ប្រវត្ដិទ្រង់នរោត្ដម ចន្ទរង្សី

អ្នក​អង្គ​អម្ចាស់ រឺ​ទ្រង់​នរោត្តម​-​ចន្ទរង្សី​(១) ប្រសូត្រ​នៅ​ឆ្នាំ​១៩២៦ រឺ​ឆ្នាំ​ខាល​, ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្ត​ ចន្ទ​លេខា​ ហៅ​ព្រះ​អង្គ​ម្ចាស់​តូ ​ដែល​ជា​បុត្រា​ព្រះ​បាទ​នរោត្តម​ និង​ អ្នក​ម្នាង​តាត​ ទ្រង់​មាន​ប្អូន​ស្រី​រួម​ផ្ទៃ​មួយ​អង្គ​នាម​ម្ចាស់​ង៉ែត​ដែល​ ក្រោយ​មក​មាន​ស្វាមី​ជា​កុំមុយ​សៀរ​ (ស្នង​ការ​ប៉ូលីស​)នាម​ គល់​ និង​មាន​បង​ប្រុស​ម្តាយ​ទី​ទៃ​មួយ​អង្គ​ទៀត​នាម​ ជិ សារិ​ ដែល​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត​កណ្ដាល​។

ចំណែក​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ ចលនា​ជាតិ​និយម​របស់​ក្រុម​អ្នក​ចេះ​ដឹង​ខ្មែរ​បាន​រីក​ដុះ​ដាល​ឡើង​ ដោយ​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​ និង​ ទូលំ​ទូលាយ​ ទាំង​គ្រហត្ថ​និង​ទាំង​ព្រះ​សង្ឃ​។ ក្រោយ​មក​គេ​ដឹង​ថា ចលនា​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​បុគ្គល​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​សឺង ង៉ុក​ថាញ់​, ប៉ាច​ ឈឺន​, អាចារ្យ​ហែម​ ចៀវ​, នួន​ ដួង​ជា​ដើម​។ បន្ទាប់​មក​ ដោយ​បារាំង​ដឹង​រឿង​ស្តី​ពី​ចលនា​បំបះ​បំបោរ​ប្រឆាំង​ នឹង អំណាច​របស់​ខ្លួន​ ទើប​ជា​ដំបូង​បារាំង​ចាប់​ខ្លួន​អាចារ្យ​ហែម ​ចៀវ ​និង​ នួន​ ដួង​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​បាតុ​កម្ម​ទាម​ទារ​អោយ​ដោះ​លែង​ ព្រម​ជា​មួយ​ការ​ប្រឆាំង​នឹង​បារាំង​នៅ​ខាង​មុខ​សាលា​ក្រុង​ភ្នំ​ពេញ​នា​ថ្ងៃ ទី​២០ កក្កដា ​១៩៤២ នោះ​ត្រូវ​បរា​ជ័យ​ទាំង​ស្រុង​ ដោយ​សារ​បារាំង​បង្ក្រាប​នៅ​ នឹង ​កន្លែង​ ព្រម​ទាំង​តាម​ចាប់​ខ្លួន​មេ​ដឹក​នាំ​បាន​ជា​បន្ត​បន្ទាប់​ លើក​លែង​តែ​សឺង​ ង៉ុក​ថាញ់(២)​។ ក្នុង​ចិត្ត​គំនិត​របស់​ពួក​ខ្មែរ​តស៊ូ​បាន​ចាត់​ទុក​ថា ​រាជា “ចលនា​ត​ស៊ូ​ខ្មែរ​អិស្សរ​ជំនាន់​ទី​១​”​ តែ​ជា​ការ​តស៊ូ​តាម​ផ្លូវ​នយោ​បាយ​ដែល​ដឹក​នាំ​ដោយ​លោក​សឺង ង៉ុក​ថាញ់​។

នៅ​ក្រោម​ការ​ជួយ​គាំ​ទ្រ​របស់​យោធា​ជប៉ុន​ គេ​បាន​បង្កើត​ “ទាហាន​ស្ម័គ្រ​ចិត្ត​” មួយ​ក្រុម​ និង ​ក្រុម “រាជ​អង្គ​រក្ស​” ដែល​ដឹក​នាំ​ដោយ​ទាហាន​ជប៉ុន​ម្នាក់​ឈ្មោះ​តាដា​កូមា​។ ដែល​សព្វ​ថ្ងៃ​ជា​លេខា​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ពេល​នោះ ​ទ្រង់​ចន្ទ​រង្សី បាន​ចូល​រួម​នៅ​កង​កំលាំង​ទាហាន​ស្ម័គ្រ​ចិត្ត​នោះ​ ជា​មួយ​អនាគត​មេ​ក្រុម​ខ្មែរ​អិស្សរៈ​ដទៃ​ទៀត​ដែរ​ ដូច​ជា​លោក​ សារូ​, សា វ៉ាង​, សាវ៉ាត​, ហ៉ឹម​-ខាន់​ ជា​ដើម​។

ក្រោយ​ពី​ជប៉ុន​ធ្វើ​ពល​ប្រហារ​ចាប់​កង​ទ័ព​, អ្នក​រដ្ឋ​ការ​ និង ជន​ស៊ី​វិល​បារាំង​ នៅ​ថ្ងៃ​ទី​៩ មីនា​ ១៩៤៥ គេ​បាន​គាំទ្រ​អ្នក​កាន់​ អំណាច​នៅ​អិណ្ឌូ​ចិន​ អោយ​ប្រកាស​អែក​រាជ្យ​របស់​ប្រទេស​រៀង​ៗ​ខ្លួន​។ សម្ដេច​សីហនុ​បាន​ប្រកាស​អែក​រាជ្យ​របស់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​ដដែល​ និង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ (១៨​មីនា​ ១៣​សីហា​១៩៤៥​។ បន្ទាប់​មក​លោក​សឺង​ ង៉ុក​ថាញ់ បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋម​ន្ត្រី​បន្ត​ (១៤​សីហា ១៦​តុលា​១៩៤៥)(៣)​​។ មិន​យូរ​ប៉ុន្មាន​ ជប៉ុន​ចុះ​ចាញ់​ក្នុង​សង្គ្រាម​លោក​លើក​ទី២​ នាំ​អោយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ត្រូវ​តែ​រំសាយ​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​បារាំង​បាន​វិល​មក​ដល់​អិណ្ឌូ​ចិន​វិញ​ យ៉ាង​ឆាប់​រហ័ស​ ជា​ពិសេស​កម្ពុជា​ ដោយ​មាន​ការ​អន្ទង​ហៅ​ជា​មុន​ដោយ​លួច​លាក់​ ពី​បេ​សក​ជន​នៃ​សម្ដេច​នរោត្តម​សី​ហនុ​ គឺ​លោក​ឃឹម​ ទិត​ ដែល​ពេល​នោះ​ជា​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​នៃ​រដ្ឋា​ភិបាល​លោក​សឺង ង៉ុក​ថាញ់(៤)​។

ពេល​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​រំសាយ​ភ្លាម​នោះ​ ទ្រង់​ចន្ទ​រង្សី​បាន​សំរេច​ព្រះ​ទ័យ​រត់​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​រដ្ឋា​ភិបាល​សៀម​ និង ដើម្បី​ចុះ​ចូល​រួប​រួម​ជាមួយ​ “ក្រុម​ខ្មែរ​អិស្សរៈ​”​(៥) ដែល​ខ្មែរ​ស្នេហា​ជាតិ​ជា​ច្រើន​នាក់​បាន​បង្កើត​រួច​ជា​ស្រេច​នៅ​ទី​នោះ​។

ក្រុម​ខ្មែរ​អិស្សរៈ​ដឹក​នាំ​ដោយ​លោក​រស់​ យឺន​
តាម​ពិត​ពាក្យ​ “ខ្មែរ​អិស្សរ​” បាន​កើត​ឡើង​ពិត​ប្រាកដ​ ជា​ដំបូង​បំផុត​ នា​ពេល​គេ​បង្កើត​ចលនា​នេះ​ឡើង​ក្នុង​ខេត្ត​បាត់​ដំបង​ បន្ទាប់ពី​បារាំង​ប្រគល់​ទៅ​អោយ​ប្រទេស​សៀម​វិញ​ដោយ​បង្ខំ​ចិំត្ត​នា​ថ្ងៃ​ទី​៩ ឧសភា ១៩៤១ ​(៦)​។ ពេល​នោះ​សៀម​មាន​គោល​នយោ​បាយ​គាំ​ទ្រខ្មែរ​​ស្នេហា​​ជាតិ​​ទាំង​នោះ​ អោយ​បង្កើត​ចលនា​តស៊ូ​ប្រឆាំង​បារាំង​នៅ​លើ​ទឹក​ដី​ដែល​គេ​គ្រប់​គ្រង​ ជា​ពិសេស​នៅ​ក្នុង​ទី​រួម​ខេត្ត​បាត់​ដំបង​ ដូច​ជា​នៅ​ម្តុំ​វត្ត​ក្តាំង​ងារ​, វត្ត​លៀប​, និង​វត្ត​ពិភិទ្ធ​រង្សី​ (ហៅ​វត្ត​កំភិត​)​។ អ្នក​ចេះ​ដឹង​ខ្មែរ​ម្នាក់​ដែល​ ជា​អតីត​គ្រូ​បង្រៀន​ឈ្មោះ ​រស់​ យឺន​ (៧)ហៅ​ម្សៀ​ (Monsieur) ​យឺន​ ជា​ប្រមុខ​នៃ​ចលនា​ និង​ភូឈួយ​ម្នាក់​ទៀត​ ដែល​ជា​ អ្នក​ធ្លាប់​បាន​រៀន​សូត្រ​ចេះ​ដឹង​ដូច​គ្នា​ដែរ ឈ្មោះ​លោក​ បូរិន​ ព្រម​ទាំង​លោក​ ប៉ុក ​ផល្គុណ​ រឺ​ប៉ុក​ ត្រលាច​ ដែល​ជា​បច្ឆា​ជន​របស់​អភ័យ​ធីបេស​ “​បែន​” ត្រកូល​ស្តេច​ត្រាញ់​នៃ​ខេត្ត​បាត់​ដំបង​ក្រោម​អំណាច​សៀម​ ធ្វើ​ជា​ខ្នង​បង្អែក​។ ពេល​នោះ​គេ​បាន​ដាក់​ទី​ស្នាក់​ការ​កណ្ដាល​នៅ​ផ្ទះ​អ្នក​ល្មាយ​ (​៨) ដែល​ស្ថិត​នៅ​ខាង​ចុង​ស្ពាន​ដែក​។ ប៉ុន្តែ​សមា​ជិក​ជាន់​ខ្ពស់​ភាគ​ច្រើន​នៃ​ក្រុម​នេះ​ ជា​អ្នក​នយោ​បាយ​នៃ​ក្រុម​របស់​លោក​សឺង​ ង៉ុក​ថាញ់​ ដែល​បាន​ភៀស​ខ្លួន​ពី​ភ្នំ​ពេញ​នៅ​ចុង​ឆ្នាំ​១៩៤៥​។

ចលនា​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​សារ​ថវិកា​ឧបត្ថម្ភ​របស់​ “សមា​គម​សង្គ្រោះ​” ដែល​មាន​ទី​ស្នាក់​ការ​នៅ​ក្នុង “​វត្ត​សង្កែ” និង​គ្រប់​គ្រង​ដោយ​នាយក​ “ឈួន” ព្រម​ជា​មួយ​យុវ​ជំនួយ​ការ​ម្នាក់​ឈ្មោះ ​នី-វ៉ាន់​ធី (បុគ្គល​ដែល​យើង​បាន​ធ្វើ​សំភាសន៍៍​នេះ​អែង​)​។ សមា​គម​សង្គ្រោះ​មាន​ប្រាក់​ចំណូល​ដោយ​សារ​ការ​រក​ស៊ី​សំដែង​សិល្បៈ​ជា​ប្រចាំ​។ លោក​នី-​វ៉ាធី​ គឺ​ជា​អ្នក​ជួយ​រៀប​ចំ​ការ​សំដែង​នៅ​ពេល​នោះ​អែង​។ ពេល​ប្រមូល​បាន​ប្រាក់​ច្រើន​ល្មម​ហើយ​ គេ​បញ្ជូន​ទៅ​បាង​កក​ ដើម្បី​ទិញ​កាំ​ភ្លើង​ និង គ្រាប់​រំសេវ​មក​ផ្គត់​ផ្គង់​ដល់​កង​ទ័ព​ ដែល​បោះ​ទី​តាំង​បន្ទាយ​ហ្វឹក​ហ្វឺន​យុទ្ធ​សាស្ត្រ​នៅ​អន្លង់​វិល​។ តា​ត្រលាច​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​ក្នុង​ការ​ទិញ​អាវុធ​នៅ​ស្រុក​សៀម​ និង​ជា​បុគ្គល​សំខាន់​ម្នាក់​ ដែល​អាច​ទាក់​ទង​ជា​មួយ​ស្តេច​សៀម​បាន​ដោយ​ផ្ទាល់​។ ការ​បង្ក​​បង្កើត​ជា​ចលនា​តស៊ូ​ប្រឆាំង​បារាំង​ ដែល​មាន​មូល​ដ្ឋាន​បង្អែក​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ម្តង​នេះ​ គេ​បាន​ចាត់​ទុក​ជា “ចលនា​តស៊ូ​ខ្មែរ​អិស្សរៈ​ជំនាន់​ទី​២​”​។ ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​កង​ទ័ព​អិស្សរៈ​កាន់​តែ​មាន​ការ​រីក​ចំរើន​ឡើង​ ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ​ប៉ុន្តែ​ដោយ​សារ​អាវុធ​មាន​តំលៃ​ថ្លៃ, មិន​សូវ​សំបូរ​ និង​គួប​ផ្សំ​ថវិ​កា​មិន​មាន​ចំនួន​ច្រើន​ គេ​មិន​អាច​ទិញ​យក​មក​បំពាក់​ដល់​កង​ទ័ព​បាន​គ្រប់​គ្នា​ឡើយ​។ កង​ទ័ព​ភាគ​ច្រើន​កាន់​តែ​ដាវ​ប៉ុណ្ណោះ​ ចំណែក​មេ​បញ្ជាការ​ រឺ​មេ​ក្រុម​ធំ​ទើប​មាន​អាវុធ​កាន់​។ ក្រៅ​ពី​នេះ​ នៅ​មាន​កង​ទ័ព​បំរុង​នៅ​សមរ​ភូមិ​ក្រោយ​មួយ​ចំនួន​ធំ​ទៀត​ ដែល​គេ​ហៅ​ថា​ “ទាហាន​សៀ​រី” (៩) ដោយ​​ពួក​នេះ​មាន​ការ​បង្ហាត់​ក្បួន​យុទ្ធ​សាស្ត្រ​តែ​ជា​មួយ​នឹង​កាំ​ភ្លើង​ឈើ​។

ថ្វីត្បិត​ថា​ លោក​រស់​ យឺន​ ជា​មេ​ធំ​ទទួល​បន្ទុក​ទូ​ទៅ​ តែ​ពេល​ចេញ​ប្រយុទ្ធ​ គាត់​មិន​បាន​ដឹក​នាំ​មុខ​ទ័ព​ឡើយ​។ ម៉្លោះ​ហើយ​ គាត់​ហាក់​ដូច​ជា​មិន​សូវ​មាន​អិទ្ធិ​ពល​ខ្លាំង​គ្រប​ដណ្ដប់​លើ​មេ​បញ្ជា​ការ​កង​ទ័ព​ទាំង​អស់​នោះ​ទេ​។ ចំណែក​លោក​ សារូ​ ថ្វីត្បិត​ថា ពេល​នោះ​បំពេញ​តួ​នាទី​ដូច​ជា​មេ​បញ្ជា​ការ​ធំ​នៃ​កង​ទ័ព​ ប៉ុន្តែ​គាត់​ក៏​នៅ​តែ​មិន​មាន​ អិទ្ធិ​ពល​ដាច់​ខាត​ទៅ​លើ​កង​ទ័ព​ទាំង​នោះ​ដែរ​។ បណ្ដា​មេ​ទ័ព​ រឺ មេ​បញ្ជា​ការ​នៃ​ក្រុម​នីមួយ​ៗ​នៅ​ពេល​នោះ​មាន​ដូច​ជា​៖

- លោក សារូ ជាមេបញ្ជាការកងវរសេនាធំ (១០)
- ទ្រង់ ចន្ទរង្សី ជាមេបញ្ជាការកងវរសេនាតូច
- លោក ដាបឈួន (១១) ជា​មេ​បញ្ជា​ការ​កងវរ​សេនា​តូច​ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​របស់​គាត់​មាន​មនុស្ស​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ដូច​ជា កៅ តក់, លាវ កែវ​មុនី, ម៉ី ផូ, ម៉ែមួន...
- លោក ហែម-សាវ៉ាង ជា​មេ​បញ្ជា​ការ​កង​វរ​សេនា​តូច និង​ ហែម សាវ៉ាត ដែល​ត្រូវ​ជា​ប្អូន​ប្រុស​ គឺ​ជា​មេបញ្ជា​ការ​រង​។ សំពន្ធ
- លោក​អ៊ំ ជា​មេ​បញ្ជា​ការ​កង​វរ​សេនា​តូច​ដោយ​ក្រុម​នីមួយ​ៗ​ជួន​កាល​គេ​ហៅ​ថា “កង​រយ​” ព្រោះ​មាន​យុទ្ធ​ជន​ប្រមាណ​ជាង​ ១០០​នាក់ ដែល​ចំនួន​នេះ​ប្រហាក់​ប្រហែល​ នឹង រចនា​សំពន្ធ​កង “​វរ​សេនា​តូច​” លើក​លែង​តែ​ក្រុម​របស់​លោក​ សារូ​ ដែល​មាន​យុទ្ធ​ជន​ច្រើន​ជាង​គេ​ ទើប​អ្នក​ផ្តល់​សំភាសន៍​យើ៍ង​ប្រើ​ពាក្យ​ថា “​កងវរ​សេនា​ធំ​”​។

(១) ពត៌​មាន​ដែល​យើង​ប្រើ​ ដើម្បី​សរ​សេរ​អំពី​សកម្ម​ភាព​របស់​ទ្រង់​ចន្ទរង្សី​នេះ​ បាន​ពី​ការ​ធ្វើ​សំភាសន៍​ជា​មួយ​លោក​ នី-វ៉ាន់​ធី ដែល​ជា​អតីត​អ្នក​ជំនិត​ម្នាក់​របស់​ទ្រង់​ ចាប់​ពី​ពេល​ទ្រង់​កំពុង​វាត​អំណាច​គ្រប់​គ្រង​នៅ​ខេត្ត​កំពង់​ស្ពឺ​ខាង​ជើង​ កោះ​កុង និង​ពោធិ​សាត់ (​ខាង​លិច​) នា​អំលុង​ឆ្នាំ​១៩៥១​ និង​ត្រូវ​ជា​អតីត​បុត្រ​សុនិសា​នៃ​ព្រះ​អង្គ​ម្ចាស់​​ស៊ីសុវតិ្ថ​ វឌ្ឍ​ឆា​យា​វង្ស​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ព្រះ​រាជា​ណា​ចក្រ និង​ត្រូវ​ជា​ព្រះ​រៀម​ (ព្រះ​មាតា​ទី​ទៃ​)​នៃ​ព្រះ​មហាក្ស​ត្រី​យានី​-​កុសុម​។
(២) Cf., www.geocities.com/khmerchronology/1940.html, page 2 of 7 <2/28/03> ។
(៣) Cf., Ibid., page 4 of 7។
(៤) សូម​មើល​ ចាន់​-​ដារ៉ា ​(១៩៨៣) កម្ពុជា និង សហព័ន្ធ​អិណ្ឌូ​ចិន​, ម៉ុង​រ៉េ​អាល់​, កាណា​ដា, ទំព័រ​ទី​៦៧​ (បក​ប្រែ​ជា​ភាសា​ខ្មែរ​ដោយ ប៉ែន​-​នារវី​ និង​អ៊ិត-ថុង​ងួន)​។ Chan Dara. (1983). Le Kampuchea et la fédération indochinoise. Montréal, Canada, p. 67. (Traduit en Khmer par Pen Nearovi et Ith Thong Nguon)
(៥) សូម​បញ្ជាក់​ថា “ក្រុម​ខ្មែរ​អិស្សរៈ​ ”នៅ​ខេត្ត​បាត់​ដំបង​នា​ពេល​នោះ​ មិន​មែន​បង្កើត​ដោយ​លោក​ប៊ុណ្ណ​-​ច័ន្ទ​ម៉ុល តែ​ម្នាក់​​អែង​នោះ​ទេ​ ដូច​ដែល​គាត់​បាន​អះ​អាង​ថា “​គឺ​ខ្ញុំ​នេះ​ហើយ​ ជា​មេ​កោយ​ម្នាក់​របស់​ក្រុម​អិស្សរៈ​”​​។ ប៊ុណ្ណ​-​ច័ន្ទ​ម៉ុល​ (១៩៧៣) ចរិត​ខ្មែរ​, ផ្ទះ​លេខ​៧៩ វិថី​ហែម​ចៀវ​, ភ្នំពេញ​ ទំព័រ​៤២​។ នៅ​ក្នុង​សៀវ​ភៅ “​ចរិត​ខ្មែរ​”នេះ ​លោកប៊ុណ្ណ-​ច័ន្ទ​ម៉ុល​ថា​ គាត់​បាន​ភៀស​ខ្លួន​ទៅ​ដល់​បាត់​ដំបង​មុន​គេ ហើយ​ជា​អ្នក​មាន​គំនិត​ផ្តួច​ផ្តើម​បង្កើត​ចលនា​នេះ​ឡើង​ព្រម​ទាំង​ជា​អ្នក​ចាំ​ប្រមូល​កំលាំង​ដែល​ជា​មនុស្ស​សំខាន់​ៗ​ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ភ្នំ​ពេញ​ ជា​បន្ត​បន្ទាប់​តាម​គាត់​។​ តែបើ​តាម​សំដី​លោក​នី​-​វ៉ាន់​ធី​ថា​ គាត់​បាន​ភៀស​ខ្លួន​ទៅ​ដល់​ទី​នោះ​​ ក្រោយ​ទ្រង់​ចន្ទ​រង្សី​ទៅ​ទៀត​។​ អំលុង​ពេល​ស្នាក់​នៅ​បាត់​ដំបង​នា​ពេល​នោះ​ លោក​ប៊ុណ្ណ​-​ច័ន្ទ​ម៉ុល (បាន​ចំណាយ​ពេល​វេលា​ភាគ​ច្រើន​របស់​គាត់​)​ នៅ​ផ្ទះ​អ្នក​​ល្មាយ​ និង​បន្ទាយ​អន្លង់​វិល​។​
(៦) Raoul M. Jennar, (1995). Les clés du Cambodge. Maisonneuve & Larose, France, p. 51
(៧) បើ​តាម​លោក​នី​-​វ៉ាន់​ធី​ គាត់​មិន​បាន​ចាំ​នាម​ត្រកូល​របស់​មេ​ខ្មែរ​អិស្សរៈ​ទាំង​អស់​នោះ​ឡើយ​ គាត់​ចាំ​ត្រឹម​តែ​ឈ្មោះ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ ចំណែក​នាម​ត្រកូល​របស់​ពួក​គេ​ដែល​យើង​បាន​ដាក់​បំពេញ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ដោយ​សារ​យើង​បានប្រភព​ពី​សៀវ​ភៅ​លោក​ប៊ុណ្ណ​-ចន្ទ​ប៉ុល​។
(៨) អ្នក​ល្មាយ​ ជា​កូន​ស្រី​នៃ​ត្រកូល “កថា​ថន” ដែល​ជា​បច្ឆា​ជន​របស់​ “អភ័យធី​បេស​បែន​” ដែល​ជា​អ្នក​នាំ​យក​ខេត្ត​បាត់​ដំបង​ សៀម​រាប​ កំពង់​ធំ​ទៅ​ដាក់​ជា​ដែន​ដីឧប​សម្ព័ន្ធ​ រឺ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ស្តេច​សៀម​។ គាត់​មាន​ងារ​ជា ​“ឃុន​”​ ដែល​ដូច​គ្នា​នឹង​កូន​ស្រី​ទាំង​អស់​នៃ​ត្រកូល​នោះ​ ដូច​ជា​ឃុន​ស៊ីម​, ឃុន​ថៅ​ ជា​ដើម​។​ មាន​កូន​ប្រុស​ម្នាក់​នៃ​ត្រកូល​នោះ​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​មាន​ឈ្មោះ​ថា “ឃុន​ អផៃ​វង្ស​”​។
(៩) ទាហាន​សៀ​រី​ ជា​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ក្នុង​ជួរ​ខ្មែរ​អិស្សរៈ​ ដែល​គ្មាន​សព្វា​វុធ​ទំនើប​សំរាប់​បំពាក់​អោយ​តែ​ជា​អ្នក​កាន់​អាវុធ​បុ​រាណ​។
(១០) ក្រោយ​មក​គាត់​ត្រូវ​ដាប​-​ឈួន​ លួច​សំលាប់​ចោល​ ក្រោយ​ពេល​បង្កើត​ “គណៈ​កម្មា​ធិការ​ខ្មែរ​កសាង​ជាតិ​” ​ភាគ១​ អែ​នាយ​ជើង​ភ្នំ​ដង​រែក​។
(១១) ដំបូង​ឡើយ​ “ឈួន”​ នេះ​ជា​គណ​នេយ្យ​ករ​ខាង​ទាហាន​នៃ​រាជ​ការ​បារាំង​។ ពេល​មួយ​គាត់​ បាន​យក​លុយ​ប្រាក់​ខែ​ទាហាន​ទៅ​លេង​បៀរ​ចាញ់​គេ​អស់​ គ្មាន​ប្រាក់​សង ទើប​រត់​ចុះ​ចូល​ជា​មួយ​រាជ​ការ​សៀម​ ដែល​កំពុង​តែ​អំពាវ​នាវ​ដល់​អ្នក​ធ្វើ​ការ​អោយ​បារាំង​រូប​ណា ដែល​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ខាង​ខ្លួន​ៗ នឹង​រក្សា​តំណែង​ដដែល​អោយ​វិញ​។ ឈួន​បាន​ចុះ​ចូល​សៀម​ ត្រូវ​សៀម​អោយ​ពាក់​ស័ក្តិ​នាយ​សំណង់​ (ដោយ​៣​ជាន់)​ ដដែល​ បំរើការ​ក្នុង​អង្គ​ភាព​តម្រួត​សៀម​​នៅ​ស្រុក​ស្វា យ​ចេក​។ ពាក្យ “នាយ​ចំណង់​ រឺ អាស៊ី​ដង់​សែហ្វ = សក្តិ​ដោយ​បី​ជាន់​” ភាសា​សៀម​ហៅ​ថា “នាយ​ដាប រឺ​ណាយ​ដាប​” ។