ពុទ្ធសាសនានៅប្រទេសស្រីលង្កា


ថ្ងៃសៅរ៍ ទី7.ធ្នូ 2019.ម៉ោង 7:32

    ប្រវត្តិ​សាស្ត្រ​សិរី​លង្កា​បាន​ចាប់​ផ្ដើម​ស្មើ​ នឹង ពុទ្ធ​សក្ក​រាជ គម្ពីរ​មហា​វង្ស​ ដែល​ជា​គម្ពីរ​ពង្សាវ​តារ នឹង ជា​តំណាល​ព្រះ​ពុទ្ធ​សាសនា​របស់​សិរី​លង្កា​​ពោល​ថា​ ព្រះ​អង្គ​ម្ចាស់​វិជ័យ រាជ​ឱរស​របស់​ព្រះ​រាជ​សិហ​ពាហុ​ ព្រះ​មហា​ក្សត្រ​ នៃ កាឡ​ប្រ​ទេស​ក្នុង​ជម្ពូ​ទ្វីប​ (នៅ​ក្នុង​ខែត្រ​ដែន​បេន​កល)​ បាន​ស្ដេច​ទ្រង់​យាង​ដោយ​ទូក​ព្រម​ដោយ​រាជ​បរិ​វារ ៧០០ នាក់​ ឡើង​មក​កោះ​លង្កា​ ក្នុង​ស្រុក​ដែល​ហៅ​ថា​ តម្ព​បណ្ណិ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​ នឹង ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​យាង​ចូល​កាន់​បរិ​និព្វាន​ ហេតុ​ការណ៍​គ្រា​នេះ​ចាត់​ថា​ជា​ការ​ចាប់​ផ្ដើម​ ដែល​កុល​សម្ព័ន្ធ​ សីហលៈ ចូល​មក​ប្រ​ទេស​លង្កា​ និង ព្រះ​បាទ​វិជ័យ​ជា​ព្រះ​មហា​ក្សត្រ​អង្គ​ដំបូង​របស់​លង្កា​ទ្វីប​។ ក្នុង​ការ​ដែល​ស្ដេច​យាង​ចូល​មក​គ្រប់​គ្រង​នៅ​លង្កា​ទ្វីប​ ព្រះ​បាទ​វិជ័យ​ គង់​ និង បាន​នាំ​ព្រះ​ពុទ្ធ​សាសនា​មក​ជា​មួយ​ផង​ តែ​មិន​ប្រាកដ​ភស្ដុតាង​ថា​ មាន​ការ​រីក​ដុះ​ដាល​នោះ​យ៉ាង​ណា​ឡើយ​។

    តាម​ពិត​ប្រវត្តិ​សាស្ត្រ​ពុទ្ធ​សាសនា​នៅ​លង្កា​ទ្វីប​បាន​ចាប់​ផ្ដើម​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ទេវា​នម្បិយ​តិស្សៈ (ព.ស.២៣៦-២៧៦) អ្នក​គ្រប់​គ្រង​អនុ​រាធ​បុរៈ​។ ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ទ្រង់​មាន​មេត្រី​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​បាទ​អសោក​មហា​រាជ​ នៃ​ជម្ពូ​ទ្វីប​។ ព្រះ​បាទ​អសោក​មហា​រាជ​ ទ្រង់​បាន​បញ្ជូន​ព្រះ​មហិន្ទត្ថេរ​ ព្រម​ជា​មួយ​គណ​ (ព្រះ​ភិក្ខុ​បួន​អង្គ​ សាម​ណេរ​មួយ​អង្គ​ និង ​ឧបា​សក​ម្នាក់​)​ មក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​នៅ​លង្កា​ទ្វីប​។ គណ​សាសន​ទូត​បាន​ទទួល​ការ​ស្វា​គមន៍​អំពី​ព្រះ​មហា​ក្សត្រ និង ប្រជា​ជន​លង្កា​យ៉ាង​កក់​ក្ដៅ ​ព្រះ​ពុទ្ធ​សាសនា​បាន​ជ្រួត​ជ្រាប​យ៉ាង​ឆាប់​រហ័ស​មាន​មនុស្ស​ជា​ច្រើន​ចូល​មក​ឧប​សម្បទា​។

    ព្រះ​នាង​ឧនុឡា​ទេវី​ និង​ ស្រ្តី​ជា​បរិ​វារ​ចំនួន​ច្រើន​ប្រាថ្នា​ចង់​ឧប​សម្បទា​ខ្លះ​ ព្រះ​បាទ​ទេវា​នម្បិយ​តិស្ស​ ទើប​ទ្រង់​បញ្ជូន​គណ​ទូត​ឲ្យ​ទៅ​កាន់​រាជ​សំណាក់​ព្រះ​បាទ​អសោក ទូល​អារាធ​នា​ព្រះ​នាង​សង្ឃ​មិត្តា​ថេរី​ និង មែក​ព្រះ​ស្រី​មហា​ពោធិ​ខាង​ទិស​ទក្សិណ​មក​កាន់​ប្រទេស​លង្កា​ផង​។

    ការ​អារាធ​នា​មែក​ព្រះ​ស្រី​មហា​ពោធិ​ ពី​ពុទ្ធ​គយា​ ក្នុង​គ្រា​នេះ​ រាប់​ថា​ជា​ហេតុ​ការណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​ពុទ្ធ​សាសនា​ និង​ ប្រជា​ជន​នៅ​លង្កា​ ព្រះ​បាទ​ទេវា​នម្បិ​យតិស្ស​ ទ្រង់​ឲ្យ​ដាំ​មែក​ស្រី​មហា​ពោធិ​ ទុក​ក្នុង​ព្រះ​នគរ​អនុ​រាធ​បុរៈ​ ដើម​ពោធិ​នេះ​បច្ចុ​ប្បន្ន​ជា​ដើម​ឈើ​ប្រវត្តិ​សាស្ដ្រ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ ប្រការ​សំខាន់​ក្រៅ​ពី​នេះ​គឺ​ បាន​កសាង​មហា​វិហារ​ និង ថូបា​រាម​ ដែល​ជា​ព្រះ​ចេតិយ​ដំបូង​របស់​លង្កា​ទុក​ក្នុង​នគរ​ជា​មួយ​គ្នា​។

    ក្រោយ​ពី​រជ្ជ​កាល​ព្រះ​បាទ​ទេវា​នម្បិយ​តិស្ស​មក​ លង្កា​ទ្វីប​ត្រូវ​ធ្លាក់​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្សត្រ​ទមិឡ និង ក្សត្រជាតិផ្សេងៗ ទៀត ជិតមួយសតវត្សរ៍ បន្ទាប់​មក​ព្រះ​បាទ​ទុដ្ឋ​គា​មណី​ (ព.ស.​៣៨២-​៤០៦) ទ្រង់​រំដោះ​រាជ​បល្ល័ង​មក​វិញ​បាន​ ព្រះ​អង្គ​ទ្រង់​មាន​រាជ​សទ្ធា​ចាស់​ក្លា​ បាន​ទ្រង់​កសាង​លោហ​ប្រាសាទ​ ៧​ជាន់​ ជា​រោង​ឧបោ​សថ​នៃ​មហា​វិហារ​ និង​ មហា​ស្ថូប​ ឬ​ចេតិយ​រុវ័ន​វេលី​ ឯ​នគរ​អនុ​រាធ​​បុរៈ​។​

    យុគ​សំខាន់​មួយ​ទៀត​នៃ​ប្រ​វត្តិ​ពុទ្ធ​សាសនា​នៅ​លង្កា​ គឺ​រជ្ជ​កាល​ព្រះ​បាទ​វដ្ដ​គា​មណី​អភ័យ​ (ព.ស.​៤៣៩ និង ព.ស.​៤៥៤-​៤៦៦) ពេល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​មិន​យូរ​ប៉ុន្មាន​ ពួក​ទមិឡ​វាយ​ដណ្ដើម​យក​អំណាច​បាន​ ហើយ​ចូល​ទៅ​គ្រប់​គ្រង​នគរ​អនុ​រាធ​បុរៈ​​អស់ ១៤​ឆ្នាំ រវាង​នេះ​ ប្រទេស​កើត​យុគ​គម្ហែង​ទៅ​ដល់​មាន​ការ​ស៊ី​សាច់​មនុស្ស​។ ព្រះ​មហា​ថេរ​ទាំង​ឡាយ​ចំនួន​ ៥០០​អង្គ​ខ្លាច​ក្រែង​ព្រះ​ពុទ្ធ​សាសនា​ នឹង ត្រូវ​សាប​សូន្យ​ទើប​មក​ប្រជុំ​គ្នា​នៅ​អលុ​វិហារ​ ក្នុង​ក្រុង​មាត​លេ​ ធ្វើ​ការ​ចារឹក​ពុទ្ធ​វចន​​ទុក​ក្នុង​ស្លឹក​រឹត​លើក​ដំបូង​ (ថៃ​រាប់​ហេតុ​ការណ៍​នេះ​ជា​សង្គាយ​នា​លើក​ទី ៥​ តែ​ជា​ទូ​ទៅ​រាប់​ថា​ជា​លើក​ទី​៤)​ ព្រះ​បាទ​វដ្ដ​​គាម​ណី​អភ័យ​ទ្រង់​កំពុង​គេច​ព្រះ​កាយ​ តែ​នៅ​ទី​បំផុត​ក៏​ទ្រង់​យក​ជ័យ​ជំនះ​ពី​ពួក​ទមិឡ​មក​វិញ​បាន​ ហើយ​ទ្រង់​កសាង​អភ័យ​គិរី​វិហារ​ ថ្វាយ​ព្រះ​មហា​តិស្ស​ត្ថេរ​ អ្នក​មាន​ឧបការ​គុណ​ដល់​ព្រះ​អង្គ​ និង​ ពួក​មន្ត្រី​ទាហាន​ក្នុង​គ្រា​ទុក្ខ​លំបាក​។

    ប្រការ​​នេះ​បាន​ក្លាយ​ជា​ហេតុ​នាំ​ឲ្យ​ព្រះ​សង្ឃ​លង្កា​បែក​ខ្ញែក​ចេញ​ជា​ជា​ពីរ​ពួក​គឺ​ ពួក​មហា​វិហារ​ សឹង​ជា​ពួក​ប្រកាន់​ខ្ជាប់​នូវ​គោល​ធម៌​ និង បែប​ផែន​ប្រ​ពៃណី​បូរាណ​ ជា​មួយ​ពួក​អភ័យ​គិរី​វិហារ​ សឹង​មាន​នាម​ថា​ជា​ពួក​និកាយ​ធម្ម​រុចិ​ មាន​គំនិត​គិត​ឃើញ​ជា​ឥស្សរៈ​ ទទួល​យក​ទស្សនៈ​ថ្មី​ៗ​ ពី​បរ​ទេស​ សិក្សា​ទាំង​រឿង​របស់​ថេរ​វាទ​ និង​ មហា​យាន​។ អភ័យ​គិរី​វិហារ​នេះ​ ក្រោយ​មក​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សំខាន់​យ៉ាង​ក្រៃ​លែង​នៃ​ពុទ្ធ​សាសនា​មួយ​គ្រា​។​

    ប្រវត្តិ​សាស្ត្រ​សម័យ​ត​មក​ មាន​ការ​ជ្រួល​ច្របល​ខាង​នយោ​បាយ ដែល​ពាក់​ព័ន្ធ​ជា​មួយ​គណ​សង្ឃ​ជា​ច្រើន​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​មហា​វិហារ​ដែល​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ត្រូវ​ធ្លាក់​ចុះ​អស់​មួយ​រយៈ​ តែ​ឥទ្ធិ​ពល​ដែល​ឋិត​ថេរ​គង់​វង់​ ក៏​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ស្ថា​បនា​ឡើង​សា​ជា​ថ្មី​ទៀត​ ចំណែក​អភ័យ​គិរី​វិហារ​ក៏​នៅ​តែ​ជា​មជ្ឈ​មណ្ឌល​នៃ​ព្រះ​ពុទ្ធ​សាសនា​ត​រៀង​មក​។

    ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សិរិ​មេឃ​វណ្ណ​ ពេល​គ្រង​រាជ្យ​មក​បាន ​៩​ឆ្នាំ (ព.ស.៨៥៤) បាន​មាន​ការ​អារាធ​នា​ព្រះ​ទា​ឋា​ធាតុ​ (ព្រះ​ចង្កូម​កែវ)​ អំពី​ទន្ត​បុរៈ​ក្នុង​នគរ​កលិង្គ​រដ្ឋ​ មក​កាន់​លង្កា​ទ្វីប​ ព្រះ​រាជា​ទ្រង់​ឲ្យ​រក្សា​ទុក​ក្នុង​ព្រះ​នគរ​ និង​ នាំ​ចេញ​មក​ឲ្យ​ប្រជា​ជន​ក្រាប​នមស្ស​ការ​ ឯ​អភ័យ​គិរី​វិហារ​ជា​ប្រចាំ​រាល់​ឆ្នាំ​ (ស្រុក​ដែល​សាង​វិហារ​ដំកល់​ព្រះ​ទន្ត​ធាតុ​នេះ​ បច្ចុប្បន្ន​ហៅ​ថា​ ស្រុក​កែន​ដី​។ ព្រះ​ទន្ត​ធាតុ​ជា​គ្រឹះ​ស្ថាន​រួម​ចិត្ត​មួយ​ដ៏​សំខាន់​បំផុត​ នៃ​ប្រជា​ជន​លង្កា​ រហូត​មក​ទល់​បច្ចុប្បន្ន​) លុះ​ដល់​រជ្ជ​កាល​ព្រះ​បាទ​មហា​នាម​ (ព.ស.៩៥៣-​៩៧៥) ព្រះ​ពុទ្ធ​ឃោសា​ចារ្យ​ អដ្ឋ​កថា​ចារ្យ​មួយ​អង្គ​ដ៏​ឆ្នើម​ បាន​និមន្ត​មក​ពី​ជម្ពូ​ទ្វីប​មក​ស្នាក់​អាស្រ័យ​នៅ​មហា​វិហារ​ និង​ ប្រែ​អដ្ឋ​កថា​ភាសា​សីហលៈ​មក​ជា​ភាសា​មគធ​។

    លោក​សង្ឃ​ចិន​ ឈ្មោះ​ ហ្វា​ហៀន​ បាន​និមន្ត​មក​នា​ពាក់​កណ្ដាល​ពុទ្ធ​សត​វត្ស​ទី​ ១០ បាន​ពោល​ថា អភ័យ​គិរី​វិហារ​មាន​ព្រះ​សង្ឃ​ ៥០០០​អង្គ​ ចំណែក​មហា​វិហារ​មាន​ព្រះ​សង្ឃ​ចំនួន​ ៣០០០​អង្គ​។​ ក្នុង​រយ​ពេល​នេះ​ លង្កា​ចាត់​ថា​ជា​មជ្ឈ​មណ្ឌល​សំខាន់​មួយ​កន្លែង​នៃ​ព្រះ​ពុទ្ធ​សាសនា​ វត្ត​នានា​មាន​កិត្តិ​នាម​ថា​ ជា​មណ្ឌល​ឋាន​នៃ​ការ​សិក្សា​ ធ្វើ​ឲ្យ​មាន​អ្នក​ប្រាជ្ញ​ពី​ដែន​ឆ្ងាយ​នាំ​គ្នា​មក​សិក្សា​ស្រាវ​ជ្រាវ​។

    នៅ​ពុទ្ធ​សត​វត្ស​ទី ១២​ ការ​សិក្សា​ផ្នែក​ព្រះ​អភិ​ធម្ម​បាន​ទទួល​ការ​និយម​ និង រុង​រឿង​ជា​ខ្លាំង​ ក្រោយ​មក​ក្នុង​សត​វត្ស​ទី​​ ១៣ លង្កា​បាន​ប្ដូរ​រាជ​ធានី​ ពី​អនុ​រាធ​បុរៈ​ មក​នៅ​ឯ​បូលូន្ន​រុវៈ​ ឬ​ បុរត្ថិ​បុរៈ​ ព្រោះ​ហេតុ​ផល​ខាង​ផ្នែក​យុទ្ធ​សាស្ត្រ​ជា​សំខាន់​ ក្រៅ​ពី​នេះ មណ្ឌល​វប្ប​ធម៌​ក៏​ប្ដូរ​មក​រួម​គ្នា​នៅ​ទី​ក្រុង​ថ្មី​ អនុ​រាធ​បុរៈ​ ក្លាយ​ជា​ទី​ក្រុង​បូរាណ​ មាន​ន័យ​ទៅ​ខាង​ភាព​សក្តិ​សិទ្ធិ​ រឿង​រាវ​នៃ​មហា​វិហារ​ អភ័យ​គិរី​វិហារ​ជា​ដើម​ ក៏​ត្រូវ​អណ្តែត​ត្រសែត​ទៅ​។​

    ដើម​សម័យ​រាជ​ធានី​ថ្មី​នេះ​ កើត​ការ​និយម​លើក​ដំកើង​ព្រះ​សង្ឃ​ពួក​បង្សុ​កូលិកៈ (គឺ​អ្នក​កាន់​សំពត់​បង្សុ​កូល​ជា​វត្ត)​ កើត​ឡើង​ មាន​ទំនង​ជា​ប្រតិ​កិរិ​យា​ដល់​ការ​រស់​នៅ​បែប​សុខ​សប្បាយ​ហួស​ប្រមាណ​នៃ​ព្រះ​សង្ឃ​ជំនាន់​នោះ​ និង ក្រោយ​មក​ក៏​មាន​ការ​និយម​រាប់​អាន​ការ​ប្រ​ព្រឹត្ត​របស់​សាសនា​ព្រាហ្មណ៍​ច្រើន​ឡើង​ មាន​ការ​សាង​ទេវ​រូប​ ទេវ​ស្ថាន និង មាន​ចំណង​សម្ព័ន្ធ​យ៉ាង​ជិត​ដិត​រវាង​ពុទ្ធ​សាសនា​ជា​មួយ​ព្រហ្មញ្ញ​សាសនា​ជា​ខ្លាំង​ឡើង​។

    ពោល​ដោយ​សរុប​ ក្នុង​រវាង​ពុទ្ធ​សត​វត្ស​ទី ​១៣ ដល់​ទី ​១៧​ ជា​សម័យ​ដែល​លង្កា​ប្រទះ​ជួប​ការ​ជ្រួល​ច្របល់​មក​ពី​ការ​ត្រូវ​រុក​រាន​ពី​ប្រទេស​ឥណ្ឌា​ផង​ ផ្ទៃ​ក្នុង​មិន​ស្ងប់​រម្ងាប់​ផង​។ ក្នុង​សម័យ​នេះ​ឯង​ ភិក្ខុ​នី​សង្ឃ​ត្រូវ​សាប​សូន្យ​អស់ និង​ ព្រះ​ភិក្ខុ​សង្ឃ​ក៏​អន់​ថយ​ រហូត​ដល់​សម័យ​ព្រះ​បាទ​វិជ័យ​ពាហុ ទី​១ ទ្រង់​មាន​ព្រះ​រាជ​បំណង​ ​នឹង ស្ថាប​នាសាសនា​ក្នុង​ ព.ស.​១៦០៩ ទ្រង់​ស្វែង​រក​ភិក្ខុ​ដែល​ឧប​សម្បទា​ត្រឹម​ត្រូវ​តាម​ព្រះ​វិន័យ​ស្ទើរ​តែ​មិន​គ្រប់ ៥​អង្គ​ និង ទ្រង់​អារាធ​នា ព្រះ​សង្ឃ​ពី​ប្រទេស​ភូមា​ភាគ​ខាង​ត្បូង​មក​ធ្វើ​ឧប​សម្ប​ទា​កម្ម​ដល់​ព្រះ​សង្ឃ​លង្កា​។​

    មក​ដល់​សម័យ​នៃ​មហា​រាជ​សំខាន់​មួយ​ព្រះ​អង្គ​របស់​លង្កា​ គឺ ព្រះ​បាទ​បារក្កម្ម​ពាហុ ទី​១ (ព.ស.​១៦៩៧-​១៧៣០) ជា​ព្រះ​រាជ​ឱរស​របស់​ព្រះ​បាទ​វិជ័យ​ពាហុ​ទី​១ ព្រះ​អង្គ​ជា​បុគ្គល​ដ៏​ឆ្នើម​ខាង​ចម្បាំង​ និង​ គ្រប់​គ្រង​ប្រទេស​ ព្រះ​អង្គ​បាន​ចាត់​របៀប​គ្រប់​គ្រង​យ៉ាង​ត្រឹម​ត្រូវ​ ស្ថាប​នា​ប្រឡាយ​ទឹក​ពង្រីក​កសិ​កម្ម​បាន​យ៉ាង​ប្រសើរ​។ ​មាន​សេច​ក្ដី​ដំណាល​ថា​ ព្រះ​អង្គ​ត្រាស់​ថា​ នឹង​មិន​ព្រម​បណ្ដោយ​ឲ្យ​ដំណក់​ទឹក​ភ្លៀង​ហូរ​ចុះ​ទៅ​ទន្លេ​ដោយ​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី​ដល់​ប្រ​ជា​ជន​ជា​ដាច់​ខាត​។

    ផ្នែក​ខាង​សាសនា​ ទ្រង់​បាន​ជម្រះ​មន្ទិល​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បរិ​សុទ្ធ​ បង្រួប​បង្រួម​ គណ​សង្ឃ​ឲ្យ​រួម​ចូល​គ្នា​ជា​តែ​មួយ​ក្រុម​បាន​ម្ដង​ទៀត​។ ព្រះ​មហា​ក្សត្រ​ទ្រង់​ស្ថាប​នា​សម្ដេច​ព្រះ​សង្ឃ​រាជ​គ្រប់​គ្រង​ព្រះ​សង្ឃ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ ទ្រង​សាង​វត្ត​វា​អា​រាម​ ជា​សម័យ​ដែល​មាន​សិល្ប​កម្ម​ដ៏​ស្រស់​បំ​ព្រង​ ​ហើយ​លង្កា​​ក៏​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ នៃ ​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ដ៏​ល្បី​ល្បាញ​ទូ​ទាំង​ពិភព​លោក​, មាន​ព្រះ​សង្ឃ​ និង​ អ្នក​ប្រាជ្ញ​ពី​ប្រទេស​ជិត​ខាង​មក​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ហើយ​ នាំ​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ច្រើន​។ ព្រះ​ពុទ្ធ​សាសនា​បាន​រុង​រឿង​អស់​មួយ​រយៈ​ តែ​ផុត​ពី​រជ្ជ​កាល​នេះ​ទៅ​ ពួក​ទមិឡ​ពី​ប្រទេស​ឥណ្ឌា​ឈ្លាន​ពាន​ ​និង​ ពង្រីក​ទឹក​ដី​មក​ជា​រឿយ​ៗ ធ្វើ​ឲ្យ​អាណាចក្រ​សីហលៈ​ ត្រូវ​ថយ​ចុះ​មក​ភាគ​ខាង​ត្បូង​វិញ​ ផ្លាស់​ប្ដូរ​រាជ​ធានី​ជា​ញឹក​ញាប់​ ព្រះ​ពុទ្ធ​សាសនា​ក៏​រីក​ចម្រើន​មិន​រួច​ ក្រៅ​ពី​ការ​រក្សា​បូរណ​ភាព​ទឹក​ដី​ ហេតុ​ការណ៍​សំខាន់​ម្យ៉ាង​ទៀត​គឺ ក្នុង​ ព.ស.​២០១៩ ព្រះ​សង្ឃ​មួយ​ក្រុម​មក​​ពី​ភូមា​ បាន​មក​ឧប​សម្បទា​នៅ​លង្កា ​និង​ នាំ​យក​គម្ពីរ​ភាសា​បាលី​មួយ​​ច្បាប់​សម្បូណ៌​ទៅ​កាន់​ប្រទេស​ភូមា​ទៀត​ផង​។​

    ក្នុង​កាល​លង្កា​ត្រូវ​ចុះ​ខ្សោយ​ព្រោះ​ជម្លោះ​រវាង​កុល​សម្ព័ន្ធ​ទាំង​ពីរ​នោះ​ ប្រមាណ ព.ស.​២០៥០ ជន​ជាតិ​ Portuguese ក៏​បាន​ចូល​មក​ឈ្លាន​ពាន​ថែម​ទៀត​។ ជន​ជាតិ​ Portuguese បាន​ចូល​មក​ជួញ​ដូរ ទន្ទឹម​ នឹង នោះ​ក៏​បាន​ស្វែង​រក​ផល​ប្រយោជន៍​អំពី​ជម្លោះ​នៃ​ប្រជា​ជន​ទាំង​ពីរ​នោះ​ ហើយ​គ្រប់​គ្រង​បាន​ដែន​ដី​មួយ​ចំណែក​ ​និង​ ព្យា​យាម​គាប​សង្កត់​ប្រ​ជា​ជន​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ ឲ្យ​ប្តូរ​ទៅ​កាន់​សាសនា​គ្រឹស្ត​និកាយ​កាតូលិក​។ សម័យ​មួយ​បាន​ដណ្ដើម​អំណាច​ពី​ព្រះ​រាជា​លង្កា​បាន​ ស្ថាន​ភាព​ពុទ្ធ​សាសនា​ក៏​សាប​សូន្យ​ជា​ខ្លាំង​ឡើង​ រហូត​ដល់​ត្រូវ​និមន្ត​ព្រះ​សង្ឃ​ពី​ភូមា​មក​ប្រកប​ពីធី​ឧប​សម្ប​ទា​កម្ម​ម្ដង​ទៀត​។​​​​​​​​​​

    រយៈ​កាល​​នេះ​ ប្រជា​ជន​ហូឡង់​ដ៍ បាន​ប្រកប​ពាណិជ្ជ​កម្ម​ មាន​អំណាច​ខ្លាំង​ឡើង​ក្នុង​ដែន​ដី​បរិ​វេណ​នេះ​ លង្កា​បាន​ស្វា​គមន៍​ជន​ជាតិ​ហូឡងដ៍​ឲ្យ​ចូល​មក​ដើម្បី​ជួយ​បណ្ដេញ​ជន​ជាតិ​ Portuguese រហូត​បាន​សម្រេច​ក្នុង​ ព.ស.​២២០០ តែ​ទី​បំផុត​ហូឡងដ៍​ក៏​បាន​ដណ្ដើម​យក​ទឹក​ដី​មួយ​ភាគ​ គ្រប់​គ្រង​ជំនួស​ Portuguese​។ ហូឡង​ដ៍​បាន​ព្យាយាម​ប្រតិស្ឋាន​គ្រឹស្ត​សាសនា​ ​និង ​ហាម​ឃាត់​ព្រះ​ពុទ្ធ​សាសនា​ ប៉ុន្តែ​មិន​បាន​សម្រេច​ ព្រះ​មហា​ក្សត្រ​លង្កា​បាន​ទទួល​ពាក្យ​ណែ​នាំ​របស់​ព្រះ​រាជ​សរណង្ករ​ ពី​ ព.ស.​២២៩៤ ឲ្យ​បញ្ជូន​ព្រះ​សង្ឃ​ទៅ​កាន់​ប្រ​ទេស​ថៃ​ ហើយ​នាំ​ព្រះ​សង្ឃ​មួយ​គណ​​ចំនួន ១០​អង្គ​មាន​ព្រះ​ឧបាលី​ជា​ប្រធាន​ មក​ប្រកប​ពិធី​ឧប​សម្បទា​កម្ម​ក្នុង​ស្រុក​ កែន​ឌី មាន​អ្នក​ចូល​រួម​ឧប​សម្ប​ទា​ទៅ​ដល់ ៣០០០​នាក់​ ព្រះ​សរណង្ករ​ បាន​ឧប​សម្បទា​ជា​ភិក្ខុ​ថ្មី​ក្នុង​គ្រា​នេះ​ បាន​ទទួល​ព្រះ​រាជ​ទាន​ដំណែង​ពី​ព្រះ​មហាក្សត្រ​ឲ្យ​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជា​ការ​ប្រតិស្ឋាន​គណ​សង្ឃ​ឧបាលី​វង្ស​ ឬ​សៀម​វង្ស​ ឬ​និកាយ​សៀម​ នៅ​លង្កា​ទ្វីប​។​

    ហូឡងដ៍​កាន់​កាប​អំណាច​បាន​មិន​យូរ​ប៉ុន្មាន​ក៏​អន​ថយ​ អង់​គ្លេស​ក៏​ចូល​មក​ជំនួស​នៅ​បរិ​វេណ​មាត់​ទន្លេ​ ប្រមាណ ព.ស.​២៣៤០ និង ១៩​កន្លង​មក​ អំណាច​របស់​អង់​គ្លេស​បាន​គ្រប​ដណ្ដប់​ទូ​ទាំង​លង្កា​ទ្វីប​ ដោយ​អង់​គ្លេស​វាយ​ឈ្នះ​ព្រះរាជា​នៃ​កែន​ឌី ហើយ​ចុះ​សន្ធិ​សញ្ញា​ធានា​សិទ្ធិ​នៃ​ភាគី​ខាង​លង្កា​ និង ការ​ពារ​ព្រះ​ពុទ្ធ​សាសនា​​ក្រោយ​មក​ ព.ស.​២៣៦២ កើត​មាន​ការ​ក្បត់​ឡើង​យ៉ាង​ខ្លាំង​ក្លា​ ពេល​អង់​គ្លេស​បង្ក្រាប​រាប​ហើយ​ ក៏​កែ​ប្រែ​សេច​ក្តី​ក្នុង​សន្ធិ​សញ្ញា​សា​ជា​ថ្មី​ រាជ​វង្ស​លង្កា​តាំង​ពី​បូរាណ​ក៏​ត្រូវ​បញ្ចប់​ត្រឹម​នេះ​។​

    ពេល​លង្កា​ទ្វីប​ត្រូវ​ធ្លាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង់​គ្លេស​រយៈ​កាល​ដំ​បូង​ គណ​សង្ឃ​មាន​ឥស្សរ​ច្រើន​ឡើង​ បន្ត​ពី​សន្ធិ​សញ្ញា​ការ​ពារ​ព្រះ​ពុទ្ធ​សាសនា​ដូច​បាន​ពោល​មក​ហើយ​នោះ​ មាន​ព្រះ​សង្ឃ​ជា​ច្រើន​គណ​ បាន​និមន្ត​ទៅ​ឧប​សម្បទា​ ឯ​ប្រ​ទេស​ភូមា​ត្រឡប់​មក​វិញ​ ក៏​បង្កើត​មជ្ឈ​ដ្ឋាន​បន្ត​ឧប​សម្បទ​វង្ស​របស់​រៀង​ខ្លួន​ ឥស្សរ​ភាព​របស់​ព្រះ​ពុទ្ធ​សាសនា​ប្រព្រឹត្ត​ទៅ​បាន​ប្រមាណ​ពាក់​កណ្ដាល​សត​វត្សរ៍​ប៉ុណ្ណោះ​ រដ្ឋា​ភិបាល​ក៏​ត្រូវ​គាប​ត្បិត​អំពី​គ្រឹស្ត​សាសនា​ ឲ្យ​លើក​លែង​ឈប់​ទាក់​ទង​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​គ្រប់​យ៉ាង​ មេ​ដឹក​នាំ​គ្រឹស្តៀន​បាន​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​សាសនា​របស់​ខ្លួន និង ប្រឆាំង​ជា​មួយ​ពុទ្ធ​សាសនា​ជា​ធំ​ ដល់​ថ្នាក់​វាយ​ប្រហារ​ពុទ្ធ​សាសនា​នៅ​កណ្ដាល​ទី​សាធា​រណៈ​ រាប់​ថា​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​ជួប​ នឹង ភយន្ត​រាយ​យ៉ាង​មហន្ត​ ពី​ចលនា​ប្រឆាំង​ និង បំផ្លិច​បំផ្លាញ​ពុទ្ធ​សាសនា​ ដែល​រដ្ឋា​ភិបាល​បរ​ទេស​គាំ​ទ្រ​ ក្នុង​កំឡុង​ពេល​ជាង​ ៣០០​ឆ្នាំ ប្រការ​សំខាន់​នេះ​ជា​ហេតុ​ឲ្យ​ប្រជា​ជន​លង្កា​ស្ទុះ​ស្ទា​ តស៊ូ​ទាម​ទារ​ឥស្សរ​ភាព​ ដើម្បី​នាំ​សាសនា​ប្រចាំ​ជាតិ​របស់​ខ្លួន​ត្រឡប់​មក​វិញ​។ ប្រ​ទេស​លង្កា​បាន​ទទួល​ឥស្សរ​ភាព​នា​ឆ្នាំ ព.ស.​២៤៩១ ការ​វាយ​ប្រហារ​គាប​សង្កត់​ពី​គូ​បដិ​បក្ស​ចំពោះ​ពុទ្ធ​សាសនា​ បង្ក​ឲ្យ​កើត​ប្រតិ​កិរិយា​បង្ខំ​ឲ្យ​មាន​ការ​ស្ថា​បនា​ស្រោច​ស្រង់​ព្រះ​ពុទ្ធ​សាសនា​ និង​ បង្កើត​នូវ​ភាព​រឹង​ប៉ឹង​ខ្នះ​ខ្នែង​ ធ្វើ​យ៉ាង​ប្រកដ​ប្រជា​ ក្នុង​ការ​រក្សា​ការ​ពារ​សាសនា​វប្ប​ធម៌​ប្រពៃ​ណី ប្រចាំ​ជាតិ​របស់​ខ្លួន​ឲ្យ​រឹត​តែ​ល្អ​ប្រសើរ​ឡើង​ ហើយ​អាការ​បែប​នេះ​ក៏​បាន​ស្ថិត​ស្ថេរ​គង់​វ​ង់​នៅ​រហូត​ដល់​បច្ចុប្បន្ន​នេះ។​​

    គណ​សង្ឃ​នៅ​ប្រទេស​លង្កា​បច្ចប្បន្ន​នេះ​មាន ៣​​និកាយ​គឺ សៀម​វង្ស ឬ​ឧបាលី​វង្ស អមរ​បុរ​និកាយ និង រាមញ្ញ​វង្ស​។ សេច​ក្ដី​ផ្សេង​គ្នា​មាន​ត្រឹម​បន្តិច​បន្តួច​ ហើយ​ជា​រឿង​នៃ​ប្រវត្តិ​សាស្រ្ត​ គឺ​ កើត​មក​ពី​ឧប​សម្បទ​វង្ស​បន្ត​មក​ពី​ប្រទេស​ថៃ​ឬ​ភូមា​។