ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ...
សំលេង​រៃ​យំ​គ្រលួច ពី​លើ​ចុង​គគីរ​មក​ប៉ះ​ត្រចៀក​បុរី​ជន អោយ​ស្រងេះ​ស្រងោច​ខ្លោច​ផ្សា​ស្ទើរ​ទប់​ជល​នេត្រ​ពុំ​បាន​។ ឆ្នាំ​១៩៤២ ជា​ឆ្នាំ​ដែល​ប្រ​ទេស​យើង​ត្រូវ​បាត់​បង់​អ្នក​ស្នេ​ហា​ជាតិ​មាតុ​ភូមិ​អស់​ជា​ច្រើន​។ ព្រឹត្តិ​ការណ៍​សកល​លោក បាន​តឹង​តែង​ជា​លំ​ដាប់​​។​ សង្គ្រាម​លោក​លើក​ទី​២​ក៏​ផ្ទុះ​ឡើង​។

ស្ថាន​ការណ៍​ក្នុង​ប្រទេស​ខ្មែរ មាន​សភាព​តឹង​តែង​ស្ទើរ​កែ​លែង​រួច ព្រោះ​ប្រជា​ជន​ខ្មែរ​យើង​ហាក់​ដូច​ជា​លង់​លក់ ដោយ​មិន​ដឹង​ថា ប្រ​ទេស​អញ​នៅ​ក្រោម​អំណាច​របស់​បារាំង​ទេ​។ តែ​បើ​ដឹង​វិញ ក៏​គ្រាន់​តែ​ត្រឹម​ដឹង​ស្ទើរ មិន​ហ៊ាន​ធ្វើ​សកម្ម​ភាព​អ្វី​ឡើយ​។ តើ​ដោយ​សារ​អ្វី​? ជន​ជាតិ​ខ្មែរ​ដែល​បារាំង​ចាប់​ខ្លួន គ្មាន​វរជន ​រឺ​ ស្តេច​ណា​ទៅ​សុំ​តវ៉ា​អោយ​រួច​ខ្លួន​មក​វិញ​ទេ​។ គេ​បែរ​ជា​ជំរុញ​អោយ​បរ​ទេស​សំលាប់​ចោល​ទៅ​វិញ​។ ម៉្លោះ​ហើយ អ្នក​មាន​ចំណេះ​តិច​រមែង​ខ្លាច​ស្លាប់​ជា​ធម្ម​តា ការ​ភ័យ​ខ្លាច ក៏​កើត​មាន​ឡើង​។ តែ​ខ្មែរ​ឈាម​អង្គរ​វត្ត​ ធ្លាប់​ធ្វើ​ជា​មហា​អំណាច​មួយ​នឹង​គេ​ដែរ ក៏​ក្រោក​ឈរ​ទាញ​ដៃ​បង​ប្អូន​ឈាម​ខ្លួន​អោយ​ត​ស៊ូ​ប្រយុទ្ធ​ឡើង​។ ក្រុម​បដិវត្តន៍​បាន​តស៊ូ​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​យ៉ាង​មមា​ញឹក ដើម្បី​អោយ​ទាន់​ស្ថាន​ការណ៍ សកល​លោក​ដែល​កំពុង​ច្បាំង​គ្នា​។ ពេល​នោះ​ព្រះ​អាចារ្យ ហែម​ចៀវ តែង​និមន្ត​ទៅ​អប់​រំ​ខ្មែរ​ស្រុក​ស្រែ​ចំការ​ជា​ញឹក​ញយ ដើម្បី​សុំ​ការ​ឧបត្ថម្ភ​ពី​ប្រជា​រាស្ត្រ​គ្រប់​មធ្យោ​បាយ​ និង គ្រប់​សំភារ​។

ចំណែក​ប្រជា​រាស្ត្រ ​និង​ ព្រះសង្ឃ បាន​គាំ​ទ្រ​ក្រុម​បដិ​វត្តន៍ ទាំង​ផ្លូវ​ចិត្ត ផ្លូវ​កាយ​អិត​សង្ស័យ​ឡើយ​។ ផែន​ការ​សំងាត់​របស់​ខ្មែរ​បដិវត្តន៍ បាន​ដឹង​ដល់​ក្រសួង​ស៊ើប​អង្កេត​នៃ​ពួក​បរ​ទេស​។ ការ​នេះ ដឹង​ដោយ​សារ​ទាហាន​ខ្មែរ​យើង​ដែល​នៅ​ស្រលាញ់​បារាំង ហើយ​យក​ការណ៍​ទៅ​អោយ​បារាំង​ដើម្បី​ខ្លួន​បាន​បុណ្យ​ស័កិ្ត (1)

តាម «សៀវ​ភៅ​គុក​នយោ​បាយ​របស់​លោក​ប៊ុណ្ណ ចន្ទម៉ុល» ដែល​ជា​សមាជិក​ម្នាក់​ដ៏​សំខាន់​ នៃ​ក្រុម​បដិវត្តន៍​បាន​សរ​សេរ​យ៉ាង​ច្បាស់​លាស់​ថា ដោយ​ពួក​ទាហាន​ខ្មែរ​ដែល​បាន​មក​ទាក់​ទង​ជា​មួយ​លោក​គ្រូ​អាចារ្យ​ហែម ចៀវ និង​លោក នួន ឌួង​នោះ មាន​ទាហាន​ខ្លះ​ដែល​ស្រលាញ់​បារាំង​ដុះ​ស្លែ​ក្នុង​ខួរ​ដុះ​មិន​ជ្រះ​នោះ វា​នាំ​រឿង​សំងាត់​នេះ​ទៅ​ប្រាប់​បារាំង​ថា លោក​អាចារ្យ ហែម ចៀវ និង​លោក​នួន ឌួង ជា​មេ​ដឹក​នាំ​ពួក​ទាហាន​ខ្មែរ​អោយ​បះ​បោរ​ប្រឆាំង នឹង​ បារាំង​។ ទាហាន​ខ្មែរ​ចំនួន​១៥ នាក់ ត្រូវ​ចាប់​ស្ងាត់​ៗ​ដើម្បី​កុំ​អោយ​បែក​ការណ៍​ ​។

នៅ​ថ្ងៃ​១៧ កក្កដា ១៩៤២ ស្រាប់​តែ​ឃើញ​ចាង​ហ្វាង​គិញ​បារាំង​ម្នាក់ និង លេខា​ធិការ​ខ្មែរ​ពីរ​នាក់​ទៀត មាន​កាន់​សំណុំ​លិខិត​មួយ​ដុំ​ផង បាន​ទៅ​ជួប​លោក អ៊ឹង អ៊ី នា​យក​រដ្ឋ​មន្ត្រី​ព្រម​ទាំង​លោក​ទា សាន ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ និង ធម្ម​ការ និង មន្ត្រី​អែ​ទៀត​។ គ្រា​នោះ ​លោក ទា សាន បាន​បញ្ជា​​លោក ជុំ មួង (កាល​ណោះ​ធ្វើ​ជា​លេខា​ធិការ​ក្រោម​បង្គាប់​លោក​) អោ​យ​ទៅ​និមន្ត​លោក​គ្រូ​អាចារ្យ ហែម ចៀវ​មក​។ លោក​ជុំ មួង នឹក​ប្រហែល​ជា​មាន​ការ​ធំ​ហើយ ក្នុង​រឿង​សំងាត់​ជា​មួយ​គ្នា តែ​ចាប់​លោក​គ្រូ​អាចារ្យ ហែម ចៀវ​ទៅ​ នឹង​រាល​ដាល​ដល់​អាត្មា​អញ​មិន​ខាន ប៉ុន្តែ​ពុំ​ទាន់​ដឹង​ច្បាស់​ជា​រឿង​អ្វី​ដែរ​? ដោយ​ពុំ​ហ៊ាន​សួ​រ​គេ​។

លោក​ជុំ មួង ក៏​ទៅ​វត្ត​ឧណ្ណា​លោម និ​មន្ត​លោក​គ្រូ​ហែម ចៀវ លោក​ក៏​បាន​និមន្ត​ជា​មួយ​គ្នា​ជា​បន្ទាន់​។ តាម​ផ្លូវ លោក​ក៏​បាន​សួរ​លោក​ជុំ មួង ពី​ដំណើរ​ដែល​លោក​រដ្ឋ​មន្ត្រី​អោយ​មក​និមន្ត​នេះ​។ លោក​ជុំ មួង ក៏​ទូល​លោក​តាម​ដំណើរ ដែល​បាន​ឃើញ តែ​ពុំ​ដឹង​ជារឿង​អ្វី​ ​។ លោក​មាន​ថេរ​ដីកា​ថា បើ​វា​សួរ​ពី​រឿង​យើង យើង​ឆ្លើយ​ប្រកែក​ថា តែ​ពុំ​បាន​ដឹង​ទៅ​! រួច​លោក​មាន​ថេរ​ដីកា​ត​មក​ទៀត​ថា លោក​សឺង ង៉ុក​ថាញ់​បាន​ផ្តាំ​ថា បើ​បារាំង​វា​ដឹង​រឿង​ត្រូវ​អោយ​ប្រញាប់​រត់​ចូល​ទៅ​អែ​មន្ទីរ​កង​អាវុធ​ហត្ថ​ជប៉ុន​ជា​ប្រញាប់ ទើប​រួច​ខ្លួន​! យោ​បល់​ទាំង​ពីរ​នាក់​យល់​ថា ច្បាស់​ជា​បារាំង​វា​ដឹង​រឿង​សំងាត់​ហើយ ប៉ុន្តែ​ពុំ​បាន​គិត​ដល់​រឿង​អ្វី​ទេ នឹក​ថា​ប្រ​ហែល​ជា​វា​គ្រាន់​តែ​ហៅ​សួរ​សិន​តែ​ប៉ុណ្ណោះ​ទេ​​យ៉ាង​មើល​? លុះ​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ទៅ​ ដល់​ស្រាប់​តែ​លោក ទា សាន ប្រើ​អោយ​បំរើ​ទៅ​ទិញ​ខោ​១ ​អាវ​១ មក​ហើយ បង្ខំ​លោក​គ្រូអាចារ្យ​ហែម ចៀវ​អោយ​ផ្លា​ស់​ស្បង់​ចីពរ​ពី​ខ្លួន ហើយ​ស្លៀក​ពាក់​ខោ​អាវ​ភ្លាម​រួច​បារាំង​វា​នាំ​ទៅ​តាម​រថយន្ត​វា​បាត់​ទៅ​តែ​ម្តង​។ រក​តែ​រត់​ទៅ​ប្រាប់​អ្នកណា ក៏​មិន​ទាន់​។ គិត​ទៅ​ពួក​គេ​ចាប់​លោក​ផ្សឹក​ទាំង​អិត​ជំនុំ​សោះ​។

លោក​ជុំ មួង កាន់​តែ​ភ័យ​ខ្លាំង​ថា អញ​ច្បាស់​ជា​បារាំង​វា​ចាប់​ខ្លួន​ទៀត​ជា​ពុំខាន​។ លុះ​ដល់​ពេល​ចេញ​ពី​ធ្វើ​ការ ក៏​ទៅ​ជំរាប​លោក សឺង ង៉ុក​ថាញ់​តាម​ដំណើរ​។ លោក​ក៏​ប្រាប់​ថា អោយ​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន បារាំង​ប្រាកដ​ជា​ចាប់​យើង​ហើយ​។ រឿង​ចាប់​លោក​គ្រូអាចារ្យ​ហែម ចៀវ ក៏​ផ្អើល​ឆោ​ឡោ​ឡើង ក្នុង​បណ្ដា​ពួក​លោក​សង្ឃ​ជា​និស្សិត​នៃ​សាលា​បាលី​ជាន់​ខ្ពស់ និង វត្ត​នានា ក្នុង​ក្រុង​ភ្នំពេញ ដែល​ច្រើន​តែ​ជា​មិត្ត​ភ័ក្តិ និង​ជាសិស្ស​របស់​លោក​។

ក្នុងពេល​ជាមួយ​គ្នា​នោះ លោក​នួន ឌួង ក៏​ត្រូវ​គិញ​បារាំង​ទៅ​ចាប់​អែ​ផ្ទះ​ដែរ​។ នៅ​ពេល​ដែល​បារាំង​ចាប់​ផ្សឹក​លោក គ្រូ​អាចារ្យ​ហែម ចៀវ មាន​ការ​ឈឺចាប់​អិត​ឧបមា ធ្វើ​អោយ​ទឹក​នេត្រា​លោក​ហូរ​ដោយ​មិន​ដឹង​ខ្លួន​។ លោក​នឹក​តូច​ចិត្ត នឹង​ ខ្មែរ​គ្នា​អែង ដែល​ធ្វើ​ធំ​ហើយ​ មិន​ជួយ​ឈឺ​ឆ្អាល​ការ​ពារ​កិត្តិ​យស​ព្រះ​សង្ឃខ្មែរ បែរ​ជា​បណ្ដោយ​អោយ​ជន​បរ​ទេស​ញាំ​ញី​តាម​អំពើ​ចិត្ត​របស់​គេ​។ លោក​គ្មាន​នឹក​ខ្លាច​ថា បារាំង​ធ្វើ​ទារុណ​កម្ម​អ្វី​ទេ តែ​លោក​នឹក​ស្តាយ​គំរោង​ការណ៍​ដែល​នឹង​ជិត​បាន​សំរេច​ផល ផ្តល់​ទៅ​អោយ​ប្រជា​រាស្ត្រ​ខ្មែរ ដែល​រស់​ក្នុង​អន្លង់​ទុក្ខ ក្រោម​ក្រញាំ​បិសាច​បារាំង និង​ស្តេច​យង់​ឃ្នង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

នៅ​ក្នុង​ទី​ឃុំ​ឃាំង លោក​អាចារ្យ​ហែម ចៀវ អង្គុយ​សំលឹង​តាម​រន្ធ​តូច​មួយ​មើល​ទៅ​មេឃា ដែល​មាន​ដុំ​ពពក​រសាត់​គ្រឿន​ៗ ប្រៀប​ដូច​ជា​ដុំ​ទុក្ខ​ផុស​ចេញ​ពី​ក្រអៅ​បេះ​ដូង នៃ ប្រជា​ជន​រួម​ជាតិ​។ ព្រះ​អាចារ្យ​ពោល​តែ​ម្នាក់​អែង​ទាំង​ទឹក​ភ្នែក​សស្រាក់​៖

-អោ! ប្រទេស​អញ​អើយ! តើ​កាល​ណា​ទៅ​ នឹង​ បាន​អែក​រាជ្យ​សម្បូ​សប្បាយ​ដូច​សម័យ​មហា​នគរ​វិញ! បើ​មន្ត្រី​ធំ​ៗ​សុទ្ធ​សឹង​លក់​ក្បាល​យ៉ាង​ដាច់​ថ្លៃ​អោយ​បារាំង​ទៅ​ហើយ​។
- តើ​ថ្ងៃ​ណា ទើប​ខ្មែរ​យើង​ក្រោក​ពី​ដេក​? ទើប​ខ្មែរ​ស្គាល់​ខ្លួន​អែង​ជា​មនុស្ស​ដូច​សាសន៍​ដ៍ទៃ​!
- អោ! ប្រិយ​មិត្ត​! ដែល​រួម​ថ្លើម ស៊ូ​ប្តូរ​ជីវិត​អិត​ស្តាយ​ស្រណោះ​ ដើម្បី​ស៊ូ​គ្រ​លាស់​ខ្លួន​អោយ​រួច​ពីនឹម​អណា​និគម​បារាំង​សែស​! មិត្ត​មិន​ដឹង​ជា​ព្រួយ​យ៉ាង​ណា​ទេ!​ ព្រោះ​ខ្លាច​បែក​ការណ៍​ (ផែន​ការ​សំងាត់) របស់​យើង​! មិត្ត​អើយ ទោះ​បី​អា​ចោរ​អប​លក្សណ៍​ទាង​នោះ​ យក​អាវុធ​មក​ពុះ​ទ្រូង​រូង​យក​ថ្លើម​ខ្ញុំ​ក៏​ដោយ ខ្ញុំ​មិន​ឆ្លើយ​ប្រាប់​នូវ​ការណ៍​ពិត​ទាំង​នោះ​ឡើយ​! ខ្ញុំ​មិន​សុខ​ចិត្ត​អោយ​ប្រ​ទេស​ខ្ញុំ​ស្លាប់​ជា​ដាច់​ខាត ហើយ​ខ្ញុំ​មិន​សុខ​ចិត្ត​រស់​ដោយ​ឃើញ​ប្រ​ទេស​ខ្ញុំ​កញ្ជោះ​គេ​ដែរ​។ អោ! មិត្ត​រួមសាសនា​! ខ្ញុំ​សូម​បួង​សួង​ដល់​គុណ​បុណ្យ​ព្រះ​រតន​ត្រ័យ និង​វិញ្ញាណ​ក្ខន្ធ​នៃ​វីរ​បុរស​ខ្មែរ ដែល​មាន​លោក​ក្រលា​ហោម​គង់​ជា​ដើម ជួយ​គាំ​ពារ​អោយ​ការ​តស៊ូ របស់​យើង​បាន​សំរេច​ជោគ​ជ័យ​កុំបី​ខាន ដើម្បី​អោយ​កូន​ចៅ​របស់​យើង ស្គាល់​នូវ​សិទ្ធិ​សេរី​ភាព​យុត្តិ​ធម៌ សុភ​មង្គល​ដូច​អារ្យ​ប្រទេស​នានា។ ទំនួញ​ដ៏​សោក​សៅ​នេះ បាន​ហើរ​ចូល​ទៅ​ក្នុង​បេះ​ដូង​ខ្មែរ​អ្នក​ស្នេហា​ជាតិ អោយ​រឹង​រឹត​តែ​ក្លាហាន​ឡើង​ជា​ទ្វេ​ភាគ​។

សេចក្តី​ទុក្ខ​លំបាក​របស់​លោក ដែល​បារាំង​បាន​ធ្វើ​ទារុណ​កម្ម​យ៉ាង​ព្រៃ​ផ្សៃ ដើម្បី​សួរ​ចំលើយ​នោះ មាន​វិសាល​ភាព​មិន​អាច​ពណ៌នា​បាន​ឡើយ​។ រី​អែ​លោក​នួន ឌួង ធ្វើ​ការ​នៅ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក ក៏​ត្រូវ​ទទួល​អំពើ​យង់​ឃ្នង ដូច​ព្រះ​អាចារ្យ​ហែម ចៀវ​ដែរ តែ​ វីរ​បុរស​ទាំង​ពីរ​រូប​នេះ បាន​រក្សា​ទុក​កិត្ដិ​យស​ខ្មែរ​យើង​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

(1) មាន​ចាស់​ៗ​ខ្លះ​បាន​និយាយ​ថា អាចារ្យ​ហែម ចៀវ ដែល​ត្រូវ​បារាំង​ចាប់​នេះ មក​ពី​ស្តេច​សីហនុ​ខ្សឹប​អោយ​បារាំង​ចាប់ ទើប​បាន​ជា​ពួក​វា​ដឹង​។ ស្តេច​សីហនុ ខ្លាច​ក្រុម​បដិ​វត្តន៍​រំលាយ​រាជ​បល្លង្គ​ចោល ទើប​ធ្វើ​ដូច្នេះ​។