ ក្នុងសកលលោកដែរ ត្រូវការ ៖
- - សេរីភាព
- - សមភាព
- - ភាតរភាព
- - វឌ្ឍនភាព
- - សុភមង្គល
- ក្នុងដំនើររំដោះជាតិពីកន្តាប់ដៃនៃពួកស្តេច ឆ្ពោះទៅរកគោលដៅទាំង៥ដូចខាងលើនេះ ប្រជារាស្ត្រខ្មែរតែងតែប្រើមធ្យោបាយសន្តិវិធី ប្រើច្បាប់ដើម្បីរក្សាលក្ខណៈខ្លួនជាជាតិស្នេហាសន្តិភាព ។
ក្រោយពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅ ប្រជាជាតិក្នុងសកលលោក បានរួមគ្នាធ្វើសេចក្តីថ្លែងជាសកល នូវសិទ្ធិនៃមនុស្សប្រការ២១ វគ្គទី៣ នៃសេចក្តីថ្លែងជាសកលនូវសិទ្ធិមនុស្សបានចែងថា ត្រូវទុកឆន្ទៈរបស់ប្រជារាស្ត្រជាគ្រឹះអំណាច នៃ អនុភាពសាធារណៈ។ ឆន្ទៈនេះត្រូវសំដែងដោយវិធីបោះឆ្នោតសុចរិត ដែលត្រូវ ធ្វើតាមកំនត់កាលដោយវិធីបោះឆ្នោត សកល និងដោយសមភាព ហើយ និង ដោយសំងាត់ ក៏ដោយនីតិក្រមដែលមានន័យដូចគ្នាខាងលើនេះ ក្នុងការធានារ៉ាប់រង ដល់សេរីភាពនៃការបោះឆ្នោតនោះ។ ដោយអនុលោមទៅតាមគោលការណ៍ខាងលើនេះ ខ្មែរស្នេហាជាតិមួយក្រុម មានសេចក្តីក្លាហាន បានក្រោកឡើងចាប់ផ្តើមរៀបចំធ្វើរដ្ឋធម្មនុញ្ញមួយ ដើម្បីកំរិតព្រំដែនអំណាចរបស់ស្តេច និង អំណាចរបស់រាស្ត្រ។
រដ្ឋធម្មនុញ្ញនេះបានប្រកាសអោយប្រើពីឆ្នាំ១៩៤៧ រហូតមក ដោយមានការរអាក់រអួលជានិច្ចជាកាល។ ការរអាក់រអួល នេះបណ្ដាលមកពីស្តេចសីហនុ ជាស្តេចចុងក្រោយបង្អស់ ក្នុងចំនោមស្តេចគ្រប់គ្រងប្រទេសខ្មែរ ដែលគ្មានទសពិធរាជធម៌នោះ។ ស្តេចសីហនុមានពុតត្បុតអាក្រក់ចំលែក ដោយចេះធ្វើមាយាប្រជាភិថុតិចំពោះរាស្ត្រតែសំបកក្រៅ ដោយប្រើល្បិចកិច្ចកលក្តោបអំណាច អោយដៃឆ្វេងកេងកាវទាញយកវិញ ដោយដៃស្តាំសន្ធប់រដ្ឋធម្មនុញ្ញ នៅពីក្រោមអំណាចខ្លួន ដូច្នោះហើយ បានជារដ្ឋធម្មនុញ្ញត្រូវកែប្រែវិលចុះវិលឡើងច្រើនលើកច្រើនសា។ នរណាហ៊ានការពាររដ្ឋធម្មនុញ្ញនេះ នរនោះត្រូវស្លាប់ខ្លួន ដូចលោកប្រធាន អៀវ-កើស ជាអុទាហរណ៍ស្រាប់។ រដ្ឋសភាជាអង្គការតំណាងលទ្ធិប្រជាធិបតេយ្យ ដែលមានករណីយកិច្ច ការពាររដ្ឋធម្មនុញ្ញ ក៏ត្រូវទទួលរងគ្រោះ និងអំពើជិះជាន់របស់ស្តេចចុងក្រោយនេះដែរ។
- តាំងពីចាប់អនុវត្តរដ្ឋធម្មនុញ្ញចំនួន២៣ឆ្នាំនេះ មានរដ្ឋសភា ៦នីតិកាលបានបន្តៗគ្នា។ ក្នុង៦នីតិកាលនេះ នីតិកាលទី១-២-៣ ត្រូវរលាយក្នុងអានត្ដិគឺ
- - រដ្ឋសភាទី១ បានបើកសម័យពីថ្ងៃទី២១ មករា ១៩៤៨ ត្រូវរលាយទៅវិញពីថ្ងៃទី១៧ កញ្ញា ១៩៤៩ហើយបន្ទាប់មកអតីតប្រធាន អៀវ-កើស ត្រូវគេលបសំលាប់ចោល
- - រដ្ឋសភាទី២ បើកសម័យប្រជុំថ្ងៃទី៨ តុលា ១៩៥១ រលាយទៅវិញនៅថ្ងៃទី១៣ មករា ឆ្នាំ១៩៥៣
- - រដ្ឋសភាទី៣ បើកសម័យប្រជុំថ្ងៃទី១ តុលា ១៩៥៥ រលាយទៅវិញនៅថ្ងៃទី៨មករា ១៩៥៨
- រួចខ្លួនតែរដ្ឋសភាទី៤ និង ទី៥ ដែលមានអាយុកាលគ្រប់ឆ្នាំមិនបានរលាយ ព្រោះសមាជិកនៃរដ្ឋសភាទាំងពីរនីតិកាល នេះបានកើតឡើងដោយស្តេចសីហនុ បានចាត់ឈ្មោះអោយទៅឈរក្នុងមណ្ឌលនីមួយៗ គ្មានគូប្រជែង។ រីអែរដ្ឋសភានៃ នីតិកាលទី៦ នាបច្ចុប្បន្ននេះ មានអ្នកតំណាងរាស្ត្រ៨២រូប ដែលបានជាប់ឆ្នោតដោយសុចរិត អំពីឆន្ទៈដ៏បរិសុទ្ធនៃរាស្ត្រ ក្នុងចំនួនបេក្ខជន ៤១៥នាក់ កាលពីថ្ងៃទី១១ កញ្ញា ១៩៦៦។
សភានីតិកាលទី៦នេះ បានខិតខំធ្វើការបំរើរាស្ត្រពេញសមត្ថភាព ដោយពុះពារអុបស័គ្គគ្រប់យ៉ាង ក្នុងកិច្ចការពារផលប្រយោជន៍សិ៍ទ្ធិសេរីភាពរបស់រាស្ត្រ ដែលនាំអោយសីហនុគំរាមកំហែងសង្កត់សង្កិនគ្រប់បែបយ៉ាង មានតំណាងរាស្ត្រ ៣នាក់ត្រូវបាត់ខ្លួន ដោយអុបាយកលសំងាត់របស់សីហនុ តំណាងរាស្ត្រខ្លះត្រូវជាប់គុកក៏មាន អ្នកតំណាងរាស្ត្រទាំងអស់ ត្រូវហាមឃាត់មិនអោយចូលរួមក្នុងបុណ្យអែករាជ្យ និង ក្នុងសមាជាតិ។ ធ្ងន់ទៅទៀតស្តេច សីហនុដែលជាស្តេចចុងក្រោយ បានប្រើអំណាចផ្តាច់ការលក់ដីអោយពួកយៀកកុងយួនខាងជើង តាំងមូលដ្ឋានសឹក ខុសពីនយោបាយអព្យាក្រឹត្យចុងក្រោយរបស់សាមីខ្លួន គឺពេលប្រជារាស្ត្រសំដែងសេចក្តីក្តៅក្រហាយ ចំពោះការជិះជាន់នៃទ័ពបរទេស ស្តេចសីហនុបានទុករាស្ត្ររបស់ខ្លួន តាំងប្រទេសថាជាក្បត់ ហើយខ្លួនទៅរួមគំនិតជាមួយខ្មាំងវាយជាតិរបស់ខ្លួន។ កំហុសចុងក្រោយរបស់ស្តេចសីហនុនេះ បានធ្វើអោយសភាតាំងពីរទំលាក់សាមីខ្លួននៅវេទិកានេះចេញពីតំនែងប្រមុខរដ្ឋ ចាប់តាំងពីថ្ងៃទី១៨ មីនា ១៩៧០។
ប្រវត្តិសាស្ត្រខ្មែរមុនចំបាំងលើកទី២ ដែលខ្មែររស់នៅអាស្រ័យទសពិធរាជធម៌ក្តី ក្រោយចំបាំងលើកទី២ ដែលខ្មែររស់នៅអាស្រ័យរដ្ឋធម្មនុញ្ញជាគោលចរិកក្តី បានបង្ហាញអោយឃើញថា ស្តេចពុំព្រមបោះបង់អំណាចផ្តាច់ការផ្ទាល់ខ្លួនទាល់តែសោះ ហើយបំបាត់ជីវិតពលរដ្ឋចោលខ្លះ សុខចិត្តអោយបាត់បង់ទឹកដីខ្លះចុះ អោយតែខ្លួនបានរក្សាអំណាចផ្ទាល់របស់ខ្លួន។ ដោយយោលទៅលើគុណវិបត្តិជាច្រើននៃលទ្ធិរាជានិយម ដូចបានរៀបរាប់មកខាងលើ៖
- - ដោយស្របនឹងគោលរដ្ឋធម្មនុញ្ញសហប្រជាជាតិ ដែលស្តីពីសិទ្ធិនៃប្រជាជាតិនីមួយៗ ក្នុងការចាត់ចែងខ្លួនទៅដោយសេរី ។
- - ដោយគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលបានសំដែងក្នុងព្យុហយាត្រាកាលពីថ្ងៃទី១១ មេសា ១៩៧០ និងតាមញាតិដែលមានជាបន្តបន្ទាប់គ្នាមកទៀត។
- - ដោយគោរពតាមក្រមលេខ៤៤២-៧០ ចុះថ្ងៃទី៨ តុលា ១៩៧០ ដើម្បី
- - សេរីភាព
- - សមភាព
- - ភាតរភាព
- - វឌ្ឍនភាព
- - និងសុភមង្គល
នៃប្រជារាស្ត្រខ្មែរ យើង អ៊ិន-តាំ ប្រធានរដ្ឋសភា ក្នុងនាមប្រជាជាតិខ្មែរ សូមប្រកាសជាអុឡារិកនៅថ្ងៃទី៩ តុលា ១៩៧០ ចាប់តាំងពីម៉ោង៧នេះទៅ ចាត់ទុកប្រទេសកម្ពុជាជាសាធារណរដ្ឋតែមួយ ដែលបែងចែកពុំបាន ហើយដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋខ្មែរ” ។